តាំងពីពេលដឹងថានារីនោះគឺហ្វុងហ្វុងអ៊ីអ៊ីង ជ័ងស៊ូប្រើមហិទ្ធិឫទ្ធិទាំងអស់របស់គេបង្កើតរបាំងការពារអានាននិងហាយថាង ទើបពួកនាងទាំងពីរនាក់មិនកើតអ្វី។ ជ័ងស៊ូបារម្ភស៊ីវលូអាចនឹងមានគ្រោះថ្នាក់ គេគ្មានពេលតបត មានតែខំទប់ទល់អស់ពីសមត្ថភាពដើម្បីគេចពីព្រួញ។
សត្រូវហាក់មិនចង់ទុកឱ្យពួកគេមានពេលដកដង្ហើម បន្តវាយប្រហារព្រួញខ្លីមួយចំនួនទៀតផ្ទួនៗ។ ខណៈនេះ អានាននិងហាយថាងបញ្ចេញប្រតិកម្មភ្លាមៗ មហិទ្ធិឫទ្ធិរបស់ពួកគេក៏មិនអន់ដែរ អ៊ីអ៊ីងមិនសំដៅទៅពួកគេ ទើបពួកនាងទាំងពីរអាចមើលថែខ្លួនឯងបាន។
ព្រួញជាបន្តបន្ទាប់បាញ់ដោតជាប់តួទូក។ អ៊ីអ៊ីងគឺពិតចំជាព្រួយដៃឯកលេខមួយរបស់គ្រួសារហ្វុងហ្វុង។ ព្រួញខ្លីៗបាញ់ចេញពីដៃអាវ កម្លាំងមិនជាខ្លាំង ប៉ុន្តែអាចធ្វើឱ្យតួទូកញ័ររង្គើ អមដោយសំឡេងប្រេះស្រាំជាបន្តបន្ទាប់ ទូកបាក់បែកជាពីរកំណាត់ភ្លាមៗ មនុស្សទាំងបួននាក់ធ្លាក់ចូលទៅក្នុងទឹក។
ស៊ីវលូលួងចិត្តខ្លួនឯងថា៖ ជ័ងស៊ូ អានាន និងហាយថាងសុទ្ធតែធំធាត់នៅកៅស៊ីង រាស្ត្រកៅស៊ីងប្រាកដជាពូកែហែលទឹកណាស់។ ដ្បិតពួកគេគ្មានកម្លាំងគ្រប់គ្រាន់ក្រឡាប់ទូកសត្រូវវិញ តែរត់គេចខ្លួនគឺមិនពិបាកឡើយ។
ប៉ុន្តែស៊ីវលូភ្ញាក់ផ្អើលភ្លាមៗនៅពេលដែលដឹងថាជ័ងស៊ូនិងអានានមិនចេះហែលទឹក។ ស្រីបម្រើដែលត្រូវហាយថាងធ្វើឱ្យសើមដូចកណ្តុរធ្លាក់ទឹកមុននោះ ហៅអ្នកបម្រើមួយក្រុមឡោមព័ទ្ធវាយហាយថាង ធ្វើឱ្យនាងមិនអាចគេចខ្លួនទៅជួយអានានបាន។
ស៊ីវលូមានជម្រើសតែមួយគត់គឺត្រូវប្រថុយជីវិតហែលកាត់ភ្លៀងព្រួយរបស់អ៊ីអ៊ីងទៅជួយជ័ងស៊ូនិងអានាន។ ទោះមិនចេះហែលទឹក តែជ័ងស៊ូនៅតែនឹងធឹង ឆ្លាតវៃ។
គេប្រើសីល៍ប្រែជើងរបស់គេទៅជាកំណាត់ឈើ ដើម្បីឱ្យរាងកាយរបស់គេអណ្តែតឡើងទៅលើផ្ទៃទឹក។ អានានភិតភ័យខ្លាំងពេករហូតភ្លេចថាខ្លួនឯងមានសមត្ថភាពពុះជ្រែកទឹក។ ខណៈនេះ នាងផឹកទឹកឡើងឆ្អែតហល់ សន្សឹមៗលិចចុះ។
ជ័ងស៊ូស្រែកទៅស៊ីវលូ៖
«កុំបារម្ភពីបង ឆាប់ទៅជួយអានានទៅ!»
«អ៊ីចឹងបងប្រយ័ត្នផង!»
អានានឃើញស៊ីវលូដូចមនុស្សលង់ទឹកជិតស្លាប់តោងឱបបានពោង នាងឱបស៊ីវលូយ៉ាងណែនដោយដៃជើងទាំងបួន ភ្លេចអស់ច្បាប់វិន័យតឹងរ៉ឹងរវាងប្រុសនិងស្រី។ មហិទ្ធិឫទ្ធិរបស់ស៊ីវលូទាប មិនអាចទ្រាំទ្រទម្ងន់ខ្លួនរបស់អានានបាន ទាញពួកគេទាំងពីរលិចចុះចូលទៅក្នុងទឹក។ សំណាងល្អមុជចូលទៅក្នុងទឹកទាន់ ទើបពួកគេអាចគេចផុតពីព្រួញពីរដែលបាញ់មកពីក្រោយ។
ស៊ីវលូវាយមួយដៃខ្លាំងលើកញ្ចឹងកអានាន ធ្វើឱ្យនាងសន្លប់ទើបអាចទាញនាងរត់គេចខ្លួន។ ស៊ីវលូហែលតម្រង់ទៅរកច្រាំង វារឡើងទៅច្រាំងដកដង្ហើមហេបហប់។
ស៊ីវលូចុចលើជីពចរមួយ ដាស់ភ្ញាក់អានាន៖
«ខ្ញុំទៅជួយជ័ងស៊ូ នាងនៅទីនេះម្នាក់ឯងសិនបានទេ?»
អ័ព្ទក្រាស់មើលមិនឃើញអ្វីច្បាស់ភ្នែក ជុំវិញងងឹតសូន្យសុងដូចមានសត្វចម្លែកលាក់ខ្លួននៅកន្លែងណាមួយ។ រាងកាយទាំងមូលញាក់ញ័រទទ្រាក់ ប៉ុន្តែអានាននៅតែងក់ក្បាលយ៉ាងខ្លាំង។ ស៊ីវលូទះថ្នមដៃលើថ្ពាល់អានាន ផ្ដាំថា៖
«លាក់ពួនឱ្យបានល្អ មិនថាមានរឿងអ្វីកុំចេញក្រៅឱ្យសោះ!»
និយាយចប់ នាងបែរក្រោយលោតចូលបឹង ហែលទៅរកជ័ងស៊ូ។
ដ្បិតអ័ព្ទនៅលើបឹងក្រាស់ឃ្មឹក មិនអាចបែងចែកទិសដៅ ប៉ុន្តែស៊ីវលូមិនបោះបង់ងាយឡើយ នាងធ្លាប់ចួបអាកាសធាតុអាក្រក់ជាងនេះទៅទៀត។ ហេតុនេះ នាងនៅតែអាចហែលទៅដល់ត្រង់ទីកន្លែងដែលមនុស្សទាំងបួនធ្លាក់ទឹកមុននេះ។ ប៉ុន្តែលើផ្ទៃបឹងនៅពេលនេះល្វឹងល្វើយទទេស្អាត។ ស៊ីវលូហែលថែមប៉ុន្មានជុំសង្ឃឹមថាអាចរកឃើញជ័ងស៊ូ។
រករហូតនៅតែរកមិនឃើញជ័ងស៊ូ ផ្ទុយទៅវិញ ស៊ីវលូឃើញហាយថាងអណ្តែតនៅលើទឹកក្នុងសភាពសន្លប់បាត់ស្មារតី ព្រួញមួយចាក់ដោតជើងឆ្វេងរបស់នាង។ ស៊ីវលូមិនអាចទប់អារម្មណ៍បាន មិនលាក់មុខទៀត នាងស្រែកឡើង៖
«ជ័ងស៊ូ! បងប្រុស…»
ស៊ីវលូទាញហាយថាងទៅតាម ហែលបណ្ដើរស្រែកហៅបណ្ដើរ ហៅរហូតនៅតែគ្មានការឆ្លើយតប។ នាងមានតែទាញហាយថាងវិលទៅរកអានានវិញ។
អានានលាក់ពួននៅក្នុងគុម្ពត្រែង អ័ព្ទក្រាស់ធ្វើឱ្យនាងដូចខ្វាក់ សំឡេងទីទុយយំពេលយប់ធ្វើឱ្យនាងភ័យខ្លាចញ័រតតាត់។
រំពេចនោះនាងឮសំឡេងទឹកស្រក់ នាងប្រមូលផ្ដុំមហិទ្ធិឫទ្ធិក្នុងបាតដៃ កែវភ្នែកសម្លឹងមើលត្រង់ទៅមុខ។ ស្រមោលខ្មៅសត្វចម្លែកមួយលេចឡើងនៅចំកណ្តាលអ័ព្ទក្រាស់ ស្រមោលខ្មៅនោះកំពុងដើរខ្វិនខ្វែងជើងមករកនាង។ នាងភ័យញ័រខ្លួនឡើង សំណាងល្អដែល “សត្វចម្លែក” នោះគឺ ស៊ីវលូកំពុងអៀវហាយថាង។ អានានរំភើបត្រេកអរ ស្ទុះរត់ចេញក្រៅ៖
«ស៊ីវលូ!»
ឃើញកែវភ្នែករលីងរលោងទឹកភ្នែករបស់អានាន ភ្លាមនោះស៊ីវលូនឹកឃើញយប់ដំបូងដែលនាងដេកនៅក្នុងព្រៃជ្រៅ ក៏ភិតភ័យ ខ្លបខ្លាចយ៉ាងខ្លាំងបែបនេះដែរ។ នាងទះស្មាអានានថ្នមៗ លួងលោម៖
«នាងក្លាហានណាស់!»
អានានខ្មាសអៀនមុខល្ងង់ៗ ភ្លាមនោះប្ដូរធ្វើឫកក្រអឺតក្រទម សួរថា៖
«ឯណាជ័ងស៊ូ? ចុះហាយថាង?»
ស៊ីវលូទម្លាក់ហាយថាងចុះ៖
«នាងត្រូវវាយមួយស្នៀតចំខ្នង ជើងត្រូវព្រួយបាញ់ មានខ្ញុំនៅទីនេះ នាងប្រាកដជាមិនអីទេ!»
ស៊ីវលូបញ្ចុកថ្នាំមួយគ្រាប់ឱ្យហាយថាង រួចចាប់ផ្តើមហែកជើងខោរបស់នាង។ អានានមុខក្រហម៖
«ចាំទៅវិញព្យាបាលមិនបានទេហ្អេស?»
«អ័ព្ទក្រាស់យ៉ាងនេះ នាងស្គាល់ផ្លូវត្រលប់ទៅវិញទេ? ដ្បិតព្រួញមិនបាញ់ចំកន្លែងសំខាន់ តែក៏មិនអាចមើលស្រាលថ្វីដៃបាញ់ព្រួញរបស់ហ្វុងហ្វុងអ៊ីអ៊ីងដែរ បើមិនព្យាបាលទាន់ពេលទេ ខ្លាចក្រែងតែហាយថាងនឹងក្លាយជាជនពិការ»
«តែ… តែ… ឯងជាមនុស្សប្រុស!»
ស៊ីវលូហែកផ្ដាច់ជើងខោរបស់ហាយថាង៖
«យ៉ាងច្រើនណាស់ខ្ញុំការនាងធ្វើប្រពន្ធ!»
អានានឮអ៊ីចឹងឃើញថាមិនថ្វី តែនៅតែធ្វើមើលស្រាល៖
«ហ៊ឹស… ឯងគ្រាន់បើណាស់ន៎!»
ស៊ីវលូប្រមូលកម្លាំងទាញដកព្រួយចេញ សួរអានាន៖
«មានថ្នាំទិព្វល្អណាខ្លះ ឆាប់យកចេញមកឱ្យអស់មក៎!»
អានានយកហុចក្រឡមួយឱ្យទៅស៊ីវលូធ្វើពីឈើហ្វូសាង៖
«ក្រឡនេះផ្ទុកទឹកបន្សុទ្ធថាងជូជាមួយនឹងផ្កាហ្វូសាង»
ស៊ីវលូចាក់ទឹកចូលមុខរបួស ទឹកថាងជូភ្លាមនោះលាងសម្អាតសាច់រលួយចេញ ឃើញតែសាច់ស្អាត ក្រហមស្រស់។ អានានហុចដបត្បូងថ្មមួយទៀតឱ្យទៅស៊ីវលូ៖
«ដបនេះមានថ្នាំគ្រាប់លីវហ្វាងហ្វីហ្វូ ធ្វើពីចរណៃថ្មឈើស៊ីនិងស្មៅទិព្វបុរាណមួយ»
ស៊ីវលូច្របាច់ថ្នាំបីគ្រាប់ ប្រែជាតំណក់ពណ៌ស្វាយរាប់រយតំណក់ ហោះហើរជុំវិញមុខរបួសដូចជាអំពិលអំពែកតូចៗ ជ្រាបចូលទៅក្នុងស្បែកសាច់បន្តិចម្តងៗ ជួយឃាត់ឈាមយ៉ាងឆាប់រហ័ស។
ស៊ីវលូចាប់ផ្ដើមរុំមុខរបួស៖
«រួចរាល់ហើយ!»
អានានព្រួយបារម្ភ៖
«ចុះជ័ងស៊ូ?»
ស៊ីវលូគ្រវីក្បាល៖
«មិនច្បាស់ទេ ពួកយើងត្រូវឆាប់វិលទៅផ្ទះសំណាក់វិញសុំជំនួយយូឈូជួយរក»
ស៊ីវលូអៀវហាយថាង តឿនអានាន៖
«តស់ទៅ!»
អានានដើរក្បែរស៊ីវលូ ឈានជើងខ្ពស់ទាប។
អ័ព្ទក្រាស់ឃ្មឹក មើលមិនឃើញផ្លូវដើរ ផ្លូវតាមបឹងសម្បូរភក់រអិល គ្រប់ជំហានមិនដឹងថាដើរជាន់ត្រូវអ្វីខ្លះ។ ព្រោះតែតានតឹង ព្រួយបារម្ភ អានានមានអារម្មណ៍ល្ហិតល្ហៃគ្រប់ពេល។ រីឯស៊ីវលូនៅតែនឹងធឹង គ្រប់គ្រងអារម្មណ៍ មិនថាអ័ព្ទក្រាស់ប៉ុនណា មិនអាចបិទបាំងខ្សែភ្នែករបស់គេ។ ភាពស្ងប់ស្ងាត់និងភាពខ្ជាប់ខ្ជួនរបស់ស៊ីវលូធ្វើឱ្យអានានមានអារម្មណ៍ខ្មាស។ នាងខាំបបូរមាត់ ខំដើរកៀកក្បែរស៊ីវលូ។ ទោះឮសំឡេងពស់យ៉ាងច្បាស់ ក៏នាងនៅតែខំប្រឹងខាំបបូរមាត់ មិនស្រែកឡើង។
ស៊ីវលូបោះជើងឈរឡើងលើដុំថ្មមួយ សម្លឹងមើលត្រង់ទៅអ័ព្ទក្រាស់ ស្រែកបន្ទរហៅ៖
«ម្ចាស់ទូក ទៅក្រុងឈីសួយវិញ ឱ្យប្រាក់មួយទ្វេជាពីរ!»
មិននឹកស្មានថា នៅកណ្ដាលផ្សែងអ័ព្ទក្រាស់មានសំឡេងខ្ទរមកវិញ៖
«ទៅហើយៗ! ចាំមួយភ្លែត!»
ពន្លឺចង្កៀងគោមសន្សឹមៗបំភ្លឺឡើង។
ស៊ីវលូនាំអានានដើរឆ្ពោះទៅរកពន្លឺចង្កៀងគោម ជាក់ស្ដែងពួកយើងឃើញទូកមួយចតលើច្រាំង៖
អានានឡើងទូក ដកដង្ហើមធូរទ្រូង ជើងទាំងពីរទន់ល្មើយ ទម្លាក់ខ្លួនអង្គុយចុះឌឹប នឹកឆ្ងល់សួរស៊ីវលូ៖
«ម៉េចឯងដឹងទីនេះមានទូក?»
ស៊ីវលូទម្លាក់ហាយថាងចុះបណ្ដើរតបបណ្ដើរ៖
«ល្ងាចម្សិលមិញ ពេលពួកយើងជិះទូកចូលក្រុងកាត់ត្រង់ទីនេះ ខ្ញុំឃើញម្ចាស់ទូកកំពុងបង្កាត់ភ្លើងដាំបាយ!»
អានានមិនជឿ៖
«កាត់តែបន្តិចក៏ឯងចងចាំបានហ្អេស? ឯងមានដឹងថាពួកយើងចួបគ្រោះថ្នាក់ឯណា!»
ស៊ីវលូញញឹម៖
«បើមានពេលណាមួយនាងតែងតែរស់នៅជាមួយគ្រោះថ្នាក់ជុំវិញ ប្រហែសគឺស្លាប់ ចងចាំគឺរស់ នោះនាងនឹងបង្កើតជាទម្លាប់មួយ នាងនឹងកត់ទុកខួរក្បាលចងចាំអ្វីៗគ្រប់ទាំងអស់ដោយខ្លួនឯង!»
អានានសម្លក់ផ្លៀកៗស៊ីវលូ មិននិយាយស្ដី។
ម្ចាស់ទូកនិយាយជាមួយស៊ីវលូ៖
«មេឃជិតភ្លឺហើយ ព្រះអាទិត្យរះឡើងអ័ព្ទនឹងរលាយឆាប់ៗនេះ យកល្អរង់ចាំបន្តិចទៀតសិនចាំទៅ»
ស៊ីវលូសួរនាំ៖
«លោករស់នៅទីនេះតាំងពីតូចហ្អេស?»
«គ្រួសារខ្ញុំច្រើនជំនាន់សុទ្ធតែរស់នៅនិងស្លាប់ទៅនៅឈីសួយ»
«ពីនេះចុះទៅទន្លេធំ ខ្ញុំឃើញទឹកហូររលូន ពួកយើងចែវចុះតាមបណ្តើរ រង់ចាំអ័ព្ទស្រឡះចាំបង្កើនល្បឿន បើមួយយាមកន្លះអាចទៅដល់ក្រុងឈីសួយ ខ្ញុំនឹងជូនប្រាក់ទឹកតែលោកថែម។»
ម្ចាស់ទូកគិតបន្តិចហើយតប៖
«បាទ!»
ម្ចាស់ទូកអុចបំភ្លឺចង្កៀងគោមពីរបី ឈរនៅក្បាលទូកមើលជុំវិញ។
ទូកចែវចុះបណ្តើរ កន្លះយាមក្រោយមកអ័ព្ទក៏ស្រឡះ ទូកក៏ពន្លឿនល្បឿន ទៅដល់ក្រុងឈីសួយទាំងអ័ព្ទនៅមិនទាន់រលាយអស់ទាំងស្រុង។
ទៅដល់មុខទ្វារផ្ទះសំណាក់ជាប់ក្បែរទន្លេតូច ស៊ីវលូប្រាប់ឱ្យម្ចាស់ទូកឈប់ទូក។ មិនរង់ចាំទូកទៅដល់ច្រាំង អានានស្ទុះហក់ឡើងកាំជណ្ដើរ វាយទះទ្វារផាំងៗ។ ស៊ីវលូបង់ប្រាក់ទូក អៀវហាយថាងឡើងគោក។
អ្នកបម្រើបើកទ្វារឃើញសភាពដុនដាបរបស់អានាននិងស៊ីវលូមើលទៅគួរឱ្យអាណិត ក៏រហ័សរត់ទៅរាយការណ៍ប្រាប់យូឈូជាបន្ទាន់។
ខណៈពេលនេះ យូឈូទើបក្រោកពីដេក កំពុងលុបមុខខ្ពុលមាត់ គ្រាន់តែឮថាអានានមានរបួស ក៏គ្រវែងអ្វីៗចោលកណ្ដាលទីទាំងអស់ រត់សម្រុកចេញទៅ។ ឃើញអានានសុខសាន្តមិនថ្វី ទើបគេដកដង្ហើមធូរទ្រូង៖
«ព្រះនាងទូលបង្គំអើយ ទីណាមានអូនប្រាកដជាកើតរឿង មិនធំក៏តូចដែរ!»
បន្ទាប់មកគេងាកទៅផ្ដែផ្ដាំអ្នកបម្រើ៖
«នាំហាយថាងទៅបន្ទប់ អញ្ជើញគ្រូពេទ្យមក៎!»
អានានគ្មានអារម្មណ៍ទាស់ទែងជាមួយយូឈូ នាងតក់ក្រហល់ស្រែកបន្លឺឡើង៖
«ជ័ងស៊ូបាត់ខ្លួនហើយ!»
យូឈូចងចិញ្ចើម៖
«អូននិយាយរឿងពីដើមទីដល់ចុងទីឱ្យស្ដាប់ទៅមើល»
អានានរៀបរាប់រឿងទាំងមូល ចាំតាំងពីចួបនារីអាវស្វាយនៅក្បាលព្រលប់ រហូតដល់ចួបគ្នាម្ដងទៀតនៅលើបឹងពេលយប់ មានការទាស់ទែងវាយតប់គ្នា។ រង់ចាំអានាននិយាយចប់ ស៊ីវលូនិយាយឡើងថា៖
«មនុស្សចេញដៃគឺហ្វុងហ្វុងអ៊ីអ៊ីង!»
«គឺនាងហ្អេស?»
«នាងល្បីឈ្មោះណាស់ទៅហ្អេស? ម៉េចក៏ខ្ញុំមិនដែលធ្លាប់ឮ!»
«នាងជាប្រពន្ធជិតរៀបការរបស់អ្នកប្រុសឈីងខូវ ទូសានជីង»
«គឺនាងទេហ្អេស!»
អានានទះតុផាំង៖
«ខ្ញុំទៅផ្ទះគ្រួសារទូសានសួរឱ្យច្បាស់ តើពួកគេចង់រំសាយជំនួញទាំងអស់នៅលើទឹកដីកៅស៊ីងហ្អេស?!»
យូឈូថ្លឹងថ្លែង៖
«ដ្បិតអ្នកនាងហ្វុងហ្វុងជាអ្នកចេញដៃ តែនាងធ្វើដើម្បីស្រីម្នាក់ទៀតនោះ។ យ៉ាងណា រឿងចម្បងនៅតែជាជម្លោះរវាងអ្នកទាំងអស់គ្នានិងស្រីៗទាំងនោះ។ លើសពីនេះ អ្នកទាំងអស់គ្នាមិនបង្ហាញសាវតាពិត ហេតុនេះពិបាកបន្ទោសពួកគេព្រហើន!»
ស៊ីវលូបន្ថែម៖
«ពេលនេះរឿងសំខាន់មិនមែនទៅរករឿងពួកគេទេ តែតាមរកដំណឹងរកមើលជ័ងស៊ូនៅឯណា»
យូឈូនិយាយទៅកាន់ស៊ីវលូនិងអានាន៖
«ស្គាល់អ្នកនាងហ្វុងហ្វុងនឹងឆាប់រកឃើញស្រីម្នាក់ទៀតនោះមិនខាន។ រកឃើញនាង នឹងដឹងថាព្រះបុត្រានៅឯណា។ ទុករឿងនេះឱ្យខ្ញុំ។ អ្នកទាំងពីរងូតទឹក សម្រាកយកកម្លាំងចុះ។»
អានានត្រលប់ទៅបន្ទប់របស់ខ្លួនវិញ ខណៈស៊ីវលូដើរឆ្វែលមួយជុំ រង់ចាំយូឈូនៅមាត់ទ្វារ។
ឃើញនាង យូឈូបង្អង់ជើង។ ដ្បិតមិនច្បាស់ពីសាវតារបស់នាង មុនពេលចេញដំណើរមក អធិរាជស៊ុនទីបានផ្ដែផ្ដាំគេមើលថែស៊ីវលូឱ្យបានល្អ។ យូឈូគួរសមសួរ៖
«លោកលូមានអ្វីចង់ផ្ដែផ្ដាំទៀតទេ?»
យូឈូជាមន្ត្រីកៅស៊ីង ទើបស៊ីវលូមិនស្រួលនិយាយត្រង់ៗ នាងគ្រាន់តែនិយាយថា៖
«ប្រយ័ត្នប្រយែងអ្នកនាងហ្វុងហ្វុង ខ្ញុំមិនគិតថានាងធ្វើបែបនេះ មិនមែនគ្រាន់តែដើម្បីចង់ជួសមិត្តនាងបញ្ចេញកំហឹងទេ។ ខ្ញុំគិតថា នាងមើលស្គាល់អានាននិងជ័ងស៊ូ!»
យូឈូតប៖
«ខ្ញុំនឹងប្រុងប្រយ័ត្នខ្ពស់ មានដំណឹងអ្វីនឹងចាត់មនុស្សមកជម្រាបលោកលូ!»
ស៊ីវលូលំទោនកាយគោរព៖
«អរគុណលោកម្ចាស់យូឈូ!»
បន្ទាប់ពីងូតទឹករួច ស៊ីវលូនៅតែគេងមិនលក់។ រូបភាពរបស់ជ័ងស៊ូ ហ្វុងហ្វុងអ៊ីអ៊ីង ទូសានជីង សាងលីវ… ចេះតែបំផុសព្រិចៗនៅក្នុងខួរក្បាលរបស់នាង រូបភាពប្រមូលផ្តុំទាំងឡាយធ្វើឱ្យខួរក្បាលនាងចង់ផ្ទុះឡើង។
នាងគិតថាមិនគួរខ្ជះខ្ជាយពេលវេលានិងកម្លាំងកាយ យកល្អដេកឱ្យគ្រប់គ្រាន់ ទើបមានកម្លាំងអាចជួយយូឈូស្វែករកដំណឹងរបស់ជ័ងស៊ូ។
គិតដូច្នេះ នាងក៏លេបថ្នាំមួយគ្រាប់ ងងុយដេកលក់បន្តិចម្ដងៗ។ ក្រោកពីដេកឡើងគឺថ្ងៃត្រង់ នាងដើរចេញទៅរកបាយហូប ក៏ឃើញអានានអង្គុយសញ្ជឹងក្បែរមាត់បង្អួច រង្វង់ភ្នែកសងខាងខ្មៅក្ងេះ ប្រហែលជាយប់មិញមិនបិទភ្នែកដេកសោះ។
ស៊ីវលូអង្គុយនៅតុ ហូបចុកយ៉ាងឆ្ងាញ់។ អានានសម្លក់នាងទាំងខឹង៖
«ជ័ងស៊ូល្អនឹងឯងណាស់ គាត់បាត់ខ្លួនទៅហើយ មិនទាន់មានដំណឹងនៅឡើយ ឯងនៅតែហូបចុករំភើយទៅរួចទៀតហ្អេស?»
«អត់ហូបអត់ដេក គាត់អាចវិលមកវិញមែនទេ?»
«មនុស្សឈាមត្រជាក់!»
ដឹងថាអានានកំពុងពិបាកចិត្ត ស៊ីវលូមិនទាស់សម្ដីនឹងនាងទៀត គិតតែឱនក្បាលហូបបាយ។
បន្តិចក្រោយមក អានានសម្លឹងទៅក្រៅបង្អួច និយាយតិចៗ៖
«តើខ្ញុំជាអ្នកបង្ករឿងមែនទេ? បើមិនមែនព្រោះតែខ្ញុំទេ កាលពីយប់មិញនឹងគ្មានជម្លោះឡើយ»
«បង្ករឿងជាធម្មតារបស់មនុស្សស្រីស្អាត បើមនុស្សស្រីមិនបង្ករឿង មនុស្សប្រុសក៏គ្មានឱកាសបង្ហាញភាពអស្ចារ្យរបស់ខ្លួនដែរ ចំណែករឿងកាលពីយប់មិញ ទោះគ្មាននាង ជម្លោះក៏នៅតែកើតឡើងដដែល។»
«មែនទេ?»
«ខ្ញុំក៏ដាច់ខាតមិនលក់ត្រីឱ្យស្រីបម្រើក្អេងក្អាងនោះដែរ!»
អានានពេលនេះទើបគ្រាន់បើឡើងបន្តិច។ ស៊ីវលូសួរនាង៖
«ប៉ុន្តែ… នាងជាមនុស្សកៅស៊ីង ហេតុអ្វីមិនចេះហែលទឹក?»
អានានរដាក់រដុប៖
«ព្រះមាតាខ្ញុំសុខភាពទន់ខ្សោយ សម្រាលខ្ញុំមកលំបាកលំបិនណាស់។ ទ្រង់ខ្លាចខ្ញុំលង់ទឹក ទើបមិនឱ្យខ្ញុំលេងទឹក ។ កាលពីតូចមិនរៀនហែលទឹក ពេលធំឡើងខ្ញុំក៏មិនចេះហែលទឹកដែរ។ ក្រៅពីនេះ ខ្ញុំក៏មិនចូលចិត្តទើបមិនរៀន។»
អានានចង់បកស្រាយថែមទៀត ក៏ក្រឡេកឃើញយូឈូត្រលប់មកវិញ។
អានានស្ទុះក្រោកឡើង៖
«រកឃើញគាត់ហើយឬនៅ?»
យូឈូលំទោនកាយគោរពអានាន និយាយថា៖
«ព្រះបុត្រាជ័ងស៊ូមិនកើតអីទេ អ្នកទាំងពីរមិនចាំបាច់បារម្ភ»
«គាត់នៅឯណា?»
«កំពុងនៅភូមិគ្រឹះត្រកូលឈីសួយ»
អានានងឿងឆ្ងល់៖
«ម៉េចនៅទីនោះ?»
យូឈូបកស្រាយថា៖
«អ្នកនាងដែលមានជម្លោះជាមួយអ្នកទាំងអស់គ្នាកាលពីយប់មិញគឺ ស៊ឹងនុងស៊ីងយៀក កូនស្រីរបស់ស៊ីវជូយ៉ុង ចៅស្រីរបស់ម្ចាស់មេសម្ព័ន្ធមហាត្រកូលឈីសួយកាន់តំណែងបច្ចុប្បន្ន និងជាប្អូនស្រីរបស់អនាគតម្ចាស់មេសម្ព័ន្ធមហាត្រកូលឈីសួយ!»
អានានខ្មៅងងឹតមុខ មិនដឹងបញ្ចេញកំហឹងទៅណា ទើបក្រឡាប់តុជះអាហារចោលទាំងអស់។ យូឈូនិងស៊ីវលូនៅតែនឹងនរដូចគ្មានអ្វីសោះ។ ស៊ីវលូសួរតិចៗ៖
«ខ្ញុំងឿងឆ្ងល់បន្តិច អ្នកនាងស៊ីងយៀកនោះ មានត្រកូលស៊ឹងនុង ហេតុអ្វីបងប្រុសរបស់នាងជាអនាគតម្ចាស់មេសម្ព័ន្ធមហាត្រកូលឈីសួយ?»
យូឈូសន្សឹមៗបកស្រាយថា៖
«ស៊ីវជូយ៉ុងរៀបការជាមួយកូនស្រីតែមួយគត់របស់ម្ចាស់មេសម្ព័ន្ធមហាត្រកូលឈីសួយគឺ ឈីសួយស៊ីវទៀ ម្ចាស់មេសម្ព័ន្ធមហាត្រកូលឈីសួយគឺជាឪពុកក្មេកផងនិងពូជីដូនមួយរបស់គេផង មានគុណបំណាច់ធំចំពោះគេ ស៊ីវជូយ៉ុងចាត់ទុកគាត់ជាឪពុកបង្កើត ហើយបានសន្យាថាបើបង្កើតកូនប្រុសមួយស្រីមួយ នឹងឱ្យកូនប្រុសដាក់ត្រកូលឈីសួយ ក្រោយមក អ្នកស្រីស៊ីវទៀសម្រាលបានកូនភ្លោះប្រុសមួយស្រីមួយ បងប្រុសដែលទើបនឹងកើតត្រូវបានជ្រើសតាំងធ្វើជាអ្នកស្នងតំណែងអនាគតម្ចាស់មេសម្ព័ន្ធមហាត្រកូលឈីសួយ ម្ចាស់មេសម្ព័ន្ធមហាត្រកូលឈីសួយដែលជាលោកតាទទួលយកទៅចិញ្ចឹមបីបាច់បណ្ដុះបណ្ដាលក្បែរខ្លួនដោយផ្ទាល់ ទូកដែលអ្នកទាំងអស់គ្នាបានឃើញកាលពីម្សិលមិញ ឮថាអ្នកនាងស៊ីងយៀកគូរប្លង់ផ្ទាល់ដៃ ហើយបងប្រុសរបស់នាងជាអ្នកសាងសង់ទុកជាកាដូសម្រាប់ប្អូនស្រី។»
ស៊ីវលូនិយាយបន្ត៖
«នាងជាអ្នកនាងគ្រួសារវង្សត្រកូលខ្ពង់ខ្ពស់ ពួកយើងបង្កជម្លោះជាមួយនាង ចុះហេតុអ្វីជ័ងស៊ូមានមុខនៅក្នុងភូមិគ្រឹះត្រកូលឈីសួយ?»
យូឈូដកដង្ហើមខ្សុយ តបថា៖
«ខ្ញុំក៏មិនច្បាស់ដែរ ខ្ញុំគ្រាន់តែដឹងថាព្រះបុត្រាពេលនេះមានសុវត្ថិភាពសុខសាន្ត»
អានានទះតុផាំង គំហក៖
«ល្បងឃើញមនុស្សផ្ទាល់ភ្នែកហើយឬនៅ? ឬមួយពួកគេប្រាប់ល្បងថាសុវត្ថិភាពគឺសុវត្ថិភាពហើយហ្អេស?»
«ខ្ញុំក៏មិនជឿដែរ ពួកគេគួរសមអញ្ជើញខ្ញុំទៅចួបព្រះបុត្រា ព្រះបុត្រាត្រូវព្រួញមួយបាញ់ចំស្មា ហើយទ្រង់ជ្រមុជក្នុងទឹកត្រជាក់យូរពេក ទើបទឹកមុខហាក់ស្លេកស្លាំងបន្តិចតែទ្រង់ថាមិនកើតអ្វីទេ ព្រះបុត្រាប្រាប់ខ្ញុំឱ្យទៅវិញមុនចុះ កុំបារម្ភ ចាំពេលទ្រង់សុខភាពល្អជាងនេះ ទ្រង់នឹងត្រលប់មកវិញតាមក្រោយ»
អានានឆុរឆេវ៖
«ពួកគេប្រាកដជាដឹងពីសាវតារបស់គាត់ ខ្លាចអំណាចអធិរាជហ័ងទីនិងអធិរាជស៊ុនទីទើបគួរសមអញ្ជើញល្អដល់ម្លឹង!»
យូឈូប្រុងនិយាយអ្វីម៉្យាងក៏ឈប់ទៅវិញ។ អានានទះតុផាំង៖
«មានអីនិយាយទៅ!»
យូឈូច្បូចច្រមុះ និយាយតិចៗថា៖
«ខ្ញុំគិតថាពួកគេនៅមិនទាន់ដឹងសាវតាពិតរបស់ព្រះបុត្រានៅឡើយទេ ព្រោះតែព្រះបុត្រាប្រាប់ពួកគេថា ទ្រង់ជាសាច់ញាតិឆ្ងាយរបស់អធិរាជស៊ុនទី ពួកគេគិតថា ព្រះបុត្រាជាកូនចៅកុលសម្ព័ន្ធឈីងឡុង ដែលជាកុលសម្ព័ន្ធមួយក្នុងចំណោមកុលសម្ព័ន្ធធំទាំងបួនកៅស៊ីង»
ព្រះមាតារបស់អធិរាជស៊ុនទី គឺជាកូនស្រីម្ចាស់មេកុលសម្ព័ន្ធឈីងឡុង យូឈូក៏ជាមនុស្សមកពីកុលសម្ព័ន្ធនេះដែរ និងជាក្មួយប្រុសបង្កើតខាងមាតារបស់អធិរាជស៊ុនទី។
អានានទះតុផាំងទៀត ខឹងសម្បា ចង់និយាយតែមិនដឹងនិយាយអ្វី ដកដង្ហើមតឹងថប់មួយសន្ទុះ នាងក៏ស្ទុះក្រោកឡើង រត់ចេញពីបន្ទប់។
ស៊ីវលូសួរទៅយូឈូ៖
«លោកមានចួបអ្នកនាងហ្វុងហ្វុងទេ?»
«ខ្ញុំបានចួបហើយ គឺនាងជាអ្នកប្រាប់ខ្ញុំថាអ្នកទាំងអស់គ្នាមានជម្លោះជាមួយកូនស្រីរបស់ស៊ីវជូយ៉ុង អ្នកនាងហ្វុងហ្វុងគួរសម ដិតដល់យ៉ាងខ្លាំង នាងថែមទាំងបានសុំទោសដោយមិនដឹងថាអធិរាជស៊ុនទីបញ្ជូនអ្នកទាំងអស់គ្នាមកទីនេះ ប៉ុន្តែគួរសមនិងដិតដល់ហួសហេតុពេក ធ្វើឱ្យខ្ញុំមានអារម្មណ៍ថា…»
យូឈូគ្រវីក្បាល៖
«និយាយឱ្យខ្លីទៅ ថ្ងៃក្រោយត្រូវតែរំឮកព្រះបុត្រាឱ្យប្រុងប្រយ័ត្នបន្ថែមទៀត ដាវកាំបិតងាយចៀសគេច ធ្នូព្រួញពិបាកការពារ អ្នកនាងហ្វុងហ្វុងគឺជាកំពូលដៃឯកព្រួញសម្ងាត់ក្រោមមេឃនេះ!»
យូឈូប៉ាន់ស្មាន៖
«មើលពីស្ថានភាពនៅពេលនោះ អ្នកនាងហ្វុងហ្វុងប្រាកដជាចិញ្ចឹមចិត្តចង់ធ្វើឃាតព្រះបុត្រាជ័ងស៊ូ ប៉ុន្តែប្រហែលជាមានរឿងអ្វីមួយកើតឡើងធ្វើឱ្យអ្នកនាងស៊ឹងនុងបញ្ឈប់អ្នកនាងហ្វុងហ្វុងភ្លាមៗ ហើយថែមទាំងជួយជីវិតព្រះបុត្រាជ័ងស៊ូទៀតផង។»
ស៊ីវលូមិនជឿថា អ្នកនាងស៊ឹងនុងនោះនឹងកើតមានចិត្តសន្ដោសអាណិតជីវិតមនុស្ស។ ព្រោះពួកអ្នកប្រុសអ្នកនាងគ្រួសារវង្សត្រកូលខ្ពង់ខ្ពស់មានអំណាច តាំងពីតូចក្ដាប់ការស្លាប់រស់ក្នុងដៃ ជាយូរៗទៅពួកគេប្រែជាព្រងើយកណ្តើយនឹងជីវិតដ៏ថោកទាបរបស់មនុស្សថ្នាក់ទាប។
មិនមែនថាពួកគេជាមនុស្សឈាមត្រជាក់ ឃោរឃៅនោះទេ ប៉ុន្តែវាជាទម្លាប់ដែលកើតចេញពីបរិយាកាសរស់នៅ ដូចជាអ្នកមានតែងតែមិនចាប់អារម្មណ៍នឹងប្រាក់កាក់ មនុស្សដែលមិនធ្លាប់ស្រេកឃ្លានច្រើនតែមិនចេះឱ្យតម្លៃអាហារ។
យូឈូបន្លឺសំឡេងរាបបន្តិច៖
«តាមពិតខ្ញុំបានចាត់មនុស្សស៊ើបសួររឿងហេតុទាំងមូល»
ស៊ីវលូមិនភ្ញាក់ផ្អើលទេ ព្រោះនាងដឹងថាអធិរាជស៊ុនទីមិនអាចមើលស្រាលគ្រួសារធំដូចគ្រួសារឈីសួយ ហេតុនេះទ្រង់ប្រាកដជាមានភ្នែកត្រចៀកនៅទីនេះ។ រឿងសម្ងាត់អាចមិនត្រូវបានដឹង ប៉ុន្តែការស៊ើបដំណើរដើមទងចាប់ផ្តើមនិងចុងបញ្ចប់រឿងជម្លោះមួយគឺមិនពិបាកទេ។
យូឈូមិនអាចមិនសរសើរ អារម្មណ៍នឹងធឹង ស្ងប់ស្ងាត់របស់ស៊ីវលូ មិនបាច់ងឿងឆ្ងល់ទេ ហេតុអ្វីអធិរាជស៊ុនទីនិងជ័ងស៊ូឱ្យតម្លៃគេខ្ពស់យ៉ាងនេះ! យូឈូនិយាយបន្ត៖
«តាមសម្ដីអ្នកបម្រើនៅលើទូកនាពេលនោះ ស៊ីវជូយ៉ុងដាក់បទបញ្ជាយ៉ាងតឹងរ៉ឹង ហាមប្រាមបង្កបញ្ហាឬវាយតប់ក្នុងរដូវកាលពិធីប្រកួតទេពកោសល្យ ហេតុនេះពួកគេមិនហ៊ានធ្វើធំទេ គ្រាន់តែលួចលាក់ជួយអ្នកនាងហ្វុងហ្វុង ព្រះបុត្រាមិនចេះហែលទឹក ត្រូវព្រួញបាញ់ចំ ទើបលិចចុះបឹង អ្នកនាងស៊ឹងនុងបញ្ជាទូកប្រញាប់ចាកចេញ ប៉ុន្តែខណៈនោះ ស្រាប់តែមានខ្លុយមួយលេចឡើងអណ្ដែតលើផ្ទៃបឹង ឮថាអ្នកនាងស៊ឹងនុងស្រឡាំងកាំងយ៉ាងខ្លាំង ពេលក្រឡេកឃើញខ្លុយនោះ នៅសុខៗនោះនាងក៏លោតចូលទៅក្នុងបឹង ហើយជួយសង្គ្រោះព្រះបុត្រាឡើងលើទូក។»
ដៃទាំងពីរច្រត់ចង្កា ស៊ីវលូទ្រឹងជញ្ជឹងគិត។ យូឈូសង្កេតមើលស៊ីវលូបន្តិច ឈ្លេចសួរ៖
«លោកលូកំពុងគិតអ្វីហ្នឹង?»
ដ្បិតអម្បាញ់មិញអានានមិនរំឮកឈុតឆាកប្រគំពិណខ្លុយនៅលើបឹងនោះ យូឈូប្រាកដជាបានដឹង។ ស៊ីវលូសម្រេចចិត្តលម្អិតរឿងរ៉ាវទាំងអស់ទៅយូឈូ ហើយសួរថា៖
«ខ្ញុំឆ្ងល់ថាតើអ្នកនាងស៊ឹងនុងនោះជាអ្នកពូកែលេងពិណណាស់មែនទេ»
បើស៊ឹងនុងស៊ីងយៀកជាអ្នកដែលប្រគំភ្លេងជាមួយជ័ងស៊ូនៅលើបឹងនោះ រឿងដែលនាងបានឃើញខ្លុយ រួចក៏លោតចូលទៅក្នុងទឹកជួយសង្គ្រោះជ័ងស៊ូគឺអាចកាត់សេចក្ដីយល់បាន។
យូឈូតប៖
«ខ្ញុំក៏មិនច្បាស់ដែរ កូនចៅគ្រួសារវង្សត្រកូលខ្ពង់ខ្ពស់ភាគច្រើនសុទ្ធតែរៀនសូត្រភ្លេងតន្ត្រី»
ស៊ីវលូញញឹមញញែម ក្រឡែងស្មាក្រោកឡើង៖
«ខ្ញុំទៅរកដេកមួយស្របក់ថែមទៀតសិនហើយ!»
ទៅដល់មាត់ទ្វារ នឹកឃើញអ្វីមួយ នាងងាកក្រោយសួរហៃអើ៖
«ក្រៅពីអ្នកនាងហ្វុងហ្វុង មនុស្សគ្រួសារទូសានមានមនុស្សដទៃមកទីនេះទៀតទេ?»
«មានអ្នកប្រុសឈីងខូវ!»
នាង អ្ហឹម មួយម៉ាត់ហៃអើ ហើយដើរចេញទៅក្រៅ។
កាលពីយប់មិញគេងលក់ដោយថ្នាំងងុយដេកជំរុញ ទើបមិនសុខស្រួលខ្លួន។ នៅពេលរសៀល ស៊ីវលូបានដេកលក់ឆ្អែតឆ្អន់ លុះរហូតជិតអាហារពេលយប់ទើបក្រោកពីដេក។
ពេញមួយថ្ងៃនាងគិតតែពីដេក បញ្ចេញកម្លាំងតិច ទើបនាងមិនសូវឃ្លាន គ្រាន់តែឱបចានផ្លែឈើមួយអង្គុយខាំទំពារនៅក្រោមសំយាប។
រដូវស្លឹកឈើជ្រុះឈានចូលមកដល់ នៅតែមិនមានអារម្មណ៍ត្រជាក់ ខ្យល់រដូវស្លឹកឈើជ្រុះបក់កួចចូលផ្នត់អាវ មានអារម្មណ៍ថាស្រស់ស្រាយ ត្រជាក់ ស្រួលខ្លួន។
អានានមិនចង់ហូបបាយ ធ្វើតាមស៊ីវលូឱបចានផ្លែឈើមួយអង្គុយនៅក្រោមសំយាបឃ្លាតឆ្ងាយពីស៊ីវលូ។
ឃើញរង្វង់ភ្នែកដក់ខ្មៅរបស់អានាន ដឹងថានាងនៅតែគេងមិនលក់ ស៊ីវលូស្រែកបន្លឺឡើងថា៖
«ហៅអ្នកបម្រើចម្អិនស៊ុបពុទ្រាក្រហមមួយចាន ផឹកទឹកដោះពពែស្រស់ថែមមួយចានទៀត រួចសម្រាកឱ្យបានល្អទៅ»
អានានគិតតែខាំផ្លែឈើ មិនតប។
យូឈូដើរមកដល់ សើចពោលថា៖
«ការប្រកួតល្ងាចមិញល្អមើលខ្លាំងណាស់ ថ្ងៃស្អែកអ្នកទាំងពីរចង់ទៅមើលទេ? អ្នកទាំងពីរចង់មើលការប្រកួតរបស់គ្រួសារណា ប្រាប់ខ្ញុំមក ចាំខ្ញុំរៀបចំ!»
អានានគិតមួយសន្ទុះ បន្លឺឡើង៖
«ចង់! ខ្ញុំចង់មើលការប្រកួតរវាងកុលសម្ព័ន្ធកៅស៊ីងធំទាំងបួននិងគ្រួសារឈីសួយ!»
យូឈូស្រម៉ែវស្រម៉ូវ៖
«មាន ប្រាកដជាមានហើយ…»
ចាប់តាំងពីមហិទ្ធិឫទ្ធិរបស់នាងត្រូវរំលាយចោលអស់ ស៊ីវលូលែងចាប់អារម្មណ៍នឹងការវាយដាល់ទាត់ធាក់គ្នាទាំងអស់នោះទៀត នាងលួចត្រេកអរដែលមិនចាំបាច់ទៅមើលជាមួយជ័ងស៊ូ នាងគ្រវីដៃយ៉ាងលឿន៖
«ថ្ងៃនេះខ្ញុំដេកពេញមួយថ្ងៃ យប់នេះនឹងចូលដេកយប់ជ្រៅណាស់ ថ្ងៃស្អែកប្រហែលជាខ្ញុំមិនក្រោករហូតដល់ថ្ងៃត្រង់។ អ្នកទាំងអស់គ្នាទៅចុះ កុំខ្វល់ពីខ្ញុំអី!»
យូឈូនិយាយថា៖
«ការប្រកួតឆ្នាំនេះធ្វើឡើងក្នុងរយៈពេលប្រាំមួយថ្ងៃ បន្ទាប់ពីថ្ងៃស្អែកនៅសល់បួនថ្ងៃទៀត កាន់តែខិតជិតដល់ថ្ងៃចុងក្រោយ កាន់តែទាក់ទាញ។ ល្បងសម្រាកឱ្យបានល្អចុះ មិនចាំបាច់ប្រញាប់។»
នៅថ្ងៃបន្ទាប់ ដូចស៊ីវលូនិយាយ នាងដេករហូតដល់ថ្ងៃត្រង់ទើបភ្ញាក់។
ផ្ទះសំណាក់ស្ងាត់ច្រៀប ប្រហែលមនុស្សគ្រប់គ្នានាំគ្នាទៅមើលការប្រកួត។ មិនចង់រំខានចុងភៅផ្ទះបាយ ស៊ីវលូសម្រេចចិត្តចេញទៅក្រៅហូបអាហារ។
នាងហៅស៊ុបគ្រឿងសមុទ្ទមួយចានហូបជាមួយនំដុត។ ចានទឹកស៊ុបពណ៌ទឹកដោះគោមានរសជាតិឈ្ងុយឆ្ងាញ់ជាមួយស្លឹកខ្ទឹមបៃតងតិចតួច។ ហូបមួយចានមិនអស់ចិត្ត ស៊ីវលូហៅថែមកន្លះចានទៀត។
បន្ទាប់ពីហូបអាហាររួច ឃើញមនុស្សចាស់ជាច្រើនក្រាលកន្ទេលអង្គុយហាលថ្ងៃនៅក្រោមជើងជញ្ជាំងក្បែរនោះ ភ្លាមនោះស៊ីវលូក៏រត់ទៅធ្វើដូចគ្នា អង្គុយក្រោមពន្លឺថ្ងៃ ងើយក្បាលមើលទូកអុំចែវឆ្លងកាត់បឹង។
នៅលើដំបូលទូកធំមួយនោះ បុរសម្នាក់ស្លៀកពាក់ពណ៌បៃតងអង្គុយបែរខ្នងទៅស៊ីវលូ រួមជាមួយនឹងបុរសម្នាក់ទៀតស្លៀកពាក់សម្លៀកបំពាក់ពណ៌ផ្ទៃមេឃស្រាល កំពុងអង្គុយគយគន់ទេសភាពនៅសងខាងបឹង។
ស៊ីវលូមួយរំពេចនោះចំណាំបានរូបរាងដែលធ្លាប់ស្គាល់នោះគឺ ជីង។ នាងដឹងថា គេមិនឃើញនាងទើបផ្ចង់កែវភ្នែកគយគន់រូបគេយ៉ាងស្ងប់ស្ងាត់។
នៅសុខៗជីងស្រាប់តែបែរក្បាលមក សម្លឹងមើលទៅមាត់ច្រាំង។ ស៊ីវលូនៅតែរក្សារូបរាងដដែល លួចសម្លឹងគេដោយទឹកមុខស្រស់ស្រាយ។ ស៊ីវលូមិនដឹងថា ជីងឃើញនាងច្បាស់ឬអត់ នាងគ្រាន់តែឃើញទូករសាត់ទៅឆ្ងាយ សម្លៀកបំពាក់ពណ៌ផ្ទៃមេឃស្រាលរសាត់បាត់នៅកណ្តាលចំណោមហ្វូងមនុស្សហូរហែរនៅលើបឹង។
គេដឹងថានាងនៅឈីសួយ នាងក៏ដឹងថាគេនៅទីនេះដែរ ប៉ុន្តែពួកគេមិនអាចដូចជាពេលនៅភូមិឈីងសួយ នាងគ្រាន់តែបក់ដៃ ស្រែកហៅមួយម៉ាត់ “ស៊ឺឈី” គេនឹងបង្ហាញខ្លួនភ្លាមៗនៅចំពោះមុខនាង។
ស៊ីវលូមិនដឹងថានាងនៅអង្គុយទីនោះយូរប៉ុនណាទេ គ្រាន់តែឃើញមនុស្សទាំងហ្វូងៗដើរជុំវិញ។ នៅសុខៗមាននរណាម្នាក់ដើរចូលមកដល់ស្ងាត់ៗ អង្គុយចុះនៅក្បែរស៊ីវលូ ក្លិនក្រអូបឫសថ្នាំស្រាលៗនោះ ស្គាល់ដិតអារម្មណ៍យ៉ាងច្បាស់។
ស៊ីវលូមិនងាកក្បាលទៅមើល ព្រោះនាងដឹងថារូបរាងគ្រាន់តែប្រែក្លែងក្លាយប៉ុណ្ណោះ។ នាងញញឹមតិចៗ ខ្សែភ្នែកមិនដកចេញពីទូក អុំចេវឆ្លងកាត់ទៅមកលើបឹង ភាពរីករាយលោតរំជួយក្នុងបេះដូង។
មួយសន្ទុះក្រោយ នាងសួរតិចៗ៖
«បងមិនខ្លាចមានមនុស្សតាមដានទេហ្អេស?»
«ដូនតារបស់បងគឺពូជពង្សកញ្ជ្រោងទេព មានតែបងតាមដានអ្នកដទៃ មានមនុស្សតិចតួចណាស់ដែលអាចតាមដានបងបាន»
ស៊ីវលូភ្លាមនោះនឹកឃើញលើកទីមួយដែលនាងត្រូវសាងលីវចាប់យកទៅ គឺគេរកឃើញនាង។ លើកទីពីរ នាងត្រូវជ័ងស៊ូឃុំឃាំងក្នុងគុកងងឹត ក៏ជាគេរកឃើញនាង។ គេពិតជាពូកែតាមដានមែន។
[ន័យបង្កប់៖ ចុះហេតុអ្វីដំណើររត់គេចនៅកៅស៊ីង ជ័ងស៊ូអាចតាមរកឃើញ? ឬមួយជាចេតនារបស់ជីងមិនចង់ឱ្យស៊ីវលូចាកចេញទៅសមបំណង?]
ស៊ីវលូសួរ៖
«បងមិនទៅមើលការប្រកួតទេហ្អេស?»
«គ្រួសារទូសានមិនពូកែវាយប្រយុទ្ធ ពួកយើងមកទីនេះ គោលបំណងចំបងគឺពិភាក្សាជំនួញនិងស្វែងរកទេពកោសល្យជន។»
ស៊ីវលូឈប់និយាយ ស៊ឺឈីនៅស្ងៀមស្ងាត់អង្គុយក្បែរនាង ហាលថ្ងៃជាមួយនាង។ ទោះនាងមិនងាកក្បាលទៅមើលគេ ក៏ក្លិនក្រអូបឫសថ្នាំចេញពីខ្លួនគេនៅតែសាយភាយដល់ខ្ទង់ច្រមុះរបស់នាង ពង្រឹងចិត្តនាងស្ងប់សុខ។
លុះរហូតព្រះអាទិត្យលិចចុះជះចំហាយងំផ្ទៃដី ស៊ឺឈីទើបបន្លឺសំឡេងស្រាលថា៖
«បងត្រូវទៅវិញ ពេលណាអូនទៅ?»
«អូនទៅវិញឥឡូវហើយ»
«អ៊ីចឹងអូនទៅមុនទៅ»
ស៊ីវលូមានអារម្មណ៍កក់ដ្ដៅចម្លែក។
«អ្ហឹម!»
នាងក្រោកឈរឡើង ដើរតាមមាត់បឹង ដើរយឺតៗឆ្ពោះទៅកាន់ផ្ទះសំណាក់។ ដំណើរផ្លូវកាន់តែខ្លីនិងមិនសូវឯកា ព្រោះនាងដឹងថាគេតែងតែសម្លឹងមើលតាមនាងជាប់ជានិច្ច។
ស៊ឺឈីសុខចិត្តធ្វើជាមនុស្សនៅស្ងៀមស្ងាត់សម្លឹងមើលតាមស្រមោលនាងរសាត់បាត់ទៅឆ្ងាយ ផ្ដល់អារម្មណ៍កក់ក្ដៅនោះទុកឱ្យទៅនាង។
ស៊ីវលូដេកអស់ប្រាំថ្ងៃជាប់គ្នា រហូតដល់ថ្ងៃចុងក្រោយនៃការប្រកួត នាងរកលេសគេចខ្លួនមិនបាន នាងត្រូវបង្ខំចិត្តទៅមើលជាមួយយូឈូនិងអានាន។
គូប្រកួតឈានដល់ជុំចុងក្រោយបន្ទាប់ពីការប្រកួតយ៉ាងហ៊ឹកហាក់ជាច្រើនជុំ មានមនុស្សប្រុសម្នាក់និងមនុស្សស្រីម្នាក់។ មនុស្សប្រុសឈ្មោះ អ៊ូឆាង មកពីកុលសម្ព័ន្ធហីហួរ ដែលជាកុលសម្ព័ន្ធមួយក្នុងចំណោមកុលសម្ព័ន្ធធំទាំងបួនកៅស៊ីង។
មនុស្សស្រីឈ្មោះថា ស័ង ជាមនុស្សគ្រួសារឈីងសួយ ដែលជាសម្ព័ន្ធគ្រួសារមួយក្នុងចំណោមសម្ព័ន្ធគ្រួសារមហាត្រកូលធំទាំងបួននៅតាហ័ង។
អ៊ូឆាងមានមុខមាត់គួរឱ្យគន់ភ្នែក ចិញ្ចើមស្រស់ និងកែវភ្នែកតែងតែញញឹម ងាយធ្វើឱ្យមនុស្សមានអារម្មណ៍ល្អ។ ស័ងជាមនុស្សស្រីត្រជាក់ល្អូក មានមុខរាងពងក្រពើ បបូរមាត់បិទជិត និងកែវភ្នែកកោងកាច ធ្វើឱ្យមនុស្សមិនហ៊ានមើលចំមុខនាង។ ពួកគេទាំងពីរសុទ្ធតែហាត់សីល៍ធាតុទឹក តែអ៊ូឆាងគឺទឹក រីឯស័ងគឺទឹកកក។
មនុស្សចោមរោមមើលកំពុងរង់ចាំយ៉ាងអន្ទះសាទៅលើទីលានប្រកួតដ៏អស្ចារ្យរវាងទឹកនិងទឹកកក មនុស្សភាគច្រើនគាំទ្រអ៊ូឆាង សង្ឃឹមថាគេឈ្នះ។ ប៉ុន្តែអាចមើលដឹងថា ស័ងវាយប្រយុទ្ធមិនបន្ធូរដៃ លទ្ធភាពខ្ពស់ដែលនាងនឹងអាចក្លាយជាអ្នកយកឈ្នះ។
ស៊ីវលូខ្លាចចួបហ្វុងហ្វុងអ៊ីអ៊ីង ប៉ុន្តែនាងក៏មិនចូលចិត្តផ្លាស់ប្ដូររូបរាង សំណាងល្អអានានជាមនុស្សដែលចេះរក្សារូបរាងនៅកន្លែងដែលមានមនុស្សច្រើន នាងបានពាក់មួកបាំងមុខ ស៊ីវលូក៏ពាក់មួកដែរ។
ចូលទៅដល់តំបន់ទីវាលមើលការប្រកួត ស៊ីវលូទុកចិត្តជាងមុន ឃើញមនុស្សមកមើលភាគច្រើនសុទ្ធតែពាក់មួក។ នៅពេលការប្រកួតរៀបចាប់ផ្តើម ជ័ងស៊ូនិងនារីវ័យក្មេងពាក់មួកម្នាក់ដើរចូលទៅក្នុងទីវាលមើលការប្រកួត ស៊ីវលូស្រាប់តែវិលមុខខ្ញាល់ ធ្វើពុតជាមិនឃើញពួកគេ។
អានានស្ទុះក្រោកឈរឡើង គ្រវីដែស្រែកហៅ៖
«ជ័ងស៊ូ!»
ជ័ងស៊ូនិងនារីម្នាក់នោះបញ្ជ្រៀតហ្វូងមនុស្សដើរចូលទៅជិត អានានភ្លាមនោះចំណាំមុខនារីដែលដើរក្បែរជ័ងស៊ូ នាងមានចេតនាធ្វើពើសួរ៖
«នាងជាអ្នកណា?»
ជ័ងស៊ូសើចញញឹមស្រស់ ណែនាំ៖
«នេះគឺជាប្អូនស្រីរបស់ខ្ញុំ ឈ្មោះអានាន នាងអាចហៅថា អានាន ចុះ មនុស្សម្នាក់នេះគឺ ស៊ឹងនុងស៊ីងយៀក អូនអាចហៅនាងថា ស៊ីងយៀក ចុះណា៎។ ហើយនេះគឺ…»
ជ័ងស៊ូងាកទៅរកមើលស៊ីវលូ ប៉ុន្តែនាងបានចាកចេញពីទីនោះបាត់ស្ងាត់ៗដោយគ្មាននរណាដឹង។
ដោយសារជ័ងស៊ូមិននៅ យូឈូមិនហ៊ានផ្ញើអានាននិងស៊ីវលូឱ្យទៅអ្នកដទៃ គេរៀបចំកន្លែងអង្គុយរួចនាំអានាននិងស៊ីវលូទៅមើលការប្រកួតចុងក្រោយ។
ឃើញជ័ងស៊ូនាំស៊ីងយៀកចូលទៅក្នុងទីវាលមើលការប្រកួតនោះ យូឈូភ្លាមនោះនៅស្ងាត់ៗលួចចាកចេញទៅ ស៊ីវលូក៏ក្រោកឈរស្ងាត់ៗរត់ទៅតាមយូឈូ។
ក្រោយជោគជ័យ “គេចខ្លួន” ពួកគេទាំងពីរក្ដោបដៃឡើងអបអរសាទរនិងសរសើរគ្នាទៅវិញទៅមក!
នេះជាការប្រកួតចុងក្រោយ មនុស្សមកមើលការប្រកួតច្រើនកុះករ ទីវាលមើលការប្រកួតគ្មានកន្លែងអង្គុយទំនេរ។ ស៊ីវលូផ្ដល់យោបល់៖
«ជ័ងស៊ូឈ្លានពានកន្លែងអង្គុយពួកយើង អ៊ីចឹងពួកយើងទៅរកកន្លែងអង្គុយរបស់អ្នកនាងស៊ឹងនុង ប្រាកដជានៅទំនេរទុកចោល តស់យើងទៅរកកន្លែងអង្គុយរបស់នាង។»
យូឈូបដិសេធ៖
«បើអានានឃើញខ្ញុំអង្គុយកន្លែងត្រកូលឈីសួយប្រាកដជាស្លាប់ខ្ញុំមិនខាន!»
ស៊ីវលូគ្រវីដៃ បោះជើងដើរចេញ៖
«ឈប់មើលហើយ ទៅវិញដេកល្អជាង!»
យូឈូរហ័សទាញដៃនាងមកវិញ៖
«វិលទៅកៅស៊ីងវិញ បើព្រះអង្គសួរខ្ញុំថាមើលថែស៊ីវលូយ៉ាងណា ឬមួយខ្ញុំទូលថ្វាយទ្រង់ថា៖ ទូលបង្គំទុកឱ្យស៊ីវលូដេកអស់ប្រាំមួយថ្ងៃនៅក្នុងផ្ទះសំណាក់ហ្អេស?»
មានភាគបន្ត…
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ