I: Chapter 3
វគ្គ៣: ភ្ញៀវមកពីទីឆ្ងាយ
ឈុនតៅគឺជាកូនស្រីទោលតែម្នាក់គត់របស់គ្រួសារកៅ ថៅកែឡកាប់ពពែ មុខខ្មូតកំព្រាឪពុកម្ដាយ ហេតុនេះក្រោយពេលរៀបការរួច មុខខ្មូតក្លាយជាចំណែកពាក់កណ្ដាលរបស់គ្រួសារកៅ តែងតែឧស្សាហ៍ទៅមកជួយកិច្ចការគ្រួសារខាងប្រពន្ធ។ ជាយូរៗទៅ ពេលវេលាមុខខ្មូតស្នាក់នៅផ្ទះខាងប្រពន្ធកាន់តែច្រើនទៅ នោះបង្ហាញថា កិច្ចការរបស់គេនៅសំណាក់ហួយឈុនថាងកាន់តែតិចទៅ។
គ្រាប់អង្កាំតែងតែឆ្កឹះឆ្កៀលថា៖ គ្រួសារកៅពូកែគិតគូរមែន ទទួលយកបណ្ដាការហើយ ដណ្ដើមយកទាំងកូនប្រសាប្រុសទៅទៀត!
ស៊ីវលូនិងកញ្ចាស់ម៉ុកមិនទើសទែងចិត្តអ្វី ព្រោះស៊ីវលូយល់ថាត្រឹមមានស៊ឺឈីម្នាក់ស៊ីដាច់មុខខ្មូតដប់ឯណោះ! រីឯចំពោះកញ្ចាស់ម៉ុកវិញ ឱ្យតែមុខខ្មូតរស់នៅសុខសាន្តមានសុភមង្គល គាត់ត្រេកអរណាស់ទៅហើយ។
ថ្ងៃមួយ កញ្ចាស់ម៉ុកបើកភ្នែកក្រឡោកធំៗយ៉ាងភ្ញាក់ផ្អើល រីឯស៊ីវលូចងចិញ្ចើមចុះព្រួយបារម្ភ នៅពេលដែលឃើញលោកថៅកែកៅនិងឈុនតៅគ្រាហ៍មុខខ្មូតមកដល់មុខសំណាក់ពេទ្យ។
ស៊ីវលូនឹងមិននឹកងឿងឆ្ងល់ទេបើអ្នកដែលត្រូវវាយគឺគ្រាប់អង្កាំ គ្រាប់អង្កាំមានពេលជាច្រើនខិលខូចណាស់ តែងតែជាញឹកញយត្រូវគេយកដំបងដេញវាយ។ ប៉ុន្តែមុខខ្មូតវិញគឺខុសពីគ្នា ដ្បិតតែកំភួនដៃមានសាច់ដុំណែនហាប់បន្ដិចមែន តែជាមនុស្សយល់សេចក្ដីចេះអត់ទ្រាំណាស់។
«តើកើតមានរឿងអ្វី?» កញ្ចាស់ម៉ុកស្លន់ស្លោសួរនាំ។
ឈុនតៅខាំសង្គ្រឺតធ្មេញ ជូតទឹកភ្នែកបណ្ដើររៀបរាប់ដើមហេតុបណ្ដើរ៖
«ព្រឹកនេះ ក្រោយពេលកាប់សាច់ពពែរួច ខ្ញុំទៅផ្សារយកទំនិញឱ្យភ្ញៀវ នៅតាមផ្លូវមិនប្រយ័ត្នដើរប៉ះអ្នកនាងគ្រួសារធំម្នាក់។ ខ្ញុំបានសុំទោសទៅគេ សន្យាថានឹងសងថ្លៃខូចខាត ប៉ុន្តែអ្នកបម្រើរបស់គេស្រែកជេរប្រទេចថា កុំសង្ឃឹមថាខ្ញុំអាចមានលទ្ធភាពសងរួចឱ្យសោះ។ ឪពុករបស់ខ្ញុំខឹងច្រឡោតក៏ជេរបកទៅវិញប៉ុន្មានម៉ាត់ ហេតុនេះក៏បណ្ដាលឱ្យមានការប៉ះទង្គិចវាយតប់គ្នា។ លោកប្ដីព្រោះតែការពារឪពុកខ្ញុំទើបត្រូវពួកគេវាយ!»
ទីប្រជុំជនភូមិឈីងសួយគ្មានមន្ត្រីរាជការកងសន្ដិសុខយាមកាមទេ ច្បាប់ទម្លាប់តែមួយគត់ដែលត្រូវទន្ទេញឱ្យចាំស្ទាត់មាត់នោះគឺ៖ អ្នកណាខ្លាំងអ្នកហ្នឹងរស់!
ស្ដាប់ឮត្រឹមណេះ គ្រាប់អង្កាំលីចបកាប់ឡើងលើស្មាស្ងាត់ៗ ដកជើងថយចេញទៅណាបាត់សូន្យ។ កាលពីតូច គ្រាប់អង្កាំគឺក្មេងល្អិតស្គមកំព្រយ មុខខ្មូតតែងតែនៅក្បែរការពារគេជានិច្ច។ ពួកគេទាំងពីរមួយថ្ងៃៗឃើញតែឈ្លោះប្រកែកគ្នាឡូឡាពេញផ្ទះអ៊ីចឹងទេ ប៉ុន្តែតាមពិតពួកគេស្រលាញ់គ្នាជាងបងប្អូនសាច់ឈាមបង្កើតទៅទៀត។
ស៊ីវលូស្រែកហៅ៖
«កញ្ចាស់ម៉ុក!»
កញ្ចាស់ម៉ុកយល់ការ ក៏ប្រញាប់ប្រញាល់រត់ដេញទៅតាមគ្រាប់អង្កាំ។ របួសរបស់មុខខ្មូតមិនមានអ្វីធ្ងន់ធ្ងរទេ ស៊ីវលូលាងរបួសលាបថ្នាំឱ្យមុខខ្មូតរួចរាល់ ក៏នៅតែមិនឃើញស្រមោលរបស់កញ្ចាស់ម៉ុកនិងគ្រាប់អង្កាំ។
ស៊ីវលូផ្ដែផ្ដាំឈុនតៅ៖
«ចាំមើលថែមុខខ្មូត ខ្ញុំទៅក្រៅមើលបន្តិច!»
លោកថៅកែកៅកាន់បុ័ងតោឡើង ចង់ទៅតាមស៊ីវលូ គេសើចថា៖
«លោកនៅមានការរកស៊ីរបស់លោកទៀត លោកទៅវិញសិនចុះ នៅទីនេះមានខ្ញុំនិងកញ្ចាស់ម៉ុកមើលការខុសត្រូវហើយ»
ស៊ឺឈីដើរកៀកប្រកិតតាមពីក្រោយស៊ីវលូ នៅពេលដែលអ្នកទាំងពីរទៅដល់មុខផ្ទះសំណាក់មួយ ក៏ឃើញកញ្ចាស់ម៉ុកកំពុងតែប្រយុទ្ធគ្នាជាមួយនារីអាវលឿងម្នាក់។ គ្រាប់អង្កាំដេកក្រាបនៅលើដី ក្រឡេកឃើញស៊ីវលូក៏រហ័សស្រែកដង្ហោយបង្ហាញភាពស្អាតស្អំ៖
«ល្បងលូ! ខ្ញុំមិនបានបង្ករឿងទេ ខ្ញុំនៅមិនទាន់ចូលទៅជិតផង ក៏ត្រូវវាយទ្រោមខ្លួនទៅហើយ!»
ស៊ីវលូសម្លក់ភ្នែកទៅគេ បន្ទាប់មកងាកទៅសម្លឹងមើលកញ្ចាស់ម៉ុក។
ច្បាស់ទែងនឹងភ្នែក កញ្ចាស់ម៉ុកមិនមែនជាដៃគូរបស់នារីនោះទេ នារីនោះលេងសើចជាមួយនឹងគាត់ដូចកំពុងលេងសៀកនៅតាមផ្លូវ។ នៅលើក្បាលកាំជណ្ដើរមាននារីវ័យក្មេងម្នាក់គ្របស្បៃបាំងមុខពាក់កណ្ដាល។ នារីវ័យក្មេងសម្លឹងមើលមនុស្សប្រតាយប្រតប់គ្នាបណ្ដើរសើចហាៗសប្បាយអរបណ្ដើរ ម្ដងម្ដាលនឹងហាមាត់ស្រែកឡើងប៉ុន្មានម៉ាត់៖
«ហាយថាង! យើងចង់ឃើញគេហក់ដាំដូងឡើងទៅលើ!»
ហាយថាងទទួលបញ្ជា ប្រើវីជ្ជាសិល្បឱ្យកញ្ចាស់ម៉ុកដាំដូងត្រលប់ត្រលិនប៉ុន្មានជុំ។
នារីវ័យក្មេងសើចលាន់មាត់ ទះៗដៃចេញបញ្ជា៖
«អ្ហេ៎អ្ហូ៎ប! អ្ហេ៎អ្ហូ៎ប! យើងចង់ឃើញគេធ្វើជាកង្កែប!»
កញ្ចាស់ម៉ុកមិនអាចម្ចាស់ការលើជើងទាំងពីររបស់ខ្លួនឯងបាន ហាក់បីដូចជាមានអ្វីមួយបញ្ជាឱ្យគាត់អង្គុយសណ្ដូកចោងហោងចុះ ហើយបង្ខំឱ្យគាត់លោតកញ្ឆោលឡើងទៅលើចុះឡើងៗដូចជាកង្កែប។
នារីវ័យក្មេងឱបពោះសើចសប្បាយក្អាកក្អាយ អ្នកដំណើរនៅតាមផ្លូវជាច្រើននាំគ្នារឿងច្រើនចោមរោមអើតមើលភាពអ៊ូអរសើចសប្បាយដែរ។ ស៊ីវលូបញ្ជ្រៀតហ្វូងមនុស្សឡើងទៅមុខ លើកដៃក្ដោបគោរពនារីវ័យក្មេងម្នាក់នោះ ងាកទៅនិយាយជាមួយហាយថាង៖
«គាត់បានសុំចុះចាញ់ទៅហើយ សូមនាងបន្ធូរបន្ថយដៃ!»
ហាយថាងងាកទៅសាកសួរយោបល់ពីនារីវ័យក្មេង ប៉ុន្តែនារីវ័យក្មេងនោះមិនខ្ចីយកចិត្តទុកដាក់ បន្តចេញបញ្ជា៖
«យើងចង់ឃើញសត្វលារមៀល!»
កញ្ចាស់ម៉ុកបំបែរខ្លួនក្រាបចុះរមៀលទៅរមៀលមកនៅលើដីដូចជាសត្វលា នារីវ័យក្មេងនោះសើចសប្បាយក្អាកក្អាយ អ្នកដំណើរនៅតាមផ្លូវនាំគ្នាឈប់សើច។ ស៊ីវលូរៀបឫករៀបពាពោលថា៖
«តាមច្បាប់ទម្លាប់នៅភូមិឈីងសួយ៖ បើដៃគូបដិបក្សគ្មានគំនុំអ្វីធំដុំទេ ឱ្យតែអ្នកម្ខាងទៀតសុំចុះចាញ់ ត្រូវតែបញ្ឈប់ជំលោះជាបន្ទាន់!»
នារីវ័យក្មេងនោះងាកមុខបាញ់ភ្នែកទៅស៊ីវលូ៖
«រីឯច្បាប់ទម្លាប់របស់យើងគឺ៖ អ្នកណាខ្វះសុជីវធម៌ចំពោះយើង អ្នកនោះត្រូវតែស្លាប់! ប៉ុន្តែបងប្រុសមិនអនុញ្ញាតឱ្យយើងវាយអ្នកដទៃរបួសទេ ហេតុនេះយើងគ្រាន់តែលលេងនឹងគេបន្ដិចបន្ដួចប៉ុណ្ណោះ!»
មនុស្សវ័យជ្រែចាស់ជរាដូចជាកញ្ចាស់ម៉ុកត្រូវរលីងរលោងទឹកភ្នែកព្រោះតែស្ថានភាពនេះ។ គាត់សម្លឹងមុខស៊ីវលូស្រែកដង្ហោយថា៖ «សម្លាប់យើងទៅ!»
ដ្បិតគាត់គឺជាទាហានរត់ចោលជួរម្នាក់របស់នគរសានយាន ប៉ុន្តែគាត់រត់ចោលជួរទាហានក៏ព្រោះតែចង់រត់គេចពីភ្លើងសង្គ្រាមកាប់សម្លាប់ មិនមែនបោះបង់ចោលកត្តិយសនិងឧត្តមគតិក្នុងនាមជាបុរសម្នាក់នោះឡើយ។
ស៊ីវលូខឹងសម្បា បោះជើងឡើងទៅមុខ។ រំពេចនោះ កញ្ចាស់ម៉ុកក៏លែងរមៀលនៅលើដី គ្រាប់អង្កាំរត់ស្ទុះស្ទាចូលទៅគ្រាហ៍គាត់ក្រោកឡើង។
នារីវ័យក្មេងនោះមិនពេញចិត្ត ស្រែកគំហក៖
«ហាយថាង! អ្នកណាឱ្យឯងឈប់!»
«ជម្រាបអ្នកនាង! មិនមែនខ្ញុំបម្រើទេ!»
ភ្នែកហាយថាងក្រឡេកក្រឡឹងជុំវិញខ្លួនស៊ឺឈីដែលកំពុងតែឈរនៅក្នុងចំណោមហ្វូងមនុស្សយ៉ាងប្រយ័ត្នប្រយែង។
នាងបកទៅក្រោយឈរពាំងការពារអ្នកនាងរបស់ខ្លួន។
«បើមិនមែនឯង តើជាជនថ្លើមធំណា៎?»
«មហិទ្ធិឫទ្ធិរបស់គេខ្លាំងជាងខ្ញុំបម្រើ សូមអ្នកនាងអត់ទ្រាំបន្តិចរង់ចាំអ្នកប្រុសសៀនត្រលប់មកវិញសឹមចាត់ការបន្តទៀត»
ហាយថាងរហ័សអូសទាញដៃនារីវ័យក្មេងនោះដកថយចូលទៅក្នុងផ្ទះសំណាក់វិញ។ ស៊ីវលូសម្លឹងដេញតាមស្រមោលរសាត់ទៅបាត់របស់ពួកគេ ញញឹមស្ងួត៖
«ខ្ញុំរង់ចាំពួកនាងនៅហួយឈុនថាង!»
នៅជុំវិញត្រើយខាងលិចទីភូមិនេះ កញ្ចាស់ម៉ុកក៏រាប់ចាត់ទុកជាមនុស្សម្នាក់ដែលគួរឱ្យគោរពរាប់អានផងដែរ ប៉ុន្តែនៅក្នុងថ្ងៃនេះ បែរជាត្រូវបំបាក់មុខនៅចំពោះមុខហ្វូងមនុស្សជាច្រើនបែបនេះ គាត់អាក់អន់ចិត្តខឹងយ៉ាងខ្លាំង ទឹកមុខស្អុយប៉ែ គ្រវាសដៃដើរចូលទៅក្នុងបន្ទប់ដោយស្ងាត់ៗ។
ស៊ីវលូមិនដឹងថាត្រូវលួងលោមចិត្តគាត់យ៉ាងណា ទើបមានតែផ្ដែផ្ដាំគ្រាប់អង្កាំឱ្យនៅចាំឃ្លាំមើលគាត់ វរៗគាត់គិតរឿងខ្លីចង់សម្លាប់ខ្លួន ច្បាស់ជាផ្ទុះរឿងកាន់តែធំមិនខាន។
ស៊ីវលូអង្គុយឆ្កាងជើងកណ្តាលផ្ទះ ស៊ឺឈីឈរស្ងៀមទ្រឹងនៅជ្រុងបន្ទប់ងងឹតស្លុប។ ស៊ីវលូក្រេបពែងស្រានៅក្នុងដៃ និយាយជាមួយខ្លួនឯងដូចធម្មតា៖
«កញ្ចាស់ម៉ុក មុខខ្មូត និងគ្រាប់អង្កាំ សុទ្ធតែនិយាយថាខ្ញុំជាមនុស្សមានសណ្ដានចិត្តល្អ ប៉ុន្តែកាលពីតូច ខ្ញុំបានសម្លាប់មនុស្សជាច្រើន… ជាយូរយារមកហើយខ្ញុំមិនសម្លាប់មនុស្ស ប៉ុន្តែថ្ងៃនេះខ្ញុំចង់យកជីវិតរបស់ពួកគេ!»
«ពួកគេគឺ អម្បូរអាទិទេព»
ស៊ឺឈីបន្លឺសូរសំឡេងត្រសៀកឡើង។
«អ៊ីចឹងតើយ៉ាងម៉េច?»
ភ្លើងកំហឹងឆាបឆេះនៅក្នុងកែវភ្នែករបស់ស៊ីវលូ។ ស៊ឺឈីឈរស្ងៀមរក្សាភាពស្ងប់ស្ងាត់។
ស៊ីវលូក្រឡេកមើលទៅគេ៖
«តើលោកនឹងជួយខ្ញុំទេ?»
ស៊ឺឈីងក់ក្បាលចុះ។ ស៊ីវលូញញឹម នៅសុខៗមានអារម្មណ៍ថាលែងចង់សម្លាប់មនុស្សតទៅទៀត។
ស៊ីវលូផឹកអស់កាទិនស្រាតូច មនុស្សដែលគេកំពុងរង់ចាំក៏មកដល់។
នារីវ័យក្មេងដោះស្បៃបាំងមុខចេញ មុខមាត់របស់នាងមើលទៅសាមញ្ញធម្មតា ប៉ុន្តែដួងកែវភ្នែករបស់នាងស្រស់ស្អាតប្រៀបដូចជាទឹកជ្រោះធ្លាក់រដូវស្លឹកឈើជ្រុះ។ ព្រោះតែកែវភ្នែកទាំងគូនោះធ្វើឱ្យរូបសម្ផស្សរបស់នាងមានជីវិតរស់រវើក ស្រស់ស្អាតថែមប៉ុន្មានភាគ។
អ្នកកំលោះដែលដើរតាមជាប់នៅក្បែរនាងគឺពិតជាពិសេសពិសាលណាស់ មុខមាត់ស្រស់សង្ហាសមសួន សម្បត្តិអាកប្បកិរិយាថ្លៃថ្នូរ មើលទៅមានចំណេះវិជ្ជាជ្រៅជ្រះ កែវភ្នែកសម្លឹងមានកម្លាំងអំណាចខ្លាំង គន់មើលពីនាយឆ្ងាយប្រៀបដូចជាទឹក គន់មើលពីនាយជិតប្រៀបដូចជាភ្នំ។
ពិតជាសុភាពបុរសរូបសម្បត្តិឥតទាស់!
អ្នកកំលោះលើកដៃក្ដោបគោរពស៊ីវលូ៖
«ខ្ញុំបាទឈ្មោះ សៀន! នេះគឺជាប្អូនស្រីជីដូនមួយរបស់ខ្ញុំឈ្មោះ អានាន! ព្រោះតែអ្នកបម្រើហាយថាងត្រូវថ្នាំពុលរបស់លោក ហេតុនេះទើបពួកខ្ញុំមកកាន់ទីនេះដើម្បីសុំថ្នាំបន្សាប!»
ស៊ីវលូកាន់ដបថ្នាំក្នុងដៃបង្វិលចុះឡើង ញញឹមស្រស់ឆ្លើយតបថា៖
«គ្មានបញ្ហាទេ គ្រាន់តែលុតជង្គង់ចុះសុំទោសបងប្អូនរបស់យើង!»
អានានសម្លក់ភ្នែកទៅស៊ីវលូ៖
«ចង់ឱ្យអ្នកបម្រើរបស់យើងលុតជង្គង់សុំទោសផងហ្អេស? ពួកឯងធុញទ្រាន់នឹងជីវិតហើយមែនទេ?»
ស៊ីវលូសម្លឹងមើលនាងយ៉ាងត្រជាក់ស្រេប ហាយថាងផ្អៀងផ្អែកខ្នងផ្ទប់នឹងជញ្ជាំងដោយការឈឺចាប់ លុតជង្គង់ស្រុតចុះយឺតៗ។
អានានខឹងច្រឡោត៖
«បងប្រុសឃើញទេ គឺពួកគេជាអ្នកបង្ករឿងមុន! ខ្ញុំមិនបានគិតបង្ករបួសស្នាមដល់ពួកគេ ខ្ញុំគ្រាន់តែលលេងសើចនឹងពួកគេបន្តិចប៉ុណ្ណោះ ប៉ុន្តែពួកគេតាំងចិត្តផ្ដាច់យកជីវិតខ្ញុំ! បើខ្ញុំមិនបានពាក់ខ្សែកគុជខ្យងការពារថ្នាំពុលដែលព្រះបិ… ពុកជូនឱ្យខ្ញុំទេនោះ ខ្ញុំនឹងត្រូវគេបំពុលតាំងពីយូរដែរម្ល៉េះ!»
ហាយថាងឈឺចុកចាប់ ស្រែកថ្ងូរតិចៗ។
សៀនក្រឡេកមើលទៅស៊ីវលូ៖
«សូមប្រគល់ថ្នាំបន្សាបមកពួកខ្ញុំ!»
ស៊ីវលូច្បិចញញឹមស្រាល៖
«យ៉ាងម៉េច? ចង់ប្លន់យកហ្អេស? ខ្លាំងចូលមក៎!»
«បើអ៊ីចឹង សូមអធ្យាស្រ័យ!»
សៀនបញ្ចេញស្នៀតដណ្ដើមយកដបថ្នាំ ស៊ីវលូដកថយជើងទៅក្រោយ។ គេជឿជាក់ថា ស៊ឺឈីប្រាកដជាកំពុងតែឈរនៅពីក្រោយខ្នងរបស់គេ ដរាបណាស៊ឺឈីជួយគេទប់ទល់ជាមួយសៀនមួយស្នៀតពីរស្នៀត នោះគេនឹងអាចស្ទាបស្ទង់ចំណុចខ្សោយនៃមហិទ្ធិឫទ្ធិរបស់សៀនដើម្បីជ្រើសរើសថ្នាំពុលត្រឹមត្រូវមកកាច់បំបាក់គេ។ ប៉ុន្តែ… ស៊ឺឈីមិនបានបញ្ចេញស្នៀតទេ។ ស៊ីវលូងាកមើលទៅក្រោយ ឃើញជ្រុងបន្ទប់ទទេស្អាត ស៊ឺឈីបានចាកចេញពីក្នុងបន្ទប់បាត់ស្រមោលសូន្យ។
ស៊ីវលូត្រូវសៀនវាយត្រូវ ដួលក្រាបជ្រប់មុខទៅលើដី។ សៀនមិននឹកស្មានថា ស៊ីវលូខ្លាំងក្លាសម្ដីយ៉ាងហ្នឹង ប៉ុន្តែមហិទ្ធិឫទ្ធិបែរជាទន់ខ្សោយយ៉ាងនេះ គេក៏រហ័សដកដៃភ្លាមៗ៖
«សុំទោស! ខ្ញុំមិននឹកស្មានថាលោក…»
សៀនឱនចុះគ្រាហ៍ស៊ីវលូ ពិនិត្យមើលរបួស។ សំណាងល្អគេមិនមានបំណងបង្កគ្រោះថ្នាក់ដល់ដៃគូប្រកួត ហេតុនេះស៊ីវលូគ្រាន់តែតឹងថប់ដង្ហើមមួយស្របក់។ ស៊ីវលូផ្អែកលើដើមស្មារបស់សៀន ជ្រុងបបូរមាត់គេសើចកោងឡើងបន្តិច ហើយភ្លាមៗនោះក៏ផ្ទុះសើចលាន់ កែវភ្នែករបស់គេពោរពេញដោយការចំអកឡកឡើយនិងមើលងាយពិភពលោកនេះ។
សៀនស្រឡាំងកាំងឆ្កឹង!
អានានរើសដបថ្នាំយកឱ្យទៅហាយថាងផឹក។ ហាយថាងផឹករួច បិទភ្នែកតាំងសមាធិមួយភ្លែត និយាយថា៖
«ពិតជាថ្នាំបន្សាបមែន!»
អានានសើចចំអកស៊ីវលូ៖
«មនុស្សចោលម្សៀតម្នាក់ដូចឯងចង់មកតតាំងជាមួយពួកយើងផង?»
ស៊ីវលូរុញច្រានសៀនចេញ ខំក្រោកឈរទាំងត្រដាប់ត្រដួល ស្រែកកម្រោលថា៖
«ចេញទៅ!»
អានានបម្រុងចេញស្នៀតវាយទៅស៊ីវលូ ប៉ុន្តែត្រូវសៀនរាំងឃាត់ទាន់៖
«បន្សាបថ្នាំពុលបានហើយក៏ឆាប់ត្រលប់ទៅវិញ»
សៀនដៀងភ្នែកក្រឡេកមើលទៅស៊ីវលូ រួចក៏ចាប់កាន់ដៃអានាន ទាញនាងចេញទៅ។ អានានបែរក្បាលមកក្រោយ ជេរប្រទេចស៊ីវលូ ដោយកាយវិការមាត់ថា៖
«មនុស្សគម្រក់!»
ស៊ីវលូដើរទៅក្រោយផ្ទះ អង្គុយសណ្ដូកជើងលើក្បាលកាំជណ្ដើរ។ ស៊ឺឈីឈរស្ងៀមទ្រឹងនៅពីក្រោយខ្នងរបស់គេ។ ស៊ីវលូញញឹមស្ងួត ងើយភ្នែកសម្លឹងមើលផ្ទៃមេឃចុះងងឹតបន្តិចម្តងៗ ដកដង្ហើមធំយ៉ាងក្រៀមក្រំ មានអារម្មណ៍ថាខ្លួនឯងខុសធ្ងន់ណាស់ ដើមឡើយមិនគួរណាជឿជាក់លើអ្នកណាម្នាក់នោះឡើយ។
ស៊ឺឈីអង្គុយចុះក្បែរគេ រុញកន្ត្រកឬស្សីដាក់ចំណីចំណុកទៅរកស៊ីវលូ។
ស៊ីវលូសួរថា៖
«លោកស្គាល់ពួកគេ?»
ស៊ឺឈីងក់ក្បាល។
«ពួកគេគឺជាកូនចៅវង្សត្រកូលខ្ពង់ខ្ពស់របស់អម្បូរអាទិទេព?»
ស៊ឺឈីនៅស្ទាក់ស្ទើរមួយសន្ទុះ បន្ទាប់មកងក់ក្បាលចុះយឺតៗ។
«លោកខ្លាចថាពួកគេចំណាំលោកបាន ហេតុនេះទើបគេចពួន? ឬមួយលោកគិតថាខ្ញុំមិនគួរល្មើសទោសពៃរ៍លើពួកគេទេ ហេតុនេះទើបគេចពួនទុកឱ្យពួកគេដណ្ដើមយកថ្នាំបន្សាបទៅដោយងាយ?»
ស៊ឺឈីឱនក្បាលចុះ។ ស៊ីវលូគ្រវាសដៃក្រឡាប់កន្ត្រកឬស្សី ធ្វើឱ្យកំពប់កទានិងជើងមាន់ធ្លាក់ពាសពេញដី។ គេខឹងសម្បាដើរតាំងៗចេញទៅក្រៅទ្វារ ស៊ឺឈីចង់ក្រោកឡើងទៅតាម តែក៏ត្រូវស៊ីវលូគំហកបញ្ឈប់៖
«កុំមកតាមខ្ញុំ!»
បញ្ជារបស់ស៊ីវលូ បង្ខំឱ្យស៊ឺឈីឈរឆ្កឹងជាប់ជើងនៅមួយកន្លែង។
ស៊ីវលូដើរទៅកាន់មាត់ទន្លេ ឈរសម្លឹងមើលខ្សែបណ្ដោយទឹកហូរ។ មិនមែនគេខឹងស៊ឺឈីទុកឱ្យសៀនដណ្ដើមយកថ្នាំបន្សាបទៅបាន ប៉ុន្តែ… នៅគ្រាដែលគេចង់រំពឹងលើមនុស្សណាម្នាក់ ពេលដែលគេងាកមើលទៅក្រោយ មនុស្សម្នាក់នោះក៏រលាយបាត់សូន្យឈឹងទៅ។ គេខឹងខ្លួនឯងដែលអនុញ្ញាតឱ្យខ្លួនឯងបង្កើតនូវក្ដីរំពឹងដ៏គួរឱ្យអស់សំណើចនោះ។
ស៊ីវលូលោតប្រូងចូលទៅក្នុងទឹកទន្លេ លើកដៃហែលបញ្ច្រាស់ ទឹកទន្លេកាន់តែយូរកាន់រីកសាយធំឡើង ទឹកទន្លេកាន់តែយូរក៏កាន់តែហូរលឿនខ្លាំងទៅៗ។ ទឹកទន្លេត្រជាក់ដូចទឹកកក ហូរកួចយកអ្វីៗទៅទាំងអស់ មិនថាថ្ងៃឬយប់ មិនធ្លាប់សម្រាកម្ដងណាឡើយ។ ស៊ីវលូខំប្រឹងទប់ទល់ជំនះនឹងអំណាចទឹកហូរ មានអារម្មណ៍ថាពួកវាស្ទើរតែកាច់បំបាក់កម្លាំងរបស់គេទាំងអស់ហូរកួចយកទៅ។
មានសូរសំឡេងបន្ទរនៅលើអាកាស ស៊ីវលូងើយក្បាលឡើង ឃើញសាងលីវកំពុងអង្គុយនៅលើខ្នងឥន្រ្ទីយ៍រោមសចំពុះលឿង រូបរាងមើលទៅសែនឡកឡើយ គេដៀងភ្នែកចុះសម្លឹងមើលស៊ីវលូ៖
«កណ្តាលអធ្រាត្រចេញមកទន្លេចាប់ត្រីហ្អេស?»
សាងលីវហុចដៃទៅរកស៊ីវលូ ស៊ីវលូចាប់កាន់ដៃរបស់គេ ធាក់ផ្ទៃទឹកលោតផ្លោងឡើងទៅលើខ្នងរបស់ឥន្រ្ទីយ៍ស ឥន្រ្ទីយ៍សស្រែកបន្ទរ ស្ទុះហោះវ៉ូឡើងទៅលម្ហអាកាសខ្ពស់។ ស៊ីវលូទទឹកសើមជោក ត្រជាក់ស្រៀវឆ្អឹងខ្នង ញាក់ញញីញញ័រ។ សាងលីវបោះដបស្រាឱ្យទៅស៊ីវលូ គេអកផឹកក្អឹកៗ មានអារម្មណ៍កក់ក្តៅឡើងបន្តិច។ សាងលីវច្រត់ដៃគងថ្ងាសដេកផ្អៀងនៅម្ខាង ខ្សែភ្នែកទ្រឹងជញ្ជឹងមើលស៊ីវលូ។
ស្រវឹងទោរទន់ខ្លួនបន្តិច ស៊ីវលូកាន់តែក្លាហាន គំហកដាក់សាងលីវ៖
«មើលស្អីមើលម្ល៉េះ ខ្ញុំមិនមែនមនុស្សស្រីឯណា!»
«មនុស្សដែលមានយានជំនិះជិះផ្ទាល់ខ្លួននៅក្នុងអម្បូរអាទិទេពមានមិនច្រើនទេ! មនុស្សភាគច្រើនមានអារម្មណ៍វិលខ្ញាល់និងភិតភ័យនៅពេលដែលពួកគេអង្គុយនៅលើខ្នងបក្សីជំនិះជាលើកដំបូង ប៉ុន្តែឯង… បែរជាធូរស្រាយដូចជាគ្មានអ្វីសោះ!»
«អ៊ីចឹងតើយ៉ាងម៉េច?»
«យើងកាន់តែងឿងឆ្ងល់ពីអតីតកាលរបស់ឯង!»
ស៊ីវលូងើយក្បាលផឹកស្រា។
«កំពុងខឹងអ្នកណា?»
«មិនមែនរឿងលោកទេ!»
«ចង់ស៊ីព្រនុងហ្អេស?»
ស៊ីវលូស្ងាត់មាត់ជ្រាប។
ឥន្រ្ទីយ៍សហោះឆ្ពោះសំដៅទៅកាន់បឹងមួយរាងដូចផ្លែឃ្លោក ព្រះចន្ទរះភ្លឺចិញ្ចាំងនៅលើលម្ហវេហាស៍ខ្ពស់ ផ្ទៃបឹងរំលេចពន្លឺបែកច្រាលពណ៌ប្រាក់ ទឹកបឹងថ្លាឆ្លុះដូចកញ្ចក់ ទិសទាំងបួនស្ងាត់ធេងធាងដូចសម្បុកដង្កូវនាង មានអារម្មណ៍ថាដែនពេលវេលាកំពុងបង្រួបបង្រួមកករឹង បញ្ឈប់នៅជាប់ទ្រឹងមួយកន្លែង។
ស៊ីវលូបោះដបស្រាឱ្យទៅសាងលីវិញ ក្រោកឈរពើនទ្រូងឡើង លើកដៃទាំងពីរបាំងមាត់ ស្រែកហ៊ូកញ្ជ្រៀវយ៉ាងខ្លាំងទៅតាមកម្លាំងអំណាចខ្យល់ សរសៃសក់ខ្មៅស្រិលរលាស់ផាត់ផាយនៅលើអាកាស។
សំឡេងស្រែកហ៊ូដាច់ផឹង នៅសុខៗស៊ីវលូក៏លោតសំយុងខ្លួនដាំចុះទៅក្នុងបឹង ខ្លួនប្រាណរបស់គេទាញច្រាលទំនាញផែនដីបាញ់ឆ្ពោះចុះដូចជាអាចម៍ផ្កាយធ្លាក់។
សាងលីវងាករេភ្នែកសម្លឹងមើលទៅតាម ឥន្រ្ទីយ៍សយល់ចិត្តម្ចាស់ បង្អុរស្លាបវិលព័ន្ធក្រវែលវេហាស៍ បន្ទាបខ្លួនចុះមកក្រោម។
ស៊ីវលូហោះហើរចុះប្រៀបបីដូចមេអំបៅត្រដាងស្ទាបដ៏ស្រស់ស្អាត បន្ទាប់មកក៏បាត់ខ្លួនលិចលង់ទៅក្នុងទឹកថ្លាឆ្លុះបែកពពុះចរណៃភ្លឹបភ្លែត។ រលកទឹកវាយបក់បោកផុតពីមួយស្រទាប់ទៅមួយស្រទាប់ទៀត បង្កើតជាផ្ទាំងទស្សនីយភាពអភិនិហាសែនស្រស់ប៉ប្រៃ ជាមួយបម្រែបម្រួលគ្មានទីសំចតបញ្ចប់នៃដួងកាំរស្មីអព្ភូតការណ៍។ ភ្លាមៗនោះស៊ីវលូងើបផុសឡើងចេញពីជម្រៅទឹក ប្រៀបដូចជាកូននាគរាជតូច។
គេត្រដាងដៃតោងឱបករបស់ឥន្រ្ទីយ៍ស៖
«លោកចេះហែលទឹកទេ? តស់មកសាកល្បងគ្នាហ្អី!»
សាងលីវច្បិចជ្រុងមាត់ញញឹមមើលស្រាល។ ស៊ីវលូបន្តពន្យុះ៖
«ហាមប្រើមហិទ្ធិឫទ្ធិ!»
សាងលីវលើកដបស្រាអកផឹក។ ស៊ីវលូបន្តនិយាយទៀត៖
«យ៉ាងម៉េច? មិនហ៊ានប្រកួតទេ?»
សាងលីវងើយក្បាលឡើងសម្លឹងមើលព្រះចន្ទពេញបូណ៌មី។
ស៊ីវលូនៅតែមិនព្រមព្រលែង៖
«ខ្លាចចាញ់ហ្អេស? បិសាចកំណាចជីវម៉ីញសាងលីវមួយទាំមូលបែរជាកំសាកដល់ម្លឹង?»
ទីបំផុត សាងលីវរេភ្នែកចុះ សម្លឹងមុខគេចំៗ៖
«ឃើញឯងទទូចសុំអង្វរករ យើងយល់ព្រម!»
«ខ្ញុំសុំអង្វរករលោក?»
«មិនមែនទេហ្អេស?»
ស៊ីវលូផ្អៀងក្បាលលើកឥន្រ្ទីយ៍ស៖
«ណ្ហើយចុះ… ខ្ញុំសុំអង្វរករលោក!»
សាងលីវសន្សឹមៗដោះអាវផាយខាងក្រៅចេញ រួចលោតប្រូងចូលទៅក្នុងទឹក។ ស៊ីវលូខំប្រឹងលុយទឹកហែលទៅរកច្រាំង សាងលីវប្រដេញតាមពីក្រោយ។ ទឹកបឹងត្រជាក់ស្រេបស្រៀវឆ្អឹងខ្នង ស៊ីវលូខំប្រឹងយ៉ាងអស់ពីសមត្ថភាពគ្រវាត់ដៃទៅមុខ ដើម្បីធ្វើឱ្យរាងកាយកើនកំដៅឡើង អាចជួយឱ្យគេបំភ្លេចរាល់អ្វីៗទាំងអស់ វិលត្រលប់ទៅរកអតីតកាលពីតូចវិញ ទីផ្ដល់ក្ដីសុខសាន្ត សេរីភាព និងរីករាយ។ គោលបំណងតែមួយគត់របស់គេនៅក្នុងពេលនេះ គឺគ្រាន់តែចង់ហែលទៅដល់ច្រាំង មិនសូវជាស្មុគស្មាញប៉ុន្មានឡើយ!
មួយយាមក្រោយមក ស៊ីវលូហែលទៅដល់មាត់ច្រាំង ខណៈនោះសាងលីវកំពុងតែអង្គុយស្រាកស្រាន្ដក្បែរភ្នក់ភ្លើង សម្លៀកបំពាក់លើខ្លួនរបស់គេស្ទើរតែហាលសំដិលស្ងួតអស់ទៅហើយ។
ស៊ីវលូតោងវារឡើងច្រាំង៖
«លោកឈ្នះហើយ ប៉ុន្តែ…»
គេទាញចេញពីក្នុងទ្រូងអាវកូនត្រីមួយ។
«ខ្ញុំចាប់បានត្រីណែះ ដុតអាំងភ្លើងសិន ខ្ញុំឃ្លានខ្លាំងណាស់!»
ស៊ីវលូចាប់ផ្តើមរៀបចំដុតអាំងត្រី សាងលីវនៅម្ខាងបន្លឺ៖
«ប្រហែលជាកាលពីតូចឯងរស់នៅតាមមាត់ទឹក»
«យល់បែបនេះព្រោះតែឃើញខ្ញុំចេះហែលទឹក?»
«មិនប្រាកដទេ ប៉ុន្តែពេលដែលហែលទឹកធ្វើឱ្យឯងរីករាយនិងធូរស្រាយ។ មនុស្សលោកតែងតែស្វះស្វែងតាមរកចំណង់រីករាយដែលមិនសមហេតុផល ប៉ុន្តែតាមពិតអ្វីដែលអាចធ្វើឱ្យពួកគេនឹករលឹកនិងរីករាយពិតប្រាកដនោះ គឺកម្រងអនុស្សាវរីយ៍កាលពីតូចដ៏សាមញ្ញ!»
ស៊ីវលូហួចខ្យល់៖
«អ្នកដទៃនិយាយថាលោកគឺជាបិសាចសត្វចម្លែកមានក្បាលប្រាំបួន បើក្បាលទាំងប្រាំបួនគិតរួមបញ្ជូលគ្នា ឥទ្ធិពលនឹងមិនធម្មតាឡើយ ពាក្យសម្ដីរបស់អ្នកដទៃពិតជាស៊ីជម្រៅណាស់!»
«ឯងមិនដឹងថានេះគឺជាពាក្យហាមឃាត់របស់យើងទេហ្អេស?»
ស៊ីវលូមិនក្រែងរអែងនិយាយបន្ត៖
«ខ្ញុំពិតជាងឿងឆ្ងល់ចង់ដឹងណាស់ថាតើក្បាលប្រាំបួនរបស់លោកតម្រៀបគ្នាយ៉ាងណាទៅ? តម្រៀបផ្ដេកឬតម្រៀបឈរ? ឬមួយបីនៅឆ្វេង បីនៅស្តាំ? នៅពេលដែលហូបបាយក្បាលមួយណាស៊ីមុន ក្បាលមួយណាស៊ីក្រោយ…»
ស៊ីវលូកករឹងខ្លួនឆ្កឹង បើកមាត់និយាយអ្វីមិនចេញទៀត។
«អឺ… អឺ…»
សាងលីវកញ្ឆក់យកត្រីដែលដុតអាំងឆ្អិនទៅ សោយសុខតែម្នាក់ឯង ស៊ីវលូបានត្រឹមតែបញ្ឈរភ្នែកសម្លឹងមើល។ បន្ទាប់ពីហូបចុករួច សាងលីវរេភ្នែកងាកមកសម្លឹងមើលស៊ីវលូ៖
«តាមពិតយើងចូលចិត្តស៊ីសាច់មនុស្សណាស់ ខ្លួនរបស់ឯងល្មមគ្រាន់ឱ្យក្បាលរបស់យើងមួយខាំស៊ី!»
សាងលីវដាក់ដៃលើថ្ពាល់របស់ស៊ីវលូថ្នមៗ គេឱនឈ្ងោកផ្ទៃមុខចុះ ញេញចង្គូមធ្មេញខាំកញ្ចឹងករបស់ស៊ីវលូ។ ស៊ីវលូញាក់ញ័រខ្លួនចំប្រប់ បិទភ្នែកជិតយ៉ាងរហ័ស។ នៅពេលដែលចុងអណ្តាតរបស់គេប៉ះលំហូរចរន្ដឈាមរបស់ស៊ីវលូ សាងលីវហាក់បីភ្ញាក់ផ្អើលឡើងបន្តិច បន្ទាប់មកគេស្រាប់តែយល់រឿងអ្វីមួយ គេបឺតជញ្ជក់ឈាមពីរបីក្អឹក រួចងើបមុខឡើងសួរថា៖
«នៅហ៊ាននិយាយផ្ដេសផ្ដាសទៀតទេ?»
ស៊ីវលូគ្រវីក្បាលញាប់តតាត់។ សាងលីវព្រលែងស៊ីវលូចេញ ភ្លាមៗនោះស៊ីវលូក៏រមៀលប៉ុន្មានត្រលប់ ក្រាបននៀលនៅលើដី ចេញឆ្ងាយពីសាងលីវ។ សាងលីវផ្អែកខ្លួនលើខ្នងឥន្រ្ទីយ៍ស លើកម្រាមដៃចង្អុលឡើង ក្ដក់ម្រាមដៃជាសញ្ញាហៅស៊ីវលូ។ ស៊ីវលូមិនហ៊ានចូលទៅជិត គេខិតថយទៅក្រោយដោយភិតភ័យខ្លបខ្លាច។
សាងលីវបញ្ឆិតភ្នែកក្រឡេកទៅស៊ីវលូ សើចស្រស់សម្លុតថា៖
«ចង់ឱ្យយើងទៅទីនោះហ្អេស?»
ស៊ីវលូរួញកគ្រវីក្បាល ស្ដាប់បញ្ជាវិលទៅវិញ តោងឡើងទៅលើខ្នងឥន្រ្ទីយ៍ស។
ពេលត្រលប់ទៅដល់ភូមិឈីងសួយវិញ សាងលីវលើកជើងធាក់ស៊ីវលូខ្ទាតចេញពីខ្នងឥន្រ្ទីយ៍ស។ ស៊ីវលូនៅសុខៗធ្លាក់ចូលទៅក្នុងទន្លេ ក្រឡាស់ដៃមិនទាន់។ គេដេកសណ្ដូកផ្ងារពោះលើផ្ទៃទឹក ងើយភ្នែកឃើញឥន្រ្ទីយ៍សស្រែកបន្ទរទ្រហឹងវេហាស៍ ទទះស្ទាបហោះហើរវិលក្រឡឹងចាកចេញទៅបាត់ស្រមោលក្នុងមេឃរាត្រីងងឹតសូន្យសុង។ ស៊ីវលូលែងនៅសល់កម្លាំងជេរប្រទេចដាក់ផ្ដាសាគេតទៅទៀត គេបិទភ្នែកចុះ ទុកឱ្យខ្លួនប្រាណបណ្ដែតរសាត់ទៅតាមខ្សែបណ្ដោយទឹកហូរ។
លុះពេលបណ្ដែតកាត់ទៅដល់ហួយឈុនថាង ទើបគេបំបែរខ្លួន ហែលទៅរកច្រាំង។ សម្លៀកបំពាក់ទទឹកសើមជោក ឡើងទៅលើច្រាំងភ្លាម ក៏ឃើញស៊ឺឈីឈរស្ងៀមទ្រឹងនៅចំពោះមុខ។
ស៊ីវលូញញឹមដាក់គេ៖
«ម៉េចក៏នៅមិនទាន់គេងទៀត? មើលថែទាំសុខភាពលោកផង»
និយាយចប់ ក៏ដើរវាងស៊ឺឈី បោះជើងយ៉ាងញាប់។ ស៊ឺឈីដើរតាមពីក្រោយ ប៉ុន្តែស៊ីវលូធ្វើពុតជាមិនដឹងមិនឮ។ ស៊ឺឈីដើរតាមជាប់រហូតដល់ស៊ីវលូវិលទៅដល់បន្ទប់របស់ខ្លួនវិញ មិនខ្ចីងាកក្រោយ បើកទ្វារដើរត្រង់ចូលទៅក្នុង បត់ដៃទៅក្រោយខ្ទាស់គន្លឹះចាក់សោរទ្វារ។
ស៊ីវលូប្រញាប់ដោះសម្លៀកបំពាក់ទទឹកចេញ ប្រញាប់ជូតសម្អាតខ្លួន ឱ្យរួចៗពីដៃ លូនខ្លួនអាក្រាតចូលទៅក្នុងភួយក្លំជិត។ ភួយជាធម្មតាគឺត្រជាក់ ប៉ុន្តែថ្ងៃនេះកក់ក្ដៅខុសពីធម្មតា មានអ្នកណាម្នាក់ដាក់ដុំបាល់ភ្លើងអាំងកំដៅនៅខាងក្នុងភួយ រំភាយក្លិនស្រទន់។ ភួយមានក្លិនក្រអូប ទន់ល្មើយ និងកក់ក្តៅ។ គ្រាប់អង្កាំហើយនិងកញ្ចាស់ម៉ុកមិនអាចដិតដល់យ៉ាងនេះឡើយ។
ស៊ីវលូញញឹមតិចៗ ដាក់ខ្លួនដេកចុះ លង់លក់យ៉ាងស្កប់ស្កល់មិនយល់សុបិន ព្រោះតែអស់កម្លាំងពេក។
នៅថ្ងៃបន្ទាប់ ស៊ីវលូនៅតែបន្តមមាញឹកនឹងជីវភាពប្រចាំថ្ងៃ ប្រៀបបីហាក់ដូចជាកាលពីយប់មិញគ្មានរឿងអ្វីកើតឡើងទាល់តែសោះ។ មុខខ្មូតកំពុងតែសម្រាកព្យាបាលរបួសនៅផ្ទះខាងប្រពន្ធ កញ្ចាស់ម៉ុកនៅតែមិនសប្បាយចិត្តនឹងរឿងចាស់ គិតតែសំកុកធ្វើកិច្ចការនៅខាងក្រោយផ្ទះ មិនព្រមចេញទៅសំណាក់ពេទ្យខាងមុខ ទុកឱ្យស៊ីវលូរវល់ឡើងខ្មៅងងឹតមុខ។ សំណាងនៅមានស៊ឺឈីជួយស៊ីវលូពិនិត្យមើលអ្នកជំងឺ ហាន់ថ្នាំ ខ្ចប់ថ្នាំ… ដុតអស់ដៃអស់ជើងពេញមួយថ្ងៃ។
នៅពេលយប់ ក្រោយពេលហូបបាយរួច កញ្ចាស់ម៉ុកមិនមាត់មិនកវិលទៅបន្ទប់វិញដោយស្ងាត់ៗ គ្រាប់អង្កាំខ្សឹបខ្សាវថា៖
«រឿងនោះបញ្ចប់ទៅអ៊ីចឹងហ្អេស?»
ស៊ីវលូអង្គាមកទា ឆ្លើយតប៖
«បើមិនអ៊ីចឹងឯងប្រុងយ៉ាងម៉េច?»
គ្រាប់អង្កាំចងកំហឹងក្នុងពោះ លើកជើងទាត់ជញ្ជាំង៖
«ខ្ញុំមិនសុខចិត្តទេ!»
ស៊ីវលូគប់ឆ្អឹងកទាទៅចំកណ្ដាលមុខគ្រាប់អង្កាំ គេស្រែកចាច ឈឺមុខជ្រួញក្រញ៉ូវ។
«មើលទៅប៉ុន្មានឆ្នាំមកនេះ ខ្ញុំថ្នាក់ថ្នមឯងច្រើនពេក ឯងលែងដឹងមេឃខ្ពស់ដីទាបជាអ្វីទៀតហើយមែនទេ! នៅលើលោកនេះ ឱ្យតែនៅមានជីវិតរស់ ទោះបីជាអយុត្តិធម៌ប៉ុនណាក៏ត្រូវតែអត់ទ្រាំ ទោះបីជាមិនសុខចិត្តប៉ុនណាក៏ត្រូវតែថយជើង។ ឯងមានដឹងទេថា សូម្បីសម្បត្តិជាព្រះបុត្រាខ្ពង់ខ្ពស់និងព្រះនាងថ្លៃថ្នូរក៏ត្រូវតែអត់ទ្រាំរស់នៅដោយបែបនោះដែរ?»
នឹកឃើញដល់គ្រាកម្សត់តោកយ៉ាកកាលពីតូច គ្រាប់អង្កាំមិនអាចប្រកែកអ្វីក្រៅពីយល់ស្របជាមួយស៊ីវលូ។ ពួកគេជាប្រជារាស្ត្រសាមញ្ញខោអាវសាច់ក្រណាត់គគ្រើមត្រូវការទូលរែកភាពអត់ធ្មត់និងស៊ូទ្រាំ ប៉ុន្តែគេនៅតែមិនអស់ចិត្ត រអ៊ូរទាំថែមប៉ុន្មានម៉ាត់៖«ល្បងនិយាយច្បាស់ដូចថ្ងៃចែសណាស់អ៊ីចឹង ល្បងមិនមែនជាពួកព្រះបុត្រាព្រះនាងទាំងអស់នោះឯណា!»
«អាល្អិតសម្អុយនេះ បើមិនស៊ីព្រនុងខ្លះទេមិនរាងចាលឡើយ!»
ស៊ីវលូស្ទុះក្រោកឡើង ចាប់ទាញអំបោស វាត់មិនឈប់។ ដៃម្ខាងបាំងក្បាល ដៃម្ខាងបាំងគូទ គ្រាប់អង្កាំរត់ប៉ើចជើងចូលទៅក្នុងបន្ទប់គេវិញខ្ទាស់គន្លឹះទ្វារជិត។ ស៊ីវលូវាយអំបោសផាំងៗទៅលើចម្រឹងទ្វារ ផ្ទុះកំហឹងបង្អើលមេឃ៖
«លោកឮអ្វីដែលខ្ញុំនិយាយហើយឬនៅ?»
កញ្ចាស់ម៉ុកឈរនៅខាងក្រៅទ្វារផ្ទះបាយ និយាយថា៖
«ស៊ីវលូ ខ្ញុំយល់គ្រប់យ៉ាងដែលឯងនិយាយ… កុំបារម្ភ! ខ្ញុំមិនអីទេ!»
កញ្ចាស់ម៉ុកបិទទ្វារផ្ទះបាយ ឱនក្បាលចុះស្ងប់ស្ងាត់ដើរទៅបន្ទប់វិញ។
ស៊ីវលូបញ្ចប់ “សង្រ្គាម” ក្រវាត់អំបោសចោលទៅកាច់ជ្រុងជញ្ជាំង។ គ្រាប់អង្កាំរហើបបង្អួចបន្តិច អើតក្បាលក្រឡេកមើលទៅកាន់បន្ទប់របស់កញ្ចាស់ម៉ុកដោយក្ដីព្រួយបារម្ភ។
ស៊ីវលូទះក្បាលគេតិចៗ និយាយសំឡេងទន់ចុះ៖
«មនុស្សទាំងនោះគ្រាន់តែជាអ្នកដំណើរឆ្លងកាត់ប៉ុណ្ណោះ នៅពេលដែលពួកគេចាកចេញទៅបាត់អស់ ពេលវេលានឹងសាបរលាបអ្វីៗទាំងអស់ កញ្ចាស់ម៉ុកនឹងវិលត្រលប់មកដូចដើមវិញ!»
គ្រាប់អង្កាំងក់ក្បាលផ្ងក់ៗ បិទទ្វារបង្អួច។
ស៊ឺឈីរុញកន្ត្រកឬស្សីដាក់ចំណីចំណុកទៅចំពោះមុខស៊ីវលូ។ ស៊ីវលូងាកទៅរើសជើងមាន់មួយ កែវភ្នែកស៊ឺឈីរំលេចពន្លឺភ្លឺក្រឡង់ ស៊ីវលូញញឹមយ៉ាងគួរសម៖
«អរគុណ!»
ស៊ឺឈីស្រពោនទឹកមុខបន្ដិច។ ស៊ីវលូដើរទុងតាំងចូលទៅក្នុងបន្ទប់បណ្ដើរអង្គាមជើងមាន់បណ្ដើរ លើកជើងធាក់ទ្វារ ទ្វារបន្ទប់ក៏បិទជិតទៅវិញ។ ស៊ឺឈីកាន់កន្ត្រកឬស្សី ឱនក្បាលចុះទាប ឈរស្ងៀមទ្រឹង សញ្ជប់សញ្ជឹងនៅមុខទ្វារបន្ទប់។
ប្រាំមួយខែក្រោយមក សៀននិងអានានមិនបានចាកចេញពីភូមិឈីងសួយដូចដែលស៊ីវលូប៉ាន់ស្មានទុកទេ ប៉ុន្តែអ្វីៗបានក្លាយជារឿងអតីតកាល។
គ្រាប់អង្កាំជីកដីបណ្ដើរប៉ប៉ាចប៉ប៉ោចបណ្ដើរ៖
«ល្បងលូ! ស្រីចង្គូមពស់វែកនិងអ្នកកំលោះនិស្សិតនោះកំពុងបើកតៀមស្រាមួយនៅដើមផ្លូវ។ ឬមួយចាំខ្ញុំហៅពួកស្មូមប៉ុន្មាននាក់ទៅកាន់ទីនោះអុកឡុកការរកស៊ីរបស់ពួកគេ?»
ស៊ីវលូទាត់គ្រាប់អង្កាំមួយជើង៖
«បើឯងមានសមត្ថភាពបំផ្លាញការរកស៊ីរបស់អ្នកដទៃបានមែន ឯងមិនមែនឈ្មោះថាគ្រាប់អង្កាំទេ!»
គ្រាប់អង្កាំគំត្រីសាប់ជ្រុញ លើកចបកាប់ដីផូងៗ។
ស៊ីវលូចង្អុលមុខព្រមាន៖
«ធ្វើការឱ្យស្រួលបួលបន្ដិច ធ្វើឱ្យខូចថ្នាំមានតម្លៃរបស់ខ្ញុំ ប្រយ័ត្នខ្ញុំឱ្យឯងស៊ីមួយចបជីក!»
គ្រាប់អង្កាំខឹងក្នុងចិត្ត៖
«រហូតមកទល់ពេលនេះ លោកពូម៉ុកនៅតែមិនព្រមដើរចេញពីមាត់ទ្វារ ខណៈពួកគេនៅតែបន្តស្នាក់នៅអចិន្ត្រៃយ៍ក្នុងភូមិឈីងសួយ តើឱ្យលោកពូម៉ុកគិតយ៉ាងម៉េចទៅ?»
ស៊ីវលូច្រត់ដៃលើបង្កាន់ដៃធុងឈើ ខាំកន្ទុយជើងស្មៅបណ្ដើរសញ្ជឹងគិតបណ្ដើរ។ ឥឡូវនេះ មិនត្រឹមតែកញ្ចាស់ម៉ុកទេ សូម្បីតែស៊ឺឈីក៏កម្រចេញទៅក្រៅ ឬរាល់ពេលចេញទៅក្រៅម្ដងៗ គេត្រូវទូលមួកសាជីបាំងមុខពាក់កណ្តាល។
ស៊ីវលូនឹកងឿងឆ្ងល់ថា ស៊ឺឈីមិនចង់វិលទៅផ្ទះវិញព្រោះតែគ្មានជម្រើស ប៉ុន្តែអ្នកកំលោះនិស្សិតនិងស្រីកាចឆ្នាស់ឆ្នើមនោះ មើលទៅដូចជាមិនស្ថិតក្នុងស្ថានការណ៍ប្រហាក់ប្រហែលគ្នា ឬគម្លានលំបាកអ្វីទេ ហេតុអ្វីពួកគេនៅតែក្រាញននៀលនៅទីកន្លែងនេះទៀត? ឬមួយថាពួកគេស្រលាញ់គ្នាតែត្រូវហាមប្រាមពីក្រុមគ្រួសារ ទើបពង្រត់គ្នាចាកចេញពីផ្ទះ? អ្នកកំលោះនិស្សិតក្រខ្សត់លង់ស្នេហ៍នារីក្រមុំវ័យក្មេង អ្នកនាងគ្រួសារធំមែកមាសស្លឹកគុជ នារីក្រមុំវ័យក្មេងសម្រេចចិត្តនាំអ្នកបម្រើទៅជាមួយ… រត់ចេញពីផ្ទះទៅតាមគូស្នេហ៍? ពួកគេទាំងពីរជាគូស្នេហ៍កម្សត់ហ្អេស?…
គ្រាប់អង្កាំអង្គុយចោងហោងនៅចំពោះមុខស៊ីវលូ៖
«ល្បងលូ កំពុងគិតអ្វីហ្នឹង?»
ស៊ីវលូឆ្លើយតប៖
«ចាំមើលសិនទៅ ពេលហាងស្ងាត់ភ្ញៀវ មួយរយៈក្រោយ ពួកគេនឹងត្រូវបិទទ្វាររើតៀមចាកចេញមិនខាន»
គ្រាប់អង្កាំគិតមួយភ្លែតក៏យល់ថាត្រឹមត្រូវម៉្យាងដែរ។ ពួកថៅកែលក់ស្រានៅតាមផ្លូវនេះនឹងរកវិធីកម្ចាត់អ្នកចំណូលថ្មីប្លែកមុខនោះ ដែលចង់ចូលមកដណ្ដើមការរកស៊ីរបស់ខ្លួន។ ក្រៅពីនេះទៀត អ្នកកំលោះនិស្សិតនោះមើលទៅគ្មានក្រយៅជាអ្នករកស៊ីអ្វីទាំងអស់។ គិតដូច្នោះ គ្រាប់អង្កាំសើចសប្បាយឡើងឫកជាងមុន។
ប៉ុន្តែបីខែក្រោយមក ទាំងគ្រាប់អង្កាំនិងទាំងស៊ីវលូខកចិត្តខកបំណងជាខ្លាំង។ អ្នកកំលោះនិស្សិតនោះមិនត្រឹមតែស្នាក់នៅយ៉ាងសុខសាន្តក្នុងភូមិឈីងសួយប៉ុណ្ណោះទេ ថែមទាំងតៀមស្រារបស់គេរកស៊ីកាក់កបមានភ្ញៀវចេញចូលច្រើន។
គ្រាប់អង្កាំខឹងខ្មៅងងឹតមុខ៖
«ពួកស្រីបននៅក្នុងភូមិសឹងតែទាំងអស់លង់លើរូបសង្ហារបស់គេ ហេតុនេះពួកនាងតែងតែស្លៀកពាក់ស្រស់ស្អាត តុបតែងខ្លួនផូផង់ ទៅតៀមរបស់គេទិញស្រា។ កំលោះនិស្សិតម្នាក់នោះក៏មិនចេះក្រែងខ្មាសអ្នកណា ឱ្យភ្នែកបាញ់ស្នេហ៍ទៅកាន់ពួកស្រីៗទាំងនោះវិញ…»
ស៊ីវលូក្រឡេកមើលទៅកញ្ចាស់ម៉ុក នៅតែដើរច្បាមទៅច្បាមមកនៅកាច់ជ្រុងផ្ទះមិនព្រមចេញទៅក្រៅ ទើបសម្រេចចិត្តចេញទៅតៀមស្រានៅដើមផ្លូវមួយជើង។
ស៊ីវលូបោះជើងចេញពីផ្ទះភ្លាម ស៊ឺឈីក៏ឈានជើងតាមភ្លែត ស៊ីវលូងាកមកនិយាយថា៖
«ខ្ញុំគ្រាន់តែទៅតៀមស្រារបស់អ្នកកំលោះនិស្សិតនោះអើតមើលបន្តិចប៉ុណ្ណោះ មិនបង្ករឿងនោះទេ!»
ស៊ឺឈីឈប់ជើង ស៊ីវលូញញឹមដាក់គេ រួចដើរទៅមុខបន្ត។
មួយសន្ទុះក្រោយមក ក៏ឃើញស៊ឺឈីនោះទូលមួកសាជីរត់សំដៅមក។ ស៊ីវលូគ្រាន់តែក្រឡេកមើលទៅគេបន្តិច មិននិយាយអ្វីទៀត។
ស៊ីវលូដើរចូលតៀមអាហារនៅទល់មុខ ហៅនំនែកពីរចាន អង្គុយចុះសម្រាក ចាប់ភ្លឹកសង្កេតសង្កិនតៀមស្រានៅខាងមុខ ដោយមិនតក់ក្រហល់។ ស៊ឺឈីអង្គុយនៅពីក្រោយខ្នងរបស់ស៊ីវលូយ៉ាងស្ងៀមស្ងាត់ ហាក់បីដូចជាមនុស្សអរូប។
មិនឃើញអានាននិងហាយថាងនៅខាងមុខតៀម។ បើមើលតាមឋានៈរបស់ពួកគេ ប្រាកដជាគ្មានផ្លូវព្រមបង្ហាញមុខចេញមកស្វាគមន៍និងទទួលភ្ញៀវទេ ប្រហែលជាកំពុងនៅខាងក្នុងផ្ទះ។
នៅក្នុងតៀមស្រាមានតែអ្នកកំលោះនិស្សិតកំពុងមមាញឹកនឹងកិច្ចការ គេស្លៀកពាក់សាច់ក្រណាត់ធម្មតា លក់ស្រាផងគិតប្រាក់ផងនិងទទួលស្វាគមន៍រាក់ទាក់ភ្ញៀវផង មើលទៅមិនមានអ្វីគួរឱ្យស្អប់ឬទើសទែងភ្នែក។
នៅពេលដែលពួកស្រីបនស្រស់ស្អាតមួយហ្វូងដើរចោមរោមចូលមកក្នុងតៀមទិញស្រា គេទទួលស្វាគមន៍ពួកនាងយ៉ាងកក់ក្តៅ យកចិត្តទុកដាក់សួរនាំ កែវភ្នែករបស់គេភ្លឺក្រឡង់និងរួសរាយរាក់ទាក់ ដូចជាពេលដែលគេទទួលស្វាគមន៍នារីក្រមុំធម្មតាដទៃទៀត។ ពួកស្រីបនទាំងអស់នោះក៏សុភាពរម្យទមផងដែរ ដោយបង្ហាញសេចក្ដីគោរពចំពោះគេនិងកាន់តែរក្សាគុណតម្លៃខ្លួនឯង។
ស៊ីវលូធុញថប់ខាំនំមួយដុំ។ តាមពិតពួកស្រីបនទាំងអស់នោះចូលចិត្តមកតៀមរបស់គេទិញស្រាមិនមែនដោយសារតែគេមានរូបរាងសង្ហា ប៉ុន្តែដោយសារតែគេមិនខ្វល់ពីសម្បកក្រៅ វាយតម្លៃមនុស្សទាប។
ពេលជូនដំណើរភ្ញៀវចេញទៅ គេយួរកាទិនស្រាមួយដើរសំដៅមកទីកន្លែងខាងណេះ៖
«ខ្ញុំដៃស្ទើរជើងស្ទើរទើបតែមកដល់ទីនេះ ពឹងផ្អែកលើមុខរបរតូចតាច បិតស្រាដែលជាជំនាញបន្តវេនមកពីដូនតា រកប្រាក់កម្រៃចិញ្ចឹមជីវិត ខ្ញុំសង្ឃឹមថាល្បងលូនឹងមកគាំទ្រតៀមស្រារបស់ខ្ញុំ!»
ស៊ីវលូរស់នៅស្នាក់អាស្រ័យក្នុងភូមិឈីងសួយអស់ជាងម្ភៃឆ្នាំ ហើយគេថែមទាំងជាគ្រូពេទ្យម្នាក់ទៀត។ ប្រជារាស្ត្រលក់ដូរក្នុងផ្សារនៅតាមផ្លូវនេះតែងតែកោតគោរពដល់គេ ហៅគេមួយម៉ាត់ថា ល្បងលូ។ អ្នកកំលោះនិស្សិតម្នាក់នេះយល់ការរាក់ជ្រៅគ្រាន់បើ ចេះចុះចូលចំណោមគេឯង ចូលស្ទឹងតាមបត់។
ស៊ីវលូញញឹមស្រស់៖
«បាន! ទៅថ្ងៃមុខ បើលោកមិនអាចមានកូនទេ មករកខ្ញុំមក៎! ខ្ញុំនឹងព្យាបាលឱ្យអ្នកប្អូន!»
ខ្ញុំនឹងធ្វើឱ្យប្រពន្ធលោកបង្កើតពងមាន់ស្អុយមួយគ្រាប់!
អ្នកកំលោះនិស្សិតរីកស្នាមញញឹមយ៉ាងស្និទ្ធស្នាលនៅចំពោះមុខស៊ីវលូ បន្ទាប់មកគេដកឆ្នុកកាទិនស្រា ចាក់ស្រាមួយចានគោមឱ្យទៅស៊ីវលូ គេអកផឹកមួយចានពេញខ្លួនឯងមុនដើម្បីបង្ហាញការគោរព។
«ពីមុនបើមានទង្វើខុសឆ្គងអ្វី ខ្ញុំសង្ឃឹមថាល្បងលូនឹងអត់ទោសឱ្យផង!»
បើគ្រាន់តែត្រឹមជាអ្នកដំណើរឆ្លងកាត់ធម្មតា ចាំបាច់អ្វីបន្ទាបខ្លួនយ៉ាងនេះនោះ។ ប៉ុន្តែបើសិនចង់រស់នៅយូរអង្វែងនៅទីនេះ មិនថាអ្នកជាអ្នកណា មានទេពកោសល្យប៉ុនណា អ្នកត្រូវតែចូលស្ទឹងតាមបត់ អនុវត្តតាមច្បាប់ទម្លាប់របស់អ្នកទីភូមិនេះ។ បើមិនពុំនោះទេ ទំនងជាពីរបីថ្ងៃម្តង ស៊ីវលូនឹងវិលមកដាក់ថ្នាំពុលទៅក្នុងពាងស្រារបស់គេ។ ឬដឹងអីប្រហែលជាថៅកែកាប់សាច់ត្រកូលកៅ បន្ថែមរបស់ដែលពិបាកលេបចូលទៅក្នុងសាច់ ឬដឹងអីប្រហែលជានំនែកនៅក្នុងតៀមបន្ថែមរសជាតិទឹកមាត់ខាកស្ដោះ… ស៊ីវលូដឹងថាអ្នកកំលោះនិស្សិតម្នាក់នេះអាចឈ្វេងយល់ពីរឿងទាំងនោះដែរ ហេតុនេះទើបគេមិនសម្ដែងល្ខោននិយាយដោយត្រង់ៗថា៖
«ខ្ញុំគួរសមជាមួយលោក មិនប្រាកដថាអ្នកប្អូនគួរសមជាមួយខ្ញុំទេ»
អ្នកកំលោះនិស្សិតឆ្លើយតប៖
«អានាន គឺជាប្អូនស្រីជីដូនមួយរបស់ខ្ញុំ សូមល្បងកុំនិយាយផ្ដេសផ្ដាស!»
ស៊ីវលូខ្ជឹបបបូរមាត់ញញឹមញញែម ចានស្រានៅពីមុខនៅតែដូចដើមដដែល។ អ្នកកំលោះនិស្សិតចាក់ស្រាថែមមួយចានគោមទៀត អកផឹកដាច់។ ស៊ីវលូមិនអើពើនឹងគេ រើសនំមួយដុំ អង្គុយរំភើយខាំជិបៗបន្តិចម្តងៗ។ អ្នកកំលោះនិស្សិតផឹកស្រាប្រាំមួយចានជាប់ៗគ្នា ឃើញស៊ីវលូគិតតែញ៊ាំនំនែក ក៏បន្តចាក់ស្រាខ្លួនឯង ប៉ុន្តែកាទិនស្រារីកស្ងួតបាត។ បន្ទាប់មកគេក៏ត្រលប់ទៅតៀមវិញយកស្រាមួយកាទិនធំចេញមកទៀត។
លុះខណៈពេលនេះ ស៊ីវលូយល់ព្រមនិយាយលក្ខខណ្ឌ៖
«ហៅប្អូនស្រីជីដូនមួយរបស់លោកទៅសុំទោសកញ្ចាស់ម៉ុក!»
អ្នកកំលោះនិស្សិតរហ័សឆ្លើយតប៖
«ប្អូនស្រីជីដូនមួយរបស់ខ្ញុំមានចរិតមានះនិងរឹងរូសខ្លាំងណាស់ ខ្ញុំសូមអនុញ្ញាតជួសមុខអញ្ជើញតុអាហារធំដុំសុំទោសជំនួសនាង!»
«លោកស្រលាញ់ប្អូនស្រីខ្លាំងមែនន៎? សុខចិត្តបន្ទាបខ្លួនឯងក៏មិនឱ្យប្អូនស្រីរបស់ខ្លួនថ្នាំងថ្នាក់ចិត្តដែរ!»
«ខ្ញុំជាបងប្រុស ត្រូវទទួលខុសត្រូវចំពោះទង្វើរបស់ប្អូនស្រីខ្លួនឯង!»
ស៊ីវលូឱនក្បាលចុះ មិនដឹងថាគេកំពុងគិតអ្វី ហើយក៏ស្រាប់តែញញឹមស្រាល លើកចានស្រានៅពីមុខគេអកផឹកដាច់ ស្ញើចសរសើរថា៖
«ឆ្ងាញ់ណាស់!»
អ្នកកំលោះនិស្សិតញញឹមតប៖
«សង្ឃឹមថាល្បងលូនឹងជួយគាំទ្រអស់ពីចិត្ត!»
ស៊ីវលូឆ្លើយតប៖
«លោកមិនចាំបាច់រៀបចំតុអាហារធំដុំសុំទោសកញ្ចាស់ម៉ុកទេ គ្រាន់តែជ្រើសរើសយកស្រាល្អៗពីរបីកាទិនជូនទៅគាត់ទៅគឺបានហើយ»
«បាន! ខ្ញុំស្ដាប់តាមល្បង!»
អ្នកកំលោះនិស្សិតឱនខ្លួនគោរពលាស៊ីវលូ រួចវិលទៅតៀមវិញ ដើម្បីបន្តកិច្ចការងារ។
រសៀលល្ងាច អ្នកកំលោះនិស្សិតនាំអ្នកបម្រើហាយថាងទៅកាន់ហួយឈុនថាង។ គេថែមទាំងជួលមនុស្សរែកស្រាម្ភៃបួនកាទិនធំ។ ក្រុមមនុស្សចាប់ផ្តើមដំណើរចេញពីតៀមស្រានៅដើមផ្លូវឆ្ពោះទៅកាន់សំណាក់ពេទ្យនៅចុងផ្លូវ រែកស្រាដើរកាត់តាមមុខទ្វារផ្ទះគ្រួសារនីមួយៗ ឱ្យបងប្អូនប្រជារាស្ត្របានឃើញទិដ្ឋភាពដ៏ឱឡារិកនេះពេញៗខ្សែចក្ខុរបស់ពួកគេដោយផ្ទាល់ ដើម្បីស្ដារមុខមាត់ឱ្យកញ្ចាស់ម៉ុកឡើងវិញ។
ហាយថាងឱនក្បាលសុំទោសកញ្ចាស់ម៉ុក ទោះបីជានាងហាក់ដូចជាមិនសូវជាពេញចិត្តនឹងធ្វើ ប៉ុន្តែនាងនៅតែបង្គ្រប់កិច្ចយ៉ាងល្អឥតខ្ចោះ មិនអួតអាងដែលជាមនុស្សរស់នៅក្នុងគ្រួសារដ៏មានកិត្យានុភាព។
កញ្ចាស់ម៉ុកអង្គុយនៅហ្នឹងមួយកន្លែង ទឹកមុខត្រជាក់ស្រេបដូចដុំប្រាក់ និយាយបែបចំអកថា៖
«ខ្ញុំអសមត្ថភាព វាយមិនឈ្នះ មិនហ៊ានទទួលយកការសុំទោសរបស់នាងទេ!»
អ្នកកំលោះនិស្សិតបង្គាប់ឱ្យហាយថាងវិលត្រលប់ទៅផ្ទះមុន ខណៈគេដាក់ខ្លួនអង្គុយចុះ បើកឆ្នុកស្រា ចាក់ស្រាអញ្ជើញកញ្ចាស់ម៉ុក គេអកផឹកដាច់ជាមុនដើម្បីបង្ហាញការគោរព។
កញ្ចាស់ម៉ុកដើមឡើយជាមនុស្សសាមញ្ញ ទៀងត្រង់ អ្នកដែលធ្វើឱ្យគាត់អាក់អន់ចិត្តមិនមែនជាអ្នកកំលោះនិស្សិតនេះ គាត់មិនអាចបដិសេធការអញ្ជើញដ៏ស្មោះសរ ក៏រហ័សជល់ចានជាមួយនឹងគេ។
ពួកគេផឹកស្រាដូចជាផឹកទឹក កញ្ចាស់ម៉ុកចាប់ផ្ដើម «ស្រាចូលពោះវាចាចេញក្រៅ» ថែមទាំងស្រែកបន្ទរពាក្យស្លោកជាមួយនឹងអ្នកកំលោះនិស្សិត។ កញ្ចាស់ម៉ុកមិនមែនជាអ្នករៀនសូត្រជ្រៅជ្រះ គាត់មិនចេះអក្សរទេ ពាក្យស្លោកផឹកស៊ីរបស់គាត់គឺជាទំនៀមទម្លាប់ដែលគាត់បានរៀននៅក្នុងជួរកងទ័ព ដើមឡើយគឺជាពាក្យកម្សាន្តអសុរោះរបស់ក្រុមមនុស្សថ្នាលទាបប៉ុណ្ណោះ ប៉ុន្តែអ្នកកំលោះនិស្សិតនោះបែរជាស្ដាប់យល់ដែរ។
ហេតុនេះ អ្នកនេះមួយឃ្លា៖ កំភួនភ្លៅមួយគូសខ្ចី… អ្នកនោះមួយឃ្លាបន្ត៖ បបូរមាត់មួយគូផូផង់… អ្នកនេះឃ្លាឃ្លោងបន្ត៖ ដើមទ្រូងមួយគូស៊ីជំពូ… អ្នកទាំងពីរប្រជែងគ្នានិយាយពាក្យអាសគ្រាមនិងវាស់ស្ទង់កម្រិតសុរាគ្នា។
ទាំងស៊ីវលូនិងគ្រាប់អង្កាំស្រឡាំងកាំងនឹងឈុតឆាកនោះ ស៊ឺឈីគ្រាន់តែអង្គុយឱនជ្រប់មុខចុះនៅស្ងៀមស្ងាត់។
កញ្ចាស់ម៉ុកសើចហាៗ ចំអន់ឱ្យស៊ឺឈី៖
«ចំជាកូនទន្សាយតូចមែន! គ្រាន់តែឮប៉ុន្មានឃ្លាសោះក៏ធ្វើឱ្យមុខក្រហមប៉ែសភ្នែកក្ដៅរោលទៅហើយ!»
ស៊ីវលូឃើញថាស៊ឺឈីមិនគេចវេសពីអ្នកកំលោះនិស្សិតនោះទេ ប្រហែលជាអ្នកដែលគេស្គាល់គឺអានាន។
គ្រាប់អង្កាំជល់កែងដៃស៊ីវលូ រំភើបខ្សឹបខ្សួលថា៖
«លោកពូព្រមសើចហើយន៎!»
ស៊ីវលូញាក់ភ្នែកញញឹមពព្រាយដាក់អ្នកកំលោះនិស្សិតនោះ។ ជើងខ្លាំងម្នាក់នេះពូកែមែន មិនថាប្រុសឬស្រី ទន់ភ្លន់ឬអសុរោះ គេសុទ្ធតែអាចផ្គាប់ចិត្តបានគ្រប់ៗគ្នា។ មិនងឿងឆ្ងល់ឡើយដែលគេអាចល្បួងបានកូនស្រីគ្រួសារធំ។
បន្ទាប់ពីផឹកអស់ស្រាពីរបីកាទិនធំ កញ្ចាស់ម៉ុកនិងអ្នកកំលោះនិស្សិតចាប់ផ្តើមហៅគ្នាថាបងប្អូនសំលាញ់ទៅវិញទៅមក ពួកគេនៅខ្វះតែរៀបចំតុសែនព្រេងស្បថស្បែប៉ុណ្ណោះ។ នៅពេលដែលជូនដំណើរអ្នកកំលោះនិស្សិតនោះចាកចេញ គាត់សរសើរគេថាមានទឹកចិត្តស្មោះសរខ្លាំង សង្ឃឹមថានឹងមានឱកាសអញ្ជើញគេស៊ីសាច់ពពែដុត ដើម្បីឱ្យពួកគេទាំងពីរបានចួបជុំគ្នាជល់ចានស្រាម្ដងទៀត។
កញ្ចាស់ម៉ុកនិងគ្រាប់អង្កាំស្រវឹងស្រាជោក ស៊ីវលូកំពុងរវល់រៀបចំចាននិងចង្កឹះ។ ស៊ឺឈីបន្លឺសំឡេងឡើង៖
«ទុកឱ្យខ្ញុំ ល្បងទៅសម្រាកទៅ»
ស៊ីវលូសើចស្ញយ៖
«ម៉េចនឹងសម!»
ស៊ឺឈីលាងសម្អាតចាន ស៊ីវលូបោសសម្អាតចន្ក្រានផ្ទះបាយ អ្នកទាំងពីរមិននិយាយរកគ្នាសូម្បីមួយម៉ាត់។ ជាច្រើនដង ស៊ឺឈីលួចសម្លឹងមើលទៅស៊ីវលូ ឃើញគេកំពុងធ្វើការបណ្ដើរខណៈកំពុងញញឹមលឹបភ្នែក។ បើគាប់ជួនចួបប្រទះខ្សែភ្នែករបស់ស៊ឺឈី គេក៏មិនគេចចេញទៅណា គ្រាន់តែលានអណ្ដាត ធ្វើមុខព្រាយពញ្ញាក់គេ។
លាងចានរួច ស៊ឺឈីចង់ចូលទៅជួយស៊ីវលូ ប៉ុន្តែគេបដិសេធ៖
«ខ្ញុំជិតរួចរាល់ហើយ លោកគួរតែទៅសម្រាកមុនចុះ»
ស៊ឺឈីឈរស្ងៀមទ្រឹងនៅទីនោះមិនកម្រើក។ មួយសន្ទុះក្រោយមក ស៊ឺឈីបន្លឺសំឡេងស្រាលៗថា៖
«ស៊ីវលូ ល្បងនៅតែកំពុងខឹង»
«ហ្ហឹម?»
ស៊ីវលូញញឹមបន្លប់៖
«មានឯណា! កញ្ចាស់ម៉ុកទទួលយកគេធ្វើជាបងប្អូនហើយ នៅទះទ្រូងដឹបៗសន្យាថានឹងចាត់ទុកអានានជាប្អូនស្រី អត់ឱនតឱ្យនាង។ បើអ៊ីចឹងទៅហើយខ្ញុំនៅខឹងទៀតធ្វើអី?»
ស៊ឺឈីដឹងថាស៊ីវលូកំពុងធ្វើពុត ទើបគេសម្លឹងស៊ីវលូមិនដាក់ភ្នែក៖
«ល្បងមិនចង់និយាយជាមួយខ្ញុំ»
«អ្នកណាថា? ខ្ញុំរាល់ថ្ងៃសុទ្ធតែនិយាយជាមួយលោក ឥឡូវនេះខ្ញុំក៏កំពុងនិយាយជាមួយលោកដែរណា៎មិនអ៊ីចឹង?»
«ខ្ញុំ… ចង់… ឱ្យពួកយើងដូចជាពីមុន។ ខ្ញុំចង់ឮល្បងនិយាយបូរបាច់រឿងឱ្យស្ដាប់»
«ពីមុន?»
ស៊ីវលូធ្វើពុត៖
«ខ្ញុំមានខុសពីមុនឯណា? ខ្ញុំនៅតែធ្វើចំពោះលោកដូចធ្វើចំពោះពួកគេដែរអ៊ីចឹងទេតើ!»
ស៊ឺឈីឱនក្បាលចុះ គេមិនពូកែនិយាយស្ដី មានតែខិតខំទប់អារម្មណ៍ដោយភាពស្ងប់ស្ងាត់ ភាពកម្សត់ឯកាបញ្ជ្រាបទៅក្នុងស្នូរសំនៀងសោកសៅមួយទំនុកៗ។
ស៊ីវលូព្យួរក្រណាត់ជូតផ្ទះបាយនៅលើទំពក់ ជូតសម្អាតដៃនៅលើសម្លៀកបំពាក់របស់គេ។
«រួចរាល់ហើយ អាចទៅគេងហើយ!»
ស៊ីវលូដើរយ៉ាងលឿនត្រលប់ទៅកាន់បន្ទប់គេ សម្បកស្នូកបេះដូងរបស់គេប្រមូលផ្គុំបិទជិត អារម្មណ៍ទន់ខ្សោយពីមុនធ្វើឱ្យគេយល់ខុស ពេលនេះគេបានភ្ញាក់ដឹងខ្លួនទាំងស្រុងហើយ។
មនុស្សលោកយើងម្នាក់ៗសុទ្ធតែមកកាន់ពិភពលោកនេះឯកាតែឯង ហើយឯកាតែឯងពេលចាកចេញទៅវិញ គ្មានអ្នកណាម្នាក់អាចទន្ទឹងរង់ចាំអ្នកណាម្នាក់ឡើយ។ សង្ឃឹមកាន់តែច្រើនអស់សង្ឃឹមកាន់តែច្រើន បើយកល្អចាប់តាំងពីដើមទីមក កុំរំពឹងក្ដីសង្ឃឹមអ្វីទាំងអស់។
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ