បន្ទាប់ពីពិភាក្សាជាមួយយូឈូ ជ័ងស៊ូនាំស៊ីវលូ អានាន និងហាយថាងចុះទូកតូច ធ្វើដំណើរដាច់ឡែក។ មនុស្សជាច្រើនគិតថាពួកគេជាកូនចៅគ្រួសារតូចដែលបញ្ជូនមកចូលរួមការប្រកួត។ នៅរៀងរាល់ពេលដែលទូកចូលចតកំពង់សម្រាក មនុស្សគ្រប់គ្នាចូលសួរសុខទុក្ខនិងជជែកគ្នា ជ័ងស៊ូប្រាស្រ័យទាក់ទងយ៉ាងរីករាយ។ នៅតាមផ្លូវ គេបានរាប់អានមនុស្សជាច្រើន។
កាន់តែខិតទៅជិតក្រុងឈីសួយ ទូកតូចកាន់តែកកកុញ ប៉ុន្តែមិនមានការកកស្ទះ ព្រោះស៊ីវជូយ៉ុងបានរៀបចំមនុស្សចាត់ចែងផ្លូវទូក។
ចូលទៅដល់បរិវេណក្រុងឈីសួយ ទន្លេកាន់តែរីកសាយធំទូលាយ វាលស្រែធំដុះដាលនៅសងខាងច្រាំងទន្លេ។ នារដូវច្រូតកាត់ ទន្លេស្រូវរលេញពណ៌មាសភ្លឺចែងចាំងនិងធំល្វឹងល្វើយ។ កសិករខិតខំច្រូតកាត់ គោក្របីអូសនឹមទាញស្រូវទៅភូមិ។ ទិដ្ឋភាពនារដូវកាលនេះសង្វាតឱហាត អ៊ូអរ។
ខ្យល់បក់ពីច្រាំងទន្លេនាំក្លិនក្រអូបរបស់វាលស្រែ ស៊ីវលូស្រូបដង្ហើម មានអារម្មណ៍ស្រស់ស្រាយយ៉ាងខ្លាំង។ អានានចេញទៅឈរលើក្បាលទូក ក្រឡេកមើលជុំវិញ ញញឹមយ៉ាងរីករាយ៖
«មនុស្សនៅលើគោកខាងនោះមើលទៅសប្បាយណាស់ន៎!»
ជ័ងស៊ូក្រឡេកមើលទិដ្ឋភាពលើច្រាំងទន្លេដោយខ្សែភ្នែកស្រងូតស្រងាត់ តែជ្រុងបបូរមាត់នៅតែច្បិចញញឹមស្រាល។
ស៊ីវលូពិបាកយល់៖
«ម្ដេចអារម្មណ៍បងស្មុគស្មាញខ្លាំងម៉្លេះ?»
ជ័ងស៊ូតបតិចៗ៖
«ជូយ៉ុងធ្វើឱ្យឪពុកបងស្លាប់ គំនុំនេះបងស្បថថាមិនទូលមេឃរួមគ្នា។ អូនដឹងទេ នៅពេលដែលស៊ីវជូយ៉ុងចុះចូលនឹងព្រះអយ្យកោ កាលនោះបងនៅសានយាននៅឡើយ ព្រះអយ្យកោផ្តល់សិទ្ធិឱ្យបងសម្រេចចិត្តជីវិតស្លាប់រស់របស់គេ ហើយបងក៏បានអត់ទោសឱ្យស៊ីវជូយ៉ុង។ ថ្ងៃនេះ មើលឃើញទិដ្ឋភាពទាំងនេះ បងមានអារម្មណ៍ធូរស្រាលខ្លាំងណាស់ ព្រោះដឹងថាការសម្រេចចិត្តរបស់បងគឺត្រឹមត្រូវ។ ប៉ុន្តែបងមានអារម្មណ៍ថាខុសឆ្គងចំពោះឪពុកម្តាយបង…»
[សម្រាយ: សង្គ្រាមសានយាននិងស៊ឹងនុង នាសមរភូមិរវាងសានយានសាងអ៊ី ដែលជាព្រះបុត្រាទីបួន និងជូយ៉ុង កំពូលមេទ័ពស៊ឹងនុង។ ជូយ៉ុងហាត់សីល៍ធាតុអគ្គី ប្រើភ្លើងដុតបំផ្ទុះភ្នំមួយទាំងមូលប្ដូរស្លាប់ជាមួយទាហានសានយានទាំងអស់ នៅក្នុងសមរភូមិរួមប្រយុទ្ធជាមួយប្រពន្ធ ព្រះបុត្រាទីបួនមានឱកាសរត់គេច តែមិនរត់គេចចោលទាហាន វាយប្រពន្ធសន្លប់ឱ្យខ្លាត្រីអាយៀកនាំហោះរត់គេចចេញពីភ្នំ រក្សាសម្បថសច្ឆៈភាពមុនចេញច្បាំងថាមិនចាកចោលទាហានរបស់ខ្លួនជាដាច់ខាត រួមស្លាប់ក្នុងសមុទ្ទភ្លើងយ៉ាងអង់អាច។ ទាហានមួយភាគធំជាទាហានខាងប្រពន្ធ ស្លាប់សឹងដាច់ពូជមួយកុលសម្ព័ន្ធរបស់ប្រពន្ធ នៅសល់តែម្ដាយចំណាស់ ប្រពន្ធមេម៉ាយ និងកូនកំព្រា។ ក្រោយមក សាងប៉ ដែលជាប្រពន្ធសាងអ៊ី ម្ដាយជ័ងស៊ូ នៅថ្ងៃបញ្ចុះសពសាងអ៊ី សម្លាប់ខ្លួនឯងនៅចំពោះមុខជ័ងស៊ូ លោតចូលផ្នូររួមបញ្ចុះជាមួយសាងអ៊ី រក្សាសម្បថភក្ដីភាពថ្ងៃរៀបការថានឹងរួមស្លាប់រស់ជាមួយព្រះស្វាមី។]
ជ័ងស៊ូដកដង្ហើមធំស្រាលៗ។
ស៊ីវលូរើសពាក្យពោលលួង៖
«ផ្លូវដែលបងជ្រើសរើស ដើមឡើយជាផ្លូវ “ដើម្បីសច្ចៈធំបោះបង់ញាតិ” ។ បើសម្រេចចិត្តជ្រើសរើសទៅហើយ បងមិនគួរចោទសួរឬគ្រាំគ្រាចិត្តខ្លួនឯងឡើយ។ ឪពុកម្តាយបងនឹងគាំទ្រដល់បង។»
ជ័ងស៊ូញញឹមស្រណោះ៖
«បងយល់»
ទូកបន្តចុះទៅ ទេសភាពប្រែប្រួលបន្តិចម្តងៗ។ នៅច្រាំងខាងត្បូងនៅតែមានដើមឈើបៃតងដុះដាលរាប់ពាន់យោជន៍ ខណៈនៅច្រាំងខាងជើងគ្មានស្មៅមួយទង ដីរាំងស្ងួតប្រេះក្រហែង ស្ងាត់ជ្រងំដូចវាលខ្សាច់ខ្មោច ដីងាប់ខ្មៅរាលដាលពេញភាគខាងជើង។
អានានងឿងឆ្ងល់សួរ៖
«ឈីសួយដើមឡើយជាតំបន់ដែលមានទន្លេនិងអូរជាច្រើន គេនិយាយថានៅរដូវផ្ការីកនិងរដូវក្ដៅមានភ្លៀងធ្លាក់ច្រើន មានទឹកហូរហៀរគ្រប់គ្រាន់ នៅរដូវរងាមានព្រិលធ្លាក់ខ្លាំង ចុះហេតុអ្វីមានវាលខ្សាច់ខ្មៅធំយ៉ាងនេះលេចឡើងនៅទីនេះ?»
ជ័ងស៊ូលើកដំបូងមកដល់ឈីសួយ ស៊ីវលូដ្បិតដើរតែលតោលនៅតាហ័ងជាច្រើនឆ្នាំ នាងក៏មិនដែលមកទីនេះដែរ ព្រោះតំបន់នេះនៅជិតឈីចូវ នាងតែងតែគេចពីទីកន្លែងនោះ។ ហេតុនេះ អ្នកទាំងពីរសុទ្ធតែមិនដឹងពីប្រភពមូលហេតុ។
អ្នកអុំទូកជាមនុស្សចេញចូលឈីសួយញឹកញាប់ សើចឡើងថា៖
«ឮលោកតាលោកយាយខ្ញុំនិយាយថា ពីមុនទីកន្លែងនេះមិនមែនជាវាលខ្សាច់ខ្មៅទេ ប៉ុន្តែមិនដឹងចាប់ផ្ដើមតាំងពេលណា ដីប្រែជារីងស្ងួតហួតហែង។ ឮថានៅចន្លោះប្រហោងកណ្តាលដីនោះមានព្រៃផ្កាអង្គាសីល៍ដ៏ធំមួយ ក្នុងព្រៃផ្កាអង្គាសីល៍មានបិសាចសត្វចម្លែកដ៏គួរឱ្យខ្លាចមួយក្បាល។ បិសាចនោះប្រៀបដូចជាភ្នំភ្លើង ដុចកម្លោចដីមានជីជាតិនេះបំផ្លាញឥតឈប់ឈរ ប្រែទៅជាវាលខ្សាច់រាំងស្ងួត ខ្មោចស្លាប់។ មនុស្សលោកនាំគ្នាហៅសត្វចម្លែកដែលនាំគ្រោះរាំងស្ងួតនោះថា ហានប៉ា!»
[ហានប៉ា: បិសាចរាំងស្ងួត; មនុស្សសំខាន់ម្នាក់ចំពោះស៊ីវយ៉ាវ កំពុងទន្ទឹងរង់ចាំស៊ីវយ៉ាវទាំងថ្ងៃទាំងយប់។]
ជ័ងស៊ូសួរថា៖
«ហេតុអ្វីអាទិទេពមិនបញ្ជូនទ័ពមកវាយកម្ចាត់សត្វចម្លែកនោះ?»
អ្នកអុំទូកតប៖
«ឮថាមានបុរសអាទិទេពមួយចំនួនស្ម័គ្រចិត្តទៅសម្លាប់សត្វចម្លែក។ ប៉ុន្តែតំបន់វាលខ្សាច់ខ្មៅនេះចម្លែកណាស់ កាន់តែចូលជ្រៅទៅៗ កាន់តែក្ដៅហួតហែងនិងឆេះរោលរាលដូចភ្លើងដុតកម្លោច។ មនុស្សជាច្រើនស្ទើរតែត្រូវដុតខ្លោចមុនពេលរកឃើញព្រៃផ្កាអង្គាសីល៍ ពួកគេម្នាក់ៗនាំគ្នារត់ប្រាសអាយុចេញក្រៅវិញយ៉ាងលឿន។ អ្វីដែលចម្លែកនោះគឺ សត្វចម្លែកនោះកាន់កាប់ដីនេះជាច្រើនឆ្នាំមកហើយ ប៉ុន្តែមិនដែលធ្វើបាបអ្នកណាម្នាក់ឡើយ។ មនុស្សលោកថែមទាំងនឹកឆ្ងល់ពីភាពស្ថិតស្ថេររបស់វា ជាយូរទៅមនុស្សលោកបន្តិចម្តងៗបំភ្លេចរឿងនេះ មិនយកចិត្តទុកដាក់ចំពោះវាតទៅទៀត។»
អានានលូកកាត់៖
«គួរឱ្យស្អប់មែន ព្រៃឈើបៃតងរាប់ពាន់យោជន៍ត្រូវដុតបំផ្លាញព្រោះតែវា ស្ដាយថា ភាគខាងជើងជាទឹកដីសានយាន បើពុំនោះទេ ខ្ញុំនឹងសុំឱ្យពុកបញ្ជូនមនុស្សទៅវាយកម្ចាត់សត្វចម្លែកនោះ!»
ស៊ីវលូសម្លឹងមើលស្លុងទៅវាលខ្សាច់រាំងស្ងួតនោះ កាត់សេចក្ដីថា៖
«សត្វចម្លែកនោះគ្មានបំណងអាក្រក់ទេ!»
អានានសម្លក់ផ្លៀកៗស៊ីវលូ។ ជ័ងស៊ូនៅម្ខាងសន្សឹមៗបកស្រាយ៖
«អម្បាញ់មិញអូននិយាយថា ទីកន្លែងនេះនៅជិតឈីសួយ សម្បូរប្រភពទឹកណាស់ រដូវផ្ការីកនិងរដូវក្តៅសុទ្ធតែមានភ្លៀងធ្លាក់ រដូវរងាក៏មានព្រិលធ្លាក់ខ្លាំង ប៉ុន្តែនៅតែមានវាលខ្សាច់ខ្មៅលាតសន្ធឹងរាប់ពាន់យោជន៍។ តាមគំនិតអូន បើសត្វចម្លែកនោះរើសយកដីផ្សេងនឹងកាន់តែវិនាសហិចហោចច្រើនប៉ុនណា? នេះបញ្ជាក់ថា បិសាចនេះមិនចង់ធ្វើបាបមនុស្សទេ!»
ដ្បិតពាក្យសម្ដីរបស់ជ័ងស៊ូពិតជាសមហេតុសមផល ក៏អានាននៅតែគិតថាសត្វចម្លែកនេះគួរតែវាយកម្ចាត់ចោល។ មិនថាយ៉ាងណា តាំងពីតូចដល់ធំ នាងទម្លាប់ស្តាប់តាមឪពុកនិងជ័ងស៊ូ ទើបឥឡូវនេះនាងគ្រាន់តែស្តាប់បង្គាប់មិនមាត់។
ទូកបន្តចុះទៅក្រោម មួយសន្ទុះក្រោយមក នៅលើច្រាំងខាងជើងលេចឡើងដើមមានផ្លែរាយប៉ាយ បន្តិចម្ដងៗពន្លឺពណ៌បៃតងកាន់តែក្រាស់ឃ្មឹក ចម្ការផ្លែស្ពឺខៀវស្រងាត់លាតសន្ធឹងដាច់កន្ទុយភ្នែក។ ផ្លែទុំតោងលើមែក ខ្លះលឿង ខ្លះក្រហម ពិតជាចំណីគន់ភ្នែក។ មនុស្សគ្រប់គ្នាភ្លាមៗនោះបំភ្លេចសត្វចម្លែកនោះចោល។
រសៀលបាក់ចុះ ទូកក៏រសាត់ទៅមុខយឺតៗ កំពង់ផែទូកលេចឡើងនៅមិនឆ្ងាយ ហើយឃើញមានទូកជាច្រើនបោះយុថ្កាជុំវិញ។
ជ័ងស៊ូនិងមនុស្សគ្រប់គ្នាវិលទៅទូកធំវិញ។ អ្នកអុំទូកស្រែកហ៊ោពាក្យសម្ងាត់ ទាញទូកចូលចតទៅច្រាំងឈប់នៅទីតាំងកំណត់។ មានមន្ត្រីមួយរូបឈានទៅមុខរាក់ទាក់យូឈូ។ ដ្បិតនៅលើទូកមានព្រះនាងកៅស៊ីងនិងព្រះបុត្រាសានយាន ប៉ុន្តែទាំងជ័ងស៊ូនិងអានានមិនចង់បង្ហើបសាវតារបស់ពួកគេ ទើបគ្មាននរណាយកចិត្តទុកដាក់ចំពោះពួកគេ។
ក្រុមមនុស្សទៅកាន់កន្លែងសម្រាកសម្រាប់ភ្ញៀវ។ យូឈូជាប់មមាញឹកនឹងកិច្ចការជាច្រើន មិនអាចនៅសម្រាកបាន។
យូឈូគឺជាក្មួយប្រុសរបស់អធិរាជស៊ុនទី ក៏ជាសិស្សរបស់ទ្រង់ផងដែរ ត្រូវបានទ្រង់បណ្តុះបណ្តាលនិងចិញ្ចឹមបីបាច់តាំងពីតូច ហេតុនេះគេអាចចាត់ទុកថាជា “មនុស្សចំណិត” របស់អធិរាជស៊ុនទី។ ដឹងច្បាស់ទំនាក់ទំនងជិតស្និទ្ធរវាងអានាននិងជ័ងស៊ូ គេមិនខ្ចីសួរពីគម្រោងរបស់អានាន ងាកទៅសួរជ័ងស៊ូដោយផ្ទាល់។ ជ័ងស៊ូឆ្លើយតប៖
«សម្រាកមួយយប់ ថ្ងៃស្អែកចេញដំណើរទៅដើរលេងមើលជុំវិញ ថ្ងៃខានស្អែក នឹងទៅចូលរួមមើលការប្រកួត សិស្សច្បងមិនចាំបាច់បារម្ភពីពួកយើងទេ»
«មនុស្សដែលចូលរួមការប្រកួតសុទ្ធតែជាអ្នកខ្លាំងពូកែនៅក្នុងគ្រួសារនីមួយៗ ចៀសមិនផុតពីអំណួត ក្រអឺតក្រទម បើចៃដន្យប៉ះទង្គិចគ្នានោះ សូមព្រះបុត្រាយកល្អកុំបង្កជម្លោះ យ៉ាងណា ពួកយើងគ្រាន់តែជាអ្នកចូលរួមកម្សាន្ត មិនមែនជាទេពកោសល្យជន មិនគួរឈ្លោះប្រកែកទាស់ទែងគ្នាឡើយ បើពួកគេឡើងចាងខ្លាំងដៃពេក ហួសហេតុមិនចេះចប់ សូមទុកឱ្យខ្ញុំដោះស្រាយ»
ជ័ងស៊ូដឹងថាយូឈូនិយាយពាក្យទាំងនេះចង់ឱ្យអានានស្ដាប់ឮ ហេតុនេះគេញញឹមស្រាលតប៖
«បាន!»
តាំងពីតូចមក អានានស្គាល់ជិតដិតយូឈូ គិតពីខ្សែស្រឡាយ ពួកគេគឺជាបងប្អូនជីដូនមួយ ទើបអ្នកទាំងពីរស្និទ្ធស្នាលនឹងគ្នាខ្លាំងណាស់។ អានានច្បូចមាត់ ផ្លុំកំប៉ោង៖
«មានតែបងតែម្នាក់ជាមនុស្សឆ្លាតពូកែ ពួកខ្ញុំសុទ្ធតែជាមនុស្សល្ងង់ទេដឹង!»
យូឈូសម្លឹងជ័ងស៊ូសើចដូចពេប បន្ទាប់មករួមជាមួយក្រុមមនុស្សហែរហមចេញទៅចូលរួមពិធីទទួលស្វាគមន៍ភ្ញៀវរបស់ស៊ីវជូយ៉ុង។
ថ្ងៃបន្ទាប់ ទាំងស៊ីវលូនិងអានានដេកសម្ពឹករហូតដល់ថ្ងៃត្រង់ ព្រះអាទិត្យឡើងខ្ពស់ដល់ចុងបង្គោល ជ័ងស៊ូមិនដឹងក្រោកចេញទៅក្រៅតាំងពីពេលណា។
ពួកនាងទាំងពីរនាក់ ម្នាក់អង្គុយមួយជ្រុង ហូបអាហារយ៉ាងរំភើយ។ បន្ទាប់ពីហូបបាយរួច អានាននិយាយថា៖
«អេ៎… ឯងដឹងថាត្រូវធ្វើយ៉ាងណាហើយមែនទេ?»
ស៊ីវលូរហ័សតប៖
«ដឹងទេតើ! ខ្ញុំស្បថហើយប្រាកដជាមិនលេបសម្ដី ខ្ញុំមិនឱ្យព្រះបិតានាងចាប់នាងរៀបការជាមួយខ្ញុំទេ!»
អានានពេញចិត្ត៖
«អ៊ីចឹងល្អហើយ!»
ពួកនាងបន្តផឹកតែហូបនំចេបចុប។ បន្តិចក្រោយមក ជ័ងស៊ូត្រលប់មកវិញ អានានពេបមាត់ ង៉ក់ងរ៖
«បងទៅណាហ្នឹង?»
ជ័ងស៊ូញញឹមស្រស់ ឆ្លើយតប៖
«បងចេញទៅដើរមើលមួយជុំ រកមើលបន្តិចទៀតនាំអ្នកទាំងពីរទៅដើរលេងឯណាទើបសប្បាយ»
អានានញញឹមលឹបភ្នែក ស៊ីវលូដៀងភ្នែកផ្លៀកៗជ័ងស៊ូ។ មាត់របស់គេខ្លាំងពូកែមែន និយាយផ្អែមល្ហែមធ្វើឱ្យអ្នកស្តាប់លិចលង់ ចាប់ចិត្ត ពេលខ្លះគេក្បត់នឹងមុខហើយក៏មិនដឹងខ្លួនផង នៅតែគិតថាគេជាមនុស្សអស្ចារ្យបំផុតនៅលើលោកនេះ។
ជ័ងស៊ូដឹងថាស៊ីវលូកំពុងលួចបង្ខូចគេក្នុងចិត្ត ទើបទះក្បាលនាងមួយដៃស្រាល តឿនថា៖
«តស់ទៅ!»
ជ័ងស៊ូនាំស៊ីវលូ អានាន និងហាយថាងចេញទៅដើរលេងតាមផ្លូវធំ។ តំណាងគ្រួសារទូទាំងតាហ័ងភាគច្រើនមានវត្តមាននៅទីនេះ ទីប្រជុំជនក្រុងឈីក្រុងកាន់តែតូចចង្អៀត គ្រប់ទីកន្លែង ទីណាក៏ឃើញសុទ្ធតែហ្វូងមនុស្សច្រើន។
ដៃទន្លេប្រទាក់គ្នានិងរលេញពាសពេញក្រុងឈីសួយ។ មនុស្សដែលមកទីនេះតាមផ្លូវគោកចូលចិត្តជិះទូកគយគន់ទេសភាព ប៉ុន្តែក្រុមរបស់ជ័ងស៊ូជិះនៅលើទូកយូរពេក ជិតដុះស្លែ ទើបសម្រេចចិត្តដើរថ្មើរជើង គយគន់ក្រុងនេះ។
ជាងពីររយឆ្នាំមកនេះ ជ័ងស៊ូស្គាល់ច្បាស់ស្ទើរតែគ្រប់ជ្រុងជ្រោយកៅស៊ីង ប៉ុន្តែបែរជាប្លែកកន្លែងជាមួយក្រុងស្ថិតក្រោមសានយាន ហេតុនេះគេសង្កេតយ៉ាងយកចិត្តទុកដាក់។ ដ្បិតមិនមែនជាដំណើរកម្សាន្តដំបូងមកកាន់ភូមិភាគកណ្ដាល ប៉ុន្តែជាលើកដំបូងដែលអានានមានសេរីភាពស្វែងយល់ពីអ្វីៗគ្រប់យ៉ាង ហេតុនេះនាងពិតជារំភើបខ្លាំងណាស់។
របស់ប្រើប្រាស់របស់នារីៗជនបទទាក់ទាញខ្សែភ្នែកនិងចំណាប់អារម្មណ៍របស់អានាន។ ជ័ងស៊ូថ្នាក់ថ្នមចិត្តអានាន ជ្រើសរើសខ្សែដៃប្រាក់មួយគូឱ្យនាង អានានចែករំលែកខ្លះឱ្យហាយថាង ហើយពួកនាងទាំងពីរពាក់លមើលទៅមកសើចយ៉ាងរីករាយ។
ជាងពីររយឆ្នាំដើរតែលតោលគ្រប់ទីកន្លែង គ្មានកន្លែងឬរបស់អ្វីដែលស៊ីវលូមិនដែលឃើញទេ! ហេតុនេះនាងមានអារម្មណ៍ធុញថប់ខ្លះ សំណាងល្អឃើញចំណីចំណុកនាងចូលចិត្តគ្រាន់ខ្លះ។ ស៊ីវលូទិញចំណីតិចតួច ពេលខ្លះនាងឈប់មុខតូបចំណី ពេលខ្លះនាងឈរក្បែរមាត់ទន្លេ ហូបបណ្ដើររង់ចាំបណ្ដើរ នាងឈរនៅឆ្ងាយភ្នែកតាមមើលជ័ងស៊ូ។ ទោះអ្នកទាំងពីរមិននិយាយស្ដីមួយម៉ាត់ ប៉ុន្តែពួកគេទាំងពីរពោរពេញទៅដោយភាពសប្បាយរីករាយ។
ភ្លក់ឃើញរបស់ណាឆ្ងាញ់ ស៊ីវលូទិញថែមទៀតទុកចែកឱ្យជ័ងស៊ូនិងអានាន អានានទន្ទ្រាំជើងពេបមាត់សាញកខ្វក់មិនហូប ប្រាកដណាស់ហាយថាងក៏មិនហ៊ានដែរ។ ជ័ងស៊ូមិនអ៊ីចឹង គេទំពារមាត់យ៉ាងឆ្ងាញ់។ អានានមើលពួកគេហូបចុកឆ្ញាញ់ក៏ឃ្លានតាម ប៉ុន្តែមុននេះនាងរិះគន់មិនលោះមាត់ ពេលនេះនាងមានតែ “ទំពារជូរលេបចត់” ខំអត់ទ្រាំ ម្ដងម្ដាលនាងងាកទៅសម្លឹងមុខជ័ងស៊ូនិងស៊ីវលូ។
ប្រហែលជាមកពីអធិរាជស៊ុនទីនិងជ័ងស៊ូ ស៊ីវលូលែងយល់ឃើញអាក្រក់ចំពោះអានានដូចពីមុនទៀត។ នាងយល់ច្បាស់ពីគំនិតក្មេងខ្ចីរបស់ក្មេងស្រីទើបធំដូចជាអានាន។ ស៊ីវលូហៅហាយថាងហុចកន្សែងស្អាតមួយឱ្យគេ សន្សឹមៗបកសម្បកអាហារខាងក្រៅចេញ រួចហុចឱ្យទៅអានាន បន្ទាបសំឡេងលួងលោមថា៖
«សាកមួយដុំទៅ បកសម្បកស្អាតហើយ មិនកខ្វក់ទៀតទេ!»
អានានធ្វើង៉ក់ងរមិនព្រមហូបភ្លាម ស៊ីវលូត្រូវលួងត្រចៀកនាងថែមទៀត អានានធ្វើជាស្ទាក់ស្ទើរដូចស៊ីវលូចាប់បង្ខំនាងឱ្យហូប ដូចយល់ដល់ស៊ីវលូអង្វរករទើបនាងខាំហូបមួយម៉ាត់។ ម្ហូបអាហារឆ្ងាញ់ៗនៅកាច់ជ្រុងផ្លូវមានរសជាតិប្លែករៀងៗខ្លួន ដែលរាជវាំងមិនអាចបង្កើតបាន។ ជាងនេះទៅទៀត ល្មបហូបជាធម្មជាតិរបស់ក្មេងស្រី។ អានានឆាប់រហ័សលង់អាហារសម្រន់នៅតាមផ្លូវទាំងនេះ។ ហាយថាងក៏សំណាង “ឆ្លង” ហូបសេរីអាហារឈ្ងុយឆ្ងាញ់ដែលស៊ីវលូណែនាំ។
មនុស្សទាំងបួននាក់បន្តដើរលេងកម្សាន្ត សើចសប្បាយរីករាយ។
ពេលរសៀល ពួកគេជិះរទេះគោទៅកាន់រោងដំទូកដ៏ធំបំផុតនៅភូមិភាគកណ្ដាល ជាយក្រុងឈីសួយ។ រោងដំទូកនេះគឺជាកម្មសិទ្ធិរបស់ត្រកូលឈីសួយ។ យោងតាមកិច្ចព្រមព្រៀងសម្ងាត់រវាងគ្រួសារនេះនិងអធិរាជហ័ងទី គ្រួសារឈីសួយអនុញ្ញាតឱ្យតែលក់ទំនិញទៅកាន់គ្រួសារផ្សេងនៅតាហ័ងតែប្រភេទទូកតូច គុណភាពធម្មតា ចំណែកឯប្រភេទធំល្អបំផុតត្រូវលក់ឱ្យតែអធិរាជហ័ងទីប៉ុណ្ណោះ។ សូម្បីតែអធិរាជស៊ុនទីចាត់មនុស្សបញ្ជាកក់សាងសង់ទូកមួយ ក៏ត្រូវបានបដិសេធ។
ក្បួនសាងសង់ទូកគឺជាអាថ៌កំបាំងសំខាន់បំផុតរបស់អ្នកដែលមានវិជ្ជាជំនាញ ហេតុនេះគ្មានជនចម្លែកណាអាចចូលទៅក្នុងរោងនោះឡើយ។ ប៉ុន្តែមនុស្សដែលសម្រុកទៅក្រុងឈីសួយ ដើម្បីមុនពេលត្រលប់ទៅស្រុកកំណើតវិញ អាចទះទ្រូងនិយាយដោយមោទនភាពចំពោះមុខសាច់ញាតិរបស់ពួកគេថា៖ ខ្ញុំបានឃើញផ្ទាល់ភ្នែក ទូកដែលទើបនឹងសាងសង់ “ថ្មី” ចេញពីឡរបស់ត្រកូលឈីសួយ។
ឮគេនិយាយថា តាមសំណើរបស់ស៊ីវជូយ៉ុង គ្រួសារឈីសួយតែងតែរៀបចំប្រារព្ធពិធីសម្ភោធទូកដែលទើបនឹងបញ្ចប់ថ្មីៗ ដើម្បីឱ្យមនុស្សគ្រប់គ្នាមានឱកាសបានឃើញនិងកោតសរសើរ។ ធ្វើបែបនេះ គឺដើម្បីជួយផ្សព្វផ្សាយនិងបំពេញបំណងប្រាថ្នាមនុស្សជាច្រើនដែលស្វះស្វែងធ្វើដំណើរមកពីទិសទាំងបួន។
ស៊ីវលូនិងមនុស្សគ្រប់គ្នាមកដល់ពេលរសៀលហៀបលិច ក្បាលព្រលប់ នៅតាមផ្លូវមាត់ទន្លេ លេចមុខមនុស្សតែប៉ុន្មាននាក់ប៉ុណ្ណោះ ពួកគេសម្រាកលម្ហែកាយមើលថ្ងៃលិចនៅមាត់ទន្លេ។ ខណៈដែលកំពុងដើរខ្វៃៗ រំពេចនោះស៊ីវលូឮសំឡេងហ៊ោជាបន្តបន្ទាប់ មិននឹកស្មានថា ស្មើរនេះទៅហើយនៅមានមនុស្សប្រារព្ធពិធីសម្ពោធទូកថ្មី។
ស៊ីវលូនិងហ្វូងមនុស្សស្រូតរត់ទៅមាត់ទន្លេរង់ចាំមើល។ ខ្លោងទ្វាររបើក ទូកខ្នាតមធ្យមមួយទម្លាក់ចេញជាបណ្តើរៗ ធ្លាក់ចុះចូលទៅក្នុងទន្លេ។ ស៊ីវលូមិនចេះវាយតម្លៃគុណភាពរបស់ទូក គេគ្រាន់តែឃើញថា ទូកនេះពិសេសណាស់ ក្បាលទូកតូច កន្ទុយទូកធំទូលាយ ដូចផ្កាខ្ជប់មាត់ មិនព្រមរីក។ ប្រហែលជាម្ចាស់របស់វាគឺជាមនុស្សស្រី។
អានានធ្លាប់ឃើញទូកស្អាតៗហ្នឹងទៅទៀត នាងពេបមាត់ជ្រេញ៖
«តាមពិតថ្វីដៃជំនាញដំទូករបស់គ្រួសារឈីសួយត្រឹមតែប៉ុណ្ណឹងទេហ្អេស!»
នៅសុខៗនោះនារីឈុតស្វាយម្នាក់ងាកមុខខ្វាច់ ឈានទៅជិត សម្លក់ភ្នែកទៅអានាន៖
«នាងឃើញទូកនេះមិនល្អត្រង់ណា?»
នារីចម្លែកនោះមានស្បែកសរលោង កែវភ្នែកច្បិចដូចមយ៉ូរា ភ្លឺថ្លាដូចទឹកសន្សើមរដូវស្លឹកឈើជ្រុះ ជ្រុងបបូរមាត់របស់នាងកោងបន្តិច នាងមិនញញឹមតែនៅតែស្រស់ស្អាតនិងទាក់ទាញ។
អានានសង្កេតមើលនារីនោះបន្តិច ចង្អុលទៅទូកនៅក្នុងទឹក ឆ្លើយតបយ៉ាងច្បាស់ថា៖
«ទូកនេះធ្វើឡើងដើម្បីកំដរចំណីអារម្មណ៍មនុស្សស្រី ប៉ុន្តែគួរឱ្យស្ដាយគ្មានបែបបទច្បាស់លាស់ មិនដឹងថានោះជាផ្កាអ្វីឱ្យប្រាកដ? បើមិនអាចសម្រេចឥតខ្ចោះទាំងល្បឿននិងរូបរាងព្រមគ្នា យកល្អបំផុតគួរតែផ្តោតលើលក្ខខណ្ឌតែមួយ។ ឯណេះវិញ ទូកនោះគ្មាន “គុណសម្បត្តិ” ណាមួយច្បាស់ទេ ព្រោះតែគ្រួសារឈីសួយចង់ឥតខ្ចោះពេក ចង់សម្រេចលក្ខខណ្ឌទាំងពីរ។»
នារីឈុតស្វាយក្ដៅឆេះគំហក៖
«នាងចង់បានក៏មិនបានដែរ!»
អានានក្ដៅក្រហាយចង់ប្រកែកវិញ ប៉ុន្តែនារីចម្លែកនោះមិនផ្តល់ឱកាស នារីនោះហោះចុះទៅក្រោម ទម្លាក់ជើងឈរលើក្បាលទូក សម្លក់មើលងាយអានាន។
ខណៈនេះ អានានទើបដឹងថានារីនោះគឺជាម្ចាស់ទូក នាងចាប់ផ្ដើមនិយាយបង្អាប់៖
«ទូកអាក្រក់មើលដល់ម្លឹង នៅក្អេងក្អាងស្អី!»
លែងនៅព្រលប់ទៀត ជ័ងស៊ូ អានាន និងស៊ីវលូពិភាក្សាហូបអាហារពេលយប់នៅកន្លែងណា។ អ្នកទាំងបីមិនចង់វិលត្រលប់ទៅផ្ទះសំណាក់វិញ ស៊ីវលូផ្ដល់យោបល់ជិះទូកកម្សាន្តជុំវិញបឹងទន្លេ នាងរីករាយពោលថា៖
«អ្នកនេសាទរស់នៅមាត់ទន្លេពូកែធ្វើគ្រឿងសមុទ្ទណាស់ មិនចាំបាច់ពិបាកដើររកតៀមទេ យើងគ្រាន់តែជួលទូកស្អាតបាតមួយ សុំម្ចាស់ទូកខ្ចីសំណាញ់ ដាក់នុយបង់សំណាញ់ចាប់គ្រឿងសមុទ្ទស្រស់ខ្លះមក សុំម្ចាស់ទូកលាងសម្អាតវា ពួកយើងដុតវាដោយខ្លួនឯង ដុតរបស់ទាំងនេះគឺងាយស្រួលទេ។
ឧទាហរណ៍៖ លៀសគ្រំ គ្រាន់តែគាស់សម្បកហើបតិចៗ ដាក់អាំងលើធ្យូងក្រហម ស្រោចស្រាបន្តិច រោយម្សៅម្រេចបន្តិច សាច់គ្រំស្រស់មានរសជាតិហឹរតិចៗ ខាំហូបមួយម៉ាត់ហើយចង់ខាំហូបមួយម៉ាត់ទៀត។ បើបង្គា យើងត្រាំក្នុងស្រាជាមុន បង្គាត្រាំស្រា ស្រវឹងតែមិនងាប់។ បន្ទាប់មក ដុតក្ដៅដុំថ្ម ដាក់បង្គាស្រស់លើដុំថ្មក្តៅៗបង្គាលោតខ្វៃៗ ឈ្ងុយក្លិនស្រានិងក្លិនបង្គាស្រស់ប្រហើរៗ។ រង់ចាំសម្បកក្រៅឆ្អិនលឿង កាច់ក្បាលបង្គា យកមកខាំជិបៗ សាច់បង្គាមានរសជាតិស្រស់ ទន់ផ្អែម ឈ្ងុយឆ្ងាញ់ជាប់ចិត្តដល់ចុងអណ្តាត…»
ស៊ីវលូគ្រាន់តែរៀបរាប់ប៉ុណ្ណឹង ទឹកមាត់ស្ទើរតែស្រក់ចុះ ខណៈពោះវៀនពោះតាន់របស់អានានកូរក្រូកៗ។
អារម្មណ៍របស់ជ័ងស៊ូគឺស្មុគស្មាញណាស់។ ស្តាប់រឿងរបស់ស៊ីវលូពិតជាគួរឱ្យចាប់អារម្មណ៍ ប៉ុន្តែនៅក្នុងភាពរីករាយតូចមួយនោះផ្ទុកភាពជូរចត់ប៉ុនណា សេចក្ដីលំបាកជាច្រើននៃជីវិតដើរតែលតោលរបស់នាង ថ្ងៃនេះឯណេះ ថ្ងៃស្អែកឯណោះ។ ភាពរីករាយមួយចំណែកប្រមូលផ្ដុំចេញពីការឈឺចាប់ដប់ចំណែក។ យ៉ាងណាជ័ងស៊ូនៅតែព្យាយាមធ្វើដូចជាគ្មានអ្វី គេខោកថ្ងាសស៊ីវលូ ចំអកនាងថា៖
«ឥតបានការមែន ពេលណាក៏នឹកឃើញតែរឿងហូប!»
អានានច្បូចមាត់ មើលងាយស៊ីវលូ តែភ្នែកនៅតែសង្កេតទៅត្រង់ រើសមើលទូកក្នុងចំណោមទូកដែលចតក្បែរច្រាំង។
ស៊ីវលូ ថ្វីភ្នែកមុតនិងបទពិសោធរបស់គេ គ្រាន់តែសម្លឹងមើលការរៀបចំទូក ក៏អាចទាយដឹងចរិតរបស់ម្ចាស់ទូក។ នាងបានជ្រើសរើសទូកមួយដែលស្អាតបាត ចរចាតម្លៃជាមួយប្ដីប្រពន្ធម្ចាស់ទូក បន្ទាប់មកសុំពួកគេជួយទិញស្រាពីរកាទិន និងបន្លែផ្លែឈើបន្តិចបន្តួចឱ្យពួកនាង។
មនុស្សបួននាក់ឡើងទៅលើទូក ជ័ងស៊ូនិងអានានអង្គុយនៅជាប់ក្បែរម្ខាងមើលស៊ីវលូបញ្ចេញថ្វីដៃ។
ហាយថាងចង់ជួយ តែស៊ីវលូប្រាប់នាងឱ្យចាំតែអង្គុយក្បែរអានាន។ ស៊ីវលូខ្ចីសំណាញ់ពីម្ចាស់ទូក ដើរទៅក្បាលទូក សង្កេតមើល។ ដល់ពេលវេលាត្រឹមត្រូវ នាងបង់សំណាញ់ចូលទៅក្នុងបឹងទន្លេ។ នៅពេលដែលទាញឡើង ជលផលបានមកគឺ ត្រីមួយចំនួន បង្គាមួយធុងតូច និងក្តាមដង្កៀបធំមួយចំនួន។
ស៊ីវលូចាក់ស្រាចូលធុងត្រាំបង្គា រុញទុកមួយឡែក រើសត្រីបីកន្ទុយ សុំឱ្យម្ចាស់ទូកលាងសម្អាត នៅសល់ប៉ុន្មានឱ្យទៅម្ចាស់ទូកទាំងអស់។ ស៊ីវលូទាញស្លឹកថ្នាំដាក់តាមខ្លួនចេញមកប្រឡាក់ត្រី។
អានានដាស់សួរស៊ីវលូ៖
«ចុះឯណាលៀសគ្រំ?»
ស៊ីវលូដោះអាវក្រៅចេញ ឆ្លើសតប៖
«ពួកយើងមានលៀសគ្រំក្លែមមាត់ឬអត់គឺពឹងលើនាងហើយ»
«យើងហ្អេស?»
ស៊ីវលូចង្អុលដៃទៅកាន់ម្ខាងបឹងទន្លេ៖
«នាងជួយខ្ញុំពុះជ្រែកទឹកត្រង់នោះបន្តិចបានទេ? កុំប្រើមហិទ្ធិឫទ្ធិខ្លាំងពេក!»
«មានអីពិបាក!»
អានានដ្បិតក្រអឺតក្រទម ប៉ុន្តែមហិទ្ធិឫទ្ធិរបស់នាងក៏មិនអន់ដែរ។ នាងដាក់ដៃចុះទឹក ផ្ទៃទឹកចាប់ផ្ដើមពុះជ្រែកជាពីរ បង្ហាញចេញដីខ្សាច់និងថ្មគ្រួសនៅបាតបឹង។ ស៊ីវលូលោតចូលទៅក្នុងទឹកជាមួយកន្ត្រកឬស្សីព្យួរនៅសងខាងចង្កេះ ហែលទៅរកទឹកពុះជ្រែកជាពីរ។ នាងដើររាវរកជុំវិញបាតបឹង ឱនចុះរើសលៀសគ្រំ តែមួយភ្លែតរើសដាក់កន្ត្រកពេញ។
លើកទីមួយក្នុងជីវិតឃើញមនុស្សរាវរកលៀសគ្រំខ្ចៅខ្យងបែបនេះ អានានប្លែកអារម្មណ៍រំភើបយ៉ាងខ្លាំង អើតកចេញវែងសម្លឹងមើលជុំវិញ ចង្អុលដៃមិនឈប់៖
«ត្រង់នោះៗ! យើងឃើញត្រង់នោះធំណាស់!»
តាមចង្អុលដៃអានាន ស៊ីវលូរកឃើញគ្រំមួយយ៉ាងធំលាក់ពួនទៅជិតផ្ទាំងថ្ម ដៃម្ខាងឱបរបស់របរ ដៃម្ខាងហែលទឹករវៃៗ នាងហែលវិលទៅទូកវិញ។
ស៊ីវលូដាក់គ្រំធំប៉ុនត្បាល់បុកនៅចំពោះមុខអានាន៖
«មួយនេះរបស់នាង បន្តិចទៀតចាំអាំងឱ្យនាងហូប!»
អានានសើចស្ញេញស្ញាញ ញ័រពោះសួរ៖
«ពេលណាទើបបានហូប?» ម្ចាស់ទូកស្រីបានដុតភ្លើងជាស្រេច ជ័ងស៊ូទាញស៊ីវលូអង្គុយចុះក្បែរចង្ក្រានធ្យូង ខ្ចីម្ចាស់ទូកន្សែងស្អាតមួយ ជូតសម្ងួតសក់ឱ្យនាង។
«រងាទេ? ផឹកស្រាបន្តិចទៅ!»
ហាយថាងរហ័សរហួនហុចដបស្រាឱ្យស៊ីវលូ នាងអកផឹកពីរបីក្អឹក ខ្លួនប្រាណកក់ដ្ដៅឡើងបន្តិច នាងគ្រវីដៃ៖
«តស់ចាប់ផ្ដើមទៅ អាំងបណ្ដើរហូបបណ្ដើរទើបឆ្ញាញ់ក្ដៅៗ!»
មនុស្សទាំងបួននាក់អង្គុយនៅជុំវិញចង្ក្រានធ្យូងអាំងគ្រំហូបជាមួយគ្នា។ អានានដំបូងនៅស្ទាក់ស្ទើរ ក្រោយមកឃើញគួរឱ្យចាប់អារម្មណ៍ ក៏ធ្វើត្រាប់តាមស៊ីវលូរោយគ្រឿងទេសថែមពីលើ។ មិនដឹងថាព្រោះតែគ្រំទើបរើសពីបឹងស្រស់ឆ្ងាញ់ ឬព្រោះតែចម្អិនដោយផ្ទាល់ដៃ អានានគ្រាន់ដឹងថានាងមិនដែលហូបគ្រំអាំងណាឆ្ងាញ់យ៉ាងនេះទេ។
មួយសន្ទុះក្រោយមក សម្លៀកបំពាក់របស់ស៊ីវលូបានស្ងួត នាងបានរុំត្រីបីកន្ទុយជាមួយស្លឹកឈូក ដាក់អាំងលើចង្ក្រាន។
ពួកគេទាំងបួនហូបចុកបណ្ដើរជជែកលេងបណ្ដើរ ទើបតែបន្តិចសោះ ព្រះចន្ទនារាត្រីព្យួរសំយុងនៅលើកំពូលក្បាល។
ម្តងម្កាល ឃើញទូកពីរបីជិះកាត់លើបឹងទន្លេ ប៉ុន្តែគ្មានមនុស្សណាហូបចុកផឹកស្រា ជជែកលេងសប្បាយរីករាយ គយគន់ព្រះចន្ទក្បែរចង្ក្រានភ្លើងក្រហមដូចជាពួកគេនោះឡើយ។
ក្លិនត្រីអាំងឈ្ងុយឈ្ងប់តាមខ្យល់សាយភាយទៅឆ្ងាយ មានមនុស្សធុំឃ្លាន បង្ខំចិត្តសួរថា៖
«អត់ទោស! ពួកលោកមានលក់អាហារទេ? ពួកខ្ញុំសុខចិត្តចាយប្រាក់ច្រើនទិញយកខ្លះ!»
អានានបដិសេធត្រង់ៗ៖
«ល្មមសម្រាប់តែពួកខ្ញុំទេ!»
ជ័ងស៊ូងាកមុខទៅរកស៊ីវលូ៖
«ពួកគេឃ្លានស្លាប់ហើយន៎ព្រោះតែម្ហូបទាំងនេះ មិនដឹងថាអូនប្រើគ្រឿងទេសអី ធ្វើឱ្យសូម្បីតែមនុស្សរងាន់ត្រីដូចបងនិងអានានក៏ត្រូវឃ្លានស្រក់ទឹកមាត់ដែរ!»
ស៊ីវលូធ្វើហី៖
«អាថ៌កំបាំងដូនតា មិនអាចបង្ហើប!»
ស៊ីវលូមិនអួតឬពន្លើសទេ។ នៅក្នុងខួរក្បាលរបស់នាងសុទ្ធតែជាកំណប់នៃចំណេះដឹងអំពីឱសថ ក្បួនផ្សំថ្នាំមានតម្លៃ ដែលមនុស្សជាច្រើនប្រាថ្នាចង់បាន។ ប៉ុន្តែនាងមិនស្រលាញ់វិជ្ជាពេទ្យ មិនតាមស្រាវជ្រាវស៊ីជម្រៅ គ្រាន់តែទន្ទេញចាំឈ្មោះថ្នាំទាំងអស់ដែលតែងតែប្រើប្រាស់ ប្រៀបដូចជាទន្ទេញគ្រឿងទេសពេលធ្វើម្ហូប។
ជាយូរៗទៅ នាងរកឃើញគ្រឿងទេសដ៏អស្ចារ្យជាច្រើនចេញពីឱសថ។ មុខម្ហូបរបស់នាងដ្បិតមិនដល់កំពូល តែរសជាតិប្លែកមួយគ្មានពីរ។
រំពេចនោះ អ័ព្ទសន្សើមរាត្រីក៏លិចឡើងវិលវល់ គ្របដណ្ដប់លើផ្ទៃបឹងទាំងមូល ទូកអុំចែវយ៉ាងលំបាកឆ្លងកាត់សមុទ្ទអ័ព្ទក្រាស់។ ម្ចាស់ទូកស្រីអុចបំភ្លឺថែមចង្កៀងខ្លះទៀត ដាក់នៅតាមចំហៀងទូក បង្ការកុំឱ្យទូកផ្សេងបុកគ្នា។
ប្រហែលជាម្ចាស់ទូកផ្សេងទៀតក៏មានគំនិតដូចគ្នាដែរ បន្តិចក្រោយមកឃើញមានពន្លឺតូចៗចួនភ្លឺចួនងងឹតលេចឡើងនៅក្នុងអ័ព្ទសន្សើមរាត្រី ដូចជាផ្កាយរះភ្លឺភ្លឹបភ្លែតនៅកណ្តាលបឹង។
នៅសុខៗខ្យល់បក់រំពេចនាំមកនូវសូរសៀងទំនុកភ្លេងពិណដ៏ពីរោះ រណ្ដំចិត្ត។ នាកណ្តាលយប់អ័ព្ទក្រាស់បែកផ្សែងពណ៌ទឹកប្រាក់ សំឡេងភ្លេងចួនឮចួនអត់ ចួនច្បាស់ក្រលួច អណ្តែតត្រសែក ដូចផ្កាអង្គាសីល៍ដប់យោជន៍ហោះហើរដេសដាស។ ចួនស្រពេចស្រពិល ស្រាលស្រទន់ ដូចផ្កាម៉ុងហ្គោលីនៅចុងមែកធ្លាក់រសាយចុះ។
ដេញពិណនៅក្រោមព្រះចន្ទគឺពិតជាលន្លង់លន្លោច ដេញពិណនៅក្រោមព្រះចន្ទកណ្តាលបឹងអ័ព្ទក្រាស់កាន់តែលន្លង់លន្លោច។ គួរឱ្យស្ដាយ ទូកដឹកមនុស្សដេញពិណកាន់តែឆ្ងាយទៅៗ សំឡេងពិណកាន់តែស្រពេចស្រពិលទៅៗ ធ្វើឱ្យទាំងស៊ីវលូនិងអានាននឹកស្តាយតិចៗ។ ស៊ីវលូដកដង្ហើមធំ៖
«សំឡេងពិណមិនដាច់អាល័យ សំឡេងពិណទៅដាច់ឆ្ងាយ»
ជ័ងស៊ូលួងលោម៖
«អូនចង់ស្ដាប់សំឡេងពិណមនុស្សស្រីម្នាក់នោះមានអីពិបាក!»
ស៊ីវលូងឿងឆ្ងល់៖
«ឬមួយបងចង់ស្រែកហៅពួកគេបកទូកវិលមកវិញ? សូម្បីតែមនុស្សកំហូចដូចខ្ញុំក៏មិនហ៊ានដែរ!»
អានានកេះហាយថាងបន្តិច ហាយថាងរហ័សស្រាយថង់ក្រណាត់ដាក់តាមខ្លួន ទាញយកខ្លុយមួយដែលទើបតែទិញកាលពីព្រឹកមិញ ជូតវាឱ្យស្អាត រួចលើកដៃពីរហុចឱ្យទៅជ័ងស៊ូ។
អានាននិយាយជាមួយស៊ីវលូថា៖
«ឪពុកយើងពូកែលេងភ្លេង ជាពិសេសភ្លេងពិណ គាត់បានបង្ហាត់បង្រៀនភ្លេងទៅជ័ងស៊ូ ដ្បិតមិនអាចប្រៀបធៀបជាមួយអ្នកប្រុសឈីងខូវគ្រួសារទូសាន តែជ័ងស៊ូនៅតែជាកំពូលភ្លេងម្នាក់!»
ជ័ងស៊ូចាប់ផ្ដើមបង្ហាញទេពកោសល្យ នៅតែជាទំនុងភ្លេងដូចមុន ប៉ុន្តែគេបានផ្លាស់ប្តូរមិនតិច។ ទំនុកដើមអម្បាញ់មិញចួនច្បាស់ចួនស្រពេច ទំនុកដែលច្បាស់ ជ័ងស៊ូផ្លុំតាមទំនុកដើម គេត្រឹមតែកែលម្អធ្វើឱ្យទំនុកដែលស្រពេចកាន់តែច្បាស់និងល្អឥតខ្ចោះ។
ប៉ុន្តែទំនុកភ្លេងមិនបាត់បង់ការរួបរួមតែមួយ ផ្ទុយទៅវិញប្រដូចទំនុកភ្លេងមុន លាយបញ្ចូលគ្នាយ៉ាងស៊ីចង្វាក់ កាន់តែបង្កើនអារម្មណ៍ខ្ញៀវខ្ញា។ សូម្បីមនុស្សមិនយល់ពីភ្លេងច្រើនដូចស៊ីវលូក៏កោតសរសើរមិនដាច់ដែរ ចុះទម្រាំតែមនុស្សដេញពិណនៅទីនោះទៀត។
មនុស្សស្រីម្នាក់នោះហាក់ភ្ញាក់ផ្អើលផងនិងរំភើបរីករាយផងហៅម្ចាស់ទូកបកវិលទៅវិញ។ សំឡេងពិណបន្លឺឡើង ផ្គួបផ្សំនឹងសំឡេងខ្លុយ។ សំឡេងភ្លេងរបស់មនុស្សទាំងពីរហាក់ដូចជាប្រគំរួមគ្នាតែមួយ តែខុសគ្នាទាំងស្រុង។ អ្នកទាំងពីរប្រកួតប្រជែង សមសមត្ថភាព ដេញតាមគ្នា។
ទិដ្ឋភាពបឹងទន្លេគ្របដណ្តប់ហ៊ុមព័ន្ធដោយអ័ព្ទផ្សែងប្រាក់ក្លាយជាឈុតឆាកពិសេសប្រគំទំនុកភ្លេងពិណនិងខ្លុយ ចួនរណ្ដំឡើងខ្ពស់រេរាំនៅកណ្តាលមេឃ ចួនរណ្ដំចុះទាបដើរកម្សាន្តនៅកណ្តាលបឹងដ៏ធំល្វឹងល្វើយ។ ស្ដាប់មើលទៅ សំឡេងពិណហាក់ដូចជាត្រូវសំឡេងខ្លុយរណ្ដំចិត្ត ដេញទំនុកតាមសំឡេងខ្លុយពីរោះស្រទន់ ចុះសម្រុងគ្នា។
អានានកាន់តែយូរកាន់តែមិនសុខស្រួល នាងចាប់កញ្ឆក់ខ្លុយទាញយកទៅវិញ សំឡេងខ្លុយក៏ដាច់។ ជ័ងស៊ូមិនខឹងអ្វី គ្រាន់តែសម្លឹងមុខអានាន ទន់ភ្លន់ពោល៖
«យ៉ាងម៉េចហ្នឹង?»
សំឡេងខ្លុយដាច់បាត់សូន្យឈឹង សំឡេងពិណប្រែជាក្រៀមក្រំ កំព្រាឯកោ អន្ទះសាដង្ហោយរក។
អានានថប់ទ្រូង ង៉ក់ងរថា៖
«ខ្ញុំមិនចង់ស្ដាប់ទៀតទេ!»
ស៊ីវលូខំទប់សើច ឱនមុខហូបក្តាមដុត។ សំឡេងពិណនៅតែបន្លឺឡើង បន្លឺឡើងរហូតមិនឈប់ ប៉ុន្តែហាក់បីដូចជារង់ចាំរហូត មិនឮសំឡេងខ្លុយឆ្លើយតប មនុស្សដេញពិណក៏ខឹងចិត្ត គ្រវាសដៃមួយឆ្វាច់ទាញចង្វាក់ភ្លេងយ៉ាងវែង មុតមាំ តឹងផ្អឹស ខ្សែពិណខ្ទាស់ដាច់ផឹង សំឡេងពិណក៏ឈប់ស្ងាត់។
ជ័ងស៊ូរើសក្តាមពងមួយ បកសាច់ក្តាមដាក់ក្នុងសម្បកស្នូកក្ដាម បន្ថែមទឹកខ្មេះខ្ញីពីរបីតំណក់ ហើយដាក់វានៅមុខអានាន អានានភ្លាមនោះញញឹមស្រស់ ហូបយ៉ាងរីករាយ។
ជ័ងស៊ូរើសក្តាមពងមួយទៀត បកសាច់ក្ដាមហុចឱ្យទៅស៊ីវលូ នាងកំពុងតែរវល់តែខាំដង្កៀបក្តាម ទើបឆ្លើយហៃអើ៖
«ហូបក្ដាមបកខ្លួនឯងទើបឆ្ងាញ់!»
ជ័ងស៊ូមិនចូលចិត្តក្តាម គេមានតែចាក់សាច់ក្តាមចូលសម្បកស្នូកក្ដាមនៅមុខអានាន។ ដ្បិតមិនពេញចិត្តត្រូវជួយ “ហូបជំនួស” របស់ស៊ីវលូ ប៉ុន្តែអានានក៏មិនត្អូញត្អែរចេញក្រៅ។
ស៊ីវលូកៀបសាច់ត្រីមួយដុំឱ្យទៅជ័ងស៊ូ៖
«បងសាកមើលទៅ!»
ជ័ងស៊ូបកស្លឹកឈូកក្រៅចេញ ក្លិនហុយឈ្ងុយឈ្ងប់។ អានាននិងហាយថាងប្តូរមករកត្រីភ្លាមៗ ក្លិនឈ្ងុយឆ្ងាញ់នេះអាចសាយភាយដល់ទៅដប់យោជន៍ផងក៏មិនដឹង។
មនុស្សបួននាក់មានតែត្រីបីកន្ទុយ ធ្វើឱ្យហាយថាងរសាប់រសល់ចិត្ត។ ស៊ីវលូនិយាយថា៖
«កុំក្រែងចិត្តអី ខ្ញុំនៅ “បង្គាត្រាំស្រា” ច្រើនទៀត ឆ្ងាញ់ខ្លាំងណាស់ណា៎!»
និយាយចប់ ស៊ីវលូដួសមួយវែកបង្គាត្រាំស្រា ចាក់លើថ្មក្តៅ ដុតឆេះភ្លើងផ្ទុះពពុះសៗហុយឡើង បង្គាស្រស់ប្រេះសម្បក ក្លិនឈ្ងុយនៃស្រាលាយឡំជាមួយនឹងក្លិនឈ្ងុយបង្គាស្រស់ ហើរសាយភាយចេញបួនទិស។
មានសំឡេងស្រែកហៅពីចម្ងាយ៖
«អេ៎! ម្ចាស់ទូក ឆាប់យកម្ហូបអាំងខ្លះរបស់ពួកឯងឡើងមកទីនេះមក៎ បើរសជាតិត្រូវមាត់ ម្ចាស់របស់យើងនឹងផ្ដល់រង្វាន់!»
នេះមិនមែនជាលើកទីមួយដែលមានមនុស្សចាប់អារម្មណ៍លើមុខម្ហូបអាំងរបស់ពួកគេទេ ប៉ុន្តែអ្នកផ្សេងទៀតសុទ្ធតែគួរសម មានសុជីវធម៌ ឯណេះវិញ សំឡេងក្អេងក្អាងរបស់ស្រីបម្រើម្នាក់នោះហាក់ដូចជាចង់ចេញបញ្ជាដាក់ពួកគេ។
អានានក្ដៅចិត្តតប៖
«មានប្រាក់អស្ចារ្យណាស់ហ្អេស! មិនឱ្យ!»
ហាយថាងក៏មិនអន់ដែរ នាងដំឡើងសំឡេង៖
«អ្នកនាងរបស់ខ្ញុំនិយាយថា មានប្រាក់អស្ចារ្យណាស់ហ្អេស! មិនឱ្យ!»
ទូកធំចែវបង្ខិតចូលមកជិត តាមពិតជាទូករាងកញ្ជប់ផ្កាចុះទឹកក្បាលព្រលប់មិញ។ ស្រីបម្រើឃើញពួកគេទាំងបួននាក់ ដឹងថានាង “បង្ករឿង” ខុសមនុស្ស ទើបសុំទោសទាំងមិនពេញចិត្ត៖
«អ័ព្ទក្រាស់ឃ្មឹក ខ្ញុំមើលមិនច្បាស់យល់ច្រឡំថាអ្នកទាំងអស់គ្នាជាអ្នកអុំទូកនេសាទធម្មតា ទើបនិយាយស្ដីបោះបោក សូមពួកអ្នកចែកត្រីអាំងឱ្យមកពួកយើងខ្លះ ចង់បានប្រាក់ប៉ុន្មានក៏បានដែរ!»
នឹកដល់អ្នកនាងតាំងពីក្បាលព្រលប់មិញនោះ អានានប្តូរទឹកមុខ ជ្រួញចិញ្ចើមឱ្យសញ្ញាហាយថាង។ ហាយថាងដឹងថាអ្នកនាងរបស់នាងមិនចូលចិត្តឈ្លោះប្រកែកជាមួយស្រីបម្រើនោះ ទើបនាងក្រោកឈរឡើង ឱនក្បាលគួរសមញញឹមញញែមយ៉ាងស្រស់ ឆ្លើយតបថា៖
«ពួកយើងមិនខ្វះប្រាក់ទេ តែពួកយើងសុខចិត្តដូរអាហារឱ្យពួកនាង មិនដឹងថាពួកនាងមានរបស់អ្វីប្រៀបស្មើរដូរដែរទេ?»
ស្រីបម្រើនោះសម្លក់សម្លឹងហាយថាងមួយសន្ទុះ អួតក្អេងក្អាងថា៖
«នៅតាហ័ងនេះ របស់ដែលថាពួកយើងគ្មានមិនច្រើនទេ នាងនិយាយមកចុះ!»
ហាយថាងកាន់តែញញឹមញញែមខ្លាំងឡើង៖
«ពួកយើងមិនហ៊ានទាមទារច្រើនពេកទេ ឮគេនិយាយថា ល្អាងបន្សុទ្ធថាងជូ មានដើមឈើចម្លែកមួយ ហៅថា ដើមឈើហ្វូសាង មិនចាំបាច់ដុតភ្លើង ក៏នៅតែអាចបញ្ចេញកំដៅដោយខ្លួនឯង ពួកយើងត្រូវការឈើហ្វូសាងមួយបាច់ទុកដុតបង្គាត្រាំស្រាដែលនៅសល់នេះ!»
ស៊ីវលូខ្ទប់មាត់សើចខឹកៗ មនុស្សនៅតាហ័ងនេះ និយាយអំពីដើមឈើហ្វូសាង ពួកគេត្រឹមតែលួចស្ញប់ស្ញែងនិងនឹកស្រមៃរូបរាងនិងកម្ពស់ដើមឈើអច្ឆរិយៈនោះតែប៉ុណ្ណោះ អ្នកណាហ៊ានប្រើពាក្យ “បាច់” នឹកស្រមៃទៅ។ អាចនិយាយថា ទូទាំងតាហ័ងទាំងមូលមានតែអានានទេ ដែលហ៊ានគិតនិងនិយាយបែបនេះ។
ស្រីបម្រើផ្ទុះកំហឹងពេលដឹងថានាងត្រូវហាយថាងចាក់ឆ្កឹះ៖
«នាងហ៊ានលេងសើចនឹងពួកយើង!»
ហាយថាងសើចខឹកៗ ឆ្លើយតប៖
«អ្នកណាប្រើនាងចេញសំណើតាមអំពើចិត្ត យ៉ាងម៉េចឥឡូវនេះបន្ទោសខ្ញុំលេងសើចនឹងនាងហ្អេស? លើកក្រោយ ទាញអណ្តាតខ្លួនឯងបីតឹកមុននិយាយ កុំអួត កុំក្អេងក្អាង!»
ស្រីបម្រើនោះខឹងមុខក្រហមងាំង បញ្ចេញស្នៀតបោះបាល់ទឹកជាច្រើនគ្រាប់ទៅកាន់ហាយថាង។ ហាយថាងភ្លាមនោះគ្រវីដៃបោះបកទៅវិញ។ ស្រីបម្រើនោះសើមដូចកណ្ដុរធ្លាក់ទឹក ក្ដៅរោល ឆេះឆួល៖
«បើខ្លាំង នៅឱ្យស្ងៀមត្រង់នោះ!»
បន្ទាប់មក នាងវិលកែងជើងដើរចូលទៅក្នុងទូក។
បន្តិចក្រោយមក នារីឈុតស្វាយដែលស៊ីវលូបានចួបក្បាលព្រលប់មិញ បង្ហាញខ្លួនជាមួយនឹងនារីឈុតក្រហមដ៏ស្រស់ស្អាតម្នាក់ទៀត។ នារីម្នាក់នោះ មិនប្លែកមុខអ្វីគឺ ហ្វុងហ្វុងអ៊ីអ៊ីង។
ស៊ីវលូរហ័សលាក់ខ្លួននៅជ្រុងទូក។ ជ័ងស៊ូអង្គុយចុះ យកខ្លួនបាំងការពារនាង សួរតិចៗ៖
«អូនស្គាល់នាង?»
ស៊ីវលូខ្សឹបខ្សាវ៖
«ស្រីអាវក្រហមគឺ ហ្វុងហ្វុងអ៊ីអ៊ីង!»
មានតែមនុស្សនៅភូមិឈីងសួយទើបស្គាល់វិនស៊ីវលូ មនុស្សទាំងអស់ចំណាកស្រុកទៅភូមិឈីងសួយ ដើម្បីតែរស់នៅអាស្រ័យ ស្ទើរតែគ្មានអ្នកណាម្នាក់ចាកចេញពីភូមិឡើយ។ ហេតុនេះ ស៊ីវលូមិនដែលបារម្ភមានមនុស្សស្គាល់គេឡើយ។ នាងមិននឹកស្មានថា ហ្វុងហ្វុងអ៊ីអ៊ីងបង្ហាញខ្លួននៅទីនេះ។
អ្នកនាងអាវស្វាយមុខមាំ បន្លឺសំឡេងត្រជាក់ល្អូក៖
«ពួកឯងហួសហេតុពេកហើយ! អ្នកបម្រើយើងមកសុំទិញម្ហូប បើមិនយល់ព្រមទេក៏ហីចុះ ម៉េចបានជាជេរស្តីបន្ទោស វាយទះតប់នាង?»
អានានក្រោកឈរឡើង៖
«ពួកយើងជេរស្ដីបន្ទោស វាយទះតបនាងពីអង្កាល់? ម៉េចនាងមិនសួរថាអ្នកណាបង្ករឿងមុន អ្នកណាអួតអាង អ្នកណាវាយមុន?»
អ្នកនាងអាវស្វាយចំណាំមុខអានានបាន កាន់តែក្ដៅក្រហាយ៖
«ម្ចាស់ណាអ្នកបម្រើហ្នឹង មិនចាំបាច់សួរក៏យើងដឹងថាអ្នកណាខ្វះសុជីវធម៌!»
អានាងខឹងឃោរ៖
«ទូកមិនដឹងស្អីជាស្អីហើយមិនឱ្យអ្នកដទៃបញ្ចេញមតិ វាយតម្លៃ! នាងគិតថាអ្នកជានរណា? យើងចូលចិត្តគឺនិយាយហើយ ទូកអន់!»
នារីអាវស្វាយខឹងសម្បាយ៉ាងខ្លាំង ហាក់ដូចជាចង់ចេញដៃ ប៉ុន្តែខិតខំទប់សង្កត់ខ្លួនឯង។ លេបមិនចុះកំហឹងនេះធ្វើឱ្យនាងកាន់តែខៀវស្វាយមុខ។
ហ្វុងហ្វុងអ៊ីអ៊ីងទន់ភ្លន់លួងលោម៖
«ប្អូនស្រីកុំខឹង នេះសុទ្ធតែជាកំហុសរបស់ខ្ញុំ។ ខ្ញុំធុំក្លិនគ្រឿងសមុទ្ទអាំងឈ្ងុយទើបនិយាយលេងថាចង់ហូប មិននឹកស្មានថា ប្អូនស្រីព្រោះតែខ្ញុំ ទើបត្រូវស៊ូទ្រាំនឹងពាក្យជេរប្រមាថរបស់មនុស្សតូចតាច។ ទុកឱ្យខ្ញុំដោះស្រាយរឿងនេះ បើឪពុកនិងបងប្រុសរបស់ប្អូនស្រីដឹង ពួកគេនឹងមិនស្តីបន្ទោសប្អូនស្រីទេ។»
ហ្វុងហ្វុងអ៊ីអ៊ីងបែរមុខទៅរកអានាននិងហាយថាង មុខរបស់នាងត្រជាក់ដូចទឹកកក។ នាងគំហកថា៖
«ពួកឯងឆាប់ទទួលកំហុសភ្លាម បើពុំនោះទេ កុំបន្ទោសយើងមិនប្រណីដៃ!»
កាលពីមុន ពេលជីវម៉ីញសាងលីវល្បីល្បាញក្រោមមេឃនិងស៊ីវលូកំហូចចាប់ចងយកទៅ អានានមិនដឹងខ្លាចជាអ្វីផង កុំថាឡើយសម្ដីគំរាមតិចតួចរបស់នារីនៅចំពោះមុខ។ នាងញញឹមឡកឡើយ៖
«ល្អណាស់! ខ្ញុំរង់ចាំមើលនាងមិនប្រណីដៃយ៉ាងណា!»
ប្ដីប្រពន្ធម្ចាស់ទូកឃើញអាសន្នធំ ក៏រហ័សលោតចូលទឹកប្រូងភ្លាមៗរត់គេចខ្លួនបាត់។
ហ្វុងហ្វុងអ៊ីអ៊ីងគ្រវាសដៃ ព្រួញខ្លីមួយជួរហោះចេញពីដៃអាវរបស់នាង។ មិនដឹងថានាងតម្រង់គោលដៅខុសឬអ័ព្ទក្រាស់បិទបាំងខ្សែភ្នែករបស់នាង ព្រួញទាំងអស់ហោះសំដៅទៅរកជ័ងស៊ូ។
មានភាគបន្ត…
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ