រឿង៖ ភ្នែកជញ្ជីង

រសៀលថ្ងៃជ្រេនៅទិសបច្ចឹមម្តងបាត់ម្តងឃើញ   ដោយសារតែវត្តមានរបស់ពពកផ្កាស្បៃហោះត្រសែតពាសពេញផ្ទៃវេហាស៍បាននឹងកំពុងតែធ្វើឱ្យកន្លែងខ្លះក្តៅ កន្លែងខ្លះត្រជាក់។ បរិយាកាសបែបនេះគឺជាទីរីករាយ ព្រោះព្រះពាយចូលខ្លួនមករំហើយប្រាណរសាយអស់នូវកម្តៅរបស់ព្រះអាទិត្យ។

អ្នកភូមិគ្រប់គ្នាចេញពីជម្រកចាប់ស្រវាកិច្ចការដែលត្រូវបំពេញប្រចាំថ្ងៃជាមួយនឹងស្នាមញញឹម។ ពួកគេគ្រប់គ្នាផ្តើមមានស្នាមញញឹមជាថ្មីបន្ទាប់ពីត្រូវក្រៀមស្រពោនដោយសារកម្តៅព្រះសុរិយា ខុសតែខ្ញុំ។ ខ្ញុំបាត់ម៉ែ។ ខ្ញុំដើររកម៉ែស្ទើរតែសព្វបរិវេណផ្ទះ តែមិនឃើញគាត់ទាល់តែសោះ។ ខ្ញុំបានសួរអ្នកជិតខាងក៏គ្មានអ្នកណាដឹងឡើយ។ ខ្ញុំកាន់តែភ័យ ខ្លាចក្រែងគាត់ទៅធ្វើរឿងអ្វីដែលប៉ះពាល់ដល់ជីវិត។ ខ្ញុំបានឮម៉ែរអ៊ូជាច្រើនលើកច្រើនសារអំពីសម្ពាធផ្លូវចិត្តដែលអន្ទងតាមរយៈជីវភាព។ ដោយការហត់ខ្លាំងពេក ខ្ញុំក៏ទម្លាក់គូទចុះនៅលើគ្រែ ដៃជូតញើសដែលកំពុងតែស្រក់ចុះមកប៉ុនៗគ្រាប់ពោត តែក៏មិនភ្លេចរេក្រសែភ្នែកសម្លឹងរកម៉ែបន្ថែមទៀតនោះដែរ។ កម្លាំងខ្ញុំចាំផ្តើមថមថយបណ្តើរៗ រហូតដល់ទន់ត្របកភ្នែកចង់កលនឹងដេកលក់ទាំងមិនចង់។

តែភ្លាមៗនេះ ខ្ញុំមានអារម្មណ៍ថាដូចជាមាននរណាមិនដឹងដើរចូលមក។ ខ្ញុំក៏ប្រញាប់បើកភ្នែកទាំងអារម្មណ៍ធីងធោង។

«ម៉ែ! ម៉ែទើបតែមកពីណា? ខ្ញុំដើររកម៉ែមិនឃើញសោះ!» ខ្ញុំនិយាយទៅរកម៉ែ បន្ទាប់ពីឃើញគាត់ដើរចូលមក ជាមួយនឹងអាការគួរឱ្យអាណិត។

«ដាក់ដាំបាយហើយឬនៅ?» គាត់សួរជាមួយភាសាយ៉ាងសោះកក្រោះ។

«ចាស៎ម៉ែ! ខ្ញុំដាំឆ្អិន ហើយធ្វើម្ហូបរួចហើយទៀត រង់ចាំតែម៉ែមកអាលនឹងហូបបាយជុំគ្នាទេតើម៉ែ»

«ហូបទៅ! អញមិនឃ្លានទេ ហើយក៏មិនចាំបាច់ដួសទុកឱ្យអញដែរ»

«ម៉េចអ៊ីចឹងម៉ែ? ម៉ែមិនស្រួលខ្លួនមែនទេ?បើមិនស្រួលខ្លួន ខ្ញុំនឹង…»

«អើរតនា! ម៉ែហ្អែងនៅផ្ទះឬអត់ហ្អា៎?» សំឡេងលោកអ៊ំមេភូមិប្រកូសហៅពីក្រៅរបង។

ខ្ញុំស្ងាត់មាត់លែងនិយាយមើលទៅមុខម៉ែដោយអារម្មណ៍ឆ្ងល់ជាពន្លឹក។ មុខគាត់ប្រែជាស្លេកស្លាំងដូចជាមនុស្សដែលគ្មានឈាម ខណៈពេលដែលភ្នែកគាត់នៅរឹងថ្កល់នៅឡើយ។ ឬមួយក៏គាត់មានបញ្ហាអីជាមួយលោកអ៊ំមេភូមិទេដឹង?

«ប្រាប់គាត់ទៅ ថាអញមិនបាននៅផ្ទះទេ។ នរណាក៏ដោយ បើមកសួរនាំរកអញ ឯងត្រូវឆ្លើយថាមិនដឹងមិនឮអ្វីទាំងអស់។ តែហ៊ានតែមិននិយាយដូចអ្វីដែលងញបានប្រាប់ទេ ដឹងថាមានបញ្ហាជាមួយនឹងអញមិនខានទេ»

មានប្រសាសន៍រួច គាត់ក៏ដើរសំដៅទៅចម្ការចេកក្រោយផ្ទះ។

រំពេចនេះ លោកអ៊ំមេភូមិក៏ដើរមកដល់ល្មម។ គាត់រេក្រសែភ្នែកចុះឡើងមើលសព្វបរិវេណផ្ទះ ដែលអាចឱ្យខ្ញុំសន្និដ្ឋានបានថា គាត់ប្រាកដជាមកដើម្បីរកនរណាមិនខាន។ ឈរសម្លឹងមួយសន្ទុះ គាត់ក៏លេបទឹកមាត់មួយក្អឹក ហើយក៏ផ្តើមនិយាយ។

«ម៉ែហ្អែងទៅណាហើយរតនា?»

«គឺ…គាត់មិននៅទេអ៊ំ។ គាត់ទៅណាក៏មិនដឹងដែរ តាំងពីព្រឹកម្ល៉េះ។ ចុះអ៊ំមកនេះមានការណ៍អ្វីមែនទេ»

និយាយចប់ គាត់ក៏ដកដង្ហើមធំបន្តិច ហាក់បីដូចជាកំពុងតែប្រាប់ខ្ញុំអំពីសម្ពាធផ្លូវចិត្តដ៏ធ្ងន់ដែលគាត់បានចួបប្រទះអ៊ីចឹង។

«មានអ្នកភូមិប្តឹងម៉ែហ្អែងថា រកស៊ីបោកគេ។ រកស៊ីមិនទៀងត្រង់…»

«មិនទៀងត្រង់យ៉ាងម៉េចទៅអ៊ំ? ខ្ញុំដូចជាមិនយល់ពីសម្តីអ៊ំទាល់តែសោះ»

«គេមកប្តឹងអ៊ំថា ម៉ែក្មួយឯងបានលួលមួលកជញ្ជីង ចង់ចំណេញខ្លាំងពេកហ៊ានបោកប្រាស់កម្លាំងញើសឈាមអ្នកដទៃ។ មិនត្រឹមតែប៉ុណ្ណោះ គាត់ថែមទាំងគិតលុយកន្ទុយឱ្យគេមិនដែលគ្រប់ទៀតផង»

«មានឯណាអ៊ំ! ខ្ញុំដើរទិញត្រីជាមួយគាត់យូរហើយមិនដែលឃើញគាត់ធ្វើអ៊ីចឹងទេ។ តែបើពូចាន់រកស៊ីមិនត្រង់មែន។ ខ្ញុំបានឃើញគាត់ថ្លឹងស្រូវអ្នកភូមិមិនដែលគិតកន្ទុយគីឡូផង»

ខ្ញុំនិយាយការពារម៉ែទាំងដែលក្រសែភ្នែកកំពុងតែក្បត់សម្តីខ្លួនឯង។

«អើ! បើអញនិយាយជាមួយនឹងហ្អែងពិបាកណាស់។ បែបនេះទៅចុះ! ចាំពេលម៉ែហ្អែងត្រឡប់មកវិញ ចាំឱ្យគាត់ទៅចួបអញនៅផ្ទះផងណា៎! ទៅថ្មើរណាក៏បានដែរ»

«ចាស៎អ៊ំ!»

លោកអ៊ំមេភូមិក៏បានត្រឡប់ទៅវិញ។ ដំណឹងអម្បាញ់មិញសម្រាប់ខ្ញុំគឺជារឿងដ៏អាម៉ាស់ តែខ្ញុំមិនដឹងជាគួរធ្វើយ៉ាងណាឡើយ ព្រោះកាលមុនខ្ញុំធ្លាប់…

——-

មួយខែមុន!

«បងឯងរកស៊ីកុំសូវស្មោះត្រង់ពេក។ ខ្ញុំឃើញអ្នកស្មោះត្រង់ភាគច្រើនកម្រក្លាយជាអ្នកមានណាស់។ រកស៊ីបានត្រឹមតែមួយរស់ៗទេ។ ថាមិនត្រូវជំពាក់គេវ័ណ្ឌកផងក៏មិនដឹង» ពូចាន់និយាយមកកាន់ម៉ែ។

«ហើយចុះធ្វើម៉េចបានចំណេញច្រើន បើខ្ញុំទិញត្រីពីអ្នកនេសាទមកថ្លៃ ហើយយកទៅលក់នៅផ្សារបានត្រឹមតែចំណេញតិចតួចប៉ុណ្ណោះ។ ចួនកាលក៏ខាតទៀត ដោយសារត្រីខ្លះងាប់លក់យកតែថ្លៃដើមមិនទាន់រួចទៀតផង ហើយណាមួយគ្មានអ្នកជួយវះងៀតទេបង»

«បងឯងធ្វើតាមខ្ញុំ។ ខ្ញុំធ្វើល្បិចហ្នឹងបានផលយូរមកហើយ គឺតកូនតចៅមកទៀតផង។ ខ្ញុំអាណិតបងដែលជាស្រ្តីមេម៉ាយត្រូវចិញ្ចឹមកូនឱ្យរៀនផង រកលុយសងគេជំនួសប្តីដែលរត់ចោលផង ពិបាកភ្នែកមើលណាស់។ អ្នកផ្សេងក្រៅពីបង ខ្ញុំមិនទៅខ្ចីប្រាប់នាំឱ្យអំពល់ទុក្ខទេបង។ ហើយខ្ញុំមកនេះក៏មិនមានបំណងថានឹងឱ្យបងដើរផ្លូវខុសដែរ តែវាជាបំណងល្អរបស់ខ្ញុំតែប៉ុណ្ណោះ»

«ចុះខ្ញុំត្រូវធ្វើយ៉ាងម៉េច?» ម៉ែសួរបកទៅវិញទាំងដែលទឹកមុខបញ្ជាក់ថាចង់ដឹងឱ្យបានឆាប់។

ខ្ញុំលបស្តាប់ពីលើផ្ទះ ក្រែងបានល្បិចថ្មីៗគ្រាន់នឹងរកស៊ីពេលដែលមានគ្រួសារទៅ។

«បន្លំភ្នែកជញ្ជីង!»      

«ទេ! ដាច់ខាតខ្ញុំមិនធ្វើទេ។ បើតាមផ្លូវលោក ពេលគេដឹងពិបាករកស៊ីបន្តទៀតណាស់។ វាប្រៀបដូចជាយកបន្លាស្រាស់ផ្លូវខ្លួនឯងដើរអ៊ីចឹង។ ថ្ងៃណាមួយគេបានដឹង តម្លៃយើងនឹងធ្លាក់ចុះ ហើយក្លាយជាបុគ្គលអាក្រក់ក្នុងក្រសែភ្នែកគេទៀតផង។  បើនិយាយតាមផ្លូវធម៌វិញ មានបាបធ្ងន់ណាស់។ បន្លំរឿងអីគ្រាន់ បន្លំរឿងភ្នែកជញ្ជីងកើតជាតិខាងមុខទៅខ្វាក់ខ្វេរ ពិបាកមើលណាស់។  ថាមិនត្រូវអាចធ្លាក់នរកផងមិនដឹងទេ។ ខ្ញុំមិនហ៊ានប្រថុយទេ»ប្រសាសន៍របស់ម៉ែធ្វើឱ្យស្នាមញញឹមរបស់ខ្ញុំលេចចេញមកទាំងមិនដឹងខ្លួន។ ម៉ែពិតជាម្តាយគំរូយ៉ាងល្អណាស់សម្រាប់ខ្ញុំក៏ដូចជាជាគំរូដ៏ល្អសម្រាប់អ្នករកស៊ីផ្សេងទៀត។

«បើបងឯងមិនហ៊ានទេ ខ្ញុំក៏មិនដឹងជាបង្ខំយ៉ាងម៉េចដែរ។ តែបើចង់ចំណេញច្រើនក៏សាកធ្វើទៅ កុំរកស៊ីបែបត្រង់ៗពេកអ៊ីចឹង។ រកស៊ីដូចបងឯងមិនខុសពីធ្វើខ្ញុំកញ្ជះអ្នកនេសាទនោះទេ។ គិតៗទៅដូចជាកូនឈ្នួលដែលទៅលក់ត្រីឱ្យគេបានចំណេញតិចតួចគ្រាន់បានចិញ្ចឹមក្រពះប៉ុណ្ណោះ»

ម៉ែស្ងាត់មាត់បន្តិច មើលទៅគាត់គឺកំពុងតែគិតពីអ្វីមួយ។ ខ្ញុំប្រឹងសម្លឹងតាមប្រហោងក្តារមើលសកម្មភាពពួកគាត់បន្តទៀត។

«អើ! បងឯងសាកប្រាប់បន្តិចមើលថា ខ្ញុំត្រូវធ្វើយ៉ាងម៉េចខ្លះ?»

«បើបងឯងនៅស្ទាក់ស្ទើរមិនទាន់ហ៊ានទេ ចាំខ្ញុំប្រាប់ល្បិចមួយសិនទៅចុះ។ ពេលដែលបងឯងទិញត្រីពីអ្នកនេសាទ ត្រូវនិយាយលេងជាមួយគេឱ្យច្រើនដើម្បីឱ្យគេភ្លេចខ្លួន ហើយដាក់ថ្លឹងត្រីលើជញ្ជីងកុំឱ្យម្ចាស់គេមើលទាន់។ បងគ្រាន់តែស្មានៗទៅបានហើយ។ នែក! ខ្ញុំប្រាប់បង អាកន្ទុយខាំៗចំណេញយកទៅណាអស់។ ខ្ញុំប្រាប់បងឯងមួយទៀត ពេលដែលបងឯងទៅលក់ត្រីនៅឯផ្សារវិញ ដាក់ត្រីថ្លឹងឱ្យរហ័ស ខ្វះបន្តិចបន្តួចបងឯងបង្គត់យកទៅ អ្នកទិញគ្មានទៅចាប់អារម្មណ៍ទេ។ វិធីសាស្រ្តងាយៗ ហើយចំណេញច្រើនទៀត»

«ខ្ញុំខ្លាចតែគេចាប់បានទេបង។ ខ្ញុំដូចជាមិនដែលធ្លាប់ធ្វើរឿងអ៊ីចឹងសោះ។ តែ…មិនអីទេ! ចាំខ្ញុំសាកល្បងក៏បាន។ លើលោកនេះ គ្មានអ្វីដែលចេះដោយគ្មានការសាកល្បងនោះទេ»

«សាកទៅបងហ្អើយ! មិនសាកធ្វើម៉េចដឹង។ ថាមិនត្រូវបងអាចនឹងជាប់ចិត្តជាមួយនឹងល្បិចមួយហ្នឹងក៏ថាបាន ព្រោះដំបូងខ្ញុំក៏មិនសូវហ៊ានដែរ តែបន្ទាប់ពីបានចំណេញច្រើនក៏ធ្វើរហូតមក»

និយាយរួច ពូចាន់ក៏ត្រឡប់ទៅផ្ទះវិញ។ មិនបង្អង់យូរ ខ្ញុំប្រញាប់ចុះពីលើផ្ទះដើម្បីមកនិយាយជាមួយម៉ែឱ្យបានដឹងរឿង។ ខ្ញុំមិនចង់ឱ្យគាត់ធ្វើទង្វើមិនល្អបែបហ្នឹងឡើយ។

«ម៉ែរកស៊ីធម្មតាដូចជារាល់ដងទៅ មិនបាច់ធ្វើតាមការណែនាំរបស់ពូចាន់ទេម៉ែ»

«អញមិនទាន់បានថាធ្វើឯណា។ អម្បាញ់មិញ អញគ្រាន់តែនិយាយឱ្យតែបានៗ ផុតពីមាត់ទេតើ»

«សម័យនេះកម្មពៀរកើតលឿនណាស់ ខ្ញុំខ្លាចតែ…»

«កុំមកចេះប្រដៅអញ! អញមិនចូលចិត្ត ខំតែរៀនទៅ។ ក្រែងរាល់ថ្ងៃហ្នឹង មានលុយចាយដោយសារក្បាលអញទេតើហ្អី! បើរំពឹងឪហែងហ្នឹងចប់ហើយ»

«មកពីខ្ញុំបានរៀនស្វែងយល់ដឹងពីច្បាប់ហ្នឹងហើយទើបបានជាខ្ញុំមិនចង់ឱ្យម៉ែធ្វើបែបហ្នឹង។ មេរៀនក្នុងសៀវភៅ បានបង្ហាញឱ្យមនុស្សគ្រប់គ្នាប្រកាន់សច្ចៈយុត្តិធម៌ទៀងត្រង់ មិនត្រូវលោភលន់ ព្រោះភាពលោភលន់គ្មានបានអ្វីក្រៅពីសេចក្តីវិនាសទេ»

«ក្បួនច្បាប់ដែលឯងបានរៀននៅសាលាទាំងប៉ុន្មាន បើយកមកអនុវត្តរកស៊ីប្រចាំថ្ងៃមិនបានផលទេ។ ឯងត្រូវចងចាំថា សង្គមនេះគួរឱ្យខ្លាចណាស់ បើមិនឆ្លៀតដើរផ្លូវកាត់ខ្លះច្បាស់ជាដាច់ពោះស្លាប់មិនខាន»

«មានឯណាម៉ែ! ខ្ញុំឃើញសង្គមនេះធម្មតាសោះ ណាស់តែយើងមិនព្រមបើកចិត្តឱ្យទូលាយក្នុងការស្វែងយល់នឹងរៀនរស់នៅឱ្យស្របតាមបរិបទទេតើ ទើបបានជាយល់ឃើញបែបហ្នឹង។ ម៉ែមិនបាច់ធ្វើតាមពូចាន់ទេ។ មនុស្សគាត់មួយភូមិនរណាក៏ដឹងថាគាត់រកស៊ីខូចគេដែរ។ ស្រួលមិនស្រួល គាត់ចង់ឱ្យម៉ែក្លាយជាមនុស្សអាក្រក់ដូចគាត់ក៏ថាបាន…»

«បានហើយ! អញខ្ជិលនិយាយជាមួយមនុស្សដូចឯងណាស់” គាត់ក្រោកដើរចេញទៅ។

ខ្ញុំបានត្រឹមតែអង្គុយមើលដំណើរចាកចេញរបស់ម៉ែជាមួយនឹងក្តីកង្វល់។ ខ្ញុំខ្លាចគ្រប់សព្វ ជាពិសេសខ្លាចត្រូវបានអ្នកភូមិស្អប់ ហើយទំនាក់ទំនងល្អៗនឹងចាប់ផ្តើមបាត់បង់បណ្តើរៗជាក់ជាមិនខាន។

វេលាល្ងាច ព្រះអាទិត្យក៏ផ្តើមអស់រស្មីបណ្តើរៗ ពោលគឺវាជាសញ្ញាបញ្ជាក់ថា បន្តិចទៀតនឹងយប់ហើយ។ អ្នកភូមិខ្លះរៀបប្រមូលកូនចៅឱ្យហូបបាយទឹកនឹងអាលឡើងលើផ្ទះ។ តែចំពោះគ្រួសារខ្ញុំវិញ ពុំដូច្នោះឡើយ។ ថ្មើរនេះជាពេលដែលរវល់ខ្លាំងជាទីបំផុត។ អ្នកនេសាទបានយកត្រីមកលក់ឱ្យម៉ែហូរហែ។ ត្រីខ្លះរស់ ត្រីខ្លះងាប់ រីឯតម្លៃវិញក៏គិតតាមហ្នឹងផងដែរ។

ខ្ញុំអង្គុយធ្វើត្រីដោយយកការ៉ុងមួយក្រាលពីក្រោម។ ត្រីដែលអន់ជិតងាប់ឬក៏ងាប់គឺត្រូវធ្វើប្រឡាក់ឱ្យហើយ។ មានយប់មួយនោះ ខ្ញុំអង្គុយធ្វើរហូតដល់ម៉ោង១២យប់ក៏មាន។

«អូយ!»

ដៃរបស់ខ្ញុំត្រូវបានមុតកាំបិតដោយសារខ្វះការប្រុងប្រយ័ត្ន តែវាមិនទៅជាធ្ងន់ធ្ងរប៉ុន្មាននោះទេ។ មូលហេតុនោះគឺ ភ្នែករវល់តែមើលទៅសកម្មភាពរបស់ម៉ែពេលថ្លឹងត្រី។

ថ្ងៃនេះសកម្មភាពរបស់គាត់ខុសប្លែកច្រើនណាស់។ គាត់ថ្លឹងត្រីលឿនៗ ខុសពីសព្វដង។ គាត់ទម្លាក់ត្រីមិនទាំងដល់ថាសជញ្ជីងស្រួលបួលផងក៏លើកមកវិញគិតយកៗដូចពាក្យពូចាន់ប្រាប់មិនខុសមែន។ ខ្ញុំគ្រវីក្បាលហាក់ហួសចិត្តចំពោះសកម្មភាពរបស់គាត់ជាពន់ពេក។ ខ្ញុំមិនចង់ឱ្យគាត់ធ្វើបែបនេះនោះទេ ព្រោះវាអាចជាទម្លាប់ តែមិនអាចធ្វើអ្វីបានក្រៅពីអង្គុយមើលនោះទេ។ ខ្ញុំដឹងច្បាស់ថា ទម្លាប់របស់គាត់គឺមិនចូលចិត្តឱ្យនរណាបំបាក់មុខនៅពេលមានមនុស្សច្រើនឡើយ។ ទទួលស្គាល់ថា ខ្ញុំពិតជាមិនចូលចិត្តអ្នកដែលធ្វើទង្វើដែលសង្គមស្អប់ខ្ពើមនោះឡើយ តែម្តងនេះទ្រាំបិទភ្នែកបិទច្រមុះ ព្រោះមិនចង់មានបាប។

«អ្នកម៉ៅ! ថីបានជាថ្ងៃនេះថ្លឹងត្រីមិនត្រឹមត្រូវអ៊ីចឹង?»

ខ្ញុំបានគិតស្មានមុនហើយថានឹងមានរឿងបែបនេះកើតឡើងយ៉ាងប្រាកដ គ្រាន់តែវាមុននឹងក្រោយតែប៉ុណ្ណោះ។  មីងសនជាអ្នកភូមិដែលមានថ្វីមាត់មិនធម្មតានោះទេ។ នរណាក៏ដឹងថាចូលចិត្តប្រើសម្តីដើម្បីដោះស្រាយបញ្ហាដែរ។

«ខ្ញុំថ្លឹងយ៉ាងម៉េច! ខ្ញុំថ្លឹងដូចជាធម្មតាទេតើ»

សម្តីម៉ែធម្មតា តែអ្វីដែលមិនធម្មតាគឺដៃរបស់គាត់។ គាត់ញ័រដៃទទ្រើកតែមិនបានបង្ហាញឱ្យមីងសនដឹងឡើយ។ ក្រសែភ្នែកគាត់ទៀងសោតក៏បង្ហាញពីមនុស្សដែលមានពិរុទ្ធដែរ។ មនុស្សដែលមានកំហុសទោះបីជាព្យាយាមធ្វើឱ្យដូចជាធម្មតាយ៉ាងណាក៏មិនអាចទៅរួចដែរ ព្រោះសកម្មភាពមួយចំនួនបានបង្ហាញឡើងមកយ៉ាងច្បាស់។

«ធម្មតាយ៉ាងម៉េចអ្នក! ម្សិលមិញត្រីខ្ញុំប៉ុណ្ណឹងថ្លឹងបានឡើង១២គីឡូក្រាម ហើយចុះថ្ងៃនេះយ៉ាងម៉េចក៏បានត្រឹមតែ១១គីឡូក្រាមកន្លះអ៊ីចឹង។ មុននឹងខ្ញុំឱ្យកូនយកត្រីមកលក់ឱ្យអ្នកឯង ខ្ញុំបានថ្លឹងវារួចមកហើយ។ ទម្ងន់វាលើស១២គីឡូទៀតផង តែខ្ញុំអាណិតគិតថារកស៊ីជាមួយគ្នាក៏ប្រាប់កូនថា១២គីឡូគត់បានហើយ…»

«មកពីជញ្ជីងអ្នកមានបញ្ហាហើយទើបបានថ្លឹងមិនបានត្រឹមត្រូវអ៊ីចឹងនោះ។ កុំចេះតែមកចោទប្រកាន់ ខ្ញុំរកស៊ីដោយយុត្តិធម៌យូរឆ្នាំមកហើយ មិនដែលមានបញ្ហាអ្វីផង»

«ខ្ញុំមិនដឹង! អ្នកឯងត្រូវថ្លឹងត្រីខ្ញុំម្តងទៀត»

«ថ្លឹងយ៉ាងម៉េច បើខ្ញុំបានចាក់ត្រីចូលគ្នាអស់ទៅហើយហ្នឹង។ បែបនេះទៅចុះ ខ្ញុំគិតលុយថែមឱ្យអ្នក តែលើកក្រោយខ្ញុំមិនទទួលខុសត្រូវនោះទេ»

ផ្ទៃមុខស្មើធេងរបស់ខ្ញុំក៏ប្រែមកជាមានស្នាមញញឹម។ ដ្បិតតែម៉ែធ្វើខុសពិតមែន តែគាត់ចេះកែប្រែកំហុសទាន់ពេលវេលា គួរឱ្យសរសើរគាត់ណាស់។ វត្តមានរបស់មីងសនក៏បានបាត់ពីផ្ទះរបស់ខ្ញុំ។ តែអ្នកថ្មីចូលមកគឺ…

«អម្បាញ់មិញមីងឱ្យលុយខ្ញុំមិនគ្រប់នោះទេ!»

«ហើយវាមានរឿងអីទៀតហើយ។ លុយណាឱ្យមិនគ្រប់? តិចយកទៅចាយអស់ ហើយមកទារលុយសារថ្មីទេដឹង។ អម្បាញ់មិញខ្ញុំឱ្យលុយគ្រប់ចំនួនហើយ បាត់ទៅណាខ្ញុំមិនដឹងទេ»

«មីងឱ្យលុយហើយ ខ្ញុំបានដាក់វាក្នុងហោប៉ៅមិនបានដកអ្វីទេ។ ពេលទៅដល់ផ្ទះស្រាប់តែរាប់ទៅខ្វះឡើងមួយម៉ឺនរៀល»

«ចុះខ្ញុំធ្លាប់បានប្រាប់ហើយទេតើ ថាមុននឹងឈានជើងចាកចេញពីផ្ទះខ្ញុំត្រូវរាប់លុយឱ្យបានច្បាស់ឱ្យហើយ តែឯងខ្លួនឯងទេតើ…»

«ឥឡូវមីង​ឯងព្រមឱ្យឬមិនឱ្យ?»

«អញមិនដឹងទេ! ឱ្យតែចេញពីផ្ទះអញហើយគឺចប់ហើយ»

ពូម្នាក់នេះដើរមកជិតម៉ែ រួចនិយាយបន្ត «យកទៅលុយប៉ុណ្ណឹង។ មីងឯងបឺតយកញើសឈាមស្រស់ៗបែបនេះ វាស៊ីមិនមានទេមីង។ ពួកខ្ញុំទម្រាំតែបានត្រីយកមកលក់ឱ្យមីងគឺត្រូវប្រថុយនឹងទឹក ដេកហាលមូស ចួបសត្វអាសិរិពិស ឃ្លាតពីប្រពន្ធកូនទៀតផង។ លុយប៉ុណ្ណឹង ខ្ញុំចាត់ទុកថាធ្វើបុណ្យទៅចុះ សូមមីងទូលរែកទៅ តែអម្រែកនេះធ្ងន់ណាស់ ប្រយ័ត្នរែកជំពប់ជើងដួលតាមផ្លូវ»

ម៉ែខាំធ្មេញគ្រឺត ក្តាប់ដៃណែន។ ខ្ញុំទម្លាក់កាំបិតចុះយ៉ាងលឿនដើម្បីទៅឃាត់គាត់។ ស្ថានការណ៍បែបនេះ បើមិនរកវិធីទេច្បាស់ជាមានបញ្ហាជាក់ជាមិនខាន។

បន្ទាប់ពីគេទៅផុត ម៉ែក៏ទម្លាក់គូទអង្គុយចុះក្បែរខ្ញុំ។ ទឹកមុខគាត់​ ដង្ហើមគាត់ធ្វើឱ្យខ្ញុំយល់គ្រប់យ៉ាង។

«ម៉ែឈប់ធ្វើបែបហ្នឹងទៅ! ឃើញទេ គ្រាន់តែថ្ងៃដំបូងម៉ែក៏ត្រូវបានអ្នកភូមិមកស្តីឱ្យដល់ផ្ទះទៅហើយ ចុះទម្រាំធ្វើបន្តទៀត វាអាចនឹងមានបញ្ហាកាន់តែធំណាម៉ែ។ ឈប់ទៅណាម៉ែ ខ្ញុំសូមអង្វរ…”» ខ្ញុំសំពះគាត់។

ម៉ែញញឹមបង្ហាញពីការយល់ព្រមចំពោះសំណើររបស់ខ្ញុំអម្បាញ់មិញ។ ខ្ញុំស្ងប់ចិត្តបានខ្លះ ព្រោះមិនចង់ឱ្យមាននរណាមកស្តីបន្ទោសគាត់ទៀតទេ។

ព្រឹកថ្មី!

«ម៉ែ! មកវិញហើយហ្អី? ម៏! ម៉ែពិសារបាយសិនទៅ ខ្ញុំបានធ្វើម្ហូបរួចហើយម៉ែ»

ខ្ញុំនិយាយទៅកាន់គាត់បន្ទាប់ពីឃើញគាត់ត្រឡប់មកពីលក់ត្រីវិញ។

ម៉ែមិនបានចាប់អារម្មណ៍ចំពោះសម្តីដែលខ្ញុំនិយាយអម្បាញ់មិញនោះឡើយ។ គាត់កំពុងតែសប្បាយជាមួយនឹងការរាប់លុយម្តងហើយម្តងទៀត។

«ថ្ងៃនេះ ម៉ែលក់ត្រីអស់ទេ ហើយចំណេញបានប៉ុន្មានទៅម៉ែ?» ខ្ញុំសួរម្តងទៀត។

ម៉ែផ្អាករាប់លុយបន្តិច ហើយបែរមកនិយាយជាមួយខ្ញុំទាំងដែលស្នាមញញឹមគាត់នៅមិនទាន់ឃ្លាតពីមុខនៅឡើយ «ដូចជាអ្វីដែលបងចាន់ប្រាប់មែន។ រកស៊ីផ្លូវកាត់ខ្លះបានរហ័សមាន»

«មានយ៉ាងម៉េចម៉ែ បើម៉ែបន្លំថ្លឹងត្រីគេខុសតែពីរនាក់ហ្នឹង»

«អញមិនមែនភ្លើទេ! ទៅដល់ផ្សារអញសារ៉េភ្នែកជញ្ជីងថែមខ្លះ អីខ្លះទៅរឿងអីថាមិនលុយច្រើន។ ថ្ងៃនេះអញដើរប្រមូលទិញត្រីពីអ្នកនេសាទឱ្យបានច្រើន ស្រួលរកស៊ីណាស់ហ្អើយ!»

«អ៊ីចឹងបានន័យថាម៉ែនឹងដណ្តើមការរកស៊ីរបស់គេហើយមែនទេម៉ែ?»

«ទេ! អញមិនបានដណ្តើមនរណាទេ។ នរណាហ៊ានឱ្យថ្លៃជាងច្បាស់ជាគេលក់ឱ្យហើយ»

«ទង្វើនេះមិនខុសពីការបង្កើតសត្រូវដោយចេញមុខនោះទេម៉ែ»

ម៉ែមិនឆ្លើយតបចំពោះសំណួរខ្ញុំទេ។ សកម្មភាពនិងទឹកមុខរបស់គាត់ធ្វើឱ្យខ្ញុំមិនអាចនិយាយអ្វីបន្តទៀតបានឡើយ។ គ្រប់យ៉ាងជ្រុលហួសអស់ទៅហើយ។

២ថ្ងៃក្រោយមក!

ម៉ែពូកែខ្លាំងណាស់។ ស្ទើរតែគ្រប់អ្នកនេសាទបានយកត្រីមកលក់ឱ្យម៉ែជាហូរហែ។ ពួកគាត់ពេញចិត្តចំពោះតម្លៃដែលម៉ែហ៊ានឱ្យលើសអ្នកផ្សេង។ ផ្ទះរបស់ខ្ញុំមិនសូវជាដាច់ភ្ញៀវនោះទេ។ ទស្សនៈដែលគេបានលើកឡើងថា ឱ្យតែយើងរកស៊ីធូរមិនខ្វះទេញាតិ ពិតជាត្រឹមត្រូវ។ ប៉ុន្តែអ្វីដែលខ្ញុំបានសង្កេតគឺភាគតិចណាស់ដែលពួកគាត់ចូលមកក្នុងន័យរាប់អានធម្មតា។ ខ្ញុំនៅតែខ្លាច។ ខ្ញុំខ្លាចថា ថ្ងៃណាមួយមានគេតាមទាន់ល្បិចរកស៊ីមួយនេះ ហើយគ្រប់គ្នានឹងស្អប់ក្រុមគ្រួសារខ្ញុំជាក់ជាមិនខានឡើយ។

ពាក់កណ្តាលយប់ទៅហើយ ម៉ែនៅមិនទាន់ចូលសម្រាន្តនៅឡើយទេ។ គាត់កំពុងតែយកសៀវភៅកត់ត្រាបញ្ជីត្រីយ៉ាងយកចិត្តទុកដាក់។ បាយក៏គាត់មិនទាន់បានពិសា ចំណែកទឹកវិញក៏មិនទាន់បានមុជនៅឡើយ។ ពេលខ្លះទៅ ខ្ញុំមានអារម្មណ៍ថាអាណិតគាត់ក្រៃលែង។ តាំងពីពុកបានចែកឋានទៅ បន្ទុកគ្រួសារគ្រប់យ៉ាងស្ថិតនៅលើម៉ែទាំងអស់។ គាត់ដើរតួជាម្តាយផងជាឪពុកផង។ គ្រួសារយើងអ្នកក្រខ្សត់ រឿងអីមិនទៅរំភើបចំពោះចំនួនលុយដ៏ច្រើនយ៉ាងហ្នឹងនោះ។ អ្នកក្រមិនដែលគិតថយក្រោយដូចអ្នកមានមួយចំនួនលើកឡើងនោះឡើយ។ ផ្ទុយមកវិញ អ្នកក្រប្រឹងប្រែងរកស៊ីមិនចាញ់អ្នកមានប៉ុន្មានទេ តែមកពីគ្មានទុនជីវិតពីដូនតាឬពីបុព្វបុរសទើបបានរកស៊ីមិនសូវឡើងបែបនេះ។

នេះជាថ្ងៃអាទិត្យ ជាថ្ងៃឈប់សម្រាក។ ជាទម្លាប់ឱ្យតែថ្ងៃឈប់សម្រាក ខ្ញុំតែងតែទៅជួយលក់ត្រីម៉ែនៅឯផ្សារជានិច្ច ដើម្បីជួយសម្រាលបន្ទុកគាត់បានខ្លះ។ ម៉ែនិងខ្ញុំបានធ្វើដំណើរមកផ្សារតាំងពីមាន់រងាវម្តងម្ល៉េះ។

«ម៉ែគិតចង់ធ្វើអីហ្នឹងម៉ែ?» ខ្ញុំសួរម៉ែបញ្ជាក់ តែក៏បានដឹងហើយថាម៉ែនឹងលួចភ្នែកជញ្ជីង។

«នៅតែឱ្យស្ងៀមទៅកុំចេះលូកមាត់!»

«ម៉ែធ្វើអ៊ីចឹងមិនល្អទេម៉ែ! តិចអ្នកលក់ជិតហ្នឹងបានដឹងគេនិយាយពេញផ្សារទៅ»

«ឯងមិននិយាយ! អញមិននិយាយ​ តើមាននរណាដឹងហ្អាស់?»

ខ្ញុំស្ងាត់មាត់ តែមិនបានបញ្ឈប់ការមើលសកម្មភាពរបស់ម៉ែនោះទេ។

«ម៉ែស៊ីភ្នែកជញ្ជីងច្រើនពេកហើយម៉ែ អាណិតអ្នកទិញត្រីផង។ ពួកគាត់ទម្រាំតែរកលុយមកទិញត្រីបានគឺមិនងាយទេណាម៉ែ»

ម៉ែសម្លឹងមើលមកខ្ញុំដូចចង់ស៊ីសាច់ហុតឈាមអ៊ីចឹង។

«ហ្អែងអាណិតគេហ្នឹង តើគេបានអាណិតយើងវិញខ្លះអត់? កុំល្ងង់ពេក អង្គុយចាំតែធ្វើត្រីក្រោយអញទៅបានហើយ»

ខ្ញុំគ្រវីក្បាលហាក់ហួសចិត្តចំពោះសម្តី និងសកម្មភាពរបស់គាត់។ ខ្ញុំមិនហ៊ាននិយាយអ្វីច្រើនឬនិយាយធ្ងន់ដាក់គាត់នោះទេ ព្រោះគាត់ជាអ្នកមានគុណដ៏ធំបំផុត។ ខ្ញុំបានត្រឹមតែអង្គុយធ្វើត្រីបណ្តើរសម្លឹងមើលគាត់បណ្តើរតែប៉ុណ្ណោះ។

«ម៏! ត្រីផ្ទក់ៗមួយគីឡូ៨០០០រៀល លក់ធូរថ្លៃៗ…»

ដៃខ្ញុំផ្អាកធ្វើត្រីបន្ទាប់ពីបានស្តាប់ដឹងអំពីតម្លៃត្រីដែលម៉ែបានប្រកូសប្រកាសលក់។ ទិញពីអ្នកនេសាទមួយគីឡូ៧០០០រៀល ហើយយកមកលក់៨០០០រៀល ចំណេញបានតិចតួច ហើយបើត្រីអន់សាច់ឬមានងាប់វិញច្បាស់ជាខាតជាក់ជាមិនខាន។ រាល់ដង គាត់លក់មួយគីឡូមិនក្រោមពី១០០០០រៀលនោះទេ។ ហេតុអ្វីបានជាថ្ងៃនេះគាត់លក់ថោកខ្លាំងម្ល៉េះ?

«នែកមីង! មិចបានជាមីងលក់ត្រីខុសទីផ្សារអ៊ីចឹង? មីងលក់ត្រីបែបនេះវាប៉ះពាល់ដល់អ្នកលក់ដូចគ្នាខ្លាំងណាស់។ ពួកខ្ញុំលក់យ៉ាងម៉េចដាច់ បើមីងលេងអ៊ីចឹងៗអី…»

«អញទិញមកបានថោកអញលក់ថោកអ៊ីចឹងហើយ។ ម៉េច! ច្រណែនហ្ន៎? បើច្រណែនលក់អ៊ីចឹងដែរទៅ គ្មាននរណាឃាត់ផង»

«ម៉េចបានជាមីងនិយាយអីគ្មានដឹងទិសតំបន់សោះអ៊ីចឹង។ រកស៊ីជិតគ្នាត្រូវចេះយល់ពីគ្នាខ្លះផង មិនមែនចង់ឈ្នះចង់ចាញ់ដូចជាមីងនោះទេ។ អេ! មីងម៉ៅពីមុនមិនមែនជាមនុស្សបែបហ្នឹងទេ។ ឬមួយក៏ភាពលោភលន់ចង់មានចង់បានបាំងមុខខ្លាំងពេក»

ម៉ែហើបគូទពីកៅអីបម្រុងនឹងទៅបង្កបញ្ហាជាមួយនឹងអាជីវករលក់ត្រីដូចគ្នា។ ខ្ញុំចាប់ដៃគាត់ជាប់ ព្រោះមិនចង់ឱ្យមានរឿងបែបអនាធិបតេយ្យបែបហ្នឹងឡើយ។

ម៉ែលក់ត្រីដាច់ខ្លាំងមែនទែន។ មិនទាំងបានមួយព្រឹកស្រួលបួលផង ស្រាប់តែលក់អស់ជិត៥០គីឡូ ដែលធ្វើឱ្យអ្នកលក់ផ្សេងទៀតចាប់ផ្តើមមិនពេញចិត្តជាខ្លាំង។ ម្នាក់ៗសម្លឹងមើលមកមុខម៉ែទាំងកែវភ្នែកខុសធម្មតា។

«ម៉ែយកលុយឱ្យគេវិញទៅណាម៉ែ» ខ្ញុំប្រាប់គាត់បន្ទាប់ពីបានឃើញគាត់រើសលុយអ្នកដែលជ្រុះលុយពីហោប៉ៅពេលទិញត្រី។    

«កុំមកចេះ! នៅតែឱ្យស្ងៀមទៅខ្នា!»

ខ្ញុំមិនអស់ចិត្តសោះ តែមិនដឹងធ្វើយ៉ាងម៉េច។ បើយកលុយពីដៃគាត់ទៅឱ្យម្ចាស់គេវិញ ច្បាស់ជាទៅដល់ផ្ទះវិញ គាត់ជេរផ្អើលគេមិនខាន។ តែបើបណ្តោយឱ្យគាត់ធ្វើបែបហ្នឹងទៀត ច្បាស់ជាក្លាយជាទម្លាប់ហើយ។

«មីងឃើញលុយខ្ញុំជ្រុះអម្បាញ់មិញក្រដាសពីរម៉ឺនទេមីង?» ម្ចាស់លុយបកមកសួរវិញ។

«មិនឃើញទេ…»

«ឃើញតើមីង! ម៉ែខ្ញុំរើសបានអម្បាញ់មិញ»

ម៉ែសម្លឹងមុខខ្ញុំដូចចង់ស៊ីសាច់ហុតឈាម។ ខ្ញុំឱនមុខចុះ តែមនសិការឈរលើភាពត្រឹមត្រូវមិនបានឱនតាមខ្ញុំនោះទេ។ ដំណាក់កាលនេះអ្វីដែលខ្ញុំអាចធ្វើបានដើម្បីកែប្រែ ខ្ញុំនឹងប្រឹងជម្នះឱ្យដល់ទីបំផុត។

«គ្មានទេក្មួយ! កូនមីងវាច្រឡំទេ។ អម្បាញ់មិញ មីងរើសក្រដាសបញ្ជីត្រីទេតើ…»

«មីងឯងម៉េចបានជាលក់ត្រីមិនត្រឹមត្រូវអ៊ីចឹង។ មើលនែក! ត្រី៨ខាំសោះមីងថ្លឹងឃើញ១គីឡូ។ អ៊ីចឹងតើបានជាលក់ថោក។ រកស៊ីបែបនេះបាបធំណាស់មីង!»

ម្នាក់មុនមិនទាន់ទាំងដោះសា្រយរួចរាល់ផង ម្នាក់ក្រោយក៏ចូលមកដល់។

«ស្អីគេ! អម្បាញ់មិញខ្ញុំបានថ្លឹងត្រឹមត្រូវណាស់។ កុំមកចោទតែផ្តេសតែផ្តាស តិចខ្ញុំប្តឹងអស់គូទខោឥឡូវហ្នឹង! ខ្ញុំរកស៊ីសច្ចៈទៀងត្រង់ណាស់» ម៉ែក្រោកឈរជំទាស់ដៃស្តីឱ្យគេវិញ។

«ឱ! មកពីរកស៊ីអ៊ីចឹងទេតើបានជាលក់ថោកណាស់។ នេះក្មួយ!»

មីងម្នាក់លក់ត្រីក្បែរនិយាយទៅកាន់មីងដែលមកតវ៉ារឿងទម្ងន់ត្រី។

«សាកយកដាក់លើជញ្ជីងមីងសាកមើល៍ថា ត្រីហ្នឹងគ្រប់មួយគីឡូឬអត់?»

«មិនអីទេមីង! ខ្ញុំបានថ្លឹងនៅតូបផ្សេងរួចហើយ តែបើចង់ដឹងសន្តានមនុស្សរកស៊ីមិនទៀង ខ្ញុំនឹងថ្លឹងឱ្យមើលម្តងទៀត» និយាយរួច គាត់ក៏ដាក់ត្រីនៅលើថាសជញ្ជីង។

ខ្ញុំក្រោកមើលទៅលើទ្រនិចជញ្ជីងបានដឹងច្បាស់ថាវាពិតជាមានទម្ងន់ត្រឹមតែ៨ខាំពិតមែន។ ខ្ញុំរន្ធត់ចិត្តធ្លាក់ថ្លើមក្ឌុក។ គ្រប់គ្នានៅក្នុងផ្សារបានងាកមកមើលព្រាត។ ពេលនេះម៉ែបានក្លាយជាផ្ទាំងស៊ីបដែលគ្រប់គ្នាតម្រង់រក។ ខ្ញុំអាចស្មានបានថា គាត់កំពុងតែខ្មាសគេជាខ្លាំង គ្មានច្រកចេញទេ។ សម័យនេះ សំឡេងសង្គមគឺសាហាវណាស់។ គេមិនបានខ្វល់ថា យើងធ្វើដើម្បីអ្វី ឬមានអ្វីជាមូលហេតុពីក្រោយនោះទេ គឺជាគិតតែពីជាន់តែប៉ុណ្ណោះ។

«ឱ្យខ្ញុំសូមទោសផងមីង!» ខ្ញុំលើកដៃសំពះ រួចនិយាយបន្ត

«ថ្ងៃនេះម៉ែខ្ញុំមិនស្រួលខ្លួនទើបបានជាថ្លឹងខុសបែបនេះ។ មីងហុចត្រីមកចាំខ្ញុំថ្លឹងបង្គ្រប់ឱ្យណាមីង»

ខ្ញុំងាកទៅនិយាយជាមួយមីងម្ចាស់លុយម្តង «លុយហ្នឹងការពិតខ្ញុំអ្នករើសបានទេ តែខ្ញុំបានឱ្យម៉ែទុក។ ម៉ែបានប្រាប់ខ្ញុំថាឱ្យយកឱ្យម្ចាស់វិញដែរ តែខ្ញុំប្រាប់គាត់ថា បន្តិចទៀតគាត់នឹងមកវិញហើយ។ ដល់ឥឡូវមកវិញមែន។ ពួកខ្ញុំរកស៊ីសុចរិត ពួកខ្ញុំមិនទៅចង់បានលុយប៉ុណ្ណឹងទេមីង»

ខ្ញុំយកលុយពីដៃម៉ែឱ្យទៅម្ចាស់គេវិញ ហើយប្រាប់អ្នកឈរមើលទាំងប៉ុន្មានឱ្យបំពេញកិច្ចការខ្លួនវិញ។ អ្នកខ្លះមុននឹងចាកចេញបានបោះពាក្យសម្តីយ៉ាងឈឺចាប់ចំពោះម៉ែទៀតផង។ តែខ្ញុំប្រឹងញញឹម ព្រោះស្នាមញញឹមក៏ជាចំណែកក្នុងការសាងផ្លូវអារម្មណ៍មនុស្សផងដែរ។ អារម្មណ៍កំពុងតែដុតកម្តៅក្លាយជាភ្លើង ដូច្នេះយើងត្រូវពន្លត់វាដោយភាពត្រជាក់នោះគឺការមិនតបត។ ខ្ញុំសង្ឃឹមថា រូបភាពបែបនេះមិនបានកើតឡើងទៀតទៅចុះ។

ខ្ញុំឱ្យម៉ែទៅផ្ទះសម្រាកមុន។ បើមិនអ៊ីចឹងទេ រឿងនឹងកាន់តែរីករាលដាលធំឡើងៗ ដែលអាចនឹងដល់ចំណុចមួយពិបាកនឹងកែប្រែ។

រឿងរ៉ាវដែលបានកើតឡើងនៅក្នុងផ្សារបានល្បីសុសសាយពេញភូមិពេញស្រុក។ អ៊ីចឹងបានថា ចាស់បុរាណលើកឡើងថា ក្អែកមួយជាក្អែកដប់ ពិតជាមិនខុសទេ។ ហើយទស្សនៈគេនិយាយថា មាត់វែងជាងផ្លូវ​ ក៏មិនខុសដែរ។ គេបាននិយាយបំផ្លើសថា ម៉ែជេរប្រទេច វ៉ៃគ្នាពេញផ្សារ។ ហើយមានអ្នកខ្លះថា មកពីរកស៊ីចង់មានចង់បានលោភលន់ខ្លាំងពេកទើបបានទទួលលទ្ធផលបែបនេះ។

ម៉ែមិនសូវជាហ៊ានចេញទៅណាទេ ហើយអ្នកនេសាទក៏មិនសូវមកលក់ត្រីឱ្យម៉ែប៉ុន្មានដែរ។ បើមុននឹងមកលក់ឱ្យ គេថែមទាំងសុំថ្លឹងជញ្ជីងខ្លួនឯងទៀតផង។​ ចំណូលដែលចំណេញពីការលក់ត្រីក៏ត្រូវថយ គឺថយខ្លាំងមែនទែន។ ថ្ងៃខ្លះស្ទើរថា តិចជាងកាលពីមុនទៅទៀត។ បទពិសោធន៍មួយនេះ ខ្ញុំសង្ឃឹមថាអាចបញ្ឈប់ម៉ែឱ្យងាកមកផ្លូវត្រឹមត្រូវវិញ។ បើមិនដូច្នោះទេ គាត់ច្បាស់ជាត្រូវគេស្អប់ពេញស្រុកមិនខាន។

………………

«អើរតនា! ម៉ែឯងទៅណាហើយ?»

ខ្ញុំភ្ញាក់ព្រើតចេញពីការស្រមៃ ងាកទៅម្ចាស់សំឡេង។ ពូចាន់ដែលជាអ្នកណែនាំម៉ែឱ្យរកស៊ីផ្លូវខុសកំពុងតែមានវត្តមានចំពោះមុខខ្ញុំ។ ទឹកមុខគាត់បង្ហាញពីភាពមិនប្រក្រតី ដូចជាមានរឿងអ្វីធំដុំជាមួយម៉ែអ៊ីចឹង។

«ពូរកម៉ែខ្ញុំមានការណ៍អីដែរពូ»

«អញមិនចង់និយាយជាមួយក្មេងទេ។ ប្រាប់អញមកថា ម៉ែហ្អែងទៅណា? ហៅគាត់មកចួបនឹងអញបន្តិច»

«ម៉ែគាត់មិននៅទេពូ! ខ្ញុមមិនដឹងថាគាត់ទៅណាទេ»

«វាមិនដែលទេ! មុននេះបន្តិច អញឃើញគាត់ដើរកាត់មុខផ្ទះអញនៅឡើយ»

«រកខ្ញុំមានការណ៍អីមែនចាន់?»

សំឡេងម៉ែបន្លឺឡើងស្របពេលជាមួយនឹងវត្តមានគាត់មកដល់។

«ម៉េចបានជាអ្នកឯងទៅនិយាយបរិហារកេរ្តិ៍ខ្ញុំពេញភូមិអ៊ីចឹង។ អ្នកឯងធ្លាក់ដុនដាបតែម្នាក់ឯងទៅ កុំយកខ្ញុំទៅឡូកឡំជាមួយ ខ្ញុំមិនចូលចិត្តទេ»

«នរណានិយាយប្រាប់ ថាអញនិយាយដើមហ្អែង? អញរវល់ណាស់ រកតែពេលទៅនោមមិនបានផង កុំមកនិយាយចោទអញផ្តេសផ្តាស តិចអញប្តឹងយកលុយចាយលេងទៅ»

«ប្តឹងទៅ! ខ្ញុំមានសាក្សីស្រាប់។ អ្នកឯងបានយករឿងខ្ញុំទៅប្រាប់អ្នកភូមិថាខ្ញុំរកស៊ីពុតត្បុត មិនទៀងត្រង់ លោភលន់ហួសហេតុ ទិញស្រូវចំណេញក្បាលកាក់ហើយ ឆ្លៀតកែជញ្ជីងទៀត…»

«ហើយវាពិតឱ្យអស់ចុះ? នរណាក៏ដឹងដែរ ថាឯងលោភលន់កេងកម្លាំងរបស់អ្នកស្រែ។ គ្រប់គ្នាសុទ្ធតែដឹង តែគេមិនហ៊ាននិយាយ។  អញនិយាយនេះមកពីមិនចង់ឱ្យនរណាត្រូវចាញ់បោកហ្អែងទៀតទេ»

«អ្នកឯងមិនខុសពីធ្លាក់ជ្រោះ ទាញដៃខ្ញុំឱ្យធ្លាក់តាមនោះទេ។ ខ្ញុំមិនងាយធ្លាក់ទេ។ ខ្ញុំរឹងមាំណាស់។ មើលកត្តាជីវភាពរបស់អ្នកឯងនឹងខ្ញុំផង ថាខុសគ្នាកម្រិតណា។ មុននឹងធ្វើត្រូវគិតឱ្យបានច្បាស់ផង»

«អញបានគិតរួចមកហើយ។ មកពីឯងផ្តល់មេរៀនកង្វក់ឱ្យ ទើបធ្វើឱ្យអញត្រូវអ្នកដទៃស្អប់ខ្ពើមបែបនេះ»

«កុំចោទខ្ញុំអ៊ីចឹង! ធម្មតាទះដៃតែម្ខាងវាមិនឮទេ។ នរណាក៏ដឹងថាអ្នកឯងមានចិត្តលោភលន់ មិននឹងនរបែបហ្នឹងនោះ។ បើអ្នកឯងឈរលើភាពត្រឹមត្រូវក៏មិនត្រូវមានរឿងបែបហ្នឹងដែរ…»

តឺតៗៗ!…

ខណៈនេះ សំឡេងម៉ូតូសមត្ថកិច្ចក៏បានមកដល់។ ម៉ែនិងពូចាន់ក៏បានផ្អាកនិយាយ។

«ពួកខ្ញុំសុំនាំខ្លួនមីង និងពូទៅប៉ុស្តិ៍បន្តិច!»

«ពីបទអ្វីដែរ ព្រោះខ្ញុំមិនធ្លាប់ធ្វើអ្វីខុសសោះ!»ពូចាន់សួរបញ្ជាក់។

«រកស៊ីខុសច្បាប់! ចងការយកថ្លៃខ្លាំងពេក និងបោកប្រាស់អ្នកស្រុក»

«ខ្ញុំគ្មានកំហុសទេ! មកពីអ្នកស្រុកទាំងនោះឆោតល្ងង់តែខ្លួនឯងទេតើ។ ខ្ញុំមានលុយឱ្យយកទៅដោះស្រាយបញ្ហា ជាចំណែកជួយអ្នកភូមិប៉ុណ្ណឹងហើយ នៅខ្ញុំខុសទៀត!» ពូចាន់និយាយតវ៉ា។

«ពូចាំទៅដោះស្រាយគ្នានៅប៉ុស្តិ៍ប៉ូលិសសិនទៅពូ!»

«ខ្ញុំមិនទៅដាច់ខាត…»

«ពូចាន់ៗ! ឡានដឹកស្រូវរបស់ពូបានក្រឡាប់ខ្ទេចស្រូវអស់បាត់ហើយ!»

ដំណឹងដែលវាចាឡើងពីយុវជនម្នាក់បានធ្វើឱ្យទឹកមុខរបស់ពូចាន់ស្លេកង៉ាំង។ គាត់ដោះស្រាយជាមួយប៉ូលិសមិនទាន់រួចផង បែរជាមានរឿងដ៏ធំកើតឡើងមួយទៀត។

«ហ្នឹងហើយណាពូ! កម្មពៀរមានពិត​។ ឃើញទេ អ្នករកស៊ីលើខ្នងគេ លើកម្លាំងញើសឈាមគេ តែងតែនាំទៅរកក្តីវិនាស» ខ្ញុំបន្លឺឡើង។

ម៉ែ និងពូចាន់ត្រូវបានប៉ូលិសហៅទៅសាលាឃុំ។ ខ្ញុំបានធ្វើដំណើរតាមក្រោយផងដែរ។​ ពេលទៅដល់ លោកពូមេឃុំនិងមេភូមិ បាននិយាយណែនាំឱ្យរកស៊ីត្រឹមត្រូវវិញ។ ប្រយោគរបស់លោកពូមេឃុំដែលខ្ញុំចងចាំបំផុតនោះគឺ “គ្មានបុគ្គលណាដែលរកស៊ីផ្លូវកាត់ក្លាយជាអ្នកមានបានយូរឡើយ ផ្ទុយទៅវិញគឺមានតែក្តីវិនាស ព្រមទាំងបាត់បង់ទំនុកចិត្តពីមនុស្សជុំវិញខ្លួនទៀតផង”។​  គាត់បានប្រាប់ទៀតថា នេះជាលើកទីមួយ តែបើមានលើកទីពីរ ច្បាប់មិនព្រមលើកលែងទោសឱ្យទៀតឡើយ។

ចាប់តាំងពីពេលនោះមក ម៉ែក៏ឈប់រកស៊ីមុខរបរនេះទៀត ដោយគាត់ប្តូរមកលក់ចាប់ហួយជំនួសវិញ។ ក្នុងនាមខ្ញុំជាកូន និងជាកូនខ្មែរម្នាក់ ខ្ញុំចង់ឱ្យប្រជាជនទាំងអស់ងាកមករកស៊ីមុខរបរសុចរិត តែមិនមែនសុចរិតតែឈ្មោះនោះទេ ហើយក៏មិនគួរមានចិត្តលោភលន់ហួសព្រំដែនពេកដែរ៕

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*