ស៊ីវលូចូលចិត្តរស់នៅក្បែរមាត់ទន្លេ គេមិនចង់ចាកឆ្ងាយពីទីនេះទេ។ គេសម្រេចចិត្តចេញទៅចួបលោកថៅកែឈូអ៊ីង។ ស៊ីវលូស្លៀកពាក់យ៉ាងស្អាតបាត ស៊ឺឈីមានការភ្ញាក់ផ្អើលដែលឃើញស៊ីវលូប្រាកដប្រជាបែបនេះ។ ហេតុនេះ ទោះបីជាគេមិនដឹងថាស៊ីវលូគ្រោងធ្វើអ្វី នៅពេលដែលគេឃើញស៊ីវលូចេញទៅក្រៅទ្វារ គេស្រូតរូតទៅតាមភ្លាម។
ស៊ីវលូទៅកាន់តៀមលក់គ្រឿងអលង្ការសុំចួបលោកថៅកែឈូអ៊ីង ឮថាគ្រូពេទ្យនៅហួយឈុនថាងមក ឈូអ៊ីងក៏ហៅមនុស្សអញ្ជើញពួកគេចូល។ ឆ្លងកាត់មុខតៀមចូលទៅទីធ្លាក្រោយផ្ទះ ភូមិគ្រឹះមិនធំពេកក្រៃ ប៉ុន្តែគ្រឿងសណ្ដាប់លម្អក្នុងផ្ទះតុបតែងមើលទៅធំទូលាយ។ ជ្រោះហូរស្រិចៗ ស្ពានតូចចម្លងកាត់ ចម្លាក់ថ្មធំៗ វល្លិឈើស៊ុបទ្រុប ត្រីហែលទុងតាំង ដំណើរផ្លូវដើរខ្យល់បក់រវឹង។ ដើរមួយសន្ទុះក៏ឃើញរហាត់ទឹកជ្រោះមួយកម្ពស់ប៉ុនមនុស្សពីរនាក់ត្រួតលើគ្នា តំណក់ពពុះទឹកភ្លឹបភ្លែតដូចជាគ្រាប់គជ់ធ្លាក់រសាយចុះ ធ្វើឱ្យអាកាសធាតុក្ដៅហែងរដូវក្តៅកាន់តែសម្រាលត្រជាក់។
ចូលទៅដល់ដំណាក់គយគន់ផ្កា ស៊ីវលូឃើញលោកថៅកែឈូអ៊ីងកំពុងអង្គុយកន្លែងម្ចាស់ផ្ទះ ក៏លើកដៃក្ដោបលំទោនកាយគោរព។ ស៊ឺឈីរៀនធ្វើត្រាប់តាមស៊ីវលូ។ ឈូអ៊ីងនៅស្ងៀមមិនតប គ្រាន់តែលើកដៃឡើងជាសញ្ញាឱ្យអ្នកទាំងពីរអង្គុយចុះ។
ស៊ីវលូនិយាយចូលសាច់ការ៖
«ខ្ញុំឮថាលោកថៅកែឈូចង់ប្រមូលយកតៀមមួយចំនួនទៅវិញ?
ឈូអ៊ីងបង្ហាញគោលជំហរម៉ឺងម៉ាត់និងត្រជាក់ល្អូករបស់បុគ្គលដែលកាន់អំណាចនៅក្នុងដៃ៖
«មែនហើយ! ក្នុងនោះរួមទាំងហួយឈុនថាង!»
ស៊ីវលូញញឹមស្រស់យកចិត្ត៖
«តាមគំនិតខ្ញុំ ជួលឱ្យអ្នកណាក៏ដូចតែគ្នាដែរ យកល្អបន្តជួលឱ្យពួកយើង! ចំពោះរឿងតម្លៃវិញ ពួកយើងអាចចរចាគ្នាបាន!»
ឈូអ៊ីងញញឹមដិតដាម ហាក់ដូចជាស៊ីវលូលើកយករឿងប្រាក់កាក់មកតថ្លៃជាមួយគេគឺជារឿងគួរឱ្យអស់សំណើចណាស់អ៊ីចឹង។ គេបង្ហាញឫកពាសុជីវធម៌តែខ្សែភ្នែករបស់គេបង្ហាញភាពមើលងាយ៖
«បើទោះតឱ្យតម្លៃជួលតៀមមុខផ្លូវធំទាំងអស់នៅលើផ្លូវនេះបូកបញ្ចូលគ្នា ក៏មិនអាចកែប្រែអ្វីបានដែរ កុំថាឡើយត្រឹមហួយឈុនថាងតូចតែមួយ!»
ស៊ីវលូមិនមែនជាអ្នកជំនួញ ទើបគេមិនដឹងថាត្រូវឆ្លើយតបបែបណា។ គេគិតមួយសន្ទុះ ទើបសួរម្តងទៀត៖
«បើអ៊ីចឹងសូមសួរថាលោកថៅកែឈូដកហូតតៀមវិញមានគោលបំណងអ្វី?»
ឈូអ៊ីងឆ្លើយតប៖
«ឯងរស់នៅភូមិឈីងសួយនេះអស់ជាងម្ភៃឆ្នាំមកហើយ ខ្ញុំប្រាប់ឯងតាមត្រង់ទៅចុះ ខ្ញុំគ្រាន់តែជាអ្នកស៊ីឈ្នួលបម្រើការធម្មតាម្នាក់ ម្ចាស់របស់ខ្ញុំគឺជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភម្នាក់។ បើតាមទំនើងចិត្តចង់ ពួកគេអាចទុកតៀមទាំងអស់នៅភូមិនេះចោលទទេ ដោយគ្មានបញ្ហាអ្វី!»
និយាយចប់ ឈូអ៊ីងក៏ហៅអ្នកបម្រើមក៖
«ជូនដំណើរភ្ញៀវ!»
ស៊ីវលូឱនក្បាលចុះ ដើរចេញយឺតៗ មិនអាចមិនដកដង្ហើមធំបាន។ ប្រសិនបើនេះជាកលល្បិចរកស៊ី គេអាចគិតរកវិធីដោះស្រាយបាន។ ប៉ុន្តែលើកនេះពួកគេគ្រាន់តែចង់ប្រមូលយកតៀមទៅវិញប៉ុណ្ណោះ បើបែបនេះទៅហើយ គេគ្មានជម្រើសអ្វីផ្សេងទៀតទេ។
«ឈប់សិន!»
សំឡេងនារីម្នាក់បន្លឺចុះពីជាន់ខាងលើដំណាក់ខ្ពស់។ ស៊ីវលូឈប់ជំហានជើង ងើយក្បាលឡើងទៅមើលក៏ឃើញថា គឺជាស្រីស្អាតក្នុងទូរទេះសេះថ្ងៃមុននោះ។ ស៊ឺឈីនៅតែបន្តដើរទៅមុខ នារីនោះស្រូតដេញទៅតាម ភ្លាមៗនោះក៏លោតហក់ត្រង់ពីជាន់ខាងលើដំណាក់ចុះមកផ្ទៃដី ស្ទុះទៅឱបដើមដៃស៊ឺឈីយ៉ាងណែន ទឹកភ្នែកហូរដូចភ្លៀង៖
«អ្នកប្រុស… អ្នកប្រុស!»
ស៊ឺឈីឈប់ដើរ ខ្នងតម្រង់ត្រង់ឡើង មិនខ្ចីងាកមើលទៅក្រោយ។ នារីនោះនៅតែបន្តយំហ៊ូៗ ជ្រប់ខ្លួនក្រាបចុះឱបបាតជើងរបស់ស៊ឺឈីជាប់៖
«មនុស្សគ្រប់គ្នាសុទ្ធតែនិយាយថា អ្នកប្រុសស្លាប់ហើយ… ប៉ុន្តែពួកខ្ញុំមិនជឿឡើយ! កន្លងប្រាំបួនឆ្នាំមកហើយ ប្រាំបួនឆ្នាំមកហើយ… ព្រះជាម្ចាស់សន្ដោសប្រណី ឱ្យខ្ញុំអាចចួបនឹងអ្នកប្រុសវិញ!»
ឮសម្រែកយំយែករបស់នារីម្នាក់នោះ ឈូអ៊ីងក៏រត់បោលស្ទុះស្ទាទៅមុខ មើលឃើញនាងលុតជង្គង់ក្រាបក្រោមបាតជើងរបស់ស៊ឺឈី ឈូអ៊ីងក៏រហ័សលុតជង្គង់ក្រាបដីភ្លាមៗទាំងតក់ស្លុតនិងភ័យខ្លាច។
នារីនោះយំផងសួរផង៖
«អ្នកប្រុស! ហេតុអ្វីអ្នកប្រុសមិននិយាយអ្វី? ខ្ញុំគឺ ឈីងយៀក អ្នកប្រុសភ្លេចហើយឬ? នៅមាន ឡានសៀន ម្នាក់ទៀត អ្នកប្រុសតែងតែនិយាយចំអន់ពួកយើងថា “ក្លិនពិដោរក្រអូបសាយនារាត្រីស្ងាត់” …ឈូអ៊ីង! ឆាប់ផ្ញើសំបុត្រជូនដំណឹងទៅកាន់លោកស្រីចាស់ថា ពួកយើងបានរកឃើញអ្នកប្រុសទីពីរហើយ! អ្នកប្រុស! ឬមួយអ្នកប្រុសភ្លេចលោកស្រីចាស់ហើយ…?»
[ឡានសៀន: ក្លិនពិដោរ; ឈីងយៀក: រាត្រីស្ងាត់]
ស៊ឺឈីងាកទៅសម្លឹងមើលស៊ីវលូ ពួកគេទាំងពីរឃ្លាតឆ្ងាយពីគ្នាត្រឹមតែប៉ុន្មានជំហានប៉ុណ្ណោះ ប៉ុន្តែស្ថិតនៅក្នុងពេលវេលានេះ ហាក់បីដូចជាឃ្លាតឆ្ងាយពីគ្នារាប់ពាន់យោជន៍ដាច់សន្ធឹង កែវភ្នែកខ្មៅងងឹតរបស់ស៊ឺឈីពោរពេញដោយភាពកម្សត់សោកា។
ស៊ីវលូរីកស្នាមញញឹមលបៗឡើងដាក់ស៊ឺឈី ដើរសំដៅមកយឺតៗ ចង់និយាយអ្វីមួយ ប៉ុន្តែមិនអាចបន្លឺចេញមួយម៉ាត់។ គេគ្មានជម្រើសអ្វីក្រៅពីញញឹមយ៉ាងស្រស់ស្រស់ដាក់ស៊ឺឈី ញញឹមបណ្ដើរឱ្យសញ្ញាប្រាប់បណ្ដើរ៖ លោកដោះស្រាយរឿងផ្ទាល់ខ្លួនចុះ ខ្ញុំទៅវិញមុនហើយ!
ស៊ីវលូត្រលប់ទៅហួយឈុនថាងវិញ។ គ្រាប់អង្កាំនិងទៀនអឺដើររកកន្លែងស្នាក់នៅថ្មី។ កញ្ចាស់ម៉ុកស្រពាប់ស្រពោន អង្គុយលើក្បាលកាំជណ្ដើរ ដកដង្ហើមតូចធំ។ ស៊ីវលូអង្គុយចុះក្បែរគាត់យ៉ាងស្ងាត់ៗ ភ្នែកសម្លឹងមើលទៅកាន់ទីឆ្ងាយ។
កញ្ចាស់ម៉ុកទួញសោក៖
«រស់នៅទីនេះអស់ជាងម្ភៃឆ្នាំមកហើយ ខ្ញុំមិនដាច់ចិត្តចាកចេញទៅទេ!»
ស៊ីវលូក្រៀមក្រំឆ្លើយតប៖
«កុំបារម្ភអី! ពួកយើងចង់ជួលស្នាក់នៅយូរប៉ុនណាក៏តាមចិត្ត ទោះមិនបង់ថ្លៃជួលក៏គ្មានអ្នកណាហ៊ានដេញពួកយើងដែរ!»
កញ្ចាស់ម៉ុកស្រឡាំងកាំងឆ្កឹងមួយសន្ទុះ ក៏សួរភ្លាមថា៖
«ឯងបញ្ចុះបញ្ចូលលោកថៅកែឈូបានហើយហ្អេស?»
«ចាត់ទុកថាអ៊ីចឹងទៅចុះ!»
កញ្ចាស់ម៉ុកសំពះមេឃដី៖
«អរគុណព្រះជាម្ចាស់!»
ស៊ីវលូរង៉ែរង៉ូវ៖
«លោកពូកុំព្រួយ! ខ្ញុំនឹងនៅកំដរក្បែរពូ មើលថែពូពេលចាស់ជរា រៀបចំបុណ្យសពឱ្យពូ។ អាយុកាលរបស់ពូខ្លីជាងខ្ញុំ ខ្ញុំប្រាកដជាអាចនៅកំដរក្បែរពូរហូតដល់ពូលាចាកលោកទៅ មិនទុកឱ្យពូកម្សត់ឯកាតែឯង គ្មានអ្នកទីពឹង គ្មានអ្នកស្ដីរកឡើយ។ ប៉ុន្តែ… ថាទៅមើលអាចមានមនុស្សព្រមនៅកំដរក្បែរខ្ញុំពេលខ្ញុំស្លាប់ទៅទេន៎…»
កញ្ចាស់ម៉ុកកេះដៃស៊ីវលូ៖
«លេងល្ខោនដើរតួកម្សត់ទៀតហើយហ្អេស!»
ស៊ីវលូនិយាយបន្ត៖
«កញ្ចាស់ម៉ុក! មានតែលោកពូទេគួរឱ្យទុកចិត្ត!»
កញ្ចាស់ម៉ុកឈ្លីក្បាលស៊ីវលូ៖
«ស៊ីវលូគ្រួសារពួកយើងជាមនុស្សល្អ ព្រះជាម្ចាស់នឹងប្រទានពរដល់ឯង!»
ស៊ីវលូញញឹមតិចៗ ទះស្មាកញ្ចាស់ម៉ុក៖
«ទៅធ្វើការចុះ!»
ស៊ីវលូលីចបកាប់ទៅកាន់ចម្ការថ្នាំ កាប់ដីដាក់ជីធ្វើការយ៉ាងមមាញឹកនៅក្រោមកំដៅថ្ងៃក្ដៅហួងហែងដូចភ្នំភ្លើង។ ញើសបែកហូរពេញខ្នងអាវ ស៊ីវលូលោតប្រូងចូលទៅក្នុងទន្លេងូតទឹកជម្រះ មួយសន្ទុះក្រោយមក មានអារម្មណ៍ខ្លួនឯងមាំដូចគោ។
នៅពេលយប់ ពេលហូបបាយមិនឃើញស៊ឺឈី ទៀនអឺឆ្ងល់សួរថា៖
«ស៊ឺឈីនៅឯណា?»
កញ្ចាស់ម៉ុកនិងគ្រាប់អង្កាំសម្លឹងមុខគ្នាហើយសម្លឹងមើលទៅស៊ីវលូ។ ស៊ីវលូញញឹមស្រាល ឆ្លើយតប៖
«គេទៅវិញហើយ ថ្ងៃក្រោយកុំដាំបាយឱ្យគេទៀតអី!»
កញ្ចាស់ម៉ុកដកដង្ហើមធំ៖
«នោះក៏ជាការល្អ ខ្ញុំមិនចាំបាច់ព្រួយបារម្ភច្រើនទៀត!»
គ្រាប់អង្កាំនិងទៀនអឺមិននិយាយអ្វីមួយម៉ាត់ បន្តហូបបាយចម្អែតពោះ។ ស៊ឺឈីស្ងប់ស្ងាត់ស្ដីតិច ពេលខ្លះគ្រាប់អង្កាំមានអារម្មណ៏ថាគេមិនស្ថិតស្ថេរទៀតផង ហេតុនេះពេលដែលគេចាកចេញទៅបាត់ គ្រាប់អង្កាំក៏គ្មានអារម្មណ៍ធីងធោងអ្វី។ ទៀនអឺទើបតែរៀបការចូលផ្ទះថ្មីថ្មោង រឹតតែមិនចម្លែកចិត្តអ្វី។
យប់អាធ្រាត្រ ស៊ីវលូដើរលើផ្លូវក្រាលថ្មគ្រួសកាត់តាមចម្ការថ្នាំ ដើរថ្មើរជើងតាមចំហៀងមាត់ទន្លេ។ មានមនុស្សដើរតាមគេពីក្រោយដោយស្ងៀមស្ងាត់ គេដើរលឿន ជននោះក៏ដើរលឿន គេដើរយឺត ជននោះក៏ដើរយឺតមួយៗ។ រលកទឹកវាយបោកច្រាំង ខ្យល់បក់ពាំនាំមកជាមួយក្លិនវាលស្រូវរំភើយៗ។ ស៊ីវលូគិតតែដើរទៅមុខរហូត ទៅមុខរហូតៗ នៅសុខៗអារម្មណ៍កាន់តែធូរស្រាល។
ស៊ីវលូឈប់ជំហានជើង មនុស្សម្នាក់នោះក៏ឈប់ជើងតាម។ ស៊ីវលូបែរទៅក្រោយ ស៊ឺឈីឈរស្ងៀមទ្រឹង នៅតែស្លៀកពាក់សម្លៀកបំពាក់កាលពីព្រឹកមិញ តែត្រូវបានបោកគក់ជាថ្មី យ៉ាងស្អាតបាតនិងបញ្ចេញក្លិនក្រអូបចម្លែក។
ស៊ីវលូបន្លឺសំឡេងពោលថា៖
«ខ្ញុំមិនចូលចិត្តក្លិនក្រអូបផ្កាក្រៀមនៅលើខ្លួនរបស់លោកទេ»
ស៊ឺឈីឱនក្បាលចុះ។ ស៊ីវលូញញឹមតិចៗហើយនិយាយបន្ត៖
«ខ្ញុំចូលចិត្តក្លិនក្រអូបឫសថ្នាំជាង លើកក្រោយពេលលោកមកចួបខ្ញុំ ខ្ញុំនឹងជូនលោកថង់ក្រអូបដាក់ឫសថ្នាំ»
ស៊ឺឈីងើយក្បាលឡើង កែវភ្នែករំលេចសេចក្ដីរីករាយយ៉ាងខ្លាំង។ ស៊ីវលូក៏ញញឹមញញែមស្រស់ស្រាយ បន្តដើររំហែខ្យល់អាកាសយឺតៗ ស៊ឺឈីបោះជំហានឈានទៅមុខ ដើរកៀកកិតនៅក្បែរស៊ីវលូ។
ចាប់តាំងពីយប់នោះ ស៊ឺឈីតែងតែស្លៀកពាក់សម្លៀកបំពាក់សាច់ក្រណាត់គគ្រើមមកច្រាំងមាត់ទន្លេរង់ចាំស៊ីវលូ។ អ្នកទាំងពីរដើររំហែកាយជាមួយគ្នា ស៊ីវលូនិយាយបូរបាច់រឿងឱ្យស្ដាប់ រហូតដល់ឮស៊ីវលូបន្លឺថាល្វើយ ចង់ទៅផ្ទះគេង ទើបស៊ឺឈីវិលត្រលប់ទៅវិញ។ រវាងពួកគេទាំងពីរហាក់បីគ្មានអ្វីខុសប្លែកពីមុនច្រើន ប៉ុន្តែពាក្យពេចន៍ក្នុងការជជែកគ្នាបានប្រែប្រួល។
ស៊ីវលូសួរថា៖
«ពីមុនលោកមានអ្នកបម្រើស្រីជំនិតប៉ុន្មាននាក់?»
«ពីរនាក់»
«លោកមានទ្រព្យសម្បត្តិសរុបទាំងអស់ប៉ុន្មាន?»
«……»
«ឆ្នាំនោះ… ព្រោះតែដណ្ដើមទ្រព្យសម្បត្តិទើបលោកត្រូវ…»
«អ្ហឹម»
«ឈីងយៀកស្អាតជាងឬឡានសៀនស្អាតជាង?»
«……»
«នៅចាំឈ្មោះថ្នាំដែលខ្ញុំធ្លាប់បង្រៀនលោកទេ?»
«អ្ហឹម»
«ចាំទុកឱ្យច្បាស់! ឈ្មោះថ្នាំទាំងនោះមើលទៅសាមញ្ញធម្មតា ប៉ុន្តែថែមថយរបស់តែមួយមុខ សូម្បីអាទិទេពឬព្រាយបិសាចក៏អាចផ្ចាញ់បានដែរ!»
«អ្ហឹម»
«លោកមិនដូចបិសាចសត្វចម្លែកក្បាលប្រាំបួន ជីវម៉ីញសាងលីវ មានជីវិតប្រាំបួននោះឡើយ ហេតុនេះកុំហូបចុកឬផឹកអ្វីផ្ដេសផ្ដាស»
«អ្ហឹម»
«ឡានសៀនស្អាតជាងឬឈីងយៀកស្អាតជាង?»
«……»
«ត្រូវប្រុងប្រយ័ត្នចំពោះមនុស្សនៅក្បែរខ្លួន…»
«អ្ហឹម»
«នៅមានទៀត… បើតាំងចិត្តមិនតដៃត្រូវអត់ទ្រាំ កុំឆោតល្ងង់! បើតដៃត្រូវដាច់ធម៌មេត្តា ចាត់ការដាច់ស្រេច ដកស្មៅជីកទាំងឬស មិនអនុញ្ញាតឱ្យទន់ជ្រាយចិត្តទេ!»
ស៊ឺឈីនៅស្ងៀមស្ងាត់មិនស្ដី។ ស៊ីវលូដកដង្ហើមធំ៖
«បើតតាំងមិនឈ្នះទេក៏វិលត្រលប់មកវិញដាំចម្ការថ្នាំឱ្យខ្ញុំមក ខ្ញុំមិនទុកឱ្យលោកឃ្លានដាច់ពោះស្លាប់ទេ ខ្លាចអីទៅ!»
ស៊ឺឈីសម្លឹងមើលទៅស៊ីវលូមិនដាក់ កែវភ្នែកប្រៀបដូចជាទឹកទន្លេថ្លាឈ្វេងរលេញព្រាកៗ ហូរកួចនាំយកស៊ីវលូចូលទៅក្នុងជម្រៅបាតដ៏ជ្រៅបំផុត។
**********
I: Chapter 5
វគ្គ៥៖ ប្រាណជីវិតផ្ញើភ្នំទន្លេ
កញ្ចាស់ម៉ុកទៅផ្សារទិញម្ហូប គ្រាប់អង្កាំយកថ្នាំទៅឱ្យភ្ញៀវ រីឯទៀនអឺនៅផ្ទះរៀនដេរប៉ាក់។
សំណាក់ពេទ្យស្ងាត់ភ្ញៀវគ្មានមនុស្ស ស៊ីវលូដេកក្រាបនៅលើតុ ងោកចុះងោកឡើង ភ្ញាក់ពីដេកវិញ នៅតែគ្មានមនុស្សមកពិនិត្យជំងឺ។ ស៊ីវលូទះៗក្បាល ដាស់តឿនខ្លួនឯង៖ មិនគួរអង្គុយស្ពឹកជាប់ទេ គួរតែធ្វើអ្វីម៉្យាង។
ស៊ីវលូសម្រេចចិត្តទៅកន្លែងរបស់សៀនផឹកស្រា។ គេបត់ដៃទៅក្រោយខ្នង មាត់គ្រហឹមច្រៀងតិចៗ បោះជើងដើរយឺតៗ។
ក្រឡេកឃើញស៊ីវលូ សៀនញញឹមស្វាគមន៍យ៉ាងកក់ក្តៅ៖
«ល្បងលូចង់ផឹកស្រាអ្វី?»
ស៊ីវលូរើសកន្លែងអង្គុយចុះនៅកាច់ជ្រុងតៀម រីករាយតប៖
«លោកសម្រេចចុះ!»
សៀនយកស្រាមួយកាទិននិងគ្រាប់កៅឡាក់មួយចានមក។ ស៊ីវលូក្រឡេកមើលជុំវិញបណ្ដើរ បកសំបកកៅឡាក់និងផឹកស្រាបណ្ដើរ។ លុះខណៈពេលនោះ ទើបគេចាប់ភ្លឹកឃើញថា មនុស្សអង្គុយទល់មុខនៅកាច់ជ្រុងម្ខាងទៀតគឺជាបុរសវ័យក្មេងស្លៀកពាក់សមរម្យយ៉ាងថ្លៃថ្នូរ ទូលមួករបាំងស្បៃបិទបាំងមុខជិត។ ដ្បិតមើលមិនឃើញរូបរាងរបស់គេច្បាស់ បុរសវ័យក្មេងនោះមិនពាក់គ្រឿងលម្អកាយថ្លៃៗ ប៉ុន្តែរូបសម្បត្តិសមសួន ឫកពាខ្ពង់ខ្ពស់ ករិយាថ្លៃថ្នូរ ព្រមទាំងកាយវិការសុភាពរាបសា ធ្វើឱ្យមនុស្សទាំងឡាយគ្រាន់តែក្រឡេកមើល ក្នុងចិត្តឯកឯងកើតក្ដីគោរពប្រតិព័ន្ធ។ ស៊ីវលូនឹកងឿងឆ្ងល់ ជនដ៏មានឥទ្ធិពលនេះបង្ហាញខ្លួននៅក្នុងទីប្រជុំជនភូមិឈីងសួយតាំងពីពេលណាហ្នឹង?
នៅសុខៗនោះមានអ្នកកំលោះមុខមាត់ស្អាតបាតម្នាក់ដើររូតរះមក ជាដំបូងលំទោនកាយគោរពសុភាពបុរសម្នាក់នោះ បន្ទាប់មកដើរទៅឈរនៅពីក្រោយខ្នងរបស់គេ។ អ្នកកំលោះនោះគឺ ឈីងយៀកក្លែងខ្លួនធ្វើជាប្រុស។
ស៊ីវលូដឹងភ្លាមមួយរំពេច ក៏ឱនក្បាលចុះ យកចិត្តទុកដាក់បកសំបកកៅឡាក់។ នៅលើតុម្ខាងនោះក៏មានគ្រាប់កៅឡាក់ដែរ ដើមឡើយនៅដដែល សុភាពបុរសម្នាក់នោះក៏ចាប់ផ្តើមបកសំបកចេញ។ ក្រោយពេលបករួច បុរសនោះមិនហូប បែរជាយកគ្រាប់នីមួយៗដាក់លើចានយ៉ាងស្អាត។
ស៊ឺឈីនិយាយខ្សឹបពីរបីម៉ាត់ ឈីងយៀកលំទោនកាយលាចាកចេញទៅ។ គេក្រោកដើរចូលទៅជិត អង្គុយចុះនៅក្បែរស៊ីវលូ រុញចានគ្រាប់កៅឡាក់ដែលបានបកសំបកស្អាតទៅចំពោះមុខស៊ីវលូ។
ហាយថាងនៅខាងក្រៅចាំទទួលស្វាគមន៍ភ្ញៀវ សៀនអង្គុយនៅពីក្រោយបញ្ជរតៀម គិតប្រាក់បណ្ដើរដៀងភ្នែកក្រឡេកមើលទៅស៊ីវលូនិងស៊ឺឈីបណ្ដើរ។ តៀមស្រានេះបានហាយថាងជួយយោង ទើបមានមនុស្សកាន់តែច្រើនអ៊ូអរ។ អ្នកមានប្រាក់ច្រើនអង្គុយនៅតុខាងក្នុង អ្នកមានប្រាក់តិចទិញស្រាមួយកាទិនអង្គុយនៅយ៉ខាងក្រៅ ផឹកស្រាបណ្ដើរ “គយគន់” សម្រស់ហាយថាងបណ្ដើរ។ ស្រាចូលពោះវាចាចេញក្រៅ អង្គុយនៅទីនេះអាចស្តាប់ឮដំណឹងដ៏គួរឱ្យចាប់អារម្មណ៍និងក្តៅគគុកជាច្រើន។ ស៊ីវលូលួចស្ងើចសរសើរសៀន តៀមស្រានេះត្រូវប៉ាន់ណាស់!
«រឿងទាំងនោះមានរឿងអ្វីខ្លះដែរ ថ្មីៗនេះភូមិយើងកើតមានរឿងដ៏កក្រើកប្រឹថពីមួយ!»
«រឿងអ្វីទៅ? ឆាប់និយាយមក៎!»
«ឥឡូវខ្ញុំសួរអ្នកទាំងអស់គ្នាប្រស្នាមួយ ក្រោមវាលរហោឋានលោកិយនេះ ក្រៅពីនគរសានយាន នគរស៊ឹងនុង និងនគរកៅស៊ីង តើនៅមានគ្រួសារត្រកូលធំៗណាផ្សេងទៀត?»
«អ្នកណាមិនដឹងនោះ! ដំបូងបង្អស់គឺត្រូវនិយាយទៅដល់សម្ព័ន្ធគ្រួសារល្បីល្បាញវង្សត្រកូលខ្ពង់ខ្ពស់ សម្ព័ន្ធគ្រួសារមហាត្រកូលធំទាំងបួនគឺ ទូសាន ឈីសួយ ស៊ីលីង និងគួយហ្វាង។ ក្រៅពីនោះ នៅភូមិភាគកណ្ដាលមានសម្ព័ន្ធគ្រួសារត្រកូលធំប្រាំមួយ នៅពីក្រោមសម្ព័ន្ធគ្រួសារត្រកូលធំទាំងប្រាំមួយនោះ នៅមានសម្ព័ន្ធគ្រួសារត្រកូលថ្នាក់មធ្យមនិងថ្នាក់តូចល្បីៗជាច្រើនផ្សេងទៀត។ ភាគខាងត្បូងមានសម្ព័ន្ធគ្រួសារត្រកូលជីងធៀន ភាគខាងជើងមានសម្ព័ន្ធគ្រួសារត្រកូលហ្វុងហ្វុង… ប៉ុន្តែត្រកូលទាំងនោះមិនអាចប្រៀបធៀបជាមួយនឹងសម្ព័ន្ធគ្រួសារមហាត្រកូលធំទាំងបួននោះឡើយ ព្រោះវង្សត្រកូលពួកគេស្មើអាណាចក្រមួយអាចឈរស្មើជាមួយនឹងវង្សត្រកូលរាជវង្សធំៗរបស់អធិរាជ!»
«មហាត្រកូលទូសាននៅក្រុងឈីងខូវ តាំងតែពីដូនតាមក ឪពុកផ្ទេរកូនស្នង បន្តវេនទ្រព្យសម្បត្តិ ការរកស៊ីជួញដូរ មុខជំនួញរបស់គ្រួសារពួកគេក្រាលដណ្ដប់ទូទាំងវាលរហោឋានលោកិយ មានប្រាក់កាក់ច្រើនសន្ធឹកដល់ថ្នាក់លែងចាត់ទុកប្រាក់កាក់ជាប្រាក់ទៀត។ ឮគេនិយាយថា សូម្បីអធិរាជសានយាននិងអធិរាជស៊ឹងនុងក៏ធ្លាប់ខ្ចីបុលប្រាក់ពីពួកគេដែរ។ ពួកគេមានទ្រព្យសម្បត្តិច្រើនមហាសាលរហូតដល់ថ្នាក់កកើតប្រែជាកម្លាំងមហាអំណាចមួយដ៏គួរឱ្យកោតខ្លបខ្លាចចំពោះរាជការ។ រឿងកក្រើកប្រឹថពីមួយដែលខ្ញុំចង់និយាយប្រាប់ទៅកាន់អ្នកទាំងអស់គ្នានោះគឺ ទាក់ទងទៅនឹងមហាត្រកូលទូសាន!»
«អ្វីទៅ? ឆាប់និយាយទៅ កុំអែអង់ទៀត!»
«តាមដំណឹងលេចឮគួរឱ្យជឿទុកចិត្តមួយបានឱ្យដឹងថា អ្នកប្រុសទីពីរគ្រួសារទូសាន ឥឡូវនេះកំពុងស្ថិតនៅក្នុងភូមិឈីងសួយ!»
«ថាម៉េច? មិនអាចទេ!»
«ឮថាអ្នកប្រុសទីពីរគ្រួសារទូសានគឺជាមហាបុរសវ័យឆ្នើមខ្លាំងពូកែធ្វើជំនួញម្នាក់។ អ្នកស្រីគ្រួសារទូសាន សម្រាលកូនប្រុសពីរនាក់ ពួកគេជាកូនភ្លោះ។ ប៉ុន្តែឮថាអ្នកប្រុសទីពីរគ្រួសារទូសាន ជាមនុស្សមានកលល្បិច តាំងពីតូចមកគេពូកែជិះជាន់បងប្រុសរបស់គេ ហេតុនេះទើបរាល់កិច្ចការទាំងឡាយនិងសិទ្ធិសម្រេចការណ៍ទាំងអស់នៅក្នុងគ្រួសារធ្លាក់នៅក្រោមការគ្រប់គ្រងរបស់គេតែម្នាក់ឯងគត់!»
«ទូទាំងវាលរហោឋានលោកិយ ចាប់ពីនគរសានយានដល់នគរកៅស៊ីង សព្វសុះគ្រប់ទីកន្លែងសុទ្ធតែមានខ្សែរយៈទំនាក់ទំនងមុខជំនួញរបស់គ្រួសារពួកគេ។ អស់លោកគិតទៅមើលថា គ្រួសារនោះមានអំណាចនិងទ្រព្យធនប៉ុនណាទៅ! ឮល្បីរន្ទឺថា អ្នកប្រុសទីពីរគ្រួសារទូសាន មានរូបសម្បត្តិស្អាតសង្ហា ជ្រៅជ្រះពិណអុកអក្សរគំនូរ ខ្ពង់ខ្ពស់ថ្លៃថ្នូរ មនុស្សម្នាទូងស្ងើចសរសើរ រហ្សសនាមហៅថា “អ្នកប្រុសឈីងខូវ” ។ មានគ្រួសារធំៗជាច្រើនចង់លើកកូនស្រីឱ្យរៀបការជាមួយគេ។ អ្នកស្រីគ្រួសារទូសាន ជ្រើសរើសកូនប្រសាយ៉ាងតឹងរឹង ទីបំផុតបានជ្រើសរើសអ្នកនាងគ្រួសារហ្វុងហ្វុង។ ឮថាតាំងពីតូចមក អ្នកនាងនោះដើរតាមលោកឪពុកគ្រប់ទីកន្លែង មានចរិតបើកចំហ មានចិត្តទូលាយ មានទេពកោសល្យ វាចាទន់ភ្លន់ សម្រស់ស្រស់ស្អាតដូចផ្កាដូចគុជ ហើយថែមទាំងជាវីវៈនារីព្រួយដៃឯកម្នាក់ទៀតផង!»
«ចំណែកឯអ្នកប្រុសធំគ្រួសារទូសានវិញគួរឱ្យអាណិតខ្លាំងណាស់ ប្រពន្ធរបស់គេគឺជាអ្នកបម្រើស្រីម្នាក់នៅក្នុងផ្ទះ គ្មានទេពកោសល្យអ្វីទាំងអស់!»
«ប្រាំបួនឆ្នាំមុន នៅពេលដែលគ្រួសារទូសានកំពុងរៀបចំប្រារព្ធពិធីមង្គលការយ៉ាងអឹកធឹកឱ្យអ្នកប្រុសទីពីរនិងអ្នកនាងគ្រួសារហ្វុងហ្វុង លិខិតអញ្ជើញចែកចេញចប់សព្វ ប៉ុន្តែមុនថ្ងៃមង្គលការ អ្នកប្រុសទីពីរគ្រួសារទូសានសុខៗធ្លាក់ខ្លួនឈឺធ្ងន់ ពិធីមង្គលការក៏ត្រូវបានរំសាយចោល។ ប៉ុន្មានឆ្នាំកន្លងមកនេះ អ្នកប្រុសឈីងខូវបិទទ្វារព្យាបាលជំងឺ សម្រាកមើលថែនៅក្នុងផ្ទះជាប់ជានិច្ច មិនឈានជើងចេញទៅក្រៅ មុខជំនួញគ្រួសារទាំងមូលប្រគល់សិទ្ធិជាបណ្ដោះអាសន្នឱ្យទៅអ្នកប្រុសធំ!»
«អ្នកនាងគ្រួសារហ្វុងហ្វុងក៏ជាមនុស្សស្រីមានស្នេហ៍មានសច្ចៈខ្លាំងម្នាក់ដែរ។ គ្រួសាររបស់នាងបានយល់ព្រមរំសាយពិធីមង្គលការ ប៉ុន្តែនាងនៅតែទទូចគ្រងឈុតកូនក្រមុំរត់ទៅកាន់ក្រុងឈីងខូវ ពោលក្ដែងៗទៅលោកស្រីចាស់គ្រួសារទូសានថា៖ រស់ជាមនុស្សគ្រួសារទូសាន ស្លាប់ជាខ្មោចគ្រួសារទូសាន។ លោកស្រីចាស់ស្ដាប់ឮដូច្នោះរំជួលចិត្តទប់ទឹកភ្នែកមិនបាន។ ជាច្រើនឆ្នាំមកនេះ អ្នកនាងគ្រួសារហ្វុងហ្វុងរស់នៅក្នុងភូមិគ្រឹះស្កឹមស្កៃរបស់គ្រួសារទូសាន ជួយលោកស្រីចាស់គ្រប់គ្រងកិច្ចការនៅក្នុងផ្ទះ!»
«គ្រួសារហ្វុងហ្វុងបានប្រកូរប្រកាសថា ឥឡូវនេះជំងឺរបស់អ្នកប្រុសទីពីរបានជាសះស្បើយ គ្រួសារទាំងពីរកំពុងពិភាក្សាគ្នា សម្រេចថ្ងៃមង្គលការសារជាថ្មី!»
«ឮថាអ្នកប្រុសទីពីរគ្រួសារទូសានកំពុងនៅភូមិឈីងសួយ មើលទៅគេចង់ដណ្ដើមសិទិ្ធអំណាចគ្រប់គ្រងជំនួញរបស់គ្រួសារឡើងវិញ!»
ហ្វូងមនុស្សកើនជាហូរហែនៅតែបន្តចេចចាចអំពីជម្លោះរវាងកូនប្រុសច្បងនិងកូនប្រុសទីពីរគ្រួសារទូសាន ពួកគេថែមទាំងនាំគ្នាផ្ទាល់ទាយមើលថាអ្នកណាជាអ្នកឈ្នះ។ ស៊ីវលូរវល់រៀបគ្រាប់កៅឡាក់នៅលើចាន តម្រៀបទៅជារាងផ្កា បន្ទាប់មកទៅជារាងព្រះចន្ទ។ មនុស្សដែលអង្គុយនៅក្បែរស៊ីវលូជ្រប់មុខស្ងៀមស្ងាត់ នៅក្នុងដៃក្ដាប់គ្រាប់កៅឡាក់ គ្រាប់កៅឡាក់ច្របាច់ហ្មត់ទៅជាម្សៅកៅឡាក់ដោយមិនដឹងខ្លួន។
ស៊ីវលូអកផឹកដាច់ស្រានៅក្នុងចាន ញញឹមស្ងួតសោះ ងាកទៅមើលមុខស៊ឺឈី៖
«នែ៎! លោកឈ្មោះអ្វី? ថ្ងៃក្រោយបើចៃដន្យចួបគ្នានៅតាមផ្លូវក៏មិនអាចធ្វើព្រងើយ ធ្វើជាមិនស្គាល់គ្នាដែរ។ ប៉ុន្តែទោះឱ្យខ្ញុំលេបប្រម៉ាត់ខ្លាឃ្មុំក៏ខ្ញុំមិនហ៊ានហៅលោកថាស៊ឺឈីទៀតដែរ។ លោកអាចមិនប្រកាន់ទោសពៃរ៍ អ្នកណាទៅដឹងប្រពន្ធរបស់លោកអាចឱ្យខ្ញុំស៊ីមួយព្រួញរបស់នាង!»
ស៊ឺឈីនៅតែអង្គុយស្ងៀមទ្រឹងមួយកន្លែង ក្ដាប់កណ្ដាប់ដៃយ៉ាងណែន សរសៃឈាមពណ៌ខៀវផុសឡើងផ្ទួនៗយ៉ាងច្បាស់ភ្នែក។
ស៊ីវលូនិយាយបន្ត៖
«បើលោកមិននិយាយ ខ្ញុំអាចទៅសួរអ្នកដទៃទៀត តែខ្ញុំចង់ឱ្យលោកនិយាយដោយផ្ទាល់មាត់ប្រាប់ខ្ញុំឈ្មោះរបស់លោក!»
មួយសន្ទុះក្រោយមក ស៊ឺឈីទើបព្រមហើបមាត់បន្លឺពាក្យបីម៉ាត់យ៉ាងលំបាក៖
«ទូ-សាន-ជីង»
«ទូសាន… សរសេរយ៉ាងណា?»
ជីងផ្តិតម្រាមដៃទៅក្នុងចានស្រាបន្ដិច សរសេរឈ្មោះរបស់ខ្លួនឯងនៅលើផ្ទៃតុឱ្យស៊ីវលូមើល។
ស៊ីវលូញញឹមតិចៗ សួរបន្ត៖
«គូដណ្ដឹងរបស់លោកឈ្មោះអ្វី?»
ដៃរបស់ជីងឈប់ឆ្កឹងនៅលើផ្ទៃតុ។ ស៊ីវលូនៅតែញញឹមបន្ត៖
«ប្រាំមួយឆ្នាំ! ខ្ញុំឱ្យលោកស្នាក់អាស្រ័យក្នុងផ្ទះប្រាំមួយឆ្នាំគត់! ហេតុនេះសូមឱ្យលោកកុំយកថ្លៃជួលហួយឈុនថាងរបស់ខ្ញុំក្នុងរយៈពេលប្រាំមួយឆ្នាំទៅមុខ ចាប់ពីពេលនេះតទៅ ពួកយើងគ្មានអ្នកណាជំពាក់អ្នកណា!»
ស៊ីវលូក្រោកឈរបម្រុងចាកចេញ ជីងម្នីម្នាស្ទុះទៅចាប់ដៃម្ខាងរបស់គេយ៉ាងណែន។ ទោះស៊ីវលូខំគ្រវាសដៃចេញយ៉ាងណាក៏មិនបាន។ នេះគឺជាលើកទីមួយដែលស៊ីវលូមានអារម្មណ៍ដឹងពីកម្លាំងអនុភាពខ្លាំងក្លាអាចឃុំគ្រងគេជាប់នៅលើខ្លួនរបស់ស៊ឺឈី ដែលធម្មតាជាមនុស្សធ្មឹងធ្មើយ ទន់ជ្រាយដូចទឹក។
សៀនដើរសំដៅមក សើចសួរ៖
«ល្បងលូទៅវិញហើយហ្អេស?»
ស៊ីវលូញញឹមតប៖
«បាទ! លោកជាថៅកែធំ ឯខ្ញុំក៏ជាថៅកែតូចម្នាក់ដែរ មិនទៅវិញមិនបានទេ! រឿងរបស់លោក ខ្ញុំជួយមិនបានទេ!»
ជីងបន្ធូរដៃយឺតៗ ស៊ីវលូដកខ្លួនចេញ ឱ្យប្រាក់ទៅសៀន មាត់គ្រហឹមច្រៀងតិចៗ ដើរទុងតាំងចេញទៅបាត់។
ការលេចខ្លួនឡើងរបស់អ្នកប្រុសទីពីរគ្រួសារទូសាន ធ្វើឱ្យទីប្រជុំជនភូមិឈីងសួយឆោឡោអឺងកងយ៉ាងខ្លាំង គ្រប់ទីកន្លែងចោមរោមជជែកគ្នាអំពីសិទ្ធិអំណាចនិងកេរ្តិ៍ឈ្មោះ។ មនុស្សម្នាវែកញែកគ្នាយ៉ាងឱឡារិកអំពីអ្នកប្រុសទីពីរគ្រួសារទូសាន សូម្បីថៅកែកៅ អ្នកកាប់សាច់សាមញ្ញម្នាក់ ក៏ត្រូវតំបែស្រានេះនាំឱ្យវង្វេងស្មារតីងោងអស់ដែរ ទើបទៅរកកញ្ចាស់ម៉ុកនិយាយបន្ធូរអារម្មណ៍។ គាត់និយាយប្រាប់ទៅកញ្ចាស់ម៉ុកទំនងអួតអាងថា តៀមលក់ទំនិញទាំងឡាយនៅតាមបណ្ដោយផ្លូវខាងលិចរួមទាំងតៀមលក់សាច់របស់គ្រួសារគាត់ក៏ជាកម្មសិទ្ធិរបស់គ្រួសារទូសានដែរ។ គ្រាប់អង្កាំនិងទៀនអឺមិនរវីរវល់អ្វី ព្រោះពួកគេគិតថាពួកមនុស្សទាំងនោះគឺជាផ្កាយភ្លឺនៅលើមេឃខ្ពស់ ឃ្លាតពីពួកគេដាច់ឆ្ងាយ។ កញ្ចាស់ម៉ុកកើតប្រផ្នូលសង្ស័យមិនដាច់ ម្ដងម្កាលងាកក្រឡេកមើលទៅស៊ីវលូ ឃើញគេនៅស្ងៀមស្ងាត់ធ្វើហីៗដូចជាធម្មតា ទើបគាត់ភ្ញាក់ក្រញ៉េងខ្លួនឡើង៖
មិនអាចទេ មនុស្សម្នាក់នោះមិនអាចជាស៊ឺឈីទេ!
ស៊ីវលូមិនចេញទៅមាត់ច្រាំងទន្លេស្រូបខ្យល់អាកាសតទៅទៀត គេបិទទ្វារសំណាក់ពេទ្យជិត ដេកសំកាងជើងលើកន្ទេលហាលស្មៅថ្នាំ គយគន់ផ្កាយលើមេឃ រាប់ផ្កាយលើមេឃ។
«បីពាន់បីរយម្ភៃប្រាំពីរ…» ផ្កាពពកសហោះដេសដាសនៅលើវេហាស៍ ស៊ីវលូសុខៗកើតអារម្មណ៍ព្រឺសម្បុរចម្លែក គេដាច់ស្នាមញញឹម បិទភ្នែកយ៉ាងណែន។
សាងលីវឈរនៅកណ្ដាលវេហាស៍ មិនខ្ចីក្រឡេកមើលទៅស៊ីវលូ៖
«កុំធ្វើពុតទៀត!»
ស៊ីវលូយកម្រាមដៃញ៉ុករន្ធត្រចៀកទាំងពីរ៖
«ខ្ញុំដេកលក់ហើយ ស្ដាប់មិនឮអ្វីទាំងអស់!»
សាងលីវគ្រវាសដៃបន្តិច ខ្យល់មួយមេបក់កួច បោសសម្អាតធូលីដីលើកន្ទេលហាលស្មៅថ្នាំទៅអស់ ទើបគេព្រមដាក់ខ្លួនអង្គុយចុះ ភ្នែកសម្លក់ទៅស៊ីវលូ។ ស៊ីវលូមានអារម្មណ៍ថា ដូចជាមានកូនកាំបិតពីរហោះឆ្វែលទៅឆ្វែលមកជុំវិញមុខរបស់ខ្លួន គេទប់អារម្មណ៍ ខំទប់អារម្មណ៍ ខំប្រឹងអារម្មណ៍បន្តទៀត ប៉ុន្តែទីបំផុតនៅតែមិនឈ្នះចាញ់អ្វី គេបើកភ្នែកភ្លឹសឡើង៖
«លោកម្ចាស់មិនរវល់កងទ័ពនៅលើភ្នំ រត់មកទីនេះធ្វើអ្វី?»
«មនុស្សប្រុសដែលឧស្សាហ៍ដើរតាមឯងជាប់ស្អិតនោះ គឺជាមនុស្សគ្រួសារទូសាន?»
«លោកនិយាយពីនរណា? មុខខ្មូតឬគ្រាប់អង្កាំ?»
ស៊ីវលូធ្វើភ្នែកស្លើរភ្ញាក់ផ្អើល ប្រស្រីភ្នែកក្រឡាប់ក្រឡឹងយ៉ាងក្មេងខ្ចី។
«យើងដើមឡើយចង់និយាយស្រួលជាមួយឯង តែលើកណាក៏ឯងធ្វើឱ្យយើងឃើញទើសភ្នែក ចង់តែខាំបំបាក់កឯង!»
សាងលីវដាក់ដៃនៅលើកញ្ចឹងកស៊ីវលូ ឱនឈ្ងោកមុខចុះ។ ស្ថិតនៅពីក្រោមពន្លឺផ្កាយរះភ្លឹបភ្លែត ចង្គូមធ្មេញរបស់សាងលីវដុះវែង មុតស្រួចស្រៀវសាច់ ប្រៀបដូចជាចង្គូមធ្មេញសត្វសាហាវ ស៊ីវលូលាន់មាត់ស្រែកឡើង៖
«លោកនេះចំមែនហើយ កាន់តែយូរកាន់តែមិនចេះប្រកាន់រូបរាង! លើកមុនភ្នែកក្រហមដូចឈាម លើកនេះញ៉េញចង្កូមស្រួច។ ទោះខ្ញុំដឹងច្បាស់ថាលោកគឺជាបិសាចសត្វចម្លែក ប៉ុន្តែបានដឹងគឺជារឿងមួយ បានឃើញផ្ទាល់ភ្នែកគឺជារឿងមួយផ្សេងទៀត។ តើលោកមានដឹងទេ មិនថាទេវតាឬបិសាច ពួកគេសុទ្ធតែឱ្យតម្លៃលើសម្បកកាយខាងក្រៅ មិនមែនរូបរាងដើមនៅពីក្រោយសម្បកកាយនោះទេ? លោកមើលទៅ ពេលដែលញ៉ាំបាយត្រូវតែជ្រើសរើសអាហារណាទំនងឆ្ងាញ់ ពេលដែលរៀបការក៏ត្រូវតែជ្រើសរើសនារីណាទាក់ភ្នែក។ មិនដូចសត្វចម្លែកដូចជាពួកលោកទេ ឱ្យតែឃើញក្មេងខ្ចី សាច់ស្រស់ មិនរើសច្រាស់ច្រំហ្មត់ទាំងអស់…»
សាងលីវដកចង្គូមទៅវិញ ទះថ្ពាល់ស៊ីវលូ៖
«ថ្មីៗនេះឯកាទៀតហើយហ្អេស?»
ស៊ីវលូដកដង្ហើមធំ៖
«មនុស្សឆ្លាតពេកឆាប់ស្លាប់ណា៎ដឹងទេ! អ្ហា៎… លោកមិនមែនជាមនុស្សទេ លោកជាបិសាច… អ៊ីចឹងនឹងរឹតតែឆាប់ស្លាប់!»
សាងលីវក្របួចកស៊ីវលូ ទាញកញ្ឆក់មកជិត សួរដេញដោល៖
«មនុស្សប្រុសដែលបង្ហាញខ្លួនរាល់ពេលឯងខំរកវិធីបិទបាំងនោះ គឺជាអ្នកប្រុសទីពីរគ្រួសារទូសាន?»
ស៊ីវលូលួចជេរប្រទេចក្នុងចិត្ត៖ បើខ្ញុំថាមិនមែនក៏លោកមិនជឿដែរ ហ៊ឹស!
ស៊ីវលូឧទាន៖
«មែនហើយ!»
«ល្អណាស់!»
សាងលីវព្រលែងស៊ីវលូចេញ។ ស៊ីវលូព្រឺសម្បុរខ្ញាក់ៗនៅពេលដែលបានឃើញស្នាមញញឹមរបស់សាងលីវ។
«ខ្ញុំមិនជិតដិតនឹងគេទេ! បើលោកចង់ចួបគេ ទៅរកខ្លួនឯងទៅ!»
«យើងក៏មិនជិតដិតនឹងគេដែរ តែយើងជិតដិតនឹងឯង!»
ស៊ីវលូខំសើចយ៉ាងអត់ជាតិ៖
«បិសាចនិយាយកំប្លែងមិនគួរឱ្យចង់សើចសោះ!»
សាងលីវនិយាយយ៉ាងរំភើយ៖
«មួយរយៈពេលនេះ អាកាសធាតុក្ដៅហួតហែង ជំងឺអាសន្នរោគរាតត្បាតនៅលើភ្នំ យើងត្រូវការថ្នាំសង្កូវមួយចំនួន! ឯងហៅទូសានជីងដឹកជញ្ជូនឱ្យយើងមក៎!»
ស៊ីវលូលោតកញ្ជ្រោលឡើង៖
«សំអាងអី? លោកគិតថាលោកជានរណា?»
សាងលីវញញឹមពិសពុល៖
«ជាមនុស្សដែលអាចស៊ីសាច់ឯង!»
«ខ្ញុំសុខចិត្តឱ្យលោកស៊ីសាច់ជាជាងទៅចួបគេ!»
សាងលីវធ្វើជានិយាយវែងឆ្ងាយ៖
«តើឯងចង់ដឹងថាអ្នកប្រុសធំគ្រួសារទូសានជាមនុស្សយ៉ាងណាដែរឬទេ? ប្រាំបួនឆ្នាំមុន គឺគេជាអ្នកធ្វើឱ្យទូសានជីងបាត់ខ្លួនគ្មានដំណឹងមុនថ្ងៃមង្គលការ។ បើសិនយើងទៅទាក់ទងមនុស្សម្នាក់នោះ ស្នើគេជួយដឹកថ្នាំឱ្យយើង ជាថ្នូរយើងនឹងជួយគេសម្លាប់ទូសានជីង! តាមឯងគិត ឱកាសរស់រានរបស់អ្នកប្រុសឈីងខូវនៅសល់ប៉ុន្មានភាគរយ?»
ស៊ីវលូខាំសង្គ្រឺតធ្មេញ៖
«មិនចាំបាច់ងឿងឆ្ងល់ទេថាហេតុអ្វីប្រាក់រង្វាន់យកក្បាលរបស់លោកឈរលំដាប់លេខមួយក្នុងបញ្ជីអ្នកទោសនគរសានយាន! ខ្ញុំឥឡូវនេះក៏ចង់កាត់យកក្បាលរបស់លោកទៅដូរយកប្រាក់ដែរ!»
សាងលីវផ្ទុះសើចហាៗ ខិតមុខកៀកកិតស៊ីវលូ បន្លឺសំឡេងសើចដឺដង៖
«យើងមានក្បាលប្រាំបួនឯណោះ ចាំទុកសំលៀងកាំបិតឱ្យមុតតិចផង!»
ស៊ីវលូបើកភ្នែកធំៗសម្លក់ទៅគេ មនុស្សទាំងពីរលើកខ្ទង់ច្រមុះប្រឈមគ្នា។
បន្ដិចក្រោយមក ស៊ីវលូសម្រួលអារម្មណ៍៖
«បើគេយល់ព្រមជួយលោក តើគេបានប្រយោជន៍អ្វី?»
សាងលីវបោះជើងឃ្លាតឆ្ងាយពីស៊ីវលូបន្តិច៖
«ពេលខ្លះទំនេរអផ្សុក យើងធ្វើជាឃាតករស៊ីឈ្នួលក្រៅបន្ថែម កេរ្តិ៍ឈ្មោះក៏មិនអន់ដែរ! បើសិនអ្នកប្រុសធំគ្រួសារទូសានជួលយើងសម្លាប់គេ យើងនឹងបដិសេធ បើសិនគេចង់ជួលយើងសម្លាប់បងប្រុសគេ យើងនឹងទទួល!»
«គេទើបតែវិលចូលទៅគ្រួសារវិញនៅមិនទាន់រឹងដៃរឹងជើង មិនអាចភ្លាមៗបញ្ជាកម្លាំងមនុស្សនិងធនធានក្នុងគ្រួសារបានពេញលេញនោះទេ!»
«ឯងវាយតម្លៃគេទាបពេកហើយ! និយាយចំពោះគេ ថ្នាំសង្កូវប៉ុណ្ណឹងមិនជាអ្វីធំដុំនោះទេ! គ្រួសារទូសានជាន់ជើងចូលគ្រប់មុខជំនួញជួញដូរ ទំនិញដែលពួកគេលក់ឱ្យនគរស៊ឹងនុងកាលពីមុនគ្រោះថ្នាក់ជាងហ្នឹងរាប់រយដង!»
ស៊ីវលូងឿងឆ្ងល់សួរ៖
«ចុះហេតុអ្វីលោកមិនសួររកទិញដោយផ្ទាល់ពីគ្រួសារទូសាន?»
សាងលីវត្រជាក់ល្អូកបោះសម្ដី៖
«គ្មានប្រាក់!»
ខឹក! ស៊ីវលូចង់សើចលាន់មេឃតែមិនហ៊ាន ខ្លាចគេខឹងច្រឡោត ទើបមានតែងើយក្បាលឡើងខ្ពស់សម្លឹងផ្កាយលើមេឃ៖
«លោកគឺជាបិសាច នគរស៊ឹងនុងមិនពាក់ព័ន្ធអ្វីនឹងលោកទេ លោកធ្វើរឿងច្រើនយ៉ាងនេះតើសមតម្លៃទេ?»
សាងលីវច្បិចជ្រុងញញឹមមាត់៖
«ឯងសម្បូរខ្យល់មើលថែពួកល្ងង់ខ្លៅទាំងនោះ ឬមួយយើងមិនអាច?»
ស៊ីវលូសើចខឹកៗ៖
«មែនហើយ! ឆាកជីវិតឯកាគ្មានដែនបញ្ចប់ ក៏គួរណាស្វែងរកអ្វីម៉្យាងធ្វើដើម្បីកម្ចាត់ពេលវេលា… ណ្ហើយចុះ តស់យើងទៅរកគេ!»
ស៊ីវលូក្រោកឈរឡើង បោះជំហានជើងទៅមុខ សាងលីវក្របួចកអាវគេ ទាញបកមកវិញ៖
«គេនៅច្រាំងទន្លេ!»
ស៊ីវលូនិងសាងលីវ ម្នាក់មុខម្នាក់ក្រោយ ដើរសំដៅទៅកាន់មាត់ច្រាំងទន្លេ។
ឮសូរសំឡេងសម្រិបជើង ជីងត្រេកអរបែរក្បាលទៅក្រោយ ប៉ុន្តែមួយប៉ប្រិចភ្នែកនោះ គេប្រទះឃើញស្រមោលសម្លៀកបំពាក់សឈរនៅពីក្រោយខ្នងរបស់ស៊ីវលូ ក្រសែភ្នែកមុត មុខមាំ សោះកក្រោះ។ សាងលីវឈរបែរមុខទៅមាត់ច្រាំងទន្លេ បត់ដៃទាំងពីរទៅក្រោយ ភ្នែកសម្លឹងបាញ់ទៅឆ្ងាយ។ ស៊ីវលូឈរនៅចំពោះមុខជីង ស៊ីវលូមានអារម្មណ៍ថារអៀសរអែង ក៏ក្អកឡើងឃូសៗ សម្រួលសំឡេង៖
«ថ្មីៗនេះសុខសប្បាយទេ?»
«អ្ហឹម»
«ឈីងយៀកសុខសប្បាយទេ?»
«អ្ហឹម»
«ឡាន…»
សាងលីវគ្រលៀសភ្នែកគំរាម ស៊ីវលូក៏រហ័សនិយាយថា៖
«មានរឿងមួយចង់ពឹងលោក!»
ជីងតប៖
«បាន!»
សាងលីវបោះបន្ទះគជ់មួយទៅស៊ីវលូ ស៊ីវលូឈោងដៃចាប់យក ហុចឱ្យទៅជីង៖
«នៅក្នុងនេះមានកត់ត្រាលម្អិត!»
«អ្ហឹម»
«ពេលថ្នាំសង្កូវដឹកជញ្ជូនមកដល់ភូមិឈីងសួយ សូមឱ្យដំណឹងមកខ្ញុំ ខ្ញុំនឹងហៅសាងលីវទៅទទួល!»
«អ្ហឹម»
គ្រាន់តែប៉ុណ្ណឹងរួចស្រេចហើយហ្អេស? ងាយស្រួយយ៉ាងហ្នឹងហ្អេស? ស៊ីវលូមិនអស់ចិត្ត និយាយបន្ត៖
«ខ្ញុំគ្មានប្រាក់ទូទាត់ជាមួយលោកទេ តើលោកដឹងទេ?»
ជីងទម្លាក់ក្រសែភ្នែកចុះ៖
«ល្បង… មិនចាំបាច់ប្រាក់ទេ!»
ស៊ីវលូមិនដឹងថាគួរនិយាយអ្វីបន្តទៀត ងាករេភ្នែកសម្លឹងមើលទៅសាងលីវ។ សាងលីវងក់ក្បាលចុះ ស៊ីវលូនិយាយជាចុងក្រោយជាមួយជីង៖
«អ៊ីចឹង… អរគុណណា៎! ខ្ញុំ… និយាយចប់ហើយ!»
ជីងបោះជំហានដើរចេញ ពេលដើរឆ្លងកាត់ស៊ីវលូ សំឡេងស្អកស្អារបស់គេបន្លឺមួយទំនុកៗនៅក្នុងខ្យល់រាត្រី៖
«ថ្ងៃក្រោយកុំបាច់និយាយពាក្យអរគុណ!»
ស៊ីវលូឈរឆ្កឹងនៅត្រង់នោះ មួយសន្ទុះក្រោយមកទើបងាកទៅនិយាយជាមួយសាងលីវ៖
«ខ្ញុំទៅផ្ទះវិញគេងហើយ! មិនជូនដំណើរទេ!»
សាងលីវក្របួចកអាវស៊ីវលូ ទាញបកមកវិញជាថ្មីទៀត។
«មុនពេលយើងយកបានថ្នាំសង្កូវទាំងនោះ ឯងត្រូវតែនៅក្បែរយើង!»
ឥន្រ្ទីយ៍សសំយុងខ្លួនចុះ ស៊ីវលូហក់ឡើងលើខ្នងឥន្រ្ទីយ៍ ញញឹមបន្លាច៖
«បាន! ខ្ញុំទើបតែលាយផ្សំថ្នាំពុលថ្មី ចង់សាកល្បងមើលល្មម!»
ឥន្រ្ទីយ៍សនាំយកពួកគេហោះហើរចូលទៅក្នុងព្រៃក្រាស់ ស៊ីវលូបិទភ្នែកតឹងផ្អឹស ព្រមានសាងលីវ៖
«លោកគិតមើលឱ្យច្បាស់លាស់ទៅ! ខ្ញុំខ្លាចឈឺខ្លាំងណាស់ ជាមនុស្សកំសាក! ខ្យល់រេខាងណាខ្ញុំរេខាងហ្នឹង! បើកងទ័ពសានយានចាប់ខ្ញុំបាន ខ្ញុំនឹងសារភាពចេញទាំងអស់!»
សាងលីវនៅស្ងៀមស្ងាត់មិននិយាយស្ដី។ ស៊ីវលូឱបកឥន្រ្ទីយ៍សដេកលក់។ កំពុងដេកមមីមមើ ស៊ីវលូមានអារម្មណ៍ឥន្រ្ទីយ៍សហោះយោងខ្លួនចុះ សាងលីវចាប់ទាញដៃគេ លោតចុះពីលើខ្នងឥន្រ្ទីយ៍។
«បើកភ្នែក!»
«អត់ទេ!»
ស៊ីវលូតោងដៃសាងលីវជាប់ តាំងចិត្តមិនបើកភ្នែក។
«ខ្ញុំមិនផ្ដល់ឱកាសឱ្យលោកអាចមានហេតុផលណាមួយ ថ្ងៃក្រោយយកលេសនេះសម្លាប់ខ្ញុំឡើយ!»
ដើមដៃរបស់សាងលីវរឹងកំព្រឹស ស៊ីវលូបិទភ្នែកធ្វើមនុស្សខ្វាក់។ សាងលីវដើរទៅមុខលឿនដូចហោះ ស៊ីវលូតោងដៃគេជាប់ស្អិត ខ្វិនខ្វែងជើងបោះពួយតាម លុះរហូតឈានមកដល់មុខខ្លោងជំរំទ័ព សាងលីវបន្លឺសំឡេងឡើងថា៖
«មកដល់ហើយ! ទីកន្លែងទាំងនេះសុទ្ធតែរៀបក្បួនយ៉ាងល្អិតល្អន់ បើឯងព្រមនៅស្ងៀមមួយកន្លែង នឹងមើលមិនដឹងទីតាំងភូមិសាស្ត្រជំរំទ័ពនេះទេ!»
ស៊ីវលូបើកភ្នែកឡើង មើលឃើញផ្ទះឈើជាច្រើនរ៉ាយប៉ាយក្នុងព្រៃខ្ពស់និងក្រាស់ឃ្មឹក។ មានផ្ទះធំមានផ្ទះតូច សាងសង់ដូចគ្នាបេះបិទ។ មើលពីខាងក្រៅ ពិតជាមិនអាចកត់សម្គាល់អ្វីនោះឡើយ។ នៅជុំវិញទីនេះហ៊ុមព័ទ្ធទៅដោយដើមឈើដុះខ្ពស់ លាតសន្ធឹងគ្មានទីបញ្ចប់។ បើមិនរុករកល្អិតល្អន់ នឹងមិនដឹងថាទីកន្លែងនេះនៅឯណាទេ។
សាងលីវឈានចូលទៅក្នុងផ្ទះឈើមួយ ស៊ីវលូដើរតាមគេពីក្រោយ នៅក្នុងផ្ទះតុបតែងយ៉ាងសាមញ្ញ៖ គ្រែឈើតូចចង្អៀតមួយ ក្បាលគ្រែក្រាលកម្រាលព្រំស្បែកសត្វ នៅចុងគ្រែមានហឹបឈើមួយ មើលទៅទុកសម្រាប់ដាក់សម្លៀកបំពាក់។ មានកូនតុឈើពីរនៅលើកម្រាលព្រំស្បែកសត្វ មួយដាក់របាយការណ៍សឹក មួយដាក់ឈុតប៉ាន់តែសាមញ្ញធម្មតា។
មានឈ្មោះជាទីប្រឹក្សាទ័ពជាន់ខ្ពស់ម្នាក់ បែរជារស់នៅសាមញ្ញធម្មតា ក្រខ្សត់ដល់ម្លឹងហ្អេស? ស៊ីវលូលួចដកដង្ហើមធំ ងឿងឆ្ងល់ថាតើបិសាចសត្វចម្លែកក្បាលប្រាំបួននេះចង់កើបចំណេញអ្វីនៅទីនេះ?
យប់ស្ងាត់ជ្រងំ មេឃខ្មៅងងឹត ដល់ពេលដេកពួន។ សាងលីវដេកនៅលើគ្រែ ស៊ីវលូដឹងខ្លួនដឹងឋានៈ រុំខ្លួនក្នុងភួយ ដេកលើកម្រាលព្រំស្បែកសត្វ។
លុះព្រឹកព្រលឹមឡើង សាងលីវចាកចេញពីផ្ទះ ស៊ីវលូងើបខ្លួនហក់ឡើងទៅលើគ្រែដេកបន្តយ៉ាងសុខស្រួល។
នៅខាងក្រៅម្ដងម្ដាលបន្លឺសម្រែកស្រែកហ្វឹកហ្វឺនរបស់ជួរកងទ័ព។ ដំបូងយល់ថាគួរឱ្យចាប់អារម្មណ៍ កន្លងជាយូរៗទៅ ស៊ីវលូបន់ខ្លួនឯងថ្លង់ល្អជាង។ ពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំ ការហ្វឹកហ្វឺនទាំងនោះ ដ្បិតក្រៀមក្រោះ គួរឱ្យធុញទ្រាន់ ប៉ុន្តែគឺជាការចាំបាច់ដើម្បីពង្រឹងឆន្ទៈមោះមុតនិងគោលជំហរឹងមាំរបស់កងទ័ពប្រយុទ្ធ។ មិនថាយ៉ាងណាក្តី តើការតស៊ូប្រយុទ្ធរបស់ពួកគេនៅមានន័យឬសមតម្លៃអ្វីទេ ខណៈពេលដែលកងទ័ពបង្កើតមកគឺ ដើម្បីការពារនគរ ការពារប្រជារាស្ត្រ ប៉ុន្តែពួកគេបែរជាលាក់ខ្លួនពួនអាត្មានៅក្នុងព្រៃជ្រៅភ្នំខ្ពស់ទៅវិញ ហើយលើសពីនេះទៅទៀត ពួកគេនៅមាននគរឯណាដើម្បីការពារ?
ដោយមិនដឹងខ្លួន ស៊ីវលូមានអារម្មណ៍ថាពិតជាកោតសរសើរចំពោះសាងលីវ។ ពួកបិសាចសត្វចម្លែកកំណើតធម្មជាតិចូលចិត្តសេរីភាព មិនចូលចិត្តចំណងរឹតត្បិត ច្បាប់វិន័យរឹតបន្តឹង។ មនុស្សក្រអឺតក្រទមដូចជាសាងលីវ រឹតតែមិនស័ក្តិសមនឹងទីវាលសមរភូមិជំរំកងទ័ព។ ប៉ុន្តែគេបែរជាសុខចិត្តកាត់ផ្ដាច់ចំណង់ធម្មជាតិបំបិទសេរីភាពខ្លួនឯង បង្ខំខ្លួនឯងឱ្យរស់នៅសម្របខ្លួនតាមច្បាប់វិន័យកងទ័ពដ៏តឹងរ៉ឹងលំបាក ធ្វើអ្វីដែលគេមិនចូលចិត្តធ្វើ។
ក្រោយហ្វឹកហ្វឺនកងទ័ពរួច សាងលីវវិលត្រលប់ទៅកាន់ផ្ទះឈើវិញ។
ស៊ីវលូអង្គុយក្បែរតុតែ បម្រើភាពអផ្សុកខ្លួនឯង។ របស់នៅក្នុងប៉ាន់តែដូចជាចម្លែកណាស់ ស៊ីវលូសុញសាញជីវិតដ៏ក្រខ្សត់បណ្ដើរ ចាក់ទឹកដាំពុះចូលទៅក្នុងប៉ាន់តែបណ្ដើរ សង្ឃឹមថាបន្តិចក្រោយគេនឹងអាចផឹកទឹកស្រដៀងតែ។
សាងលីវដាក់ខ្លួនអង្គុយចុះលើកម្រាលព្រំស្បែកសត្វ ផ្អែកខ្នងទល់នឹងជញ្ជាំង រង់ចាំមើលឆាកកំប្លែងបន្តិចទៀត។ មិននឹកស្មានថា ស៊ីវលូគ្រាន់តែព្រិចភ្នែកប្រិមៗបន្តិច នៅពេលផឹកមួយក្អឹកដំបូង បន្ទាប់មកផឹករីកតែក្តៅមួយចានពេញនោះ ដោយមិនទើសទាល់ឬសង្ស័យអ្វី។
សាងលីវវាយតម្លៃ៖
«ឥឡូវនេះយើងជឿហើយថា កាលពីមុនឯងពិតជាធ្លាប់ត្រូវគេបង្ខំឱ្យស៊ីរបស់គួរឱ្យខ្ពើមរអើមជាច្រើន!»
ស៊ីវលូញញឹមតិចៗ៖
«ខ្ញុំមិនដែលនិយាយកុហកទេ គ្រាន់តែនិយាយច្រើនប៉ុណ្ណោះ!»
សាងលីវនិយាយបន្ត៖
«រាល់ពេលដែលផឹកតែរួច យើងតែងតែបោះថ្នាំសម្លាប់មូសទៅក្នុងប៉ាន់តែ ឮថាវាលាយផ្សំចេញពីលាមកសត្វព្រៃមួយ!»
ទឹកមុខស៊ីវលូប្រែជាស្លេកស្លាំង តែខំប្រឹងធ្វើពុតជានឹងនរ សាងលីវសើចក្អាកក្អាយ សំណើចរបស់គេពោរពេញទៅដោយសេចក្តីរីករាយ។ ស៊ីវលូពិតជាចង់កត់ត្រាពេលវេលាដ៏គួរឱ្យចងចាំនេះទុកណាស់ កែវភ្នែករបស់សាងលីវភ្លឺថ្លាដូចទឹកសន្សើមនិទាឃរដូវ ឆ្លុះបញ្ចាំងមកលើផ្ទៃមុខដ៏ស្រស់សង្ហា មានមន្តស្នេហ៍។
មានសំឡេងទាហានបន្ទរមកពីខាងក្រៅ៖
«ជម្រាបលោកមេទ័ព ទាហានរបស់ពួកយើងពីរនាក់បានស្លាប់!»
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ