រឿង៖ និរន្តរ៍អាល័យ (ភាគ៩)

បងប្រុសរបស់ក្មេងស្រីតូចមិនរវីរវល់នឹងនាង ធ្វើពុតជាស្ដាប់មិនឮ។ ប៉ុន្តែបើក្មេងស្រីតូចធ្វេសប្រហែសដួលធ្លាក់ចុះ នោះក្មេងប្រុសតូចនឹងស្ទុះទៅវឹបបីត្រកងនាងនៅក្នុងរង្វង់ដៃមួយរំពេចផ្លេកបន្ទោរ។

នៅកណ្តាលព្រៃចម្ការផ្លែមន ក្មេងស្រីតូចតែងតែចូលចិត្តលេងល្បែងលាក់បំពួន នាងលាក់ពួននៅលើដើមឈើ រង់ចាំមើលពេលបងប្រុសរបស់នាងមិនចាប់អារម្មណ៍ នាងនឹងលោតទ្រោបចុះលើខ្នងរបស់បងប្រុស ឱបខ្នងរបស់បងប្រុសសើចក្អាកក្អាយ បន្ទាប់មកង៉ក់ងរមិនព្រមចុះក្រោម បង្ខំឱ្យគេអៀវនាងត្រលប់ទៅវិញ។ ជារៀងរាល់ពេលដែលឃើញបែបនេះ អ្នកម៉ែរបស់នាងគ្រវីក្បាលដកដង្ហើមធំ រីឯលោកយាយរបស់នាងនិយាយថា៖ ចៅស្រីដូចកូនកាលពីនៅតូចបេះបិត។

ក្មេងស្រីតូចអង្គុយក្បែរលោកយាយរបស់នាងលេងល្បែងទាញព្រ័ត្រជាមួយបងប្រុស ដោយប្រើអំបោះផ្កា អ្នកណាចាញ់ត្រូវផ្ទាត់ច្រមុះ។ ពេលដែលឈ្នះ នាងប្រើកម្លាំងមួយចាស់ដៃផ្ទាត់ច្រមុះបងប្រុសឈឺយ៉ាងខ្លាំង ប៉ុន្តែពេលដែលចាញ់ ត្រូវផ្ទាត់ច្រមុះវិញ នាងនឹងធ្វើមុខកម្សត់ អង្វរករថា៖

«បងប្រុស! ស្រាលៗដៃផងណា៎…»

បងប្រុសរបស់នាងតែងតែលើកដៃឡើងទៅខ្ពស់ធ្វើទឹកមុខកាច ប៉ុន្តែនៅពេលដែលដៃរបស់គេប៉ះលើខ្ទង់ច្រមុះរបស់នាង ទណ្ឌកម្មប្រែទៅជាស្រាលថ្និតថ្នមហាក់ដូចជាគ្មានអ្វីសោះ។

លោកពូអាវក្រហមបានជូនកន្ទុយកញ្ជ្រោងសមួយឱ្យទៅនាង បងប្រុសរបស់នាងចូលចិត្តខ្លាំងណាស់ ប៉ុន្តែនាងគ្រាន់តែឱ្យគេលេងតែមួយភ្លែតប៉ុណ្ណោះ។ រាល់លើកតែងតែដាក់លក្ខខណ្ឌ បង្ខំឱ្យគេលួចផ្លែមនអបព្រិលទឹកកកឱ្យនាងញ៉ាំ។ មានពេលមួយ ព្រោះតែនាងញ៉ាំផ្លែមនត្រជាក់ច្រើនពេក នាំឱ្យឈឺពោះរាគរុស ត្រូវអ្នកម៉ែស្តីបន្ទោសមួយប្រាវធំ។ នាងយំពេបមាត់និយាយជាមួយបងប្រុសថា៖

«បងរៀនធ្វើផ្លែមនអបព្រិលទឹកកកទៅ ថ្ងៃក្រោយខ្ញុំញ៉ាំច្រើនប៉ុនណាក៏ស្រេចតែចិត្ត មិនចាំបាច់ត្រូវអ្នកម៉ែនិងលោកយាយស្ដីបន្ទោសទៀត!»

បងប្រុសរបស់នាងយល់ព្រម និងបានខិតខំហាត់រៀនវិជ្ជាសីល៍បង្កើតព្រិលទឹកកក ដើម្បីតែធ្វើផ្លែមនអបព្រិលទឹកកក ប៉ុន្តែគេជាយូរនៅតែមិនព្រមធ្វើឱ្យនាងញ៉ាំ។ គេគ្រាន់តែនិយាយថា៖

«ចាំពេលអូនធំឡើង ពោះមិនធ្វើទុក្ខឈឺទៀត បងនឹងធ្វើឱ្យអូនញ៉ាំ!»

សុខភាពរបស់លោកយាយពីមួយថ្ងៃទៅមួយថ្ងៃកាន់តែចុះខ្សោយទៅៗ អ្នកម៉ែមើលថែលោកយាយទាំងយប់ទាំងថ្ងៃ ទើបគ្មានពេលវេលាខ្វាយខ្វល់ពីបងប្អូនពួកគេទាំងពីរនាក់។ មនុស្សគ្រប់គ្នានៅក្នុងផ្ទះសុទ្ធតែនិយាយថា លោកពូទីបួននិងអ្នកមីងថ្លៃបានស្លាប់ហើយ លោកយាយក៏ជិតស្លាប់ដែរ។ ក្មេងស្រីតូចភ័យខ្លាចខ្លាំងណាស់ នៅពេលយប់ស្ងាត់ នាងលួចលូនចូលទៅក្រោមភួយរបស់បងប្រុស។

នាងសួរតិចៗថា៖

«ស្លាប់ជាអ្វី?»

បងប្រុសតបថា៖

«ស្លាប់គឺមិនអាចចួបវិញទៀត!»

«និយាយក៏មិនបានដែរហ្អេស?»

«អ្ហឹម»

«គឺដូចជាបងមិនអាចចួបឪពុកម្ដាយបងវិញទៀត?»

«អ្ហឹម»

«លោកយាយជិតស្លាប់ហើយមែនទេ?»

បងប្រុសឱបនាងនៅក្នុងដើមទ្រូងយ៉ាងណែន ទឹកភ្នែកស្រក់ចុះរមៀលវែងលើផែនថ្ពាល់របស់នាង។ នាងក៏ឱបបងប្រុសយ៉ាងណែនវិញដូចគ្នា។

«ខ្ញុំនឹងមិនស្លាប់ទេ ខ្ញុំនឹងនិយាយជាមួយបង ខ្ញុំនឹងនៅកំដរក្បែរបងជារៀងរហូត!»

អ្នកណាក៏គិតថាបងប្រុសរបស់នាងគឺជាមនុស្សរឹងមាំ សូម្បីលោកតាក៏និយាយថា គេគឺជាមនុស្សគ្មានថ្ងៃស្រក់ទឹកភ្នែក។ ប៉ុន្តែនាងដឹងថា បងប្រុសក៏ចេះយំ។ នាងមិនដែលនិយាយប្រាប់អ្នកម៉ែរបស់នាងអំពីអាថ៌កំបាំងនេះឡើយ។ រាល់យប់នាងតែងតែលូនចូលទៅក្រោមភួយ គេងជាមួយបងប្រុស មិនថាព្រឹកថ្ងៃបន្ទាប់ នាងត្រូវអ្នកម៉ែស្តីបន្ទោស ថាធំប៉ុណ្ណឹងហើយក៏នៅតែខ្លាចគេងម្នាក់ឯង នៅតែមករំខានបងប្រុស។ ក្មេងស្រីតូចមិនហាស្ដីអ្វីទាំងអស់ គ្រាន់តែច្បូតមាត់ជូរហួចស្តាប់ ប៉ុន្តែស្ដីបន្ទោសចប់ នៅពេលយប់នាងនៅតែលួចរត់ទៅដូចជាខ្យល់ទៅរកបងប្រុស។

នៅពេលថ្ងៃ បងប្រុសរបស់នាងគឺជាក្មេងប្រុសរឹងមាំ ចាស់ទុំ ឧស្សាហ៍ព្យាយាម សង្វាតរៀនសូត្រ ប៉ុន្តែមានតែនាងម្នាក់ដឹងថា គេតែងតែក្រោកភ្ញាក់ពាក់កណ្តាលអធ្រាត្រ ក្ដោបខ្លួនមូលក្លុំនៅក្នុងភួយ ខ្លួនប្រាណទាំងមូលញាក់ញ័រទទ្រាក់។ នាងដឹងថាបងប្រុសនឹកឃើញទិដ្ឋភាពដែលម្តាយរបស់គេធ្វើអត្តឃាតខ្លួនឯងដោយកាំបិតខ្លី។ ជារៀងរាល់ពេលទាំងនេះ នាងនឹងឱបក្រសោបគេនៅក្នុងដៃណែន ទះដៃថ្នមៗលើខ្នងលួងលោមគេដូចនាងឧស្សាហ៍លួងលោមតុក្កតាឈើរបស់នាងអ៊ីចឹង បន្លឺសំឡេងច្រៀងតិចៗ បទចម្រៀងបំពេរដែលអ្នកម៉ែនិងអ្នកមីងថ្លៃរបស់នាងតែងតែគ្រហឹមច្រៀង។ កាលនោះ ការឈឺចាប់និងទឹកភ្នែកលាក់បង្កប់ទុកក្នុងចិត្តរបស់បងប្រុសក៏ស្រក់ចុះ។ មានម្ដងមួយ នាងលួចភ្លក់ទឹកភ្នែករបស់បងប្រុស ប្រៃផងល្វីងផង។

មានម្ដងមួយទៀត បងប្រុសរបស់នាងយល់សុបិនអាក្រក់ ប៉ុន្តែគេនៅតែខាំសង្កត់ចិត្តខ្លួនឯងខ្លួនប្រាណរឹងកំព្រឹស តាំងចិត្តមិនព្រមស្រក់ទឹកភ្នែក។ ក្មេងស្រីតូចស្ទុះទៅឱបក្រសោបគេយ៉ាងណែន និយាយថា៖

«បងប្រុសយំទៅ! ឆាប់យំទៅ!»

បងប្រុសសួរទៅនាង៖

«មនុស្សគ្រប់គ្នាសុទ្ធតែនិយាយថាបងមិនអាចយំជាដាច់ខាត ម្ដេចអូនខុសពីពួកគេ? អូនមានដឹងថា បងមិនគួរយំទេ?»

ក្មេងស្រីតូចឆួលច្រមុះ៖

«ខ្ញុំមិនដឹងថាមនុស្សគ្រប់គ្នានិយាយអ្វីខ្លះទេ ខ្ញុំគ្រាន់តែដឹងថា បងកំពុងពិបាកចិត្តខ្លាំងណាស់ ទឹកភ្នែកនឹងជួយរុញច្រានការឈឺចាប់ចេញក្រៅ ការឈឺចាប់នឹងរលាយបាត់ បេះដូងរបស់បងនឹងបានធូរស្រាល!»

នៅពេលយប់មុនថ្ងៃនាងធ្វើដំណើរទៅភ្នំអ៊ី បងប្រុសជាអ្នកស្នើសុំនាងគេងជាមួយគេម្ដងទៀត។ នៅក្នុងដំណេកស្កប់ស្កល់ នាងនៅតែមានអារម្មណ៍ថាបងប្រុសឱបខ្លួននាងយ៉ាងណែន ទឹកភ្នែកក្តៅដូចទឹកពុះស្រក់ចុះលើផែនថ្ពាល់របស់នាង។ ក្មេងស្រីតូចស្មានថាបងប្រុសកំពុងយល់សុបិនអាក្រក់ណាមួយ នាងបែរមកទះដៃថ្នមៗលើខ្នងរបស់គេ លួងលោមគេ៖

«កុំខ្លាច! កុំខ្លាច! មានខ្ញុំនៅក្បែរបងហើយ!»

បងប្រុសនិយាយដដែលៗម្ដងហើយម្ដងទៀត៖

«ឱ្យបងសុំទោស! ឱ្យបងសុំទោស! បងពិតជាគ្មានបានការ! បងសន្យាថា បងនឹងឆាប់ធំដឹងក្ដីឡើងឱ្យបានឆាប់បំផុត បងនឹងការពារម្ដាយកូនអូនទាំងពីរនាក់! បងនឹងឆាប់ទៅទទួលអូន…»

ទីកន្លែងងងឹតសូន្យសុង ពេលវេលាហាក់ដូចបញ្ឈប់នៅទ្រឹង ស៊ីវលូនៅតែបន្តនិយាយខ្សឹបខ្សួលតែម្នាក់ឯង។ ជាច្រើនដងនៅពេលដែលការឈឺចាប់បុកទន្ទ្រានឡើង គេសឹងតែភ្លេចនូវអ្វីដែលគេកំពុងនិយាយ ប៉ុន្តែនៅតែស៊ូទ្រាំជំនះ បន្ទាប់មកបន្តនិយាយជាមួយខ្លួនឯង។

មិនដឹងថាកន្លងផុតទៅយូរប៉ុនណា ស៊ីវលូគ្រាន់តែចងចាំថាគេកំពុងចាប់ផ្តើមនិយាយពីវិធីអាំងត្រី។ គេសង្ខេបវិធីសាមសិបប្រាំបួននិងគ្រឿងទេសសរុបមួយរយម្ភៃប្រាំពីរ។

ទ្វារបើកក្រេកក្រាក់ ចង្កៀងគោមរះបំភ្លឺ។ ព្រោះតែស្ថិតនៅក្នុងទីងងឹតអស់ជាយូរ សូម្បីតែពន្លឺចង្កៀងគោមស្ដួចស្ដើងក៏គ្រប់គ្រាន់ធ្វើឱ្យភ្នែករបស់គេឈឺផ្សា គេបិទភ្នែកចុះយ៉ាងលឿន។

ម្នាក់ខ្ពស់និយាយ៖

«ទឹកមុខរបស់គេខុសពីអ្នកទោសកាលពីលើកមុន!»

ម្នាក់ទាបនិយាយ៖

«គេពិតជាមនុស្សចម្លែកមែន!»

ម្នាក់ខ្ពស់បើកគម្របប្រអប់ ម្នាក់ទាបស្រាយកន្សែងចងជុំវិញមាត់របស់ស៊ីវលូ ទាញគល់ឈើចេញពីមាត់គេ។ ម្នាក់ខ្ពស់ទាញដកដៃស៊ីវលូចេញពីប្រអប់ ស៊ីវលូស្រែកថ្ងូរឡើងយ៉ាងឈឺចាប់ ស្ថិតនៅក្នុងស្មារតីស្រពេចស្រពិល គេមានអារម្មណ៍ហាក់ដូចជាបានឮសំឡេងរបស់ស៊ឺឈី។ សរសៃប្រសាទរឹតបន្តឹងក្នុងខួរក្បាលរបស់គេតឹងផ្អឹស ទ្រាំទ្រមកដល់ត្រឹមនេះដាច់ផឹង គេដួលសន្លប់ចុះដីទាំងឈឺចុកចាប់!

នៅពេលដែលស៊ីវលូដឹងខ្លួនឡើង ផ្ទៃមេឃនៅជុំវិញនៅតែខ្មៅងងឹត ប៉ុន្តែគេឃើញថាសម្លៀកបំពាក់នៅលើខ្លួនរបស់គេផ្លាស់ប្តូរថ្មីស្អាតបាត គេកំពុងដេកនៅលើគ្រែទន់ល្មើយ។ មានអ្នកណាម្នាក់កំពុងអង្គុយនៅក្បែរគេ ស៊ីវលូមើលភ្លឹកទៅមនុស្សម្នាក់នោះ លាន់មាត់យ៉ាងភ្ញាក់ផ្អើល៖

«ស៊ឺឈី… ជីង?»

«ខ្ញុំនៅទីនេះ!»

«បង្អួច!»

ជីងស្រូតក្រោកឈរឡើង ដើរទៅបើកបង្អួច ខ្យល់អាកាសព្រៃភ្នំបក់ចូលមកក្នុងបន្ទប់ល្ហើយត្រជាក់ ស៊ីវលូស្រូបមួយដង្ហើមពេញបេះដូង។ ជីងអុចបំភ្លឺចង្កៀង ជួយគ្រាហ៍ស៊ីវលូក្រោកឡើងមកអង្គុយ។ ស៊ីវលូឱនមុខចុះក្រឡេកមើល ឃើញដៃទាំងពីររបស់គេត្រូវបានបង់រុំរបួសជិតដូចនំចាំង។ មុខរបួសធ្ងន់ធ្ងរខ្លាំងណាស់ គេប្រាកដជាត្រូវបានព្យាបាលដោយឱសថកម្រ ហេតុនេះហើយទើបគេគ្មានអារម្មណ៍ឈឺចាប់អ្វីបន្តិចសោះ។

ជីងលើកចានទឹកស៊ុបក្ដៅមក បញ្ចុកទឹកស៊ុបឱ្យស៊ីវលូហូប។ ស៊ីវលូឃ្លានចង់ស្លាប់ តែមិនហ៊ានស៊ីផឹកគឃ្លើន ទើបត្រឹមហាមាត់មួយម៉ាត់ៗតូច។

ហុតទឹកស៊ុបក្ដៅអស់ ជីងយកថ្នាំមួយគ្រាប់ហុចទៅចំពោះមុខស៊ីវលូ៖

«បៀមទៅ!»

ស៊ីវលូហាមាត់ឱ្យជីងបញ្ចុកថ្នាំបៀមចូលនៅក្នុងមាត់ គេក្រឡេកមើលនៅជុំវិញ ឃើញថាកូនផ្ទះឈើដែលធ្លាប់ស្គាល់នេះនិងកម្រាលព្រំស្បែកសត្វនេះ។ ស៊ីវលូសួរភ្ញាក់ផ្អើល៖

«ពួកយើងនៅក្នុងជំរំទ័ពស៊ឹងនុងហ្អេស?»

«ខ្ញុំបានទៅរកលោកមេទ័ពសាងលីវ សុំជំនួយពីគេ! គេលបវាយប្រហារសៀន ឯខ្ញុំចុះទៅគុកក្រោមដីជួយសង្គ្រោះល្បង!»

ចាប់តាំងពីពេលចងសម្ព័ន្ធមិត្តជាមួយសាងលីវ ស៊ើបរកទីតាំងគុកក្រោមដី បន្ទាប់មករៀបចំផែនការជួយសង្គ្រោះស៊ីវលូ នោះគឺប្រាកដជាដំណើរការដ៏ស្មុគស្មាញនិងចួបប្រទះឧបសគ្គជាច្រើន ប៉ុន្តែជីងត្រឹមតែរៀបរាប់ប្រាប់គេពីរបីឃ្លាធម្មតាប៉ុណ្ណោះ។

ស៊ីវលូវឱនមុខចុះ៖

«តាមពិតលោកមិនចាំបាច់ជួយខ្ញុំទេ!»

ជីងញញឹមស្រទន់៖

«បន្តិចទៀតខ្ញុំត្រូវវិលត្រលប់ទៅភូមិឈីងសួយវិញដោះស្រាយកិច្ចការបន្ទាប់ ល្បងប្រគល់ថ្នាំបន្សាបពិសរបស់អានានឱ្យខ្ញុំមក៎!»

ស៊ីវលូនិយាយត្រង់ៗ៖

«នាងមានត្រូវពិសឯណា! អ្នកនាងគ្រួសារធំដូចជាអានាន អាចហៅគ្រូពេទ្យល្បីៗរាប់មិនអស់មកព្យាបាលឱ្យនាង ទោះត្រូវពិសបែបណាក៏មុខជាអាចព្យាបាលបានដែរ។ គិតគូរដូច្នេះ ទើបខ្ញុំគ្រាន់តែប្រើម្សៅផ្កាក្រៀមធម្មតាប៉ុណ្ណោះ។ ឪពុកម្ដាយសាច់ញាតិរបស់នាងស្រលាញ់នាងខ្លាំងណាស់ ហេតុនេះគ្រូពេទ្យកាន់តែរកមិនឃើញសញ្ញាពិសឬថ្នាំពុលណាមួយ នោះពួកគេកាន់តែព្រួយបារម្ភ ហេតុនេះហើយជាបណ្ដោះអាសន្នសៀននឹងមិនកាត់ផ្ដាច់យកជីវិតខ្ញុំឡើយ!»

«ល្បង…»

ជីងឱនមុខចុះសម្លឹងមើលដៃរបស់ស៊ីវលូ បេះដូងពោរពេញទៅដោយក្ដីអាសូរខ្លោចចិត្ត។ កែវភ្នែកស៊ីវលូរេទៅរេមក៖

«ខ្ញុំ… ប្រើម្សៅផ្កាក្រៀមត្រឹមតែរក្សាអាយុជីវិតជាបណ្ដោះអាសន្ន … ហេតុនេះ… ខ្ញុំមិនបានដាក់ពិសអានានទេ ប៉ុន្តែ… ខ្ញុំបានដាក់ពិសសៀន!»

«ជាតិពិសពង្រាយនៅលើខ្លួនរបស់អានាន សៀនឱបនាង ទះខ្នងនាង អង្អែលថ្ពាល់នាង លួងលោមនាង… ជាតិពិសនោះនឹងជ្រាបចូលទៅកាន់ខ្លួនគេបន្តិចម្តងៗ នៅពេលដែលវាជ្រាបចូលជ្រៅក្នុងចរន្តឈាមរបស់សៀន នោះនឹងពិបាកយកវាចេញមកណាស់។ បើតាមអត្តចរិតរបស់អានាន ប៉ុន្មានថ្ងៃកន្លងមកនេះ នាងច្បាស់ជាស្រែកយំហ៊ូមិនឈប់។ សៀនព្រួយបារម្ភពីនាងខ្លាំង ហេតុនេះហើយ គេប្រាកដជាមិនដឹងថា ខ្ញុំសំដៅលើគេនោះទេ!»

«ជាពិសអ្វី?»

ស៊ីវលូច្របូកច្របល់៖

«តាមពិតទៅមិនមែនជាពិសឬថ្នាំពុលទេ ប៉ុន្តែជាដង្កូវពិសបុរាណ!»

មន្តអាគមវិជ្ជាត្រួតត្រាដង្កូវពិសបុរាណ គឺជាអាថ៌កំបាំងរបស់កុលសម្ព័ន្ធជីវលី។ រាប់រយឆ្នាំមុន នៅក្នុងកុលសម្ព័ន្ធជីវលីលេចឡើងគ្រូធ្មប់ម្នាក់ ខ្លាំងពូកែត្រួតត្រាដង្កូវពិសបុរាណ ត្រូវបានមនុស្សលោកក្រោមវាលរហោឋានលោកិយហៅថា ស្ដេចពិស។ មន្តអាគមវិជ្ជាត្រួតត្រាដង្កូវពិសបុរាណគឺខុសពីវិជ្ជាពេទ្យព្យាបាលជំងឺនិងវិជ្ជាប្រើប្រាស់ពិស ត្រូវមនុស្សលោកមាក់ងាយនិងចាត់ទុកជាមន្តអាគមវិជ្ជាផ្លូវងងឹត។ មានមនុស្សជាច្រើនធ្លាប់ដឹងឮពីវិជ្ជាត្រួតត្រាដង្កូវពិសបុរាណនេះ ប៉ុន្តែមានមនុស្សតិចតួចណាស់ដែលយល់ពីវា។

ស៊ីវលូបកស្រាយ៖

«និយាយឱ្យងាយស្រួលយល់ទៅ ខ្ញុំបានចិញ្ចឹមពូជដង្កូវពិសម៉្យាងនៅក្នុងខ្លួនប្រាណរបស់ខ្លួនឯង ហើយឥឡូវនេះដង្កូវពិសនោះបានផ្ទេរចូលខ្លួនរបស់សៀន! ទៅថ្ងៃក្រោយតទៅ រាល់ពេលដែលខ្ញុំមានការឈឺចាប់ សៀនក៏ទទួលការឈឺចាប់នោះដូចជាខ្ញុំដែរ!»

«ពូជដង្កូវពិសនោះប្រាកដជាពិបាកចិញ្ចឹមណាស់?»

«ប្រាកដណាស់! ពិបាកចិញ្ចឹមណាស់! សែនពិបាកចិញ្ចឹមណាស់!»

បើវាងាយស្រួលចិញ្ចឹមនោះ ប្រាកដជារាលដាលពាសពេញវាលរហោឋានលោកិយបង្កគ្រោះមហន្តរាយជាមិនខាន! ខ្លួនប្រាណរបស់ស៊ីវលូមានកាយលោហិតពិសេស នៅតែត្រូវការពេលវេលាយ៉ាងយូរទើបអាចបង្កើតឡើងបាន។

«ហេតុអ្វីល្បងចិញ្ចឹមដង្កូវពិសបុរណនោះ?»

ស៊ីវលូដកដង្ហើមធំយ៉ាងធុញថប់៖

«ខ្ញុំចង់ចាត់ការបិសាចកំណាចសាងលីវ! គេគឺជាបិសាចសត្វចម្លែកក្បាលប្រាំបួន គ្មានថ្នាំពុលឬពិសណាអាចផ្ដួលគេបានឡើយ។ ខ្ញុំគិតគូរអស់ជាយូរ ទើបស្វែងរកឃើញវិធីដ៏ចម្លែកពិសេសនេះ។ មិននឹកស្មានថា នៅមិនទាន់ចាត់ការលើគេផង ក៏ត្រូវអនុវត្តលើសៀន!»

ពួកសត្វចម្លែកចាប់កំណើតមកលើផែនដីមេឃប្រទានញាណឆ្លាតវៃ ស៊ីវលូបារម្ភថា សាងលីវអាចនឹងប្រទះឃើញរឿងដែលស៊ីវលូផ្ទេរដង្កូវពិសបុរាណចូលខ្លួនរបស់គេ ហេតុនេះរាល់ពេលដែលសាងលីវជញ្ជក់ឈាមរបស់ស៊ីវលូ ស៊ីវលូតែងតែស្ម័គ្រចិត្តឯកឯងពេញទី។ ធ្វើយ៉ាងនេះគឺដើម្បីងាយស្រួលផ្ទេរដង្កូវពិសបុរាណចូលទៅកាន់ខ្លួនប្រាណរបស់សាងលីវ ដោយមិនធ្វើឱ្យគេដឹងខ្លួនឡើយ។

ជីងសួរបញ្ជាក់៖

«ដង្កូវពិសបុរាណនោះមានគ្រោះថ្នាក់អ្វីដល់ល្បងទេ?»

«មិនថ្វីទេ!»

«ប្រាកដទេ?»

«ខ្ញុំយកអាយុជីវិតមកធានា ប្រាកដណាស់!»

ដ្បិតនៅមិនទាន់ប្រាកដនៅក្នុងចិត្ត ប៉ុន្តែជីងមិនយល់ដឹងអ្វីច្រើនអំពីពូជដង្កូវពិសទាំងនោះឡើយ មានតែរង់ចាំវិលទៅវិញសាកសួរគ្រូពេទ្យជំនាញដទៃទៀត។

ស៊ីវលូសួរថា៖

«ចាប់តាំងពីពេលខ្ញុំត្រូវចាប់ខ្លួនរហូតដល់ពេលនេះកន្លងទៅប៉ុន្មានថ្ងៃហើយ?»

«បួនថ្ងៃ»

«គួរតែជិតដល់ពេលហើយ!»

ស៊ីវលូឱនមុខចុះសម្លឹងមើលដៃទាំងពីររបស់ខ្លួន ប្រសើរយ៉ាងណាទៅបើមិនលេបថ្នាំបំបាត់ការឈឺចាប់។

«ស៊ីវលូ! សូមប្រគល់ឱ្យខ្ញុំដោះស្រាយរឿងរបស់សៀន…»

ស៊ីវលូងើយមុខឡើងសម្លឹងមើលជីង៖

«សាងលីវបានស្មានដឹងទុកមុន ដាស់តឿនខ្ញុំថាសៀននឹងដាក់ទោសខ្ញុំយ៉ាងដំណំ បង្គាប់ឱ្យខ្ញុំទៅតាមគេ ប៉ុន្តែខ្ញុំបដិសេធ។ បើសិនខ្ញុំជាមនុស្សកំសាក ពួនក្រោយខ្នងអ្នកដទៃដើម្បីចៀសគេចពីគ្រោះថ្នាក់នោះ ម៉្លេះឆ្នាំនោះខ្ញុំនឹងមិនជួយជីវិតលោក ឱ្យលោកស្នាក់អាស្រ័យទេ។ ខ្ញុំទម្លាប់រស់នៅក្នុងជីវិតសេរីភាព ខ្លួនមួយប្រាណមួយហែលឆ្លងគ្រប់ច្រកល្ហក ហ៊ានធ្វើហ៊ានទទួល!»

កែវភ្នែករបស់ជីងផ្ទុកក្ដីអាណិតស្រលាញ់៖

«ល្បងអាចជ្រើសរើសរស់នៅក្នុងជីវិតមិនឯកាទៀត!»

ស៊ីវលូងាកមុខចេញ និយាយត្រជាក់ល្អូក៖

«ខ្ញុំបានជួយជីវិតលោកម្ដង លោកក៏បានជួយជីវិតខ្ញុំម្ដង។ ខ្ញុំបានបញ្ចុកអាហារឱ្យលោក លោកក៏បានបញ្ចុកអាហារឱ្យខ្ញុំវិញ។ ពួកយើងលែងមានអ្វីជំពាក់គ្នា… រឿងរបស់ខ្ញុំ លោកកុំខ្វល់!»

ជីងនៅអង្គុយថែមមួយស្របក់ ក៏សន្សឹមៗឈានជើងចាកចេញពីកូនផ្ទះឈើ។ ស៊ីវលូចង់បិទភ្នែកគេង តែគ្មានវិធីអាចគេងលក់ បាក់ស្រុតជាមួយនឹងរឿងជាច្រើនក្នុងមួយរយៈពេលនេះ។ គេក្រោកចុះពីគ្រែ ដើរចេញទៅក្រៅ។

តាមមើលទៅ ទីកន្លែងនេះមិនដូចជាជំរំទ័ពនោះទេ ប៉ុន្តែដូចជាទីកន្លែងសម្រាកជើងរបស់ពួកព្រានព្រៃច្រើនជាង ព្រោះនៅលើកំពូលភ្នំទាំងមូលមានតែកូនផ្ទះឈើនេះតែមួយគត់។ គិតៗទៅសមហេតុសមផល សាងលីវប្រាកដជាប្រើសិទ្ធិដោះស្រាយធុរៈផ្ទាល់ខ្លួនជួយដល់ជីងជួយសង្គ្រោះស៊ីវលូ គេនឹងមិនប្រើប្រាស់កម្លាំងទ័ពស៊ឹងនុងលើរឿងនេះឡើយ។

ផ្ទៃមេឃចុះងងឹត ចង្កេះភ្នំលាតសន្ធឹងដាច់កន្ទុយភ្នែក ខ្យល់ភ្នំបក់កួចមកវ៉ូៗ សមុទ្រពពកស្រងឹតរសាត់រសាយនៅក្រោមជើងស៊ីវលូ មានអារម្មណ៍ថា ឈិតតែបន្តិចទៀត គេនឹងត្រូវពពកស្រងឹតទាំងនោះច្បាមយកទៅ។

ស៊ីវលូភ័យខ្លាច ស្រែកខ្លាំងឡើង៖

«សាងលីវ! លោកនៅទីនេះទេ?»

ឮសម្រែកចាបស្រែកនៅពីក្រោយខ្នងស៊ីវលូ គេបែរខ្នងទៅក្រោយ ឃើញសាងលីវកំពុងអង្គុយច្រត់ជើងនៅដើមឈើខ្ពស់មួយជាប់ក្បែរកូនផ្ទះឈើ។ ស្ថិតនៅពីក្រោមពន្លឺព្រះចន្ទពណ៌ប្រាក់សន្សឹមៗរំលេចឡើង បិសាចកំណាចស្លៀកពាក់សសក់សនេះមើលទៅប្រៀបដូចជាមនុស្សព្រិល សស្រិល ត្រជាក់ស្រេង ធ្វើឱ្យមនុស្សចង់ឈានទៅក្បែរគេ តែមិនហាមឃាត់ភាពភ័យខ្លាច។

ស៊ីវលូឈរឆ្កឹងសម្លឹងមើលទៅគេ អស់មួយសន្ទុះធំ ទើបភ្ញាក់ស្មារតីឡើង ជីកសួរថា៖

«លោកនៅទីនោះយូរប៉ុនណាហើយ?»

សាងលីវត្រជាក់ល្អូកឆ្លើយតប៖

«ពេលដែលឮឯងនិយាយថាចង់យកដង្កូវពិសបុរាណផ្ទេរចូលខ្លួនរបស់យើង!»

ស៊ីវលូភិតភ័យស្លេកមុខ។ ស៊ីវលូធ្វេសប្រហែសភ្លេចគិតទៅថាទីនេះគឺជាភូមិឋានរបស់សាងលីវ ទើបពេលដែលនិយាយគ្នាជាមួយជីងខ្វះការប្រុងប្រយ័ត្នទាំងស្រុង។

ស៊ីវលូសើចស្ញេញស្ញាញ៖

«ខ្ញុំមានផ្ទេរចូលខ្លួនលោកឯណា សៀនបានទទួលរងជំនួសហើយ!»

សាងលីវសម្លឹងចុះមកលើមុខស៊ីវលូដូចព្រានព្រៃមើលឃើញមុខសញ្ញាប្រមាញ់៖

«ឯងឈឺ គេក៏ឈឺហ្អេស? ដង្កូវពិសបុរាណនៅក្នុងខ្លួនរបស់គេពេលណាទើបបញ្ចេញឥទ្ធិពល?»

ស៊ីវលូដកជើងថយក្រោយមួយរំពេច ហាក់ដូចជាភ័យខ្លាចសាងលីវនឹងយកដាវចាក់គេប៉ុន្មានដាវលមើលលេងអ៊ីចឹង។

«នៅមិនទាន់ដល់ពេលទេ! ខ្ញុំចំណាយកម្លាំងផ្ទេរដង្កូវពិសបុរាណចូលខ្លួនរបស់គេ ប្រាកដជាមិនទុកឱ្យគេរស់នៅសុខស្រួលឡើយ!»

សាងលីវចោលភ្នែកសម្លឹងមើលទៅសមុទ្រពពកស្រងឹតនៅលើកំពូលភ្នំ ព្រងើយកន្ដើយ៖

«ឯងប្រមាថប្អូនស្រីរបស់គេ ថែមទាំងផ្ទេរដង្កូវពិសបុរាណចូលខ្លួនរបស់គេ គេប្រាកដជាមិនលើកលែងឱ្យឯងឡើយ! សង្ឃឹមថា ដង្កូវពិសបុរាណរបស់ឯងអស្ចារ្យគ្រប់គ្រាន់ទៅចុះ ធ្វើឱ្យគេខ្លាចក្រែងលើឯងខ្លះ!»

«វាដើមឡើយគឺជាដង្កូវពិសបុរាណបង្កើតឡើងសម្រាប់លោក នៅលើលោកនេះមានតែខ្ញុំតែម្នាក់គត់ដែលអាចត្រួតត្រាវាបាន!»

សាងលីវបិទភ្នែកចុះសម្រាក៖

«ឆាប់ចូលផ្ទះគេងទៅ ឆាប់ព្យាបាលរបួសនៅលើដៃរបស់ឯង!»

ស៊ីវលូមិនហ៊ាននិយាយអ្វីច្រើន ទោះមិនងងុយគេងក៏នៅតែដើរត្រុយៗចូលទៅក្នុងផ្ទះវិញ។

I: Chapter 6

វគ្គ៦៖ មនុស្សអតីតវិលវិញ

ខ្លួនប្រាណរបស់ស៊ីវលូមានកាយលោហិតពិសេសចម្លែក ទើបរបួសឆាប់ជាជាងមនុស្សធម្មតា។ ជីងបានទុកថ្នាំជាច្រើនឱ្យស៊ីវលូ៖ ម្សៅអម្បែងភ្នំអ៊ី ម្សៅចរណៃថ្មឈីស៊ី… ឱសថកម្រនៅក្រោមមេឃនេះសុទ្ធតែមាននៅទីនេះ ហេតុនេះរបួសរបស់ស៊ីវលូកាន់តែឆាប់ជា។

ស៊ីវលូមិនស្ដាយថ្នាំ រិះថាំថ្នាំ គេចាក់ដបម្សៅអម្បែងគុជចេញទាំងអស់យកមកត្រាំដៃ។ ប៉ុន្តែដាច់ខាតមិនព្រមប្រើថ្នាំបំបាត់ការឈឺចាប់ ហេតុនេះថ្ងៃណាក៏គេស្រែកឈឺអូចៗ ស្រែកថ្ងូរដូចចាក់កនិងលោតទុងតាំងពេលការឈឺចាប់រើឡើង។

ដំបូងសាងលីវមើលទៅស៊ីវលូត្រជាក់ល្អូក ក្រោយមកឃើញស៊ីវលូរឹងរូសបែបនេះ ធ្វើឱ្យគេឈឺក្បាលខ្ទោកៗ ហាស្ដីបញ្ឈឺ៖

«យើងអាណិតពួកធ្វើទារុណកម្មឯងណាស់ ពួកគេព្រលែងដង្កូវខ្មោចស៊ីសាច់ដៃឯង តែឯងក៏មិនអន់ដែរ ឯងធ្វើទារុណកម្មបកទៅពួកគេវិញដោយសម្រែងថ្ងូរហៅព្រលឹងហៅខ្លោច ព្រឺសម្បុរញាក់សាច់!»

ស៊ីវលូក្ដៅចិត្តសម្លក់សាងលីវ៖

«ខ្ញុំឥឡូវនេះស្ដាយក្រោយដែលផ្ទេរដង្កូវពិសបុរាណចូលខ្លួនសៀន!»

សាងលីវអស់សំណើច៖

«ឯងចំណាយកម្លាំងចិញ្ចឹមដង្កូវពិសបុរាណ ក៏គួរណារៀនដាច់ធម៌មេត្តាបន្តិច! ឥឡូវនេះចង់ឱ្យដង្កូវពិសបុរាណព្យាបាទអ្នកដទៃ ឯងត្រូវធ្វើបាបខ្លួនឯងឱ្យរងរបួសជាមុនសិន។ សំណាងដែលឯងផ្ទេរចូលខ្លួនសៀន ទើបឃើញមានប្រសិទ្ធិភាពខ្លះ។ បើឯងផ្ទេរចូលខ្លួនបិសាចសត្វចម្លែកក្បាលប្រាំបួនដូចជាយើងនេះវិញ ទោះបីជាឯងឈឺចាប់វេទនាដល់ស្លាប់ ក៏យើងគ្រាន់តែយល់ថារោយៗម្រាមដៃបន្តិចតែប៉ុណ្ណោះ!»

ស៊ីវលូដឹងថានិយាយជាមួយសាងលីវមានតែថែមភ្លើង ទើបគេដើរទុងតាំងចេញទៅក្រៅ លើកដៃទាំងពីរឡើងលើ រត់ទៅរត់មកនៅក្នុងព្រៃ រត់ផងស្រែកថ្ងូរវេទនាផង។ សាងលីវអត់ទ្រាំមិនបាន ហក់ឡើងលើខ្នងឥន្រ្ទីយ៍ស ហោះគេចទៅក្នុងពពក។

ពីមួយថ្ងៃទៅមួយថ្ងៃ ការឈឺចាប់សម្រាលចុះ ដៃទាំងពីររបស់ស៊ីវលូជាបន្តិចម្ដងៗ។

ព្រឹកព្រហាមស្រាងៗមួយ នៅក្នុងពេលកំពុងគេងឆ្ងាញ់ ស៊ីវលូស្រាប់តែមានអារម្មណ៍យល់ថា មានរលកអារម្មណ៍មួយវាយច្រាលក្នុងដើមទ្រូង។ ដំបូងឡើយគេមិនយល់ រិះគិតមួយសន្ទុះទើបប្រទះដឹងខ្លួន នោះជាសញ្ញាផ្ដល់ដំណឹងរបស់ដង្កូវពិសបុរាណ។

ស៊ីវលូស្រូតក្រោកឡើង ស្ទុះចេញទៅក្រៅ៖

«សាងលីវ! សៀន…»

«យើងដឹង!»

នៅលើកំពូលភ្នំ មានមនុស្សរាប់សិបនាក់ពាក់របាំងមុខ ទាំងមនុស្សទាំងយានជំនិះសុទ្ធតែត្រៀមប្រយុទ្ធ ចំហាយពិឃាតពេញៗខ្លួន។ ប្រាកដណាស់ ពួកគេដឹងថាសៀនជិតមកដល់។ លើសពីនេះទៀត មើលតាមក្បួនសឹកដែលពួកគេរៀបចំអាចឱ្យដឹងថា ទាហានរបស់សៀនមិនតិចឡើយ។

សាងលីវងាកមុខមកផ្ដាំស៊ីវលូ៖

«ទាហានរបស់សៀនកំពុងពុះឈាមក្រែល យើងក៏ចង់សម្លាប់គេដែរល្មម! យប់នេះនឹងមានសង្គ្រាមទន្លេក្រហម ឯងយកល្អបំផុតរកកន្លែងណាមួយលាក់ខ្លួនទៅ!»

សាងលីវពាក់របាំងមុខ ស៊ីវលូមិនអាចឃើញទឹកមុខរបស់គេ គ្រាន់តែឃើញកែវភ្នែកទាំងពីររបស់គេមុតថ្លាដូចដួងកែវទឹកកក គ្មានចំហាយកក់ក្ដៅណាបន្តិច។

ស៊ីវលូមិនហ៊ានមាត់កច្រើន រហ័សឆ្វែលមើលទិសទាំងបួនដកខ្លួនចូលទៅក្នុងព្រៃ លាក់ពួននៅក្រោយផ្ទាំងថ្មកំបាក់។ មិនយូរប៉ុន្មាន ស៊ីវលូឃើញសៀនប្រាកដខ្លួនឡើងមក ព្រមជាមួយនឹងកងទាហានច្រើនហ៊ឹកហាក់ខ្លាំង សម្រុកចូលវាយលុកមិនខ្លាចញញើត។ បក្សីជាងសាមសិបជាយានជំនិះមានរូបរាងប្លែកៗគ្នា កំពុងទទះស្ទាបហោះជ្រែកអាកាស គ្របដណ្ដប់អាកាសព្ធដ៏វេហាស៍ទាំងមូល។

ស៊ីវលូងើយមើលយ៉ាងតក់ស្លុត៖ តើទីបញ្ចប់សៀនគឺជាអ្នកណាទៅ ទើបអាចបញ្ជាកងកម្លាំងមហាសាលយ៉ាងនេះ?

សង្គ្រាមលើអាកាសចាប់ផ្ដើម។ ទាហានរបស់សៀនមានប្រៀបជាង ព្រោះមានចំនួនច្រើនជាងទាហានរបស់សាងលីវ។ ប៉ុន្តែកូនចៅរបស់សាងលីវសុទ្ធតែជាជនមួយថ្ងៃៗរស់នៅទីវាលងងឹតស្អុយខ្មោចស្លាប់ ពួកគេរួបរួមសាមគ្គីគ្នាប្រយុទ្ធស៊ីចង្វាក់ ហើយសុទ្ធតែជាជនស៊ូស្លាប់ អង់អាចមិនរុញរា ពលីជីវិតគ្រប់ពេល។ កងទាហានទាំងពីរដាវលំពែងប្រយុទ្ធគ្នាស្លាប់រស់យ៉ាងស្មើដៃ។

រំពេចនោះ សម្រែកស្រែកខ្ទរបង្អើលមេឃ ដុំបាល់ភ្លើងឆេះបោះបាញ់រកជនម្នាក់ ជននោះនិងបក្សីជំនិះភ្លាមនោះបែកខ្ចាយវិញ្ញាណរលាយទៅជាផ្សែងផេះ។ ខណៈពេលនោះ ជនម្នាក់ទៀតត្រូវកាំបិតទឹកកកពុះជាពីរកំណាត់ បក្សីជំនិះរបស់គេយំស្រែកដង្ហោយហៅម្ចាស់។ ជនដទៃទៀតនៅលើដើមឈើខ្ពស់ ហោះសម្រុកចូលទៅវាលចម្បាំងក្ដៅគគុក ប្រយុទ្ធបណ្ដើរហោះឆ្វែលចុះឆ្វែលឡើងលើអាកាសបណ្ដើរ។ ស៊ីវលូបែកចែកមិនដាច់ ភាគីណាជាភាគីណា គ្រាន់តែឮសម្រែកស្រែកយ៉ាងអាណោចអាធម្មជុំវិញមេឃ។ ក្រោយមកទៀត មានរបស់អ្វីមួយធ្លាក់ពីលើមេឃខ្ពស់ ធ្លាក់ចំដុំថ្មដែលនៅជិតស៊ីវលូ បែកខ្ចាយជាបំណែកតូចៗ ស៊ីវលូរើសឡើងមកមើល នោះគឺជារបាំងមុខទឹកកកប្រឡាក់ឈាម។

មិនអាចបន្តលាក់ខ្លួនបែបនេះទៀតឡើយ ស៊ីវលូសម្រុកចេញពីកន្លែងលាក់បំពួន តោងឡើងទៅលើដើមឈើខ្ពស់បំផុតដែលអាចធ្វើទៅបាន។

សង្គ្រាមលើអាកាសនៅតែបន្តយ៉ាងឃោរឃៅ ផ្សែងភ្លើងខ្មួលខ្មាញ់ ចំណាតដាវលំពែងចាំងផ្លាតពេញមេឃ ខ្យល់អាកាសប្រែប្រួលឥតទៀង ពពកខ្មៅវិលវល់មិនឈប់។ ប៉ុន្តែមិនពិបាកក្នុងការស្វែករកទីតាំងរបស់សាងលីង៖ សម្លៀកបំពាក់សក្បុស សក់សស្គុស ពាក់របាំងមុខប្រាក់ ជិះលើខ្នងឥន្រ្ទីយ៍ស គេប្រៀបបីដូចជាលម្អងផ្កាព្រិលហោះហើរ អណ្ដែតត្រសែកនៅចំកណ្ដាលមេឃ។ កាយវិការរបស់គេរស់រវើកដូចចង្វាក់រាំរែក តាមពិតទៅមួយស្នៀតៗសុទ្ធតែជាស្នៀតផ្ដាច់យកជីវិត។

សាងលីវត្រូវសត្រូវឡោមព័ន្ធបួនទិស ជនម្នាក់ក្នុងចំណោមនោះគឺសៀន ជនបីនាក់ទៀតគឺសុទ្ធតែជាកងអង្គរក្សលំដាប់កំពូល។

សាងលីវប្រយុទ្ធមិនប្រណីដៃ មិនការពារខ្លួន ជីវិតមួយប្ដូរជីវិតមួយ។ អាវុធរបស់គេគឺកាំបិតទឹកកកចំណិតព្រះចន្ទ ថ្លាឆ្វង់ដូចកញ្ចក់ ភ្លឺត្រចះដែលដុតខាត់ចេញពីទឹកកកទិព្វ។ កាំបិតទឹកកកប្រយុទ្ធទៅតាមស្នៀតនីមួយៗស៊ីចង្វាក់រហ័សដូចផ្លេកបន្ទោររបស់សាងលីវ ពុះជ្រែកអាកាសបញ្ចេញពន្លឺឆ្វេចឆ្វាច ប្រៀបដូចជាផ្កាព្រិលរសាយពេញមេឃ។ សាងលីវមិនការពារពីក្រោយខ្នង គិតតែប្រហារជននៅចំពោះមុខ មានពន្លឺពីក្រោយបាញ់រះឡើងខ្ពស់ទម្លាក់ចុះ ដាវចរណៃរបស់ជននោះកាប់តម្រង់ទៅចំស្មាសាងលីវ ឈាមក្រហមស្រស់បាញ់ច្រាលចេញមកក្រៅ។

ដាវចរណៃប្រែកាឡាទ្វេដប់ទ្វេមួយរយជុំវិញមេឃឡោមព័ន្ធសាងលីវជិត តែគេមិនរត់គេចទៅណា នៅតែបោលឥន្រ្ទីយ៍សសម្រុកទៅមុខ ទទួលរងភ្លៀងដាវដែលបាញ់ទម្លាក់ចុះឈូឈរ។ នៅក្នុងកណ្ដាប់ដៃគេ ដាវចរណៃមួយត្រូវកាច់បំបាក់ខ្ទេច ជនម្នាក់និងបក្សីជំនិះរបស់គេត្រូវកាំបិតទឹកកកកាប់ខ្ចាយវិញ្ញាណ។ សាងលីវក៏ត្រូវរបួសធ្ងន់ផងដែរ ជ្រុងបបូរមាត់ប្រតាកឈាម។ស្លឹកឈើជ្រុះចេញពីមែកហោះរេរាំទៅតាមខ្យល់នៅក្រោមមេឃ ប្រែក្លាយទៅជាក្បួនអាគមឈើមួយ។ សាងលីវកាប់បំបែកក្បួនអាគម ស្ទុះចូលទៅរកជនបង្កើតក្បួននោះ គេបញ្ចេញមហិទ្ធិឫទ្ធិទាំងអស់ទាំងខ្លួនកំពុងត្រូវរបួសធ្ងន់ គេចង់សម្លាប់ជននោះយ៉ាងខ្លាំង។

នៅទីបំផុត ឈានដំណាក់កាលមួយទល់នឹងមួយ សាងលីវដេញតាមសម្លាប់សៀន មហិទ្ធិឫទ្ធិរបស់សាងលីវបាត់បង់អស់ពាក់កណ្ដាល ក្នុងពេលសៀនមិនរងរបួសអ្វី មហិទ្ធិឫទ្ធិនៅពេញខ្លួន។

ដៃឆ្វេងរបស់សៀនកាន់រំពាត់ឈើទិព្វ ដៃស្ដាំកាន់ដាវមាសទិព្វ។ មិននឹកស្មានថា គេអាចបញ្ជាមហិទ្ធិឫទ្ធិវត្ថុទិព្វពីរក្នុងពេលតែមួយ។ រំពាត់ឈើទិព្វវាត់បន្លាយខ្សែវែង អាចចាប់រួបសាងលីវគ្រប់ពេលវេលា ដាវមាសទិព្វដូចជាអំណាចខ្លារខិន ហាមាត់ប្រឡាក់ឈាម ស្រែករកចំណី។

ស៊ីវលូស្រែកយ៉ាងខ្លាំង៖

«សាងលីវ… ដៃឆ្វេង!»

ស៊ីវលូវាយដៃឆ្វេងរបស់គេទៅលើដើមឈើមួយទំហឹង ឈឺចាប់យ៉ាងខ្លាំងរកស្រែកមិនចេញ។ រំពេចនោះ ដៃឆ្វេងរបស់សៀនងាករេទៅចំហៀងម្ខាង។

«ដៃស្ដាំ!»

ស៊ីវលីបន្តវាយដៃស្ដាំរបស់គេទៅលើដើមឈើ អាវុធនៅលើដៃរបស់សៀនសឹងតែរបូតធ្លាក់។ ក្នុងពេលគ្រោះថ្នាក់កៀកកិត សាងលីវនៅតែមានអារម្មណ៍សើចហាៗ។ កែវភ្នែករបស់សៀនបាញ់រស្មីពិឃាត សៀនវាត់រំពាត់ទៅរកស៊ីវលូ។ ស៊ីវលូគេចខ្លួនចេញ លោតចុះពីលើដើមឈើ។ សំណាងដែលមានព្រៃក្រាស់រារាំងបក្សីជំនិះ ទើបសៀនមិនអាចដេញចាប់គេបាន។

សាងលីវចេញបញ្ជា៖

«ជើងឆ្វេង! ដៃស្ដាំ!»

ស៊ីវលូលួចជេរប្រទេចក្នុងចិត្ត តែមិនអាចមិនខាំសង្កត់ធ្មេញ រើសកំណាត់ឈើវាយលើជើងឆ្វេង លើកដៃស្ដាំបោកលើដុំថ្មក្បែរនោះ។ មហិទ្ធិឫទ្ធិសាងលីវស្ដារឡើងច្រើន គេវាត់កាំបិតព្រះចន្ទមួយឆ្វាច រាំងផ្លូវក្រោយរបស់សៀន ស្ទុះហក់ឡើងទៅលើយោងខ្លួនទម្លាក់ចុះ ប្រៀបដូចជាឥន្រ្ទីយ៍ត្រដាងស្លាបសម្រុកទៅរកសៀន ត្រឹមមួយស្នៀតត្រូវតែយកជីវិតសៀនឱ្យបាន…

សៀនក្រឡាប់ប្រាណ លោតចុះពីលើខ្នងបក្សីជំនិះ ស្ថិតនៅក្រោមការប្រមាញ់របស់ឥន្រ្ទីយ៍កំណាចសាងលីវ បក្សីជំនិះរបស់សៀនទទួលរងជំនួសគេ បែកខ្ចាយព្រោងទៅជាផេះក្នុងមួយប៉ប្រិចភ្នែក។

ពីទីខ្ពស់ធ្លាក់ចុះមកក្រោម សៀនធ្លាក់ចូលទៅក្នុងគុម្ពោតព្រៃ ធ្វើឱ្យមែកឈើដើមជ្រៃចំណាស់មួយបាក់រលំចុះ។ សៀនត្រូវរបួសធ្ងន់ ឈាមប្រឡាក់ពេញខ្លួន តែមិនហ៊ានបង្អង់ជើងនៅយូរ ឈានជើងត្រដាប់ត្រដួលរត់គេចខ្លួន រត់បណ្ដើរស្រែករកអង្គរក្សរបស់គេបណ្ដើរ។ ស្ថិតនៅក្នុងព្រៃជ្រៅ ព្រៃឈើក្រាស់ក្រែល បក្សីជំនិះមិនអាចចុះចតភ្លាមៗបាន សាងលីវចុះចោលបក្សីជំនិះកណ្ដាលមេឃ ហោះចុះមកក្រោយ ដេញតាមសម្លាប់សៀន។

ស៊ីវលូហក់តោងពីមែកឈើមួយទៅមែកឈើមួយទៀតដូចស្វា ដេញតាមពួកគេទាំងពីរនាក់។ នៅសុខៗនោះ មានពន្លឺសស្រិលមួយ ហោះឆ្វែលកាត់កន្ទុយភ្នែករបស់ស៊ីវលូ ហាក់ដូចជាកន្ទុយរោមសរបស់សត្វអ្វីមួយកំពុងហោះរសាត់អាកាស ស៊ីវលូនៅមិនទាន់ឃើញច្បាស់ថានោះជាអ្វីផង ខ្លួនប្រាណទាំងមូលប្រែជារឹងកកស្ដូក។

ស៊ីវលូហក់ឡើងខ្ពស់ ឈោងចាប់កន្ទុយរោមសនោះដែលទាក់នៅលើមែកឈើ នោះគឺជាកន្ទុយកញ្ជ្រោងកន្ទុយប្រាំបួន រោមពណ៌សទន់ល្មើយ។ ស៊ីវលូប្រៀបដូចជាមនុស្សគ្មានព្រលឹង បបូរមាត់កោងឡើងយឺតៗ គេកំពុងតែញញឹមត្រេកអររីករាយ តែកែវភ្នែកបែរជារលីងរលោងទឹកភ្នែក អារម្មណ៍តឹងស្អិតទ្រូងអួលណែនហាក់ដូចជាកំពុងទាញគេទម្លាក់ចុះ។

ភ្លាមៗនោះ ទឹកមុខរបស់គេប្រែជាសស្លេក គេបន្ថែមល្បឿនរត់ដេញតាមសាងលីវនិងសៀនដូចមនុស្សឆ្កួតលីលា។

សៀនកំពុងតែខំប្រឹងរត់ប្រាសអាយុ តែសាងលីវដូចជាព្រលឹងខ្មោចតាមលងបន្លាច ជួនឃើញជួនបាត់នៅក្នុងកណ្ដាលព្រៃ កណ្ដាប់ដៃរបស់សាងលីវប្រែកាឡាក្លាយជាអាវុធដែកថែបក្រញាំប្រាំមុតស្រួច លឿនស្ទេវដូចរន្ទះ បាញ់ទៅរកសៀន។ សៀនបែរក្រោយទទួលរង រំពាត់ឈើទិព្វដាច់ខ្ចាយជាកំណាត់នៅតែមិនអាចទប់ទល់នឹងកម្លាំងដ៏ខ្លាំងក្លាពីក្រញាំរន្ទះរបស់សាងលីវ។

ប្រស្រីភ្នែករបស់សាងលីវប្រែជាក្រហមឆេះ ខ្លួនប្រាណសៀនបាក់ស្រុតចុះ ប្រៀបដូចជាត្រូវភ្នំភ្លើងមួយសង្កត់ពីលើ គេមិនអាចគេចខ្លួនចេញ ហើយក៏មិនចង់បិទភ្នែកចុះ។ បើសិនត្រូវស្លាប់ គេចង់ឃើញឱ្យច្បាស់នឹងភ្នែកថាគេស្លាប់ទៅដោយយ៉ាងណា។

រំពេចនោះ ក៏ស្រាប់តែមានស្រមោលនរណាម្នាក់រត់បាញ់ទំលុះចូលមកកណ្ដាលវង់ដូចទេពច្យុត ត្រដាងដៃក្រសោបរង្វង់ដើមទ្រូងរបស់គេឱបផ្អោបយ៉ាងណែន ទទួលរងជំនួសគេក្រញាំរន្ទះពិឃាតរបស់សាងលីវ។

«អ្ហា៎!!!»

ស៊ីវលូស្រែកឡើងយ៉ាងឈឺចាប់។ សៀនក៏ទទួលអារម្មណ៍ដឹងពីការឈឺចាប់ពើតផ្សានោះដែរ តែគ្រាន់តែជាអារម្មណ៍ឈឺចាប់ទទេ គេមិនរងរបួសអ្វីទាំងអស់។ សៀនឈរទ្រឹងសម្លឹងមុខស៊ីវលូរន្ធត់ចិត្ត គិតមិនយល់ហេតុអ្វីស៊ីវលូពាំងខ្លួនជួយជីវិតរបស់គេ…

ស៊ីវលូខំប្រឹងរុញច្រានសៀនចេញ។

«ឆាប់រត់ទៅ!»

សាងលីវម្ដេចនឹងងាយដោះលែងសៀនទៅដោយបែបនោះ។ ស៊ីវលូបែរខ្នងទៅក្រោយ ប្ដូរជីវិតឱបក្រញាំដៃដែកមុតស្រួចទាំងពីររបស់សាងលីវ រាំងឃាត់គេមិនឱ្យសម្លាប់សៀន។ ស្របពេលនោះ ពួកអង្គរក្សរបស់សៀនបានមកដល់ទាន់ពេល រហ័សរហួនគ្រាហ៍សៀនរត់ចាកចេញទៅ។ សៀនរត់ទៅបណ្ដើរងាកក្រោយបណ្ដើរ ខ្សែភ្នែកសម្លឹងទៅរកស៊ីវលូយ៉ាងងឿងឆ្ងល់។

ចំណីបញ្ចុកដល់មាត់ហើយបែរជាត្រូវស៊ីវលូព្រលែងឱ្យរត់ទៅរួច សាងលីវផ្ទុះកំហឹងក្រេវក្រោធ លើកជើងធាក់ស៊ីវលូពេញមួយទំហឹង។ ស៊ីវលូដួលក្រាបចុះទៅដី តែនៅតែខំប្រឹងប្រមូលកម្លាំងដែលជិតអស់ តោងឱបជើងម្ខាងរបស់សាងលីវមិនលែង។ សៀនត្រូវអង្គរក្សរបស់គេគ្រាហ៍ឡើងបក្សីជំនិះ ហោះហើរចេញទៅបាត់។

សៀនអង្គុយផ្អែកអង្គរក្ស ខាំសង្កត់បបូរមាត់ អត់ទ្រាំនឹងការឈឺចាប់។ ទ្រូងឈឺ ពោះឈឺ ដៃទាំងពីរឈឺ ជើងទាំងពីរក៏ឈឺ គេឈឺគ្រប់ទីកន្លែង ការឈឺចាប់នោះដូចចង់ញាំញីកម្ទេចខ្លួនប្រាណរបស់គេ។ ប៉ុន្តែគេដឹងច្បាស់ថាខ្លួនប្រាណរបស់គេមិនកើតអ្វីឡើយ ព្រោះការឈឺចាប់ទាំងអស់នោះគឺជារបស់ស៊ីវលូ ស៊ីវលូទើបជាមនុស្សដែលឈឺចាប់ពិតប្រាកដ។

សៀនសោកសៅសម្លឹងមើលទៅសមុទ្រពពកវិលវល់នៅលើអាកាស… ហេតុអ្វី? ហេតុអ្វីទៅ? ស៊ីវលូចូលដៃជាមួយសាងលីវចង់សម្លាប់គេ តែនៅខណៈពេលគ្រោះថ្នាក់បំផុត បែរជាប្ដូរជីវិតជួយគេ។ គេបញ្ជាមនុស្សធ្វើទារុណកម្មស៊ីវលូ ស៊ីវលូខឹងស្អប់គុំកួនគេ ចង់សម្លាប់គេ គឺជារឿងធម្មតា ចុះហេតុអ្វីជួយគេ?

កំហឹងក្រេវក្រោធខ្លាំងរបស់សាងលីវដូចធរណីរញ្ជួយព្យុះសង្ឃរាកួច បក់បោកសន្ធឹកចង់លេបត្របាក់អ្វីៗទាំងអស់។ ស៊ីវលូដឹងថាសាងលីវជិតសម្លាប់គេ តែចម្លែកបំផុតនោះ គេបែរជាមិនភ័យខ្លាចអ្វី។ ឈាមក្រហមឆ្អៅដាស់ដួងចិត្តនឹករលឹកដល់សួនព្រៃផ្កាក្ងោករីកស្គុះស្គាយ។

នៅក្រោមដើមផ្កាក្ងោក អ្នកម្ដាយធ្វើទោងយោលមួយឱ្យក្មេងស្រីតូច។ ក្មេងស្រីតូចរប៉ិលរប៉ូចតោងឡើងលើកៅអីទោង លើកដៃត្រងស្រទាប់ផ្កាក្ងោកក្រហមឆ្អៅហោះហើរទៅតាមខ្យល់។ សំឡេងក្មេងស្រីតូចសើចស្រួយស្រិបបន្លឺជុំវិញបរិយាកាស។ បងប្រុសឈរនៅក្រោមដើមឈើ រីកស្នាមញញឹមសម្លឹងមើលក្មេងស្រីតូចកំពុងអង្គុយនៅលើកៅអីទោង រង់ចាំបន្តិចក៏បន្តរុញខ្នងនាងតូចថ្នមៗទៀត ទោងយោលហោះឡើងទៅខ្ពស់រួចហោះចុះមកវិញ… ហោះឡើង… ហោះចុះ…

ក្រញាំដៃដែកមុតស្រួចរបស់សាងលីវស្ទុះទៅច្របាច់ករបស់ស៊ីវលូ ខណៈពេលនោះ ស៊ីវលូនៅតែញញឹមរីករាយទៅកាន់សាងលីវ ស្នាមញញឹមស្រស់បំព្រងដូចផ្កាស្មៅរដូវផ្ការីក។ បំពង់កតូចច្រឡឹងនៅក្នុងដៃរបស់សាងលីវ ឱ្យតែច្របាច់ខ្លាំងថែមបន្តិចទៀត រាល់បញ្ហាទាំងអស់នឹងត្រូវបានបញ្ចប់។ ស៊ីវលូញញឹមទៅគេ ដកដង្ហើមស្រាលៗ ហាក់ដូចជាកំពុងពេញចិត្តសមបំណង ស៊ីវលូឱនមុខចុះ បិទភ្នែកទាំងពីរយឺតៗ។ ភ្លាមនោះ សាងលីវដកដៃទៅវិញ ឱបបីត្រកងស៊ីវលូឡើង នាំស៊ីវលូចាកចេញទៅ។

នៅពេលដឹងខ្លួនឡើងទាំងមមីមមើ ស៊ីវលូឃើញខ្លួនឯងកំពុងស្ថិតនៅក្នុងល្អាងមួយ ខ្លួនប្រាណទាំងមូលច្រមុជចុះក្នុងស្រះទឹក។ នៅក្នុងស្រះទឹក មានថ្នាំលាយផ្សំគ្រប់ប្រភេទ៖ ម្សៅអម្បែងគុជភ្នំអ៊ី ម្សៅចរណៃថ្មឈីស៊ី ទឹកអម្រឹតថាងជូ ស្លឹកហ្វូសាង…។ បើសិនជាមនុស្សដទៃត្រាំខ្លួននៅក្នុងស្រះទឹកដែលមានលាយផ្សំថ្នាំចម្រុះគ្នា បរិមាណមិនលៃលកបែបនេះ ទោះមនុស្សនោះមិនចង់ស្លាប់ក៏ត្រូវតែស្លាប់។ ប៉ុន្តែខ្លួនប្រាណរបស់ស៊ីវលូមានកាយលោហិតពិសេស ថ្នាំចម្រុះច្របូលចូលគ្នាទាំងនេះប្រែជាមានអត្ថប្រយោជន៍សម្រាប់គេ។

នៅក្នុងស្រះទឹកមានថ្នាំបំបាត់ការឈឺចាប់ ទើបស៊ីវលូគ្រាន់តែមានអារម្មណ៍ទន់ល្វន់ លែងនៅឈឺចាប់ខ្លាំង។ ឃ្លាតមិនឆ្ងាយប៉ុន្មាន សាងលីវកំពុងតែអង្គុយបត់ជើងនៅលើគ្រែគុជ ភាពអស់កម្លាំងបង្ហាញយ៉ាងច្បាស់នៅលើថ្ងាសគេ មើលទៅគេអាចដួលរលំចុះគ្រប់ពេល។

ស៊ីវលូមិនហ៊ានកម្រើក ហើយក៏មិនហ៊ានបញ្ចេញសំឡេង នៅសំងំស្ងៀមបិទភ្នែកជិត។

«ហេតុអ្វីជួយគេ?»

សំឡេងត្រជាក់ល្អូករបស់សាងលីវបន្លឺឡើង ទប់សង្កត់ភ្លើងកំហឹង។ ស៊ីវលូរហ័សឆ្លើយតបមួយរំពេច ទៀងត្រង់ ម៉ឺងម៉ាត់៖

«ព្រោះខ្ញុំដឹងថាគេគឺជាអ្នកណា!»

ចិញ្ចើមរបស់សាងលីវញាក់ៗបន្តិច។ ស៊ីវលូនិយាយបន្ត៖

«មួយរយៈពេលនេះខ្ញុំតែងតែងឿងឆ្ងល់មិនដាច់ ហេតុអ្វីលោកទំនេរតាមមើលខ្ញុំគ្រប់ពេលបែបនេះ។ ក្រោយមកទើបខ្ញុំដឹងថា មិនមែនលោកចង់មើលថែខ្ញុំទេ តែកំពុងរង់ចាំសៀន។ ដើមឡើយជីងទុកចិត្តលាក់ខ្ញុំនៅក្នុងព្រៃ ជីងដឹងថាពួកលោកនិងនគរសានយានច្បាំងគ្នារាប់រយឆ្នាំមកហើយ តែកងទ័ពរបស់នគរសានយាននៅតែរកពួកលោកមិនឃើញ។ បើសិន… បើសិនជាលោកមិនចង់ឱ្យសៀនរកខ្ញុំឃើញទេ នោះសៀនគ្មានថ្ងៃអាចរកខ្ញុំឃើញជាដាច់ខាត។ ប៉ុន្តែលោកបានដឹងពីសាវតាពិតរបស់សៀន ហើយដឹងថាគេប្រាកដជាមិនលើកលែងឱ្យខ្ញុំ ទើបលោកប្រើប្រាស់ខ្ញុំដាក់អន្ទាក់សៀន ដើម្បីសម្លាប់គេ!»

«យើងប្រើប្រាស់ឯងដាក់អន្ទាក់គេមែន ចុះយ៉ាងម៉េច?»

«ពិតជាមិនថ្វីនោះទេ ព្រោះតាមពិតទៅគឺគេចង់សម្លាប់ខ្ញុំ! ប៉ុន្តែខ្ញុំបានដឹងថាគេគឺជាព្រះបុត្រាជ័ងស៊ូ ព្រះរាជនត្តារបស់អធិរាជហ័ងទី! បើសិនខ្ញុំជួយលោកសម្លាប់គេ អធិរាជហ័ងទីនឹងតាមសងសឹកខ្ញុំគ្រប់ក្រញាំមច្ចុរាជ មួយជីវិតមួយជាតិនេះ កុំសង្ឃឹមអាចរស់សុខ! លោកិយដ្បិតធំធេងប៉ុនណា នឹងគ្មានកន្លែងឱ្យខ្ញុំជ្រកកោនទៀត!»

សាងលីវបើកភ្នែកឡើង គ្រលៀសមុខស៊ីវលូ៖

«យើងស្មានថាឯងប្រម៉ាត់ធំពាសមេឃផង!»

ស៊ីវលូវាយបក៖

«សុំទោសផងដែលធ្វើឱ្យលោកអស់សង្ឃឹម! លោកហ៊ានប្រឆាំងជាមួយអធិរាជហ័ងទី តែខ្ញុំមិនហ៊ានឡើយ! ដរាបណាកំហឹងអធិរាជផ្ទុះ ឈាមដាបជន់ជាទន្លេ! ខ្ញុំមិនហ៊ានឡើយ!»

«ឯងប្រទះដឹងសាវតាពិតរបស់គេដោយយ៉ាងណា?»

«នៅពេលលោកដេញតាមគេ អង្គរក្សចំណិតម្នាក់របស់គេក្នុងពេលគ្រោះថ្នាក់ស្រែកស្លន់ស្លោរឡើងថា៖ ឆាប់ទៅជួយព្រះបុត្រាជ័ងស៊ូ! ដ្បិតសំឡេងស្រែកមិនច្បាស់ តែគ្រប់គ្រាន់ធ្វើឱ្យខ្ញុំប្រទះដឹង តើជាជនកំពូលណាទៅទើបអាចធ្វើឱ្យលោកប្ដូរជីវិតក៏ត្រូវតែសម្លាប់គេឱ្យបានគ្រប់តម្លៃទាំងអស់! ហេតុនេះទើបខ្ញុំទាយត្រូវមួយរំពេច!»

សាងលីវក្រោកឈរឡើង ដើរទៅកាន់មាត់ស្រះ ឈានចូលទៅជិត ច្របាច់កស៊ីវលូ សង្កត់ក្បាលផ្ទប់ច្រាំងថ្ម៖

«តាមពិតឯងមើលដឹងថាយើងប្ដូរជីវិតដើម្បីសម្លាប់គេ!»

ស៊ីវលូគ្មានកម្លាំងតបត ទើបចុះក្រឡាអុក ថយមួយជំហាន៖

«ខ្ញុំធ្វើឱ្យថ្លោះធ្លយកិច្ចការធំរបស់លោក លោកចង់សម្លាប់ក៏សម្លាប់ទៅចុះ!»

ស៊ីវលូបិទភ្នែកចុះ បង្ហាញផ្ទៃកសខ្ចី សាងលីវសើចខ្សោះ៖

«សម្លាប់ឯងហ្អេស! បែបនេះគឺងាយស្រួលសម្រាប់ឯងពេកហើយ!»

សាងលីវឱនឈ្ងោកមុខចុះ ខាំកញ្ចឹងករបស់ស៊ីវលូ ខាំជញ្ជក់ឈាមយ៉ាងខ្លាំង ដើម្បីបញ្ចេញកំហឹងក្នុងចិត្តរបស់គេ។ ស៊ីវលូផ្អៀងក្បាលទៅក្រោយ ផ្ដេកលើមាត់ស្រះ លួចត្រេកអរដែលខ្លួននៅមានប្រយោជន៍សម្រាប់សាងលីវ។ សាងលីវជាបិសាចសត្វចម្លែកក្បាលប្រាំបួន មានដើមកំណើតរាងកាយមិនធម្មតា ទើបពិបាករកថ្នាំព្យាបាលរបួស។ ស៊ីវលូជាមួយកាយលោហិតពិសេសនេះ គឺជាថ្នាំទិព្វដ៏មានតម្លៃសម្រាប់គេ។

កំពុងសម្រាកព្យាបាលរបួសនៅលើគ្រែ សៀននៅសុខៗស្ទុះក្រោកឡើង លើកដៃស្ទាបកញ្ចឹងករបស់ខ្លួនឯង។ អាល្អិតនោះនៅរស់នៅឡើយហ្អេស? ដំបូងមានអារម្មណ៍ឈឺផ្សាៗ ហាក់ដូចជាមានចង្គោមធ្មេញមុតស្រួចរបស់នរណាម្នាក់ខាំទំលុះសាច់។ បន្ទាប់មក អារម្មណ៍ឈឺផ្សាប្រែជារមាស់ៗ ស្រកៀរៗ នៅក្នុងអារម្មណ៍ឈឺផ្សានោះមានអារម្មណ៍ស្រើបស្រាល ហាក់ដូចជាមាននរណាម្នាក់កំពុងតែក្រេបជញ្ជក់ បឺតជញ្ជក់ ថើបជញ្ជក់។ សៀនយល់ថាកំពង់កស្ងួត រំពេចនោះ ប្រែជាខឹងសម្បាយ៉ាងខ្លាំង។ ត្រូវរបួសធ្ងន់ដល់ម្លឹងហើយ អាល្អិតនោះនៅលេងសើចសប្បាយទៀត! សៀនខឹងចង់ផ្ទុះ…

សាងលីវងើបមុខឡើង ក្រឡេកមុខស៊ីវលូ បបូរមាត់ដិតឈាម កែវភ្នែកជ្រាលជ្រៅ គេដកដង្ហើមមួយៗញាប់ៗ។ តាំងពីដើមដល់ចប់ ស៊ីវលូតាំងចិត្តនឹងត្លឹងនៅក្នុងន័យ៖ សូមអញ្ជើញតាមសម្រួលចុះ! ប៉ុន្តែនៅសុខៗនោះ មើលឃើញកែវភ្នែករបស់សាងលីវ ស៊ីវលូស្រាប់តែអ៊ឹមអៀន រួញខ្លួនក្ដោបបន្តិច រអិលចុះទៅក្រោមទឹក ដៃទាំងពីរមិនដឹងខ្លួនលើកឡើងបិទបាំងដើមទ្រូង។ បន្តិចក្រោយមក ស៊ីវលូទប់សង្កត់អារម្មណ៍ចម្លែករបស់ខ្លួនឯង ងើយមុខឡើងប្រឈមមុខជាមួយសាងលីវ។

បាតដៃរបស់សាងលីវត្រដុសពីផ្ទៃករបស់ស៊ីវលូរអិលចុះទៅក្រោម ម្រាមដៃរបស់គេអង្អែលលើឆ្អឹងស្លាបប្រចៀវរបស់ស៊ីវលូ ជាបន្តបន្ទាប់ត្រដុសចុះ។ ស៊ីវលូចាប់ដៃរបស់គេជាប់ សើចស្ញយៗថា៖

«ខ្ញុំជាមនុស្សប្រុស បើលោកពេញចិត្តមនុស្សប្រុសគួរណារកនរណាមុខមាត់ស្អាតបាតជាងហ្នឹងបន្តិចផង!»

«ឯងជាមនុស្សប្រុសហ្អេស?»

ជ្រុងបបូរមាត់ដិតឈាមរបស់សាងលីវច្បិចឡើងបន្តិច ញញឹមលាក់កំណួច៖

«មនុស្សប្រុសអាចទាក់ទាញហ្វីវហ្វីវចេញមកហ្អេស?»

ស៊ីវលូព្រិចៗភ្នែក ធ្វើមុខងឿងឆ្ងល់៖

«ខ្ញុំមិនជឿលោកមិនចេះប្រែសំឡេងនិងមុខមាត់ទេ!»

«យើងជឿលើសភាវគតិរបស់សត្វធាតុច្រើនជាជាង!»

«បើសភាវគតិរបស់សត្វធាតុខ្លាំងពូកែពិតមែន ចុះហេតុអ្វីឥន្រ្ទីយ៍សរបស់លោកត្រូវពិសខ្ញុំ? បើពិតមែននោះ នឹងគ្មានអ្វីហៅថាលែងនុយដាក់អន្ទាក់… ហើយពួកព្រានព្រៃនាំគ្នាទៅផ្ទះដេកវិញល្អជាង!»

«តើឯងប្រើវិជ្ជាប្រែរូបរាងអ្វី? មហិទ្ធិឫទ្ធិរបស់ឯងទន់ខ្សោយយ៉ាងនេះ តែយើងបែរជាមើលមិនធ្លុះ ប្រៀបដូចជានេះគឺជារូបរាងពិតប្រាកដរបស់ឯងអ៊ីចឹង!»

ស៊ីវលូធុញថប់៖

«ដើមឡើយនេះគឺជារូបរាងពិតប្រាកដរបស់ខ្ញុំហ្នឹងឯង!»

សាងលីវសម្លឹងឆ្វែលសព្វខ្លួនប្រាណរបស់ស៊ីវលូ កែវភ្នែករបស់គេខ្មៅដូចទឹកខ្មៅ។ បេះដូងលោតដឹបដាក់ ស៊ីវលូគ្រវាសដៃគេចេញយ៉ាងខ្លាំង បិទភ្នែកចុះ មិនខ្លាចស្លាប់។

«ស្ទាបទៅៗ! ស្ទាបឆ្អែតហើយកុំសង្ស័យផ្ដាសថាខ្ញុំជាមនុស្សស្រីទៀត!»

សាងលីវគ្រលៀសមុខស៊ីវលូបន្តិច និយាយរំភើយ៖

«យើងគ្មានចំណាប់អារម្មណ៍លើខ្លួនប្រាណក្លែងក្លាយរបស់ឯងនេះទេ!»

គេព្រលែងស៊ីវលូចេញ បែរក្រោយចាកចេញពីស្រះទឹក អង្គុយឡើងទៅលើគ្រែ ចាប់ផ្ដើមសមាធិព្យាបាលរបួស។

ភាពភ័យខ្លាចកន្លងផុតទៅ ស៊ីវលូងាកមកពិនិត្យមើលរបួសមើលទៅធ្ងន់ធ្ងររបស់ខ្លួន។ ត្រូវរបួសធ្ងន់ហើយថែមទាំងត្រូវសាងលីវជញ្ជក់ឈាមអស់ច្រើន ទើបពេលនេះស៊ីវលូចាប់ផ្ដើមមានអារម្មណ៍ថាខួរក្បាលវិលក្បុង ធ្ងន់ដូចញញួរដំ គេដេកផ្ងារមុខលើមាត់ស្រះសមាធិព្យាបាលរបួស។

មួយថ្ងៃក្រោយមក ជីងតាមរកមកដល់។

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*