រឿង៖ និរន្តរ៍អាល័យ (ភាគ២២)

អធិរាជស៊ុនទីឃាត់ចាបស៖

«លួកយ៉ាង បានហើយ!»

លួកយ៉ាងទម្លាក់ខ្លួនចុះ ទុំលើស្មាបុរសវ័យក្មេងឈុតខ្មៅ។ បុរសវ័យក្មេងឈុតខ្មៅសម្លឹងស៊ីវលូទាំងកែវភ្នែករលីងរលោង។

ស៊ីវលូផ្អែកទ្រូងឪពុក សម្លឹងមើលទៅគេ៖

«ល្បងគឺអាយៀក?»

បុរសវ័យក្មេងងក់ក្បាលតិចៗ រួចក៏ប្រែរូបរាងដើមជាខ្លាត្រីពណ៌ខ្មៅមួយក្បាល។ ដូចដឹងឮ បន្ទាប់ពីតាំងសីល៍ប្រែជារូបរាងមនុស្ស ពួកព្រាយបិសាចមានតំណមធំ មិនងាយប្រែរូបរាងដើមនៅចំពោះមុខអ្នកដទៃ ប៉ុន្តែអាយៀកសុខចិត្តធ្វើបែបនោះ ព្រោះគេមិនចង់ឱ្យស៊ីវលូមានអារម្មណ៍ឃ្លាតឆ្ងាយ។

ស៊ីវលូលុតជង្គង់ចុះ ឱបកអាយៀក៖

«សុំទោសដែលធ្វើឱ្យពួកល្បងបារម្ភ!»

អាយៀកលួងលោម៖

«ពួកខ្ញុំមើលថែនាងតូចមិនបានល្អ នាងត្រលប់មកវិញសុខសាន្តគឺប្រសើរហើយ!»

ខ្លាត្រី អម្បូរកញ្ជ្រោងល្បីឈ្មោះនៅក្នុងពិភពព្រាយបិសាច ជាសត្វមានសំឡេងស្រទន់ពីរោះរណ្ដំ ចាក់ដោតបេះដូងមនុស្ស។ នៅខណៈពេលនេះ សំឡេងនោះកំពុងបន្លឺឡើងយ៉ាងស្រទន់នៅក្បែរត្រចៀករបស់ស៊ីវលូ។

នៅសុខៗនឹកឃើញថាខ្លាត្រីនេះឥឡូវជាមនុស្សប្រុសម្នាក់ ស៊ីវលូខ្មាសអៀនដកដៃចេញទៅវិញយ៉ាងលឿន។

ភាពសោកសៅយ៉ាងជ្រាលជ្រៅផុសឡើងនៅក្នុងចិត្តរបស់អាយៀកនិងលួកយ៉ាង។ ថ្វីដ្បិតតែស៊ីវយ៉ាវជាតំណក់ឈាមរបស់អាស៊ីង តែនាងមិនដូចជាម្តាយរបស់នាងឡើយ។ អាយៀកនិយាយទៅស៊ីវលូ៖

«ព្រះអង្គបានទូលថ្វាយទៅកាន់ព្រះម៉ែអំពីស្ថានភាពរបស់នាង អាវុធទេពដាក់នៅក្នុងខ្លួនរបស់នាងហៅថា ផ្កាជូសៀន ដែលជាអាវុធទេពប្រមូលផ្តុំមហិទ្ធិឫទ្ធិរាប់ពាន់ម៉ឺនឆ្នាំនៅក្នុងព្រៃផ្កាអង្គាសីល៍ វាជួយមនុស្សរក្សារូបសម្រស់ជាអមតៈ ហើយក៏អាចផ្លាស់ប្តូររូបរាងផងដែរ»

ស៊ីវលូអន្ទះសាសួរថា៖

«ព្រះម៉ែអាចដកវាចេញឱ្យខ្ញុំបានទេ?»

អាយៀកគ្រវីក្បាល៖

«មិនអាចទេ តែទ្រង់អាចជួយនាងប្រែរូបរាងពិតវិញ»

ស៊ីវលូទប់ដង្ហើម នាងងាកទៅជ្រប់ក្បាលលើស្មារបស់អធិរាជស៊ុនទី ទឹកភ្នែកហូរស្ងាត់ៗ។ មួយសន្ទុះក្រោយមក នាងជូតទឹកភ្នែកស្ងាត់ៗ បែរមុខមកពោលទៅអាយៀក៖

«ពួកយើងនឹងទៅកាន់ភ្នំអ៊ីចួបព្រះម៉ែមែនទេ?»

«មែនហើយ»

ស៊ីវលូពោលទៅឪពុក៖

«បុត្រចង់ទៅឥឡូវនេះ»

អធិរាជស៊ុនទីងក់ក្បាលយល់ព្រម។

«ជ័ងស៊ូនឹងជូនបុត្រទៅ នៅពេលដែលបុត្រវិលមកវិញ បិតានឹងប្រកាសក្រោមមេឃ ព្រះនាងធំកៅស៊ីងបានវិលត្រលប់មកវិញដោយសុខសាន្ត!»

ស៊ីវលូងក់ក្បាល។ អាយៀកនិយាយទៅនាង៖

«នាងជិះលើខ្ញុំ ជ័ងស៊ូជិះលើលួកយ៉ាង»

«រំខានល្បងហើយណា៎!» និយាយរួច ស៊ីវលូអង្គុយឡើងលើខ្នងអាយៀក។

លួកយ៉ាងប្រែកាឡារូបរាងធំឡើង ជ័ងស៊ូក្ដោបដៃគោរពលួកយ៉ាង៖

«សុំអនុញ្ញាត!»

បន្ទាប់មកគេលោតឡើងលើខ្នងរបស់លួកយ៉ាង។ អាយៀកនិងលួកយ៉ាងហោះឡើងលើអាកាស សំដៅទិសទៅភ្នំអ៊ី ឆ្ពោះត្រង់ទៅមុខ។

នៅខណៈពេលក្រឡេកឃើញជម្រាលភ្នំដំបូង ស៊ីវលូភ័យបុកពោះខ្លាំងណាស់ ប៉ុន្តែពេលជើងនាងប៉ះដី ឃើញថាអ្វីៗនៅតែកាលដូចពីមុន នាងញញឹម ភាពព្រួយបារម្ភទាំងអស់ក៏រលាយបាត់ទៅវិញ។ មនុស្សលោកនៅតាហ័ងមានចម្រៀងប្រជាប្រិយមួយឃ្លាថា៖

“ភ្នំនោះឃ្លាតដាច់ឡែកពីលោកា ទឹកនោះលាក់កំបាំង សែនឆ្ងាយ ដូចឥតស្ថិតស្ថេរ…”

ភ្នំអ៊ីជាភ្នំឃ្លាតដាច់ឡែកពីក្រោមមេឃទាំងស្រុង ព្រោះពេលវេលាហាក់ដូចជាបញ្ឈប់ដើរនៅទីនេះ។ ព្រៃផ្កាអង្គាសីល៍រាប់ពាន់យោជន៍លាតដាច់សន្ធឹងគ្មានទីបញ្ចប់ ព្រះអាទិត្យរះសូរិយាត្រចះត្រចង់ ព្រះអាទិត្យលិចសូរិយាអស្តង្គតកក់ក្តៅ ទិដ្ឋភាពដ៏ស្រស់ស្អាតទាំងនោះរំលេចឡើងពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំ។

សូម្បីតែអាកាសធាតុនៅក្នុងមួយថ្ងៃក៏មិនប្រែប្រួលដែរ នៅតែថិតថេររយៈពេលរាប់ម៉ឺនឆ្នាំ។

ស៊ីវលូដើរនៅតាមខ្សែផ្លូវថ្មក្រាល ចួនឃើញចួនបាត់ លាក់បង្កប់នៅកណ្តាលសួនព្រៃផ្កាអង្គាសីល៍ដ៏ធំល្វឹងល្វើយ។ ព្រះម៉ែមិនចូលចិត្តសំឡេងឡូឡារំខាន ហេតុនេះទីកន្លែងនេះគ្មានអ្នកបម្រើច្រើន។

លើសពីនេះ អ្នកបម្រើនៅទីនេះក៏មិនបង្ហាញការភ្ញាក់ផ្អើលអ្វីដែរ នៅពេលដែលពួកគេឃើញនាង ពួកគេគ្រាន់តែស្ងៀមស្ងាត់ ឱនមុខចុះ ញែកផ្លូវចេញ។ នៅតាមផ្លូវ ស៊ីវលូមិនឮសំឡេងអ្វីក្រៅពីសំឡេងសម្រិបជើងរបស់ខ្លួនឯង។

ស៊ីវលូមិនអាចទ្រាំទ្រនឹងទិដ្ឋភាពនោះ នាងចង់បន្លឺសំឡេងអ្វីមួយ នាងងាកទៅនិយាយជាមួយជ័ងស៊ូ។

«បងឃើញហើយឬនៅ? បើឱ្យខ្ញុំជ្រើសរើសម្ដងទៀត ខ្ញុំនៅតែជ្រើសរើសដើរតែលតោលឯណេះឯណោះ ជាជាងរស់នៅកណ្ដោចកណ្ដែង ធុញទ្រាន់អផ្សុកដូចស្លាប់ដល់ទីនៅទីនេះ។»

ជ័ងស៊ូស្ដីបន្ទោស៖

«កុំនិយាយផ្ដាស!»

ព្រះម៉ែឈរនៅក្បែរបឹងយ៉ាវជី នៅពីក្រោយខ្នងទ្រង់គឺព្រៃផ្កាអង្គាលីល៍ពាន់យោជន៍ នៅពីមុខទ្រង់គឺបឹងពណ៌ខៀវដ៏ធំល្វឹងល្វើយ។ ទ្រង់ងាកក្រោយសម្លឹងមើលជ័ងស៊ូនិងស៊ីវលូ មុខមាត់ចាស់ជរារបស់ទ្រង់ កែវភ្នែកងងឹតម៉ងសៅរបស់ទ្រង់ធ្វើឱ្យភ្នំទាំងមូលនេះហាក់ដូចជាក្រៀមស្ងួតក្រៀមក្រំ។

ជ័ងស៊ូនិងស៊ីវលូឈានចូលទៅជិតទ្រង់ ស៊ីវលូមានអារម្មណ៍ក្តុកក្តួលជាពន់ពេក។ នាងលុតជង្គង់ចុះយឺតៗ ជ័ងស៊ូក៏លុតជង្គង់ចុះតាម។ ព្រះម៉ែត្រជាក់ល្អូកមានបន្ទូលថា៖

«ក្រោកឡើង!»

ស៊ីវលូនិងជ័ងស៊ូក្រាបក្បាលថ្វាយបង្គំទ្រង់រួចទើបក្រោកឡើង។

ព្រះម៉ែទាញដៃរបស់ស៊ីវលូចេញ ដាក់ដៃស្ទាបលើជីពចររបស់នាង ពិនិត្យមើលស្ថានភាពសុខភាពរបស់នាង។ បន្តិចក្រោយមក ទ្រង់លែងដៃនាង មានបន្ទូលយឺតៗ៖

«បើចៅស្ម័គ្រចិត្តនៅភ្នំអ៊ី ប្រហែលជាយើងអាចមានវិធីជួយស្តារមហិទ្ធិឫទ្ធិបាត់បង់នៅក្នុងរាងកាយរបស់ចៅឱ្យដូចពីមុនវិញ។ យើងនៅសល់ពេលវេលាអាចរស់តែប៉ុន្មានរយឆ្នាំទៀតប៉ុណ្ណោះ។ បើចៅស្ម័គ្រចិត្ត ចៅអាចឡើងគ្រងតំណែងជាព្រះម៉ែបន្តវេនបន្ទាប់ គ្រប់គ្រងភ្នំអ៊ីនេះ។»

ក្លាយជាព្រះម៉ែភ្នំអ៊ី នោះប្រហែលជាសុបិនក្ដៅគគុកស្រេកឃ្លានរបស់មនុស្សរាប់មិនអស់នៅតាហ័ងនេះ ប៉ុន្តែស៊ីវលូជាមនុស្សយល់ច្បាស់ជាងអ្នកណាទាំងអស់ថា ភ្នំនេះជាកន្លែងឃុំឃាំងអ្វី។ ហេតុនេះ នាងឆ្លើយតបដោយមិនស្ទាក់ស្ទើរ៖

«ខ្ញុំចង់រស់នៅដូចបច្ចុប្បន្ន ដឹងថ្ងៃស្អែកតែមិនដឹងឆ្នាំក្រោយនឹងទៅជាយ៉ាងណា បែបហ្នឹងមិនតានតឹងពេក ហើយក៏មិនធុញថប់ពេកដែរ។»

ព្រះម៉ែងក់ក្បាលតិចៗ ជាសញ្ញាទ្រង់ឮច្បាស់ ទឹកមុខទ្រង់មិនប្រែប្រួលទាល់តែសោះ ហាក់ដូចជាមិនថាមានរឿងអ្វីកើតឡើង ក៏មិនអាចអង្រួនចិត្តទ្រង់ដែរ។

មែកផ្កាអង្គាសីល៍មួយផ្ដុំឡើងនៅចន្លោះម្រាមដៃរបស់ព្រះម៉ែ ទ្រង់គោះស្រាលមែកផ្កាអង្គាសីល៍នៅលើក្បាលរបស់ស៊ីវលូ ដៅផ្កាអង្គាសីល៍រំលេចឡើងភ្លាមៗលើចន្លោះថ្ងាសរបស់នាង។

ស៊ីវលូសួរថា៖

«ផ្កាជូសៀនគឺជាអាវុធទេពរបស់ភ្នំអ៊ី ហេតុអ្វីទ្រង់មិនអាចដកវាចេញឱ្យខ្ញុំបាន?»

ព្រះម៉ែត្រជាក់ល្អូកមានបន្ទូលថា៖

«នៅលើលោកនេះមានរឿងជាច្រើនយើងមិនអាចធ្វើបាន»

«អ៊ីចឹងតើជាអ្នកណាដាក់ផ្កាជូសៀននៅក្នុងខ្លួនរបស់ខ្ញុំ? ឬមួយមិនមែនជាទ្រង់ទេ?»

«ជាអ្នកណាមិនសំខាន់ អ្វីដែលសំខាន់គឺយើងអាចជួយចៅបាន។ ថ្វីដ្បិតតែក្នុងខ្លួនចៅមានកាយលោហិតពិសេស ប៉ុន្តែមហិទ្ធិឫទ្ធិរបស់ចៅទន់ខ្សោយ ចៅនឹងឆាប់ចាស់ជ្រីវជ្រួញជាងបើប្រៀបធៀបទៅនឹងនារីអម្បូរអាទិទេពដទៃទៀត។ ផ្កាជូសៀននេះមានប្រយោជន៍សម្រាប់ចៅ។»

«តើពេលណាទើបខ្ញុំប្រែរូបរាងពិតរបស់ខ្លួនឯងវិញ?»

«ដោះសម្លៀកបំពាក់ហើយលោតចូលបឹងយ៉ាវជីចុះ»

ស៊ីវលូដៀងភ្នែកក្រឡេកមើលទៅជ័ងស៊ូ គេឱនក្បាលគោរពលាទៅព្រះម៉ែ បន្ទាប់មកដកថយជើងទៅក្រោយ ដើរតម្រង់ទៅសួនព្រៃផ្កាអង្គាសីល៍។

អាយៀកនិងលួកយ៉ាងដ្បិតជាកញ្ជ្រោងនិងបក្សីក៏ពិតមែន ប៉ុន្តែពួកគេក៏ដឹងខ្លួនហោះគេចទៅលាក់ខ្លួននៅក្នុងសួនព្រៃផ្កាអង្គាសីល៍។ ស៊ីវលូដោះសម្លៀកបំពាក់របស់នាង ខ្លួនស្រាតទទេលោតចូលទៅក្នុងបឹងយ៉ាវជី នាងមានអារម្មណ៍ថានាងកំពុងតែទទួលពិធីប្រសិទ្ធចាប់កំណើតឡើងវិញ។

ព្រះម៉ែសូត្របាលីតិចៗ ម្រាមដៃទ្រង់បង្កើតជាក្បួនអាគម បឹងយ៉ាវជីកើនសន្ធឹករលក ព្រៃផ្កាអង្គាសីល៍កើនសន្ធឹកខ្យល់ ស្លឹកឈើនិងស្រទាប់ផ្កាទ្រគោះហោះហើរត្រសែកលើអាកាស វិលចោមព័ទ្ធជុំវិញផ្ដុំគ្នាក្លាយជាបណ្ដុំផ្កាអង្គាសីល៍យក្សយ៉ាងធំ គ្របបឹងយ៉ាវជីទាំងមូល គ្របដណ្តប់ផ្ទៃបឹងខៀវដ៏ធំ។

បណ្ដុំផ្កាអង្គាសីល៍យក្សនៅលើផ្ទៃបឹង ស្លឹកឈើនិងផ្កាអង្គាសីល៍ហោះវិលវល់ និងប្រមូលផ្តុំគ្នាដោយរលកទឹក បណ្ដុំផ្កាយក្សក៏កាន់តែតូចទៅៗ ទីបំផុតប្រែទៅជាកញ្ជប់ផ្កាអង្គាសីល៍ខ្ជឹបមាត់ចំកណ្ដាលបឹង។

រលកទឹកឈប់វិល កញ្ជប់ផ្កាអង្គាសីល៍ដូចផ្កាឈូកយក្សដុះ រំផុសអណ្តែតលើផ្ទៃបឹងយ៉ាវជី ទ្រក្រោមស្លឹកឈើបៃតង បង្កើនភាពស្រស់ត្រកាល លើកសម្រស់ស្រស់នៃផ្កា។

ព្រះម៉ែគ្រវីដៃ កញ្ជប់ផ្ការីកបើកមាត់សន្សឹមៗ មនុស្សស្រីអាក្រាតកាយដេករួញក្ដោបដូចទារកទើបនឹងកើត ដេកលង់លក់នៅចំកណ្តាលបណ្ដូលផ្កា។ សរសៃសក់ពណ៌ខ្មៅស្រិលរសាយចុះក្រោមលើដងខ្លួនសដូចព្រិលគជ់មរកត ស្បែកសទន់រលោង ស្រស់ក្រពុំជាងបណ្ដូលផ្កាអង្គាសីល៍។

ព្រះម៉ែដាស់ហៅ៖

«ស៊ីវយ៉ាវ ភ្ញាក់ឡើង!»

ស៊ីវយ៉ាវបើកភ្នែកយឺតៗ ងើបឡើងអង្គុយយឺតៗ នាងឱនមុខចុះ សួរខ្លួនឯង៖ នេះជាខ្ញុំមែនទេ?

នាងស្ទាបអង្អែលមុខខ្លួនឯង សួរខ្លួនឯង៖ នេះជាខ្ញុំមែនទេ? នាងចង់ក្រឡេកមើលខ្លួនឯងនៅក្រោមទឹក ប៉ុន្តែរលកទឹកវាយចុះវាយឡើង នាងគ្រាន់តែឃើញហ្វូងត្រីប្រាំពណ៌ហែលលោតទុងតាំងជុំវិញបឹង មើលមិនឃើញរូបរាងរបស់នាងច្បាស់លាស់។

ព្រះម៉ែគ្រវីដៃបន្តិច រ៉ូបសំពត់ពណ៌បៃតងធ្លាក់នៅលើបណ្ដូលផ្កា។

«យើងនៅចាំថា កាលពីតូចចៅចូលចិត្តពណ៌សនិងពណ៌បៃតង»

ស៊ីវយ៉ាវរំភើបចិត្តជាខ្លាំង និយាយស្ដីមិនចេញ នាងងក់ក្បាលយឺតៗ។

ជាងបីរយឆ្នាំមិនស្លៀកពាក់សម្លៀកបំពាក់មនុស្សស្រី ស៊ីវលូមានអារម្មណ៍ថាដៃជើងនាងឆ្កេឆ្កាខ្លាំងណាស់ មួយស្របក់ធំក្រោយ ទើបស្លៀកពាក់រួចរាល់ ចងខ្សែបូរូបមេអំបៅនៅមុខទ្រូង ក្រោកឈរឡើងលើបណ្ដូលផ្កា។ ទឹកមុខល្ងិតល្ងង់សម្លឹងមើលព្រះម៉ែ។ ព្រះម៉ែងក់ក្បាលចុះបន្តិចដាក់នាង។

ស៊ីវយ៉ាវចង់ស្រែកហៅជ័ងស៊ូ ប៉ុន្តែនាងភិតភ័យខ្លាំងណាស់ បន្លឺសំឡេងមិនចេញ។ ភ្លាមៗនោះ នាងក៏នឹកឃើញថា នាងនៅមិនទាន់បួងសក់ឡើងរៀបរយនៅឡើយ នាងឆ្លេឆ្លាប្រើដៃជោកសិតសក់ គ្មានស្នៀតសក់ ភ្លេចវិធីបួងសក់ នាងមានតែទុកសក់របស់នាងរំសាយតាមធម្មជាតិនៅពីក្រោយខ្នងរបស់នាង។

ព្រះម៉ែបន្លឺហៅ៖

«ពួកលោកចេញមក!»

ស៊ីវយ៉ាវដកមួយដង្ហើមយ៉ាងជ្រៅ ភិតភ័យផងទន្ទឹងរង់ចាំផង នាងកំពុងតែញាប់ញ័រ។

ជ័ងស៊ូដើរចេញពីសួនព្រៃផ្កាអង្គាសីល៍យឺតៗ។ ដំបូងឡើយ គេគិតថាមិនថារូបរាងស៊ីយ៉ាវទៅជាយ៉ាងណា នាងនៅតែជាស៊ីវយ៉ាវរបស់គេ។ ប៉ុន្តែប្រហែលជាគេរង់ចាំនៅក្នុងសួនព្រៃផ្កាអង្គាសីល៍យូរពេក ទើបគេប្រែជាអន្ទះសាមិនហ៊ានងើយមុខឡើងមើល។

គេដើរបណ្ដើរគិតរវើរវាយបណ្ដើរ មិនដឹងថាស៊ីវយ៉ាវនឹងមានរូបរាងដូចអ្នកមីងឬដូចលោកគ្រូ។ លុះរហូតទៅដល់មាត់បឹង ទើបគេសន្សឹមៗងើយមុខឡើងសម្លឹងមើលទៅ…

នៅកណ្តាលបឹងភ្នំលាតសន្ធឹង អ័ព្ទពពកហ៊ុមព័ន្ធ សុភាពនារីវ័យក្មេងស្រស់ស្អាតស្លៀកពាក់រ៉ូបសំពត់ពណ៌បៃតង កំពុងឈរនៅចំកណ្តាលស្រទាប់ផ្កាអង្គាសីល៍អណ្តែតនៅក្នុងរលកទឹកដ៏ធំ ដូចជាផ្កាឈូកយក្សដុះលើបឹងខៀវដ៏ធំល្វឹងល្វើយ។ នៅកណ្តាលភ្នំព្រៃឈើបៃតងនិងបឹងខៀវថ្លាត្រយង់ ដែលរួមបញ្ចូលគ្នាថាមពលវិញ្ញាណរវាងមេឃនិងដី។ សរសៃសក់ដូចទឹកជ្រោះរសាយធ្លាក់ចុះយ៉ាងស្រទន់ ដៅផ្កាអង្គាសីល៍ក្រហមឆ្អៅរះភ្លឺនៅលើថ្ងាស កែវភ្នែកក្តាន់ងងីងងើ បញ្ចេញដួងពន្លឺភ័យខ្លាច ចង់រត់គេចពីខ្សែភ្នែកមនុស្សសម្លឹងនាងជុំវិញ។ នាងនៅក្មេងខ្ចីនិងបរិសុទ្ធដូចទឹកសន្សើមពេលព្រឹកធ្លាក់លើមែកផ្កាអង្គាសីល៍។

នេះជាស៊ីវយ៉ាវរបស់គេ!

ជ័ងស៊ូមានអារម្មណ៍ថាមានរលកទឹកជ្រោះថ្លាត្រជាក់ហូរច្រាលក្នុងបេះដូងរបស់គេ គេរំជើបរំជួលចិត្តរហូតនិយាយស្ដីមិនចេញ។

ជ័ងស៊ូមិននិយាយស្ដីមួយម៉ាត់ ស៊ីវយ៉ាវសុខៗមានអារម្មណ៍ក្រៀមក្រំ ប៉ុន្តែនាងគិតឡើងវិញ ប្រាប់ខ្លួនឯងថា៖ ទោះអាក្រក់មើលយ៉ាងណា នេះជារូបរាងពិតរបស់ខ្ញុំ!

នាងហុចដៃទៅរកជ័ងស៊ូ៖

«ជួយខ្ញុំបន្តិច!»

ជ័ងស៊ូភ្ញាក់ស្មារតី ប្រើមហិទ្ធិឫទ្ធិ ទាញស្រទាប់ផ្កាអង្គាសីល៍ចុះចតនៅលើច្រាំង។ ស៊ីវយ៉ាវអណ្តែតតាមស្រទាប់ផ្កាអង្គាសីល៍ឆ្ពោះទៅរកជ័ងស៊ូ សរសៃសក់របស់នាងរហើរតាមខ្យល់ នាងរីកស្នាមញញឹមស្រស់បំព្រង ជ័ងស៊ូហុចដៃទៅកាន់នាង ស៊ីវយ៉ាវចាប់កាន់ដៃជ័ងស៊ូ សន្សឹមៗលោតឡើងទៅលើច្រាំង។

ស៊ីវយ៉ាវក្រាបចុះថ្វាយបង្គំព្រះម៉ែ៖

«អរគុណអ្នកគ្រូដែលបានប្រោសប្រទានរូបរាងពិតឱ្យខ្ញុំវិញ»

ព្រះម៉ែបន្លឺសំនៀងស្រាលៗ៖

«ផ្កាជូសៀននៅក្នុងខ្លួនរបស់ចៅពេលនេះមានតែឥទ្ធិពលរក្សារូបសម្រស់ មិនអាចផ្លាស់ប្ដូររូបរាងតទៅទៀត ប៉ុន្តែបើមាននិស្ស័យ ប្រហែលជាឥទ្ធិពលនោះនឹងស្ដារឡើងវិញ។»

ស៊ីវយ៉ាវញញឹម៖

«ខ្ញុំមួយជីវិតនេះផ្លាស់ប្ដូរឆ្អែតឆ្អន់ហើយ មិនចង់ផ្លាស់ប្ដូរទៀតទេ»

ព្រះម៉ែមានបន្ទូលថា៖

«យើងទទួលពាក្យរបស់ម្តាយចៅមើលថែចៅ ដ្បិតយើងមិនបានបំពេញតួនាទីពេញលេញ ប៉ុន្តែឥឡូវនេះចៅបានធំដឹងក្ដីហើយ ចៅអាចចាកចេញពីភ្នំអ៊ី។ បើអាយៀកនិងលួកយ៉ាងចង់ទៅតាមចៅ យើងអនុញ្ញាត។ បើពុំនោះទេ ពួកគេនៅតែអាចនៅទីនេះ។»

និយាយចប់ ព្រះម៉ែបែរក្រោយឈានជើងដើរចេញទៅ រូបរាងស្គមស្គៃរបស់ទ្រង់ភ្លាមៗនោះរសាត់បាត់នៅកណ្តាលព្រៃផ្កាអង្គាសីល៍។

ស៊ីវយ៉ាវឈានទៅចំពោះមុខអាយៀកនិងលួកយ៉ាង ទន់ភ្លន់សួរថា៖

«ខ្ញុំមានធ្វើឱ្យពួកល្បងខកចិត្តទេ?»

អាយៀកនៅស្ងៀម លួកយ៉ាងបន្លឺឡើង៖

«ខ្ញុំស្មានតែនាងនឹងដូចអាស៊ីងណាស់!» ស៊ីវយ៉ាវស្រងាកចិត្តតប៖

«ខ្ញុំមិនដូចអ្នកម៉ែបន្តិចណាទាល់តែសោះ…»

លួកយ៉ាងសម្លឹងស្លុងស៊ីវយ៉ាវ លួចដកដង្ហើមធំស្ងាត់ៗ។ ស៊ីវយ៉ាវមិនដូចអាស៊ីងទេ កែវភ្នែករបស់នាងគឺដូចមេបិសាចនោះបេះបិទ។ ក្រឡេកមើលដំបូង មើលទៅដូចកែវភ្នែកដ៏បរិសុទ្ធរបស់ទារកទើបនឹងកើត ប៉ុន្តែបើក្រឡេកមើលឱ្យជិត អាចមើលឃើញភាពត្រជាក់ស្រេង ទឹកកកដែលលាក់កំបាំងនៅក្រោមសម្បកស្នូក ថ្លាឆ្លុះ។

ស៊ីវយ៉ាវនិយាយថា៖

«ខ្ញុំដឹងថាពួកល្បងគឺជាមិត្តល្អរបស់អ្នកម៉ែ អ្នកម៉ែពឹងពាក់ពួកល្បងមើលថែខ្ញុំ ប៉ុន្តែឥឡូវនេះខ្ញុំបានធំហើយ ពួកល្បងមិនចាំបាច់ព្រួយបារម្ភពីខ្ញុំទៀតទេ ពួកល្បងអាចធ្វើអ្វីដែលពួកល្បងចូលចិត្ត។»

អាយៀកក្រៀមក្រំសម្លឹងមើលស៊ីវយ៉ាវ លើកដៃឡើងទៅមុខ ស៊ីវយ៉ាវចាប់ដៃរបស់គេ កែវភ្នែករបស់នាងដក់ទឹកភ្នែក។ ម្ដាយនាងបានពលីជីវិតនៅក្នុងសមរភូមិនៅឈីចូវ កាលនោះអាយៀកតាមម្ដាយនាងចេញច្បាំងក៏រងរបួសយ៉ាងធ្ងន់ធ្ងរផងដែរ។

អធិរាជស៊ុនទីចាត់មនុស្សបញ្ជូនអាយៀកទៅកាន់ភ្នំអ៊ី អាយៀកសន្លប់បាត់ស្មារតី មិនខុសពីខ្លាត្រីត្រូវអាំងឆេះខ្លោច។ ព្រះម៉ែរុំអាយៀកនៅក្នុងស្រទាប់ផ្កាអង្គាសីល៍ពាន់ឆ្នាំ ត្រាំនៅក្នុងជ្រោះទេព នៅកន្លែងជ្រៅបំផុតនៅលើភ្នំអ៊ី។ ហាសិបឆ្នាំក្រោយមក ទើបអាយៀកដឹងខ្លួនឡើងវិញ។

ស៊ីវយ៉ាវយល់ច្បាស់ពីមនោសញ្ចេតនាជ្រាលជ្រៅរវាងពួកគេទាំងពីរនិងម្តាយរបស់នាង ហើយក៏យល់ច្បាស់ថាពួកគេតែងតែចាត់ទុកនាងជាតំណក់ឈាមបន្តជីវិតរបស់អាស៊ីង។ ប៉ុន្តែនៅទីចុងបញ្ចប់ នាងមិនមែនជាម្ដាយនាងទេ ហើយក៏មិនចង់ក្លាយដូចជាម្ដាយនាងដែរ។

អាយៀកនិយាយថា៖

«ខ្ញុំនិងលួកយ៉ាងនឹងបន្តរស់នៅភ្នំអ៊ី ដ្បិតព្រះម៉ែមិនត្រូវការពួកយើងនៅក្បែរ ប៉ុន្តែពួកយើងចង់នៅចាំជូនដំណើរទ្រង់ជាលើកចុងក្រោយ»

អាយៀកគ្រវីដៃស៊ីវយ៉ាវ៖

«ស៊ីវយ៉ាវ កុំឱ្យមាត់មនុស្សខាងក្រៅប៉ះពាល់ដល់អារម្មណ៍របស់នាង អ្នកម៉ែរបស់នាងជាមនុស្សដ៏អស្ចារ្យបំផុតនៅលើលោកនេះ!»

ស៊ីវយ៉ាវងក់ក្បាលចុះយឺតៗ។ ប្រហែលជាអ្នកម៉ែរបស់នាងពិតជាមនុស្សដ៏អស្ចារ្យបំផុតមែន ប៉ុន្តែគាត់មិនមែនជាប្រពន្ធភក្ដីម្នាក់ ហើយក៏មិនមែនជាម្តាយគម្រូម្នាក់។

ស៊ីវយ៉ាវឱបលាអាយៀក៖

«ខ្ញុំទៅវិញហើយ!»

នាងងាកទៅសម្លឹងលួកយ៉ាង មិនហ៊ានប៉ះគេ ពោលតិចៗ៖

«ពួកល្បងទាំងពីរកុំបារម្ភ ខ្ញុំនឹងមើលថែខ្លួនឯងឱ្យបានល្អ!»

លួកយ៉ាងងាករេភ្នែកបាញ់ទៅរកជ័ងស៊ូ ជ័ងស៊ូដឹងខ្លួនទាន់រហ័សបន្លឺឡើង៖

«ខ្ញុំនឹងមើលថែនាងឱ្យបានល្អ!»

អាយៀកផ្ដែផ្ដាំស៊ីវយ៉ាវ៖

«បើមានរឿងអ្វីកើតឡើង… នាងដឹងថារកពួកខ្ញុំនៅទីណាហើយ មែនទេ?»

ស៊ីវយ៉ាវងក់ក្បាល៖

«ខ្ញុំដឹង»

ស៊ីវយ៉ាវចាកចេញទៅ ដើរនៅលើខ្សែផ្លូវថ្មក្រាល ចួនឃើញចួនបាត់ ដើរមួយសន្ទុះ នាងសុខៗងាកក្រោយ ស្រែកឡើង៖

«បើព្រះម៉ែ… សូមផ្ដល់ដំណឹងឱ្យខ្ញុំដឹងផង ខ្ញុំចង់ជូនដំណើរទ្រង់ ទោះបីជា…ទ្រង់មិនត្រូវការខ្ញុំធ្វើបែបនេះក៏ដោយ!»

អាយៀកញញឹម៖

«អ្ហឹម»

ស៊ីវយ៉ាវទប់អារម្មណ៍មិនជាប់ នាងក៏បែរក្រោយមកវិញស្ទុះរត់ទៅរកអាយៀក ត្រដាងដៃឱបស្មាគេ ថើបថ្ពាល់គេមួយខ្សឺត ហើយងាកមករវាមដៃត្រដុសថ្ពាល់លួកយ៉ាងបន្តិច រួចក៏រហ័សវិលកែងជើងរត់គេចខ្លួនទៅបាត់លើខ្សែផ្លូវដ៏វែងលាក់បង្កប់នៅក្រោមសួនព្រៃផ្កាអង្គាសីល៍ស្រស់ត្រកាល។

អាយៀកសម្លឹងមើលទៅព្រៃផ្កាអង្គាសីល៍យ៉ាងរីករាយ លួកយ៉ាងទទះស្ទាប ធ្វើមុខក្រម៉ូវ តែកែវភ្នែកពណ៌គជ់បៃតងរបស់គេរំលេចកំណួចរីករាយច្បាស់ក្រឡែត។

បក្សីពណ៌ខៀវរបស់ព្រះម៉ែជូនដំណើរជ័ងស៊ូនិងស៊ីវយ៉ាវចាកចេញពីភ្នំអ៊ី។ មើលដឹងថា អាយៀកនិងលួកយ៉ាងនឹងមិនទៅតាមស៊ីវយ៉ាវ អធិរាជស៊ុនទីបានបញ្ជូនមនុស្សមកជើងភ្នំរង់ចាំទទួលនាងជាស្រេច។

ជ័ងស៊ូនិងស៊ីវយ៉ាវជិះរទេះពពកវិលត្រលប់ទៅភ្នំទេពប្រាំវិញ។ ជ័ងស៊ូសម្លឹងមើលស៊ីវយ៉ាវមិនដាក់ ខណៈពេលដែលចិត្តរបស់នាងស្ថិតនៅទីកន្លែងផ្សេង មិនដឹងថាកំពុងគិតពីអ្វី។

វិលទៅវិមានស៊ឺអ៊ីង ជ័ងស៊ូនិងស៊ីវយ៉ាវទៅត្រង់ដំណាក់ចាវហួយ។ រហូតពេលទៅដល់មុខទ្វារដំណាក់នោះ ទើបស៊ីវយ៉ាវភ្ញាក់ពីសុបិន នាងឈប់ជើងទ្រឹង៖

«ខ្ញុំចង់មើលមុខខ្លួនឯងម្ដងទៀត»

ជ័ងស៊ូហុចកូនបង្វេចមួយឱ្យទៅនាង៖

«មុនពេលចាកចេញពីភ្នំអ៊ី អ្នកបម្រើហុចបង្វេចនេះឱ្យបង នៅខាងក្នុងក្រៅពីមានថ្នាំទិព្វមួយចំនួន នៅមានកញ្ចក់តូចមួយទៀត»

ស៊ីវយ៉ាវទាញកញ្ចក់តូចចេញ ប៉ុន្តែនាងមិនឆ្លុះមើលភ្លាមៗផ្ទុយទៅវិញនាងយកដៃបិទបាំងមុខ ងាកទៅនិយាយជាមួយជ័ងស៊ូ៖

«ខ្ញុំនៅចាំថា កាលពីតូចខ្ញុំមើលទៅដូចព្រះបិតាណាស់។ ខ្ញុំតែងតែគិតថា ទោះខ្ញុំធំប៉ុនណា ទោះខ្ញុំមិនស្អាតដូចអានាន ក៏ខ្ញុំមិនអាក្រក់មើលពេកដែរ។»

ជ័ងស៊ូញញឹមញញែម៖

«អូនឆ្លុះមើលទៅនឹងមើលឃើញភ្លាម!»

ស៊ីវយ៉ាវលាតម្រាមដៃចេញយឺតៗ មនុស្សស្រីនៅក្នុងកញ្ចក់គឺមុខមាត់ចម្លែកណាស់ មានតែដៅផ្កាអង្គាសីល៍នៅលើថ្ងាសដែលធ្លាប់ស្គាល់។ ស៊ីវយ៉ាវទាញបបូរមាត់នាងថ្នមៗ មនុស្សស្រីក្នុងកញ្ចក់ធ្វើត្រាប់តាម លុះពេលនេះទើបនាងហ៊ានប្រាកដចិត្តថាមនុស្សស្រីម្នាក់នោះគឺជានាង។

ស៊ីវយ៉ាវទុកកញ្ចក់ទៅវិញ ហើយក្រៀមក្រំនិយាយទៅជ័ងស៊ូ៖

«មិនអាក្រក់មើលពេកទេ គ្រាន់តែមិនដូចព្រះបិតាបន្តិចណាទាល់តែសោះ»

ជ័ងស៊ូភ្ញាក់ផ្អើលសម្លឹងមើលស៊ីវយ៉ាវ តែនាងរុញគេដើរទៅមុខ។

«ខ្ញុំដើរតាមក្រោយបង»

ជ័ងស៊ូឈានចូលទៅក្នុងដំណាក់ ស៊ីវយ៉ាវឱនក្បាលចុះទាបដើរតាមពីក្រោយ៖

អធិរាជស៊ុនទីសើចសួរ៖

«បុត្រពួននៅក្រោយខ្នងជ័ងស៊ូធ្វើអ្វីហ្នឹង? នៅពេលដែលបុត្រនិយាយថាចង់ស្វែងរករូបរាងពិតរបស់បុត្រ សម្ដីមុតមាំខ្លាំងណាស់ ហេតុអ្វីពេលនេះរួញកមិនហ៊ានមើលមុខអ្នកណាទៅវិញ?»

ជ័ងស៊ូចង់ងាកទៅម្ខាង ប៉ុន្តែស៊ីវយ៉ាវចាប់ដៃគេ តោងស្អិតជាប់ នាងលាក់មុខនៅពីក្រោយខ្នងរបស់ជ័ងស៊ូ រអ៊ូរទាំ៖

«ឱ្យបុត្រសុំពេលបន្តិច»

ជ័ងស៊ូមានតែឈរស្ងៀមមិនកម្រើក ខ្យល់ដង្ហើមស្រាលៗរបស់ស៊ីវយ៉ាវ រំភាយលើផែនខ្នងរបស់គេ ធ្វើឱ្យគេមានអារម្មណ៍រមាស់ៗ កករឹងក្រញឺតយ៉ាងចម្លែក។ គេចង់គេចចេញយ៉ាងលឿនផង ហើយក៏ចង់រក្សាអារម្មណ៍ចម្លែកនោះជារៀងរហូតផង។ នោះជាអារម្មណ៍ដ៏ច្របូកច្របល់បំផុតដែលគេមិនធ្លាប់ចួបប្រទះ។

អធិរាជស៊ុនទីសួរ៖

«ហើយឬនៅ?»

ស៊ីវយ៉ាវតប៖

«ជិតហើយៗ!»

អធិរាជស៊ុនទីក្រោកឈរឡើង ឈានចូលទៅជិត ទាញស៊ីវយ៉ាវចេញពី “ខែល” ជ័ងស៊ូ ទ្រង់សម្លឹងមើលនាងយ៉ាងយកចិត្តទុកដាក់។ ស៊ីវយ៉ាវសន្សឹមៗងើបមុខឡើង ទទួលខ្សែភ្នែករបស់អធិរាជស៊ុនទី សួរតិចៗថា៖

«បុត្រមិនដូចអ្នកម៉ែ ហើយក៏មិនដូចព្រះបិតា តើធ្វើឱ្យព្រះបិតាខកចិត្តទេ?»

«បិតាមិនសង្ឃឹមថាបុត្រនឹងដូចអ្នកម៉ែរបស់បុត្រ ហើយក៏មិនសង្ឃឹមថាបុត្រនឹងដូចបិតាដែរ បិតាគ្រាន់តែសង្ឃឹមថាបុត្រមានសុខភាពល្អនិងសុខសាន្ត ឥឡូវនេះ បុត្រសុខភាពល្អនិងសុខសាន្ត ហើយនៅស្រស់ស្អាតយ៉ាងនេះទៀត បិតាពេញចិត្តខ្លាំងណាស់!»

ស៊ីវយ៉ាវញញឹមពព្រាយ៖

«នៅក្នុងកែវភ្នែកឪពុកលើលោកនេះ កូនស្រីសុទ្ធតែស្រស់ស្អាតជានិច្ច!»

អធិរាជស៊ុនទីសម្លឹងស្លុងកែវភ្នែករបស់ស៊ីវយ៉ាវ។ ជាកែវភ្នែកទាំងគូនោះដូចគ្នា ប៉ុន្តែនៅក្នុង “មនុស្សនោះ” បញ្ចេញនូវការចំអកឡកឡើយ មើលងាយចំពោះអ្វីៗគ្រប់យ៉ាង និងទូករែកស្នេហ៍សច្ឆៈដ៏ងប់ងល់ដែលអាចដុតបំផ្លាញអ្វីៗទាំងអស់។

ចុះនៅក្នុងស៊ីវយ៉ាវ ក្រៅពីរូបរាងស្រស់បស់ គួរឱ្យស្រលាញ់ តើបង្ហាញពីអ្វីទៀត?

ឃើញឪពុកខ្លួនសម្លឹងស្លុងយ៉ាងនេះ ស៊ីវយ៉ាវហៅតិចៗ៖

«បិតាកំពុងគិតអ្វីហ្នឹង?»

អធិរាជស៊ុនទីសើចឡើង៖

«គ្មានអ្វីទេ! បិតាស្រណោះពេលវេលាដើរលឿន បុត្របានធំដឹងក្ដី បិតាបានចាស់ទៅ!»

ស៊ីវយ៉ាវធ្វើជាសង្កេតសង្កិនអធិរាជស៊ុនទីទៅមក គ្រវីក្បាលកំហូច៖

«មានឯណា!»

ប៉ុន្តែក្នុងចិត្តនាងពោរពេញដោយភាពជូរចត់។ សំអាងលើមហិទ្ធិឫទ្ធិរបស់ទ្រង់ ឪពុករបស់នាងអាចរក្សារូបរាងវ័យក្មេងរបស់ទ្រង់បានយ៉ាងងាយស្រួល ប៉ុន្តែរូបរាងរបស់មនុស្សគឺកើតចេញពីចិត្ត។

សក់ស្កូវរបស់ឪពុកនាង ស្នាមជ្រីវជ្រួញនៅចុងកន្ទុយភ្នែករបស់ឪពុកនាងសុទ្ធតែជាលទ្ធផលនៃការកើតទុក្ខព្រួយកង្វល់ចិត្ត។

ជ័ងស៊ូសួរ៖

«លោកគ្រូបម្រុងពេលណាទើបប្រកាសក្រោមមេឃសាវតារបស់ស៊ីវយ៉ាវ?»

«យើងបានចេញបញ្ជាឱ្យយូឈូរៀបចំចាត់ចែងហើយ!»

អធិរាជស៊ុនងាកទៅរកស៊ីវយ៉ាវ៖

«បន្តិចទៀត តាមបិតាទៅចួបព្រះជាយាឈីងអាន ដល់ពេលដែលត្រូវឱ្យនាងនិងប្អូនស្រីរបស់បុត្របានដឹងការពិត!»

ស៊ីវយ៉ាវងក់ក្បាល។

អធិរាជស៊ុនទីសើចឡើង៖

«កុំបារម្ភ បិតាឮយូឈូថាបុត្រនិងអានានស្និទ្ធិស្នាលគ្នាណាស់!»

ស៊ីវយ៉ាវសើចបង្ខំ៖

«នោះព្រោះតែនាងគិតថាបិតាចង់ចាប់នាងឱ្យរៀបការជាមួយបុត្រហ្នឹង!»

ជ័ងស៊ូអស់សំណើច៖

«អ៊ីចឹងសោះ បងឃើញអូននិងនាងតែងតែជុំក្បាលគ្នាខ្សឹបខ្សាវរឿងអីអាថ៌កំបាំងណាស់»

អ្នកបម្រើចូលមកទូលថ្វាយ៖

«ព្រះពរព្រះអង្គ ព្រះជាយាឈីងអានបានរៀបចំក្រយារួចរាល់ ព្រះនាងក៏បានយាងមកដល់។»

អធិរាជស៊ុនទីមានបន្ទូលទៅស៊ីវយ៉ាវ៖

«តស់ពួកយើងទៅ!»

នៅពេលចូលទៅក្នុងដំណាក់ ឃើញព្រះជាយាឈីងអាន ដែលមានរូបរាងដូចម្តាយរបស់នាងបេះបិត ស៊ីវយ៉ាវមានអារម្មណ៍បេះដូងឈឺផ្សា ហាក់ដូចជាមានអ្វីមួយចាក់ដោត។ នាងឱនក្បាល ដកដង្ហើមវែង ពង្រឹងស្មារតី។

ព្រះជាយាឈីងអាននិងអានានលំទោនកាយថ្វាយបង្គំអធិរាជស៊ុនទី អធិរាជស៊ុនទីមានបន្ទូលទៅកាន់អានាន៖

«ក្រោកឡើង ជួយគ្រាហ៍ព្រះមាតារបស់បុត្រផង»

អានានជួយគ្រាហ៍ព្រះជាយាឈីងអានអង្គុយចុះ បន្ទាប់មកនាងក៏អង្គុយចុះ ប៉ុន្តែកែវភ្នែករបស់នាងមិនដកចេញពីស៊ីវយ៉ាវ។

ក្រោយពេលគង់ប្រថាប់លើកៅអី អធិរាជស៊ុនទីចង្អុលស៊ីវយ៉ាវកន្លែងអង្គុយក្បែរទ្រង់។ ស៊ីវយ៉ាវអង្គុយចុះយ៉ាងស្ងៀមស្ងាត់ ជ័ងស៊ូអង្គុយនៅក្បែរនាង។

ខណៈពេលនេះ អានានអស់ភាពអំណត់៖

«ព្រះបិតា នាងជាអ្នកណា? ហេតុអ្វីអង្គុយនៅត្រង់នោះ?»

អធិរាជស៊ុនទីមិនឆ្លើយតបអានាន បែរមុខទៅជជែកជាមួយព្រះជាយាដោយធ្វើសញ្ញាដៃ។ ទាំងព្រះជាយាឈីងអាននិងអានានយកចិត្តទុកដាក់សម្លឹងមើលសញ្ញាដៃអធិរាជស៊ុនទី។

ស៊ីវយ៉ាវភ្ញាក់ផ្អើលខ្លាំងមួយរំពេច តាមពិតព្រះជាយាឈីងអានជាមនុស្សគ! ហេតុនេះហើយទើបបានជានាងមិនដែលឮសំឡេងរបស់ទ្រង់សោះ!

ស៊ីវយ៉ាវសម្លឹងមុខជ័ងស៊ូ ពេលព្រះបិតារៀបអភិសេកទ្រង់ ទ្រង់គឺបែបហ្នឹងហើយហ្អេស? ជ័ងស៊ូងក់ក្បាលតិចៗ។

មានព្រះបន្ទូលរួច អធិរាជស៊ុនទីដាក់ដៃចុះ។

អានានស្រឡាំងកាំងភ្ញាក់ផ្អើល បើកភ្នែកធំៗសម្លក់ទៅស៊ីវយ៉ាវ នាងដូចជាកូនសត្វតូចមួយបះរោមឆ្កឺតៗឡើងចង់ការពារសំបុកជាទីស្រឡាញ់របស់នាង។ ប៉ុន្តែនាងគ្មានវិធីអាចដេញជនឈ្លានពានដ៏គួរឱ្យស្អប់ខ្ពើមនោះ នាងបានត្រឹមតែសម្លក់ស៊ីវយ៉ាវប៉ុណ្ណោះ ។

អធិរាជស៊ុនទីមានបន្ទូលទៅស៊ីវយ៉ាវ៖

«បុត្រគោរពព្រះជាយាទៅ»

ស៊ីវលូក្រោកឈរលំទោនកាយគោរពព្រះជាយាឈីងអាន ទ្រង់ក៏ក្រោកឡើងយ៉ាងលឿន សម្លឹងស៊ីវយ៉ាវទាំងអារម្មណ៍ទើសទាល់។ ទ្រង់ចង់លើកដៃជួយគ្រាហ៍នាង តែហាក់ដូចជាមិនសមតាមច្បាប់វិន័យ ទើបទ្រង់ដកដៃចេញទៅវិញភ្លាម។

ទ្រង់មិនអាចនិយាយបាន ត្រឹមតែរីកស្នាមញញឹមទន់ភ្លន់ដាក់នាង សង្ឃឹមថានាងនឹងយល់ពីទឹកចិត្តរបស់ទ្រង់។

នៅខណៈពេលមួយនេះ ស៊ីវលូស្រាប់តែប្រទះឃើញថា ព្រះជាយានិងអ្នកម៉ែរបស់នាងគឺខុសគ្នាទាំងស្រុង។ ទោះស្ថិតក្នុងស្ថានភាពណា នៅចំពោះមុខអ្នកណាម្នាក់ អ្នកម៉ែរបស់នាងនៅតែស្ងប់ស្ងាត់ជានិច្ច។ ស៊ីវយ៉ាវញញឹមតបទៅព្រះជាយា បង្ហាញទំនុកចិត្តណែនាំខ្លួនឯង។

ព្រះជាយាសម្លឹងមើលកែវភ្នែករបស់ស៊ីវយ៉ាវយ៉ាងយកចិត្តទុកដាក់ សេចក្តីព្រួយបារម្ភក្នុងចិត្តក៏រលាយបាត់បន្តិចម្តងៗ។ ព្រះជាម្ចាស់ដកហូតញាណស្តាប់និងនិយាយរបស់ទ្រង់ ប៉ុន្តែញាណអារម្មណ៍ផ្សេងទៀតរបស់ទ្រង់គឺមុតស្រួចបំផុត។

ទ្រង់មើលធ្លុះចិត្តគំនិតរបស់ក្មេងស្រីម្នាក់នេះ គ្រប់គ្រាន់អាចបញ្ជាក់ប្រាប់ទ្រង់ថា នាងនឹងមិនធ្វើបាបកូនស្រីរបស់ទ្រង់ឡើយ។

ព្រះជាយាឱ្យសញ្ញាដៃអានានគោរពស៊ីវយ៉ាវ។

អានានស្ទុះក្រោកឈរឡើង នាងនៅតែមិនជឿលើការពិតនេះ។ នាងសើចឡកឡើយ សួរថា៖

«នាងជាកូនស្រីរបស់ព្រះបិតានិងមនុស្សស្រីម្នាក់នោះ?»

អារម្មណ៍របស់ស៊ីវយ៉ាវនៅពេលនេះគឺស្មុគស្មាញខ្លាំងណាស់។ នាងខឹងស្អប់អ្នកម៉ែរបស់នាង ធ្លាប់ស្តីបន្ទោសអ្នកម៉ែនិងអ្នកមីងថ្លៃនៅចំពោះមុខជ័ងស៊ូ ប៉ុន្តែនាងមិនអនុញ្ញាតឱ្យអ្នកណាម្នាក់និយាយអំពីអ្នកម៉ែរបស់នាងក្នុងទឹកដមសំឡេងប្រមាថមើលងាយនោះឡើយ។

ឆ្នាំនោះ នាងចងកំហឹងបិសាចកញ្ជ្រោងកន្ទុយប្រាំបួននោះយ៉ាងខ្លាំង បន្ទាប់ពីបំពុលគេ នាងថែមទាំងកាត់កន្ទុយគេចោលម្ដងមួយៗទៀតផង។ មូលហេតុចម្បង មិនមែនព្រោះតែគេធ្វើទារុណកម្មវាយដំធ្វើបាបនាងទេ តែព្រោះតែគេហ៊ានប្រមាថមើលងាយអ្នកម៉ែរបស់នាង!

ជ័ងស៊ូក៏មានអារម្មណ៍ដូចគ្នាផងដែរ។ គេនិងស៊ីវយ៉ាវអាចនិយាយអំពីសាច់ញាតិរបស់ពួកគេបាន ប៉ុន្តែមិនអនុញ្ញាតឱ្យអ្នកណាម្នាក់ព្រហើនចំពោះឡើយ! ជ័ងស៊ូតឹងរ៉ឹងកែសម្ដីអានាន៖

«អានាន ព្រះមាតារបស់ស៊ីវយ៉ាវគឺជាព្រះមាតុឆារបស់បង ទ្រង់ជាព្រះបុត្រីរបស់អធិរាជហ័ងទីសានយាននិងម្ចាស់ក្សត្រីស៊ីលីងលីស៊ូ ទ្រង់ជាព្រះនាងថ្លៃថ្នូរបំផុតរបស់នគរសានយាន។

សំខាន់ជាងនេះ ទ្រង់គឺជាភរិយាស្របច្បាប់ដែលលោកគ្រូរៀបអភិសេកមកកាន់នគរកៅស៊ីងជាមួយនឹងបណ្ដាការអាធឹកអាធមនិងពិធីរាជអភិសេកដ៏ឧឡារិកបំផុត។»

អានានដឹងថាជ័ងស៊ូជាមនុស្សដែលតែងតែស្រលាញ់ការពារសាច់ញាតិរបស់គេ នាងអចេតនាប៉ះពាល់តំណមធំរបស់គេ គឺនាងជ្រុលសម្តី។ ប៉ុន្តែ… ការស្រលាញ់ការពារនោះគួរតែជារបស់នាង! អានានសម្លឹងមើលជ័ងស៊ូ នាងញាក់ញ័រខ្លួន ចង្អុលដៃទៅរកស៊ីវយ៉ាវ និយាយទាំងទឹកភ្នែកថា៖

«នាងជាសាច់ញាតិរបស់បង បងចង់ការពារនាង ចុះខ្ញុំវិញ? ខ្ញុំជាអ្វីទៅ?»

ជ័ងស៊ូឆ្លើយយ៉ាងក្បោះក្បាយ៖

«លោកគ្រូប្រៀបដូចជាឪពុកបង្កើតរបស់បង បងមើលឃើញអូនតាំងពីកើតមករហូតធំដឹងក្ដីបន្តិចម្ដងៗ អូនក៏ជាសាច់ញាតិរបស់បងដែរ»

អានានធូរទ្រូងជាងមុនបន្តិច ប៉ុន្តែនាងនៅតែចង់ជជីកសួរ៖

«អ៊ីចឹងខ្ញុំនិងនាង បងការពារអ្នកណាច្រើនជាង?»

ជ័ងស៊ូនៅស្ងៀមធ្មឹង សំឡេងរបស់អានានប្រែប្រួល នាងស្ទើរតែស្រែកឡើង៖

«បងឆាប់ឆ្លើយភ្លាមមក!»

ស៊ីវយ៉ាវរហ័សព្រិចៗភ្នែក ផ្តល់សញ្ញាឱ្យជ័ងស៊ូឆាប់ឆ្លើយតបអានាន។ ត្រឹមតែពាក្យមួយម៉ាត់អាចបំបាត់ជម្លោះទាំងអស់មិនពិបាកឡើយ។ ប៉ុន្តែមនុស្សដែលជារៀងរាល់ថ្ងៃបានមាត់បានសម្ដីនោះ បែរជាជ្រើសរើសនៅស្ងៀមមិនព្រមបន្លឺសំឡេង។

អានាននិយាយដូចចង់ស្រែកយំ៖

«បងឆាប់ឆ្លើយភ្លាមមក! ខ្ញុំនិងនាង បងការពារអ្នកណាច្រើនជាង?»

អធិរាជស៊ុនទីដកដង្ហើមធំ៖

«បុត្រីល្ងង់ បើបិតាសួរបុត្រ រវាងព្រះបិតានិងព្រះមាតា បុត្រស្រលាញ់អ្នកណាច្រើនជាង បុត្រឆ្លើយបានទេ?»

អានានឱនក្បាលចុះ ជូតទឹកភ្នែកហើយនៅស្ងៀម។

ជ័ងស៊ូដាស់រំឮក៖

«ស៊ីវយ៉ាវគឺជាស៊ីវលូ នៅពេលនៅលើទូកត្រលប់មកកៅស៊ីងវិញ អូនខ្សឹបប្រាប់បងថា អូនឃើញស៊ីវលូក៏ល្អដែរ! បើអូននិយាយថាក៏ល្អដែរ ប្រាកដជានៅក្នុងចិត្តអូនមានអារម្មណ៍ថា គេល្អខ្លាំងណាស់ អូននឹងមានថែមបងស្រីដ៏ល្អម្នាក់ទៀត ស្រលាញ់អូនអស់ពីចិត្តដូចព្រះបិតាព្រះមាតារបស់អូននិងបង បែបនេះមិនប្រសើរទេហ្អេស?»

អានានងើបមុខឡើង អម្បាញ់មិញព្រះបិតាគ្រាន់តែនិយាយប្រាប់ព្រះមាតាថា បានរកកូនស្រីច្បងដែលបាត់ខ្លួនជាច្រើនឆ្នាំ មិនបញ្ជាក់ថាស៊ីវយ៉ាវគឺជាស៊ីវលូទេ។

ស៊ីវយ៉ាវញញឹមយ៉ាងជិតដិតទៅកាន់អានាន ខណៈអានាននៅតែសម្លឹងសម្លក់ស៊ីវយ៉ាវ នាងមិនអាចផ្សាភ្ជាប់ស៊ីវយ៉ាវដ៏ស្រស់ស្អាតជាមួយស៊ីវលូគម្រក់នោះបានឡើយ។ អានានមានអារម្មណ៍ពិបាកទ្រាំខ្លាំងណាស់ នាងស្រែកឡើង៖

«ខ្ញុំមិនត្រូវការបងស្រីណាទាំងអស់!»

នាងខឹកច្រឡោតដាលក្រឡាប់តុអាហាររបស់នាង រត់ដូចហោះចេញពីដំណាក់។ ព្រះជាយាឈីងអានភិតភ័យស្ទុះក្រោកឈរឡើង ងាកភ្នែកទៅសុំការអនុញ្ញាតពីអធិរាជស៊ុនទី នៅពេលដែលអធិរាជស៊ុនទីងក់ក្បាលយល់ព្រម ទ្រង់ក៏ប្រញាប់ប្រញាល់ដេញតាមបុត្រី។

ស៊ីវយ៉ាវអង្គុយស្ងៀមសម្លឹងមើលអាហាររ៉ាយប៉ាយគ្រប់ទីកន្លែង។

ជ័ងស៊ូលួងលោម៖

«រឿងរ៉ាវកើតឡើងភ្លាមៗ នាងត្រូវការពេលវេលាខ្លះ»

អធិរាជស៊ុនទីចេញសញ្ញាអ្នកបម្រើរៀបចំបោសសម្អាតដំណាក់។ ទ្រង់ផ្ដែផ្ដាំអ្នកបម្រើ៖

«លើកយកអាហារខ្លះទៅកាន់ដំណាក់ព្រះនាង អាហារដែលព្រះនាងចូលចិត្ត»

បន្ទាប់មក អធិរាជស៊ុនទីចាប់ផ្ដើមសោយក្រយា ទ្រង់នៅតែស្ងប់ស្ងាត់ដូចរាល់ថ្ងៃ ដូចគ្មានរឿងអ្វីកើតឡើង។ ស៊ីវយ៉ាវសម្លឹងអធិរាជស៊ុនទី សួរថា៖

«ព្រះបិតានៅសោយចូលទៀតហ្អេស?»

អធិរាជស៊ុនទីដៀងភ្នែកមើលនាងបន្តិច៖

«បុត្រដឹងទេ នគរមួយក្នុងមួយថ្ងៃមានរឿងប៉ុន្មានកើតឡើង? បើគ្រាន់តែរឿងតូចតាចប៉ុណ្ណឹង បិតាលេបមិនចូល បិតាដាច់ពោះស្លាប់តាំងពីយូរហើយ»

ជ័ងស៊ូក៏ចាប់ផ្តើមហូបអាហារ។

ស៊ីវយ៉ាវមើលទៅឆ្វេងហើយមើលទៅស្តាំ រួចក៏ចាប់ផ្តើមហូបអាហារ។ ប៉ុន្តែទើបតែប៉ុន្មានម៉ាត់ក៏ឆ្អែតពោះ មិនចង់ហូបទៀត។ អធិរាជស៊ុនទីនិងជ័ងស៊ូនៅតែហូបអាហារផឹកស្រាដូចធម្មតា។

ហូបអាហាររួច អធិរាជស៊ុនទីមានបន្ទូលទៅស៊ីវយ៉ាវ៖

«ទៅក្រៅដើរលម្ហែ»

ស៊ីវយ៉ាវនិងជ័ងស៊ូ ម្នាក់នៅខាងឆ្វេង ម្នាក់នៅខាងស្ដាំ តាមអធិរាជស៊ុនទីដើរលម្ហែ។ ស៊ីវយ៉ាវគិតថាព្រះបិតានឹងនាំនាងនិងជ័ងស៊ូទៅកាន់សួនច្បារអ៊ីឈិនយៀន ប៉ុន្តែអធិរាជស៊ុនទីបែរជានាំពួកគេទាំងពីរដើរជុំវិញវិមានស៊ឺអ៊ីង។

រាល់ពេលឆ្លងកាត់មុខដំណាក់មួយ អធិរាជស៊ុនទីនឹងសួរថា៖

«បុត្រយល់ថាយ៉ាងណាដែរ?»

ស៊ីវយ៉ាវយល់ច្បាស់ថាអធិរាជស៊ុនទីចង់ឱ្យជ្រើសរើសដំណាក់ស្នាក់នៅ។ នាងក៏ឆ្លើយតបថា៖

«អ៊ីចឹងជ្រើសរើសដំណាក់ណាមួយនៅជិតដំណាក់ហួរស៊ីងទៅចុះ»

អធិរាជស៊ុនទីមានបន្ទូលថា៖

«ដំណាក់ម៉ីងសានៅជិតដំណាក់ហួរស៊ីង ប៉ុន្តែទីនោះមិនល្អទេ ជ្រើសរើសកន្លែងផ្សេងទៀតទៅ!»

ស៊ីវយ៉ាវទាញដើមដៃឪពុក៖

«ព្រះបិតា បិតាធ្លាប់ទៅកាន់ភ្នំអ៊ីហើយឬនៅ? បុត្ររស់នៅទីនោះចិតសិបឆ្នាំ បន្ទាប់មករស់នៅតែម្នាក់ឯងនៅក្នុងព្រៃជ្រៅភ្នំខ្ពស់អស់ជាងម្ភៃឆ្នាំ ហើយត្រូវបិសាចកញ្ជ្រោងកន្ទុយប្រាំបួនឃុំក្នុងទ្រុងអស់សាមសិបឆ្នាំ។ បុត្រមិនខ្លាចអ្វីក្រៅពីអារម្មណ៍ឯកា បុត្រចង់នៅជិតបងប្រុសរបស់បុត្រ!»

មានភាគបន្ត…

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*