មុននេះ មហោស្រពអក្សរសិល្ប៍ខ្មែរ (Khmer Literature Festival) បានប្រកាសជ័យលាភីកម្មវិធីប្រកួតប្រជែងអក្សរសិល្ប៍ នៃមហោស្រពអក្សរសិល្ប៍ខ្មែរ លើកទី៧ សរុប ៨ រូប រួមមានជ័យលាភីផ្នែករឿងខ្លី ៣រូប; ជ័យលាភីផ្នែកកំណាព្យ ២រូប និងជ័យលាភីកិត្តិយស ៣រូប ។
បើតាមការឱ្យដឹង ជ័យលាភីទាំងអស់គឺមានការត្រួតពិនិត្យ និងវាយតម្លៃពីគណៈកម្មការ និងក្រុមការងារមហោស្រពអក្សរសិល្ប៍ខ្មែរ ដោយធ្វើតាមតាមលក្ខខណ្ឌនៃកម្មវិធីរួមមាន៖
– ខ្លឹមសារស្នាដៃស្របតាមប្រធានបទមហោស្រពអក្សរសិល្ប៍ខ្មែរ លើកទី៧ “អក្សរសិល្ប៍បៃតង”
– ជាស្នាដៃបំផុសគំនិតពិចារណា និងមានភាពច្នៃប្រតិដ្ឋ
– ជាបទនិពន្ធថ្មី មិនចម្លងផ្នែកណាមួយពីស្នាដៃដទៃ
– បានពិន្ទុសរុបខ្ពស់ និងបានឆ្លងកាត់ការពិនិត្យពិច័យយ៉ាងសុក្រឹតបំផុតពីគណៈកម្មការទាំងបីរូប ដែលសុទ្ធសឹងតែជាកវីនិពន្ធឆ្នើម និងមានបុព្វហេតុល្អចំពោះមហោស្រពអក្សរសិល្ប៍ខ្មែរ។
ប្រភពដដែលបញ្ជាក់ទៀតថា ម្ចាស់ជ័យលាភីទាំងអស់នឹងត្រូវបានអញ្ជើញឱ្យចូលរួមកម្មវិធីមហោស្រពអក្សរសិល្ប៍ខ្មែរ លើកទី៧ នៅខេត្តកំពង់ចាម ។
គួរជម្រាបថា កម្មវិធីអាចប្រពឹត្តធ្វើបាន ក៏ដោយមានការចូលរួមឧបត្ថម្ភពីសំណាក់ លោក ឡារី ស្ទ្រេង ជាទីប្រឹក្សាជាន់ខ្ពស់នៅក្រុមហ៊ុន Sok Xing & Hwang និងជាអ្នកទិញសិល្បៈសហសម័យកម្ពុជា, លោកជំទាវ ភូថង មិថុនា, លោកជំទាវ ខៀវ មាលី, ក្រុមហ៊ុន LM. Lima Angkor Food Co., Ltd, វង្ស សុជាតា, បណ្ណាល័យអ្នកប្រយុទ្ធ, និងសាធារណជនជិតឆ្ងាយជាច្រើនទៀត ដែលបានបរិច្ចាគថវិកាដល់ក្រុមការងារ មហោស្រពអក្សរសិល្ប៍ខ្មែរ អាចផ្តួចផ្តើមឱ្យមានចលនាប្រកួតស្នាដៃអក្សរសិល្ប៍សម្រាប់ជាតិនេះឡើងបាន៕
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ