រឿង៖ និរន្តរ៍អាល័យ (ភាក១៣)

«រឿងផ្សេងទៀតហ្អេស?»

«លោកគ្រូរបស់យើងចង់ចួបល្បង»

ស៊ីវលូតក់ស្លុតញ័រដៃញ័រជើង នៅតែបង្ខំចិត្តសើចឡើង៖

«ហេតុអ្វីលោកគ្រូរបស់លោកចង់ចួបខ្ញុំ? គាត់ចង់ចួបខ្ញុំ ខ្ញុំត្រូវតែទៅចួបគាត់ហ្អេស?»

សៀនក្រោកឈរឡើង និយាយក្ដែងៗ៖

«យើងមានឈ្មោះថា សានយានជ័ងស៊ូ ព្រះរាជនត្តាច្បងរបស់អធិរាជហ័ងទីសានយាន! លោកគ្រូរបស់យើងគឺអធិរាជស៊ុនទីកៅស៊ីង!»

ស៊ីវលូមិនដឹងថាខ្លួនឯងគួរមានប្រតិកម្មយ៉ាងណា មានតែចំហមាត់ធ្លុងយ៉ាងភ្ញាក់ផ្អើល ស្រឡាំងកាំង៖

«សុទ្ធតែជាកំពូលឈ្មោះមានអំណាចចេស្ដា! ប៉ុន្តែខ្ញុំជាមនុស្សភូមិឈីងសួយ មិនមែនរាស្ត្រនគរសានយានឬបរិវារនគរកៅស៊ីងឡើយ!»

សៀននិយាយបន្ត៖

«នៅពេលដែលសម្រាកព្យាបាលរបួសនៅល្អាងថាងជូ លោកគ្រូបានមកសួរសុខទុក្ខយើង យើងបាននិយាយប្រាប់លោកគ្រូរឿងមួយចំនួនអំពីល្បង។ យើងមិនដឹងច្បាស់ថា ហេតុអ្វីលោកគ្រូយកចិត្តទុកដាក់លើល្បង លោកគ្រូបានឱ្យយើងនិយាយលម្អិតរឿងរ៉ាវទាំងអស់រវាងពួកយើងទាំងពីរនាក់។ ស្ដាប់រួច លោកគ្រូនិយាយថាចង់ចួបល្បង ហើយថែមទាំងបញ្ជាយើងមកផ្ទាល់ចួបល្បង នាំល្បងទៅនគរកៅស៊ីងចួបទ្រង់!»

ស៊ីវលូបដិសេធ៖

«ខ្ញុំមិនទៅ!»

សៀនដកដង្ហើមធំ៖

«នេះជារាជបញ្ជាកោះហៅចូលគាល់របស់អធិរាជស៊ុនទី ល្បងមិនអាចល្មើសរាជបញ្ជាបានទេ! ស៊ីវលូ កុំធ្វើឱ្យយើងពិបាកអី យើងមិនចង់ប្រើកម្លាំងបាយដាក់ល្បងទេ!»

ស៊ីវលូបន្ទាបសំឡេងចុះ សើចខិលខូច៖

«ណ្ហើយចុះ ខ្ញុំទៅនគរកៅស៊ីងជាមួយលោក តែសូមលោកទុកពេលឱ្យខ្ញុំកន្លះថ្ងៃរៀបចំបង្វេច លាបងប្អូនញាតិមិត្តនិងមនុស្សនៅក្នុងផ្ទះ!»

សៀនស្ទាក់ស្ទើរ គេយល់ពីល្បិចកំហូចពីកំណើតរបស់ស៊ីវលូ។ លើសពីនេះ មនុស្សជាច្រើននៅភូមិឈីងសួយនេះបានដឹងពីសាវតាពិតរបស់គេ ជាហេតុគេមិនអាចនៅដំអក់យូរឡើយ។

ស៊ីវលូអង្វរករ៖

«ខ្ញុំជួយជីវិតលោកពីរដងណា៎! ព្រះបុត្រាសានយាន ធ្វើចំពោះអ្នកមានគុណបែបនេះហ្អេស?»

សៀនក៏មិនចាញ់ប្រៀបដែរ គេញញឹមនិយាយបកវិញ៖

«លើកទីមួយល្បងមានឈ្មោះជួយជីវិតយើង ប៉ុន្តែរឿងរ៉ាវស៊ីជម្រៅគឺព្រោះតែល្បងជួយសាងលីវដាក់អន្ទាក់យើង យើងមិនបានដេញដោលទោសពៃរ៍ឡើយ។ បើល្បងមិនផ្ទេរដង្កូវពិសបុរាណចូលខ្លួនយើង យើងក៏មិនត្រូវការល្បងជួយជីវិតយើងជាលើកទីពីរដែរ។ អានានគឺជាព្រះនាងកៅស៊ីង ល្បងបែរជាថ្លើមធំធ្វើបាបនាងម្តងហើយម្តងទៀត។ នាងស្អប់គុំកួនចង់សម្លាប់ល្បង យើងការពារល្បងជានិច្ច។ លើកនេះល្បងទៅនគរកៅស៊ីង មិនខុសពីប្រគល់ជីវិតឱ្យអានាន តើល្បងមិនត្រូវការខ្ញុំជួយទេ? រវាងពួកយើងទាំងពីរ អ្នកណាជំពាក់អ្នកណា ពិបាកនិយាយណាស់!»

ស៊ីវលីញញឹមទាំងលំបាក៖

«បើខ្ញុំមិនទៅនគរកៅស៊ីង ចាំបាច់អ្វីត្រូវការលោកជួយ»

សៀននិយាយគ្រោតគ្រាត៖

«ពីស្មារនេះដល់យប់ងងឹតនៅសល់ពីរយាម យើងទុកពេលឱ្យល្បងរៀបចំបង្វេច លាបងប្អូនញាតិមិត្តនិងញាតិសន្ដាន បន្ទាប់មកចេញដំណើរទៅជាមួយយើង ប៉ុន្តែបើល្បងលេងល្បិច…»

សៀនគ្រវាសដៃ ចុងដៃអាវរលាស់ឡើង កៅអីផ្ដេកបាក់បែកខ្ទេច ស៊ីវលូដួលអុកគូទចុះដី។ ពីមុនសៀនតែងតែដោះស្រាយអ្វីៗគ្រប់យ៉ាងនៅភូមិឈីងសួយតាមវិធីរបស់សៀន មិនថាអ្នកដទៃដឹងពីសាវតាពិតរបស់គេឬអត់។ ប៉ុន្តែលើកនេះ គេគឺជ័ងស៊ូ ព្រះបុត្រាសានយាន។

ស៊ីវលូភ្ញាក់ផ្អើលភ័យស្លាំងមុខសម្លឹងមើលទៅជ័ងស៊ូ។ ជ័ងស៊ូឈរនៅទីនោះ ដៃបត់ទៅក្រោយខ្នង កែវភ្នែកនិងឫកពារបស់គេបង្ហាញពីអំណាចជនថ្នាក់ខ្ពស់។ មួយរំពេចនោះ ស៊ីវលូមានអារម្មណ៍ធូរស្រាលអំណរចិត្ត។ ពេលខ្លះគេបើកចំហរ ងាយជិត រីឯពេលខ្លះគេត្រៀមខ្លួនប្រែក្លាយជាឈាមត្រជាក់និងដាច់មេត្តា។ លុះត្រាតែបែបនេះ ទើបគេអាចមានសុវត្ថិភាពនិងសុខសាន្តឈរនៅលើតំណែងរបស់គេ។ ស៊ីវលូត្រដាប់ត្រដួលក្រោកឈរឡើង ទៅកាន់បន្ទប់រៀបចំបង្វេច បេះដូងក្ដៅឆេះទ្រុល មិនថាយ៉ាងណាគេមិនអាចទៅចួបអធិរាជស៊ុនទីទេ។ គេអាចរំលងកាត់មុខជ័ងស៊ូ ប៉ុន្តែប្រាកដជាមិនអាចរំលងកាត់មុខអធិរាជស៊ុនទីឡើយ។

ប៉ុន្តែ… តើធ្វើម្ដេចរត់គេចទៅ? ជ័ងស៊ូមកទទួលស៊ីវលូ ក្នុងឋានៈពិតរបស់គេ នោះប្រាកដជាមានសេនាអង្គរក្សជាច្រើនមកជាមួយ។ គេទទួលបញ្ជារបស់អធិរាជស៊ុនទី គេពេលណាក៏អាចបញ្ជាកងទ័ពកៅស៊ីងដែលការពារព្រំដែនភាគខាងត្បូងមក។ បើអាសន្នខ្លាំង នៅក្នុងនាមជាព្រះបុត្រាសានយាន គេអាចដកជំនួយពីកងទ័ពសានយានដែលការពារព្រំដែនភាគពាយ័ព្យភូមិឈីងសួយមក។ ដ្បិតស៊ីវលូអាចប្រែកាឡាផ្លាស់ប្ដូររូបរាង ប៉ុន្តែចាប់ពីពេលនេះតទៅ គ្រប់ទង្វើនិងសកម្មភាពរបស់ស៊ីវលូនឹងស្ថិតនៅក្រោមការតាមប្រមាញ់ដេញចាប់យ៉ាងតឹងរ៉ឹងរបស់ពួកបណ្ដាកំពូលសេនាអាទិទេព បើគ្មានមនុស្សជួយគេបង្វែរដាន ទោះផ្លាស់ប្ដូររូបរាងថ្មីក៏គេនៅតែរត់គេចមិនរួចដែរ។

បន្ទាប់ពីគិតគូរយ៉ាងល្អិតល្អន់ ស៊ីវលូយល់ច្បាស់ថាគេតែម្នាក់ឯងមិនអាចរត់គេចខ្លួនបាន។ ខណៈពេលនេះ គេពិតជាត្រូវការសាងលីវខ្លាំងណាស់ មានតែសាងលីវទើបមិនខ្លាចកងទ័ពសានយាននិងកងទ័ពកៅស៊ីង។ មានតែលាក់ពួននៅក្នុងតំបន់មូលដ្ឋានកងទ័ពជ្រោងទង់សច្ចៈស៊ឹងនុង ទើបអាចរត់គេចពីជ័ងស៊ូបាន។ ប៉ុន្តែចាប់តាំងពីដំណើរទៅនគរកៅស៊ីងនោះមក ស៊ីវលូមិនឃើញមុខសាងលីវទៀតទាល់តែសោះ។ ស្ថានភាពបន្ទាន់គ្មានមធ្យោបាយណាអាចសុំជំនួយពីសាងលីវ។

មនុស្សតែម្នាក់គត់ដែលអាចជួយគេបាននាពេលនេះគឺទូសានជីង។ គ្រួសារទូសានធ្វើជំនួញជួញដូរទូទាំងវាលរហោឋានលោកិយ តែងតែដឹកទំនិញនិងសម្ភារផ្គត់ផ្គង់ទៅដល់កងទ័ពជ្រោងទង់សច្ចៈស៊ឹងនុង។ ស៊ីវលូជឿជាក់ថាពួកគេនឹងមានច្រកផ្លូវក្រោមដីសម្ងាត់ណាមួយដើម្បីចេញចូលភូមិឈីងសួយ។ មិនថាយ៉ាងណាស្ថានភាពពេលនេះគឺ៖ អធិរាជកៅស៊ីងនិងព្រះបុត្រាសានយានចង់នាំគេទៅ បើទូសានជីងជួយគេ មានន័យថាប្រឆាំងជាមួយនគរកៅស៊ីងនិងនគរសានយាន ដែលស្មើនឹងក្លាយជាសត្រូវរបស់ក្រោមមេឃទាំងមូល។ តើទូសានជីងស្ម័គ្រចិត្តប្រឆាំងនឹងអធិរាជស៊ុនទីនិងអធិរាជហ័ងទីដើម្បីជួយវិនស៊ីវលូដែរឬទេ?

គំនិតមួយនោះលេចឡើងបំផុសក្នុងដួងចិត្តខ្លាំងក្លាដល់ថ្នាក់ធ្វើឱ្យស៊ីវលូភ្លេចគោលបំណងដែលចង់រត់គេចខ្លួន។ គេពិតជាចង់ដឹងយ៉ាងមុតមាំថា តើជីងនឹងជ្រើសរើសគេឬក្រោមមេឃនេះ? ស៊ីវលូងើយមុខសម្លឹងដណ្ដឹងខ្យល់ចរណៃប៉ូលទឹកកកដែលបក់រំភើយនៅក្រោមសំយ៉ាបដំបូលផ្ទះ បបូរមាត់ច្បិតកោងឡើង គឺងាយស្រួលទេ សាកមើលនឹងដឹង!

ស៊ីវលូដើរចេញទៅបញ្ជរលក់ថ្នាំ គ្មានអ្នកជំងឺ ទៀនអឺកំពុងតែរៀបចំថ្លឹងថ្នាំវេចខ្ចប់ទុកដាក់ទៅក្នុងកេះថ្នាំ។ ស៊ីវលូនិយាយទៅកាន់ទៀនអឺ៖

«ខ្ញុំប្រគល់ហួយឈុនថាងឱ្យទៅនាង បើលោកពូម៉ុកពិបាកចិត្ត ជួយលួងលោមគាត់។ ចួបនិងបែកជាវាសនា ពេលវេលាត្បិតខ្លី តែពេញចិត្តស្ដប់ស្កល់!»

ទៀនអឺរលីងរលោងទឹកភ្នែក លុតជង្គង់ចុះយឺតៗ ក្រាបថ្វាយបង្គំស៊ីវលូ។ ស៊ីវលូឈ្លីក្បាលនាងថ្នមៗ៖

«មើលថែលោកពូម៉ុកឱ្យល្អ នាងជាមនុស្សឆ្លាត អត់ទ្រាំតមតឱ្យឈុនតៅបន្ដិច។ ជីវិតមនុស្សពោរពេញទៅដោយបន្លា មុខខ្មូតនិងឈុនតៅមានតែគ្រាប់អង្កាំនិងនាងជាទីពឹងពាក់ នាងនិងគ្រាប់អង្កាំក៏មានតែពួកគេជាទីពឹងពាក់!»

ស៊ីវលូបែរក្រោយ បោះជំហានដើរទៅ ចាកចេញពីហួយឈុនថាង។ ទោះរត់គេចជោគជ័យឬអត់ គេក៏មិនអាចវិលមកវិញទៀតដែរ។ ជាងម្ភៃឆ្នាំរួមរស់សុខទុក្ខនៅជាមួយគ្នា ឥឡូវនេះគេត្រូវចាកចេញ អាចប្រហែលជាការចួបជុំគ្នាលើកក្រោយនឹងនៅចំពោះមុខផ្នូររបស់មុខខ្មូតនិងគ្រាប់អង្កាំ។

ស៊ីវលូដើរនៅលើគន្លងផ្លូវដ៏វែង សួស្ដីតាមផ្ទះអ្នកភូមិនីមួយៗ។ មិត្តភាពអ្នកភូមិរាប់អានជាងម្ភៃឆ្នាំ បងប្អូនអ្នកភូមិគ្រប់គ្នាសុទ្ធតែញញឹមពេលឃើញគេ។

មានមនុស្សម្នាក់ស្រែកហៅ៖

«ល្បងលូ នំដុតចេញពីឡថ្មីៗក្ដៅៗ សាកមើលបន្តិចទៅ!»

មានមនុស្សដទៃទៀតស្រែកហៅ៖

«ល្បងលូ អរគុណថ្នាំឈឺក្បាលលើកមុន!»

ស៊ីវលូញញឹមឆ្លើយតបទៅម្ដងម្នាក់ៗ រាប់សិបឆ្នាំក្រោយតទៅមុខ វិលមកផ្លូវនេះវិញ ទិដ្ឋភាពនៅតែដូចដើម តែនឹងគ្មានមនុស្សសួរនាំគេទៀតឡើយ។

ស៊ីវលូទៅកាន់ភូមិគ្រឹះរបស់ជីង មិនចូលតាមទ្វារធំ ផ្លោះជញ្ជាំងលោតចូលតាមទ្វារក្រោយដែលឈីងយៀកនាំផ្លូវគេលើកមុន។ សេនាអង្គរក្សសម្រុកចេញស្កាត់ផ្លូវ ស៊ីវលូរហ័សនិយាយថា៖

«ខ្ញុំគឺវិនស៊ីវលូ លើកមុនអ្នកនាងឈីងយៀកនាំផ្លូវខ្ញុំចូលតាមទីនេះ ខ្ញុំចង់ចួបអ្នកប្រុសជីង»

សេនាអង្គរក្សសម្លឹងមុខគ្នា មិនហ៊ានចេញដៃ គ្រាន់តែសម្លឹងមាំទៅស៊ីវលូ អង្គរក្សម្នាក់ក្នុងចំណោមនោះរហ័សរត់ចូលទៅរាយការណ៍។ បន្តិចក្រោយមក ឈីងយៀកបង្ហាញខ្លួនមកជាមួយទឹកមុខសម្លឹងសម្លក់ មិនពេញចិត្តមិនពេញថ្លើម ដូចជាចង់ចង្អុលមុខស្តីថា៖ គឺឯងទៀតហើយហ្អេស!

ស៊ីវលូសើចហីៗ និយាយថា៖

«សុំទោសដែលរំខាន ខ្ញុំចង់ចួបអ្នកប្រុសគ្រួសារនាង»

ឈីងយៀកសម្លក់ស៊ីវលូ គ្រវាសដៃឱ្យសញ្ញាសេនាអង្គរក្សដកថយ បែរក្រោយដើរទៅ។ ស៊ីវលូរហ័សដើរទៅតាមពីក្រោយ។

សួនផ្កានៅតែពោរពេញទៅដោយផ្កាចម្រុះដូចឆ្នាំមុន ផ្កាម្លិះ ផ្កាឡាង ផ្កាគួយហួរ ផ្កាអ៊ីងអ៊ីង ផ្កាជឺថុង… នៅក្រោមសំយ៉ាបដំបូលនៅតែព្យួរកណ្ដឹងខ្យល់ចរណៃប៉ូលទឹកកកគ្រប់ពណ៌ ខ្យល់ត្រជាក់បក់ល្វើយៗ សាយភាយក្លិនក្រអូបពេញសួនផ្កា ជ្រៀតស្រូបពេញកាយា។ ឈីងយៀកនាំស៊ីវលូដើរឆ្លងកាត់សួនផ្កា ឆ្ពោះទៅកាន់បន្ទប់សិក្សា។ ជីងអង្គុយនៅតុធំ មានមនុស្សពីរនាក់លុតជង្គង់លើដី រាយការណ៍ពីស្ថានភាព ពួកគេកំពុងនិយាយអំពីអ្វីមួយ៖ ចាប់ពីពេលនេះតទៅ ពួកគេមិនអាចបន្តអត់ឱនឱ្យអ្នកប្រុសហាវទៀតឡើយ។

ឈីងយៀកឈប់ជើងឆ្កឹង ស៊ីវលូដកជើងថយទៅក្រោយខ្នងនាង ដើតទៅរកសួនផ្កា ឱនក្បាលមើលផ្កា។ ពេលសំឡេងក្នុងបន្ទប់ផ្អាកជាបណ្ដោះអាសន្ន ឈីងយៀកដើរចូលទៅរាយការណ៍ មនុស្សដទៃទៀតក៏នាំគ្នាស្រូតរូតដើរចេញមកក្រៅ។

ជីងដើរចូលទៅជិតស៊ីវលូ៖

«មានរឿងអ្វី?»

ស៊ីវលូញញឹមទាំងលំបាក តាមពិតជីងក៏ដឹងថាស៊ីវលូមិនមករកគេឥតរឿងឡើយ។ ស៊ីវលូងាកក្រោយ និយាយថា៖

«ព្រះបុត្រាជ័ងស៊ូសានយានកំពុងនៅទីធ្លាក្រោយហួយឈុនថាងរង់ចាំខ្ញុំ គេនិយាយថាអធិរាជស៊ុនទីកៅស៊ីងចង់ចួបខ្ញុំ»

ជីងនឹងនរនិយាយថា៖

«ខ្ញុំនឹងរួមដំណើរទៅនគរកៅស៊ីងជាមួយល្បង អធិរាជស៊ុនទីជាស្ដេចដឹកនាំឆ្លាតវៃ ប្រហែលជាមិនបង្កលំបាកដល់ល្បងទេ»

«ទ្រង់ជាស្ដេចដឹកនាំឆ្លាតវៃឬអត់ពាក់ព័ន្ធអីនឹងខ្ញុំ? ខ្ញុំមិនចង់ចួបទ្រង់ទេ!»

«ល្បងចង់រត់?»

ស៊ីវលូញញឹមតិចៗដាក់ជីង៖

«មែនហើយ ខ្ញុំចង់រត់គេច»

«គ្រោះថ្នាក់ណាស់»

ស៊ីវលូងក់ក្បាល ញញឹមពព្រាយថា៖

«ប្រាកដហើយ! បើមិនគ្រោះថ្នាក់ខ្ញុំមករកលោកធ្វើអី! គ្រួសារទូសានប្រាកដជាមានច្រកផ្លូវក្រោមដីសម្ងាត់ចាកចេញពីភូមិឈីងសួយ ខ្ញុំមករកលោកជួយខ្ញុំរត់គេច!»

«បាន!»

ស៊ីវលូដាច់ស្នាមញញឹម សម្លឹងមើលជីងម៉ក់ៗ៖

«រត់គេចគឺប្រឆាំងនឹងរាជបញ្ជា ប្រឆាំងនឹងអធិរាជស៊ុនទី ជ័ងស៊ូនឹងបញ្ជាកម្លាំងទាហានដេញចាប់។ បើរឹងទទឹងប្រឆាំង នឹងត្រូវសម្លាប់ចោល ពួកយើងនឹងប្រឈមមុខការលំបាកជាច្រើន ឧបសគ្គគ្រោះថ្នាក់នៅតាមផ្លូវ។ ទោះសំណាងល្អរត់គេចផុត លោកនឹងក្លាយជាអ្នកទោសសជាតិពីរនគរទាំងសានយាននិងកៅស៊ីង!»

ជីងចាប់កាន់ដៃស៊ីវលូ ទាញទៅបន្ទប់សៀវភៅ ងាកទៅបញ្ជាឈីងយៀក៖

«ឆាប់រៀបចំបង្វេចឱ្យយើង យើងនឹងនាំស៊ីវលូចាកចេញពីភូមិឈីងសួយ»

ប្រហែលជាឈីងយៀកបានស្ដាប់ឮការសន្ទនារវាងស៊ីវលូនិងជីង នាងសម្លឹងមើលទៅស៊ីវលូដោយកែវភ្នែកក្ដៅឆេះ សម្រួលដង្ហើមដកឱ្យវែង ទប់សង្កត់កំហឹងរបស់នាង ទើបបែរមកនិយាយទៅកាន់ជីង៖

«អ្នកប្រុសមិនគួរផ្សងគ្រោះថ្នាក់យ៉ាងនេះឡើយ ខ្ញុំនឹងដឹកនាំសេនាអង្គរក្សខ្លាំងពូកែមួយក្រុមជូនដំណើរផ្លូវលោកលូ ខ្ញុំសុំយកជីវិតមកធានាថានឹងនាំលោកលូចាកចេញទៅដោយសុវត្ថិភាព!»

ជីងចិត្តថ្លាត្រជាក់ រឭកម្ដងទៀត៖

«ឆាប់រៀបចំបង្វេចឱ្យយើងនិងស៊ីវលូ»

ឈីងយៀកដឹងថាមិនអាចផ្លាស់ប្ដូរការសម្រេចចិត្តរបស់ជីងបាន ទើបមិនហ៊ានហាមឃាត់ទៀត មានតែបែរក្រោយទៅរៀបចំបង្វេច។

ឈីងយៀកយកសម្លៀកបំពាក់ពីរសម្រាប់មក ស៊ីវលូឈរនៅពីក្រោយរនាបវាំងននផ្លាស់ប្តូរសម្លៀកបំពាក់។ ឈីងយៀកជួយសិតសក់ឱ្យគេ ព្យួរថង់ក្រអូបនិងកាំបិតខ្លីមួយដើមនៅលើខ្សែក្រវាត់ចង្កេះរបស់គេ គេមើលទៅដូចអ្នកការពារទំនិញអាជីពម្នាក់។ ជីងក៏ស្លៀកពាក់មិនខុសពីស៊ីវលូដែរ។ ឈីងយៀកយកប្រអប់គុជមួយបើកចេញមកក្រៅ នៅខាងក្នុងមានរូបស្មូនរោមរលាក់ពីរ ហាក់ដូចជាធ្វើពីស្បែកសត្វនិងរោមសត្វអ្វីមួយ។

ស៊ីវលូងឿងឆ្ងល់ចង់ប៉ះវា ឈីងយៀកទះដៃគេ ខឹងចិត្តថា៖

«រូបស្មូននេះធ្វើពីកន្ទុយរបស់ព្រាយកញ្ជ្រោងកន្ទុយប្រាំបួនដែលមានអាយុកាលរាប់ម៉ឺនឆ្នាំ កម្រមានណាស់! កញ្ជ្រោងកន្ទុយប្រាំបួនគឺជាសត្វដែលខ្លាំងពូកែប្រែរូបរាងបំផុតនៅលើលោកនេះ កន្ទុយរបស់វាជាកន្លែងប្រមូលផ្តុំមហិទ្ធិឫទ្ធិទាំងឡាយ ហេតុនេះកន្ទុយកញ្ជ្រោងទាំងពីរនេះផ្ទុកកម្លាំងមហិទ្ធិឫទ្ធិដែលបានប្រមូលផ្តុំអស់រាប់ម៉ឺនឆ្នាំ។ ប្រើពួកវាបង្កើតរូបស្មូនប្រែកាឡារូបរាងមនុស្ស សូម្បីបិតាចក្រវាលហ្វូស៊ីចាប់បដិសន្ធិឡើងវិញក៏ពិបាកក្នុងការបែងចែកពិតនិងក្លែងក្លាយ!»

[នៅក្នុងព្រេងនិទានទេវកថា ហ្វូស៊ី គឺជាព្រះស្វាមីរបស់ព្រះម៉ែនីវ៉ា ពួកគេជាអ្នកបង្កើតមេឃនិងដី។]

ជីងចាក់ម្រាមដៃកណ្ដាលចេញឈាមបន្តិច សម្រក់នៅលើទ្រូងរបស់រូបស្មូន រូបស្មូនប្រែជារូបរាងមនុស្សដូចជីងបេះបិត ទាំងកម្ពស់និងរាងរៅ។ រូបស្មូនជីងហុចរូបស្មូនមួយទៀតឱ្យទៅស៊ីវលូ និយាយស្រទន់៖

«ល្បងសម្រក់ឈាមខ្លួនឯងនៅលើរូបស្មូននេះទៅ»

បើស៊ីវលីមិនឃើញដោយផ្ទាល់ភ្នែកទិដ្ឋភាពប្រែកាឡាអម្បាញ់មិញនេះទេ គេនឹងយល់ច្រឡំថាមនុស្សដែលឈរនៅក្បែរគេនេះគឺជីងពិតប្រាកដ ឯមនុស្សដែលអង្គុយនៅតុគឺជីងក្លែងក្លាយ។ ស៊ីវលូសម្រក់ឈាមនៅលើរូបស្មូនមួយទៀត រូបស្មូននោះប្រែជារូបរាងមនុស្សកម្ពស់ទាបដូចស៊ីវលូ មាឌតូចស្គមដូចស៊ីវលូ ប៉ុន្តែបែរជាគ្មានមុខមាត់។

ឈីងយៀកភ្ញាក់ផ្អើលយ៉ាងខ្លាំងស្រែកថា៖

«ម៉េច… ម៉េចក៏អ៊ីចឹង? រូបស្មូននេះគឺជាវត្ថុកេរដំណែលដូនតារបស់គ្រួសារទូសាន តាំងពីដើមមកមិនដែលធ្លោះធ្លោយឡើយ!»

ស៊ីវលូច្របូកច្របល់ សើចបង្ខំ៖

«ប្រហែលជាមុខមាត់ខ្ញុំធម្មតាពេកទើបរូបស្មូននេះប្រែកាឡាមិនចេញ»

ជីងក្រោកឈរឡើង ដាក់ដៃនៅលើផ្ទៃមុខរូបស្មូន ម្រាមដៃអូសតិចៗពីត្រង់ថ្ងាសចុះទៅក្រោមយឺតៗ មុខមាត់របស់រូបស្មូនប្រែកាឡាទៅតាមម្រាមដៃរបស់ជីង ប្រែជាមុខមាត់ដូចស៊ីវលូបេះបិត។ ស៊ីវលូហាក់ទម្លាក់បន្ទុកដ៏ធ្ងន់ចុះ សើចត្រេកអររីករាយ៖

«ប្រសើរណាស់ៗ! ប្រែកាឡាចេញហើយ»

រូបស្មូនក៏សើចត្រេកអររីករាយ បញ្ចេញសំឡេងដូចស៊ីវលូបេះបិត៖

«សូម្បីតែខ្លួនឯងក៏មិនដឹងមុខមាត់ពិតប្រាកដខ្លួនឯងផង នៅបន្ទោសថាខ្ញុំមហិទ្ធិឫទ្ធិអន់ទៀត»

ស៊ីវលូប្ដូរទឹកមុខ សម្លក់គំរាម៖

«ឯងគ្រាន់តែជាខ្មោចកញ្ជ្រោងស្លាប់រាប់ម៉ឺនឆ្នាំមុន កុំក្អេងក្អាងពេក! ប្រយ័ត្នខ្ញុំយកភ្លើងដុតឯងចោលណា៎!»

រូបស្មូនស៊ីវលូខឹងង៉ក់ងរដើរទៅជិតរូបស្មូនជីង។ ជីងក្លែងក្លាយអង្អែលខ្នងលួងលោមស៊ីវលូក្លែងក្លាយ។

ស៊ីវលូបើកភ្នែកធំៗភ្ញាក់ផ្អើល។ ឈីងយៀកបានចិត្ត៖

«រូបស្មូនចេះខឹងង៉ក់ងរបែបនេះទើបកម្រ ធ្វើឱ្យមនុស្សពិបាកបែងចែកដាច់ពិតឬក្លែងក្លាយ»

ស៊ីវលូសុំសរសើរ សួរជីង៖

«ផែនការរបស់លោកជាអ្វី?»

«ទុកឱ្យពួកគេក្លែងបន្លំធ្វើជាអ្នកបម្រើទៅតាមរទេះដឹកទំនិញគ្រួសារទូសានធ្វើដំណើរចេញតាមច្រកផ្លូវក្រោមដីសម្ងាត់។ ថ្ងៃនេះមានក្រុមរទេះដឹកទំនិញឈ្មួញដទៃមួយក្រុមផ្សេងទៀតត្រៀមចេញពីភូមិនេះ ពួកយើងនឹងប្រែកាឡារូបរាងក្លែងបន្លំធ្វើជាអ្នកការពារទំនិញ ដឹកជញ្ជូនទំនិញចាកចេញពីនេះ។»

ឈីងយៀកជំទាស់៖

«ធ្វើបែបនេះគ្រោះថ្នាក់ខ្លាំងណាស់ បើប្រទះឃើញថាអ្នកទាំងពីរចាកចេញពីភូមិនេះ ព្រះបុត្រាជ័ងស៊ូនឹងស្កាត់ផ្លូវត្រួតពិនិត្យ កំពូលសេនាអាទិទេពមហិទ្ធិឫទ្ធិខ្លាំងពូកែ នឹងងាយមើលដឹងមុខមាត់ក្លែងបន្លំរបស់អ្នកទាំងពីរដោយវត្ថុទិព្វ។ ត្បិតមហិទ្ធិឫទ្ធិរបស់អ្នកប្រុសបានស្ដារឡើងវិញទាំងស្រុង ប៉ុន្តែយុទ្ធសីល្ប៍វាយប្រយុទ្ធខ្លាចក្រែងមិនអាចយកឈ្នះទេ!»

ជីងងាកទៅចេញបញ្ជា៖

«នាំពួកគេទៅផ្លាស់ប្ដូរសម្លៀកបំពាក់»

ឈីងយៀកមិនហ៊ានប្រឆាំងនឹងបញ្ជា៖

«ចាស៎»

បន្ទាប់មក នាំមនុស្សក្លែងក្លាយទាំងពីរចេញទៅ។

ជីងឈានដើរចូលទៅចំពោះមុខស៊ីវលូ សួរថា៖

«មុខមាត់នេះរបស់ល្បងអាចឆ្លងកាត់ការត្រួតពិនិត្យទេ?»

ស៊ីវលូស្ទាក់ស្ទើរបន្តិច គេសន្សឹមៗងក់ក្បាលចុះ។ ជីងញញឹមស្រទន់។

បេះដូងលោតញាប់ដឹបដាក់ ស៊ីវលូត្រសៀកៗសួរថា៖

«លោក… តាំងពីយូរ… ដឹងថាខ្ញុំអាចផ្លាស់ប្ដូរមុខមាត់បានហ្អេស?»

វិជ្ជាប្រែរូបរាងមិនមែនជាវិជ្ជាសីល៍អស្ចារ្យអ្វីឡើយ ប៉ុន្តែមានតែមនុស្សដែលមានមហិទ្ធិឫទ្ធិខ្ពស់ទើបអាចប្រើវិជ្ជាសីល៍នេះប្រែកាឡារូបរាងនិងផ្លាស់ប្ដូរមុខមាត់បិទបាំងខ្សែភ្នែកអ្នកដទៃបាន។ ស៊ីវលូមានមហិទ្ធិឫទ្ធិទាប គ្មានអ្នកណាជឿថាគេអាចមានសមត្ថភាពនេះឡើយ លើសពីនេះ ពួកគេមិនជឿថាគេយកឈ្នះការត្រួតពិនិត្យតឹងរ៉ឹងពីបណ្ដាវត្ថុទិព្វខ្លាំងពូកែ។

ជីងនិយាយថា៖

«គ្រួសារទូសានមិនមែនជាពូជពង្សទេវទេព។ នៅយុគសម័យទេវបុរាណ បុព្វបុរសរបស់ពួកយើងគឺជាស្ដេចព្រាយកញ្ជ្រោងកន្ទុយប្រាំបួន ជ្រួតជ្រាបលើមន្តអាគមនិងវិជ្ជាសីល៍ជាច្រើន។ ហេតុនេះកូនចៅជំនាន់ក្រោយគ្រួសារទូសានសុទ្ធតែមានទេពកោសល្យកំណើតខ្លាំងពូកែប្រែរូបរាង។ ខ្ញុំមានភ្នែកទិព្វអាចមើលធ្លុះរូបរាងប្រែកាឡាទាំងអស់។ ខ្ញុំមើលឃើញរូបរាងពិតរបស់អានាន ប៉ុន្តែខ្ញុំមើលមិនឃើញច្បាស់រូបរាងពិតរបស់ល្បង រូបរាងរបស់ល្បងមិនដូចជាមនុស្សចាស់ ប៉ុន្តែសីលញាណប្រាប់ខ្ញុំថានេះមិនមែនជារូបរាងពិតរបស់ល្បងទេ។ ហេតុនេះហើយ… ខ្ញុំ… មិនអាចចាកចេញពីល្បងបានទេ ព្រោះតែកាលណាបើល្បងចាកចេញទៅ នឹងចាកចេញទៅបាត់ជារៀងរហូត មិនបន្សល់ទុកស្លាកដានអ្វីទាំងអស់!»

ស៊ីវលូស្រឡាំងកាំង ឬមួយជីងដឹងថាមុខមាត់របស់គេគឺក្លែងក្លាយតាំងពីយូរហ្អេស?

ឈីងយៀកចូលមកជម្រាប៖

«គ្រប់យ៉ាប់បានរៀបចំរួចរាល់អស់ហើយ។ ខ្ញុំបានសង្កេតមើលនៅខាងក្រៅប្រទះឃើញថា គ្រប់ច្រកចេញចូលទាំងអស់សុទ្ធតែមានមនុស្សឃ្លាំមើល នៅលើអាកាសមានមនុស្សបួននាក់ហោះក្រឡឹងឆ្វែលទៅឆ្វែលមក ប្រហែលជាពួកគេជាមនុស្សរបស់ព្រះបុត្រាជ័ងស៊ូ!»

ជីងចេញបញ្ជា៖

«ហៅហ៊ូអាវាយរទេះសេះចូលមកទីនេះ»

ឈីងយៀកទទួលបញ្ជាថយក្រោយ បុរសមុខមាត់ស្លូតបូតម្នាក់វាយរទេះសេះចូលមក។ ជីងនិងស៊ីវលូនៅក្នុងសម្លៀកបំពាក់អ្នកការពារទំនិញឡើងទៅអង្គុយលើរទេះ។ ឈីងយៀកបើកគន្លឹះច្រកផ្លូវក្រោមដីសម្ងាត់ឡើង។ ស៊ីវលូចូលទៅមុន ជីងចូលទៅតាមក្រោយ។ ឈីងយៀកដើរទៅជិតច្រកទ្វារ ក្ដុកក្ដួលថា៖

«លោកលូជួយជីវិតអ្នកប្រុសប្រាំមួយឆ្នាំ គ្រួសារទូសានអាចសងគុណបំណាច់លោកលូដោយវិធីជាច្រើនផ្សេងទៀត អ្នកប្រុសមិនចាំបាច់ត្រូវផ្សងគ្រោះថ្នាក់ដល់អាយុជីវិតយ៉ាងនេះទេ!»

ជីងចិត្តថ្លាត្រជាក់ ឆ្លើយតប៖

«បីថ្ងៃក្រោយនាងវិលត្រលប់ទៅក្រុងឈីងខូវវិញ។ បើរឿងអ្វីៗដំណើរទៅរលូន យើងនឹងវិលទៅក្រុងឈីងខូវវិញរកនាង។ បើយើងមិនវិលវិញទេ នាងនិងឡានសៀនគិតគូររឿងសុភមង្គលរបស់ខ្លួនឯងចុះ!»

ជីងចុចគន្លឹះបិទទ្វារច្រកក្រោមដីសម្ងាត់។ ឈីងយៀកលើកដៃបាំងមាត់ ក្ដុកក្ដួលយំយែក។

បរិយាកាសខ្មៅងងឹតដូចទឹកខ្មៅ មានតែសំឡេងទូរទេះសេះវិលកង់យឺតៗ។ ដោយសាររូងក្រោមដីតូចចង្អៀត ស៊ីវលូនិងស៊ឺឈីនៅកៀកកិតជិតគ្នា។ នៅពេលដែលមករកជីង ស៊ីវលូគ្រាន់តែមានគំនិតក្មេងខ្ចីថា៖ គេចង់ឃើញជីងជ្រួយច្របល់ឡើងខ្លាំង ប្រើប្រាស់គ្រប់ហេតុផលបញ្ចុះបញ្ចូលគេថា ចួបអធិរាជស៊ុនទីមិនគួរឱ្យខ្លាចឬគ្រោះថ្នាក់នោះទេ។ ជីងអាចសន្យាថានឹងទៅជាមួយគេចួបអធិរាជស៊ុនទី។ ស៊ីវលូចង់ឃើញដោយផ្ទាល់ភ្នែក ឮដោយផ្ទាល់ត្រចៀក ចំពោះរឿងទាំងនោះ។ នោះគឺជាវិធីដ៏ឃោរឃៅតែមួយគត់ដើម្បីកាត់ចំណងជំពាក់ផុយស្រួយដក់នៅក្នុងបេះដូងទាក់ជាប់ជាយូរយារ ទុកឱ្យគេចាកចេញទៅដោយគ្មានសោកស្ដាយអាឡោះអាល័យ ទុកឱ្យវិនស៊ីវលូបាត់ខ្លួនទៅដោយស្ងៀមស្ងាត់ ផ្ដាច់មនោសញ្ចេតនា កាត់ផ្ដាច់ទាំងស្រុង។

ប៉ុន្តែនៅពេលដែលស៊ីវលូនិយាយថាមិនចង់ចួបអធិរាជស៊ុនទី ញញឹមញញែមសុំជំនួយពីជីង ជីងមិនខ្វល់ខ្វាយពីមូលហេតុដែលគេប្រឆាំងចួបអធិរាជស៊ុនទី ហើយក៏មិនខ្វល់ខ្វាយពីគ្រោះថ្នាក់ជាច្រើនដែលលាក់កំបាំងដែរ គេគ្រាន់តែឆ្លើយតបស្រទន់និងខ្លីៗថា៖ បាន! បន្ទាប់មកមួយរំពេចនោះរៀបចំផែនការរត់គេចខ្លួនយ៉ាងល្អឥតខ្ចោះ។

ចំណងជំពាក់ផុយស្រួយដក់នៅក្នុងបេះដូងរបស់ស៊ីវលូ មិនត្រឹមតែមិនត្រូវបានកាត់ផ្តាច់ ថែមទាំងនៅតែបន្តដុះវែងចេញឥតឈប់ឈរ។

រទេះសេះហាក់បុកទង្គិចត្រូវអ្វីមួយ ភ្លាមនោះមានសម្រែកស្រែកជេរប្រទេចរបស់ស្ត្រីនិងសម្រែកស្រែកខឹងសម្បារបស់បុរសបន្លឺឡើង។

ជីងចុចគន្លឹះមួយ ទ្វារច្រកក្រោមដីសម្ងាត់បើកចេញ អ្នកទាំងពីរធ្លាក់ចុះទៅលើផ្លូវ។ ជីងឱបស៊ីវលូរមៀលចេញពីរទេះសេះ ហើយជួយគ្រាហ៍ស៊ីវលូក្រោកឈរឡើង។ ស៊ីវលូសម្លឹងមើលទៅគ្រប់ទិសទី ស្រមោលខ្មៅជាច្រើនកំពុងលូនឡើង។ នៅជាប់ពួកគេគឺជាក្រុមរទេះដឹកទំនិញ។ មានមនុស្សឃើញពួកគេ ដាស់តឿនថា៖

«”ដោះទុក្ខសត្វ” អីក៏យូរម្ល៉េះ ម៉េចមិនឆាប់មកជួយម្នាក់មួយដៃមួយជើងមក៎!»

ជីងនិងស៊ីវលូរំពេចនោះបន្លំខ្លួនចូលទៅក្រុមរទេះដឹកទំនិញភ្លាមៗ ឈរនៅក្បែរសេះ មើលការខុសត្រូវការពារទំនិញដូចអ្នកដទៃដែរ។ ហ៊ូអាឈ្លោះប្រកែកមួយសន្ទុះជាមួយក្រុមរទេះទើបតែបុកគ្នា ទូសានជីងធ្វើជាសងថ្លៃខូចខាត ហ៊ូអាក៏បន្តវាយរទេះចេញទៅ។ ស៊ីវលូឃើញមនុស្សមួយចំនួនដើរទៅតាមក្រុមរទេះ។

ខណៈពេលនេះ មេឃកាន់តែចុះងងឹត ក្រុមរទេះដឹកទំនិញឈប់សម្រាកនៅផ្ទះសំណាក់មួយកន្លែង។ មេក្រុមការពារទំនិញចេញទៅប្រគល់ទំនិញនិងទទួលទំនិញមួយចំនួនដែលឈ្មួញចង់ផ្ញើទៅផ្ទះ។ ដល់ពាក់កណ្តាលអធ្រាត្រទើបការងារបញ្ចប់ ជីងនិងស៊ីវលូត្រូវចាត់តាំងឱ្យយាមកាមការពារទំនិញ។ យប់រាត្រីនារដូវក្តៅ ទោះឈរនៅខាងក្រៅក៏គ្មានអារម្មណ៍ត្រជាក់។ ទីភូមិលង់ជ្រៅចូលដំណេកស្កប់ស្កល់ នៅសល់តែផ្កាយលើមេឃរះពន្លឺភ្លឹបភ្លែត។ ស៊ីវលូងើយមុខសម្លឹងលើមេឃ នឹកគិតថា បើពេលនេះបានខាំកកេរកទា នឹងគ្មានអារម្មណ៍ថាគេកំពុងរត់គេចខ្លួនទៀតទេ។

ជីងនិយាយថា៖

«បើអស់កម្លាំង បិទភ្នែកសម្រាកមួយភ្លែតទៅ»

ស៊ីវលូតបតិចៗ៖

«នៅក្រៅភូមិមុខជាអ៊ូអរណាស់ត្រូវតែចាំមើល»

ជ័ងស៊ូប្រហែលជាកំពុងតែតាមប្រមាញ់យ៉ាងកក្រឹកកក្រេង ដោយគិតថាស៊ីវលូបានរត់គេចចេញទៅក្រៅភូមិ គេមិនដឹងថាស៊ីវលូកំពុងនៅក្នុងភូមិនៅឡើយ។

«ថ្ងៃស្អែករទេះដឹកទំនិញនឹងចេញដំណើរទៅនគរកៅស៊ីង»

ស៊ីវលូអស់សំណើច ជ័ងស៊ូនឹងមិនអាចស្មានដល់ថាស៊ីវលូប្រឆាំងមិនព្រមទៅនគរកៅស៊ីង ឥឡូវនេះបែរជារត់គេចទៅនគរកៅស៊ីង ស៊ីវលូនិយាយទៅកាន់ជីង៖

«ខ្ញុំតែងតែគិតថាលោកជាមនុស្សស្លូតបូត ទៀងត្រង់ មិននឹកស្មានថាលោកលាក់ពុតបែបនេះសោះ!»

«ថ្ងៃស្អែកនឹងលំបាកនឿយហត់ច្រើន ល្បងផ្អែកលើស្មាខ្ញុំគេងចុះ»

ស៊ីវលូងើយមុខសម្លឹងផ្កាយលើមេឃ នៅស្ងៀមស្ងាត់មិនស្ដី។

សំឡេងស្អកស្អាបន្លឺឡើង៖

«ខ្ញុំ… គឺស៊ឺឈី»

ស៊ីវលូនៅតែសម្លឹងផ្កាយលើមេឃ មួយសន្ទុះក្រោយទើបគេបិទភ្នែកចុះគេងទៅ សន្សឹមៗផ្ដេកក្បាលលើស្មារបស់ស៊ឺឈី។

ស៊ឺឈីអង្គុយហ្នឹងថ្កល់ដូចរូបចម្លាក់ ខ្លាចរើតែបន្តិចនឹងអាចធ្វើឱ្យស៊ីវលូភ្ញាក់ ចាកចេញពីខ្លួនគេ។ ស៊ឺឈីនៅស្ងៀមស្ងាត់រង់ចាំរហូតដល់ឮសូរសំឡេងដង្ហើមដកស្មើៗរបស់ស៊ីវលូនៅក្បែរត្រចៀក ទើបឱនឈ្ងោកមុខចុះសម្លឹងមើលថ្នាក់ថ្នមទៅស៊ីវលូ រីកស្នាមញញឹម។

ព្រឹកថ្ងៃបន្ទាប់ ស៊ីវលូនិងស៊ឺឈីធ្វើដំណើរតាមរទេះដឹកទំនិញ ចាកចេញពីភូមិឈីងសួយ។ នៅតាមផ្លូវធ្វើដំណើរ ឆ្លងកាត់តំបន់ត្រួតពិនិត្យជាច្រើន មនុស្សម្នាឈរតម្រង់ជួរជាខ្សែវែងមុខតំបន់ត្រួតពិនិត្យ។ ស៊ីវលូឮមនុស្សឈរនៅខាងក្រោយស៊ីសសូសគ្នា៖

«មានរឿងអ្វីទៅទើបកងទ័ពកៅស៊ីងនិងកងទ័ពសានយានត្រួតពិនិត្យតឹងរ៉ឹងម៉្លេះ?»

«ប្រហែលជាមានពាក់ព័ន្ធនឹងកងទ័ពជ្រោងសច្ចៈកុងកុង ឮថាយប់មិញ នៅលើកំពូលភ្នំជម្រាលភ្នំក្បែរនេះ មានអណ្ដាតភ្លើងឆេះសន្ធោរសន្ធៅ មានជនអាវខ្មៅជាច្រើនស្ទះផ្លូវចាប់មនុស្សនាំឡើងទៅលើភ្នំ!»

«ហា៎ មានសង្គ្រាមទៀតហើយហ្អេស?»

«មិនច្បាស់ទេ សង្ឃឹមថាមិនមែនទៅចុះ!»

បន្តិចក្រោយមកដល់វេនក្រុមរទេះដឹកទំនិញ ទាហានតំបន់សាកសួរតួយ៉ាង មកពីណា ចង់ទៅណា។ ស្របពេលនោះ នារីអាទិទេពម្នាក់កាន់កញ្ចក់ទិព្វលីងហួរ ដែលជាវត្ថុទិព្វ ឆ្លុះមុខមាត់អ្នកដំណើរនីមួយៗទៅមក។ មានព្រាយបិសាចមួយចំនួន ឆ្លុះឃើញរូបរាងដើម មានមនុស្សខ្លះប្រទះឃើញមុខមាត់ក្លែងក្លាយ មនុស្សទាំងនោះត្រូវចាប់ឃាត់ទុកយកទៅសួរចម្លើយ។ ដល់វេនខ្លួន ស៊ីវលូនឹងនរឈរត្រង់ខ្នង ទុកឱ្យនារីអាទិទេពឆ្លុះកញ្ចក់ មុខមាត់ស៊ីវលូនៅក្នុងកញ្ចក់មិនប្រែប្រួល នារីអាទិទេពបក់ៗដៃ អនុញ្ញាតឱ្យគេឆ្លងកាត់ទៅ។ ស៊ឺឈីអង្គុយនៅលើរទេះដឹកទំនិញរង់ចាំមើលជាប់រហូត គេដើរទៅក្បែរនារីអាទិទេពនោះ ឱនមុខឆ្លុះកញ្ចក់ដោយខ្លួនឯង។ នារីអាទិទេពនោះក្រឡេកមើលទៅក្នុងកញ្ចក់រួចក៏ងាកក្រោយស្រែកឡើង៖

«មនុស្សបន្ទាប់! ឆាប់ឡើង!»

ឆ្លងកាត់ផុតពីកន្លែងត្រួតពិនិត្យ ស៊ីវលូនិងស៊ឺឈីងាកភ្នែកមើលគ្នាទៅវិញទៅមក បន្ទាប់មករហ័សតាមក្រោយក្រុមរទេះដឹកទំនិញ។ ព្រោះតែចម្ងាយពេលវេលាច្រើននៅកន្លែងត្រួតពិនិត្យ មេក្រុមការពារទំនិញ ស្រែកតឿន៖

«ឆាប់ឡើង! ឆាប់ឡើង! បើមិនអាចចូលក្រុងមុនមេឃងងឹតទេ ចាំតែធ្វើចំណីឱ្យបិសាចកំណាចទៅ!»

ក្រុមរទេះដឹកទំនិញចេញដំណើរទៅយ៉ាងលឿន រសៀលល្ងាចក៏បានមកដល់ព្រំដែននគរកៅស៊ីង។ ជម្រាលភ្នំខ្ពស់សន្ធឹងនៅសងខាងផ្លូវ នៅខាងមុខគឺជាខ្លោងទ្វារក្រុង។ ដ្បិតខ្លោងទ្វារក្រុងមិនធំ តែស្ថិតនៅតំបន់ដែលមានគ្រោះថ្នាក់ ទើបសាងសង់រឹងមាំជាពិសេស។ ទាហានកៅស៊ីងកំពុងត្រួតពិនិត្យក្រុមរទេះនីមួយៗដែលចេញចូលក្រុង។ ប្រហែលជាជ័ងស៊ូមិនគិតថាស៊ីវលូនឹងរត់គេចទៅនគរកៅស៊ីង ការត្រួតពិនិត្យនៅតែប្រព្រឹត្តិទៅដោយធម្មតា មានតែទាហានកៅស៊ីងប៉ុន្មាននាក់ឈរយាមកាមនៅលើកំផែងក្រុង ម្តងម្កាលសង្កេតមើលអ្នកដំណើរទៅមក។ ស៊ីវលូ ស៊ឺឈី និងក្រុមរទេះដឹកទំនិញអាចចូលក្រុងយ៉ាងរលូន។ ផ្លូវក្រុងកាន់តែអ៊ូអរឡើង មេក្រុមការពារទំនិញដកដង្ហើមយ៉ាងធូរទ្រូង មិនតឹងតែងដាក់គ្រប់គ្នាដូចមុន ធ្វើឱ្យគ្រប់គ្នានាំគ្នាសើចសប្បាយរីករាយ។

យប់ក្បាលព្រលប់ ក្រុមរទេះដឹកទំនិញចូលមកដល់ក្នុងក្រុង មេក្រុមការពារទំនិញនាំក្រុមមនុស្សទៅកាន់ផ្ទះសំណាក់ដែលធ្លាប់ស្គាល់។ បន្ទាប់ពីហូបបាយរួចរាល់ ស៊ីវលូសម្រាកត្រាំខ្លួននៅក្នុងធុងទឹកក្តៅ។ ងូតទឹករួចដើរចេញទៅក្រៅ ក៏ឃើញស៊ឺឈីឈរនៅរង់ចាំជាស្រេច ស៊ឺឈីហុចកន្សែងស្ងួតឱ្យទៅស៊ីវលូជូតសក់ ស៊ីវលូសួរថា៖

«តើអាចចាត់ទុកថារត់គេចជោគជ័យហើយឬនៅ?»

«ពេលចូលក្រុង ខ្ញុំឃើញថាមានកំពូលអាទិទេពម្នាក់មហិទ្ធិឫទ្ធិខ្លាំងពូកែកំពុងតែលបលនៅក្បែរៗនេះ ខ្លាចត្រូវប្រទះឃើញ ខ្ញុំមិនហ៊ានដកដង្ហើម មិនដឹងថាមនុស្សម្នាក់នោះចាប់អារម្មណ៍លើពួកយើងឬអត់?»

«ប្រហែលជាមេកងសេនាអាទិទេពកៅស៊ីង មើលការខុសត្រូវទាហានយាមកាមនៅទីនេះ»

ស៊ីវលូបុកពោះមិនសុខ ស៊ឺឈីនិយាយថា៖

«មិនថាគេជាអ្នកណា ពួកយើងត្រូវនៅឱ្យស្ងៀមកុំបំបោល យប់នេះល្បងស្ងប់ចិត្តសម្រាកឱ្យល្អចុះ»

ស៊ីវលូយល់ច្បាស់ថា ត្រូវសម្រាកឱ្យល្អទើបមានកម្លាំងគ្រប់គ្រាន់ទប់ទល់ជាមួយនឹងរឿងរ៉ាវទាំងឡាយ។

ពាក់កណ្ដាលអាធាត្រ មានសំឡេងទង្គិច ស៊ីវបើកភ្នែកភ្លឹស ងើបក្រោកឡើង។ គេឃើញស៊ឺឈីកំពុងបាចសាចទឹកទៅលើដី ដាក់ចានដែកទឹកមួយនៅក្បែរគ្រែនិងចានដែកទឹកជាច្រើនទៀត។ រួចរាល់ហើយ ស៊ឺឈីអង្គុយចុះនៅចំពោះមុខស៊ីវលូ៖

«ទាហានអាទិទេពបានឡោមព័ន្ធជុំជិតផ្ទះសំណាក់នេះ ក្នុងនោះមានកំពូលសេនាអាទិទេពពីរនាក់ខ្ញុំមិនអាចទប់ទល់បានទេ»

ស៊ីវលូសើចតិចៗ៖

«ខ្ញុំនឹងអស់សង្ឃឹមបើជ័ងស៊ូបណ្ដោយឱ្យពួកយើងរត់គេចខ្លួនយ៉ាងងាយស្រួលបែបហ្នឹង… មើលទៅ… គេក៏មិនអន់ដែរ!»

«ខ្ញុំធ្វើឱ្យល្បងអស់សង្ឃឹម»

«មិនមែនទេ! មិនមែនអ៊ីចឹងទេ! ជ័ងស៊ូប្រើកម្លាំងទាហានពីរនគរដើម្បីដេញចាប់ពួកយើង ក្នុងពេលលោកត្រឹមតែប្រើកម្លាំងខ្លួនឯងជួយខ្ញុំរត់គេច។ ពួកយើងអាចរត់មកដល់ទីនេះគឺអស្ចារ្យណាស់ទៅហើយ!»

«ល្បងមិនចង់ចួបអធិរាជស៊ុនទីដល់កម្រិតណា?»

ស៊ីវលូនៅស្ងៀមគិតបន្តិច និយាយថា៖

«ស្លាប់ប្រសើរជាជាង!»

ស៊ឺឈីដាក់ថ្នមៗបន្ទះគុជរូបកញ្ជ្រោងមួយនៅក្នុងដៃរបស់ស៊ីវលូ៖

«ទោះបីជាខ្ញុំប្រយុទ្ធមិនឈ្នះពួកគេ តែខ្ញុំអាចស្ទាក់ជើងពួកគេបាន។ យានជំនិះរបស់ខ្ញុំកំពុងរង់ចាំនៅភាគឦសាន បន្តិចទៀតល្បងរត់ទៅទិសនោះ លើកបន្ទះគុជរូបកញ្ជ្រោងនេះឡើង ក្លែងសំឡេងកញ្ជ្រោងហៅយានជំនិះ វានឹងចុះមកទទួលល្បង។»

ស៊ីវលូចាប់កាន់ដៃស៊ឺឈីយ៉ាងណែន៖

«ពួកគេនឹងសម្លាប់លោក!»

«ខ្ញុំគឺទូសានជីង ទោះអធិរាជស៊ុនទីមានមុខនៅទីនេះ ចង់សម្លាប់ខ្ញុំក៏ត្រូវថ្លឹងថ្លែងឱ្យល្អិតល្អន់សិនដែរ កុំថាឡើយត្រឹមទាហានរបស់ទ្រង់»

ស៊ីវលូញញឹម៖

«អ៊ីចឹងខ្ញុំនឹងទុកលោកចោលនៅទីនេះហើយរត់យករួចខ្លួនតែម្នាក់ឯង»

ស៊ឺឈីឱបស្មារបស់ស៊ីវលូ សំឡេងញ័រៗថា៖

«សូមឱ្យខ្ញុំមើលឃើញមុខមាត់ពិតរបស់ល្បងបន្តិចមក៎»

ស៊ីវលូញញឹមគ្រវីក្បាល៖

«ទេ»

ស៊ឺឈីសម្លឹងមើលទៅស៊ីវលូមិនដាច់អាល័យ កែវភ្នែកដក់ផ្ទុកសេចក្ដីសោកសៅ។ ចាកចេញពីទីនេះ ស៊ីវលូនឹងប្រែកាឡាក្លាយជាមនុស្សម្នាក់ផ្សេងទៀត។ បើស៊ីវលូមិនចង់ធ្វើជាស៊ីវលូទៀត ស៊ឺឈីនឹងគ្មានថ្ងៃអាចរកគេឃើញ។

ស៊ីវលូសម្លឹងត្រង់ទៅភ្នែកស៊ឺឈី៖

«លោកស្ម័គ្រចិត្តតតាំងនឹងអធិរាជស៊ុនទីតែឯង ទុកឱ្យខ្ញុំរត់គេចទៅហ្អេស?»

ស៊ឺឈីងក់ក្បាល។

សំឡេងជ័ងស៊ូស្រែកខ្ទរវេហាស៍៖

«វិនស៊ីវលូ ឆាប់ចេញមក បើឯងនៅតែរត់គេចទៀត យើងនឹងវាយបំបាក់ជើងឯង!»

«ឆាប់ប្រែកាឡាជាសេនារបស់ពួកគេហើយឆាប់រត់គេចចេញទៅ!» ស៊ឺឈីខ្សឹបខ្សាវនៅក្បែរត្រចៀករបស់ស៊ីវលូ។

ស៊ឺឈីប្រែចំហាយទឹកទៅជាផ្សែង ផ្សាចូលទៅបរិយាកាសក្លាយជាផ្សែងអ័ព្ទក្រាស់ ប្រែកាឡាខ្លួនឯងក្លាយជាវិនស៊ីវលូ ដើរទៅមុខ បើកទ្វារចេញ។

ជ័ងស៊ូនិយាយថា៖

«បើឯងចេញមកតាមសម្រួល យើងអាចនឹងប្រណីដៃដល់ឯង!»

ផ្សែងអ័ព្ទសាយភាយតាមបង្អួច កាន់តែក្រាស់កាន់តែងងឹត គ្របដណ្ដប់លើផ្ទះសំណាក់ទាំងមូល។ ជ័ងស៊ូខឹងសម្បា ចេញបញ្ជាឱ្យបំបែកមន្តអាគម។

ដោយសារមានបន្ទះគុជរូបកញ្ជ្រោងរបស់ជីង ស៊ីវលូនៅតែអាចមើលឃើញផ្លូវឃើញយ៉ាងច្បាស់កាត់តាមផ្សែងអ័ព្ទនៅជុំវិញ។ គេប្រែកាឡាជាសេនាម្នាក់របស់ជ័ងស៊ូ លួចបន្លំចាកចេញពីផ្ទះសំណាក់ទៅដោយស្ងាត់ៗ។

ស៊ីវលូរត់សស្រាក់សស្រាំទៅទិសឦសាន លើកបន្ទះគុជរូបកញ្ជ្រោងឡើងទៅខ្ពស់ រំពេចនោះកុកសយក្សមួយក្បាលហើរចុះចត។ ស៊ីវលូឡើងលើខ្នងអង្គុយចុះ កុកសនាំគេឆ្ពោះចេញទៅ ហោះហើរទៅឆ្ងាយ។ ស៊ីវលូគិតតែងាកមើលទៅក្រោយរហូត អារម្មណ៍រសាប់រសល់នៅមិនសុខ។ សំឡេងរបស់ជ័ងស៊ូបន្លឺក្នុងត្រចៀកដូចសន្ធឹកផ្គរលាន់នារដូវផ្ការីក៖

«វិនស៊ីវលូ មនុស្សដែលអមដំណើរឯងគឺយៀកស៊ឺឈី បើអ៊ីចឹងនោះយើងអាចសម្លាប់គេយ៉ាងងាយដូចក្រឡាស់បាតដៃ!»

ស៊ីវលូដកដង្ហើមធំ គេពិតជាមនុស្សដាច់ធម៌មេត្តា ល្បិចកលរយជំពូក ហេតុនេះទើបសព្វព្រះរាជហឫទ័យអធិរាជហ័ងទីបំផុត។ ស៊ីវលូប្រែកាឡារូបរាងវិនស៊ីវលូវិញ បញ្ជាកុកសហោះត្រលប់ទៅក្រោយ។ ត្រឹមពេលដ៏ខ្លី ជ័ងស៊ូដេញតាមមកដល់ ស៊ឺឈីឃុំនៅក្នុងរទេះទ្រុងដែកនៅខាងក្រោយ។

ជ័ងស៊ូខឹងសម្បាសម្លឹងមុខគេ ស្រែកចេញបញ្ជាថា៖

«វាយបំបាក់ជើងទាំងពីររបស់គេឱ្យយើងភ្លាម!»

សេនាម្នាក់ធាក់បំបាក់ជើងទាំងជើងរបស់ស៊ីវលូ គេស្រែកឈឺចាប់យ៉ាងខ្លាំង ដួលផ្កាប់មុខចុះដី។

«ចាប់ដាក់ទ្រុង»

ស៊ីវលូត្រូវបោះចូលទៅក្នុងទ្រុង គេវារចូលទៅក្បែរស៊ឺឈី៖

«ស៊ឺឈី! ស៊ឺឈី…»

ស៊ឺឈីសន្លប់បាត់ស្មារតី ភ្នែកទាំងពីរបិទជិត។ ស៊ីវលូពិនិត្យសព្វប្រាណបន្តិចទើបឃើញស្ងប់ទុកចិត្ត។ ដ្បិតស៊ឺឈីបាត់បង់មហិទ្ធិឫទ្ធិអស់និងរងរបួសព្រោះខ្លួនតែម្នាក់ទប់ទល់ជាមួយកំពូលសេនាអាទិទេពពីរនាក់ ប៉ុន្តែគ្មានគ្រោះថ្នាក់ដល់ជីវិតទេ។

មានភាគបន្ត…

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*