រឿង៖ និរន្តរ៍អាល័យ (ភាគ១៥)

ជ័ងស៊ូញញឹម៖

«យើងនឹងឱ្យថ្នាំព្យាបាលរបួសជើងរបស់ឯង តែក្រោយពេលជាសះស្បើយ កុំរត់ផ្ដេសផ្ដាសឱ្យសោះ បើសំណាងមិនល្អចួបអានាន ឯងមិនមែនត្រឹមតែបាក់ជើងទេ»

ស៊ីវលូសម្លឹងមើលទៅជ័ងស៊ូ ចង់និយាយអ្វីមួយតែក៏ឈប់ទៅវិញ គ្រាន់តែនិយាយថា៖

«ខ្ញុំឃ្លាន»

ជ័ងស៊ូបញ្ជាអ្នកបម្រើស្រីរៀបចំអាហារ ហូបចុកចម្អែករួច អ្នកបម្រើស្រីនាំពួកគេទៅងូតទឹក ផ្លាស់ប្ដូរសម្លៀកបំពាក់។

ស៊ឺឈីបីស៊ីវលូទៅកាន់អាងទឹក ស៊ីវលូនិយាយថា៖

«មានអ្នកបម្រើមើលថែអូនហើយ បងឆាប់ទៅងូតទឹកទៅ លាងជម្រះក្លិនស្អុយរលួយគួរឱ្យខ្លាចនៅក្នុងគុកនោះ»

អ្នកបម្រើស្រីពីរនាក់បម្រើស៊ីវលូងូតទឹក ផ្លាស់ប្ដូរសម្លៀកបំពាក់ថ្មី។ ស៊ឺឈីផ្លាស់ប្ដូរសម្លៀកបំពាក់រួចរាល់តាំងពីយូរ គេឈររង់ចាំនៅខាងក្រៅ ឃើញអ្នកបម្រើស្រីគ្រាហ៍ស៊ីវលូចេញមក ក៏រហ័សដើរទៅជិត។

នគរកៅស៊ីងមានអាកាសធាតុសំណើមកក់ក្តៅពេញមួយឆ្នាំ ប្រជារាស្ត្រស្លៀកពាក់ស្រាលស្ដើង ពួកគេចូលចិត្តភាពស្រស់ស្អាតបែបធម្មជាតិ ទន់ភ្លន់ និងចូលចិត្តពាក់ស្បែកជើងទ្រនាប់ឈើ។ ពេលនេះ ស៊ឺឈីស្លៀកសម្លៀកបំពាក់កៅស៊ីងពណ៌ផ្ទៃមេឃ មានដៃអាវធំទូលាយ សាច់ក្រណាត់ទន់ រលើបរលោង ខ្សែក្រវាត់រលុង ដង្កៀបត្បូងទទឹម ពាក់ស្បែកជើងទ្រនាប់ឈើ ដើរយ៉ាងសង្ហាស្រស់ស្រាយ ដូចដើរនៅលើខ្យល់ពពក ដៃអាវរលាស់ស្រិល ដូចព្រះច័ន្ទពេញវង់ ឆ្លុះបញ្ចាំងនៅលើផ្ទៃបឹង។ រូបរាងដ៏ស្រស់សង្ហានោះ ធ្វើឱ្យអ្នកបម្រើស្រីទាំងពីរនាក់សម្លឹងមើលទៅគេមិនដាក់ភ្នែក ស៊ីវលូក៏មិនអាចដកភ្នែកចេញបាន។ ស៊ឺឈីបន្ទាបភ្នែកចុះទាំងច្របូកច្របល់ ប៉ុន្តែហាក់បីរីករាយជាខ្លាំងដែលឃើញស៊ីវលូសម្លឹងមើលមកគេយ៉ាងចាប់អារម្មណ៍។ គេងើយមុខឡើងទទួលយកខ្សែភ្នែកមើលមិនដាក់របស់ស៊ីវលូ ឈានដើរទៅចំពោះមុខគេ។

ស៊ីវលូចំអកថា៖

«មិនពន្លើសដែលថាមានមនុស្សស្រីហាត់រាំលំបាកដប់ឆ្នាំដើម្បីតែបងអាចចោលមួយក្រឡេកភ្នែកមើល។ លើកនេះវិលទៅវិញ ប្រាកដជាមានស្រីស្អាតជាច្រើនរង់ចាំចួបបង»

ស៊ឺឈីច្របូកច្របល់ ខ្លាចស៊ីវលូយល់ច្រឡំ រហ័សអះអាងចិត្តថា៖

«បងនឹងមិនចួបពួកគេទេ»

ស៊ីវលូរង្គោះរង្គើចិត្ត ផ្អែមល្ហែម តែមិនចង់បង្ហាញមកក្រៅឱ្យឃើញ គេធ្វើព្រងើយ ងាកមុខចេញទៅម្ខាង៖

«បងចួបពួកគេឬអត់…ពាក់ព័ន្ធអីនឹងខ្ញុំ?»

រាជពេទ្យមកពិនិត្យមើលជើងរបស់ស៊ីវលូ ស៊ឺឈីឈរនៅក្បែររង់ចាំមើល។ រាជពេទ្យលាបថ្នាំឱ្យគេ ហើយយកឈើពិសេសអបឆ្អឹងបាក់របស់គេដែលត្រាំក្នុងទឹកចរណៃថ្មឈីស៊ី។ ស៊ីវលូមានអារម្មណ៍ថាជើងរបស់គេដូចត្រូវបានត្រាំក្នុងទឹកថ្លាត្រជាក់ស្រួលខ្លួនយ៉ាងខ្លាំង។

រាជពេទ្យផ្ដែផ្ដាំស៊ីវលូ៖

«កាត់បន្ថយកម្រើកជើងទាំងពីរ សម្រាកមើលថែឱ្យបានល្អ យឺតពីរទៅបីខែ ឆាប់តែមួយខែនឹងជាសះស្បើយ»

ស៊ីវលូញញឹម ឱនក្បាលអរគុណ បន្ទាប់មកស្មើសុំឱ្យរាជពេទ្យពិនិត្យមើលជំងឺរបស់ស៊ឺឈី។ ក្រោយពិនិត្យរួច រាជពេទ្យជូនថ្នាំមួយដបឱ្យស៊ឺឈី ពូកែខាងព្យាបាលរបួសគ្រាំក្នុង។ រាជពេទ្យចាកចេញទៅ ស៊ីវលូនិយាយទៅកាន់ស៊ឺឈី៖

«គ្មានថ្នាំណាអាចព្យាបាលស្លាកស្នាមនៅលើខ្លួនបងឡើយ»

របួសធម្មតាមិនអាចបន្សល់ទុកស្លាកស្នាមនៅលើខ្លួនអម្បូរអាទិទេព ប៉ុន្តែឆ្នាំនោះ រាល់ពេលដែលធ្វើទារុណកម្មស៊ឺឈី ទូសានហាវរោយលើមុខរបួសថ្នាំពិសេសអ្វីមួយ មិនត្រឹមតែធ្វើឱ្យគេភ្ញាក់ដឹងខ្លួន ទទួលការឈឺចាប់ពេញទំហឹង ទន្ទឹមគ្នានោះនឹងបន្សល់ទុកស្លាកស្នាមទារុណកម្មដ៏ឃោរឃៅនៅលើរាងកាយរបស់គេ បង្កើតជាស្លាកស្នាមពេញមួយជីវិតមិនអាចលុបបំបាត់បាន។ ឆ្នាំនោះ ស៊ីវលូខិតខំរិះរកវិធីសាស្ត្រជាច្រើនលុបបំបាត់ស្លាកស្នាមនៅលើរាងកាយរបស់ស៊ឺឈី ប៉ុន្តែបន្ទាប់ពីមួយឆ្នាំកន្លងទៅ សាកល្បងថ្នាំច្រើនប្រភេទ នៅតែគ្មានលទ្ធផល ស៊ីវលូកំណត់ចិត្តថាគ្មានវិធីព្យាបាលដាច់ឡើយ។

ស៊ីវលូសម្លឹងមើលទៅជើងទាំងពីររបស់ស៊ឺឈី និយាយថា៖

«មិនថាយ៉ាងណា នៅរាជវាំងកៅស៊ីង មានឱសថទិព្វកម្រជាច្រើន ប្រាកដជាអាចព្យាបាលបងបាន ប៉ុន្តែបងត្រូវស៊ូទ្រាំលំបាកបន្តិច»

ការធ្វើទារុណកម្មឆ្នាំនោះបន្សល់ទុករបួសដំណំលើជើងស្តាំរបស់ស៊ឺឈី។ យោងកម្លាំងធាតុក្នុងខ្លួន នៅពេលដើរលឿន មិនកត់សម្គាល់ឃើញអ្វីប្លែកទេ ប៉ុន្តែបើដើរយឺត មនុស្សគ្រប់គ្នាអាចកត់សម្គាល់ឃើញ ស៊ឺឈីដើរប៉ាំងពៀចបន្តិច។

ស៊ឺឈីគ្រវីក្បាល៖

«បងមិនខ្វល់រឿងទាំងនោះទេ»

ស៊ីវលូញញឹមញញែម ស្ងាបហូមវែង។ ស៊ឺឈីនិយាយថា៖

«អូនសម្រាកចុះ»

ស៊ីវលូចាប់តោងដៃអាវរបស់ស៊ឺឈីជាប់៖

«បងក៏ត្រូវការសម្រាកដែរ តែអូនមិនចង់ឱ្យបងចាកចេញពីទីនេះ»

«បងផ្អែកជញ្ជាំងក៏អាចគេងបាន»

ស៊ឺឈីអង្គុយចុះនៅលើចំហៀងគ្រែ ផ្អែកខ្នងនឹងដៃគ្រែ។ ស៊ីវលូបិទភ្នែក នៅតែមិនព្រមលែងដៃអាវរបស់ស៊ឺឈី។ ស៊ឺឈីកាន់ពែងទឹកនៅក្នុងដៃ ផ្សែងពណ៌សសាយភាយជុំវិញ ស៊ីវលូទម្លាក់ដៃរបស់គេធ្លាក់ចុះបន្តិចម្តងៗ។

ស៊ឺឈីមានអារម្មណ៍ថា ចាប់តាំងពីចេញពីគុកមក ស៊ីវលូព្យាយាមលាក់បាំងភិតភ័យ ព្រួយកង្វល់ក្នុងចិត្ត។ គេគិតថា រឿងនេះមានពាក់ព័ន្ធជាមួយអធិរាជស៊ុនទី។ បើតាមអត្តចរិតរបស់ស៊ីវលូ មិនមែនព្រោះតែឫិទ្ធិអំណាចរបស់អធិរាជស៊ុនទីនោះទេ ប៉ុន្តែព្រោះតែរូបទ្រង់ផ្ទាល់ អធិរាជស៊ុនទី…

ស៊ឺឈីសន្សឹមៗចាប់កាន់ដៃរបស់ស៊ីវលូ និយាយតិចៗ៖

«មិនថាមានរឿងអ្វីកើតឡើងបងនឹងនៅក្បែរអូនជានិច្ច»

**********

I: Chapter 9

វគ្គ៩៖ ចន្លោះគល់ចញ្ចើមនិងបេះដូង មិនអាចគេចវេស

នៅរសៀលហៀបលិច អាមាត្យនៅក្នុងរាជវាំងធំបានមកអញ្ជើញស៊ីវលូនិងស៊ឺឈីទៅចូលគាល់អធិរាជស៊ុនទី។ ឃើញជើងស៊ីវលូរបួស មិនអាចដើរបាន អាមាត្យក៏បញ្ជាអ្នកបម្រើលើកគ្រែស្នែងមក។ ស៊ឺឈីបីស៊ីវលូឡើងគ្រែស្នែង។ អ្នកបម្រើសែងគ្រែស្នែង ស៊ឺឈីដើរតាមពីក្រោយ ក្រុមមនុស្សដើរប្រហែលកន្លះធូបក៏មកដល់វិមានចាវហួយ ដែលជាទីកន្លែងប្រជុំសាវនាការជារៀងរាល់ថ្ងៃ។ អ្នកបម្រើឈប់គ្រែស្នែងនៅមុខខ្លោងទ្វារវិមាន អាមាត្យចូលទៅទូលថ្វាយជាមុន។ ឮសំឡេងខាងក្នុងកោះហៅ ស៊ឺឈីបីស៊ីវលូចុះ សេនានៅមុខខ្លោងទ្វារបម្រុងនឹងរាំងឃាត់ ភ្លាមនោះសំឡេងរបស់ជ័ងស៊ូបន្លឺឡើង៖

«ឱ្យពួកគេចូលទៅ!»

ស៊ឺឈីបីស៊ីវលូដើរចូលទៅក្នុងវិមាន ជញ្ជាំងវិមានមានពណ៌ស្រងឹត បរិយាកាសស្ងប់ស្ងាត់ នៅចំកណ្តាលកំពូល បុរសម្នាក់ស្លៀកពាក់ពណ៌សអង្គុយនៅលើកៅអីប្រណិត។ បុរសនោះមានទឹកមុខត្រជាក់ស្រេងជាមួយរង្វង់មុខរស់រវើកដូចឆ្លាក់ពីដុំទឹកកកនៅលើភ្នំប៉ូលទឹកកកខាងជើង មិនចាស់ជ្រីវជ្រួញឬទ្រុឌទ្រោម មុខមាត់ស្របាលវ័យសាមសិប ប៉ុន្តែសក់របស់បុរសនោះមានពណ៌ប្រផេះ នោះជាសញ្ញាតែមួយគត់បង្ហាញពីផ្ទាំងជីវិតធ្លាប់ហែលឆ្លងគ្រោះកម្មនិងព្យុះសង្ឃរាជាច្រើន។

ស៊ឺឈីដាក់ស៊ីវលូចុះថ្នមៗ លុតជង្គង់ក្រាបថ្វាយបង្គំ។

«រាស្ត្រសាមញ្ញយៀកស៊ឺឈីសូមក្រាបថ្វាយបង្គំព្រះអង្គ! វិនស៊ីវលូមានរបួសជើង មិនអាចក្រាបថ្វាយបង្គំព្រះអង្គ សូមព្រះអង្គលើកលែងទោស!»

អធិរាជស៊ុនទីហាក់បីមិនស្ដាប់ស៊ឺឈី គិតតែយកចិត្តទុកដាក់សម្លឹងមុខស៊ីវលូ។ មុនពេលមកដល់ទីនេះ ស៊ីវលូមានអារម្មណ៍ព្រួយភ័យ នាងជ្រួលច្របល់លែងនិយាយស្ដីខុសធម្មតា។ ប៉ុន្តែខណៈពេលនេះ នាងស្រាប់តែមានអារម្មណ៍ធូរស្រាល នាងញញឹមពព្រាយទៅកាន់អធិរាជស៊ុនទី ទុកឱ្យទ្រង់សម្លឹងមុខស្រេចតែចិត្ត។ បន្តិចក្រោយមក អធិរាជស៊ុនទីលើកដៃអនុញ្ញាតស៊ឺឈីក្រោកឈរឡើង។ ទ្រង់ត្រាស់សួរទៅស៊ីវលូ៖

«អ្នកណាធ្វើឱ្យឯងរបួស?»

ស៊ីវលូសម្លក់ត្រង់ៗមិនខ្លាចក្រែងទៅជ័ងស៊ូ មិនមាត់មិនស្ដី។ ជ័ងស៊ូលំទោនកាយទូលថ្វាយ៖

«ក្រាបទូលលោកគ្រូ គឺខ្ញុំ! គេប្រឆាំងនឹងរាជបញ្ជាម្ដងហើយម្ដងទៀត រឹងទទឹងចង់រត់គេចទើបខ្ញុំដាក់ពិន័យជាការព្រមាន!»

អធិរាជស៊ុនទីគ្រលៀសភ្នែកទៅជ័ងស៊ូបន្តិច ទើបងាកទៅសួរស៊ីវលូ៖

«ហូបអាហារពេលយប់ហើយឬនៅ?»

«នៅទេ»

អធិរាជស៊ុនទីងាកទៅបង្គាប់អាមាត្យជំនិត៖

«រៀបចំអាហារទៅ»

«ក្រាបទូល!»

អាមាត្យជំនិតឈានថយទៅក្រោយ ទទួលបញ្ជារៀបចំអាហារពេលយប់។

មនុស្សទាំងអស់គ្នាហូបអាហារពេលយប់នៅក្បែរវិមានចាវហួយ។ ដំណាក់ក្រយាមិនធំពេក តុអាហាររបស់មនុស្សម្នាក់ៗដាក់នៅជាប់ក្បែរគ្នា។ អធិរាជស៊ុនទីអង្គុយនៅកន្លែងខ្ពស់បំផុត។ ជ័ងស៊ូអង្គុយនៅខាងក្រោម ខាងឆ្វេងដៃរបស់អធិរាជស៊ុនទី ស៊ីវលូអង្គុយខាងស្តាំដៃ បែរមុខទៅរកជ័ងស៊ូ ស៊ឺឈីអង្គុយនៅក្បែរស៊ីវលូដើម្បីមើលថែនាង។

ប្រហែលជាការស្រមៃរបស់មនុស្សលោក អាហារពេលយប់របស់អធិរាជប្រាកដជាសុទ្ធតែភោជនីអាហារថ្លៃៗ សម្បូរបែប។

ប៉ុន្តែអាហារពេលយប់របស់អធិរាជស៊ុនទីបែរជាសាមញ្ញជាទីបំផុត ដូចជាអាហារពេលយប់របស់គ្រួសាររាស្ត្រសាមញ្ញក្រោមមេឃនេះដែរ។

អធិរាជស៊ុនទីសោយតិច មិនសោយស្រា អាកប្បកិរិយាថ្លៃថ្នូរ ខ្ពង់ខ្ពស់។ ជ័ងស៊ូនិងស៊ឺឈីក៏ហូបអាហារយ៉ាងថ្លៃថ្នូរ កាយវិការមានបែបបទត្រឹមត្រូវ មានសុជីវធម៌ មិនបន្លឺសូរសំឡេងណានៅក្នុងពេលហូបអាហារ។ ជាផ្ទាំងរូបភាពកូនចៅត្រកូលអ្នកធំ ចេះទុកដាក់កាយា ឥតខ្ចោះ។

នៅក្នុងដំណាក់ក្រយាទាំងមូលមានតែស៊ីវលូតែម្នាក់បន្លឺសូរសំឡេងពេលហូបអាហារ។ ស៊ីវលូហូបចុកបុកទំពារឮខ្លាំងៗ ខ្វះសុជីវធម៌ ពេលខ្លះមិនខ្ចីប្រើចង្កឹះ ដៃទទេចាប់សាច់លើចាន មាត់ប្រឡាក់ខ្លាញ់រងើម។

ហូបចុករួចរាល់ នាងមិនក្រែងរអែងជូតត្រដុសដៃលើខោអាវខ្លួន។ អ្នកបម្រើលុតជង្គង់ចុះក្រោមជើងស៊ីវលូ លើកចានគុជរូបផ្កាឈូកឡើងទៅចំពោះមុខនាង ទ្រនាប់ផ្កាឈូកស្រស់អណ្ដែតលើផ្ទៃទឹក។ ស៊ីវលូជូតមាត់លើដៃអាវ ធ្វើមុខឆ្ងល់សម្លឹងចានគុជនៅលើដៃអ្នកបម្រើ។ បន្ទាប់មកដូចនឹកឃើញអ្វីមួយ នាងស្រវាដៃទទួលយកចានគុជអកផឹកមួយដង្ហើមដាច់ ផឹកអស់ទឹកទុកសម្រាប់លាងដៃ។ អ្នកបម្រើបើកភ្នែកធំៗភ្ញាក់ផ្អើល ស៊ីវលូធ្វើរំភើយសងចានគុជទទេឱ្យទៅពួកគេវិញ៖

«អរគុណណា៎!»

សំណាងដែលពួកគេសុទ្ធតែជាអ្នកបម្រើជំនិតនៅក្បែរអធិរាជ ជាយូររៀនចេះនឹងនរនិងទប់សង្កត់អារម្មណ៍ ជាហេតុភាពភ្ញាក់ផ្អើលត្រឹមកាត់មុខមួយប៉ប្រិចភ្នែក បន្តិចក្រោយមក ពួកគេក៏វិលមកនឹងនរធម្មតាវិញដូចគ្មានរឿងអ្វីកើតឡើង។ ពួកគេនៅតែគោរពបម្រើស៊ីវលូពេញទី។ ប៉ុន្តែពួកគេឈ្លាសវៃដកបទពិសោធ លើកក្រោយលើកអ្វីមកត្រូវតែឱបខ្សឹបប្រាប់ស៊ីវលូពីវិធីប្រើប្រាស់។

មិនដឹងថាស៊ីវលូធ្វើឱ្យជ័ងស៊ូទើសភ្នែកឬហូបឆ្អែត គេទម្លាក់ចង្កឹះចុះ ក្រេបផឹកស្រាបណ្ដើរសម្លឹងមុខស៊ីវលូមិនដាក់បណ្ដើរ។ អធិរាជស៊ុនទីគ្មានប្រតិកម្មអ្វីចំពោះទង្វើនិងអាកប្បកិរិយារបស់ស៊ីវលូឡើយ។

ខាំអង្គាមឆ្អឹងអស់ ស៊ីវលូមិនបោះចោលភ្លាមតែធ្វើតាមទម្លាប់រាល់ថ្ងៃ បៀមជញ្ជក់ខួរឆ្អឹងដល់អស់ជាតិ។ ទង្វើនេះបន្លឺសំឡេងមួយៗយ៉ាងច្បាស់ៗ។ នៅក្នុងអាហារចួបជុំខាងក្រៅ ហូបបណ្ដើរជជែកលេងបណ្ដើរគឺជារឿងធម្មតា ប៉ុន្តែឥឡូវនេះពួកគេកំពុងនៅក្នុងដំណាក់ក្រយារាជវាំង សោយអាហារជាមួយអធិរាជ ពួកអ្នកបម្រើមិនហ៊ានសូម្បីតែដកដង្ហើមឮ ហេតុនេះសំឡេងជញ្ជក់ឆ្អឹងរបស់ស៊ីវលូលាន់ឮក្រូកៗដូចផ្គរលាន់។

ពួកអ្នកបម្រើឈរកករឹងមួយកន្លែង បេះដូងលោតដឹបៗតាមសំឡេងជញ្ជក់ឆ្អឹងមួយៗរបស់ស៊ីវលូ។ ស៊ឺឈីអង្គុយស្ងប់ស្ងាត់ធម្មតា ទឹកមុខថ្លាត្រជាក់ដូចគ្មានរឿងអ្វី គេនៅតែសន្សឹមៗហូបអាហាររបស់គេ។ ស្របពេលនោះ ជ័ងស៊ូជ្រួញចិញ្ចើមតឹងចូលគ្នាព្រោះមិនអាចទប់អារម្មណ៍ខ្ពើមរអើម។

ទីបំផុត អធិរាជស៊ុនទីដៀងភ្នែកទៅកាន់ស៊ីវលូ។ ទីបំផុត ស៊ីវលូក៏មានអារម្មណ៍ពីបរិយាកាសប្រែប្រួលនៅក្នុងដំណាក់នេះ។ មាត់ខាំអង្គាមឆ្អឹង គ្រាប់ភ្នែកក្រឡាប់ចុះឡើង គេភ្ញាក់ភ័យព្រួសឆ្អឹងមួយដុំខ្ទាតចេញក្រៅ។ អ្នកបម្រើភ្នែករហ័សដៃរហ័សចាប់ជាប់។

ស៊ីវលូសើចស្ញេញស្ញាញ ក្ដោបដៃទូលថ្វាយ៖

«រាស្ត្រសាមញ្ញជាមនុស្សសម្រែ នេះជាលើកដំបូងបានហូបម្ហូបអាហារឆ្ងាញ់យ៉ាងនេះ រាស្ត្រសាមញ្ញមិនយល់ច្បាប់វិន័យ សង្ឃឹមថាព្រះអង្គមិនប្រកាន់ទោសពៃរ៍!»

អធិរាជស៊ុនទីមើលស្លឹងទៅស៊ីវលូមួយសន្ទុះទើបសួរថា៖

«រាល់ថ្ងៃឯងចូលចិត្តហូបអ្វី?»

«ម្ហូបអ្វីក៏រាស្ត្រសាមញ្ញចូលចិត្តដែរ តែចូលចិត្តបំផុតគឺសាច់ពពែអាំង»

«ចុះចំណីចំណុក?»

«កទា… ជើងមាន់…»

ស៊ីវលូលេបទឹកមាត់ក្អឹកៗ។

«នៅមានជើងក្ងានទៀត»

«ចូលចិត្តរសជាតិអ្វី? យើងនឹងបញ្ជាចុងភៅត្រៀមទុកសម្រាប់ឯង មុនពេលចូលគេង ស្ដាប់និទានរឿងបណ្ដើរហូបចំណីបណ្ដើរ»

ស៊ីវលូស្លេកមុខសម្លឹងអធិរាជស៊ុនទីព្រិចៗភ្នែក។

ផ្សែងអ័ព្ទពពកហោះហើរជុំវិញមុខជ័ងស៊ូ ដៃរបស់គេញ័ររង្គើបន្តិច ស្រាហៀរចុះប្រឡាក់អាវ តែគេមិនចាប់ភ្លឹកអ្វី គេកំពុងតែចាប់ភ្លឹកសម្លឹងមើលស៊ីវលូ។

ស៊ីវលូសើចហីៗ៖

«រសជាតិអ្វីក៏បានដែរ មនុស្សសម្រែមិនហូបរើសទេ»

អធិរាជស៊ុនទីផ្ដែផ្ដាំអាមាត្យជំនិតដែលឈរនៅក្រោយខ្នង៖

«ធ្វើគ្រប់រសជាតិទាំងអស់»

ស៊ីវលូងាកទៅម្ខាង ប្រាប់ស៊ឺឈីតិចៗ៖

«ខ្ញុំហូបឆ្អែតហើយ ចង់ទៅវិញសម្រាក»

ស៊ឺឈីលំទោនកាយថ្វាយបង្គំលាអធិរាជស៊ុនទី ទ្រង់មានបន្ទូលថា៖

«លោកនាំស៊ីវលូទៅចុះ»

ស៊ឺឈីបីស៊ីវលូចាកចេញពីដំណាក់។ ជ័ងស៊ូស្ទុះក្រោកឡើងវឹប សម្លឹងដេញតាមទៅស៊ីវលូរហូតដាច់ស្រមោលស៊ីវលូចេញទៅបាត់ ទើបគេងាកមកវិញ ជ្រួយច្របល់សួរថា៖

«លោកគ្រូ! គេជាអ្នកណា?»

«ឯងគិតថាគេជាអ្នកណា?»

«នៅពេលដែលលោកគ្រូបញ្ជាខ្ញុំនាំគេមកកាន់ទីនេះ លោកគ្រូធ្លាប់ប្រហារជីវិតព្រះអង្គម្ចាស់បះបោរនិងកូនចៅរបស់ពួកគេ ខ្ញុំគិតថាគេជាកូនប្រុសរបស់ព្រះអង្គម្ចាស់ម្នាក់ក្នុងចំណោមព្រះអង្គម្ចាស់ទាំងប្រាំឃុបឃិតគ្នាប្រឆាំងនឹងទ្រង់។ ខ្ញុំឮថាចុងយុងមានប្រពន្ធម្នាក់ខ្លាំងពូកែមន្តអាសិរពិស នាងធ្លាប់រៀបផែនការធ្វើឃាតទ្រង់។ ស៊ីវលូក៏ខ្លាំងពូកែពិស ទើបខ្ញុំគិតថា… ប៉ុន្តែ… ប៉ុន្តែអម្បាញ់មិញលោកគ្រូបែរជាមានបន្ទូលថា គេ… មុនពេលចូលគេង… ស្ដាប់និទានរឿងបណ្ដើរហូបចំណីបណ្ដើរ… ស៊ីវយ៉ាវ… ស៊ីវយ៉ាវ…»

ជ័ងស៊ូរំភើបត្រេកអរផងភ័យខ្លាចផង ភ័យខ្លាចរហូតដល់ថ្នាក់ប្រែប្រួលសំឡេងអស់ គេក្ដុកក្ដួលនិយាយអ្វីមិនចេញ។

«…កាលពីតូចនាងចូលចិត្តស្ដាប់ម្ដាយនិទានរឿងបណ្ដើរហូបចំណីលេងបណ្ដើរ នាងចូលចិត្តហូបចំណីមុនចូលគេងមិនព្រមហូបអាហារពេលយប់។ ពេលដែលត្រូវម្ដាយស្ដីបន្ទោស នាងរឹងរូសប្រកែកយកឈ្នះថា បិតានាងបានអនុញ្ញាតហើយ។»

ខណៈដែលជ័ងស៊ូមិនអាចគ្រប់គ្រងអារម្មណ៍ពុះកញ្ជ្រោលនៅក្នុងដើមទ្រូង អធិរាជស៊ុនទីបែរជានឹងថ្លឹងជាទីបំផុត។

«យើងមើលមិនធ្លុះរូបរាងប្រែកាឡារបស់គេទើបមិនដឹងថាទីបញ្ចប់គេជាអ្នកណា»

ជ័ងស៊ូក្រាបចុះនៅចំពោះមុខអធិរាជស៊ុនទី ទឹកមុខសែនល្ងីល្ងើ។ បន្តិចក្រោយមក ទើបថ្លើមធំសួរ៖

«លោកគ្រូកំពុងតែសង្ស័យ?»

អធិរាជស៊ុនទីនៅស្ងៀមមិនតប ជ័ងស៊ូស្ទុះក្រោកឈរឡើង សម្រុកចេញទៅក្រៅ៖

«ខ្ញុំទៅសួរគេទីបញ្ចប់គេជាអ្នកណា ហេតុអ្វីមិនព្រមទទួលស្គាល់ខ្ញុំ?»

«ឈប់សិន!»

សូរសំឡេងម៉ឺងម៉ាត់តឹងរ៉ឹងរបស់អធិរាជស៊ុនទីធ្វើឱ្យជ័ងស៊ូឈរទ្រឹង គេងាកទៅសម្លឹងមុខអធិរាជស៊ុនទីដោយកែវភ្នែកផ្ទុកមន្ទិល មិនយល់៖

«ឬមួយទ្រង់មិនចង់ដឹងទេ? ស៊ីវយ៉ាវគឺជាកូនស្រីរបស់មនុស្សម្នាក់នោះ…»

អធិរាជស៊ុនទីនៅស្ងៀមទ្រឹង បង្វិលយឺតៗកងចិញ្ចៀនឆ្អឹងសនៅលើម្រាមដៃកូនរបស់ទ្រង់។

«គេជាអ្នកណាមិនមែនលើយើងសម្រេច គឺគេជាអ្នកសម្រេចដោយខ្លួនឯង!»

ដ្បិតមិនយល់តែជ័ងស៊ូដឹងថា ពាក្យបន្ទូលរបស់លោកគ្រូផ្ទុកន័យជ្រាលជ្រៅ។ គេលុតជង្គង់ចុះយឺតៗ រង់ចាំស្ដាប់៖

«នៅក្នុងឆាកជីវិត ពេលខ្លះសេចក្ដីស្រលាញ់បង្ករបួសស្នាមនិងការឈឺចាប់ច្រើនជាជាងសេចក្ដីចងកំហឹង។ ឯងចង់ដឹងថាគេជាអ្នកណា យើងក៏ចង់ដឹងដែរតែមិនបង្ខិតបង្ខំ ទុកពេលវេលាឱ្យគេ ទុកឱ្យគេខ្លួនឯងនិយាយប្រាប់ពួកយើង!»

ជ័ងស៊ូគ្រវីក្បាល៖

«ខ្ញុំមិនយល់ទេ…»

អធិរាជស៊ុនទីក្រោកឈរឡើង ចាកចេញពីដំណាក់។

«ឯងនឹងយល់!» ជ័ងស៊ូនៅធ្មឹងធ្មាំងអស់ជាយូរទើបក្រោកឈរឡើង ឈានជើងខ្ពស់ទាប ត្រដាប់ត្រដួលដូចមនុស្សស្រវឹងទៅកាន់ដំណាក់ហួរស៊ីង។

ស៊ីវលូនិងស៊ឺឈីកំពុងអង្គុយស្រូបខ្យល់អាកាសនៅក្រោមសំយ៉ាប លើកម្រាលព្រំធ្វើពីពុកមាត់នាគ ពួកគេទាំងពីរផ្អែកស្មាទល់នឹងសសរដំណាក់។ ស៊ឺឈីដាក់លើភ្លៅចានគុជមួយមានផ្លែមង្ឃុត គូលែន ពុទ្រា មៀន… គេបកសំបកមៀនមួយហុចឱ្យទៅស៊ីវលូ។

«មិនហូបទេ»

ស៊ឺឈីបោះមៀនចូលមាត់ខ្លួនឯង បន្តបកសំបកមង្ឃុត ចែកពាក់កណ្តាលឱ្យទៅស៊ីវលូ។ ស៊ីវលូរីករាយខាំហូបជិបៗ។ ក្រឡេកឃើញជ័ងស៊ូ ស៊ឺឈីក្រោកឈរគោរពគេ ស៊ីវលូនៅតែដេកស្ងៀម គ្រាន់តែញញឹមបក់ដៃរវៃៗដាក់គេ។ ជ័ងស៊ូដើរទៅអង្គុយនៅទល់មុខពួកគេ។

អតីតកាលគ្រាចួបនឹងស៊ីវលូដំបូងលេចឡើងម្តងមួយៗ។ ជ័ងស៊ូបានបញ្ជាមនុស្សធ្វើទារុណកម្ម ធ្វើឱ្យស៊ីវលូទទួលរងការឈឺចាប់យ៉ាងខ្លាំងដោយសាច់និងឆ្អឹងដៃត្រូវដង្កូវខ្មោចចុះស៊ី។ គេនឹកស្មានថារវាងពួកគេទាំងពីរមានគំនុំគុំគួនមិនទូលមេឃរួមគ្នា ប៉ុន្តែស៊ីវលូបែរជាការពារគេ ជួយជីវិតរបស់គេ។ កាលនោះ គេសង្ស័យថាស៊ីវលូធ្វើបែបនេះ ព្រោះតែចង់ឱ្យគេជំពាក់គុណ ហើយគ្មានអ្វីលើសពីគម្រោងការដ៏អាក្រក់ណាមួយឡើយ។ ខណៈពេលដែលគេត្រូវសាងលីវដេញសម្លាប់នោះ ថង់ក្រអូបកន្ទុយកញ្ជ្រោងដាច់រហែក ប៉ុន្តែកន្ទុយកញ្ជ្រោងមិនជ្រុះបាត់ទៅណា នៅតែស្ថិតនៅក្នុងដើមទ្រូងរបស់គេ។

គេត្រូវមនុស្សគ្រួសារហ្វុងហ្វុងបាញ់ព្រួញចាក់ចំដើមទ្រូង គេហៅស៊ីវលូមក ចង់ប្រើប្រាស់ស៊ីវលូ រង់ចាំពេលចាំបាច់នឹងបាញ់ព្រួញទៅដើមទ្រូងរបស់ស៊ីវលូ ធ្វើឱ្យស៊ីវលូរងរបួសដូចគ្នា ឈាមហូរមិនឈប់ បង្ខំឱ្យទូសានជីងទៅរកហ្វុងហ្វុងអ៊ីអ៊ីងប្រគល់ថ្នាំឃាត់ឈាមចេញ គេនឹងឆ្លៀតឱកាសនោះដណ្ដើមយកថ្នាំ។ មិននឹកស្មានថា ស៊ីវលូមិនស្ទាក់ស្ទើរអ្វីទាំងអស់ ភ្លាមៗនោះទៅរកទូសានជីង ហើយថែមទាំងលួចចរណៃប៉ូលទឹកកកឱ្យគេថែមទៀតផង។

ស៊ីវលូផ្ទេរដង្កូវពិសបុរាណចូលខ្លួនរបស់គេ ធានាថាគ្រាន់តែបង្កការឈឺចាប់ មិនគ្រោះថ្នាក់ដល់អាយុជីវិត ប៉ុន្តែគេមិនជឿ។ ស៊ីវលូយកលេសម្តងហើយម្ដងទៀត ពន្យាពេលមិនព្រមបន្សាបពិស ទើបគេគិតថាស៊ីវលូគ្រោងប្រើដង្កូវពិសបុរាណទុកសម្រាប់គំរាមកំហែងគេ។ សូម្បីតែពេលដែលស៊ីវលូប្រាប់ថាដង្កូវពិសបុរាណត្រូវបានផ្ទេរចេញពីខ្លួនរបស់គេ កន្លងទៅមួយរយៈគេលែងនៅមានអារម្មណ៍ឈឺចាប់ទៀត ប៉ុន្តែគេនៅតែមិនជឿថាស៊ីវលូបានបន្សាបពិសឱ្យគេពិតប្រាកដ។

នៅពេលដែលលោកគ្រូនិយាយថាចង់ចួបស៊ីវលូ គេគិតថាស៊ីវលូគឺជាកូនប្រុសពួកព្រះអង្គម្ចាស់បះបោរ ឈានចូលទៅជិតគេបន្តិចម្តងៗដើម្បីប្រើប្រាស់គេ។ គេចេញដៃទៅលើស៊ីវលូដោយគ្មានមេត្ដា ប៉ុន្តែស៊ីវលូគ្រាន់តែញញឹមសម្លឹងគេ ស្នាមញញឹមគ្មានការស្តីបន្ទោស ផ្ទុយទៅវិញ នោះជាស្នាមញញឹមពេញចិត្ត ស៊ីវលូមានអារម្មណ៍ថាស្ងប់ចិត្តនៅពេលដែលឃើញគេឃោរឃៅ ឈាមត្រជាក់។

នៅមានពេលវេលាកន្លងនាកណ្ដាលថ្ងៃ… នាកណ្ដាលរាត្រី អង្គុយផឹកស្រាក្បែរគ្នា…

រាល់រឿងរ៉ាវទាំងឡាយ រឿងរ៉ាវនីមួយៗបង្ហាញឡើងច្បាស់ក្រឡែតមួយបំណែកៗនៅចំពោះមុខគេ។ ប៉ុន្តែគេបែរជាព្រងើយកន្ដើយ សង្ស័យច្រើន ដាច់ចិត្តយ៉ាងណា…

ជ័ងស៊ូសម្លឹងមើលទៅជើងទាំងពីរដែលអមរនាបឈើអបឆ្អឹង ចងចំណងក្រណាត់ស មើលទៅរយៃៗគួរឱ្យខ្ពើម។ គេសន្សឹមៗឈោងដៃចេញ ស៊ឺឈីគិតថាគេចង់ធ្វើបាបស៊ីលូ លាម្រាមដៃប្រែទៅជាមុខដាវ ហោះលឿនស្លេវដូចផ្លេកបន្ទោរ រារាំងជ័ងស៊ូ។ ប៉ុន្តែជ័ងស៊ូមិនគេចចេញ មុខដាវចាក់ចូលដៃរបស់ជ័ងស៊ូ ដាច់សាច់រលាត់ឈាម។

ជ័ងស៊ូដាក់ដៃនៅលើជើងស៊ីវលូថ្នមៗ បន្លឺសួរតិចៗថា៖

«ឈឺណាស់មែនទេ?»

ស៊ីវលូបែរមុខចេញ បិទភ្នែកចុះ៖

«មិនឈឺទេ»

ពាក្យពេចន៍រាប់មិនអស់ដែលចង់និយាយបុកទន្ទ្រានឡើងនៅក្នុងបេះដូងរបស់ជ័ងស៊ូ ដើមទ្រូងរបស់គេសឹងតែផ្ទុះ ប៉ុន្តែគេមិនហ៊ានបើកមាត់។ ជាងបីរយឆ្នាំកន្លងផុតទៅ ឥឡូវនេះគេលែងជាក្មេងប្រុសតូចរង់ចាំយោលទោងនៅក្រោមដើមក្ងោកឆ្នាំនោះ។ ឪពុកម្ដាយស្លាប់ទៅ គេត្រូវនិរទេសទៅក្រៅនគរ រស់នៅពឹងផ្អែកលើអ្នកដទៃ។ គេពាក់របាំងបិទបាំងជាប់យូរពេករហូតភ្លេចទឹកមុខរីករាយនិងឈឺចាប់ពិតយ៉ាងណា។ គេរៀនវិធីត្រួតត្រាអ្នកដទៃដោយអំណាចនិងយុទ្ធសាស្ត្រ ប៉ុន្តែភ្លេចវិធីចូលទៅជិតមនុស្សដោយបេះដូង ទន់ភ្លន់ និងស្មោះសរ។ គេរៀនវិធីសម្រេចនូវគោលដៅដោយប្រើប្រាស់គ្រប់ល្បិចកល ប៉ុន្តែភ្លេចវិធីបង្ហាញពីអារម្មណ៍នៅក្នុងដួងចិត្តរបស់គេយ៉ាងណា។

ជ័ងស៊ូក្រោកឈរឡើង ផ្ដាំទៅស៊ឺឈី៖

«មើលថែគេឱ្យបានល្អ» ជ័ងស៊ូឈានជើងចេញទៅ ដើរចាកចេញទៅដោយស្ងៀមស្ងាត់នៅក្នុងកណ្ដាលរាត្រីដ៏អាប់អួរ។ ស្មៅឈើ ផ្កាគ្រប់ទង ប្រជែងគ្នាលាស់រីកពេញដំណាក់ហួរស៊ីង។ ខ្យល់រាត្រីបក់ចូលមកដល់ ផ្កាហោះពេញមេឃដូចជាព្រិលធ្លាក់ ក្លិនក្រអូបសាយភាយពេញបរិយាកាស។ ប៉ុន្តែមិនថាយ៉ាងណាក្ដី ទីដាច់ស្រយាលឃ្លាតឆ្ងាយស្រុកកំណើតនេះ គ្មានសួនព្រៃផ្កាក្ងោកក្រហមឆ្អៅ នារដូវផ្ការីក ចែងចាំងដូចថ្ងៃអស្ដង្គ ផ្កាក្ងោករសាត់ហើរដេសដាសដូចជាផ្កាភ្លើងរាប់ពាន់កំពុងរាំរែកនៅលើអាកាស។

សំឡេងសម្រិបជើងរបស់ជ័ងស៊ូទៅឆ្ងាយ ប៉ុន្តែស៊ីវលូនៅតែបិទភ្នែកចុះយ៉ាងណែន។ ស៊ឺឈីឃើញជ្រុងកន្ទុយភ្នែករបស់ស៊ីវលូ ទឹកភ្នែកមួយតំណក់ៗស្រក់ចុះ ភ្លឺរលោងដូចគុជខ្យង។ ស៊ឺឈីទាញស៊ីវលូចូលទៅក្នុងដើមទ្រូង។ ស៊ីវលូជ្រប់មុខនៅលើស្មាស៊ឺឈី ទឹកភ្នែកដូចភ្លៀងរសាយ។

ជាងបីរយឆ្នាំកន្លងផុតទៅ នាងលែងជាក្មេងស្រីតូចយោលទោងនៅក្រោមដើមក្ងោកឆ្នាំនោះ។ នាងធ្លាប់វង្វេងតែលតោលក្នុងព្រៃជ្រៅភ្នំខ្ពស់ រស់នៅដូចជាសត្វព្រៃ ស៊ីឆៅលេបរស់ ស៊ីពោះវៀនលេបប្រម៉ាត់។ នាងធ្លាប់ត្រូវឃុំឃាំង ចិញ្ចឹមក្នុងទ្រុងដូចឆ្កែឆ្មា ធ្លាប់ត្រូវដេញសម្លាប់ហើយក៏ធ្លាប់ដេញសម្លាប់មនុស្សជាច្រើនដែរ។ ជីវិតរបស់នាងសុទ្ធតែជាការកុហក បង្ហូរឈាម ខ្មោចស្លាប់ មនុស្សគ្រប់គ្នាសុទ្ធតែកុហកនាង នាងមិនដឹងថាគួរជឿអ្នកណា គួរទុកចិត្តអ្នកណា ហើយក៏មិនដឹងថាត្រូវប្រឈមមុខជាមួយពួកគេដោយប្រើឋានៈនិងរូងរាងបែបណា។

រហូតពាក់កណ្ដាលអធ្រាត្រ ស៊ីវលូនិងស៊ឺឈីចូលសម្រាក ជ័ងស៊ូនៅតែមិនទាន់វិលមកវិញ។

ព្រឹកព្រលឹមថ្ងៃបន្ទាប់ ពេលស៊ីវលូភ្ញាក់ឡើង ជ័ងស៊ូចេញទៅបាត់។ រសៀលល្ងាចនោះទើបឃើញគេត្រលប់មកដំណាក់ហួរស៊ីងវិញ។ ស៊ីវលូនៅតែញញឹមពព្រាយបក់ដៃសួស្ដីគេយ៉ាងជិតស្និទ្ធិ។ ជ័ងស៊ូនៅតែដូចមុន គ្រាន់តែគេបង្ហាញភាពព្រងើយកន្ដើយចំពោះស៊ីវលូ។ គេនិយាយទៅកាន់ស៊ឺឈី៖

«បើពេលថ្ងៃអផ្សុក ហៅអ្នកបម្រើនាំគេទៅលេងនៅសួនច្បារអ៊ីឈិនយៀន។ បឹងនៅក្នុងសួនធំទូលាយ អាចអុំទូកលេង មានជ្រោះទឹកក្ដៅ ដើមឈើព្រៃផ្កា ចាបព្រាប និងសត្វចិញ្ចឹមចម្លែកជាច្រើន កម្រចួប។ នោះគឺជាកន្លែងកម្សាន្តក៏ល្អមួយ។»

ស៊ឺឈីតប៖

«អ្ហឹម»

ជ័ងស៊ូរំឮកបន្ថែម៖

«កុំអង្គុយលើកម្រាលព្រំបែបហ្នឹង»

ស៊ឺឈីក្រឡេកមុខស៊ីវលូបន្តិចតប៖

«យល់»

ជ័ងស៊ូមិននិយាយអ្វីទៀត ដើរស្ងាត់ៗតែម្នាក់ឯងទៅកាន់បន្ទប់វិញ ពេលយប់មិនចេញមកក្រៅក៏តែម្នាក់ឯងហូរអាហារនៅក្នុងបន្ទប់ផ្ទាល់ខ្លួន។

រាជពេទ្យពិនិត្យដំបូងថាលឿនបំផុតក៏ចំណាយពេលមួយខែទើបជើងរបស់ស៊ីវលូជាសះស្បើយ ប៉ុន្តែដប់ថ្ងៃក្រោយ ស៊ីវលូអាចច្រត់ឈើច្រត់ដើរទៅនេះដើរទៅនោះបាន។

រាជពេទ្យភ្ញាក់ផ្អើលចំពោះរបួសឆាប់ជារបស់ស៊ីវលូ ទើបផ្ដែផ្ដាំថា៖

«មុនពេលជើងជាសះស្បើយគួរសម្រាកនៅស្ងៀមមួយកន្លែង តែបើជាសះស្បើយហើយទ្រាំលំបាកហ្វឹកហាត់ឱ្យបានច្រើន រង់ចាំប៉ុន្មានថ្ងៃទៀតនឹងអាចដើរទៅមកដោយប្រក្រតី»

ស៊ីវលូស្ដាប់បង្គាប់រាជពេទ្យ យកចិត្តទុកដាក់ច្រត់ឈើច្រត់ហាត់ដើរ។

អធិរាជស៊ុនទីមិនកោះហៅស៊ីវលូញឹកញាប់ រំលងបីបួនថ្ងៃទើបកោះហៅម្ដង។ រាល់ពេលចួបម្ដងៗសួរតិចតួចថា៖

«ចូលចិត្តស្រាអ្វី? ចូលចិត្តពណ៌អ្វី? ចូលចិត្តផ្កាអ្វី? ចូលចិត្ត…»

គិតថាគ្រាន់តែជាសំណួរសួរចោល ប៉ុន្តែមិននឹកស្មានថា ឱ្យតែស៊ីវលូឆ្លើយតបថាចូលចិត្តអ្វី បញ្ជារបស់អធិរាជស៊ុនទីនឹងអនុវត្តទៅដល់ដំណាក់ហួរស៊ីងមួយរំពេច។ មានពេលមួយ អធិរាជស៊ុនទីបានសួរស៊ីវលូថាចូលចិត្តអ្វីជាងគេនៅលើលោកនេះ។ ស៊ីវលូមិនស្ទាក់ស្ទើរឆ្លើយតបថា៖

«ចូលចិត្តប្រាក់ជាងគេនៅលើលោកនេះ បើថ្ងៃណាក៏អាចរមៀលទៅរមៀលមកលើភ្នំប្រាក់មិនដឹងរីករាយយ៉ាងណា!»

ថ្ងៃបន្ទាប់ នៅពេលស៊ីវលូបើកភ្នែកឡើងក៏ឃើញភ្នំប្រាក់ចាក់គរនៅចំកណ្ដាលដំណាក់។ មិនមែនមាសពេជ្រកែវកង តែសុទ្ធតែដុំប្រាក់ទាំងដុំៗគរឡើងទៅខ្ពស់។

ស៊ីវលូស្លាំងមុខសម្លឹងមើលភ្នំប្រាក់ភ្លឺចែងចាំង។ ជ័ងស៊ូផ្ទុះសើចបន្ទាប់ពីរាប់សិបថ្ងៃក្រៀមក្រំ ស្រងូតស្រងាត់។ ស៊ឺឈីតាំងពីដើមមកនិយាយស្ដីតិច ស្ងប់ស្ងាត់ ក៏សើចឡើងដែរ និយាយទៅកាន់ស៊ីវលូ៖

«បងមិនដែលឃើញភ្នំប្រាក់ខ្ពស់យ៉ាងនេះទេ»

ឮសំឡេងសើចរបស់ជ័ងស៊ូ ស៊ីវលូគ្រវែងឈើច្រត់ចោល ដួលខ្លួនទៅឱបភ្នំប្រាក់ រមៀលទៅរមៀលមក។

ស៊ឺឈីសើចសួរថា៖

«រីករាយទេ?»

«ឈឺឆ្អឹងឆ្អែងណាស់!»

ស៊ីវលូដេកត្រដាងដៃសំកាងជើងនៅលើភ្នំប្រាក់ ពេញចិត្តសើចក្អាកក្អាយយ៉ាងខ្លាំង៖

«យ៉ាងហោចណាស់ជាតិនេះស្គាល់អារម្មណ៍រមៀលទៅរមៀលមកនៅលើភ្នំប្រាក់ហើយ»

ជ័ងស៊ូនិងស៊ឺឈីនាំគ្នាផ្ទុះសំណើច។

អ្នកបម្រើចង់ចេញចូលដំណាក់ត្រូវដើរកាត់តាមចំហៀងភ្នំប្រាក់។ រាល់ពេលដែលចេញទៅសួនច្បារស្រូបខ្យល់អាកាស ឈរនៅត្រង់ណា ស៊ីវលូនិងស៊ឺឈីក៏ឃើញភ្នំប្រាក់ចាំងភ្នែក។

យប់មួយព្រះចន្ទរះថ្លាដូចកញ្ចក់ ស៊ីវលូមានអារម្មណ៍ល្អចង់គយគន់ព្រះចន្ទ រីករាយទាញទ្វារបើកក៏ឃើញភ្នំប្រាក់នៅចំកណ្ដាលមុខភ្លឺភ្លឹបភ្លែត។ មិនថាទេសភាពស្អាតឬមនុស្សស្អាតប៉ុនណាសុទ្ធតែប្រែជាក្រៀមក្រោះ បាក់សម្រស់ នៅមុខភ្នំប្រាក់នេះ។

ស៊ីវលូទ្រាំមិនបានទៀត បញ្ជាទៅអ្នកបម្រើ៖

«រើភ្នំប្រាក់នេះចេញទៅ!»

អ្នកបម្រើគោរពជម្រាប៖

«នេះជារាជបញ្ជារបស់ព្រះអង្គ បើអ្នកប្រុសចង់រើចេញ ត្រូវសុំការអនុញ្ញាតពីព្រះអង្គ»

លើកនេះចួបអធិរាជស៊ុនទី ស៊ីវលូនិយាយមុនដោយខ្លួនឯង ទូលថ្វាយទ្រង់៖

«រាស្ត្រសាមញ្ញមិនចូលចិត្តភ្នំប្រាក់ទៀតទេ»

អធិរាជស៊ុនទីមុខមាំងក់ក្បាល មានតែជ័ងស៊ូដែលជាសិស្សចំណិតនៅក្បែរទ្រង់ជាច្រើនឆ្នាំទើបអាចកត់សម្គាល់ឃើញស្នាមញញឹមលាក់បង្កប់នៅក្នុងកែវភ្នែកនោះ។

ចាប់តាំងពីថ្ងៃនោះមក រាល់ពេលដែលអធិរាជស៊ុនទីសួរអំពីចំណង់ចំណូលចិត្តរបស់ខ្លួន ស៊ីវលូលែងហ៊ានឆ្លើយចោលទៀត ស្តាប់បង្គាប់ឆ្លើយដោយស្មោះត្រង់។ បើពុំនោះទេ ស៊ីវលូត្រូវស៊ូទ្រាំនឹងអ្វីដែលគេមិនចូលចិត្តជារៀងរាល់ថ្ងៃ។

ជើងទាំងពីរកាន់តែប្រសើរឡើង ស៊ីវលូមិនត្រូវការច្រត់ឈើច្រត់ទាំងសងខាងទៀត អាចដើរច្រត់ឈើតែម្ខាង ឬដើរដំណើរខ្លីដោយគ្មានឈើច្រត់។

ស៊ីវលូចូលចិត្តហក់លោត ស្អប់ជាប់បង្ខាំងនៅមួយកន្លែង ហេតុនេះជើងទាំងពីរអាចកម្រើកបត់បែនបានភ្លាម នាងក៏ពង្រីកដំណើរហាត់ដើររបស់នាងចេញឆ្ងាយពីដំណាក់ហួរស៊ីង។ ស៊ីវលូចូលចិត្តដើរច្រត់ឈើច្រត់នៅក្រោមថ្ងៃត្រង់ស្រគន់ស្រគំ រហូតទាល់តែរាងកាយទាំងមូលបែកញើសទើបគេឈប់។

ស៊ឺឈីតែងតែឈរនៅក្បែរនាងជានិច្ច។ ស៊ីវលូអារម្មណ៍ល្អ ឆ្លៀតពេលប្រូប្រាជ្ញ៖

«មនុស្សប្រុសភាគច្រើនតែងតែលង់ស្នេហ៍នឹងមនុស្សស្រីស្អាតដែលខ្លួនប្រាណមិនធុំក្លិនស្អុយញើស ប៉ុន្តែមិនគួររៀបការជាមួយពួកគេឡើយ។ ជីវិតមនុស្សរមែងចួបទុក្ខលំបាកនិងបញ្ហាស្មុគស្មាញជាច្រើន ធ្វើឱ្យមនុស្សកើតព្រួយនិងកើតកង្វល់ប្រមូលផ្ដុំជាបណ្ដើរៗនៅក្នុងរាងកាយ។ បើឆ្លៀតទ្រាំដើរក្រោមពន្លឺថ្ងៃដើម្បីឱ្យរាងកាយបែកញើស នោះទុក្ខកង្វល់នឹងតាមញើសហូរចេញ។ មនុស្សស្រីដែលមានសុខភាពល្អ ផ្លូវចិត្តស្រស់ស្រាយ ដួងវិញ្ញាណបរិសុទ្ធ ដួងចិត្តទូលាយ មិនអាត្មានិយម មិនចង្អៀតចង្អល់។ តួយ៉ាងដូចជាអូនជាដើម ថ្មីៗនេះអូនមានអារម្មណ៍ព្រួយកង្វល់ជាច្រើន ប៉ុន្តែគ្រាន់តែដើរមួយជុំក្រោមពន្លឺព្រះអាទិត្យធ្វើឱ្យអូនមានអារម្មណ៍ស្រស់ស្រាយនិងតស៊ូជំនះជាងមុន។»

ស៊ឺឈីក្រឡេកមើលទៅស៊ីវលូ រីកស្នាមញញឹមមិននិយាយស្ដី។

នៅសុខៗនោះ មានសំឡេងបក្សីស្រែកក្រលួចៗនៅលើអាកាស ហង្សសួគ៌មួយក្បាលមិនដឹងហើរមកពីទីណា ហើរចុះមកឈប់នៅក្បែរស៊ីវលូ។ ហង្សសួគ៌ពើនក្បាលទៅមុខ ឱនក្បាលទាបចុះ ហាក់ដូចជាឱនគោរពស៊ីវលូ ក៏ដូចជាអញ្ជើញនាងអង្អែលក្បាលរបស់វា។ ស៊ីវលូដកថយបន្តិចម្តងៗ ឈើច្រត់ក៏ធ្លាក់ពីដៃ នាងដើរប៉ាំងពៀចរត់ចេញទៅ។ ស៊ឺឈីចង់រត់ទៅជួយគ្រាហ៍នាង ប៉ុន្តែភ្លាមៗនោះអធិរាជស៊ុនទីនិងជ័ងស៊ូបង្ហាញខ្លួនមក លេចឡើងកម្លាំងដ៏អស្ចារ្យមួយបញ្ឈប់ស៊ឺឈី។ មើលឃើញថាហង្សសួគ៌មិនធ្វើបាបស៊ីវលូ ស៊ឺឈីក៏បានស្ងប់ចិត្តជាងមុន គេឈប់ទប់ទល់ ស្ងៀមស្ងាត់ចាំមើល។ ឃើញស៊ីវលូព្រងើយកន្តើយចំពោះខ្លួន ហង្សសួគ៌បែរក្បាលទៅម្ខាង មើលទៅច្របូកច្របល់ ហើយក៏ដេញតាមស៊ីវលូយឺតៗ។ ស៊ីវលូបោះជើងរត់ វាក៏បោះជើងរត់តាម។ ស៊ីវលូដួលទៅលើដី ហង្សសួគ៌ស្មានថាស៊ីវលូកំពុងលេងសើចជាមួយវា វាក៏ស្រែកចាចយ៉ាងរីករាយ បត់ស្លាបចុះ ធ្វើត្រាប់តាមស៊ីវលូ ដួលទៅលើដីរមៀលទៅមក។ រមៀលអស់ប៉ុន្មានជុំ វាងើយក្បាលឡើង ខិតទៅជិតស៊ីវលូ។

ស៊ីវលូសម្លឹងវាមិនដាក់ មិនព្រមប៉ះវា។ ហង្សសួគ៌ក្រៀមក្រំ ស្រែកក្រលួចៗ ជ្រប់ក្បាលទៅដៃរបស់ស៊ីវលូ ត្រដុសៗធ្វើរំអួយដាក់នាង។ កាយវិការហាក់ដូចជាចង់និយាយថា៖ បើនាងមិនព្រមលួងលោមវាទេ វានឹងធ្វើរំអួយបែបនេះរហូត។ ស៊ីវលូមានតែចុះចាញ់ លើកដៃចេញ ស្ទាបអង្អែលវា។

ហង្សសួគ៌ទទះស្លាបត្រដាងចេញ ងើយកស្រែកបន្លឺច្រៀង ភាពរីករាយរបស់វាធ្វើឱ្យមនុស្សដែលនៅជុំវិញរំជួលចិត្ត រីករាយតាមវា។ ស៊ីវលូទប់ខ្លួនហង្សសួគ៌ក្រោកឈរឡើង៖

«ម៉េចក៏ឯងស៊ីច្រើនម៉្លេះ មើលចុះធាត់ដល់ម្លឹង!»

និយាយចប់ ងើបមុខឡើងក៏ឃើញអធិរាជស៊ុនទីនិងជ័ងស៊ូ។ ស៊ីវលូសើចអឹមអៀន ចង្អុលដៃទៅហង្សសួគ៌ និយាយថា៖

«ចាបកន្ធាត់នេះមាននិស្ស័យជាមួយរាស្ត្រសាមញ្ញ រាស្រ្តសាមញ្ញគិតថាវាជាចាបព្រៃ»

អធិរាជស៊ុនទីមានបន្ទូលថា៖

«ហង្សសួគ៌នេះដើមឡើយជាយានជំនិះរបស់បុត្រីច្បងស៊ីវយ៉ាវរបស់យើង។ នៅពេលវានៅជាស៊ុតនៅឡើយ ស៊ីវយ៉ាវតែងតែឱបវាដេករាល់យប់។ នៅពេលដែលវាញាស់ចេញពីសំបក មនុស្សដំបូងដែលហង្សសួគ៌បានឃើញគឺស៊ីវយ៉ាវ។ ស៊ីវយ៉ាវដាក់ឈ្មោះវាហៅថា យានយាន ហើយចេះតែសួរយើងរាល់ថ្ងៃថាពេលណាអាចជិះយានយានហោះឡើងទៅលើមេឃ។ ចម្លើយរបស់យើងតែងថា៖ រង់ចាំរហូតដល់បុត្រនិងយានយានធំឡើងជាមួយគ្នា។ ឥឡូវនេះយានយានបានធំឡើងហើយ ប៉ុន្តែស៊ីវយ៉ាវរបស់យើងនៅតែមិនទាន់វិលត្រលប់មកវិញ។»

ស៊ីវលូក្ដោបដៃសុំអភ័យទោស៖

«រាស្ត្រសាមញ្ញមិនដឹងថាចាបនេះគឺជាយានជំនិះរបស់ព្រះនាង អម្បាញ់មិញល្មើសទោសបន្តិច សូមព្រះអង្គលើកលែងទោស!»

អធិរាជស៊ុនទីសម្លឹងមើលស៊ីវលូភ្លឹកបន្តិច ហើយក៏រួមដំណើរជាមួយជ័ងស៊ូសន្សឹមៗចាកចេញទៅ។

នៅពេលដែលពួកគេចេញទៅផុត ស៊ីវលូទប់ដៃរបស់ស៊ឺឈី អង្គុយចុះនៅលើផ្ទាំងថ្ម។ ហង្សសួគ៌ឈានទៅជិតនាង តែស៊ីវលូច្រានវាចេញ៖

«ទៅកន្លែងផ្សេងលេងទៅ»

យានយានតូចចិត្ត កេះៗដៃរបស់ស៊ីវលូបន្តិចហើយក៏ទទះស្លាបហើរចេញទៅ។ ស៊ីវលូសម្រាកបន្តិច ញញឹមពោលទៅស៊ឺឈី៖

«ទៅវិញ»

ស៊ឺឈីហុចឈើច្រត់ឱ្យទៅស៊ីវលូ រួមជាមួយនាងវិលទៅដំណាក់ហួរស៊ីង។

…ស៊ីវលូអាចដើរយឺតៗដោយខ្លួនឯងមិនចាំបាច់ប្រើឈើច្រត់។ នាងចូលចិត្តដើរពីដំណាក់ហួរស៊ីងទៅសួនច្បារអ៊ីឈិនយៀនតែមិនចូលទៅក្នុងសួនច្បារ នាងគ្រាន់តែអង្គុយរំហែនៅក្រោមដើមឈើខាងក្រៅសួនច្បារ បន្ទាប់មកដើរយឺតៗវិលទៅដំណើរហួរស៊ីងវិញ។

ថ្ងៃមួយ អាកាសធាតុក្តៅហែង ស៊ឺឈីដើរជាមួយស៊ីវលូទៅសួនច្បារអ៊ីឈិនយៀន បែកញើសពេញខ្លួន ថ្ពាល់ទាំងពីរស៊ីវលូឡើងក្រហមព្រោះក្ដៅស្អុះ។ ពេលអង្គុយសម្រាកនៅក្រោមដើមឈើ ស៊ីវលូផឹកទឹកមួយក្អឹកហើយដកដង្ហើមធំថ្ងូរថា៖

«បើមានឪឡឹកត្រជាក់ហូបពេលនេះមិនដឹងល្អយ៉ាងណាទេន៎?»

ស៊ឺឈីក្រោកឈរឡើងភ្លាម និយាយថា៖

«ព្រឹកមិញបងឃើញអ្នកបម្រើឱបឪឡឹកត្រជាក់ប៉ុន្មានផ្លែ ចាំបងទៅយកឱ្យអូនខ្លះ»

ស៊ីវលូសើចពោល៖

«អូននិយាយលេងទេ បន្តិចទៀតទៅវិញហូបក៏បានដែរ»

«លឿនទេ បងនឹងឆាប់វិលមកវិញ»

ស៊ឺឈីដើរដូចហោះ។ ស៊ីវលូដាក់ដបទឹកចុះ ទុកពោះរង់ចាំឪឡឹកត្រជាក់។

នាងនឹកឃើញកាលពីតូចនាងចូលចិត្តលេងទឹក។ នៅរដូវក្តៅ នាងតែងតែត្រាំខ្លួននៅក្នុងទឹកជាយូរមិនព្រមឡើង។ អ្នកម៉ែលួងបញ្ឆោតនាងដោយកាន់ចានត្រសក់ស្រូវវិលទៅវិលមក ដើរបណ្ដើរហូបបណ្ដើរយ៉ាងឆ្ងាញ់មាត់ ក្នុងន័យថា បើនាងមិនព្រមឡើងមកទេ អ្នកម៉ែនាងនឹងហូបទាំងអស់ មិនទុកចំណែកឱ្យនាងទេ។ ពេលនោះ នាងនឹងហក់ឡើងទៅលើច្រាំងភ្លាមៗ រត់ទៅរកអ្នកម៉ែនាង ហាមាត់រង់ចាំឱ្យគាត់បញ្ចុក។

មានមនុស្សមួយក្រុមដើរសំដៅទៅកាន់សួនច្បារអ៊ីឈិនយៀន ស៊ីវលូក្រឡេកមើលពួកគេដោយព្រងើយ មិនឃើញមានអ្នកណាស្គាល់ទើបត្រឹមតែអង្គុយនៅទីនោះស្ងៀមធ្មឹង។ រំពេចនោះនារីស្រស់ស្អាតម្នាក់ស្ទុះចេញទៅមុខ បើកភ្នែកសម្លក់ទាំងកំហឹងដាក់ស៊ីវលូ៖

«ឯង… ឯង… ហេតុអ្វីឯងនៅទីនេះ?»

លុះទាល់តែពេលនេះទើបស៊ីវលូកត់សម្គាល់នារីម្នាក់នោះ មានអ្វីមួយដូចជាប្រហែលៗ ដូចជាធ្លាប់ឃើញនាងនៅកន្លែងណាមួយ។ ទាល់តែក្រឡេកមើលទៅសម្លៀកបំពាក់យ៉ាងផ្ចិតផ្ចង់ ទើបស៊ីវលូភ្ញាក់ខ្លួន។ មិននឹកស្មានថា រូបរាងពិតរបស់អានានស្រស់ស្អាតខ្លាំងដល់ម្លឹង ពិតជារូបសម្រស់កម្រចួប។ ស៊ីវលូញញឹមឆ្លើយតប៖

«ខ្ញុំ… ខ្ញុំ… ខ្ញុំ… ហេតុអ្វីខ្ញុំមិនអាចនៅទីនេះ?»

អានានខឹងចង់ឆ្កួត៖

«នេះជាផ្ទះរបស់យើង ឯងជាមនុស្សពាលថោកទាប អ្នកណាឱ្យឯងនៅទីនេះ! ពួកឯង ឆាប់ចាប់គេឱ្យយើងភ្លាម!»

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*