អ្នកនិពន្ធប្រគល់សិទ្ធិលើ Podcast រឿង”សុំទោសសង្សារ” ដល់ក្រុមឥន្ទ្រីយ៍MST

ក្រុមអ្នកនិពន្ធ ឥន្ទ្រីយ៍MST ដែលជាអ្នកនិពន្ធ MSTWriter ជំនាន់ទីមួយ នឹងទទួលបានសិទ្ធិពេញលេញលើការសរសេរឡើងវិញជាប្រលោមលោករឿង សុំទោសសង្សារស៊េរី Podcast ដ៏រំជួលចិត្តនៃអ្នកនិពន្ធ ម៉ីសន សុធារី ។

អ្នកនិពន្ធខ្មែរលេចធ្លោ អ្នកស្រី ម៉ីសន សុធារី ដែលកំពុងដំណើរការផ្សាយវីដេអូនិទានរឿងដ៏ទាក់ទាញក្រោមចំណងជើងថា «សុំទោសសង្សារ» កំពុងបោះជំហានដ៏នាំមុខ លើសមត្ថភាពបំផុសគំនិត ដោយលើកឡើងនូវបទនិពន្ធអំពីស្នេហាពីមនុស្សប្រុសវ័យក្មេងក្រីក្រជាមួយនារីអភិជន ហើយរឿងរ៉ាវនេះធ្វើឱ្យអ្នកស្តាប់រំជួលចិត្ត ព្រោះភាពពិសេសក្នុងលក្ខណៈសម្បត្តិនៃតួអង្គប្រុស នាយ សុខៈ ដែលត្រូវរ៉ាប់រងជីវភាពប្អូនៗកំព្រាជាច្រើន។

អ្នកនិពន្ធ ម៉ីសន សុធារី បានលើកឡើងថា អ្នកស្រីប្រគល់ផតឃែស្ថ រឿង «សុំទោសសង្សារ» ទៅដល់ក្រុមឥន្ទ្រីយ៍ ប្រសិនពួកគេណាម្នាក់ ឬក្រុមទាំងមូលចង់យកទៅសរសេរកែច្នៃជាសៀវភៅ។ «ការប្រគល់សិទ្ធិនេះព្រោះស្រលាញ់ស្នាដៃរបស់ ដែលជាអ្នកនិពន្ធកំពុងរះជាមួយសមត្ថភាពជាច្រើន ហើយខ្ញុំមិនគិតថ្លៃអ្វីទាំងអស់!»

ផតឃែស្ថ រឿងរ៉ាវជីវិតគ្រួសារ និងមនោសញ្ចេតនាយុវវ័យដ៏គួរឱ្យចាប់អារម្មណ៍ ក្រោមចំណងជើងថា «សុំទោសសង្សារ» បានលើកឡើងអំពីយុវជនរស់នៅខេត្តព្រះសីហនុអាយុ ២៣ឆ្នាំ ឈ្មោះ សុខៈ ជាកូនច្បងនៅក្នុងគ្រួសារដែលមានវណ្ណៈទាប និងម្តាយស្លាប់ ឳពុករត់ចោលផ្ទះ។ គេត្រូវបានបង្ខំឱ្យមើលថែប្អូនៗប្រុស ស្រី ៤នាក់ លែងគិតអំពីអនាគតខ្លួនឯង។ ប្អូនគេម្នាក់មានសញ្ញាអូទីសឹមហើយម្នាក់ទៀតជាក្មេងនិយមហិង្សា បង្ករឿងនៅសាលាជានិច្ច។
សុខៈ ជឿថា ជីវិតគេ គ្មានកន្លែងសម្រាប់ទទួលយកស្នេហាដូចយុវជនឯទៀតនោះទេ រហូតដល់គេបានជួបជាមួយនារីអភិជន នាងសុមាលីន ដែលជាយុវនារីម្នាក់ធុញថប់ឌីប្រេសចំពោះសង្គមដែលសម្ភារៈនិយម។ នាងបានមកដល់ជាមួយការយកចិត្តទុកដាក់ចំពោះសុខៈ និងប្អូនៗរបស់គេ។ នាងទុកពួកគេដូចជាគ្រួសាររបស់នាង។

អ្នកស្រី ម៉ីសនសុធារី បង្ហាញលម្អិតថា ទស្សនវិជ្ជាចម្បងនៃស៊េរីនិទានរឿង សុំទោសសង្សារ គឺបានបើកបង្ហាញ ជុំវិញប្រធានបទនៃភាពធន់ក្នុងសង្គមគ្រួសារខ្មែរ សេចក្តីស្រឡាញ់ដោយគ្មានលក្ខខណ្ឌជាពិសេសពីកូនច្បង និងការតស៊ូដើម្បីរស់រានមានជីវិតប្រឈមមុខនឹងភាពក្រីក្រដោយក្លាហាន សុចរិត គ្មានការស្រវឹងឬហិង្សា។

សាច់រឿង បានលើកពីជីវិតរបស់ សុខៈ ដែលជាយុវជនវ័យក្មេងដ៏រឹងមាំ និងមិនអាត្មានិយម លះបង់ក្តីសុបិនរបស់គេ មកមើលថែមនុស្សជុំវិញ។ អ្នកស្រីបញ្ជាក់ថា៖ « រឿងនេះមានបង្កប់នូវទស្សនវិជ្ជាស្នូលមួយគឺ អំណាចនៃការលះបង់ ផ្នត់គំនិតទទួលខុសត្រូវខ្ពស់របស់រៀមច្បងគ្រួសារ សុខៈជាមនុស្សប្រុសដែលពេញដោយសេចក្តីស្រលាញ់ប្អូនៗ លើសពីសុភមង្គលផ្ទាល់ខ្លួន ហើយមនោសញ្ចេតនាស្មោះរបស់លីន ជាសក្ខីភាពនៃការជួយឱ្យរាល់ការខិតខំរបស់សុខៈកាន់តែបានលទ្ធផលប្រសើរឡើង ទោះបីជាមានឧបសគ្គក៏ដោយ។ រឿងនេះ បង្ហាញពីការតស៊ូដោយសេចក្តីថ្លៃថ្នូរ ប្រឈមនឹងភាពក្រីក្រមិនមែនផ្តេកផ្តួលឡើយ!»។

សាច់រឿងនេះ នឹងកែសម្រួលទៅជាប្រលោមលោកដោយក្រុមសិស្សដ៏មានទេពកោសល្យរបស់អ្នកនិពន្ធ ម៉ីសន សុធារី ដែលជាក្រុមអ្នកនិពន្ធពោរពេញទៅដោយគុណតម្លៃ។
អ្នកស្រី ម៉ីសន សុធារី បានបង្ហាញនូវទំនុកចិត្តយ៉ាងជ្រាលជ្រៅចំពោះសមត្ថភាពរបស់ក្រុមនេះនៅ ក្នុងការបំប្លែងការនិទានរឿង ដែលជ្រាលជ្រៅពេញដោយទស្សនៈវិជ្ជាមួយនេះ។

អ្នកនិពន្ធសង្កត់ធ្ងន់ថា «សុំទោសសង្សារ» ប្រែកម្លាយ ពីផតឃែស្ថទៅជាប្រលោមលោក គឺជាកិច្ចសហការដ៏សំខាន់រវាងម្ចាស់រឿង និងអ្នកអធិប្បាយជាសំណេរ ដែលនឹងបន្ថែមនូវភាពស្រស់ស្អាត ទេពកោសល្យអ្នកនិពន្ធខ្មែរវ័យក្មេងក៏ដូចជាទស្សនវិជ្ជាល្អៗរបស់ពួកគេនៅក្នុងពិភពអក្សរសាស្ត្រទំនើប។

អ្នកគាំទ្រអាចទន្ទឹងរង់ចាំអានលម្អិតនូវកម្រងរឿង ដ៏ស្រស់បំព្រងនិងពេលវេលាដ៏រ៉ូមែនទិករវាងលីននិងសុខៈជាមួយកម្លាំងចិត្តដ៏កក់ក្តៅ ។ សូមរង់ចាំតាមដានព័ត៌មានថ្មីៗ អំពីការភ្ជាប់ក្រុម ឥន្ទ្រីយ៍MST ទៅក្នុងសាច់រឿងដ៏គួរឲ្យស្រលាញ់មួយនេះ ក្រោមការណែនាំ និងជំរុញទឹកចិត្តពីអ្នកនិពន្ធ ម៉ី សន សុធារី ។

លោកអ្នកអាចកម្សាន្តអារម្មណ៍ជាមួយនឹងតំណាលរឿង សុំទោសសង្សារ ជារឿងរាល់ថ្ងៃបានលើ Youtube Channel : អ្នកនិពន្ធ មុីសន សុធារី

1 Comment

  • Cholathy Posted December 3, 2024 10:02 am

    WoWWW! Can’t wait to read.

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*