រឿង៖ បេះដូងចាស់ទុំ

គេក្រឡុកស្រា នាំសំឡេងទឹកកកបុកប្រដាប់ក្រឡុកស្រាលៗមកប៉ះត្រចៀក ខ្ញុំភ្លឹកនឹងជំនាញរបស់គេ មិនត្រឹមតែប៉ុណ្ណឹង រសជាតិប្លែកថ្មីដែលពិបាកនឹងថា កន្លែងផ្សេងធ្វើបានដូចនាងណាស់។

ពេលខ្លះការងារដូចជារវល់និងហត់នឿយបន្តិច តែពេលបានមកភ្លក់រសជាតិថ្មីប្លែកដែលនាងចំណាំយកខ្ញុំធ្វើជា​កណ្តុរ​សដើម្បីពិសោធន៍ពីអ្វីដែលនាងបានស្រាវជ្រាវ និងរៀនថ្មីមកពេលណា ភាពហត់នឿយទាំងនោះបានរសាយដោយមិនដឹងខ្លួន ឬមួយខ្ញុំពិតជាញៀនជាមួយវាមែន?

«ថ្ងៃនេះមានអីថ្មីទៀត?»

«បងឯងញៀនម្ល៉េះ?»

សម្តីនិងទឹកមុខរបស់គេ ល្មម​អាចឱ្យខ្ញុំញញឹមឡើងបាន។ ថ្ងៃនេះខ្ញុំត្រូវបន្តក្រេបរសជាតិដែលនាងបានធ្វើចុងក្រោយបង្អស់ និងក្លែមជាមួយទឹកមុខញញឹមរួសរាយរបស់នាង កែវភ្នែកទន់ភ្លន់ យកចិត្តទុកដាក់ដូចរាល់ដង ទម្រាំសម្លាញ់ទាំងពីរបានមកដល់។

ពួកវាឡូឡាតាមទម្លាប់ ស្រែកច្រៀងតាំងពីផ្លូវចូលមិនខ្វល់ក្បាលអ្នកណាមកពីណា ហើយដើរមកកៀកកខ្ញុំរុញក្បាលសឹងតែចូលកែវស្រា៖

«ចង្រៃយក៍​នេះ! ផឹកចោលឯងទាល់តែបាន!»

«យ៉ាងណាពួកឯងជាអ្នកចេញលុយ ផឹកមុនមួយកែវពីរវាគ្មានអីចម្លែកទេ មែនអ្ហេស​?​»

«ស្អីឯង? ជប់លៀងលាភាពកំលោះជាលើកដំបូង ក៏ត្រូវឱ្យយើងនិងអាសុងចេញលុយដែរ?»

ពួកវានាំគ្នាយករឿងខ្ញុំញ៉ែស្រីមកបើកបង្ហាញកណ្តាលចំណោមទៀតហើយ ថាទៅពេលនោះខ្ញុំហួសចិត្ត តែក៏លួចឃើញប្រតិកម្មខ្លះពីសូណា។ នាងលួចញញឹមស្ងាត់ៗ កំបាំងពន្លឺភ្លើងរាត្រីក្នុងក្លឹបកម្សាន្ត​ជាមួយដៃដែលរវល់ក្រឡុកស្រាមិនឈប់។

«នែអាត្រា! ឯងលេងមែនទែន? ធ្វើនេះដូចសម្លាប់អាសុងទាំងរស់ហើយ! ហេសហេ មែនទេអាសុង?»

«អូយៗៗឈឺ អូយៗៗៗ ឈឺ…ឈឺក្នុងដើមទ្រូងពេកក្រៃ!​»

«ចង្រៃយក៍! បើឯងមិនសុខចិត្ត ប្រកួតគ្នាទៅ!»

«មិនបាច់ទេ! យើងលេងសើច​តើ! ជាបងប្អូនណា​ ត្រូវដឹងថាអ្នកណាមកមុនអ្នកណាមកក្រោយ! ថ្វីបើយើងបានចួបគេមុន តែយើងដឹងច្បាស់ថាឯងនេះ លួចស្រលាញ់គេតាំងពីមិនទាន់ឃើញមុខច្រើនឆ្នាំមកហើយ! អាត្រា! ហើយឯងមានគិតថាទៅសារភាពគេបែបណាហើយឬនៅ?»

«គឺយើង​…!​»

ខ្ញុំរដាក់រដុប ស្តាប់ទៅក៏ដឹងថាជាមនុស្សគ្មានបទពិសោធន៍ទៅហើយ ញ៉ែស្រីណា បើថាមិនមានដុង ក៏គួរបានការចែករំលែក​បទពិសោធន៍ខ្លះៗ តែនេះលើកទី១សុទ្ធតែម្តង ចង្រៃត្រង់ថាមករាប់អានអាមិត្តពីរនាក់សុទ្ធតែពួកគ្មានបានការទៀត គ្មានអ្នកណាម្នាក់មានប្រវត្តិញ៉ែស្រីបានធ្វើសង្សារសូម្បីម្នាក់ទេ។

«ហើយម៉េច? ប្រុងឱ្យយើងនឹងយកពួកឯងទាំងពីរជាគ្រូមែនទេ? បើឱ្យលុយយើងធ្មេចភ្នែករៀនខ្លះ!»

«យី! ចង់មើលងាយ? នែ! ច្រឡំធំហើយ ឯងមិនដឹងទេថា យុទ្ធសាស្រ្តនាងពួនដែលយើងប្រើ ធ្វើធម្មតាដូចមិនធម្មតាសព្វថ្ងៃនេះ សូម្បីសូណាក៏លួចចាប់អារម្មណ៍នឹងយើងទៅហើយ! ឯងនេះគ្មានដឹងខ្យល់អីមែន!»

«ពិតមែនអ្ហេសសូណា?​»

«ចេះតែមានហើយបងឯងនេះ!​»

អាថាន់ដូចនិយាយលេងបន្លំមែន ធ្វើឱ្យសូណាសើចវិះ​តែនឹងក្រឡុកស្រាមិនកើត។ ពួកវាទទួលស្រាពីដៃសូណាមកក្រេប​ហើយនៅបន្តចំអន់ខ្ញុំមិនឈប់។ យប់នោះ ដូចសព្វដងដែលយើងនាំគ្នាជជែកលេងពីការងារ ពីជីវិត ដើម្បីកាន់តែធ្វើឱ្យទំនាក់ទំនងតាំងពីកើតមកជាមួយគ្នានេះរឹងមាំបន្ថែម។

ខ្ញុំមិនមានមិត្តច្រើនទេ តែមានវាពីរនាក់នេះគ្រប់គ្រាន់ពេកហើយ។ វាលើសពីបងប្អូន កូនចៅ ប្តីប្រពន្ធទៅទៀត តែមិន​មែនមានន័យថាខ្ញុំរើសវាម្នាក់មកធ្វើគូអនាគតដាច់ខាតហើយ ខ្ញុំស្រលាញ់ស្រីទេ ហើយក៏កំពុងមិនដឹងថា នឹងសារភាពប្រាប់គេបែបណាផង។

ក្រេបស្រាបានពីរក្អឹក បន្ថែមបទថ្មីគេកំពុងរាំផ្អើលបណ្តាញសង្គមក៏លាន់ឡើង។ បទចាស់ថ្មីមិនសំខាន់ទេ តែស្រីពីរនាក់​ពាក់អាវវាលខ្នងរាំកណ្តាលវង់ក្រោមភ្លើងពណ៌រាត្រីចម្រុះឯណោះទេ ដែលធ្វើឱ្យអាសុងនិងអាថាន់រលាស់ខ្លួនមិនឈប់ ហើយសសុលដើរចូលទៅក្បែរ៖

«ពួកនេះចំមែនហើយ!​»

ខ្ញុំធ្វើជារអ៊ូបន្ទោសគេពីរនាក់តិចៗគឺកំពុងអួតសូណាថា ខ្ញុំនេះស្មោះអស់លេខដាក់គ្មានហើយ កំពុងតាមចែចង់ស្រីម្នាក់ ច្បាស់គ្មានពេលយកភ្នែកមើលស្រីផ្សេងនោះទេ។

«សូណា! បងសួរមួយ!»

«រឿងអី?​»

គេជូតតុបណ្តើរតបបណ្តើរខ្លីៗ ព្រោះចាត់ទុកគេជាប្អូនស្រីទើបចង់បានការណែនាំខ្លះ ក្រែងសូណាធ្លាប់មានបទពិសោធន៍ត្រូវបានគេញ៉ែ៖

«អូនឯងជាស្រីដូចគ្នា គួរតែដឹងចិត្តមនុស្សស្រីហើយ…ត្រូវហេស​?​»

គេស្រាប់តែសើចក្របួចមាត់ក្រោយស្តាប់ឮសំណួរហើយបន្តជូតតុមិនព្រមមើលមុខខ្ញុំ។ សូណាកំពុងបញ្ជាក់ថាមិនដឹង? មិនធ្លាប់មានស្នេហា? ឬក៏កំពុងជ្រើសរើសវិធីសាស្រ្តល្អមួយមកឱ្យខ្ញុំ?

«ខ្ជិលណាស់!​»

«កុំប្រាប់ថា ស្រីស្អាតដូចសូណា ក៏មិនធ្លាប់មានស្នេហា?​» ខ្ញុំប្រតិកម្មលឿននឹង​សំឡេងតិចៗរបស់គេដែលឆ្លើយមក​អម្បាញ់មិញ​នេះ ក៏សួរឡើងបែបហ្នឹងសឹងថាមិនដឹងខ្លួនផង។

«មិនទេ! តែមិនចូលចិត្តធ្វើទីប្រឹក្សា និយាយបែបលេងសើចជាមួយអារម្មណ៍ អីអស់នេះ!»

«ហាស?»

ខ្ញុំអេះក្បាលជ្រួញចិញ្ចើមជាប់ ព្រោះមិនយល់ពីសម្តីរបស់នាង សូម្បីទឹកមុខស្មើមួយនោះក៏គ្មានលទ្ធភាពឱ្យខ្ញុំអាចដឹងថា ពាក្យគេប៉ុន្មានឃ្លានិងទឹកមុខបែបនេះ ចង់សំដៅលើអ្វីឱ្យប្រាកដ?

«ហត់ណាស់! កុំមកយកខ្ញុំធ្វើឧទាហរណ៍ពីរឿងអស់ហ្នឹង បើថាបងឯងកំពុងញ៉ែខ្ញុំ ខ្ញុំអាចនឹងរៀបរាប់អារម្មណ៍ត្រូវ បើសួរហើយទៅញ៉ែគេដដែល ខ្ញុំខ្ជិលនិយាយ!»

ខ្ញុំអត់ដឹងតបម៉េចពេលឮពាក្យត្រង់ៗរបស់គេកណ្តាលមុខពេក។ គេនិយាយទាំងមិនញញឹម ភ្នែកអត់ក្រឡេក​ក្រឡាប់ ហើយគ្មានភ័យអីបន្តិចទេ តែខ្ញុំអ្នកស្តាប់ទេដែលបេះដូងលោតញាប់ដូចម៉ាស៊ីន។

«ពួកឯងនាំគ្នានិយាយពីអី ដូចតឹងតែងម្ល៉េះ?​»

សំណាងហើយដែលបានវាពីរនាក់មកកាត់ ម្ល៉េះសមមិនដឹងមនុស្សប្រុសគ្មានបទពិសោធន៍ដូចខ្ញុំនេះ តបទៅគេវិញបែបណា។

«គ្មានអីទេ!»

ខ្ញុំរកថាបញ្ចប់ហើយ តែមិនស្មានសូណាបន្តនិយាយនៅពីមុខអាសុងនិងអាថាន់៖

«រូបរាង និងអាយុបងឯងប៉ុណ្ណឹង បើបរាជ័យក៏មិនទាន់ហួសពេលដែរ!»

«ស្អីគេសូណា?»

អាសុងដែលមិនដឹងរឿងពីដើម គ្រាន់តែឮសូណានិយាយបែបនេះវាប្រតិកម្មសើចខ្លាំងៗសឹងតែផ្អើលគេឯង។ តែអាថាន់ដូចមិនបែបហ្នឹងវាក៏អង្គុយចុះហើយរៀបរាប់៖

«ហ៊ើយអាសុង! ឯងនេះ គ្មានដឹងខ្យល់អីមែន?»

អាសុងធ្វើមុខអឿ ទៅកៀកកអាថាន់ភ្លាម៖

«ខ្យល់អីអាថាន់? ឯងហ្នឹងស្គាល់ខ្យល់ច្បាស់ជាងអញណាស់?»

«មែនឬមិនមែន? បើមិនអ៊ីចឹង មិនមែនឯងមិនដឹងថា អ្នកបងយើងអាយុច្រើននោះទេ!»

«អ្នកបង?»

ខ្ញុំនិងអាសុងផ្អើលព្រមគ្នា។ អាថាន់និយាយមុខមាំណាស់ ហើយវាញាក់ចិញ្ចើមដៀងកទៅរកសូណា។ ខ្ញុំឃើញនាងធ្មើមុខស្មើសម្លឹងមើលយើងបីនាក់ហើយតបភ្លាម៖

«មនុស្សអាយុកាន់តែច្រើន កាន់តែមិនចង់លេងសើចច្រើនហ្នឹងរឿងស្នេហា!»

«គឺពួកឯងមិនដឹង! សូណា! សូណា! ពេញមាត់ដែលពួកឯងហៅនេះ អាចធ្វើអ៊ំស្រីឯងបានណា!»

សូណាក្រវីក្បាលញញឹម ខ្ញុំនឹងអាសុងទើបយល់សម្តីអាថាន់មើលមុខគ្នាភ្លឹះៗ៖

«មិនដល់ម្ល៉ឹងទេបងថាន់ ខ្ញុំគ្រាន់តែអាយុបងអ្នកទាំងបីជាងប្រាំឆ្នាំប៉ុណ្ណោះ!»

«ប្រាំឆ្នាំមិនតិចទេ តែម៉េចក៏អូនឯង…អុ! អ្នកបងសូណា អីក៏ក្មេងចំណាប់ម្ល៉េះ?»

ពួកវាឡិកឡក់លេងសើចនឹងគេណាស់ ខ្ញុំគ្មានធ្វើអ្វីក្រៅពីអេះក អេះក្បាល ព្រោះដូចមិនសូវជឿប៉ុន្មាន ម្យ៉ាងអៀនមាត់ណាស់ ហៅគេអូនរលួយ ដឹងអីឯងក្មេងស្រករក្រោយសោះ។

«អាត្រា! កុំគិតថាមកសុំបទពិសោធន៍ពីអ្នកបងរកទៅសារភាពប្រាប់សង្សារឯង?»

«ថី? មិនបានហីអាថាន់?»

លោកបងសុងសួរកាត់មុខ ម្ចាស់ខ្លួនមិនទាន់នឹងបានលេបទឹកមាត់ឆ្លើយអ្វីផង។

«គឺគ្មានសង្សារហ្នឹងណា!»

ពួកវាលេងសើចណាស់ និយាយចំអន់រហូតដល់សូណាសម្លឹងសម្លក់ ហើយនាំគ្នាសើចសប្បាយធ្វើមិនខ្វល់ ក៏រត់ទៅរាំញ៉ែស្រីបាត់ ទុកឱ្យខ្ញុំនេះត្រូវនៅប្រឈមមុខម្នាក់ឯងមិនដឹងថានឹងបន្តនិយាយអ្វីទៀត។

ភ្ញៀវផ្សេងមកដល់ សូណាជាប់ក្រឡុកស្រា ខ្ញុំវិញអង្គុយលួចមើលគេសឹងមិនជឿអ្វីដែលបានដឹងមក ម្យ៉ាង នៅមិនអស់ចិត្តពាក្យគេនិយាយជាមួយខ្ញុំមុននេះ ថាបើញ៉ែមែនទែន ញ៉ែលេងៗអី ខ្ញុំដូចមិនទាន់ទទួលបានការបកស្រាយពេញលេញនៅឡើយ។

ខ្ញុំចង់បានឱកាសនិយាយលេងជាមួយគេបន្ថែម តែមើលទៅយប់នេះដូចចម្លែក ភ្ញៀវមកច្រើនជាងរាល់ដង ហើយកុម្ម៉ង់​ស្រាក្រឡុកមិនឈប់ ទើបសូណាមិនបានទម្លាក់ដៃ អាចមកក្បែរខ្ញុំបាន។

យប់នោះក៏មិនខុសពីរាល់ដងដែលតម្រូវម៉ោងត្រូវចេញពីក្លឹបវិញ ត្រូវដឹកពួកវាទាំងពីរត្រលប់ទៅផ្ទះ តែអ្វីដែលនៅមិនសុខក្នុងចិត្តខ្ញុំ ហើយត្រូវស្ពាយជាប់ខ្លួន សឹងគ្មានព្រលឹង គ្មានស្មារតីសោះ គឺមិនអស់ចិត្តជាមួយបងស្រីអ្នកក្រឡុកស្រាក៏ក្មេងខ្ចីម្នាក់នោះ។

«វាដូចចម្លែក?»

សុខៗ​សំឡេង​លោកបង​ពីរ​នាក់​ខាង​ក្រោយ​ដែល​ខ្សឹបឡើងមានចេតនាឱ្យខ្ញុំស្តាប់ឮ រងំពេញឡាន។

«ចម្លែកស្អីឯង យើងដូចតែរាល់ដងទេ!»

«កុំ​បារម្ភ​ពេក​អី​អាត្រា សម្បត្តិប៉ុនឯងហើយ សង្ហាក៏សង្ហា មានសុជីវធម៌ ជាសុភាពបុរសទ្រូង៥ហត្ថ​ អុះ! មិនមែនទេ យើងឱ្យឯង៧ហត្ថ ព្រោះហេតុកតញ្ញូ…កុំខ្លាចថាស្រីបដិសេធនោះ!»

«ពួកឯងកុំនិយាយធ្វើមើលតែយើងហ្នឹងទេវតាពេក!»

«ហ៊ើយអាសុង! នេះហើយជាគុណវិបត្តិមិនព្រមញ៉ែស្រីយកបទពិសោធន៍ពីក្មេងឱ្យស្រេច មកដល់ឥឡូវទើបធ្វើឯងគិតច្រើនអំពល់! ចំមែនហើយឯងនេះ!»

«បើនិយាយអ៊ីចឹងឯងបានសង្សារប៉ុន្មាននាក់ហើយលោកបងថាន់អើយ?»

«គ្មានមួយរេ!»

«បើអ៊ីចឹងកុំក្អេងក្អាងពេក!»

ពួកវាសើចសប្បាយពេញក្នុងឡាន រកគិតចំអន់ខ្ញុំតាំងពីក្លឹបរហូតចូលដល់របងផ្ទះ។ មុនបិទទ្វារពួកវាឆ្លៀតបន្ថែម៖

«នែ! ចាំយើងទៅ Search Google មើលថា សារភាពបែបណាមិនបរាជ័យណាសម្លាញ់!»

«ពួកអាចង្រៃឯងនេះ ឆាប់ចូលដេកទៅ ព្រឹកក្រោកមិនទាន់ យើងមិនចាំទេ!»

«បាទ! លោកបង!»

ពួកវាកៀកកបណ្តើរគ្នាឡើងជណ្តើរ ច្រៀងឡូឡាមិនដឹងរំខានគេឯង។ តែទៅថាអី អ្នកស្រុកម្តុំនេះគ្មានអ្នកណាមិនស្គាល់លោកបងទាំងពីរ សុទ្ធតែកំពូលសុភាពបុរស យកអាសារអ្នកជិតខាងគ្រប់គ្នា លេងសើច ធ្វើឱ្យគេឯងចូលចិត្តច្រើន​។ ពួកខ្ញុំទាំងបីសុទ្ធតែមនុស្សស្មោះផុតលេខហើយ គ្រាន់តែមិនទាន់ត្រូវប៉ាន់ប៉ុណ្ណោះ។

ខ្ញុំគ្រវី​ក្បាល​ហួសចិត្តនឹងកិរិយាមិត្តហើយក៏បត់ឡានចេញបន្តទៅផ្ទះ។ គិតថានឹងរកទៅទិញអាហារពេលយប់ផ្ញើបងស្រី​ចៃដន្យមែន ដែលឃើញសូណានៅតាមផ្លូវ។

«សូណា?»

«បងត្រា? មិនទាន់ដល់ផ្ទះទេ?»

«ចុះម៉េចអូនឯងឆាប់ចេញ? ក្លឹបមិនទាន់បិទផង?»

«អ៎! ខ្ញុំដូរវេននៅជួយគេទេ! ចុះបងសុង និងបងថាន់?»

«បងទើបនឹងដាក់ពួកវាចុះមិញនេះ! អ៊ឹម! សូណាមានពេលទេ យើងអង្គុយហូបអីជាមួយគ្នា?»

តាមថាទៅ ខ្ញុំមិនទម្លាប់ដេកលក់ បើសិនចិត្តនៅមិនស្ងប់ពីអ្វីមួយដែលមិនទាន់ដោះស្រាយ ទើបពេលនោះ គិតថាវាជាឱកាសល្អណាស់នឹងសួរឱ្យច្បាស់ពីក្នុងចិត្ត ម្យ៉ាងគ្មានពួកវាទាំងពីរ ស្រួលនិយាយរឿងសាច់ការណ៍បន្តិច។

រាត្រីខែកក្តិកដូចរងាណាស់ដែរ ព្រោះខ្យល់បក់វូៗ ខ្ញុំក៏គិតដោះអាវក្រៅចង់គ្របដណ្តប់ស្មាទូលាយរបស់គេដែលម៉ូដអាវនោះមានត្រឹមមួយកំណាត់ដៃ តែមិនស្មានគេច្រានចេញហើយនិយាយឡើង៖

«មិនបាច់ទេបងត្រា អត់រងាផង!»

«ខ្យល់ល្វឹងហ្នឹង?»

«បើរងា ខ្ញុំពាក់វាតាំងពីក្លឹបមកហើយ!»

សម្តីក្អេងក្អាងណាស់បងស្រី។ បើទោះខ្ញុំមិនធ្លាប់សាកល្បងរឿងស្នេហា ទើបនឹងរកកលចាប់ផ្តើមក៏ដោយ តែមិនមែនមើលមិនដឹងថា គេរងាញាក់ តែព្យាយាមបដិសេធពីបំណងល្អខ្ញុំឯណា តែមិនចង់ប្រកែក ពេលនោះខ្ញុំក៏ត្រូវទុកអាវខ្លួនឯងនៅលើបង់ដែលយើងអង្គុយ ហើយចាប់ផ្តើមហូបអាហារពេលយប់ជាមួយគ្នាបណ្តើរ សម្លឹងមើលទេសភាពយប់ដ៏ស្ងប់ស្ងាត់បណ្តើរ។

គេហូបញាប់ ដូចមនុស្សដាច់បាយពីណា ខ្ញុំភ្លឹកសម្លឹង គេធ្វើភ្នែកស្លឺសួរឡើង៖

«បងឯងមិនហូប?»

«អត់ទេ! ដូចជាមិនទាន់ស្រកពោះនៅឡើយ!»

«បើអ៊ីចឹង កុំដណ្តើមខ្ញុំណា!»

«ចូលចិត្តហូបអាហារពេលយប់អ៊ីចឹង? បានជានៅក្មេងជាងអាយុ?»

«កុំប៉ិនពេកបងត្រា! ខ្ញុំមិននៅក្មេងណាស់ណាទេ! ហើយបងឯង…កុំញ៉ែប៉ប្រែពេក ចង់យកភាសាហ្នឹង ទៅនិយាយជាមួយមនុស្សពិសេសមែន?»

ខ្ញុំសើចហួសចិត្តនឹងសម្តីគេ មិនទាន់បានតបយ៉ាងម៉េចផង គេក៏និយាយថែម៖

«ប៉ាវអាហារពេលយប់មួយពេលនេះ មិនមែនចង់ដឹងត្រឹមប៉ុណ្ណឹងទេដឹង?»

ចិត្តគេដូចជាគិតជ្រៅណាស់ ទើបសួរសំណួរនេះមកបាន ឬព្រោះតែគេបានឃើញពន្លឺព្រះអាទិត្យមុនខ្ញុំដល់ទៅជាងប្រាំឆ្នាំនេះ ទើបចេះតែដឹងថាខ្ញុំចង់បានអ្វី?

«សូណាដឹងថាបង…?»

គេស្រាប់តែឆ្លើយកាត់រ៉ាវ៖

«រឿងនិយាយនៅក្នុងក្លឹប? ខ្ញុំនិយាយពិតទេតើ! ខ្ញុំលែងចង់មានអារម្មណ៍រំភើបចោលអីអស់នោះហើយបងត្រា ការពិតទៅ ខ្ញុំពិតជាចាប់អារម្មណ៍បង យូរដែរហើយ…»

ខ្ញុំភ្ញាក់ផ្អើលណាស់ អាយុតិចជាងគេបន្តិចមែន តែខ្ញុំពុំធ្លាប់ត្រូវបានមនុស្សស្រីមកសារភាពអីត្រង់ៗបែបហ្នឹងទេ ហើយក៏មិនហ៊ាននិយាយត្រង់ទៅត្រង់មកដូចនាងក្នុងនាមជាមនុស្សប្រុសដែរ ទើបខ្ញុំមិនច្បាស់ថាខ្លួនឯងពេលនោះត្រូវធ្វើអី កំពុងគិតអ្វី បែរជាសួរគេវិញ៖

«សូណា? កំពុងសារភាពថាស្រលាញ់បង?»

គេងាកមកសម្លឹងខ្ញុំចំ ងក់ក្បាលផ្ងក់ៗហើយថែមទាំងសួរខ្ញុំបន្ថែម៖

«ត្រង់ពេកមែន?»

«ប្រហែលហើយ! ការពិត…!»

«មកដល់អាយុប៉ុននេះខ្ជិលបត់បែនណាស់បងត្រា! ឆ្នាំនេះ ខ្ញុំសាមសិបពីរឆ្នាំហើយ! តាមថាទៅ ខ្ញុំដូចជាហត់នឿយ នឹង​អារម្មណ៍​រំភើបដែលឥតន័យ និយាយប្រាប់បងត្រង់ចុះ! ខ្ញុំធ្លាប់ទទួលបានការយកចិត្តទុកដាក់បែបនេះ ការរាប់អានដែលធ្វើឱ្យខ្ញុំមានសង្ឃឹម តែសុទ្ធតែរឿងក្លែងក្លាយ ក៏ព្រោះខ្ញុំឆាប់លង់នឹងមនោសញ្ចេតនាពេក ទើបមិនចូលចិត្តលេងសើចនាំធ្វើបាបខ្លួន ហាសហា! ខ្ញុំមិនមែនខឹងចងគំនុំពីមនោសញ្ចេតនា មែនឬលេងទាំងនោះទេ គ្រាន់តែខ្ញុំមិនចង់ខាតពេលវេលាទៀត! ខ្ញុំធ្លាប់ឮបង បងសុង និងបងថាន់ និយាយគ្នាពីមនុស្សស្រីដែលបងលួចស្រលាញ់យូរហើយដែរ ទើបខ្ញុំ​ដឹង​ថាគ្មានហេតុផលអ្វីត្រូវប្រាប់បងពីអារម្មណ៍ខ្ញុំទេ ហើយជាការបកស្រាយក្នុងយប់នេះ គ្រាន់តែមិនចង់ឱ្យបងនៅសង្ស័យពីចិត្តគំនិតខ្ញុំលើសម្តីដែលនិយាយជាមួយបង តែខ្ញុំមិនមានបញ្ហាទេបងត្រា ខ្ញុំចាស់ទុំគ្រប់គ្រាន់នឹងគិតដល់ថា ស្នេហា​មិនមែនជាការបង្ខំចិត្ត សារភាពបរាជ័យ រាប់អានជាមិត្ត ធ្វើដូចធម្មតាទៅ គ្មានទៅបញ្ហាអ្វីនឹងគ្នាទេ! មនុស្សយើងមិនមែនមើលមិនដឹងចិត្តគ្នាថាកំពុងលួចស្រលាញ់ ទាល់តែយើងនោះមិនបានចាប់អារម្មណ៍ ហើយគ្មានចិត្តលើគេប៉ុណ្ណោះ បើអ៊ីចឹងប្រាប់បងមានន័យអី? យ៉ាង​ណា​បងជាមនុស្សប្រុស ភាគរយក្លាហានក្នុងការបង្ហាញក្តីស្រលាញ់ ច្បាស់ណាស់ធំធេងជាងខ្ញុំជាមនុស្សស្រីផង ក៏ព្រោះបងមិនដែលមានចិត្តលើខ្ញុំ ទើបគ្មានអ្វីកើតឡើងបានមែនអត់?»

ខ្ញុំផ្ទៀងស្តាប់គេរៀបរាប់មិនបាត់មួយម៉ាត់ និងមិនសូម្បីដកដង្ហើម តែឆ្លើយសំណួរចុងក្រោយរបស់គេមិនចេញ មានតែនិយាយបន្លប់បរិយាកាស៖

«តែបងអត់ក្លាហានដូចសូណាសោះ! ឬពេលអាយុច្រើនទៅ យើងសុទ្ធតែអាចដល់ដំណាក់កាលហ្នឹង?»

គេសើចគ្រវីក្បាលហើយឆ្លៀតតប៖

«មិនដឹងទេ! បែបមិនមែនទាំងអស់ទេដឹង?»

ខ្ញុំកាន់តែអង្គុយសម្លឹងមុខគេទ្វេដង ថ្វីដ្បិតខែនេះរាងងងឹតបន្តិច តែពន្លឺភ្លើងអំពូលពងមាន់ក្បែរបង់អង្គុយ ពិតជាអាចឱ្យខ្ញុំសម្លឹងកែវភ្នែកស្មោះត្រង់របស់គេដែលនិយាយចេញមកទាំងប៉ុន្មានម៉ាត់ គឺពិតជាភាសាស្មោះត្រង់ ហើយត្រង់ទៅត្រង់មកមិនលាក់លៀម។

ខ្ញុំឆ្លៀតសួរគេបន្ថែម ទាំងដែលហាក់មានអារម្មណ៍អៀនផង ច្របូកច្របល់ផងពេញទឹកពេញដី៖

«ហើយសូណា…ធ្លាប់សារភាពបែបនេះទៅគេដែរ?»

«មិនដែលទេ! គ្រាន់តែធ្លាប់ដកថយច្រើនដង ដូចសភាពដែលបងឯងធ្វើនេះ!»

«បងធ្វើអីខ្លះ?»

«គ្មានអីទេ! គឺថាមកពីខ្ញុំចូលចិត្តបង ហើយដឹងថាវាមិនអាចទៅរួច ក៏ត្រូវដកថយអ៊ីចឹងហើយ!»

«ចុះហេតុអីដឹងថាមិនអាចទៅរួច?»

«លោកបង! បើសិនបងពិតជាចាប់អារម្មណ៍ខ្ញុំមែន ស្គាល់គ្នាជិតពីរឆ្នាំមកនេះ គួរមានរឿងកើតឡើងខ្លះហើយ មិនមែនមានឱកាសឱ្យបងទៅជាប់ចិត្តនឹងនារីផ្សេងហើយត្រៀមសារភាពសុំគេជាសង្សារផងទេ?»

ខ្ញុំទាល់សម្តីគេហើយអេះក្បាលឆ្លើយតិចៗ៖

«មែន! ដូចជាត្រូវម្យ៉ាងដែរ!»

គេញញឹមហើយក៏បកទៅហូបអាហាររបស់គេវិញ តែវាជាដំណាក់កាលដែលធ្វើឱ្យខ្ញុំនេះមិនដឹងត្រូវលើកអ្វីមកនិយាយ ឬត្រូវសួរអ្វីដល់គេទៀត។ យប់នោះខ្ញុំសុំជូនគេទៅផ្ទះ តែគេបដិសេធដាច់ខាត ហើយក៏បាននិយាយថា ធ្វើធម្មតាៗ ដូចមនុស្សស្គាល់គ្នាទៅ កុំយកចិត្តទុកដាក់ពេក ដូចរាល់ថ្ងៃនេះគឺល្អណាស់ហើយ។

តែចិត្តខ្ញុំអាចនឹងធម្មតាដូចមាត់នាងនិយាយផុយៗទៅកើតដែរ?

ខ្ញុំត្រូវបកមកដេកផ្ទះវិញទាំងជាមួយអារម្មណ៍វិលវល់លើសដើម គឺអាចថាវាយ៉ាប់ជាង​មុនពេលបានចួប ហើយបកស្រាយពីរឿងអស់នោះឱ្យច្បាស់លាស់ទៅទៀត។ មិនដឹងការប៉ាវហូបអាហារពេលយប់ដោះដូរចម្ងល់ក្នុងចិត្ត ចំណេញឬខាតទេ។

ខ្ញុំដេកគងថ្ងាសពិតជាមិនដឹងខ្លួនឯងគិតពីអ្វីឱ្យប្រាកដ ខ្ញុំរំភើប? ខ្ញុំអៀន? ខ្ញុំខ្វល់ខ្វាយចិត្ត? ម្តេចក៏ដូចនៅមិនស្ងប់សោះ ពេលទទួលបានអារម្មណ៍ស្រលាញ់ ត្រូវមនុស្សស្រីសារភាព ទាំងមិនបានដឹងខ្លួនអីបន្តិចសោះនេះ?

ហើយបើតែយ៉ាងហ្នឹង ស្អែកចួបមុខគេយ៉ាងម៉េច?

វាពិតជាត្រូវទៅក្លឹបចៀសមិនរួចទេ ព្រោះបើសិនខ្ញុំរកលេសបដិសេធមិនទៅ ក៏មិនអាចបានរហូតដែរ ម្យ៉ាងខ្ញុំមិនចង់ឱ្យពួកគេពីរនាក់ដឹងពីរឿងសម្ងាត់ដែលខ្ញុំនឹងសូណានិយាយគ្នា ហើយបន្ថែមពីនេះទៀត សូណាគេក្លាហានយ៉ាងនេះ ខ្ញុំជាប្រុសណា ម៉េចក៏អន់ទៅកើត គ្រាន់តែជារឿងបេះដូង ឬមនោសញ្ចេតនាគ្មានរូបរាងសោះ ខ្ញុំខ្លាចអី?

មាត់និយាយទៅបាន តែជើងនេះដូចជាស្ពឹកៗហាក់ឈានចូលក្លោងទ្វារ​មិនរួច។ អាថាន់និងអាសុងកៀកកបណ្តើរ ព្រោះមិនចង់បកស្រាយច្រើនជាមួយពួកវាទើបឈានជើងទៅទាំងបង្ខំអារម្មណ៍ ហើយខ្ញុំក៏ត្រូវដើរឱនមុខស្ងប់ៗគិតម្នាក់ឯង។

«អុញ! ឯណាបងស្រី?»

ខ្ញុំឮអាថាន់ភ្លាត់មាត់ក៏ភ្ញាក់ ហើយសម្លឹងមើលទៅកន្លែងដែលគេឈររាល់ដង។

អ្នកថ្មី? ចុះគេទៅណា?

តាំងពីពេលនោះមក គឺយើងលែងបានចួបគេទៀតហើយ ចង្រៃត្រង់ថា ពួកយើងស្គាល់គ្នាជាងពីរឆ្នាំដែលខ្ញុំនិងអាថាន់​ ព្រមទាំងអាសុងក្លាយជាម៉ូយដុំនៃបារនេះ តែមិនដែលមានសូម្បីលេខទូរសព្ទឬបណ្តាញសង្គមរបស់គេ បើទោះសួររកពីអ្នកធ្វើការកន្លែងនោះ ក៏បែរជាអាខោនចាស់ដែលគេឈប់លេងយូរណាស់ហើយ។ សម័យនេះនៅពិបាករកមនុស្សស្រីម្នាក់ ដែលសូម្បីបណ្តាញ​សង្គមក៏មិនលេង?

តែខ្ញុំរកគេធ្វើអី? បើគេលាឈប់ពីបារទៅហើយ គេទៅស្រុកកំណើតបាត់ ខ្ញុំមកចង់ដឹងអីពីគេ ហើយមានហេតុផលអីដែលទៅសួរនាំពីប្រវត្តិគេពីក្រុមការងារបាន?

អាសុងនិងអាថាន់មាត់ច្រើនណាស់ រអ៊ូរកសូណាមិនឈប់ គឺនឹកស្នាដៃក្រឡុកស្រាថ្មីប្លែករបស់នាង យូរៗទៅ មិនដឹងហេតុអី ពួកយើងក៏បែរលែងទៅបារនោះផឹកស្រាទៀត។

ក៏មកដល់រឿងដែលខ្ញុំរៀបគម្រោងការ​សារភាពទៅមនុស្សស្រីដែលខ្ញុំលួចស្រលាញ់ ដែលពីមុនមិនដែលឃើញមុខត្រឹមឈែតនិយាយគ្នាលេងច្រើនឆ្នាំ ព្រោះគេនៅបន្តការសិក្សាឯបរទេស ដល់ពេលគេត្រលប់មកវិញ ពួកយើងកាន់តែស្និទ្ធស្នាល ហើយក៏បានក្លាយជាសង្សាររបស់ខ្ញុំមែនទែន ក្រោមការជួយជ្រោមជ្រែងពីសម្លាញ់ទាំងពីររបស់ខ្ញុំ។

គិតទៅ ខ្ញុំនៅតែមិនទាន់ក្លាហានគ្រប់គ្រាន់នឹងនិយាយពីអារម្មណ៍ខ្លួនឯងដល់មនុស្សដែលខ្លួនស្រលាញ់ ដូចអ្វីដែលសូណាធ្លាប់ប្រាប់ខ្ញុំនោះទេ ឬក៏មិនទាន់ដល់អាយុមួយដែលអាចដឹងបានថា ស្នេហាស្រួលទៅស្រួលមកបែបនេះ?

ស្រលាញ់ក៏ប្រាប់ថាស្រលាញ់ ស្រលាញ់មែនទែន កុំលេងៗនាំខាតពេល មិនស្រលាញ់ក៏កុំផ្តល់ក្តីសង្ឃឹម កុំរង់ចាំដល់តែបាត់បង់ទើបដឹងថាស្តាយ មិនតូចចិត្ត មិនទាមទារពេក ទើបមិនឈឺចាប់?…ទាំងអស់នេះឬ ជាអ្វីដែលខ្ញុំបានរៀនសូត្រពីបងស្រីសូណា?

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*