«សំណេរអង្គរ» លើកទី២ នឹងប្រព្រឹត្តធ្វើនៅខែមករា ឆ្នាំ២០២៥ ក្នុងបំណងលើកស្ទួយវប្បធម៌ អក្សរសាស្ត្រខ្មែរ

ការប្រកួតប្រជែងសរសេរតាមអានសាធារណៈថ្នាក់ជាតិ «សំណេរអង្គរ» លើកទី២ នឹងប្រព្រឹត្តធ្វើនាថ្ងៃទី១៩ ខែមករា ឆ្នាំក្រោយនេះ នៅទីតាំងដដែល ពោលគឺលើស្ពានហាលខាងលិចមុខប្រាសាទអង្គរវត្ត ទឹកដីខេត្តសៀមរាប។ នេះបើតាមការប្រកាសឱ្យដឹងពី គណៈកម្មការរៀបចំព្រឹត្តិការណ៍សរសេរតាមអានជាសាធារណៈ «សំណេរអង្គរ» ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីការប្រកួតប្រជែងសរសេរតាមអានសាធារណៈថ្នាក់ជាតិ «សំណេរអង្គរ» លើកទី២ ឆ្នាំ២០២៤ ជាផ្លូវការ កាលពីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ លោក លឹម ប៊ុនហុក រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអ្នកស្រលាញ់អក្សរសាស្រ្តខ្មែរ បានឲ្យដឹងថា ការប្រកួតប្រជែងសរសេរតាមអានសាធារណៈថ្នាក់ជាតិ «សំណេរអង្គរ» ឆ្នាំនេះ គឺមានការបែងចែកបេក្ខជនជា ២ផ្នែកធំៗ គឺបេក្ខជនដែលមានអាយុ ១៨ ឆ្នាំចុះក្រោម និង ១៩ ឆ្នាំឡើងទៅ។

បើតាម លោក ហួ ឈុនគ្រី អគ្គធិការនៃអគ្គនាយកដ្ឋានក្រសួងអប់រំ យុវជន និងកីឡា ​បញ្ជាក់ដែរថា ការប្រកួតឆ្នាំ២០២៥ គណៈកម្មការសម្រេចទទួលពាក្យចាប់ពី ១០០០នាក់ ឡើងទៅ ១៥០០នាក់ ខណៈគណៈកម្មការចាប់ផ្តើមទទួលពាក្យពីថ្ងៃប្រកាស រហូតដល់ខែធ្នូ ឆ្នាំ២០២៤។

គួររម្លឹកថា កម្មវិធី «សំណេរអង្គរ» ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ និងជំរុញទឹកចិត្តឲ្យកូនខ្មែរកាន់តែស្រលាញ់អក្សរសាស្ត្រខ្មែរ ព្រមទាំងចូលរួមចំណែកផ្សព្វផ្សាយបន្ថែមនូវរមណីយដ្ឋានអង្គរវត្តដ៏មហស្ចារ្យក្នុងពិភពលោក ដែលផ្សារភ្ជាប់នឹងតថភាពវប្បធម៌ដ៏ល្អផូរផង់របស់ព្រះរាជាណាចក្រកម្ពុជា៕

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*