រឿង៖ ឬស្នេហ៍នេះគេកំណត់ហើយ?

«Where are you?»

វាមិនមែនជាសារដំបូងដែលផ្តើមទំនាក់ទំនងនេះជាងពីរឆ្នាំ តែវាជាសារចុងក្រោយដែលគេមិនបានឆ្លើយតបរហូតដល់ពេលនេះ។ មនុស្សស្រលាញ់គ្នាសុខៗស្រាប់តែបាត់ដំណឹងសូន្យឈឹង គេអាចធ្វើបានដោយមិនខ្វល់ថា អ្នកដែលរង់ចាំ អ្នកដែលចង់ដឹងសុខទុក្ខពីការបាត់ខ្លួនរបស់គេវេទនាចិត្តកម្រិតណា។

«មាច សុងហី! ថ្ងៃនេះជាថ្ងៃទី១០ហើយ ដែលបងបាត់ដំណឹង បងចង់សាកល្បងចិត្តអត់ធ្មត់ ភាពរឹងមាំរបស់ខ្ញុំដល់ពេលណា? បើចង់បែក ម្តេចមិនប្រាប់ត្រង់?»

ខ្ញុំបានត្រឹមយកសំបុត្រមួយថ្ងៃមួយច្បាប់ទៅដាក់ក្នុងប្រអប់សំបុត្រមុខផ្ទះរបស់គេក្រោយទំនាក់ទំនងសង្គមរបស់យើងគ្រប់យ៉ាងត្រូវកាត់ផ្តាច់ សូម្បីតែលេខទូរសព្ទក៏ខលមិនចូល។ ខ្ញុំដើរបណ្តើរសួរខ្លួនឯងបណ្តើរទាំងមេឃកំពុងភ្លៀងថា ខ្ញុំបានធ្វើអ្វីខុសចំពោះស្នេហានេះ ហេតុអីសូម្បីពាក្យលាមួយម៉ាត់ក៏ខ្ញុំគ្មានសិទ្ធិទទួលបាន?

«រហូតមកដល់ពេលនេះប៉ុន្មានឆ្នាំហើយ ដែលគេនៅតែបាត់ដំណឹង?»

ខ្ញុំបង្ខំខ្លួនឯងញញឹមធ្វើដូចរឹងមាំណាស់នៅមុខពិធីករ ជាពិសេសនៅចំពោះកញ្ចក់ទូរទស្សន៍ដែលនឹងមានមនុស្សជាច្រើនបានទស្សនាពីកម្មវិធីមួយនេះ។ ខ្ញុំគ្រាន់តែជាមនុស្សសាមញ្ញម្នាក់ ដែលចង់មានស្នេហាមួយធម្មតាៗ ស្រលាញ់គ្នា គិតពីអនាគតដូចមនុស្សទូទៅដែរ ខ្ញុំមិនចង់ឱ្យអ្នកណាមកចាប់អារម្មណ៍រឿងមនោសញ្ចេតនានេះទេ តែខ្ញុំគ្មានជម្រើសនឹងតាមរកគេ ក្រៅពីសម្រេចចិត្តឡើងប្រឡងចម្រៀងក្នុងកម្មវិធី ហើយបើកបង្ហាញពីគោលបំណង ព្រោះសង្ឃឹមថាគេនឹងបានឃើញពីការរង់ចាំគ្មានថ្ងៃរាថយរបស់ខ្ញុំ។

«ពីរឆ្នាំហើយដែលគេបានចាកចេញ!»

«ហ៊ឹម! បងសង្ឃឹមថា តាមរយៈបទចម្រៀងមួយបទដែលប្អូននឹងឡើងបកស្រាយបន្តិចទៀតនេះ អាចជាជំហានឱ្យអ្នកទាំងពីរបានចួបគ្នាជាថ្មី! ស៊ូឡើង!»

ខ្ញុំឱបបងពិធីករដែលផ្តល់កម្លាំងចិត្ត តែខ្ញុំកំពុងព្យាយាមប្រាប់ខ្លួនឯងថាកុំរំជួលចិត្តពេក យ៉ាងណាត្រូវខំធ្វើឱ្យអស់ពីសមត្ថភាព ព្រោះវាមិនមែនតែជាការឡើងប្រឡងដើម្បីឱ្យគេបានដឹងថាខ្ញុំកំពុងរង់ចាំ តែជាក្តីស្រមៃរបស់យើងទាំងពីរដែលធ្លាប់និយាយគ្នាហើយថា៖

«អូននឹងធ្វើជាអ្នកចម្រៀង ហើយច្រៀងបទដែលបងសរសេរ!»

មាចសុងហី អូនមិនទាន់មានបទចម្រៀងជារបស់ខ្លួនឯងទេ ព្រោះអូននៅតែរង់ចាំច្រៀងចម្រៀងរបស់បង៖

«សុំពេលឈឺចាប់មួយគ្រា ជាគ្រាគ្មានបងនៅក្បែរ ចង់ដឹងពេលនេះមាសមេ តើបងមានក្តីសុខដែរឬយ៉ាងណា? សុំត្រឹមស្នាមញញឹម ញញឹមលើកទឹកចិត្ត ក៏អស់សិទ្ធិឱ្យអូនសូមទាមទារ បេះដូងអាចធូធារ បើទឹកភ្នែក អូនស្បើយមិនសូវស្រក់…!»

ព្រោះវាជាអារម្មណ៍ពិត ទើបមនោសញ្ចេតនាមួយនេះត្រូវបង្ហាញដល់មនុស្សរាប់លាននាក់។ ខ្ញុំជាប់ជម្រុះវគ្គនេះ ព្រោះត្រូវយករឿងផ្ទាល់ខ្លួនមកដាក់ទាំងស្រុង។ សំឡេងខ្ញុំមិនល្អណាស់ណា ខ្ញុំគ្រាន់តែចង់បានស្នេហាដែលខ្ញុំបាត់បង់ត្រលប់មកវិញ។

«ព្រោះអូនមិនទាន់ចេះច្រៀងឱ្យពីរោះ ទើបត្រូវការខ្លឹមសារនៃបទចម្រៀងរបស់បងមកបំពេញ!»

មាច សុងហី…មិនថាយូរយ៉ាងណា អូននៅចាំបង!

អូនចាំបានថា ពេលដែលអូនកំពុងអស់សង្ឃឹមបំផុតក្នុងជីវិត គ្មានសូម្បីមិត្តម្នាក់នឹងនិយាយរឿងក្នុងចិត្តប្រាប់ បញ្ហាគ្រួសារបានដាក់បន្ទុកឱ្យអូនពិបាកនឹងផ្តោតអារម្មណ៍រៀនសូត្រឱ្យដូចសិស្សដទៃ គឺបង…

មាចសុងហី ជាមនុស្សម្នាក់ដែលស្ងាត់ៗ មកអង្គុយក្បែរអូនក្រោមដើមជ្រៃធំនៅមាត់ត្រពាំងសាលាទាំងមិនដឹងខ្លួន ហើយបង្ហើបសំឡេងហ្គីតាលន្លង់លន្លោចមកបបោសអង្អែលដួងចិត្តដ៏ហត់នឿយមួយនោះឱ្យបានស្បើយ។

«សុំទោសផង! រំខានហើយ!»

«ឯងទំនេរណាស់?»

បងនៅញញឹមបើទោះជាអូនស្តីឱ្យ បងសើចមិនតប ហើយនៅហុចក្រដាសមួយសន្លឹកមកឱ្យទាំងអត្ថន័យសរសេរថា

«មិនសប្បាយចិត្ត ច្រៀងលេងជាមួយគ្នាទៅ!»

ផ្ទៃមេឃដែលងងឹតព្រោះតែពពកខ្មៅបាំងបិទស្រាប់តែមានខ្យល់មកបក់ផាត់ឱ្យចេញជាពន្លឺ បើទោះមិនយល់ស្របពីចិត្តរបស់បងដែលចង់លួងលោម ក៏អូនបានយល់ថា យ៉ាងហោចណាស់នៅមានអ្នកចង់ឃើញស្នាមញញឹមរបស់អូនទាំងដែលពេលកំពុងយំ។

«មិនចេះច្រៀងទេ! ច្រៀងម្នាក់ឯងទៅ!»

ខ្ញុំក្រោកដើរចេញពីមាចសុងហីព្រោះពេលនោះជាលើកទីមួយដែលយើងបាននិយាយគ្នា បើទោះជាជំនាន់តែមួយ តែថ្នាក់រៀនយើងខុសគ្នា ហើយបើទោះជាគេល្បីពីម្នាក់ប្រុសនេះថាពូកែច្រៀង ពូកែលេងហ្គីតាពីរោះយ៉ាងណា តែខ្ញុំមិនដែលមានចំណូលចិត្តស្តាប់ ឬចង់ដឹងឮដូចសិស្សឯទៀតល្បីឡើយ។

តែយ៉ាងណាថ្ងៃនោះខ្ញុំនឹកអរគុណការរំខានរបស់គេ ដែលធ្វើឱ្យទុក្ខព្រួយខ្ញុំបានរសាយ ហើយក៏បានដើរទៅផ្ទះប្រឈមមុខជាមួយបញ្ហាទាំងភាពក្លាហានក្រោយពេលម៉ោងរៀនបញ្ចប់។

«ឯងសរុបបញ្ជីឱ្យអញ ជំពាក់គេប៉ុន្មានហើយ?»

សំឡេងប៉ាស្រែកពីក្នុងផ្ទះលាន់ឮដល់របងខាងមុខ។ ភាពក្លាហានដែលខ្ញុំគិតថាចង់ចូលផ្ទះដោយប្រឈមមុខនឹងការឈឺចាប់គ្រប់យ៉ាងដែលអ្នកផ្ទះខ្ញុំបានសាងក៏បានរត់ចោលខ្ញុំអស់ ឯជើងស្រាប់តែស្ពឹកលែងចង់បន្តដំណើរ ខ្ញុំបានត្រឹមធ្មឹងចាំស្តាប់សំឡេងឆ្លើយឆ្លងរបស់បងស្រីតបទៅប៉ា៖

«បើប៉ាមិនឱ្យលុយខ្ញុំសង វាផុសរូបខ្ញុំហើយ!»

«ពេលឯងខ្ចីលុយគេតាមអនឡាញ ឯងមានពិភាក្សានិងអញជាឪពុកទេ? ដល់ពេលវ័ណ្ឌកនៅមកហ៊ានស្រែកសម្លុតអញទៀត? សួរឯងត្រង់ ក្នុងនាមអញជាឪនេះ ឯងយកលុយទៅណា? ម៉េចក៏ជំពាក់គេជុំទិសយ៉ាងនេះ ហាស?»

បងស្រីមិនតបទេ តែខ្ញុំឮសំឡេងគាត់យំ។

ក្នុងវ័យ១៧ឆ្នាំ ខ្ញុំហាក់ឆ្អែតនឹងរឿងជីវិតដែលអ្នកផ្ទះខ្ញុំសាង អស់ពីម្នាក់ទៅម្នាក់ អស់ពីបងប្រុស ក៏កើតរឿងលើបងស្រី ប៉ាត្រឹមជាបុរសពោះម៉ាយរត់កង់បី បែរជាកន្លះជីវិតក្រោយ ត្រូវប្រឹងស្ទើរគ្មានពេលសម្រាក គឺដើម្បីជួយដោះបំណុលកូនៗដែលសាងឡើងមិនដឹងមុខ។

ពេលខ្លះបើទោះខ្ញុំដឹងថា មានតែទឹកភ្នែកដែលវាព្រមស្រក់ចុះខ្លះ ទើបអាចធ្វើឱ្យដើមទ្រូងខ្ញុំដែលណែនស្ទះបានធូរស្បើយ តែមិនពិតឡើយ ព្រោះតែរឿងហេតុធ្វើឱ្យខ្ញុំឆ្អែតពេក រហូតសូម្បីទឹកភ្នែកមួយដំណក់ ក៏មិនព្រមស្រក់កំដរខ្ញុំដែរ។

ខ្ញុំប្រែក្លាយជាមនុស្សដែលលែងចង់ស្តីនិយាយរាល់ពេលចូលផ្ទះ ខ្ញុំក៏ចង់ក្លាយជាមនុស្សដែលគថ្លង់មិនដឹងមិនឮរឿងគ្រប់យ៉ាង ចង់ត្រឹមក្លាយជាក្មេងស្រីជំទង់ម្នាក់ដែលពេលនេះ ត្រូវយកពេលមកខ្វល់តែពីរឿងរៀនសូត្រដើម្បីប្រឡងបាក់ឌុបឱ្យជាប់ និងបានបន្តការសិក្សានៅភ្នំពេញ ចាប់យកក្តីស្រមៃដូចគេ តែឱ្យតែចូលដល់ផ្ទះពេលណាឮពាក្យ«បំណុល»ខ្ញុំចង់តែគេងនៅលើគ្រែរបស់ខ្លួន ហើយមិនក្រោកមកវិញ។

«សប្បាយស៊ីណាស់ អាលុយការប្រាក់បួនដប់រៀលហ្នឹង ហ៊ានទៅខ្ចីបុលគេរាប់ពាន់ដុល្លាមកដាក់ការ ដល់តែគេរត់បាត់ ទើបដឹងថា ខ្លួនឯងយកកលអន្ទាក់ ឱ! ពួកអស់លោកកូនអើយ ទាល់តែអញងាប់បាត់ទើបផុតទុក្ខនឹងពួកឯងមែនទេ?»

ខ្ញុំឮសំឡេងប៉ាមួយឃ្លាចុងក្រោយក៏ទន់ដៃជើងគ្មានកម្លាំង ខ្ញុំចង់ស្រែកយំឱ្យខ្លាំងដើម្បីបានធូរ តែចុងក្រោយក៏រើសយកការយំលួចលាក់ពីមុខប៉ា ព្រោះមិនអាចឱ្យគាត់ដឹងថាខ្ញុំពិតជាខ្វល់ខ្វាយ និងមានសម្ពាធប៉ុនណាពីរឿងបំណុលបងប្រុសបងស្រី។

ថ្ងៃនោះហើយ ដែលខ្ញុំសម្រេចចិត្តបោះបង់រៀនភាសាអង់គ្លេសពេលល្ងាច ដើម្បីដើររកការងារធ្វើ ព្រោះខ្ញុំពិតជាគ្មានកម្លាំងដើរចូលផ្ទះ គ្មានកម្លាំងរៀន ក៏គ្មានកម្លាំងឯណាសម្លឹងមើលមុខពិបាកចិត្តរបស់ប៉ាឡើយ។

ហើយការងារដំបូងរបស់ខ្ញុំ គឺជាអ្នកចម្រៀងក្នុងPub ក៏ជាពេលដែលខ្ញុំបានចួបមាចសុងហី គេស្រាប់តែជាអ្នកលេងហ្គីតាទីនោះដែរ ហើយក៏ជាដំណើរដែលធ្វើឱ្យពួកយើងស្គាល់គ្នាច្បាស់ និងយល់ពីគ្នា។

«ក្រែងថាមិនចេះច្រៀង? នៅមកលួចស្រែកឡើងផ្អើល Pub!»

គេចំអន់ទាំងមិនដឹងថាខ្ញុំមិនចង់សើច។ មុខខ្ញុំនៅក្រម៉ូវជាប់ បើទោះកំពុងមានលុយក្នុងដៃជាញើសឈាមក្នុងអាជីពការងារដំបូងដែលខ្ញុំរកបានដើម្បីប្រគល់ជូនប៉ា បើទោះចំនួនមិនច្រើនក៏ដោយ។

ខ្ញុំជាមនុស្សម្នាក់ដែលចូលចិត្តច្រៀង ព្រោះតាំងពីដឹងក្តីមក គ្រួសារខ្ញុំមិនសូវរីករាយ មានក្តីសុខសប្បាយចិត្តប៉ុន្មានទេ បើមិនឈ្លោះគ្នានិងបងប្អូនកូនចៅ ក៏រឿងជំពាក់ជំពិនជាមួយបំណុល តាំងពីម្តាយខ្ញុំនៅរស់ម្ល៉េះ ម្ល៉ោះហើយ មានតែការដេកឃ្លុំភួយស្តាប់កាស ទើបខ្ញុំមិនបាច់ឮពាក្យឈឺចាប់ទាំងនោះ។

មិនមែនតែសមាជិកគ្រួសារដែលញៀនល្បែង ញៀនស្រាទេ ដែលអាចបំផ្លាញអនាគត សុភមង្គលគ្រួសារទាំងមូល តែបើសមាជិកក្នុងផ្ទះមានអ្នកចាយលុយមិនចេះគិត យកលុយទៅឱ្យគេបោក ជាប់បំណុលពេញខ្លួនហើយ នាមជាសមាជិកគ្រួសារអាចកាត់ផ្តាច់ សក់អ្នកណាក្បាលអ្នកនឹង រស់នៅសប្បាយចិត្តកើតដែរ?

ខ្ញុំបានរៀបរាប់រឿងក្នុងចិត្តប្រាប់សុងហីទាំងអស់រាល់ពេលពួកយើងហូបអាហារពេលយប់ជាមួយគ្នាបន្ទាប់ពីម៉ោងការងារបញ្ចប់។

គេជាមិត្តដែលអាចរំលែកភាពធ្ងន់កណ្ឌុកក្នុងទ្រូងខ្ញុំឱ្យស្រាលស្បើយ គេជាបងប្រុសដែលបានផ្តល់ដំបូន្មាន ផ្គត់ផ្គង់ជីវភាព មើលថែទាំងឈឺនិងជា ចុងក្រោយ ក៏ជាសង្សារដែលបានសន្យាគ្នាថា យើងនឹងរីកចម្រើនទៅជាមួយគ្នាលើវិស័យសិល្បៈដែលគេជាអ្នកនិពន្ធចម្រៀងនិងលេងភ្លេង ឯខ្ញុំជាអ្នកច្រៀង។

ហើយយប់មួយនោះខ្ញុំក៏បានចួបប៉ា…

ទឹកមុខគាត់ស្រពោនអង្គុយលើកង់បីសម្លឹងមកកូនស្រី…ដែលមិនមែនជាសម្លៀកបំពាក់សិស្ស តែជាអាវស្បែក ស្រោមបាខ្មៅជាមួយស្បែកជើងកវែង ឯមុខ ក៏លាបម្ស៉ៅក្រាស…ហើយថែមទាំងអង្គុយទល់មុខមនុស្សប្រុសហូបអាហារតែពីរនាក់កណ្តាលរាត្រី។

ប៉ាអត់និយាយស្តីអ្វីមួយម៉ាត់ តែខ្ញុំប្រាប់ឱ្យមាចសុងហីដើរទៅក្បែរ និងសំពះសួរគាត់ក្នុងនាមជាមិត្តប្រុស។ ប៉ាសម្លឹងមើលគេលើក្រោម ថែមទាំងបានមើលយ៉ាងយកចិត្តទុកដាក់លើហ្គីតាដែលសុងហីស្ពាយពីក្រោយខ្នង។

«ទៅផ្ទះជាមួយគ្នាទេ?»

«បាទអត់អីទេអ៊ំ! ខ្ញុំជិះម៉ូតូមកដែរ!»

ប៉ាងក់ក្បាលសម្លឹងមើលម៉ូតូសុងហីដែលចតនៅក្បែរតុយើងអង្គុយហូបអាហារ។ គេសំពះលាប៉ា ខ្ញុំក៏ឡើងជិះកង់បីជាមួយគាត់ត្រលប់ទៅផ្ទះវិញ។

បើទោះជាធ្លាប់ជិះជាមួយប៉ារាប់ដងមិនអស់ តែនេះជាលើកទីមួយហើយដែលខ្ញុំនិងប៉ាមិនដឹងថានឹងនិយាយអ្វីនៅតាមផ្លូវដ៏វែងឆ្ងាយមួយនេះ។

«ប៉ាឃើញឯងអាចញញឹមបាន ប៉ាធូរចិត្តហើយ!»

ខ្ញុំពិតជាយល់ពីការបារម្ភ និងជម្រៅចិត្តប៉ាដែលខ្វល់ខ្វាយ។ គាត់មិនបន្ទោសដែលខ្ញុំចោលរៀនទៅរកលុយ ព្រោះគ្មានអ្នកណាស្គាល់កូនស្រីពៅរបស់គាត់ម្នាក់នេះច្បាស់ជាងគាត់ឡើយ។

គ្រួសារធ្លាក់ដល់ដំណាក់កាលនេះខ្ញុំពិតជានឹកមិនឃើញអ្វីទៅជាអនាគត ក្រៅពីប្រឹងអស់លទ្ធភាពដើម្បីជួយរកលុយផ្សំគ្នាជាមួយប៉ាដោះបំណុលបងប្រុសបងស្រី។

«ប៉ាកុំគិតច្រើនពេក! រឿងអីក៏មានដំណោះស្រាយដែរប៉ា!»

បើទោះមេឃកំពុងងងឹត អំពូលបំភ្លឺដងផ្លូវមិនសូវច្បាស់ តែដំណក់ទឹកភ្នែករបស់ប៉ា ខ្ញុំពិតជាបានឃើញតាមកញ្ចក់ម៉ូតូកង់បីកញ្ចាស់របស់គាត់។

ខ្ញុំនិងប៉ាឆ្លងកាត់រឿងរ៉ាវលំបាកនៃគ្រួសារនេះមកជាមួយគ្នាច្រើនណាស់ តែគាត់តែងតែជាមនុស្សរឹងមាំដែលមិនងាយបង្ហាញភាពទន់ជ្រាយដល់ខ្ញុំបានឃើញ ទើបតែថ្ងៃនេះឯង ដែលឪពុកកូនមានឱកាសបានលួងលោមគ្នាពីអ្វីដែលសមាជិកនៃគ្រួសាររបស់យើងបានសាងឡើង។

«បងស្រីឯងឈប់រឹងរុសហើយ! គេក្រាបសំពះសុំទោសប៉ាដល់បាតជើង!»

កាន់តែនិយាយ គាត់ជូតភ្នែកកាន់តែញឹក។ ម្រាមដៃគ្រើមរឹងរបស់គាត់ដែលប្រឹងកាច់ចង្កូតម៉ូតូមិនថាថ្ងៃយប់ បែរត្រូវមកហត់នឹងជូតទឹកភ្នែកខ្លួនឯងព្រោះភាពហត់នឿយចិត្តនឹងបំណុលកូនប្រុសស្រីមិនស្រាកស្រាន្ត។ ខ្ញុំលាក់បាំងពាក្យស្តីបន្ទោសលើបងប្រុសបងស្រីរាប់ពាន់ឃ្លា ដែលខ្ញុំហាក់និយាយស្តីថាឱ្យពួកគាត់មិនរួចកប់ក្នុងទ្រូងច្រើនឆ្នាំចង់ក្លាយជាជំងឺមហារីក ព្រោះខ្ញុំជាមនុស្ស«គ»រាល់ពេលដែលឈឺចាប់ តែមិនគួរណាខ្ញុំនៅលាក់បាំងពាក្យលួងលោមខ្លួនឯងចំពោះប៉ាឱ្យកប់ទៅជាមួយដែរនោះទេ។

ខ្ញុំក៏បាននិយាយទៅប៉ានិងប៉ះស្មាគាត់ពីក្រោយខ្នង៖

«ប៉ាមានខ្ញុំណាប៉ា! យើងស៊ូជាមួយគ្នា!»

ប៉ាងក់ក្បាលដកដង្ហើមធំ ហើយសំឡេងចុងក្រោយនៃពាក្យសន្ទនារបស់យើង គាត់បានប្រាប់ថា៖

«កុំឈប់រៀនណាកូន ឆ្នាំប្រឡង! ប៉ានៅស៊ូរួចនៅឡើយ!»

ខ្ញុំបានត្រឹមផ្អែកខ្នងលើពូកដែលអង្គុយ ហើយស្រក់ទឹកភ្នែកស្ងាត់ៗលួចលាក់នៅពីក្រោយខ្នងប៉ា។ ប៉ាមិនធ្លាប់ហាមខ្ញុំមិនឱ្យធ្វើអ្វីដែលខ្ញុំគិតថាត្រូវ មិនបានខឹងពេលដឹងទំនាក់ទំនងខ្ញុំនិងសុងហី មិនស្តីបន្ទោសពេលដឹងថាខ្ញុំលួចទៅធ្វើជាអ្នកចម្រៀងក្នុងបារ តែប៉ាហាមមិនឱ្យខ្ញុំឈប់រៀនដាច់ខាត។

ក៏ព្រោះសម្តីប៉ាយប់នោះ ទើបជីវិតទៅមុខទាំងត្រដាបត្រដួសយ៉ាងណា ខ្ញុំនៅទៅរៀនដើម្បីប្រឡងយកសញ្ញាប័ត្រទុតិយភូមិជូនប៉ាឱ្យបាន។ ប៉ាថាព្រោះតែបងស្រីបងប្រុសមិនបានរៀនសូត្រ ទើបមិនចេះគិតវែងឆ្ងាយ បណ្តោយខ្លួនជំពាក់បំណុលគេ សឹងតែរកច្រកចេញមិនបាន ទើបគាត់សុំខ្ញុំតែរឿងមួយនេះគឺ

«កុំបោះបង់ការសិក្សាមិនថាជីវិតបែបណាក៏ដោយ!»

ខ្ញុំក៏បានរៀនចប់វិទ្យាល័យប្រឡងជាប់មែន ហើយធ្វើការបណ្តើរៀនបន្តនៅសាកលវិទ្យាល័យបណ្តើ។ ព្យុះភ្លៀងជីវិតគ្រួសារហាក់ស្ងប់ស្ងាត់ បងស្រីបងប្រុសខំប្រឹងធ្វើការមិនខ្លាចហត់នឿយគឺដើម្បីសងបំណុលដែលត្រូវគេបោកទាំងនោះជាមួយប៉ា បើទោះបីប្រើពេលច្រើនឆ្នាំយ៉ាងណាក៏ដោយ តែមិនស្មានថា…រឿងរ៉ាវស្នេហាដែលខ្ញុំធ្លាប់សង្ឃឹមកន្លងមកប្រែជាបរាជ័យ។

ក្រោយប៉ាដឹងរឿងថាសុងហីបានចាកចេញមិនសូម្បីប្រាប់ខ្ញុំមួយម៉ាត់ គាត់បានឱបខ្ញុំ ហើយលួងលោមនិងសុំទោសច្រើនដង៖

«បំណុលបងប្រុសបងស្រីបែរក្លាយជាឧបសគ្គស្នេហារបស់កូន ប៉ាសុំទោស! ដែលតាំងពីកើតមកមិនដែលបានធ្វើឱ្យឯងរីករាយ រស់ជាកូនស្រីពៅដែលសប្បាយចិត្តដូចគេ ព្រោះប៉ាមិនចេះអប់រំបងៗរបស់ឯង ទើបត្រូវធ្វើឱ្យឯងលំបាកដូចពេលនេះ! សុំទោសដែលប៉ាមិនអាចបោះបង់ពួកគេចោល ហើយរស់នៅជាមួយឯងតែពីរនាក់ឱ្យមានក្តីសុខ ព្រោះពួកគេក៏ជាកូនប៉ា ប៉ាមានទំនួលខុសត្រូវណាកូន!»

«ប៉ា…ខ្ញុំមិនដែលត្រូវការអ្វី ក្រៅពីមានប៉ានៅក្បែរឡើយ!»

បើទោះជាប៉ាគិតថាសុងហីចាកចេញព្រោះគេដឹងរឿងគ្រួសារខ្ញុំលំបាកពេក គេមិនអាចមករែកពន់ អម្រែកនេះជាមួយខ្ញុំបាន តែខ្ញុំមិនគិតបែបនេះឡើយ ពីរឆ្នាំដែលពួកយើងទាក់ទងគ្នាខ្ញុំជឿថាខ្លួនឯងស្គាល់គេច្បាស់ គេស្មោះត្រង់ណាស់ ហើយមិនដែលចង់បានអ្វីក្រៅពីស្នាមញញឹមខ្ញុំទេ តែការចាកចេញដោយគ្មានដំណឹងរបស់គេពេលនេះ ពិតជាមិនអាចឱ្យខ្ញុំស្ងប់ចិត្តបានមែន។

បើទោះជាអ្វីដែលប៉ានិយាយជាការពិត ខ្ញុំទទួលយក ខ្ញុំព្រមបែក ព្រោះខ្ញុំខ្លួនឯងពិតជាធ្លាប់គិតថា ខ្ញុំមិនអាច និងមិនចង់មានទំនាក់ទំនងមនោសញ្ចេតនា ព្រោះមិនចង់ឱ្យអ្នកណាមកលំបាកនឹង«បំណុល»គ្រួសារដូចពេលនេះ។

ខ្ញុំពិតជាធ្លាប់ខឹង ខ្ញុំអន់ចិត្តណាស់ ដែលមានបងស្រីបងប្រុសដូចពួកគាត់ មិនចេះគិតទៅជំពាក់លុយគេហើយមកអូសខ្ញុំឱ្យទៅលំបាកជាមួយ តែមនុស្សតែម្នាក់ដែលជំរុញឱ្យខ្ញុំត្រូវតែរឹងមាំ កាត់ចិត្ត តែកុំកាត់ផ្តាច់សាច់ញាតិ គឺប៉ា។

រហូតដល់ពេលនេះ កម្មវិធីប្រឡងចម្រៀងបានបញ្ចប់ហើយ ខ្ញុំមិនមែនជាអ្នកមានសមត្ថភាពអាចឈានដល់ជុំចុងក្រោយ តែបែរក្លាយជាមនុស្សល្បីព្រោះបំណុលទៅវិញ។

បងស្រីជំពាក់លុយគេច្រើនពេកសងមិនទាន់ រហូតត្រូវម្ចាស់បំណុលផុសរូបលើបណ្តាញសង្គម មានទាំងរូបខ្ញុំដែលមិនដឹងខ្យល់អីជាមួយដែរ ព្រោះគេឃើញខ្ញុំជាអ្នកប្រឡងចម្រៀង មានមហាជនស្គាល់ច្រើនផង។ ខ្ញុំត្រូវបាក់មុខ តែមិនដឹងថាមកពីរឿងក្នុងគ្រួសារដែលកើតឡើងមិនចេះអស់មិនចេះហើយពេកទេដឹង ទើបខ្ញុំធម្មតា ខ្ជិលឈឺចាប់ ខ្ជិលបកស្រាយ ហើយក៏ខ្ជិលសំងំកើតទុក្ខ ខ្លាចក្នុងការចួបអ្នកណាទៀតដែរ។

ខ្ញុំប្រឈមមុខ ខ្ញុំត្រូវតែធ្វើមុខរឹងដើម្បីធ្វើជាខែលបាំងប៉ា។

មួយឆ្នាំហើយ មេឃបានស្រឡៈក្រោយភ្លៀងព្យុះមួយមេធំ។

ឈរចាំឆ្លងថ្នល់នៅមុខអាគារធំខ្ពស់របស់ទីក្រុង ផ្ទាំងប៉ាណូបានចាក់បញ្ចាំងកិច្ចសម្ភាសន៍បេក្ខជនប្រឡងនៅរដូវកាលទីពីរ លើកនេះហើយដែលខ្ញុំបានឃើញគេ ច្បាស់ៗ នៅនឹងមុខគឺ «មាចសុងហី»

«កម្លាំងជំរុញអ្វីដែលធ្វើឱ្យប្អូនត្រូវជម្នះភាពលំបាក រើបម្រះពីការជាប់ឃុំ ការធ្វើជាពលករ នៅប្រទេសគេ តស៊ូរហូតបានចូលប្រឡងកម្មវិធីចម្រៀងនៅបរទេស ហើយបានត្រលប់មកប្រទេសយើងវិញ និង ដាក់ពាក្យប្រឡងក្នុងកម្មវិធីនារដូវកាលថ្មីនេះ?»

«ព្រោះនាង…កាលពីមុនគ្មានអ្នកដឹងថា ជីវិតនេះងងឹតយ៉ាងណា ព្រោះខ្ញុំតែងមានហ្គីតានៅក្បែរ ហើយច្រៀងលេង គេឃើញខ្ញុំជាមនុស្សរីករាយ តែការពិតគឺបន្លប់បញ្ហាខ្លួនឯងប៉ុណ្ណោះ រហូតដល់ថ្ងៃមួយដែលខ្ញុំដឹងថា ស្នាមញញឹមនាង គឺជាចំណែកក្នុងជីវិតនេះ គឺខ្ញុំត្រូវតែធ្វើគ្រប់យ៉ាងដើម្បីឱ្យនាងបានញញឹម! ឱ្យនាងបានសើច គឺជាទំនួលខុសត្រូវរបស់ខ្ញុំ!!!»

ចប់!!!

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*