យូឈូគិតគូរឱ្យសព្វៗ កន្លែងអង្គុយរបស់ស៊ឹងនុង សានយាន ស៊ីលីង ទូសាន ជីងធៀន… សុទ្ធតែមិនល្អ គេមានតែនាំស៊ីវលូទៅកាន់កន្លែងអង្គុយរបស់កុលសម្ព័ន្ធឈីងឡុង។ ពួកបុរសៗកុលសម្ព័ន្ធឈីងឡុងរាក់ទាក់យូឈូយ៉ាងកក់ក្តៅ ពួកគេអង្គុយបង្ខិតជិតគ្នា ទុកកន្លែងតូចមួយសម្រាប់យូឈូនិងស៊ីវលូ។
យូឈូទាញស៊ីវលូអង្គុយចុះ សើចខឹកៗ៖
«ឈីសួយស័ងប្រាកដជាប្រើមហិទ្ធិឫទ្ធិទឹកកក បង្កើតក្បួនអាគមព្រិល ដល់ពេលនោះនឹងត្រជាក់រងាខ្លាំងណាស់ មនុស្សគ្រប់គ្នាអង្គុយស្អិតជិតគ្នាបែបនេះទើបកក់ក្តៅ!»
ស៊ីវលូក្លែងខ្លួនធ្វើប្រុសជាងពីររយឆ្នាំមកហើយ ទើបឥឡូវនេះនាងនៅតែធម្មតា ស្រស់ស្រាយ អង្គុយកៀកក្បែរយូឈូ។ នាងមានអារម្មណ៍រីករាយជាងមុន ព្រោះទិដ្ឋភាពដែលមានមនុស្សប្រជ្រៀតណែបណាប់នេះទើបជាបរិយាកាសពិតប្រាកដក្នុងការប្រកួត។
ការប្រកួតចាប់ផ្ដើម បុរសម្នាក់លួចដាក់ដបស្រាក្នុងដៃយូឈូ។ យូឈូអកមួយដង្ហើមហើយហុចឱ្យទៅស៊ីវលូ ស៊ីវលូលើកអកមួយដង្ហើមវែងរអ៊ូរទាំថា៖
«នៅខ្វះតែកទា!»
យូឈូទប់សើច៖
«ការប្រកួតនេះសំខាន់ណាស់ វាទាក់ទងដល់កេរ្តិ៍ឈ្មោះគ្រួសារទាំងមូល មិនមែនសៀកហីនៅតាមផ្លូវទេ សូមអ្នកទាំងអស់គ្នាយកចិត្តទុកដាក់មើលបន្តិច!»
ហ្វូងមនុស្សសើចខឹកៗ៖
«បើមេក្រុមកុលសម្ព័ន្ធហីហួរចាប់បាន ច្បាស់ជាទូលថ្វាយទោសទៅព្រះអង្គមិនខាន!»
ការប្រកួតឈានចូលដល់ដំណាក់កាលដ៏តានតឹង ដូចយូឈូនិយាយ ឈីសួយស័ងប្រើមហិទ្ធិឫទ្ធិទឹកកកបង្កើតក្បួនអាគមព្រិល លម្អងព្រិលពណ៌សហោះហើរពេញផ្ទៃមេឃ មនុស្សកន្លែងអង្គុយមើលមានអារម្មណ៍ដូចពួកគេស្ថិតនៅកណ្តាលរដូវរងាត្រជាក់ស្រេង។
ក្បួនអាគមអូសបន្លាយពេលយូរ ស៊ីវលូមានមហិទ្ធិឫទ្ធិទាប កម្លាំងធាតុទន់ខ្សោយ មិនអាចទ្រាំទ្របាន រាងកាយទាំងមូលញាក់ញ័រទទ្រាក់។ យូឈូកាន់ដៃស៊ីវលូថ្នមៗ បញ្ចូលកម្លាំងធាតុឱ្យនាងបន្តិចម្តងៗ ហេតុនេះទើបស៊ីវលូមិនសូវត្រជាក់ខ្លាំងទៀត។
«អរគុណលោកហើយ» ស៊ីវលូពោលតិចៗ។
យូឈូកំពុងផ្តោតអារម្មណ៍មើលការប្រកួតពិសេស គ្រាន់តែញញឹមងក់ក្បាលបន្តិច។
បន្តិចក្រោយមក មើលដឹងថាស៊ីវលូមានមហិទ្ធិឫទ្ធិទាប អាចពិបាកជ្រួលជ្រាបលើក្បួនអាគមទាំងនោះ យូឈូផ្អៀងក្បាលមក ខិតជិតត្រចៀករបស់ស៊ីវលូ មើលការប្រកួតបណ្ដើរពន្យល់ប្រាប់នាងបណ្ដើរ៖
«ឈីសួយស័ងគ្រប់គ្រងការប្រកួត ដាវទឹករបស់អ៊ូឆាងត្រូវឃុំគ្រងជាប់ ល្បឿនក៏ថយចុះ ល្បងឃើញថា ភាគីទាំងសងខាង រំកិលខ្លួនបន្ដិចបន្ដួច មិនមានអ្វីគួរឱ្យចាប់អារម្មណ៍ ប៉ុន្តែការពិតពួកគេប្រកួតគ្នាអរូបយ៉ាងស្វិតស្វាញ ស្ថានការណ៍ពិតជាគ្រោះថ្នាក់ខ្លាំងណាស់… អ៊ូឆាងចាប់ផ្តើមបង្កើតក្បួនអាគម គេជ្រើសរើសយ៉ាងឈ្លាសវៃ មិនប្រឈមមុខនឹងឈីសួយស័ងដោយផ្ទាល់… ឃើញព្រិលទឹកកកហាក់ដូចជាគ្របដណ្ដប់អ្វីៗទាំងអស់ ប៉ុន្តែតាមពិតមានចរន្តទឹកហូរនៅខាងក្នុងស្នូកទឹកកក…»
ស្តាប់ផងងក់ក្បាលផ្ងក់ៗផង យល់បណ្តើរៗថាហេតុអ្វីមនុស្សចូលចិត្តមើលការប្រកួតខ្លាំងម្ល៉េះ។ ពិតណាស់ មនុស្សអាចរៀនស្នៀតជាច្រើនពីកំពូលជើងខ្លាំង និងកម្លាំងលាក់បង្កប់ក្នុងក្បួនអាគមរបស់ពួកគេ។
នៅសុខៗ ស៊ីវលូមានអារម្មណ៍ថាមាននរណាម្នាក់សម្លឹងមកនាង។ ញាណអារម្មណ៍ប្រាប់នាងថា បុគ្គលនោះកំពុងអង្គុយនៅលើទីខ្ពស់ ទីកន្លែងទុកសម្រាប់ភ្ញៀវកិត្តិយស ប៉ុន្តែនាងមិនអាចមើលឃើញច្បាស់ថាជានរណា ព្រោះតែបិទបាំងស្បៃវាំងននស្ដើងផាត់ផាយ។ ស៊ីវលូសួរយូឈូតិចៗ៖
«អ្នកណាអង្គុយត្រង់នោះហ្នឹង?»
យូឈូក្រឡេកមើលបន្តិច តប៖
«គ្រួសារទូសាន»
ស៊ីវលូនៅស្ងៀមរួចក៏ផ្ទុះសើចខឹកៗ លួចរង៉ូវតែម្នាក់ឯងស្ងាត់ៗ៖
«បងមានមិនឱ្យខ្ញុំដប់ប្រាំឆ្នាំមិនដើរទៅមកឬមិនឱ្យនិយាយរកមនុស្សប្រុសឯណា!»
យូឈូងាកមុខទៅសួរ៖
«ល្បងនិយាយអីហ្នឹង?»
ស៊ីវលូសើចបន្លប់៖
«គ្មានអីទេ លោកពន្យល់ឱ្យខ្ញុំស្ដាប់បន្តទៀតទៅ!»
យូឈូឱនខ្សឹបទៅជិតត្រចៀកស៊ីវលូ មើលការប្រកួតបណ្ដើរខ្សឹបខ្សាវប្រាប់នាងបណ្ដើរ។
អ៊ូឆាងនិងឈីសួយស័ងវាយប្រយុទ្ធគ្នាទាំងកម្លាំងនិងទាំងបញ្ញា។ កំពូលជើងខ្លាំងទាំងពីរនាក់បង្កើតផ្ទាំងឈុតឆាកប្រកួតដ៏អស្ចារ្យមួយ។ នៅទីបំផុត ឈីសួយស័ងដួលសន្លប់ចុះ ព្រោះអស់កម្លាំងធាតុ អ៊ូឆាងក៏ត្រូវការមនុស្សជួយគ្រាហ៍ទើបអាចក្រោកឈរឡើងរួច។ អ៊ូឆាងយកឈ្នះឈីសួយស័ងយ៉ាងលំបាកខ្លាំងណាស់ ដោយកម្លាំងធាតុដ៏ខ្លាំងក្លាស្ទើរតែទំលាយអស់ពីខ្លួន។ ទីលានប្រកួតពោរពេញទៅដោយសំឡេងទះដៃខ្លាំងហ៊ូកញ្ជ្រាវអឺងកង។ ពួកបុរសៗកុលសម្ព័ន្ធឈីងឡុងដែលជាញឹកញយឈ្លោះវាយតប់គ្នាជាមួយកុលសម្ព័ន្ធហីហួរ ឥឡូវនេះលោតកញ្ឆោលចុះឡើង ស្រែកហ៊ោអបអរសាទរ៖ អ៊ូឆាង! អ៊ូឆាង! សម្ដែងសេចក្ដីកោតសរសើររបស់ពួកគេចំពោះបុរសម្នាក់នេះ។
យូឈូហាក់ដូចជាស្ងប់ស្ងាត់ជាង ប៉ុន្តែភាពរីករាយនៅតែរំលេចភ្លឺថ្លាលើទឹកមុខរបស់គេ។
ដឹងថាអ៊ូឆាងឈ្នះយ៉ាងលំបាក បូករួមបរិយាកាសអ៊ូអរនៅជុំវិញខ្លួន ស៊ីវលូក៏លោតចុះឡើងស្រែកហ៊ោនឹងគេដែរ។ ដ្បិតនាងធ្លាប់ចួបប្រទះរឿងជូរចត់ជាច្រើន ក៏ស៊ីវលូនៅវ័យក្មេងនៅឡើយ ស្ថិតនៅកណ្តាលបរិយាកាសពោរពេញសំឡេងអបអរសាទរ និងរំភើបត្រេកអរខណៈនោះនៅក្នុងចិត្តរបស់ស៊ីវលូលួចពោល៖ បើមហិទ្ធិឫទ្ធិរបស់នាងមិនត្រូវរំលាយចោលអស់ នាងក៏ចង់ទទួលការស្រែកហ៊ោអបអរ កោតសរសើរពីសំណាក់មនុស្សក្រោមមេឃបែបនេះក្នុងមួយជីវិតម្ដងដែរ។
នាងគ្រវីក្បាលភ្លាមៗមួយរំពេច រំសាយគំនិតនោះចោលហើយដាស់រំឭកខ្លួនឯងថា៖ ខ្លួនឯងដូចឥឡូវនេះគឺល្អណាស់ទៅហើយ!
យូឈូសើចសប្បាយនិយាយជាមួយស៊ីវលូ៖
«យប់នេះទៅវិញមិនចាំបាច់យកចិត្តទុកដាក់ចំពោះអានានទេ»
ស៊ីវលូសើចខឹកៗ តប៖
«ពួកយើងទៅវិញ មិនបាច់ចាំពួកគេទេ»
មនុស្សទាំងពីរនាក់ក្រោកឈរឡើង ដើរតាមលំហូរមនុស្សចេញទៅយឺតៗ។ មានមនុស្សជាច្រើនរំភើបស្រែកច្រៀងរាំអបអរនៅឡើយ យូឈូក្រពាត់ដៃឱបស្មារបស់ស៊ីវលូ ដើម្បីការពារនាង និងដើម្បីការពារអ្នកទាំងពីរកុំឱ្យវង្វេងនៅក្នុងសមុទ្ទមនុស្ស។
មនុស្សជាច្រើនអង្គុយនៅលើទីកន្លែងភ្ញៀវកិត្តិយស ចំណាំយូឈូបាន ពួកគេញញឹមរាក់ទាក់គេ និយាយលេងសើចថា៖
«កូនចៅកុលសម្ព័ន្ធកៅស៊ីងធំទាំងបួនពិតជាខ្លាំងពូកែណាស់ ខ្លាចក្រែងតែរង្វាន់ដែលលោកនាំយកមកក្នុងការប្រកួតនេះគឺត្រូវវេចខ្ចប់ដឹកជញ្ជូនទៅកៅស៊ីងវិញហើយ!»
យូឈូគួរសមឆ្លើយតបទៅវិញ។
ខណៈនោះហ្វូងមនុស្សកៀរចេញទៅម្ខាងភ្លាមៗ ទុកផ្លូវសម្រាប់សម្ព័ន្ធគ្រួសារមហាត្រកូលធំទាំងបួន។ ការប្រកួតទេពកោសល្យរដូវស្លឹកឈើជ្រុះគឺជាកន្លែងប្រមូលផ្តុំសម្រាប់សម្ព័ន្ធគ្រួសារធំៗ។ កូនចៅគ្រួសារធំទាំងបួននេះមកទីនេះដើម្បីប្រកួតមិនត្រឹមតែតំណាងឱ្យភាពរុងរឿងនៃគ្រួសារ ថែមទាំងតំណាងឱ្យខ្សែស្រឡាយលោហិតដែលបន្តជាច្រើនជំនាន់តាំងពីយុគសម័យទេវបុរាណ។ ខ្សែស្រឡាយលោហិតជាឈាមជ័រហូរនៅក្នុងខ្លួន ជួយចិញ្ចឹមជីវិត និងសំខាន់ខ្លាំងណាស់។
នគរអាចសាងឡើងឬដួលរលំទៅវិញ ប៉ុន្តែខ្សែស្រឡាយលោហិតរបស់ពួកគេស្ថិតស្ថេរជារៀងរហូត។ ហេតុនេះ ពេលខ្លះភាពរុងរឿងរបស់គ្រួសារ គឺសំខាន់ជាងភាពរុងរឿងរបស់នគរទៅទៀត។
គ្រួសារឈីសួយ គ្រួសារស៊ីវលីង គ្រួសារទូសាន និងគ្រួសារគួយហ្វាង សន្សឹមៗដើរឆ្លងកាត់ម្តងមួយៗ។ ជីងនិងអ៊ីអ៊ីងដើរទន្ទឹមគ្នា កាត់មុខយូឈូ អ៊ីអ៊ីងឈប់ជើងញញឹមរាក់ទាក់។
ជីងសង្កេតមើលស្លឹងយូឈូបន្តិច ខ្សែភ្នែករបស់គេឈប់នៅលើដើមដៃរបស់យូឈូដែលដាក់លើស្មារបស់ស៊ីវលូ គេបិទបបូរមាត់ជិតជាប់ នៅស្ងៀមមិននិយាយស្ដី គ្រាន់តែងក់ក្បាលចុះបន្តិចដាក់យូឈូបន្តិចជាការគួរសម។
ស៊ីវលូខ្លាចអ៊ីអ៊ីងចំណាំនាងបាន ទើបរហ័សទាញយូឈូចូលទៅក្នុងហ្វូងមនុស្សប្រជ្រៀតគ្នា។ អ្នកទាំងពីរដកដង្ហើមធូរខ្សុយ នៅពេលគេចចេញផុតពីហ្វូងមនុស្ស។ យូឈូដកដៃចេញពីស្មារបស់ស៊ីវលូ ញញឹមសួរ៖
«គ្រាន់បើ! មិនអត់ប្រយោជន៍ខំធ្វើដំណើរផ្លូវឆ្ងាយមកទេ!»
ស៊ីវលូសើចស្រស់ ដាល់ស្មារបស់យូឈូ ហាក់ដូចជាអ្នកទាំងពីរគឺជាបងប្អូនល្អអ៊ីចឹង!
«ល្បងទុកចិត្តចុះ បើព្រះអង្គសួរនាំ ចាំខ្ញុំសរសើរពីល្បង!»
យូឈូយល់ពីអត្តចរិតរបស់ស៊ីវលូ ចាក់ឆ្កឹះលេង៖
«ល្បងវាយឫកណាស់ គិតថាខ្លួនឯងជាអ្នកណា!»
ជ័ងស៊ូនិងអានានដំណាលគ្នានោះដើរចូលមកដល់ ជ័ងស៊ូសម្លក់ស៊ីវលូបន្តិច ហើយងាកទៅរកយូឈូ៖
«អ្នកទាំងពីរគេចខ្លួនលឿនមែន បាត់ស្រមោលទៅណា?»
យូឈូសើចហេសហាស់បន្លប់។
ស៊ីវលូឃើញភាពសប្បាយរីករាយបង្ហាញលើផ្ទៃមុខអានានច្បាស់ក្រឡែត។
អានានឱនខ្សឹបដាក់ត្រចៀកស៊ីវលូ៖
«ឯងរត់ទៅណាហ្នឹង? ឯងមានដឹងទឹកមុខស៊ីងយៀកនោះអាក្រក់មើលប៉ុនណាទេ? ខ្ញុំឃើញហើយសប្បាយចិត្តណាស់!»
ស៊ីវលូសួរ៖
«នាងមិនឈ្លោះជាមួយគេទេហ្អេស?»
«អត់ទេ នាងជាមិត្តរបស់ជ័ងស៊ូ ខ្ញុំមិនចង់ឱ្យគាត់ពិបាក មួយវិញទៀត នាងក៏មិនដឹងថាខ្ញុំជាអ្នកណាដែរ ខ្ញុំគ្រាន់តែលួចក្អាកក្អាយក្នុងចិត្តតែប៉ុណ្ណោះ!»
ស៊ីវលូស្រាប់តែនឹកឃើញកាលដែលនៅភូមិឈីងសួយ។ កាលនោះ អានានពិតជាស្អប់នាងណាស់ តែនៅពេលដែលជ័ងស៊ូប្រាប់អានានកុំឱ្យបង្ករឿងជាមួយស៊ីវលូ អានានក៏ស្តាប់បង្គាប់មួយរំពេច។ ទោះបីជានៅកៅស៊ីង ជ័ងស៊ូត្រូវមនុស្សមើលងាយ តែអានាននៅតែគោរពគេ ស៊ីវលូគិតស្លុងអំពីរឿងនេះរហូត ខ្សែភ្នែកសម្លឹងទៅអានានមិនដាក់។ អានានរៀនធ្វើតាមជ័ងស៊ូ ខោកថ្ងាសស៊ីវលីមួយក្រញ៉រ៖
«នែ៎ ឯងកំពុងគិតអីហ្នឹង?»
«គិតពីនាងហ្នឹង»
«ខ្ញុំព្រមានឯង ហាមលង់ស្រលាញ់ខ្ញុំឱ្យសោះ!»
រំពេចនោះ អានានទឹកមុខប្រែប្រួល ទះក្បាលមួយដៃស្រែកថា៖
«អូ៎! ខ្ញុំភ្លេចរឿងសំខាន់បំផុតបាត់ទៅហើយ!»
ដើមឡើយនាងមានបំណងប្រើការប្រកួតនេះ ធ្វើឱ្យស៊ីវលូសាងកំហុសខ្លះ ទុកជាលេសបញ្ចុះបញ្ចូលព្រះបិតារបស់នាងបោះបង់គំនិតចង់លើកនាងរៀបការជាមួយស៊ីវលូ។
ប៉ុន្តែស៊ឹងនុងស៊ីងយៀកស្រាប់តែបង្ហាញខ្លួនបង្កជម្លោះ ជ័ងស៊ូត្រូវរបួស សម្រាកព្យាបាលនៅផ្ទះរបស់ស៊ីងយៀក បញ្ហាទាំងនោះធ្វើឱ្យនាងភ្លេចកិច្ចការរបស់ស៊ីវលូឱ្យឈឹង។
ស៊ីវលូម៉ឺងម៉ាត់និយាយថា៖
«ខ្ញុំបានស្បថហើយ នាងទុកចិត្តចុះ ខ្ញុំមិនឱ្យព្រះអង្គចាប់នាងរៀបការជាមួយខ្ញុំទេ!»
ប៉ុន្មានថ្ងៃថ្មីៗនេះ អានានយល់ពីស៊ីវលូកាន់តែច្រើន នាងដឹងថាស៊ីវលូតែងតែនិយាយលេងសើចច្រើន ប៉ុន្តែមិនមែនជាមនុស្សលេបសម្ដី។ ស៊ីវលូនិយាយម៉ឺងម៉ាត់ច្បាស់យ៉ាងនេះ នាងគ្មានអ្វីត្រូវព្រួយបារម្ភនោះទេ។
ស៊ីវលូទៅរកជ័ងស៊ូក្រោយពេលត្រលប់មកផ្ទះសំណាក់វិញ។
«របួសរបស់បងយ៉ាងម៉េចហើយ?»
ជ័ងស៊ូទះតិចៗលើដើមស្មាឆ្វេងត្រូវរបួសរបស់គេ៖
«លែងឈឺហើយ គ្រាន់តែមិនអាចកម្រើកខ្លាំងបាន!»
ស៊ីវលូលើកដៃជ័ងស៊ូឡើងពិនិត្យមើលរួចរាល់ និយាយថា៖
«គ្រូពេទ្យនៅឈីសួយមិនអន់ទេ បងទ្រាំសម្រាកឱ្យល្អចុះ»
ហៀបដើរចេញទៅ ជ័ងស៊ូទាញដៃនាង៖
«បន្លាចអូនភ័យហើយ ខឹងបងមែនទេ?»
ស៊ីវលូអង្គុយចុះ តបតិចៗ៖
«បងដឹងថាខ្ញុំមិនខឹងទេ!»
ស៊ីវលូចុចៗម្រាមដៃលើស្មារបស់ជ័ងស៊ូ។
«បើមិនមែនគ្រោះថ្នាក់ដល់អាយុជីវិត បងចាំបាច់អ្វីធ្វើឱ្យខ្លួនឯងរបួសដើម្បីសម្ដែងល្ខោននោះ»
ជ័ងស៊ូបកស្រាយ៖
«លើកមុនក្រោយពេលត្រូវព្រួញនៅភូមិឈីងសួយ បងបានចាត់មនុស្សទៅស៊ើបហ្វុងហ្វុងអ៊ីអ៊ីង នៅក្បែរនាងមានអ្នកបម្រើស្រីពីរនាក់ ពួកគេជាអង្គរក្សស្ម័គ្រស្លាប់ ធំធាត់ឡើងនៅក្នុងឡគ្រួសារហ្វុងហ្វុង ពួកគេក៏នៅលើទូកនៅពេលនោះ បើពួកយើងបង្កជម្លោះជាមួយពួកគេនៅថ្ងៃនោះ ហ្វុងហ្វុងអ៊ីអ៊ីងអាចធ្វើជាពលីអ្នកបម្រើម្នាក់ ទុកឱ្យអ្នកបម្រើស្រីនោះស្លាប់ក្នុងដៃរបស់ពួកយើង បើដូច្នេះមែន ស៊ឹងនុងស៊ីងយៀកប្រាកដជាខឹងសម្បា បញ្ជាឱ្យឆ្មាំសម្ងាត់ទាំងអស់របស់នាងវាយកម្ចាត់ពួកយើង ស្ថានការណ៍នឹងពិបាកខ្លាំងណាស់ ហេតុនេះ បងប្រើល្បិចទល់ល្បិច ធ្វើពុតជាចាញ់ក្រោមដៃហ្វុងហ្វុងអ៊ីអ៊ីង បងដឹងថាហ្វុងហ្វុងអ៊ីអ៊ីងគ្រាន់តែចង់សម្លាប់បង មិនចង់ធ្វើបាបអានានទេ ទើបប្រាប់អូនឱ្យនាំអានានចាកចេញពីទីនោះ បងតែម្នាក់ឯងងាយស្រួលទប់ទល់ជាង បងធ្វើពុតជាត្រូវរបួសធ្ងន់ លិចចុះទៅបាតបឹង ហ្វុងហ្វុងអ៊ីអ៊ីងប្រាកដជាមិនអាចដេញតាមដល់ទីបញ្ចប់ នាងនឹងជំរុញឱ្យស៊ឹងនុងស៊ីងយៀកចាកចេញពីទីនោះឱ្យឆាប់ បន្ទាប់មកបញ្ជាអ្នកបម្រើរបស់នាងចុះទៅក្នុងបឹងពិនិត្យមើលថាបងស្លាប់ឬអត់ ខណៈនោះ រត់គេចមិនពិបាកចំពោះបងទេ ប៉ុន្តែបងមិននឹកស្មានថា ស៊ីងយៀកបែរជាស្រាប់តែលោតចូលទៅក្នុងបឹងជួយសង្គ្រោះបងទៅវិញ!»
ស៊ីវលូសើចហីៗ៖
«បងត្រូវអរគុណខ្ញុំណា៎ ព្រោះតែខ្ញុំចង់ស្តាប់នាងដេញពិណ ទើបបងផ្លុំខ្លុយប្រគំភ្លេងជាមួយនាង បង្កើតចំណាប់អារម្មណ៍ពិសេសដល់នាង»
ជ័ងស៊ូហួសចិត្ត៖
«អរគុណអូនហ្អេស? បើបងមិនផ្លុំខ្លុយ បើពួកគេមិនបកទូកមកវិញ នោះពួកយើងក៏មិនប៉ះទង្គិចពួកគេ គ្រោះថ្នាក់ក៏មិនកើតឡើងដែរ។»
ស៊ីវលូប្រកែក៖
«បើមិនប៉ះទង្គិចពួកគេ បងទស្សន៍ទាយឯណាឃើញឱកាសរាប់អានគ្នាជាមួយគ្រួសារឈីសួយ? នេះគឺហៅថា ក្នុងគ្រោះមានលាភ!»
ជ័ងស៊ូសុំចុះចាញ់៖
«បានហើយៗ! បងអរគុណអូន!»
ស៊ីវលូនៅសុខៗដកដង្ហើមធំ ខ្សឹកខ្សួល៖
«ខ្ញុំគ្រាន់តែមានអារម្មណ៍ថាជោគវាសនាចំជាអព្ភូតហេតុមួយមែន! រឿងហេតុចៃដន្យរាប់មិនអស់ប្រមូលផ្ដុំចូលគ្នានាំទៅរករឿងប្រាកដជាក់ស្ដែង ស៊ឹងនុងនិងឈីសួយ គឺជាគ្រួសារពីរដែលបងត្រូវតែរាប់អានធ្វើជាមិត្ត ហើយខ្ញុំមិននឹកស្មានថារឿងនេះកើតឡើងដោយចៃដន្យយ៉ាងនេះឡើយ»
«អូនគន់គូររឿងហេតុយ៉ាងហ្មត់ចត់ តែចុងក្រោយនៅតែជាមនុស្សស្រីចូលចិត្តយល់សុបិន!»
ជ័ងស៊ូខោកស៊ីវលូមួយក្រញ៉រ៖
«គ្មានអ្វីចៃដន្យនោះទេ អ្វីៗទាំងឡាយគឺសុទ្ធតែប្រាកដជាក់ស្ដែងនឹងភ្នែក មិនថាគ្រួសារស៊ឹងនុងនិងគ្រួសារឈីសួយឈរខាងបងឬអត់ នោះមិនអាស្រ័យលើភាពចៃដន្យណាមួយទេ តែអាស្រ័យលើបងអាចនាំយកប្រយោជន៍អ្វីខ្លះទៅដល់ពួកគេ អ្វីដែលហៅថាចៃដន្យនោះ មិនមានន័យអ្វី ភាពចៃដន្យទាំងនោះគឺគ្មានអ្វីក្រៅពីស្រទាប់ទឹកកកស្តើងដែលស្រោបជុំវិញ “ការពិត” ដ៏ត្រជាក់ស្រេងតែប៉ុណ្ណោះ»
«បងភ្លឺស្វាងពេកហើយ ត្រជាក់ស្រេងពេកហើយ…»
ស៊ីវលូអស់សំណើច សើចចំអកខ្លួនឯង៖
«ចំមែនហើយ តាមពិតខ្ញុំនៅតែជាមនុស្សស្រីចូលចិត្តយល់សុបិន!»
ជ័ងស៊ូចាប់ឈ្លីក្បាលស៊ីវលូថ្នមៗ។
វគ្គ១២៖ អ្នកឃ្លាតពីខ្ញុំមួយមហាសាគរ
ថ្ងៃនេះ ស៊ីវជូយ៉ុងប្រារព្ធពិធីធំដុំប្រគល់រង្វាន់ជូនម្ចាស់ជើងឯក។
ព្រឹកព្រលឹម យូឈូស្លៀកពាក់យ៉ាងស្អាតបាត នាំក្រុមមនុស្សចាកចេញពីផ្ទះសំណាក់។ ស៊ីវលូមិនចង់ក្រោក តែជ័ងស៊ូនិងអានានចាប់បង្ខំនាងឱ្យក្រោកឡើង លុបមុខលុបមាត់ ស្រស់ស្រូបអាហារពេលព្រឹករួច ដើរតាមពួកគេទៅចូលរួមពិធី។
ជ័ងស៊ូនិយាយជាមួយស៊ីវលូ៖
«ថ្ងៃចុងក្រោយនេះទើបជាថ្ងៃសប្បាយបំផុតនៃការប្រកួតទេពកោសល្យរដូវស្លឹកឈើជ្រុះ នៅថ្ងៃដំបូងៗ មនុស្សគ្រប់គ្នាតានតឹងចំពោះការប្រកួត គ្មានអារម្មណ៍ចង់សប្បាយ ពេលនេះការប្រកួតបានបញ្ចប់ ថ្ងៃស្អែកត្រូវចេញដំណើរត្រលប់ទៅវិញ គ្រប់គ្នានឹងសប្បាយរីករាយស៊ីផឹកស្រវឹងឱ្យអស់ដៃ»
នៅពេលពួកគេទៅដល់មាត់ច្រាំងទន្លេឈីសួយ អ្វីដែលជ័ងស៊ូនិយាយបានបើកបង្ហាញឡើង។ វាលស្មៅនៅតាមដងទន្លេខៀវស្រងាត់ ពណ៌ខៀវលាយពណ៌បៃតងបង្កើតជាកម្រាលព្រំខៀវបៃតងដ៏ធំសម្បើម។
តំណក់តិកតក់នៅលើកម្រាលព្រំខៀវបៃតងនោះ គឺផ្កាសាវរ៉ាពណ៌សនិងពណ៌លឿងជុំតូចៗគួរឱ្យស្រលាញ់។ ដើរកន្លងតាមមាត់ច្រាំង គយគន់ទេសភាពស្រស់បំព្រងធ្វើឱ្យមនុស្សមានអារម្មណ៍ថាដូចកំពុងស្ងើចសរសើរផ្ទាំងរូបភាពជីវិតចម្រុះពណ៌។
ពពែដុតភ្លើងស្រក់ខ្លាញ់តក់ៗ ប្រឡាក់អាំងនៅលើចង្ក្រាន ពាងស្រាក្រអូបឆួលទាំងពាងៗ បើកគម្របចោល។
ទើបពេលព្រឹកសោះបែរជាមានមនុស្សស្រវឹងស្រាទៅហើយ ពួកគេដោះសម្លៀកបំពាក់ ហាលខ្យល់ត្រជាក់ ហួចខ្យល់យ៉ាងរីករាយ។ មានមនុស្សស្រែកហ៊ូហៅគ្នីគ្នាលោតចូលទន្លេ ប្រកួតគ្នាហែលទឹក។
មានមនុស្សដេញភ្លេងច្រៀងចម្រៀង។ មានមនុស្សឱបក្បាលយំហ៊ូៗ។ មានមនុស្សវាយតប់គ្នា។ មានមនុស្សពួនក្នុងគុម្ពោតព្រៃ ផ្ដុំក្បាលគ្នាក្រឡុកគ្រាប់ឡុកឡាក់ លេងល្បែងស៊ីសង។
នៅពីចម្ងាយ មានហ្វូងមនុស្សមួយក្រុមចោមរោមពួតដៃគ្នាជារង្វង់ មានទាំងប្រុសទាំងស្រីលោតរាំ ស្រែកច្រៀងរួមគ្នា។
រាំច្រៀង គឺជាទំនៀមទម្លាប់អបអរការប្រមូលផលនិងសែនព្រេងមេឃដី។ មនុស្សម្នាតែងតែប្រមូលផ្តុំពួតដៃគ្នាជារង្វង់ ស្រែកច្រៀងអបអរ ទះដៃខ្ទរ គោះជើងចង្វាក់ រាំច្រៀងយ៉ាងសប្បាយរីករាយ។
ជាយូរទៅៗ ទំនៀមទម្លាប់នេះកាន់តែរីកធំទូលំទូលាយ។ ពេលព្រះចន្ទពេញវង់ មនុស្សម្នានឹងរាំច្រៀងនៅក្រោមព្រះចន្ទ។ ពេលលាដំណើរ មនុស្សម្នានឹងរាំច្រៀងជូនដំណើរមនុស្សផ្លូវឆ្ងាយ។
ស៊ីវលូ ជ័ងស៊ូ និងអានានកំពុងដើរកាត់ហ្វូងមនុស្សកកកុញ រំពេចនោះក៏ស្រាប់តែក្រឡេកឃើញស៊ឹងនុងស៊ីងយៀក។ ប្រាកដណាស់ នាងគឺជាមនុស្សស្រីដែលលេចធ្លោបំផុតក្នុងចំណោមនារីៗទាំងអស់។
នាងក្រងសក់ ពាក់អាវដៃបិទ កាន់ដៃមិត្តភក្តិរបស់នាង រាំផងច្រៀងផង។ ពួកបុរសៗតែងតែរាំខុសចង្វាក់ ធ្វើឱ្យមនុស្សគ្រប់គ្នាសើចលាន់សប្បាយក្អាកក្អាយ។
ស៊ីងយៀករីកស្នាមញញឹមស្រស់ស្រទន់នៅពេលដែលនាងឃើញជ័ងស៊ូ កែវភ្នែកមុតថ្លារបស់នាងបញ្ចេញពន្លឺដាស់ភ្ញោច ទាក់ទាញអារម្មណ៍។
មិនដឹងអ្នកណារុញជ័ងស៊ូចូលទៅកណ្តាលវង់រាំច្រៀង? មិនដូចកូនចៅវង្សត្រកូលខ្ពង់ខ្ពស់ដទៃរាល់ខែរាល់ឆ្នាំរស់នៅក្រោមដំបូលប្រណីតជញ្ជាំងខ្ពស់នោះឡើយ ជ័ងស៊ូធ្លាប់ដើរហើរផ្សងព្រេងឋានកណ្ដាលជាច្រើនសិបឆ្នាំ។
រាំច្រៀងគឺជាសកម្មភាពកម្សាន្តលេខមួយរាល់យប់រដូវក្តៅ។ នារាត្រីខែភ្លឺ កំលោះៗតាមភូមិច្រើនតែងតែចោមរោមនារីៗស្រស់ស្អាតរាំច្រៀង។ គូគាប់ចិត្តជាច្រើនក្លាយជាគូស្នេហ៍បន្ទាប់ពីរាត្រីកម្សាន្តនោះ។
ជ័ងស៊ូញញឹម រហ័សចាប់ចង្វាក់ភ្លេង ញាក់ខ្លួន បង្វិលត្រគាក ឱនទាប គោះជើង និងគ្រវីដៃដូចអ្នកដទៃ។ សំឡេងច្រៀងរបស់គេបន្លឺស្រឡះ រាងកាយរឹងមាំ កាយវិការប៉ិនប្រសប់ កាយវិការនីមួយៗបញ្ចេញភាពហំហួនដ៏ទាក់ទាញរបស់បុរស។
មិនច្បាស់ថា មកពីហ្វូងមនុស្សរុញច្រានឬពួកគេទាំងពីរមានចិត្តដូចគ្នា ជ័ងស៊ូនិងស៊ីងយៀកក្លាយជាគូរាំនឹងគ្នាទៅវិញទៅមកដោយមិនដឹងខ្លួន តែងតែត្រូវរុញចូលទៅកណ្តាលវង់ ក្លាយជាគូរាំដឹកនាំមុខគេ។
ស៊ីវលូកំពុងស្ញេញស្ញាញមើលពួកគេរាំ គ្រលៀសឃើញអានានបែរមុខចេញទៅ រត់កាត់ហ្វូងមនុស្ស ស៊ីវលូក៏រហ័សរត់ដេញតាមនាង។ អានានរត់ទៅមាត់ទន្លេ ស្រែកបញ្ចេញកំហឹង៖
«គួរឱ្យស្អប់ណាស់! គួរឱ្យស្អប់ណាស់!»
ស៊ីវលូឈានទៅក្បែរនាង៖
«ត្រកូលស៊ឹងនុង ធ្លាប់ជាពូជពង្សរាជវង្សនៅភូមិភាគកណ្តាល ប៉ុន្តែឥឡូវនេះពួកគេក្លាយជារាស្ត្រជ្រកកោនសានយាន។ ប្រជារាស្ត្រសានយានដើមឡើយបើកសេរី បើកចំហ ស៊ីងយៀករស់នៅធំដឹងក្ដីឡើងលើទឹកដីសានយានអស់ជាច្រើនឆ្នាំ ទម្លាប់រស់នៅបើកសេរី មនុស្សប្រុសស្រីរួមគ្នាលោតរាំស្រែកច្រៀងជារឿងធម្មតាណាស់។»
អានានងាកមុខខ្វាច់ ហៀបបើកមាត់ ក៏ឃើញជ័ងស៊ូរត់មកដល់។ ឃើញគេ អានានស្រស់បស់ឡើងបន្តិច តែសំឡេងរបស់នាងនៅតែមិនសុខស្រួលចិត្ត៖
«ខ្ញុំឃើញបងលេងសប្បាយណាស់ រត់មកទីនេះធ្វើអី?»
ជ័ងស៊ូញញឹមស្រទន់ និយាយថា៖
«សប្បាយប៉ុនណាក៏មិនសំខាន់ស្មើសុវត្ថិភាពរបស់អូនដែរ!»
អានានខ្ជឹបមាត់ញញឹមញញែម។ ជ័ងស៊ូផ្ដែផ្ដាំពួកនាងទាំងពីរ៖
«នៅទីនេះមនុស្សច្រើន អ្នកទាំងពីរកុំរត់ផ្ដេសផ្ដាសដឹងទេ!»
ស៊ីវលូងក់ក្បាលយល់ស្រប អានានតែងតែបង្ករឿង ស៊ីវលូមិនមានទំនុកចិត្តអាចការពារទាំងនាងនិងខ្លួនឯង។ ពួកគេទាំងបីនាក់ទៅទិញសាច់ពពែអាំង ពេលកំពុងហូប ស៊ីងយៀកនិងបុរសម្នាក់ទៀតដើរសំដៅចូលមក។ បុរសម្នាក់នោះមានមុខមាត់ស្រដៀងស៊ីងយៀក ប៉ុន្តែចរិតលក្ខណមនុស្សរបស់ម្នាក់ៗគឺខុសគ្នា។ ស៊ីងយៀកជាមនុស្សរួសរាយ ទាក់ទាញ ខណៈពេលបុរសនោះមុខមាំ នឹងធឹង។ ជ័ងស៊ូញញឹមរាក់ទាក់ពួកគេ រួចងាកមកណែនាំទៅអានាននិងស៊ីវលូ៖
«ម្នាក់នេះគឺ ឈីសួយហ្វឹងឡុង បងប្រុសភ្លោះរបស់ស៊ីងយៀក!»
អានានដឹងថាឈីសួយហ្វឹងឡុងគឺមនុស្សល្បីឈ្មោះម្នាក់ ទើបនាងក្រោកឈរ ញញឹមស្រស់ ឱនក្បាលសួស្ដីគេ។ មើលដឹងថានាងជាអ្នកនាងគ្រួសារធំដែលទទួលការចិញ្ចឹមបីបាច់មិនសាមញ្ញ ហ្វឹងឡុងញញឹមឡើងភ្លាមមួយរំពេច រាក់ទាក់ឆ្លើយតប។
មាត់ញាត់សាច់ពពែ ដៃនៅកាន់ចង្កាក់សាច់ខ្លាញ់រងើមមួយដុំទៀត ស៊ីវលូគ្រាន់តែបក់ដៃរវៃៗ សួស្ដីកំបុតខ្លីៗ។ អានាននិងស៊ីងយៀកបញ្ឆិតភ្នែកសម្លក់ស៊ីវលូ។ ម្នាក់បន្ទោសនាងធ្វើឱ្យបាក់មុខជ័ងស៊ូ ម្នាក់ទៀតបន្ទោសនាងខ្វះសុជីវធម៌ចំពោះហ្វឹងឡុង។
ហ្វឹងឡុងងាកទៅជ័ងស៊ូនិយាយឡើង៖
«មិនដឹងថាអ្នកទាំងអស់គ្នាស្គាល់ទូសានជីងទេ?»
ជ័ងស៊ូឆ្លើយតបខ្លីៗ៖
«អ្នកណាមិនល្បីឈ្មោះអ្នកប្រុសឈីងខូវនោះ?»
«លោកតារបស់ខ្ញុំធ្លាប់នាំខ្ញុំទៅកាន់ឈីងខូវរៀនសូត្រធ្វើជំនួញ ខ្ញុំនិងជីងធ្លាប់ស្នាក់នៅជាមួយគ្នា រៀនសូត្រជាមួយគ្នា ពួកយើងទាំងពីរស្និទ្ធស្នាលណាស់ អាចនិយាយថា ជីងជាគ្រូរបស់ខ្ញុំផងជាមិត្តសម្លាញ់ល្អរបស់ខ្ញុំផង!»
ខណៈពេលនេះ ស៊ីវលូនឹកឃើញភ្លាមថា ប៉ុន្មានថ្ងៃមុនពេលនាងអង្គុយហាលថ្ងៃនៅមាត់បឹង មនុស្សដែលនាងឃើញរួមដំណើរជាមួយជីងនៅលើទូក ហាក់ដូចជាហ្វឹងឡុង។
ស៊ីងយៀកនិយាយថា៖
«បងស្រីអ៊ីអ៊ីងជាមិត្តជិតស្និទ្ធរបស់ខ្ញុំ មុនថ្ងៃភ្ជាប់ពាក្យ គាត់និងខ្ញុំបានទៅដើរលេងកម្សាន្តជាមួយគ្នានៅហីសួយ បងប្រុសជីងនិងបងស្រីអ៊ីអ៊ីងក៏ជាមិត្តជិតស្និទ្ធរបស់បងប្រុសខ្ញុំដែរ ប៉ុន្មានឆ្នាំកន្លងមកនេះ ពួកគេឆ្លងកាត់ព្យុះភ្លៀងជាច្រើន បានចួបជុំគ្នាវិញដូចពេលនេះគឺមិនងាយស្រួលទេ។ ហេតុនេះ បងប្អូនពួកខ្ញុំចង់រៀបចំពិធីជប់លៀងអបអរពួកគេ។»
ហ្វឹងឡុងនិយាយថា៖
«មិនត្រឹមតែអបអរពួកគេទេ ពួកយើងក៏ចង់បង្ហាញទឹកចិត្តស្រលាញ់រាប់អានរបស់ពួកយើងចំពោះពួកគេផងដែរ បានចួបជីងវិញ ខ្ញុំពិតជារីករាយណាស់!»
ហ្វឹងឡុងក្រឡេកភ្នែកកក់ដ្ដៅមើលទៅប្អូនស្រីរបស់គេ។ ស៊ីងយៀកនិយាយបន្ត៖
«យប់នេះឪពុកខ្ញុំនឹងរៀបចំពិធីជប់លៀងលាដំណើរមនុស្សទាំងអស់គ្នា ខ្ញុំនិងបងប្រុសនឹងរៀបចំពិធីជប់លៀងតូចមួយនៅលើទូកដើម្បីអបអរបងប្រុសជីងនិងបងស្រីអ៊ីអ៊ីង»
ហ្វឹងឡុងនិយាយថា៖
«ដើមឡើយពួកយើងគ្រាន់តែចង់អញ្ជើញមិត្តភក្តិមួយចំនួនដែលធ្លាប់ស្គាល់គ្នាយូរឆ្នាំ តែប្អូនស្រីខ្ញុំផ្ដល់យោបល់អញ្ជើញអ្នកទាំងអស់គ្នា ខ្ញុំជឿថាមិត្តរបស់ខ្ញុំនឹងរីករាយដែលបានស្គាល់អ្នកទាំងអស់គ្នា!»
ស៊ីវលូសង្កេតមើលហ្វឹងឡុងយ៉ាងយកចិត្តទុកដាក់។ ពាក្យអញ្ជើញនេះបង្ហាញថា ហ្វឹងឡុងបើកចិត្តទទួលយកជ័ងស៊ូចូលទៅក្នុងទំនាក់ទំនងមិត្តភាពជិតស្និទ្ធរបស់គេ។ បើថាគ្រាន់តែផ្អែកលើយោបល់របស់ស៊ីងយៀកមិនគ្រប់គ្រាន់ទេ ហ្វឹងឡុងខ្លួនឯងផ្ទាល់ក៏ចាប់អារម្មណ៍លើជ័ងស៊ូរខ្លាំងណាស់ដែរ។ តាមមើលទៅ អំឡុងពេលសម្រាកព្យាបាលរបួសនៅឈីសួយ ជ័ងស៊ូបង្កើនទំនាក់ទំនងមិនតិចទេ។
ប្រាកដណាស់ ជ័ងស៊ូយល់ច្បាស់ខ្លឹមសារទាំងនេះ គេញញឹមស្រស់ តប៖
«អរគុណការអញ្ជើញរបស់លោក ខ្ញុំមានកត្តិយសណាស់!»
ស៊ីងយៀកនិងហ្វឹងឡុកលាពួកគេចេញទៅ៖
«នៅមានកិច្ចការរៀបចំជាច្រើន ពួកយើងសុំលាទៅវិញ ណាត់ចួបគ្នានៅយប់នេះ!»
ជ័ងស៊ូនិងអានានឱនក្បាលលាភ្ញៀវ។ ហ្វឹងឡុងក្រឡេកភ្នែកដក់កំណួចទៅអានានថែមម្ដងទៀត បន្ទាប់មកចាកចេញទៅជាមួយប្អូនស្រី។
អានានអង្គុយចុះ បើកភ្នែកធំៗសម្លក់ស៊ីវលូ៖
«មើលរូបរាងឯងចុះ ធ្វើមើលតែជាតិមុនមិនធ្លាប់ស៊ីសាច់ពពែ!»
ស៊ីវលូងាកទៅរកជ័ងស៊ូ៖
«អ្នកទាំងពីរទៅចុះ ខ្ញុំចង់ទៅវិញដេក!»
ជ័ងស៊ូកាត់សាច់ពពែបណ្ដើរឆ្លើយចោលបណ្ដើរ៖
«យើងសង្ឃឹមថាល្បងនឹងទៅកាន់ទីនោះ!»
ស៊ីវលូញញឹមស្ងួតកញ្ឆក់សាច់ពពែជ័ងស៊ូទើបតែកាត់រួច បោះចូលមាត់៖
«ខ្ញុំស្មារតីគ្រប់គ្រាន់និងប្រុងប្រយ័ត្ន ល្បងកុំបារម្ភ!»
អានានក្រឡេកទៅជ័ងស៊ូបន្តិចហើយក្រឡេកទៅស៊ីវលូបន្តិច៖
«អ្នកទាំងពីរនិយាយពីអីហ្នឹង ម៉េចក៏ខ្ញុំស្ដាប់មិនយល់សោះចឹង?»
ជ័ងស៊ូតប៖
«ន័យរបស់ពួកយើងគឺ មនុស្សប្រុសពូកែមាត់រវាម អូនកុំជឿឱ្យសោះប្រយ័ត្នចាញ់បោក!»
អានានគាំងធ្មឹងបន្តិច សួរទៅជ័ងស៊ូ៖
«បងក៏អ៊ីចឹងដែរហ្អេស?»
ជ័ងស៊ូផ្ទុះសើច៖
«បងក៏អ៊ីចឹង!»
អានានជ្រួញចិញ្ចើម ខាំបបូរមាត់ ត្រឹមតែបន្តិចក៏ញញឹមស្រស់ឡើង៖
«តែអ្វីដែលបងនិយាយអម្បាញ់មិញជាពាក្យពិត!»
ជ័ងស៊ូញញឹមតិចៗ ទាញស៊ីវលូក្រោកឈរឡើង៖
«ពួកយើងទៅខាងណោះមើលបន្តិចទៅ!»
ព្រះអាទិត្យរេទៅទិសខាងលិច ជ័ងស៊ូនាំអានានទៅកាន់ពិធីជប់លៀង។ គេចង់ពឹងយូឈូនាំស៊ីវលូទៅផ្ទះសំណាក់វិញ ស៊ីវលូទើសទែងចិត្ត៖
«បងគិតថាខ្ញុំជាផ្កាដោតក្នុងថូហ្អេស? ទុកឱ្យមនុស្សរៀបចំតាមចិត្ត? បើគ្មានអានានទៅតាម ខ្ញុំអាចដើរលេងសប្បាយគ្រប់ទីកន្លែង។ អ្នកទាំងពីរទៅជប់លៀង ខ្ញុំទៅរកសេចក្ដីសុខផ្ទាល់ខ្លួន។»
ជ័ងស៊ូខោកនាងមួយក្រញ៉រខ្លាំងដៃឱ្យដឹងឈឺ៖
«មិនឱ្យដើរលេងដល់យប់ជ្រៅទេ!»
កាន់តែយប់បរិយាកាសកាន់តែអ៊ូអរខ្ញៀវខ្ញា។ ស៊ីវលូជ្រៀតចូលហ្វូងមនុស្ស ផឹកស្រារាំច្រៀង។ មិនដឹងហេតុអ្វី នាងតែងតែមានអារម្មណ៍ថា នាងកំពុងពាក់របាំងមុខ។ នៅខាងក្រៅ នាងសប្បាយរាំច្រៀង ស្រែកហ៊ូសើចខ្លាំងៗ តែនៅខាងក្នុងចិត្ត ទទេស្អាត ល្ហរល្ហេវ។ នាងមិនស្គាល់មនុស្សទាំងនេះ អ៊ីចឹងនាងខំសម្ដែងឱ្យអ្នកណាមើល?
នាងសើចកម្សត់ចិត្ត តាមពិតកុហកខ្លួនឯងមិនងាយស្រួលឡើយ។
រំពេចនោះ ផ្កាភ្លើងបាញ់ព្រោងព្រាតឡើងពីលើផ្ទៃទន្លេ រះបំភ្លឺផ្ទៃមេឃពេលយប់។ តាមពិតមានមនុស្សនៅលើទូកកំពុងបាញ់កាំជ្រួច។ ហ្វូងមនុស្សនាំគ្នារត់សម្រុកទៅមាត់ច្រាំងទន្លេ ស៊ីវលូត្រូវហ្វូងមនុស្សប្រទាញប្រទង់រុញច្រានទៅមុខរហូត ធ្វើឱ្យនាងក្លាយជាមនុស្សនាំមុខគេក្នុងហ្វូងមនុស្ស។
ក្រហម ទឹកក្រូច លឿង បៃតង ផ្ទៃមេឃ ខៀវ ស្វាយ…
កាំជ្រួចគ្រប់ពណ៌ គ្រប់ទម្រង់ បាញ់បង្ហោះភ្លឺចែងចាំងនៅពីលើដំបូលទូកនោះ បំភ្លឺរូបភាពមនុស្សពីរនាក់ឈរនៅក្បាលទូក។ សុភាពបុរសស្លៀកពាក់សម្លៀកបំពាក់ពណ៌ផ្ទៃមេឃស្រាល រូបរាងស្រគត់ស្រគំ ខ្ពង់ខ្ពស់ ស្រទន់ដូចដើមស្រល់ ដើមឬស្សីនាកណ្តាលព្រៃបៃតង ភ្នំខ្ពស់។ សុភាពនារីស្លៀកពាក់រ៉ូបសំពត់ប៉ាក់ដិនផ្កាពណ៌ក្រហមឆ្អៅជាតំណក់ៗ អមចង្កេះរាងរៅតូចស្ដើងរបស់នាងកាន់តែទាក់ទាញ។
នារីនោះហាក់ស្រវឹងស្រាសើរៗ ងើយសម្លឹងកាំជ្រួចលើមេឃ ខណៈនោះនាងយោលយោកខ្លួន ជំពប់ជើងហៀបនឹងដួលចុះ។ បុរសនោះស្រវាដៃចេញទប់ ជួយគ្រាហ៍នាងឡើង នាងដួលឱបផ្អោបលើខ្លួនប្រាណគេថ្នមៗ ទន់ភ្លន់ណែបនិត្យ ស្អិតរមួតដូចខ្សែអំបោះក្រហមជំពាក់។
ទូករសាត់ទៅឆ្ងាយ នាំយកកាំជ្រួចចម្រុះពណ៌ទៅតាម។ ហ្វូងមនុស្សចាប់ផ្ដើមបែកខ្ញែក។
ស៊ីវលូនៅតែឈរតែម្នាក់ឯងនៅមាត់ច្រាំងទន្លេ បែរមុខទៅទន្លេងងឹត។ ចម្លែកណាស់! ហ្វុងហ្វុងអ៊ីអ៊ីងមិនមែនជាមនុស្សស្រីស្អាតបំផុតដែលនាងធ្លាប់ចួប ប៉ុន្តែស្ថិតនៅក្រោមផ្ទៃមេឃកាំជ្រួច យោលយោកខ្លួនបន្តិច ជំពប់ជើងដួលបន្តិច ដៃម្ខាងជួយគ្រាហ៍បន្តិច ឱបផ្អោបថ្នមៗ ទន់ភ្លន់ ស្អិតរមួត អ្វីៗទាំងអស់នោះពោរពេញទៅដោយភាពផុយស្រួយ ទន់ខ្សោយ ទាក់ទាញ និងគួរឱ្យស្រលាញ់ដាច់ឡែករបស់នារីវ័យក្មេងម្នាក់។
ភាពស្រស់ស្អាតនោះធ្វើឱ្យចិត្តរបស់ស៊ីវលូអង្រួនយ៉ាងខ្លាំង ធ្វើឱ្យនាងដែលជានារីវ័យក្មេងរស់នៅក្នុងសម្បកកាយជាបុរសអស់ជាងពីររយឆ្នាំ មានអារម្មណ៍ទាំងស្ញប់ស្ញែងទាំងលួចខ្មាស។
ពាក់កណ្ដាលអធ្រាត្រ ស៊ីវលូវិលទៅផ្ទះសំណាក់វិញ។
ខណៈឈានជើងចូលបន្ទប់ នាងឃើញជ័ងស៊ូគ្របអាវក្រៅលើស្មា អង្គុយក្រោមភ្លើងចង្កៀង អានសៀវភៅបណ្ដើររង់ចាំនាងបណ្ដើរ។
ជ័ងស៊ូទះៗដៃចុះត្រង់កន្លែងក្បែរម្ខាង ឱ្យសញ្ញាស៊ីវលូមកអង្គុយក្បែរគេ។
«អូនទៅដើរលេងរកឃើញអីសប្បាយខ្លះ?»
ស៊ីវលូញញឹមតប៖
«នៅសុខៗមិនដឹងយ៉ាងម៉េច ខ្ញុំស្រាប់តែចង់រករ៉ូបសំពត់ដ៏ស្រស់ស្អាតមួយស្លៀកពាក់!»
«ព្រះអយ្យកាគឺជារាជនីសូត្រដែលមនុស្សលោកគោរពកោតសរសើរ រាល់សូត្រតម្បាញប្រណិតទាំងឡាយ រាល់សម្លៀកបំពាក់ស្រស់ស្អាតទាំងឡាយនៅក្រោមមេឃនេះ សុទ្ធតែធ្វើឡើងដោយស្នាដៃកូនសិស្សបន្តវេនរបស់ទ្រង់ បងនឹងហៅពួកគេកាត់ដេររ៉ូបសំពត់ដ៏ស្រស់ស្អាតគួរឱ្យស្រលាញ់បំផុតសម្រាប់អូន!»
[សម្រាយ: ម្ចាស់ក្សត្រីលីស៊ូ គឺជាអ្នករកឃើញពូជដង្កូវនាងដំបូងបង្អស់ អាចតម្បាញសូត្រ បង្កើតក្រណាត់ កាត់ដេរសម្លៀកបំពាក់ដល់មនុស្សលោក។]
ស៊ីវលូពោលតិចៗ៖
«អូនខានស្លៀកពាក់រ៉ូបសំពត់យូរហើយ ខ្លាចក្រែងតែមិនទម្លាប់!»
ជ័ងស៊ូសម្លឹងនាងមិនដាក់ភ្នែក៖
«អូនកំពុងបារម្ភពីអ្វី?»
«ខ្ញុំបារម្ភថា ខ្ញុំនឹងធ្វើឱ្យអ្នកទាំងអស់គ្នាខកចិត្ត ព្រោះតែអ្នកទាំងអស់គ្នាខកចិត្ត ខ្ញុំនឹងខកចិត្តចំពោះអ្នកទាំងអស់គ្នា»
«អ្នកទាំងអស់គ្នាមានអ្នកណាខ្លះ? បើអូនចង់សំដៅលើបងនិងលោកគ្រូ អូនគួរតែដឹងថា បងនិងលោកគ្រូគ្មានថ្ងៃខកចិត្តចំពោះអូនទេ ប៉ុន្តែបើរាប់បញ្ចូលបុរសណាម្នាក់ផ្សេងទៀតនោះ ស៊ីវយ៉ាវ…»
ជ័ងស៊ូដាក់ដៃស្មាស៊ីវលូ៖
«កុំទុកឱ្យខ្លួនឯងរំពឹងខ្ពស់ នោះអូននឹងមិនចាំបាច់ខកចិត្ត!»
ស៊ីវលូផ្ទុះសើច៖
«ស្មានតែបងមានស្នៀតអីអស្ចារ្យណាស់!»
ជ័ងស៊ូទះស្មានាងថ្នមៗ៖
«កុំគិតអីផ្ដេសផ្ដាស សម្រាកយកកម្លាំងឱ្យល្អ ចាំពេលវិលទៅកៅស៊ីងវិញ លោកគ្រូនឹងផ្ដល់ការភ្ញាក់ផ្អើលមួយឱ្យអូន»
ស៊ីវលូងក់ក្បាល។ ជ័ងស៊ូដើរចេញពីបន្ទប់ បិទទ្វារស្រាលៗ។
នៅថ្ងៃបន្ទាប់ ពួកគេឡើងទូកវិលត្រលប់ទៅកៅស៊ីងវិញ។ មិននឹកស្មានថា ទាំងស៊ីងយៀកនិងហ្វឹងឡុងសុទ្ធតែមកជូនដំណើរពួកគេ។ នេះបញ្ជាក់ឱ្យឃើញថា កាលពីយប់មិញ មិត្តភក្តិរបស់ហ្វឹងឡុកទាំងអស់សុទ្ធតែមានចំណាប់អារម្មណ៍ល្អៗចំពោះជ័ងស៊ូ។
អានានសប្បាយចិត្តផងមិនសុខស្រួលចិត្តផង ស៊ីវលូវិញសប្បាយចិត្តជាខ្លាំង ព្រោះជ័ងស៊ូសម្រេចគោលដៅរបស់គេក្នុងដំណើរមកកាន់ឈីសួយលើកនេះ។
នៅពេលទូកហៀបនឹងចេញពីកំពង់ផែ អ្នកបម្រើម្នាក់ស្រូតរត់ទៅ លំទោនកាយគោរពជ័ងស៊ូ ប្រគល់កន្ត្រកផ្តៅធំមួយឱ្យគេ។
«នេះជាអំណោយបន្តិចបន្តួចរបស់អ្នកប្រុសគ្រួសារខ្ញុំ សូមជូនពរឱ្យអ្នកប្រុសធ្វើដំណើរដោយរលូន ថ្ងៃក្រោយ បើមានឱកាសទៅលេងឈីងខូវ អ្នកប្រុសកុំខ្លាចទើសទាល់ សូមផ្តល់ដំណឹងមួយម៉ាត់ដល់គ្រួសារទូសាន!»
ជ័ងស៊ូទទួលយកអំណោយ៖
«ផ្ដាំផ្ញើអ្នកប្រុសឈីងខូវពាក្យអរគុណរបស់ខ្ញុំ!»
ហ្វឹងឡុងសើចក្អាកក្អាយថា៖
«មិននឹកស្មានថាលោកនិងជីងជិតដិតគ្នាដល់ម្លឹង! ជូនពរ! ជូនពរ!»
ជ័ងស៊ូអរគុណហ្វឹងឡុងដែលបានទទួលរាក់ទាក់ ហ្វឹងឡុងសម្ដែងទឹកចិត្តថាប្រាកដជាចួបគ្នាពេលក្រោយម្ដងទៀត។
ទូកចាកចេញពីកំពង់ផែ ក្រុងឈីសួយកាន់តែចាកឆ្ងាយទៅ។ ស៊ីងយៀកឈរស្ងៀមមួយកន្លែងប្រដេញភ្នែកសម្លឹងទៅរកមនុស្សដែលចាកចេញទៅនោះ។
អានានពេញចិត្តពព្រាយ៖
«អ្នកប្រុសឈីងខូវមើលទៅសោះកក្រោះ ប៉ុន្តែទទួលរាក់ទាក់ចំពោះបងខ្លាំងណាស់ កាលពីយប់មិញ មនុស្សគម្រក់បីនាក់មកពីគ្រួសារស៊ិននិងគ្រួសារខាងខ្វះសុជីវធម៌ចំពោះបង ហើយមានចេតនាបង្កការលំបាកដល់បង ចង់ធ្វើឱ្យបងបាក់មុខ សំណាងល្អមានហ្វឹងឡុងនិងជីងចេញមុខជួយ»
អានានយល់ច្បាស់ថា ស្ថិតនៅក្នុងស្ថានភាពបែបនេះ បើការចួបជុំលើកដំបូងមិនបន្សល់ទុកចំណាប់អារម្មណ៍ល្អទេ នោះថ្ងៃក្រោយនឹងពិបាកខ្លាំងក្នុងការចូលរួមក្រុមរបស់ពួកគេ។
នៅពេលដែលច្រាំងទន្លេរសាត់បាត់ ជ័ងស៊ូងាកទៅរកមើលស៊ីវលូ ឃើញនាងជ្រើសរើសកន្លែងល្អមួយ អាចបាំងខ្យល់ផងអាចហាលថ្ងៃផង ដេកយ៉ាងសុខស្រួល។
ជ័ងស៊ូទាញអានានអង្គុយចុះក្បែរស៊ីវលូ។ អានានទាញមួកបាំងមុខរបស់ស៊ីវលូចេញ និយាយទៅនាងដោយសរសើរផងមើលងាយផងថា៖
«ឯងនេះចំជាចម្លែកមែន! ម៉េចកន្លែងណាក៏ឯងអាចដេកលក់បាន ពេលណាក៏សោយសុខយ៉ាងនេះ!»
ជ័ងស៊ូបើកកន្ត្រកអំណោយរបស់ជីង នៅខាងក្នុងមានកន្ត្រកឬស្សីជាច្រើនរៀបចំទុកដាក់អាហារសម្រន់ បែងចែកជាចានដាច់ផ្សេងៗ គិតគូរដិតដល់។ ក្រៅពីនោះ នៅមានស្រាបួនដបថែមទៀត។
អានានសើចនិយាយថា៖
«អំណោយនេះច្បាស់ណាស់គឺទុកជូនឱ្យឆ្មាល្មបហូបស៊ីវលូ!»
ជ័ងស៊ូសើចផងគ្រវីក្បាលផង ធាក់ជើងស៊ីវលូបន្តិច៖
«ឆាប់ក្រោកឡើងហូបទៅ!»
ស៊ីវលូខ្ជិលច្រអូសមិនចង់ក្រោក៖
«ឱ្យកទាខ្ញុំមួយ!»
ជ័ងស៊ូដាក់កន្ត្រកឫស្សីដែលមានកទានៅក្បែរដៃរបស់ស៊ីវលូ។ ស៊ីវលូរើសយកមួយ លើកឡើងមាត់ខាំ ភ្លក្សរសជាតិដែលធ្លាប់ស្គាល់ ដូចកទារងាស់របស់កញ្ចាស់ម៉ុកនៅភូមិឈីងសួយ។
ស៊ីវលូអកមួយក្អឹកស្រាមន ជាស្រាដែលនាងចូលចិត្តកាលពីមុន។ ស៊ីវលូដកដង្ហើមធំ មិនដឹងថាដកដង្ហើមធំព្រោះតែខ្លួនឯងឬព្រោះតែជីង។
ដំណើរវិលទៅវិញមានអារម្មណ៍ថាលឿនខ្លាំងណាស់ យប់មិញដេកលក់សុខស្រួល ថ្ងៃបន្ទាប់ហូបចំណីចំណុក លេងគ្រាប់ឡុកឡាក់ អង្គុយហាលថ្ងៃ ស្រូលខ្យល់អាកាសមួយភ្លែតក៏ទៅដល់ភ្នំទេពប្រាំ។
អាកាសធាតុភូមិភាគកណ្ដាលស្ថិតនៅរដូវត្រជាក់ រីឯនៅកៅស៊ីងនៅក្តៅហែង។ បន្ទាប់ពីងូតទឹករួច ជ័ងស៊ូនិងស៊ីវលូផ្លាស់ប្តូរសម្លៀកបំពាក់រដូវក្តៅ ទៅកាន់សួនច្បារស្រូបខ្យល់អាកាសបរិសុទ្ធ។
ស៊ីវលូដេកលើគ្រែទាប ជជែកលេងជាមួយជ័ងស៊ូ បន្ទាប់មកនាងក៏ដេកលក់ដោយមិនដឹងខ្លួន។
នាងមមីមមើឮសំឡេងនិយាយគ្នា បើកភ្នែកភ្លឹសឡើង ឃើញថាក្រៅពីព្រះបិតានិងជ័ងស៊ូ នៅមានមនុស្សពីរនាក់ទៀត។ ស៊ីវលូស្ទុះក្រោកឈរឡើង។
ម្នាក់ក្នុងចំណោមមនុស្សចម្លែកពីរនាក់នោះ គឺជាបុរសវ័យក្មេងម្នាក់ ស្លៀកពាក់ឈុតខ្មៅ មុខមាត់ស្លូតបូត ចិញ្ចើមក្រាស់វែង កែវភ្នែកកញ្ជ្រោងស្រស់ស្អាត ប៉ុន្តែមិនបង្ហាញឫកពាល្ងិតល្ងង់ ហាក់ដូចម៉ឺងម៉ាត់ខ្លាំង។ ម្នាក់ទៀតជាក្មេងប្រុសជំទង់ស្លៀកពាក់ឈុតស មាឌតូចទាប គ្រប់មុំចំណុចលើផ្ទៃមុខគួរឱ្យចាប់អារម្មណ៍ កែវភ្នែកពណ៌គជ់បៃតងដក់ភាពកោងកាច។
បេះដូងលោតដឹបដាក់ ស៊ីវលូមិនហ៊ានបើកបបូរមាត់ គ្រាន់តែសម្លឹងអធិរាជស៊ុនទីដោយកែវភ្នែកញាប់ញ័រ។
មុនពេលអធិរាជស៊ុនទីមានបន្ទូល ក្មេងប្រុសជំទង់ឈុតសប្រែកាឡាជាចាបស រោមសស្គុស ហោះបំបោលទៅរកស៊ីវលូ ចឹកក្បាលនាងមិនឈប់។ ស៊ីវលូឱបក្បាលរត់គេច តែរត់ទៅណាក៏គេចមិនផុត នាងមានតែរហ័សរត់ចូលទៅក្នុងទ្រូងអធិរាជស៊ុនទី
«បិតា! ជួយបុត្រផង!»
មានភាគបន្ត…
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ