រឿង​៖ និរន្តរ៍អាល័យ (ភាគ១៨)

ស៊ីវលូស្ទើរតែស្រក់ទឹកភ្នែកដល់ទីកំពូល នាងស្រូបមួយដង្ហើមវែង ឆ្លើយតប៖

«បិតា! បុត្រយល់ព្រមធ្វើជាព្រះនាង!»

អធិរាជស៊ុនទីញញឹម៖

«ធ្វើព្រះនាងមិនអន់ទេ យ៉ាងហោចណាស់អាចអាងឋានៈធ្វើបាបអ្នកដទៃ ចង់កាចឆ្នាស់ឆ្នើម ឆ្មើងឆ្មៃស្រេចតែចិត្ត ចង់បានអីបានហ្នឹង!»

ស៊ីវលូព្រិចភ្នែកម៉ក់ៗ៖

«បិតា! នេះបិតាកំពុងតែប្រដៅបុត្រហ្អេស?»

អធិរាជស៊ុនទីសើចក្អាកក្អាយ ស្នាមជ្រីវជ្រួញនៅកន្ទុយភ្នែករំលេចឡើង តែមិនធ្វើឱ្យបាត់បង់ភាពទាក់ទាញរបស់ទ្រង់។

«បិតាខិតខំប្រឹងលំបាកធ្វើជាស្ដេចមួយនគរដើម្បីអ្វី? យើងខ្លួនឯងមិនអាចដេញតាមអ្វីដែលយើងស្រលាញ់ចូលចិត្ត។ មួយ… យើងគ្មានពេលវេលា! ពីរ… បើយើងធ្វេសប្រហែសកិច្ចការនគរតែបន្តិចនឹងត្រូវរាស្ត្រជេរស្តីជាស្ដេចទុយ៌ស! បើបិតាជាស្តេចអសមត្ថភាពនិងឥតបានការ នោះបុត្រនឹងមិនអាចធ្វើអ្វីតាមអំពើចិត្ត។ ប៉ុន្តែព្រោះតែបិតាមិនអាចធ្វើអ្វីផ្សេងបាន ទើបបុត្រអាចចូលចិត្តអ្វីធ្វើហ្នឹង។ អ្នកណាប្រើឱ្យបិតាជាស្តេចដឹកនាំឆ្លាតវៃ អំណាចកប់មេឃ អាចបង្ក្រាបគ្រប់ស្ថានការណ៍!»

ស៊ីវលូមានអារម្មណ៍ស្រពេចស្រពិល តែនៅតែចង់សើចស្រែកហ៊ូឡើង មានឪពុកមានសុភមង្គលអ្វីម៉្លេះទេ! មានឪពុកដែលខ្លាំងពូកែអំណាចកប់មេឃរឹតតែពិបាកថ្លែង!

នៅយប់នោះ ឪពុកនិងកូនស្រីអង្គុយនិយាយគ្នាយ៉ាងយូរ នៅលើកាំជណ្តើរមុខសាលាឆទាន។

ស៊ីវលូមានរឿងរាប់មិនអស់និយាយប្រាប់ឪពុករបស់នាង៖ លើកដំបូងដែលនាងប្រមាញ់ខ្លា រឿងនាងលួចពងពីព្រាយពស់ថ្លាន់ រឿងដែលនាងផ្សំថ្នាំពុល រឿងដែលនាងទៅផ្ទះបន និងរឿងដែលនាងបើកសំណាក់ពេទ្យ។ …លោកយាយធាត់តំបន់ភ្នំម្នាក់ទទួលចិញ្ចឹមនាង បង្រៀននាងដាំបាយធ្វើម្ហូប។ នាង “ត្រូវ” ស្រីបនស្រស់ស្អាតម្នាក់តាមសុំស្រលាញ់យ៉ាងណា។ បន្ទាប់មករឿងកញ្ចាស់ម៉ុកទទួលចិញ្ចឹមនាង រឿងនាងទទួលចិញ្ចឹមមុខខ្មូតនិងគ្រាប់អង្កាំ… មានរឿងជាច្រើន មនុស្សជាច្រើនដែលចង់និយាយប្រាប់ទៅឪពុករបស់នាង។

នាងចង់ឱ្យឪពុករបស់នាងដឹងថា ជាងពីររយឆ្នាំមកនេះ នាងចួបប្រទះមិនត្រឹមតែទុក្ខលំបាកកម្សត់វេទនា ថែមទាំងរឿងសប្បាយរីករាយជាច្រើន និងរឿងគួរឱ្យចាប់អារម្មណ៍ជាច្រើននៅក្នុងដំណើរជីវិតផងដែរ។ មនុស្សដែលនាងបានចួបមិនអាក្រក់ទាំងអស់នោះទេ មានមនុស្សជាច្រើនមានចិត្តល្អនិងទង្វើល្អៗ។ នាងស្រលាញ់ជីវិតដែលមានច្រើនពណ៌និងរាងរៅច្រើន នាងមានអារម្មណ៍ថានោះទើបជាជីវិតរបស់នាង មិនមែនជាជីវិតដែលប្រកាន់ច្បាប់វិន័យ ជាព្រះនាងនៅក្នុងព្រះរាជវាំងទេ។

ហេតុនេះ ព្រះបិតាមិនចាំបាច់ពិបាកចិត្ត ក៏មិនគួរបន្ទោសខ្លួនឯងដែរ។

ស៊ីវលូមិនចាំថានាងបាននិយាយរឿងអ្វីខ្លះប្រាប់ឪពុករបស់នាង គ្រាន់តែដឹងថាពេលនោះនាងសើចរីករាយផងនិយាយបូរបាច់រឿងជាច្រើនផង បន្ទាប់មកនាងអស់កម្លាំងងងុយគេង ដេកលក់ចុះលើក្បាលជង្គង់ឪពុកដូចកាលពីតូច។

ព្រឹកថ្ងៃបន្ទាប់ កូនឆ្មាកម្ជិលស៊ីវលូត្រដុសចុងម្រាមជើង ស្ពឹកស្រពន់ក្រោកចុះពីគ្រែ ដើរចេញទៅក្នុងទីធ្លា បង្វិលខ្លួនពីរបីជុំ រួចអង្គុយចុះមើលពន្លឺព្រះអាទិត្យក្រោមដើមផ្កា ញញឹមយ៉ាងមានសុភមង្គល។

ជ័ងស៊ូនិងស៊ឺឈីកំពុងលេងអុកនៅមុខរានហាល បេះដូងរបស់ស៊ឺឈីលោតញាប់នៅពេលឃើញផ្ទៃមុខរំលេចដួងរស្មីដូចផ្ការបស់ស៊ីវលូនៅក្រោមពន្លឺព្រះអាទិត្យ។ ជ័ងស៊ូសើចញោះស៊ីវលូ៖

«លួចស៊ីត្រីអាំងមែនទេ?»

ស៊ីវលូក្ដិចៗត្រួយផ្កាបណ្ដើរតបបណ្ដើរ៖

«យប់មិញ ខ្ញុំនិយាយជាមួយព្រះបិតាច្រើនណាស់»

«អូនថ្ងៃណាក៏និយាយច្រើនដែរ តែថ្ងៃណាក៏ធ្វើមើលតែរាល់ថ្ងៃមិនដែលនិយាយអីសោះ!»

ស៊ីវលូហក់ទៅសង្គ្រុបពីលើស្មា ប្រុងប្រៀបច្របាច់កជ័ងស៊ូ៖

«បងប្រយ័ត្នខ្លួនបន្តិចទៅ! កុំគិតថាខ្ញុំបាត់បង់មហិទ្ធិឫទ្ធិអស់នឹងងាយធ្វើបាបឱ្យសោះ! មានចេតនាញោះខ្ញុំខឹង ប្រយ័ត្នខ្ញុំធ្វើឱ្យបងគនិយាយលែងរួច!»

«បានហើយៗ! បងកំពុងលេងអុក កុំរញ៉េរញ៉ៃខូចក្ដារអុកបង!»

ស៊ីវលូឱនមុខចុះមើល ឃើញថាក្តារអុកនេះចម្លែកណាស់ មិនមែនជាក្តារអុកធម្មតាទេ ប៉ុន្តែជាក្តារអុកធ្វើឡើងជាពិសេសសម្រាប់អម្បូរអាទិទេព។ ស៊ីវលូរីករាយបន្លឺថា៖

«ខ្ញុំក៏ចង់លេងដែរ»

ជ័ងស៊ូលួងលោម៖

«បងតាមបបួលយូរណាស់ទើបស៊ឺឈីព្រមលេងជាមួយបង រួចដៃមួយក្ដារនេះ បងនឹងឱ្យអូនលេង!»

ស៊ីវលូច្បូចមាត់ជូរហួញ ដាក់ខ្លួនចុះក្បែរស៊ឺឈី៖

«អូនចង់លេង»

ស៊ឺឈីភ្លាមនោះហុចប្រអប់ដាក់កូនអុកឱ្យទៅស៊ីវលូ។ ស៊ីវលូស្ញេញស្ញាញដាក់ជ័ងស៊ូ នាងកាន់កូនអុកឡើង មើលឆ្វេងមើលស្តាំបន្តិច ទម្លាក់ចុះក្រឡាអុកមួយ រួចងាកទៅសួរស៊ឺឈី៖

«ត្រង់នេះបានទេ?»

«ល្អណាស់!»

ជ័ងស៊ូនិងស៊ឺឈីបន្លឺឡើងស្របគ្នា ប៉ុន្តែម្នាក់ដោយទឹកដមចំអក ដុតបញ្ឈឺ ចាំមើលស្លាប់ ចំណែកម្នាក់ទៀតដោយទឹកដមទន់ភ្លន់ ស្មោះត្រង់ ថ្និតថ្នម។

ជ័ងស៊ូក្រោកឈរឡើង ទាញស៊ីវលូសង្កត់អង្គុយចុះកន្លែងរបស់គេ៖

«អូនមានចេតនាបំផ្លាញក្ដារអុករបស់បង អ៊ីចឹងអង្គុយចុះលេងខ្លួនឯងទៅ!»

ស៊ីវលូទះដៃ៖

«ធ្វើបងគេត្រូវអ៊ីចឹងហើយ!»

ស៊ីវលូលេងបន្តក្ដារអុកកណ្ដាលទីរបស់ជ័ងស៊ូ កាន់តែលេង កាន់តែខូច រកផ្លូវរស់លែងឃើញ។ ស៊ឺឈីអំណត់ចិត្តនៅតែសរសើរជានិច្ច មិនថាក្រឡាអុករបស់នាងអន់យ៉ាងណា។ ប៉ុន្តែនោះមិនមែនមានន័យថាស៊ឺឈីនឹងតមតឱ្យនាង គេនៅតែបន្តស៊ីកូនអុករបស់ស៊ីវលូឥតស្រណោះ។ រាល់ពេលទាំងនោះ គេនឹងពន្យល់ក្បោះក្បាយដល់ស៊ីវលូពីក្រឡាអុកគួរដើរបន្ត កុំឱ្យគូប្រកួតសម្លាប់អុករបស់ខ្លួន។

នៅក្នុងក្រសែភ្នែករបស់ជ័ងស៊ូ ក្ដារអុករវាងស៊ីវលូនិងស៊ឺឈីមិនខុសគ្នាពី៖ កូនក្មេងលេងដី រមៀលរំអួយលើដី មនុស្សធំមិនដាច់ចិត្តស្តីបន្ទោស មិនបញ្ឈប់ ប៉ុន្តែក៏មិនធ្វើតាមទំនើងចិត្តដែរ គ្រាន់ណែនាំដោយទន់ភ្លន់… ណែនាំម្តងមិនបាន ណែនាំពីរដង! ណែនាំពីរដងមិនបាន ណែនាំបីដង! ណែនាំបីដងមិនបាន ណែនាំបួនដង! ណែនាំបួនមិនបាន…

មិនដល់កន្លះយាម ក្ដារអុកដែលជ័ងស៊ូខំប្រឹងកសាងត្រូវស៊ីវលូបំផ្លាញខ្ទេចខ្ទីគ្មានសល់។ ស៊ីវលូមិនចង់លេងទៀត យកដៃទាំងពីរឆាក្ដារអុក ស្រែកប្រកាសថា៖

«អូនឈ្នះហើយ!»

ជ័ងស៊ូគ្រវីក្បាលចាញ់ស្មាលា ស៊ឺឈីញញឹមស្រទន់គិតតែសម្លឹងមើលទៅស៊ីវលូមិនដាក់ ទឹកមុខអារម្មណ៍ហាក់មិនដាច់អាល័យ។ បេះដូងរបស់នាងនៅសុខៗលោតញាប់ដឹបដាក់ ក្រោយពេលនឹងនរមកវិញ នាងសម្លឹងភ្លឹកទៅស៊ឺឈី។

«បងត្រូវទៅវិញ»

ស៊ីវលូច្របាច់កូនអុកក្នុងដៃ មិននិយាយស្ដី។

«បងដើមឡើយព្រួយបារម្ភពីអូន ប៉ុន្តែឥឡូវនេះឃើញថាព្រះអង្គនិងព្រះបុត្រាជ័ងស៊ូសុទ្ធតែស្រលាញ់អូនខ្លាំងណាស់ អូនរាល់ថ្ងៃកាន់តែរីករាយឡើង។ បងគិតថាដល់ពេលបងត្រូវទៅវិញដោះស្រាយកិច្ចការរបស់ខ្លួន។»

«អូនយល់ ពេលណាបងទៅ?»

«បន្ដិចទៀតនឹងទៅថ្វាយបង្គំលាព្រះអង្គ។ បងមិនចង់ឱ្យអ្នកណាដឹងរឿងទូសានជីងស្គាល់អូន ហេតុនេះប្រុងយប់នេះនឹងចាកចេញទៅ រកកន្លែងណាមួយសម្រាកមួយរយៈទើបវិលត្រលប់ទៅឈីងខូវវិញ។»

«អ៊ីចឹងបងឆាប់ទៅលាព្រះបិតាចុះ!»

ជ័ងស៊ូក្រោកឈរឡើង៖

«យើងទៅជាមួយលោក!»

ស៊ីវលូអង្គុយរង់ចាំនៅក្នុងសួន កន្លះយាមក្រោយ ស៊ឺឈីត្រលប់មកវិញតែឯង។ ស៊ីវលូសួរថា៖

«ព្រះបិតាអូនមានបន្ទូលអ្វី?»

«ទ្រង់គ្រាន់តែត្រាស់សួរពីរបីសំណួរពីគ្រួសារបង ក្រៅពីនោះគ្មានអ្វីពិសេសទេ»

«ពីស្មារនេះដល់យប់នៅសល់ពេលបន្តិចទៀត បងចង់ធ្វើអ្វី?»

«អូនចង់ធ្វើអ្វី?»

«មិនធ្វើអ្វីទាំងអស់ អង្គុយហាលថ្ងៃ ស្រូបក្លិនពិដោរ និងហូបចំណីបែបនេះ»

ចាប់តាំងពីថ្ងៃដែលស៊ីវលូនិយាយថាចូលចិត្តចំណី កទា ជើងមាន់ និងស្លាបក្ងាន ដំណាក់ហួរស៊ីងថ្ងៃណាក៏មានមុខម្ហូបទាំងនេះ។

ស៊ឺឈីកាន់ចំណីមួយប្រអប់ធំ អង្គុយចុះក្បែរស៊ីវលូ រួមជាមួយនាងគយគន់ផ្កាចម្រុះពណ៌ក្នុងសួន។

ស៊ីវលូរើសយកកទាមួយ ចាប់ផ្ដើមចេបចុប៖

«ព្រះបិតាមានបន្ទូលថាសមត្ថភាពប្រែរូបរាងរបស់អូនគឺព្រោះតែមានអាវុធទេពកម្រមួយលាក់នៅក្នុងខ្លួនរបស់អូន ពេលដែលព្រះបិតាជួយអូនដកអាវុធទេពនោះចេញ អូននឹងអាចស្វែងរករូបរាងពិតវិញ។ បើអូនមុខអាក្រក់ដូចគល់ធ្យូង តើបងគិតយ៉ាងណា?»

«អត់ទេ»

«ចុះបើមែនវិញនោះ?»

«នៅតែស្អាត!»

«អូនមុខអាក្រក់ដូចគល់ធ្យូងហើយ បងថាស្អាតទៀតហ្អេស?»

«មនុស្សលោកឃើញតែភាពស្អាតសម្បកក្រៅ កម្រឃើញភាពស្អាតនៅខាងក្នុងដួងចិត្ត បងនឹងរក្សាភាពស្អាតក្នុងដួងចិត្តរបស់អូនទុកសម្រាប់បងតែឯង»

ស៊ីវលូភ្លាមនោះៗបេះដូងលោតញាប់ដឹបដាក់ ថ្ពាល់ទាំងពីរក្ដៅរោល។ ស៊ឺឈីកាន់តែយូរកាន់តែប៉ិនប្រសព្វនិយាយ ឱ្យតែហាមាត់ឡើងធ្វើឱ្យនាងជ្រួយច្របល់។

«ដួងចិត្តអូនងងឹតស្លុង មានអីស្អាត!»

«មនុស្សម្នាក់ៗយល់ឃើញខុសគ្នា បងឃើញស្អាតគឺប្រាកដជាស្អាត!»

ស៊ីវលូសើចញញឹមស្រស់៖

«ល្ងីល្ងើអស់ពាក្យពោល!»

ស៊ឺឈីញញឹមស្រទន់សម្លឹងមើលទៅស៊ីវលូ។ ស៊ីវលូញញឹមជាប់រហូត ញញឹមជាប់រហូតហើយក៏ដកដង្ហើមធំ៖

«បងត្រូវប្រយ័ត្នប្រយែង!»

«បងដឹង»

«ថ្វីដ្បិតតែអ្វីៗដែលបងប្រុសរបស់បងធ្វើបណ្តាលមកពីម្តាយរបស់បង ប៉ុន្តែទោះយ៉ាងណាគេមិនគួរបញ្ចេញកំហឹងលើបងឡើយ។ ទោះបីជាបងអាណិតប្រណីគេ ចង់ដោះគំនុំគុំកួននៅក្នុងចិត្តគេក៏ដោយ ក៏មិនអាចបណ្តោយទុកឱ្យគេធ្វើបាបបងបានដែរ!»

«អូនកុំបារម្ភ»

«អូនមានអីបារម្ភ! អូនឃើញបងល្ងង់ពេកទើបរំឮកបង!»

ស៊ឺឈីញញឹម៖

«បងនឹងយកកន្ទុយកញ្ជ្រោងកន្ទុយប្រាំបួនដែលជ័ងស៊ូគប់ចោលទៅផ្ទះវិញ នៅពេលដែលដុសខាត់វាក្លាយជាបណ្ដុំមហិទ្ធិឫទ្ធិ បងនឹងយកមកជូនឱ្យអូន»ស៊ីវលូងក់ក្បាល។

បើនិយាយថាកញ្ជ្រោងកន្ទុយប្រាំបួនជាស្តេចកញ្ជ្រោងនោះ ម្ចាស់មេសម្ព័ន្ធទូសាន គឺប្រាកដជាស្តេចកញ្ជ្រោង របស់ពូជពង្សកញ្ជ្រោងទេព។ នៅលើលោកនេះ ក្រៅពីគ្រួសារទូសាន គ្មានអ្នកណាដឹងថាកន្ទុយកញ្ជ្រោងប្រាំបួនកន្ទុយ ក្រៅពីជាអាវុធទេពមួយហើយ នៅថែមទាំងអាចដុសខាត់ជាបណ្ដុំមហិទ្ធិឫទ្ធិ។

ស៊ីវលីហូបអាហារបណ្ដើរនិយាយជាមួយស៊ឺឈីបណ្ដើរ គិតអ្វីក៏និយាយហ្នឹង បើមិនគិតអ្វីទេក៏អង្គុយស្ងៀម។

ព្រះអាទិត្យលិចចុះទិសខាងលិច ពន្លឺថ្ងៃដាច់ផុតដីរាប។

ស៊ីវលូហូបឆ្អែតតឹងពោះ នាងលាងដៃស្អាត ឈោងទៅយកកន្សែងដែលត្រៀមរួចជាស្រេចនៅក្នុងដៃរបស់ស៊ឺឈី ប៉ុន្តែគេមិនព្រមហុចឱ្យនាង ផ្ទុយទៅវិញគេយកកន្សែងគ្របលើដៃនាង ឈ្លីជូតថ្នមៗឱ្យស្អាត។ នៅពេលដែលដៃរបស់នាងជូតស្អាតស្ងួត គេនៅតែមិនព្រមដកដៃចេញ តែបែរជាស្ងាត់ៗចាប់កាន់ដៃនាងទៅវិញ។ ស៊ីវលូជ្រួយច្របល់ ឱនក្បាលចុះអ៊ឹមអៀន។

ស៊ឺឈីបន្លឺតិចៗ៖

«សុំតែដប់ប្រាំឆ្នាំ សូមកុំឱ្យបុរសណាម្នាក់ផ្សេងដើរចូលទៅក្នុងបេះដូងរបស់អូន»

ស៊ីវលូងើបមុខឡើង សើចសួរ៖

«ដប់ប្រាំឆ្នាំក្រោយយ៉ាងណាទៅ? ដប់ប្រាំឆ្នាំក្រោយទទួលបានអ្វី?»

ស៊ឺឈីភ្ញាក់ស្លុត ដៃរបស់គេចាប់ក្ដោបដៃស៊ីវលូយ៉ាងណែន។ ស៊ីវលូយោលយោកដើមដៃរបស់ស៊ឺឈី និយាយទន់ភ្លន់៖

«បងកុំបារម្ភ អូននឹងរង់ចាំបង!»

ខ្សែចំណងបេះដូងមិនអាចកាត់ដាច់ ហេតុនេះទុកឱ្យវានៅបន្តជាប់ជំពាក់ដប់ប្រាំឆ្នាំទៀត។ ដប់ប្រាំឆ្នាំក្រោយ មិនថាខ្សែចំណងរលាយបាត់ឬភ្ជាប់ក្លាយទៅជាសំណាញ់ស្នេហ៍ រឿងទាំងនោះគ្មានអ្នកណាម្នាក់អាចទាយដឹងទុកមុន។

បន្ទាប់ពីអាហារពេលយប់ ជ័ងស៊ូជូនដំណើរស៊ឺឈីដោយផ្ទាល់ចាកចេញពីភ្នំទេពប្រាំ។

ពេលវិលត្រលប់មកវិញ គេឃើញស៊ីវលូដេកនៅលើគ្រែឈើ ក្រញូងក្នុងសួនច្បារ សម្រាកស្រាកស្រាន្តមើលផ្កាយនៅលើមេឃ។ ជ័ងស៊ូអង្គុយចុះនៅក្បែរនាង៖

«កំពុងគិតអី?»

«មើលផ្កាយ!»

«អូនមិនពិបាកចិត្តទេហ្អេស? បងគិតថាអូនចង់ឱ្យគេនៅក្បែរខ្លួនណាស់»

«ខ្ញុំពិតជាចង់មែន ប៉ុន្តែខ្ញុំយល់ច្បាស់ គ្មានអ្នកណាម្នាក់អាចរង់ចាំអ្នកណាម្នាក់ជារៀងរហូតឡើយ។ ទាំងបងហើយនិងខ្ញុំសុទ្ធតែជាមនុស្សធ្លាប់ឆ្លងកាត់ការឈឺចាប់និងការបាត់បង់មកជាច្រើន បេះដូងរបស់ខ្ញុំនឿយហត់ វាបានបង្កើតរនាំងការពារដោយខ្លួនឯង។

និយាយងាយស្ដាប់ ហៅថាឆ្លាតវៃ និយាយពិបាកស្ដាប់គឺ ត្រជាក់ស្រេង ដាច់ចិត្ត។ ជ័ងស៊ូ តើបងមានអារម្មណ៍បែបនេះទេ? នៅពេលដែលបងទទួលបានអ្វីមួយ បងមិនអាចរីករាយទាំងស្រុង ព្រោះតែងតែមានស្រមោលនៅពីលើ ចំអកមើលងាយសម្លឹងចុះ រំឮកបងពីអតីតកាលដ៏ឈឺចាប់និងការបាត់បង់។ វិចារណញ្ញាណនិងប្រាជ្ញាធ្វើឱ្យបងមិនអាចរីករាយទៅរួច នៅក្នុងភាពរីករាយនៅតែមានភាពភ័យខ្លាច មិនស្ងប់ចិត្ត។ ប៉ុន្តែដោយមានការត្រៀមផ្លូវចិត្តនោះ កាលណាបាត់បង់របស់នោះ ទោះយើងខកចិត្តខ្លាំងប៉ុនណា ក៏យើងនៅតែអាចប្រឈមមុខដោយអារម្មណ៍ស្ងប់បំផុត។»

ជ័ងស៊ូផ្ដេកខ្នងលើកម្រាលព្រំពុកមាត់នាគដែលក្រាលលើគ្រែ ក្បាលកល់លើក្បាលគ្រែ ដេកក្បែរស៊ីវលូមើលផ្កាយជាមួយនាង។

បន្តិចក្រោយមក ជ័ងស៊ូបន្លឺសំឡេងខ្សឹកខ្សួលថា៖

«បងតែងតែគិតថានៅសល់តែបងតែម្នាក់នៅលើលោកនេះ តែអូនបានមកវិញហើយ បងលែងយល់ថាឯកាទៀត»

ប្រៀបធៀបស៊ីវលូ ជ័ងស៊ូទើបជាក្មេងកំព្រាពិតប្រាកដ។ កាលគេនៅតូច ឪពុករបស់គេពលីជីវិតក្នុងសមរភូមិ ម្តាយរបស់គេធ្វើអត្តឃាតនៅមុខផ្នូរឪពុកគេ ប៉ុន្មានថ្ងៃក្រោយមក លោកយាយក៏ឈឺធ្ងន់លាចាកលោកទៅ។ អ្នកមីងពៅចិញ្ចឹមបីបាច់មើលថែគេក៏ពលីជីវិតក្នុងសមរភូមិ។ លែងមានការស្រលាញ់ថ្នាក់ថ្នម ការពារពីញាតិសន្តានរបស់គេ គេត្រូវខំស្វែងរកផ្លូវរស់ដោយខ្លួនឯង ចាកចេញពីស្រុកកំណើត តែម្នាក់ឯងតែលតោលនិរទេសទៅកាន់នគរកៅស៊ីង។

ស៊ីវលូបន្លឺថា៖

«ខ្ញុំសុំទោស!»

នាងមានអារម្មណ៍ថាខ្លួនឯងអាត្មានិយម ដាច់ចិត្ត ដឹងថាជ័ងស៊ូកំពុងរង់ចាំនាង ដឹងថាគេត្រូវការនាង ប៉ុន្តែព្រោះតែរឿងចំបែងដក់ទុកក្នុងចិត្ត នាងក៏តាំងចិត្តរត់គេចពួនម្តងហើយម្តងទៀត។

ជ័ងស៊ូទះខ្នងដៃស៊ីវយ៉ាវតិចៗ មិននិយាយអ្វីទាំងអស់។ ជ័ងស៊ូធ្លាប់នឹកស្រមៃថា ស៊ីវយ៉ាវក៏ដូចជាអានាន កើតមកនិងធំដឹងក្ដីឡើងនៅក្នុងក្ដីស្រលាញ់ថ្នាក់ថ្នម អាវស្បៃសំពត់សូត្រ អនាគតភ្លឺត្រចង់ គ្មានឧបសគ្គព្យុះភ្លៀង មិនស៊ូទ្រាំនឹងភាពជូរចត់ ឬភាពឃោរឃៅ…នាងនឹងបរិសុទ្ធ រស់រវើកដូចផ្កាឈូករ័ត្នខែបួន។ បើដូច្នេះមែន គេនឹងខំប្រឹងឱ្យអស់ពីសមត្ថភាពការពារស៊ីវយ៉ាវ ការពាររលកព្យុះទាំងអស់កុំឱ្យវាយធ្លាក់មកលើនាង។

ប៉ុន្តែស៊ីវយ៉ាវមិនដូចច្នេះទេ គេក៏មិនដូច្នេះខកចិត្តខកបំណង ផ្ទុយទៅវិញ គេមានអារម្មណ៍ថានោះទើបជាស៊ីវយ៉ាវដែលគេចង់បាន ថែមទាំងនាងល្អលើសពីការរំពឹងទុកទៅទៀត។ ដ្បិតឃ្លាតឆ្ងាយពីគ្នារាប់រយឆ្នាំក៏នៅតែយល់ចិត្តគ្នា ទទួលយកគ្នា ទទួលយកទាំងមុខខ្មៅងងឹត គួរឱ្យស្អប់ខ្ពើម ក៏ដូចជាចំណុចល្អ ភ្លឺស្វាងរបស់គ្នាទៅវិញទៅមក។ ម្នាក់មិនខ្លាចបើកបង្ហាញ ម្នាក់យល់ជ្រាបទាំងស្រុង។

«ខ្ញុំមានរឿងចង់និយាយជាមួយបង»

ស៊ីវលូធម្មតាកម្រនិយាយរឿងសម្ងាត់ក្នុងចិត្តណាស់ ព្រោះនាងខ្លាចនិយាយខុស ខ្លាចឈឺចាប់។ តែបើនាងមិននិយាយទេ ចិត្តនាងនឹងនៅមិនសុខ ដូចមានសត្វល្អិតខាំនាងរាល់ថ្ងៃ។ មានតែនៅចំពោះមុខជ័ងស៊ូ នាងអាចបើកបង្ហាញអ្វីៗទាំងអស់ មិនគិតពីលទ្ធផល។

«និយាយមកចុះ!»

ជ័ងស៊ូបន្លឺរំភើយ។

«បិសាចកញ្ជ្រោងកន្ទុយប្រាំបួននិយាយថា ខ្ញុំមិនមែនជាកូនស្រីរបស់ព្រះបិតា គេជេរស្ដីប្រមាថអ្នកម៉ែ ជេរស្ដីអ្នកម៉ែថាជាមនុស្សស្រីឥតកេរ្តិ៍ខ្មាស ផិតក្បត់ជាមួយស៊ីវ៉ូ ហើយនិយាយថាខ្ញុំគឺជាកូនលួចលាក់របស់ស៊ីវ៉ូ។»

បិសាចកញ្ជ្រោងជេរប្រមាថអ្នកម៉ែនាងម្តងហើយម្តងទៀត ដំបូងឡើយ នាងខឹងឃោរយ៉ាងខ្លាំង វាយតបតសម្ដីជាមួយគេវិញ ព្រោះតែនាងមិនជឿ។ ប៉ុន្តែពាក្យពេចន៍អសុរោះរបស់គេនៅតែបន្តលាន់ឮសូរក្បែរត្រចៀកដដែលៗអស់ពេញសាមសិបឆ្នាំ ធ្វើឱ្យនាងចាប់ផ្ដើមកើតមានចម្ងល់បន្តិចម្ដងៗ ជ័ងស៊ូស្ទុះងើបឡើងវឹប សម្លក់ភ្នែកទៅស៊ីវយ៉ាវ ឥឡូវនេះគេបានយល់ពីមូលហេតុដែលនាងមិនព្រមត្រលប់មកវិញ។

ទឹកមុខនឹងនរ ប៉ុន្តែកែវភ្នែករបស់ស៊ីវលូព្រាលទៅ ភ័យខ្លាច៖

«បិសាចកញ្ជ្រោងនោះនិយាយថាអ្នកម៉ែនិងស៊ីវ៉ូគឺជាគូស្មេហ៍អប្រិយ ប្រុសសាហាយស្មន់ស្រីផិតក្បត់ ខ្ញុំគឺជាកូនលួចលាក់របស់ពួកគេ។ គេជេរស្តីអ្នកម៉ែជាស្រីមាយា ពុតត្បុត កុហកបោកប្រាស់ព្រះបិតានិងមនុស្សគ្រប់គ្នាក្រោមមេឃ។ បើព្រះបិតាដឹងការពិត ប្រាកដជាសម្លាប់កូនតិរច្ឆាននេះចោល…»

«បិទមាត់!» ជ័ងស៊ូចាប់រឹតដៃស៊ីវលូ៖

«ឬមួយអូនជឿសម្ដីបិសាចកញ្ជ្រោងអាក្រក់នោះ? គឺអ្នកមីងផ្ទាល់ដៃសម្លាប់ស៊ីវ៉ូនៅលើសមរភូមិ! ម្យ៉ាងទៀត លោកគ្រូជាមនុស្សឆ្លាតវៃ ឬមួយទ្រង់មើលមិនដឹងថាអូនជាកូនស្រីរបស់ទ្រង់មែនឬអត់ទេ? អូនសួរចិត្តខ្លួនឯងទៅមើល កន្លងមកមនោសញ្ចេតនាលោកគ្រូផ្ដល់ចំពោះអូនយ៉ាងណា?»

ស៊ីវលូបើកកែវភ្នែកភ្លឺថ្លាទៅរកជ័ងស៊ូ៖

«ខ្ញុំជាកូនស្រីរបស់ព្រះបិតាមែនទេ?»

ជ័ងស៊ូអះអាងចិត្ត៖

«អូនជាកូនស្រីរបស់លោកគ្រូ!»

ព្រះបិតានិងជ័ងស៊ូគឺសុទ្ធតែជាមនុស្សឆ្លាតវៃ ប្រាកដប្រជា ឬមួយអំណះអំណាងរបស់ពួកគេខុស? ស៊ីវលូសើចស្រស់៖

«មែនហើយ ខ្ញុំល្ងង់ណាស់ ខ្ញុំប្រាកដជាកូនស្រីរបស់ព្រះបិតា!»

ជ័ងស៊ូដកដង្ហើមធំ អង្អែលក្បាលស៊ីវលូ៖

«ថ្ងៃក្រោយ បើមានមនុស្សនិយាយផ្ដេសផ្ដាស ទុកឱ្យបងចាត់ការ!»

ស៊ីវលូងក់ក្បាល៖

«បងមានដឹងទេ សាលាឆទាននៅក្នុងអ៊ីឈិនយៀនបានជួសជុលជាច្រើនដង តែគំនូរដែលអូនគូរនៅតែដូចដើម»

«លោកគ្រូគឺជាមនុស្សកំពូលល្អ! ឆ្នាំនោះ នៅពេលដែលព្រះបិតុលាទាំងបួនរួមដៃគ្នាកម្ចាត់បង បងស្រាប់តែនឹកឃើញ កាលនៅមានជីវិត ឪពុកបងធ្លាប់និយាយរឿងជាច្រើនអំពីចំណងមិត្តភាពរវាងអ៊ំប្រុសធំនិងអធិរាជស៊ុនទី។ អ្នកមីងក៏ធ្លាប់ផ្ដែផ្ដាំថា ទោះបីជាអ្នកមីងនិងអធិរាជស៊ុនទីលែងជាប្ដីប្រពន្ធក៏ដោយ ប្រសិនបើថ្ងៃមុខទៅមានអាសន្ន ត្រូវផ្ញើសំបុត្រសុំជំនួយពីអធិរាជស៊ុនទី។ ដោយសារតែគ្មានជម្រើសផ្សេង បងត្រូវបង្ខំចិត្តសរសេរសំបុត្រទៅកាន់លោកគ្រូ ហើយអ្វីដែលភ្ញាក់ផ្អើលបំផុត លោកគ្រូឆ្លើយតបភ្លាមមួយរំពេច លោកគ្រូនិយាយថាភ្នំទេពប្រាំស្វាគមន៍បងជានិច្ច។ នៅពេលឈានមកដល់ទីនេះដំបូង បងព្រួយបារម្ភនៅមិនសុខ ប៉ុន្តែលោកគ្រូចាត់ទុកបងដូចជាកូនប្រុសបង្កើតរបស់ទ្រង់ ទ្រង់យកចិត្តទុកដាក់អស់ពីចិត្តបង្ហាត់បង្រៀនបងគ្រប់យ៉ាង ចាប់តាំងពីហាត់រៀនតាំងសីល៍រហូតដល់ដោះស្រាយកិច្ចការរាជការ។ លោកគ្រូនឹងត្រេកអររីករាយ មានមោទនភាព បើបងធ្វើបានល្អ ហើយក៏ត្រៀមខ្លួនជាស្រេចក្នុងការស្តីបន្ទោសយ៉ាងតឹងរ៉ឹង បើបងធ្វើខុស។ មានពេលមួយ បងត្រូវមនុស្សលបលួចធ្វើឃាត! អូនដឹងទេ ក្រោយមកលោកគ្រូជំរុញឱ្យបងលុតដំក្រុមសេនាអង្គរក្សផ្ទាល់ខ្លួន។ ទ្រង់មានបន្ទូលថា មនុស្សទាំងនោះត្រូវតែជាឆ្មាំស្មោះត្រង់ចំពោះបងតែម្នាក់គត់។ ពេលមួយ លោកគ្រូមានចេតនាលមើលចិត្តឆ្មាំទាំងនោះ ដោយចេញបញ្ជាផ្ទុយពីបង បន្ទាប់មក មិនថាអ្នកណាដែលស្ដាប់បញ្ជាទ្រង់ ទ្រង់ផ្ដល់យោបល់ឱ្យបងសម្លាប់ចោលទាំងអស់។ ទ្រង់មានបន្ទូលថា បងប្រគល់អាយុជីវិតនៅលើដៃពួកឆ្មាំទាំងនោះ ហេតុនេះពួកគេមានជម្រើសតែស្មោះត្រង់ចំពោះបងតែម្នាក់ប៉ុណ្ណោះ។»

[អ៊ំប្រុសធំ: សានយានឈីងយ៉ាង ព្រះបុត្រាធំសានយាន ជាបុរសស្ពាយដាវកំបាក់ មាត់ខាំកន្ទុយស្មៅ ទៅរកកៅស៊ីងស៊ាវហាវដំដែកនៅឋានកណ្ដាល ដែលកាលនោះជាព្រះបុត្រាធំកៅស៊ីងលាក់ខ្លួន ហើយពួកគេរាប់អានគ្នាទាំងមិនដឹងសាវតាក្លាយជាមិត្តសម្លាញ់ល្អជាងពីរពាន់ឆ្នាំ។]

«ព្រះបិតាជាមនុស្សកំពូលល្អយ៉ាងនេះ ហេតុអ្វីអ្នកម៉ែចាកចោលទ្រង់? ខ្ញុំធ្លាប់សង្ស័យថាបិតាធ្វើខុសអ្វីមួយធ្វើឱ្យអ្នកម៉ែខឹង។ បងក៏ចាប់អារម្មណ៍នៅពេលឃើញមាតារបស់អានានដែរ។ អានានឈ្មោះ កៅស៊ីងអឺ ឈ្មោះក្រៅហៅ អានាន មានន័យថា នឹករឭក នឹកអាល័យមិនដាច់។ ប្រាកដណាស់ ព្រះបិតានឹករឭកអនុស្សាវរីយ៍នាអតីតកាលដែលមិនអាចបំភ្លេចបាន។ នៅក្នុងចិត្តបិតាមានតែអ្នកម៉ែ តែហេតុអ្វីអ្នកម៉ែចាកចោលបិតា? ខ្ញុំធ្លាប់ខឹងស្អប់អ្នកម៉ែខ្លាំងណាស់!»

ជ័ងស៊ូនឹករឭកទៅដល់ម្ដាយរបស់ខ្លួនឯង ដកដង្ហើមធំ៖

«បងមិនដឹងទេ ពួកយើងមិនអាចយល់ពីពួកគាត់បានឡើយ។ មានពេលខ្លះ បងខឹងស្អប់អ្នកម៉ែខ្លាំងណាស់ មុនពេលគាត់ធ្វើអត្តឃាត គាត់បានឱបបងយំ ប្រាប់បងអត់ទោសឱ្យគាត់។ អ្នកម៉ែបង្កើតបងមកហើយបែរជាបោះបង់ចោលបង បងធ្វើម្ដេចអាចអត់ទោសឱ្យគាត់បានទៅ!»

«ថ្ងៃក្រោយ ពេលមានកូន ខ្ញុំនឹងមិនចាកចេញពីពួកគេមិនថាមូលហេតុអ្វីក៏ដោយ!»

«ថ្ងៃក្រោយ មុនពេលរៀបការ បងនឹងសួរប្រពន្ធបង បើបងស្លាប់ នាងនឹងស្លាប់តាមបងទេ? បើនាងថាចង់រួមស្លាប់រស់ជាមួយគ្នា បងនឹងមិនឃ្លានរៀបការជាមួយនាងទៀតទេ!»

ស៊ីវលូនិងជ័ងស៊ូសម្លឹងមុខគ្នា ហើយនាំគ្នាផ្ទុះសំណើចហាៗ។

ជ័ងស៊ូផ្ដេកក្បាលចុះលើក្បាលគ្រែ ផ្អឹបថ្ពាល់កៀកកើយដៃស៊ីវលូ។

«រង់ចាំបងរៀបចំអ្វីៗរួចរាល់ហើយ ពួកយើងនឹងរួមជាមួយគ្នាត្រលប់ទៅភ្នំសានយាន។ បងចង់មើលថាសួនផ្កាក្ងោកនៅដំណាក់ចាវយុននៅតែរីកស្គុះស្គាយដូចថ្ងៃអស្ដង្គ ចម្ការផ្លែមនរបស់លោកយាយនៅតែខៀវខ្ចីដូចគជ់បៃតងទៀតដែរឬទេ…»

[ដំណាក់ចាវយុន: ដំណាក់របស់ម្ចាស់ក្សត្រីលីស៊ូ លោកយាយរបស់ជ័ងស៊ូនិងស៊ីវយ៉ាវ។]

ស៊ីវលូអង្អែលដៃលើសរសៃសក់ស្កូវរបស់ជ័ងស៊ូ។

«ផ្លូវទៅកាន់ដំណាក់ចាវយុនគឺជាផ្លូវស្រោចឈាម»

ជ័ងស៊ូរីកស្នាមញញឹមត្រជាក់ល្អូក៖

«ដំណើរផ្លូវជ្រែលកលិយុគនិងអំណាចកំពូលតាំងពីអើយមកត្រួសត្រាយទៅដោយឆ្អឹងសឈាមក្រហមស្រស់! បងមិនត្រឹមតែចង់ដណ្ដើមយកដំណាក់ចាវយុនមកវិញ បងចង់បានទាំងភ្នំសានយានទាំងមូល!»

នៅចំពោះមុខមនុស្សគ្រប់គ្នា គេតែងតែលេចមុខជាសុភាពបុរសវ័យក្មេងឆ្លាតវៃ រួសរាយរាក់ទាក់ មានសុជីវធម៌ ជាកំពូលបុរសថ្វីជំនាញច្រើន ពូកែលេងអុក ចេះបិតស្រា និងចេះដំដែក។ រាល់ពេលដែលអ្នកទៃចួបគេ មានអារម្មណ៍ថាដូចជាកំពុងជ្រមុជនៅក្នុងខ្យល់និទាឃរដូវដ៏កក់ក្តៅ។ ប៉ុន្តែនៅចំពោះមុខស៊ីវយ៉ាវ គេស្មោះត្រង់លាតត្រដាងមហិច្ឆតានិងភាពគ្រោតគ្រាតត្រជាក់ល្អូករបស់គេ។

ស៊ីវលូញញឹមពន្យុះ៖

«បងដណ្ដើមយកចុះ!» ប្រៀបដូចជាមយ៉ូរាស្ថិតនៅលើកំពូលមេឃខ្ពស់ ជ័ងស៊ូតាំងពីតូចមកមានមហិច្ឆតាគ្រងអំណាច។ ស៊ីវលូបានដឹងរឿងនេះតាំងពីយូរ។

ជ័ងស៊ូនិយាយទៅកាន់នាង៖

«មន្ត្រីមួយចំនួនធំនៅក្នុងជួររាជការបច្ចុប្បន្នជាមនុស្សរបស់ព្រះបិតុលា។ បងធ្លាប់រកមនុស្សទូលថ្វាយសារ លើកសំណើទទួលព្រះបុត្រាសានយានវិលទៅនគរសានយានវិញ ប៉ុន្តែសុទ្ធតែត្រូវពួកគេបដិសេធ សារសំណើរច្រានចោលទៅមួយកន្លៀតជញ្ជាំង។ ហេតុនេះ បងត្រូវការបង្កើតមូលហេតុមួយ ដែលគ្មានអ្នកណាអាចបដិសេធរឿងដែលបងវិលទៅវិញ។ ហើយនោះប្រាកដជាណាស់ បងត្រូវការប្រើប្រាស់អូន!»

ស៊ីវលូញញឹមស្រស់បស់៖

«សូមអញ្ជើញតាមសប្បាយ!»

ជ័ងស៊ូជ្រប់ថ្ពាល់លើបាតដៃរបស់ស៊ីវលូ ពោលតិចៗ៖

«អូនមកវិញពិតជាប្រសើរណាស់! បងលែងនៅពុះពារប្រយុទ្ធតែម្នាក់ឯងទៀត!»

«នែ៎… ខ្ញុំមានសន្យានឹងបងឯណាថានឹងរួមកៀកស្មាគ្នាប្រយុទ្ធ!»

ជ័ងស៊ូងើបមុខឡើង បានចិត្តស្ដូក៖

«មិនជួយបានហ្អេស! បងជាបងប្រុសរបស់អូន ទោះអូនដំបូងឡើយមិនគិតចង់ជួយ តែបើបងធ្លាក់ក្នុងគ្រោះថ្នាក់ អូនប្រាកដជាមិនអាចឈរឱបដៃមើលទេ!»

ស៊ីវលូជូនជ័ងស៊ូមួយដៃវាយដឹប៖

«ជនឥតខ្មាស! អ្នកដទៃមានបងប្រុស គេមានបងប្រុសមើលថែ ការពារ… ឯណេះវិញ បងបែរជាទារខ្ញុំការពារទៅវិញ!»

ជ័ងស៊ូដកដង្ហើមធំ៖

«មានតែអ៊ីចឹងដឹងធ្វើម្ដេច! កាលពីតូចបងវាយមិនឈ្នះអូនទេ!»

«មិនចេះខ្មាស!»

«ស៊ីវយ៉ាវ!»

ស្នាមញញឹមដាច់យឺតៗ ជ័ងស៊ូម៉ឺងម៉ាត់ចំពោះស៊ីវលូ។

«បងដឹងថាអូនចូលចិត្តរស់នៅជីវិតសេរីភាពស្ងប់សុខ ប៉ុន្តែបងក៏ដឹងដែរថាអូននឹងមិនទុកបងចោល។ រឿងដែលបងសម្រេចចិត្តវិលត្រលប់ទៅវិញលើកនេះនឹងបង្កព្យុះភ្លៀងជាច្រើន អូននឹងជាមុខសញ្ញាទទួលរងជាក់ជាមិនខាន សត្រូវរបស់បងនឹងតាមរករិធីធ្វើបាបអូន។ យកល្អបងនិយាយត្រង់ប្រាប់អូនទុកជាមុន ឱ្យអូនប្រុងប្រយ័ត្នការពារខ្លួនជាជាងសម្ដែងល្ខោន បិទបាំង!»

ស៊ីវលូទះតិចៗលើខ្នងដៃរបស់ជ័ងស៊ូ បង្ហាញថានាងយល់។

នាងនិយាយថា៖

«បងនៅចាំទេ មុនពេលលាចាកលោក លោកយាយបានចាប់កាន់ដៃរបស់ពួកយើងនិងនិយាយថាពួកយើងជាក្មេងកំព្រាកម្សត់ ប្រាប់ពួកយើងថ្ងៃក្រោយត្រូវតែមើលថែគ្នា ការពារគ្នា»

«បងចាំ»

គេធ្វើម្ដេចអាចបំភ្លេចពាក្យពេចន៍ដាប់ឆ្អឹងឆ្លាក់ចិត្តនោះបាន។ ឪពុកម្ដាយស្លាប់យ៉ាងវេទនា គេប្រែជាដឹងក្ដីជាងវ័យរបស់គេ។ កាលនោះ គេតាំងចិត្តសន្យាជាមួយលោកយាយ នឹងមើលថែស៊ីវយ៉ាវឱ្យបានល្អ។ ស៊ីវយ៉ាវដ្បិតនៅតូច តែក៏រៀនធ្វើតាមគេ សន្យាថានឹងការពារគេ។

«កាលនោះខ្ញុំឃើញលោកយាយចម្លែកណាស់ បងជាក្មេងកំព្រាកម្សត់គឺត្រឹមត្រូវ តែខ្ញុំអត់ទេ។ ពេលនេះគិតសព្វៗឡើងវិញទើបយល់ លោកយាយស្រមើលមើលដឹងវាសនាវេនកម្មរបស់ពួកយើង។»

ជ័ងស៊ូខ្សឹកខ្សួល៖

«ដំណាក់ចាវយុនកាលពីមុនថ្ងៃណាក៏ពោរពេញទៅដោយសំឡេងសើចសប្បាយខ្ញៀវខ្ញា ពេលនេះនៅសល់តែបងហើយនិងអូន!»

ស៊ីវលូស្ងប់ស្ងាត់ ងើយសម្លឹងមើលផ្កាយរះលើមេឃ ជ័ងស៊ូក៏ងើយសម្លឹងមើលវាលមេឃធំធេង៖

«សូមអរព្រះគុណព្រះអយ្យកា ព្រះបិតុលាធំ ព្រះបិតុលាទីពីរ ព្រះបិតា ព្រះមាតា ព្រះមាតុឆា និងអ្នកមីងជូយ៉ូ តាមមើលថែខ្ញុំនិងស៊ីយ៉ាវបានចួបជុំគ្នាវិញ!»

I: Chapter 11

វគ្គ១១៖ ជំនួបសាទរពេលណាកើតមាន

ស៊ីវជូយ៉ុងមានដើមកំណើតពីវង្សត្រកូលខ្ពង់ខ្ពស់ ពូជពង្សរាជវង្សានុវង្សស៊ឹងនុង ឪពុករបស់គេគឺជាវីរបុរស ស៊ឹងនុងជូយ៉ុង កំពូលមេទ័ពស៊ឹងនុងល្បីល្បាញក្រោមមេឃនេះ។ ក្រោយពេលនគរស៊ឹងនុងចាញ់សង្គ្រាមដួលរលំ ស៊ីវជូយ៉ុងចុះចូលអធិរាជហ័ងទី ហើយបានរៀបការជាមួយកូនស្រីតែមួយគត់របស់ម្ចាស់មេសម្ព័ន្ធគ្រួសារមហាត្រកូលឈីសួយគឺ ឈីសួយស៊ីវទៀ។ ស៊ីវជូយ៉ុងកាន់តែយូរកាន់តែត្រូវបានអធិរាជហ័ងទីទុកចិត្តប្រើប្រាស់ ក្លាយជាមហាមន្ត្រីជាន់ខ្ពស់នៅក្នុងជួររាជការសានយាន ទទួលតួនាទីគ្រប់គ្រងតំបន់ភូមិភាគកណ្ដាល។

[ភូមិភាគកណ្ដាល: តំបន់វាលទំនាបកណ្ដាលធំបំផុតស្ថិតនៅក្នុងដែនដីស៊ឹងនុង។ នគរសានយានជាតំបន់ភ្នំ នគរកៅស៊ីងជាតំបន់ទឹក ភូមិភាគកណ្ដាលជាតំបន់វាលទំនាប គ្រួសារត្រកូលធំៗសុទ្ធតែប្រមូលផ្ដុំនៅទីនោះ ជាតំបន់ដែលអធិរាជគ្រប់រូបស្រេកឃ្លានចង់ដណ្ដើមយក។]

ដំបូងដ្បិតខ្លបខ្លាចខ្សែស្រឡាយនិងប្រវត្តិរបស់ស៊ីវជូយ៉ុង ក៏នៅតែមានមនុស្សជាច្រើនខ្សឹបខ្សៀវគ្នា ស៊ីសសូសឥតល្ហែ។ ឪពុករបស់គេតស៊ូប្រយុទ្ធដល់ដង្ហើមចុងក្រោយ ពលីជីវិតដើម្បីនគរស៊ឹងនុង រីឯគេបែរជាចុះចូលសានយាន ក្លាយជាមហាមន្ត្រីរបស់អធិរាជហ័ងទី។ រឿងនេះធ្វើឱ្យមនុស្សលោកមាក់ងាយផ្ដាសាគេ។

យ៉ាងណាកន្លងទៅជាងមួយរយឆ្នាំមកនេះ ដោយសារតែមានគេ ទើបភូមិភាគកណ្ដាល ដែលតាំងពីដើមមកជាកន្លែងដែលមានចោរប្លន់កាចសាហាវ ប្រជារាស្ត្ររងទុក្ខ ឥឡូវនេះមិនអាចថាផ្លាស់ស្បែកប្តូរឆ្អឹង រីកចម្រើនសុខសាន្ដទាំងស្រុង ប៉ុន្តែដោយសារមានការកែលម្អច្បាប់វិន័យ សន្តិសុខតឹងរ៉ឹង មន្ត្រីស្មោះត្រង់ ជាជំរុញដល់ប្រជារាស្ត្រចំណាកស្រុកអាចវិលត្រលប់មកស្រុកកំណើតវិញ រាប់រយពាន់ម៉ឺនគ្រួសារអាចរស់នៅអាស្រ័យបង្កើតមុខរបរ ជីវភាពពីមួយថ្ងៃទៅមួយថ្ងៃកាន់តែល្អប្រសើរឡើង។

ឮគេនិយាយថា ស៊ីវជូយ៉ុងមិនដែលច្រានចោលដើមកំណើតរបស់ខ្លួនក្នុងនាមជាកូនចៅនគរស៊ឹងនុងដែលចាញ់សង្គ្រាមនោះឡើយ មិនតែប៉ុណ្ណោះ គេខិតខំប្រឹងប្រែងស្ដារសិទ្ធិសេរីភាពជ្រនកោនសម្រាប់ប្រជារាស្ត្រស៊ឹងនុង។ នៅចំពោះមុខអធិរាជហ័ងទី គេមិនបិទបាំងគោលបំណងរបស់ខ្លួន ដែលចង់គ្រប់គ្រងនិងកសាងភូមិភាគកណ្តាលឱ្យរុងរឿងនិងសម្បូរហូរហៀរ ដើម្បីឱ្យប្រជារាស្ត្រនៅភូមិភាគកណ្តាលរស់នៅដោយសុខសាន្តនិងសន្តិភាព ក្រោយពេលទទួលរងទុក្ខលំបាកនិងបាត់បង់យ៉ាងដំណំនៃសង្គ្រាមឃោរឃៅ។

ដោយសារហេតុនេះ ស៊ីវជូយ៉ុងត្រូវស៊ូទ្រាំនឹងការត្មេះតិះដៀលនិងរងសម្ពាធជាច្រើន។ ប្រជារាស្ត្រតំបន់វាលទំនាបកណ្តាលចាប់ផ្ដើមឈប់សង្ស័យស៊ីវជូយ៉ុងបន្តិចម្តងៗ ហើយចាប់ផ្ដើមកោតគោរពសរសើរគេកាន់តែច្រើនឡើង។ ជូយ៉ុង “ឪពុក” ស្លាប់ទៅយ៉ាងវីរភាពស័ក្តិសមក្នុងនាមជារាជវង្សានុវង្សស៊ឹងនុង ស្នេហាជាតិក្រៃលែង។ ស៊ីវជូយ៉ុងក៏មិនចាញ់ឪពុកខ្លួន គេរស់នៅប្រកបដោយសេចក្ដីថ្លៃថ្នូរនៃរាជវង្សានុវង្សស៊ឹងនុង ខ្ជាប់ខ្ជួនស្មារតីស្នេហាជាតិជួយស្ដារជីវភាពប្រជារាស្ត្រស៊ឹងនុង។

[សម្រាយ: ស៊ីវជូយ៉ុង អកតញ្ញូចំពោះឪពុក ក្បត់ស៊ឹងនុង។ ត្រកូលឈីសួយជាត្រកូលធ្លាប់ដើរតាមស៊ីវ៉ូ ក្បត់ស៊ីវ៉ូ ក្បត់ស៊ឹងនុង។ ដ្បិតពួកគេត្រូវបង្ខំចិត្តក្បត់មនសិកាជ្រើសរើសផ្លូវនេះដើម្បីការពារអាយុជីវិតនិងផលប្រយោជន៍ក្រុមគ្រួសារ ប៉ុន្តែជនក្បត់ជាតិនៅតែជាជនក្បត់ជាតិ លុបលាងមិនជ្រះ។]

ពិធីប្រកួតទេពកោសល្យរដូវស្លឹកឈើជ្រុះនៅក្រុងឈីសួយ ដើមឡើយជាការប្រកួតទេពកោសល្យដែលរៀបចំដោយស៊ីវជូយ៉ុងបន្ទាប់ពីគេចូលកាន់កាប់តំបន់ភូមិភាគកណ្ដាល។ ដំបូង ពិធីនេះគ្រាន់តែជាការប្រកួតតូចតាចមួយ ដើម្បីលើកទឹកចិត្តដល់ទេពកោសល្យជននៃត្រកូលតំបន់វាលទំនាបកណ្តាល ដើម្បីឱ្យកូនចៅនៅតំបន់វាលទំនាបកណ្តាលមានឱកាសចែករំលែកការរៀនសូត្រ ពង្រីកការយល់ដឹង លុបបំបាត់ទម្លាប់អាក្រក់ អំណួតក្រអឺតក្រទម ពង្រឹងគោលជំហរ ឧស្សាហ៍ព្យាយាម តស៊ូជំនះឥតឈប់ឈរ។

ប៉ុន្តែឥទ្ធិពលនិងភាពទាក់ទាញនៃការប្រកួតនេះបានលាតសន្ធឹងហួសពីតំបន់វាលទំនាបកណ្តាល គ្រួសារនីមួយៗចង់ឱ្យកូនចៅរបស់ពួកគេមានឱកាសបើកខ្សែចក្ខុ និងចូលរួមប្រកួតដ៏មានតម្លៃនេះ។ ហេតុនេះ ចំនួនគ្រួសារដែលចូលរួមការប្រកួតកើនឡើងខ្ពស់ជាលំដាប់។ ក្រោយមក សម្ព័ន្ធគ្រួសារធំៗទូទាំងតាហ័ងទាំងមូលក៏ចូលរួមយ៉ាងកក្រឹកកក្រេង នាំឱ្យពិធីប្រកួតទេពកោសល្យរដូវស្លឹកឈើជ្រុះនៅក្រុងឈីសួយ ក្លាយជាពិធីចួបជុំប្រជុំឱកាសដ៏ឱឡារិកនៅតាហ័ង។

ចំណុចពិសេសនៃការប្រកួតនេះគឺ ឥតបែងចែកនគរ គ្រួសារណាក៏អាចប្រកួតសមត្ថភាព និងទំនាក់ទំនងគ្នាដោយសេរី។ ជារៀងរាល់ឆ្នាំ អធិរាជហ័ងទីនិងអធិរាជស៊ុនទីតែងតែបញ្ជូនរាជទូតរបស់ពួកគេនាំយករង្វាន់ដ៏ក្រាស់ក្រែលសម្រាប់ជ័យលាភីការប្រកួត ដែលរួមចំណែកទាក់ទាញការចូលរួមកាន់តែច្រើនឡើងពីសំណាក់ទេពកោសល្យជនមកពីគ្រប់ទិសទី។

ឆ្នាំនេះ ក្រុមទេពកោសល្យជនចូលរួមប្រកួតរបស់កៅស៊ីង ដឹកនាំដោយរាជទូត យូឈូ។ ជ័ងស៊ូ ស៊ីវលូ និងអានាន អមដំណើរជាមួយក្រុម។ [យូឈូ: ជនហីៗតែមិនធម្មតាម្នាក់ វាយសមរភូមិចុងក្រោយជាមួយសាងលីវ។]

ស៊ីវលូភ្ញាក់ផ្អើលជាខ្លាំងនៅពេលឮជ័ងស៊ូនិយាយថា នេះជាលើកទីមួយដែលគេចូលរួមកម្សាន្តពិធីប្រកួតនេះ។ តែគិតមួយសន្ទុះ នាងក៏បានយល់។ គ្រួសារទាំងអស់មិនថាតូចធំនៅតាហ័ងសុទ្ធតែធ្វើដំណើរមកក្រុងឈីសួយ សម្រាប់ពិធីប្រកួតនេះ។ អ្នកចូលរួមការប្រកួតគឺជាកូនចៅខ្លាំងពូកែៗរបស់គ្រួសារ។ ចំពោះមនុស្សភាគច្រើន ការប្រកួតនេះសំខាន់ខ្លាំងណាស់ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺពួកគេអាចមកទីនេះដើម្បីរាប់អានបង្កើនមិត្ភភក្ដិ បង្កើតទំនាក់ទំនង ជួយជ្រោមជ្រែងអំណាចនាពេលអនាគត។

ហេតុនេះ កាលពីមុនដ្បិតពិតជាចង់ចូលរួម ជ័ងស៊ូត្រូវតែបោះបង់ ព្រោះគេមិនចង់ទាក់ទាញចំណាប់អារម្មណ៍ពីពួកក្ដាប់អំណាចសានយាន មិនចង់ឱ្យពួកគេកើតមានការសង្ស័យ ប្រយ័ត្នប្រយែងឬចិញ្ចឹមចិត្តចង់កម្ចាត់មុខសញ្ញាសត្រូវ។ ឥឡូវនេះវិញ គេមិនខ្លាចអ្វីទាំងអស់ ព្រោះគេបានត្រៀមខ្លួនវិលត្រលប់ទៅវិញ។

កៅស៊ីងជាទឹកដីដែលសម្បូរភោជទ្រព្យធម្មជាតិខ្សែទន្លេបឹងបួរធំធេង យូឈូសម្រេចចិត្តធ្វើដំណើរតាមទូកដូចរាល់ឆ្នាំ។

ជ័ងស៊ូដំបូងបារម្ភថា ស៊ីវលូនិងអានានធ្វើដំណើរជាមួយគ្នានឹងឈ្លោះប្រកែកគ្នាឆោឡោមិនខាន។ មិននឹកស្មានថា អ្នកទាំងពីរមើលទៅចុះសម្រុងគ្នាខ្លាំងណាស់ ពេលខ្លះថែមទាំងប្រជុំក្បាលគ្នាស៊ីសសូសរឿងផ្ទាល់ខ្លួនទៀតផង។ ជ័ងស៊ូឃើញចម្លែក ឈ្លេចសួរស៊ីវលូ៖

«អូន បញ្ចុះបញ្ចូល អានានដោយវិធីណាហ្នឹង?»

ស៊ីវលូសើចខិល៖

«អាថ៌កំបាំង!»

នៅតាមផ្លូវ ពួកគេបានចួបក្រុមទេពកោសល្យជនជាច្រើនដែលចូលរួមការប្រកួតរបស់បណ្ដាគ្រួសារធំៗ ទូកធំទូកតូចមានគ្រប់ទំហំ។ ត្រកូលធំៗដូចជា “កុលសម្ព័ន្ធកៅស៊ីងធំទាំងបួន” ច្រើនមានមនុស្សរាប់សិបនាក់នៅលើទូកធំ ត្រកូលតូចមានបួនប្រាំនាក់នៅលើទូកតូច ហើយក៏មានទូកដឹកមនុស្សតែម្នាក់តំណាងក្រុមគ្រួសារនីមួយៗ។

មានភាគបន្ត…

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*