រឿង៖ និរន្តរ៍អាល័យ (ភាគ១២)

«បើដង្កូវពិសបុរាណនៅក្នុងខ្លួនរបស់លោកមិនបង្កបញ្ហាទេ ព្រួញនោះប្រហែលជាមិនអាចបាញ់ចំលោកឡើយ ខ្ញុំក៏មានចំណែកខុសត្រូវនៅក្នុងរឿងនេះដែរ! ណ្ហើយចុះ មិននិយាយច្រើនទៀតទេ ខ្ញុំទៅសិនហើយណា៎!»

ស៊ីវលូប្រញាប់ដើរចេញពីបន្ទប់ លោតទៅលើជញ្ជាំងយ៉ាងលឿន ផ្លោះចេញទៅក្រៅ។

ស៊ីវលូរត់មួយដង្ហើមត្រង់រហូតទៅដល់មុខទ្វារភូមិគ្រឹះរបស់ជីង។ គេឈានទៅគោះទ្វារ និយាយទៅអ្នកបម្រើ៖

«ខ្ញុំឈ្មោះ វិនស៊ីវលូ គ្រូពេទ្យនៅសំណាក់ហួយឈុនថាង ខ្ញុំចង់ចួបអ្នកប្រុសជីង!»

អ្នកបម្រើក្រឡេកមើលគេបន្តិច រត់ទៅជូនដំណឹង។ បន្តិចក្រោយមក អ្នកបម្រើស្រីពីរនាក់បង្ហាញខ្លួន លំទោនកាយគោរពស៊ីវលូ

«អ្នកនាងរបស់ពួកខ្ញុំឮថាលោកលូអញ្ជើញមកលេង ទើបបញ្ជាពួកខ្ញុំចេញមកទទួល អ្នកប្រុសនិងអ្នកនាងនឹងអញ្ជើញមកឆាប់ៗនេះ»

«មិនហ៊ានទទួលទេ!»

ស៊ីវលូដើរតាមអ្នកបម្រើស្រីនាក់ពីរនាក់កាត់តាមរបៀងផ្លូវ។ មួយសន្ទុះក្រោយមក នារីវ័យក្មេងក្នុងឈុតក្រហមប្រណិតបង្ហាញខ្លួន បោះជំហានជើងស្រាលៗដើរទៅមុខស៊ីវលូ ឱនមុខសួស្ដីយ៉ាងមានសុជីវធម៌។ នៅចំពោះមុខអ្នកបម្រើ នារីនោះមិនងាយនិយាយស្ដី ត្រឹមតែនិយាយខ្លីៗថា៖

«អរគុណលោកលូ!»

ទឹកដមសំឡេងសែនពីរោះ ស្ដាប់ទៅរំអួយបន្តិច ស៊ីវលូមើលឃើញភាពសុទ្ធចិត្តរបស់នារីនោះ។ គេឆ្លើយតប៖

«អ្នកនាងកុំគួរសមអី!»

ពេលងើបមុខ គេយកចិត្តទុកដាក់សង្កេតមើលទៅអ្នកនាងហ្វុងហ្វុង។ ទោះភ្នែកមើលមិនដិតដល់យ៉ាងណា ក៏នៅតែទទួលស្គាល់ថានោះជានារីស្រស់ស្អាត រម្យទម ថ្លៃថ្នូរ រូបសម្ផស្សដែលធ្វើឱ្យមនុស្សលង់ស្រលាញ់ នែបនិត្យ ការពារ។

ស៊ីវលូសួរចិត្តខ្លួនឯង៖ ឬមួយនារីម្នាក់នេះជាជនបាញ់ព្រួញដ៏គួរឱ្យខ្លាចនោះទៅកាន់សៀន? បើពិតមែន ហេតុអ្វីនាងចង់សម្លាប់សៀន? សាងលីវមានទំនាក់ទំនងអ្វីជាមួយនាង?

នៅក្នុងចិត្តច្របូកច្របល់ តែស៊ីវលូនៅតែញញឹមដូចធម្មតា៖

«សូមសួរថាអ្នកប្រុសជីងនៅក្នុងផ្ទះទេ?»

អ្នកនាងហ្វុងហ្វុងឆ្លើយតប៖

«ខ្ញុំបានបញ្ជាមនុស្សទៅជូនដំណឹង ខ្ញុំនៅក្នុងភូមិគ្រឹះកំពុងតែដោះស្រាយកិច្ចការនៅបន្ទប់ទទួលភ្ញៀវ ឮថាលោកលូមកក៏ស្រូតរូតចេញមកចួបដើម្បីនិយាយពាក្យអរគុណទៅលោកលូ»

ស៊ីវលូរហ័សនិយាយថា៖

«ខ្ញុំនិងអ្នកប្រុសជីងជាមិត្តយូរឆ្នាំ កុំគួរសមអី… ណ្ហើយចុះ ចាំខ្ញុំនឹងទៅកាន់កន្លែងគេផ្ទាល់តែម្ដង!»

ពួកអ្នកបម្រើស្រីសម្លក់សម្លឹងទៅស៊ីវលូ អ្នកនាងហ្វុងហ្វុងមិនបង្ហាញក្ដីទើសទាល់អ្វី នាងញញឹមញញែម ទន់ភ្លន់និយាយថា៖

«សូមអញ្ជើញ!»

អ្នកនាងហ្វុងហ្វុងនាំស៊ីវលូទៅកាន់ដំណាក់ស្នាក់នៅរបស់ជីង ជាកន្លែងដែលស៊ីវលូធ្លាប់ស្នាក់នៅសម្រាកព្យាបាលរបួសពីមុន។ ជីងកំពុងតែបោះជើងញាប់ចេញពីដំណាក់ ខណៈពេលនោះក៏ឈប់ឆ្កឹងមួយកន្លែង នៅពេលដែលឃើញស៊ីវលូនិងហ្វុងហ្វុងអ៊ីអ៊ីងដើរទន្ទឹមគ្នាឆ្ពោះសំដៅមកចំពោះមុខ។ អ៊ីអ៊ីងញញឹមរាក់ទាក់ ស៊ីវលូងក់ក្បាលចុះជាការគួរសម បរិយាកាសស្រស់ស្រាយ ស្និទ្ធស្នាល ធ្វើឱ្យជីងហាក់ភ្ញាក់ផ្អើល។ មើលឃើញជីង អ៊ីអ៊ីងឈប់ជើង ទន់ភ្លន់បកស្រាយថា៖

«លោកលូចង់មកកាន់កន្លែងរបស់បង ទើបខ្ញុំជូនលោកលូមក»

ស៊ីវលូញញឹម និយាយទៅកាន់ជីង៖

«ខ្ញុំមានការចង់សុំពឹងពាក់ល្បង ពួកយើងចូលទៅនិយាយគ្នាទៅ»

ជីងតប៖

«អ្ហឹម»

ជីងដើរនាំផ្លូវទៅមុខ អ៊ីអ៊ីងដើរនៅក្បែរជីង ស៊ីវលូដើរតាមពីក្រោយ។ ជីងឈប់ជើង អ៊ីអ៊ីងបង្អង់ជើងដើរយឺត ស៊ីវលូធ្វើពុតជាមើលមិនឃើញ ដើរត្រុយៗហួសកាត់មុខពួកគេ ដើរបណ្ដើរងាកមកបណ្ដើរ សើចហីៗ៖

«ចម្លាក់ផ្កាឆ្លាក់នៅលើជញ្ជាំងនេះស្អាតណាស់! អេ៎… នោះជាអ្វី…»

អ៊ីអ៊ីងទន់ភ្លន់ណែនាំ ស៊ីវលូស្តាប់បណ្ដើរសរសើរបណ្ដើរ។ ចូលទៅដំណាក់ខាងក្នុង ស៊ីវលូនៅតែដើរតួជាមនុស្សសម្រែល្ងិតល្ងង់ មើលទៅកើតមើលទៅលិច។ តាមពិតទៅ នៅតែជាសួនផ្កានោះដដែល នៅតែជាផ្កាចម្រុះពណ៌នោះដដែល ផ្កាម្លិះ ផ្កាឡាង ផ្កាគួយហួរ ផ្កាអ៊ីងអ៊ីង ផ្កាជឺថុង… ប៉ុន្តែនៅក្រោមសំយ៉ាបដំបូលមិនឃើញមានចង្រឹងកណ្ដឹងខ្យល់ធ្វើពីចរណៃប៉ូលទឹកកក។ ស៊ីវលូហាក់បីអស់សង្ឃឹម ភ្ញាក់រឭកខ្លួនឯង បន្ទោសខ្លួនឯងថាល្ងង់ ឥឡូវនេះគឺរដូវផ្ការីក ទោះបីមានទ្រព្យចាយដូចសំរាមយ៉ាងណា ក៏មិនល្ងង់ចាយប្រាក់ព្យួរចរណៃប៉ូលទឹកកកកម្រនៅកណ្ដាលវាលរដូវកាលនេះ។

ស៊ីវលូកំពុងគិតគូរធ្វើយ៉ាងណាទើបអាចយកបានចរណៃប៉ូលទឹកកកដោយមិនធ្វើឱ្យអ្នកនាងហ្វុងហ្វុងដឹង នៅសុខៗឮជីងនិយាយទៅកាន់នាងថា៖

«អ៊ីអ៊ីង នាងទៅវិញចុះ ខ្ញុំមានការចង់និយាយជាមួយស៊ីវលូ»

ស៊ីវលូគិតក្នុងចិត្តថា ឈ្មោះ អ៊ីអ៊ីង ពិតជាពីរោះស្ដាប់ណាស់។ ស្នាមញញឹមរបស់អ្នកនាងហ្វុងហ្វុងភ្លាមៗនោះរឹងឆ្កឹង ប៉ុន្តែទឹកមុខខុសប្រក្រតីនោះក្នុងមួយប៉ព្រិចភ្នែកក៏រលាយបាត់ នាងញញឹមឡើងវិញភ្លាមៗ ទន់ភ្លន់និយាយថា៖

«ខ្ញុំទៅផ្ទះបាយបង្គាប់ចុងភៅរៀបចំស្រាម្ហូបមកទទួលលោកលូ»

អ្នកនាងហ្វុងហ្វុងឱនលាស៊ីវលូរួច ក៏ចាកចេញពីដំណាក់របស់ជីង។ ជីងសម្លឹងមើលទៅស៊ីវលូ ស៊ីវលូឱនមុខចុះទាប ទឹកមុខរបស់គេអាចលាក់បាំងអ្នកនាងហ្វុងហ្វុងបាន តែមិនអាចលាក់បាំងជីងបានឡើយ។

ជីងនិយាយស្រទន់៖

«ល្បងកំពុងរកអ្វីហ្នឹង?»

ស៊ីវលូសាកសួរ៖

«ខ្ញុំចង់សុំរបស់មួយពីលោក»

ជីងមិនស្ទាក់ស្ទើរ ឆ្លើយតប៖

«បាន»

ស៊ីវលូភ្ញាក់ផ្អើល៖

«មិនថាអ្វីក៏ដោយ?»

«ល្បងអាចយកគ្រប់អ្វីទាំងអស់ដែលខ្ញុំមាន បើខ្ញុំគ្មានទេ ខ្ញុំនឹងទៅរកឱ្យល្បង»

ស៊ីវលូងើបមុខឡើងសម្លឹងមើលទៅជីង៖

«ខ្ញុំចង់សុំកណ្ដឹងខ្យល់ពីរធ្វើពីចរណៃប៉ូលទឹកកក»

ជីងហៅឈីងយៀកមក និយាយប៉ុន្មានម៉ាត់ ឈីងយៀករហ័សចេញទៅភ្លាមៗ។ ជីងមិនសួរស៊ីវលូថាត្រូវការចរណៃប៉ូលទឹកកកសម្រាប់ធ្វើអ្វីនោះទេ គេគ្រាន់តែនៅស្ងៀមស្ងាត់សម្លឹងមើលទៅស៊ីវលូ ប្រស្រីភ្នែកខ្មៅកន្លង់ដូចជាត្បូងទឹកខ្មៅសុទ្ធពីរ កក់ក្តៅ ភ្លឺស្រទន់ ហាក់ដូចជាបើកបង្ហាញពីសេចក្ដីរីករាយនៅពេលឮថាស៊ីវលូចង់បានអ្វីមួយពីគេ។

សៀនធ្លាប់រំឮកស៊ីវលូកុំជឿជាក់លើជីង ប៉ុន្តែស៊ីវលូមិនជឿថាជីងចង់សម្លាប់មនុស្ស ភ្លាមៗនោះគេប្រមូលសេចក្ដីក្លាហាន ហាមាត់ថា៖

«ខ្ញុំ… ខ្ញុំ… ចង់…»

ជីងខិតជិតទៅមុខបន្តិចព្រោះចង់ស្ដាប់ឱ្យច្បាស់ពាក្យរបស់ស៊ីវលូ។ ក្លិនប្រអូបឫសថ្នាំនៅលើខ្លួនរបស់គេរំសាយភាយព័ន្ធនៅជុំវិញស៊ីវលូ ស៊ីវលូចង់ឈានថយក្រោយ ប៉ុន្តែជីងរហ័សដៃទាន់ ចាប់កាន់ដៃរបស់គេយ៉ាងណែន៖

«ល្បងចង់អ្វី?»

ស៊ីវលូឱនមុខចុះមើលទៅចុងស្បែកជើងខ្លួនឯង និយាយតិចៗថា៖

«ខ្ញុំចង់ឱ្យលោក មិនថាយ៉ាងណាមិនអាចធ្វើអ្វីបង្កគ្រោះថ្នាក់ទៅដល់សៀនទេ»

ជីងដកដង្ហើមស្រាលៗ ហាក់បីអស់សង្ឃឹម ហាក់បីរីករាយ៖

«យល់ព្រម»

ស៊ីវលូភ្ញាក់ផ្អើលងើបមុខឡើង មិនហ៊ានជឿ៖

«លោកទទួលពាក្យ?»

ជីងងក់ក្បាល៖

«ខ្ញុំធ្លាប់សន្យាថានឹងស្ដាប់សម្ដីល្បង»

ស៊ីវលូគិតក្នុងចិត្ត ប្រហែលជាជីងមិនដឹងពីទង្វើនៅខាងក្រៅរបស់អ៊ីអ៊ីងឡើយ។ រឿងធំដុំដល់ម្លឹង អ៊ីអ៊ីងបែរជាមិននិយាយប្រាប់ជីងឱ្យដឹង? ស៊ីវលូចង់រំឮកជីងឱ្យប្រុងប្រយ័ត្ន ប៉ុន្តែអ៊ីអ៊ីងគឺជាគូដណ្តឹងរបស់ជីង ស៊ីវលូគិតថាគេមិនគួរនិយាយអាក្រក់ពីនាងនៅមុខជីង ហេតុនេះគេមានតែនៅស្ងៀមស្ងាត់។

ស៊ីវលូចង់ដកដៃចេញ តែជីងមិនព្រមលែង។ ឈីងយៀកដើរចូលមកដល់ ឃើញជីងកាន់ដៃរបស់ស៊ីវលូជាប់ នាងស្រឡាំងកាំង ទាក់ជើងជំពប់ ស្ទើរតែបន្តិចធ្វើឱ្យធ្លាក់ប្រអប់គុជក្នុងដៃ។ ឈីងយៀកប្រមូលស្មារតីនឹងនរឡើងវិញ ប្រគល់ប្រអប់គុជឱ្យទៅស៊ីវលូ៖

«នៅក្នុងប្រអប់មានកណ្ដឹងខ្យល់ពីរធ្វើពីចរណៃប៉ូលទឹកកក ត្រូវបានជាងចំណានកែច្នៃកាត់បន្ថយចំហាយត្រជាក់។ ខ្ញុំក៏បានដាក់ស្រោមដៃការពារពីរបន្ថែមនៅក្នុងប្រអប់ ទុកពេលត្រូវការប្រើប្រាស់។ បើមហិទ្ធិឫទ្ធិមិនគ្រប់គ្រាន់ទេ ប៉ះដៃលើវា អាចធ្វើឱ្យម្រាមដៃរបស់លោកកករឹង»

ស៊ីវលូដកដៃចេញពីដៃជីង ទទួលយកប្រអប់គុជ រីករាយនិយាយទៅកាន់ឈីកយៀក៖

«អរគុណហើយ!»

ឈីងយៀកលេងទឹកមុខ ជ្រួញចិញ្ចើម សម្លក់ទៅស៊ីវលូហាក់ដូចជាចង់និយាយថា៖ យកបានរបស់ហើយក៏ឆាប់ចេញទៅ! កុំនៅទីនេះរំអួយដាក់អ្នកប្រុសគ្រួសារខ្ញុំទៀត!

ស៊ីវលូញញឹមញញែមក្ដិចថ្ពាល់ឈីងយៀកបន្តិចថា៖

«អៃយ៉ា… ស្រីស្អាតកុំខឹងអី ខ្ញុំទៅឥឡូវនេះភ្លាម!»

ឈីងយៀកយកដៃឱបថ្ពាល់ រន្ធត់ចិត្តមើលទៅស៊ីវលូ ជីងឈរនៅម្ខាងញញឹមមិននិយាយស្ដី។

ឈីកយៀកស្រែកអៃ៖

«អ្នកប្រុស! គេ… គេ… ស្ទាបខ្ញុំ!»

ស៊ីវលូស្ទុះទៅតោងដៃជីងយៀក៖

«នាំខ្ញុំដើរផ្លូវកាត់ ចេញទៅទ្វារក្រោយ»

ឈីងយៀកដើរទៅបណ្ដើរងាកក្រោយបណ្ដើរអង្វរករសុំជំនួយ។

ជីងផ្ដែផ្ដាំថា៖

«ធ្វើតាមសម្ដីលោកលូ»

ភ្នែកក្រហមងាំងចង់យំ ប៉ុន្តែឈីងយៀកមិនហ៊ានធ្វើខុសបញ្ជាជីង នាំស៊ីវលូដើរផ្លូវកាត់ ចាកចេញពីភូមិគ្រឹះ។

វិលទៅតៀមស្រាវិញ ឃើញអ៊ូជីងរៀបចំអីវ៉ាន់រួចរាល់ ត្រៀមខ្លួនចេញដំណើរ។ ស៊ីវលូបើកគម្របប្រអប់ បង្គាប់ឱ្យអ៊ូជីងកាត់ចរណៃប៉ូលទឹកកកជាពីរ ហើយយកវាដាក់ថ្នមៗនៅចំកណ្តាលមុខរបួសរបស់សៀន ស្បែកនៅខាងក្រៅមុខរបួសចាប់ផ្តើមប្រែជាពណ៌សស្លេក។ បន្តិចក្រោយមក ស្រទាប់ទឹកកកស្តើងគ្របដណ្ដប់ជុំវិញលើមុខរបួស ធ្វើឱ្យសរសៃឈាមកក ឈាមហូរយឺតជាងមុន។

អ៊ូជីងត្រេកអរ៖

«ពិតជាមានប្រសិទ្ធភាពមែន!»

ស៊ីវលូប្រគល់ប្រអប់គុជឱ្យទៅអ៊ូជីង។ អ៊ូជីងហៅមនុស្សគ្រាហ៍សៀនឡើងទៅលើរទេះពពក។ អានាននិងហាយថាងឡើងទៅលើរទេះពពកមួយផ្សេងទៀត។

អានានបញ្ជាថា៖

«ចេញដំណើរ!»

សៀននិយាយថា៖

«កុំអាលសិន! ស៊ីវលូ មកណេះ! ខ្ញុំមានការចង់និយាយជាមួយល្បង!»

ស៊ីវលូដើរចូលទៅជិត សៀននិយាយថា៖

«ចេញដំណើរលើកនេះ ខ្លាចក្រែងតែមិនវិលវិញ»

ស៊ីវលូនិយាយថា៖

«នៅទីនេះមានមនុស្សចង់សម្លាប់លោកច្រើនណាស់ លោកមិនគួរវិលវិញទេ»

សៀននិយាយថា៖

«ល្បងធ្លាប់សន្យាថានឹងបន្សាបពិសឱ្យខ្ញុំនៅពេលដែលខ្ញុំចាកចេញពីទីនេះ… យកល្អល្បងគួរតែទៅជាមួយខ្ញុំ។ ល្បងឆ្លាតវៃ ខ្លាំងពូកែយ៉ាងនេះ ប្រាកដជាអាចសាងកេរ្តិ៍ឈ្មោះល្បី!»

សៀនមិនដែលបើកបង្ហាញប្រាប់ស៊ីវលូពីសាវតារបស់គេឡើយ ប៉ុន្តែនៅពេលដែលស៊ីវលូនិយាយថា របួសរបស់សៀនត្រូវលាងសម្អាតដោយទឹកបន្សុទ្ធនៅក្នុងល្អាងថាងជូនោះ ពួកអ៊ូជីងនិងអ្នកបម្រើរបស់សៀនមិនបង្ហាញក្ដីបារម្ភអ្វី។ ត្រឹមតែចំណុចនេះក៏អាចសន្និដ្ឋានបានថា សាវតារបស់សៀនមិនធម្មតាទេ សៀនប្រាកដជាមិនមែនត្រឹមតែជាកូនចៅត្រកូលខ្ពង់ខ្ពស់ធម្មតាឡើយ។ ពាក្យអញ្ជើញរបស់សៀន មិនមែនត្រឹមតែគោលបំណងចង់បន្សាបពិស ប៉ុន្តែសៀនពិតជាអាចផ្ដល់ឱ្យស៊ីវលូនូវអ្វីគ្រប់យ៉ាងដែលកូនប្រុសម្នាក់ចង់បាន។

«ខ្ញុំចូលចិត្តរស់នៅភូមិឈីងសួយនេះ ខ្ញុំចូលចិត្តធ្វើជាគ្រូពេទ្យ»

ស៊ីវលូដកជើងថយក្រោយ និយាយទៀងត្រង់ថា៖

«លោកត្រូវរបួស មិនអាចបង្អង់យូរបានទេ។ លោកកុំបារម្ភអី ពេលលោកជាសះស្បើយ ខ្ញុំនឹងសរសេរសំបុត្រទៅលោក ណែនាំវិធីបន្សាបពិសជាក់លាក់។ មនុស្សរបស់លោកសុទ្ធតែជាមនុស្សមានសមត្ថភាព ពួកគេប្រាកដជាអាចជួយលោកបន្សាបដង្កូវពិសបុរាណបាន»

ដ្បិតសៀនមិនមែនជាមនុស្សងាយរង្គោះរង្គើ ក៏ប៉ុន្តែស៊ីវលូបានជួយជីវិតរបស់គេពីរដង ហេតុនេះគេសម្រេចចិត្តថានឹងលើកលែងដល់ស៊ីវលូ។

សៀនដកដង្ហើមធំ៖

«មនុស្សម្នាក់ៗមានមាគ៌ាដើរខុសគ្នា ខ្ញុំមិនបង្ខំល្បងទេ! មើលថែខ្លួន!»

ស៊ីវលូលើកដៃគោរពលាសៀន៖

«ផ្លូវឆ្ងាយម៉ឺនយោជន៍ សូមមើលថែខ្លួន!»

អ៊ូជីងបិទទ្វាររទេះពពក អ្នកបម្រើរបស់សៀនអង្គុយលើកៅអីបរសេះ ហោះបញ្ជារទេះពពកហោះយឺតៗឡើងទៅលើអាកាស ឆ្ពោះសំដៅទៅទិសខាងត្បូង។

ស៊ីវលូងើយក្បាលឡើង ភ្លឹកសម្លឹងមើលទៅស្រមោលរទេះពពកសន្សឹមៗហោះទៅកាន់តែឆ្ងាយទៅៗ រហូតនៅសល់ត្រឹមតែចំណុចខ្មៅមួយនៅលើមេឃល្វឹងល្វើយ បន្ទាប់មកបាត់ទៅក្នុងពពកស។

ស៊ីវលូប៉ងប្រាថ្នាស្ងាត់ៗ៖ សង្ឃឹមថាបងនឹងអាចសម្រេចអ្វីៗគ្រប់យ៉ាងដែលបងចង់បាន!

ក្រោយពេលតៀមស្រាបិទទ្វារអស់មួយរយៈ ទើបអ្នកភូមិដឹងថាសៀនបានចាកចេញទៅ។ មនុស្សនៅភូមិឈីងសួយភាគច្រើនជាមនុស្សចំណាកស្រុក អ្នកភូមិទម្លាប់នឹងមនុស្សនៅជុំវិញខ្លួនវិលទៅវិលមក គ្មានអ្នកណាខ្វល់ខ្វាយនឹងការចាកចេញរបស់សៀនឡើយ។ ពួកបុរសៗ ពេលខ្លះនឹកនាស្រាឆ្ងាញ់របស់សៀននិងសម្រស់ស្រស់ស្អាតរបស់ហាយថាង។ ចំពោះស៊ីវលូ ការចាកចេញរបស់សៀនធ្វើឱ្យគេសុខស្រួលចិត្តបំផុត ព្រោះយ៉ាងហោចណាស់ សាងលីវលែងតាមសម្លាប់សៀន ដូចខ្លាកំណាចតាមស៊ីចំណីទៀត។ បន្ទាប់ពីឆ្លងកាត់ព្យុះភ្លៀងជាច្រើនថ្ងៃកន្លងផុត ភូមិឈីងសួយស្ដារឡើងវិញបន្តិចម្តងៗនូវរូបភាពសុខសាន្ត សន្តិភាព ដូចជាពីមុនវិញ។

មួយខែក្រោយមក តៀមស្រាបន្តបើក ប៉ុន្តែមិនមានមនុស្សច្រើនដូចមុន។ រាល់ពេលដើរឆ្លងកាត់ដើមផ្លូវ ស៊ីវលូតែងតែឈប់ទិញស្រាមួយកាទិន តែចាប់ពីពេលនេះតទៅ គេលែងនៅបានឃើញស្នាមញញឹម “ធ្វើពុតជារួសរាយរាក់ទាក់” របស់សៀនទៀតហើយ។

យប់ឡើង លោតចុះពីលើខ្នងឥន្រ្ទីយ៍ស សាងលីវឃើញស៊ីវលូអង្គុយឱបជើងលើស្មៅ ដៃទាំងពីរដាក់ក្បាលជង្គង់ ពើនខ្លួនទៅមុខ ស្រងេះស្រងោចសម្លឹងមើលទៅខ្សែទឹកហូរ។

សាងលីវសួរថា៖

«គិតស្អីហ្នឹង?»

«ធ្វើម្ដេចទើបអាចបន្សាបដង្កូវពិសបុរាណបានទៅ? សៀនបានបញ្ជាមនុស្សឱ្យមកសាកសួរសុំវិធីបន្សាប»

ជាមួយនឹងខ្លួនប្រាណនេះ សៀនមិនងាយស្លាប់ដោយសារដង្កូវពិសបុរាណទេ ប៉ុន្តែស៊ីវលូអាចស្លាប់បាន។ គេមិនចង់បន្តត្រូវមនុស្សទាញប្រយោជន៍ទេ ហេតុនេះគេត្រូវបង្ខំចិត្តគិតរកវិធីបន្សាបដង្កូវពិសបុរាណនោះ។

«យើងបាននិយាយថា ឯងគួរតែផ្ទេរដង្កូវពិសបុរាណចូលខ្លួនមនុស្សម្នាក់ផ្សេងទៀត»

«អ្នកណាព្រមទៅ? ប្រហែលជាអ្នកបម្រើណាម្នាក់របស់សៀនអាចយល់ព្រម?»

សាងលីវព្រងើយកន្ដើយ៖

«មិនមែនអ្នកណាក៏អាចនោះឡើយ»

«ហេតុអ្វី?»

«ដង្កូវពិសបុរាណរបស់ឯងតែឯងមិនដឹងទេហ្អេស?»

ស៊ីវលូរដាក់រដុប៖

«ខ្ញុំ… មិនដឹងទេ»

«ឯងយកដង្កូវពិសបុរាណនេះមកពីណា?»

«ជាច្រើនឆ្នាំមុន ខ្ញុំបានចួបស្ត្រីចំណាស់ម្នាក់មកពីកុលសម្ព័ន្ធជីវលី។ ប្រាកដណាស់ លោកប្រាកដជាដឹងដែរថា មេបិសាចកំណាចស៊ីវ៉ូដ៏ឃោរឃៅ ស្រេកឃ្លានឈាមកាប់សម្លាប់មនុស្សនៅក្នុងរឿងព្រេងនិទាននោះ គឺជាមនុស្សរបស់កុលសម្ព័ន្ធជីវលី។ បន្ទាប់ពីស៊ីវ៉ូត្រូវបានអធិរាជហ័ងទីសម្លាប់ កុលសម្ព័ន្ធជីវលីចុះទន់ខ្សោយ បុរសនិងស្ត្រីរបស់កុលសម្ព័ន្ធនោះបានក្លាយទៅជាខ្ញុំកញ្ជះទាសករ។ ស្ត្រីចំណាស់នោះជាទាសករស្រីដែលត្រូវគេបោះបង់ចោល ដើរតែលតោល គ្មានផ្ទះសម្បែង។ ខ្ញុំឃើញគាត់ដេកស្ដូកនៅលើដីភក់ ដង្ហើមចង្រិត ក៏កើតមានចិត្តអាណិតអាសូរ ទើបខ្ញុំឈប់សួរគាត់ថា តើគាត់មានបំណងប្រាថ្នាអ្វីមុនពេលស្លាប់ទេ? ស្ត្រីចំណាស់នោះនិយាយថា ចង់ងូតទឹកឱ្យបានស្អាតបាតដើម្បីទៅចួបមនុស្សជាទីស្រលាញ់ក្រោយពេលស្លាប់ទៅ។ ខ្ញុំបាននាំគាត់ទៅកាន់មាត់ទន្លេ ងូតទឹកឱ្យគាត់ សិតសក់ឱ្យគាត់ និងជួយក្រងសក់ប្រពៃណីរបស់នារីជីវលី។ គាត់បានហុចឃ្លោកខ្មៅមួយឱ្យខ្ញុំនិយាយថា គាត់គ្មានរបស់មានតម្លៃអ្វីនៅលើខ្លួន មានតែដង្កូវមួយគូនេះជូនខ្ញុំជាអំណោយតបស្នង។ បន្ទាប់មកគាត់ក៏ស្លាប់ទៅ រំពេចនោះសាកសពក៏ត្រូវបានពពួកសត្វល្អិតនិងដង្កូវស៊ីហ្មត់រលាយខ្ទេច។ ក្រោយមកពេលខ្ញុំបានចួបលោក កំពុងឈឺក្បាលរិះរកវិធីទប់ទល់ជាមួយលោក ខ្ញុំក៏ស្រាប់តែនឹកឃើញឃ្លោកខ្មៅដែលខ្ញុំរក្សាទុកជាច្រើនឆ្នាំ នៅមិនមានឱកាសប្រើប្រាស់នៅឡើយ។ ខ្ញុំបានចិញ្ចឹមដង្កូវទាំងនោះដោយឈាមនិងសាច់របស់ខ្ញុំ តាមវិធីចិញ្ចឹមពិសធម្មតាដែលមនុស្សនិយមទូទៅ ហើយបន្ទាប់មកបានបង្ហាត់ដង្កូវមួយក្បាលក្នុងចំណោមនោះឱ្យទទួលយកខ្ញុំធ្វើជាម្ចាស់។ ដង្កូវមួយក្បាលទៀតដែលនៅសេសសល់ ខ្ញុំមានបំណងចង់ “ឱ្យ” លោក ប៉ុន្តែមិននឹកស្មានថា បែរជាផ្ទេរចូលខ្លួនសៀនទៅវិញ។»

«ម្ដេចឯងដឹងពីវិធីចិញ្ចឹមដង្កូវពិសបុរាណ?»

ស៊ីវលូក្រឡាប់ក្រឡង់ភ្នែក៖

«ស្ត្រីចំណាស់នោះបង្រៀនខ្ញុំ»

សាងលីវសើចចំអក៖

«និយាយតែផ្ដាស! ស្ត្រីចំណាស់នោះបង្រៀនឯងចិញ្ចឹមដង្កូវពិសបុរាណតែមិននិយាយប្រាប់ឯងពីប្រភពឈ្មោះរបស់វាទេហ្អេស?»

ដឹងខ្លួននិយាយកុហកមិនសម ស៊ីវលូនៅតែខំប្រកែក៖

«លោកនិយាយរឿងនោះធ្វើអី សរុបទៅខ្ញុំចេះតិចតួច»

«ដង្កូវពិសបុរាណរបស់ឯងកម្រចួបណាស់ បើចង់បន្សាប វិធីតែមួយគត់គឺផ្ទេរចូលខ្លួនមនុស្សម្នាក់ផ្សេងទៀតដែលស័ក្តិសម»

«រកមនុស្សយ៉ាងណាទើបស័ក្តិសម?»

សាងលីវនៅស្ងៀមស្ងាត់ មួយសន្ទុះត្រជាក់ល្អូកថា៖

«យើងមិនដឹងទេ!»

ស៊ីវលូមិនជឿឡើយតែក៏មិនដឹងថាហេតុអ្វីសាងលីវមិនព្រមនិយាយ គេមានតែសាកសួរលមើល៖

«លោកស័ក្តិសមដែរទេ?

សាងលីវនៅស្ងៀមស្ងាត់មិនឆ្លើយតប ស៊ីវលូកាន់តែឡើងចាល៖

«លោកជាបិសាចក្បាលប្រាំបួន ផ្ទេរដង្កូវពិសបុរាណចូលខ្លួនលោកប្រាកដជាគ្មានបញ្ហាអ្វីទេ»

សាងលីវមិនបដិសេធ ស៊ីវលូចាត់ទុកថាគេយល់ព្រម។ ស៊ីវលូត្រេកអរ និយាយថា៖

«លោកធ្លាប់និយាយថា លោកមានក្បាលប្រាំបួន ទោះបីជាខ្ញុំឈឺចាប់វេទនាយ៉ាងណា ក៏លោកគ្មានអារម្មណ៍អ្វីសោះដែរ។ អ៊ីចឹង តើលោកអាចជួយខ្ញុំផ្ទេរដង្កូវពិសបុរាណចូលខ្លួនរបស់លោកបានទេ?»

សាងលីវបត់ដៃទៅក្រោយខ្នង ងើយភ្នែកមើលទៅទីឆ្ងាយមិននិយាយស្ដី។ មួយសន្ទុះក្រោយមក គេនិយាយឡើងថា៖

«យើងនឹងជួយឯងរឿងមួយនោះ ប៉ុន្តែឯងត្រូវតែយល់ព្រមនឹងយើងរឿងមួយវិញ ទៅថ្ងៃក្រោយទៅ ឱ្យតែយើងហាមាត់ ឯងត្រូវតែធ្វើតាម!»

ស៊ីវលូស្មឹងគិតបន្តិច និយាយថា៖

«ឱ្យតែលោកមិនចាត់ខ្ញុំទៅសម្លាប់សៀន»

«បាន!»

«មិនចាត់ខ្ញុំទៅធ្វើបាបជីង?»

«បាន»

«មិនចាត់ខ្ញុំទៅធ្វើឃាតអធិរាជហ័ងទីឬអធិរាជស៊ុនទី?»

សាងលីធុញទ្រាន់៖

«យើងមិនមែនខួរក្បាលដក់ទឹកទេ មិនជឿថាឯងអាចមានសមត្ថភាពធ្វើឃាតអធិរាជហ័ងទីឬអធិរាជស៊ុនទីឡើយ»

ស៊ីវលូមិនចុះចាញ់ សួរបន្ត៖

«ចម្លើយរបស់លោកគឺ…»

«មិនចាត់!»

ស៊ីវលូប្រកាសថា៖

«ដោះដូរគ្នាសម្រេច!»

សាងលីវលាដៃចេញ ស៊ីវលូទះមួយដៃផាច់៖

«ខ្ញុំសូមស្បថថា បើសាងលីវយល់ព្រមជួយខ្ញុំបន្សាបពិសឱ្យសៀន ខ្ញុំនឹងធ្វើតាមសំណើរបស់គេមួយ»

សាងលីវត្រជាក់ល្អូក សួរថា៖

«បើក្បត់ពាក្យសម្បថគិតយ៉ាងម៉េច?»

ស៊ីវលូគិតមួយសន្ទុះ ពោលថា៖

«អ្វីដែលដូចជា… រន្ទះមេឃាផ្តន្ទា ខ្ទេចឆ្អឹងហ្មត់សាច់ ខ្ញុំខ្លាចថាមិនគ្រប់គ្រាន់បំពេញចិត្តចង្អៀតចង្អល់និងអាត្មានិយមរបស់លោកទេ… លោកចង់ឱ្យខ្ញុំស្បថពិសពុសយ៉ាងណា លោកឆាប់និយាយត្រង់ៗមក៎!»

«បើឯងក្បត់ពាក្យសម្បថ រាល់អ្វីដែលឯងរីករាយប្រែជាការឈឺចាប់ រាល់អ្វីដែលឯងសុភមង្គលប្រែជាទុក្ខសោក!»

ស៊ីវលូត្រជាក់ស្រៀវឆ្អឹងខ្នង៖

«ពិសពុលណាស់!»

ស៊ីវលូលើកដៃឡើងស្បថ៖

«បើខ្ញុំក្បត់ពាក្យសម្បថ រាល់អ្វីដែលខ្ញុំរីករាយប្រែជាការឈឺចាប់ រាល់អ្វីដែលខ្ញុំសុភមង្គលប្រែជាទុក្ខសោក!»

ស៊ីវលូទម្លាក់ដៃចុះ ទះទ្រូង៖

«លោកកុំបារម្ភ ខ្ញុំមិនក្បត់ពាក្យសម្បថជាដាច់ខាត!»

សាងលីវច្បិចញញឹមជ្រុងមាត់៖

«យើងបារម្ភអីទៅ ឯងមិនរក្សាពាក្យសម្បថ មនុស្សដែលត្រូវផ្ដន្ទាគឺជាឯងមិនមែនយើងទេ»

ស៊ីវលូឫកធំសួរ៖

«ឥឡូវនេះលោកអាចឱ្យខ្ញុំដឹងបានហើយឬនៅថាត្រូវបន្សាបពិសយ៉ាងណា?»

«យើងមិនដឹងទេ! ឬមួយឯងមិនដឹងពីវិធីផ្ទេរដង្កូវពិសបុរាណចូលខ្លួនមនុស្សម្នាក់ផ្សេងទៀតទេហ្អេស?»

ស៊ីវលូបិទភ្នែកចុះ បបូរមាត់ខ្សឹបខ្សួល ហាក់ដូចជាកំពុងអានអ្វីមួយ។ មួយសន្ទុះក្រោយមក គេក៏ងាកមកសួរថា៖

«មានវិធីមួយ ប៉ុន្តែលោកនិងសៀនត្រូវនៅខិតជិតគ្នាបន្តិច ទើបខ្ញុំអាចត្រួតត្រាបញ្ជាលើដង្កូវពិសបុរាណនោះបាន»

វិធីមួយនេះតម្រូវឱ្យស៊ីវលូត្រូវបង្ខំចិត្តទៅកាន់ភ្នំទេពប្រាំ នៅនគរកៅស៊ីង។ ប៉ុន្តែសាងលីវប្រាកដជាមិនព្រមទៅទីនោះជាដាច់ខាត។ ស៊ីវលូសម្លឹងមើលទៅសាងលីវទាំងក្រៀមក្រំ៖

«លោកបានទទួលពាក្យហើយណា៎»

សាងលីវហៅឥន្រ្ទីយ៍ស ហក់ឡើងទៅលើ ហុចដៃចេញ៖

«ឡើងមក!»

ស៊ីវលូរីករាយខ្លាំងអស់ពីពោះ គេរហ័សតោងដៃហក់ឡើងទៅលើខ្នងរបស់ឥន្រ្ទីយ៍ស។

ឥន្រ្ទីយ៍សនាំពួកគេហោះតម្រង់ទៅទិសខាងត្បូង នៅល្ងាចថ្ងៃបន្ទាប់ ពួកគេទៅដល់កៀកជិតភ្នំទេពប្រាំ នគរកៅស៊ីង។ សាងលីវដឹងថាភ្នំទេពប្រាំត្រូវបានការពារយ៉ាងតឹងរ៉ឹងបំផុត សូម្បីតែមនុស្សដែលមានមហិទ្ធិឫទ្ធិខ្ពស់ដូចគេក៏អាចត្រូវប្រទះឃើញដែរ ហេតុនេះហើយគេសម្រេចចិត្តទាញស៊ីវលូលោតចូលទៅក្នុងសមុទ្ទ។ សាងលីវនៅក្នុងសមុទ្ទដូចមកដល់ផ្ទះ គេហែលទឹកដោយធម្មជាតិ និងងាយស្រួលដូចត្រីក្រោមទឹក។ ដំបូងឡើយ ស៊ីវលូខំប្រឹងអស់ពីសមត្ថភាពដេញតាមគេ ប៉ុន្តែក្រោយមកទៀតគេប្រទះឃើញខ្លួនឯងមិនអាចតាមទាន់គេឡើយ។

សាងលីវហែលបកក្រោយមករកស៊ីវលូ៖

«បើមើលទៅល្បឿនរបស់ឯង ខ្លាចក្រែងតែបីថ្ងៃបីយប់មិនអាចទៅដល់គោលដៅផង!»

ស៊ីវលូអាក់អន់ចិត្ត៖

«ទោះខ្ញុំពូកែហែលទឹកយ៉ាងណា ក៏ខ្ញុំនៅតែជាមនុស្សរស់នៅលើគោក ឯលោកជាសត្វចម្លែកក្បាលប្រាំបួនដែលកើតនៅក្នុងសមុទ្ទ។ ធ្វើម្ដេចអាចប្រៀបធៀបគ្នាបាន?»

«ទីនេះគឺជាដែនដីរបស់អធិរាជស៊ុនទី ពួកយើងទៅតាមផ្លូវសមុទ្ទទើបមិនអាចប្រទះឃើញ»

«ខ្ញុំដឹង»

សាងលីវគ្មានជម្រើសអ្វី ក្រៅពីនិយាយថា៖

«ឯងឡើងខ្នងយើងមក យើងនាំឯងទៅ»

ស៊ីវលូខ្ជឹបមាត់ញញឹម ទប់សំណើច បែបនេះសាងលីវមិនខុសពីយានជំនិះរបស់គេ។ ស្មានដឹងគំនិតរបស់ស៊ីវលូ សាងលីវសម្លក់ទៅស៊ីវលូ និយាយត្រជាក់ល្អូក៖

«ទៅភូមិឈីងសួយវិញ!»

និយាយចប់ក៏បែរក្បាលហែលទៅទិសខាងជើង។ ស៊ីវលូរហ័សឱបខ្លួនប្រាណរបស់គេយ៉ាងណែន ឃាត់គេ៖

«ខ្ញុំសន្យាថាមិនគិតអីផ្ដេសផ្ដាសទៀតទេ!»

ពួកគេទាំងពីរកករឹងក្រញឺត សាងលីបែរក្រោយយឺតៗ ស៊ីវលូលែងដៃចេញ។ សាងលីវសម្លឹងមើលទៅស៊ីវលូ សួរថា៖

«ទៅឬក៏អត់?»

«ទៅ! ទៅ!»

ស៊ីវលូឡើងទៅលើខ្នងរបស់សាងលីវ យកដៃឱបស្មារបស់គេ។ សាងលីវនិយាយថា៖

«យើងនឹងហែលលឿនខ្លាំងណាស់ ឱបឱ្យជាប់!»

ស៊ីវលូចាប់ដៃទាំងពីរចូលគ្នា ឱបយ៉ាងណែនក្រពាត់លើស្មារបស់គេ។ ប៉ុន្តែហាក់ដូចជានៅតែមិនទុកចិត្ត សាងលីវដាក់ដៃម្ខាងលើកដៃរបស់ស៊ីវលូចាប់យ៉ាងណែន រួចក៏ហែលវ៉ូចេញទៅដូចព្រួញបាញ់។

មហាសមុទ្ទប្រៀបដូចជាផ្ទះរបស់សាងលីវ គេគឺជាកូនប្រុសរបស់មហាសមុទ្ទ គេហែលទឹកហែលរលកទៅមុខវ៉ូៗ ខ្លួនប្រាណរហ័សរហួន បត់បែនជាងផ្សោត ខ្លាំងក្លាជាងឆ្លាម រៀងវៃជាងមនុស្សត្រី។ ស៊ីវលូមិនដែលមានអារម្មណ៍ថាមានសេរីភាព និងស្រាលស្រើកដូចជាពេលនេះទេ។ ហែលទឹកនៅក្រោមសមុទ្ទ និងហោះហើរនៅលើមេឃ សេចក្ដីសុខទាំងពីរផ្តល់នូវអារម្មណ៍រំភើបនិងសេរីភាព ប៉ុន្តែក៏មានភាពខុសគ្នាផងដែរ។ ហោះនៅលើមេឃ យើងនឹងហោះហើរទៅតាមអំណាចខ្យល់ ខ្យល់កួចនាំយើងទៅតាម ប៉ុន្តែនៅក្រោមទឹក យើងតស៊ូជំនះអំណាចទឹក គ្រប់ជំហានតស៊ូជំនះរលកវាយ ហែលទៅប្រឈមមុខរលកយក្ស ឆ្លងកាត់រលកសមុទ្ទមួយទៅរលកសមុទ្ទមួយទៀត។ ធ្វើឱ្យយើងមានអារម្មណ៍ថាជំនះជ័យជំនះលើខ្លួនឯង។

ស៊ីវលូមិនអាចបើកភ្នែកបាន គ្រាន់តែឮសំឡេងរលកសមុទ្ទបុកចូលត្រចៀកលាន់ដូចផ្គរលាន់។ ជាច្រើនដង គេស្ទើរតែត្រូវរលកសមុទ្ទកួចទៅ ប៉ុន្តែសាងលីវចាប់កដៃរបស់គេជាប់នៅក្នុងបាតដៃរបស់គេ ស៊ីវលូនៅតែតោងស្អិតនៅលើខ្នងរបស់សាងលីវ។ បន្តិចក្រោយមក ស៊ីវលូមិនខ្វល់អ្វីទៀត គេចាប់ឱបខ្លួនប្រាណសាងលីវយ៉ាងណែនទាំងដៃទាំងពីរទាំងជើង កុំឱ្យល្បឿនដ៏គួរឱ្យភ័យខ្លាចរបស់សាងលីវព្រលែងគេចោល។

មិនដឹងថាកន្លងផុតយូរប៉ុនណា ស៊ីវលូមានអារម្មណ៍ថាសាងលីវហែលយឺតទៅៗ។ ស៊ីវលូបើកភ្នែកឡើង ឃើញហ្វូងត្រីទាំងហ្វូងៗហែលឡោមព័ន្ធនៅជុំវិញពួកគេ។ ត្រីគ្រប់ពណ៌ រាងរៅ ហែលទៅមកសេរី ប្រៀបដូចជាដុំពពកចម្រុះពណ៌តូចៗល្អិតៗហោះហើរនៅលើមេឃ។ ស៊ីវលូលាដៃចេញ ពួកវាមិនខ្លាចអ្វី ប្រហែលជាពួកវាគិតថាពួកគេគឺជាអម្បូរតែមួយជាមួយពួកវាដែរ កូនត្រីហែលរវៃៗកន្ទុយតាមចន្លោះម្រាមដៃរបស់ស៊ីវលូ។

សំឡេងរបស់សាងលីវបន្លឺឡើងនៅក្បែរត្រចៀករបស់គេ៖

«ពួកយើងបានមកដល់ភ្នំទេពប្រាំ ជ័ងស៊ូគួរតែនៅក្បែរៗមិនឆ្ងាយពីទីនេះ ឯងឆាប់អូសទាញដង្កូវពិសបុរាណចូលមកខ្លួនប្រាណរបស់យើងមក៎!»

ស៊ីវលូមានអារម្មណ៍ថាខ្លួនប្រាណរបស់ខ្លួនឯងត្រូវបានជាន់ទ្រលើកឡើងទៅលើដោយហ្វូងត្រី គេអាចកម្រើកដៃជើងបានដោយសេរី។ ស៊ីវលូដកឃ្លោកខ្មៅចេញក្រៅ ខាំម្រាមដៃកណ្តាល សម្រក់ឈាមប៉ុន្មានតំណក់ ប្រឡាក់ឈាមទៅលើឃ្លោកខ្មៅពាក់កណ្តាល រួចហុចឃ្លោកពាក់កណ្តាលក្រហមពាក់កណ្តាលខ្មៅទៅឱ្យសាងលីវ បន្ទាប់មកស៊ីវលូឱ្យសញ្ញាទៅសាងលីវយកតម្រាប់តាមខ្លួន។ ម្រាមដៃរបស់សាងលីវប្រែទៅជាកាំបិតមុតស្រួចអារលើម្រាមដៃកណ្តាលរបស់គេ សម្រក់ឈាមចេញ។ សាងលីវប្រឡាក់ឈាមរបស់គេទៅលើឃ្លោកពាក់កណ្តាលដែលនៅសេសសល់ ហើយរុញវាត្រឡប់ទៅឱ្យស៊ីវលូវិញ។ ស៊ីវលូឱ្យសញ្ញាទៅសាងលីវលើកដៃឈាមហូររបស់គេឡើង ចង្អុលទៅភ្នំទេពប្រាំ បន្ទាប់មកនិយាយថា៖

«បន្ធូរអារម្មណ៍និងសម្រាលកាយ សូមស្ម័គ្រចិត្តរីករាយទទួលស្វាគមន៍ដង្កូវពិសបុរាណចូលមកខ្លួនប្រាណរបស់លោក!»

ស៊ីវលូគៀបឃ្លោកយ៉ាងណែននៅចន្លោះម្រាមដៃរបស់គេ បបូរមាត់សូត្របាលី ដាស់ភ្ញាក់ដង្កូវពិសបុរាណនៅក្នុងខ្លួនរបស់គេ។ ភ្លាមៗនោះ ស៊ីវលូមានអារម្មណ៍ថាបេះដូងរបស់គេលោតញាប់។ ប៉ុន្តែអ្វីដែលចម្លែកនោះ គេថែមទាំងមានអារម្មណ៍ថាដឹងពីបេះដូងលោតញាប់មួយផ្សេងទៀត។ បេះដូងពីរដូចជាមិត្តចាស់បែកយូរចួបគ្នាវិញ ត្រេកអររីករាយ ពុះកញ្ជ្រោល។ ស៊ីវលូភ្ញាក់ផ្អើល ដាក់ដៃថ្នមៗនៅលើដើមទ្រូងរបស់សាងលីវ ប្រាកដណាស់ បេះដូងរបស់គេកំពុងតែលោតញាប់ចង្វាក់។

ស៊ីវលូស្ទើរតែមិនជឿ៖

«ដង្កូវពិសបុរាណផ្ទេរចូលខ្លួនរបស់លោកហើយហ្អេស? ម៉េចក៏លឿនម្ល៉េះ?»

សាងលីវសម្លឹងមើលទៅគេបែបមើលស្រាល៖

«មនុស្សដូចជាឯងរៀនត្រួតត្រាដង្កូវពិសបុរាណផងហ្អេស! ឯងដឹងទេ មនុស្សដែលបង្កើតដង្កូវពិសបុរាណខ្លាំងពូកែបំផុតអាចបញ្ជាពួកវាសម្លាប់មនុស្សនៅចម្ងាយរាប់ម៉ឺនយោជន៍? ឯងស្មានថាដង្កូវពិសបុរាណត្រូវឆ្លងភ្នំកាត់សមុទ្ទ ប្រើល្បឿនយឺតដូចខ្យងស្រែឯងនេះហ្អេស?»

«អូ៎!»

ស៊ីវលូយល់ថាមានអ្វីចម្លែកនៅក្នុងបាតដៃរបស់គេ គេបើកចេញ ឃើញថាឃ្លោកឈាមនៅសុខៗរំលេចពន្លឺពណ៌ចម្រុះជាច្រើន បែកតូចទៅជាអម្បែងពន្លឺព្រិចៗ ភ្លឺភ្លឹបភ្លែតដូចអំពិលអំពែកហោះហើរជុំវិញស៊ីវលូនិងសាងលីវ។ បន្តិចក្រោយមក ពន្លឺអំពិលអំពែកពាក់កណ្តាលប្រមូលផ្តុំនៅក្នុងបាតដៃរបស់ស៊ីវលូ ពាក់កណ្តាលទៀតធ្លាក់ចូលទៅក្នុងបាតដៃរបស់សាងលីវ ហើយក៏រលាយបាត់ទៅ ប្រៀបដូចជាពួកវារលាយផ្សាចូលទៅក្នុងខ្លួនប្រាណរបស់មនុស្សទាំងពីរ។ ស៊ីវលូស្ទាបខ្លួនឯងមុខក្រោយដើម្បីពិនិត្យមើល ប៉ុន្តែរកមិនឃើញស្លាកស្នាមអ្វីឡើយ។

ស៊ីវលូព្រួយបារម្ភនិយាយទៅសាងលីវ៖

«ខ្ញុំមានអារម្មណ៍មិនល្អចំពោះដង្កូវពិសបុរាណនេះ ពួកវាមិនធម្មតាដូចជាខ្ញុំគិតនោះឡើយ»

ស៊ីវលូតាំងចិត្តស្ងប់ ផ្អៀងស្តាប់សូរសំឡេងក្នុងខ្លួនប្រាណ តែនៅតែស្ដាប់មិនឮអ្វីប្លែក គេងាកទៅសួរសាងលីវ៖

«លោកយល់ថាយ៉ាងណាដែរ?»

សាងលីវស្ងប់ស្ងាត់នឹងនរ ងើយមុខមើលទៅលើមេឃ៖

«យល់ថាពួកយើងគួរតែឆាប់រត់!»

អម្បាញ់មិញនេះ សូត្របាលីអូសទាញដង្កូវពិសបុរាណ ស៊ីវលូមិនបិទបាំងដង្ហើមរបស់ខ្លួនឯង ធ្វើឱ្យភ្ញាក់ផ្អើលទៅដល់ទាហានការពារភ្នំទេពប្រាំ។ សាងលីវឱបស៊ីវលូ លោតចូលសមុទ្ទ ហែលទៅលឿនឆ្ងាយដូចផ្លេកបន្ទោរ ចាកចេញពីភ្នំទេពប្រាំ។

ខណៈនោះ ហ្វូងត្រីនៅក្រោមសមុទ្ទបើកផ្លូវជាជួរ ហែរហមស៊ីវលូនិងសាងលីវ ដើម្បីគេចចេញពីការតាមប្រមាញ់របស់ទាហានកៅស៊ីង សាងលីវឱបស៊ីវលូមុជជ្រៅទៅក្រោមបាតសមុទ្ទ រត់គេចចេញដោយស្ងាត់ៗ។ រាល់ពេលដែលស៊ីវលូស្ទើរតែដាច់ខ្យល់ដង្ហើមនោះ សាងលីវនឹងបញ្ចូលខ្យល់ដង្ហើមឱ្យទៅគេ។

ពិភពលោកនៅក្រោមបាតសមុទ្ទស្រស់ត្រកាលជាងនៅលើដីគោក ពូជត្រីដែលមានគ្រប់ពណ៌ សត្វដែលមានរូបរាងចម្លែកនិងពិសេស។ ស៊ីវលូងឿងឆ្ងល់សម្លឹងមើលនៅជុំវិញខ្លួន សង្កេតមើលទៅអ្វីៗគ្រប់យ៉ាង ឯសាងលីវធុញទ្រាន់មិនហៃអើឡើយ។

អម្បូរអាទិទេពចូលចិត្តបង្កើតចង្កៀងគោមធ្វើពីត្បូងម៉ីញជូនិងសារាយសមុទ្ទ។ ស៊ីវលូធ្លាប់ឃើញចង្កៀងគោមព្យួរពិដាននៅក្នុងព្រះរាជវាំងដែលធ្វើពីសារាយសមុទ្ទរាប់មិនអស់ ប៉ុន្តែនេះជាលើកដំបូងដែលគេឃើញសារាយសមុទ្ទរស់។ រូបកាយរបស់វាភ្លឺចាំងឆ្លុះ ភ្លឺភ្លឹបភ្លែត បត់ពត់ទៅជាខ្សែកោង បង្កើតជារូបរាងចង្កៀងគោមធម្មជាតិដ៏ស្រស់ស្អាត។ មិនរើសយកទៅផ្ទះធ្វើជាចង្កៀងលម្អគឺពិតជាស្ដាយសម្រស់ធម្មជាតិរបស់ពួកគេណាស់។

ខ្យងសមុទ្ទដ៏ធំដែលមានបីពណ៌ ក្រហម ស្វាយ និងខៀវ លាយឡំគ្នាដូចប្រាសាទស្រួច។ ស៊ីវលូមិនអាចទប់អារម្មណ៍បាន ក៏លើកដៃគោះសំបកខ្យង ងឿងឆ្ងល់ចង់ដឹងថាសាច់ពោះខ្យងមានរសជាតិយ៉ាងណាន៎…

នៅសុខៗសំឡេងរបស់សាងលីវបន្លឺឡើង៖

«មិនឆ្ងាញ់ទេ!»

នៅខាងក្រោមបាតសមុទ្ទក៏មានវាលស្មៅបៃតងដ៏ធំល្វឹងល្វើយ រុក្ខជាតិសារាយបៃតង ទន់ល្វន់ បក់រវិចៗទៅតាមរលកខ្យល់នីមួយៗ លាតសន្ធឹងគ្មានទីបញ្ចប់។ ស៊ីវលូមានអារម្មណ៏ស្រៀវស្រើប ចាក់ស្កៀប និងស្រួយស្រុត នៅពេលដែលសាងលីវនាំគេហែលទឹកកាត់វាលស្មៅសមុទ្ទ។ ស៊ីវលូបើកភ្នែកធំៗ ឃើញសេះសមុទ្ទទាំងគូៗកំពុងតែហែលសាងសងគ្នាលេងនៅក្រោមបាតសមុទ្ទ។ នៅទីនេះថែមទាំងមានផ្ការាប់មិនអស់ គ្រប់ទម្រង់ និងពណ៌ចម្រុះ។ ស៊ីវលូឃើញផ្កាមួយដែលមើលទៅដូចផ្កាលីលី មានស្រទាប់ផ្កាពណ៌ខៀវ និងបណ្ដូលផ្កាក្រហម។ ស៊ីវលូយកដៃប៉ះទៅលើទងផ្កា រំពេចនោះមានធ្មេញមុតស្រួចតូចៗជាច្រើន លេចឡើងនៅលើផ្កា ហើយកញ្ចប់មាត់បិទទៅវិញ ម្រាមដៃស៊ីវលូស្ទើរតែត្រូវផ្កាខាំដាច់។

ខណៈនោះ ទើបស៊ីវលូដឹងថាផ្កាទាំងអស់នៅទីនេះសុទ្ធតែជាផ្កាស៊ីសាច់ ពួកវាកំពុងតែដាក់អន្ទាក់រង់ចាំត្រីធ្លាក់ចូលសំណាញ់របស់ពួកវា។ ស៊ីវលូសម្លក់ផ្លៀកៗសាងលីវ បន្ទោសគេមិនរំឮកខ្លួន។ សាងលីវច្បិចញញឹម ទាញដៃរបស់ស៊ីវលូប៉ះទៅលើផ្កា “ព្រាយ” នោះតិចៗ។ មិននឹកស្មានថា ម្ដងនេះពួកវាខ្លាចឡើងញ័រ មិនហ៊ានខាំស៊ីវលូទៀត។ ស៊ីវលូសើចសប្បាយហេសហាស់ វាយទងផ្កា សងសឹកវិញ។

ស៊ីវលូដឹងថាពួកគេកំពុងរត់គេចពីការតាមប្រមាញ់របស់ទាហានជើងទឹកនគរកៅស៊ីង ប៉ុន្តែគេមិនមានអារម្មណ៍ថាភ័យខ្លាចឬគ្រោះថ្នាក់អ្វីនោះទេ ព្រោះសាងលីវស្ងប់ស្ងាត់ នឹងថ្លឹង ហាក់ដូចជាពួកគេកំពុងដើរលេងក្រោមបាតសមុទ្ទ។

ពួកគេធ្វើដំណើរនៅក្រោមបាតសមុទ្ទអស់ជាយូរ ស៊ីវលូប៉ាន់ស្មានថាប្រហែលដប់យាម ព្រោះតែគេល្មបលេងទើបមិនតក់ក្រហល់អ្វី។ សាងលីទាញស៊ីវលូឡើងទៅលើផ្ទៃទឹកនៅពេលដែលពួកគេចាកចេញឆ្ងាយពីដែនដីរបស់នគរកៅស៊ីង។ ឥន្រ្ទីយ៍ទទះស្លាបសចំពុះលឿង ហោះហើរមកដល់ សាងលីវទាញស៊ីវលូហក់ឡើងទៅលើខ្នងឥន្រ្ទីយ៍ វិលត្រលប់ទៅភូមិឈីងសួយវិញ។ ស៊ីវលូហត់ផងឃ្លានផង គេឱបកឥន្រ្ទីយ៍ស និយាយទៅសាងលីវ៖

«ខ្ញុំសុំដេកបន្តិចសិន»

និយាយចប់ គេគេងលក់ទាំងងងុយ។ សាងលីវអង្គុយលើខ្នងឥន្រ្ទីយ៍ ក្រឡេកមើលទៅសមុទ្ទពពក ទឹកមុខសោះកក្រោះ មិនរីករាយមិនសោកសៅ។

បន្តិចក្រោយមក គេងាកទៅយឺតៗសម្លឹងមើលស៊ីវលូដែលកំពុងតែដេកលង់លក់ឆ្ញាញ់ គេដាក់ដៃនៅលើដើមទ្រូងខាងឆ្វេងរបស់គេ ជ្រុងបបូរមាត់ច្បិចកោងឡើងបន្តិច ស្នាមញញឹមរបស់គេគឺស្ដួចស្តើងប្រៀបដូចជាផ្សែងអ័ព្ទពពក។

I: Chapter 8

វគ្គ៨៖ កន្លងយូរយ៉ាងនេះ ហេតុអ្វីមិនឃើញវិលត្រលប់

ដង្កូវពិសបុរាណបានផ្ទេរចេញពីខ្លួនរបស់សៀន អស់ក្ដីព្រួយកង្វល់ ស៊ីវលូដេកជាប់ៗគ្នាបីថ្ងៃពេញ។

ទំនេរដៃជើងសុខៗ ស៊ីវលូស្រាប់តែនឹកឃើញ ភ្លេចសួរសាងលីវ រឿងធ្វើឃាតសៀនលើកមុន តើគូដណ្តឹងជីងជាអ្នកធ្វើមែនឬទេ? ហេតុអ្វីនាងជួយសាងលីវសម្លាប់សៀន? ឬមួយគ្រួសារហ្វុងហ្វុងមានទំនាក់ទំនងពិសេសជាមួយកងទ័ពជ្រោងទង់សច្ចៈស៊ឹងនុង? ឬមួយសាងលីវជាអ្នកជួយហ្វុងហ្វុងអ៊ីអ៊ីង? សាងលីវផ្ទាល់ធ្លាប់និយាយថា ពេលទំនេរអផ្សុកគេតែងធ្វើជាឃាតករស៊ីឈ្នួល។

ស៊ីវលូចេះតែគិតអំពីរឿងទាំងនេះជាប់រហូត ធ្វើឱ្យគេហូបមិនឆ្ញាញ់ដេកមិនលក់។ ប៉ុន្មានថ្ងៃក្រោយមក គេគិតយល់ឃើញថា ទោះអ៊ីអ៊ីងជាឃាតករមែនឬអត់មិនសំខាន់ទៀតទេ ព្រោះសៀនបានចាកចេញពីទីនេះទៅហើយ។ លើសពីនេះ គេមិនដឹងពីអាថ៍កំបាំងស៊ីជម្រៅរវាងគ្រួសារធំៗ។ គេគ្រាន់តែចង់បញ្ជាក់រឿងមួយប៉ុណ្ណោះគឺ ជីងមិនចង់សម្លាប់សៀន។

ស៊ីវលូឆាប់រហ័សបំភ្លេចអ្វីៗទាំងឡាយ បន្តរស់នៅជីវិតសេរីភាពស្ងប់សុខរបស់គេ។

នៅពាក់កណ្តាលរដូវក្តៅ អាកាសធាតុក្តៅហែង ស្អុះស្អាប់ពិបាកទ្រាំ ស៊ីវលូបក់ផ្លិតប៉ោងចុះឡើង ញើសហូរជោកអាវ។ ជីងដើរចូលមកដល់តាមច្រកទ្វារក្រោយផ្ទះ ឃើញស៊ីវលូកំពុងដេកលើកៅអីផ្ដេកក្រោមសំយ៉ាបដំបូលផ្ទះ បក់ផ្លិតប៉ោងខ្លាំងៗ ស្រែកថា

«ក្ដៅណាស់! ក្ដៅណាស់!»

ជីងឈានដើរចូលទៅជិត ព្យួរកណ្ដឹងខ្យល់ចរណៃប៉ូលទឹកកកពណ៌ខៀវនៅលើសំយ៉ាបដំបូលផ្ទះ រំពេចនោះចំហាយត្រជាក់សាយភាយជុំវិញ ចំហាយក្ដៅរលាយបាត់។

ស៊ីវលូក្រឡេកមើលទៅកណ្ដឹងខ្យល់ នេះជាសង្គ្រាមរវាងមេឃនិងមនុស្ស ទទួលឬមិនទទួល? លើកមុនសុំពីរម្ដង បើបដិសេធទីបី ឫកធំពេកទេដឹង? ប៉ុន្តែពីរលើកមុនដើម្បីជួយសៀន មិនមែនដើម្បីធុរៈផ្ទាល់ខ្លួន។ បើដើម្បីធុរៈផ្ទាល់ខ្លួន គេមានអារម្មណ៍ថាការសុំនិងការទទួលលើកនេះបែបផ្ទាល់ខ្លួនពេកហើយ។

ជីងអង្គុយចុះ នៅស្ងៀមស្ងាត់សម្លឹងទឹកមុខទើសទាល់របស់ស៊ីវលូ។ ស៊ីវលូងើបពីកៅអី ស្រែកសម្លុតសួរ៖

«ទីនេះគឺភូមិឈីងសួយមិនមែនក្រុងឈីងខូវទេ ហេតុអ្វីលោកមិនទៅវិញ?»

ជីងសម្លឹងស៊ីវលូមិនដាក់តប៖

«ខ្ញុំនៅទីនេះ មិនទៅទីណាទាំងអស់»

ស៊ីវលូច្រឡោតដាល វាយផ្លិតប៉ោងលើខ្លួនជីងផាច់៖

«លោកថាស្ដាប់សម្ដីខ្ញុំនោះអី! អ៊ីចឹងឆាប់ចេញពីទីនេះទៅ ទៅឱ្យឆ្ងាយទៅ កុំនៅរំខានខ្ញុំ! លោកគឺទូសានជីង មិនមែនយៀកស៊ឺឈីទេ!»

ជីងបន្ទាបភ្នែកចុះ បិទបបូរមាត់ជិត។ ស៊ីវលូហួសពីយល់ពីទង្វើសញ្ញាទាំងនេះរបស់ជីង ទើបមិនដាច់ចិត្តស្រែកដាក់គេទៀត ងាកមុខចេញទៅម្ខាង មិនខ្ចីមើលមុខជីង។

បន្តិចក្រោយមក សំឡេងរបស់ជីងបន្លឺឡើង៖

«ល្បងថ្នមៗដៃលាងមុខរបួសលាបថ្នាំឱ្យខ្ញុំ កក់សក់ឱ្យខ្ញុំ បញ្ចុកថ្នាំនិងអាហារឱ្យខ្ញុំ ជូតសម្អាតខ្លួនឱ្យខ្ញុំ។ ល្បងជជែកជាមួយខ្ញុំ ជួយខ្ញុំបំភ្លេចការឈឺចាប់ ល្បងញ៉ោះឱ្យខ្ញុំសើច ជួយខ្ញុំបំភ្លេចភាពអាម៉ាស់ គូសវាស់ផ្ទាំងទេសភាពផ្កាជឺថុងដ៏ស្រស់ស្អាត ជម្រុញលើកទឹកចិត្តដល់ខ្ញុំ ល្បងនិយាយបូរបាច់រឿងឱ្យខ្ញុំស្ដាប់ បំបាត់ភាពឯការបស់ខ្ញុំ។ ល្បងបានព្យាបាលរបួសនៅលើខ្លួនប្រាណនិងបេះដូងរបស់ខ្ញុំ។ ល្បងដឹងទេថា ខ្ញុំស្រេកឃ្លានចង់ធ្វើជាយៀកស៊ឺឈីខ្លាំងប៉ុនណា? ប៉ុន្តែខ្ញុំមិនអាចបដិសេធការពិតនេះ ខ្ញុំគឺទូសានជីង។ ព្រោះចំណុចនេះហើយ ខ្ញុំសែនស្អប់ខ្លួនឯង។ ខ្ញុំដឹងថាល្បងមិនចូលចិត្តទូសានជីង ហេតុនេះខ្ញុំទប់សង្កត់ចិត្តខ្លួនឯងដែលចង់មកចួបល្បងយ៉ាងខ្លាំង។ មិនថាយ៉ាងណាខ្ញុំមិនហ៊ានចាកចេញទៅទីណាឆ្ងាយទេ ល្បងដណ្ដឹងប្រពន្ធឱ្យមុខខ្មូត ផ្សំផ្គុំទៀនអឺជាមួយគ្រាប់អង្កាំ រៀបចំសព្វគ្រប់យ៉ាងឱ្យលោកពូម៉ុក ល្បងរៀបចំត្រៀមខ្លួនទម្លាក់អ្វីៗគ្រប់យ៉ាងចោល បន្តដើរផ្សងព្រេងគ្រប់ទីកន្លែង។ ខ្ញុំខ្លាចថាបើខ្ញុំងាកមុខចេញតែបន្តិច ពេលងាកក្រោយវិញ ខ្ញុំនឹងមិនអាចរកល្បងឃើញទៀត!»

នេះគឺជាលើកដំបូងដែលជីងនិយាយច្រើនយ៉ាងនេះ ដង្ហើមធ្ងន់ទ្រូង។ គេនៅស្ងៀមស្ងាត់សម្លឹងមើលទៅស៊ីវលូ ប៉ុន្តែស៊ីវលូនៅតែមិនព្រមងាកក្រោយមើលទៅគេ។

ជីងក្រោកឈរឡើង ដើរចេញទៅវិញ។

ស៊ីវលូដេកសំកាងជើងលើកៅអីផ្ដេក ភ្លឹកភ្នែកសម្លឹងមើលទៅកណ្ដឹងខ្យល់នៅលើក្បាលរបស់គេ។ តាមពិតស៊ឺឈីស្មានដឹងទុកថា គេរៀបចំត្រៀមខ្លួនចាកចេញទៅ។

មានមនុស្សដើរចូលទៅទីធ្លាក្រោយផ្ទះ ស៊ីវលូយកដៃបិទភ្នែក ធុញថប់ស្រែកគំហក៖

«ខ្ញុំកំពុងដេក! កុំរំខានខ្ញុំ!»

មនុស្សម្នាក់នោះមិននិយាយស្ដី គ្រាន់តែអង្គុយចុះនៅក្បែរគេ ស្ងៀមស្ងាត់ដូចឥតស្ថិតស្ថេរ។ បើមានក្លិនប្រអូបឫសថ្នាំ ស៊ីវលូមុខជាគិតថាជីងវិលត្រលប់មកវិញ។ ស៊ីវលូដកម្រាមដៃចេញបន្តិច លួចបញ្ឆិតភ្នែកមើលហើយក៏បើកភ្នែកធំៗឡើងយ៉ាងភ្ញាក់ផ្អើល។ គេលោតកញ្ឆោលឡើងភិតភ័យស្លន់ស្លោរ មនុស្សម្នាក់នោះគឺសៀន។

ស៊ីវលូនិយាយទាំងរដាក់រដុប៖

«លោក… លោក… ហេតុអ្វីលោកនៅទីនេះ? ខ្ញុំ… ខ្ញុំបានបន្សាបពិសឱ្យលោកហើយ លោកប្រាកដជាទទួលអារម្មណ៍ដឹង បើលោកមិនជឿ ចាំខ្ញុំធ្វើឱ្យខ្លួនឯងឈឺបញ្ជាក់មើល!»

និយាយចប់ ស៊ីវលូចង់រត់ទៅរករបស់អ្វីមួយចាក់សាច់ខ្លួនឯង។ សៀនចាប់ឃាត់ដៃគេ ញញឹមនិយាយថា៖

«យើងដឹងថាដង្កូវពិសបុរាណនៅក្នុងខ្លួនបានផ្ទេរចេញ យើងមកទីនេះគឺដើម្បីរឿងផ្សេងទៀត»

មានភាគបន្ត…

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*