រឿង៖ និរន្តរ៍អាល័យ (ភាគ៥)

ស៊ឺឈីគ្រាន់តែជាបណ្ដោះអាសន្នមិនអាចវិលត្រលប់ទៅរកកន្លែងរបស់គេវិញ ហេតុនេះស៊ីវលូឱ្យគេស្នាក់នៅជាបណ្ដោះអាសន្ន។ រយៈថ្ងៃខែដ៏ខ្លីដែលបានចំណាយពេលជាមួយគ្នានៅទីបំផុតនឹងត្រូវបំភ្លេចចោល ខណៈដែលដំណើរផ្លូវជីវិតនៅខាងមុខ នៅតែវែងអន្លាយគ្មានទីបញ្ចប់។

ជីវភាពរស់នៅវិលមករកទម្លាប់ចាស់ កញ្ចាស់ម៉ុកនៅតែបន្តធ្វើជាមនុស្សចំណាស់ព្រួយបារម្ភច្រើននិងទទួលខុសត្រូវច្រើន។ គាត់បន្តទៅផ្សារដាំបាយធ្វើម្ហូប បន្តផឹកស្រាធ្វើមេអណ្ដើក៖ រឿងមង្គលការរបស់គ្រាប់អង្កាំ។

ស៊ីវលូជាមនុស្សចូលចិត្តធ្វើតែមិនចូលចិត្តខ្វល់ ស៊ឺឈីនិយាយស្ដីតិច មិនចូលចិត្តមាត់ក ហេតុនេះ កញ្ចាស់ម៉ុកមិនដឹងថាត្រូវចែករំលែករឿងមួយហ្នឹងជាមួយអ្នកណា រឿងអនាគតរបស់គ្រាប់អង្កាំគាត់តែងតែយកចិត្តទុកដាក់នៅក្នុងពោះជានិច្ច។ មនុស្សដែលយល់ចិត្តគាត់ជាងគេនៅពេលនេះបែរជាមានតែអ្នកកំលោះនិស្សិតឈ្មោះ សៀន។

រាល់ពេលដែលគាត់ទៅផ្សារទិញម្ហូប គាត់នឹងឈាងផ្លូវឈប់នៅតៀមស្រារបស់សៀន ផឹកស្រាប៉ុន្មានចានរៀបរាប់ប្រាប់សៀនពីរឿងដែលកូនស្រីរបស់គ្រួសារខាងណេះមិនចូលចិត្តគ្រាប់អង្កាំ រីឯគ្រាប់អង្កាំបែរជារិះគន់កូនស្រីរបស់គ្រួសារខាងណោះ… ពួកខ្មោចប្រមឹកប្រមូលផ្តុំក្បាលគ្នានៅក្នុងតៀមស្រារបស់សៀន ជួយរិះរកមធ្យោបាយឱ្យកញ្ចាស់ម៉ុក។

រឿងមង្គលការរបស់គ្រាប់អង្កាំ នៅមិនទាន់មានសញ្ញាណវិជ្ជមាននៅឡើយ រីឯឈុនតៅវិញបានពរពោះបង្កើតកូនឱ្យមុខខ្មូត កូនស្រីធាត់ទ្រលុកទ្រលន់ម្នាក់។ កញ្ចាស់ម៉ុករំជួលចិត្តឡើងស្រក់ទឹកភ្នែក ស្របពេលជាមួយគ្នានោះ កាន់តែតាំងចិត្តស្វះស្វែងរកប្រពន្ធឱ្យគ្រាប់អង្កាំឱ្យបានឆាប់។

ពេលវេលាកន្លងផុតទៅដោយស្ងប់សុខដូចទឹកហូរបណ្ដោយ តៀមស្រារបស់អ្នកកំលោះនិស្សិតនោះចាប់ផ្ដើមមានកន្លែងឈរជើងជាបណ្តើរៗនៅភូមិឈីងសួយ ប្រជារាស្ត្រនៅតាមផ្លូវច្រាំងទន្លេត្រើយខាងលិចចាប់ផ្តើមទទួលយកសៀន។

ដំបូងឡើយ ស៊ីវលូគិតគូរច្រើនពីរឿងដែលសៀនស្នាក់នៅក្នុងភូមិឈីងសួយនេះ ប៉ុន្តែលុះជាយូរៗទៅគេក៏បានបំភ្លេចរឿងនោះចោល ចាប់ផ្តោតលើការស្រាវជ្រាវស្មៅថ្នាំរបស់គេ។

សាងលីវជារឿយៗតឿនស៊ីវលូឱ្យលាយផ្សំថ្នាំពុលចម្លែកជាច្រើន ស៊ីវលូត្រូវខិតខំផ្តោតអារម្មណ៍ទប់ទល់ជាមួយគេ។ យប់ជ្រៅ ស៊ីវលូឈរសញ្ជឹងនៅក្បែរបង្អួច ក្រឡេកមើលទៅពន្លឺព្រះចន្ទរះពេញវង់ លួចបន់ស្រន់ដោយស្ងាត់ៗថា៖

«សុំឱ្យសាងលីវហូបបាយអួលបាយស្លាប់ ផឹកទឹកឈ្លក់ទឹកស្លាប់ ឬដើរជំពប់ដួលស្លាប់ទៅតាមផ្លូវ!»

បន្ទាប់ពីបន់ស្រន់ហើយ គេទាញទ្វារបង្អួចបិទ រៀបចំខ្លួនចូលគេង នឹកគិតនៅក្នុងពោះថានឹងគេងមួយប្រាវយ៉ាងស្កប់ស្កល់ឱ្យដល់ព្រឹកស្អែក ខណៈដែលគេងាកមុខមកក្រោយ ក៏ឃើញសាងលីវឈរផ្អែកស្មាលើជញ្ជាំងក្បែរគ្រែ ស្ថិតនៅក្នុងឈុតសម្លៀកបំពាក់សក្បុស សម្លឹងមើលទៅគេយ៉ាងត្រជាក់ល្អូក។

ស៊ីវលូស្រែកភ្លាត់សម្ដីភ្លាមៗឡើង៖

«អម្បាញ់មិញខ្ញុំមិនបានដាក់បណ្ដាសាលោកទេ!»

«ឯងដាក់បណ្ដាសាយើងហ្អេស?»

សាងលីវច្បិចជ្រុងមាត់ញញឹម ក្ដក់ម្រាមដៃឱ្យសញ្ញាហៅ។

ស៊ីវញ័រតតាត់ដើរចូលទៅជិត អង្គុយចុះនៅមុខគេស្រែកថា៖

«កុំវាយមុខខ្ញុំ!»

សាងលីវមិនដាក់ទោសគេដោយប្រើដៃតែប្ដូរមកប្រើមាត់។ គេហាចង្កូមខាំកញ្ចឹងករបស់ស៊ីវលូមិនគួរសម បឺតជញ្ជក់ឈាមថ្មីស្រស់ៗ។ ស៊ីវលូបិទភ្នែកជិតត្អឹង លើកមុនសាងលីវគ្រាន់តែគំរាម លើកនេះបិសាចកំណាចពិតជាជញ្ជក់ឈាមរបស់គេមែន។

មួយសន្ទុះក្រោយមក ទើបសាងលីវដកចង្កូមចេញពីស៊ីវលូ ប៉ុន្តែមាត់របស់គេនៅស្អិតជាប់លើមុខរបួសកញ្ចឹងករបស់ស៊ីវលូ៖

«ខ្លាចទេ?»

«អត់ទេ»

«កុហក!»

ស៊ីវលូឆ្លើយតបដោយស្មោះត្រង់៖

«យប់នោះខ្ញុំដឹងថាលោកបានប្រទះឃើញអាថ៌កំបាំងនៅលើរាងកាយរបស់ខ្ញុំ។ ខ្ញុំគិតថាលោកនឹងរកវិធីស៊ីសាច់ខ្ញុំ។ យប់នេះលោកពិតជាមកទីនេះមែន ប៉ុន្តែនៅពេលដែលខ្ញុំដឹងថាលោកគឺគ្រាន់តែចង់ជញ្ជក់ឈាមខ្ញុំតែប៉ុណ្ណោះ ខ្ញុំក៏លែងនៅខ្លាចទៀត!»

សាងលីវញញឹមយ៉ាងព្រឺព្រួច៖

«ប្រហែលជានៅចំពោះមុខឥឡូវនេះយើងគ្រាន់តែចង់ជញ្ជក់ឈាមឯងសិន តែប្រហែលជានៅក្នុងរដូវរងាណាមួយ យើងនឹងញ៉ាំកម្ទេចឯងឱ្យហ្មត់ដើម្បីធ្វើជាថ្នាំបំប៉នកម្លាំង!»

ស៊ីវលូញញឹមយកចិត្ត៖

«ខ្ញុំបាទជាមនុស្សរបស់លោករួចទៅហើយ លោកចង់ចាត់ការយ៉ាងណាក៏ស្រេចតែចិត្តចុះ!»

«កុហកទៀតហើយ!»

ស៊ីវលូក្រឡេកមើលទៅសាងលីវ ឃើញថាគេយប់នេះពិតជាចម្លែកខ្លាំងណាស់ បើទោះបីជាសក់ពណ៌សរបស់គេនៅតែរលើបរលោង សម្លៀកបំពាក់ពណ៌សរបស់គេនៅតែសស្អាតចាំង ប៉ុន្តែនៅតែជាប់ប្រតាកស្នាមតិចតួច៖

«លោកត្រូវរបួស?»

សាងលីវកៀកកើយដៃអង្អែលលើកញ្ចឹងករបស់ស៊ីវលូ ហាក់ដូចជាចង់ស្វែងរកទីតាំងសមសួនខាំម្ដងទៀត។

«តើទីបញ្ចប់ទៅឯងធំធាត់ឡើងដោយសារអ្វី? បើឱ្យពួកព្រាយបិសាចនៅខាងក្រៅដឹងថាឈាមរបស់ឯងមានប្រសិទ្ធភាពជាងថ្នាំទិព្វណាទាំងអស់នៅលើលោកនេះ នោះពួកគេប្រាកដជាហែកចម្រៀកសាច់របស់ឯង ស៊ីឯងទាំងរស់មិនខាន!»

ស៊ីវលូញញឹម មិនឆ្លើយតបសំនួរសាងលីវ បែរជាសួរបកទៅគេវិញ៖

«លោកម្ចាស់ នៅសុខៗយប់ជ្រៅស្ងាត់មកដល់ទីនេះ មិនដឹងថាលោកម្ចាស់មានអ្វីបង្គាប់ប្រើ?»

សាងលីវដោះអាវខាងក្រៅរបស់គេចេញ ផ្ដេកខ្លួនដេកចុះ។

«ដេកអាស្រ័យនៅកន្លែងឯងមួយយប់»

«អ៊ីចឹងចុះឱ្យខ្ញុំទៅដេកនៅឯណាវិញ?»

សាងលីវគ្រលៀសភ្នែកកាត់មុខគេបន្តិច ស៊ីវលូរហ័សទម្លាក់ខ្លួនអង្គុយចុះភ្លាម យល់កាលៈទេសៈ ន័យរបស់លោកម្ចាស់គឺ៖ ទៅរកកន្លៀតជញ្ជាំងណាមួយដេកទៅ។

ស៊ីវលូខឹងឆេះក្ដៅសម្លក់ទៅសាងលីវ នោះជាភួយរបស់គេ ថ្ងៃនេះស៊ឺឈីទើបតែបានយកវាចេញទៅហាលស្ងួត មានក្លិនក្រអូបស្រស់ស្រាយ គេថែមទាំងប្រើដំបងវាយសម្អាតធូលី ធ្វើឱ្យរោមកប្បាសនៅខាងក្នុងទន់ល្មើយជាងមុន។ ស៊ីវលូរុំខ្លួននឹងកម្រាលព្រំមួយ អង្គុយឱបផ្អែកជ្រុងគ្រែ ដេកលក់ទៅទាំងអារម្មណ៍តូចចិត្ត។

យប់ជ្រៅពាក់កណ្តាលអធ្រាត្រ ស៊ីវលូពពាក់ពពូនលូនឡើងទៅលើគ្រែ អង្គុយសង្គ្រប់លើខ្លួនប្រាណរបស់សាងលីវ គេបើកភ្នែកយឺតៗ។

ស៊ីវលូច្របាច់កគេ ទឹកមុខកោងកាច ផ្ទុះសើចលាន់ហាៗ៖

«លោកកំពុងតែបិទជីពចរកម្លាំងធាតុតាំងសមាធិព្យាបាលរបួសមែនទេ? កុំក្ដៅក្រហាយ មិនអ៊ីចឹងទេបើស្រាលមុខរបួសនឹងកាន់តែធ្ងន់ធ្ងរ បើធ្ងន់វិញកម្លាំងធាតុនឹងរលាយខ្សាយ ចិត្តនឹងជ្រួយច្របល់ឡប់វល់!»

សាងលីវបិទភ្នែករាបស្មើ។ ស៊ីវលូទះផាច់ៗលើថ្ពាល់ខាងឆ្វេងរបស់សាងលីវ៖

«ខ្ញុំវាយលោកសែសិបកំផ្លៀងល្អទេ!»

បន្ទាប់មកទះផាច់ៗលើថ្ពាល់ខាងស្ដាំម្ដង៖

«បិសាចកំណាចដ៏គួរឱ្យស្អប់ដូចជាលោកប្រហែលជាមិនខ្លាចការឈឺចាប់ត្រឹមប៉ុណ្ណឹងទេ។ វរៗខ្ញុំកាត់ដៃឆ្វេងរបស់លោក លោកនឹងប្រើដៃស្តាំរបស់លោកអាំងដៃឆ្វេងលោកស៊ីទៀតផងក៏មិនដឹង! ហិហិ…»

ស៊ីវលូលោតចេញពីលើគ្រែ រត់ទៅផ្ទះបាយ រើសដុំធ្យូងខ្មៅក្ងេះវិលមកវិញ លូនឡើងលើគ្រែ អង្គុយលើខ្លួនគេ និយាយសម្ដីសំដៅដោយបំណងអាក្រក់ថា៖

«មិននឹកស្មានថាបិសាចកំណាចដូចជាលោកក៏មានថ្ងៃនេះដែរ! កុំឆេវឆាវ ផ្តោតកម្លាំងព្យាបាលរបួសចុះ កុំឱ្យខ្ញុំរំខានដល់សមាធិលោកបែកអារម្មណ៍!»

ស៊ីវលូកាន់ដុំធ្យូង ចាប់ផ្តើមផាត់តុបតែងមុខឱ្យសាងលីវ៖ ចិញ្ចើមត្រូវគូសឱ្យក្រាស់ឃ្មឹកជាងហ្នឹង ខាងនេះបន្តិច…បន្ទាប់មកខាងណោះបន្តិច… លើថ្ងាសគូសថែមភ្នែកមួយ… ធ្យូងនេះធំណាស់មិនស្គាបដៃទាល់តែសោះ។ គ្មានបញ្ហាទេ ត្រដុសលើអាវពណ៌សរបស់សាងលីវឱ្យរលោងស្រិល ហើយចាំយកប្រើបន្តទៀត!

គូរវាស់រួចរាល់ ស៊ីវលូពេញចិត្តពេញថ្លើមកោតសរសើរលើស្នាដៃគេ ដកកញ្ចក់សំណព្វចិត្តរបស់គេពីក្នុងទ្រូងអាវចេញ ផ្អៀងផ្អឹបទៅជិតផ្ទៃមុខរបស់សាងលីវ៖

«មើលទៅ! កុំខឹងអីណា៎ ខឹងផ្ទុះកំហឹងមិនល្អទេ!»

សាងលីវបើកភ្នែកឡើង កែវភ្នែករបស់គេមុតស្រួចជាងកាំបិត។

ស៊ីវលូពេបជ្រាយមាត់ដាក់សាងលីវ៖

«មើលទៅ!»

រូបក្នុងកញ្ចក់ នៅខាងក្រោមភ្នែកខាងឆ្វេងរបស់សាងលីវ មានរូបគ្រាប់ភ្នែកបី នៅខាងស្តាំក៏មានគ្រាប់ភ្នែកបី នៅលើថ្ងាសមានភ្នែកមួយទៀត។

ស៊ីវលូរាប់យឺតៗ៖

«ភ្នែកមួយ ភ្នែកពីរ ភ្នែកបី… សរុបទាំងអស់មានភ្នែកប្រាំបួន!»

ស៊ីវលូបន្តគូរគ្រវេមគ្រវាមដោយម្រាមដៃប្រឡាក់ធ្យូងខ្មៅរបស់គេ គេគូរថែមក្បាលពីលើ ភ្នែកទាំងប្រាំបួនប្រែក្លាយទៅជាក្បាលទាំងប្រាំបួន ដោយភ្នែកនីមួយបាញ់សម្លក់ទៅគេ។

ស៊ីវលូជ្រួញចិញ្ចើម៖

«ខ្ញុំនៅតែមិនអាចស្រមៃថាក្បាលប្រាំបួនរបស់លោកដុះចេញមកយ៉ាងណា ចាំរកថ្ងៃណាមួយលោកបង្ហាញរូបរាងពិតរបស់លោកឱ្យខ្ញុំឃើញមកណា៎!»

សាងលីវកម្រើកបបូរមាត់បន្តិច កាយវិការមាត់ចង់និយាយថា៖

«យើងនឹងស៊ីសាច់ឯង!»

ស៊ីវលូបន្តប៉ាតពាសម្រាមដៃខ្មៅក្ងេះនៅលើបបូរមាត់របស់សាងលីវ៖

«មិនខ្លាចកខ្វក់ទេក៏ស៊ីទៅ!»

សាងលីវអាចកម្រើកបបូរមាត់បាន ដៃរបស់គេចាប់ផ្ដើមធ្វើចលនា គេជិតបញ្ចប់ការព្យាបាលរបួស។ ស៊ីវលូលូនចុះពីគ្រែ ផ្អៀងក្បាលសម្លឹងមើលទៅសាងលីវ៖

«ខ្ញុំទៅសិនហើយ កុំមកតាមរកខ្ញុំ ខ្ញុំនឹងបាត់ស្រមោលពីរបីថ្ងៃ រង់ចាំរហូតដល់លោកឈប់ខឹង នឹកចងចាំទង្វើដែលមានប្រយោជន៍របស់ខ្ញុំ ខ្ញុំនឹងត្រលប់មកវិញ»

ស៊ីវលូដើរទៅផ្ទះបាយច្រកស្បៀងបន្ដិចបន្ដួច រួចទាញទ្វារបិទថ្នមៗ នៅពេលដែលគេងើយមុខឡើងក៏ឃើញស៊ឺឈី។ ស៊ីវលូទើបតែផ្ដួលសាងលីវបានទើបមានអារម្មណ៍ល្អ។ គេគ្រវីគ្រវាត់ដៃដាក់ស៊ឺឈី រីកស្នាមញញឹមស្ញេញស្ញាញនៅលើបបូរមាត់។

ស៊ឺឈីបោះជំហានដើរចូលទៅជិត ក្រសែភ្នែកភ្លឺក្រឡង់ សេចក្ដីរីករាយរៀបនឹងហូរហៀរ ក៏ស្រាប់តែបញ្ឈប់ឆ្កឹងពេលឃើញស្លាកស្នាមធ្មេញនៅលើកញ្ចឹងករបស់ស៊ីវលូ មនុស្សដែលមិនយល់ផ្ទៃសាច់រឿងខាងក្នុងច្បាស់ជាគិតថានោះគឺជា ស្នាមថើប។

ស៊ឺឈីបាញ់ក្រសែភ្នែកមើលទៅកាន់បន្ទប់គេងរបស់ស៊ីវលូយ៉ាងរហ័ស សេចក្ដីរីករាយនៅក្នុងក្រសែភ្នែកក៏ត្រជាក់ស្រេបបន្តិចម្តងៗរលត់សូន្យ។

ស៊ីវលូផ្ដែផ្ដាំថា៖

«សាងលីវកំពុងតែនៅក្នុងបន្ទប់របស់ខ្ញុំ កុំទៅរំខានដល់គេ ទុកឱ្យគេសម្រាកចុះ។ ពេលភ្ញាក់ឡើង គេនឹងចាកចេញពីទីនេះដោយឯកឯង។ ខ្ញុំមានការត្រូវចេញទៅក្រៅមួយរយៈ ជួយប្រាប់ទៅកញ្ចាស់ម៉ុកថាកុំតាមរកខ្ញុំ!»

និយាយចប់ មិនរង់ចាំស៊ឺឈីឆ្លើយតប ភ្លាមនោះក៏បោះជើងចាកចេញទៅបាត់។ ស៊ីវលូរត់បណ្ដើរគិតគូរបណ្ដើរ៖ តើគួរលាក់ខ្លួននៅឯណាកុំឱ្យបិសាចកំណាចនោះរកឃើញខ្លួនន៎? តើជាធម្មតាខ្លួនឯងស្អប់ទៅកន្លែងណាជាងគេ?

គេគិតគូរអស់មួយសន្ទុះ រត់បង្វេះបង្វៀងអស់មួយជុំធំ ក៏ជ្រុលជើងចូលទៅក្នុងតៀមស្រារបស់អ្នកកំលោះសៀន។ ស៊ីវលូឆ្លៀតមេឃមិនទាន់ភ្លឺ លួចលាក់ចូលទៅក្នុងរូងក្រោមដីបិតស្រា លាក់ខ្លួននៅទីនោះ មានអារម្មណ៍សុវត្ថិភាពជាខ្លាំងនិងកោតសរសើរខ្លួនឯង។ គេបម្រុងនឹងផ្អែកលើពាងស្រាគេងលក់ឱ្យស្រួលណាណី ក៏ស្រាប់តែឮសូរសំឡេងសៀនបន្លឺឡើង៖

«ពួកគេយ៉ាងម៉េចហើយ?»

«ស្លាប់បីនាក់ រស់ម្នាក់ត្រលប់មកវិញ។ ជម្រាបទានម្ចាស់ ពួកយើងបានព្យាយាមអស់ពីសមត្ថភាពហើយ ប៉ុន្តែដំណើរមួយជើងនេះបានបង្អើលដល់ជីវម៉ីញសាងលីវ បងប្អូនរបស់ពួកយើងបីនាក់ប្ដូរជីវិតជាមួយសាងលីវ បានធ្វើឱ្យគេត្រូវរបួស!»

«គេត្រូវរបួសហ្អេស?»

«មនុស្សរបស់ពួកយើងឈរជើងនៅលើភ្នំក៏ដឹងដែរថា នេះជាឱកាសដែលព្រះប្រទានឱ្យដើម្បីកម្ចាត់គេ ប៉ុន្តែបែរជាមិនអាចរកគេឃើញ!»

«ហ្ហឹម»

«ខ្ញុំបម្រើសូមគោរពលា!»

ទ្វាររូងក្រោមដីបិទជិត រូងបិតស្រាប្រែជាស្ងប់ស្ងាត់។ រំពេចនោះ ទើបស៊ីវលូអាចដកដង្ហើមចេញយ៉ាងធូរទ្រូង បន្តលង់លក់ដំណេកដាច់កណ្ដាលទីដោយមិនគិតច្រើន។

មេទ័ពសេនាប្រមុខកុងកុងប្រយុទ្ធប្រឆាំងជាមួយនឹងនគរសានយានអស់រាប់រយឆ្នាំមកហើយ។ ដំបូងឡើយ អធិរាជហ័ងទីបានបញ្ជូនទ័ពទៅសម្លាប់រង្គាលកងទ័ពរបស់កុងកុង។ នៅគ្រានោះ វាលទំនាបភូមិភាគកណ្តាលនៅមិនទាន់មានលំនឹង នគរកៅស៊ីងក៏នៅកៀកបង្កើយក្បែរនោះ។ កងទ័ពជ្រោងទង់សច្ចៈកុងកុងកាន់កាប់តំបន់ដែលមានសណ្ឋានដីគ្រោះថ្នាក់ខ្លាំង កងទ័ពរបស់អធិរាជហ័ងទីបានបាត់បង់អាយុជីវិតទាហាននិងមេទ័ពជាច្រើន ប៉ុន្តែនៅតែមិនអាចកម្ចាត់ខ្មាំងទ័ពបាន ហេតុនេះពួកគេមានតែទប់ទល់ឡោមហ៊ុមព័ន្ធជិត បង្ខិតបង្ខំឱ្យកុងកុងសុំចុះចាញ់។

សង្រ្គាមរវាងភាគីទាំងពីរប្រែផ្លាស់ប្ដូរពីទីកន្លែងភ្លឺមកទីកន្លែងងងឹត ភាគីទាំងសងខាងរៀបចំផែនការលបធ្វើឃាតភាគីម្ខាងទៀតដោយវិធីជាច្រើនរាប់មិនអស់ដែលស៊ីវលូនឹកស្មានមិនដល់។ នគរសានយានថែមទាំងបិទឈ្មោះព្យួរស្លាកផ្តល់រង្វាន់ទូងស្គរប្រកាសក្ដែងៗ ផ្ដល់រង្វាន់ក្រាស់ក្រែលសម្រាប់អ្នកណាដែលអាចកាត់យកក្បាលរបស់ជីវម៉ីញសាងលីវ ប្រាក់រង្វាន់ហក់ផ្កើនលើសមេទ័ពសេនាប្រមុចកុងកុងទៅទៀត ឈរនៅលំដាប់លេខមួយ។

មូលហេតុស្ដាប់ទៅចម្លែក ព្រោះតែកុងកុងគឺជាពូជពង្សរាជវង្សានុវង្សស៊ឹងនុង មានឈាមជ័រលោហិតខ្ពង់ខ្ពស់ អ្នកដែលសម្លាប់គាត់ដើម្បីប្រាក់រង្វាន់នឹងត្រូវមនុស្សក្រោមមេឃនេះដាក់បណ្តាសា។ ប៉ុន្តែសាងលីវគឺខុសពីគាត់ គេគឺជាបិសាចសត្វចម្លែក ជាបិសាចក្បាលប្រាំបួនដែលមានរូបរាងអាក្រក់និងកាចសាហាវយង់ឃ្នង។ ហេតុនេះ បើទោះបីជាសម្លាប់គេដើម្បីថ្នូរប្រាក់ក៏ដោយ ក៏មិនមានអារម្មណ៍ថាក្បត់មនសិការដែរ។

អ្នកកំលោះនិស្សិតសៀនចង់សម្លាប់សាងលីវដើម្បីថ្នូរប្រាក់ ឬអ្វីផ្សេងទៀត ស៊ីវលូមិនខ្ចីខ្វល់ខ្វាយនោះឡើយ។ អ្វីៗសព្វគ្រប់យ៉ាងនៅក្នុងជីវិតរមែងគ្មានអ្វីក្រៅពីលោភលន់កេរ្តិ៍ឈ្មោះនិងផលប្រយោជន៍។

ស៊ីវលូលាក់ខ្លួននៅក្នុងរូងបិតស្រាអស់រយៈពេលបីថ្ងៃ លុះរហូតដល់ពាក់កណ្ដាលអធ្រាត្រថ្ងៃទីបួន គេលិបលលួចចូលទៅក្នុងផ្ទះបាយដើម្បីលួចអាហារ ទើបតែបេះសាច់មាន់មួយដុំដាក់ចូលទៅក្នុងមាត់ ក៏ឮសំឡេងរបស់សៀនបន្លឺឡើងនៅពីក្រោយខ្នងគេ៖

«ចង់ផឹកស្រាបន្តិចទេ?»

ស៊ីវលូស្រឡាំងកាំងឆ្កឹង បែរក្បាលទៅក្រោយដោយក្ដីអាម៉ាស់។ សៀនឈរផ្អែកមាត់ទ្វារផ្ទះបាយ ទឹកមុខស្រាលស្រទន់។

ស៊ីវលូសើចខឹកៗ៖

«អឺ… ខ្ញុំ… ចង់ហូបអាហារផ្ទះលោកឆ្ងាញ់ជាងអាហារកញ្ចាស់ម៉ុក…»

«ហូបក្តៅ រឹតតែឆ្ងាញ់»

«អ៊ីចឹង… បង្កាត់ភ្លើងកំដៅឡើងល្អទេ?»

«បាន!»

សៀនដាក់ឧសចូលឡចង្ក្រាន ដុតភ្លើងកំដៅម្ហូបអាហារ។ ស៊ីវលូអង្គុយនៅក្បែរសៀន សៀនចាក់ស្រាមួយចានឱ្យគេ គេសន្សឹមៗផឹកដាច់។

«បើល្បងចង់ផឹកថែម កុំក្រែងចិត្តអី»

«…អរគុណ!»

សៀនដួសអាហារក្តៅហ៊ុយៗឱ្យស៊ីវលូ រួចចាក់ស្រាមួយចានឱ្យខ្លួនឯង អកផឹកជាមួយនឹងគេ។ ស៊ីវលូនឹកគិតស្ងាត់ៗថា ទិដ្ឋភាពនេះនឹងរឹតតែកក់ក្តៅជាងនេះ បើមិនមែនយប់ពាក់កណ្តាលអាធ្រាត្រ ហើយបើស៊ីវលូត្រូវអញ្ជើញមកកាន់ទីនេះត្រឹមត្រូវ។

ស៊ីវលូនិយាយបន្លប់សួរថា៖

«ជាអាហារដែលអានានចម្អិនមែនទេ? ឆ្ងាញ់ខ្លាំងណាស់!»

«អានានចេះតែហូបប៉ុណ្ណោះ»

សម្ដីរបស់សៀនផ្ទុកពេញទៅដោយទំហំក្ដីស្រលាញ់ថ្នាក់ថ្នមប្អូនស្រី។

«មិននឹកស្មានសោះ ល្បងចេះបិតស្រាហើយចេះធ្វើម្ហូបទៀត អានានពិតជាសំណាងមែន!

«ធ្វើជាបងប្រុស ខ្ញុំមានតួនាទីមើលថែនាង»

«ប៉ុន្មានថ្ងៃនេះ ខ្ញុំកម្រឃើញអានានណាស់»

តាមពិតទៅមិនមែនត្រឹមតែកម្រឃើញ តែស្ទើរតែមិនដែលឃើញមុខគ្នាទាល់តែសោះ។

សៀនញញឹម៖

«ល្បងលូចង់ចួបអានាន?»

«អត់ទេ… អត់ទេ… គ្រាន់តែនិយាយលេងប៉ុណ្ណោះ»

តាមពិតទៅ យកល្អកុំឱ្យឃើញមុខគ្នាជារៀងរហូតទៅចុះ!

«ខ្ញុំពឹងនាងប៉ាក់វាំងននមួយផ្ទាំង នាងកំពុងតែរវល់ដេរប៉ាក់»

ពេលនេះ ទើបស៊ីវលូបានយល់ច្បាស់ គ្មានអ្វីចម្លែកទេដែលនាងព្រមនៅសំងំស្ងៀមសុខស្រួលយ៉ាងនេះ តាមពិតត្រូវអ្នកកំលោះនិស្សិតដាក់អន្ទាក់ចងនាងជាប់។

ហាក់បីមើលធ្លុះចិត្តគំនិតរបស់ស៊ីវលូ សៀនក៏និយាយឡើងមកថា៖

«ទៅថ្ងៃមុខ បើអានានមានកន្លែងខុសឆ្គង សូមយោគយល់ថានាងជាមនុស្សស្រី បន្ធូរប្រណីដៃឱ្យនាងផង»

ទៅថ្ងៃមុខ? នៅមានថ្ងៃមុខបន្ទាប់ពីនេះទៀតហ្អេស? ឬមួយថាគេគ្មានបំណងចង់សម្លាប់មនុស្សបំបិទមាត់នៅក្នុងយប់នេះទេ?

ស៊ីវលូញញឹមស្រស់បស់៖

«ប្រាកដណាស់… ប្រាកដណាស់… ខ្ញុំប្រាកដជាបន្ធូរប្រណីដៃឱ្យនាង»

សៀនក្រោកឈរឡើង ឱនក្បាលចុះ ក្ដោបដៃគោរពយ៉ាងស្មោះសរចំពោះមុខស៊ីវលូ ធ្វើឱ្យគេមិនអាចមិនទោរទន់ចិត្តបាន ក្រើនរំឮកខ្លួនឯងថា ត្រូវតែបន្ធូរប្រណីដៃឱ្យអានាន។

ពាក្យធ្លោយមាត់សន្យាលេងៗរបស់គេបានប្រែក្លាយជាពាក្យសន្យាពិតប្រាកដ…

ស៊ីវលូដកដង្ហើមធំ និយាយទាំងក្រៀមក្រំ៖

«ធ្វើជាប្អូនស្រីរបស់លោកពិតជាមានសុភមង្គលណាស់!»

ប្រហែលជានេះជាពាក្យពិតប្រាកដចិត្តបំផុតរបស់ស៊ីវលូនៅក្នុងយប់នេះ សៀនហាក់បីមានអារម្មណ៍យល់ជ្រាបពីសម្ដីគេ ស្នាមញញឹមក្លែងក្លាយកករលុបទៅវិញ។

«ទេ! ខ្ញុំមិនមែនជាបងប្រុសដ៏ល្អម្នាក់ទេ!»

ពាក្យពេចន៍ពោរពេញទៅដោយទុក្ខកង្វល់។

ស៊ីវអកផឹកស្រាដាច់មួយចានចុងក្រោយ។

«ខ្ញុំទៅវិញហើយ»

សៀននិយាយថា៖

«ខ្ញុំជូនដំណើរល្បង»

ស៊ីវលូស្រូតក្រោកឈរឡើង សៀនជូនគេទៅដល់មុខខ្លោងទ្វារ៖

«មានពេលទំនេរ មកលេងខ្ញុំផង»

«បានហើយៗ! ចូលទៅក្នុងផ្ទះវិញចុះ មិនបាច់ជូនដំណើរទៀតទេ!»

ឆ្វេចឆ្វាចអស់មួយជុំស៊ីវលូរត់តម្រង់ឆ្ពោះទៅដល់ផ្ទះ គេផ្លោះជញ្ជាំង លោតចូលទៅក្នុងទីធ្លាក្រោយផ្ទះ ហើយក៏ដើរលបក្រុកក្រាក់ទៅរកបន្ទប់ដេក ទាញទ្វារបិទយឺតៗ។

ស្រមោលនរណាម្នាក់បង្ហាញខ្លួនឡើងនៅក្បែរគែមគ្រែ ស៊ីវលូភ្ញាក់ស្លុត ភិតភ័យស្លន់ស្លោ ខ្នងផ្ទប់នឹងជញ្ជាំង អត់ទ្រាំទប់ដង្ហើម។ យ៉ាងណាគង់តែស្លាប់ដដែល យកល្អស្លាប់ឱ្យបានឆាប់បំផុត។

ស៊ីវលូបិទភ្នែកជិត រាងកាយទាំងមូលញ័រតតាត់ ទន់ភ្លាសដូចជាកូនកណ្ដុរតូច៖

«ខ្ញុំ… ខ្ញុំ… ខ្ញុំខុសហើយ!»

ស៊ីវលូខំប្រឹងលន់តួក្រាបចុះសំពះឆ្មាកំណាចដោយដឹងទោសកំហុស អង្វរករម្ចាស់សុំក្តីមេត្តា។ គេសង្ឃឹមថា សាងលីវនឹកដល់គុណសម្បត្តិចេះលាយផ្សំថ្នាំពុលនិងពិស ឈាមរបស់គេអាចជួយសាងលីព្យាបាលរបួសបាន នឹងថ្នមដៃចុះបន្ដិចមិនធ្វើឱ្យគេពិការមួយជីវិត។

ប៉ុន្តែ… បែរជាមិនឃើញមានប្រតិកម្មណាមួយកើតឡើង។ បេះដូងលោតញាប់ដឹបដាក់ៗ ហាក់បីមិនអាចទ្រាំទ្រនឹងភាពតានតឹងតទៅទៀត ស៊ីវលូបើកភ្នែកឡើងយឺតៗ។

អូ៎ព្រះអើយ! គឺជា… ស៊ឺឈី! ស៊ីវលូដូចភ្នំភ្លើងដុតបំផ្ទុះ ស៊ឺឈីធ្វើឱ្យគេភ័យលួសព្រលឹង សឹងតែស្លាប់ទៅហើយ!

ចង្អុលម្រាមដៃញ័រតតាត់ទៅគេ ខាំសង្គ្រឺតធ្មេញ៖

«លោក… លោក… ហេតុអីក៏ជាលោក?»

មុខមាត់ប្រែប្រួលទឹកមុខ ស៊ឺឈីនិយាយក្រៀមក្រំ៖

«សុំទោសដែលធ្វើឱ្យល្បងខកចិត្ត»

«លោកកំពុងតែធ្វើអ្វីនៅក្នុងបន្ទប់ខ្ញុំ?»

ស៊ឺឈីបិទបបូរមាត់ជិត ឱនក្បាលចុះ ដើរញាប់ចេញទៅយ៉ាងលឿន។ ស៊ីវលូរហ័សកែសម្រួលសម្ដី៖

«សុំទោសផង! ខ្ញុំ… ខ្ញុំយល់ច្រឡំថាលោកគឺជាអ្នកណាម្នាក់ផ្សេង ខ្ញុំ… ខ្ញុំ… ទើបធ្ងន់សម្ដីបន្តិចហើយ លោកកុំប្រកាន់អី! មិនមែនខ្ញុំមិនអនុញ្ញាតឱ្យលោកចូលក្នុងបន្ទប់របស់ខ្ញុំទេ!»

«ជាកំហុសរបស់ខ្ញុំ»

ស៊ឺឈីឈានជើងដើររំលងកាត់ស៊ីវលូ គេថែមទាំងយកអាសារជួយទាញទ្វារបិទ។ ជាច្រើនថ្ងៃមកនេះមិនបានដេកឆ្ងាញ់ ស៊ីវលូប្រញាប់ប្រញាល់ដោះខោអាវចេញ លូនចូលទៅក្នុងភួយ បិទភ្នែកយ៉ាងមានក្តីរីករាយ ស្រូបស្រង់ក្លិនយ៉ាងមានក្ដីសុខ ទទួលនូវអារម្មណ៍សុខស្រួល ស្អាតបាត កក់ក្តៅ ថែមទាំងមានក្លិនក្រអូបឈ្ងុយនិងក្លិនពន្លឺព្រះអាទិត្យ។ ភួយកម្រាលមើលទៅទើបតែត្រូវបានបោកសម្ងួតនៅព្រឹកនេះ។

ស៊ីវលូញញឹមខ្ជឹបមាត់ ក្រើនរំឮកខ្លួនឯងថា៖ កុំញៀននឹងការយកចិត្តទុកដាក់ល្អិតល្អន់នេះឱ្យសោះ! មិនយូរមិនឆាប់គេគង់តែចាកចេញពីទីនេះ។ បើខ្ជិល ត្រូវទ្រាំដណ្ដប់ភួយត្រជាក់ ដេកកម្រាលកខ្វក់។

រង៉េវរង៉ូវចប់ ស៊ីវលូប្រែខ្លួនទៅម្ខាង គេងលង់លក់ទៅ។

**********

I: Chapter 4

វគ្គ៤៖ ពិបាកចួបងាយបែក

ឈានចូលរដូវស្លឹកឈើជ្រុះ រំលងថ្ងៃត្រង់គឺជាពេលវេលាល្អបំផុត។

ពេលគ្មានភ្ញៀវ ស៊ីវលូតែងតែយកស្លឹកឈូកធំមកគ្របបាំងភ្នែក ដេកលើកន្ទេលហាលស្មៅថ្នាំ ដៃទាំងពីរក្រពាត់ក្រោយត្រចៀកច្រត់កើយក្បាល ជើងទាំងពីរខ្វែងលើគ្នាសណ្ដូកតម្រង់ត្រង់។ ម្រាមជើងចង្អុលចុះក្រោម ខ្លួនប្រាណទាំងមូលត្រង់វែងដូចបន្ទាត់ត្រង់ ហាក់ដូចអាចសណ្ដូកត្រង់វែងអន្លាយគ្មានទីបញ្ចប់។ អារម្មណ៍នៅពេលដែលសាច់ដុំនិងឆ្អឹងបានសម្រាលសរសៃសរសូងនៅក្រោមកំដៅពន្លឺថ្ងៃរសៀលដ៏ស្រទន់និងក្លិនសាយភាយផ្កាឈូកដ៏ក្រអូប ប្រៀបដូចជាខ្លួនប្រាណទាំងមូលកំពុងត្រាំនៅក្នុងពាងស្រាអ៊ីចឹង។

អូ៎ហូ! ស្រស់ស្រាយ សុខស្រួលអ្វីម៉្លេះទេ!

ស៊ីវលូធ្លាប់លើកទឹកចិត្តមុខខ្មូតនិងគ្រាប់អង្កាំឱ្យរៀនដេកអាំងថ្ងៃដូចជាគេ ប៉ុន្តែម្នាក់ៗជាកូនប្រុសពេញតួធ្វើបែបនេះកណ្ដាលថ្ងៃចែសមានអារម្មណ៍ថាខ្មាសអៀន ទើបពួកគេតាំងចិត្តនឹងថាមិនយកតម្រាប់តាមស៊ីវលូ។ ហេតុនេះ ស៊ីវលូមានតែសោយសុខជាមួយអារម្មណ៍ស្រស់ស្រាយ សុខស្រួលនេះតែម្នាក់ឯង។

សម្រាកគ្រប់គ្រាន់ហើយ ស៊ីវលូដកដៃយឺតៗ ទាញស្លឹកឈូកចេញ ក៏ឃើញស៊ឺឈីកំពុងអង្គុយហាន់ស្លឹកថ្នាំ។ តាំងពីមានកូនស្រីមក មុខខ្មូតស្នាក់នៅត្រាំត្រែងផ្ទះខាងប្រពន្ធរបស់គេ។ ដើមឡើយកិច្ចការទាំងនេះគួរតែជាការងាររបស់គ្រាប់អង្កាំ ប៉ុន្តែប៉ុន្មានខែមកនេះ អាល្អិតនោះគិតតែដើរលេងប៉ោឡែតាមផ្លូវពេញមួយថ្ងៃ មិនដឹងថាគេកំពុងលេងល្បិចអ្វី។

នៅសំណាក់ពេទ្យខាងមុខនៅសល់តែស៊ឺឈី ប៉ុន្តែស៊ីវលូមិនមានអារម្មណ៍ថាការងារជាន់គរគគ្រឹកគគ្រេងទេ ផ្ទុយទៅវិញ គេបែរជាមានអារម្មណ៍ធូរស្រាយច្រើន ព្រោះបរិយាកាសស្ងប់ស្ងាត់ជាងមុន។ រាល់ពេលដែលគេគិតចង់ធ្វើរឿងអ្វីមួយ ហៀបនឹងទៅធ្វើរឿងនោះ ក៏ឃើញថាស៊ឺឈីបានបញ្ចប់រួចរាល់ស្រេចទៅហើយ។

ស៊ីវលូលើកជើងគងទាក់ខ្លាលើកន្ទេល បាំងស្លឹកឈូកនៅលើក្បាល សង្កេតមើលស៊ឺឈីកំពុងធ្វើកិច្ចការយ៉ាងយកចិត្តទុកដាក់។ ស៊ឺឈីគិតតែពីឱនឈ្ងោកមុខចុះហាន់ស្លឹកថ្នាំ។ រួចរាល់មួយបាច់ គេរៀបចំទុកដាក់ក្នុងប្រអប់ ហើយបន្តហាន់បាច់បន្ទាប់។

ស៊ីវលូបន្លឺហៅ៖

«ស៊ឺឈី!»

ស៊ឺឈីឈប់ដៃ ងើយមុខឡើងក្រឡេកមើលស៊ីវលូ។

«អឺ… គ្មានអ្វីទេ»

ស៊ីវលូគ្រវីក្បាល។ ស៊ឺឈីឱនមុខចុះ បន្តធ្វើកិច្ចការ។

«ស៊ឺឈី!»

ស៊ឺឈីឈប់ដៃ លើកនេះគេមិនងើយមុខឡើងមើលស៊ីវលូ ប៉ុន្តែបែរមុខទៅរកកន្លែងផ្សេង ផ្ទៀងត្រចៀកស្តាប់។

«សម្រាកបន្តិចទៅ!»

«មិនហត់ទេ»

ស៊ឺឈីនៅតែបន្តធ្វើកិច្ចការ។

ស៊ីវលូទាញស្លឹកឈូកនៅលើក្បាលចុះ ខ្សែភ្នែកសម្លឹងមើលស៊ឺឈី ចាប់ហែកស្លឹកឈូករញីរញ៉ុកជាដុំតូចៗ។ កញ្ចាស់ម៉ុកនិងគ្រាប់អង្កាំមិនដឹងថាគេកំពុងខឹងនឹងស៊ឺឈី ប៉ុន្តែទាំងគេទាំងស៊ឺឈីសុទ្ធតែដឹងច្បាស់នៅក្នុងចិត្ត។ ដំបូងស៊ឺឈីខំសង្វាតសុំការអត់ឱន ប៉ុន្តែស៊ីវលូមានចេតនាធ្វើជាមិនយល់ គួរសមហួសហេតុ។ ជាយូរៗទៅ ស៊ឺឈីមិនរំឮករឿងនោះទៀត គិតតែដើរតាមស៊ីវលូជាប់រហូតដូចស្រមោលអន្ទោលតាមប្រាណ ធ្វើសរុបកិច្ចការរបស់មនុស្សទាំងបីដោយស្ងៀមស្ងាត់។

«ស៊ឺឈី…»

ស៊ឺឈីងើយមុខឡើងក្រឡេកមើលទៅស៊ីវលូ ប៉ុន្តែស៊ីវលូមិនដឹងថាត្រូវនិយាយអ្វី គេខាំបបូរមាត់ ហើយក៏ស្រាប់តែញញឹមយ៉ាងស្រស់បស់ ទះៗដៃចុះទៅចំហៀងកន្ទេលនៅក្បែរខ្លួន៖

«លោកមកណេះមក៎! ខ្ញុំបង្រៀនលោកល្បែងកម្សាន្តមួយ!»

ស៊ឺឈីទម្លាក់កិច្ចការ ដើរទៅរកស៊ីវលូ។ ស៊ីវលូផ្ដេកខ្នងដេកចុះ និយាយបណ្ដើរធ្វើជាតម្រាប់បណ្ដើរឱ្យស៊ឺឈីរៀនតាមគេដេកអាំងថ្ងៃក្រោមពន្លឺព្រះអាទិត្យ។ មិនដូចមុខខ្មូតនិងគ្រាប់អង្កាំឡើយ ស៊ឺឈីមិនបង្អង់ស្ទាក់ស្ទើរអ្វី ធ្វើតាមការណែនាំរបស់ស៊ីវលូមួយរំពេច។ ស៊ីវលូងើយភ្នែករាប់ដុំពពកពណ៌សរសាត់អណ្តែតនៅលើវាលលម្ហមេឃខ្ពស់ ស្រូបដង្ហើមចូលដកដង្ហើមចេញយ៉ាងស្រួលខ្លួន។ នៅតែជាដួងព្រះអាទិត្យហ្នឹងដដែល នៅតែជាកន្ទេលហាលស្លឹកថ្នាំហ្នឹងដដែល ប៉ុន្តែអារម្មណ៍មានមនុស្សម្នាក់កំដរដេកអាំងថ្ងៃជាមួយគ្នាគឺពិសេសជាងពេលនៅតែម្នាក់ឯង។

ខណៈពេលស៊ីវលូហៀបនឹងលង់លក់ទៅ ក៏ស្រាប់តែឮសូរសំឡេងរបស់ស៊ឺឈីរហើរត្រសៀកៗមក៖

«ដាច់ខាតនឹងមិនមានលើកទីពីរទេ»

«អ្ហ៎ះ?»

ស៊ីវលូបើកភ្នែកឡើងដោយងឿងឆ្ងល់។

«មិនថាព្រោះតែមូលហេតុអ្វី ខ្ញុំនឹងមិនបាត់ខ្លួនទៅនៅពេលដែលល្បងត្រូវការខ្ញុំ»

ស៊ីវលូភ្ញាក់ដឹងខ្លួនពេញលេញ រំពេចនោះគេមានអារម្មណ៍ថាល្បែងខឹងង៉ក់ងររបស់គេក្នុងពេលកន្លងមកគឺជារឿងមិនសមទំនង ប៉ុន្តែស៊ឺឈីបែរជាព្រោះតែរឿងនោះកើតទុក្ខចំបែង រសាប់រសល់នៅមិនសុខ។

ស៊ីវលូក្រោកឡើងអេះក្បាលអេះត្រចៀក សើចហិៗបម្រុងនិយាយអ្វីមួយ ខណៈពេលនោះកញ្ចាស់ម៉ុកមិនដឹងរត់មកពីណា ស្ទុះចូលមកដល់យ៉ាងទាន់ហន់ ចាប់ទាញដៃរបស់ស៊ីវលូឱ្យចេញទៅជាមួយនឹងគាត់។

«ស្បែកជើង! ខ្ញុំមិនទាន់ពាក់ស្បែកជើងទេ!»

ស៊ីវលូប្រញាប់ស៊កស្បែកជើង ហៀបនឹងចេញពីមាត់ទ្វារ គេស្រាប់តែងាកមកស្រែកហៅស៊ឺឈី៖

«មកតាមគ្នាមក៎!»

ស៊ីវលូត្រូវកញ្ចាស់ម៉ុកអូសទាញដៃជាប់ចេញទៅយ៉ាងរហន់ គេមិនច្បាស់ថាស៊ឺឈីមានដើរតាមឬអត់។ រត់ទៅដល់ដើមផ្លូវ គ្រាន់តែហាមាត់សួរស្ដីសៀនមួយម៉ាត់ ស៊ីវលូក៏ត្រូវកញ្ចាស់ម៉ុកសង្កត់ក្បាលចុះលាក់ពួននៅក្រោយពាងស្រា បន្ទាប់មកគាត់ផ្តល់សញ្ញាឱ្យទៅសៀន សៀនងក់ក្បាលឆ្លើយតប ជាសញ្ញាថាគេបានយល់។ មានអ្នកណាម្នាក់អង្គុយចុះនៅពីក្រោយខ្នងស៊ីវលូ មិនចាំបាច់ក្រឡេកមើល គេក៏ដឹងថានោះគឺស៊ឺឈី។ ស៊ីវលូបែរក្បាលទៅក្រោយលានអណ្តាតញ៉ោះស៊ឺឈី អង្គុយសម្រួលឥរិយាបថ បុកពោះយ៉ាងអន្ទះសា ទន្ទឹងរង់ចាំរឿងដ៏គួរឱ្យចាប់អារម្មណ៍កើតឡើងមកដល់។

សៀនក្អកពីរបីខូស កញ្ចាស់ម៉ុករៀបចំត្រៀមខ្លួន ស៊ីវលូក៏រហ័សរហើបភ្នែកកាត់តាមចន្លោះពាងស្រាលបមើល។

នារីស្រីបនបីនាក់ដើរចូលមកក្នុងតៀមដោយសុភាពរម្យទម និយាយស្ដីទន់ភ្លន់ទៅកាន់សៀន ប្រាប់ពីឈ្មោះស្រាដែលពួកគេត្រូវការទិញនិងចំណុះ។ ក្រោយពេលទិញរួច នារីពីរនាក់ក្នុងចំណោមកនោះក៏ដើរចាកចេញទៅមុខយ៉ាងលឿន រីឯនារីទីបីសន្សឹមៗថយជើងបកមកក្រោយ។ នៅពេលដែលស៊ីវលូមានអារម្មណ៍ធុញទ្រាន់នឹងល្បែងលិបលនេះ ក៏ត្រូវកញ្ចាស់ម៉ុកខោកមួយក្រញ៉ដៃ មួយខណៈនោះ ទើបស៊ីវលូប្រទះឃើញគ្រាប់អង្កាំនៅសុខៗស្រាប់តែលេចមុខចេញមក។ គេដើរកៀកកើយក្បែរនារីស្រីបនទីបីនោះ អ្នកទាំងពីរដើររហូត ដើររហូត… បន្ទាប់មកក៏ចេញទៅបាត់ស្រមោលសូន្យឈឹង។ កញ្ចាស់ម៉ុកទាញដៃស៊ីវលូដេញតាមដោយស្ងាត់ៗ ដេញទៅបត់ស្តាំ ដេញទៅបត់ឆ្វេង ទីបំផុតពួកគេដេញចូលទៅក្នុងច្រកផ្លូវតូចមួយ។

គ្រាំអង្កាំនិងនារីម្នាក់នោះលាក់ខ្លួននៅជ្រុងងងឹត និយាយខ្សឹបខ្សាវដាក់គ្នាទៅវិញទៅមក បន្តិចក្រោយមក អ្នកទាំងពីរស្អិតរមួតជាប់គ្នា ឱបថើបយ៉ាងល្អូកល្អើន។

ស៊ីវលូសើចហេសហាស់ កញ្ចាស់ម៉ុកស្លេកស្លាំងមុខ ពិបាកចិត្ត និងខកចិត្ត។ ស៊ីវលូដៀងភ្នែកក្រឡេកមើលស៊ឺឈី គេនៅតែឈរត្រង់ខ្នងឡើង ប៉ុន្តែកែវភ្នែករបស់គេមើលចុះចុងម្រាមជើង តាំងចិត្តថា៖ នៅឱ្យឆ្ងាយពីរូបភាពខ្វះសុជីវធម៌នេះ។

គូស្នេហ៍មួយគូឱបថើបជញ្ជក់មាត់គ្នាក្ដៅកគុក នារីនោះផ្អែកខ្នងផ្ទប់ទៅនឹងជញ្ជាំង ដកដង្ហើមត្រហេបត្រហប។ កញ្ចាស់ម៉ុកចង់សម្រុកចេញទៅ តែមិនដឹងថាត្រូវប្រឈមមុខស្ថានការណ៍ដ៏ឆ្គាំឆ្គងនេះដោយយ៉ាងណា ហេតុនេះគាត់បានត្រឹមតែបោះសម្ដីមួយម៉ាត់ថា៖ ឯងដោះស្រាយដោយខ្លួនឯងចុះ!

បន្ទាប់មកក៏ខឹងច្រឡោតដើរទុងតាំងវិលត្រឡប់ទៅផ្ទះវិញ។ ស៊ីវលូមិនឃើញទើសទាល់អ្វី គ្រាន់តែញញឹមស្ញយ សម្លឹងមើលទៅស៊ឺឈី។ រោមភ្នែកក្រាស់ខ្មៅដ៏វែងៗរបស់ស៊ឺឈីបក់រវិចតិចៗ ស៊ីវលូពើនទ្រូងប្រមូលក្ដីក្លាហានខិតចូលទៅជិត៖

«អ្នកប្រុសគ្រួសារធំដ្បិតមិនទាន់រៀបការ ប៉ុន្តែគួរណាតែមានស្រីបម្រើជំនិតស្រស់ស្អាតប៉ុន្មាននាក់ដែរមែនទេ? មនុស្សស្រីដែលនៅជុំវិញលោកប្រៀបធៀបទៅនឹងនារីម្នាក់នោះ តើយ៉ាងណាដែរទៅ?»

ស៊ឺឈីមិនឆ្លើយតប គ្រាន់តែឈានថយទៅក្រោយយឺតៗ រហូតដល់ខ្នងប៉ះនឹងជញ្ជាំង។ ស៊ីវលូខំទប់សំណើច បន្តរឿងកំប្លែងដ៏ខិលខូចមួយនេះ ដៃទាំងពីរលើកខ្ពស់ ច្រត់ទៅលើផ្ទៃជញ្ជាំង ឃុំគ្រងស៊ឺឈីនៅក្នុងរង្វង់ដៃ សម្ដែងឫកជនពាលចំអែចំអន់កូនស្រីគ្រួសារត្រឹមត្រូវ៖

«តើលោកចូលចិត្តនារីប្រភេទណា? ក្មេងខ្ចី ស្លូតបូត ខ្មាសអៀនដូចកូនទន្សាយតូច ឬម៉្ញិម្ញ៉ក់ស្រើបស្រាលដូចនារីម្នាក់នោះ?»

ស៊ីវលូត្រាប់សំឡេងនិយាយរំអួយដូចនារីក្រមុំ ផ្ទៃមុខរបស់ស៊ឺឈីសស្លេកប្រែជាក្រហមព្រាក។ ស៊ីវលូអត់ទ្រាំទប់សន្ធឹកសំណើចបុកឡើងពេញដើមទ្រូង ហើយបន្តនិយាយញ៉េះញ៉ោះស៊ឺឈី។ គេខិតមុខចូលទៅកៀកកិត ស្ទើរតែប៉ះលើផ្ទៃមុខស៊ឺឈី បន្ទាបសំឡេង សួរថា៖

«លោកចង់សាកល្បងទេ?»

មិននឹកស្មានថា ស៊ឺឈីងើយក្បាលឡើងយឺតៗ ដ្បិតនៅតែខ្មាសអៀន ប៉ុន្តែកែវភ្នែករបស់គេថ្លាឆ្វង់ ភ្លឺចែងចាំង ពោរពេញដោយភាពរីករាយ! ស៊ីវលូភ្ញាក់ស្រឡាំងកាំងឆ្កឹង មួយសន្ទុះក្រោយមក ក្នុងជម្រៅចិត្តរបស់គេផុសឡើងពាក្យស្លោកមួយឃ្លា៖ ចំជាកញ្ជ្រោងចាស់ពាក់ស្បែកចៀមមែន!

ស៊ីវលូអៀនផងខឹងផង ថ្ពាល់ឡើងក្រហមឆេះ គេរុញច្រានកំហឹងនេះទៅកាន់គ្រាប់អង្កាំ ទើបស្ទុះរត់ចេញទៅឆាច់ស្រែកគំហកថា៖

«គ្រាប់អង្កាំសម្អុយ! ឥឡូវខ្លាំងដៃណាស់ន៎ រៀនចេះប៉ាវស្រីបនចេញមកសាសងខាងក្រៅទៀត! បានប្រាក់មកពីណាហ្នឹង?»

ឮគ្រាប់អង្កាំភិតភ័យស្លន់ស្លោរ រហ័សដកក្រអូមមាត់ចេញ បម្រុងរត់គេចចេញតាមទម្លាប់ ប៉ុន្តែបន្ទាប់ពីបោះពួយជើងបានពីរបីជំហាន គេក៏បកត្រលប់មកក្រោយវិញ ឈរពាំងនៅចំពោះមុខនារីនោះ។ នារីម្នាក់នោះក៏មិនអន់ដែរ នាងរហ័សរៀបចំសម្លៀកបំពាក់និងសក់ក្បាលឱ្យរៀបរយ ច្រានដៃគ្រាប់អង្កាំទៅម្ខាង ឱនលំទោនកាយគោរពស៊ីវលូ៖

«ខ្ញុំឈ្មោះ សានទៀនអឺ! ខ្ញុំធ្វើជាមិត្តជាមួយល្បងគ្រាប់អង្កាំ មិនមែនដើម្បីប្រាក់ទេ!»

ស៊ីវលូញញឹមស្ងួត៖

«នាងជាស្រីបន! ស្រីបនដេកជាមួយមនុស្សប្រុស បើមិនដើម្បីប្រាក់ទេ តើដើម្បីអ្វី?»

ទៀនអឺញញឹមតិចៗ៖

«ខ្ញុំស្ម័គ្រចិត្ត!»

ស៊ីវលូសួរបន្ត៖

«នាងស្ម័គ្រចិត្តដេកជាមួយគ្រាប់អង្កាំអស់មួយជីវិតទេ?»

សានទៀនអឺស្រឡាំងកាំងឆ្កឹង ហាក់ដូចជាយល់ពីន័យរបស់ស៊ីវលូ ប៉ុន្តែមិនហ៊ានជឿជាក់លើរឿងមួយនោះ។ គ្រាប់អង្កាំបញ្ជ្រៀតចូលមកកាត់សម្ដី៖

«ខ្ញុំស្ម័គ្រចិត្ត! ខ្ញុំស្ម័គ្រចិត្តដេកជាមួយនាងអស់មួយជីវិត!»

ស៊ីវលូទាត់គេមួយជើង ស្រែកបណ្ដេញ៖

«ចៀសចេញទៅម្ខាង ខ្ញុំកំពុងនិយាយគ្នាជាមួយនាង!»

គ្រាប់អង្កាំសម្លឹងមើលទៅទៀនអឺដោយទឹកមុខគួរឱ្យអាណិត បន្ទាប់មកងក់ក្បាលដាក់នាងយ៉ាងម៉ឺងម៉ាត់។ លុះមកទល់គ្រានោះ ទើបទៀនអឺប្រាកដចិត្តថា ស៊ីវលូពិតជាសំដៅន័យនោះមែន នាងលុតជង្គង់មួយរំពេច ទឹកភ្នែករលីងរលោង៖

«ខ្ញុំស្ម័គ្រចិត្ត!»

ស៊ីវលូនិយាយថា៖

«នាងគិតច្បាស់លាស់ហើយឬនៅ? ទៅតាមគ្រាប់អង្កាំ នាងនឹងត្រូវធ្វើការដៃជើងធ្ងន់លំបាកហត់នឿយច្រើន!»

«ខ្ញុំស្ម័គ្រចិត្ត!»

«បើអ៊ីចឹងមិនអីទេ នាងត្រលប់ទៅវិញគន់គូរមើលពេលវេលាណាស័ក្តិសមរៀបចំពិធីមង្គលការ?»

សានទៀនអឺបើកភ្នែកមូលក្លំធំៗសម្លឹងមើលទៅគ្រាប់អង្កាំ អ្វីៗគ្រប់យ៉ាងងាយស្រួលយ៉ាងនេះហ្អេស? គ្រាប់អង្កាំគ្រាហ៍ទៀនអឺក្រោកឈរឡើង៖

«ដ្បិតតែចរិតគំរោះគំរើយបន្តិច ប៉ុន្តែតាំងពីដើមមកល្បងលូថា មួយគឺមួយ ពីរគឺពីរ!»

ស៊ីវលូមួលត្រចៀកគ្រាប់អង្កាំ អូសទាញចាកចេញទៅ៖

«ឯងស្គាល់ផ្លូវធំដឹងក្ដីហើយន៎?»

គ្រាប់អង្កាំសប្បាយចិត្តដែលស៊ីវលូសម្រេចបំណងផ្សំផ្គូផ្គងឱ្យគេ មាត់ថ្ងូរឈឺអូ៎យៗប៉ុន្តែងាកក្បាលទៅញញឹមញញែមជាប់ដាក់ស៊ឺឈី។ ស៊ឺឈីដើរតាមពីក្រោយពួកគេ យកចិត្តទុកដាក់សម្លឹងមើលស៊ីវលូ កែវភ្នែកពោរពេញដោយកំណួចស្នាមញញឹម។ នៅពេលដើរកាត់តៀមស្រា ស៊ីវលូនិយាយទៅកាន់សៀន៖

«អរគុណលោកហើយ!»

សៀនក្រឡេកឃើញគ្រាប់អង្កាំកំពុងត្រូវស៊ីវលូមួលត្រចៀក ក៏សើចញញឹមឡើងនិយាយថា៖

«បើអស់លោករៀបចំពិធីមង្គលការកុំភ្លេចជាវស្រាពីតៀមរបស់ខ្ញុំ!»

«បាន! ដល់ពេលនោះលោកអាចទៅពិភាក្សាជាមួយកញ្ចាស់ម៉ុក!»

ស៊ីវលូយួរស្លឹកត្រចៀកគ្រាប់អង្កាំមកដល់មុខខ្លោងទ្វារផ្ទះ បន្ទាប់មកបន្ទាបសំឡេងនិយាយថា៖

«បើចង់រស់ ម៉េចមិនឆាប់ស្រែកវេទនាឱ្យគេជួយ!»

គ្រាប់អង្កាំយល់ការណ៍ភ្លាម ក៏រហ័សស្រែកយំរហេមរហាម ស៊ីវលូដេញវាយផងធាក់ផងរហូតទៅដល់ចំពោះមុខកញ្ចាស់ម៉ុក។ កញ្ចាស់ម៉ុកអាណិតអាសូរគ្រាប់អង្កាំ ស្រែកឃាត់ថា៖

«គេធំប៉ុណ្ណេះហើយ ចង់វាយចង់បន្ទោស គួររកកន្លែងណាស្ងាត់ៗបន្តិច ទុកមុខមាត់ឱ្យគេផង!»

កញ្ចាស់ម៉ុកដើមឡើយខឹងកំហឹងពេញពោះ ប៉ុន្តែនៅពេលឃើញស៊ីវលូវាយធាក់គ្រាប់អង្កាំបែបនេះ គាត់នៅសុខៗក៏មិនដឹងថាត្រូវដោះស្រាយដោយយ៉ាងណា។

«ស៊ីវលូ! តើរឿងនេះយ៉ាងម៉េចទៅវិញ? ហេតុអ្វីគ្រាប់អង្កាំគ្រួសារពួកយើងជាប់ពាក់ព័ន្ធនឹងពួកស្រីបនទាំងនោះ?»

ស៊ីវលូឆ្លើយតប៖

«គិតគូររកវិធីលោះនាងចេញ បន្ទាប់មកត្រូវធ្វើអ្វីក៏ធ្វើហ្នឹងទៅ មុខខ្មូតនិងគ្រាប់អង្កាំមិនគួរលំអៀងធ្ងន់ស្រាលតែម្ខាងណាមួយទេ!»

ប្រសិនបើកញ្ចាស់ម៉ុកជាមនុស្សនគរស៊ឹងនុងឬនគរកៅស៊ីងនោះ បើតាមទំហំក្តីស្រលាញ់របស់គាត់ចំពោះគ្រាប់អង្កាំ គាត់ប្រាកដជាមិនអាចទទួលយកការពិតដែលប្រពន្ធរបស់គ្រាប់អង្កាំគឺជាស្រីបនម្នាក់នោះឡើយ។ ប៉ុន្តែកញ្ចាស់ម៉ុកជាមនុស្សនគរសានយាន ជានគរដែលល្បីល្បាញមានផ្នត់គំនិតបើកចំហនិងសេរី។ ហេតុនេះ បន្ទាប់ពីអង្គុយនៅមុខផ្ទះមួយសន្ទុះហិតខ្យល់ត្រជាក់ គិតយ៉ាងហ្មត់ចត់ យល់ឃើញថារឿងនេះគ្មានអ្វីធ្ងន់ធ្ងរដែរ អ៊ីចឹងសម្រេចថាប្រពន្ធរបស់គ្រាប់អង្កាំត្រូវបានជ្រើសរើសរួចដាច់ស្រេច។ នៅពេលដែលសម្រេចចិត្តរឿងលើអ្វីមួយហើយ កញ្ចាស់ម៉ុកនឹងចាប់ផ្តើមរូតរះចូលទៅចាត់ចែងភ្លាម។

មិនដឹងថា ដោយសារចង់កេងចំណេញ ឬដោយសារចង់ដាក់ទោសសានទៀនអឺ ប៉ុន្តែថៅកែស្រីផ្ទះបននោះ កាត់ថ្លៃខ្ពស់ណាស់ ចំនួននោះគ្រប់គ្រាន់ឱ្យមុខខ្មូតរៀបការជាមួយឈុនតៅដប់នាក់ឯណោះ!

កញ្ចាស់ម៉ុករត់លិចរត់កើតគ្រប់ច្រកល្ហកដើម្បីសុំជំនួយ ប៉ុន្តែសូម្បីទំនាក់ទំនងជាងម្ភៃឆ្នាំរួមទាំងគាត់និងស៊ីវលូនៅភូមិឈីងសួយនេះក៏មិនអាចជួយប្រយោជន៍អ្វីបាន។

កញ្ចាស់ម៉ុកខឹងស្លឈាម ប៉ុន្តែគាត់គ្មានជម្រើសអ្វីក្រៅពីបោះបង់។ ផ្ទះបនគឺជាកន្លែងពិសេសមួយនៅក្នុងទីប្រជុំជននេះ ត្រូវបានមនុស្សទាំងឡាយចាត់ទុកថាជាកន្លែងប្រមូលផ្តុំនិងផ្សព្វផ្សាយដំណឹងមកពីសព្វគ្រប់ទិសទី ជាកន្លែងដែលមានស្ត្រីមានរូបសម្រស់ មានទេពកោសល្យ និងពួកបុរសមានយសមានសក្តិប្រមូលផ្តុំគ្នា។ ហេតុនេះ ទីកន្លែងទាំងនេះត្រូវបានគ្រប់គ្រងដោយអ្នកមានអំណាចជាច្រើនរួមទាំងនគរសានយាន នគរស៊ឹងនុង នគរកៅស៊ីង និងវង្សត្រកូលខ្ពង់ខ្ពស់ទាំងឡាយ ពីសម្ព័ន្ធគ្រួសារមហាត្រកូលឈីសួយនៅតំបន់វាលទំនាបភូមិភាគកណ្តាល ដល់សម្ព័ន្ធគ្រួសារត្រកូលហ្វុងហ្វុងនៅភូមិភាគខាងជើង។

កញ្ចាស់ម៉ុកមុខស្រពោនចិញ្ចើមជ្រួញ ដកដង្ហើមធំ៖

«ខ្ញុំឃើញថាទៀនអឺពិតជាស្រលាញ់គ្រាប់អង្កាំគ្រួសារយើងណាស់ នាងសុខចិត្តត្រូវគេវាយដំជ្រាំធាក់ ក៏មិនព្រមចេញទៅទទួលភ្ញៀវដែរ! យាយធ្មប់ផ្ទះបននោះគួរឱ្យស្អប់មែន!»

មុខខ្មូតក្រៀមក្រំ លួងលោមគ្រាប់អង្កាំដោយស្ងាត់ៗឱ្យបោះបង់ ពីព្រោះទៀនអឺមិនស័ក្តិសមនឹងមនុស្សដូចជាពួកគេឡើយ។ គ្រាប់អង្កាំមួយថ្ងៃៗគិតតែអង្គុយជ្រប់មុខនៅលើមាត់ទ្វារ មុខដូចហែលសព ជាច្រើនយប់មិនបានដេក។

នៅក្នុងបន្ទប់ ស៊ីវលូដេកគងជើងញាក់លើគ្រែ ទាញកូនកញ្ចក់តូចដែលគេស្រលាញ់ថ្នាក់ថ្នមដូចកំណប់យកចេញមកមើល ផ្ទុះសំណើចសើចខឹកៗ។ រូបភាពនីមួយៗរំលេចចេញមកម្តងមួយៗនៅក្នុងកញ្ចក់ ដែលនោះសុទ្ធតែជាស្នាដៃរបស់គេនៅយប់នោះ។ នៅលើផ្ទៃមុខរបស់សាងលីវមានក្បាលប្រាំបួននិងគ្រាប់ភ្នែកត្រជាក់ល្អូកដូចដាវថែបកំពុងសម្លក់ទៅស៊ីវលូ។ ស៊ីវលូខោកក្បាលសាងលីវនៅក្នុងកញ្ចក់៖

«លោកអាចធ្វើអ្វីខ្ញុំបាន! អាចធ្វើអ្វីខ្ញុំបាន!»

គោះៗមើលឡើងធុញ គេជូតលើផ្ទៃកញ្ចក់ រូបភាពទាំងអស់ក៏រលាយបាត់ភ្លាមៗ កញ្ចក់ក៏ត្រលប់មកសភាពធម្មតាវិញ។ អ្នកខាងក្រៅមើលមកឃើញថាវាគ្រាន់តែជាកញ្ចក់ឆ្លុះមុខមួយដែលឆ្លាក់ក្បាច់ក្បូរប្រណិតជាងកញ្ចក់ដទៃ ប៉ុន្តែមើលមិនដឹងថាវាមានសមត្ថភាពពិសេសអាចកត់ត្រាទុករូបភាពនៅក្នុងអតីតកាល។

កញ្ចក់ដែលមើលទៅសាមញ្ញនេះត្រូវបានដុតខាត់ចេញមកពីដួងវិញ្ញាណព្រាយទោច។ ក្រោមវាលរហោឋានលោកិយមានពូជសត្វទោចមួយប្រភេទហៅថា ស៊ីងស៊ីង។ ស៊ីងស៊ីង មេឃផ្ដល់កំណើតមកមានសមត្ថភាពពិសេសអាចមើលធ្លុះអតីតកាល ប៉ុន្តែមិនអាចមើលធ្លុះអនាគត សត្វទោចតាំងសីល៍ជាព្រាយយ៉ាងលំបាក ហេតុនេះមនុស្សលោកកម្រនឹងចួបសត្វនេះណាស់។ តាំងពីកកើតក្រោមមេឃមក មានកញ្ចក់ទិព្វតែមួយគត់ដែលបានដុតខាត់ចេញពីដួងវិញ្ញាណស៊ីងស៊ីង។ ដើម្បីបង្កើនកម្លាំងមហិទ្ធិឫទ្ធិកញ្ចក់ទិព្វក្នុងការកត់ត្រាទុករឿងអតីតកាល ស៊ីងស៊ីងត្រូវបូជាដួងវិញ្ញាណដោយស្ម័គ្រចិត្ត មិនខឹងស្អប់សោកស្ដាយអ្វីទាំងអស់។ ប៉ុន្តែនៅលើលោកនេះ ម្ដេចនឹងអាចមានសត្វទោចល្ងើណាព្រមឆ្លងកាត់រណ្ដៅភ្លើងដុតកម្លោចវិញ្ញាណដ៏ឃោរឃៅ ឈានទៅរកការស្លាប់ដ៏សែនឈឺចុកចាប់ តែក្នុងចិត្តមិនដង្ហោយខឹងស្អប់សោកស្ដាយអ្វីទាំងអស់។

ស៊ីវលូយកកញ្ចក់ទុកវិញ លើកដៃច្រត់កើយក្បាលដេកគិត។ កន្លងច្រើនខែជាប់គ្នាបន្ទាប់ពីយប់នោះ សាងលីវមិនឃើញបង្ហាញខ្លួនសោះ។ មានសត្រូវច្រើនសន្ធឹកដេញតាមមករកគេជម្រះបញ្ជី គេមិនបង្ហាញខ្លួនក៏ត្រូវដែរ ប៉ុន្តែបើគេបង្ហាញខ្លួន នោះស៊ីវលូក៏ដឹងច្បាស់ថាថ្ងៃអន្សារបស់គេឈានមកដល់។ ស៊ីវលូលួចបន់ស្រន់ដោយស្ងាត់ៗ សុំឱ្យមានមនុស្សកាន់តែច្រើនបង្កបញ្ហាដល់គេកាន់តែល្អ យកល្អបំផុតបង្វិលក្បាលគេដូចកងចក្រ ធ្វើឱ្យគេបំភ្លេចមនុស្សដែលមានឈ្មោះ វិនស៊ីវលូ នៅភូមិឈីងសួយនេះ។

ប៉ុន្តែ… ពេលនេះវិញ…

កូនចាបកំប៉ោងស ដែលប្រែកាឡាពីសត្វឥន្រ្ទីយ៍រោមសចំពុះលឿង ហោះវេវចូលមកក្នុងបន្ទប់របស់ស៊ីវលូ ទុំក្រញាំជើងឈប់នៅពីមុខគេយ៉ាងក្អេងក្អាង។

ស៊ីវលូនិយាយជាមួយវា៖

«មើលទៅឫកពាក្អេងក្អាងរបស់ឯង ខ្ញុំចង់តែចាប់បោចរោមឯង ពុះខ្លួនឯងជាពីរ អាំងពាក់កណ្តាលស្ងោរពាក់កណ្តាល អង្គាមស៊ីសាច់ឱ្យអស់ ឆ្អឹងសល់បោះឱ្យទៅឆ្កែស៊ី!»

កូនចាបកំប៉ោងហោះបំបោលទៅចឹកក្បាលស៊ីវលូ គេឱបក្បាលត្រលប់ជើងនៅលើគ្រែដាំចុះដី។

«ប្រាប់ម្ចាស់ឯងថាខ្ញុំចង់ចួបគេ មានរឿងសំខាន់ចង់និយាយ!»

មានភាគបន្ត…

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*