ហាយថាងនិងអ្នកបម្រើស្រីម្នាក់ទៀតចាប់ដៃរបស់ស៊ីវលូម្នាក់ម្ខាង លើកយួរឡើង។ អានានមិនខ្ចីដើររំហែសួនច្បារទៀតក៏រហ័សវិលត្រលប់ទៅដំណាក់វិញ។
ស៊ីវលូមិនខ្ចីប្រឆាំងតបត ទុកឱ្យពួកគេចងដៃនាំយកទៅ។ វិលទៅដំណាក់ស្នាក់នៅរបស់អានាន នៅក្នុងដំណាក់ហានឆាង អានានចាប់ផ្តើមថ្កោលទោសស៊ីវលូ៖
«ឆាប់ឆ្លើយភ្លាមមក៎ ឯងដឹងខុសហើយឬនៅ?»
ស៊ីវលូមិនខ្លាចអ្វីទាំងអស់ នៅតែញញឹមដៀងភ្នែកក្រឡេកក្រឡឹងជុំវិញ។ ហាយថាងតាំងពីដើមមិនចូលចិត្តស៊ីវលូស្រាប់ ឃើញគេវាយឫកព្រហើន មិនដឹងមេឃខ្ពស់ដីជ្រៅ។ នាងលើកជើងធាក់ស៊ីវលូដួលក្រាបចុះទៅ លុតជង្គង់នៅមុខអានាន។
អានានសម្លឹងមុខស៊ីវលូយ៉ាងស្អប់ខ្ពើម៖
«ទីបំផុតឯងធ្លាក់ក្នុងកណ្ដាប់ដៃយើងហើយ! ជ័ងស៊ូនិយាយថាឯងបានជួយជីវិតគាត់ ហេតុនេះយើងនឹងមិនសម្លាប់អ្នកទេ ប៉ុន្តែយើងមិនលើកលែកទោសឱ្យឯងជាដាច់ខាត។ ថ្ងៃនោះ ឯង… យើង… យើង… យើង… ត្រូវតែសងសឹកគំនុំនេះ!»
នឹកឃើញទៅដល់ទង្វើបំពានរបស់ស៊ីវលូនៅថ្ងៃនោះ អានានទប់ទឹកភ្នែកមិនជាប់។ ជ័ងស៊ូសួរនាំនាងជាច្រើនដងតែនាងមិនហ៊ានប្រាប់គេ បានត្រឹមតែយំយែក។ នាងបានប្រាប់ព្រះមាតារបស់នាងនៅពេលដែលវិលមកភ្នំទេពប្រាំវិញ ប៉ុន្តែព្រះមាតារបស់នាង… បានត្រឹមតែឱបនាងនិងលួងលោមនាងតែប៉ុណ្ណោះ។
អានានស្រែកឡើង៖
«ទាញដៃគេចេញ!»
អ្នកបម្រើស្រីពីរនាក់ចូលមកជិត ទាញដៃរបស់ស៊ីវលូឡើងទៅខ្ពស់។ អានានចាប់ផ្ដើមសញ្ជឹងគិតថាត្រូវប្រើទណ្ឌកម្មអ្វី។ ប៉ុន្តែទាស់ត្រង់ថា តាំងពីតូចដល់ធំ អានានតែងតែឱបព័ទ្ធនៅក្នុងរង្វង់ដៃស្រលាញ់ថ្នាក់ថ្នមពីមនុស្សគ្រប់គ្នា នាងមិនដែលឃើញទិដ្ឋភាពធ្វើទារុណកម្មដ៏គួរឱ្យរន្ធត់ណាមួយឡើយ ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតដែលនាងដឹងគឺ វាយស្លាប់។ ប៉ុន្តែយល់មុខជ័ងស៊ូ នាងមិនអាចសម្លាប់ស៊ីវលូបានទេ។ បន្ទាប់ពីគិតគូរមួយសន្ទុះ នាងក៏ចេញបញ្ជាភ្លាមៗថា៖
«វាយដៃទាំងពីរគេ!»
ហាយថាងខាំសង្គ្រឺតធ្មេញវាយដៃរបស់ស៊ីវលូដោយដំបងធ្វើពីឈើខ្លឹមម៉ឺនឆ្នាំ។ ស៊ីវលូច្បិចមាត់សើចចំអក មានចេតនាបញ្ឈឺអានាន៖
«ខ្នងរបស់នាងទន់ហើយក្រអូមទៀត ទោះវាយដៃខ្ញុំបាក់ ក៏ខ្ញុំអស់ចិត្ត។ តាំងពីពេលបានស្ទាបអង្អែលនាង ខ្ញុំនឹកនានាងទាំងយប់ទាំងថ្ងៃ…»
អានានខឹងញ័រព្រឺសាច់ ទឹកភ្នែកស្រក់ឥតល្ហែ។
ប្រជារាស្ត្រនគរកៅស៊ីងឱ្យតម្លៃលើព្រហ្មចារីនិងសេចក្ដីថ្លៃថ្នូរ។ ក្រោយពេលអធិរាជស៊ុនទីឡើងសោយរាជ្យ ទំនៀមទម្លាប់តឹងរឹងត្រូវបានកាត់បន្ថយនិងធូរស្រាលជាងមុន ប៉ុន្តែអានានគឺជាព្រះនាង… ពួកអ្នកបម្រើភ្ញាក់ភ័យនិងតក់ស្លុត។ ហាយថាងមិនហ៊ានទុកឱ្យស៊ីវលូនិយាយបន្តទៀត បញ្ជាឱ្យអ្នកបម្រើសខាងបោសសម្អាតផ្ទះ ដោះស្បែកជើងរបស់នាងចេញ ហើយយកញាត់ញ៉ុកចូលមាត់របស់ស៊ីវលូ។
«ចាំមើលឯងនៅនិយាយផ្ដេសផ្ដាសទៀតទេ!»
ហាយថាងងាកទៅលួងលោមអានាន៖
«ព្រះពរព្រះនាង ជនគម្រក់តិរច្ឆាននេះធ្លាប់មានគំនុំជាមួយព្រះនាង ទើបគេមានចេតនានិយាយពាក្យអាក្រក់ទាំងនោះបំណងធ្វើឱ្យព្រះនាងខ្ញាល់ បំផ្លាញព្រះកត្តិនាមព្រះនាង។ សូមព្រះនាងកុំជឿពាក្យគេ ក្រែងលោចាញ់ល្បិចគេ!»
ពួកអ្នកបម្រើបានយល់ពីពាក្យព្រមានរបស់ហាយថាង ហើយពួកគេជឿថាមនុស្សដែលមានមហិទ្ធិឫទ្ធិទាបដូចជាស៊ីវលូមិនអាចចូលទៅជិតព្រះនាងបានទេ ហេតុនេះពួកគេនាំគ្នាជួយនិយាយកាន់ជើងឈរខាងអានាន។ អ្នកបម្រើស្រីមាត់ដាចម្នាក់ រហ័សលូកមាត់និយាយថា៖
«ព្រះបុត្រាជ័ងស៊ូគឺជាព្រះបុត្រាសានយាន មិនមែនជាព្រះបុត្រារបស់ពួកយើងទេ ទ្រង់រស់នៅទីនេះគ្រាន់តែសុំអាស្រ័យពឹងពាក់ ព្រះនាងមិនចាំបាច់ខ្លាចក្រែងចិត្តទេ។ មនុស្សចង់សម្លាប់ក៏សម្លាប់ទៅចុះ ចាត់ការរួចរាល់ទូលថ្វាយទៅព្រះអង្គ ព្រះអង្គប្រាកដជាមិនបន្ទោសព្រះនាងទេ!»
កំហឹងខឹងរបស់អានានឡើងដល់កំពូល នាងចេញបញ្ជា៖
«វាយទៅ! វាយបំបាក់ដៃរបស់គេ ទះមាត់របស់គេ វាយឱ្យគេស្លាប់ទៅ យើងនឹងទទួលខុសត្រូវ!»
អ្នកបម្រើស្រីពីរនាក់លើកដំបងវាយស៊ីវលូព្រៃផ្សៃមិនបន្ធូរប្រណី។ ស៊ីវលូឈប់សើច ផ្តោតគំនិតទាំងអស់ទៅលើពាក្យសម្ដីរបស់អ្នកបម្រើស្រីអម្បាញ់មិញ។ ពាក្យសម្ដីទាំងនោះហាក់ដូចជាធម្មតាតែមានតម្រុយសំខាន់ៗជាច្រើន។ ជ័ងស៊ូត្រូវបញ្ជូនទៅនគរកៅស៊ីងតាំងពីតូច មនុស្សគ្រប់គ្នានិយាយថាអធិរាជហ័ងទីបញ្ជូនគេទៅនគរកៅស៊ីងធ្វើជាចំណាប់ខ្មាំងនិងសន្យាថាមិនលើកទ័ពលុកលុយនគរកៅស៊ីង។ ជាងពីររយឆ្នាំកន្លងមកនេះ ជ័ងស៊ូមិនដែលវិលត្រលប់ទៅនគរសានយានវិញទេ។ នៅក្នុងក្រសែភ្នែកមនុស្សលោក ថ្វីត្បិតតែជ័ងស៊ូមានងារជាព្រះបុត្រាសានយាន ប៉ុន្តែតាមពិតទៅ គេគ្រាន់តែជាក្មេងដែលត្រូវបោះបង់ចោល ត្រូវរុញច្រានទៅនគរកៅស៊ីងធ្វើជាចំណាប់ខ្មាំង។
ស៊ឺឈីដើរញាប់ជើងយកឪឡឹកត្រជាក់មកឱ្យលូតែមិនឃើញនាង។ គេដើរស្វែងរកតាមដានបន្សល់ទុករហូតទៅដល់ខ្លោងទ្វារដំណាក់ហានឆាង ក៏ត្រូវសេនាយាមទ្វារឃាត់។
ឮសំឡេងដំបងឈើវាយដឹបៗបន្លឺឡើងនៅខាងក្នុងដំណាក់នោះ ស៊ឺឈីប្រថុយជីវិតសម្រុកចូលទៅ ប៉ុន្តែសេនាអង្គរក្សកាន់តែច្រើនឡើងៗចូលទៅរាំងឃាត់គេ។ ស៊ឺឈីត្រូវសេនាអង្គរក្សហ៊ុមព័ទ្ធជុំជិតជាប់។
អានានគឺជាបុត្រីតែមួយគត់របស់អធិរាជស៊ុនទី ទើបពួកសេនាមិនហ៊ានធ្វេសប្រហែស ហើយភ្លាមៗនោះក៏បានបញ្ជូនមនុស្សទូលថ្វាយទៅដល់អធិរាជស៊ុនទី។ ដំណាក់របស់ព្រះជាយាឈីងអាន ដែលជាមាតាបង្កើតរបស់អានានស្ថិតនៅមិនឆ្ងាយប៉ុន្មានពីដំណាក់ហានឆាង ហេតុនេះនៅពេលដែលឮអ្នកបម្រើទូលថ្វាយថាមានមនុស្សសម្រុកចូលទៅក្នុងវិមានរបស់ព្រះនាង ទ្រង់ក៏រត់ទៅមើលភ្លាមៗ។
ព្រះជាយាឈានចូលមកដល់ក្នុងដំណាក់របស់អានាន ឃើញទឹកមុខបុត្រីអាក្រក់មើលខ្លាំងណាស់ ប៉ុន្តែសម្លៀកបំពាក់នៅរៀបរយ មានន័យថាបុត្រីរបស់ទ្រង់មិនកើតអ្វី។
ក្រឡកឃើញព្រះមាតា អានានសើចបង្ខំ ឱ្យសញ្ញាកាយវិការដៃសួរទៅកាន់មាតា៖
«ហេតុអ្វីមាតាមកទីនេះ?»
រហូតមកទល់ពេលនេះ ស៊ីវលូនៅតែឱនឈ្ងោកមុខចុះរហូត ទុកឱ្យពួកអ្នកបម្រើស្រីវាយដំតាមអំពើចិត្ត។ ប៉ុន្តែឮសំឡេងហៅម្ដាយរបស់អានាន នាងញ័រខ្លួនបន្តិច ចង់ងើបមុខឡើងមើល តែមិនហ៊ានមើល។ ស្ត្រីម្នាក់នេះថ្វីត្បិតតែមិនមែនជាម្ចាស់ក្សត្រី តែជាព្រះជាយាតែមួយគត់របស់អធិរាជស៊ុនទី មានមនុស្សតិចតួចណាស់ដែលបានឃើញមុខមាត់របស់ទ្រង់។ ឮពាក្យចចាមអារ៉ាមថា អធិរាជស៊ុនទីស្រលាញ់ទ្រង់ខ្លាំងណាស់ហើយមានតែទ្រង់ជាភរិយាតែមួយគត់។ មិនឮសំឡេងព្រះជាយា ឮតែសំឡេងរបស់អានានចេញបញ្ជា៖
«ឈប់សិន!»
ស៊ីវលូសន្សឹមៗងើបមុខឡើង បេះដូងរបស់នាងដូចប្រេះស្រាំជាបំណែកខណៈដែលបានឃើញច្បាស់មុខមាត់របស់ព្រះជាយា។ ស៊ីវលូស្រែកទ្រហោយំឡើង៖
«ម៉ែ… ម៉ែ…»
ស្បែកជើងញ៉ុកមាត់របស់នាង បានត្រឹមតែស្រែកបន្លឺសំឡេងអ៊ីអឺៗមិនច្បាស់ តែដៃទាំងពីរនាងរឹងកំព្រឹសប្រវេប្រវាសឈោងទៅមុខ នាងខំប្រឹងរើបម្រាស់ ខំប្រឹងដកខ្លួនចេញពីពួកអ្នកបម្រើស្រី ខំប្រឹងតោងច្បាមយកចុងស្បៃសំពត់របស់ស្ត្រីរមទមស្ថិតនៅក្នុងឈុតសម្លៀកបំពាក់ពណ៌ខៀវទឹកសមុទ្ទ ឈរនៅត្រង់នោះ។
ឈាមហូរសស្រាក់នៅលើដៃទាំងពីររបស់ស៊ីវលូ ធ្វើឱ្យស្ត្រីរមទមម្នាក់នោះភិតភ័យ ឈានជើងថយក្រោយបន្តិច។ អានានរហ័សរត់ទៅឱបមាតារបស់នាង ស្រែកថា៖
«ឆាប់ចាប់ជនគម្រក់នោះភ្លាម!»
ពួកអ្នកបម្រើស្រីខ្លាចស៊ីវលូធ្វើឱ្យព្រះជាយារបួស ទើបនាំគ្នាម្នាក់មួយដៃសង្កត់ក្បាលស៊ីវលូចុះដី សង្កត់ដៃជើងនាងជាប់ទាំងអស់។ ស៊ីវលូដូចមនុស្សឆ្កួតលីលា នាងខំប្រឹងរើបម្រាស់វាយធាក់ នាងចង់ឱបព្រះជាយា។
«ម៉ែ… ម៉ែ…»
ស៊ីវលូដង្ហក់ដង្ហោយ ស្រែកយំយ៉ាងក្ដុកក្ដួល។
ព្រះជាយាភិតភ័យយ៉ាងខ្លាំងសម្លឹងមើលស៊ីវលូដូចសម្លឹងមើលមនុស្សឆ្កួត។ ទឹកភ្នែកស្រក់តក់ៗ ស៊ីវលូនៅតែប្រវេប្រវាសឈោងដៃទៅរកព្រះជាយា នាងគ្រាន់តែចង់ប៉ះអ្នកម៉ែ ឱបណែនអ្នកម៉ែ មិនឱ្យអ្នកម៉ែចាកចេញពីនាង។
«ម៉ែ… ម៉ែ… កុំចាកចោលកូន…»
នាងចង់សួរគាត់ថា ហេតុអ្វីឆ្នាំនោះគាត់ដាច់ចិត្តបោះបង់ចោលនាង? អ្នកម៉ែបានសន្យាថានឹងមកទទួលនាង ប៉ុន្តែទៅហើយមិនវិលវិញ។ ឬមួយនាងធ្វើអ្វីខុស? មិនថានាងធ្វើអ្វីខុស ឱ្យតែអ្នកម៉ែប្រាប់នាងឱ្យដឹង នាងនឹងកែប្រែ។
សុំតែកុំចាកចោលកូន…
ឬមួយនាងពិតជាកូនតិរច្ឆានសមនឹងស្លាប់ដូចជាពាក្យចចាមអារ៉ាមមែន?
អ្នកម៉ែ… សូមប្រាប់កូនមក ហេតុអ្វីអ្នកម៉ែដាច់ចិត្តចាកចោលកូន?
នៅពេលដែលអធិរាជស៊ុនទីនិងជ័ងស៊ូមកដល់ ពួកគេឃើញឈាមហូរប្រឡាក់ពេញខ្លួនប្រាណរបស់ស៊ីវលូ នាងត្រូវពួកអ្នកបម្រើស្រីសង្កត់ក្បាលជាប់ខ្ទប់នឹងដីប៉ុន្តែនៅតែរើបម្រាស់ឥតឈប់ ងើយមុខសម្លឹងមើលព្រះជាយា ទឹកភ្នែកស្រក់ហូរពេញមុខ ដៃទាំងពីរខ្វាផងខ្ញាំផង សុំអង្វរព្រះជាយាកុំទៅ។
«ម៉ែ… ម៉ែ…»
អធិរាជស៊ុនទីរន្ធត់ចិត្តស្ទើរតែឈរលែងហ្នឹង។
បេះដូងខួរក្បាលរបស់ជ័ងស៊ូដូចផ្ទុះឡើងព្រោង គេឡប់វល់ស្ទុះរត់ចូលទៅ បណ្ដេញពួកអ្នកបម្រើស្រីចេញទៅទាំងអស់ ឱបក្រសោបស៊ីវលូក្នុងរង្វង់ទ្រូង៖
«ស៊ីវយ៉ាវ! ស៊ីវយ៉ាវ! មិនមែនទេ… ទ្រង់មិនមែនជាអ្នកម៉ែរបស់អូនទេ!»
ជ័ងស៊ូដកស្បែកជើងក្នុងមាត់ស៊ីវលូចេញ ច្របាច់ហ្មត់ទៅជាផេះ។ ស៊ីវលូញាក់ញ័រទទ្រាក់ ស្រែកដាក់គេដូចស្លឹកឈើក្រៀមស្ងួតរសាត់ក្នុងខ្យល់៖
«ម៉ែ… នោះជាអ្នកម៉ែរបស់ខ្ញុំ! ជ័ងស៊ូ ខ្ញុំចង់សួរទៅគាត់ ហេតុអ្វីបោះបង់ចោលខ្ញុំ មកពីខ្ញុំមិនស្ដាប់បង្គាប់មែនទេ? ខ្ញុំសន្យាថានឹងស្ដាប់បង្គាប់អ្នកម៉ែ ខ្ញុំសន្យាថានឹងឆ្លាត…»
ជ័ងស៊ូឱបជ្រប់ក្បាលលើដើមករបស់ស៊ីវលូ ទឹកភ្នែកមួយតំណក់ៗថ្លាឆ្វង់។
«ទ្រង់មិនមែនជាអ្នកម៉ែរបស់អូនទេ អ្នកម៉ែអូនបានពលីជីវិតហើយ! ទ្រង់ជាព្រះជាយាឈីងអាន ទ្រង់គ្រាន់តែមានរូបរាងដូចអ្នកម៉ែអូនប៉ុណ្ណោះ!»
ស៊ីវលូញាក់ញ័រ ភ័យខ្លាចកាន់តែខ្លាំង នាងស្រែកឡើងយ៉ាងឈឺចាប់ដូចកូនចចកលូ៖
«អ្នកម៉ែថានឹងមកទទួលខ្ញុំ! អ្នកម៉ែថានឹងមកទទួលខ្ញុំ! ខ្ញុំបានរង់ចាំគាត់អស់ចិតសិបឆ្នាំ! អ្នកម៉ែមិនមកទេ អ្នកម៉ែឈប់ស្រលាញ់ខ្ញុំហើយ! តែខ្ញុំមិនបន្ទោសអ្នកម៉ែទេ ខ្ញុំគ្រាន់តែចង់សួរគាត់ឱ្យច្បាស់…»
ជ័ងស៊ូឱបរឹតស៊ីវលូកាន់តែណែនខ្លាំងនៅក្នុងរង្វង់ដៃដូចកាលពីតូច ពេលឪពុកស្លាប់ ម្ដាយសម្លាប់ខ្លួន គេរាល់យប់ដេកឱបនាងនៅក្នុងរង្វង់ដៃ។
សម្រែកយំរបស់ស៊ីវលូតូចទៅយឺតៗ តែនាងនៅញាក់ញ័រមិនឈប់ អណ្ដកអណ្ដឺក។ នាងមានអារម្មណ៍ដឹងពីតំណក់ទឹកភ្នែកសន្សឹមស្រក់ចុះលើផ្ទៃកអាវរបស់នាង។ គេនៅតែដូចកាលពីតូច ទោះបីឈឺចាប់គ្រាំគ្រាយ៉ាងណាក៏មិនចង់ឱ្យអ្នកដទៃឃើញ។ ស៊ីវលូសន្សឹមៗត្រដាងដៃឱបព័ន្ធលើស្មារបស់ជ័ងស៊ូ ឱបរឹតគេយ៉ាងណែន។ បងប្អូនពួកគេទាំងពីរនាក់គ្មានអ្នកណាម្នាក់និយាយស្ដី គិតតែឱបគ្នា ពឹងផ្អែកគ្នា ការពារគ្នា។
អានានស្លុតចិត្តពេលឃើញទិដ្ឋភាពទាំងនេះ នាងបន្លឺហៅតិចៗ៖
«ជ័ងស៊ូ!»
ប៉ុន្តែជ័ងស៊ូខណៈពេលនេះប្រែជាចម្លាក់ថ្ម គ្មានប្រតិកម្មអ្វីទាំងអស់ នៅតែឱនជ្រប់ក្បាល ឈ្លីមុខលើដើមករបស់ស៊ីវលូ។
អានានងាកទៅសួរព្រះបិតា៖
«ព្រះបិតា! ជ័ងស៊ូ… ពួកគេ…»
ព្រះបិតារបស់នាងមើលទៅហាក់ដូចជាចាស់កើនរាប់រយឆ្នាំ ទ្រង់នឿយហត់ងាកទៅបញ្ជាអ្នកបម្រើស្រីជំនិតមាតានាង៖
«នាំព្រះនាងទៅដំណាក់ព្រះជាយាសម្រាក»
អ្នកបម្រើស្រីក្រាបថ្វាយបង្គំទទួលបញ្ជា គ្រាហ៍ផងទាញផងនាំព្រះជាយានិងអានានចាកចេញទៅ។
អានាងទាំងតក់ស្លុតទាំងភ័យខ្លាច នាងមានអារម្មណ៍ស្រពេចស្រពិលថាពិភពលោករបស់នាងជិតនឹងផ្លាស់ប្តូរហើយ ប៉ុន្តែនាងមិនយល់ពីមូលហេតុអ្វី នាងដើរទាំងញ័រជើងគិតតែងាកក្រោយមើលទៅជ័ងស៊ូ។
ពួកសេនាអង្គរក្សនិងអ្នកបម្រើក៏នាំគ្នាចេញទៅក្រៅអស់ នៅក្នុងដំណាក់នៅសល់តែអធិរាជស៊ុនទីនិងស៊ឺឈីនៅតែឈរត្រង់នៅទីនោះ មិនកម្រើក។
ជាយូរក្រោយមក ជ័ងស៊ូសង្សឹមៗងើបមុខឡើង សម្លឹងមើលស៊ីវលូ កែវភ្នែកទាំងគូភ្លឺថ្លា រះត្រចះម្ដងទៀត គ្មានស្លាកដានសោកសៅនិងទឹកភ្នែកទៀតឡើយ។ អ្វីដែលបានកើតឡើងអម្បាញ់មិញក្លាយជាអាថ៌កំបាំងរវាងពួកគេទាំងពីរនាក់។ ស៊ីវលូមានអារម្មណ៍ថាបេះដូងរបស់នាងលោតញាប់សន្ធឹក នាងជ្រួយច្របល់ងាកមុខចេញ មានបំណងគេចពីកែវភ្នែករបស់ជ័ងស៊ូ។
ជ័ងស៊ូនិយាយទន់ភ្លន់ថា៖
«អម្បាញ់មិញអូនបានហៅឈ្មោះបងហើយ ឥឡូវនេះចង់ហាមាត់ប្រកែកវិញគឺគ្មានផ្លូវទេ»
ស៊ីវលូចង់សើចឡើងតែសើចមិនរួច បបូរមាត់នាងញ័រៗ។ ជ័ងស៊ូឱនមុខចុះបន្លឺហៅ៖
«ស៊ីវយ៉ាវ!»
ជាយូរយារណាស់មកហើយមិនឮសូរអ្នកណាហៅឈ្មោះនាងបែបនេះ។ ស៊ីវលូមានអារម្មណ៍ថាដូចស្ថិតនៅក្នុងសុបិន ស្រពេចស្រពិល និងភ័យខ្លាច។ ជ័ងស៊ូបន្លឺហៅបន្ត៖
«ស៊ីវយ៉ាវ បងគឺជ័ងស៊ូ បងប្រុសជីដូនមួយរបស់អូន អូនត្រូវហៅបងថា បងប្រុស»
ស៊ីវលូនឹកឃើញកាលពីតូច គ្រាដំបូងពួកគេចួបគ្នា កាលនោះអ្នកម៉ែនិងអ្នកមីងថ្លៃរបស់នាងនៅមានជីវិត។ អ្នកម៉ែញញឹមប្រាប់នាងថា៖
«ស៊ីវយ៉ាវត្រូវចេះស្ដាប់បង្គាប់បងប្រុសណា៎»
អ្នកមីងថ្លៃរបស់នាងញញឹមទន់ភ្លន់ប្រាប់ថា៖
«ជ័ងស៊ូត្រូវចេះស្រលាញ់តមតឱ្យប្អូនស្រីណា៎ដឹងទេ»
ក្មេងទាំងពីរនាក់សម្លក់គ្នា អាក់អន់ខឹងចិត្ត។ ឥឡូវនេះ អ្នកមីងរបស់នាងបានសម្លាប់ខ្លួន អ្នកម៉ែរបស់នាងក៏បានពលីជីវិត… នៅសល់តែបងប្អូនពួកគេទាំងពីរនាក់។
ស៊ីវលូហៅតិចៗ៖
«បងប្រុស ខ្ញុំមកវិញហើយ»
ជ័ងស៊ូចង់សើចឡើងតែសើចមិនរួច បបូរមាត់ញ័រៗ ក្ដុកក្ដួលដួងចិត្ត។ ខណៈពេលនេះ ស៊ឺឈីឈានចូលទៅមុខរំឮកថា៖
«សូមមើលរបួសលើដៃស៊ីវលូ»
ជ័ងស៊ូស្រែកបញ្ជាខ្លាំងៗ៖
«រាជពេទ្យ! ហៅរាជពេទ្យមក!»
អាមាត្យជំនិតរបស់អធិរាជស៊ុនទីបានបញ្ជារាជពេទ្យរៀបចំថ្នាំព្យាបាលរបួសរង់ចាំនៅខាងក្រៅ ឮសំឡេងរបស់ជ័ងស៊ូក៏រត់ចូលមកដល់ភ្លាមៗ អ្នកខ្លះកាន់ចាន អ្នកខ្លះចាក់ទឹក កាន់កន្សែង រៀបចំថ្នាំ ទោះមានមនុស្សច្រើនតែមិនស្លន់ស្លោរ មួយសន្ទុះក្រោយមក បានបង់រុំរបួសលើដៃស៊ីវលូដោយប្រុងប្រយ័ត្ន។ រាជពេទ្យទូលថ្វាយទៅអធិរាជស៊ុនទី៖
«គ្រាន់តែជារបួសក្រៅស្បែក មិនប៉ះពាល់ដល់ឆ្អឹង សម្រាកប៉ុន្មានថ្ងៃនឹងបានធូរស្រាល»
អធិរាជស៊ុនទីងក់ក្បាល បញ្ជាឱ្យពួកគេទៅវិញ ពួកអ្នកបម្រើនាំគ្នាចាកចេញទៅដោយស្ងាត់ៗ។
ជ័ងស៊ូជួយគ្រាហ៍ស៊ីវលូក្រោកឈរឡើង ប៉ុន្តែនាងនៅតែឱនមុខចុះ មិនព្រមកម្រើកជើង។ ជ័ងស៊ូជំរុញកេះរុញនាងរហូតទើបអាចរុញនាងទៅចំពោះមុខអធិរាជស៊ុនទី ខណៈដែលគេដើរថយទៅក្រោយ ឈរនៅក្រោមសំយាបម្ខាងជាមួយស៊ឺឈី។
ស៊ីវលូនៅតែឱនមុខចុះ ភ្លឹកមើលដៃទាំងពីរ មិននិយាយស្ដី ឈរនៅក្រោមសំយាបម្ខាងទៀតជាមួយអធិរាជស៊ុនទី។
«បុត្រមានចេតនាបញ្ឈឺអានាន ធ្វើឱ្យនាងខឹងពិន័យបុត្រ ចង់បញ្ឆោតបិតាចេញមក។ ឥឡូវនេះបិតាបានមកដល់ហើយ ម្ដេចនៅឈរស្ងៀមមិនស្ដីអ្វី?»
ស៊ីវលូចង់ដុតបញ្ឆេះអានានឱ្យខឹងដាក់ទណ្ឌកម្មនាង គោលបំណងចង់ឱ្យអធិរាជស៊ុនទីមើលឃើញគ្រប់យ៉ាងទាំងអស់។ ស៊ីវលូងឿងឆ្ងល់មិនដាច់ នាងចង់ពិសោធមើលប្រតិកម្មរបស់អធិរាជស៊ុនទី មើលទៅមើលថាទីបញ្ចប់តើទ្រង់នឹងការពារអ្នកណា។ លើសពីនេះ នាងថែមទាំងរៀបចំត្រៀមចិត្តទទួលសេចក្ដីជូរចត់ និងសើចឡកឡើយចំពោះអ្វីៗគ្រប់យ៉ាង។ ប៉ុន្តែការបង្ហាញខ្លួនរបស់ព្រះជាយាឈីងអានធ្វើឱ្យខូចផែនការរបស់នាង។
ស្ដ្រីម្នាក់នោះធ្វើឱ្យស៊ីវលូគេងមិនលក់ហូបមិនឆ្ញាញ់ជាច្រើនយប់។ នាងធ្លាប់នឹកស្រមៃរាប់មិនអស់ ងឿងឆ្ងល់ថាតើទ្រង់ល្អជាងម្តាយនាងចំណុចណា? ប៉ុន្តែនាងមិននឹកស្មានថា ទ្រង់បែរជាមានមុខមាត់ដូចម្តាយនាងខ្លាំងយ៉ាងនេះ។ ហើយទ្រង់នៅថែមទាំងស្លៀកពាក់សម្លៀកបំពាក់ពណ៌ខៀវទឹកសមុទ្ទនោះទៀត ធ្វើឱ្យនាងនៅពេលដែលឃើញទ្រង់ដំបូង គិតថាជាអ្នកម៉ែរបស់នាង។ នៅខណៈពេលនេះ រាល់សេចក្ដីកំហឹងនិងសេចក្តីឈឺចាប់ទាំងអស់បានរលត់ទៅ នាងថែមទាំងមានអារម្មណ៍នឹកស្ដាយនិងឈឺផ្សាទឹកភ្នែក។
ស៊ីវលូលុតជង្គង់ចុះ សូរសំឡេងដង្ហោយក្តីស្រលាញ់ក្ដីគោរពបម្រុងហូរហៀរចេញពីមាត់ក៏ត្រូវក្ដីជូរចត់គាបសង្កត់ចុះវិញ មិនអាចបន្លឺចេញបាន។ នាងឱនក្រាបក្បាលដល់ដីនៅមុខព្រះបិតា ថ្វាយបង្គំម្ដង ថ្វាយបង្គំពីរដង ថ្វាយបង្គំបីដង…
អធិរាជស៊ុនឱនឈ្ងោកមុខចុះ គ្រាហ៍នាងឡើង។ ស៊ីវលូខាំបបូរមាត់ជាប់ គ្មានសំឡេងណាអួរដើមកចេញក្រៅ។
អធិរាជស៊ុនទីបន្លឺបន្ទូលថា៖
«ជាងពីររយឆ្នាំមកនេះ មនុស្សលោកប្រាកដជាបាននិយាយរឿងជាច្រើនទៅដល់ត្រចៀកបុត្រ។ បិតាក៏មានពាក្យពេចន៍រាប់មិនអស់ចង់និយាយទៅកាន់បុត្រ។ ក្រោយពេលបុត្របាត់ខ្លួន បិតាតែងតែសួរខ្លួនឯងថា បើរកបុត្រឃើញ តើបិតានឹងនិយាយអ្វីទៅកាន់បុត្រ។ ដំបូងឡើយ បិតាគិតថានឹងនិយាយកំប្លែងធ្វើឱ្យបុត្រសើច។ ក្រោយមក បិតាគិតថាគួរធ្វើយ៉ាងណាលួងលោមដល់បុត្រ ប៉ះប៉ូវដល់បុត្រ។ ក្រោយមកទៀត បិតាពិតជាចង់ស្តាប់បុត្រនិយាយបូរបាច់រឿងឱ្យស្ដាប់ បិតាចង់ដឹងថាបុត្រចង់ក្លាយទៅជាមនុស្សបែបណា? ហើយក្រោយមកទៀត បិតាតែងតែនឹកឃើញបុត្រនៅកាលពីតូច បុត្រតែងតែស្រែកហៅបិតា… បិតា…។ ចុងក្រោយបង្អស់ បិតាគិតថា ឱ្យតែបុត្រនៅមានជីវិត អ្វីដទៃទៀតមិនសំខាន់ឡើយ… ស៊ីវយ៉ាវ…»
អធិរាជស៊ុនទីលើកដៃឡើង មហិទ្ធិឫទ្ធិលើបាតដៃរបស់ទ្រង់បង្រួបបង្រួមទៅជារូបឥន្រ្ទីយ៍នៅចំកណ្តាលអាកាស ឥន្រ្ទីយ៍ហោះហើរទៅរកស៊ីវលូ ហើយក៏ស្រាប់តែរលាយសាបសូន្យប្រែក្លាយទៅជារូបខ្លាធំលោតចុះឡើង។
នោះជាល្បែងលេងមួយដែលកាលពីតូចស៊ីវលូចូលចិត្តបំផុត។ រៀងរាល់ថ្ងៃបន្ទាប់ពីបញ្ចប់កិច្ចប្រជុំសាវនាការ នាងតែងតែអង្គុយលើថ្មកាំជណ្តើរនៅមុខវិមានធំ ងើយកអើតមើល ទន្ទឹងរង់ចាំព្រះបិតារបស់នាង។ នាងនឹងត្រេកអររីករាយលោតកញ្ជ្រោលឡើង នៅពេលដែលក្រឡេកឃើញស្រមោលអាវសឯកានឿយហត់របស់ព្រះបិតា។ បន្ទាប់មកនាងនឹងរត់ដូចហោះពីលើថ្មកាំជណ្ដើរនីមួយៗ រត់បណ្ដើរស្រែកហៅបណ្ដើរ៖
បិតា… បិតា… លុះរហូតដល់នាងដួលចូលក្រសោបឱបដើមទ្រូងព្រះបិតា។ ព្រះបិតានាងនឹងសើចឡើងខ្លាំងៗ ដៃម្ខាងបីនាងឡើង ដៃម្ខាងទៀតបំប្លែងរូបសត្វប្លែកៗជាច្រើនលើបាតដៃឱ្យនាងមើល។
ស៊ីវលូដួលចូលក្រសោបឱបដើមទ្រូងអធិរាជស៊ុនទី ទឹកភ្នែកស្រក់ធ្លាក់ដូចភ្លៀង។
អធិរាជស៊ុនទីត្រដាងដៃឱបរឹតកូនស្រីក្នុងរង្វង់ដៃ។ ឃ្លាតឆ្ងាយពីគ្នាបីរយឆ្នាំ ស្នាមញញឹមរីករាយរបស់បុត្រីប្រែជាទឹកភ្នែក ប៉ុន្តែមិនថាយ៉ាងណា បុត្រីរបស់ទ្រង់បានវិលត្រលប់មកវិញ។
ស៊ីវលូក្ដុកក្ដួលនិយាយថា៖
«ពួកគេ… ថា… បិតាឈប់ស្រលាញ់បុត្រហើយ… ហេតុអ្វីបិតាមិនទៅភ្នំអ៊ីទទួលបុត្រ?»
អធិរាជស៊ុនទីបបោសអង្អែលខ្នងនាង៖ឮ
«ឆ្នាំនោះ ព្រះបិតុលាទាំងប្រាំរបស់បុត្រលើកទ័ពលុកលុយ បង្កការបះបោរ ស្ថានការណ៍វឹកវរ ចលាចលពេញនគរ ទើបបិតានៅស្ទាក់ស្ទើរពន្យាពេលទៅភ្នំអ៊ីទទួលបុត្រ។ សង្រ្គាមនៅភាគខាងលិច ករណីបំផុលលបធ្វើឃាត កាប់សម្លាប់កើតឡើងនៅក្នុងរាជវាំងឥតឈប់ឈរ បិតាខ្លាចបិតាតែម្នាក់ឯងមិនអាចការពារបុត្របាន បិតាខ្លាចថ្លោះធ្លយអ្វីមួយ នាំឱ្យបុត្រជួយគ្រោះថ្នាក់ជាយថាហេតុ។ ហេតុនេះបិតាបានសុំពឹងពាក់ព្រះម៉ែជួយមើលថែបុត្រ។ បិតាមិននឹកស្មានថាបុត្រលួចរត់គេចចេញពីភ្នំអ៊ី។ បើដឹងមុនថាបែបនេះ ទោះបីជាត្រូវប្រឈមមុខនឹងគ្រោះថ្នាក់ខ្លាំងប៉ុនណាក៏បិតានៅតែយកបុត្រទៅតាមជាមួយដែរ។»
ស៊ីវលូក្ដុកក្ដួលសួរថា៖
«បិតាជាបិតារបស់បុត្រមែនទេ?»
អធិរាជស៊ុនទីងើយចង្កាស៊ីវលូឡើង សម្លឹងចំភ្នែកទាំងគូនាង អះអាងទ្រូងប្រាកដចិត្ត៖
«បិតាជាបិតារបស់បុត្រ! ទោះបុត្រមិនព្រមហៅបិតា បិតានៅតែជារៀងរហូតជាបិតារបស់បុត្រ!»
រាល់សេចក្ដីចម្ងល់… មន្ទិល… សង្ស័យ… ទីបំផុតក៏បានស្រាយដាក់ចុះ ស៊ីវលូយំផងសើចផង រហ័សទទួលស្គាល់ព្រះបិតា៖
«ព្រះបិតា! ព្រះបិតា!»
អធិរាជស៊ុនទីញញឹម គ្រាហ៍ស៊ីវលូក្រោកឈរឡើង ហុចកន្សែងសូត្រសមួយឱ្យទៅនាង។ ស៊ីវលូរហ័សរហួនជូតទឹកភ្នែកលើមុខឱ្យស្អាត តែកែវភ្នែកនាងនៅតែក្រហមងាំង ទឹកភ្នែកកកស្ទះរាប់រយឆ្នាំមកនេះបុកសម្រុកស្រក់ចេញ នាងទប់សង្កត់ខ្លួនឯងជាខ្លាំងទើបបញ្ឈប់បាន។
ជ័ងស៊ូដើរចូលមកជិត បបូរមាត់រីកស្នាមញញឹមរីករាយ ស៊ឺឈីដើរតាមពីក្រោយ។
ស៊ីវលូសម្លឹងស៊ឺឈីច្របូកច្របល់៖
«អូន… អូន…»
អធិរាជស៊ុនទីគ្រវីក្បាល មានបន្ទូលថា៖
«គេគឺជាមនុស្សគ្រួសារទូសាន ពូជពង្សកញ្ជ្រោងទេព គេមានសីលញាណពូកែវិនិច្ឆ័យនិងរវៀសរវៃជាងបុត្រច្រើន។ ពីដំបូងអាចថានៅមិនទាន់ដឹង ប៉ុន្តែបន្តិចក្រោយមកប្រាកដជាអាចស្មានដឹងពីសាវតារបស់បុត្រទៅហើយ។»
ស៊ីវលូសើចខ្មាសអៀន ក៏ត្រូវម៉្យាងដែរ អធិរាជស៊ុនទីនិងជ័ងស៊ូជាអ្នកណាទៅ ប៉ុន្តែពួកគេបែរជាទ្រាំអត់ឱនឱ្យស៊ីវលូម្ដងហើយម្ដងទៀត។ អ្នកណាអាចធ្វើឱ្យពួកគេដាក់ចិត្តដល់ម្លឹង?
ស៊ឺឈីក្រាបថ្វាយបង្គំអធិរាជស៊ុនទី។ ទ្រង់សួរថា៖
«លោកគឺទូសានជីង»
ស៊ឺឈីគោរពតបវិញ៖
«ក្រាបទូល»
«យើងចាំមិនខុសទេ លោកនិងកូនស្រីស្រស់ស្អាតគ្រួសារហ្វុងហ្វុងបានភ្ជាប់ពាក្យនឹងគ្នាមែនទេ?»
ញើសហូរជោកថ្ងាស ស៊ឺឈីតឹងតែងចិត្ត តបថា៖
«ក្រាបទូល មិនខុសទេ»
«លោកមិនបានភ្ជាប់ពាក្យឬយើងចាំមិនខុសទេ?»
«ក្រាបទូល ព្រះអង្គ… ចាំ… មិនខុសទេ»
ស៊ីវលូបង្ខំចិត្តចូលស្កាត់៖
«ព្រះបិតា!» អធិរាជស៊ុនទីសោះកក្រោះសម្លឹងមុខស៊ឺឈីបន្តិចហើយងាកទៅរកស៊ីវលូ៖
«បិតាគង់នៅដំណាក់ម្ដាយរបស់បុត្រ។ បើបុត្រចូលចិត្ត អាចរើទៅនៅទីនោះ បិតានឹងរើទៅវិមានពីមុន។ បើបុត្រចូលចិត្តដំណាក់ដទៃទៀតក៏ស្រេចតែចិត្ត។ យ៉ាងណានៅទីនេះមានដំណាក់ជាច្រើនទុកចោល។»
«ណ្ហើយចុះ បុត្រចូលចិត្តនៅដំណាក់ហួរស៊ីងរបស់ជ័ងស៊ូ បែបនេះបុត្រនឹងអាចនៅជិតនិងឧស្សាហ៍បានជជែកគ្នាជាមួយបងប្រុសបុត្រ»
ជ័ងស៊ូរីករាយផងព្រួយបារម្ភផង គេក្រឡេកមើលអធិរាជស៊ុនទីបន្តិច ទើបពោលតិចៗថា៖
«បងក៏ចង់នៅដំណាក់ជាមួយអូនដែរ តែបើអូនវិលមកឋានៈជាមនុស្សស្រីវិញ ខ្លាចក្រែងតែមិនជាគួរសម»
«ខ្ញុំ…»
ស៊ីវលូចង់និយាយអ្វីមួយ តែឃើញទឹកមុខរបស់អធិរាជស៊ុនទីនិងជ័ងស៊ូ នាងក៏បោះបង់គំនិតនោះ។
អធិរាជស៊ុនទីបន្លឺបន្ទូលថា៖
«បុត្រនៅទីនោះសិនចុះ រង់ចាំទូងប្រកាសក្រោមមេឃរួច ដល់ពេលនោះរើទៅវិមានដទៃទៀតក៏បាន»
ជ័ងស៊ូត្រេកអរជាខ្លាំង ក្រាបថ្វាយបង្គំអធិរាជស៊ុនទី៖
«អរព្រះគុណលោកគ្រូ»
ដ្បិតនៅមានរឿងជាច្រើនចង់និយាយជាមួយស៊ីវលូ ប៉ុន្តែអធិរាជស៊ុនទីដឹងថាត្រូវការផ្ដល់ពេលវេលាសម្រាប់នាង។ ក្រៅពីនេះ ថ្ងៃខែនៅវែងឆ្ងាយ មិនចាំបាច់តក់ក្រហល់ ទ្រង់យកលេសថាត្រូវការដោះស្រាយរាជកិច្ច ក៏វិលកែងជើងចាកចេញទៅ។ ស៊ីវលូដកដង្ហើមធូរទ្រូង។ ដ្បិតនាងដឹងថាព្រះបិតារបស់នាងគឺជាមនុស្សជាទីស្រលាញ់បំផុតរបស់នាង ហើយនាងនៅតែចងចាំយ៉ាងច្បាស់ថាកាលពីតូចទ្រង់ស្រលាញ់នាងខ្លាំងប៉ុនណា ប៉ុន្តែគម្លាតពេលវេលារាប់រយឆ្នាំឃ្លាតឆ្ងាយពីគ្នា ធ្វើឱ្យនាង… ទោះបីជានាងចង់នៅជិតព្រះបិតារបស់នាង តែចៀសមិនផុតពីមានអារម្មណ៍ច្របូកច្របល់ ឆ្គាំឆ្គង ហើយថែមទាំងមានអារម្មណ៍ភ័យខ្លាចទាំងស្រពេចស្រពិល។
ជ័ងស៊ូនាំស៊ីវលូនិងស៊ឺឈីវិលទៅដំណាក់ហួរស៊ីងវិញ ស៊ឺឈីនៅស្ងៀមស្ងាត់តាមផ្លូវរហូតមក។
ជ័ងស៊ូបញ្ជាអ្នកបម្រើបម្រើមើលថែស៊ីវលូងូតទឹក ផ្លាស់ប្តូរសម្លៀកបំពាក់ នៅពេលដែលស៊ីវលូរួចរាល់ អាហារពេលយប់ក៏រៀបចំជាស្រេច។ ស៊ីវលូត្រូវរបួសដៃ មិនអាចកាន់ចង្កឹះបាន ស៊ឺឈីចង់បញ្ចុកបាយឱ្យនាង គ្រាន់តែលើកដៃឡើងក៏ត្រូវជ័ងស៊ូស្កាត់ជាប់។
«នាងគឺជាប្អូនស្រីរបស់យើង មិនត្រូវការលោករវីរវល់ទេ!»
ស៊ឺឈីអង្គុយចុះយឺតៗទៅវិញ មិនអាក់អន់ខឹងចិត្ត គ្រាន់តែស្រងាកទឹកមុខ ស្រងូតស្រងាត់។
ជ័ងស៊ូមើលថែស៊ីវលីហូបអាហារយ៉ាងដិតដល់ ហ្មត់ចត់ ប្រៀបដូចជាធ្លាប់ធ្វើមកជាច្រើនដង។ ស៊ីវលូភ្ញាក់ផ្អើលសួរថា៖
«បងធ្លាប់មើលថែមនុស្សមានរបួសតាំងពីពេលណាហ្នឹង?»
«បងធ្លាប់លួចចូលបម្រើកងទ័ពជាច្រើនសិបដង។ នៅក្នុងជំរំកងទ័ពគ្មានអ្នកបម្រើ មិត្តរួមទាហានមើលថែគ្នាទៅវិញទៅមក។ បងធ្លាប់បញ្ចុកបាយឱ្យអ្នកដទៃ អ្នកដទៃក៏ធ្លាប់បញ្ចុកបាយឱ្យបង។»
«ហេតុនេះសោះ… តាមពិតបងធ្លាប់ឆ្លងកាត់រឿងជាច្រើន ហេតុនេះទើបបងចេះភាសានិងទំនៀមទម្លាប់របស់ជួរកងទ័ពទាហាន»
«ព្រះអយ្យកោនិងលោកគ្រូអប់រំបងឱ្យរៀនឆ្លងកាត់។ យ៉ាងណាបងក៏ទំនេរអផ្សុក គ្មានអ្វីធ្វើក៏ចេញទៅក្រៅហែលឆ្លង រៀនសូត្របន្តិចក៏ជាការល្អ។»
ហូបអាហាររួច អ្នកបម្រើលើកទឹកលាងដៃមក។ ជ័ងស៊ូអស់សំណើច លើកចានគជ់នោះ ដាក់កៀកក្បែរមាត់ស៊ីវលូ ធ្វើជាត្រៀមឱ្យនាងផឹក៖
«អូនចង់ផឹកទេ? បើទឹកនេះមិនគ្រប់ អាចផឹកទាំងទឹករបស់បងទៀត!»
ស៊ីវលូគេចមុខចេញផងសើចហាៗផង ស៊ឺឈីក៏អស់សំណើចដែរ។ ជ័ងស៊ូចង្អុលមុខស៊ីវលូ ហួសចិត្តថា៖
«អូនពិតជាចំមែនហើយ! សំណាងដែលលោកគ្រូទ្រាំបាន!»
ដ្បិតឃ្លាតឆ្ងាយពីគ្នាជាងបីរយឆ្នាំ ប៉ុន្តែប្រហែលជាពួកគេជាបងប្អូនសាច់សារលោហិតតែមួយ ឬប្រហែលជានៅក្នុងចិត្តមនុស្សម្នាក់ៗនៅតែមានមនុស្សម្ខាងទៀត ទើបពួកគេគ្មានអារម្មណ៍ឃ្លាតឆ្ងាយទាល់តែសោះ នៅតែលេងសើចចំអែចំអន់មិនទុកមុខ។
មេឃកាន់តែងងឹត អ្នកបម្រើអុចចង្កៀងភ្លើង បំភ្លឺផ្លូវដើរទាំងអស់ ពួកគេទាំងបីនាក់អង្គុយផ្អែកខ្នើយត្បូងគជ់ ពាក់កណ្តាលដេកពាក់កណ្តាលអង្គុយលើកម្រាលព្រំពុកមាត់នាគ ផឹកស្រាបណ្ដើរនិងជជែកគ្នាបណ្ដើរ។ ស៊ឺឈីនៅស្ងៀមស្ងាត់តាំងពីដើមរហូតមក ស៊ីវលូម្ដងម្កាលងាកមើលទៅគេ។
ជ័ងស៊ូដាក់ពែងចុះ យកលេសទៅផ្លាស់ប្ដូរសម្លៀកបំពាក់ ចៀសមុខទុកឱ្យស៊ីវលូនិងស៊ឺឈីនិយាយរឿងផ្ទាល់ខ្លួន។
ស៊ីវលីដឹងថាស៊ឺឈីទាយដឹងពីសាវតានាងតាំងពីយូរ ប៉ុន្តែទាយដឹងនិងមើលឃើញដោយផ្ទាល់ភ្នែកគឺជារឿងពីរផ្សេងគ្នា។ ស៊ីវលូដឹងថា ស៊ឺឈីមិនប្រាថ្នាថានាងគឺជាព្រះបុត្រីរបស់អធិរាជស៊ុនទី ព្រះរាជនត្តារបស់អធិរាជហ័ងទី ក៏ប្រៀបដូចជានាងមិនប្រាថ្នាថាគេគឺកូនប្រុសគ្រួសារទូសាន សម្ព័ន្ធគ្រួសារមហាត្រកូលធំមួយក្នុងចំណោមសម្ព័ន្ធគ្រួសារមហាត្រកូលធំទាំងបួនក្រោមវាលរហោឋានលោកិយនេះ។
ប៉ុន្តែ… រឿងតែមួយគត់ដែលមនុស្សគ្រប់គ្នាមិនអាចជ្រើសរើស បាននោះគឺដើមកំណើតរបស់ខ្លួន។
ស៊ីវលូពោលទៅស៊ឺឈី៖
«បងមានអ្វីចង់សួរក៏សួរមកចុះ មានអ្វីចង់និយាយក៏និយាយមកចុះ»
ស៊ឺឈីពោលស្រាលៗ៖
«តាមពិតបងដឹងថា មិនថាអូនជាអ្នកណា អូននៅតែអូន ប៉ុន្តែមានរឿងមួយចំនួនកាន់តែស្មុគស្មាញឡើងទៅ»
ស៊ីវលូជ្រួញចិញ្ចើម ដៀងភ្នែកទៅស៊ឺឈី៖
«បងខ្លាចហើយហ្អេស?»
ស៊ឺឈីញញឹម៖
«បងតែងតែព្រួយខ្លាចជានិច្ច មនុស្សលោកគឺតែងតែបែបហ្នឹងឯង មាននឹកនាមានទុក្ខកង្វល់ មានស្នេហ៍ស្នងមានព្រួយខ្លាច បើបងមិនព្រួយខ្លាចទេ ទើបមិនប្រក្រតី…»
ពន្លឺភ្លើងពណ៌លឿងស្រទន់រះបញ្ចាំងបរិយាកាស ជួយលើកយោងវង់ភ័ក្រស្រទន់ ស្និតស្នាល កក់ដ្កៅរបស់ស៊ឺឈី។ ស៊ីវលូក៏មានអារម្មណ៍ស្និតស្នាល កក់ដ្កៅ ផងដែរ។ ប៉ុន្តែនាងធ្វើពុតនិយាយថា៖
«អូនមិនយល់បងចង់និយាយអ្វីទេ?»
ស៊ឺឈើផ្ចង់អារម្មណ៍លើពែងស្រា ញញឹមស្រទន់៖
«ថ្ងៃក្រោយ បងគួរហៅឈ្មោះរបស់អូនថាម៉េច? ពេលណាទើបបងអាចឃើញរូបរាងពិតរបស់អូន?»
«ឪពុកអូនគឺអធិរាជស៊ុនទី ម្ដាយអូនគឺព្រះនាងសានយាន កូនស្រីរបស់អធិរាជហ័ងទី។ ឈ្មោះពេញរបស់អូនគឺ កៅស៊ីវជីវយ៉ាវ។ ព្រោះតែនៅលើថ្ងាសរបស់អូនមានដៅក្រហមរូបផ្កាអង្គារសីល៍ ទើបឪពុកម្ដាយហៅអូនថា ស៊ីវយ៉ាវ ដែលមានន័យថា “ផ្កាអង្គារសីល៍រីកស្គុះស្គាយ កម្លាំងជីវិតរស់រវើក”។ ឥឡូវនេះ បងហៅអូនថាស៊ីវលូចុះ!»
ស៊ីវលូគ្រាន់តែឆ្លើយសំណួរដំបូង ស៊ឺឈីទន្ទឹងរង់ចាំរហូតនាងនៅតែមិនព្រមឆ្លើយសំណួរទីពីរ។
ជ័ងស៊ូដើរចេញមក ឈរនៅក្រោមសំយាប៖
«ស៊ីវយ៉ាវ នៅទីនេះមានតែពួកយើងបីនាក់ បងចង់ឃើញរូបរាងពិតរបស់អូន»
ស៊ីវលូផ្ងារខ្នងលើខ្នើយ សម្លឹងឡើងលើមេឃ។ បន្តិចក្រោយមក នាងបន្លឺសំឡេងពោលថា៖
«ខ្ញុំនឹងរៀបរាប់តែម្ដងរឿងរ៉ាវដែលបានកើតឡើងចំពោះខ្ញុំ។ ថ្ងៃក្រោយ បើព្រះបិតានិងព្រះអយ្យកោសួរ បងជួយជំនួសខ្ញុំទូលថ្វាយប្រាប់ពួកទ្រង់ផង។»
ជ័ងស៊ូអង្គុយចុះនៅក្បែរនាង៖
«អ្ហឹម»
ស៊ីវលូក្រៀមក្រំសន្សឹមៗនិយាយថា៖
«អ្នកម៉ែរបស់ខ្ញុំបានពលីជីវិតនៅក្នុងសមរភូមិស្លាប់រស់ចុងក្រោយរវាងសង្គ្រាមអធិរាជហ័ងទីសានយាននិងបិសាចកំណាចស៊ីវ៉ូនៃនគរស៊ឹងនុង។ មុនពេលវាយសង្គ្រាម អ្នកម៉ែបានបញ្ជូនខ្ញុំទៅកាន់ភ្នំអ៊ី សុំឱ្យព្រះម៉ែមើលថែខ្ញុំ។ ខ្ញុំនឹកផ្ទះ ប៉ុន្តែចាំពីមួយឆ្នាំទៅមួយឆ្នាំ ព្រះបិតានៅតែមិនមកទទួលខ្ញុំ។ កាលនោះខ្ញុំនៅតូច ព្រះម៉ែមិនចូលចិត្តនិយាយស្ដី កម្រឃើញញញឹម មួយថ្ងៃៗបង្ខំខ្ញុំឱ្យហាត់រៀនវិជ្ជាសីល៍ទើបខ្ញុំស្អប់ទ្រង់ខ្លាំងណាស់។ មានពេលមួយ ព្រះបិតាបញ្ជូនអ្នកបម្រើទៅកាន់ភ្នំអ៊ីជូនអំណោយដល់ខ្ញុំ ខ្ញុំលាក់ខ្លួននៅក្រោមកង់រទះរបស់អ្នកបម្រើ លួចចាកចេញពីភ្នំអ៊ីដោយស្ងាត់ៗ។ ខ្ញុំចង់រត់ទៅផ្ទះជាមួយអ្នកបម្រើទាំងនោះ ចង់បំភ័យផ្ដល់ភាពភ្ញាក់ផ្អើលដល់ព្រះបិតា។ ខ្ញុំចង់សួរព្រះបិតាផ្ទាល់មាត់ហេតុអ្វីមិនព្រមមកទទួលខ្ញុំ ខ្ញុំចង់ឱ្យទ្រង់ប្រាប់ខ្ញុំថាអ្នកម៉ែនៅមិនទាន់ស្លាប់ទេ។ នៅតាមផ្លូវ អ្នកបម្រើពីរនាក់នោះខ្សឹបខ្សាវគ្នាពីខ្ញុំ។ ពួកគេនិយាយរឿងមិនល្អជាច្រើនពីអ្នកម៉ែនិងខ្ញុំ និយាយថាខ្ញុំជាកូនលួចលាក់ សើចចំអកខ្ញុំមិនចេះប្រមាណខ្លួន មានមុខចង់ទាមទារទៅភ្នំទេពប្រាំវិញ ថាព្រះបិតាគ្មានថ្ងៃមកទទួលខ្ញុំទេ។ ហើយពួកគេនៅនិយាយថា ព្រះបិតាមិនសម្លាប់ខ្ញុំគឺមេត្តាចំពោះខ្ញុំណាស់ទៅហើយ។ លុះពេលនោះទើបខ្ញុំដឹងថា អ្នកម៉ែបានចាកចោលព្រះបិតា លែងជាម្ចាស់ក្សត្រីរបស់ទ្រង់ទៀតហើយ!»
ស៊ីវលូដកដង្ហើមធ្ងន់ទ្រូង។ ទាំងជ័ងស៊ូនិងស៊ឺឈីសុទ្ធតែអាចយល់បាន ដោយសេចក្ដីគោរពចំពោះអ្នកស្លាប់ ស៊ីវលូនិយាយកាត់បន្ថយពាក្យពេចន៍ជាច្រើន ប៉ុន្តែពួកគេនឹកស្រមៃមិនដល់ថា កាលនោះ ក្មេងស្រីតូចម្នាក់ដូចស៊ីវយ៉ាវ ពេលលាក់ខ្លួននៅក្រោមកង់រទេះ ស្ដាប់ឮពាក្យទាំងនោះមានអារម្មណ៍ថាភ័យខ្លាចនិងអស់សង្ឃឹមយ៉ាងណា!
ស៊ីវលូបន្លឺនិយាយបន្ត៖
«ខ្ញុំចាំមិនច្បាស់ពីអារម្មណ៍របស់ខ្ញុំនៅពេលនោះ៖ ខូចចិត្ត ខកចិត្ត ខឹងចិត្ត វិលក្បុង ស្អប់អ្នកម៉ែ ស្អប់ព្រះបិតា… និយាយឱ្យខ្លីទៅ ខ្ញុំមានអារម្មណ៍វិលវល់និងច្របូកច្របល់អស់រលីង។ ហេតុនេះ ខណៈពេលអ្នកបម្រើឈប់រទេះសម្រាក ខ្ញុំក៏រត់គេចខ្លួនទៅ។ ខ្ញុំមិនដឹងថាខ្ញុំចង់ទៅណាទេ ខ្ញុំដឹងតែរឿងមួយច្បាស់ ខ្ញុំមិនអាចវិលទៅភ្នំទេពប្រាំវិញទេ។ ប៉ុន្តែនោះគឺជាគ្រួសារតែមួយគត់របស់ខ្ញុំ បើមិនទៅទីនោះ តើខ្ញុំអាចទៅទីណាទៀត? ខ្ញុំបានសម្រេចចិត្តទៅឈីចូវ ព្រោះខ្ញុំឮថាទីនោះជាទីកន្លែងដែលម្ដាយខ្ញុំស្លាប់។ ខ្ញុំមិនដឹងថាខ្ញុំចង់ធ្វើអ្វីទេ ខ្ញុំចេះតែដើរដូចដើរមមើ។ ខ្ញុំគិតថានៅពីតូចខ្ញុំមើលទៅគួរឱ្យស្រលាញ់ទើបនៅតាមផ្លូវមានមនុស្សឱ្យនំចំណីខ្ញុំជាច្រើន។ ពួកគេឱ្យអ្វីខ្ញុំហូបហ្នឹង។ មានលោកពូម្នាក់ហៅខ្ញុំឡើងរទេះសេះ និយាយថាជូនខ្ញុំទៅឈីចូវ ឮដូច្នោះខ្ញុំក៏ហក់ឡើងរទេះសេះ។ គេបាននាំខ្ញុំទៅជំរំរបស់គេ ធ្វើល្អចំពោះខ្ញុំ និទានរឿងឱ្យខ្ញុំស្ដាប់ ធ្វើឱ្យខ្ញុំសើចជានិច្ច។ ពេលនោះ ខ្ញុំគិតថាបើព្រះបិតាមិនត្រូវការខ្ញុំទៀតទេ ខ្ញុំនឹងចាត់ទុកគេជាឪពុករបស់ខ្ញុំ។ ថ្ងៃមួយ គេបានប៉ះពាល់ខ្ញុំ ស្រាតសម្លៀកបំពាក់ខ្ញុំ។ កាលនោះខ្ញុំមិនយល់អ្វីទេ ប៉ុន្តែព្រះម៉ែធ្លាប់ប្រៀនប្រដៅថាក្មេងស្រីមិនអាចដោះសម្លៀកបំពាក់ផ្ដេសផ្ដាសឡើយ។ ខ្ញុំភិតភ័យ រុញច្រានគេចេញ គេស្ទុះមកវាយខ្ញុំ ខ្ញុំក៏ជ្រុលដៃសម្លាប់គេ។ នៅពេលនោះ ខ្ញុំទើបតែ…»
ស៊ីវលូលើកដៃបង្ហាញពីកម្ពស់របស់ក្មេងស្រីម្នាក់ប្រហែលប្រាំបីឆ្នាំ។
«…ខ្ពស់ប៉ុននេះ… ខ្ញុំមិននឹកស្មានថាមនុស្សម្នាក់មានឈាមច្រើនដល់ម្លឹង សម្លៀកបំពាក់របស់ខ្ញុំប្រឡាក់ពេញសុទ្ធតែឈាមរបស់គេ»
ឥឡូវនេះជ័ងស៊ូបានយល់ហេតុអ្វីនៅឆ្នាំនោះលោកគ្រូរកមិនឃើញស៊ីវយ៉ាវ។ តាមពិតនាងត្រូវបុរសមានទ្រព្យម្នាក់ល្បួងចាប់ខ្លួនលាក់ទុកនៅក្នុងជំរំលើកំពូលភ្នំ។
ស៊ីវលូមានអារម្មណ៍ខ្លួនប្រាណត្រជាក់ស្រេប ប៉ុន្តែនាងមិនខ្ចីកម្រើក នាងគ្រាន់តែក្ដោបខ្លួនបន្តិច ហើយបន្តនិយាយរឿងរ៉ាវពីអតីតកាល។ ស៊ឺឈីក្រោកឈរឡើង ថ្នមៗដៃដណ្ដប់ភួយឱ្យនាង គេបម្រុងវិលទៅកន្លែងអង្គុយវិញ តែនាងចាប់តោងដៃអាវគេជាប់ គេក៏អង្គុយចុះនៅក្បែរនាង។
«ព្រះបិតានិងព្រះអយ្យកោបានបញ្ជូនមនុស្សស្វែងរកខ្ញុំគ្រប់ទីកន្លែង។ មនុស្សម្នាសម្រុកតាមរកនិងតាមចាប់ខ្ញុំ មនុស្សខ្លះដើម្បីផលប្រយោជន៍ មនុស្សខ្លះដើម្បីចង់សម្លាប់ខ្ញុំ។ ខ្ញុំបានឃើញដោយផ្ទាល់ភ្នែក មានក្មេងស្រីតូចម្នាក់ខ្ពស់ប៉ុនខ្ញុំត្រូវមនុស្សសម្លាប់ចោល។ ពួកព្រាយបិសាចក៏តាមចាប់ខ្ញុំ ពួកគេចង់ស៊ីសាច់របស់ខ្ញុំ ព្រោះឮល្បីថា ពេលខ្ញុំកើតមកលាងជម្រះកាយដោយទឹកបន្សុទ្ធល្អាងថាងជូ ហើយខ្ញុំធ្លាប់រស់នៅលើភ្នំអ៊ីចិតសិបឆ្នាំ ដែលជាទឹកដីបរិសុទ្ធប្រមូលផ្តុំកម្លាំងមហិទ្ធិឫទ្ធិអាទិទេពខ្លាំងមហាសាលបំផុតនៅក្រោមមេឃនេះ។ ព្រះម៉ែដ្បិតតឹងរឹងតែមានចិត្តសន្ដោសនិងចិត្តទូលាយ ទ្រង់ប្រទានខ្ញុំវត្ថុទិព្វជាច្រើន ផ្លែសុដាទិព្វ និងទឹកជ្រោះទេព។ ពួកព្រាយបិសាចគិតថា បើស៊ីសាច់ខ្ញុំ មហិទ្ធិឫទ្ធិរបស់ពួកគេនឹងកើនឡើងខ្លាំងក្លា។ ហេតុនេះ ខ្ញុំមិនហ៊ានទៅឈីចូវទៀតទេ ថ្ងៃណាក៏ត្រូវរត់គេច រាល់ថ្ងៃកាន់តែមានមនុស្សច្រើនតាមចាប់ខ្ញុំ។ ថ្ងៃមួយ ខ្ញុំលាក់ខ្លួននៅក្នុងចំណោមក្មេងសុំទាន មនុស្សតាមចាប់ខ្ញុំនោះចាប់ឃុំពួកខ្ញុំទាំងអស់គ្នា កាលនោះខ្ញុំភ័យខ្លាចយ៉ាងខ្លាំង។ ខ្ញុំប្រាថ្នាថាខ្ញុំអាចផ្លាស់ប្តូររូបរាងរបស់ខ្លួនឯង ខ្ញុំចង់ឱ្យមុខរបស់ខ្ញុំមានស្នាមអុចខ្មៅ ភ្នែករបស់ខ្ញុំស្រឡេវបន្តិច ច្រមុះរបស់ខ្ញុំក៏កំពិតបន្តិច ហើយនៅលើថ្ងាសរបស់ខ្ញុំគ្មានដៅផ្កាអង្គារសីល៍ ធ្វើឱ្យពួកគេមើលមិនស្គាល់ខ្ញុំ។ ពួកគេត្រួតពិនិត្យមើលក្មេងម្ដងម្នាក់ៗ ដល់វេនខ្ញុំ ខ្ញុំគិតថាខ្ញុំនឹងស្លាប់មិនខាន ប៉ុន្តែចម្លែកអីគេត្រឹមតែមើលមុខខ្ញុំបន្តិចរួចក៏ដោះលែងខ្ញុំទៅ។ ខ្ញុំមិនយល់អ្វី ខ្ញុំត្រេកអរឡើងយំហ៊ូ។ លុះពេលខ្ញុំទៅមាត់ទន្លេលាងដៃ ទើបខ្ញុំដឹងថារូបរាងរបស់ខ្ញុំបានផ្លាស់ប្តូរទៅជារូបរាងនៅក្នុងគំនិតរបស់ខ្ញុំមុននោះ។ ឆ្លងកាត់ការសាកល្បងជាច្រើនដង ខ្ញុំបានដឹងថាខ្ញុំមិនត្រឹមតែអាចផ្លាស់ប្តូររូបរាងរបស់ខ្ញុំប៉ុណ្ណោះទេ ថែមទាំងអាចផ្លាស់ប្តូរភេទរបស់ខ្ញុំទៀតផង។ ជាមួយនឹងសមត្ថភាពចម្លែកនេះ ខ្ញុំអាចចៀសផុតពីគ្រោះថ្នាក់។»
ជ័ងស៊ូដក់ទុករាប់ម៉ឺនសំណួរ ប៉ុន្តែគេគ្រាន់តែនៅស្ងៀមស្ងាត់សញ្ជឹងស្ដាប់។ ស៊ីវលូងើយមុខសម្លឹងឡើងលើមេឃបន្តិច ក៏និយាយបន្ត៖
«នៅពេលដឹងថាខ្ញុំមានសមត្ថភាពនេះដំបូងភ្លាម ខ្ញុំរីករាយខ្លាំងណាស់ ពីរបីថ្ងៃម្តងខ្ញុំនឹងប្រែរូបរាងថ្មី។ ជាងមួយឆ្នាំក្រោយមក ចំនួនមនុស្សតាមចាប់ខ្ញុំកាត់បន្ថយថយចុះ ហើយខ្ញុំក៏មានសុវត្ថិភាព។ ខ្ញុំចាប់ផ្តើមដើរតែងតោលនៅក្រោមវាលរហោឋានលោកិយនេះជាមួយនឹងមុខមាត់ប្លែកៗរាប់មិនអស់។ ប៉ុន្តែថ្ងៃមួយ ខ្ញុំឆ្លុះកញ្ចក់ ស្រាប់តែប្រទះឃើញថាខ្ញុំភ្លេចរូបរាងពិតរបស់ខ្លួនឯង។ ខ្ញុំខំប្រឹងរកនឹកចងចាំ ចង់ប្រែរូបរាងពិត តែរកនឹកមិនឃើញ គ្មានមុខមាត់ណាមួយត្រឹមត្រូវទេ។ ដំបូងខ្ញុំមិនបារម្ភទេ ព្រោះតាមខ្ញុំដឹងវិជ្ជាប្រែរូបរាងមិនធ្វើឱ្យប៉ះពាល់ដល់រូបរាងពិតឡើយ។ ខ្ញុំបានទៅគ្រប់ទីកន្លែងហាត់រៀនវិជ្ជាសីល៍ប្រែរូបរាង ហើយទើបដឹងថានៅលើលោកនេះគ្មានវិជ្ជាសីល៍ប្រែរូបរាងណាដូចសមត្ថភាពចម្លែករបស់ខ្ញុំឡើយ។ ទោះបីខ្ញុំបានសាកល្បងរាប់ម៉ឺនវិធី ក៏ខ្ញុំនៅតែមិនអាចស្វែងរករូបរាងពិតរបស់ខ្ញុំត្រលប់មកវិញដែរ។»
ស៊ីវលូនឿយហត់បិទភ្នែកចុះ៖
«ពេលវេលាទាំងនោះដូចជាសុបិនអាក្រក់ ព្រោះមុខមាត់របស់ខ្ញុំចេះតែផ្លាស់ប្ដូរឥតទៀង។ តួយ៉ាងនៅពេលដើរតាមផ្លូវ ឃើញនារីម្នាក់មានកែវភ្នែកស្អាតដើរឆ្ពោះមក ខ្ញុំចូលចិត្តកែវភ្នែកនោះ ហេតុនេះកែវភ្នែកខ្ញុំក៏ផ្លាស់ប្ដូរទៅជាកែវភ្នែកដូចនារីម្នាក់នោះភ្លាម។ ខ្ញុំភ័យខ្លាចខ្លាំងណាស់ ចង់ត្រលប់ទៅកែវភ្នែកពីមុនរបស់ខ្ញុំវិញ ប៉ុន្តែកែវភ្នែកទាំងនោះក៏ផ្លាស់ប្តូរដែរ ហេតុនេះខ្ញុំមិនអាចផ្លាស់ប្ដូរបានឡើយ។ រាល់ថ្ងៃខ្ញុំព្រួយបារម្ភនិងភ័យខ្លាច កាន់តែបារម្ភកាន់តែខ្លាច កាន់តែគិតច្រើន។ នៅពេលយប់ ខ្ញុំតែងតែយល់សប្តិឃើញមុខមាត់ប្លែកៗជាច្រើន សូម្បីតែក្នុងសុបិនក៏ខ្ញុំផ្លាស់ប្តូរមុខមាត់មិនបានដែរ។ រាល់ព្រឹកខ្ញុំភ្ញាក់ពីគេងជាមួយនឹងមុខមាត់ថ្មី រាល់យប់មុនចូលគេងជាមួយនឹងមុខគ្នាខុសគ្នាទាំងស្រុង នៅថ្ងៃបន្ទាប់ក៏អ៊ីចឹង… ខ្ញុំផ្លាស់ប្តូរជាបន្តបន្ទាប់ឥតឈប់ឈរ ហើយសុទ្ធតែជាមុខមាត់ក្លែងក្លាយ។ ខ្ញុំភ័យខ្លាច មិនហ៊ានឆ្លុះកញ្ចក់ មិនហ៊ានចួបអ្នកណា។ ថ្ងៃមួយ ពេលខ្ញុំកំពុងអង្គុយលួចហូបចំណីនៅកាច់ជ្រុងតៀមអាហារមួយកន្លែង ខ្ញុំបានឮក្មេងស្រីតូចម្នាក់ស្រែកហៅលោកយាយរបស់នាង ភ្លាមនោះៗខ្ញុំក៏នឹកឃើញដល់មុខមាត់លោកយាយរបស់ខ្ញុំមុនពេលស្លាប់ទៅ មុខមាត់ខ្ញុំក៏សន្សឹមៗផ្លាស់ប្ដូរទៅតាមការគិតរបស់ខ្ញុំ។ មានមនុស្សប៉ុន្មាននាក់បានឃើញទិដ្ឋភាពនោះផ្ទាល់ភ្នែក ពួកគេតក់ស្លុតស្រែកឡើងហៅខ្ញុំថា បិសាច។ ខ្ញុំរត់សម្រុកចេញពីតៀមអាហារ មិនហ៊ានមើលមុខអ្នកណា។ ខ្ញុំរត់ទៅមុខរហូតរត់ទៅមុខរហូតមិនឈប់ ខ្ញុំរត់ចូលព្រៃជ្រៅ លាក់ខ្លួនលើកំពូលភ្នំ មិនហ៊ានចួបមុខអ្នកណាឡើយ។ គ្មានកញ្ចក់ឆ្លុះ ពេលខ្ញុំទៅមាត់ទន្លេលុបលាងមុខ ខ្ញុំបង្ខំចិត្តបិទភ្នែកយ៉ាងណែន មិនហ៊ានមើលមុខខ្លួនឯង។ ហេតុនេះខ្ញុំមិនចាំបាច់ប្រឈមមុខនឹងការផ្លាស់ប្ដូរឥតទៀងនៅលើមុខរបស់ខ្ញុំ ហេតុនេះខ្ញុំអាចធ្វើពុតដូចជាគ្មានរឿងអ្វីកើតឡើង។ ហើយខ្ញុំនៅតែអាចជាខ្ញុំ។»
ទឹកមុខរបស់ជ័ងស៊ូនិងស៊ឺឈីសុទ្ធតែតានតឹងខ្លាំង ពួកគេអាចទាយដឹងថា ស៊ីវយ៉ាវបានឆ្លងកាត់ថ្ងៃខែលំបាកវេទនា ប៉ុន្តែពួកគេនឹកស្មានមិនដល់ថានាងមិនមានមុខមាត់។ ពួកគេទាំងពីរនាក់សុទ្ធតែធ្លាប់ឆ្លងកាត់រឿងកាចសាហាវក្នុងជីវិតរបស់ពួកគេ ប៉ុន្តែនៅពេលប្រឈមមុខនឹងរឿងកម្សត់តោកយ៉ាករបស់ស៊ីវយ៉ាវ ពួកគេមិនអាចជួយអ្វីបានក្រៅពីញាប់ញ័រនិងស្លុតចិត្ត។ មនុស្សលោកតែងតែស្ញប់ស្ញែងអាទិទេពអាចប្រែរូបរាងរបស់ពួកគេដោយមហិទ្ធិឫទ្ធិ ប៉ុន្តែកាលបើបាត់បង់រូបរាងខ្លួនឯងហើយនោះ អ្វីៗនឹងក្លាយទៅជាគួរឱ្យខ្លាចបំផុត ប្រៀបដូចជាសុបិនអាក្រក់ដ៏រន្ធត់!
«ខ្ញុំរស់នៅដូចសត្វព្រៃ។ ដោយការបង្ហាត់បង្រៀនតឹងរ៉ឹងពីព្រះម៉ែ មហិទ្ធិឫទ្ធិរបស់ខ្ញុំមិនអន់ សត្វព្រៃសាហាវក៏មិនអាចយកឈ្នះខ្ញុំដែរ ហេតុនេះខ្ញុំរស់នៅក្នុងព្រៃយ៉ាងសុខស្រួល។ ប៉ុន្តែខ្ញុំមានអារម្មណ៍ថាឯកាណាស់ ព្រោះគ្មានមនុស្សនិយាយជាមួយ។ មិនថាយ៉ាងណាខ្ញុំមិនហ៊ានចាកចេញពីព្រៃជ្រៅភ្នំខ្ពស់ទេ ហេតុនេះខ្ញុំមានតែនិយាយជាមួយខ្លួនឯង។ ក្រោយមក ខ្ញុំនិយាយជាមួយព្រាយពស់ថ្លាន់ដែលនៅមិនទាន់តាំងសីល៍ប្រែជារូបរាងមនុស្ស ប៉ុន្តែវាមិនចាប់អារម្មណ៍នឹងខ្ញុំឡើយ។ ខ្ញុំចង់ឃាត់វានិយាយគ្នាទើបខ្ញុំលួចពងរបស់វា ធ្វើឱ្យវាទាំងយប់ទាំងថ្ងៃដេញតាមសម្លាប់ខ្ញុំ ខ្ញុំរត់ផងពួនផងនិយាយជាមួយវាផង។ ព្រាយពស់នោះអាចយល់ពីអ្វីដែលខ្ញុំនិយាយ ប៉ុន្តែវាមិនចេះនិយាយ ខ្ញុំក៏និយាយជំនួសវា សួរខ្លួនឯងបណ្ដើរឆ្លើយខ្លួនឯងបណ្ដើរ។ ខ្ញុំមានជំងឺនិយាយច្រើនតាំងពីពេលនោះមក។ ថ្ងៃខែចេះតែកន្លងផុតទៅ មិនដឹងថាកន្លងផុតយូរប៉ុនណា ក្រោយមកទើបខ្ញុំដឹងថាបានកន្លងផុតអស់ជាងម្ភៃឆ្នាំ។»
ជ័ងស៊ូចាប់ដៃរបស់ស៊ីវយ៉ាវយ៉ាងណែនហាក់ដូចជាចង់ចែករំលែកភាពភ័យខ្លាចឯការបស់ក្មេងស្រីតូចនោះ។ សំឡេងគេស្រងូតបន្តិច៖
«ចុះមុខមាត់របស់អូនប្រសើរវិញនៅពេលណា?»
«មានថ្ងៃមួយ ខ្ញុំបានចួបនឹងបុរសម្នាក់ គេសារភាពត្រង់ថា គេគឺជាបិសាចសត្វចម្លែក កំពុងរបួសធ្ងន់ធ្ងរ ត្រូវការរកថ្នាំព្យាបាល។ គេនិយាយជាមួយខ្ញុំ ហេតុនេះខ្ញុំក៏ចាប់ផ្តើមនិយាយជាមួយគេ។ ដំបូងឡើយខ្ញុំប្រុងប្រយ័ត្នខ្លាំងណាស់ ឈរនៅពីចម្ងាយ និយាយប៉ុន្មានម៉ាត់ហើយក៏រត់ប្រុយចេញទៅបាត់។ ក្រោយមកខ្ញុំសាកល្បងជាច្រើនដង ឃើញគេមិនបង្ហាញសញ្ញាណគ្រោះថ្នាក់អ្វី ហេតុនេះខ្ញុំក៏ក្លាហាននិយាយជាមួយគេកាន់តែច្រើន។ គេមិនខ្លាចមុខមាត់ដែលផ្លាស់ប្តូរឥតទៀងរបស់ខ្ញុំទេ គេថែមទាំងធ្វើត្រាប់តាមផ្លាស់ប្តូរមុខមាត់របស់គេទៀតផង។ ខ្ញុំផ្លាស់ប្ដូរ គេក៏ផ្លាស់ប្ដូរ ហើយពួកយើងប្រកួតគ្នាអ្នកណាផ្លាស់ប្ដូរមុខមាត់បានច្រើនជាង។ ហេតុនេះពួកយើងទាំងពីរនាក់មើលមុខគ្នាក៏ផ្ទុះសំណើច។ នៅចំពោះមុខគេ ខ្ញុំគ្មានអារម្មណ៍ថាខ្ញុំជាសត្វចម្លែកដ៏គួរឱ្យខ្លាចតទៅទៀត។ បន្តិចម្ដងៗ ខ្ញុំបានទុកចិត្តគេ។ យប់មួយ គេចាប់ចងខ្ញុំ ចង់នាំខ្ញុំទៅ។ ព្រាយពស់ថ្លាន់ឃើញក៏ខឹងមិនសុខចិត្ត ស្ទុះចេញទៅរាំងផ្លូវក៏ត្រូវគេសម្លាប់ចោល។ គេបាននាំខ្ញុំទៅភ្នំភាគខាងត្បូងដែលខ្ពស់ចោតផងគ្រោះថ្នាក់ផង។ នៅទីនោះ គេមានរូងល្អាងសម្ងាត់មួយ ដែលជាទីជម្រករបស់គេ។ គេបានឃុំទុកខ្ញុំនៅក្នុងទ្រុងដែកមួយ។ គេនិយាយថាគេគឺជាបិសាចកញ្ជ្រោងកន្ទុយប្រាំបួន រាប់រយឆ្នាំមុន… មិត្តម្នាក់របស់អ្នកម៉ែខ្ញុំបានកាត់កន្ទុយកញ្ជ្រោងមួយរបស់គេ ធ្វើឱ្យគេរងរបួសធ្ងន់ និងកាត់បន្ថយមហិទ្ធិឫទ្ធិរបស់គេ។ រាងកាយរបស់ខ្ញុំមានកាយលោហិតពិសេស ចិញ្ចឹមខ្ញុំប៉ុន្មានសិបឆ្នាំឱ្យធំធាត់ ខ្ញុំនឹងក្លាយជាឱសថទិព្វដ៏ខ្លាំងពូកែបំផុតសម្រាប់គេ។»
មានភាគបន្ត…
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ