កូនចាបកំប៉ោងដៀងភ្នែកសម្លក់ស៊ីវលូមួយច្បិច មុននឹងត្រដាងស្លាបហោះហើរចូលទៅក្នុងលម្ហរាត្រីងងឹត។ ស៊ីវលូគិតៗថាមិនគួរចួបសាងលីវនៅក្នុងបន្ទប់នេះទេ បរិយាកាសនេះនឹងដាស់រំឮករឿងចាស់ ងាយដុតបញ្ឆេះឱ្យគេខឹង។ គិតដូច្នោះ ស៊ីវលូចាកចេញពីផ្ទះ ដើរតាមចំហៀងមាត់ទន្លេ រត់សំដៅទៅទិសក្បាលប្រភពទឹក ចេញពីភូមិឈីងសួយចូលទៅក្នុងព្រៃក្រាស់។ ស៊ីវលូតោងឡើងទៅលើដើមឈើចំណាស់មួយយ៉ាងធំ ដែលដល់ទៅមនុស្សប្រាំប្រាំមួយនាក់ទើបអាចឱបព័ន្ធជុំជិត គេជ្រើសរើសទីតាំងសុខស្រួលមួយអង្គុយចុះ។ ដើមឈើចំណាស់នោះខ្ពស់ខ្លាំងណាស់ ឈរនៅពីលើដើមឈើអាចគយគន់ឃើញអ្វីៗទាំងអស់នៅពីខាងក្រោម ដើមឈើបន្លឺសំឡេងច្រែះៗ ទឹកទន្លេហូររលេញ រលកទឹកភ្លឺត្រយង់ប្រៀបដូចជាខ្សែអង្កាំដៃបញ្ចេញពន្លឺព្រិចៗ។ ទេសភាពនឹងកាន់តែស្រស់ស្អាតឥតខ្ចោះ បើពេលនេះមិនមែនជារដូវរងា ខ្យល់ខាងជើងមិនបក់បោកសន្ធឹក។
គេមកដល់ហើយ!
ស៊ីវលូងើយភ្នែកឡើង ក្រឡេកឃើញឥន្រ្ទីយ៍សមួយរំលេចខ្លួនឡើងកណ្តាលវង់ព្រះចន្ទពេញបូណ៌មី បុរសឈុតសម្លៀកបំពាក់សសក់ស អង្គុយស្រាកស្រាន្តនៅលើខ្នងឥន្រ្ទីយ៍ស ទម្លាក់ជើងចុះពីលើមេឃប្រាំបួនជាន់ ប្រៀបដូចជាលម្អងផ្កាព្រិលរសាត់ធ្លាក់ចុះមកយ៉ាងស្រាលស្រទន់ក្បែរខ្លួនស៊ីវលូ។
ស៊ីវលូបន្លឺសំឡេងនិយាយថា៖
«លោកមានជម្រើសបី៖ វាយខ្ញុំសែសិបរំពាត់បែកសាច់ ទាត់ខ្ញុំប៉ើងឡើងទៅលើធ្លាក់ចុះក្រោម ឬស្តាប់ខ្ញុំនិយាយរឿងសំខាន់ រឿងសំខាន់ណា៎!»
សាងលីវសួរថា៖
«ងូតទឹកហើយឬនៅ?»
ស៊ីវលូនិយាយឥតសំចៃមាត់៖
«ងូតទឹកស្អាតបាត រង់ចាំតែលោកម្ចាស់មក!»
សាងលីវចាប់ស្មាស៊ីវលូ ឱនឈ្ងោកមុខចុះ។ ស៊ីវលូស្ដាប់បង្គាប់ងើយក្បាលឡើងខ្ពស់ ចង្កូមរបស់សាងលីវដោតជ្រៅចូលទៅក្នុងកញ្ចឹងករបស់គេ ចាប់ផ្តើមបឺតជញ្ជក់ឈាម។ ស៊ីវលូមិនខ្ចីធ្មេចបិទភ្នែក ធ្វើព្រងើយគយគន់ទៅព្រះចន្ទ។ សាងលីវមិនគួរសមទាល់តែសោះ បាត់បង់អស់ឈាមច្រើន ក្បាលរបស់ស៊ីវលូចាប់ផ្ដើមវិលខ្ញាល់បន្តិច។
«លោកមិនមែនប្រុងជញ្ជក់ឈាមខ្ញុំយកទាំងអស់តែម្ដង? ខ្ញុំធ្លាប់តែឮថាលោកមានក្បាលប្រាំបួន មិនធ្លាប់ឮថាលោកមានក្រពះប្រាំបួនទេ? មិនទុកសម្រាប់លើកក្រោយទៀតទេហ្អី?»
បបូរមាត់របស់សាងលីវនៅផ្ដិតជាប់លើកញ្ចឹងកស៊ីវលូ ត្រង់ចំណុចសរសៃឈាមរត់ភ្ជាប់ទៅកាន់បេះដូងរក្សាអាយុជីវិតរបស់គេ។
«តាមគំនិតឯង យើងគួរខាំបំបាក់កមួយនេះចោល? នៅយប់នេះតែម្ដងតើល្អទេ?»
ស៊ីវលូញាក់ញ័រតតាត់ ផ្ដល់យោបល់៖
«យប់នេះមិនល្អទេ ទេសភាពស្រស់ស្អាត ព្រះចន្ទភ្លឺពេញវង់ ស័ក្តិសមសម្រាប់តែនិយាយរឿងឱ្យស្ដាប់។ ចាំពេលដែលខ្ញុំចង់សម្លាប់លោកសិន ចាំលើកដៃ»
«ឬមួយឯងមិនទាន់ចង់សម្លាប់យើងទេ?»
«មិនទាន់ទេ!»
ស៊ីវលូញញឹមញញែម៖
«លោកហួសពីដឹងថាខ្ញុំមិនចង់សម្លាប់លោកទេ ហើយដឹងថាខ្ញុំមិនដឹងធ្វើយ៉ាងណាអាចសម្លាប់លោកបាន»
«យើងមិនដឹង! យើងគ្រាន់តែដឹងថាឯងប្រាកដជាខឹងស្អប់យើងខ្លាំងណាស់!»
«លោកមិនដឹងតែបែរជាហ៊ានមកចួបខ្ញុំពេលមានរបួសបែបនេះ? លោកគិតថាខ្ញុំជាកូនទន្សាយល្ងិតល្ងង់? ឬមួយក្បាលប្រាំបួនរបស់លោកកំពុងវាយតប់គ្នាធ្វើឱ្យលោកល្ងីល្ងើអស់ហើយ?»
សាងលីវខាំកញ្ចឹងកស៊ីវលូ បំណងបន្តសោយសុខលើចំណី។ ស៊ីវលូក៏រហ័សនិយាយកាត់សង្វាក់៖
«ខ្ញុំឯកា!»
បបូរមាត់របស់សាងលីវកករឹងនៅលើកញ្ចឹងកស៊ីវលូ។
«ប្រហែលជាលោកមិនជឿទេ ប៉ុន្តែខ្ញុំពិតជាមិនខឹងស្អប់លោកទេ ហើយក៏មិនចង់សម្លាប់លោកដែរ ព្រោះខ្ញុំពិតជាឯកាខ្លាំងណាស់។ ឆ្នាំនោះ ខ្ញុំកើតជំងឺចម្លែកមួយ លាក់ពួនខ្លួននៅក្នុងព្រៃភ្នំ ជាច្រើនឆ្នាំមិនចួបអ្នកណា។ ខ្ញុំនិយាយជាមួយស្មៅផ្កា តែពួកវាមិនចេះស្តាប់ខ្ញុំ គិតតែរេរាំទៅតាមខ្យល់រំភើយ។ ខ្ញុំនិយាយជាមួយពួកសត្វស្វា តែពួកវាគិតតែរត់គេច រត់គេចមិនបានក៏បោកក្បាលទៅលើច្រាំងថ្មសម្លាប់ខ្លួន។ ក្រោយមក ខ្ញុំបានចួបនឹងព្រាយពស់ថ្លាន់មួយក្បាល វាចង់ស៊ីសាច់ខ្ញុំណាស់ ស្ទើរតែបន្តិចទៀតស៊ីដាច់ជើងម្ខាងរបស់ខ្ញុំ។ ប៉ុន្តែវាយល់ពីអ្វីដែលខ្ញុំនិយាយនិងមានប្រតិកម្មចំពោះរាល់ទង្វើរបស់ខ្ញុំ។ បើទោះដឹងថាមានគ្រោះថ្នាក់ខ្លាំង ក៏ខ្ញុំនៅតែឈរគ្រវីគ្រវាត់នៅចំពោះមុខវាជារឿយៗ ដុតបញ្ឆេះវាឱ្យខឹងក្ដៅក្រហាយស្ទើរឆ្កួត។ មានវាធ្វើជាមិត្ត ពេលវេលានៅក្នុងព្រៃភ្នំក៏មិនសូវឯកា…»
ស៊ីវលូសើចខឹកៗ៖
«ជាយូរៗទៅ វាឃើញថាខ្ញុំឆ្លាតវៃ មិនអាចស៊ីសាច់ខ្ញុំ វាក៏ចង់ផ្លាស់ប្ដូរទៅទីកន្លែងផ្សេង។ ព្រោះតែចង់ឃាត់វា ខ្ញុំមិនរងាន់តែងតែលួចពងវាយកមកគោះស៊ី។ ហេតុនេះ ពួកយើងក៏ក្លាយជាសត្រូវមិនទូលមេឃរួមគ្នា វាមិនចាកចេញទៅណាទៀត វាដេញត្របាក់ខ្ញុំយ៉ាងឆ្កួតលីលា ចង់សម្លាប់ខ្ញុំ!»
ស៊ីវលូក្រឡេកមើលទៅព្រះចន្ទលើលម្ហមេឃ ជ្រុងកន្ទុយភ្នែករំលេចភាពកម្សត់ឯកា។
«មនុស្សលោកនិយាយថាព្រះជាម្ចាស់សន្ដោសប្រណីអម្បូរអាទិទេព ប៉ុន្តែតាមខ្ញុំឃើញ ព្រះជាម្ចាស់សន្ដោសប្រណីដល់មនុស្សលោកច្រើនជាង។ ពួកគេខុសពីអម្បូរអាទិទេពត្រង់ អាយុកាលជីវិតខ្លីជាង។ ប៉ុន្តែលោកមើលទៅមើល មួយពាន់ឆ្នាំក្រោយព្រះចន្ទនៅតែដដែល ទោះបីធំមូលភ្លឺក្រឡង់ស្រស់ស្អាតប៉ុនណា គយគន់យូរទៅក៏គង់តែធុញទ្រាន់!»
«ព្រាយពស់នោះក្រោយមកយ៉ាងណា?»
«ស្លាប់ហើយ!»
«ឯងសម្លាប់វា?»
«មិនមែនទេ! បិសាចកញ្ជ្រោងសម្លាប់វា!»
«កញ្ជ្រោងកន្ទុយប្រាំបួន?»
ស៊ីវលូបិទភ្នែករាបចុះ៖
«កញ្ជ្រោងកន្ទុយប្រាំបួនចង់ចាប់ខ្ញុំ ប៉ុន្តែត្រូវព្រាយពស់នោះរារាំង ព្រោះវាគិតថាមានតែវាទេដែលមានសិទ្ធិស៊ីខ្ញុំ ហេតុនេះ… វាក៏ត្រូវបិសាចកញ្ជ្រោងនោះសម្លាប់!»
សាងលីវអស់សំណើច៖
«គួរឱ្យចាប់អារម្មណ៍មែន! ចុះកញ្ជ្រោងកន្ទុយប្រាំបួននោះក្រោយមកយ៉ាងណា?»
«ត្រូវខ្ញុំសម្លាប់!»
«ឯងអាចសម្លាប់វា?»
«ដើមឡើយ វាគួរតែសម្លាប់ខ្ញុំចោលនៅពេលដែលចាប់ខ្ញុំបានភ្លាម ប៉ុន្តែវាត្រូវសេចក្ដីគំនុំនិងសេចក្ដីលោភលន់បិទបាំងភ្នែកឱ្យងងឹតងងុល។ វាឱ្យខ្ញុំស៊ីរបស់ឆ្ងាញ់ប្លែកមាត់សព្វគ្រប់យ៉ាង បង្ខំខ្ញុំឱ្យស៊ីរបស់រអើមគួរឱ្យខ្ពើមសព្វគ្រប់យ៉ាង គោលបំណងគឺចង់ចិញ្ចឹមខ្ញុំឱ្យធំធាត់ បន្ទាប់មកស៊ីសាច់របស់ខ្ញុំ ហុតឈាមរបស់ខ្ញុំ ដើម្បីបំប៉នស្តារមហិទ្ធិឫទ្ធិដែលបាត់បង់ទៅ… អូ៎! ខ្ញុំភ្លេចប្រាប់លោក វាលែងជាកញ្ជ្រោងកន្ទុយប្រាំបួនទៀតហើយ តែប្រែជាកញ្ជ្រោងកន្ទុយប្រាំបី។ វាត្រូវគេកាត់ដាច់កន្ទុយមួយ ធ្វើឱ្យមហិទ្ធិឫទ្ធិរងការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរ។ វាចិញ្ចឹមខ្ញុំអស់រយៈពេលសាមសិបឆ្នាំ នៅពេលដែលជិតដល់ពេលវេលាកើបសមិទ្ធផលក៏មានរឿងហេតុកើតឡើង។ ថ្ងៃនោះ វាស្រវឹងនៅចំពោះមុខខ្ញុំ…»
«វាចិញ្ចឹមឯងនៅក្នុងទ្រុង?»
«មែនហើយ»
សាងលីវទ្រឹងជញ្ជឹងគិតមួយសន្ទុះ ដៃក្រពាត់លើផ្ទៃករបស់ស៊ីវលូ៖
«យើងដូចជាព្រាយពស់នោះជួយកាត់បន្ថយភាពឯកាក្នុងអតីតកាលរបស់ឯង?»
ស៊ីវលូសើចញញឹមញញែម៖
«មិនប្រាកដទេ! ប្រហែលជាខ្ញុំទើបជាព្រាយពស់នោះ បង្ហាញខ្លួនមករាំរែកបម្រើអារម្មណ៍លោក!»
សាងលីវព្រលែងស៊ីវលូចេញ៖
«និយាយរឿងសំខាន់របស់ឯងមក!»
«បនស្រីនៅដើមផ្លូវតុងហឺជារបស់ពួកលោកមែនទេ?»
«ហេតុអ្វីសួររឿងនេះ?»
«គ្រាប់អង្កាំគ្រួសារពួកខ្ញុំចង់រៀបការជាមួយស្រីបននៅទីនោះ»
«ឯងចង់ឱ្យយើងជួយរំដោះសេរីភាពនាង?»
«បនស្រីនោះជារបស់ពួកលោកមែនឬមិនមែន?»
«ស្រីម្នាក់នោះឈ្មោះអ្វី?»
«តាមពិតមិនមែនជារបស់លោកទេហ្អេស អ៊ីចឹងទើបខ្ញុំមានអារម្មណ៍ថាល្បិចកលទាញប្រយោជន៍របស់បនស្រីនោះមិនដូចជាចរិតរបស់លោកទេ»
ស៊ីវលូលានអណ្តាត ធ្វើភ្នែកព្រិចៗ ច្រឡើសប៉ើសបន្លឺថា៖
«ខ្ញុំមិនត្រូវការលោកជួយទៀតទេ ខ្ញុំទៅរកអ្នកផ្សេងវិញ!»
ឥន្រ្ទីយ៍សបង្អុរស្លាបចុះ ហោះហើរក្រវែលមួយជុំគុម្ពឈើ។ សាងលីវសម្រាលខ្លួនហោះឡើងទៅលើ ទម្លាក់ជើងជាន់លើខ្នងឥន្រ្ទីយ៍។
«នេះជារឿងសំខាន់ដែលឯងចង់និយាយ?»
«រឿងមង្គលការគ្រាប់អង្កាំគឺសំខាន់ណាស់!»
ឮសូរ ផូស! មែកឈើបាក់ក្រឹប ស៊ីវលូដួលធ្លាក់ចុះ ខ្លួនប្រាណរបស់គេបុកត្រូវមែកឈើរាប់មិនអស់ ដ្បិតបន្ថយល្បឿនធ្លាក់ចុះក៏នៅតែធ្វើឱ្យគេព្រួសឈាម។ ស៊ីវលូធ្លាក់ចុះដីដឹប ធូលីដីហុយត្រលោម។ ឥន្រ្ទីយ៍បានចិត្តស្ដូក បន្ទាបខ្លួនហោះសំកាំងឆ្វាចចុះឡើងពីរបីជុំ សើចចំអកស៊ីវលូ។ សាងលីវឈរត្រង់លើខ្នងឥន្រ្ទីយ៍ ច្បិចជ្រុងបបូរមាត់ញញឹម៖
«ចុងបញ្ចប់ឯងត្រឹមតែដូចជាពងរបស់ព្រាយពស់នោះ អ្នកណាក៏អាចងាយគោះស៊ី!»
ឥន្រ្ទីយ៍សបន្ទរទ្រហឹងវេហាស៍ ហក់វឹបឡើងទៅលើអាកាសខ្ពស់ សាងលីវរសាត់ខ្លួនជាមួយឥន្រ្ទីយ៍សទៅបាត់។ ដេករាបដីអស់មួយសន្ទុះធំ ស៊ីវលូខំប្រឹងពើនខ្លួនក្រោកឡើង ប៉ុន្តែក្បាលរបស់គេមានអារម្មណ៍ថាស្រវាំងភ្នែក វិលមុខ ជើងទន់ភ្លាស ឈឺចុកចាប់ មិនអាចដើរបាន។ ស្នូរសំឡេងធ្លាក់ដីដឹបរបស់គេបង្អើលដល់ហ្វូងសត្វកំប្រុកដេកក្នុងសម្បុកឈើ នាំគ្នាអើតក្បាលចេញសម្លឹងមើលស៊ីវលូព្រោងព្រាត។
ស៊ីវលូញញឹមពព្រាយដាក់ពួកវា៖
«មើលស្អីហ្នឹង! ពួកឯងឃើញយើងគួរឱ្យចង់សើចណាស់ហ្អេស! យើងកំពុងតែដាក់អន្ទាក់ លែងដង្កូវចាប់ត្រីនាគ! លើកក្រោយនៅពេលចួបម្ដងទៀត សត្វចម្លែកគម្រក់នោះនឹងលែងចង់សម្លាប់យើងទៀត…»
លុះមេឃទៀបភ្លឺ ស៊ឺឈីតាមរកមកដល់។ ស៊ីវលូកំពុងដេកសណ្ដូកភ្លឹងលើគំនរមែកឈើបាក់ របួសសុះពេញខ្លួន ប៉ុន្តែបបូរមាត់នៅតែដិតដាមស្នាមញញឹមតិចៗ។ ស៊ឺឈីទម្លាក់ខ្លួនអង្គុយចុះ រើសកម្ទេចស្លឹកឈើនិងមែកឈើមួយៗធ្លាក់លើមុខរបស់ស៊ីវលូចេញ។ ស្លាកស្នាមធ្មេញដូចក្រអូមមាត់ពណ៌ក្រហមពីរបីរំលេចចេញក្រោមកអាវស៊ីវលូ។ រោមភ្នែករបស់ស៊ីវលូញ័រតិចៗ៖
«ស៊ឺឈី»
គេបើកភ្នែកធំៗ សើចដាក់ស៊ឺឈី៖
«ខ្ញុំដើរមិនរួចទេ»
ស៊ឺឈីគ្រាហ៍គេងើបឡើង ស៊ីវលូស្តាប់បង្គាប់ផ្ដេកលើខ្នងរបស់ស៊ឺឈី។
ស៊ីវលូសម្រាកព្យាបាលអស់បីថ្ងៃជាប់ៗគ្នា លុះដល់ថ្ងៃទីបី នៅពេលដែលគេអាចច្រត់ឈើច្រត់ដើរបាន គេហៅកញ្ចាស់ម៉ុករៀបចំម្ហូបស្រាអញ្ជើញសៀនមកលេង។ សៀនមកដល់តាមណាត់ ស៊ីវលូជួយយកអាសារចាក់ស្រាជូនគ្រប់គ្នា។ កញ្ចាស់ម៉ុកនិងគ្រាប់អង្កាំជល់អស់ពីរចានផ្ទួនៗ បន្ទាប់មកក៏ដួលក្រាបចុះលើតុ ដេកលក់ដាច់ផឹង។ សៀនញញឹមចុងមាត់មើលទៅស៊ីវលូ ស៊ឺឈីអង្គុយស្ងៀមស្ងាត់នៅក្បែរម្ខាង។
ស៊ីវលូបន្លឺសំឡេងនិយាយជាមួយសៀន៖
«ខ្ញុំអញ្ជើញលោកមកទីនេះ ព្រោះតែមានរឿងសុំឱ្យលោកជួយ»
«និយាយមកចុះ»
«គ្រាប់អង្កាំចង់រៀបការជាមួយទៀនអឺ សង្ឃឹមថាលោកជួយបន្តិច»
សៀននៅស្ងៀមទ្រឹងមិនតប។ ស៊ីវលូនិយាយបន្តដោយស្មោះត្រង់៖
«ដ្បិតពួកយើងមិនសូវស្និទ្ធស្នាលនឹងគ្នា ប៉ុន្តែនេះជារឿងធំមួយជីវិតរបស់គ្រាប់អង្កាំ ហេតុនេះខ្ញុំមានតែមុខក្រាស់សុំពឹងពាក់ឱ្យលោកជួយ»
«ម្ដេចក៏ល្បងលូដឹងថាខ្ញុំអាចជួយល្បងបាន?»
«បើទោះជាខ្ញុំមិនដឹងសាវតាពិតរបស់លោកនិងអានាន ប៉ុន្តែខ្ញុំជឿថាសាវតារបស់ពួកលោកមិនធម្មតានោះឡើយ។ មិនលាក់បាំងអ្វី ព្រោះតែខ្ញុំងឿងឆ្ងល់ខ្លាំង ទើបទៅស៊ើបរកមើលបន្តិច មិននឹកស្មានថាត្រូវតាមជាន់កែងទាន់។ ឱ្យតែល្បងសៀនព្រមជួយ រឿងរ៉ាវនឹងសម្រេច!»
ស៊ីវលូចាប់ផ្ដើមនិយាយស្តីអែបអប ហៅសៀនស្និទ្ធស្នាលថា ល្បងសៀន។ សៀនក្រឡេកមើលទៅស៊ឺឈី ឆ្លើយតប៖
«ខ្ញុំនិងអានានគ្រាន់តែចង់រស់នៅដោយស្ងប់សុខប៉ុណ្ណោះ»
«បានៗ! ខ្ញុំយល់ហើយ ខ្ញុំសន្យាថាថ្ងៃក្រោយមិនរំខានអ្នកទាំងពីរទៀតទេ!»
សៀនគ្រលៀសកាត់មុខស៊ីវលូ ស៊ីវលូក៏រហ័សដកស្នាមញញឹមវិញមួយរំពេច៖
«ខ្ញុំរស់នៅភូមិឈីងសួយអស់ជាងម្ភៃឆ្នាំមកហើយ ខ្ញុំគឺខ្ញុំ ម៉ាត់ណាគឺម៉ាត់ហ្នឹង!»
សៀនក្រោកឈរឡើង ចាកចេញទៅ៖
«ពេលដែលរៀបចំស្រាមង្គល កុំភ្លេចអញ្ជើញខ្ញុំ!»
ស៊ីវលូក្ដោបដៃគោរព៖
«បានៗ!»
កញ្ចាស់ម៉ុកភ្ញាក់ពីដំណេក៖
«អឺ… ទើបតែផឹកបន្តិចសោះម្ដេចក៏ស្រវឹងខ្លាំងម្ល៉េះ?»
ស៊ីវលូសើចខឹកៗ៖
«នោះមកពីលោកពូផឹកលឿនពេកហ្នឹង! គួរក្លែមសាច់ក្លែមខ្លះមុនពេលផឹក! អូ៎នែ… និយាយអ៊ីចឹង! ថ្ងៃស្អែកលោកពូទៅផ្ទះបន លោះមនុស្សមក៎!»
«ប៉ុន្តែ…»
«ខ្ញុំប្រាប់ឱ្យលោកពូទៅក៏ទៅៗ!»
នៅហួយឈុនថាងនេះ រាល់ថ្ងៃឃើញកញ្ចាស់ម៉ុកដូចជាមេគ្រួសារទទួលបន្ទុកគ្រប់យ៉ាង ប៉ុន្តែនៅពេលស៊ីវលូហាមាត់ឡើង សូម្បីកញ្ចាស់ម៉ុកក៏ត្រូវស្តាប់។
នៅថ្ងៃបន្ទាប់ កញ្ចាស់ម៉ុកស្លៀកពាក់ស្អាតបាត ទៅដើមផ្លូវតុងហឺលោះមនុស្ស។ យាយធ្មប់ផ្ទះបនពិតជាទទួលសំណើរបស់កញ្ចាស់ម៉ុកដោយមានលក្ខខណ្ឌមួយគឺ ឱ្យស៊ីវលូចេញបុងថ្នាំចៀសគក៌មិនគិតថ្លៃសម្រាប់ពួកស្រីបនរបស់គាត់!
កញ្ចាស់ម៉ុកយល់ព្រមភ្លាមៗដោយក្ដីរីករាយ។ ចុះហត្ថលេខាលើក្រដាសស្នាមចប់សព្វគ្រប់ កញ្ចាស់ម៉ុកនាំទៀនអឺទៅកាន់ហួយឈុនថាង។
ឃើញទៀនអឺ គ្រាប់អង្កាំភ្ញាក់ផ្អើលយ៉ាងខ្លាំង តាមសម្លឹងនាងជាប់ស្អិត នៅសុខៗច្រមុះដកហបៗ ទឹកភ្នែករលីងរលោង កាន់កន្ត្រកផ្តៅពីរ និយាយខ្សេវៗថា៖
«ខ្ញុំទៅផ្ទះអ្នកបងថ្លៃខ្ចីសម្លៀកបំពាក់ពីរបីសម្រាប់ឱ្យនាង!»
ស៊ីវលូញញឹមពព្រាយជាប់មករហូត គេងាកទៅនិយាយជាមួយកញ្ចាស់ម៉ុក៖
«លោកពូទៅផ្សារទិញម្ហូបខ្លះមក យប់នេះពួកយើងជប់លៀង!»
«ល្អ!»
កញ្ចាស់ម៉ុកយួរកន្ត្រកទៅផ្សារដោយសប្បាយរីករាយ។ ស៊ីវលូងាកទៅរកទៀនអឺ ប្រែទឹកមុខយ៉ាងម៉ឺងម៉ាត់៖
«នាងជឿថាខ្ញុំអាចធ្វើឱ្យនាងរស់មិនស្មើស្លាប់ទេ?»
ទៀនអឺអង្គុយចុះយឺតៗ ឆ្លើយតប៖
«ខ្ញុំជឿ»
«នាងជាអ្នកណា?»
ទៀនអឺលើកដៃអង្អែលលើផ្ទៃមុខខ្លួនឯង៖
«ល្បងលូហាក់មើលស្រាលការប្រកួតប្រជែងស៊ីសាច់ហុតឈាមគ្នានៅក្នុងចង្កោមអាជីពនេះរបស់ពួកខ្ញុំនិងពួកបុរសទាំងនោះ»
«ហេតុអ្វីនាងពង្វក់គ្រាប់អង្កាំ? ខ្ញុំមិនជឿថានាងសុទ្ធចិត្តនឹងគេទេ»
«អាយុដប់បីឆ្នាំ ខ្ញុំចាប់ផ្តើមចេញទទួលភ្ញៀវ។ ជាងដប់ពីរឆ្នាំមកនេះ ខ្ញុំបានចួបនឹងបុរសរាប់មិនអស់។ ដ្បិតល្បងគ្រាប់អង្កាំមិនមែនជាមនុស្សមានទ្រព្យមានប្រាជ្ញអ្វី ប៉ុន្តែគាត់ជាមនុស្សតែម្នាក់គត់ដែលសុខចិត្តរៀបការជាមួយខ្ញុំ!»
ទៀនអឺញញឹមតិចៗ៖
«បីខែមុន មានបុរសម្នាក់មករកខ្ញុំ ឱ្យមាសប្រាក់ច្រើនសន្ធឹក បង្គាប់ខ្ញុំឱ្យទៅពង្វក់ល្បងគ្រាប់អង្កាំ។ ខ្ញុំគ្មានឋានៈអ្វីនៅក្នុងផ្ទះបននោះ បើខ្ញុំមិនខំសន្សំប្រាក់ទេ មិនយូរមិនឆាប់ ខ្ញុំនឹងចាស់ស្លាប់ឬឃ្លានស្លាប់នៅទីនោះ។ គិតដូច្នោះ ខ្ញុំក៏យល់ព្រម។ ល្បងគ្រាប់អង្កាំមិនដែលធ្លាប់ភ្លក់រសជាតិមនុស្សស្រី បន្ទាប់ពីខ្ញុំ “នាំចូលកម្សាន្តជីវិត” រួច គាត់ស្បថស្បែយកស្លាប់យករស់ចង់រៀបការជាមួយខ្ញុំ។ តាំងពីអាយុដប់បីឆ្នាំ ខ្ញុំស្ដាប់ឮពាក្យសន្យាតែមាត់បែបនេះឡើងធុញទ្រាន់ ខ្ញុំមិនដែលជឿជាក់ឡើយ។ ប៉ុន្តែខ្ញុំមិននឹកស្មានថា អ្នកទាំងអស់គ្នាពិតជាមកសុំលោះខ្ញុំមែន។ ម្ចាស់បនខឹងនឹងខ្ញុំលួចមានទំនាក់ទំនងស្នេហាជាមួយបុរសខាងក្រៅ ទើបមានចេតនាកាត់តម្លៃខ្ពស់ ចង់បំផ្លាញសុភមង្គលរបស់ខ្ញុំ។ ប៉ុន្តែកាលពីយប់មិញ បុរសនោះបានមកផ្ទះបនម្ដងទៀត ឱ្យប្រាក់មួយថង់ធំមកខ្ញុំប្រាប់ថា ការដោះដូររវាងពួកយើងបានបញ្ចប់ បើខ្ញុំចង់រៀបការជាមួយល្បងគ្រាប់អង្កាំ យកប្រាក់នោះប្រគល់ឱ្យទៅម្ចាស់បនជាថ្លៃលោះខ្លួន!»
«នាងស្គាល់បុរសនោះទេ?»
ទៀនអឺគ្រវីក្បាល៖
«ល្បងលូប្រហែលជាដឹងហើយថា អាទិទេពនិងព្រាយបិសាចសុទ្ធតែអាចប្រែកាឡារូបរាងនិងរូបរាង។ ចំណែកខ្ញុំវិញ ខ្ញុំគ្រាន់តែជាមនុស្សធម្មតាម្នាក់ប៉ុណ្ណោះ»
ទៀនអឺលុតជង្គង់ចុះ៖
«រយៈពេលដប់ពីរឆ្នាំរស់ជីវិតជាស្រីបន បេះដូងខ្ញុំកករឹងដូចទឹកកក រីកស្ងួតក្រៀមក្រោះ សូម្បីតែពេលនេះខ្ញុំមិនជឿថាល្បងគ្រាប់អង្កាំនឹងមិនបោះបង់ចោលខ្ញុំ សុខចិត្តរស់នៅជាមួយខ្ញុំជារៀងរហូត ប៉ុន្តែខ្ញុំចង់សាកល្បងមើល… បើចិត្តគាត់ពិតជាចង់រស់នៅជាមួយខ្ញុំមែន ខ្ញុំ…»
ទៀនអឺលើកដៃឡើង ស្បថទៅកាន់មេឃ៖
«ខ្ញុំក៏នឹងចិត្តមួយថ្លើមមួយជាមួយគាត់ដែរ»
ស៊ីវលូចិត្តស្ងប់ឥតរេសម្លឹងមើលទៀនអឺ មិននិយាយអ្វីទាំងអស់។ ទៀនអឺឱនក្បាលចុះ ខ្សឹបខ្សួល៖
«បេះដូងកករឹងរីកស្ងួតជួយខ្ញុំឱ្យចៀសឆ្ងាយពីសេចក្ដីទុក្ខសោក ប៉ុន្តែដំណាលគ្នានោះក៏រុញច្រានខ្ញុំឱ្យឃ្លាតដាច់ឆ្ងាយពីសេចក្តីរីករាយ។ ខ្ញុំពិតជាសង្ឃឹមថានឹងមានបុរសម្នាក់អាចជួយដល់ខ្ញុំ ធ្វើឱ្យខ្ញុំវិលទៅរកខ្ញុំកាលពីដប់ពីរឆ្នាំមុនវិញ បន្ទន់បេះដូងធ្វើឱ្យខ្ញុំចេះយំចេះសើច។ បើអាចដូច្នោះ ខ្ញុំនឹងស្រលាញ់មនុស្សម្នាក់នោះជាងជីវិតរបស់ខ្ញុំទៅទៀត!»
គ្រាប់អង្កាំទាញដៃមុខខ្មូតចូលមកដល់ញាប់ជើង៖
«អ្នកបងថ្លៃថា…»
ឃើញទៀនអឺលុតជង្គង់នៅចំពោះមុខស៊ីវលូ គេស្រឡាំងកាំងឆ្កឹង សម្លឹងមើលទៅស៊ីវលូយ៉ាងព្រួយបារម្ភ។ ស៊ីវលូលានអណ្ដាតនិយាយញ៉ោះគ្រាប់អង្កាំ៖
«យ៉ាងម៉េចហ្នឹង? ខ្ញុំបង្គាប់ឱ្យប្រពន្ធឯងក្រាបក្បាលថ្វាយបង្គំខ្ញុំ ឯងមិនសប្បាយចិត្តហ្អេស?»
គ្រាប់អង្កាំក្រឡេកភ្នែកមើលទៀនអឺបន្តិច បន្ទាប់មកថ្ពាល់របស់គេប្រែជាក្រហម។ ទៀនអឺដកដង្ហើមធូរទ្រូង លំទោនកាយចុះ បន្ទាប់មកសន្សឹមៗឱនក្បាលក្រាបគោរពយ៉ាងអស់ពីចិត្តចំពោះមុខស៊ីវលូ។ ពេលនាងងើបមុខឡើង ស៊ីវលូឃើញកែវភ្នែកនាងដក់តំណក់ទឹកភ្នែក។
ស៊ីវលូគ្រវីដៃរវៃៗ៖
«នាងចេះធ្វើម្ហូបទេ? បើមិនចេះចូលផ្ទះបាយរៀនពីលោកពូម៉ុកចុះ»
បន្ទាប់ពីហូបអាហារពេលយប់រួច គ្រាប់អង្កាំនិងទៀនអឺដើរលេងរំហែកាយតាមមាត់ទន្លេ ខ្យល់បក់ត្រជាក់ល្មួត ប៉ុន្តែអ្នកទាំងពីរនៅតែដើរបណ្ដើរគ្នាជជែកគ្នាលេង។ ស៊ីវលូផ្ទប់ខ្លួនលើឈើច្រត់ សម្លឹងមើលគូស្នេហ៍វ័យក្មេង ស៊ឺឈីឈរនៅក្បែរគេជាប់។ ជំងឺនិយាយច្រើនរបស់ស៊ីវលូបានឱកាសរើឡើង៖
«តាមពិតទៅ នេះជាល្បែងភ្នាល់មួយក្ដារដ៏គួរឱ្យចាប់អារម្មណ៍! ទៀនអឺមិនជឿថាគ្រាប់អង្កាំនឹងស្មោះសរជាមួយនាងអស់មួយជីវិត ហេតុនេះអារម្មណ៍របស់នាងចំពោះគ្រាប់អង្កាំនៅពេលនេះគឺគ្រាន់តែក្លែងក្លាយ។ រីឯគ្រាប់អង្កាំមិនដឹងអ្វីទាំងអស់ ទៀនអឺល្អចំពោះគេមួយដង គេនឹងល្អចំពោះនាងទ្វេដប់។ ស្នេហាក្លែងក្លាយនោះចាប់ផ្តើមចាក់ស្មុកបន្តិចម្តងៗ ព្រោះវាលាយឡំនឹងការពិតខ្លះៗ ចុងក្រោយទៅវាក៏ក្លាយជាស្នេហាពិតប្រាកដ។ ប៉ុន្តែនៅក្នុងដំណើរជីវិតមានឧបសគ្គជាច្រើន ទៀនអឺភ្នាល់ដាក់បេះដូងរបស់នាងទាំងមូល បើសិនគ្រាប់អង្កាំក្រឡាស់មុខក្បត់នាង ក្នុងចំណោមពួកគេទាំងពីរនឹងមានម្នាក់ត្រូវស្លាប់!»
ស៊ីវលូញញឹមស្រាលនិយាយបន្ត៖
«អាយុរបស់ខ្ញុំនៅវែងអន្លាយ ខ្ញុំនឹងរង់ចាំមើលលទ្ធផល!»
ស៊ឺឈីក្រឡេកមើលទៅគូស្នេហ៍ដើរបណ្ដើរគ្នា សួរថា៖
«ហេតុអ្វី… សៀន?»
ស៊ីវលូឆ្លើយតប៖
«លើកមុន ខ្ញុំលបចូលផ្ទះរបស់គេលួចសាច់មាន់ហូបទាំងកណ្តាលយប់ គេសង្ស័យថាខ្ញុំមានបំណងអាក្រក់ ទើបជួលទៀនអឺស៊ើបសួរខ្សែរយៈនៅពីក្រោយខ្នងខ្ញុំ។ បើខ្ញុំខ្វះការពិចារណា ទៅសុំសាងលីវជួយនោះ អ្វីៗនឹងកាន់តែស្មុគស្មាញ។ ឥឡូវនេះសៀននៅតែមិនជឿខ្ញុំនៅឡើយ ប៉ុន្តែចុងបញ្ចប់គេនឹងយល់ ខ្ញុំគឺស្អាតស្អំ… កុំនៅហិតខ្យល់ខាងជើងជាមួយនឹងពួកគេទៀតអី តស់! យើងទៅវិញ!»
ស៊ីវលូញាត់ឈើច្រត់ចូលទៅក្នុងដៃស៊ឺឈី ត្រដាងដៃឡើង សើចខ្លាំងៗ លោតកញ្ឆោងជើងមួយទៅផ្ទះ។ ខ្លោងទ្វារគ្របដណ្តប់ស្រទាប់ព្រិលស្តើង ស៊ីវលូមិនចាប់អារម្មណ៍ ខណៈដែលលោតឡើងលើកាំជណ្ដើរ ជើងរបស់គេក៏រអិលផ្ងារក្រោយ ដួលធ្លាក់ចូលទៅក្នុងរង្វង់ដៃរបស់ស៊ឺឈី។
«ហាៗ… អរគុណ!»
ស៊ីវលូស្ថិតនៅក្នុងរង្វង់ដៃស៊ឺឈី សូរសណ្ដាប់របស់គេ មិនដឹងថាមកពីអ្វី ប្រែជាទន់រំអួយ។ ស៊ីវលូចាប់ឈើច្រត់នៅក្នុងដៃស៊ឺឈី បម្រុងក្រោកឈរឡើង មិននឹកស្មានថាឈើច្រត់នោះធ្លាក់ទៅលើដី ស៊ីវលូចាប់ឈើច្រត់មិនបាន ក៏ដួលធ្លាក់ចូលទៅក្នុងផែនទ្រូងស៊ឺឈីម្ដងទៀត។ អ្នកទាំងពីរសម្លឹងមើលមុខគ្នាភាំងភាន់ស្មារតី រំពេចនោះស៊ឺឈីត្រកងដៃ លើកបីស៊ីវលូឡើង បោះជំហានជើងឡើងកាំជណ្ដើរ ដើរកាត់ខ្លោងទ្វារ ដើរកាត់ទីធ្លាក្រោយផ្ទះ ដាក់ស៊ីវលូចុះនៅមុខទ្វារបន្ទប់យ៉ាងថ្នមៗ។ មនុស្សទាំងពីរបន្តសម្លឹងមើលគ្នាយ៉ាងស្ងៀមស្ងាត់។
«ខ្ញុំ… អឺ… អរគុណ!»
ស៊ីវលូបែរក្រោយ លោតកញ្ឆក់កញ្ឆោងចូលទៅក្នុងបន្ទប់។
នៅខែពីរ នាពាក់កណ្តាលរដូវផ្ការីកស្គុះស្គាយ កញ្ចាស់ម៉ុកបានរៀបចំពិធីមង្គលការឱ្យគ្រាប់អង្កាំនិងទៀនអឺ។
ពិធីមង្គលការសែនសាមញ្ញ ពួកគេគ្រាន់តែអញ្ជើញមិត្តភក្តិជិតស្និទ្ធប៉ុន្មាននាក់របស់គ្រាប់អង្កាំ ក្រុមគ្រួសារកៅ និងសៀន។ ឈុនតៅពរពោះធំអង្គុយនៅម្ខាង គ្រាន់តែញញឹមញញែមមិននិយាយរកទៀនអឺ។ នៅពេលដែលឃើញកូនស្រីច្បងរត់សំដៅមកក្បែរទៀនអឺ ឈុនតៅក៏ទាញកូនស្រីមកវិញភ្លាម អប់រំថា៖
«កុំទៅរំខានអ្នកមីងថ្លៃ!»
គ្រាប់អង្កាំគិតតែពីសើចសប្បាយ មិនចាប់អារម្មណ៍នឹងរឿងទាំងនោះ សំណើចសើចសប្បាយរបស់គេធ្វើឱ្យក្នុងផ្ទះទាំងមូលពោរពេញដោយក្តីរីករាយនិងអ៊ូអរ។ ស៊ីវលូអង្គាមកទា ញញឹមប៉ប្រិមលឹបភ្នែក។
នេះគឺជាទំព័រឆាកជីវិតផ្ទុកពេញដោយភាពផ្អែមល្ហែមនិងជូរចត់។ នៅទីចុងបញ្ចប់ គឺផ្អែមជាងឬជូរចត់ជាង មួយអាស្រ័យលើព្រហ្មលិខិត មួយវិញទៀតអាស្រ័យលើមនុស្ស។
ពាក់កណ្តាលពិធី អានានស្រាប់តែបង្ហាញខ្លួនឡើងដើរចូលមកដល់។ ស៊ីវលូងាកទៅក្បែរម្ខាងឃើញស៊ឺឈីរត់គេចទៅណាបាត់។ កញ្ចាស់ម៉ុកស្វាគមន៍អានាន ប៉ុន្តែនាងត្រឹមតែងក់ក្បាលឆើយៗជាការឆ្លើយតប រួចងាកទៅនិយាយជាមួយសៀន៖
«បងប្រុស! ខ្ញុំឮហាយថាងថាបងមកទីនេះចូលរួមពិធីមង្គលការ មិននឹកស្មានថាពិតមែន!»
អានានក្រឡេកមើលទៅកាន់គ្រាប់អង្កាំនិងទៀនអឺដោយខ្សែភ្នែកមើលស្រាលឥតលាក់បាំង គ្រាប់អង្កាំដែលដើមឡើយកំពុងសើចសប្បាយក៏ទទួលអារម្មណ៍យ៉ាងច្បាស់ពីភាពមាក់ងាយរបស់នាង ធ្វើឱ្យគេផ្លាស់ប្តូរទឹកមុខភ្លែត។ រីឯទៀនអឺខុសដាច់ នាងមិនទើសទាល់អ្វី ព្រោះនាងកត់សម្គាល់ឃើញថា អាកប្បកិរិយាមាក់ងាយរបស់អានានគឺសម្រាប់មនុស្សគ្រប់គ្នានៅទីនេះ រួមទាំងស៊ីវលូ ថៅកែកៅ ឈុនតៅ និងសូម្បីតែកូនស្រីច្បងរបស់មុខខ្មូតផងដែរ។
អាកប្បកិរិយាក្រអឺតក្រទម ឆ្មើងឆ្មៃ និងមាក់ងាយរបស់អានានចំពោះមនុស្សគ្រប់គ្នា ធ្វើឱ្យអ្នកមានវត្តមាននៅទីនេះអង្គុយនៅមិនសុខ។ ថៅកែកៅនឹកគិតពីក្លិនញើសធំស្អុយគគ្រូករបស់ខ្លួន ឈុនតៅនឹកគិតពីម្រាមដៃក្រិនខ្មៅអាក្រក់អាក្រីរបស់ខ្លួន… គ្រាប់អង្កាំនិងមុខខ្មូតក្តាប់កណ្តាប់ដៃយ៉ាងតឹងណែន។
មិនថាយ៉ាងណាក្តី អានានមិនបានធ្វើអ្វីពួកគេទេ ហើយក៏មិនបាននិយាយអ្វីដែរ នាងគ្រាន់តែឈរនៅទីនោះយ៉ាងអំណួត សម្លឹងមើលមនុស្សគ្រប់គ្នា។
ស៊ីវលូមិនអាចមិនសុំសរសើរក្មេងស្រីម្នាក់នោះ មិនដឹងថានាងត្រូវបានចិញ្ចឹមបីបាច់ធំដឹងក្ដីមកដោយយ៉ាងណានោះទេ ទើបអាចអួតអាងសេរី ចាត់ទុកមេឃដូចធូលី មើលងាយមនុស្សគ្រប់គ្នាដោយឫកពា “ថ្លៃថ្នូរ” បែបនេះ ហើយធ្វើឱ្យមនុស្សគ្រប់គ្នាមានអារម្មណ៍ថានាងយល់ឃើញខ្លួនឯងអ៊ីចឹងគឺត្រឹមត្រូវ។
សៀនក្រោកឈរឡើង បម្រុងនឹងនិយាយលាអ្នកទាំងអស់គ្នាចាកចេញទៅវិញ ប៉ុន្តែអានានហូតកូនកន្សែងដៃចេញ ក្រាលនៅលើកៅអី ដាក់ខ្លួនអង្គុយចុះ៖
«បងប្រុស! ខ្ញុំមិនដែលឃើញពិធីមង្គលការក្រីក្របែបនេះទេ នៅទីហ្នឹងចាំមើលពួកគេបន្តទៀតទៅ»
ស៊ីវលូចង់តែដាច់ផ្ងារក្រឡាប់ក្រោយ ព្រួសឈាមព្រោង។ គ្រាប់អង្កាំចង់តែទះតុ ប៉ុន្តែត្រូវទៀនអឺរាំងដៃទាន់ នាងរីកស្នាមញញឹម និយាយថា៖
«ពួកយើងគួរតែអញ្ជើញស្រាអ្នកនាងខាងណេះ!»
អានានឆ្មើងឆ្មៃឆ្លើយតប៖
«ខ្ញុំមិនផឹកទេ ពែងនិងចានរបស់ពួកឯងកខ្វក់ណាស់ ខ្ញុំគ្រាន់តែឃើញក៏ចង់ក្អួត!»
ស៊ីវលីពោលក្នុងចិត្ត៖ ទ្រាំៗ ត្រូវតែអត់ទ្រាំចំពោះនាង!
សៀនទទួលពែងស្រាពីដៃគ្រាប់អង្កាំ ងើយក្បាលអកផឹកដាច់។ អានានចងចិញ្ចើមតែមិននិយាយអ្វី បន្តដៀងភ្នែកមើលមុខម្ហូបនៅលើតុដោយខ្សែភ្នែកងឿងឆ្ងល់។
នាងពោលទៅកាន់កញ្ចាស់ម៉ុក៖
«ខ្ញុំឮគេនិយាយថាម្ហូបតុការបង្ហាញពីការគោរពឱ្យតម្លៃលើកូនក្រមុំ ប៉ុន្តែខ្ញុំឃើញអ្នកទាំងអស់គ្នាហូបចុកធូរថ្លៃធម្មតាយ៉ាងណា មើលទៅប្រហែលជាមិនសូវស្រលាញ់កូនក្រមុំនេះទេមែនទេ?»
ឆ្លាតវៃដូចជាទៀនអឺ បន្ទាប់ពីស្តាប់ឮពាក្យមួយឃ្លានេះ ក៏ត្រូវខូចអារម្មណ៍ផ្លាស់ប្តូរទឹកមុខ។ ស៊ីវលូសម្រេចចិត្តអញ្ជើញភ្ញៀវចេញ ទើបងាកទៅនិយាយជាមួយសៀននិងអានាន៖
«អ្នកទាំងពីរមិនចង់អង្គុយនៅយូរទេមែនទេ? ណ្ហើយចុះពួកយើងមិនឃាត់ទៀតទេ សូមមេត្តាអធ្យាស្រ័យផងដែលចេញទៅដោយមិនជូនដំណើរ!»
សៀនទាញអានានក្រោកឡើងចាកចេញទៅវិញ ពោលពាក្យសុំទោសទៅស៊ីវលូ។
អានានសម្លក់ភ្នែកទៅស៊ីវលូ៖
«រាល់លើកដែលចួបនឹងឯង ខ្ញុំមានអារម្មណ៍ថាទើសភ្នែកណាស់ បើមិនកុំតែយល់មុខបងប្រុស ខ្ញុំនឹងហៅមនុស្សប្រដៅឯងចេញយូរហើយ!»
ស៊ីវលូពោលក្នុងចិត្ត៖ បើមិនកុំតែយល់មុខបងប្រុសនាង ខ្ញុំក៏សំពងនាងមួយចាស់ដៃដែរ!
សៀននិងអានានចាកចេញទៅបាត់ ទើបស៊ីវលូដកដង្ហើមធូរទ្រូង។
ស៊ីវលូដើរទៅទីធ្លាក្រោយផ្ទះ កាត់ចម្ការស្មៅថ្នាំ សំដៅទៅមាត់ទន្លេ។ វាលព្រៃដុះស៊ុបទ្រុប ផ្កាព្រៃប្រជែងគ្នាលាស់រីក ស៊ឺឈីអង្គុយនៅមាត់ច្រាំងសម្លឹងមើលទឹកទន្លេហូរ។
ស៊ីវលូឈរនៅពីក្រោយខ្នងគេ៖
«រដូវផ្ការីកប្រាំមួយឆ្នាំមុន ខ្ញុំឃើញលោកដេកនៅក្នុងគុម្ពព្រៃត្រែងមួយនោះ»
ស៊ឺឈីបែរក្បាលងាកមក បបូរមាត់រីកស្នាមញញឹម៖
«កន្លងប្រាំមួយឆ្នាំហើយ»
ស៊ីវលូញញឹមស្រស់ស្រាយ អង្គុយចុះនៅក្បែរគេ។
«សូម្បីតែមុខខ្មូតនិងគ្រាប់អង្កាំក៏យល់ឃើញថាលោកមិនគួរដំអែរដំអង់ស្នាក់នៅហួយឈុនថាងនេះយូរដែរ។ នោះប្រាកដណាស់ សៀនក៏កត់សម្គាល់ឃើញចំណុចនេះដែរ គេនៅតែសង្ស័យលើខ្ញុំ ហេតុនេះគេនឹងរកមនុស្សស៊ើបពីលោក!»
«អ្ហឹម»
កែវភ្នែកស៊ឺឈីថ្លាឆ្វង់ បញ្ចេញកំណួចញញឹម ទឹកមុខស្ងប់ស្ងាត់ ទ្រមឹងទ្រមើយ បង្កប់ភាពសោកសៅ ហាក់ដូចជាឃ្លាតឆ្ងាយពីពិភពលោក លាយចម្រុះជាមួយជ្រលងភ្នំដ៏ស្រស់ស្អាត ប្រឹក្សព្រៃដ៏ស្រស់បំព្រងនៅទីនេះ។
ស៊ីវលូដកដង្ហើមធំ តាមពិតស៊ឺឈីក៏ជាមនុស្សដូចអានានដែរ ស្ថិតនៅទីមួយដែលខ្ពង់ត្រដែតនិងឃ្លាតឆ្ងាយ។ ប៉ុន្តែឫកពាសម្លឹងមើលមនុស្សពាក់កណ្តាលភ្នែករបស់នាង ធ្វើឱ្យស៊ីវលូចង់តែសំពងនាងឱ្យណាណីចេញម្ដង។ ខណៈពេលដែលឫកពាខ្ពង់ខ្ពស់របស់ស៊ឺឈី ធ្វើឱ្យស៊ីវលូចង់តែលុបលាងចេញ បង្ខំឱ្យស៊ឺឈីឆ្លងដាលភាពអបលក្ខណ៍នៅក្នុងពិភពលោករបស់ខ្លួន ធ្វើឱ្យភាពខ្ពង់ខ្ពស់របស់គេហោះហើរទៅតាមខ្យល់ ឬប្រែទៅជាពពកសដេសដាសនៅលើផ្ទៃមេឃខៀវ។
ស៊ីវលូរើសថ្មគ្រួសមួយដុំ គប់ផ្លោងចូលទៅក្នុងទន្លេ សើចហេសហាស់សម្លឹងមើលទឹកទន្លេបាញ់សាចមកលើផ្ទៃមុខស៊ឺឈី។ ស៊ឺឈីដកកន្សែងដៃចេញមកជូត ស៊ីវលូកោងកាចគំហកថា៖
«មិនឱ្យជូត!» ស៊ឺឈីមិនយល់អ្វី តែនៅតែស្តាប់បង្គាប់ស៊ីវលូ មិនជូតមុខរបស់ខ្លួនឯង តែប្រើកន្សែងផ្ដិតជូតតំណក់ទឹកនៅលើផ្ទៃមុខរបស់ស៊ីវលូ។
ឥន្រ្ទីយ៍សហោះហើរក្រឡឹងលើផ្ទៃទន្លេ សន្សឹមៗបំបោលចូលមកដល់។ សាងលីវចាប់ភ្លឹកសម្លឹងមើលមនុស្សទាំងពីរ ទឹកមុខរំលេចស្នាមញញឹមស្រាល។ ស៊ីវលូក្រោកឈរឡើងមួយរំពេច ដើរទៅរកគេ ងាកទៅបង្គាប់ស៊ឺឈី៖
«លោកទៅវិញមុនចុះ!»
ស៊ឺឈីរេភ្នែកប្រុងប្រយ័ត្នមិនចង់ទៅវិញ ប៉ុន្តែស្រាប់តែនឹកឃើញស្លាកស្នាមនៅលើកញ្ចឹងករបស់ស៊ីវលូនៅថ្ងៃនោះ គេឱនក្បាលចុះ ដើរចាកចេញទៅដោយស្ងាត់ៗ។
ស៊ីវលូឈរលើច្រាំងទឹក លើកដៃច្រត់ចង្កេះ សម្លឹងមើលសាងលីវ៖
«មកអបអរមង្គលការហ្អេស?»
ឬមកគំរាមខ្ញុំ លោកមានចំណាប់ខ្មាំងថែមម្នាក់ទៀត។
ឥន្រ្ទីយ៍សបង្អុរស្លាបហោះហើរចុះ សាងលីវហុចដៃចេញ ស៊ីវលូចាប់ដៃរបស់គេ ធាក់ជើងលោតឡើងទៅលើខ្នងឥន្រ្ទីយ៍ ក្នុងមួយប៉ប្រិចភ្នែក ហោះនាំខ្លួនគេរសាត់បាត់ចូលទៅក្នុងពពក។
ឥន្រ្ទីយ៍សហោះហើររសាត់នៅលើអាកាស សាងលីវទ្រឹងសញ្ជឹងគិតយ៉ាងស្ងប់ស្ងាត់។ ស៊ីវលូដេកក្រាបពោះ ឱបខ្នងឥន្រ្ទីយ៍យ៉ាងណែន សម្លឹងមើលចុះទៅក្រោម។ ឥន្រ្ទីយ៍សហោះបន្ទាបចុះក្រោម ដើម្បីឱ្យស៊ីវលូអាចមើលឃើញទិដ្ឋភាពនៅលើដីច្បាស់។ ពួកគេហោះហើរគ្រប់ច្រកល្ហកមួយវឹងសំដៅទៅកាន់មហាសមុទ្រ ឥន្រ្ទីយ៍សត្រេកត្រអាលបន្លឺសំឡេងទ្រហឹងវេហាស៍ ហើរហក់ផ្អៀងផ្អក ឆ្វែលចុះឆ្វែលឡើងជាច្រើនជុំ។ មហិទ្ធិឫទ្ធិរបស់ស៊ីវលូទាបណាស់ ទើបគេខាំសង្កត់ធ្មេញជាប់ តោងឱបកឥន្រ្ទីយ៍សយ៉ាងណែន ទឹកមុខស្លេកស្លាំង។
គេនិយាយទៅកាន់សាងលីវ៖
«ខ្ញុំសុខចិត្តឱ្យលោកជញ្ជក់ឈាមអស់រីងឈាមស្លាប់ ជាជាងធ្លាក់ចុះស្លាប់បែកខ្ញែកសាកសព!»
សាងលីវសួរថា៖
«ម្ដេចមហិទ្ធិឫទ្ធិរបស់ឯងខ្សោយខ្លាំងម្ល៉េះ?
ស៊ីវលូឆ្លើយតប៖
«ខ្ញុំបានខំប្រឹងហាត់រៀនតាំងសីល៍យ៉ាងលំបាកដែរ ប៉ុន្តែកញ្ជ្រោងកន្ទុយប្រាំបួននោះឱ្យខ្ញុំលេបថ្នាំរបស់គេ រំលាយមហិទ្ធិឫទ្ធិរបស់ខ្ញុំរលាយខ្ចាយចូលក្នុងសរសៃឈាមទាំងអស់ បំណងរបស់គេចង់ងាយស្រួលលេបខ្ញុំទាំងមូល!»
សាងលីវសើចចំអក៖
«យើងឮថាសេចក្ដីឈឺចាប់បុកទន្ទ្រានគ្រាំទ្រូងនៅពេលមហិទ្ធិឫទ្ធិត្រូវរំលាយខ្ចាយដូចត្រូវដកឆ្អឹងហូតសរសៃទាំងរស់។ មើលទៅសែសិបរំពាត់របស់យើងនៅស្រាលដៃណាស់។ លើកក្រោយ យើងនឹងរកទណ្ឌកម្មផ្សេងពីនេះ!»
ទឹកមុខស៊ីវលូកាន់តែអាក្រក់មើលទៅៗ៖
«នេះលោកស្មានថាងាយស្រួលដូចហាត់រាំច្រៀងហ្អេស? ហេតុតែខ្ញុំធ្លាប់ចួបប្រទះសេចក្ដីឈឺចាប់ខ្លាំងបែបនោះ ទើបឥឡូវនេះខ្ញុំខ្លាចឈឺខ្លាំងណាស់ ខ្លាចជាងមនុស្សធម្មតាណាទាំងអស់!»
សាងលីវទះដៃតិចៗលើខ្នងឥន្រ្ទីយ៍ ឥន្រ្ទីយ៍សក៏បញ្ឈប់ល្បែងហើរឆ្វែលភ្លាមៗ។ ស៊ីវលូដកដង្ហើមធូរខ្សុយ ក្រោកឈរត្រង់ឡើង។ ឥន្រ្ទីយ៍សហោះហើរយឺតៗនឹងលំនឹង។ សាងលីវងើយក្បាលសម្លឹងលម្ហមេឃល្វឹងល្វើយ ទឹកមុខស្ងប់ស្ងាត់ធេងធាង មិនរីករាយមិនកើតទុក្ខ។
ស៊ីវលូសួរថា៖
«លោកមិនសប្បាយចិត្តទេហ្អេស?»
សាងលីវសួរបក៖
«ឯងឆ្លងកាត់ពេលវេលាសាមសិបឆ្នាំនៅក្នុងទ្រុងនោះដោយយ៉ាងណា?»
«ដំបូងឡើយ ខ្ញុំចង់រត់គេចខ្លួនណាស់ ខ្ញុំតែងតែប្រឆាំងនឹងគេ តែងតែជេរប្រទេច ដុតបញ្ឆេះឱ្យគេខឹង។ ក្រោយមក ខ្ញុំមិនហ៊ានដុតកំហឹងគេត្រង់ៗទៀត សំងំតតាំងដោយស្ងាត់ៗ មានបំណងចង់លួចសម្លាប់ខ្លួន ប៉ុន្តែជាច្រើនដងមិនបានសម្រេច។ បន្ទាប់ពីនោះ ខ្ញុំមានតែបណ្ដែតបណ្ដោយតាមយថាកម្ម លួងលោមខ្លួនឯងក្នុងសេចក្ដីទុក្ខវេទនា ចាប់ផ្តើមប្រែមកជាទាយមើលថា ម្ហូបគួរឱ្យខ្ពើមរអើមបន្ទាប់ដែលកញ្ជ្រោងកន្ទុយប្រាំបួននោះយកឱ្យខ្ញុំហូបបន្តជាអ្វី ផ្ចាញ់ផ្ចាលចាញ់ឈ្នះជាមួយនឹងខ្លួនឯង។ ក្រោយមកខ្ញុំកាន់តែយូរទៅកាន់តែខឹងស្អប់គេយ៉ាងខ្លាំង គុំកួនគេយ៉ាងឆ្កួតលីលា ខ្ញុំក៏ចាប់ផ្ដើមរិះរកវិធីប្រមូលគ្រឿងផ្សំទាំងឡាយលាយផ្សំថ្នាំពុល រង់ចាំកញ្ជ្រោងចាស់នោះរៀបចំស៊ីសាច់ខ្ញុំ ខ្ញុំនឹងលេបថ្នាំពុលដើម្បីសម្លាប់គេជាមួយគ្នា!»
ស៊ីវលូខិតចូលទៅជិតសាងលីវ៖
«អារម្មណ៍របស់មនុស្សលោកគឺពិតជាចម្លែកណាស់ សុភមង្គលឬអភ័ព្វ រីករាយឬកើតទុក្ខ សុទ្ធតែកំណត់ដោយការប្រៀបធៀប។ តួយ៉ាងគឺ មនុស្សម្នាក់ធ្វើការពេញមួយថ្ងៃ បានត្រឹមតែហូបនំក្រៀបមួយដុំ បែរមានអារម្មណ៍យល់ថាសុភមង្គលជាខ្លាំង សំណាងជាខ្លាំង សប្បាយចិត្តពេញទ្រូងជាខ្លាំង ពេលដែលគេប្រៀបធៀបខ្លួនឯងទៅនឹងអ្នកសុំទាន អត់ឃ្លានរងាស្លាប់នៅតាមដងផ្លូវកន្លុកកន្លៀតផ្សារ។ ប៉ុន្តែកាលបើគេឃើញមិត្តចាស់ៗកាលពីតូចរបស់គេឥឡូវក្លាយជាអ្នកមានបាន ស្លៀកពាក់ឡូយឆាយ ហូបបាយម្ហូបឆ្ងាញ់ និងមានមនុស្សបម្រើឆ្វេងស្ដាំ គេនឹងមានអារម្មណ៍យល់ថាអភ័ព្វជាខ្លាំង យីអ៊ុនដាក់ជាខ្លាំង និងកើតទុក្ខចំបែងជាខ្លាំង។ លោកចង់ឱ្យខ្ញុំរៀបរាប់ពីអតីតកាលដ៏កម្សត់តោកយ៉ាករបស់ខ្ញុំមែនទេ? បើអ៊ីចឹងខ្ញុំត្រូវគិតមើលសិនថា គួររៀបរាប់យ៉ាងណា ដើម្បីឱ្យលោកស្តាប់ហើយ លោកនឹងយល់ថា ជីវិតរបស់ខ្ញុំសែនវេទនាណាស់ ប៉ុន្តែមិនមែនវេទនាបំផុតនោះឡើយ!»
សាងលីវលើកដៃប្រុងវាយក្បាលរបស់ស៊ីវលូ ស៊ីវលូរហ័សបិទភ្នែក ក្ដោបខ្លួនចុះ ឱបកន្លែងដែលងាយរងគ្រោះ ស្តាប់បង្គាប់រង់ចាំការផ្តន្ទាទោស។ នោះគឺជាប្រតិកម្មការពារខ្លួនតាមប្រក្រតីទាំងស្រុងដែលកើតមានបន្ទាប់ពីទទួលការធ្វើទារុណកម្មជាច្រើនឆ្នាំ។ ដៃរបស់សាងលីវដាក់ចុះយឺតៗ ដាក់ចុះស្ងៀមលើក្បាលរបស់ស៊ីវលូ។ ឃើញគេមិនប្រតិកម្មអ្វីឬនិយាយស្ដីអ្វីសោះ ស៊ីវលូក្លាហានបន្លឺសម្ដីឡើង៖
«យប់នេះខ្ញុំឃើញលោកខុសប្លែកពីរាល់ថ្ងៃ កាលពីតូចលោករស់នៅជាយសមុទ្រហ្អេស?»
សាងលីវមិនឆ្លើយតប ឥន្រ្ទីយ៍សសំយុងខ្លួនបន្ទាបចុះមកលើផ្ទៃមហាសមុទ្រយឺតៗ។ រំពេចនោះ សាងលីវឈានពីលើខ្នងឥន្រ្ទីយ៍ដើរចុះមកលើផ្ទៃទឹកសមុទ្រ ដោយគ្មានអ្វីឈ្នាន់លំនឹង ប៉ុន្តែគេនៅតែឈានដើរលើផ្ទៃទឹកដូចកំពុងដើរលើគោក។ សាងលីវលើកដៃឡើង ហុចដៃទៅរកស៊ីវលូ ស៊ីវលូរហ័សចាប់ក្រសោបដៃរបស់គេ រអិលចុះពីលើខ្នងឥន្រ្ទីយ៍។ ឥន្រ្ទីយ៍សខ្លាចទឹករហ័សទទះស្លាបហោះវ៉ូឡើងទៅមេឃខ្ពស់។
សាងលីវកាន់ដៃស៊ីវលូដើរលើផ្ទៃទឹកសមុទ្រ រំហែខ្យល់អាកាសធាតុត្រជាក់បក់បោករំផាត់រំផាយមក។ គ្មានដួងពន្លឺរស្មីណាមួយ លម្ហមេឃខ្មៅងងឹតដូចទឹកខ្មៅ ក្រោមផ្ទៃទឹកសមុទ្រក៏ងងឹតស្លុប នៅចំពោះមុខទទេសូន្យគ្មានអ្វីៗទាំងអស់ នៅពីក្រោយហប់ដូចពាងបិទឆ្នុក មេឃដីធំធេង ខ្យល់បក់រលកវាយ។
ស៊ីវលូមានអារម្មណ៍ខ្លួនឯងប្រែជាតូចដូចកូនអំពិលអំពែកទឹកដ៏ល្អិត ត្រឹមកូនរលកតូចវាយមកក៏អាចលេបត្របាក់ទៅបាត់ដែរ គេភិតភ័យខ្លបខ្លាចចាប់ដៃសាងលីវយ៉ាងណែន។ នៅសុខៗនោះ សាងលីវក៏ឈប់ដើរ ស៊ីវលូភ្ញាក់ទ្រឹង មិនហ៊ានសួរគេ ស៊ីវលូខិតចូលទៅជិតសាងលីវ ស្មាកៀកស្មាកំដរគេសម្លឹងមើលទៅទិសខាងកើតមេឃដោយស្ងប់ស្ងាត់។
មិនដឹងថាកន្លងផុតអស់យូរប៉ុនណា រស្មីដួងព្រះចន្ទរំលេចរះឡើងបន្តិចម្តងៗពីជើងមេឃសមុទ្រ បំភ្លឺចែងចាំងគ្រប់ទីកន្លែង។
ស៊ីវលូរំជើបរំជួលចិត្តយ៉ាងខ្លាំងចំពោះផ្ទាំងទេសភាពដ៏ស្រស់ស្អាតនៃធម្មជាតិមេឃដីបង្កបង្កើត សម្បកស្នូកបេះដូងរបស់គេក៏ស្រាប់តែប្រែជាទន់។
សំឡេងរបស់សាងលីវលាយឡំនឹងសំឡេងរលកសមុទ្រ៖
«ដរាបណាមេឃដីនៅតែបង្កើតទេសភាពដ៏ស្រស់ស្អាតចំណីត្រកាលនេះ នោះជីវិតនឹងនៅតែមានតម្លៃ!»
ស៊ីវលូរង៉ែរង៉ូវ៖
«មិនថាទេសភាពជក់ចិត្តប៉ុនណាគន់មើលច្រើនគង់ធុញទ្រាន់ លុះត្រាណាតែមានអ្នកណាម្នាក់កំដរខ្ញុំគយគន់ទេសភាពដ៏ស្រស់ស្អាតនេះ ទើបខ្ញុំយល់ថាគួរឱ្យចាប់អារម្មណ៍។ ទេសភាពពិតគ្មានវិញ្ញាណ គឺមនុស្សជាអ្នកផ្លុំវិញ្ញាណបញ្ជូលទៅក្នុងទេសភាព!»
មិនដឹងថាសាងលីវមានស្ដាប់ឮពាក្យរង៉ែរង៉ូវរបស់ស៊ីវលូឬអត់ គ្រាន់តែឃើញគេនៅស្ងប់ស្ងាត់មិនស្រដី។ ពេលវេលាដ៏ស្រស់ស្អាតបានកន្លងផុតទៅ សាងលីវហៅឥន្រ្ទីយ៍ស នាំពួកគេវិលត្រលប់ទៅវិញ។
សាងលីវបិទភ្នែករាបស្មើ ទឹកមុខមើលទៅនឿយហត់បន្តិច។ ស៊ីវលូសួរថា៖
«លោកពិបាកចិត្តព្រោះតែរឿងអ្វី?»
សាងលីវមិនខ្វល់ពីស៊ីវលូ ស៊ីវលូឆ្លើយតបដោយខ្លួនឯង៖
«ខ្ញុំឮថាចាប់តាំងពី ស៊ីវជូយ៉ុង ចូលកាន់កាប់តំបន់វាលទំនាបភូមិភាគកណ្តាលមក ទឹកដីចាប់ផ្ដើមមានស្ថេរភាព។ មិនយូរមិនឆាប់ អធិរាជហ័ងទីនឹងបញ្ជូនទ័ពវាយកម្ចាត់កុងកុង ស្ថានការណ៍បានចំណារ ពេលវេលាបានកំណត់ លោកតែម្នាក់ឯងមិនអាចផ្លាស់ប្តូរអ្វីបានទេ យកល្អឆាប់ស្វែងរកផ្លូវក្រោយមួយទុកសម្រាប់ខ្លួនឯង។ តាមពិតទៅ លោកគ្រាន់តែជាបិសាចមួយក្បាល ជាបិសាចសត្វចម្លែកក្បាលប្រាំបួនដែលមនុស្សគ្រប់គ្នាស្អប់ខ្ពើមរអើម នៅក្នុងក្រសែភ្នែករបស់ពួកអម្បូរអាទិទេពរាជវង្សស៊ឹងនុងទាំងនោះ លោក… លោក… មិនមែនជាអ្វីទាំងអស់… លោកចាំបាច់អ្វីត្រូវលក់ជីវិតឱ្យពួកគេ? ដើរតាមកុងកុងលោកទទួលបានប្រយោជន៍អ្វីទៅ? បើលោភលន់អំណាច យកល្អក្បត់នឹងកុងកុង ចុះចូលអធិរាជហ័ងទី…»
[សម្រាយ: ជូយ៉ុង កំពូលមេទ័ពម្នាក់ក្នុងចំណោមកំពូលមេទ័ពធំទាំងបីរបស់នគរស៊ឹងនុង ស៊ីវ៉ូ ជូយ៉ុង និងកុងកុង។ ស៊ីវ៉ូនិងជូយ៉ុងបានស្លាប់ក្នុងសង្គ្រាមស៊ឹងនុងវាយចាញ់សានយាន។ ស៊ីវជូយ៉ុង កូនប្រុសរបស់ជូយ៉ុង ចុះចូលសានយាន ដឹកនាំរាស្ត្រសឹងនុងទទួលយកស្ដេចថ្មី។]
សាងលីវសម្លក់ភ្នែក កែវភ្នែករបស់គេប្រែជាក្រហមឆេះយ៉ាងចម្លែកព្រឺព្រួច។ ស៊ីវលូត្រូវបានស្រូបទាញចូលទៅក្នុងពិភពក្រហមព្រាយបិសាចនោះ មានអារម្មណ៍តឹងថប់ដង្ហើម មិនអាចកម្រើកបាន ហូរឈាមតាមខ្ទង់ច្រមុះ ក្បាលក្រចកដៃក៏ប្រេះឈាម។
«ខ្ញុំ… ខ្ញុំខុសហើយ… ខ្ញុំខុសហើយ…»
សាងលីវបិទភ្នែកចុះ ស៊ីវលូដួលទ្រោមទៅមុខ ស្ពឹកស្រពន់លើខ្នងឥន្រ្ទីយ៍ ដូចក្រណាត់រហែករញីរញ៉ុក លែងនៅសេសសល់កម្លាំង។ លុះរហូតទៅដល់ភូមិឈីងសួយ ឥន្រ្ទីយ៍សហោះចុះយឺតៗ ទើបស៊ីវលូខំប្រឹងក្រោកឈរឡើង ជូតឈាមលើច្រមុះ លើមាត់របស់គេ នៅស្ងាត់ៗហក់លោតចុះពីខ្នងឥន្រ្ទីយ៍ ឮសូរប្រូងធ្លាក់ចូលទៅក្នុងទឹក។
ស៊ីវលូដេកផ្ងារពោះ ទុកឱ្យទឹកទន្លេលាងជម្រះស្នាមឈាមប្រឡាក់។ គេសម្លឹងមើលដួងព្រះចន្ទនៅពីលើមេឃដោយស្ងាត់ស្ងៀម ដួងព្រះចន្ទនៅតែបន្តរះបំភ្លឺពិភពលោកទាំងមូល។
ទីបំផុតស៊ីវលូហែលឡើងច្រាំង ខ្លួនប្រាណសើមជោកដូចកណ្ដុរធ្លាក់ទឹក ពេលទៅដល់មាត់ទ្វារ ក៏ឃើញស៊ឺឈីដើរចេញពីផ្ទះបាយមក។
ស៊ីវលូញញឹមដាក់គេ៖
«មានទឹកស៊ុបក្តៅទេ? ខ្ញុំឃ្លានណាស់!»
«មាន»
ស៊ីវលូចូលទៅក្នុងបន្ទប់ ផ្លាស់ប្តូរសម្លៀកបំពាក់ចេញ ជូតសម្អាតខ្លួន រួចលូនចូលទៅក្នុងភួយដ៏កក់ក្តៅ។ ស៊ឺឈីលើកទឹកស៊ុបក្តៅមួយចានចូលមកឱ្យគេ។ ស៊ីវលូឃ្លុំខ្លួននៅក្នុងភួយក្រោកមកអង្គុយ ហុតទឹកស៊ុបក្ដៅមួយម៉ាត់តូចយឺតៗ។ បន្ទាប់ពីហុតទឹកស៊ុបក្តៅអស់ ក្រពះពោះវៀនខាងក្នុងរបស់គេបានកក់ដ្ដៅឡើងមកច្រើន។ ស៊ឺឈីយកកន្សែងជូតមុខ ជូតសម្ងួតសក់ឱ្យស៊ីវលូ ស៊ីវលូផ្អៀងក្បាលទៅក្រោយ មិនឃើញមានស្លាកស្នាមថើប។ ជ្រុងបបូរមាត់របស់គេញោចកោងស្ងាត់ៗ។ ជូតសក់របស់ស៊ីវលូស្ងួតរួច ស៊ឺឈីនៅមិនទាន់ឈប់ គេងាកទៅយកក្រាស់បន្តសិតសក់ឱ្យស៊ីវលូ។
ស៊ីវលូនិយាយខ្សឹបខ្សួលថា៖
«លោកកុំទម្រើសខ្ញុំបែបនេះពេក! បើទម្រើសខ្ញុំឱ្យទម្លាប់ពឹងផ្អែកលើលោកហើយតែលោកបែរជាចង់ចាកចេញទៅនោះ តើខ្ញុំគួរធ្វើយ៉ាងណា?»
«ខ្ញុំមិនទៅទេ»
ស៊ីវលូញញឹមស្រាល មនុស្សរាប់ពាន់ម៉ឺននាក់បោះពាក្យសន្យា ប៉ុន្តែមានមនុស្សតិចតួចដែលអាចរក្សាពាក្យសន្យា។ ប្រសិនបើគេជាស៊ឺឈីពិត នោះរឿងទាំងឡាយនឹងសាមញ្ញបំផុត ក៏ប៉ុន្តែគេមិនមែនជាស៊ឺឈីទេ…
ហួយឈុនថាងបន្ថែមសមាជិកស្រីថ្មីម្នាក់ទៀត សានទៀនអឺ ប៉ុន្តែអ្វីៗគ្រប់យ៉ាងនៅតែដូចពីមុន។ កញ្ចាស់ម៉ុកបន្តធ្វើជាចុងភៅ ទៀនអឺតាមគាត់រៀនធ្វើម្ហូប តែថ្វីដៃមិនសូវល្អប៉ុន្មាន។ គ្រាប់អង្កាំនៅតែបន្តបោកគក់សម្លៀកបំពាក់ដោយខ្លួនឯង ព្រោះទៀនអឺបានធ្វើឱ្យខូចជាប់ៗគ្នាសម្លៀកបំពាក់របស់គេបីឈុត។ ជីវិតប្ដីប្រពន្ធថ្មីថ្មោងរបស់គ្រាប់អង្កាំនិងទៀនអឺ មិនមែនគ្មានជំលោះសោះនោះទេ ប៉ុន្តែទៀនអឺតែងតែព្យាយាមរៀនឈ្វេងយល់ រីឯមនោសញ្ចេតគ្រាប់អង្កាំចំពោះប្រពន្ធរបស់ខ្លួនកំពុងស្ថិតក្នុងភាពងប់ងល់បំផុត ម្ល៉ោះហើយគេងាយស្រួលអត់ឱនទោសគ្រប់រឿង។ អ្នកទាំងពីររស់នៅជាមួយគ្នាយ៉ាងចុះសម្រុង។
ស៊ឺឈីនៅតែនិយាយស្ដីតិចនិងឧស្សាហ៍ព្យាយាមដូចពីមុន។ ស៊ីវលូពេលខ្លះឧស្សាហ៍ ហ៊ឹកហាក់ ពេលខ្លះបាក់ស្បាត ធ្វើហីៗ។
ឈានចូលរដូវក្ដៅ មនុស្សម្នាក់ៗសុទ្ធតែខ្លាចថ្ងៃក្ដៅ នាំឱ្យផ្លូវផ្សារគ្មានមនុស្សដើរហើរ ស្ងាត់ជ្រាប។
សំណាក់ពេទ្យស្ងាត់ភ្ញៀវ ស៊ីវលូអង្គុយបក់ផ្លិតរវៃនៅក្រោមសំយ៉ាបផ្ទះ ដកដង្ហើមតូចធំសម្លឹងមើលចេញទៅក្រៅផ្លូវ។ រទេះសេះដ៏ធំស្កឹមស្កៃរត់ឆ្លងកាត់នោះ ខ្យល់បក់ប៉ើចវាំងននបង្អួច ស្រមោលពណ៌ផ្កាឈូករំលេចឡើងស្រពេចស្រពិល។ ស៊ីវលូលួចពោលស្ងាត់ៗថា៖ អូ៎! ស្រីស្អាត! បន្ទាប់មកខ្សែភ្នែករបស់គេប្រដេញមើលទៅតាមរទេះសេះប្លែកស្រុកភូមិនោះ។
រទេះសេះនោះបរឈប់នៅមុខតៀមលក់គ្រឿងអលង្ការប្រណិត នារីវ័យក្មេងសម្រស់ផូផង់ម្នាក់បោះជើងចុះថ្នមៗ។ លោកថៅកែឈូអ៊ីងដើរចេញមកដល់មាត់ទ្វារទទួលស្វាគមន៍នារីម្នាក់នោះដោយសេចក្ដីគោរព។ ឈូអ៊ីងល្បីល្បាញនៅភូមិឈីងសួយនេះ មិនត្រឹមតែជាថៅកែតៀមលក់គ្រឿងអលង្ការដ៏ពេញនិយមប៉ុណ្ណោះ ហើយថែមទាំងជាម្ចាស់ដីផ្ទះសម្បែងជាច្រើន តៀមមុខផ្លូវធំទាំងអស់នៅក្នុងទីភូមិនេះគឺសុទ្ធតែជាកម្មសិទ្ធិរបស់គេ រួមទាំងហួយឈុនថាងផងដែរ។ ជារៀងរាល់ខែ កញ្ចាស់ម៉ុកត្រូវទៅតៀមលក់គ្រឿងអលង្ការ ដើម្បីបង់ថ្លៃជួលផ្ទះម្តង។
ដោយសារតែមានឈូអ៊ីង ទើបភូមិឈីងសួយដែលជាកន្លែងប្រមូលផ្តុំមនុស្សមកពីជុំវិញក្រោមមេឃនេះ មិនចលាចល ឬអស្ថិរភាព។ ដ្បិតមិនមែនជាមន្ត្រីរាជការ ប៉ុន្តែឈូអ៊ីងគឺជាមនុស្សជួយរក្សាសណ្តាប់ធ្នាប់នៅទីនេះ គេមានអំណាចអាចធ្វើអ្វីៗបានប្រសើរទាំងស្រុង។ មើលតាមចំណុចជាក់លាក់មួយ ឈូអ៊ីងអាចចាត់ទុកជា “ស្តេចគ្មានបល្ល័ង្ក” នៅទីភូមិនេះ។ ប្រជារាស្ត្រគ្រប់គ្នានៅភូមិឈីងសួយសុទ្ធតែគោរពគេ។ ហេតុនេះ នៅពេលដែលឃើញគេឱនលំទោនកាយគោរពអ្នកដទៃបែបនេះ មនុស្សគ្រប់គ្នានៅតាមដងផ្លូវនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ អ្នកណាក៏ចង់ស៊ីសូសគ្នា តែមិនហ៊ានស៊ីសូស ចង់អើតឡឺមមើល តែមិនហ៊ានអើតឡឺម។ ទឹកមុខរបស់មនុស្សគ្រប់គ្នាប្រែជាចម្លែកខុសទំនង ក្នុងមួយពេលប៉ប្រិចភ្នែក ផ្លូវទាំងមូលប្រៀបដូចនឹងឆាប់ៗកើតមានរឿងរង្គើមេឃរញ្ជួយដីអ៊ីចឹង។
ស៊ីវលូភ្ញាក់ផ្អើលផងបុកពោះផង។ គេស្នាក់អាស្រ័យនៅហួយឈុនថាងនេះអស់ជាងម្ភៃឆ្នាំមកហើយ គេនៅតែចង់បន្តរស់នៅទីនេះទៀត គេស្រលាញ់រាប់អានបងប្អូនអ្នកជិតខាងនៅលើផ្លូវនេះ មិនចង់ឱ្យកើតមានរឿងក្រឡាប់ចាក់មេឃអ្វីនោះឡើយ។
នៅថ្ងៃបន្ទាប់មានមនុស្សនិយាយខ្សឹបខ្សាវគ្នាថា ឈូអ៊ីងចង់ដកហូតផ្ទះសម្បែងនិងតៀមមួយចំនួននៅលើផ្លូវធំ។ កញ្ចាស់ម៉ុកដកដង្ហើមតូចធំខ្សុយៗ ដូចមនុស្សគ្មានព្រលឹង។ គ្រាប់អង្កាំនិងទៀនអឺក៏មានការព្រួយបារម្ភខ្លាំងផងដែរ។ ថៅកែកៅមិនដឹងស្ដាប់ឮដំណឹងមកពីណា គាត់រហ័សរត់មកប្រាប់ពួកគេថា ឈូអ៊ីងចង់ដកហូតហួយឈុនថាងវិញ ព្រោះតែសំណាក់ពេទ្យនេះនៅជិតមាត់ទន្លេ នៅក្រោយផ្ទះមានវាលស្រែចម្ការធំមួយ។ កញ្ចាស់ម៉ុកខឹងសម្បាជេរបញ្ចោរខ្លាំងៗ ពីមុនពេលមកជួលដីនេះ ទីនេះជាវាលដីទទេទុកចោល គាត់ខំបែកញើសហូរទឹកភ្នែកជាច្រើនឆ្នាំ កាប់ដីដាក់ជីកែលម្អដីស្រែចម្ការឱ្យមានជីវជាតិ។ ប៉ុន្តែគាត់ឯណាទៅហ៊ានប្រឆាំងជាមួយ “ស្តេចគ្មានបល្ល័ង្ក” ម្នាក់នោះ គាត់ត្រឹមតែពិបាកគ្រាំគ្រាចិត្ត គេងមិនលក់ពេញមួយយប់។
មានភាគបន្ត…
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ