រឿង៖ និរន្តរ៍អាល័យ (ភាគ១៧)

ជ័ងស៊ូស្រងាកទឹកមុខចុះ យកថង់ក្រអូបចេញ ដកកន្ទុយកញ្ជ្រោងកន្ទុយប្រាំបួនពណ៌សទន់ល្មើយ៖

«គឺវាមែនទេ?»

ស៊ីវលូងក់ក្បាល។ ជ័ងស៊ូមួយរំពេចនោះចង់កម្ទេចកន្ទុយកញ្ជ្រោងនោះ ប៉ុន្តែស៊ីវលូរហ័សដៃដណ្ដើមយក អង្អែលលេងបណ្ដើរនិយាយបណ្ដើរ៖

«បិសាចកញ្ជ្រោងកន្ទុយប្រាំបួននោះស្អប់អ្នកម៉ែខ្ញុំខ្លាំងណាស់ មិនត្រឹមតែដោយសារតែ… មិត្តរបស់គាត់បានធ្វើឱ្យគេរបួសធ្ងន់ប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារតែអ្នកម៉ែបានសម្លាប់លោកពូទីប្រាំបួន។ គេនិងលោកពូទីប្រាំបួនគឺជាមិត្តសម្លាញ់ល្អ។ រាល់ពេលដែលគេនឹកនាលោកពូ គេនឹងជេរប្រមាថអ្នកម៉ែដោយពាក្យពេចន៍អសុរោះបំផុត។ ប៉ុន្តែអ្នកម៉ែបានស្លាប់ទៅហើយ ហេតុនេះគេបែរមកធ្វើទារុណកម្មខ្ញុំ។ គេចិញ្ចឹមខ្ញុំសាមសិបឆ្នាំ ធ្វើទារុណកម្មខ្ញុំសាមសិបឆ្នាំ។ នៅយប់មួយ គេនិយាយថា ប៉ុន្មានថ្ងៃទៀត ព្រះចន្ទពេញវង់ ដល់ពេលថ្ងៃនោះ គេនឹងស៊ីសាច់ខ្ញុំ។ គេច្រៀងអរបណ្ដើរផឹកស្រាបណ្ដើរ គេស្រវឹងស្ដូកភ្លេចចាក់សោរទ្វារទ្រុងដែក។ ក្រោយសាមសិបឆ្នាំរៀបផែនការរត់គេចខ្លួន ខ្ញុំដឹងពីវិធីដោះសោរទ្វារ។ ខ្ញុំលូនចេញដោយស្ងាត់ៗ លួចដាក់ថ្នាំក្នុងស្រារបស់គេ រួចក៏លូនចូលទៅក្នុងទ្រុងដោយស្ងាត់ៗ ចាក់សោរទ្វារវិញ។ គេមិនប្រទះឃើញអ្វីគួរឱ្យសង្ស័យ។ ថ្ងៃបន្ទាប់ ខ្ញុំចង់ញុះឱ្យគេផឹកស្រា ហេតុនេះខ្ញុំក៏មានចេតនានិយាយពីលោកពូទីប្រាំបួន។ គេវាយដំខ្ញុំមួយប្រាវ ហើយបន្ទាប់មកចាប់ផ្តើមផឹកស្រា។ ថ្នាំដែលខ្ញុំដាក់ក្នុងស្រារបស់គេគឺជាថ្នាំពុលដែលខ្ញុំបានលួចលាយផ្សំអស់ជាច្រើនឆ្នាំ ផ្សំចេញមកពីរបស់ចម្លែកៗរាប់មិនអស់ដែលគេយកឱ្យខ្ញុំហូប។ គេបានដួលចុះទៅលើដី ប្រែទៅជារូបរាងដើមវិញ។ នៅពេលខ្ញុំលូនចេញពីទ្រុង គេបើកភ្នែកធំៗសម្លក់ទាំងកំហឹងដាក់ខ្ញុំ។ ខ្ញុំដកកាំបិត កាត់កន្ទុយកញ្ជ្រោងរបស់គេម្តងមួយៗ ហើយលើកបង្ហាញឡើងនៅចំពោះមុខឱ្យគេមើល។ មាត់របស់គេពោរពេញដោយឈាម ប៉ុន្តែកែវភ្នែករបស់គេបង្ហាញពីភាពស្ងប់ស្ងាត់យ៉ាងចម្លែក ជាចុងក្រោយគេក៏បិទភ្នែកចុះទៅ។ ខ្ញុំអុចភ្លើង ដុតរូងល្អាងនោះចោល។»

ស៊ីវលូលើកកញ្ជ្រោងកន្ទុយប្រាំបួនឡើង គ្រវីទៅមកនៅចំពោះមុខ៖

«គេឃុំឃាំងខ្ញុំនៅក្នុងទ្រុង ធ្វើទារុណកម្ម និងធ្វើបាបញាំញីខ្ញុំអស់សាមសិបឆ្នាំ។ គេរំលាយចោលមហិទ្ធិឫទ្ធិទាំងអស់ដែលខ្ញុំខិតខំហាត់រៀនតាំងសីល៍នៅភ្នំអ៊ី ប្រែក្លាយខ្ញុំទៅជាជនពិការម្នាក់ ប៉ុន្តែគេក៏បានបង្រៀនខ្ញុំនូវរឿងជាច្រើនផងដែរ។ នៅក្នុងរូងល្អាងនោះ មានតែខ្ញុំនិងគេ ពេលអារម្មណ៍ល្អ គេបង្រៀនខ្ញុំពីវិជ្ជាសីល៍ប្រែរូបរាង។ គេយល់ពីការភ័យខ្លាចរបស់ខ្ញុំពេលមុខមាត់ផ្លាស់ប្ដូរឥតទៀង គេបានជូនខ្ញុំអំណោយកម្រមួយ កញ្ចក់ទិព្វធ្វើពីវិញ្ញាណសត្វទោចស៊ីងស៊ីង មានសមត្ថភាពកត់ត្រាអតីតកាល។ គេបានបង្រៀនខ្ញុំរីធីកត់ចំណាំមុខមាត់របស់ខ្ញុំនៅក្នុងកញ្ចក់ ហេតុនេះនៅថ្ងៃបន្ទាប់ បើសិនជាចង់ ខ្ញុំនៅតែអាចផ្លាស់ប្តូរមុខមាត់របស់ខ្ញុំពីថ្ងៃម្សិល។ បន្តិចម្ដងៗ ខ្ញុំបានរៀនចេះវិធីកត់ចំណាំមុខមាត់របស់ខ្លួនឯង។ ពេលខ្លះគេក៏នាំខ្ញុំចេញទៅក្រៅ បង្រៀនខ្ញុំពីវិធីបែងចែករវាងសត្វនិងរុក្ខជាតិ ប្រាប់ខ្ញុំថាគេធ្លាប់បានសម្លាប់បិសាចជាច្រើន ប្រាប់ខ្ញុំពីចំណុចខ្សោយរបស់ពួកបិសាចទាំងនោះ។ នៅទីបំផុត ខ្ញុំបានសម្លាប់គេ កាត់កន្ទុយប្រាំបីរបស់គេ។ គំនុំគុំកួនរវាងខ្ញុំនិងគេកាត់កងដាច់ស្រេច។ ហេតុនេះ… បងរក្សាទុកកន្ទុយមួយនេះចុះ។»

ស៊ីវលូហុចកន្ទុយកញ្ជ្រោងឱ្យទៅជ័ងស៊ូ៖

«កន្ទុយកញ្ជ្រោងកន្ទុយប្រាំបួនក៏ជាអាវុធទេពដូចស្លាបមយ៉ូរាដែរ។ ខ្ញុំមានសមត្ថភាពចម្លែកអាចប្រែរូបរាងហើយ ហេតុនេះវាគ្មានប្រយោជន៍សម្រាប់ខ្ញុំទៀតទេ។ បងរក្សាទុកចុះ ថ្ងៃក្រោយទុកវាហាត់សីល៍ បងនឹងហាត់ចេះវិជ្ជាសីល៍ប្រែរូបរាងនិងមើលធ្លុះរូបរាងប្រែកាឡាក្លែងក្លាយ។»

ជ័ងស៊ូក្ដៅក្រហាយគប់កន្ទុយកញ្ជ្រោងចោល៖

«បងមិនត្រូវការទេ!»

ស៊ីវលូដឹងថារង់ចាំជ័ងស៊ូបាត់ខឹងទើបអាចលួងលោមគេបាន។ នាងឱ្យសញ្ញាស៊ឺឈី ស៊ឺឈីរើសកន្ទុយកញ្ជ្រោងឡើងទុកដាក់។ ស៊ីវលូពោលទៅស៊ឺឈី៖

«យប់នោះ នៅផ្ទះសំណាក់ បងនិយាយថាចង់ឃើញរូបរាងពិតរបស់អូន ប៉ុន្តែអូនបដិសេធ។ ប៉ុន្តែមិនមែនមកពីអូនចង់បោះបង់ចោលបង ចង់កាត់ផ្តាច់ទំនាក់ទំនងជាមួយបងដើម្បីរត់គេចដោយសុវត្ថិភាព ប៉ុន្តែការពិតគឺអូនមិនអាចផ្លាស់ប្ដូរបាន។ រូបស្មូនកញ្ជ្រោងចំអកអូនពិតជាត្រឹមត្រូវណាស់ សូម្បីតែអូនផ្ទាល់ក៏មិនដឹងរូបរាងពិតរបស់ខ្លួនឯងផង ទើបរូបស្មូនកញ្ជ្រោងមិនអាចប្រែកាឡាចេញ។»

ជ័ងស៊ូខឹងច្រឡោតដាលដោយទាំងស៊ឺឈី មនុស្សដែលមានឈាមជ័រកញ្ជ្រោងកន្ទុយប្រាំបួន។ គេខឹងសម្បានិយាយថា៖

«គេនិយាយថាកញ្ជ្រោងកន្ទុយប្រាំបួនខ្លាំងពូកែប្រែរូបរាង តាមលោកគិតតើស៊ីវយ៉ាវមានជំងឺអ្វីទើបមិនអាចប្រែរូបរាងដើមវិញ?»

ស៊ឺឈីលួចគិតស្ងាត់ៗ ខ្លាចក្រែងតែមុខមាត់កាលពីតូចរបស់ស៊ីវយ៉ាវក៏ក្លែងក្លាយដែរ។ បើសិនជាតាំងពីកើតមកនាងពាក់មុខមាត់ក្លែងក្លាយស្រាប់ នោះគឺបញ្ជាក់ថាអធិរាជស៊ុនទីឬព្រះនាងសានយានប្រើវិជ្ជាសីល៍ខ្លាំងកំពូលឬប្រើអាវុធទេពណាមួយ ទើបអាចធ្វើឱ្យកូនក្មេងម្នាក់គ្មានមហិទ្ធិឫទ្ធិអ្វីក្នុងខ្លួនពាក់មុខមាត់ក្លែងក្លាយដោយគ្មានអ្នកណាប្រទះឃើញ។ ប៉ុន្តែហេតុអ្វីត្រូវធ្វើបែបនោះ? ប្រាកដជាមានអាថ៌កំបាំងអ្វីមួយនៅពីក្រោយរឿងទាំងនោះ។ ប្រហែលជាពួកគេត្រូវធ្វើបែបនោះដើម្បីការពារស៊ីវយ៉ាវ។

ស៊ឺឈីឆ្លើយតបយឺតៗ៖

«ខ្ញុំមិនច្បាស់ទេ ប្រហែលជាព្រះអង្គដឹង»

ជ័ងស៊ូព្រួយបារម្ភសួរស៊ីវលូ៖

«មើលមិនឃើញរូបរាងពិតរបស់អូន បងមានអារម្មណ៍ថាអូននៅតែកំពុងលាក់ពួននៅក្នុងសម្បកស្នូក បងខ្លាចពេលសម្បកស្នូកនោះត្រូវវាយកម្ទេច អូននឹងបាត់ខ្លួនទៅម្ដងទៀត»

ស៊ីវលូនិយាយលេងសើច៖

«បងចង់ឱ្យខ្ញុំមានមុខមាត់យ៉ាងណាឆាប់និយាយមក៎ ខ្ញុំនឹងប្រែឱ្យបងមើល។ បងចង់បានស្រីស្អាតយ៉ាងណានឹងបានស្រីស្អាតយ៉ាងហ្នឹង!»

ជ័ងស៊ូខឹងចិត្តពេក លើកកណ្ដាប់ដៃឡើង៖

«អូនចង់ស៊ីព្រនុងមែនទេ?»

ស៊ីវលូគ្រវីដៃ៖

«ឥឡូវនេះខ្ញុំវាយមិនឈ្នះបងទេ»

នាងសើចរីករាយងាកទៅអួតដាក់ស៊ឺឈី៖

«ប៉ុន្តែកាលពីតូចគាត់តែងតែវាយចាញ់អូន»

ឱ្យតែគិតពីមហិទ្ធិឫទ្ធិដែលខិតខំហាត់រៀនតាំងសីល៍អស់ជាច្រើនឆ្នាំរបស់ស៊ីវលូត្រូវបានរំលាយចោលទាំងស្រុង មិនត្រឹមតែប៉ុណ្ណោះ នាងត្រូវស៊ូទ្រាំនឹងការឈឺចាប់យ៉ាងខ្លាំងពីការកម្ចាយមហិទ្ធិឫទ្ធិចេញពីខ្លួនហើយថ្ងៃក្រោយមិនអាចហាត់ឡើងមកវិញ។ ការឈឺចាប់និងកំហឹងទាំងអស់ដែលទប់សង្កត់មុននេះបំបោលផ្ទុះឡើង ភ្លាមនោះមិនអាចនឹងនរតទៅទៀត គេក៏ស្ទុះក្រោកឡើង ដើរចេញយ៉ាងលឿនទៅបន្ទប់វិញ។

«បងទៅសម្រាកហើយ»

ស៊ីវលូសម្លឹងស្រមោលខ្នងរបស់គេ ពោលតិចៗថា៖

«កន្លងហួសហើយ គ្រប់យ៉ាងបានកន្លងហួសហើយ»

បន្ទាប់មកនាងក្រោកឈរឡើងប្រាប់ទៅស៊ឺឈីថា៖

«អូនក៏ចង់សម្រាកដែរ»

«អូនកុំបារម្ភ អូននឹងអាចស្វែករកមកវិញរូបរាងពិតរបស់អូន»

ស៊ីវលូញញឹម ប្រហែលជ័ងស៊ូនិងស៊ឺឈីសុទ្ធតែចង់ឃើញរូបរាងពិតរបស់នាង ប៉ុន្តែពួកគេមានដឹងទេថា អ្នកដែលស្រែកឃ្លានរឿងមួយនេះបំផុតគឺជារូបនាងឯណេះទេ?

I: Chapter 10

វគ្គ១០៖ ទុក្ខកង្វល់នេះអ្នកណាយល់?

អានានទៅកាន់ដំណាក់ហួរស៊ីងរកជ័ងស៊ូ ប៉ុន្តែគេមិននៅទីនោះ។

ឃើញស៊ីវលូកំពុងត្រាំដៃនៅក្នុងទឹកចរណៃថ្មឈីស៊ី អានានសម្រុកកម្រោលចូលទៅ គ្រវាសចានដែកជះចោល។

ស៊ីវលូផ្ងារខ្នងទៅក្រោយ ច្រត់ជើងលើតុ ភ្នែកមុតសម្លក់អានាន មាត់សើចឡកឡើយ ទឹកមុខក្អេងក្អាង។

អានានសម្លឹងមុខស៊ីវលូដូចចង់ស៊ីសាច់ទាំងរស់ នាងចង់មើលឱ្យច្បាស់ពីចុងជើងដល់កំពូលក្បាល ពីកំពូលក្បាលដល់ចុងជើងរបស់មនុស្សគម្រក់នេះ មានអ្វីគួរឱ្យចាប់អារម្មណ៍ទៅ។

កាលពីយប់មិញ នាងបានទូលថ្វាយទង្វើអាក្រក់ខិលខូចរបស់ជនពាលវិនស៊ីវលូទៅកាន់ព្រះបិតារបស់នាង តែព្រះបិតាបែរជាមានបន្ទូលថា ស៊ីវលូគ្មានចេតនាធ្វើបាបនាងទេ ហើយថែមទាំងផ្ដាំនាងកុំឱ្យទៅបង្ករឿងជាមួយគេទៀត។ នាងតូចចិត្តជាខ្លាំង យំទ្រេតទ្រត យករឿងទាំងមូលដែលស៊ីវលូលូកលាន់នាងទូលថ្វាយព្រះបិតា ជឿជាក់ថាទ្រង់នឹងខឹងក្រោធពាសមេឃ។ មិននឹកស្មានថា ព្រះបិតាមិនត្រឹមតែមិនខ្ញាល់ទេ ថែមទាំងញញឹមយ៉ាងចម្លែក។ ព្រះបិតាលួងលោមនាងថា៖

«រង់ចាំប៉ុន្មានថ្ងៃទៀត បិតានឹងប្រកាសក្រោមមេឃរឿងដ៏ធំមួយ បុត្រនឹងលែងគ្រាំគ្រាចិត្តលើរឿងនេះទៀត!»

ពាក្យបន្ទូលរបស់ព្រះបិតានៅតែបន្លឺវិលវល់ក្នុងខួរក្បាលនាង ប៉ុន្មានថ្ងៃទៀតនាងនឹងលែងគ្រាំគ្រាចិត្តទៀត? នារីម្នាក់មិនគ្រាំគ្រាចិត្តពេលត្រូវបុរសម្នាក់លូកលាន់? រឿងនោះអាចកើតឡើងលុះត្រាតែបុរសនោះ…បុរសនោះក្លាយជាប្តីរបស់នាង។

អានានចង់តែផ្ទុះឆ្កួតឡើង! នាងលួងចិត្តខ្លួនឯងថារឿងនោះមិនអាចទេ មិនអាចកើតឡើងជាដាច់ខាត! ប៉ុន្តែ…បុគ្គលនោះគឺព្រះបិតា! ព្រះបិតារបស់នាងមិនប្រកាន់ដើមកំណើតឬវង្សត្រកូល ទ្រង់ដាក់ចិត្តដាក់កាយយកអាសារមិនថាជាអ្នកក្រីក្រនិងពួកព្រាយបិសាចថ្នាក់ទាប ព្រះបិតារបស់នាងគឺជាស្តេចដ៏ពិសេសមួយអង្គ។ ចាប់តាំងពីថ្ងៃទ្រង់ឡើងសោយរាជ្យរហូតមកទល់ពេលនេះ ទ្រង់មិនធ្លាប់តែងតាំងម្ចាស់ក្សត្រីមួយអង្គណាឡើយ នាងឮសូរថា ឆ្នាំនោះទ្រង់ស្ទើរតែតតាំងនឹងរាជការទាំងមូល ដាច់អហង្ការមិនជ្រើសរើសព្រះជាយាចេញពីកុលសម្ព័ន្ធកៅស៊ីងធំទាំងបួនដូចស្ដេចអង្គមុនៗដទៃទៀត ប៉ុន្តែបែរជាជ្រើសរើសនារីជនបទក្រីក្រម្នាក់ ដែលជាម្ដាយរបស់នាង ចូលវាំងតែងតាំងជាព្រះជាយា។ ហេតុនេះ ឥឡូវនេះទំនងជាព្រះបិតានឹងលើកនាងរៀបការជាមួយមនុស្សសាមញ្ញថ្នាក់ទាបម្នាក់។

ក្រោយពេលគិតអស់មួយយប់ នាងប្រញាប់ប្រញាល់មករកជ័ងស៊ូ ចង់សុំគេជួយរកមធ្យោបាយឱ្យនាង ប៉ុន្តែបែរជាមកប៉ះមុខគ្នាជាមួយស៊ីវលូនៅទីនេះ។

គេស្នាក់នៅដំណាក់ហួរស៊ីងតាំងពីពេលណា? ហេតុអ្វីនាងមិនដឹងអ្វីសោះ? ហេតុអ្វីជ័ងស៊ូអនុញ្ញាតឱ្យមនុស្សដូចជាស៊ីវលូស្នាក់នៅជាមួយគាត់? ឬមួយគាត់បានដឹងពីគោលបំណងរបស់ព្រះបិតាហើយ? អ៊ីចឹងគឺច្បាស់ហើយ! គាត់តាំងពីដើមមកតែងតែគោរពស្រលាញ់និងស្តាប់បង្គាប់ព្រះបិតាបំផុត បើព្រះបិតាចង់ធ្វើបែបនេះ… គាត់ប្រាកដជាគាំទ្រ។ អានានសម្លឹងមុខស៊ីវលូមិនដាក់ ទឹកមុខប្រែប្រួលចុះឡើង ពេលខ្លះនាងខាំសង្គ្រឺតធ្មេញទាំងកំហឹង ពេលខ្លះនាងអារម្មណ៍ក្ដុកក្ដួល ចង់តែយំ។ ស៊ីវលូផ្អៀងក្បាលមើលទៅនាង ងឿងឆ្ងល់មិនដាច់ ស្រីច្រម៉ក់នេះថ្ងៃនេះកើតស្អីហ្នឹង?…

ស៊ីវលូគ្រវីដៃនៅមុខអានាន៖

«អេ៎… នាងមិនអីទេហ្អេស?

អានានក្ដាប់កណ្ដាប់ដៃណែន ស្រែកគំហក៖

«យើងអីយ៉ាងម៉េច!»

ស៊ីវលូក្រឡេកមើលទៅកណ្ដាប់ដៃអានាន៖

«កុំប្រើដៃប្រើជើងណា៎ នាងហ៊ានចេញដៃ ខ្ញុំតដៃវិញហើយ!»

អានានខឹងពុះឈាម ដើរទៅដើរមកនៅក្នុងទីធ្លា ខួរក្បាលរិះគិត តើគួរវាយស៊ីវលូឱ្យស្លាប់ឥឡូវនេះទេ? នៅជុំវិញសុទ្ធតែអ្នកបម្រើ ហើយនៅមានបុរសចម្លែកម្នាក់នោះលាក់ខ្លួនលិបលនៅពីក្រោយបង្អួច។ ព្រះបិតានិងជ័ងស៊ូឆ្លាតវៃ ពួកគេប្រាកដជាមិនផ្តល់ឱកាសឱ្យនាងចេញដៃនៅទីនេះ។

អានានអង្គុយសម្ងែងឫកនៅមុខស៊ីវលូ ដំឡើងសំឡេង៖

«ឯងស្ដាប់ឱ្យច្បាស់! យើងមិនព្រមរៀបការជាមួយឯងទេ! បើឯងរៀបការជាមួយយើង ថ្ងៃណាក៏យើងវាយដំច្រំធាក់ឯងដែរ! យើងមិនទុកឱ្យឯងរស់ស្រួលទេ! មុននិងក្រោយយើងនឹងវាយឯងបែកខ្ញែកសាកសព!»

ស៊ីវលូមុខឆ្ងល់៖

«ខ្ញុំថាចង់រៀបការជាមួយនាងពីអង្កាល់?»

អានានមុខស្លឺ៖

«មែនទេ?»

«មែន!»

«តែយើងជាព្រះនាង!»

«មកពីនាងជាព្រះនាងហ្នឹងហើយទើបខ្ញុំមិនត្រូវការ!»

អានានមិនយល់ពីស៊ីវលូ ឱ្យតែគេមិនរៀបការជាមួយនាងគឺប្រសើរហើយ។

«បើអ៊ីចឹង ឯងត្រូវសម្ដែងធ្វើខ្លួនជាមនុស្សចោលម្សៀត ល្មោភទ្រព្យធន អត់បានការ ធ្វើឱ្យព្រះបិតាមើលងាយឯង ស្អប់ខ្ពើមឯង។ បើឯងព្រមធ្វើបែបហ្នឹងនោះ យើងនឹងលើកលែងទោសឱ្យឯង ថ្ងៃក្រោយឈប់រករឿងឯងទៀត!»

ស៊ីវលូញញឹម៖

«បាន! ខ្ញុំសន្យាថាមិនឱ្យព្រះបិតានាងចាប់នាងរៀបការទេ»

«ឯងស្បថទៅ!»

ស៊ីវលូមិនស្ទាក់ស្ទើរ លើកដៃឡើង ស្បថប្រាកដ៖

«ខ្ញុំស្បថ ដាច់ខាតមិនឱ្យព្រះអង្គចាប់នាងរៀបការជាមួយខ្ញុំទេ បើពុំនោះទេ ខ្ញុំនឹងត្រូវរន្ទះផ្ដន្ទា!»

លុះពេលនេះទើបអានានទុកចិត្តពេញទី នាងក្រឡេកមើលជុំវិញ ឃើញគ្មានមនុស្សឈរជិត អានានឱនខ្សឹបដាក់ត្រចៀកស៊ីវលូ

«ប៉ុន្មានថ្ងៃទៀត ពិធីប្រកួតទេពកោសល្យរដូវស្លឹកឈើជ្រុះប្រចាំឆ្នាំដែលរៀបចំឡើងដោយស៊ីវជូយ៉ុង នឹងក្លាយជាឱកាសសម្រាប់បុរសនារីវ័យក្មេងក្រោមមេឃនេះចូលរួមការប្រកួត បញ្ចេញសមត្ថភាព ចែករំលែកការរៀនសូត្រ និងជ្រើសរើសទេពកោសល្យជនជើងឯកចុងក្រោយ។ នៅពេលនោះ សម្ព័ន្ធគ្រួសារធំៗទូទាំងតាហ័ងទាំងមូលនឹងប្រមូលផ្តុំគ្នា ព្រះបិតាឱ្យតម្លៃឯង ទ្រង់នឹងបញ្ជូនឯងទៅ ឱ្យឯងមានឱកាសរៀនសូត្រនិងបង្កើតមិត្ត។ ដល់ថ្ងៃនោះខ្ញុំនឹងរួមដំណើរទៅជាមួយឯង សហការគ្នាជាមួយឯង សម្ដែងល្ខោនធ្វើឱ្យព្រះបិតាខកចិត្តនឹងឯង។»

[តាហ័ង: វាលរហោឋានលោកិយ វាលខ្សាច់លឿងកកើតឡើងក្រោមមេឃដំបូង។]

ស៊ីវលូភ្ញាក់ផ្អើលយ៉ាងខ្លាំង អានានពិតចំជាកូនស្រីរបស់អធិរាជស៊ុនទីមែន! នាងមើលទៅក្មេងខ្ចីនិងចិត្តក្ដៅ ប៉ុន្តែហាក់បីអ្វីដែលនាងបានឃើញបានឮតាំងពីតូចដល់ធំបណ្ដុះគំនិតរបស់អានានឆ្លាតវៃចំពោះស្ថានការណ៍នៅតាហ័ង។

នាងដឹងថា មនុស្សដែលឧទ្ទេសនាមបញ្ជូនទៅចូលរួមការប្រកួត សុទ្ធតែជាមនុស្សសំខាន់ៗនៅក្នុងសម្ព័ន្ធគ្រួសារធំៗមកពីគ្រប់ទិសទី ទំនងជានឹងក្លាយជាអនាគតម្ចាស់មេសម្ព័ន្ធថ្មី។ បើបង្កជម្លោះធ្វើឱ្យពួកគេអាក់អន់ចិត្ត មិនថាមានទេពកោសល្យប៉ុនណា អនាគតទៅពិបាកសាងសមិទ្ធផល ហើយពិតណាស់អធិរាជស៊ុនទីនឹងមិនប្រគល់តួនាទីសំខាន់ៗដល់មនុស្សធុនហ្នឹងឡើយ។ អានានមិនចង់ប្រឆាំងផ្ទាល់នៅចំពោះមុខអធិរាជស៊ុនទី សម្បកក្រៅធ្វើជាទន់ភ្លន់ ស្ដាប់បង្គាប់ ប៉ុន្តែនៅពីក្រោយខ្នង រៀបចំផែនការយ៉ាងល្អឥតខ្ចោះ។

ស៊ីវលូងក់ក្បាលផ្ងក់ៗមើលធ្ងន់អានាន៖

«នាងឆ្លាតណាស់ ទាស់តែមិនធ្លាប់ហែលឆ្លង ទាល់តែហែលឆ្លងខ្លះទើបអាចក្លាយជាជនមានសមត្ថភាព!»

ប៉ុន្តែអានានចាំបាច់អីដណ្ដើមអំណាច ចាំបាច់អីប្រកួតប្រជែងជីវិត នាងក្លាយជាជនមានសមត្ថភាពធ្វើអី! ស៊ីវលូគ្រវីក្បាលសើចដាក់ខ្លួនឯង។

អានានប្រុងប្រយ័ត្នសម្លឹងមុខស៊ីវលូ៖

«ហាមលង់ស្រលាញ់យើងឱ្យសោះ!»

«គ្មានថ្ងៃ!»

អានាន ហ៊ឹស មួយម៉ាត់៖

«សម្រេចធ្លុងមួយអ៊ីចឹងចុះ! បើព្រះបិតាមិនឧទ្ទេសនាមឯងទៅទេ យើងនឹងជួយនិយាយជួសឯង តែឯងត្រូវតែរក្សាសម្ដី!»

តាំងពីដើមរហូតមកទល់ពេលនេះ ស៊ឺឈីលាក់ខ្លួននៅពីក្រោយបង្អួចចៀសមុខពីអានាន ឃើញនាងទៅបាត់ ទើបគេឈានដើរចេញមក សួរទៅស៊ីវលូ៖

«អូនចង់ទៅចូលរួមការប្រកួតនោះ?»

នាងងក់ក្បាល៖

«ជ័ងស៊ូប្រាកដជាទៅចូលរួមកម្សាន្ត អូនចង់ទៅលេងជាមួយគាត់មួយជើង។ ថ្ងៃក្រោយទៅ ក្រោយពេលបិតាប្រកាសក្រោមមេឃពីឋានៈរបស់អូន អ្វីៗនឹងខុសពីមុន ឆ្លៀតពេលនៅមានសេរីភាព អូនចង់ទៅដើរលេងឱ្យអស់ចិត្ត!»

«មនោសញ្ចេតនារវាងអូននិងជ័ងស៊ូជ្រាលជ្រៅណាស់?»

«អូនមិនដែលគិតវាស់ស្ទង់មនោសញ្ចេតនារបស់អូនចំពោះគាត់ឡើយ។ កាលពីតូច លេងជាមួយគាត់ វាយគ្នាជាមួយគាត់ ពេលរីករាយហៅបងប្រុស ពេលខឹងក៏ហៅកំបុតៗ។ ពីរនាក់បងប្អូនប្រលែងលេងជាមួយគ្នា ហូបបាយជាមួយគ្នា ដេកជាមួយគ្នា។ ឃើញគាត់ត្រូវរបួស អូនប៉ងអូនអាចឈឺជំនួសគាត់ ឃើញគាត់ត្រូវអ្នកដទៃមើលងាយ អូនពិបាកចិត្តមិនចាញ់គាត់។ ប៉ុន្មានឆ្នាំកន្លងមកនេះ គាត់ទទួលរងការលំបាកនិងកម្សត់វេទនាខ្លាំងណាស់។ ឪពុកម្តាយគាត់ឆាប់ស្លាប់ លោកយាយស្លាប់ អ្នកម៉ែអូនទទួលគាត់ចិញ្ចឹមបីបាច់ ក្រោយមកអ្នកម៉ែអូនពលីជីវិត គាត់ក៏ក្លាយជាក្មេងកំព្រា ឯកាតែម្នាក់ឯង។ កាលគាត់នៅតូច គាត់ត្រូវពួកលោកពូបណ្ដេញទៅនគរកៅស៊ីង។ នគរសានយាន ជាស្រុកកំណើតរបស់គាត់ ប៉ុន្តែនៅទីនោះគាត់គ្មានកន្លែងឈោងតោង។ ដ្បិតនៅកៅស៊ីងគោរពចាត់ទុកគាត់ជាព្រះបុត្រាម្នាក់ ប៉ុន្តែតាមពិតគាត់គ្រាន់តែជាអ្នកសុំអាស្រ័យជ្រកកោន សូម្បីតែអ្នកបម្រើក្នុងវាំងក៏មើលងាយគាត់ដែរ គិតថាគាត់ស្នាក់នៅទទេហូបចុកទទេ រស់នៅពឹងផ្អែកអធិរាជស៊ុនទី។ អូននិងគាត់បែកគ្នាជាច្រើនឆ្នាំ ហេតុនេះអូនមិនដឹងថាគាត់បានឆ្លងកាត់រឿងរ៉ាវអ្វីខ្លះ អូនចង់ឆ្លៀតឱកាសនេះ នៅក្បែរគាត់ឱ្យបានច្រើន។»

«អូនស្ម័គ្រចិត្តនៅទីនេះជាមួយពួកគេ?»

«អូនស្ម័គ្រចិត្តចួបជុំជាមួយពួកគាត់វិញ តែអូនទម្លាប់រស់នៅជីវិតសេរីភាពស្ងប់សុខ មិនចាប់អារម្មណ៍ឋានៈជាព្រះនាងកៅស៊ីង។ ប៉ុន្តែសូម្បីស្រីច្រម៉ក់ក្មេងខ្ចីដូចជាអានាន ក៏យល់ច្បាស់ពីចរិតព្រះបិតា ព្រះអយ្យកោ និងជ័ងស៊ូ យល់ច្បាស់ថាប្រឆាំងនឹងពួកគាត់មានតែជួញទុក្ខដាក់ខ្លួនប៉ុណ្ណោះ!»

ស៊ីវលូដកដង្ហើមធំ៖

«ជាការប្រសើរបើអូនមិនបង្ហាញខ្លួននោះអ្វីៗនឹងខុសផ្សេងពីនេះ។ ប៉ុន្តែឥឡូវនេះ ពួកគាត់ប្រាកដជាមិនអនុញ្ញាតឱ្យអូនវិលទៅធ្វើជាវិនស៊ីវលូវិញ។ ពីមុនអូនរិះរកគ្រប់វិធីគេចពួនព្រោះពួកគាត់ធ្វើឱ្យអូនឈឺចិត្ត អូនមិនចង់ចួបពួកគាត់វិញទេ តែនៅមានមូលហេតុមួយទៀត អូនដឹងខ្លួនច្បាស់ថា ខណៈពេលដែលអូនឈានជើងចូលវិមាននេះ អូននឹងគ្មានឱកាសចាកចេញពីទីនេះទៀតឡើយ!»

ស៊ឺឈីនៅស្ងៀមស្ងាត់សម្លឹងស៊ីវលូ បន្លឺសំឡេងស្រទន់៖

«មនុស្សម្នាក់ៗគ្មានសិទ្ធិរើសកំណើតខ្លួនឯង ទោះមិនចង់យ៉ាងណា ក៏ត្រូវរៀនទទួលយក!»

ស៊ីវលូញញឹមកម្សត់៖

«បងស្មុគស្មាញ អូនក៏ស្មុគស្មាញ មិនដឹងថាដប់ប្រាំឆ្នាំក្រោយនឹងទៅជាយ៉ាងណា?»

ស៊ឺឈីរីកស្នាមញញឹមដូចផ្កា កក់ដ្ដៅពោលថា៖

«បេះដូងនេះដូចជាព្រះចន្ទរះភ្លឺ អាកាសមេឃប្រែប្រួលឥតព្រៀង ត្រឹមជាពពកខ្មៅមិនយូរបិទបាំងពន្លឺព្រះចន្ទ ទីបំផុតពពកខ្មៅគង់រសាត់ ព្រះចន្ទនឹងរះភ្លឺឡើងវិញ»

ស៊ីវលូញញឹមអៀន ចង្អុលដៃត្រង់បេះដូងខ្លួនឯង លេងផងមែនផង៖

«អាណិតដល់បេះដូងអូនចំបែងងងឹត បើបេះដូងបងជាព្រះចន្ទពេញវង់ សូមរះបំភ្លឺដល់បេះដូងអូន»

ជ័ងស៊ូនៅសុខៗនោះបង្ហាញខ្លួនឡើង៖

«កំពុងនិយាយអ្វីហ្នឹង? បងឮថាអានានទើបតែមកទីនេះ នាងមានធ្វើឱ្យអូនពិបាកទេ?»

ស៊ីវលូញញឹមលាក់កំណួច៖

«អត់ទេ ខ្ញុំនិងនាងនិយាយគ្នារីករាយណាស់»

ជ័ងស៊ូពោលរអៀសចិត្ត៖

«លោកគ្រូបានផ្ញើសារជូនដំណឹងទៅកាន់ព្រះអយ្យកោនិងព្រះម៉ែ។ អូនក៏ដឹងដែរ សាវតារបស់អូនគឺពិសេសណាស់ ត្រូវរង់ចាំលោកគ្រូពិភាក្សានិងសម្រេចជាឯកច្ឆន្ទជាមួយព្រះអយ្យកោ ហើយសុំការអនុញ្ញាតពីព្រះម៉ែចប់សព្វ ទើបអាចប្រកាសក្រោមមេឃទាំងមូល។ ហេតុនេះហើយ លោកគ្រូនិងបងសម្រេចចិត្តជាបណ្ដោះអាសន្នលាក់ការសម្ងាត់ពីសាវតារបស់អូនសិន។»

ស៊ីវលូភ្ញាក់ផ្អើល លាន់មាត់ថា៖

«សុំការអនុញ្ញាតពីយាយចាស់ព្រះម៉ែពិបាកផ្គាប់ចិត្តនោះហ្អេស? នៅមានអាល្អិតលួកយ៉ាងដ៏អាក្រក់និងអាយៀកដ៏ល្ងង់នោះទៀត! លួកយ៉ាងនឹងសម្លាប់ខ្ញុំមិនខាន!»

ជ័ងស៊ូទម្លាក់ទឹកមុខ៖

«មិនឱ្យនិយាយផ្ដាសទេ! សូម្បីព្រះអយ្យកោក៏ត្រូវគោរពព្រះម៉ែ! ម្យ៉ាងទៀត អាយៀកបានតាំងសីល៍ប្រែជាមនុស្ស មានឈ្មោះថ្មីហៅថា យៀកជុង។ នៅពេលចួបពួកគេ អូនត្រូវតែគួរសមបន្តិច!»

ស៊ីវលូនឹករឭកពេលវេលារស់នៅលើភ្នំអ៊ី។ លួកយ៉ាង គឺជាចាបស អម្បូរបក្សីដ៏ស្អាត មានរូបរាងដូចមយ៉ូរា នៅពេលប្រែជាមនុស្ស មានរូបរាងក្មេងប្រុសតូចទាបប្រហែលអាយុដប់ឆ្នាំ។ ហេតុនេះ លួកយ៉ាងមិនចូលចិត្តប្រែជាមនុស្សទេ មុខស្អុយចិត្តអាក្រក់។ រាល់ពេលដែលនាងខ្ជិលហាត់រៀន គេតែងតែប្រើចំពុះចឹកក្បាលនាងឥតប្រណី ដេញចឹកនាងជុំវិញព្រៃផ្កាអង្គាសីល៍ដ៏ធំល្វឹងល្វើយ។ អាយៀក គឺជាសត្វខ្លាត្រី អម្បូរកញ្ជ្រោង កាលនោះគេនៅមិនទាន់ប្រែជាមនុស្សតែរវៀសរវៃ ស្លូតបូតចិត្តល្អ។ រាល់ពេលដែលលួកយ៉ាងចង់ចឹកនាង អាយៀកនឹងកាន់ជើងនាង ការពារនាងជានិច្ច។

ច្រើនឆ្នាំកន្លងទៅ មិននឹកស្មានថាអាយៀកអាចប្រែជាមនុស្ស រីឯលួកយ៉ាង មិនដឹងថាមានធំខ្ពស់ជាងមុនឬអត់…

កាលនោះនាងនៅតូច ខ្វះគំនិតយល់ដឹង ហេតុនេះតែងតែយល់ថា ព្រះម៉ែនិងលួកយ៉ាងជាមនុស្សអាក្រក់។ ប៉ុន្តែក្រោយមក នៅពេលនាងត្រូវពឹងផ្អែកលើខ្លួនឯងគេចពីសេចក្តីស្លាប់ម្តងហើយម្តងទៀត ទើបនាងបានយល់ពួកគេធ្វើបែបនេះក៏ព្រោះតែចង់ឱ្យនាងល្អ។ នៅពេលវង្វេងតែលតោលគ្រប់ទីកន្លែង មិនមែននាងមិនធ្លាប់គិតចង់វិលត្រលប់ទៅវិញទេ នាងដឹងថា ពួកគេនឹងមិនស្អប់ខ្ពើមនាងឡើយ មិនថានាងក្លាយជាកូនបិសាចមុខមាត់ផ្លាស់ប្ដូរឥតទៀងក៏ដោយ។

ប៉ុន្តែនៅពេលដែលនាងមានភាពក្លាហាន តាំងចិត្តគ្រប់គ្រាន់ចង់វិលត្រលប់ទៅវិញ នាងក៏ត្រូវបិសាចចាប់ឃុំនៅក្នុងទ្រុង ធ្វើទារុណកម្ម វាយធ្វើបាបអស់សាមសិបឆ្នាំ មហិទ្ធិឫទ្ធិរលាយអស់ នាងយល់ច្បាស់ថានាងមិនអាចវិលត្រលប់ទៅវិញបានទៀតឡើយ ហេតុនេះនាងសម្រេចចិត្តបន្តដើរផ្សងព្រេងទៅមុខ។

[អាយៀកនិងលួកយ៉ាងគឺជាមិត្តល្អរបស់អាស៊ីង ដែលជាម្ដាយរបស់ស៊ីវយ៉ាវ អាយៀកជាយានជំនិះ លួកយ៉ាងជាចាបនាំសំបុត្រស្នេហា។]

ស៊ីវលូនឹកឆ្ងល់សួរ៖

«លួកយ៉ាងនិងយៀកជុងនឹងមកទីនេះទេ?»

«បើព្រះម៉ែឱ្យពួកគេដឹង ពួកគេប្រាកដជាមកភ្លាម?»

ស៊ីវលូដកដង្ហើមធំ៖

«ឃ្លាតឆ្ងាយយូរយ៉ាងនេះ ថ្ងៃចួបវិញអរផងភ័យផង»

ជ័ងស៊ូខោកនាងមួយក្រញ៉រដៃ៖

«ម៉េចនៅសុខៗប្រែជាម្ញ៉ិកម្ញ៉ក់ ងាយទឹកភ្នែកម៉្លេះ? លោកគ្រូមានបន្ទូលថាយប់នេះនឹងហូបអាហារពេលយប់ជាមួយពួកយើង បង… បានទូលថ្វាយទ្រង់រឿងរបស់អូនហើយ។»

ស៊ីវលូឱនក្បាលចុះបាត់សំឡេង។

នៅពេលយប់ អធិរាជស៊ុនទីយាងទៅកាន់ដំណាក់ហួរស៊ីងសោយក្រយាជាមួយស៊ីវលូ ជ័ងស៊ូ និងស៊ឺឈី។

លើកនេះ ស៊ីវលូសម្ដែងអាកប្បកិរិយាត្រឹមត្រូវ។ ប៉ុន្តែកាលពីមុន នាងជាម្ចាស់ដំណាក់ហៃអើ គ្មានសណ្ដាប់ធ្នាប់អ្វីទាំងអស់។ ជាងពីររយឆ្នាំកន្លងទៅ នាងបានភ្លេចច្បាប់វិន័យទាំងអស់នៅក្នុងវាំងដែលនាងធ្លាប់រៀន។ ហេតុនេះ កាយវិការនីមួយៗរបស់នាងពេលនេះពិតជាឆ្គាំឆ្គងខ្លាំងណាស់។

ស៊ឺឈីនៅក្បែរនាងជានិច្ច ឱនខ្សឹបរំឮកប្រាប់នាងថ្នមៗ។ ជ័ងស៊ូគិតតែឱបដៃអង្គុយមើល លួចសើចម្តងម្កាល សើចចំអកស៊ីវលូ។

ស៊ីវលូតឹងទ្រូង៖

«បងមិនខុសកាលពីតូចទេ បងប្រុសមហាអាក្រក់!»

ខ្សែភ្នែកជ័ងស៊ូរាបស្មើ ស្នាមញញឹមដិតបបូរមាត់ថា៖

«បើមិនធ្វើបាបអូន ឱ្យធ្វើបាបអ្នកណា?»

អធិរាជស៊ុនញញឹមស្លូតបូត បន្លឺបន្ទូលថា៖

«ណ្ហើយចុះ រាល់ថ្ងៃបុត្រហូបចុកយ៉ាងណាក៏ឥឡូវយ៉ាងហ្នឹងចុះ!»

ស៊ីវលូញញឹមភ្នែកពភ្លឹម៖

«បិតាពេលណាក៏ស្រលាញ់បុត្រជាងគេ!»

និយាយចប់ កោងខ្នងចុះ មូរចុងដៃ ចាប់ផ្ដើមធ្វើកិច្ច។ ហូបអាហាររួច អធិរាជស៊ុនទីមានបន្ទូលទៅស៊ីវលូ៖

«ព្រះចន្ទយប់នេះស្អាត បុត្រកំដរបិតាដើរបន្តិចមក៎!»

«ព្រះពរ!»

ស៊ីវលូដើរតាមអធិរាជស៊ុនទីចេញទៅក្រៅ ទៅកាន់សួនច្បារអ៊ីឈិនយៀន។

នៅក្នុងសួនច្បារអ៊ីឈិនយៀនមានរបស់ច្រើនបី៖ ទឹកច្រើន ផ្កាកម្រច្រើន និងសត្វកម្រច្រើន។ ឮថាទីនេះគឺជាកន្លែងដែលអតីតអធិរាជស៊ុនទីតែងតែយាងមកលម្ហែកាយ។ ស៊ីវលូនៅចាំថា កាលពីតូច ម្ដាយរបស់នាងតែងតែនាំនាងមកលេងនៅទីនេះ។ ពេលខ្លះ ម្តាយនិងកូនទាំងពីរនាក់នៅក្នុងសួនច្បារនេះពេញមួយថ្ងៃ។

អ្នកម៉ែអានសៀវភៅ នាងលេងនៅក្នុងទឹកឬរត់លេង វាយតប់គ្នាជាមួយសត្វស្លាបនៅទីនេះ។ វិមានស៊ឺអ៊ីងធំទូលាយ មានកន្លែងជាច្រើននាងមិនធ្លាប់ទៅ នាងស្គាល់តែពីរកន្លែងប៉ុណ្ណោះ គឺដំណាក់ស៊ឺស៊ីង ដែលជាដំណាក់គង់នៅរបស់ម្តាយនាង និងសួនច្បារអ៊ីឈិនយៀន។

តាំងពីវិលមកវិមានស៊ឺអ៊ីងវិញ ស៊ីវលូដើរលម្ហែជាញឹកញាប់ទៅក្រៅខ្លោងទ្វារអ៊ីឈិនយៀន ប៉ុន្តែមិនដែលចូលទៅខាងក្នុងម្តងណាឡើយ។ វិមានស៊ឺអ៊ីងបានផ្លាស់ប្តូរម្ចាស់ថ្មីជាយូរ នាងខ្លាចប្រឈមមុខនឹងការផ្លាស់ប្តូរ ធ្វើឱ្យនាងមានអារម្មណ៍ដូចជាអនុស្សាវរីយ៍ចាស់មិនស្ថិតស្ថេរ។

ស៊ីវលូកំដរឪពុកដើរលម្ហែលេងនៅក្នុងសួនច្បារ ច្រមុះនាងឆួលៗ កន្ទុយភ្នែកនាងសើម។ អ្វីៗគ្រប់យ៉ាងនៅតែដូចមុន នាងមានអារម្មណ៍ថានាងទើបតែមកលេងកាលពីម្សិលមិញ។ នៅពេលដើរកាត់សាលាឆទានដែលមានស្ពានសងខាង ភ្លាមនោះស៊ីវលូរត់រ៉ុយចូលទៅក្នុង ឈមចុះក្បែរសសរសាលាឆទានឆែករកមើល។ នៅលើសសរមានរូបគំនូរគ្រវេមគ្រវាមកុកសមួយគូ។ ស៊ីវលូរំជួលចិត្តលាន់មាត់ថា៖

«បិតា! រូបដែលបុត្រគូរនៅទីនេះនៅឡើយ! គំនូសនេះក៏អ៊ីចឹងដែរ នៅមាននៅឡើយ!»

នៅលើសសរមានគំនូសឆ្កូតបី។ នោះជាស្នាមឆូតដោយផ្ទាល់ដៃអធិរាជស៊ុនទីកាលពីមុន នៅពេលដែលទ្រង់ឆូតវាស់កម្ពស់កូនស្រីរបស់ទ្រង់។ កាលនោះ ស៊ីវលូជឿជាក់ថា នាងនឹងធំខ្ពស់ជាងមុន ធំខ្ពស់រហូត ធំខ្ពស់រហូតខ្ពស់ជាងព្រះបិតារបស់នាង ធំខ្ពស់រហូតផុតដៃចង្អុលរបស់ទ្រង់ ធំខ្ពស់រហូតដល់ទ្រង់មិនអាចឈោងដៃឆូតវាស់កម្ពស់របស់នាងនៅលើសសរនេះបានទៀត។

សាលាឆទាននេះត្រូវបានជួសជុលជាច្រើនលើកច្រើនសារមកហើយ ប៉ុន្តែអនុស្សាវរីយ៍របស់ឪពុកនិងកូនស្រីទាំងពីរកាលពីមុននៅតែរក្សាទុកដូចដើម។

អធិរាជស៊ុនអង្គុយចុះនៅក្បែរសសរ ញញឹមសម្លឹងមើលរូបគំនូរ៖

«នេះគឺជាស្នាដៃដែលបុត្រដាក់ចិត្តគូរ បុត្របានសុំឱ្យបិតារក្សាវា! ហើយបុត្រនៅនិយាយថា នឹងខិតខំរៀនដេរប៉ាក់ ប៉ាក់កន្សែងដៃរូបកុកសមួយគូជូនបិតានោះអី!»

ស៊ីវលូក្រសោបឱបដើមដៃរបស់ឪពុក។ ដ្បិតឪពុកនិងកូនស្រីបានទទួលស្គាល់គ្នាវិញ ក៏នាងនៅតែមិនមានអារម្មណ៍ថាបានវិលមកផ្ទះវិញដែរ។ លុះទាល់តែខណៈពេលនេះ ទើបនាងមានអារម្មណ៍កក់ក្តៅនោះ។

ទឹកភ្នែកនាងស្រក់ហូរ អធិរាជស៊ុនទីឈ្លីៗខ្នងឱបកូនស្រី ទុកឱ្យនាងយំសោកឱ្យអស់ចិត្ត ទុកឱ្យគ្រប់ទុក្ខលំបាក កម្សត់វេទនា និងភាពជូរចត់នៃជីវិតវង្វេងតែលតោលគ្រប់ទីកន្លែងតាមទាំងទឹកភ្នែករំសាយចេញមកឱ្យអស់។

ស៊ីវលូយំរហូត ទឹកភ្នែកបីរយឆ្នាំចេះតែកើនហូរឥតឈប់ឈរ យំច្រើនរហូតធ្វើឱ្យនាងមានអារម្មណ៍ខ្មាសអៀន មួយសន្ទុះធំក្រោយមក នាងយំប្រាប់ឪពុកថា៖

«ជាធម្មតាបុត្រមិនមែនងាយទឹកភ្នែកអ៊ីចឹងទេ!»

«កុំខ្មាស អ្នកដែលគួរខ្មាសគឺបិតា! ទឹកភ្នែករបស់កូនស្រី គឺជាទំនួលខ្វះការទទួលខុសត្រូវរបស់ឪពុក!»

ទឹកភ្នែកនាងបន្តហូរដូចជាភ្លៀង នាងជ្រប់មុខលាក់ក្នុងកន្សែងដៃ បន្តិចក្រោយមក នាងងើបមុខឡើង៖

«បុត្រមិនយំទៀតទេ!»

នាងទាញឪពុកក្រោកឡើង បន្ទាប់មកនាងឈរបែរខ្នងផ្ទប់ជាប់សសរ។

«បិតា បិតាវាស់កម្ពស់របស់បុត្រមើលទៅ!»

អធិរាជស៊ុនដាក់ដៃត្រង់ក្បាលរបស់នាងឆូតលើសសរមួយឆ្កូត ហើយបន្លឺញោះនាង។

«បុត្រធំខ្ពស់រហូតធំខ្ពស់រហូត ប៉ុន្មានឆ្នាំកន្លងទៅហើយនៅតែមិនខ្ពស់ជាងបិតា បិតានៅពេញកម្ពស់វាស់ជាមួយបុត្រ!»

ស៊ីវលូលានអណ្ដាតផងសើចស្ញេញស្ញាញផង ឈានជើងថយបន្តិច សម្លឹងមើលគំនូសលើសសរ នៅសុខៗស្រពោនមុខចុះ៖

«មិនដឹងថានោះជាកម្ពស់ពិតរបស់បុត្រឬអត់ បុត្រមានអារម្មណ៍ថាគ្រប់យ៉ាងសុទ្ធតែក្លែងក្លាយ!»

នៅពេលប្រាប់រឿងរ៉ាវទាំងឡាយទៅជ័ងស៊ូ ស៊ីវលូព្យាយាមបង្ហាញភាពធូរស្រាល បង្ហាញថានាងទទួលស្គាល់រូបរាងចម្លែករបស់នាង ទម្លាប់ជាមួយរូបរាងក្លែងក្លាយរបស់នាង។ នៅខណៈពេលនេះ នាងបង្ហាញភាពភ័យខ្លាចកំពុងឆេះរោលនៅក្នុងចិត្ត។

អធិរាជស៊ុនទីដាក់ដៃលើថ្ងាសនាង ដៅផ្កាអង្គាសីល៍រំលេចឡើង ទ្រង់មានបន្ទូលថា៖

«រូបរាងផ្លាស់ប្ដូរឥតទៀង មិនមែនព្រោះតែបុត្រមានជំងឺចម្លែកអ្វីនោះទេ ប៉ុន្តែព្រោះតែនៅក្នុងខ្លួនរបស់បុត្រមានអាវុធទេពកម្រមួយហៅថា ផ្កាជូសៀន អាវុធទេពនោះជួយបុត្ររក្សារូបសម្រស់និងផ្លាស់ប្ដូររូបរាងដែលបុត្រប៉ងប្រាថ្នាចង់បាន។»

[ផ្កាជូសៀន: ជូសៀនហួរ មានន័យថា រក្សារូបសម្រស់ដូចផ្កាជាអមតៈ។]

ស៊ីវលូភ្ញាក់ផ្អើលបើកភ្នែកធំៗទៅឪពុក៖

«អាវុធទេពកម្រហ្អេស? មិនមែនជំងឺចម្លែកទេហ្អេស? អាវុធទេពនោះជួយបុត្រផ្លាស់ប្ដូររូបរាងតាមចិត្ត? ហេតុអ្វីនៅក្នុងខ្លួនបុត្រមានអាវុធទេពហ្នឹង?»

បន្ទាប់មក កែវភ្នែកនាងញោចភ្លឺ៖

«បើអ៊ីចឹងឱ្យតែដកអាវុធទេពនោះចេញ បុត្រនឹងអាចស្វែករករូបរាងពិតរបស់ខ្លួនវិញមែនទេ? មុខមាត់បុត្រនឹងលែងផ្លាស់ប្ដូរទៀតហើយ?»

«មែនហើយ»

ស៊ីវលូត្រេកអរឡើង ស្រែករំអុក៖

«បិតា! អ៊ីចឹងជួយដកចេញឱ្យបុត្រទៅ! បុត្រធុញទ្រាន់នឹងល្បែងរូបរាងផ្លាស់ប្ដូរឥតទៀងហ្នឹងណាស់! បុត្រសុខចិត្តធ្វើជាមនុស្សស្រីអាក្រក់អាក្រីជាជាងទេពអប្សរគ្មានមុខ!»

អធិរាជស៊ុនទីចុចម្រាមដៃលើដៅផ្កាអង្គាសីល៍ រូបដៅភ្លាមនោះបញ្ចេញពន្លឺភ្លឺពណ៌ក្រហម។ មានមនុស្សដល់ទៅពីរនាក់ប្រើឈាមសង្កត់អាវុធទេពដាក់បញ្ជូលទៅក្នុងដួងវិញ្ញាណ ហេតុនេះស៊ីវលូត្រូវការមនុស្សពីរនាក់ដកចេញ។

«ឥឡូវនេះបិតាមិនទាន់អាចដកអាវុធទេពចេញពីខ្លួនបុត្របាននៅឡើយ ប៉ុន្តែបិតាសន្យាថា បិតានឹងជួយបុត្រស្វែងរករូបរាងពិតវិញ។»

ដ្បិតមិនតក់ក្រហល់ស្វែងរករូបរាងពិតវិញ ប៉ុន្តែស៊ីវលូដឹងថា លុះត្រាតែមានមូលហេតុពិសេសណាមួយទើបអាចបង្កការលំបាកដល់អធិរាជស៊ុនទីបែបនេះ។ នាងងាកទៅលួងលោមឪពុក៖

«មិនអីទេ យ៉ាងណាបុត្របានស៊ូទ្រាំអស់ជាច្រើនឆ្នាំមកហើយ ថែមមួយរយៈទៀតក៏មិនថ្វី!»

អធិរាជស៊ុនទីនៅស្ងៀមមើលស្លឹងទៅដៅផ្កាអង្គាសីល៍នៅលើថ្ងាសរបស់ស៊ីវលូ ទឹកមុខក្រៀមក្រំ។ បន្ទាប់មក ទ្រង់លើកដៃស្ទាបអង្អែលថ្នមៗ លាក់ដៅកំណើតនោះទៅវិញ។

រាល់មន្ទិលនិងកង្វល់ក្នុងចិត្តរបស់ស៊ីវលូបានស្រាយដាក់ចុះ ឪពុកនិងកូនស្រីទាំងពីរអង្គុយខិតជិតគ្នា នាងស្រាប់តែផ្លាស់ប្តូរទាំងស្រុង។ នាងងាកទៅឈ្លេចសួរឪពុកអំពីរឿងសព្វគ្រប់បែបយ៉ាងជាច្រើន ថែមទាំងថ្លើមធំហ៊ានសួរថា៖

«ព្រះបិតា! បុត្រមិនធ្វើជាព្រះនាងកៅស៊ីងបានទេ? បុត្រនៅតែជាកូនស្រីរបស់បិតា តែបុត្រមិនចង់ធ្វើជាព្រះនាងទេ!»

«មិនបាន!»

«ហេតុអ្វី?»

ស៊ីវលូអន់ចិត្តខឹង សម្លក់អធិរាជស៊ុនទី។

«បុត្រជាកូនស្រីរបស់បិតា បិតាជាអធិរាជស៊ុនទីរបស់នគរកៅស៊ីង!»

ស៊ីវលូផ្លាស់ប្តូរកិរិយាភ្លាមៗ យោលៗដើមដៃឪពុក ចុះទឹកពោលថា៖

«ធ្វើជាព្រះនាងពិបាកណាស់បិតាអើយ ហូបបាយត្រូវប្រកាន់វិន័យ ចេញក្រៅត្រូវរក្សាសុជីវធម៌។ អនាគតទៅ រៀបការក៏ត្រូវក្លាយជាវត្ថុលះបង់ដើម្បីប្រយោជន៍នយោបាយ។ បុត្រមិនចូលចិត្តធ្វើជាព្រះនាងសូម្បីតែបន្តិច!»

«មនុស្សលោករស់នៅត្រូវការច្បាប់វិន័យ ច្បាប់នគរ។ ចំណែករឿងអាពាហ៍ពិពាហ៍នយោបាយ តាមបុត្រគិត បិតានឹងបង្ខំបុត្រឱ្យរៀបការជាមួយអ្នកណា?»

ស៊ីវលូជូរមាត់៖

«បុត្រក៏មិនដឹងថាបិតានឹងបង្ខំបុត្រឱ្យរៀបការជាមួយអ្នកណាដែរទេ… ប៉ុន្តែ… ប៉ុន្តែ…»

អធិរាជស៊ុនទីមុខមាំ សម្លឹងតឹងរ៉ឹងស៊ីវលូ៖

«យើងគឺជាអធិរាជស៊ុនទី បុត្រគឺជាកូនស្រីរបស់យើង បុត្រត្រូវតែធ្វើជាព្រះនាងកៅស៊ីង នេះជាច្បាប់តាក់តែងនគរជាតិ បុត្រយល់ទេ?»

ស៊ីវលូឱនក្បាលចុះ ង៉ក់ងរ។

«មិនយល់ក៏ត្រូវតែយល់!»

អធិរាជស៊ុនទីអង្អែលក្បាលកូនស្រី បន្លឺបន្ទូលសោកសៅ៖ «បិតាមិនមែនជាឪពុកធម្មតាម្នាក់ បិតាមានរឿងជាច្រើនដែលត្រូវខ្វល់ខ្វាយ បិតាត្រូវគ្រប់គ្រងនគរជាតិទាំងមូល។ ហេតុនេះ បិតាមិនអាចនៅក្បែរបុត្ររាល់ថ្ងៃ បារម្ភពីបុត្រ មើលថែនិងការពារបុត្រ ដូចឪពុកធម្មតាដទៃទៀត។ បិតាអាចការពារបុត្រីរបស់បិតាដោយឫិទ្ធិអំណាចរបស់បិតា។ បុត្រត្រូវតែជាព្រះនាង ទើបទទួលការការពារដោយឫិទ្ធិអំណាចនោះ។ បើមានជនណាចិញ្ចឹមចិត្តធ្វើបាបបុត្រ ជននោះត្រូវគិតគូរឱ្យល្អិតល្អន់ តើគេអាចទប់កំហឹងក្រើកមេឃរបស់អធិរាជបានដែរឬទេ? ស៊ីវយ៉ាវ នោះគឺជារឿងតែមួយគត់ដែលឪពុកដ៏គួរឱ្យបន្ទោសម្នាក់នេះអាចធ្វើសម្រាប់បុត្រ។ បុត្រកុំបដិសេធអី តើបានទេ?»

មានភាគបន្ត…

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*