តំណាលព្រៃខ្មោចមិនទាន់បានបញ្ចប់នៅឡើយទេ…
នៅទីនេះ! ភូមិសេះស្លាប់ គ.ស.១៩៨២…
ក្រោយពេលដែលរបបខ្មែរក្រហមបានដួលរលំទៅ ភូមិនេះបានក្លាយជាទីប៉ាឆា ដែលដាក់ឆ្អឹងខ្មោចជាច្រើនស្លាប់ក្នុងរបបខ្មៅងងឹតមួយនេះ។ អ្នកស្រុកដែលនៅរស់រានពីរបបខ្មែរក្រហម ខ្លះបានរត់ទៅរកភូមិផ្សេងតាំងលំនៅថ្មី ឯមួយចំនួនតូចក៏បន្តរស់នៅក្នុងភូមិនេះដដែល គ្រាន់តែថា…តំបន់ព្រៃក្រាស់មួយដែលតែងលិចទឹកនៅរដូវវស្សាត្រូវបានបោះបង់ចោល។ ក្រោយមកទៀតរឿងតំណាលពីព្រៃខ្មោចត្រូវបានអ្នកស្រុកនិយាយតៗគ្នាពីមាត់មួយទៅមាត់មួយ…
“នៅពេលថ្ងៃ ទីនេះគ្រាន់តែជាព្រៃធម្មតាៗ តែដល់ពេលយប់កាលណា ព្រៃស្មសានឋានស្ងាត់មួយនេះនឹងក្លាយទៅជាភូមិដែលមានខ្មោចជាច្រើនរស់នៅប្រកបរបរផ្សេងៗ ប្រៀបដូចជាកាលដែលពួកគេនៅមានជីវិតមុនពេលដែលពួកខ្មែរក្រហមសម្លាប់អីចឹង…”
ស្តាប់ទៅហាក់បីដូចជាមិនគួរឱ្យជឿ តែប្រជាអ្នកនេសាទនៅទីនេះមានការគោរពព្រៃ ក៏ដូចជាម្ចាស់ស្រុកដើមដែលធ្លាប់រស់នៅទីនេះខ្លាំងណាស់។ គ្រប់គ្នាទាំងអស់តែងតែមកនេសាទតែពេលថ្ងៃប៉ុណ្ណោះ លុះយប់ឡើងមិនដែលមាននរណាម្នាក់ហ៊ានមករាយមង ឬដាក់បង្កៃឡើយ។
“ពេលដែលមានអ្នកណាម្នាក់បានស្លាប់នៅក្នុងភូមិ ពួកគេនឹងយកសាកសពមកប្លុងចោលនៅលើចុងឈើធំៗ រង់ចាំទឹកស្រកទើបទម្លាក់មកបូជា ដោយគិតថា អ្នកស្លាប់នឹងទៅកាន់ភូមិកំណើតថ្មីដែលគ្មានអ្នកណារំខាន។ តែ…ក៏នៅមានតំណាលបន្តថា អ្នកណាមិនគោរពតាមជំនឿនៅទីនេះ ដោយលួចមកធ្វើអ្វីផ្តេសផ្តាសនៅទីនេះពេលយប់ងងឹត ខ្មោចនឹងនាំយកព្រលឹងរបស់ពួកគេមកឃាំងទុកក្នុងព្រៃនេះប្រៀបដូចជាអ្នកទោសយ៉ាងអីចឹង”
“កុហក! កុហកច្បាស់ណាស់!បើគ្រប់គ្នាមិនទាំងមានអ្នកហ៊ានចូលផង ម៉េចក៏មានរឿងតំណាលអីច្រើនម្ល៉េះ”
នាងច្រម៉ក់ នាមឆវី ក្រោកឈរឡើងក្នុងចំណោមក្មេងដទៃទៀតដែលកំពុងស្តាប់តាចាស់ម្នាក់ តំណាលពីប្រវត្តិភូមិរបស់ខ្លួនប្រាប់ទៅកាន់ក្មេងឯទៀតនៅក្នុងរោងបុណ្យកណ្តាលភូមិ។
តាចាស់ខ្វាក់ភ្នែក សក់សដុះវែងគ្របភ្នែកទាំងគូរ រាងកាយស្គមស្គាំងសល់តែស្បែកជ្រីវជ្រួញស្រោបឆ្អឹង ក្រោកឈរឡើងទាំងរញីរញ័រ រួចលើកឈើច្រត់ធ្វើពីដើមឬស្សីរបស់គាត់ចង្អុលមុខក្មេងស្រីទាំងគាត់មើលមិនឃើញឡើយថានាងនៅឯណា តែ…តែគាត់ចង្អុលចំនាងតូចល្អណាស់ ដូចជាគាត់មិនបានខ្វាក់ភ្នែកឡើយ។
“យ៉ើស! មីច្រមក់ ហ៊ានប្រមាថរឿងអញផង ចាំមើលណាមីនាង ប្រយ័ត្នថ្ងៃណាព្រលឹងរត់បាត់ពីខ្លួនកុំមកពឹងអញ!” តាខ្វាក់ស្រែកទាំងញ័រសំឡេងញ័ររដឹកដូចនៅលើរទះសេះ។
…
ព្រះអាទិត្យលិចបាត់ទៅ ភាពងងឹតបានមកបាំងលម្ហឱ្យស្ថិតនៅក្នុងស្បៃអន្ធការ។ ខ្យល់វស្សាបក់តិចៗត្រសៀកៗត្រជាក់ស្រេង ធ្វើឱ្យផ្ទះលើទឹកឃ្លេងឃ្លោងតាមរលកតូចធំ។ សំឡេងត្រីហែលទឹកលាន់ឡើងតិចៗចេញពីក្នុងទន្លេ ភ្លាមនោះសំឡេងឆ្កែព្រុសបានបន្លឺឡើងនៅក្បែរគុម្ពោតព្រៃប្រហែលជាវារកឃើញពស់ ឬសត្វណាមួយផងក៏មិនដឹង។
ប្រោក!!
សម្រឹបជើងធ្ងន់ៗរបស់មនុស្សណាមិនដឹងរុំក្រម៉ាជិតក្បាល កំពុងតែទន្រ្ទានលើធរណីទាំងកណ្តាលរាត្រីក្បែរកំពង់ចតទូក។ ពន្លឺផ្លុងៗសាយចេញពីចង្កៀងប្រេងកាត ពេលត្រូវជាមួយកម្លាំងរបស់វាយោក៏ហៀបនឹងរលត់ បានរសាត់មកកាន់តែជិតកន្លែងដែលឆ្កែកំពុងតែព្រុស។ សម្រិបជើងដើរទៅកាន់តែជិតសត្វឆ្កែ រំពេចនោះខ្យល់មួយវឹបធំបក់មួយទំហឹងធ្វើឱ្យក្រណាត់រុំក្បាលបុរសកាន់ចង្កៀងបានរបូតឡើងឱ្យយើងឃើញថាគាត់គឺជា…
តាខ្វាក់!!
“វាជាបណ្តាសា! វាជាបណ្តាសា!” គាត់ស្រែកខ្លាំងៗរហូតផ្អើលដល់អ្នកស្រុកដែលនៅក្បែរនេះចេញមកមើលគ្រប់ៗគ្នា ក្នុងនោះយើងក៏ឃើញមានក្មេងស្រី ឆវី ដែលមិនជឿរឿងរបស់តាខ្វាក់តំណាល មករួមនឹងឪពុកម្តាយរបស់នាងតូចមកជាមួយផង។
“អ៊ំ! អ៊ំកើតអី?” ម្តាយនាងតូចឆវី ហៅតាខ្វាក់ជាច្រើនដងដើម្បីសួរដើមហេតុដែលធ្វើឱ្យគាត់ស្រែកនៅមាត់ទឹកតែម្នាក់ឯង។
“បណ្តាសា! បណ្តាសាមិនទាន់បាត់ទេ!” តាខ្វាក់ស្រែកខ្លាំងៗ បន្ទាប់មកគាត់បានលើកឈើច្រត់ចង្អុលមកកាន់នាងតូច ឆវី ដែលឪពុកម្តាយរបស់នាងកំពុងតែរុញនាងមកខាងក្រោយខ្នង។
“មានតែនាង! នាងតែម្នាក់..!”
ផាំង! តាខ្វាក់និយាយមិនទាន់ចប់ផង ស្នូររន្ទះបាញ់សូរតែផាំងដូចសំឡេងកាំភ្លើងអាពតបាញ់ លាន់ពីចម្ងាយស្ទើរបែកក្រដាសត្រចៀក គ្រប់គ្នាបានលើកដៃបិទត្រចៀកជាប់ រួចក៏មើលទៅកាន់ប្រភពសំឡេង។
“ពុទ្ធោ!!”
យាយចាស់ម្នាក់ឧទានឮៗបន្ទាប់ពីពន្លឺព្រះចន្ទតូចស្តួចស្តើងបានជះឱ្យឃើញដំបូលព្រះវិហារដែលធ្វើសសរជ្រោងផុតទឹកកំពុងតែបាក់កំពូលធ្លាក់ចុះមកខាងក្រោមលាន់គ្រាំង។
“វិនាស! វិនាសអស់ហើយបើគ្មានអ្នកទៅជំនួស!”
តាខ្វាក់ដែលស្ងាត់ជាយូរបានស្រែកមួយវ៉ាសឡើងធ្វើឱ្យគ្រប់គ្នាងឿងឆ្ងល់ជាខ្លាំងថាតាខ្វាក់គាត់ចង់បានន័យថាម៉េច?
….
“កាលណោះ មានក្រុមកុលសម្ព័ន្ធជនជាតិភាគតិចមួយធ្លាប់បានរស់នៅក្នុងព្រៃនេះ មុនពេលដែលទីនេះក្លាយពីព្រៃមកជាស្រុកដូចសព្វថ្ងៃ។ មនុស្សសម័យមុនបានសម្លាប់ពួកកុលសម្ព័ន្ធដើម្បីបានគ្រប់គ្រងទឹកដីនេះ តែមនុស្សមិនដឹងឡើយថា ពួកកុលសម្ព័ន្ធមានការចងកំហឹងជាខ្លាំង ហើយព្រលឹងក៏បានបន្តតែលតោលក្នុងព្រៃនេះ ដោយតែងហៅយកព្រលឹងរបស់មនុស្សណាដែលដាច់សង្វែងក្នុងព្រៃតែឯងឱ្យមកក្លាយជាខ្មោចដូចពួកគេ..” តាខ្វាក់កំពុងនិទានរឿងរបស់គាត់ប្រាប់ក្មេងៗបន្ត៖
“ថ្ងៃមួយ ខែវស្សាចូលមកដល់ ភ្លៀងយ៉ាងធំបានធ្វើឱ្យទីនេះលិចទឹកអស់ ពេលនោះប្រអប់ឈើមួយ ស្រាប់តែអណ្តែតមកកាន់ច្រាំងទន្លេដែលជាដីសណ្ត។ អ្នកស្រុកបាននាំគ្នាយកប្រអប់នោះមកដាក់នៅក្នុងវត្ត បន្ទាប់មកប្រអប់នោះក៏បានបាត់នៅក្នុងសម័យអាពតនោះតែម្តង!”
“តាខ្វាក់ៗ! ពុកឱ្យមកតាមតាទៅវត្ត!”
អាល្អិត សំរិទ្ធ ស្រែកហៅតាខ្វាក់ធ្វើឱ្យគាត់ឈប់និទានតែត្រឹមនេះ រួចក៏ប្រញាប់ទាញឈើច្រត់ចុះដើរទៅកាន់វត្តដោយមានអាល្អិតសំរិទ្ធជាអ្នកជួយនាំផ្លូវ។
មកដល់វត្តភ្លាម តាខ្វាក់ដើរតាំងៗទៅក្បែកន្លែងដែលមានអ្នកស្រុកអ៊ូអរ តែពេលឃើញតាខ្វាក់ចូលទៅដល់ គ្រប់គ្នាក៏ស្ងាត់អស់ ទុកឱ្យតាខ្វាក់ចូលទៅស្ទាប់…មែនហើយ វាជាប្រអប់ឈើ ដូចគ្នាជាមួយប្រអប់ដែលបានបាត់កាល៣ឆ្នាំមុន។
“ប្រអប់នេះមកវិញ អីចឹងនឹងមានអ្នកត្រូវទៅជំនួស!”
តាខ្វាក់និយាយចប់ ម្តាយរបស់ឆវីក៏រត់មកដល់ទាំងត្រហេបត្រហបដូចរកកល់ដាច់ខ្យល់។
“អ៊ំខ្វាក់! ជួយ…ជួយកូនខ្ញុំផង!”
….
ផ្ទះលើទឹក ប្រក់ស្លឹកកណ្តប បណ្តែតខ្លួនលើជលសាទឹកសាប។ នាងតូច ឆវី ដេកស្ងៀមបែកញើសជោកខ្លួន ទឹកមុខស្លេកស្លាំង ឯថ្គាមក៏ទង្គិចគ្នាញ័រមិនដាច់។
“តាខ្វាក់ស្ទាបក្បាលនាងតូច រួចសួរទៅកាន់ឪពុកម្តាយរបស់ឆវី៖
“វាកើតអី!”
ស្មានថាស្ទាបក្បាលក៏ដឹងជំងឺហើយទេតើ? ដឹងអីតាខ្វាក់បែរជាសួរបកទៅកាន់ម្តាយឪពុកនាងឆវីវិញធ្វើឱ្យគាត់ទាំងទ្វេគ្រវីក្បាលញាប់ស្អេក។
“អត់ដឹងទេអ៊ំ តាំងពីយប់រន្ទះបាញ់នោះមក វាក៏ចាប់ផ្តើម ភ្លឹកៗ ដូចខ្មោចចូល ហើយយប់មិញវាប្រកាច់ថែមទៀតផង!” ឪពុកឆវីនិយាយទាំងញ័រមាត់។
“អញថាហើយថា វានេះមិនជឿអញ ឥឡូវដើរជាន់ពែគេហើយឃើញអត់?”
តាខ្វាក់និយាយហាក់ដូចជាគាត់ដឹងច្រើនរឿងផ្លូវក្នុង តែពិតមែនហើយថា អ្នកស្រុកនេះមានតែគាត់ប៉ុណ្ណោះដែលជាមនុស្សចាស់ព្រឹទ្ធជាងគេ បន្សល់ក្រោយសម័យខ្មែរក្រហម ទោះជឿឬមិនជឿ ក៏សម្រាប់អ្នកស្រុកដែលមិនមានចំណេះដឹងច្រើនមិនអាចប្រកែកបានដែរ។
“លើកវាឱ្យអង្គុយឡើង អញហៅព្រលឹងវា ព្រោះវានេះត្រូវបានគេនាំយកទៅហើយ!”
តាខ្វាក់និយាយរួច ឪពុកម្តាយនាងតូចភ័យឡើងបើកភ្នែកធំៗប៉ុនៗពងមាន់ ហើយក៏ធ្វើតាមសម្តីទាំងអស់របស់តាខ្វាក់។
ម្តាយឪពុក នាងតូច បានរត់ពឹងអ្នកស្រុកគ្រប់ច្រកល្ហកឱ្យមកជួយគាត់ យើងឃើញមានទាំងអ្នកភ្លេង មានអ្នករៀបចំបាយព្រលឹង(បាយពូតគ្របសាជីស្លឹកចេក និងមានផ្លែចេក និងអំពៅផង) ផ្តិលមានដាក់បារី ស្លឹកម្លូរ ឬហៅថាប្រាក់ស្លឹក ព្រមជាមួយអំបោះឆៅ និងទៀនសម្រាប់អុជហៅព្រលឹង និងបាយពំនូត១៩ដុំសម្រាប់បោះទៅព្រៃពេលហៅព្រលឹង(ខ្មែរនិយមជឿថាមនុស្សម្នាក់មានព្រលឹង១៩)។
អ្នកស្រុកលេងភ្លេង ឡើង តាខ្វាក់ក៏ប្រកូកហៅឈ្មោះនាងតូចឆវីដោយមានឃ្លាថា៖
“ម៏! វើយ! ព្រលឹងទាំងប្រាំបួនអណ្តប់សព្វគ្រប់ មកនៅស្រោបរូប ស្រោបអង្គ បាត់សោរបាត់អស់ មានកម្លាំងមានកំហែង ឃ្លានបាយឃ្លានទឹក នឹកចំណី ឃ្លានបាយឃ្លានត្រីដូចសពមួយដង ម៏! វើយ! កុំឱ្យទៅឯណា”
សំឡេងស្មូតលន្លង់លន្លោច នៅតែប្រណាំងជាមួយសំឡេងប្រគូកហៅព្រលឹងនាងតូចឆវី ស្តាប់យូរកាន់តែសង្វេគជាពេកពន់ ម្តាយនាងឆវីអង្គុយឱ្យកូនកើយភ្លៅទាំងទឹកភ្នែកហូររហាមមិនដាច់ស្រក់។ តើម្តាយឯណាមិនយំអាណិតកូន សុខៗក៏ធ្លាក់ខ្លួនឈឺមិនដឹងមូលហេតុ។
“ម៏! វើយ! ព្រលឹងនាងមកណា ព្រលឹងទាំងប្រាំបួនអណ្តប់សពគ្រប់ មកនៅស្រោបរូបស្រោបអង្គ ម៏! នៅផ្ទះយើងធំស្រណុក ស៊ីចេកស៊ីអំបុក ត្រាវដំឡូង ដូងស្ករ ល្ង ទឹកឃ្មុំ ដូងយើងរយាង ស្លាយើងរយុំ ត្នោតយើងជ្រៃជ្រុំ…កុំឱ្យទៅឯណា កុំកាត់អូរស្ទឹង កុំជឿពាក្យគេ ទៅនៅស្រុកគេ ម៏វើយមកនៅផ្ទះយើងវិញ!!”
នាងឆវី កាលបើយូរទៅមិនបានធូរស្រាលសោះ នាងស្រាប់តែចាប់ផ្តើមក្រកាច់រកតែចាប់មិនឈ្នះ រហូតដល់សន្លប់។
….
ស្អែកឡើងនាងតូចឆវីក៏បានស្លាប់បាត់ទៅ ឪពុកម្តាយរបស់នាងនាំគ្នាយំឱបសពកូនស្រីទាំងមិនដាច់អាល័យដោយអ្នកស្រុកនាំគ្នាគិតថាការស្លាប់របស់នាងបណ្តាលមកពីអមនុស្សមកយកព្រលឹងរបស់នាង។ ដោយសារជារដូវទឹកទន្លេពេញឡើង ជាហេតុដែលធ្វើឱ្យសាកសពនាងឆវីមិនទាន់អាចបូជាឬបញ្ចុះបានឡើយ ម្តាយឪពុកនាងក៏បានរៀបចំដាក់សពកូនស្រីតាមទំនៀមពីដើមមក គឺដាក់សពនៅលើដើមឈើដែលខ្ពស់ផុតទឹក។
ប្រមាណជា៧ថ្ងៃក្រោយមក តាខ្វាក់ចាប់ផ្តើមធ្លាក់ខ្លួនឈឺធ្ងន់ដូចគ្នាជាមួយនឹងនាងតូចឆវីបានឈឺដែរ បន្ទាប់មកកូនក្មេងតូចៗជាច្រើនអ្នកក៏បានធ្លាក់ខ្លួនឈឺបន្តបន្ទាប់គ្នា រឿងនេះនៅតែឮទៅដល់តាខ្វាក់ដោយសារអ្នកស្រុកចេះតែនាំគ្នាទៅរកគាត់ឱ្យជួយកូនរបស់ពួកគេ តែមើលមកតាខ្វាក់ពេលនេះចុះ សូម្បីតែខ្លួនឯងក៏មិនអាចជួយបានផង រហូតដល់ដង្ហើមចុងក្រោយរបស់គាត់ ក៏គាត់នៅតែទន្ទេញពាក្យដដែលៗថា “បណ្តាសា បណ្តាសា…វិនាស…វិនាសមិនខាន!!” ក្រោយថាចប់ គាត់ក៏បានផុតដង្ហើមបាត់ទៅ។
១សប្តាហ៍ក្រោយ ក៏មានក្រុមគ្រូពេទ្យស្ម័គ្រចិត្តមួយក្រុមជាអ្នកទីក្រុង បានមកណែនាំដល់អ្នកស្រុកដែលរស់នៅលើទឹក ឱ្យយល់ដឹងពីជំងឺគ្រុនឈាមនឹងបានជួយព្យាបាលក្មេងៗដែលបានឈឺរហូតជាសះស្បើយថែមទាំងណែនាំដល់ឪពុកម្តាយក្មេងៗពីការបង្ការកុំឱ្យមានក្មេងកើតជំងឺគ្រុនឈាមទៀត ឯអ្នកស្រុកខ្លះក៏ជឿហើយធ្វើតាម មានតែមួយចំនួនតូចប៉ុណ្ណោះដែលមិនព្រមធ្វើតាម ដោយពួកគេនៅតែគិតថាការបន់ស្រន់លើជំនឿរបស់ពួកគេ ហើយក៏មានអ្នកខ្លះនាំគ្នាធ្វើទីងមោងដាក់នៅមុខផ្ទះដើម្បីបង្ការគ្រោះភ័យដែលបណ្តាលមកពីអមនុស្សក៏មាន។
…
គ.ស.២០០២
ព្រាកៗ!គ្រាំង…
ផ្លេកបន្ទោរព្រាកៗដូចពុះមេឃជ្រែកអាកាស សំឡេងផ្គរបន្តរដឹកមិនដាច់សូរ។ ក្រឡេកទៅក្នុងទឹកដែលមានផ្លូវបែកជាបួន ទូកចាស់កំពុងតែវិលត្របាញ់ជាមួយចរន្តទឹកគួចមិនប្រណី។
“អាចម ជួយអញ!!” សំឡេងមនុស្សកំពុងតែស្រែកឱ្យជួយជាបន្ទាន់។
ក្មេងប្រុសនៅលើទូក ហាក់ទទួលថាខ្លួនជាមនុស្សឈ្មោះចម ក្មេងតូចលោតចូលទឹកដោយពុំគិតអាយូស។ ពេលនោះប្រអប់ឈើមួយស្រាប់តែអណ្តែតទៅជិតខ្លួនរបស់វាដែលកំពុងតែបម្រាស់ខ្លួនខ្យល់ដង្ហើមនៅក្នុងទឹក។ នាយតោងប្រអប់ឈើនោះបន្តិចម្តងៗហើយក៏ឈោងចូលទៅខាងក្នុងប្រអប់បានសម្រេច តែប្រអប់ឈើនោះមិនមែនជាប្រអប់ឈើធម្មតាឡើយ តែវា..គឺជា…
“មឈូស!!”
….
សាកទាយមើល នៅមានភាគបន្តដែរទេ?
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ