I: Chapter 1
វគ្គ១: ជីវិតដូចអំណោយព្រះប្រទាន
នៅថ្ងៃនោះ ដូចជារាប់ពាន់ថ្ងៃឯទៀត។
បន្ទាប់ពីមាន់រងាវកញ្ជ្រៀវ ភូមិឈីងសួយចាប់ផ្តើមមានមនុស្សទៅមកហូរហែច្រើនអ៊ូអរ។ មេឃភ្លឺស្រាងៗ កញ្ចាស់ម៉ុកដើរចេញពីហួយឈុនថាង ទៅកាន់ឡកាប់ពពែគ្រួសារកៅរកទិញសាច់ស្រស់។ ក្មេងកំលោះពីរនាក់បោសសម្អាតដី រង់ចាំពេលព្រឹកភ្លឺនឹងបើកទ្វារចេញទទួលភ្ញៀវ។
គ្រូពេទ្យសម្រែ វិនស៊ីវលូ កំពុងអង្គុយចោងហោងលើថ្មក្បាលកាំជណ្ដើរមាត់ទ្វារក្រោយផ្ទះ ដៃម្ខាងកាន់ចានទឹកស៊ុបពពែ ដៃម្ខាងកាន់នំក្រៀបមួយដុំ ហុតចានទឹកស៊ុបឮសូរក្រូកៗ មាត់ទំពារនំក្រៀបចេបចុបមិនឈប់។
នៅក្រោមជើងថ្មជណ្ដើរដុះស្លែ មានដីចម្ការពីរកណ្ដប់ដាំដុះស្មៅថ្នាំ ចន្លោះផ្លូវដើរក្រាលថ្មគ្រួសរត់កាត់ចម្ការស្មៅថ្នាំកាត់តាមបណ្ដោយដៃទន្លេតូចមួយ។ ពន្លឺព្រះអាទិត្យវាយរះលើផ្ទៃទឹកទន្លេរំលេចរស្មីភ្លឹបភ្លែតបែកចំណាំងពណ៌ទឹកប្រាក់ ផ្កាព្រៃនៅមាត់ទន្លេបក់រវិចទៅតាមជំនោរវាយោ ហ្វូងទាទទះស្លាបដើរកាត់ព្រៃទឹក។ ទេសភាពព្រៃព្រឹក្សធម្មជាតិស្រស់បំព្រង ទឹកហូររលេញស្ងប់ស្ងាត់ដូចគំនូរ។ ស៊ីវលូស្លុងអារម្មណ៍គយគន់បណ្ដើរនឹកគិតក្នុងចិត្តបណ្ដើរ៖
«សត្វទាទាំងនោះធាត់ៗល្អណាស់ បើអាចចាប់ពីរបីទៅខ្វៃមិនដឹងឆ្ងាញ់មាត់ប៉ុនណាទេ…!»
ទឹកស៊ុបក្ដៅៗហុតចូលពោះអស់ គេដាក់ចានទៅក្នុងធុងឈើមួយក្បែរមាត់ទ្វារ។
«អៃយ៉ា! ធុងឈើមួយធុងគរពេញចាននិងចង្កឹះនៅមិនទាន់លាង!»
ស៊ីវលូយួរធុងឈើដើរត្រុកៗទៅកាន់មាត់ទន្លេ គ្រលៀសចុងកន្ទុយភ្នែក ឃើញមានស្រមោលខ្មៅលិបលមួយនៅក្នុងគុម្ពព្រៃត្រែង មើលមិនច្បាស់ថាសត្វស្លាបអ្វី។
ស៊ីវលូទម្លាក់ធុងឈើចុះដី ឱនរើសដុំថ្មគ្រួសមួយដុំ គប់សំដៅទៅត្រង់ទីនោះ។ ដុំថ្មគ្រួសផ្លោងធ្លាក់ទៅចំគោលដៅម៉ាច់ តែបែរជាមិនឃើញលោតកញ្ឆក់កញ្ឆោងអ្វី ហើយក៏មិនឃើញមានសញ្ញាណបង្អើលស្លាបហោះឡើងដែរ។
ស៊ីវលូភ្លាមៗនោះឈរឆ្កឹង ថ្វីដៃគប់ដុំថ្មរបស់គេឈានដល់កម្រិត “គប់មួយរយត្រូវមួយរយ” តាំងពីពេលណាហ្នឹង? គេឈានជើងមួយៗដើរចូលទៅជិត ក្រឡេកក្រឡឹងរកមើលនៅសព្វជុំវិញ។
«អូ៎! តាមពិតមិនមែនសត្វស្លាបទេ គឺមនុស្ស!»
ស៊ីវលូងាកមុខឆើយ បែរខ្នងទៅក្រោយវិលទៅមាត់ទន្លេវិញ មូរចុងដៃអាវចាប់ផ្ដើមដុសលាងចាន ប្រៀបដូចជាមើលទៅគ្មានអ្វីនៅក្បែរនោះទាល់តែសោះក្រៅពីដូចសាកសពស្លាប់មួយ!
ស៊ីវលូដុសលាងចានមួយៗរង៉ូវៗ៖
«ថ្ងៃនេះលាងស្អាតរួច ថ្ងៃបន្ទាប់ក៏កខ្វក់ទៀត ចាំបាច់ខ្មោចយ៍អីត្រូវលាងគ្រប់ពេល? ចានអ្នកណាហូបអ្នកហ្នឹងថែ ពីរថ្ងៃចាំលាងម្ដងមានទៅកើតថ្វី!»
វិនស៊ីវលូមិនដែលបត់ភួយពេលក្រោកពីគេង។ គេគិតថា បត់រៀបរយពេលព្រឹករួច យប់ឡើងគង់តែរលាស់ចេញដណ្ដប់វិញ នាំតែហត់ខ្លួន នាំតែខាតពេល។ ហេតុនេះ គេមិនដែលបត់ភួយទេ តែចានវិញគេមិនហ៊ានមិនលាងឡើយ បើពុំនោះទេ កញ្ចាស់ម៉ុកនឹងយកវែកសម្លវាយសំពងក្បាលគេមិនខាន។
ស៊ីវលូមាត់រង៉េវរង៉ូវបណ្ដើរស្រោចជម្រះចានមួយទឹកចុងក្រោយបណ្ដើរ គរចានចង្កឹះទុកដាក់ទៅក្នុងធុង រួចក៏សន្សឹមៗយួរធុងឈើដើរចាកចេញទៅវិញ ដោយមិនខ្ចីក្រឡេកមើលទៅកាន់គុម្ពព្រៃត្រែងនោះទៀត។ ប្រជារាស្ត្រនៅភូមិឈីងសួយនេះចួបប្រទះសាកសពញឹកញយឡើងដូចបាយបីពេល សូម្បីពួកកូនក្មេងតូចៗក៏ខ្ជិលចោលភ្នែកសម្លឹងមើលដែរ។
ដ្បិតហួយឈុនថាងមិនមែនជាសំណាក់ពេទ្យដុំកំភួនធំ ប៉ុន្តែវិនស៊ីវលូពូកែជាងគេគឺ ព្យាបាលជំងឺគ្មានកូនឱ្យស្ត្រីភេទ។ មនុស្សដប់នាក់មកព្យាបាល យ៉ាងហោចណាស់ក៏អាចជាដាច់ប្រាំពីរប្រាំបីនាក់ដែរ។ ហេតុនេះ សំណាក់ហួយឈុនថាងមានភ្ញៀវច្រើនណាស់។
បន្ទាប់ពីធ្វើការនឿយហត់អស់កន្លះថ្ងៃ ស៊ីវលូក្រោកឈរពត់ចង្កេះឆ្វេងបន្តិចស្តាំបន្តិច ធ្វើសរសៃឆ្អឹងខ្នងរួចក៏ដើរចេញទៅក្រោយផ្ទះ។
ក្មេងកំលោះមាំមួនឈ្មោះ មុខខ្មូត កំពុងច្រូតកាត់ស្មៅថ្នាំនៅដីចម្ការដើរចូលមកក្នុងផ្ទះវិញ គេចង្អុលដៃទៅកាន់មាត់ទ្វារ៖
«នៅខាងក្រៅមានស្មូមសុំទានម្នាក់ ខ្ញុំទើបតែបោះនំក្រៀបឱ្យគេ!»
ស៊ីវលូងក់ក្បាលរំភើយ។
ផ្ទះបាយបង្កាត់ភ្លើងតែពីរដងក្នុងមួយថ្ងៃ សម្រាប់ធ្វើអាហារពេលព្រឹកនិងពេលយប់ ទើបគ្មានទឹកស៊ុបក្តៅហុត ស៊ីវលូមានតែហូបនំក្រៀបទ្រាប់ពោះជាមុន។ ដួសទឹកមួយផ្ដិលនៅក្នុងពាង អង្គុយចោងហោងលើថ្មក្បាលកាំជណ្ដើរមាត់ទ្វារ ទំពារនំបណ្ដើរចោលភ្នែកសម្លឹងរំពៃចេញទៅខាងក្រៅបណ្ដើរ។
នៅមិនឆ្ងាយពីទីនោះប៉ុន្មាន មានមនុស្សខោអាវដាច់រហែករហោក ក្បាលសក់ស្អិតប្រតាកដីសំពីងសំពោង ខ្លួនប្រាណទាំងមូលប្រឡាក់ប្រឡូសដីភក់ស្រមេកស្រមកពេញ ដេកក្រាបជ្រប់មុខស្ដូកស្ដឹងនៅលើដី ក្រៅពីដឹងថាគេគឺមនុស្ស ក្រៅពីនោះគឺមើលមិនដឹងអ្វីទាំងអស់។
ស៊ីវលូបង្រួញខ្សែភ្នែក ឃើញមានស្លាកដានបង្អូសដីភក់ជ្រាំស្រកាក អូសបន្លាយពីត្រង់ខ្លួនប្រាណរបស់អ្នកសុំទានរហូតដល់គុម្ពព្រៃត្រែងនៅឯមាត់ច្រាំងទន្លេ។ គេលើកចិញ្ចើមឡើងបន្តិច ផឹកទឹកត្រជាក់មួយក្អឹកក្នុងផ្ដិល ប្រឹងលេបនំក្រៀបរឹងកំព្រឹសចូលទៅក្នុងបំពង់ក។ ព្រះអាទិត្យសំយុងដាំចុះបាក់រស្មីហៀបលិច ផ្ទៃមេឃងងឹតគ្របដណ្ដប់មក។ ស៊ីវលូមើលស្លឹងទៅអ្នកសុំទាន មុខខ្មូតតម្រង់ដៃគប់ត្រង់ល្អណាស់ នំក្រៀបធ្លាក់នៅក្បែរខ្លួនរបស់គេ តែគេបែរជាមិនរើកម្រើកអ្វីបន្តិចសោះ មើលទៅបាក់កម្លាំងកំហែងទាំងស្រុង។ ស៊ីវលូមាត់ទំពារនំចេបចុប ប្រដេញខ្សែភ្នែកមើលទៅឡើងភ្លឹក។
ទំពារនំក្នុងដៃអស់ គេរលាស់ដៃជូតមាត់ បោះផ្ដិលចូលពាងវិញ បោសទះគូទក្រោកឈរឡើង គ្រហឹមច្រៀងតិចៗដើរទៅសំណាក់ពេទ្យខាងមុខពិនិត្យជំងឺបន្ត។
យប់ឡើង ស៊ីវលូទៅក្រោយផ្ទះម្ដងទៀត រួមជាមួយនឹងមនុស្សទាំងអស់អង្គុយជុំគ្នាឡោមព័ន្ធតុបាយ។
ក្រោយពេលហូបបាយចម្អែត គេលើកដៃអាវជូតមាត់ ជូតដៃលើខោអាវពាក់ បំណងចង់ទៅកាន់បន្ទប់របស់គេវិញ តែមិនដឹងខ្មោចចូលព្រាយទាញយ៉ាងណា ជំហានជើងគេបែរជាបង្វែរឈានទៅរកច្រកមាត់ទ្វារក្រោយផ្ទះ។
«ល្បងចង់ទៅណាហ្នឹង?» មុខខ្មូតសួរដេញតាមពីក្រោយ។
«ដើរសម្រកពោះហូបឆ្អែតបន្តិច!»
ស៊ីវលូដើរលម្ហែស្រូបខ្យល់អាកាសលេងមួយជុំនៅតាមចំហៀងមាត់ទន្លេ ដើរបណ្ដើរគ្រហឹមច្រៀងបណ្ដើរ លុះពេលបកវិលត្រលប់មកវិញ គេនៅសុខៗក៏ស្រាប់តែបញ្ឈប់ជើងនៅចំពោះមុខអ្នកសុំទានម្នាក់នោះ នំក្រៀបមួយដុំធ្លាក់លើដីនៅក្បាលល្ងាចមិញត្រូវសំប៉ែតខ្ទេចខ្ទីនៅក្រោមជើងរបស់ស៊ីវលូ…
គេឱនមុខចុះបន្តិច៖
«ខ្ញុំមិនប្រយ័ត្នជាន់នំរបស់លោក តើលោកចង់ឱ្យខ្ញុំសងអ្វី?»
អ្នកសុំទាននោះនៅតែដេកក្រាបននាលដីជ្រប់មុខស្ងៀមស្ងាត់ធ្មឹង។ ស៊ីវលូងើយភ្នែកឡើងសម្លឹងមើលទៅចំណិតព្រះចន្ទពាក់កណ្ដាលព្យួរសំយុងនៅលើលម្ហមេឃខ្ពស់ ព្រះជាម្ចាស់ហាក់បីដូចជាកំពុងតែសើចចំអក តិះដៀលឱ្យមនុស្សលោកក្រោមមេឃនេះ។
មួយសន្ទុះក្រោយមក ស៊ីវលូត្រកងដៃចាប់លើកបីអ្នកសុំទានឡើង នោះជារាងកាយរបស់បុរសមានមាឌធំខ្ពស់ម្នាក់ តែស្គមស្គៃរឹងកំព្រឹសដូចគល់ឈើ ស្រាលស្ងើក។
ដៃទាំងពីរបីអ្នកសុំទាន លើកជើងម្ខាងធាក់ទ្វាររបើក ដើរចូលទៅខាងក្នុងផ្ទះ៖
«កញ្ចាស់ម៉ុកនៅឯណា ឆាប់ទៅដាំទឹកក្ដៅឱ្យខ្ញុំ! មុខខ្មូត! គ្រាប់អង្កាំ! មកជួយខ្ញុំមួយដៃមួយជើងមក៎!»
មនុស្សទាំងបីនាក់កំពុងតែជជែកគ្នាលេងនៅក្រោមសំយ៉ាបផ្ទះ ស្ដាប់ឮស៊ីវលូស្រែកហៅមិនខ្ចីភ្ញាក់ផ្អើលអ្វី ម្នាក់ៗនាំគ្នាក្រោកឡើងទៅធ្វើកិច្ចការរៀងៗខ្លួនភ្លាម។
ស៊ីវលូដាក់អ្នកសុំទានចុះនៅលើគ្រែ។ មុខខ្មូតលើកចានទឹកក្តៅចូលមកក្នុងបន្ទប់ គ្រាប់អង្កាំអុចភ្លើងចង្កៀងប្រេង។
ស៊ីវលូផ្ដែផ្ដាំ៖
«ជូតសម្អាតខ្លួនរួច ឱ្យគេហុតទឹកស៊ុបក្តៅបន្តិច បើមានរបួសអី ពួកឯងទាំងពីរចាត់ការទៅ!»
ពេលស៊ីវលូហៀបនឹងបោះជើងចេញពីទ្វារ ក៏ស្រាប់តែឮសម្រែកស្រែកយ៉ាងស្លុតរន្ធត់របស់មុខខ្មូត គេក៏បែរក្រោយបកវិលទៅវិញ។ ទឹកមុខរបស់មុខខ្មូតស្លេកស្លាំងដូចចួបខ្មោច សំឡេងរបស់គេរញីរញ័រ ភ័យខ្លាច៖
«ល្បង… ល្បងឆាប់មកមើលនេះ! មនុស្សម្នាក់នេះមិនរស់ឡើយ!»
ស៊ីវលូស្រូតដើរចូលទៅជិត ឱនមុខចុះពិនិត្យមើល ឃើញផ្ទៃមុខរបស់អ្នកសុំទាននោះជាំខៀវស្វាយ ហើមទុលប៉ោងឡើងដូចក្បាលជ្រូក មើលមិនឃើញភ្នែក ច្រមុះ មាត់ និងត្រចៀកនៅឯណា។ ផ្ទៃមុខហើមកំប៉ោងដ៏ធំនោះដោតទើរនៅលើឆ្អឹងបណ្ដោយខ្លួនស្គមស្គៃ គ្មានជាប់សាច់ឈាមយ៉ាងគួរឱ្យខ្លាច។
ស៊ីវលូចាប់ទាញអាវរហែកនៅលើខ្លួនអ្នកសុំទាននោះចេញ ដែលមិនមែនជាអាវ គួរហៅថាកាកក្រណាត់។ នៅលើខ្លួនប្រាណរបស់បុរសនោះសុះសាច់ទៅដោយស្លាកស្នាមរបួសយ៉ាងដំណំ ស្នាមរំពាត់ផ្ដៅ ស្នាមកាំបិតចាក់ ស្នាមរលាកភ្លើង។ នៅលើដើមទ្រូងមានស្បែករលាត់ពងបែកទឹករងៃមួយផ្ទៃយ៉ាងធំ ជាំខ្មៅរលេះរលួយ កើតចេញពីការធ្វើទារុណកម្មដោយប្រើដែកឆាបក្ដៅ។ ស្បែកដែលឆាបឆេះនោះរយីរយារ បណ្ដែតលើខ្លួនប្រាណស្បែកដណ្ដប់ឆ្អឹងរបស់គេ។
ស៊ីវលូលើកដៃរបស់គេឡើងមើល ក្រចកដៃទាំងអស់ត្រូវដកចោល ត្រាំត្រែងនៅក្នុងទឹក ម្រាមដៃនីមួយៗហើមស្ពីង ឡើងក្រហមនិងចេញខ្ទុះ។ ស៊ីវលូដាក់ដៃរបស់គេចុះថ្នមៗ ងាកទៅពិនិត្យមើលលើជើងទាំងពីររបស់គេ ឆ្អឹងខ្មងជើងខាងស្តាំត្រូវវាយបំបាក់ បាក់ឆ្អឹងខ្ទេច ក្រចកម្រាមជើងទាំងដប់ក៏ត្រូវដកខ្ទេចខ្ទីផងដែរ បាតជើងធ្លុះប្រហោងរន្ធតូចៗជាច្រើន ប្រាកដណាស់គេត្រូវមនុស្សយកញញួរដំដែកគោលទម្លុះ។
ដ្បិតស៊ាំជាប្រចាំជាមួយមុខរបួសរបស់អ្នកជំងឺទាំងឡាយ ប៉ុន្តែមុខខ្មូតនិងគ្រាប់អង្កាំមិនអាចមិនព្រឺព្រួច បះជើងសក់ឆ្កឺតៗ រួញកញ្ចឹងក នៅពេលដែលពួកគេបានឃើញនូវផ្ទាំងទិដ្ឋភាពទាំងនេះ។ មិនអាចគ្រប់គ្រងខ្លួនបាន ពួកគេទាំងពីរនាក់ឈានថយទៅក្រោយបែរមុខចេញ មិនហ៊ានអើតសម្លឹងមើលទៀត។ ចំណែកឯស៊ីវលូវិញបែរជាខុសពីពួកគេ គេបង្ហាញភាពនឹងធឹងឡើងមកយ៉ាងចម្លែក ហាស្ដីម៉ឺងម៉ាត់ច្បាស់ៗ៖
«ទៅរម្ងាស់ថ្នាំ យកមកទីនេះ!»
មុខខ្មូតភ្ញាក់ស្មារតីវិញ ស្រូតទៅរម្ងាស់ថ្នាំលើកចូលមកក្នុងបន្ទប់។ គេដំបូងចង់ហាមាត់ទទួលកិច្ចការជូតសម្អាតខ្លួនឱ្យអ្នកសុំទាននោះ ប៉ុន្តែភាពភ័យខ្លាចនឹងមុខរបួសដ៏គួរឱ្យខ្លាចទាំងនោះ ធ្វើឱ្យគេនៅស្ងៀមបាត់មាត់កឈឹង។
មើលដឹងថាមិនអាចពឹងពាក់លើពួកក្មេងល្អិតទាំងនេះ ស៊ីវលូក៏មិននិយាយអ្វី ចាប់ផ្ដើមបំពេញកិច្ចការដោយស្ងាត់ៗ។ ស៊ីវលូជ្រលក់ក្រណាត់ទន់មួយក្នុងចានទឹកថ្នាំ សន្សឹមៗជូតនៅលើខ្លួនប្រាណបុរសនោះថ្នមៗដៃដោយប្រុងប្រយ័ត្ន។
ហាក់បីកំពុងត្រូវមុខរបួសធ្វើឱ្យពើតចាប់ឈឺផ្សា បុរសនោះក៏សន្សឹមៗដឹងស្មារតីពាក់កណ្តាលមមីមមើពាក់កណ្តាល ព្រោះតែភ្នែកទាំងពីរហើមប៉ោង មិនអាចបើកភ្នែកឡើង បបូរមាត់បិទជិត ខាំសង្កត់តឹងផ្អឹស ស៊ូទ្រាំនឹងការឈឺចុកចាប់។
ស៊ីវលូបន្លឺសំឡេងស្រទន់ថ្នមៗថា៖
«ខ្ញុំឈ្មោះ វិនស៊ីវលូ! អាចហៅខ្ញុំថា ស៊ីវលូ! ខ្ញុំគឺជាគ្រូពេទ្យសម្រែសាមញ្ញម្នាក់ ខ្ញុំកំពុងតែលាងមុខរបួសឱ្យលោក បើឈឺខ្លាំងពេកក៏ស្រែកឡើងមកចុះណា៎!»
លុះរហូតពេលស៊ីវលូលាងសម្អាតមុខរបួសរួចរាល់ បុរសនោះនៅតែមិនស្រែកថ្ងូរអ្វីឡើងបន្តិច គ្រាន់តែឃើញញើសបែកហូរជោកពេញលើថ្ងាសរបស់គេ។
ប្រហែលជាព្រោះតែការស៊ូទ្រាំដ៏ខ្លាំងក្លានេះ ធ្វើឱ្យស៊ីវលូកាន់តែយល់ឃើញថា រឹតកោតសរសើរនិងរឹតអាណោចចិត្ត អាណិតអាសូរចំពោះមនុស្សម្នាក់នេះ។ ស៊ីវលូថ្នមៗដៃផ្ដិតជូតញើសនៅលើថ្ងាសនិងសក់របស់បុរសនោះ។
បន្ទាប់មកស៊ីវលូចាប់ផ្ដើមទាញស្រាតខោរបស់អ្នកសុំទាននោះចេញ បុរសនោះញាក់ញ័រកន្ត្រាក់ឡើង កំហឹងខឹងក្រោធនិងកំហឹងស្អប់ខ្ពើម ធ្វើឱ្យគេញ័ររឹងដល់ឆ្អឹងខ្នង ប៉ុន្តែភ្លាមៗនោះគេខំប្រឹងស៊ូទ្រាំសម្រាលកំហឹងទាំងអម្បាលម៉ានចុះ។
ស៊ីវលូសើចខឹកៗ និយាយញ៉ោះលួងគេបន្ធូរអារម្មណ៍៖
«ជាមនុស្សប្រុសសោះចាំបាច់ខ្មាសអៀនដែរហ្អេស?»
ប៉ុន្តែស៊ីវលូក៏ស្រាប់តែដាច់ស្នាមញញឹមទ្រឹងបន្ទាប់ពីនោះ។
ចាប់ពីស្បែកភ្លៅខាងក្រៅរហូតដល់ត្រង់ចង្កេះសុទ្ធតែជាស្លាកស្នាមរបួសសព្វគ្រប់ប្រភេទ។ ប៉ុន្តែនោះនៅមិនជាថ្វីបើប្រៀបធៀបទៅនឹងការធ្វើទារុណកម្មលើសាច់ភ្លៅខាងក្នុងឡើយ ព្រោះសាច់ភ្លៅខាងក្នុងត្រូវមនុស្សជ្រួកជម្រៀកខ្ទេចអស់។
ពីក្បាលជង្គង់ដល់ជុំវិញត្រគាករបស់បុរសនោះ មុខរបួសនីមួយៗគរជាន់លើគ្នាទាំងថ្មីទាំងចាស់ មានកន្លែងជាំខ្មៅ មានខៀវស្វាយ មានសស្លេក មានកកឈាមក្រហម ភ្ជាប់ភ្ជិតគ្រប់ពណ៌ចម្រុះ ដូចជាកម្ទេចក្រណាត់រហែកច្របូលចូលគ្នាជាមួយកម្ទេចក្រណាត់រាប់មិនអស់ដទៃទៀត មានរូបរាងនិងពណ៌ឡូកឡំគ្នា ធ្វើឱ្យមនុស្សឃើញឈឺភ្នែក។
អ្នកធ្វើទារុណកម្មដឹងច្បាស់ពីចំណុចឈឺចាប់ខ្លាំងដល់កម្រិតកំពូលនៅលើខ្លួនប្រាណមនុស្ស។ គេដឹងថាតំបន់គល់ភ្លៅទាំងពីរគឺជាតំបន់ដែលមានសាច់ខ្ចីទន់ស្ដើងនិងងាយឈឺចុកចាប់ខ្លាំងជាទីបំផុត។ ជារៀងរាល់ពេលដែលចាក់ជ្រួកកាំបិតជ្រៀកសាច់មួយដុំ នឹងអាចធ្វើឱ្យមនុស្សឈឺចាប់ស្ទើរតែលែងចង់រស់ ប៉ុន្តែវាមិនបណ្តាលឱ្យមនុស្សស្លាប់។
ស៊ីវលូហាស្ដីបង្គាប់៖
«ស្រាក្តៅ ទៀន កន្ត្រៃ កាំបិត ឈើអបឆ្អឹង ខ្សែក្រណាត់ ប្រេងថ្នាំ…»
គ្រាប់អង្កាំរត់ឆ្លេឆ្លាទៅមក មុខខ្មូតឈរក្បែរម្ខាងចាំជួយ ប៉ុន្តែគេខំប្រឹងចៀសគេចខ្សែភ្នែក មិនសម្លឹងមើលទៅលើខ្លួនប្រាណរបស់អ្នកសុំទាននោះ។
ក្រឡេកភ្នែកមួយឆ្វាច់ទៅលើប្រេងថ្នាំដែលគ្រាប់អង្កាំយកមកដល់ ស៊ីវលូជ្រួញចិញ្ចើម៖
«ទៅក្នុងបន្ទប់របស់ខ្ញុំ យកប្រេងថ្នាំដែលទុកដាក់នៅខាងក្រោមទូខោអាវមក!»
គ្រាប់អង្កាំយល់ថាគួរឱ្យសោកស្ដាយ បោះជំហានជើងអែអង់បន្តិចហើយក៏បែរជាញាប់ជើងទៅមុខបន្តវិញ។
កាយវិការរបស់ស៊ីវលូកាន់តែថ្នមដៃទៅៗ ខ្សែភ្នែករបស់គេផ្តោតទាំងស្រុងទៅលើការលាងសម្អាតមុខរបួស។ មិនថាស៊ីវលូប្រុងប្រយ័ត្នយ៉ាងណា ក៏មុខរបួសសុះពេញខ្លួនទាំងនោះនៅតែរើបង្កការឈឺចាប់យ៉ាងខ្លាំង ព្រោះតែមុខរបួសខ្លះស្អុយរលួយ ត្រូវកោសសាច់ចេញ និងថែមទាំងត្រូវដាប់ឆ្អឹងអបខ្មងជើងដែលបាក់ឡើងវិញ។
ស៊ីវលូត្រឹមតែអាចទទួលអារម្មណ៍ដឹងពីការឈឺចាប់ចុកចាប់របស់បុរសនោះតាមរយៈសាច់ដុំកន្ត្រាក់ ខ្លួនប្រាណញ័ររឹងចំប្រប់ ព្រោះតែភ្នែកទាំងពីរគេហើមប៉ោងបិទជិត បបូរមាត់គេខាំសង្កត់ជាប់ គេកំពុងតែពុះពារស៊ូទ្រាំជាមួយនឹងសេចក្ដីឈឺចាប់ទាំងនោះ។
រូបរាងកាយដែលរងទុក្ខវេទនារបស់គេត្រូវបានលាតត្រដាងចេញ ស្លាកស្នាមនៅលើមុខរបួសនីមួយៗរបស់គេ បរិហារពីសេចក្តីត្រូវជាន់ឈ្លីញាំញីរបស់គេ ប៉ុន្តែអាកប្បកិរិយារបស់គេនៅតែស្ងើចឫទ្ធិខ្ពស់ត្រដែត នោះជាអំណាចឥទ្ធិពលនិងអានុភាពខ្ពង់ខ្ពស់មួយដែលមិនអាចលើសលួសចំពោះបាន។
ស៊ីវលូអាចស្រមៃឃើញទាំងស្រុងនូវរាល់ទិដ្ឋភាពនៅពេលដែលគេត្រូវទទួលរងទារុណកម្មឃោរឃៅឥតត្រាប្រណី។ ប្រាកដយ៉ាងជាក់ អាកប្បកិរិយារបស់គេនៅគ្រានោះគឺដូចជាស្ថិតនៅក្នុងពេលនេះដែរអ៊ីចឹង។ មនុស្សទទួលរងទារុណកម្ម ប្រមាថមើលងាយ វាយបកទៅវិញ ដោយនៅតែអាចសម្ងើចសេចក្តីខ្ពង់ខ្ពស់ជាជាងអ្នកធ្វើទារុណកម្ម។ ហើយប្រាកដយ៉ាងជាក់ណាស់ អ្នកធ្វើទារុណកម្មភ្លក់រសជាតិបរាជ័យសព្វគ្រប់បែបយ៉ាង អារម្មណ៍បរាជ័យនៅចំពោះមុខមនុស្សទទួលរងទារុណកម្ម ដុតបញ្ឆេះឱ្យគេផ្ទុះកំហឹងកាន់តែឆ្កួតកម្រោលខ្លាំងនិងធ្វើទារុណកម្មឃោរឃៅកាន់តែព្រៃផ្សៃខ្លាំង។
ចំណាយពេលអស់ពីរបីយាម ទើបស៊ីវលូសម្អាតមុខរបួសរួចរាល់ បែកញើសហូរសស្រាក់ដូចកំពុងងូតទឹក គេល្ហិតល្ហៃបង្គាប់៖
«ប្រេងថ្នាំលាបរបួស!»
មុខខ្មូតរហ័សរហួនដៃបើកគម្របដបថ្នាំចរណៃចេញ ក្លិនថ្នាំក្រអូបស្រទន់សាយភាយមកក្រៅ ស៊ីវលូខ្វេះក្រមួនថ្នាំនៅក្នុងដបប្រេងថ្នាំមួយដុំ ចាប់ផ្ដើមថ្នមៗដៃលាបថើរៗនៅលើផ្ទៃមុខរបស់បុរសនោះ។
ប្រេងថ្នាំលាបត្រជាក់ កាត់បន្ថយការឈឺចាប់ បបូរមាត់របស់បុរសនោះក៏រហើបឡើងបន្តិច លែងនៅខាំសង្កត់ជាប់ដូចអម្បាញ់មិញ ខណៈពេលនោះ ទើបឃើញមានស្នាមដក់ឈាមនៅលើបបូរមាត់របស់គេយ៉ាងច្បាស់។ ស៊ីវលូខ្វេះក្រមួនថ្នាំថែមបន្តិច ហៀបនឹងលាបនៅលើបបូរមាត់របស់គេ រំពេចនោះគេក៏ស្រាប់តែបិទបបូរមាត់ទៅវិញយ៉ាងលឿន បៀមជញ្ជក់ម្រាមដៃរបស់ស៊ីវលូជាប់។ មានអារម្មណ៍ថាទន់ល្មើយ សើមស្អិតរមួតនៅលើបបូរមាត់គេ គឺជាអារម្មណ៍ទន់ភ្លន់តែមួយគត់ដែលស៊ីវលូទទួលបានពីមនុស្សម្នាក់នោះនៅក្នុងពេញមួយយប់នេះ។
ស៊ីវលូគាំងជាប់ឆ្កឹងមួយសន្ទុះ បុរសនោះហើបមាត់បន្តិចទុកឱ្យស៊ីវលូដកដៃចេញទៅវិញ។ គេលើកដៃបុរសនោះឡើងថ្នមៗ ហើយបន្តលាបថ្នាំយឺតៗ។
ចំណាយពេលអស់ប្រហែលកន្លះយាមបន្ទាប់មកទៀត ទើបស៊ីវលូលាបថ្នាំឱ្យគេរួចរាល់ និងជួយគេបង់រុំរបួសសព្វពេញខ្លួនប្រាណទាំងមូល។ ស៊ីវលូដណ្ដប់ភួយស្អាតបាតមួយឡើងលើខ្លួនបុរសនោះ និយាយថ្នមៗ៖
«ប៉ុន្មានថ្ងៃខាងមុខនេះខ្ញុំត្រូវពិនិត្យមើលរបួសរបស់លោកជាប្រចាំ ជាបណ្ដោះអាសន្ននឹងមិនស្លៀកពាក់ឱ្យលោកទេ!»
«…កុំខ្មាសអៀនអី ក្នុងផ្ទះរបស់ពួកយើងគ្មានមនុស្សស្រីទេ ទោះលោកដើរស្រាតននលគកកណ្តាលផ្ទះនេះក៏គ្មានអ្នកណាថាអីដែរ កុំបារម្ភ!»
មុខខ្មូតនិងគ្រាប់អង្កាំសើចខឹកៗ។ ស៊ីវលូចាប់ផ្តើមហៅឈ្មោះថ្នាំ៖
«ហ្វូលីងប្រាំមួយជី ជីងលៀនបួនជី…»
មុខខ្មូតផ្អៀងត្រចៀកស្តាប់ ទន្ទេញចាំ រត់ទៅរម្ងាស់ថ្នាំយ៉ាងលឿន។
ស៊ីវលូងើយមុខសម្លឹងមេយ នឹកគិតក្នុងចិត្តថា ថ្មើរណេះនៅអាចគេងមួយយាមទៀត ប៉ុន្តែនៅពេលដែលឱនមុខចុះ ក្រឡេកមើលទៅសក់ក្បាលសំពោងគគ្រីតគគ្រាតរបស់អ្នកសុំទាននោះ គេចងចិញ្ចើមចុះបន្តិច ងាកទៅស្រែកហៅគ្រាប់អង្កាំ៖
«កន្សែង ទឹកក្តៅ ចានដែក ធុងទឹក!»
ស៊ីវលូអង្គុយចុះគែមគ្រែ ចានដែកត្រងទឹកនៅក្រោមជើង។ គេលើកក្បាលបុរសនោះថ្នមៗដៃលើកដាក់កើយលើភ្លៅរបស់គេ ហើយចាប់ផ្តើមកក់លាងសម្អាត។
គ្រាប់អង្កាំរអែងចិត្ត៖
«ថ្ងៃស្អែកល្បងត្រូវចេញទៅពិនិត្យជំងឺឱ្យភ្ញៀវទៀត ល្បងឆាប់ចូលសម្រាកទៅ ទុកកិច្ចការទាំងនេះឱ្យខ្ញុំចុះ!»
ស៊ីវលូញញឹមចំអក៖
«ដៃជើងច្រងេងច្រងាងខ្វះការប្រុងប្រយ័ត្នដូចជាពួកឯង វរៗប៉ះត្រូវលើមុខរបួសរបស់គេមានតែធ្វើឱ្យកាន់តែធ្ងន់ធ្ងរថែមប៉ុណ្ណោះ ខាតបង់កម្លាំងខ្ញុំអស់ពេញមួយយប់! ឯងចាំតែដូរទឹកទៅ!»
កាយវិការរបស់ស៊ីវលូសែនល្វត់ល្វន់និងថ្នឹកដៃប៉ិនប្រសព្វណាស់។ គេត្រដុសដុំសាប៊ូក្នុងបាតដៃឱ្យបែកពពុះខ្ជោលឡើង បៀកទៅលើក្បាលសក់បុរសនោះឈ្លីថ្នមៗ ច្របាច់ពពុះសាប៊ូឱ្យជ្រាបសព្វចូលជ្រៅដល់ក្នុងសរសៃសក់ យកផ្ដិលទឹកដួសទឹកក្តៅខណ្ឌៗស្រោចពីលើគល់សក់ចុះមកក្រោមលាងជម្រះទឹកចេញ ស្រោចរហូតដល់ស្អាតបាត។ នៅពេលដែលកម្អែលដីត្រូវបានកក់លាងជម្រះស្អាត ស៊ីវលូមើលទៅសរសៃសក់របស់គេ អែអង់មួយសន្ទុះក៏ថ្នមៗដៃកាត់សក់រួញកណ្ដាញ់ដុះរញ៉េរញ៉ៃនោះចេញ។
ចប់សព្វកិច្ចការរួចរាល់ គេត្រកងដៃចូលទៅក្រោមក្បាលសក់របស់បុរសនោះ ចាប់រឹតសរសៃឈ្លីថ្នមៗ។ គេឱនមុខចុះទៅកៀកកិត ពិនិត្យមើល មានអារម្មណ៍ថាខ្លួនប្រាណបុរសនោះនៅសុខៗស្រាប់តែរឹងកញ្ជ្រោលឡើងមកបន្តិច។
ស៊ីវលូរហ័សបកស្រាយ៖
«ខ្ញុំចង់រកមើលថានៅលើក្បាលរបស់លោកមានរបួសដែរឬទេ?»
ជាសំណាងមិនល្អ ប៉ុន្តែក៏ជាសំណាងល្អផងដែរ អ្នកធ្វើទារុណកម្មចង់ទុកឱ្យបុរសនោះភ្ញាក់ដឹងស្មារតីពេញទំហឹង ដើម្បីទទួលអារម្មណ៍ឈឺចុកចាប់ទរុណទុរាទាំងនេះបានយ៉ាងច្បាស់ពេញៗក្នុងខួរក្បាល ហេតុនេះពួកគេមិនបានធ្វើឱ្យក្បាលរបស់បុរសនោះរងរបួសឡើយ។
ស៊ីវលូមិនហ៊ានប្រើដៃធ្ងន់នោះទេ គេត្រូវផ្លាស់ប្ដូរកន្សែងស្អាតពីរបីទើបអាចជូតសក់បុរសនោះឱ្យស្ងួត។ ដោយខ្លាចថាប្រើក្រាស់សិតសក់នឹងធ្វើឱ្យបុរសនោះឈឺ គេក៏ពន្លាម្រាមដៃទាំងប្រាំរបស់គេចេញ ធ្វើជាក្រាស់សិតសក់ជំនួស ថ្នមៗដៃអូសពីត្រង់គល់សក់ដល់ចុងសក់របស់បុរសនោះឱ្យរលាស់ស្រិល។ បន្ទាប់មក គេហៅគ្រាប់អង្កាំយកខ្នើយថ្មីស្អាតមួយមក សន្សឹមៗលើកក្បាលបុរសនោះដាក់គេងចុះទៅ។
ផ្ទៃមេឃចាប់ផ្ដើមភ្លឺស្រាងៗ ស៊ីវលូដើរចេញពីបន្ទប់មកក្រៅ ជ្រមុជមុខក្នុងពាងទឹកត្រជាក់ដើម្បីដាស់ស្មារតីឱ្យស្វាង ទំពារចេបចុបចំណីព្រឹកពេញមាត់ឱ្យតែបានៗបណ្ដើរងាកទៅផ្ដែផ្ដាំមុខខ្មូតបណ្ដើរដែលកំពុងហាន់ស្មៅថ្នាំនៅខាងក្រៅបង្អួច៖
«ប៉ុន្មានថ្ងៃនេះ ឯងមិនចាំបាច់ប៉ះដៃប៉ះជើងកិច្ចការនៅខាងមុខទេ យកចិត្តទុកដាក់មើលថែមនុស្សម្នាក់នោះឱ្យល្អ។ កុំឱ្យគេហូបរបស់រឹង ទ្រាំលំបាកចិញ្ជ្រាំសាច់ល្អិតលាយបន្លែពណ៌បៃតងឱ្យគេហូប។ ចាំណា៎! ទុកទឹកស៊ុបត្រជាក់បន្តិចសិនសឹមយកទៅបញ្ចុកឱ្យគេ!»
បន្ទាប់ពីហូបចំណីពេលព្រឹករួច ស៊ីវលូយួរហិបថ្នាំលើស្មាចេញទៅពិនិត្យជំងឺ។
មុខខ្មូតស្រែកបន្លឺឡើងពីទីធ្លាផ្ទះខាងក្រៅធ្លាយចូលទៅក្នុងបន្ទប់ឱ្យអ្នកសុំទាននោះស្តាប់ឮ៖
«នែ៎! ល្បងខាងណោះ! ល្បងលូមិនបានដេកពួនអស់ពេញមួយយប់ដើម្បីព្យាបាលរបួសឱ្យល្បង ហើយថែមទាំងបានយកថ្នាំដ៏មានតម្លៃទុកសម្រាប់ការពារខ្លួនលាបឱ្យល្បង! ល្បងត្រូវចេះយល់គុណស្រ័យបន្តិច ខំប្រឹងរស់ណា៎ដឹងទេ!»
រសៀលហៀបលិច ស៊ីវលូវិលត្រលប់មកដល់ផ្ទះវិញនៅក្នុងសភាពអស់កម្លាំងផងងងុយដេកផង ត្របកភ្នែកសឹងតែធ្លាក់ចុះ។
គេគ្រវែងទាមួយក្បាលចោលទៅទីធ្លាផ្ទះ រួចដើរទៅក្នុងផ្ទះបាយដួសទឹកស៊ុបក្តៅមួយចាន កាច់នំក្រៀបជាកម្ទេច ជ្រលក់ត្រាំចូលក្នុងទឹកស៊ុបទាំងអស់ អង្គុយចុះចោងហោងនៅក្បែរជើងចង្ក្រាន ហុតទឹកស៊ុបឮសូរក្រូកៗ។
កញ្ចាស់ម៉ុកឈរនៅចំហៀងម្ខាង សន្សឹមៗបន្លឺពោលថា៖
«ខ្ញុំឮសូរមុខខ្មូតនិយាយពីរបួសនៅលើខ្លួនរបស់មនុស្សម្នាក់នោះ!»
ស៊ីវលូហុតទឹកស៊ុបបណ្ដើរហៃអើៗបណ្ដើរ។
«មុខខ្មូតនិងគ្រាប់អង្កាំអាចមើលមិនដឹងអ្វី ប៉ុន្តែឯងប្រាកដជាអាចមើលដឹងថាគេគឺ អម្បូរអាទិទេព! លើសពីនេះ ពូជពង្សសាវតារបស់គេគឺខ្ពង់ខ្ពស់ជាងអម្បូរអាទិទេពថ្នាក់ទាបធម្មតាដូចជាខ្ញុំហើយនិងឯងនេះ!»
ស៊ីវលូអង្គុយសំកុកហុតទឹកស៊ុប មិនឆ្លើយតប។
«ចង់សម្លាប់មនុស្សម្នាក់ ត្រឹមតែកាត់ក្បាលមួយកាំបិតជ្រុះដាច់ពីកជាការស្រេច ចាំបាច់អ្វីធ្វើទារុណកម្មឃោរឃៅព្រៃផ្សៃយ៉ាងនេះ! របួសនៅលើខ្លួនរបស់មនុស្សម្នាក់នោះមិនធម្មតាឡើយ! ឯងគួរតែប្រយ័ត្នប្រយែងបន្តិច ជួយសង្គ្រោះមនុស្សដែលមិនគួរជួយសង្គ្រោះ នឹងអាចបង្កគ្រោះថ្នាក់ដល់រូបខ្លួនឯង!»
ស៊ីវលូមាត់ទំពារចេបចុប និយាយព្រងើយ៖
«លោកពូចាំទៅចាត់ការចអ្អិនទាមួយក្បាលនោះផង បង់អំបិលបន្តិច ចាំណា៎បង់អំបិលតែបន្តិចបានហើយ កុំបន្ថែមគ្រឿងទេសផ្សេង រួចបង្កាត់ភ្លើងតិចៗរម្ងាស់ឱ្យផុយ!»
កញ្ចាស់ម៉ុកឃើញស៊ីវលូមិនខ្វល់ពីអ្វីដែលគាត់និយាយ ដកដង្ហើមធំតប៖
«ដឹងហើយ!»
បន្ទាប់ពីហូបចុករួច ស៊ីវលូទៅរកមុខខ្មូត៖
«ថ្ងៃនេះគេបានហូបអ្វីខ្លះទេ?»
មុខខ្មូតខ្សឹបខ្សួល៖
«មើលទៅបំពង់ករបស់គេក៏រងរបួសផងដែរ មិនអាចផឹកថ្នាំបាន ទឹកស៊ុបសម្លសាច់ក៏លេបមិនចូល!»
ស៊ីវលូដើរចូលទៅក្នុងបន្ទប់ ក្រឡេកឃើញចានថ្នាំដាក់ចោលនៅម្ខាងត្រជាក់ស្រេប គេគ្រាហ៍អ្នកសុំទាននោះងើបឡើង៖
«ខ្ញុំមកវិញហើយ! នៅចំណាំសំឡេងរបស់ខ្ញុំបានទេ? ខ្ញុំគឺ ស៊ីវលូ! ដល់ពេលផឹកថ្នាំហើយ!»
បុរសម្នាក់នោះបើកត្របកភ្នែកឡើងមើលស្លឹងទៅស៊ីវលូ បើធៀបនឹងថ្ងៃម្សិលមិញ ភ្នែករបស់គេអាចបើកឡើងបានធំជាងមុនបន្តិច។
ស៊ីវលូបញ្ចុកថ្នាំឱ្យគេ គេខំប្រឹងលេបចុះ ប៉ុន្តែប្រៀបដូចទារកបដិសេធមិនព្រមបៅ ច្រាលទឹកដោះទាំងអស់ហៀរចេញមកក្រៅវិញ។ បុរសនោះបាក់ទឹកចិត្តបិទភ្នែកទៅវិញ។
ស៊ីវលូយកចិត្តទុកដាក់សួរ៖
«ពួកគេមិនលើកលែងសូម្បីតែបំពង់ករបស់លោក?»
បុរសនោះងក់ក្បាលចុះបន្តិច។
ស៊ីវលូឈមមុខនិយាយបន្ត៖
«មិនខ្មាសអៀនប្រាប់លោកឱ្យដឹងពីអាថ៌កំបាំងមួយទេ ខ្ញុំតែងតែដេកហៀរទឹកមាត់កក្លាក់នៅពេលយប់។ មានយប់មួយ ខ្ញុំដេកយល់សប្ដិឃើញខ្លួនឯងកំពុងខាំសាច់មាន់អាំង ព្រោះតែហេតុនោះ ខ្នើយកើយរបស់ខ្ញុំទទឹកជោកអស់ជាងពាក់កណ្តាល។ មិនថាយ៉ាងណា ជំងឺនេះមិនអាចព្យាបាលបានទេ ចំណែកឯជំងឺរបស់លោកវិញ គ្រាន់តែជាបណ្ដោះអាសន្ននៅមិនទាន់ជាសះស្បើយប៉ុណ្ណោះ! មានគ្រូពេទ្យទេវតាវិនស៊ីវលូនៅទីនេះហើយ មួយរយៈទៀតលោកប្រាកដជាបានធូរស្បើយមិនខាន!»
ស៊ីវលូដោះស្បែកជើងហក់ឡើងទៅអង្គុយនៅលើចំហៀងគ្រែម្ខាង ឱបក្រសោបបុរសនោះនៅក្នុងដើមទ្រូងរបស់គេ ដួសយកថ្នាំកន្លះស្លាបព្រា ជិបស្លាបព្រាបន្តិចម្តងៗតក់ៗចូលទៅក្នុងមាត់របស់បុរសនោះ។
បុរសនោះក៏យល់ការជាខ្លាំង ខំប្រឹងលេបថ្នាំយ៉ាងអស់ពីលទ្ធភាព មិនឱ្យហូរហៀរមួយតំណក់ចេញមកក្រៅ។ អ្នកបញ្ចុកជិបៗស្លាបព្រាម្ដងមួយតំណក់ៗ អ្នកត្រូវគេបញ្ចុកខិតខំក្អឹកៗលេបចុះម្ដងមួយតំណក់ៗ ថ្នាំមួយចានពេញ កន្លះយាមក្រោយមក នៅទីបំផុត ស៊ីវលូក៏បានបញ្ចប់ «តួនាទី» របស់គេ។ ចំណែកឯបុរសនោះវិញ ប្រៀបដូចជាមនុស្សរត់ចម្ងាយរាប់សិបយោជន៍មកអ៊ីចឹង បែកញើសពេញថ្ងាស អស់ខ្យល់ពីខ្លួនរលីង។
ស៊ីវលូឈោងយកកូនកន្សែងមួយ ជូតញើសចេញឱ្យគេ៖
«លោកសម្រាកមួយភ្លែតទៅ រង់ចាំស៊ុបទារម្ងាស់ឆ្អិន ពួកយើងនឹងបានហុតទឹកស៊ុបក្តៅៗ!»
នៅខណៈពេលដែលស៊ីវលូដើរចេញមកក្រៅជាមួយដៃកាន់ចានថ្នាំ “ទទេស្អាត” នោះ ក៏ឃើញ មុខខ្មូត គ្រាប់អង្កាំ និងកញ្ចាស់ម៉ុកកំពុងតែឈរតម្រៀបជួរគ្នា បើកភ្នែកធំៗសម្លឹងមើលទៅគេដូចឃើញសត្វចម្លែក។
ស៊ីវលូសម្លក់ភ្នែក ស្រែកសម្លុត៖
«មើលស្អីក៏មើលម្ល៉េះ!»
គ្រាប់អង្កាំជាមនុស្សនិយាយដំបូង៖
«យកចិត្តទុកដាក់មើលថែល្អិតល្អន់ជាងមើលថែចាស់ជរានិងកូនង៉ែតទៅទៀត! អ្នកណាមិនដឹងស្មានថាល្បងជាម្តាយរបស់គេផង!»
«គូទស្វា! ឯងទើបសមជាម្តាយរបស់គេ!»
ស៊ីវលូវាត់មួយរន្ទះជើងទៅលើកំប៉េះគូទរបស់គ្រាប់អង្កាំ។ គ្រាប់អង្កាំឱបគូទស្រែកចាច ឆ្កេឆ្កាជើងរត់គេចចេញទៅបាត់។
សម្រួលអារម្មណ៍ឡើងមកវិញ កញ្ចាស់ម៉ុកបក់ៗដៃ៖
«ប្រសើរហើយៗ! នៅតែជាស៊ីវលូរបស់ពួកយើង! មិនមែនជាអ្នកដទៃក្លែងបន្លំនោះទេ!»
មុខខ្មូតលើកដៃឡើងអង្អែលដើមទ្រូងយ៉ាងធូរស្បើយ។
ស៊ីវលូហាមាត់ធំស្ងាបហូមវែង និយាយទៅកាន់មុខខ្មូត៖
«បិទទ្វារសំណាក់ពេទ្យទៅ ថ្ងៃនេះមិនទទួលពិនិត្យជំងឺទៀតទេ ខ្ញុំទៅរកដេកមួយស្របក់សិន ចាំស៊ុបឆ្អិនចាំដាស់ខ្ញុំផង!»
មុខខ្មូតប្រុងហាមាត់ថាទុកឱ្យគេបញ្ចុកក៏បាន។ ប៉ុន្តែនឹកឃើញទិដ្ឋភាពដ៏សែនលំបាកនៅមុននេះ គេគិតគូរមួយសន្ទុះ ឃើញថាកិច្ចការមួយនេះទាមទារភាពទន់ភ្លន់ជាងដេរប៉ាក់ទៅទៀត គេពិតជាមិនអាចធ្វើបានឡើយ។
លុះពេលស៊ុបឆ្អិន មុខខ្មូតគោះទ្វារបន្ទប់របស់ស៊ីវលូ។ ស៊ីវលូញាក់ៗស្មាចុករោយដើរចេញពីក្នុងបន្ទប់ ទៅរកអ្នកសុំទានម្នាក់នោះ។
បន្តចំណាយថែមពេលជាងកន្លះយាមទៀត ស៊ីវលូក៏បានបញ្ចុកស៊ុបទាអស់កន្លះចានដល់បុរសនោះ។ រង់ចាំបុរសនោះសម្រាកប្រហែលកន្លះយាម ទើបស៊ីវលូលាបថ្នាំច្របល់សព្វពេញបាតដៃ រៀបចំចាប់សរសៃឈាមឱ្យគេ។
«នោះ… នោះគឺថា…ទុកយូរៗទៅ សរសៃពួររឹងកំព្រយអស់រលីងនឹងឈឺចុកចាប់ខ្លាំងបន្តិច ធ្វើបែបនេះនឹងជួយពង្រឹងសរសៃសាច់ដុំឡើងវិញ»
បុរសនោះបិទភ្នែក ងក់ក្បាលចុះតិចៗ។ ស៊ីវលូលួចញញឹមខិលខូច។ ទទួលរងទារុណកម្មឃោរឃៅនៅអាចស៊ូទ្រាំបាន គ្រាន់តែឈឺចុកចាប់តិចតួចប៉ុណ្ណឹងចាត់ទុកជាអ្វីទៅ។ ប៉ុន្តែគេនៅតែចាប់សរសៃពត់ឆ្អឹងឆ្អែងបណ្ដើរនិយាយបូបាច់រឿងបណ្ដើរដើម្បីជួយឱ្យបុរសនោះបំភ្លេចការឈឺចាប់៖
«ព្រឹកថ្ងៃនេះ ពេលដែលចេញទៅពិនិត្យជំងឺ ខ្ញុំបានឆ្លងកាត់ផ្ទះគ្រួសារមួយ។ ផ្ទះនោះមានជញ្ជាំងស ដំបូលប្រក់ក្បឿងប្រផេះ នៅពីមុខផ្ទះ បាំងម្លប់សួនផ្កាជឺថុងយុលស្លុបមួយយ៉ាងធំ ហ៊ុមព័ន្ធវល្លិ៍ឈើសំយុងចុះមកក្រោម មែកធាងឈើធំៗប៉ុនកដៃ លាស់រីកកូនផ្កាតូចៗជាច្រើនពណ៌ស្វាយស្រាល កូនផ្កាគរណែនណាប់ពាសពេញលើផ្ទៃជញ្ជាំង។ ខ្យល់រំហើយបក់ផាត់ផាយ ស្រទាប់ផ្កាជឺថុងប៉ើងធ្លាក់ចុះពីមែក រសាយដូចទឹកភ្លៀងធ្លាក់ រីឯខ្ញុំឈរស្ងៀមទ្រឹងមួយកន្លែងនៅទីនោះ ងឿងឆ្ងល់នឹករកពាក្យនិយាយមិនចេញ។ ផ្កាជឺថុងយកទៅចំហុយធ្វើនំឆ្ងាញ់ខ្លាំងយ៉ាងនេះ ហេតុអ្វីម្ចាស់ផ្ទះនោះបណ្ដោយទុកឱ្យផ្កាជ្រុះធ្លាក់ខ្ទេចខ្ទីចោលអស់អ៊ីចឹង…»
នៅខាងក្រៅ មុខខ្មូតកំពុងខ្សឹបខ្សាវជាមួយគ្រាប់អង្កាំ៖
«ខ្ញុំគិតថាល្បងលូមិនឱ្យខ្ញុំមើលថែអ្នកសុំទាននោះទេ!»
តាមពិតទៅ មុខខ្មូតមានការខ្លាចរអារពេលដែលត្រូវប៉ះពាល់រាងកាយស្បែកដណ្ដប់ឆ្អឹង ស្គមស្គៃ របួសសុះពេញខ្លួន និងស្លាកស្នាមដ៏គួរឱ្យខ្លាចរបស់បុរសនោះ។ ជាក់ស្ដែង ការប៉ាន់ស្មានរបស់មុខខ្មូតមិនខុសទេ ស៊ីវលូពិតជាមិនឱ្យមុខខ្មូតមើលថែអ្នកសុំទាននោះទៀតទេ។ ស៊ីវលូតែម្នាក់ឯងធ្វើនូវរាល់កិច្ចការទាំងអស់ដោយផ្ទាល់ដៃ ចាប់តាំងពីបញ្ចុកថ្នាំ បញ្ចុកអាហារ ជូតសម្អាតខ្លួន និងលាបថ្នាំឱ្យបុរសម្នាក់នោះ។
មួយខែក្រោយមក របួសនៅត្រង់បំពង់ករបស់អ្នកសុំទាននោះបានជាសះស្បើយ គេអាចទំពារនិងលេបអាហារដោយខ្លួនឯងបាន។ ប៉ុន្តែជាទម្លាប់ប្រចាំមួយ ជារៀងរាល់ថ្ងៃ ដល់ពេលផឹកថ្នាំនិងហូបបាយ មុខខ្មូតនឹងកាន់ចានឈរឆ្កាងកណ្តាលទីធ្លាក្រោយផ្ទះ បែរមុខទៅសំណាក់ពេទ្យខាងមុខ ស្រែកឡើង៖
«ល្បងលូ…»
ស៊ីវលូនឹងស្រូតដេញភ្ញៀវចេញភ្លាមៗ រួចរត់តម្រង់ទៅក្រោយផ្ទះ។
ជាងកន្លះឆ្នាំក្រោយមក សុខភាពរបស់អ្នកសុំទាននោះបានធូរស្បើយជាបណ្តើរៗ។ ដ្បិតក្រចកដៃមិនទាន់ដុះលូតលាស់ល្អទាំងស្រុង ប៉ុន្តែមិនចាំបាច់ត្រូវតមទឹក។ ហេតុនេះ ស៊ីវលូមិនចាំបាច់ជូតសម្អាតខ្លួនឱ្យគេទៀត ទើបរៀបចំធុងឈើដាក់ទឹកពេញមួយ ដើម្បីឱ្យគេអាចលុបលាងជម្រះខ្លួនចេញស្អាតបាតម្ដង។
ដោយសារតែមានការយកចិត្តទុកដាក់មើលថែដិតដល់របស់ស៊ីវលូ បន្ទាប់ពីជាងកន្លះឆ្នាំក្រោយ បុរសនោះបានផ្លាស់ប្ដូរខ្លួនប្រាណស្បែកដណ្ដប់ឆ្អឹងពីមុន ប៉ុន្តែគេនៅតែមើលទៅស្គមស្គៃដដែល។ នៅពេលដែលឱបគ្រាហ៍គេឡើងនៅក្នុងរង្វង់ដៃ ស៊ីវលូរអ៊ូរទាំ៖
«លោកត្រូវខំហូបអាហារឱ្យច្រើនបន្តិច ខ្លួនលោកសុទ្ធតែឆ្អឹងនិងឆ្អឹង ចាក់សាច់របស់ខ្ញុំឈឺណាស់!»
អ្នកសុំទាននោះគ្រាន់តែបិទភ្នែកទាំងពីរចុះសំងំនៅស្ងៀមស្ងាត់។ បុរសម្នាក់នោះតែងតែបែបនេះជានិច្ចជាកាល។ ជារៀងរាល់ពេលដែលស៊ីវលូប៉ះខ្លួនរបស់គេ គេនឹងបិទភ្នែកទាំងពីរចុះនិងបិទបបូរមាត់ជិត។
ស៊ីវលូយល់ច្បាស់ថា ក្រោយពេលឆ្លងកាត់ទារុណកម្មឃោរឃៅលើរាងកាយយ៉ាងដំណំកាយដំណំចិត្ត មនុស្សនឹងភិតភ័យខ្លបខ្លាចពេលដែលមានអ្នកដទៃប៉ះពាល់រាងកាយ ហេតុនេះរាល់ពេលដែលស៊ីវលូប៉ះដៃលើខ្លួនគេ គេនឹងព្យាយាមគ្រប់គ្រងចិត្តទប់សង្កត់អារម្មណ៍ខ្លួនឯង។
ស៊ីវលូយកកន្សែងដាក់នៅក្បែរម្ខាង និយាយថ្នមៗ៖
«លោកជូតដោយខ្លួនឯងចុះណា៎ ម្រាមដៃមិនទាន់ដុះក្រចកពេញ កុំជូតឈ្លីខ្លាំងៗពេក!»
បន្ទាប់មកគេក៏ទម្លាក់គូទអង្គុយចុះនៅជាប់ក្បែរម្ខាងនោះ មាត់ទំពារចំណីចំណុកដែលគេចូលចិត្តយ៉ាងរីករាយ ចេបចុបបណ្ដើរនិយាយបូរបាច់រឿងជាមួយបុរសនោះបណ្ដើរ។
បុរសនោះងើយក្បាលឡើងខ្ពស់បន្តិចហើយក៏បិទត្របកភ្នែកចុះទៅ ប្រៀបដូចមិនចង់មើលឃើញស្លាកស្នាមនៅលើខ្លួនរបស់គេ ប្រហែលជារាល់ស្លាកស្នាមនីមួយសុទ្ធតែដាស់រំឭកឱ្យគេចងចាំនូវការទទួលរងទារុណកម្មឃោរឃៅ ការប្រមាថមើលងាយ កម្សត់វេទនា តោកយ៉ាក។ ហេតុនេះ គេគិតតែពីបិទភ្នែកទាំងពីរ ក្ដាប់កាន់កន្សែងនៅក្នុងដៃ ត្រដុសឈ្លីនៅលើខ្លួនប្រាណ ពីកញ្ចឹងកចុះដល់ដើមទ្រូង ពីដើមទ្រូងចុះដល់ក្បាលពោះ ហើយក៏ប្រដេញបន្តបន្ទាប់ចុះរហូតមកដល់ផ្ទៃផ្នែកខាងក្រោមចន្លោះគល់ភ្លៅទាំងពីរ…
ក្រសែភ្នែកស៊ីវលូកំពុងចាប់ភ្លឹកសម្លឹងមើលកាយវិការនីមួយៗរបស់បុរសនោះជាប់រហូត នៅសុខៗនោះក៏ស្រាប់តែងាកក្បាលចេញខ្វាច់ បែរមុខទៅចំហៀងម្ខាង អារម្មណ៍ជ្រួយច្របល់ ឱនឈ្ងោកមុខចុះខាំកទារបស់គេ អង្គាមឆ្អឹងឮសូរក្រូកៗ។
បុរសម្នាក់នោះបើកត្របកភ្នែកឡើង ងាកទៅក្រឡេកមើលស៊ីវលូ ពន្លឺព្រះអាទិត្យចែងចាំងកាត់តាមប្រលោះទ្វារបង្អួច រះត្រចះមកលើផ្ទៃមុខរបស់ស៊ីវលូ។ ផែនថ្ពាល់ទាំងសងខាងរបស់ស៊ីវលូក្រហមព្រឿងៗ ភ្លឺរលើបរលោង ប្រៀបដូចជាថ្លើមថ្មគុជមួយគូធ្វើពីទឹកលោហិតក្រហមអ៊ីចឹង។
រង់ចាំរហូតដល់គេងូតទឹករួចរាល់ ស៊ីងលូឱបគ្រាហ៍គេលើកបីចេញពីក្នុងធុងឈើ។ ជាសព្វមួយដង ស៊ីវលូតែងតែជួយស្លៀកពាក់សម្លៀកបំពាក់ឱ្យគេ ព្រោះតែជើងរបស់គេនៅមិនទាន់ជានៅឡើយ ប៉ុន្តែថ្ងៃនេះវិញ ក្រោយពេលលើកបីគេដាក់ឡើងទៅគ្រែរួចភ្លាម ស៊ីវលូក៏រហ័សដកដៃចេញទៅវិញ។
បុរសម្នាក់នោះបើកភ្នែកធ្មឹងៗ ច្រត់ដៃម្ខាងចុះទៅលើគ្រែ ងើបពើនខ្លួនឡើងបន្តិច ដៃម្ខាងក្ដោបកន្សែងបិទបាំងផ្នែកត្រគាកខាងក្រោម។ ម្រាមដៃនីមួយៗវែងស្រឡូន ស្គមកំព្រឹងសុទ្ធតែឆ្អឹង ក្រចកដុះពន្លកកូនក្រចកចេញតិចៗ សខ្ចីទន់ស្ដើង។
ស៊ីវលូឱនមុខចុះទាប យកសម្លៀកបំពាក់ដាក់នៅក្បែរខ្លួនរបស់គេ៖
«លោក… លោក… អឺនែ៎… សាកស្លៀកពាក់ខ្លួនឯងសិនទៅមើល បើមិនកើតទេចាំហៅខ្ញុំ!»
និយាយចប់ ស៊ីវលូឆ្កេងឆ្កាងជើងដើររ៉ុយចេញទៅក្រៅបាត់។
ឈរសំកុកនៅខាងក្រៅលួចស្ដាប់សំឡេងនៅខាងក្នុងបន្ទប់ ឮសូរសំឡេងក្រោកក្រាកតិចៗ នោះបញ្ជាក់ថាសព្វគ្រប់យ៉ាងដំណើរការប្រក្រតី ឃើញបែបនោះ ទើបគេទុកចិត្តដើរចាកចេញទៅ។
គ្រាប់អង្កាំកំពុងហាលស្លឹកថ្នាំនៅលើចង្អេរ ក្រឡេកឃើញស៊ីវលូដើរមកក៏សួរឡើង៖
«ជាងកន្លះឆ្នាំមកនេះមិនឮសូរគេនិយាយអ្វីមួយម៉ាត់សោះឬមួយថាប្រែទៅជាល្ងីល្ងើហើយ?»
មុខខ្មូតទះគ្រាប់អង្កាំមួយដៃផាច់៖
«កុំនិយាយតែផ្ដាស!»
ទទួលរងទារុណកម្មឃោរឃៅដល់ម្លឹងនៅតែអាចមានជីវិតរស់រាន ឆន្ទៈពុះពារស៊ូទ្រាំដ៏ខ្លាំក្លាដែលធ្វើឱ្យអ្នកដទៃកោតក្រែងនោះ មិនអាចកើតមាននៅលើខ្លួនមនុស្សល្ងីល្ងើទេ!
មុខខ្មូតខ្សឹបខ្សាវ៖
«ឬមួយរបួសនៅលើបំពង់ករបស់គេធ្វើឱ្យគេនិយាយមិនបានទៀត?»
ស៊ីវលូប្រាកដចិត្ត៖
«ខ្ញុំបានពិនិត្យមើលកំពង់ករបស់គេ ដ្បិតរងរបួសតែត្រឹមបណ្ដាលឱ្យសំឡេងគេប្រែប្រួលប៉ុណ្ណោះ មិនដល់ថ្នាក់និយាយមិនបានទេ!»
មុខខ្មូតត្រេកអរ៖
«បើអ៊ីចឹងគឺប្រសើរហើយ!»
ស៊ីវលូព្រមាន៖
«មិនខ្វល់ថាពួកឯងមើលឃើញរបួសនៅលើខ្លួនរបស់គេច្បាស់ភ្នែកប៉ុនណា ចាប់ពីពេលនេះតទៅ មិនឱ្យរំឮកឡើងវិញម្តងទៀតទេ!»
គ្រាប់អង្កាំលើកដៃឡើង៖
«តាំងពីដំបូងមកខ្ញុំមិនដែលហ៊ានសម្លឹងចំមុខគេម្ដងណា ហេតុនេះខ្ញុំអ្វីក៏មើលមិនឃើញទាំងអស់!»
ដល់វេនមុខខ្មូត៖
«ល្បងទុកចិត្តចុះ! លោកពូម៉ុកក៏ធ្លាប់ផ្ដែផ្ដាំហើយ ខ្ញុំដើមឡើយជាមនុស្សងាយភ្លេចភ្លាំង រឿងរបស់ខ្លួនឯង ខ្ញុំនៅចាំមិនអស់ផង កុំថាឡើយរឿងរបស់អ្នកដទៃ!»
ទ្វារសន្សឹមៗរបើកចេញ អ្នកកំលោះច្រត់ដៃទប់លើជញ្ជាំង ដំណើរត្រដាបត្រដួសប្រៀបបីដូចជាកូនក្មេងរៀនដើរ ជំហានជើងរេៗវៀចៗបោះជំហានដើរចេញមកក្រៅ។
មួយរយៈពេលមុន ឱ្យតែពេលព្រះអាទិត្យលិច ស៊ីវលូនឹងគ្រាហ៍គេចេញមកក្រៅ ឱ្យគេស្រូបខ្យល់អាកាសនិងហាលថ្ងៃរសៀល។ ថ្ងៃនេះគឺជាលើកដំបូងដែលគេដើរចេញមកក្រៅដោយខ្លួនឯង។ គេផ្អែកខ្លួនផ្ទប់នឹងជញ្ជាំង ងើយក្បាលឡើងសម្លឹងមើលទៅផ្ទៃមេឃខៀវពពកស និងបរិយាកាសស្រស់ត្រកាល។
មុខខ្មូតនិងគ្រាប់អង្កាំស្រឡាំងកាំងឆ្កឹងសម្លឹងមើលទៅផ្ទៃមុខរបស់គេ ព្រោះតែរបួសសុះពេញខ្លួនរបស់គេពីមុនដក់ស្រមោលគួរឱ្យភ័យខ្លាចមួយនៅក្នុងចិត្តរបស់ពួកគេទាំងពីរ ទើបពួកគេតែងតែចៀសគេចមិនហ៊ានសម្លឹងមើលចំមុខរបស់គេ។ លើសពីនេះ គ្រាប់អង្កាំថែមទាំងមិនហ៊ានបោះជើងចូលក្នុងបន្ទប់គេម្ដងណាទៀតឡើយ។
នេះគឺជាលើកដំបូងដែលពួកគេបានមើលឃើញមុខមាត់ពេញរបស់អ្នកកំលោះនោះ។ ចិញ្ចើមវែងក្រាស់ខ្មៅ កែវភ្នែកភ្លឺថ្លាស្រទន់ ច្រមុះស្រួចខ្ពស់ បបូរមាត់ស្ដើង ទោះនៅលើខ្លួនជាសម្លៀកបំពាក់ចាស់រយារ ប៉ុន្តែឥទ្ធិពលពីខាងក្នុងរបស់គេបំផុសឫិទ្ធិខ្ពស់ត្រដែត រូបសម្បត្តិខាងក្រៅរបស់គេខ្ពង់ខ្ពស់ សុភាពរាបសាថ្លៃថ្នូរ ធ្វើឱ្យមុខខ្មូតនិងគ្រាប់អង្កាំនៅសុខៗក៏ស្រាប់តែកើតមានអារម្មណ៍មិនអាចឈរប្រៀបស្មើ បន្ទាបខ្លួនចុះយ៉ាងពិបាកថ្លែង ស្របពេលនោះក៏កើតមានអារម្មណ៍ពោរពេញដោយសេចក្ដីគោរពខ្លបខ្លាចចំពោះរូបគេ។
ស៊ីវលូមាត់ទំពារចេបចុបសំបកក្រូចធ្វើធម្មតា និយាយហៃអើ៖
«បើជើងមិននៅឈឺខ្លាំងទៀតទេ ទ្រាំពិបាកហាត់ដើរឱ្យច្រើនបន្តិច! ប្រហែលជាពីរទៅបីខែទៀត លោកអាចចាកចេញទៅបានហើយ!»
អ្នកកំលោះឈ្ងោកមុខចុះ សម្លឹងទៅកាន់កែវភ្នែករបស់ស៊ីវលូ៖
«ខ្ញុំ… គ្មាន… កន្លែងទៅទេ»
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ