ជាស្នេហាកំសាកដែលកប់ទុកក្នុងបេះដូង មិនហ៊ានប៉ងធ្វើសង្សារគេទេ បើទោះគ្រាន់ជាការចាប់ផ្តើមតែម្ខាង ក៏អស់ចិត្តសម្រាប់អ្នកដែលលួចស្រលាញ់គេដូចខ្ញុំដែរ….
កញ្ញា ជាមនុស្សស្រីម្នាក់ដែលខ្ញុំបានលួចសម្លឹងទុកក្នុងចិត្តយូរណាស់មកហើយ តែក៏មិនធ្លាប់ហ៊ានសាកល្បងសារភាពថាស្រលាញ់នាងម្តងណាដែរ ព្រោះខ្លាចថានាងខឹង ខ្លាចនាងលែងហ៊ានក្បែរខ្ញុំ ដូច្នេះខ្ញុំបានត្រឹមតែលួចស្នេហ៍នាងតែម្ខាងប៉ុណ្ណោះ។
អំណាចនៃស្នេហាពិតជាអស្ចារ្យមែន មិនដឹងថាហេតុអី រាល់ពេលដែលនាងមានស្នាមញញឹមម្តងៗ រាងកាយខ្ញុំទាំងមូលហាក់ត្រូវបាននាងចាប់ជាប់ ទុកក្នុងកន្លែងអាថ៌កំបាំងមួយដែលមើលលែងយល់អ្វី ហើយចិត្តខ្ញុំប្រែជាស្រស់ថ្លាខុសប្លែកពីធម្មតា…(ដែលឮគេនិយាយអត់! ថាអ្នកមានស្នេហាសុទ្ធតែមើលឃើញពិភពលោកពណ៌ស៊ីជម្ពូរ?)
នាង បាននាំខ្ញុំចូលទៅកាន់ពិភពលោកដ៏ស្រស់ស្អាតមួយនៃសេចក្តីស្នេហាដោយមិនដឹងខ្លួន។ ហើយដើម្បីបាននៅក្បែរនាង ខ្ញុំតែងព្យាយាមរកមធ្យោបាយផ្សេងៗ…វាពិតជារឿងដែលពិបាកខ្លាំងណាស់សម្រាប់ខ្ញុំ ក៏ព្រោះតែនាងជាមនុស្សដែលមានមិត្តច្រើន ដូច្នេះខ្ញុំពិតជាពិបាករកឱកាស ដើម្បីបានក្បែរនាង ឬជជែកលេងតែពីរនាក់ណាស់។
ម៉្យាង ខ្ញុំក៏មិនអាចរកជំនួយពីនរណាម្នាក់បានដែរ ក៏ព្រោះតែខ្ញុំខ្លាចបែកការដឹងដល់នាង ក៏ចេះតែសម្ងំលាក់ចិត្តពិតបែបនេះ ទោះមិនដឹងថាដល់ពេលណាក៏ដោយ។
ហ៊ឺម!!! អារម្មណ៍លួចស្រលាញ់គេពិតជាពិបាកណាស់!
រាល់ពេលដែលមានបុរសផ្សេងចូលជិតស្និតក្បែរនាង ខ្ញុំពិតជាមានអារម្មណ៍ថា ដូចគេយកភ្លើងមកដាក់ក្នុងរាងកាយទាំងមូល ហាក់ចង់កម្ចាត់ខ្មាំងសត្រូវចោលឱ្យអស់ តែ…ក៏បានត្រឹមសម្ងំកើតទុក្ខម្នាក់ឯងហ្នឹងឯង។ ចេះតែបារម្ភ ចេះតែខ្លាចថានាងអាចលង់ស្នេហ៍បុរសផ្សេង តែក៏នៅតែកំសាកមិនហ៊ានសារភាពស្នេហ៍នឹងនាងដដែល។
ពេលខ្លះក៏យល់ថា ខ្លួនពិតមិនស័ក្តិនឹងនាង…ដោយហេតុនេះ ធ្វើឱ្យខ្ញុំគិតច្រើន! គិតថា…តើខ្ញុំអាចផ្តល់សុភមង្គលឱ្យនាងឬអត់? ខ្ញុំអាចមើលថែបានឬអត់? បើរាល់ថ្ងៃ ខ្ញុំគ្រាន់តែជាមនុស្សអត់បានការម្នាក់ ដែលជើងជាន់មិនជាប់ដីផងហ្នឹង! ទោះស្រលាញ់គេខ្លាំង ក៏បានត្រឹមតែសម្លឹងទុក…
ពីមួយថ្ងៃទៅមួយ នាងកាន់តែគួរឱ្យស្រលាញ់ខ្លាំងឡើងៗ ហើយវាជាហេតុដែលធ្វើឱ្យខ្ញុំពិបាកទប់ចិត្តទប់អារម្មណ៍មិនស្រលាញ់នាងមិនបាន។ បើទោះជាខ្ញុំមិនធ្លាប់សារភាពឱ្យនាងដឹង តែខ្ញុំតែងតែបង្ហាញអាការៈមួយចំនួន ដើម្បីលាកមើលថាតើនាងមានអារម្មណ៍បែបណាចំពោះខ្ញុំ…(ចម្លើយគឺអត់ទេ ព្រោះនាងមិនធ្លាប់ចាប់អារម្មណ៍លើទង្វើខ្ញុំចំពោះនាងផងហ្នឹង) តូចចិត្តណាស់!
មនុស្សស្រីស្រស់ស្រាយ ឆ្លាតដូចជានាង អ្នកណាក៏ចង់ស្រលាញ់ អ្នកណាក៏ចង់ក្បែរដែរ ថែមទាំងចិត្តល្អថែមទៀត…
ចំពោះអ្នកដទៃខ្ញុំមិនដឹងទេ តែសម្រាប់ខ្ញុំ នាងគឺឥតខ្ចោះ! ជួនកាល ខ្ញុំក៏ចង់ដឹងណាស់ ថាបុរសបែបណាដែលនាងស្រលាញ់!…
ខ្ញុំតែងរកឱកាសចូលក្បែរនាង មិនថារកហេតុផលសមរម្យឬមិនសមស្អីទេ ឱ្យតែបានជជែកជាមួយ នាងខ្ញុំស្ងប់អារម្មណ៍ហើយ។
ថ្ងៃមួយ…
ក្រោមអំណាចនៃសេចក្ដីស្នេហាដ៏ជ្រាលជ្រៅលើកញ្ញា ចិត្តប្រចណ្ឌវាហាក់បញ្ជាខ្ញុំឱ្យក្លាហានដោយមិនដឹងខ្លួន ខ្ញុំហាក់ទ្រាំពុំបាននៅពេលដែលមានបុសដទៃស្និតស្នាលនឹងនាង ខ្ញុំក៏ច្រលោតឡើងលែងគិត ហើយប្រើសម្តីគ្រោតគ្រាតបែបម៉ាត់ៗដូចកំពុងសួរចម្លើយអ្នកទោសដាក់នាង៖
« កញ្ញា ម្នាក់នោះត្រូវជាស្អីនឹងយើងដែរ?»
« ?? » នាងធ្វើមុខស្លើរ រក្សាភាពស្ងប់ស្ងាត់! មិនឆ្លើយហើយ ថែមដាក់សញ្ញាសួរលើមុខត្រលប់មកវិញទៀត។ តែទឹកមុខនេះ ក៏កំពុងដាស់សតិខ្ញុំឡើងមកវិញ ថាត្រូវជាអ្វីនឹងគេ។ ខ្ញុំក៏រហ័សប្តូរឥរិយាបទទៅជាសើចបន្លប់វិញ មុនបន្ថែមប្រយោគមួយឃ្លានទៀត « ហិហិហិ គ្រាន់តែសួរចង់ដឹងទេ មិនប្រាប់ក៏បាន… »
ទោះក្នុងអារម្មណ៍នៅតែចង់ដេញដោល តែកោសិកាខួរក្បាលកំពុងរំញោចប្រាប់ថា (យើងមិនត្រូវជាស្អីហ្នឹងគេផង…រឿងអីទៅដេញដោលគេបែបនេះ!)។ មែន! ខ្ញុំរៀងរឹងខ្លួនបន្តិចដែរ និងកំពុងរកនឹក ថាធ្វើម៉េចដើម្បីសម្រួលស្ថានការណ៍ឡើងវិញ ក្នុងវេលាទើសទាល់បែបនេះ។
« អ្នកស្គាល់គ្នា » កញ្ញា ស្រដីឡើង កាត់ផ្តាច់ការគិតរបស់ខ្ញុំ។ ខ្ញុំនៅតែរឹងខ្លួនមិនទាន់ហ៊ានតបអ្វី តែក៏មិនភ្លេចសម្លឹងមុខម្ចាស់ចម្លើយដែលកំពុងមានប្រឹងបញ្ចេញស្នាមញញឹមបែបមិនចង់ញញឹម ទោះមិនកំណាញ់នឹងឆ្លើយក៏ដោយ។ អេ! លេងទឹកមុខបែបនេះ បានន័យថាម៉េច Crush! ជារួមទៅ ខ្ញុំមិនបានត្រេកអរនឹងចម្លើយនេះសោះឡើយ ក៏ព្រោះតែនាងឆ្លើយដូចដាក់ទានចម្លើយឱ្យអ៊ីចឹង។
ដោយសារតែរឿងមុននេះ យើងក៏ស្ងាត់រៀងៗខ្លួន…ខ្ញុំក៏រកនឹកប្ដូរប្រធានបទទៅរឿងផ្សេង…
« ថ្ងៃនេះអផ្សុកណាស់! ទៅមើលកុនជាមួយគ្នាល្អទេ? » ចង់ប្រាប់ថាមួយឃ្លាហ្នឹង ដឹងចម្លើយមុន ហើយថា……
« មិនចង់ទេ » កញ្ញាឆ្លើយ
នោះ! ថាអីចេះខុស ដូចរៀងរឹងខ្លួននឹងពាក្យបដិសេធរបស់នាងបន្តិចដែរ តែក៏មិនថ្វី ព្រោះខ្ញុំដឹងរួចហើយថានាងជាមនុស្សបែបណា នាងក៏មិនចូលចិត្តការមើលកុនលក្ខណៈ Couple អីនោះដែរ….
« ហិហិ ខ្ញុំដឹងថាអ៊ីចឹងហើយ តែចេះតែសួរៗទៅ ក្រែងលមានអីប្លែក »
នាងលើកចិញ្ចើមខ្ពស់បន្តិច បញ្ចេញកាយវិការមួយឱ្យខ្ញុំដឹងខ្លួនថា ខ្ញុំនេះកំពុងតាប៉ែរនឹងនាងហើយ ខ្ញុំហាក់យល់ន័យក៏ប្រញាប់បញ្ចប់ការសន្ទនា ហើយដើរទៅកន្លែងសមគួរដែលត្រូវទៅវិញទៅ (ចង់ប្រាប់ថា…ពិបាកក្នុងខ្លួនណាស់ពេលនេះ)
_________
ពេលវេលាចេះតែរំកិលទៅមុខ ធ្មេចបើកៗខ្ញុំលួចស្រលាញ់នាងជាង ២ឆ្នាំបាត់ទៅហើយ (ងាប់ហើយ! ក៏កំសាកម្ល៉េះខ្ញុំ ជាង២ឆ្នាំ យកមិនបានសូម្បីតែកូនចិត្តរបស់នាង) តែក៏តែងតែនៅក្បែរមើលថែ និងការពារដូចជាអង្គរក្សជាង ២ឆ្នាំមកហើយដែរ។
ព្រោះតែមិនហ៊ានសារភាព ព្រោះតែស្រលាញ់នាងខ្លាំងពេក ហើយក៏ព្រោះតែពិបាកក្នុងការបញ្ចេញអារម្មណ៍ឱ្យនាងដឹង… ខ្ញុំក៏ចេះតែយករឿងនេះរឿងនោះ ទៅនិយាយបញ្ឆិតបញ្ឆោងសាកចិត្តនាង ដើម្បីចង់បង្ហាញនាងដឹងថាខ្ញុំស្រលាញ់នាង…
« កញ្ញា » ខ្ញុំអេសអុញនឹងនិយាយ តែក៏នៅតែបន្តបាន… «ខ្ញុំលួចស្រលាញ់មនុស្សស្រីម្នាក់យូរណាស់ហើយ »
និយាយត្រឹមឃ្លានេះ នាងស្រាប់តែបិតសៀវភៅទុក ហើយចាប់អារម្មណ៍នឹងការសន្ទនាជាមួយខ្ញុំវិញម្ដង…(បានផលទេដឹង!)
នាងងាកសម្លឹងមុខខ្ញុំដោយទឹកមុខភ្ញាក់ផ្អើល មុននឹងនិយាយ៖
« អេមហួស! គេប្រហែលជាគួរឱ្យស្រលាញ់ណាស់ហើយមើលទៅ »
តែសម្តីនេះ ដូចបំបាក់ទឹកចិត្តខ្ញុំទៅវិញ។ នាងគ្មានយល់អារម្មណ៍ខ្ញុំសោះហើយ…ខ្ញុំបានត្រឹមលួចខឹងក្នុងចិត្ត និងរអ៊ូម្នាក់ឯងក្នុងអារម្មណ៍ (យីស! គេចង់ ថាខ្លួនឯងហ្នឹងហើយនៅមិនដឹងខ្លួនទៀត)។ តែយ៉ាងណា ហេតុតែចង់បង្ហើបចិត្តខ្លួនឯងឱ្យនាងដឹង ក៏ចេះតែរកនឹកបន្តការសន្ទានបន្តទៀត៖
« គេគួរឱ្យស្រលាញ់ណាស់! ស្អាត ឆ្លាត ហើយចិត្តល្អទៀត គ្រាន់តែគេមិនដឹងថាខ្ញុំស្រលាញ់គេ »
ខ្ញុំបញ្ចប់ឃ្លានេះហើយ នាងក៏ញញឹម៖
« អូយ! ចង់ស្គាល់ដល់ហើយ តើមនុស្សស្រីម្នាក់ណាទៅដែលធ្វើឱ្យបុរសរុក្ខជាតិម្នាក់នេះកម្រើកបេះដូងបានណ៎!! »
ក្រោយនាងបង្ហើរពាក្យមួយឃ្លានេះ! ខ្ញុំពិតជាចង់ដឹងណាស់ បើជាអ្នកផ្សេងមែន! តើនាងនៅញញឹមបែបនេះទៀតអត់។
« និយាយរួមទៅមានអត្តចរិតដូចកញ្ញាឯងបេះដាក់ហ្មង » ប៉ុណ្ណឹងហើយ កុំថាមិនដឹងទៀតណាម្ចាស់ថ្លៃ!
« ចុះគិតថាសារភាពពេលណាដែរ? » កញ្ញាសួរបកមកវិញ
ឌឹក! សំណួរបកវិញឡើងចាក់ដោត ខ្ញុំគាំងត្រឹមហ្នឹង ព្រោះចិត្តនៅមិនទាន់ហ៊ាន តែក៏ឆ្លើយនឹងនាង…
« នៅទេ! នៅស្ទាក់ស្ទើរ ព្រោះនាងមើលទៅដូចមិនបានចាប់អារម្មណ៍ខ្ញុំវិញផង ខ្ញុំខ្លាចថានាង… »
ឆ្លើយត្រឹមប៉ុណ្ណេះ នាងកាត់សម្ដីខ្ញុំ៖
« ហើយហេតុអីមិនឆាប់សារភាព? »
នាងមើលមុខខ្ញុំហាក់ចង់ដឹងចម្លើយខ្លាំង ខ្ញុំគាំងយោបល់មួយសន្ទុះក៏ឆ្លើយ៖
« ខ្ញុំមិនចង់ឱ្យនាងលំបាកទេ ខ្ញុំខ្លាចថាវត្តមានខ្ញុំអាចប៉ះពាល់ដល់ជីវិតដ៏ល្អស្រស់បំព្រងរបស់នាង »
តែថា និយាយមិនចប់ស្រួលបួលផង នាងក៏កាត់សម្ដីខ្ញុំដោយអាការៈមិនពេញចិត្ត «កុំសារភាពអីអ៊ីចឹង! កុំឱ្យពិបាកសម្រេចចិត្តទាំងអស់គ្នា! » មួយឃ្លានេះ ធ្វើឱ្យខ្ញុំគាំងយោបល់។ តែមនុស្សស្រីម្នាក់នេះ នៅតែបន្តសម្តីធ្វើដំណើរការនៃប្រព័ន្ធប្រសាទរបស់ខ្ញុំ ច្របូកច្របល់៖
« មនុស្សដែលហ៊ានស្រលាញ់ តែខ្លាចរអាក្នុងការផ្តល់ក្តីសុខសម្រាប់មនុស្សដែលខ្លួនស្រលាញ់បែបនេះ កំសាកណាស់! កុំឱ្យនាងដឹងពីវត្តមានយើងអី នាំតែអាម៉ាសទេ…. » ។ ទឹកមុខនាងពេលនេះ ប្រែជាមនុស្សម្នាក់ដែលខ្ញុំមិនធ្លាប់ស្គាល់។ ស្នាមញញឹមដែលបង្កប់អារម្មណ៍ច្រើនយ៉ាង ហាក់ទាយមិនត្រូវ! លែងប្រើសម្តីទន់ភ្លន់ នាងប្តូរជានិយាយម៉ាត់ៗមួយៗដាក់ខ្ញុំ៖ « សំណាងហើយ!!! មនុស្សដែលខ្ញុំនឹងជ្រើស មិនបែបនេះ… »
« ??????? » មួយឃ្លាចុងក្រោយ ហាក់វៃប្រហារបេះដូងខ្ញុំខ្លាំង។ អារម្មណ៍ភាន់ភាំង ខ្លួនប្រាណក៏ស្រាលដូចជាជើងលែងជាប់ដី។ មួយឃ្លានេះ វិលវល់ពេញចិត្តគំនិតរបស់ខ្ញុំ….។ សំណាងហើយ មនុស្សដែលខ្ញុំជ្រើស មិនបែបនេះ!!!!!!!!!!
ស្ទើរក្អួតឈាម ពេលនាងបង្ហាញពីវត្តមានបុរសម្នាក់ និងប្រាប់ថាជាមនុស្សកំពុងមើលចិត្តគ្នា និងឆ្លៀតប្រាប់ការពិតដែលខ្ញុំមិនធ្លាប់បានដឹងមួយថា៖
« ពីមុនខ្ញុំបានលួចមានចិត្តសង្ឃឹមលើបុរសម្នាក់ ព្រោះតាមរយៈកាយវិការរបស់គេបានបញ្ជាក់ឱ្យខ្ញុំដឹងថា គេពិតជាមានចិត្តចំពោះខ្ញុំ ប៉ុន្តែក្តីសង្ឃឹមនេះ ក៏ប្រែទៅជាការរង់ចាំដ៏អត់ន័យ។ បុរសម្នាក់នោះ បានឱ្យខ្ញុំរង់ចាំពេលអស់ឡើងយូរ..ដោយគ្រាន់តែការខ្វះជំនឿចិត្តលើខ្លួនឯងប៉ុណ្ណឹង! ហើយគេក៏មិនខ្វល់ពីចិត្តខ្ញុំបែបណានោះដែរ។ ការពិតទៅ គ្មានអ្វីជាឧបសគ្គសម្រាប់បង្កើតក្តីស្រលាញ់រវាងខ្ញុំហើយនឹងគេសោះឡើយ ទ្វារបេះដូង ខ្ញុំតែងចំហរសម្រាប់គេ តែគេបែរជាមិនក្លាហាននឹងដើរចូលធ្វើជាចំណែកនៃជីវិតស្នេហារបស់ខ្ញុំ ទៅវិញ។ បើបែបនេះ ខ្ញុំក៏សម្រេចចិត្តបញ្ចប់គំនិតខ្លួនចំពោះគេតែម្តងទៅ! ហើយចាប់ផ្ដើមជាមួយបុរសដែលហ៊ាននាំខ្ញុំទៅកាន់ត្រើយសុភមង្គលជាមួយគេ។ បែបនេះ វាប្រសើរជាងនៅក្បែរមនុស្សកំសាក ដែលមិនដឹងមានថ្ងៃណាមើលឃើញពិភពលោកនៃក្តីសង្ឃឹម…»
នាងដាក់ដៃទះស្មាខ្ញុំតិចៗ មុននឹងបន្ត « អ្វីក៏ខ្ញុំយល់! អ្វីក៏ខ្ញុំដឹង! តែខ្ញុំមិនអាចរង់ចាំនរណាម្នាក់គ្មានកាលកំណត់ទេ » នាងញញឹមដាក់ខ្ញុំបន្តិច មុននឹងដើរចេញ ទុកឱ្យខ្ញុំនៅសញ្ជឹងគិតម្នាក់ឯង ជាមួយនឹងការស្តាយក្រោយ។
មែនហើយ! ខ្ញុំទើបតែជ្រាបនៅពេលនេះថា តាមពិតនាងបានដឹងរួចហើយពីចិត្តខ្ញុំចំពោះនាង…ស្តាយណាស់! ដែលខ្ញុំឆ្លងមិនផុតដំណាក់កាលខ្លួនឯង! ស្តាយណាស់ដែលខ្ញុំកំសាកបែបនេះ! ហេតុអីក៏ខ្ញុំមិនក្លាហានបន្តិចទៅ! បើខ្ញុំក្លាហានហ៊ានពុះពារចិត្តចង្រៃរបស់ខ្លួនឯង ម្ល៉េះពេលនេះ ខ្ញុំនិងនាងមិនអាចបែបនេះទេ៕ និពន្ធដោយ៖ Jupi
ចប់
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ