ជីវិតក្នុងសម័យឆ្នាំ១៩៤៥ ពាក្យខ្សឹបខ្សៀវ និយាយដើម គួបផ្សំជាមួយពាក្យចចាមអារ៉ាម នៃមន្តអាគមអូមមអាម ការវាយតម្លៃអាក្រក់ៗឱ្យកើតការសង្ស័យទៅលើមនុស្សដូចគ្នា ការលាបពណ៌គ្នាវាមានទម្ងន់ធ្ងន់ជាងកម្លាំងវាយដំទៅទៀត។
ហ៊ុមព័ទ្ធដោយវាលស្រែខៀវស្រងាត់ និងព្រៃក្រាស់ ភូមិប្រសូត្រដែលល្បីខាងសម្បូរនូវរឿងព្រេង និងពាក្យចចាមអារ៉ាមគួរឱ្យខ្លាច ត្រូវបានគេជឿថានៅតែបន្តមកទល់ឥឡូវនូវអម្បូរអ្នកលេងមន្តអាគមដែលគេរអាបំផុត។
គ្រួសារមួយ គេជឿថា មានត្រកូលជាយក្ខ កាន់វិញ្ញាណយក្សាក្នុងទេវកថាចាស់ បានរស់នៅជារូបកាយមនុស្សនៅឡើយទោះណាជាត្រូវបានបណ្តេញចូលទៅក្នុងព្រៃជ្រៅយូរណាស់មកហើយ។
អ្នកភូមិជឿថា គ្រួសារនោះ បានបណ្តាលឱ្យអ្នកផ្សេងណាដែលខ្លួនមិនពេញចិត្តត្រូវឈឺថ្កាត់ ស៊យ ឧត្បាតបាន។ ជាច្រើនតំណមកហើយដែលត្រកូលនេះប្រឈមនឹងការសង្ស័យ ស្អប់ខ្ពើម។
នាងយ៉ា ជាក្មេងស្រីអាយុដប់ប្រាំឆ្នាំដែលមានសម្បុរសណ្តែកបាយ និងភ្នែកភ្លឺថ្លា ចង់ដឹងចង់ឃើញពិភពលោក នាងចង់ចូលរួមជាមួយក្មេងដទៃ តែមិនអាចទៅរៀនបាន។
ពីតូចមកនាងត្រូវពួនសំងំរស់នៅជាមួយឪពុកម្តាយនាជាយព្រៃឆ្ងាយដាច់ពីគេឯង ព្រោះថា គ្រួសាររបស់ចរិយាតែងតែត្រូវបានអ្នកស្រុកព្រួតគ្នាស្អប់និងដើរវៀងចេញ ។
ការបដិសេធរបស់ឪពុកនាង ក្នុងការឈប់សមាធិតាមអបិយជំនឿដ៏តឹងរ៉ឹងរបស់វង្សត្រកូល បានបណ្តាលឱ្យអ្នកភូមិចោទថានោះជាសមាធិសម្លាប់មនុស្សហៅវិញាណ ។
ទម្លាប់របស់ម្ដាយនាងក្នុងការជីកឬសឈើហាលដាំជាថ្នាំ បានធ្វើឱ្យពួកគេមើលងាយហើយចោទប្រកាន់ថា សន្សំជាតិពុលយ៉ាងស្ងៀមស្ងាត់។
ប៉ុន្តែអ្វីៗបានប្រែប្រួល ខ្លាំងព្រោះថានៅយប់មួយ ព្រឹទ្ធាចារ្យចាស់ៗក្នុងភូមិបានប្រកាសថា គ្រួសាររបស់ចរិយា បានដាក់បណ្តាសាឱ្យកូនក្មេងម្នាក់លង់ទឹកស្លាប់។
ដោយមានការភ័យខ្លាច និងកំហឹង ហ្វូងមនុស្សបានប្រមូលផ្តុំគ្នាក្រោមភាពងងឹតគ្របដណ្ដប់ជាមួយ ភ្លើងចន្លុះបំភ្លឺ ហើយសម្រុកចូលផ្ទះរបស់ចរិយាយកជីវិតឪពុកម្តាយរបស់នាង។
ពុកនាង ហេតុតែព្យាយាមការពារនាងនិងម្តាយ ក៏ត្រូវស្លាប់នៅនឹងកន្លែង។ ទោះជាពួកគេបាន អង្វរករសុំក្តីមេត្តា ប៉ុន្តែកំហឹងរបស់ហ្វូងមនុស្សកំពុងថ្លង់។
ម្តាយរបស់នាងត្រូវបានគេវាយដំ ពេលរុញនាងឱ្យរត់ ។ ចរិយារត់ទាំងយំស្រែក ព្រោះបើមិនទៅ គាត់នឹងចាក់ខ្លួនគាត់នៅចំពោះមុខនាង។
ចរិយាមិនដឹងថា រត់នេះ មានគោលដៅទៅណាឡើយ។ ហើយទីបំផុត សម្រែករបស់ម្ដាយនាងក៏ត្រូវបានស្ងប់ស្ងាត់ក្នុងស្បៃសន្ធិយា។
ចរិយា រងាញាប់ញ័រ និងអស់សង្ឃឹម រអិលដួលដេកក្នុងថ្លុកទឹកកណ្តាលព្រៃ ខណៈអណ្តាតភ្លើងឆាបឆេះផ្ទះរបស់នាងពីចម្ងាយ ។
ព្រលឹមស្រាងៗ ចរិយាដឹងខ្លួន និងព្យាយាមចងចាំបណ្តារឿងរ៉ាវទាំងអស់ដែលបានកើតមានលើជីវិតនាងទាំងងងឹតងងុល។ កំភួនជើងរបស់នាងមានស្នាមជាំ និងហូរឈាម។ អ្នកភូមិកម្រោលទាំងអស់នោះ មិនបានតាមមកទេ ដោយជឿថា នាងនឹងបានចួបទីបញ្ចប់ក្នុងព្រៃដែលសាហាវធ្លាប់មានបណ្ដាសាជួរជាតិ។
ដោយឯកាហើយភ័យខ្លាច នាងខមរកផ្លូវចាកចេញ ដោយត្រូវដួលច្រើនលើកច្រើនសារ ដោយឫសដើមប្រដេញជាសំណាញ់ក្រាស់ឃ្មឹក។
ពេលយប់មកដល់ជាថ្មី នាងមិនដឹងត្រូវតស៊ូម្នាក់ឯងកាត់ការឈឺចាប់និងស្រេកឃ្លានដោយវិធីណាទេ ទឹកភ្នែកហូរពេញមុខពេលនាងខ្សឹបសួរមេឃថា៖
«ហេតុអ្វី? តើពុកម៉ែខ្ញុំបានធ្វើអ្វីខុស?»
នោះហើយជាពេលដែលនាងបានឃើញស្ត្រីម្នាក់។
ចរិយាភ័យ ខ្លាំងបានខំងើបវារចេញពីស្រមោលដ៏មានទំហំធំ គ្របមកលើនាងសន្សឹមៗ។ ភ្នែកពណ៌មាសរបស់ស្រ្តីភ្លឺដូចអ័ព្ទនៅក្នុងទីងងឹត។ សក់វែងរបស់គាត់ដាញ់ជាផ្នួងធំ ហើយពាក់ឆៀងមាសមកលើស្មាឆ្វេង។
មុខគាត់បួនជ្រុង ដូចជាចម្លាក់យក្ខចាស់ៗលើល្ខោនស្បែក ឯស្បែកពិតរបស់យាយបែរជាក្រមៅហើយមានពន្លឺចែងចាំងក្រោមរស្មីដួងព្រះចន្ទ។
គាត់ញញឹមមដាក់ចរិយាដែលកំពុងញ័រខ្លួនចំប្រប់។
នាងតូចហាក់បានកករឹងទៅណាមិនរួចក្នុងភាពភ័យស្លុតដោយរំពឹងថា គាត់នឹងគ្រហឹម ឬវាយប្រហារនាងជាចំណីដូចដែលធ្លាប់ឮអ្នកស្រុកនិយាយបន្លាច ប៉ុន្តែផ្ទុយទៅវិញ សំឡេងដ៏ជ្រៅរបស់លោកយាយលាន់មកស្រទន់៖
«កុំខ្លាចចៅ!»
ចរិយាបានត្រឹមក្រឡេកមើលគាត់ដែលសន្សឹមៗបន្ទន់មកលុតជង្គង់ក្បែរនាង។ ស្ត្រីចំណាស់រូបអាក្រក់បានរុំនាងដោយថ្នមៗក្នុងដៃដែលស្រោបដោយវល្លិទន់ៗ និងស្លឹក។
នាងភ័យជិតសន្លប់ តែឮគាត់និយាយថា៖
«យាយជាអ្នកដែលបានដឹង និងបានតាមមើលគ្រួសាររបស់ចៅកន្លងមក!»
«ចុះម៉េចយាយមិនជួយពុកម៉ែខ្ញុំ?» នាងយំញាប់ញ័រ។
«ទេ! ពួកគេមិនបានទៅកន្លែងអាក្រក់ទេ គេអស់កម្មក្នុងលោកិយ៍នេះ! ពុកម៉ែនាងគេទៅកន្លែងចួបជុំហើយ!»
ឮហើយនាងតូចដូចចង់ញញឹមវិញ តែក៏កើតតូចចិត្តវិញបន្ទាប់ពីនោះដោយត្អូញត្អែរថា៖
«ខ្ញុំមានតែម្នាក់ឯង!»
លោកយាយអង្អែលសក់នាងហើយនិយាយ៖
«គ្រប់ហើយ ត្រឹមតែនាងម្នាក់ គឺអាចដឹកនាំជីវិតនេះបាន!»
«ហេតុអ្វី?»
«ពុកម្តាយនាងជាអ្នកដែលចុះមកដើម្បីផ្ចុងផ្តើមនាង! គាត់បានអប់រំ បង្រៀនងក្សរនិងក្បួនដល់នាង នាំនាងឆ្លងកាត់វ័យ កុមារ ពេលនេះជាការបោះជំហានដ៏ធំមួយរបស់ចៅ គឺដើរទៅមុខយ៉ាងក្លាហានដោយខ្លួនឯង!»
នាងគិតអំពីសម្តីរបស់គាត់ហើយនៅស្ងៀម។ ទោះបីជាយក្ខនេះមានទំហំប៉ុនណាក៏ដោយ ពេលទៅដល់មាត់ព្រៃ គាត់ដាក់នាងចុះហើយនិយាយឡើងម្ដងទៀត៖
«អ្វីៗល្អៗជាច្រើនក្នុងលោកនេះកំពុងទន្ទឹងផ្លូវនាង នាងត្រូវតែចាកចេញពីកន្លែងកម្សត់ល្ងង់ខ្លៅមួយនេះកសាងជីវិតថ្មីលើទឹកដីធំធេង! ទីនេះមិនទទួលយកចៅទេ ប៉ុន្តែចៅ…គឺមានតម្លៃលើសពីចំណេះដឹងរបស់ពួកគេ! »
លោកយាយបាននាំចរិយាមកដល់រាជធានី។
ការចាប់ផ្តើមថ្មីក្នុងរាជធានីដែលពេញទៅដោយពន្លឺភ្លឺចិញ្ចាច និងដងផ្លូវដ៏មមាញឹកបានធ្វើឱ្យចរិយាសោមនស្សជាពន់ពេក។ មានអ្វីជាច្រើនដែលមាណវីយើងមិនធ្លាប់ឃើញពីមុនមកសោះ។
លោកយាយបាននាំនាងទៅរោងមហោស្រពតូចមួយ ដែលគ្រប់គ្រងដោយបុរសចំណាស់ម្នាក់ឈ្មោះ យៀង ដែលត្រូវបានគេស្គាល់ថា ជាអ្នកប្រមូលយកក្មេងៗកំព្រីកំព្រា និងពួកមនុស្សក្រៅផ្ទះមកផ្តុំគ្នាហ្វឹកហាត់សម្តែងរកប្រាក់។
មុនពេលប្រគល់នាងឱ្យបុរសនោះ លោកយាយបានខ្សឹបនឹងចរិយាថា៖
«យាយនឹងតាមការពារចៅ! ចៅ និងពួកគេ នឹងមើលមិនឃើញយាយទេ ប៉ុន្តែយាយនឹងតាមមើលចៅជានិច្ច!»
ថាហើយគាត់ក៏បាត់ទៅក្នុងរង្វង់ស្រមោលខ្លួនគាត់ដែលខ្មៅស្រអាប់រលាយទៅក្នុងសន្ធិយាកាល។
ចរិយាត្រូវបានគេទទួលមកធ្វើជាអ្នកបោសសម្អាតនៅក្នុងរោងមហោស្រព ដោយសារនាងមានរូបរាងមិនស្អាត សម្បុរមិនស និងមុខមាត់មិនស្រទន់។
ការងារប្រចាំថ្ងៃគឺបោសសម្អាតកម្រាល និងកញ្ចក់។ នាងបានរក្សាការតស៊ូ ប៉ុន្តែបេះដូងរបស់នាងបានឆេះសន្ធោដោយក្តីស្រមៃនិង ការតាំងចិត្តចង់ក្លាយជាសិល្បករ។
នាងបានចំណាយពេលរាល់ល្ងាចៗដើម្បីមកឃ្លាំមើលការហាត់សមរបស់តួសម្តែងម្នាក់ៗ ដោយជក់ចិត្តនឹងសមត្ថភាពរបស់ពួកគេក្នុងការបំប្លែងទៅជាតួអង្គផ្សេងៗ។
ថ្ងៃមួយ ពេលកំពុងសម្អាត នាងបានរកឃើញថា ខ្លួនឯងកំពុងសប្បាយចិត្តនឹងធ្វើត្រាប់តាមតួឯកស្រីឈ្មោះល្អងដា នៅមុខកញ្ចក់មួយ។
ដោយមិនដឹងខ្លួននាងលាបមុខនិងតុបតែងយ៉ាងសប្បាយចិត្តម្នាក់ឯង។ អ្នកដឹកនាំរឿងល្ខោនម្នាក់ជនជាតិគេ ឈ្មោះខេមជិន បានដើរមកវាក់ហើយលបមើលសកម្មភាពរបស់នាង។
ពេលគាត់ឃើញនាងក្រឡេកមកតាមកញ្ចក់ លោកខេមក៏បង្ហាញខ្លួនហើយសួរចរិយាថា៖
«ចេះរាំពីអង្កាល់ ហើយរៀនវានៅឯណា?»
ចរិយាមិនដឹងឡើយថាបុរសនេះហាក់ភ្ញាក់ផ្អើលនឹងទេពកោសល្យនាង ស្រីតូចក៏ឱនលំទោនសារភាព៖
«ខ្ញុំ…ខ្ញុំសុំទោស ខ្ញុំមិនមានបំណងលបរៀនទេ!»
នាងគិតថាមុខនឹងត្រូវគេស្តីបន្ទោសផ្ទុយទៅវិញ ខេម ញញឹម។ គាត់បាននិយាយថា៖
«មានអីមិនល្អ? នាងពិតជាមានអ្វីមួយដែលសែនប្លែកពីអ្នករាំមុនៗ! ហាត់ទៀត! ម៉ោង៨ថ្ងៃស្អែក ខ្ញុំចង់មមកឃើញថា អ្វីដែលនាងអាចធ្វើបាន!»
ដូច្នេះហើយ ជីវិតសិល្បៈរបស់ចរិយាមមានសញ្ញាចាប់ផ្ដើមដំណើរការ។ ការសម្តែងតាមមលោកខេមបញ្ជា មានទាំងការចូលរួមរបស់តារានានាផង។
លោកខេមបានបង្ហាត់បង្ហាញនាង ជំរុញនាងឱ្យបង្ហាញពីអារម្មណ៍ដែលកប់ជ្រៅនៅខាងក្នុងភាពអៀនប្រៀននិងមិនមានពិសោធន៍យកវាចេញមកឱ្យអស់។
មិនស្មានដល់ថា ចរិយាបានហ្វឹកហាត់ស្ទាត់យ៉ាងឆាប់រហ័សធ្វើឱ្យខេមនិងម្ចាស់រោងគឺលោកឃៀងពេញចិត្តជាខ្លាំង។
ប៉ុន្តែការស្ទុះឡើងរបស់នាង មិនមែនថា គ្មានបញ្ហាប្រឈមនោះដែរ។ នាងល្អងដា និងតារាសម្ដែងផ្សេងទៀតបានមកចំអកឱ្យនាង ដោយហៅនាងថា មុខយក្ខ! ស្រីស្រុកស្រែ! មនុស្សព្រៃ។ល។
ពេលមេរបស់នាងអវត្តមាន តួសម្តែងទាំងនោះពួតគ្នាមកបំផ្លិចបំផ្លាញសម្លៀកបំពាក់របស់នាង និងបានខ្សឹបខ្សៀវឌឺដងតិះដៀលយ៉ាងអបលក្ខណ៍ផង។
ចិត្តនាងធ្លាប់ចុះអំឡុងពេលហាត់សមតែសំឡេងលោកយាយបានលាន់មកក្នុងចិត្តរបស់នាង៖
«ចូរខំធ្វើការដោយកុំខ្លាចនឿយហត់! ធ្វើឱ្យស្នាដៃរបស់ចៅទៅជាល្អឥតខ្ចោះ ហើយភ្លេចចោលពាក្យពេបជ្រាយទាំងអស់នោះទៅ!»
ពីដំបូងនាងទទួលបានត្រឹមតួនាទីសម្តែងជាតួអង្គតូចតាច ប៉ុន្តែការសម្ដែងរបស់នាងបានលួចចូលជ្រាតចម្លែកក្នុងចិត្តលោកខេម។
អ្នកធ្លាប់តែរិះគន់នាង ចាប់ផ្ដើមចាប់អារម្មណ៍នាង ដោយសរសើរពីភាពស៊ីវីល័យ និងក្បាច់រាំដ៏ពិសេសរបស់នាងក្រោមរស្មីអំពូល។
ស្បែកនាងមានភាពបន្សីទៅនឹងតួអង្គបុរាណសម័យ ហើយនឹងសម្លៀកបុរាណគ្រប់ប្រភេទ។ យ៉ាងណាមិញ ការផ្លាស់ប្តូរដ៏ធំរបស់ចរិយា បានកើតឡើងពិតប្រាកដគឺនៅពេលដែលនាងត្រូវបានលោកខេមចាត់ឱ្យសម្ដែងជាតួអាក្រក់ក្នុងរឿងខ្នាតធំមួយ។
ចរិយា បានចាក់បញ្ចូលទាំងការឈឺចាប់និងកំហឹងរបស់នាងលើអ្នកភូមិចូលទៅក្នុងការសម្ដែងដែលមានឥទ្ធិពលខ្លាំងដែលទស្សនិកជនមិនអាចបំភ្លេចអារម្មណ៍មួយនោះបាន។
ខណៈពេលដែលអ្នកខ្លះហៅនាងថា «នាងយក្ខ» ឬ «យក្ខិណី»«ឆន្ទា»អ្នកផ្សេងទៀតបានអបអរសាទរនាងថាជាទេពកោសល្យដ៏ថ្មី ពេលសាច់រឿងលែងមាននាង លេងល្អមើលយ៉ាងពិតប្រាកដ។
តែ ជោគជ័យនេះ ជំរុញឱ្យមានការច្រណែនច្រើនឡើងៗពីមិត្តរួមឆាករបស់នាង។ ល្អងដា និងពិដោរជាតារាស្រីមានរូបស្រស់ មានទ្រព្យសម្បត្តិច្រើនមមកពីគ្រួសារអភិជនបុរាណ បានប្រមូលមនុស្សមួយក្រុមធ្វើយុទ្ធនាការលាបពណ៌ប្រឆាំងនឹងនាង ដោយផ្សព្វផ្សាយពាក្យចចាមអារ៉ាម និងចំអកជាសាធារណៈថានាងជាអម្បូរយក្ខ បែរជាមកឡើងឆាក ថ្ងៃណាមួយនឹងបង្កបញ្ហានៅរាជធានីនេះមិនខាន។
ប៉ុន្តែ ចរិយា នៅតែរក្សាការផ្តោតអារម្មណ៍។
លោកយាយបានបញ្ចេញជាសំឡេងក្នុងបេះដូងនាងថា៖
«ពួកគេអាចស្អប់ចៅ ប៉ុន្តែកុំ ឱ្យពួកគេអាចបញ្ឈប់ចៅ!»
មិនយូរប៉ុន្មាន កិត្តិនាមរបស់នាងបានធ្វើឱ្យលោកខេមសម្រេចចិត្តនាំយករូបភាពរបស់នាងទៅអួតបង្ហាញជាអន្តរជាតិព្រោះពណ៌សម្បុរនឹងរូបរាងមានលក្ខណៈខុសគេ ត្រូវបានចាត់ទុកថា ជារូបភាពពិសេស។
នៅពេលដែលតួរាំទាំងអស់នៅទីនេះមានសម្បុរស និងមានការតុបតែងប្រណីត ភាពខុសប្លែករបស់ចរិយាបានកា្លយជា ឱកាសឈានចូលឆាកអន្តរជាតិ បានដោយមិននឹកស្មានដល់។
អ្នកដឹកនាំរឿងបរទេសដ៏ល្បីម្នាក់គឺលោក Antonio Morelli បានមកទស្សនាប្រទេសកម្ពុជាសម្រាប់មហោស្រពភាពយន្តវប្បធម៌ដោយមានបំណងពិសេសមួយគឺមកមើលការសំដែងរបស់ចរិយា នៅក្នុងរឿងចុងក្រោយរបស់នាង ហើយបានចាប់អារម្មណ៍ នាងខ្លាំងជាងកាលពីមុនទៅទៀត។
ដោយភ្ញាក់ផ្អើលនឹងសមត្ថភាពរបស់នាងក្នុងការបង្ហាញទាំងភាពទន់ភ្លន់ និងកម្លាំងតស៊ូម៉ឺងម៉ាត់បញ្ចូលគ្នា មួយសប្តាហ៍ក្រោយមក ចរិយាបានទទួលការអញ្ជើញឱ្យចូលរួមសវនកម្មសម្រាប់តួនាទីនៅក្នុងរឿងភាគប្រវត្តិសាស្ត្រថ្មីរបស់ Morelli ។
ភាពអសន្តិសុខនិងសម្ពាធរបស់នាងកើតមានឡើងម្តងទៀត ប៉ុន្តែ យប់នោះលោកយាយបានលេចឡើង ក្នុងកញ្ចក់។ គាត់បានលើកទឹកចិត្តនាងថា៖
«នេះជាពេលវេលារបស់ចៅដើម្បីទៅដល់អ្វីលើសពីពួកគេដឹង! កុំទុកឱ្យការភ័យខ្លាចរារាំងចៅបាន»។
ការប្រកួតនេះមានភាពស្វិតស្វាញដោយខ្លាំងដោយចរិយាត្រូវ ប្រកួតប្រជែងជាមួយនឹងតារាសម្ដែងល្បីៗមកពីជុំវិញពិភពលោក។ ទឹកមុខតឹងតែងរបស់អ្នកដឹកនាំរឿង បានរសាយពេលដល់ឈុតនាងសម្តែង។
ចុងក្រោយ លោកMorelli បានចូលទៅជិតចរិយាដោយស្នាមញញឹមដ៏កម្រ។ ជនបរទេសរូបនេះបាននិយាយឡើងថា៖
«ចរិយា នាងមានអ្វីមួយ ដែលសិល្បករផ្សេងៗមិនមាន! រូបរាងពិត និងភាពខុសប្លែកមួយយ៉ាងពិសេស! ក្បាច់រាំនាងកើនឡើងកាន់តែល្អជានិច្ចពីការសម្តែងមួយទៅមួយ! ភាពយន្តនេះជាគម្រោងមហិច្ឆតាមួយដែលនិយាយពី តួនាទីរបស់ ប្អូនស្រីដ៏កាចសាហាវម្នាក់មិនព្រមចុះសម្រុងជាមួយបងស្រីដែលជាតួឯក ជាចំណុចសំខាន់ក្នុងការដំណើរការល្ខោននេះ ហើយគ្មានតួនេះគឺល្ខោនលែងល្អមើល!»
អស់រយៈពេលជាច្រើនខែ នាងបានហ្វឹកហាត់ឥតឈប់ឈរ រៀនភាសាថ្មី ស្ទាត់ជំនាញក្បាច់រាំ និងស្វែងយល់ពីជម្រៅអារម្មណ៍នៃតួអង្គកាចរបស់នាង។
ការចេញផ្សាយរបស់ភាពយន្តដែលថតអំពីពីល្ខោនមួយនេះទទួលបានការសាទរទូទាំងពិភពលោក។ អ្នករិះគន់សរសើរតារាខ្មែររូបនេះថា ជាតារាពិសេស សរសើរសមត្ថភាពនាងដែលដើរតួជំនួសតួអង្គក្នុងនិទានចេញជាមានជីវិតពិតៗហើយបញ្ជាលើអេក្រង់សខ្មៅឱ្យ អ្នកទស្សនាចំហមាត់។
ការសម្តែងមួយនេះ បានញ៉ាំងឱ្យចរិយាទទួលបានពានរង្វាន់ជាតួឯកស្រីឆ្នើមក្នុងកម្មវិធីពានរង្វាន់ភាពយន្តអន្តរជាតិដែលធ្វើឱ្យនាងក្លាយជាតារាសម្តែងកម្ពុជាដំបូងគេធ្វើដំណើរទៅទទួលយកនៅចក្រភព្រអង់គ្លេស។
ឮក្នុងរាត្រីនៃពិធីប្រគល់រង្វាន់ចរិយាបានដើរលើកម្រាលព្រំក្រហមក្នុងឈុតប្រពៃណីខ្មែរដ៏គួរឲ្យភ្ញាក់ផ្អើលដែលផ្តល់កិត្តិយសដល់ឬសគល់ពិតរបស់នាង។
កាមេរ៉ារាប់រយនិងក្រុមយកព័ត៌មានបានស្រែកហ៊ោដើម្បីសម្ភាសន៍ ស្ត្រីខ្មែររូបនេះ។
ប៉ុន្តែចំពេលដែលគ្រប់យ៉ាងហាក់មានភាពអស្ចារ្យ គំនិតរបស់ចរិយាបានបែរមករកលោកយាយ។
ក្នុងពេលថ្លែងសុន្ទរកថាទទួលយក រូបសំណាកមាសក្នុងដៃញាប់ញ័រ នាងបាននិយាយថា៖
«ពានមួយនេះ គឺសម្រាប់អ្នករាល់គ្នាដែលធ្លាប់ត្រូវបានគេប្រាប់ថា ខ្លួនឯងអន់ អាក្រក់ និងមិនសមជាមួយសិល្បៈ! នៅពេលមនុស្សដែល ស្អប់យើងរាយគ្នានៅជុំវិញ លោកយាយគាត់ជឿលើខ្ញុំ! នៅពេលដែលខ្ញុំមិនអាចជឿលើខ្លួនឯងបានផង! ចូររកមនុស្សបែបនេះមកនៅក្នុងជីវិតយើង!»
ពាក្យសម្ដីរបស់នាងបានល្បីពាសពេញពិភពលោក។ រឿងរបស់ចរិយាអំពីភាពធន់ និងជ័យជំនះលើការរើសអើងបានបំផុសគំនិតមនុស្សរាប់លាននាក់ ដោយបង្ហាញថា សូម្បីតែមានជីវិត ឬចាប់ផ្តើមមកក្នុងយុគដ៏ខ្មៅងងឹតបំផុត ក៏អាចនាំទៅដល់អនាគតដ៏ភ្លឺស្វាងបំផុតបានដែរ ដោយការតាំងចិត្ត៕
ចប់
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ