នៅចំកណ្តាលខេត្តកំពង់ធំ ដែលដុះដាលទៅដោយអគារទំនើបខ្ពស់ឡើងៗ បែរជាមានអនុវិទ្យាល័យចាស់មួយ សង់ឡើងក្បែរសំណល់ប្រាង្គប្រាសាទបុរាណ។
ផ្នែកខាងស្តាំនៃបរិវេណនោះ មានសហការជាមួយសាលាអន្តរជាតិឈ្មោះ Main EDU ហើយនៅរបងខាងឆ្វេងជាប់នឹងវត្តចន្ទកេសរ។
សាលា Main EDU នេះត្រូវបានគេស្គាល់ថា ជាថ្នាលសិក្សាទំនើបប្រើភាសាអង់គ្លេស ហើយមានវិន័យតឹងរឹង តែបែរជាមកស្ថិតក្នុងបរិវេនប្រាង្គប្រាសាទដ៏មានប្រវត្តិជ្រាលជ្រៅនៃទំនៀមទម្លាប់បុរណសម្បូរបែប ដែលសិស្សភាគច្រើនមិនបានអើពើ។
ប៉ុន្តែ…ក្នុងចំណោមនោះ សិស្សថ្នាក់ទីប្រាំពីរ ដែលមានជាតិសាសន៍ចម្រុះចំនួនប្រាំពីរនាក់ លីណា គីរី អាឡិច ម៉ី ដារ៉ា សំណាង និងលីឡា បែរជាអង្គុយបើកគម្រោងការ សម្រាប់ដំណើរសមាធិផ្សងព្រេងមួយយ៉ាងស្ងាត់កំបាំង។
នៅល្ងាចនោះ ក្រោមពន្លឺរស្មីនៃព្រះអាទិត្យចុងក្រោយហៀបលិច ពួកគេបានចួបគ្នានៅខាងក្រៅថ្នាក់លេខ ៧០៧។
ទ្វារបន្ទប់ត្រូវបានដោះសោដែលចាក់ជាយូរណាស់មកហើយ ដោយវិធីរបស់ពួកគេ។ ទាំង៧នាក់ បានឈានចូលទៅផ្នែកខាងក្នុងនៃបន្ទប់ដែលគ្របដណ្តប់ទៅដោយខ្យល់ត្រជាក់ប្លែកពីមជ្ឈដ្ឋានខាងក្រៅ។
ក្លិនសៀវភៅចាស់ៗ និងផ្កាក្រៀម ថ្នាំបុរាណ និងអ្វីផ្សេងៗទៀតគួរឱ្យចង់ដឹង។
«ហ្គេមចាប់ផ្តើម!» ម្នាក់ក្នុងចំណោមពួកគេខ្សឹបកម្លាចិត្តក្រុមគេដែលកំពុងពិនិត្យស្ថានការណ៍បន្ទប់។
ម៉ី ជាកូនថៅកែឡូនេសាទ ដែលមានជាងគេ បានប្រើសំឡេងចំអកស្រួយស្រឹប៖
«អើយ! គ្រាន់តែជាថ្នាក់រៀនចាស់គេទុកចោលមួយ! គ្មានខ្មោចអីមកនៅបន្ទំខ្លួននៅហ្នឹងទេ!»
និយាយទើបនឹងផុតពីមាត់ ទ្វារដែលបានចំហចោលស្រាប់តែបិទគ្រឹបពីក្រោយខ្នងពួកគេ។ ភ្លើងក្រោមផ្សែងស្តើងហើរមកពីក្រៅតាមប្រលោះស្លាបព្រិលនៃបន្ទប់នេះ សំឡេងមួយដែលមិនច្បាស់លាស់តែស្និទ្ធស្នាល បានខ្សឹបឈ្មោះរបស់ពួកគេម្តងម្នាក់ៗ…
«លីណា… គីរី… អាឡិច… ម៉ី… ដារា… សំណាង… លីឡា…»។
ក្មេងៗដែលបើកភ្នែកគ្រលួងៗបានបង្វិលខ្លួនទល់ខ្នងគ្នាសម្លឹងជុំវិញ។
គ្មាននរណាផ្សេងនៅទីនេះទេ មានតែពួកគេ។ លីឡាជាកូនកាត់ខ្មែរ-បារាំង។ ប៉ារបស់នាង ជាអ្នកជំនួញបរទេសដែលបានមកបើកហាងនំមួយដ៏ល្បីឈ្មោះនៅខេត្តកំពង់ធំនេះ។ លីឡាបានចាប់ដៃរបស់លីណាដោយភ័យព្រួយហើយបន្ទោសម៉ី៖
«នែ៎! កុំលេងមើល៍! នេះមិនគួរឱ្យអស់សំណើចសោះ មិញឮអីអត់? អ្នកណាហៅឈ្មោះពួកយើង?»
ប៉ុន្តែមុននឹងនរណាម្នាក់អាចឆ្លើយបាន ក្ដារខៀនចាប់ផ្ដើមសរសេរដោយខ្លួនវាថា «បន្ទប់ទីប្រាំពីរស្វាគមន៍»។
អាឡិចសម្លក់ទីនោះខណៈសំណាងស្រែកហើយចង្អុលទៅជួរអក្សរបន្ទាប់ថា«ពួកឯងមានពេលមួយម៉ោងដើម្បីបញ្ជាក់!»
ប៊ិកហ្វឺតមួយធ្លាក់ចោលនៅលើដីចំហគម្រប។
«លេងអន់ៗ»
Alex បានរអ៊ូ ។ ប៉ាអាឡិចជាជនជាតិខ្មែរតែម្តាយជាចិន ដែលមានរោងចក្រមួយនៅខេត្តនេះ។ សំឡេងរបស់គេទើបនឹងបានរសាត់ទៅ ស្រាប់តែបន្តមកជាមួយស្នូរអ្វីមួយដូចជាអ្នកណាម្នាក់កំពុងកោសកម្រាលឥដ្ឋដោយដែកស្បែង។
ម្តងឮពីក្រៅ ម្តងដូចជាពីខាងក្នុងជញ្ជាំងឬពីលើពិដាន។
ខ្វាក!
គិរីស្ទុះទៅរុញបើកបង្អួច!
ខាងក្រៅជាពេលរសៀល តែមេឃមានពពកច្រើន។
គិរីបែរមករកបណ្តាមិត្តរបស់គេវិញ ព្រោះឮសំណើចចំអកមកខ្លាំងៗ។
«ខ្លាច?» ម៉ីថាឱ្យគិរី។
ឃើញដូច្នោះ គិរីដែលជាកូនពៅនៃគ្រួសារស្នងការប៉ូលីស បានដើរបកវិលមកវិញដោយសម្រួល ធ្វើជាមានឬកពារមាំហើយនិយាយ៖
«បើគ្រប់គ្នារួចរាល់ហើយ ចាំអីទៀត? ចាប់ផ្តើម!!!»
ពួកគេមើលមុខគ្នា។ លីណាឃើញសំណាងដោះសាក់កាដូមក នាងក៏និយាយក្នុងសំឡេងញ័រតិចៗជាមួយនឹងភាពរំភើប លាយការភ័យខ្លាចលាក់កំបាំងមិនឱ្យមិត្តដឹង។
«សមាធិហ្មងឬម៉េច?»
លីណាជាកូនស្រីច្បងរបស់មន្ត្រីសាលាខេត្តមួយរូប។ ប៉ានាងមានកូនពីរនាក់ប៉ុណ្ណោះ ប្អូននាងទើបតែមានវ័យ៥ឆ្នាំទេ។ គីរីដែលតែងតែមន្ទិលស្ទាក់ស្ទើរតែមិនហ៊ានថាអ្វី ងាកទៅមើលអាឡិចខណៈម៉ីដែលឈរក្បែរនោះ នាងញញឹម ភ្នែកសងខាងភ្លឺដោយសេចក្តីរំភើបនិងភ្លើតភ្លើន៖
«ចង់ដកថយគីរី?»
«ណាគេថា?» គិរីប្រកែក ក្តាប់ដៃធ្វើក្លាហាន។
«តស់!» តារាដែលនៅស្ងៀមស្ងាត់យូរហើយ ពោលពន្យុះ។
«ស្រមៃមើលថា ពួកយើងចេញពីនេះទៅជាមួយថាមពលមួយ Super Power »
សំណាងដែលនៅស្ងៀមក្បែរតារាដែរនោះ ម្តងៗបែរសម្លឹងទៅមាត់ទ្វារព្រោះគេទទួលអារម្មណ៍ថា ដូចជាមានអ្វីមួយដែលពួនលាក់ខ្លួននៅខាងក្រៅសំងំមើលមកពួកគេ។
សំណាងជាក្មេងប្រុសដែលតែងតែមានអារម្មណ៍ រសើបបំផុត តែមិនចេញប្រតិកម្មពេកទេ។ ម៉ីវិញ ដោយនាងជាក្មេងស្រីកូនកាត់ដ៏មានបញ្ញាមុតស្រួច និងធំឡើងជាមួយភាពជឿជាក់មិនងាករេ បានបោះជំហានទៅមុខ។
«កុំបន្លំពន្យាពេល!» នាងនិយាយ
«អង្គុយមក!»
ជំទង់ទាំង៧កំពុងប្រុងប្រៀងនឹងធ្វើតាមការណែនាំពីរបៀបសមាធិ«៧ដួង»ដើម្បីទៅចួបវិញាណទេព។
«ទទួលបញ្ជា» ដារ៉ា រអ៊ូរទាំក្រោមដង្ហើមរបស់នាង ហើយគេគ្រវីភ្នែកមើលប្រតិកម្មមិត្តដទៃ។
ក្នុងបន្ទប់ងងឹតដែស្រាប់តែផ្លាស់មកជា ងងឹតព្រោះបាត់បង់ពន្លឺព្រះអាទិត្យទាំងស្រុង ពួកគេយកទៀនម្នាក់មួយដើមមករៀងខ្លួនដើមមកអុច ហើយរាយគ្នាអង្គុយពែនជារង្វង់ជុំវិញទៀន ដោយដាក់សៀវភៅបុរាណTវិញាណទេព៧ នៅចំកណ្តាល។
សៀវភៅនេះត្រូវបានគេរកឃើញនៅក្នុងសសរបាក់នៃតួប្រាសាទចាស់ដែលរាបដល់ដីយូរណាស់មកហើយ។ បើពួកគេមិនលេងកាយដីលាក់របស់ក៏រកមិនឃើញសៀវភៅបុរាណនេះដែរ។ លីណាជាអ្នកស្ពាយវាមក។
ទំព័ររបស់វាមានពណ៌លឿងតាមអាយុ អាចថា សៀវភៅនេះត្រូវបានកប់មកពីជំនាន់បារាំងឬមុនបន្តិចបន្តួចប៉ុណ្ណោះ តែសរសេរគ្រប់យ៉ាងជាភាសាខ្មែរ។
លីណាផ្ទាត់បើកទំព័រដំបូងដែលសរសេរថា៖
«មគ្គុទ្ទេសក៍ដើម្បីចួបវិញាណទេព» ក្រោមនោះមានសរសេរជាតួតូចៗល្អិតថា «ផ្លូវទៅកាន់អំណាច»។
«អាន!»
ម៉ីបញ្ជាលីឡាដែលជាកូនកាត់បារាំង តែដោយឃើញថានាងលីឡានៅទីទើរ មានតែតារាដែលនៅក្បែរនោះរុញគម្ពីរបង្វិលទៅឱ្យអាឡិច។
ដោយសារសំណាងវាយក្បាលបន្តិចជំរុញផង អាឡិចបង្ខំចិត្តអានតាមគម្ពីរក្នុងនោះជាអត្ថន័យដែលពួកគេមិនយល់ តែមានសំឡេងសព្ទថា «អាត្តាណាម ដាម៉ាយ៉ានទី ប៉ានឌីតា»។
ពួកគេត្រូវសូត្របន្ទោរគ្នាម្តង៧ចប់ ហើយបកវិលមកសូត្រវិញបន្តថែម៧ដងទៀត។
គ្រប់តាមក្បួន ស្រាប់តែឃើញថា កម្លាំងខ្យល់បោកមកសន្ធប់ក្នុងបន្ទប់រៀន។
«ដាក់ដៃលើជង្គង់ ផ្ងារម្រាមទៅលើ!»
អាឡិចស្រែកស្រួយៗស្រិប។ សំឡេងដូចជាអ្វីមួយ មានអនុភាពមកលើរាងកាយអាឡិច មិនដូចជាអាឡិចធម្មតាទៀតនោះទេ។
កុមារទាំងប្រាំមួយនាក់ផ្សេងទៀតអាចទទួលអារម្មណ៍ចម្លែកនេះ តែពួកគេមិនហ៊ានសួរឬងាកសម្លឹងគ្នាឡើយ នេះជាត្រណម។ ពេលដែលដង្ហើមរបស់ពួកគេចាប់ញ័រលើងម្តងបន្តិចៗ រាងកាយរបស់ពួកគេក៏ញ័រតាម ។
«បិទភ្នែក!»
អាឡិចបញ្ជាឮៗ។ មានតែសាមីខ្លួនអាឡិចទេដែលនៅបើកភ្នែកបាន។
ហ្វឺត និងអ្វីៗគ្រប់យ៉ាងនៅលើឥដ្ឋបានឆាបឆេះយ៉ាងសន្ធោសន្ធៅ ដោយមិនដឹងអ្នកណាដុត ហើយជញ្ជាំងក៏រំកិលទៅក្រោយ ដូចជាសាលារៀននេះបន្ទប់នេះមានជីវិត។
សំឡេងនៃភាពវិលវល់ ការស្រែកដាច់ខាតលើសមរភូមិ សូរសេះបោល ដំរីព្រិច និងការប្រកួតដាវលំពែងបានបន្លឺឡើងរំពងតាមអាកាស។ ខ្យល់ខ្សឹបមកប្រាប់ពីសមរភូមិបុរាណដ៏ឃោរឃៅបំផុត សូរមនុស្សរត់ចោលស្រុកកំណើត យំស្រែករន្ធត់។
ក្មេងៗនាំគ្នាយំ តែបើកភ្នែកមិនបាន រាងកាយលែងបញ្ជាកើត។ ចិត្តរបស់ពួកគេលោតញាប់ ប៉ុន្តែនៅខាងក្នុងទីជម្រៅ ម្នាក់ៗដឹងជាស្រេចហើយ មុនពេលមកដល់ទីនេះថា អ្វីដែលពួកគេចង់បាននោះទាមទារឱ្យឆ្លងកាត់ដំណាក់កាលអ្វីខ្លះ។
«ពួកចៅ ចេញពីទីនេះបានដោយត្រូវបន្សល់ទុកវិញ្ញាណមិត្តឯងម្នាក់! គេនោះនឹងមកនៅចាំបន្ទប់នេះជាវិញ្ញាណទេពជារៀងរហូត! សម្រេចទៅថាជាអ្នកណា?»
ចិត្តពួកគេភ័យញាក់តែមិនអាចរើខ្លួនចេញ ថែមមិនអាចនិយាយប្រកែក។ នរណាម្នាក់ក្នុងចំណោមពួកគេនឹងត្រូវទុកចោលអនាថានៅកន្លែងនេះ? ទេ! គ្មានអ្នកណាចង់ទេ។
នោះជាអ្វីដែលពួកគេខំមកធ្វើសមាធិតាមគម្ពីរអំណាច៧មែនទេ? មិនមែនទេ! ពួកគេទើបនឹងដឹងខ្លួនថា ត្រូវបានគេបោកមកទីនេះ។
អ្នកណាម្នាក់ ផ្លុងគម្ពីរចាស់ ពង្វក់ក្មេងៗឱ្យមកបន្តធ្វើជាជើងកបនៅបន្ទប់មួយនេះ មែនទេ?
គ្រប់គ្នាញ័រញាក់ទៅក្នុងការសម្រេចចិត្ត។ ម្នាក់ៗនឹកដល់សម្តីទូន្មានរបស់គ្រួសារ។ ឪពុករបស់លីណាតែងតែប្រាប់នាងថា៖
«អ្នកក្រ ឬពួកមនុស្សខ្សោយៗនឹងទាញកូនឯងឱ្យរវល់ជួយពួកគេគ្មានថ្ងៃចប់ទេ! ចូរចេះសេពគប់ ហើយនៅតែជាមួយនឹងប្រភេទមនុស្សខ្លាំងៗ»។
ប៉ុន្តែ សម្រាប់ឆន្ទះលីណា នាងដឹងថាពេលនេះនាងនៅទីនេះកៀកស្មាជាមួយគីរី ដែលគ្មានអ្វីក្រៅពីកណ្តាប់ដៃ និងភាពរឹងចចេសឡូឡា។ គេធ្លាប់ជួយនាង បានទាញនាងឡើងនៅពេលនាងដួលក្នុងតារាងបាល់ តើនាងនឹងទុកគិរីចោលបានទេ? ឥឡូវនេះខាងគិរីវិញ គេគិតដល់សម្តី ឪពុករបស់គេ ជាមេប៉ូលិសដែលតែងតែព្រមានកូនថា «ធ្វើជាមនុស្សចូរកុំបង្ហាញភាពទន់ខ្សោយ! ក្នុងកាលៈទេសៈណាក្តី!»។
ប៉ុន្តែធាតុពិត ក្នុងភាពជាប់គាំងនេះ ភាពញាប់ញ័រចំប្រប់កំពុងបញ្ជាដៃជើងរបស់គេ ញើសនៅលើចិញ្ចើម និងមុខរបស់គេ តើនេះមើលទៅដូចជាកម្លាំងឬការខ្លាច?
អាឡិចវិញកំពុងស្រក់ទឹកភ្នែក។ គេជាក្មេងធាត់បំផុតក្នុងចំណោមអ្នកសមាធិទាំង៧ ក៏ជាអ្នកដែលនឹងរត់យឺតជាងគេ ទីបំផុតគេនឹងស្លាប់មែនទេ លែងបានឃើញម្តាយឪពុកទៀតហើយ?
នឹកឃើញសម្តីឪពុករបស់គេ គាត់ប្រាប់អាឡិចថា៖
«លុយអាចទិញអ្វីៗបានទាំងអស់កូន! លុយជាផ្លូវដែលនាំឱ្យយើងអាចចេញពីឧបសគ្គទាំងអស់បាន!»
គេយំព្រោះពេលនេះ វិញ្ញាណមិនខ្វល់ពីទ្រព្យសម្បត្តិរបស់ប៉ាគេឡើយ។
«ទេ! យើងមិនទុកអ្នកណាទាំងអស់!»
នេះជាសម្រែកលីណាលាន់ឡើងធ្វើឱ្យគ្រប់គ្នាឈប់យំ។ លីណាតែងតែជាមនុស្សអៀន និងភ័យ តែនាងមិនមែនកំសាកទេ។ ម្តាយនាងប្រាប់ថា មនុស្សគ្រប់រូបគឺអាត្មានិយម តែលីណាតែងប្រកែកថា មិត្តភាពគឺមានពិតមែន។
ម្តងនេះគ្រប់គ្នានិយាយមិនរួច តែនាងនិយាយរួចព្រោះនាងមិនខ្លាចអ្វីទាំងអស់ដែលចង់មកបំបែកយកមិត្តភក្តិរបស់នាង។
ប៉ុន្តែនៅពេលដែលនាងអាចបើកភ្នែកមក ហើយឃើញម៉ីកាន់ដៃនាងដោយស្ងៀមស្ងាត់ លីណាមានអារម្មណ៍ថាមានអ្វីមួយដែលខ្លាំងលុបពីលើជាងការភ័យខ្លាច ពោលគឺ អំពើល្អ ដែលជារឿងដ៏រឹងមាំនៅគ្រប់កាលៈទេសៈ។
លីណាងើបមុខហើយស្រែក៖
«ក្របខាងក្រោយសរសេរថា អំពើល្អឈ្នះ!!!»
បន្ទប់ហាក់បង្ហាញថា វិញ្ញាណកំពុងតែរំជើបរំជួលដោយកំហឹង។ ស្រមោលខ្មៅនៃរាត្រីកាលពន្លូតធំឡើងៗព្រមាននាង ហើយគ្រហឹមបំភ័យក្មេងៗ តែពួកគេបានឮសំឡេងសំណាងស្រែកឡើង៖
«យើងមិនទៅចោលគ្នាទេ!»
បន្ទាប់មកគឺគីរី គ្រវីធ្មេញញេញបន្តិចទើបគេនិយាយចេញថា៖
«ពួកយើងនឹងរួមគ្នាបំបែកហ្គេមនេះ!»
ជញ្ជាំងបន្ទប់ផ្តើមរមួល ធរណីញាប់ញ័រ វិញ្ញាណបានចុះចាញ់និងទទួលដឹង ខ្លបខ្លាចជាមួយពីការបះបោរដោយភាពក្លាហានរបស់ក្មេងៗ។
សំឡេងរបស់ តារា បានញាប់ញ័រតតាត់ ប៉ុន្តែគេនិយាយចេញវិញហើយ៖
«ពួកយើង! យើងចេញទៅវិញទាំងអស់គ្នា!»
វិញ្ញាណបានបោកកម្ចាយទ្វារ។ ខ្យល់ប្រែជាត្រជាក់។ ដីប្រេះនៅក្រោមជើងរបស់ពួកគេ។ ការរត់គេចខ្លួនបានចាប់ផ្តើម លីឡាស្រែកឡើងថា៖
«យើងចាប់ដៃគ្នារត់ព្រមគ្នា!»
គិររីគំហក៖
«មួយ!ពីរ!ក្រោក!»
ពួកគេទាញគ្នាក្រោកហើយ រត់កាត់ថ្នាក់រៀនជាច្រើន។ កម្រាលឥដ្ឋលាតសន្ធឹងគ្មានទីបញ្ចប់ដូចជាសាលារៀននេះ អាគារនេះអស់កល្ប។
ស្រមោលដើមឈើបានប្រដេញតាមពួកគេ។
ម្រាមដៃពួកគេក្តាប់មិនលែងគ្នាទោះជាសំឡេង ស្នូរជួងចាស់ ម៉ឺងៗៗៗៗបន្លឺព្រមានមករំពង។
វិញ្ញាណស្រែកសម្លុតមកល្វើយៗក្នុងអារម្មណ៍ពួកគេ៖
«ពួកឯងនឹងក្បត់គ្នា! ហើយពេលណាពួកឯងបែកបាក់ យើងនឹងយកអ្នកណាដែលនៅក្រោយគេ!»។
គិរីសែនរំជួលចិត្ត។ នេះក៏ជាពេលដែលសម្តីជីតាគេលេចមក៖
«កុំទុកចិត្តអ្នកណាពេកណាចៅ!» ប៉ុន្តែគីរីមិនបានដោះដៃចោលពួកគេទេ។
គ្រាមួយ អេឡិច បានជួយទប់គេកុំឱ្យធ្លាក់ពេលកំពុងឡើងច្រៀងនៅចន្លោះតុ។ គីរីនឹកឃើញការចំអករបស់បងប្រុសខ្លួនថា «ភាពទន់ខ្សោយ ចិត្តទន់ពេក មានន័យថា មនុស្សកំសាក!»
ប៉ុន្តែ តើខ្ញុំជាមនុស្សកំសាកទេដែលរត់ចោលមិត្ត?
ជាមួយគ្នា ពួកគេបានរត់គេចពីក្តារខៀនដែលរលំ ហើយ លោតយោងគ្នាពីលើធរណីដែលប្រេះបែក។
ចុងក្រោយពួកគេបានឈានមកដល់ទ្វាររបង ដែលជា…វិញ្ញាសាចុងក្រោយ។ ប៉ុន្តែ…វាត្រូវបានចាក់សោ។ គ្មានកូនសោ!!! គ្មានវិធីដែលអាចបើកវាទេ។
តារា ងាកមើលក្រោយ។ វិញ្ញាណស្រីចាស់ម្នាក់ រូបអាក្រក់ ស្លៀកបុរាណ រហែក មានច្រវ៉ាក់នៅនឹងជើង។ ភ្នែកប្រហោងគ្រហូតាមសម្លឹងមើលមកពួកគេពីចម្ងាយ។
«ពួកឯងចង់ទៅ ត្រូវទុកម្នាក់នៅ!»
ពួកគេបានមើលមុខគ្នាទៅវិញទៅមក។ បន្ទាប់មក បន្តិចម្តងៗ ពួកគេលែងភ័យខ្លាចព្រោះអ៊ំដឿន អ្នកថែសួនបានរត់មកដល់។ ពីក្រោយគាត់សន្តិសុខម្នាក់ដើរមកដែរ។ ពន្លឺភ្លើងត្រូវបានបើកភ្លឺពាសពេញ។
«មិនទាន់ទៅផ្ទះទេ?»
ក្មេងៗរត់សំដៅទៅមនុស្សចាស់ ហើយនៅ ដកដង្ហើមធំ។ អគារដែលនៅពីក្រោយពួកគេ បានលេចឡើង ហាក់ប្រក្រតី គ្មានអ្វីប្រេះស្រាំឬបោកបក់ វិញ្ញាណក៏មិនមាន។
«ពួកខ្ញុំប្រជុំពូ! ខ្ញុំជ្រុលពេលសូមទោស!»
«ចុះមិញម៉េចបានស្រែក?»
ពូសន្តិសុខសួរនៅពេលដែលអ៊ំដឿនរេភ្នែកសម្លឹងគម្ពីរក្នុងដៃលីណាដោយសង្ស័យ។
ក្មេង ងាកមើលគ្នាទៅវិញទៅមក ហើយលីណាវិញ ក៏ប្រែជាញញឹម។
«ខ្ញុំភ្លេចសៀវភៅ!»
បីថ្ងៃបានកន្លងផុតទៅ ប៉ុន្តែស្លាកស្នាមរបួសដោយការរត់នៅលើស្បែករបស់ពួកគេនៅមិនទាន់រលុបនៅឡើយ។ ការនេះ នៅតែរំឮកមកវិញនូវសំឡេងខ្សឹបខ្សៀវវិញ្ញាណដែលចង់បោកយកអ្នកណាម្នាក់ក្នុងចំណោមពួកគេ។
«ចួបគ្នាកុំខាន!»
អេឡិចសរសេរឈែតហៅរកគ្នីគ្នា។ បន្ទាប់មក មិត្តទាំង៧ បានប្រមូលផ្តុំគ្នានៅក្នុងបន្ទប់សិក្សារបស់គីរីនៅផ្ទះ ដែលជាកន្លែងគ្មានបារម្ភពីវិញ្ញាណព្រោះមានអសនៈព្រះតាំងនៅ។
ពួកគេរួមគ្នាសរសេរអ្វីៗទាំងអស់អំពី ការសាកល្បង ការភ័យខ្លាច និងការពិតដែលពួកគេបានរកឃើញ។ ពីមួយទំព័រទៅ មួយទំព័រ ពួកគេបានចាក់អនុស្សាវរីយ៍នៃមិត្តភាពនិងភាពចាស់ទុំមកលើក្រដាស។
នៅពេលដែលសៀវភៅត្រូវបានបញ្ចប់ តារា បានរុំដោយក្រម៉ាក្រហមមួយ។
«យើងមិនអាចមិនផ្សាយឱ្យក្មេងដទៃបានដឹងនោះទេ ពួកគេអាចជាអ្នករងគ្រោះបន្ទាប់!»
ដូច្នេះហើយ ពួកគេទាំង៧បានទៅកាន់កុដិមួយនៃវត្តចន្ទកេសរ។
ក្រោមពន្លឺភ្លើងទៀន ព្រះសង្ឃចំណាស់បានទទួលយកសៀវភៅដោយញញឹម ដូចជាមានញាណដឹងថា នឹងត្រូវធ្វើយ៉ាងណាចំពោះវិញ្ញាណនោះ។
ស្អែកឡើង ពួកគេបានរត់ទៅមើលនាយកសាលាដែលនៅជាមួយព្រះសង្ឃអង្គនោះ ក្នុងការសូត្រមន្តនិងស្រាយបំភ្លឺបន្ទប់លេខ៧០៧ឱ្យប្រើប្រាស់ជាទីប្រជុំធម្មតាវិញ ។
ជារហូតមក មិត្តទាំង៧តែងតែអើតមើលទៅទីនោះរាល់ពេលដើរកាត់ម្តងៗ៕
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ