រឿង៖ និរន្តរ៍អាល័យ (ភាគ១១)

ជីងនៅតែមិននិយាយស្ដីមួយម៉ាត់ ឈីងយៀកអារម្មណ៍នៅមិនស្ងប់។ ពីមុនអ្នកប្រុសជាមនុស្សរួសរាយ ប៉ិនវាចា ប៉ុន្តែបន្ទាប់ពីបាត់ខ្លួនប្រាំបួនឆ្នាំ គេប្រែជាស្ងប់ស្ងាត់ ស្ដីតិច។ ឈីងយៀកធ្លាប់ចាត់មនុស្សទៅស៊ើប ដឹងថាអ្នកប្រុសបានរស់នៅស្នាក់អាស្រ័យនៅហួយឈុនថាងអស់រយៈពេលប្រាំមួយឆ្នាំ ប្រហែលបីឆ្នាំមុននោះមិនមានដំណឹងអ្វី។ អ្នកប្រុសមិនដែលរំឮកពីរឿងទាំងអស់នោះឡើយ លោកស្រីចាស់សរសេរសំបុត្រសួរនាំ អ្នកប្រុសឆ្លើយតបមិនក្បោះក្បាយ ថាគេបានបំភ្លេចអ្វីៗទាំងអស់ ក្រោយពេលដឹងស្មារតីឡើងវិញ ក៏បន្តស្នាក់នៅហួយឈុនថាងរៀនវិជ្ជាពេទ្យ។ ឈីងយៀកនិងមនុស្សគ្រប់គ្នាសុទ្ធតែអះអាងចិត្តថា ប្រាកដជាអ្នកប្រុសធំធ្វើបាបអ្នកប្រុសទីពីរ ព្រោះតែអ្នកប្រុសទីពីរមិនហាមាត់ ទើបពួកគេមិនហ៊ានធ្វើធំ។

មានពេលខ្លះ ឈីងយៀកពិតជានឹកនាអ្នកប្រុសកាលពីមុន។ ពេលប្រាស្រ័យជាមួយឈ្មួញធ្វើជំនួញ គេប្រើប្រាជ្ញាឆ្លាតវៃនិងថ្លឹងថ្លែងច្បាស់លាស់ ពេលប្រាស្រ័យជាមួយអ្នកបម្រើ ស្លូតបូត មានមេត្តា។ ចំណែកឯអ្នកប្រុសឥឡូវនេះវិញ គេស្ងប់ស្ងាត់ស្ដីតិច ត្រជាក់ដូចទឹកចំពោះរឿងអ្វីៗទាំងអស់។ ប៉ុន្តែមិនថាយ៉ាងណាក្ដី អ្វីដែលសំខាន់បំផុតនោះគឺ អ្នកប្រុសបានវិលត្រលប់មកវិញដោយសុខសាន្ត។

មកដល់ខ្លោងទ្វារ ជីងឈប់ជើង។ ឈីងយៀកអាចយល់ពីទឹកចិត្តអារម្មណ៍របស់គេ។ ដ្បិតពួកគេទាំងពីរបានភ្ជាប់ពាក្យ ប៉ុន្តែមិនដែលចួបមុខគ្នា មិននិយាយបំផ្លើស បើនិយាយថាពួកគេត្រឹមជាមនុស្សដទៃ។

ឈីងយៀកទន់ភ្លន់និយាយថា៖

«អ្នកនាងចូលចិត្តបាញ់ព្រួញ កាលពីមុនអ្នកប្រុសក៏ធ្លាប់កែច្នៃអាវុធ។ អ្នកនាងចូលចិត្តដើរកម្សាន្តភ្នំទន្លេ អ្នកប្រុសចូលចិត្តគូរគំនូរទេសភាពធម្មជាតិ។ អ្នកនាងចូលចិត្តបទចម្រៀងរណ្ដំចិត្តភាគខាងជើង អ្នកប្រុសអាចផ្លុំខ្លុយទំនុកភាគខាងជើង។ អូ៎… នៅមានទៀត អ្នកនាងពូកែលេងអុកខ្លាំងណាស់ សូម្បីបងប្រុសក៏លេងមិនឈ្នះដែរ អ្នកពីរនាក់អាចសមសមត្ថភាពគ្នា…»

ជីងឈានដើរចូលទៅក្នុងភូមិគ្រឹះ ពួកអ្នកបម្រើក៏ស្រូតរត់ទៅជូនដំណឹង អ្នកបម្រើស្រីម្នាក់គ្រាហ៍ដៃនារីវ័យក្មេងម្នាក់ក្នុងឈុតក្រហមប្រណិតដើរសំដៅមក។ រាងស្ដើង សមសួន ចិញ្ចើមឬស្សី បបូរមាត់ក្រហម។ នារីវ័យក្មេងលំទោនកាយគោរព ស្រស់ស្អាត រម្យទម គួរជាទីបេតី។ ជីងងក់ក្បាលចុះបន្តិចជាការឆ្លើយតប អាកប្បកិរិយាគួរសម ត្រជាក់ល្អូក។

នៅខាងក្នុងតៀមសាច់អាំង សៀននិងស៊ីវលូកំពុងអង្គុយផឹកស្រា សៀនសួរថា៖

«ល្បងជួយគេយ៉ាងណា?»

ស៊ីវលូសម្លក់សៀនបន្តិច៖

«ខ្ញុំមិនជឿថាលោកមិនធ្លាប់ចាត់មនុស្សទៅស៊ើប!»

«ពិតជាបានស៊ើបមែន ប៉ុន្តែល្បងអប់រំមុខខ្មូតនិងគ្រាប់អង្កាំល្អណាស់ ពួកគេមិនហើបជើងធ្មេញឱ្យរបូតដំណឹងអ្វីបន្តិចសោះឡើយ។ បញ្ច្រកគ្រាប់អង្កាំឱ្យស្រវឹងជោក ក៏គ្រាន់តែនិយាយកំបុតៗថា គេត្រូវរបួសធ្ងន់ ត្រូវល្បងជួយយកមកផ្ទះ មិននិយាយច្បាស់ថាត្រូវរបួសយ៉ាងណា?»

ស៊ីវលូញញឹម៖

«មិនមែនពួកគេមិនព្រមនិយាយទេ មកពីតាំងពីដើមដល់ចប់ខ្ញុំមើលថែគេតែម្នាក់ឯងគត់ គ្រាប់អង្កាំពិតជាមិនដឹងអីមែន»

«ខ្ញុំឮសំឡេងរបស់គេស្អកស្អា មកពីរបួសពីមុនមែនទេ?»

«លោកនិយាយរហូតពីគេធ្វើអី?»

«គ្រួសារទូសានរកស៊ីជួញដូរជំនួញទូទាំងវាលរហោឋានលោកិយ គេគឺជាមនុស្សមានឥទ្ធិពលធំទៅដល់សិទ្ធិសម្រេចគោលការណ៍គ្រួសាររបស់សម័្ពន្ធគ្រួសារមហាត្រកូលទូសាននាអនាគត សម្រេចថាពួកគេចាត់ទុកខ្ញុំជាមិត្តឬសត្រូវ?»

«អ៊ីចឹងលោកទៅយកចិត្តគេទៅ នៅទីនេះរង៉ូវដាក់ខ្ញុំធ្វើអី?»

«គេស្ដាប់សម្ដីល្បង!»

ស៊ីវលូអស់សំណើច៖

«ក្ដារអុកនៅក្នុងចង្កោមសម្ព័ន្ធគ្រួសារមហាត្រកូលធំៗគឺខុសដាច់ពីគ្នាទាំងស្រុង។ គេស្តាប់សម្ដីខ្ញុំព្រោះគេជំពាក់គុណខ្ញុំ ក៏គ្រាន់តែស្ថិតនៅក្នុងព្រំដែនកំណត់ដែលគេអាចស្តាប់តាមតែប៉ុណ្ណោះ!»

សៀនដកដង្ហើមធំ បោះបង់ចោលគំនិតដែលគិតមុននេះ។ ស៊ីវលូនិយាយត្រូវ គុណបំណាច់ប្រាំមួយឆ្នាំអាចធ្វើឱ្យជីងចំពោះស៊ីវលូខុសពីអ្នកដទៃ ប៉ុន្តែជាការពិតណាស់មិនអាចធ្វើឱ្យគេផ្លាស់ប្តូរគោលការណ៍គ្រួសាររបស់សម្ព័ន្ធគ្រួសារមហាត្រកូលទូសានបានឡើយ។

ស៊ីវលូនិយាយថា៖

«លោកឆាប់ទៅទៅ សាងលីវអាចបង្ហាញខ្លួននៅភូមិឈីងសួយនេះគ្រប់ពេលវេលា»

សៀនលើកពែងស្រា កែវភ្នែកសើចឡក៖

«ល្បងមិនខុសដែលវាយតម្លៃសាងលីវខ្ពស់ ប៉ុន្តែមិនគួរណាវាយតម្លៃខ្ញុំទាបពេកទេ»

ស៊ីវលូគ្រវីដៃ សុំអធ្យាស្រ័យ៖

«បាទ… បាទ… បាទ… លោកទើបអស្ចារ្យ!»

សៀនអស់សំណើច៖

«បើវាយគ្នាមួយទល់នឹងមួយស្មើ ខ្ញុំមិនមែនជាដៃគូរបស់គេទេ»

សៀនចង្អុលដៃលើក្បាលត្រង់សៀតផ្កាខ្លួនឯង៖

«ខ្ញុំសំអាងត្រង់នេះ!»

ស៊ីវលូស្ទើរតែបន្តិចទៀតព្រួសសាច់អាំងចេញមកក្រៅ៖

«សំអាងដើមឈើខ្ពស់ធ្វើបាបអ្នកដទៃ!»

«នោះគឺជាចំណុចខ្លាំងរបស់ខ្ញុំ ខ្ញុំមានអំណាច មានឆ្មាំស្មោះត្រង់។ ល្បងស្មានថាអំណាចនិងឆ្មាំស្មោះត្រង់ទាំងនោះធ្លាក់ចុះពីលើមេឃមកហ្អេស អំណាចត្រូវការចំណាយពេលកសាង ឆ្មាំស្មោះត្រង់ត្រូវការចំណាយពេលលុតដំ!»

ស៊ីវលូមិនអាចនិយាយអ្វីបាន បន្តិចក្រោយមក ទើបគេសួរសៀនថា៖

«ច្រើនឆ្នាំមកនេះ ល្បងលំបាកខ្លាំងទេ?»

សៀនសម្លឹងមើលទៅស៊ីវលូភ្ញាក់ផ្អើល ស៊ីវលូកំពុងតែខាំសាច់អាំងពីចង្កាក់ សៀនមើលមិនឃើញទឹកមុខស៊ីវលូច្បាស់ទេ ទើបឆ្លើយតបខ្លីចោល៖

«មិនថ្វី!»

បន្ទាប់ពីផឹកស្រាក្លែមសាច់អាំងរួច អ្នកទាំងពីរក៏ដើរចាកចេញទៅ សៀនត្រលប់ទៅតៀមស្រាវិញ ស៊ីវលូមិនត្រលប់ទៅផ្ទះទេ ដើរកាត់ចម្ការស្មៅថ្នាំ ដើរសំដៅទៅមាត់ទន្លេ។ គេឈរនៅមាត់ច្រាំងមួយសន្ទុះ រួចចុះទៅទឹកទន្លេយឺតៗ ច្រមុជខ្លួនទៅក្នុងទឹក។ ទឹកទន្លេនារាត្រីរដូវផ្ការីកនៅតែត្រជាក់ស្រេប ស៊ីវលូគ្មានកម្លាំងវាយទឹក គេបណ្តោយទឹកហូរកាត់ខ្លួន។ ទឹកហូរចួនយឺតចួនលឿន រលកទន្លេវាយចុះឡើងៗ ត្រាំខ្លួនក្នុងទឹកអស់ជាយូរ ស៊ីវលូមានអារម្មណ៍ថាភាពត្រជាក់សន្សឹមៗជ្រាបជ្រៅចូលទៅក្នុងបេះដូង។

ប៉ុន្តែស៊ីវលូមិនរវីរវល់អ្វីទាំងអស់ គេបណ្ដែតបណ្តោយឱ្យខ្លួនប្រាណហូរទៅជាមួយខ្សែទឹក រហូតដល់បុកចម្រាស់ថ្មមួយ ទើបគេប្រវេប្រវា វារឡើងទៅលើច្រាំង។ ខ្យល់ត្រជាក់បក់មក គេញាក់ញ័រខាំធ្មេញ បន្ទោសខ្លួនឯង៖

«ឃើញហើយឬនៅ? នេះជាលទ្ធផលរបស់មនុស្សល្ងង់ដែលធ្វើតាមបង្គាប់បេះដូង…ទោះឯងកកស្លាប់នៅទីនេះក៏គ្មានអ្នកណាខ្វល់ដែរ…»

ស៊ីវលូលោតចូលទៅក្នុងទឹកព្រោង លាតដៃហែលបញ្ច្រាស់ទឹក ខ្លួនប្រាណសន្សឹមៗមានកំដៅបន្តិចម្ដងៗ។ គេហែលពេញមួយផ្លូវត្រលប់ទៅកាន់សំណាក់ពេទ្យវិញ ពេលវារឡើងច្រាំង ខ្លួនប្រាណរបស់គេទទឹកជោក។

គេចូលទៅបន្ទប់ ដោះសម្លៀកបំពាក់ ជូតសម្អាតខ្លួន រួចលូនចូលក្រោមភួយ។ កម្រាលភួយត្រជាក់និងសើម ស៊ីវលូរួញក្ដោបខ្លួន មានអារម្មណ៍ថាមិនស្រួលខ្លួន នៅមិនសុខ។ គេត្រលប់ខ្លួនទៅមករហូត នៅតែមិនអាចបិទភ្នែកដេកលក់។

ភ្លាមនោះគេខឹងស្រែកខ្លាំងឡើង៖

«វិនស៊ីវលូ! ឈប់ធ្វើចរិតក្មេងខ្ចីឥតបានការនេះទៀតទៅ! អ្នកណាចាកចេញទៅក៏ដូចតែគ្នាទាំងអស់ដែរ នៅតែត្រូវរស់នៅបន្តទៀត!»

ស្រែកស្ដីធុញទ្រាន់នៅតែដេកមិនលក់។ ស៊ីវលូប្តូរមកជាសំឡេងស្រាលៗលួងលោមខ្លួនឯង លើកនេះមានប្រសិទ្ធភាព គេដេកលក់ទៅ។

ប៉ុន្មានថ្ងៃមកនេះ ទៅដល់ទីណាក៏ឮមនុស្សនិយាយពីអ្នកប្រុសទីពីរគ្រួសារទូសាននិងអ្នកនាងគ្រួសារហ្វុងហ្វុង។ ស៊ីវលូធុញស្ទើរស្លាប់លាក់ខ្លួននៅក្នុងផ្ទះ នៅតែមិនអាចគេចផុត។

នៅពេលហូបបាយ ទៀនអឺនិងគ្រាប់អង្កាំលើកយករឿងអ្នកប្រុសទីពីរគ្រួសារទូសាននិងអ្នកនាងគ្រួសារហ្វុងហ្វុងមកនិយាយ។ ទៀនអឺរំភើបចិត្តនិយាយថា៖

«ខ្ញុំបានឃើញរូបសម្ផស្សនាងហើយ ពិតជាស្រស់ស្អាតដូចគង្គាដូចសួគ៌ា កាន់តែមើលកាន់តែលង់។ នាងស្រស់ស្អាតរម្យទម ទៅណាមកណាតែងតែមានអ្នកបម្រើស្រីជួយគ្រាហ៍ដៃ ប៉ុន្តែឮគេនិយាយថា ថ្វីដៃបាញ់ព្រួយរបស់នាងខ្លាំងពូកែលេខមួយ អាចសម្លាប់មនុស្សនៅចម្ងាយរាប់រយយោជន៍។ អ្នកប្រុសទីពីរគ្រួសារទូសានពិតជាមានសំណាងមែន!»

គ្រាប់អង្កាំងឿងឆ្ងល់៖

«នៅភូមិនេះមានអីល្អទើបពួកអ្នកប្រុសអ្នកនាងនាំគ្នាមកអ៊ូអរយ៉ាងនេះ?»

ទៀនអឺអស់សំណើច៖

«នោះគឺជារឿងរបស់ពួកគេ! ហេតុនេះហើយទើបគ្រួសារទូសានប្រញាប់ប្រញាល់រៀបចំពិធីមង្គលការ។ អ្នកណាមិនប្រាថ្នាឆាប់រៀបការបានប្រពន្ធស្រស់ស្អាតរម្យទមចូលផ្ទះនោះ!»

ស៊ីវលូដាក់ចានបាយចុះ៖

«ខ្ញុំហូបឆ្អែតហើយ អ្នកទាំងអស់គ្នាតាមសម្រួលចុះ ខ្ញុំទៅក្រៅដើរមួយភ្លែត!»

ស៊ីវលូដើរតាមគន្លងថ្ម ដើរត្រង់ទៅមាត់ទន្លេ អង្គុយនៅលើដុំថ្ម ដកដង្ហើមវែងខ្លី។ គេរើសផ្កាព្រៃមួយទងឡើង បេះផ្កាមួយស្រទាប់ៗ បោះទៅក្នុងទន្លេ។

រំពេចនោះសំឡេងសត្វឥន្រ្ទីយ៍ស្រែកខ្ទរវេហាស៍ មុននឹងស៊ីវលូស្រែកភ្ញាក់ផ្អើល ក៏ត្រូវសាងលីវចាប់ក្របួចកទាញឡើងទៅលើខ្នងឥន្រ្ទីយ៍ស។

ស៊ីវលូបក់ដៃរវៃៗ ញញឹមសួស្ដីទៅគេ៖

«ខានចួបគ្នាយូរហើយ លោកសុខសប្បាយទេ?»

«បើសៀនម្នាក់នោះស្លាប់ កាន់តែសុខជាងនេះ»

ស៊ីវលូមិនហ៊ាននិយាយបន្ត ខំប្រឹងតោងដៃរបស់សាងលីវ ព្រោះខ្លាចគេប្ដូរចិត្ត ធាក់ទម្លាក់ខ្លួនចុះ។ ឥន្រ្ទីយ៍សហោះទៅកាន់បឹងរាងឃ្លោកដែលពួកគេធ្លាប់ទៅពីមុន។ មិនរង់ចាំឥន្រ្ទីយ៍សហោះចុះ ខណៈដែលនៅរសាត់នៅលើពពក មួយប៉ប្រិចភ្នែកនោះសាងលីវទាញដៃស៊ីវលូតាម ផ្កាប់លោតចុះពីលើខ្នងឥន្រ្ទីយ៍ ធ្លាក់សំយុងដូចកាំជ្រួចចុះក្រោម។ ស៊ីវលូភ័យខ្លាច ដៃពីរជើងពីរឱបច្បាមដៃរបស់សាងលីវយ៉ាងណែន។ ខ្យល់បក់កាត់ហ៊ឹងត្រចៀក សាងលីវសម្លឹងមើលទៅស៊ីវលូ ត្រជាក់ល្អូកសួរថា៖

«ឯងអាចធ្វើជាទ្រនាប់ការពាររបស់យើងបានទេ?»

ស៊ីវលូគ្រវីក្បាលតតាត់ កែវភ្នែកអង្វរក សាងលីវមិនអើពើសូម្បីបន្តិច។

ស៊ីវលូមានអារម្មណ៍ថាស្ថិតក្នុងពេលបន្តិចទៀតគេនឹងត្រូវខ្ទេចឆ្អឹងហ្មត់សាច់ជាដុំៗ គ្រប់ជាតិមិនអាចចាប់កំណើត។ ប៉ុន្តែនៅខណៈដែលខ្លួនរបស់គេហៀបនឹងវាយលើផ្ទៃបឹង សាងលីវត្រលប់ខ្លួនមកវិញ រុញស៊ីវលូឡើងទៅលើ។ “ផុស” មួយសំឡេងខ្ទរ បាញ់ច្រាលទឹកព្រោង មនុស្សទាំងពីរនាក់លិចជ្រៅចូលទៅក្នុងបឹង ធ្វើឱ្យរលកទឹកវាយសន្ធោរសន្ធៅ។

ដ្បិតសាងលីរងកម្លាំងបុកទង្គិចខ្លាំងក្លាមួយភាគធំជំនួសគេ ក៏ស៊ីវលូនៅតែមានអារម្មណ៍វិលមុខ ខ្លួនប្រាណស្ពឹកស្រពន់ ដៃជើងញ័រទន់ភ្លាក់ មិនអាចតោងខ្លួនសាងលីវជាប់ ស៊ីវលូដាំខ្លួនលិចចុះ។ សាងលីវងើបមុខឡើងទៅលើផ្ទៃទឹក ខ្សែភ្នែកត្រជាក់ល្អូកសម្លឹងមើលទៅស៊ីវលូកំពុងលិចចុះបាតបឹង។ ស៊ីវលូភិតភ័យងាករកទៅមក ដៃរវៃៗវាយទឹកនៅតែមិនអាចចាប់តោងអ្វីបាន ភ្នែករបស់គេបិទយឺតៗ គេគិតថាគេជិតថប់ដង្ហើមស្លាប់ ទឹកហូរចូលច្រមុះនិងមាត់របស់គេ។ នៅខណៈពេលនោះ គេមានអារម្មណ៍ថាខ្លួនប្រាណរបស់គេត្រូវសាងលីវទាញចូលទៅឱបក្នុងរង្វង់ទ្រូង បបូរមាត់ត្រជាក់ល្អូកផ្ដិតជុបនៅលើបបូរមាត់របស់គេ សន្សឹមៗបញ្ចូលខ្យល់ដង្ហើមឱ្យទៅគេ។ សាងលីវនាំគេងើបឡើងទៅលើផ្ទៃទឹកក្នុងសន្ទុះល្បឿនដូចព្រួញបាញ់។ ស៊ីវលូឈ្លក់ទឹកក្អកខូសៗយ៉ាងខ្លាំងនៅចំពោះមុខសាងលីវ ទឹកហូរបុកច្រាលចេញពីមាត់ ច្រមុះ និងភ្នែករបស់គេ។ មួយសន្ទុះក្រោយមក ស៊ីវលូដកដង្ហើមដង្ហក់បណ្ដើរនិយាយបណ្ដើរថា៖

«បើលោកចង់សម្លាប់ខ្ញុំ សូមមេត្តាធ្វើឱ្យលឿនបន្តិច ត្រង់ដៃឆាប់ចប់!»

«ឯងមានក្បាលតែមួយ ស្លាប់បានតែម្ដង បែបនេះដូចជាងាយស្រួលសម្រាប់ឯងពេក»

សាងលីងដេកផ្ងារខ្នងទៅក្រោយ អណ្តែតនៅលើផ្ទៃទឹក ស៊ីវលូឈឺចាប់ពេញខ្លួនកម្រើកមិនបាន មានតែដេកសណ្ដូកដង្ហល់ខ្យល់ទៅលើខ្លួនសាងលីវ។

សាងលីវទាញដៃស៊ីវលូ សួរថា៖

«ឈឺទេ?»

«គេប្រាកដជាឈឺណាស់»

សាងលីវសើចតិចៗ៖

«ដង្ហូវពិសបុរាណនេះគ្រាន់បើ តែខ្លាំងមិនគ្រប់គ្រាន់»

ស៊ីវលូសួរថា៖

«បើដង្កូវពិសបុរាណនេះផ្សាភ្ជាប់ជីវិតជាមួយមនុស្សដែលត្រូវផ្ទេរ តើលោកនឹងសម្លាប់ខ្ញុំចោលឥឡូវនេះដោយមិនស្ទាក់ស្ទើរដែរឬទេ?»

«មែនហើយ គួរឱ្យស្ដាយវាត្រឹមតែធ្វើឱ្យគេឈឺចាប់»

សំឡេងរបស់សាងលីវពោរពេញទៅដោយសេចក្តីសោកស្ដាយ។ ស៊ីវលូបិទភ្នែក មានអារម្មណ៍ថាពួកគេកំពុងអណ្តែតនៅលើផ្ទៃបឹង ទឹកបឹងទ្រទ្រង់អ្វីៗទាំងអស់ ពួកគេមិនចាំបាច់ធ្វើអ្វីទាំងអស់ គ្រាន់តែសម្រាក។

សាងលីវសួរថា៖

«បើឯងបារម្ភពីគេយ៉ាងនេះ ហេតុអ្វីមិនឆាប់បន្សាបពិសឱ្យគេ?»

ស៊ីវលូមិនឆ្លើយតបភ្លាមនោះទេ នឹកគិតមួយសន្ទុះ គេយល់ឃើញថា សាងលីវជាបិសាចសត្វចម្លែក សត្វចម្លែកគឺមានទំនាក់ទំនងផ្សាភ្ជាប់ជាមួយពពួកសត្វទាំងពួងព្រមទាំងសត្វល្អិតដង្កូវ ប្រាកដជាដឹងតិចឬច្រើន ទើបឆ្លើយតបថា៖

«មិនមែនខ្ញុំមិនចង់ទេ តែខ្ញុំមិនអាចបន្សាបបាន។ លើកមុនពេលខ្ញុំរបួស លោកឱ្យខ្ញុំត្រាំនៅក្នុងស្រះថ្នាំ ធ្វើឱ្យដង្កូវពិសបុរាណប្រែប្រួល។ គេសុំឱ្យខ្ញុំបន្សាបពិស ខ្ញុំសន្យាថានឹងបន្សាបពិសឱ្យគេនៅពេលគេចាកចេញទៅ។ ថ្មីៗនេះ ខ្ញុំសាកល្បងហៅដង្កូវពិសវិលមកវិញ ប៉ុន្តែមិនបានផល…»

សាងលីវនៅស្ងៀមស្ងាត់ពិចារណា៖

«មិនចង់ស្លាប់កុំខំហៅវាវិលមកវិញ វិធីមួយតែមួយគត់ដែលគួរសាកល្បងគឺផ្ទេរចូលទៅកាន់ខ្លួនប្រាណរបស់មនុស្សម្នាក់ផ្សេងទៀត ទុកឱ្យមនុស្សម្នាក់នោះទទួលរងជំនួស»

ស៊ីវលូនិយាយចេញពីចិត្ត៖

«មនុស្សតែម្នាក់គត់ដែលខ្ញុំចង់ឱ្យទទួលរងជំនួសគឺលោក»

សាងលីវអស់សំណើច៖

«អ៊ីចឹងអូសទាញវាផ្ទេរចូលខ្លួនយើងមក៎»

ស៊ីវលូចាក់ឆ្កឹះ៖

«លោកចិត្តល្អម្លឹងហ្អេស?»

«យើងនឹងសម្លាប់គេមុនពេលគេចាកចេញពីភូមិឈីងសួយ ឯងមិនចាំបាច់ឈឺក្បាលនឹករកវិធីបន្សាបពិសឱ្យគេទេ»

ជើងឈប់ញ័រ ស៊ីវលូរអិលចុះពីលើខ្លួនរបស់សាងលីវ ដៃហែលស្រាលៗនៅក្នុងទឹក៖

«សម្លាប់គេអាចស្ដារនគរស៊ឹងនុងឡើងវិញទេ?»

«ទេ»

«គេធ្លាប់ទៅសមរភូមិសម្លាប់ទាហានស៊ឹងនុងទេ?»

«ទេ»

«គេមានគំនុំគុំកួនជាមួយលោកទេ?»

«ទេ!»

«ចុះហេតុអ្វីលោកចង់សម្លាប់គេ?»

«នោះគឺជាគោលការណ៍របស់យើង នៅពេលដែលកំណត់ថាគេស្ថិតនៅក្នុងគោលការណ៍ត្រូវកម្ចាត់ចោលរបស់យើង បើយើងមិនសម្លាប់គេទេនោះ យើងមានអារម្មណ៍ថាមិនគប្បីវិចារណញ្ញាណ!»

«មនុស្សលោកមានវិចារណញ្ញាណហ្អេស?»

«ចំពោះកងទ័ពស៊ឹងនុងនៅមានតិចតួចដែរ»

«ហាៗ គួរឱ្យអស់សំណើចណាស់!»

«ពិតជាគួរឱ្យអស់សំណើចណាស់មែន គួរឱ្យអស់សំណើចដល់ថ្នាក់យើងមានអារម្មណ៍ថាអាណោចចិត្ត បើសិនយើងគ្មានវិចារណញ្ញាណតិចតួចនេះទេ ប្រហែលជាយើងនឹងទៅរកអធិរាជហ័ងទី ជួយគេវាយកម្ទេចនគរកៅស៊ីង!»

ស៊ីវលូនៅស្ងៀមស្ងាត់ ក្រឡេកមើលទៅព្រះចន្ទនៅលើក្បាល ដូចជានំក្រៀបមូលមួយត្រូវខាំដាច់អស់មួយចំណិត។ បន្តិចក្រោយមកទើបគេសួរថា៖

«មេទ័ពកុងកុងជាមនុស្សយ៉ាងណាទៅ ទើបអាចធ្វើឱ្យបិសាចសត្វចម្លែកដូចជាលោកគោរពស្មោះស្ម័គ្រអស់ពីចិត្ត?»

«គាត់គឺជាមនុស្សល្ងង់ខ្មៅ!»

សាងលីវនៅស្ងៀមស្ងាត់បន្តិច និយាយបន្ត៖

«គាត់គឺជាមនុស្សល្ងង់ដ៏គួរឱ្យអាណិតម្នាក់ ដឹកនាំមនុស្សល្ងង់មួយហ្វូងធំ បំពេញផែនការណ៍មួយដែលមានទីបញ្ចប់សែនកម្សត់វេទនា!»

ស៊ីវលូយល់ឃើញថា៖

«មនុស្សដែលល្ងង់និងគួរឱ្យអាណិតបំផុតនោះគឺជាលោក! ពួកគេទាំងអស់គ្នាស្ម័គ្រចិត្តធ្វើរឿងទាំងនោះ មិនមានអារម្មណ៍ថាឥតតម្លៃឬល្ងង់ខ្មៅ។ ពួកគេឃើញថាខ្លួនឯងធ្វើបែបនោះគឺជាការគោរពតបស្នងទៅដល់បុព្វបុរសដូនតា ធ្វើជាគំរូទៅដល់កូនចៅជំនាន់ក្រោយ ទោះបីត្រូវស្លាប់ក៏ត្រូវស្លាប់ដោយស្នេហាជាតិ លះបង់ជីវិតដើម្បីការពារជាតិ ក្លាហានពើនទ្រូងងើយក្បាលឡើងខ្ពស់។ ចំណែកឯលោកវិញ លោកស្អប់ខ្ពើមរឿងទាំងនោះ តែលោកនៅតែធ្វើ!»

«ព្រោះយើងមានក្បាលប្រាំបួនទើបគិតគូរចាក់ស្មុគបន្តិច!»

ស៊ីវលូសើចខឹកៗចំអក ទឹកចូលមាត់ធ្វើឱ្យគេក្អកយ៉ាងខ្លាំង គេរហ័សស្រវាចាប់តោងដៃរបស់សាងលីវ៖

«លោក… ក្រែងលោកលើកណាក៏ស្អប់អ្នកដទៃហៅលោកថាបិសាចសត្វចម្លែកក្បាលប្រាំបួនហ្អេស! “ក្បាលប្រាំបួន” ជាពាក្យហាមឃាត់របស់លោក អ្នកណាហ៊ានហៅ លោកនឹងសម្លាប់អ្នកនោះហ្អេស!»

«ចុះក្រែងឯងនៅរស់រវើកនោះអី»

ស៊ីវលូរង៉ូវ៖

«ជាបណ្ដោះអាសន្នតែប៉ុណ្នោះ!»

«យើងមិនស្អប់ពួកគេហៅយើងថាបិសាចសត្វសម្លែកក្បាលប្រាំបួននោះទេ អ្វីដែលយើងស្អប់គឺការមើលងាយ សើចចំអក ដែលលាក់ជ្រៅនៅក្នុងចិត្តរបស់ពួកគេ។ យើងអនុញ្ញាតឱ្យឯងហៅ នោះព្រោះតែ…»

សាងលីវបែរខ្លួនដេកផ្អៀងលើផ្ទៃទឹក ដៃម្ខាងងើយក្បាល កែវភ្នែកសម្លឹងមើលទៅស៊ីវលូ៖

«ក្រៅមាត់ឯងសើចចំអកយើង តែក្នុងចិត្តមិនដែលគិតថាសត្វចម្លែកក្បាលប្រាំបួនគឺជាសត្វធាតុចម្លែកគួរឱ្យស្អប់ខ្ពើមអ្វីទេ»

ស៊ីវលូញញឹម៖

«ព្រោះខ្ញុំធ្លាប់មានគ្រាចម្លែកគួរឱ្យស្អប់ខ្ពើមជាងលោកទៅទៀត»

«ហេតុនេះហើយទើបឯងរត់ចូលព្រៃជ្រៅមិនហ៊ានចួបអ្នកណា?»

«មែនហើយ»

សាងលីវលើកដៃឡើង ឈ្លីស្រាលៗលើក្បាលស៊ីវលូ។ ស៊ីវលូភ្ញាក់ផ្អើលសម្លឹងមើលទៅគេ៖

«ពួកយើងដូចជាមិត្តសម្លាញ់ល្អជជែកគ្នាក្រោមព្រះចន្ទហ្អេស?»

សាងលីឆ្លើយតប៖

«មុនពេលដែលឯងធ្វើឱ្យយើងខឹងចង់ស៊ីឯងអាចចាត់ទុកថាអ៊ីចឹង»

ស៊ីវលូដកដង្ហើមធំ៖

«ពេលវេលាសុខសាន្តរីករាយពិតជាខ្លីខ្លាំងណាស់ សេចក្តីរីករាយនៅលើលោកនេះ មានតិចតួចណាស់។ ផ្ការីកស្រស់ប្រែជាផ្កាក្រៀមស្វិត ព្រះចន្ទពេញវង់ប្រែជាព្រះចន្ទឈិត។ ប៉ុន្តែប្រហែលជាទេសភាពដែលស្រស់ស្អាតទាំងអស់នៅលើលោកនេះគឺសុទ្ធតែបែបនោះហ្នឹងឯង»

សាងលីវជាន់កែង៖

«ពីមុនអ្នកណាថាទេសភាពជក់ចិត្តប៉ុនណាគន់មើលច្រើនគង់ធុញទ្រាន់?»

ស៊ីវលូសើចហីៗទាំងមិនសមចិត្ត។

មេឃភ្លឺស្រាងៗ ស៊ីវលូដើរដង្ហល់ខ្យល់ទៅផ្ទះវិញទាំងសើមដូចកណ្ដុរធ្លាក់ទឹក។ គេជូតសក់បណ្ដើរគិតគូរបណ្ដើរ៖ ថ្ងៃនេះមិនចាំបាច់ចេញទៅពិនិត្យជំងឺ សំណាក់ពេទ្យមានទៀនអឺមើលការ ហេតុនេះគេអាចគេងច្រើនជាងថ្ងៃធម្មតា។ គិតរួច ក៏ខ្ទាស់គន្លឹះទ្វារ រៀបចំដេកសម្ពឹករហូតដល់ថ្ងៃត្រង់។ ខណៈកំពុងគេងមមីមមើ សុខៗឮសំឡេងគ្រាប់អង្កាំគោះទ្វារ ដាស់ហៅគេ។

ស៊ីវលូស្រែកទាំងមមើថា “ចេញទៅ”។ ឮដូច្នោះ គ្រាប់អង្កាំក៏បាត់ខ្លួនទៅស្ងាត់ៗ។ មិនយូរប៉ុន្មាន មានសំឡេងស្រែកហៅគេម្ដងទៀត ស៊ីវលូម៉ួម៉ៅស្រែកថា “ចេញទៅ” ព្រមទាំងទាញភួយដណ្ដប់ក្បាលជិត បន្តដេកពួន។ ទ្វារបន្ទប់ត្រូវធាក់កម្ទាតផាំង ស៊ីវលូងើបក្បាលចេញពីភួយ រកចាប់របស់អ្វីនៅក្បាលគ្រែ បំណងគប់ទៅមនុស្សមករំខាននោះ នៅសុខៗនោះគេឃើញមុខអានាន មុខមាត់សើមទឹកភ្នែក ខឹងក្ដៅក្រហាយ សម្លក់ភ្នែកធំៗទៅស៊ីវលូ។

ស៊ីវលូស្ទុះងើបឡើង៖

«នាងមកទីនេះធ្វើស្អី?»

អានានទឹកភ្នែកដូចភ្លៀង ស្រែកថា៖

«ឯងស្មានថាយើងចង់មកទីនេះណាស់ហ្អេស? យើងប្រាថ្នាពេញមួយជីវិតមិនចង់ចួបមនុស្សដូចជាឯងនេះទេ!»

ប្រផ្នូលមួយកើតឡើងនៅក្នុងចិត្តរបស់ស៊ីវលូ គេលោតចុះពីលើគ្រែ៖

«ល្បងសៀនយ៉ាងម៉េចហើយ?»

អានានងាកមុខចេញទៅម្ខាង៖

«គាត់ត្រូវរបួស គ្រូពេទ្យមិនអាចឃាត់ឈាមឱ្យគាត់បាន គាត់ហៅយើងមករកឯង!»

ស៊ីវលូទាញអាវពាក់បណ្ដើររត់ទៅបណ្ដើរ។ ឥឡូវនេះគេបានយល់ហើយថា ហេតុអ្វីយប់មិញសាងលីវមករកគេ ប្រាកដជាមិនមែនដើម្បីតែជជែកគ្នាក្រោមព្រះចន្ទទេ។ នៅពេលដែលគេឈឺចាប់ បាត់បង់កម្លាំង មិនអាចកម្រើក សៀនប្រាកដជាក៏ដូច្នោះដូចគ្នា។ ប៉ុន្តែតាំងពីដើមមកសៀនប្រុងប្រយ័ត្នខ្ពស់ យប់មិញសាងលីវនៅជាមួយស៊ីវលូ ចុះតើជាអ្នកណាវាយផ្ដួលកងអង្គរក្សរបស់សៀន?

រត់ទៅដល់តៀមស្រា ស៊ីវលូមិនចូលតាមទ្វារធំ ផ្លោះជញ្ជាំងលោតចូលទៅក្រោយផ្ទះតែម្ដង។ កងអង្គរក្សជាច្រើននាក់សម្រុកមក ឡោមព័ទ្ធស៊ីវលូជុំជិត ហាយថាងស្រែកខ្លាំងថា៖

«ឈប់សិន!»

ស៊ីវលូសួរថា៖

«សៀននៅឯណា?»

ហាយថាងលើកដៃអញ្ជើញផ្លូវ៖

«សូមមកតាមខ្ញុំ!»

ក្បួនអាគមការពាររៀបព័ន្ធនៅខាងក្រៅបន្ទប់យ៉ាងតឹងរ៉ឹង។ ស៊ីវលូដើរកៀកកិតតាមជំហានជើងរបស់ហាយថាងដើម្បីចូលទៅក្នុងបន្ទប់។

សៀនដេកនៅលើគ្រែ បាត់បង់ស្មារតី ទឹកមុខស្លេកស្លាំង។ ហាយថាងដាស់ហៅគេតិចៗ៖

«ទានម្ចាស់ វិនស៊ីវលូមកដល់ហើយ»

សៀនបើកភ្នែកឡើង អានាននៅម្ខាងយំយែក៖

«បងបានគ្រាន់បើជាងមុនហើយឬនៅ»

សៀនញញឹមដាក់នាង និយាយស្រទន់៖

«បងមិនអីទេ យប់មិញអូនមិនគេងពេញមួយយប់ ឆាប់ទៅគេងចុះ!»

និយាយចប់ សៀនដៀងភ្នែកមើលទៅហាយថាង ហាយថាងរហ័សលួងលោមអានានទៅបន្ទប់វិញ។

សៀនណែនាំស៊ីវលូទៅកាន់បុរសចំណាស់ម្នាក់កំពុងតែឈរនៅក្បែរគ្រែ៖

«គេគឺជាគ្រូពេទ្យឈ្មោះ អ៊ូជីង»

ស៊ីវលូទប់ក្ដីព្រួយបារម្ភ ក្ដោបដៃគោរព៖

«ល្បីឈ្មោះជាយូរ!»

អ៊ូជីងក៏ជាគ្រូពេទ្យម្នាក់នៅភូមិឈីងសួយដែរ ប៉ុន្តែគេខុសពីស៊ីវលូត្រង់ថា គេគឺជាគ្រូពេទ្យដ៏ល្បីល្បាញ ពូកែព្យាបាលរបួស។ តាមមើលទៅបុរសចំណាស់ម្នាក់នេះគឺជាមនុស្សរបស់សៀន។

អ៊ូជីងមិនគោរពតបស៊ីវលូ ឫកធំចេញបញ្ជាថា៖

«ឆាប់ពិនិត្យមុខរបួសទៅ!»

ស៊ីវលូអង្គុយចុះ ទាញភួយចេញ នៅលើទ្រូងខាងស្តាំរបស់សៀនប្រឡាក់ឈាមមួយថ្លុក មុខរបួសមិនធំទេ ប៉ុន្តែឈាមនៅតែហូរមិនឈប់។ អ៊ូជីងរៀបរាប់ថា៖

«កាលពីយប់មិញ មានមនុស្សសម្រុកចូលមក លបវាយប្រហារ កងអង្គរក្សបង្ហាញខ្លួនមកទាន់ការពារលោកម្ចាស់ ប៉ុន្តែនៅសុខៗព្រួញមួយបាញ់ធ្លាក់ពីលើមេឃ ខណៈពេលនោះ ខ្លួនប្រាណទាំងមូលរបស់លោកម្ចាស់ស្រាប់តែឈឺចាប់ខ្លាំង ទើបមិនអាចគេចផុតពីព្រួញនោះ។ ជាសំណាងល្អ អង្គរក្សម្នាក់ប្រថុយជីវិត រុញច្រានលោកម្ចាស់ទៅម្ខាង ព្រួញមិនបាញ់ចំទ្រូងខាងឆ្វេងដែលគ្រោះថ្នាក់ខ្លាំង បែរបាញ់ចំទ្រូងខាងស្តាំ។ អ្នកបម្រើប្រញាប់មករកខ្ញុំ ខ្ញុំពិនិត្យមើលឃើញថាមុខរបួសមិនធ្ងន់ធ្ងរនោះទេ ក៏ប៉ុន្តែតាំងពីយប់មិញរហូតមកទល់ពេលនេះ ឈាមហូរមិនឈប់។ បើមិនអាចរកវិធីឃាត់ឈាមហូរបន្តទៀតទេ លោកម្ចាស់នឹងមានគ្រោះថ្នាក់ដល់អាយុជីវិត!»

ស៊ីវលូឱនឈ្ងោកមុខចុះ ពិនិត្យមើលមុខរបួស។

អ៊ូជីងនិយាយថា៖

«ខ្ញុំពិនិត្យមើលរាប់រយវិធី ប៉ុន្តែមិនឃើញថាមានសញ្ញាថ្នាំពុលឬជាតិពិសណានោះឡើយ»

ស៊ីវលូសួរថា៖

«ឯណាព្រួញ ឱ្យខ្ញុំមើលបន្តិច!»

អ៊ូជីងលើកថាសឈើមួយយកមកឱ្យស៊ីវលូ៖

«នៅទីនេះ!»

នៅលើថាសឈើ មានព្រួញមួយបាក់ជាពីរកំណាត់។

អ៊ូជីងនិយាយថា៖

«ព្រួញឈើមួយនេះមើលទៅធម្មតា ទៅតៀមលក់អាវុធណាក៏ងាយស្រួលសួររកទិញដែរ»

ស៊ីវលូមិនយល់ស្រប៖

«មិនអាចជាព្រួញធម្មតាទេ ជនបាញ់ព្រួញត្រូវការប្រើកម្លាំងធាតុយ៉ាងខ្លាំង ទើបអាចបាញ់ព្រួញពីចម្ងាយឆ្ងាយបែបនេះបាន។ បើជាព្រួញឈើធម្មតា ប្រាកដជាមិនអាចទ្រាំទ្របានឡើយ នឹងរលាយទៅជាផេះនៅលើអាកាស មិនអាចបាញ់ចាក់ដោតខ្លួនប្រាណរបស់សៀនឡើយ»

អ៊ូជីងនិយាយថា៖

«លោកម្ចាស់ក៏គិតបែបនេះដែរ ប៉ុន្តែសូម្បីតែជាងដែកយូរឆ្នាំជាងគេនៅទីនេះ ពិនិត្យមើលទៅក៏និយាយថាវាជាព្រួញឈើធម្មតាដែរ»

ស៊ីវលូពិនិត្យមើលទៅក្បាលព្រួញ សួរទៅសៀន៖

«លោករកនឹកទៅមើល នៅពេលដែលក្បាលព្រួញបាញ់ចាក់ដោតដើមទ្រូង លោកមានអារម្មណ៍យ៉ាងណាដែរ?»

សៀនបិទភ្នែក រកនឹកឡើងវិញ៖

«កាលនោះ ខ្លួនប្រាណឈឺចុកចាប់ខ្លាំងណាស់ ដកដង្ហើមពិបាក ដៃជើងទន់ភ្លាក់… ខ្ញុំមានអារម្មណ៍ថាមានចំហាយត្រជាក់ស្រេងមួយទម្លុះជ្រាបចូលសព្វខ្លួនប្រាណ»

«មែនហើយ! នៅទីកន្លែងនោះមានព្រិលទឹកកកធ្លាក់ជាអមតៈ ស្រទាប់ព្រិលទឹកកករលាយចូលគ្នាជាច្រើនឆ្នាំក្លាយជាសិលាទឹកកក។ សិលាទឹកកកគរជាន់លើគ្នាបន្តិចម្តងៗក្លាយជាភ្នំប៉ូលទឹកកក។ ភ្នំប៉ូលទឹកកករឹងជាងភ្នំថ្ម ដាវកាំបិតទោះមុតប៉ុនណា កាប់ទៅលើភ្នំប៉ូលទឹកកក ត្រឹមតែបែកកម្ទេចផ្កាព្រិលតូចៗ។ ឆ្លងកាត់រាប់ពាន់ម៉ឺនឆ្នាំ វត្ថុកម្រដែលបង្កើតឡើងនៅក្នុងទ្រូងភ្នំប៉ូលទឹកកក ហៅថាចរណៃប៉ូលទឹកកក។ ចរណៃប៉ូលទឹកកកមានពន្លឺភ្លឹបភ្លែត ភ្លឺថ្លាដូចត្បូង ប៉ុន្តែរឹងជាងត្បូងទ្វេដង ហើយវាបញ្ចេញចំហាយត្រជាក់យ៉ាងគួរឱ្យខ្លាច។»

អ៊ូជីងអន្ទះសាស្ទើរស្លាប់ គេបារម្ភពីរបួសរបស់សៀន ប៉ុន្តែស៊ីវលូបែរជារៀបរាប់វែងឆ្ងាយអំពីរឿងរ៉ាវចម្លែកកកើតឡើងនៅក្រោមវាលរហោឋានលោកិយនេះទៅវិញ ទើបហាមាត់កាត់ចង្វាក់ថា៖

«លោកម្ចាស់ថាឯងពូកែវិជ្ជាពេទ្យ…»

សៀនក្រឡេកមើលទៅគេបន្តិច អ៊ូជីងមិនហ៊ាននិយាយច្រើន ប៉ុន្តែក្នុងចិត្តសែនតឹងតែង ទើបនិយាយរំឮកថា៖

«លោកម្ចាស់ ព្យាបាលរបួសសំខាន់ជាង!»

សៀនសួរទៅស៊ីវលូ៖

«ចរណៃប៉ូលទឹកកកអាចរលាយទេ?»

ស៊ីវលូឆ្លើយតប៖

«ជាធម្មតាគឺអត់ទេ តែបើជាទឹកកក ប្រាកដជាអាចរលាយ»

សៀនសន្សឹមៗនិយាយថា៖

«ល្បងសង្ស័យថាមានមនុស្សប្រើល្បិចស្រោបចរណៃប៉ូលទឹកកកនៅលើក្បាលព្រួញឈើ ក្រោយពេលបាញ់ចាក់ដោតទ្រូងរបស់ខ្ញុំ ស្រទាប់ទឹកកកនោះក៏រលាយមួយរំពេច ព្រួញទឹកកកប្រែទៅជាព្រួញឈើធម្មតា?»

«ដ្បិតមិនច្បាស់ថាពួកគេបង្កើតចរណៃប៉ូលទឹកកកនោះដោយវិធីណា ធ្វើឱ្យវារលាយចូលទៅក្នុងឈាមរបស់លោក ប៉ុន្តែភាគរយខ្ពស់គឺបែបហ្នឹង»

«ចរណៃប៉ូលទឹកកកមកពីប៉ូលទឹកកកខាងជើង រួមផ្សំជាមួយនឹងថ្វីដៃបាញ់ព្រួញដ៏កំពូលយ៉ាងនេះ ប្រាកដជាមានតែមនុស្សរបស់គ្រួសារហ្វុងហ្វុង!»

អ៊ូជីងតក់ក្រហល់ថា៖

«ខ្ញុំទៅរកពួកគេភ្លាម! ពួកគេបង្កើតព្រួញនេះ ប្រាកដជាមានវិធីឃាត់ឈាម!»

«ឈប់សិន!»

សៀនច្បិចញញឹមស្រាល៖

«លោកធ្វើម្ដេចអាចបញ្ជាក់ថាជនដែលបាញ់ព្រួញជាមនុស្សរបស់គ្រួសារហ្វុងហ្វុង? នៅក្រោមវាលលោកិយមានមនុស្សចេះបាញ់ព្រួញរាប់មិនអស់ ឬមួយសំអាងលើព្រួញឈើធម្មតានេះអាចទម្លាក់កំហុសលើពួកគេ?»

អ៊ូជីងនៅក្ដៅចិត្ត គិតមួយសន្ទុះ ក៏ឱនមុខចុះយ៉ាងក្រៀមក្រំ។ បើព្រួញនេះជាមនុស្សគ្រួសារហ្វុងហ្វុងបាញ់ចេញមែននោះ ជនសង្ស័យធំគឺ ហ្វុងហ្វុងអ៊ីអ៊ីង។ គ្រួសារហ្វុងហ្វុងមិនគួរឱ្យខ្លាចទេ ប៉ុន្តែនៅពីក្រោយខ្នងរបស់ហ្វុងហ្វុងអ៊ីអ៊ីង មានគ្រួសារទូសាន។ គ្រួសារទូសាន គឺជាសម្ព័ន្ធគ្រួសារមហាត្រកូលធំមួយក្នុងចំណោមសម្ព័ន្ធគ្រួសារមហាត្រកូលធំទាំងបួន ឈរនាំមុខក្រោមវាលរហោឋានលោកិយ សូម្បីតែអធិរាជហ័ងទីក៏ត្រូវយល់មុខដល់ពួកគេដែរ។

សៀនសួរទៅស៊ីវលូ៖

«ល្បងដឹងថាហេតុអ្វីឈាមរបស់ខ្ញុំហូរមិនឈប់?»

ស៊ីវលូផ្ដិតម្រាមដៃទៅឈាមនៅលើមុខរបួសរបស់សៀនបន្តិច រួចលើកយកមកក្បែរមាត់លិឍភ្លក់មើល។ សៀនហាក់ភ្ញាក់ផ្អើលនៅពេលដែលឃើញស៊ីវលូធ្វើទង្វើបែបនេះ ប៉ុន្តែគេទប់សង្កត់អារម្មណ៍យ៉ាងឆាប់។

ស៊ីវលូឆ្លើយតប៖

«ប្រហែលជានៅក្នុងចរណៃប៉ូលទឹកកកមានរបស់អ្វីមួយ នៅពេលដែលទឹកកករលាយចូលទៅក្នុងឈាម សារធាតុនោះរាលដាលយ៉ាងលឿនពាសពេញមុខរបួស រារាំងមិនឱ្យឈាមកក»

អ៊ូជីងបើកភ្នែកធំៗមើលទៅស៊ីវលូ៖

«ជារបស់អ្វីទៅដែលសូម្បីតែខ្ញុំប្រើប្រាស់គ្រប់វិធីនៅតែមិនអាចឃាត់ឈាមបាន»

ស៊ីវលូឆ្លើយតប៖

«ខ្ញុំក៏មិនដឹងដែរ»

អ៊ូជីងជេរប្រទេចមេឃដី នៅសុខៗស៊ីវលូនិយាយថា៖

«តែខ្ញុំមានវិធីយកវាចេញ»

«វិធីអ្វី?»

អ៊ូជីងអន្ទះសា។

«អ្វីៗគ្រប់យ៉ាងដែលបង្កើតឡើងនៅទីងងឹតនឹងរលាយខ្សាយនៅក្រោមពន្លឺព្រះអាទិត្យត្រចះ។ ទឹកល្អាងថាងលូផ្ទុកនូវថាមពលព្រះអាទិត្យ ដែលជាប្រភពទឹកបន្សុទ្ធនិងស្រស់ថ្លាបំផុត គ្មានកម្អែលលម្អងធូលី។ ហេតុនេះមិនថាវាជារបស់អ្វីនោះទេ បើលាងសម្អាតនៅក្រោមទឹកល្អាងថាងជូ ប្រាកដជាអាចលាងជម្រះចេញ!»

«ទឹកល្អាងថាងជូពិបាករក្សាទុកណាស់ ពីមុនខ្ញុំធ្លាប់យកខ្លះមកតាមជាមួយ តែប្រើប្រាស់អស់ទៅហើយ។ ល្អាងថាងជូនៅឆ្ងាយរាប់ម៉ឺនយោជន៍ បើចេញដំណើរទៅ មុខរបួសប្រាកដជាឈាមហូរកាន់តែលឿនជាងពេលនេះ ខ្ញុំខ្លាចថាលោកម្ចាស់មិនអាចទ្រាំទ្របានរហូតទៅដល់ល្អាងថាងលូ»

ស៊ីវលូនិយាយទៅកាន់សៀន៖

«ខ្ញុំមានវិធីពន្យាឈាមហូរយឺត ប៉ុន្តែលោកត្រូវអត់ទ្រាំឈឺចាប់បន្តិច»

សៀនញញឹមស្រាលៗ៖

«កុំនៅវែងឆ្ងាយទៀត»

«ខ្ញុំនឹងដាក់ចរណៃប៉ូលទឹកកកនៅជុំវិញមុខរបួសរបស់លោក ចំណាយត្រជាក់របស់វានឹងធ្វើឱ្យឈាមកក មិនឱ្យឈាមហូរលឿនដូចមុន។ ប៉ុន្តែចរណៃប៉ូលទឹកកកដើមឡើយជាព្រិលទឹកកកកកផ្ដុំពាន់ឆ្នាំ លោកនឹងមានអារម្មណ៍ថាត្រជាក់គ្រាំទ្រូង»

«បើត្រជាក់គ្រាំទ្រូងនៅអាចមានជីវិតរស់នោះគឺមិនថ្វីទេ! ប៉ុន្តែធ្វើយ៉ាងណាទើបអាចយកចរណៃប៉ូលទឹកកកបាន? តើមានមនុស្សប៉ុន្មាននាក់ដែលអាចមានទឹកកកកម្រលាក់កប់ជ្រៅនៅក្នុងភ្នំប៉ូលទឹកកកពាន់ឆ្នាំ?»

អ៊ូជីងគិតថាបើមនុស្សនៅភូមិឈីងសួយនេះប្រាកដជាមានរបស់នោះ គេរហ័សនិយាយថា៖

«ឬមួយពួកយើងទៅរកមនុស្សរបស់គ្រួសារហ្វុងហ្វុងសួរ?»

មិននឹកស្មានថាស៊ីវលូយល់ស្របចំពោះយោបល់របស់គេ៖

«មែនហើយ! ត្រូវតែទៅរកពួកគេ ប៉ុន្តែមិនមែនទៅសុំគឺទៅលួច!»

«លួចហ្អេស?»

ស៊ីវលូក្រោកឈរឡើង និយាយទៅកាន់សៀន៖

«លោកសម្រាកនៅឱ្យស្ងៀមទៅ ខ្ញុំទៅហើយឆាប់មកវិញ!»

សៀនរហ័សនិយាយថា៖

«ចាំខ្ញុំចាត់មនុស្សប៉ុន្មាននាក់ទៅជាមួយល្បង»

ស៊ីវលូសើចហីៗ៖

«ខ្ញុំទៅលួចមិនមែនទៅប្លន់ឯណា!»

«ទោះល្បងនិងទូសានជីងមានទំនាក់ទំនងពិសេស ប៉ុន្តែនោះគឺជារឿងផ្ទាល់ខ្លួន។ បើប្រៀបធៀបទៅនឹងប្រយោជន៍គ្រួសារទាំងមូល ទំនាក់ទំនងផ្ទាល់ខ្លួននោះមិនមានតម្លៃអ្វីទាំងអស់។ តាមពិតទៅ នេះគឺជារឿងរបស់ខ្ញុំ មិនពាក់ព័ន្ធនឹងល្បងទេ ល្បងមិនចាំបាច់…»

មានភាគបន្ត…

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*