អធិរាជស៊ុនទីមានអារម្មណ៍ជូរចត់ក្នុងក្រអៅទ្រូង ទ្រង់ភ្លាមនោះសម្រេចបំណងកូនស្រី៖
«បាន!»
អធិរាជស៊ុនទីនិងស៊ីវយ៉ាវដើរទន្ទឹមគ្នាយឺតៗ ពេលមកដល់ដំណាក់ម៉ីងសា ឃើញដំណាក់ទាំងមូលបំភ្លឺភ្លើងចង្កៀងរះភ្លឺត្រចះ អ្វីៗទាំងអស់រៀបចំយ៉ាងមានសណ្ដាប់ធ្នាប់ សូម្បីតែចំណីដែលស៊ីវយ៉ាវចូលចិត្តក៏ត្រូវបានរៀបចំនៅទីនោះជាស្រេច។ អ្នកបម្រើស្រីទាំងអស់ដែលធ្លាប់បម្រើស៊ីវយ៉ាវនៅដំណាក់ហួរស៊ីងចេញមកទទួលស្វាគមន៍នាង។ អធិរាជស៊ុនទីមានបន្ទូលប្រាប់នាងថា៖
«ប្រជារាស្ត្រកៅស៊ីងយកពណ៌សជាចម្បង សម្លៀកបំពាក់របស់រាជវង្សភាគច្រើនមានពណ៌ស ប៉ុន្តែថ្ងៃធម្មតាបុត្រនៅតែអាចស្លៀកពាក់តាមចិត្ត បិតានៅចាំថា កាលពីតូចបុត្រចូលចិត្តពណ៌សនិងពណ៌បៃតង បិតាបានបញ្ជាឱ្យអ្នកបម្រើរៀបចំសម្លៀកបំពាក់ពណ៌បៃតងខ្លះសម្រាប់បុត្រ»
ស៊ីវយ៉ាវញញឹមតប៖
«ឥឡូវនេះបុត្រនៅតែចូលចិត្តពណ៌បៃតង!»
អធិរាជស៊ុនទីងាកទៅរកជ័ងស៊ូ៖
«ឯងនៅទីនេះជាមួយស៊ីវយ៉ាវ យើងទៅមើលអានាន»
ជ័ងស៊ូនាំស៊ីវយ៉ាវដើរមើលមួយជុំដំណាក់ម៉ីងសា ដំណាក់នេះមិនធំ តែត្រូវចិត្តនាង។
ជ័ងស៊ូសួរនាង៖
«អូនមានយល់ថាខ្វះខាតអ្វីទៀតទេ?»
ស៊ីវយ៉ាវគ្រវីក្បាល៖
«ពេលវេលាតែលតោលគ្រប់ទីកន្លែងបង្កើតទម្លាប់មួយចំនួននៅលើខ្លួនរបស់ខ្ញុំ ខ្ញុំចូលចិត្តហូបចុក អាហារឆ្ងាញ់ៗចាំបាច់បំផុត មិនចាំបាច់មានគ្រែ ដេកនៅកន្លែងណាក៏អាចដេកលក់បាន របស់របរសំពីងសំពោងពិបាកយកតាមខ្លួន ខ្ញុំក៏មិនខ្ចីស្ពាយយួរអ្វីទាំងអស់!»
ស៊ីវលូផ្ងារខ្នងដេកលើគ្រែទន់ល្មើយ។
«របស់របរទាំងអស់នេះ បើមានក៏ប្រើប្រាស់ បើគ្មានក៏មិននឹកនា»
ជ័ងស៊ូខ្សឹកខ្សួល៖
«អូនលែងនៅតែលតោលទៀតហើយ»
ស៊ីវយ៉ាវហៃអើតប៖
«ទម្លាប់តាំងពីក្មេងមកទៅហើយពិបាកកែណាស់!»
ពន្លឺចង្កៀងភ្លឺចែងចាំង បំភ្លឺស្បែកសម៉ដ្ឋខៃដូចព្រិលរបស់ស៊ីវយ៉ាវ បំផុសលេចធ្លោដៅរូបផ្កាអង្គាសីល៍ក្រហមឆ្អៅ ស្រស់ស្អាតនៅលើថ្ងាសរបស់នាង។ ជ័ងស៊ូមិនអាចទប់អារម្មណ៍បាន គេលើកម្រាមដៃឡើងស្ទាបអង្អែលថ្នមៗ៖
«ផ្កាអង្គាសីល៍នេះសែនរស់រវើក ដូចទើបតែបេះពីទងផ្ដិតលើថ្ងាសអូនអ៊ីចឹង»
ស៊ីវយ៉ាវញញឹមតិចៗ៖
«កាលពីតូច បងក៏និយាយអ៊ីចឹងដែរ មានម្ដងនោះ បងលួងលោមខ្ញុំឱ្យអង្គុយស្ងៀម ចុចម្រាមដៃឈ្លីៗលើថ្ងាសរបស់ខ្ញុំ ធ្វើឱ្យថ្ងាសរបស់ខ្ញុំឡើងក្រហមងាំង!»
ជ័ងស៊ូអស់សំណើច៖
«បងចាំបានហើយ ក្រោយមកអូនឱ្យបងស៊ីពីរកណ្តាប់ដៃ មាត់បងឡើងហើមប៉ោង តែអូននៅតែមិនអស់ចិត្ត រត់ទៅទូលពិតប្រាប់អ្នកម៉ែបងថែមទៀត!»
ស៊ីវយ៉ាវមានអារម្មណ៍ងងុយគេង នាងបិទភ្នែកចុះយឺតៗ។
«អ្នកមីងថ្លៃខឹងវាយបងថែមពីរបីរំពាត់ ប៉ុន្តែខ្ញុំលួចស្តាប់ឮដឹងថាអ្នកមីងថ្លៃខឹងព្រោះបងជាក្មេងប្រុស តែបែរជាវាយមិនឈ្នះខ្ញុំជាក្មេងស្រី…»
ជ័ងស៊ូក្រោកឈរឡើងទាំងមិនដាច់អាល័យ ងាកទៅផ្ដែផ្ដាំអ្នកបម្រើស្រី៖
«មើលថែព្រះនាងឱ្យបានល្អ!»
អ្នកបម្រើនៅក្នុងរាជវាំងស៊ឺអ៊ីងទាំងមូលសុទ្ធតែបានដឹងពីសាវតារបស់ស៊ីវយ៉ាវ រាល់ពេលដែលពួកគេចួបនាង ពួកគេហៅនាងថា ព្រះនាង សម្ដែងការគោរពចំពោះនាងដូចចំពោះអានានដែរ។ ពួកគេមិនបង្ហាញសញ្ញាភ្ញាក់ផ្អើលណា ដូចជាស៊ីវយ៉ាវតែងតែរស់នៅក្នុងដំណាក់នេះ។
ស៊ីវយ៉ាវគោរពសរសើរយ៉ាងខ្លាំងចំពោះឪពុករបស់នាង។ ពេលខ្លះ បញ្ជាកងទ័ពរាប់ម៉ឺននាក់មិនពិបាកដូចគ្រប់គ្រងផ្ទះបីហិចតានេះ។ ឪពុករបស់នាងតឹងរ៉ឹងប៉ុនណាទើបធ្វើឱ្យរាជវាំងស៊ឺអ៊ីងមានសណ្តាប់ធ្នាប់និងរបៀបរៀបរយយ៉ាងនេះ?
មួយរយៈពេលថ្មីៗនេះជ័ងស៊ូមានការមមាញឹកច្រើន មានតែពេលយប់ទើបគេឆ្លៀតពេលមកលេងស៊ីវយ៉ាវ ជជែកលេងជាមួយនាងរហូតដល់នាងចូលគេង ទើបគេចាកចេញទៅវិញ។ ពេលអផ្សុក ស៊ីវយ៉ាវតែងតែទៅសួនច្បារអ៊ីឈិនយៀនហែលទឹក។
មានពេលខ្លះ នាងនឹកឆ្ងល់សួរខ្លួនឯង បើចួបមុខអានាន តើនាងគួរមានប្រតិកម្មយ៉ាងណាទៅន៎… ប៉ុន្តែវិមានស៊ឺអ៊ីងធំខ្លាំងណាស់ ធំដល់ថ្នាក់ស៊ីវយ៉ាវគ្មានអារម្មណ៍ថាមានព្រះជាយានិងព្រះនាងណាផ្សេងទៀតនៅទីនេះ។
នៅពេលដែលនាងកំពុងលេងទឹកនៅក្នុងអាង អ្នកបម្រើនឹងចែកជើងជុំវិញ ឈរយាមកាម កុំឱ្យអ្នកណាម្នាក់ចូលទៅជិត ឬរំខានព្រះនាង។ នៅជុំវិញស្ងាត់ជ្រាប ស៊ីវយ៉ាវកំពុងហែលទឹក នៅសុខៗនាងនឹកដល់ម្តាយនាង។
នាងគិតថានាងលែងនឹកម្តាយទៀតហើយ ប៉ុន្តែអ្វីដែលមិនអាចគ្រប់គ្រងចិត្តបានគឺ នាងនៅតែនឹកគាត់យ៉ាងខ្លាំង។ អារម្មណ៍នឹកអាល័យលាក់កប់ទុកជ្រៅ កាន់តែរើឡើងខ្លាំងនៅពេលនាងវិលត្រលប់ទៅកន្លែងដែលធ្លាប់ស្គាល់។
នៅទីបំផុតការនឹកនានាំប្រែជាការឈឺចាប់។ កាន់តែនឹកថែមមួយកម្រិតកាន់តែឈឺចាប់ថែមមួយកម្រិត កាន់តែឈឺចាប់ថែមមួយកម្រិតកាន់តែស្អប់ថែមមួយកម្រិត។
ស៊ីវយ៉ាវប្រទះឃើញថា នាងចាប់ផ្ដើមមានអារម្មណ៍ឯកាទៀតហើយ! នាងបង្ខំខ្លួនឯងឱ្យគិតពីរឿងផ្សេងទៀត នាងបន្តហែលទឹក… ជីវិតរបស់នាងនឹងមានរឿងគួរឱ្យចាប់អារម្មណ៍ជាច្រើនទៀតដែលផ្សាភ្ជាប់នឹងហែលទឹក… រំពេចនោះ ស៊ីវយ៉ាវស្រាប់តែនឹកដល់ជីវម៉ីញសាងលីវ។
បើគេនៅទីនេះ នាងប្រាកដជាគ្មានពេលគិតរវើរវាយពីរឿងអតីតកាល។ ប៉ុន្តែវិនស៊ីវលូបានបាត់ខ្លួនពីលើលោកនេះទាំងស្រុង បើទោះបីជាចួបគ្នាម្ដងទៀត ខ្លាចក្រែងតែសាងលីវមិនអាចមើលស្គាល់នាង។
ស៊ីវយ៉ាវអណ្តែតលើផ្ទៃទឹក នៅក្នុងចិត្តរសាប់រសល់។
នៅថ្ងៃនោះ ក្រោយអាហារពេលយប់ នៅតាមផ្លូវទៅកាន់ដំណាក់ហួរស៊ីងរកជ័ងស៊ូ ស៊ីវយ៉ាវចួបមុខអានាន។
ជាច្រើនថ្ងៃមិនចួបជ័ងស៊ូ អានានពិបាកចិត្តពេញពោះ។ ឃើញមុខស៊ីវយ៉ាវ កំហឹងរបស់នាងហាក់ដូចជាផ្ទុះឆាបឆេះ។ នាងស្រែកដេញអ្នកបម្រើ សម្រុកទៅចំពោះមុខស៊ីវយ៉ាវ ស្រែកច្រឡោត៖
«នាងហ៊ានដណ្ដើមជ័ងស៊ូតែឯងហ្អេស?»
ស៊ីវយ៉ាវបកស្រាយ៖
«មានឯណា មកពីមួយរយៈនេះគាត់រវល់ពេក ទំនេរតែពេលយប់!»
ឮដូច្នោះ អានានដឹងថារាល់យប់ស៊ីវយ៉ាវតែងចួបជ័ងស៊ូ នាងខឹងខ្លាំងណាស់ មិនដឹងធ្វើយ៉ាងណា នាងច្រានស៊ីវយ៉ាវមួយទំហឹងដៃ ស្ទុះចូលវាយតប់ដូចកូនក្មេង។
ស៊ីវយ៉ាវមានមហិទ្ធិឫទ្ធិទាប ទើបត្រូវច្រានដួលយ៉ាងងាយ ស្របពេលនោះ ជ័ងស៊ូទើបតែត្រលប់មកវិញ បានឃើញអ្វីៗគ្រប់យ៉ាង។ ជ័ងស៊ូរត់ទៅជួយគ្រាហ៍ស៊ីវយ៉ាវ ក្នុងពេលនោះដំឡើងសំឡេងតឹងរ៉ឹងស្តីបន្ទោសអានាន៖
«អានាន អូនមានដឹងទេថាស៊ីវយ៉ាវបានបាត់បង់មហិទ្ធិឫទ្ធិអស់? បើអូននៅតែប្រើដៃប្រើជើងម្តងទៀត បងនឹងសុំលោកគ្រូដាក់ទោសអូន!»
ទឹកភ្នែកហូរដូចភ្លៀង អានានរត់ទៅមុខ ច្រានស្មាជ័ងស៊ូយ៉ាងខ្លាំង ច្រានមិនឈប់ យំស្រែក៖
«ខ្ញុំប្រើដៃប្រើជើងអ៊ីចឹងចង់យ៉ាងម៉េច? បងឆាប់ទៅទូលប្រាប់ព្រះបិតាដាក់ទោសខ្ញុំទៅ! វាយខ្ញុំឱ្យស្លាប់ទៅបើសប្បាយចិត្ត យ៉ាងណាអ្នកទាំងអស់គ្នាមិនត្រូវការខ្ញុំទៀតទេ…»
ខ្លាចធ្វើឱ្យអានានរបួស ជ័ងស៊ូមិនតបត ឈានជើងថយក្រោយរហូត។
ស៊ីវយ៉ាវរហ័សវិលកែវជើង ដកខ្លួនគេចចេញ។
ខណៈដើរកាត់អ្នកបម្រើរបស់ជ័ងស៊ូ ស៊ីវយ៉ាវឱនខ្សឹបផ្ដាំថា៖
«យប់នេះ ខ្ញុំមានការទៅរកព្រះបិតា ប្រាប់ជ័ងស៊ូមិនចាំបាច់ឈាងទៅរកខ្ញុំទេ»
ស៊ីវយ៉ាវលបៗដើរចូលវិមានចាវហួយ អង្គុយចុះក្បែរអធិរាជស៊ុនទី អើតកឡើងមើលថាទ្រង់កំពុងមើលអ្វី។
អធិរាជស៊ុនទីញញឹមស្រាលក្រឡេកមើលនាងហើយបន្តលើកិច្ចការរាជកិច្ច។
មួយសន្ទុះក្រោយមក មានអារម្មណ៍ធុញថប់ ស៊ីវយ៉ាវក៏ក្រោកឈរឡើង បត់ដៃទៅក្រោយខ្នង ដើរមើលជុំវិញ ក្រឡេកត្រង់នេះបន្តិច ក្រឡេកត្រង់នោះបន្តិច បន្លឺសំឡេងឡើងម្តងម្កាល។ អធិរាជស៊ុនទីបន្លឺបន្ទូលសួរ៖
«”គម្ពីរឱសថទិព្វបុរាណស៊ឹងនុង” ដែលម្ដាយបុត្របន្សល់ទុកឱ្យបុត្រ បុត្របានស្រាវជ្រាវដល់ណាហើយ?»
[សម្រាយ: គម្ពីរឱសថទិព្វបុរាណស៊ឹងនុង ជាគម្ពីរសរសេរដោយអធិរាជយ៉ានទី អតីតស្ដេចនគរស៊ឹងនុងជំនាន់ទីប្រាំពីរ ដែលជាមិត្តល្អរបស់លោកយាយស៊ីវយ៉ាវនិងព្រះម៉ែភ្នំអ៊ី (អ្នកម៉ែស៊ីវយ៉ាវមាននិស្ស័យបានទ្រង់ទទួលធ្វើជាសិស្ស បង្ខំចិត្តលួចយកគម្ពីរនោះដើម្បីព្យាបាលជំងឺឱ្យអធិរាជហ័ងទី)។
អធិរាជយ៉ានទី ជាស្ដេចស្រលាញ់វិជ្ជាពេទ្យ ចូលចិត្តស្រាវជ្រាវគម្ពីរថ្នាំ ជួយជីវិតមនុស្សលោក មិនចូលចិត្តកាប់សម្លាប់ អប់រំកូនប្រុសមានចិត្តមេត្តាដូចទ្រង់ គ្មានកលល្បិចកាចសាហាវ ជាហេតុនាំឱ្យជនឆ្លៀតឱកាសអាចវាយផ្ដួលរលំនគរ។]
ស៊ីវយ៉ាវចង្អុលដៃលើក្បាលខ្លួនឯង៖
«ព្រះម៉ែមានបន្ទូលថា គម្ពីរនោះគឺជាគ្រោះមហន្តរាយ ហេតុនេះក្រោយពេលចាប់បង្ខំឱ្យបុត្រទន្ទេញចាំគម្ពីរទាំងមូល ទ្រង់ក៏បានយកទៅដុតកម្ទេចចោល។»
«ធ្នើរសៀវភៅខាងនោះមានសៀវភៅវិជ្ជាពេទ្យជាច្រើន នៅពេលទំនេរបុត្រអាចឆ្លៀតយកទៅអាន។ បើមិនយល់ត្រង់ណា អាចទៅរករាជពេទ្យក្នុងវាំងសាកសួរបាន។»
ស៊ីវយ៉ាវដើរទៅមើលធ្នើរសៀវភៅ។ នាងរើសយកសៀវភៅមួយក្បាល យកចិត្តទុកដាក់អាន ប៉ុន្តែនោះមិនមែនជាសៀវភៅវិជ្ជាពេទ្យដូចដែលអធិរាជស៊ុនទីគិត តែជាសៀវភៅដែលបង្រៀនល្បិចធ្វើបាបអ្នកដទៃ។
មួយច្រានដៃរបស់អានានថ្ងៃនេះធ្វើឱ្យស៊ីវយ៉ាវភ្ញាក់ខ្លួន នាងមិនអាចត្រាំត្រែងទៀតទេ!
ឪពុកនិងកូនស្រីទាំងពីរ ម្នាក់អង្គុយនៅមុខតុធ្វើការ យកចិត្តទុកមើលរបាយការណ៍រាជកិច្ច ឡាយព្រះហស្តសារលិខិត ម្នាក់ទៀតដេកកើយលើខ្នើយទន់ ខ្ជិលច្រអូសពន្លាត់ទំព័រសៀវភៅមើល។
លុះរហូតដល់យប់ជ្រៅ អធិរាជស៊ុនទីជូនស៊ីវយ៉ាវត្រលប់ទៅដំណាក់ម៉ីងសាវិញ បន្ទាប់មកទ្រង់ក៏វិលទៅដំណាក់ស៊ឺស៊ីងសម្រាក។
ស៊ីវយ៉ាវបន្តស្រាវជ្រាវថ្នាំពុល ពេលថ្ងៃនាងទៅរករាជពេទ្យក្នុងវាំងដើម្បីរៀនសូត្រ ពេលយប់នាងទៅរកកន្លែងឪពុក។ ថ្ងៃណាក៏រវល់ពីនេះពីនោះ មិនលោះថ្ងៃ នាងលែងយល់ឃើញថាជីវិតអផ្សុកនិងធុញទ្រាន់។ រឿងនឹកស្ដាយមួយនៅទីនេះ នាងគ្មានអ្នកណាអាចសាកល្បងថ្នាំពុល។
យប់មួយនៅក្នុងវិមានចាវហួយ ស៊ីវយ៉ាវសម្លឹងមើលស្លុងដបថ្នាំពុលដែលនាងទើបតែផ្សំ នឹកស្ដាយជាខ្លាំងដែលសាងលីវមិននៅទីនេះសាកល្បងថ្នាំពុលរបស់នាង។
នាងទាញកញ្ចក់ទិព្វសំណព្វចិត្តរបស់នាងចេញ ការចងចាំពីអតីតកាលក៏លេចចេញលើកញ្ចក់ជាបណ្តើរៗ។
នោះគឺជារូបភាពដែលនាងគូរក្បាលប្រាំបួននៅលើមុខរបស់សាងលីវ រូបភាពដែលនាងលួចលាក់បើកកញ្ចក់ទិព្វ កត់ត្រារូបភាពគេនៅក្រោមបាតសមុទ្ទអំឡុងពេលធ្វើដំណើរជាមួយសាងលីវ ក្រោយពេលបន្សាបពិសដង្កូវបុរាណឱ្យជ័ងស៊ូ។
នៅកណ្តាលសមុទ្ទពណ៌ខៀវដ៏ធំល្វឹងល្វើយ សាងលីវសស្រិលដូចផ្កាព្រិល ស្លៀកពាក់សម្លៀកបំពាក់ស សក់សរលោងវែងរសាយនៅពីក្រោយខ្នង ធ្វើឱ្យមុខមាត់សង្ហារបស់គេមើលទៅពិសេសចម្លែក។
«អ្នកណាហ្នឹង?»
អធិរាជស៊ុនទីបន្លឺសំឡេងឡើងរំពេចនោះ ធ្វើឱ្យស៊ីវយ៉ាវភ្ញាក់ព្រើត។ នាងងាកក្បាលមើល ឃើញថាឪពុករបស់នាងបានមកអង្គុយចុះក្បែរនាង ឪពុកនាងកំពុងសម្លឹងមើលទៅក្នុងកញ្ចក់តូចរបស់នាង ហាក់ដូចជាចាប់អារម្មណ៍និងងឿងឆ្ងល់ចំពោះរូបភាពបុរសនៅក្នុងកញ្ចក់។
នាងឆ្លើយតប៖
«មិត្តម្នាក់មិនមែនមិត្ត!»
អធិរាជស៊ុនទីសើចពោលថា៖
«បិតានៅស្មានថាមនុស្សដែលបុត្រនឹកនាគឺកូនកញ្ជ្រោងទូសាននោះ!»
ស៊ីវយ៉ាវធ្វើមុខពព្រាយ សើចដាក់ឪពុក៖
«ចួនកាល មនុស្សគេកំពុងកាន់ដៃគូដណ្ដឹងគយគន់ផ្កានៅក្រោមព្រះចន្ទ រីករាយជីវិតដ៏ស្ដុកស្ដម្ភនិងសោយសុខ ហេតុអ្វីបុត្រចាំបាច់នឹកនាមនុស្សដូចគេ?»
អធិរាជស៊ុនទីសម្លឹងមុខកូនស្រីយ៉ាងភ្ញាក់ផ្អើល នាងពិតជាមនុស្សស្រីម្នាក់មិនខ្លាចក្រែងនិយាយអ្វីទាំងអស់មែន។
ស៊ីវយ៉ាវដឹងថានាងជ្រុលសម្ដី ញញឹមពព្រាយ និយាយបញ្ចូលថា៖
«នៅចំពោះមុខអ្នកដទៃ បុត្រនឹងប្រុងប្រយ័ត្នពាក្យសម្ដី មិនធ្វើឱ្យបិតាអាប់មុខទេ!»
អធិរាជស៊ុនទីដកដង្ហើមធំ៖
«បុត្រនិងម្ដាយបុត្រ… មិនដូចគ្នាទាល់តែសោះ!»
រួមទាំងមនុស្សម្នាក់នោះទៀត ពួកគេសុទ្ធតែជាមនុស្សទៀងត្រង់ ពុះកញ្ជ្រោល ចំណែកស៊ីវយ៉ាវគឺខុសគ្នា ស៊ីវយ៉ាវដឹងសេចក្ដីយ៉ាងត្រជាក់ស្រេង។ ស៊ីវយ៉ាវបម្រុងយកកញ្ចក់ទុក ប៉ុន្តែអធិរាជស៊ុនឃាត់ដៃ៖
«នៅតាហ័ងមានសត្វចម្លែកមួយហៅថា ស៊ីងស៊ីង សត្វនេះដឹងគ្រប់រឿងរ៉ាវនៅក្នុងអតីតកាល តែមិនដឹងអនាគត បិតាក៏ធ្លាប់ឮពាក្យចចាមអារ៉ាមដែរថា ដួងវិញ្ញាណរបស់ស៊ីងស៊ីងអាចបង្កើតជាកញ្ចក់ទិព្វកត់ត្រាអតីតកាល ប៉ុន្តែនោះគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ តើបុត្របានកញ្ចក់ទិព្វនេះមកពីណា?»
ស៊ីវយ៉ាវជូរមាត់ តប៖
«បិសាចកញ្ជ្រោងកន្ទុយប្រាំបួនជូនបុត្រ! ព្រោះបុត្រមិនអាចកំណត់រូបរាងបាន គេក៏ឱ្យកញ្ចក់នេះមកបុត្រដើម្បីកត់ត្រារូបរាងរបស់បុត្រពីថ្ងៃមុន ព្រោះមានកញ្ចក់នេះ ទោះថ្ងៃបន្ទាប់រូបរាងប្រែប្រួលបន្តិច ក៏បុត្រនៅតែអាចកែតម្រូវមកវិញ ព្រោះមានកញ្ចក់នេះ បុត្រលែងនៅភ័យខ្លាចទៀត»
«បុត្រនៅរក្សាវត្ថុរបស់គេនៅក្បែរខ្លួន បញ្ជាក់ថាបុត្រលែងនៅស្អប់គេទៀតហើយ»
ស៊ីយ៉ាវហៃអើតប៖
«គេស្លាប់បាត់ហើយ បុត្រនៅគ្រាំគ្រាចិត្តពីគេធ្វើអីទៀត!»
«បុត្រភ្លឺស្វាងណាស់»
ស៊ីវយ៉ាវសើចហីៗ៖
«មកពីបុត្រលោភលន់ មិនដាច់ចិត្តគ្រវាត់របស់មានតម្លៃនេះចោល»
អធិរាជស៊ុនទីអង្អែលដៃលើផ្ទៃកញ្ចក់ រូបភាពសាងលីវហែលទឹកនៅក្រោមបាតសមុទ្ទលេចឡើង៖
«មនុស្សដែលជាមិត្តម្នាក់មិនមែនមិត្តនេះ ស័ក្តិសមឱ្យបុត្រចងចាំជារៀងរហូតហ្អេស?»
ស៊ីវយ៉ាវផ្កាប់កញ្ចក់ទិព្វស៊ីងស៊ីង៖
«បុត្រកត់ត្រាទុកលេងទេ វល់ៗថ្ងៃស្អែកលុបចោលវិញហើយ!»
អធិរាជស៊ុនទីគ្រវីក្បាលអស់សំណើច ប្រុងហាស្តីពោលឡើង ប៉ុន្តែស៊ីវយ៉ាវក្រឡែងស្មា លើកដៃបិទមាត់ ស្ងាបហូមយ៉ាងវែង៖
«ងងុយគេងណាស់!»
អធិរាជស៊ុនទីទាញដៃនាងក្រោកឡើង៖
«បិតាជូនបុត្រទៅវិញ»
វិលទៅដំណាក់ម៉ីងសាវិញ ស៊ីវយ៉ាវហៀបនឹងផឹកទឹក ប៉ុន្តែភ្លាមនោះនាងប្រុងប្រយ័ត្នហើយក៏ឈប់វិញ។ នាងបើកគម្របប៉ាន់តែមើល ជាក់ស្ដែងឃើញថាមានដង្កូវប៉ុន្មានក្បាលនៅខាងក្នុង។ ស៊ីវយ៉ាវរអ៊ូរទាំ៖
«អានាន នាងនៅក្មេងខ្ចីណាស់! បើនាងគួរឱ្យខ្លាចមួយចំណិតដូចសាងលីវនោះ ជីវិតខ្ញុំនឹងមានន័យខ្លាំងណាស់!»
អ្នកបម្រើកំពុងក្រាលភួយលើគ្រែ នៅសុខៗស្រាប់តែប្រែពណ៌ទឹកមុខតក់ស្លុត ស៊ីវយ៉ាវដើរចូលទៅមើល ឃើញថាភួយនិងពូករបស់នាងត្រូវកាំបិតអារដាច់រហែកអស់។ ស៊ីវយ៉ាវគ្រវីក្បាលទាល់យោបល់។ អ្នកបម្រើពោលឡើងតិចៗ៖
«ថ្ងៃណាក៏បង្ករឿងបែបនេះមិនល្អទេ យកល្អថ្ងៃស្អែកព្រះនាងគួរតែទូលថ្វាយប្រាប់ទៅព្រះអង្គ»
ថ្មីៗនេះមានរឿងកើតឡើងស្ទើរតែរាល់ថ្ងៃ ពេលខ្លះមានពស់នៅក្នុងអាងងូតទឹក ពេលខ្លះមានខ្សាច់នៅក្នុងអាហារ។
ព្រះនាងមិនត្រឹមតែមិនទើសទែងចិត្ត នាងថែមទាំងងូតទឹកបណ្ដើរប្រលែងលេងជាមួយពស់បណ្ដើរ។ បាយមានខ្សាច់ នាងហូបនំនែកជំនួស ប៉ុន្តែពួកអ្នកបម្រើមិនអាចទ្រាំទ្រទៀត។
ស៊ីវយ៉ាវសើចពោលថា៖
«បើចង់ទូលថ្វាយ ពួកនាងទៅទូលថ្វាយខ្លួនឯងទៅ តែបើអានានដឹង ពួកនាងប្រយ័ត្នខ្លួនផង!»
គ្មានអ្នកបម្រើណាម្នាក់ហ៊ានបន្លឺសំឡេងមួយម៉ាត់។ ស៊ីវយ៉ាវរើសកន្សែងស្អាតបាតមួយដណ្ដប់គេងបណ្ដោះអាសន្ន។
«ទៅដេកពួនសិនហើយ ថ្ងៃស្អែកពួកនាងទៅបើកភួយថ្មីថែមសាគួរទៅគឺស្រេចហើយ!»
ថ្ងៃដើមខែដើមរដូវរងា យូឈូនាំយករ៉ូបពិធីសម្រាប់ពិធីបង្ហាញមុខមក អធិរាជស៊ុនទីហៅស៊ីវយ៉ាវមកលមើលសម្លៀកបំពាក់។
ស៊ីវយ៉ាវផ្លាស់ប្តូរសម្លៀកបំពាក់នៅក្នុងសាលដំណាក់ជាប់ក្បែរនេះ មានអ្នកបម្រើបួននាក់តាមជួួយនាង បន្ទាប់មកដើរចូលទៅសាលដំណាក់ធំ។
នោះជារ៉ូបវែងអមចង្កេះអង្ក្រងពណ៌សស្រិល ជួយលើកកម្ពស់រូបរាងដ៏គួរឱ្យស្រឡាញ់ និងសម្រស់ស្រស់ស្អាតរបស់ស៊ីវយ៉ាវ រួមផ្សំជាមួយអាវផាយវែង បង្អូសផុតដី។
នៅលើរ៉ូបប៉ាក់រូបហង្សសួគ៌និងផ្កាអង្គាសីល៍ជាមួយអំបោះចេសពីរពណ៌ក្រហមនិងខ្មៅ នៅពេលលាតអាវផាយបង្អូសដី មានអារម្មណ៍ថាដូចផ្កាអង្គាសីល៍កំពុងរីកស្គុះស្គាយពេញដី។ ព្រោះតែអាវផាយវែងពេក ស៊ីវយ៉ាវខ្លាចទាក់ជើងដួល ទើបនាងមិនហ៊ានក្រឡេកមើលជុំវិញ នាងដើរយឺតៗមួយៗ។
សំពត់រឹតចង្កេះតឹងពេក នាងពិបាកដកដង្ហើម នាងខំប្រឹងរក្សាខ្នងឱ្យត្រង់។ សម្លៀកបំពាក់នោះធ្វើឱ្យស៊ីវយ៉ាវមានអារម្មណ៍ក្រៀមក្រំយ៉ាងខ្លាំង នាងបិទបបូរមាត់តឹងផ្អឹស កែវភ្នែកតឹងអួរ។
ស៊ីវយ៉ាវដើរយឺតៗចូលទៅក្នុងដំណាក់ធំ យូឈូនិងមន្ត្រីដទៃមានអារម្មណ៍ថាភ្លឺចែងចាំងភ្នែក។ ដៃអាវផាយផ្កាអង្គាសីល៍ភ្លឺចិញ្ចាំង ត្រចះត្រចង់នៅពីក្រោយខ្នងរបស់ស៊ីវយ៉ាវ ចន្លោះថ្ងាសរបស់នាងរំលេចពន្លឺដៅក្រហម តួខ្លួននិងមុខមាត់របស់នាងបញ្ចេញនូវភាពស្រស់ស្អាត មានមន្តស្នេហ៍ ប៉ុន្តែកែវភ្នែករបស់នាងបែរជាហៃអើ ព្រងើយកន្តើយ។
អធិរាជស៊ុនទីសម្លឹងមើលកូនស្រី នៅក្នុងចិត្តលួចដកដង្ហើមធំស្ងាត់ៗ។ ស៊ីវយ៉ាវឥឡូវនេះគឺពិតជាដូចជា “មនុស្សម្នាក់នោះ” ឫកពាក្រអឺតក្រទម មើលងាយអ្វីៗទាំងអស់លើលោក ភាពស្ដុកស្តម្ភរុងរឿងឬភាពប្រណិតឆើតឆាយសម្រាប់គេគ្រាន់តែដូចជាភក់មួយក្តាប់តូចនៅក្រោមជើងរបស់គេ។
ស៊ីវយ៉ាវឈប់ដើរ ច្រត់ដៃលើចង្កេះ អើតកនៅពីមុខដូចជាអណ្តើកពាក់ស្នូក ទឹកមុខអាប់អួរ៖
«ព្រះបិតា បុត្រត្រូវស្លៀកពាក់រ៉ូបនេះយូរប៉ុនណានៅក្នុងពិធី?»
មនុស្សគ្រប់គ្នានៅក្នុងដំណាក់ធំដកដង្ហើមធូរខ្សុយធូរទ្រូង។ យូឈូយល់ឃើញថា ព្រះនាងថ្មីនេះគួរឱ្យស្រលាញ់អ្វីម៉្លេះទេ។ គេលួចនឹកស្រមៃស្ងាត់ៗ រំពឹងទុកទិដ្ឋភាពដ៏ស្រស់ស្អាតនៃពិធីបង្ហាញមុខ។ ថ្ងៃនោះ នៅក្រោមពន្លឺថ្ងៃមាសដ៏ភ្លឺត្រចង់ ព្រះនាងស្លៀកពាក់រ៉ូបពិធីដ៏ប្រណិតនេះ ឈានជើងឡើងទៅកាន់ទីអាសនៈ។
បើផាត់មុខផូផង់ និងតុបតែងគ្រឿងអលង្ការបន្ថែមទៀត ព្រះនាងប្រាកដជាធ្វើឱ្យភ្ញៀវកត្តិយសទូទាំងតាហ័ងក្ដុកក្ដួលជាពន់ពេក។
អធិរាជស៊ុនទីគ្រវីក្បាល៖
«រ៉ូបមិនកើតទេ កាត់ថ្មី!»
ស៊ីវយ៉ាវត្រេកអរចង់លោតជើងឡើង។ ប៉ុន្តែចង្កេះរបស់នាងរឹតតឹងពេក ធ្វើឱ្យនាងកម្រើកមិនបាន។
យូឈូស្រឡាំងកាំងចំហមាត់ ម៉េចទៅជាអ៊ីចឹងវិញ? គេដៀងភ្នែកមើលទៅមនុស្សគ្រប់គ្នា ឃើញមនុស្សគ្រប់គ្នាសុទ្ធតែងឿងឆ្ងល់ខ្លាំង។ នេះបញ្ជាក់ថា ខ្សែភ្នែកទាំងអស់នៅទីនេះ សុទ្ធតែយល់ស្រប លើកលែងតែអធិរាជស៊ុនទីនិងស៊ីវយ៉ាវ។
យូឈូរដាក់រដុបបន្លឺឡើង៖
«នៅសល់តែដប់ប្រាំថ្ងៃទៀតគឺដល់ពិធីបង្ហាញមុខ បើចង់កាត់ដេររ៉ូបមួយផ្សេងថ្មីសម្រាប់ពិធីធំដុំបែបនេះ ខ្លាចក្រែងតែមិនអាចទាន់ពេល!»
អធិរាជស៊ុនទីគ្រោតគ្រាត៖
«ហេតុនេះទើបយើងប្រគល់កិច្ចការនេះឱ្យឯង!»
យូឈូរំភើបឡើងចង់ស្រក់ទឹកភ្នែកពេលទទួលបានកិច្ចការធំដុំនេះ ប៉ុន្តែគេនៅតែលំទោនកាយទូលថ្វាយថា៖
«ទូលបង្គំនឹងខំប្រឹងឱ្យអស់ពីសមត្ថភាព!»
ខណៈយូឈូថយជើងចេញពីដំណាក់ ស៊ីវយ៉ាវរត់ដេញតាមក្រោយ លើកដៃដាល់ៗស្មាគេ ឱនខ្សឹបផ្ដាំថា៖
«ចាំទុកផងណា៎ កាត់ឱ្យរលុងបន្តិច!»
«សូមព្រះនាងកុំបារម្ភ ជាងកាត់ដេរចំណាននឹងវាស់វែងឱ្យត្រឹមត្រូវ!»
យូឈូទាញដៃស៊ីវយ៉ាវចេញពីស្មាគេថ្នមៗ គេមិនយល់ព្រះនាងថ្មីនេះតាំងពីពេលណាឃើញគេដូចជា “បងប្អូនល្អ” របស់នាង។
ដោយសារមនុស្សគ្រប់គ្នាគ្រាន់តែដឹងថាអធិរាជស៊ុនទីទទួលព្រះនាងវិលត្រលប់មកពីភ្នំអ៊ី។ សូម្បីតែមនុស្សច្បាស់គ្រប់រឿងដូចយូឈូក៏មិននឹកស្មានថា វិនស៊ីវលូ គឺជាព្រះនាងដែរ។ ស៊ីវយ៉ាវញញឹមបង្ខំ ដើរចេញទៅដោយក្រៀមក្រំ។
យូឈូបញ្ជូនមនុស្សផ្ញើលិខិតអញ្ជើញគ្រប់ទីកន្លែង ទូទាំងតាហ័ងទាំងមូល កំពុងតែខ្សឹកខ្សាវគ្នាអំពីព្រះនាងធំកៅស៊ីងដែលបាត់ខ្លួនរាប់រយឆ្នាំនោះ ឥឡូវនេះបានវិលត្រលប់ចូលនគរវិញ។
អធិរាជស៊ុនទីតាំងពីដើមមកមិនចូលចិត្តពិធីជប់លៀងធំដុំ ចាយវាយខ្ជះខ្ជាយ ទ្រង់តែងតែប្រារព្ធសាមញ្ញគ្រប់ពិធីទាំងអស់ មិនថាតូចឬធំ។ ប៉ុន្តែពេលនេះដើម្បីតែកូនស្រី ទ្រង់ផ្ញើលិខិតអញ្ជើញទៅកាន់សម្ព័ន្ធគ្រួសារធំៗទាំងអស់នៅក្រោមមេឃនេះ។
សម្ព័ន្ធគ្រួសារទាំងនោះបើមិនយល់មុខដល់អធិរាជស៊ុនទីឬអធិរាជហ័ងទីទេ ក៏ត្រូវយល់មុខដល់ព្រះម៉ែភ្នំអ៊ីដែរ។ ហេតុនេះ ក្នុងរយៈពេលដ៏ខ្លី ភ្ញៀវមកពីគ្រប់ទិសទីទូទាំងតាហ័ងសម្រុកមកកាន់កៅស៊ីង។
នៅថ្ងៃទីដប់បួនពាក់កណ្តាលរដូវរងា យ៉ាងចូវនៅភ្នំទេពប្រាំពោរពេញទៅដោយភ្ញៀវសន្ធឹកសន្ធាប់។
ថ្វីដ្បិតតែយ៉ាងចូវជាភ្នំទេពមួយក្នុងចំណោមភ្នំទេពទាំងប្រាំរបស់កៅស៊ីង ប៉ុន្តែទីកន្លែងនេះមានទាំងភ្នំទាំងកោះ នៅលើកោះមានតៀមស្រា តៀមតែ តៀមបាយ តៀមលក់ប្រដាប់ប្រដាប្រើប្រាស់សព្វគ្រប់បែបយ៉ាង។
នៅលើលោកនេះ តំបន់ផ្សេងទៀតនៅតាហ័ងឈានចូលដល់រដូវរងាត្រជាក់ស្រេង ព្រិលធ្លាក់ខ្លាំងគ្របដណ្តប់ផ្ទៃមេឃ ដើមឈើស្ងួតខ្សោះ និងរសាត់ស្លឹកទៅៗ។ ប៉ុន្តែនៅភ្នំទេពប្រាំ អាកាសធាតុនៅតែកក់ក្តៅដូចពាក់កណ្តាលនិទាឃរដូវ ផ្ការាប់រយប្រជែងរីកសាយ។
ភ្ញៀវដែលមកដល់កៅស៊ីងជាលើកដំបូង ចម្លែកចិត្តប្លែកអារម្មណ៍ ចង់ទៅដើរលេងមើលគ្រប់ទីកន្លែង។ ភ្ញៀវចង់មើលសមុទ្ទ អាចជួលទូកចេញទៅលេងសមុទ្ទ។
ព្រលឹមស្រាងៗ ស៊ីវយ៉ាវទើបភ្ញាក់ពីគេង ក៏ឃើញជ័ងស៊ូមករកនាង៖
«ហ្វឹងឡុងនិងស៊ីងយៀកបានមកដល់ បងបម្រុងបន្តិចទៀតទៅទទួលរាក់ទាក់និងជូនពួកគេដើរកម្សាន្ត»
ស៊ីវយ៉ាវលុបមុខបណ្ដើរនិយាយបណ្ដើរ៖
«ក្នុងឋានៈជាកូនចៅកុលសម្ព័ន្ធឈីងឡុងឬព្រះបុត្រាសានយាន?»
«ប្រាកដជាព្រះបុត្រាសានយាន បើបងប្រាប់ពួកគេការពិតឥឡូវនេះ ពួកគេនឹងភ្ញាក់ផ្អើល តែមិនប្រុងប្រយ័ត្ន។ ប៉ុន្តែបើឱ្យពួកគេដោយខ្លួនឯងប្រទះដឹងឋានៈពិតរបស់បងវិញ នោះបងនឹងក្លាយជាជនកុហក។»
«បងធ្វើកិច្ចការរបស់បងចុះ ថ្ងៃនេះខ្ញុំរវល់ណាស់ បន្តិចទៀតត្រូវទៅលមើលរ៉ូបថ្មី បើវិលមកវិញយឺត យប់នេះមិនចាំបាច់មកមើលខ្ញុំទេ ព្រោះយូឈូផ្ដែផ្ដាំខ្ញុំឱ្យឆាប់ចូលគេងយកកម្លាំង ត្រៀមខ្លួនរៀបចំសម្រាប់ថ្ងៃស្អែក កុំធ្វើឱ្យបាក់មុខនគរ»
នឹកឃើញទៅដល់យូឈូ ស៊ីវយ៉ាវមានអារម្មណ៍ម៉ួម៉ងឡើងភ្លែត។ ប៉ុន្មានថ្ងៃកន្លងមកនេះ គេរកគ្រប់មធ្យោបាយធ្វើទារុណកម្មនាង។ នាងថែមទាំងលួចសង្ស័យថា មិនដឹងថាគេត្រូវអានានសូកប៉ាន់ឬអត់?
«បងឮថារ៉ូបកាត់ដេររួចហើយទេតើ! រ៉ូបលើកមុនកើតអី?»
«រ៉ូបលើកមុនចង្អៀតណាស់!»
ជ័ងស៊ូឈានជើងដើរចេញទៅ ដើរពីរបីជំហាន ស្រាប់តែនឹកឃើញអ្វីមួយ ក៏ងាកមកនិយាយថា៖
«ទូសានជីងនិងបងប្រុសភ្លោះរបស់គេ ទូសានហាវ ក៏បានមកទីនេះដែរ។ ប្រហែលជាជីងនឹងរួមដំណើរមកជាមួយហ្វឹងឡុង បងត្រូវនាំកូនភ្លោះទាំងពីរគូនោះចេញទៅដើរលេង!»
ស៊ីវយ៉ាវចង់និយាយពាក្យខ្លះ ប៉ុន្តែនាងសម្រេចចិត្តមិនឱ្យពាក្យរបស់នាងប៉ះពាល់ដល់គំនិតយល់ឃើញរបស់ជ័ងស៊ូចំពោះទូសានហាវ ហេតុនេះនាងគ្រាន់តែគ្រវីដៃ ជាសញ្ញាឱ្យជ័ងស៊ូឆាប់ចេញទៅចុះ។
ជ័ងស៊ូដកដង្ហើមធំ៖
«បើជីងឃើញអូនប្រាកដជាស្ដាយក្រោយរត់ទៅវិញមិនខាន!»
ស៊ីវយ៉ាវមិនយកចិត្តទុកដាក់ចំពោះជ័ងស៊ូ ក៏គ្មានពេលវេលាវិភាគពាក្យពេចន៍របស់គេដែរ នាងហូបអាហារពេលព្រឹកយ៉ាងញាប់មាត់ ព្រោះនាងខ្លាចថានាងនឹងមិនអាចដាក់អ្វីចូលពោះបានទៀត នៅពេលដែលមនុស្សឈ្មោះយូឈូនោះមកទីនេះ។
ជ័ងស៊ូទៅរកហ្វឹងឡុង អ្នកបម្រើជម្រាបថាហ្វឹងឡុងនិងស៊ីងយៀកនៅកន្លែងរបស់ជីង។ លំនៅដ្ឋានរបស់គ្រួសារទូសាននិងគ្រួសារឈីសួយគឺនៅជិតគ្នា។
ជ័ងស៊ូទៅកាន់លំនៅដ្ឋានរបស់ជីង ឃើញជីង ហាវ ហ្វឹងឡុង ស៊ីងយៀក និងអ៊ីអ៊ីង ទាំងអស់គ្នាកំពុងនៅក្នុងសួនផ្កា។ ជ័ងស៊ូឃើញហាវជាបុរសខ្ពស់សង្ហា មាឌហំហួនម្នាក់។
ហ្វឹងឡុងនិងស៊ីងយៀកសួស្ដីរាក់ទាក់ជ័ងស៊ូយ៉ាងរីករាយ ស៊ីងយៀកពោលទៅបងប្រុសថា៖
«ឃើញទេ? ខ្ញុំបានប្រាប់បងហើយ ដឹងថាពួកយើងមកដល់ គាត់ប្រាកដជាមករកពួកយើង។»
ហ្វឹងឡុងសើចពោលថា៖
«ជាមិត្តភក្ដិត្រូវតែអ៊ីចឹង!»
ហ្វឹងឡុងចង់ណែនាំហាវឱ្យជ័ងស៊ូស្គាល់ ប៉ុន្តែជ័ងស៊ូរហ័សពោលឡើងថា៖
«ខ្ញុំមកនេះជាដំបូងចង់សុំអ្នកទាំងអស់គ្នាអត់ទោស!»
ហ្វឹងឡុងភ្ញាក់ផ្អើលឡើងសួរ៖
«អត់ទោស?»
ជ័ងស៊ូបកស្រាយក្បោះក្បាយពីឋានៈពិតរបស់គេ បន្ទាប់មកសុំទោសដោយស្មោះត្រង់ថា៖
«ខ្ញុំគ្មានបំណងបិទបាំងនោះឡើយ ប៉ុន្តែកាលនោះខ្ញុំគ្រាន់តែតាមក្រុមទេពកោសល្យជនកៅស៊ីងទៅកាន់ឈីសួយមើលការប្រកួត បើបើកបង្ហាញឋានៈពិត ខ្ញុំខ្លាចថាធ្វើឱ្យមនុស្សគ្រប់គ្នាទើសទាល់។»
បន្ទាប់ពីមួយខណៈភ្ញាក់ផ្អើល នៅសុខៗនោះស៊ីងយៀកស្រាប់តែមានអារម្មណ៍រីករាយពុះកញ្ជ្រោលនៅក្នុងចិត្តយ៉ាងពិបាកថ្លែង។ ក្ដីរីករាយសម្ងាត់នោះប្រៀបដូចភ្លក់ភ្លើងក្រហម ឆាបឆេះនៅក្នុងបេះដូងនាង ធ្វើឱ្យបេះដូងនាងលោតញាប់ ថ្ពាល់សងខាងក្ដៅឆុរ។
នាងឱនក្បាលនៅស្ងៀមស្ងាត់ អ្នកណាមិនដឹងគិតថានាងខឹងសម្បាខ្លាំងណាស់។
ដូចអ្វីដែលជ័ងស៊ូគិតទុក ហ្វឹងឡុងមិនប្រកាន់ចិត្តរឿងនោះទេ គេសើចក្អាកក្អាយឡើង លាន់មាត់ពោលថា៖
«ហេតុនេះហើយទើបខ្ញុំតែងតែមានអារម្មណ៍ថា សាវតារបស់ទ្រង់និងអានានពិតជាចម្លែកណាស់ ប៉ុន្តែខ្ញុំមិននឹកស្មានថាទ្រង់ជាព្រះបុត្រា ចុះអានាន…»
«ព្រះនាងទីពីរកៅស៊ីង»
ហ្វឹងឡុងលើកចិញ្ចើម៖
«ព្រះនាង!»
គេងាកទៅនិយាយលេងដាក់ជីងនិងអ៊ីអ៊ីង៖
«អ្នកទាំងពីរឃើញខ្ញុំមានទឹកចិត្តខ្លាំងទេ ខ្ញុំអញ្ជើញទាំងព្រះបុត្រានិងព្រះនាងទៅចូលរួមជប់លៀងអបអរអ្នកទាំងពីរទៀតន៎!»
ជ័ងស៊ូក្ដោបដៃសម្ដែងការសុំទោស៖
«សូមមេត្តាអត់ទោសផង!»
អ៊ីអ៊ីងឈានទៅមុខ លំទោនកាយគោរពជ័ងស៊ូ៖
«យប់នោះមិនដឹងពីសាវតាព្រះបុត្រា អចេតនាធ្វើឱ្យបុត្រាត្រូវរបួស សូមព្រះបុត្រាលើកលែងទោស!»
ជ័ងស៊ូរហ័សបន្លឺឡើង៖
«មិនដឹងឥតទោស ម៉្យាងពួកយើងបានរាប់អានគ្នាជាមិត្តហើយ!»
ហ្វឹងឡុងសើចក្អាកក្អាយរីករាយ ពោលទៅកាន់ស៊ីងយៀក៖
«កុំខឹងទៀតអី អូនក៏តែងតែបិទបាំងឋានៈរាល់ពេលចេញទៅក្រៅដើរលេងដែរទេតើ ទ្រង់គ្មានចេតនាកុហកពួកយើងទេ ធ្វើបែបនេះដើម្បីធុរៈផ្ទាល់ខ្លួនប៉ុណ្ណោះ!»
អ៊ីអ៊ីងឱបស្មាស៊ីងយៀក សើចពោលថា៖
«ណ្ហើយចុះៗ យល់មុខព្រះបុត្រាបានសុំទោសហើយ លើកលែងឱ្យទ្រង់ទៅចុះ!»
ស៊ីងយៀកងើបមុខឡើង ក្រឡេកមើលមុខជ័ងស៊ូ ញញឹមពោលថា៖
«ពិន័យទ្រង់នាំពួកយើងដើរលេងនិងចេញប្រាក់!»
ជ័ងស៊ូញញឹមតប៖
«រឿងហ្នឹងប្រាកដណាស់!»
ជ័ងស៊ូនាំមិត្តភក្តិទាំងប្រាំនាក់ទៅហូបអាហារឆ្ងាញ់ៗនៅកៅស៊ីង។
តៀមតូចៗនៅយ៉ាងចូវមិនដូចកន្លែងផ្សេងទៀតទេ។ មិនថាតៀមតូចចង្អៀតប៉ុនណា តែងតែរៀបចំស្អាតបាតនិងតុបតែងយ៉ាងស្រស់ស្អាត។ ដោយសារទីកន្លែងនេះ រដូវទាំងបួនកក់ដ្ដៅ ផ្ការីកពេញមួយឆ្នាំ គ្រប់តៀមទាំងអស់សុទ្ធតែមានផ្កាស្រស់។
នៅតាមផ្លូវ ភ្ញៀវតែងលាន់មាត់សរសើរតំណក់សន្សើមផ្កា និងស្រង់ក្លិនផ្កាក្រអូបរីកនៅមុខផ្ទះនីមួយៗ។ នៅជុំវិញផ្ទះគឺរបងជញ្ជាំងពណ៌សនិងពណ៌ផ្កាឈូក ផ្លូវថ្មគ្រួសបៃតងដែលត្រូវបានលាងសម្អាតយ៉ាងស្អាត។
បុរសទាំងបីមិនជាចាប់អារម្មណ៍ខ្លាំង ប៉ុន្តែស៊ីងយៀកនិងអ៊ីអ៊ីងរំភើបរីករាយខ្លាំងណាស់។
ជ័ងស៊ូនាំពួកគេទៅកាន់តៀមអាហារមួយកន្លែង វល្លិ៍ឈើពណ៌បៃតងព្យួរសំយុងនៅក្រោមដំបូល បង្អួចតុបតែងដោយផ្កាស្រស់ក្រហមភ្លឺ នៅខាងមុខទ្វារមានព្រែកផ្សែងទឹកកកមួយជួរវែង ម្ចាស់តៀមត្រាំស្រានិងផ្លែឈើនៅក្រោមព្រែក។ ពេលមានភ្ញៀវ ទើបទាញកាទិនស្រាឡើង ចាក់ស្រានិងកាត់ផ្លែឈើឱ្យភ្ញៀវ។
ជ័ងស៊ូណែនាំ៖
«រាស្ត្រភូមិភាគកណ្ដាលចូលចិត្តផឹកស្រាធម្មតាឬកំដៅក្ដៅ ចំណែករាស្ត្រកៅស៊ីងចូលចិត្តផឹកស្រាត្រាំទឹកកក ស្រានេះចម្រាញ់ចេញពីផ្លែឈើព្រៃនៅលើភ្នំ សាកភ្លក់មើលទៅ!»
ស៊ីងយៀកក្រេបផឹកមួយក្អឹក សរសើរឡើងភ្លាម៖
«ឆ្ងាញ់ណាស់!»
អ៊ីអ៊ីងក៏ក្រេបផឹកបន្តិច ងាកភ្នែកមើលទៅក្រៅបង្អួច និយាយស្រពេចស្រពិល៖
«បើសិនអាចទម្លាក់ចោលអ្វីៗទាំងអស់ រស់នៅក្បែរគ្នាសុខសាន្តនៅទីនេះរហូត នោះនឹងគ្មានអ្វីនឹកសោកស្ដាយ។»
ស៊ីងយៀកផ្ទុះសើច៖
«ទូសានជីង ល្បងឮហើយឬនៅ?»
ជីងភ្ញាក់ទ្រឹង បន្ទាបភ្នែកចុះ នៅស្ងៀមស្ងាត់។ ហាវគ្រលៀសមុខអ៊ីអ៊ីងមួយច្បិច អកផឹករីកពែងស្រា។
តៀមមានភ្ញៀវពេញ ប៉ុន្តែមិនដូចបរិយាកាសអ៊ូអរឡូឡានៅភូមិភាគកណ្ដាលទេ ភ្ញៀវម្នាក់ៗហាក់ដូចជាទទួលឥទ្ធិពលពីផ្ទាំងទេសភាពដ៏ស្រស់ស្អាត ស្ងប់ស្ងាត់នៅទីនេះ ពួកគេជជែកគ្នាសន្សឹមៗ បន្ធូរអារម្មណ៍។
យ៉ាងណាមិញ ចំណីអារម្មណ៍ដែលមនុស្សលើកយកមកជជែកជុំវិញគឺច្រើនទាក់ទងទៅនឹងព្រះនាងធំកៅស៊ីង តាំងពីការបាត់ខ្លួនដ៏អាថ៌កំបាំង រហូតដល់ការវិលត្រលប់មកវិញដ៏ចម្លែករបស់នាង។
ហើយអ្វីដែលធ្វើឱ្យមនុស្សគ្រប់គ្នាស្ញប់ស្ញែងនោះគឺ សាវតារបស់នាង។ ជាព្រះបុត្រីរបស់អធិរាជស៊ុនទី ជាព្រះរាជនត្តារបស់អធិរាជហ័ងទី និងជាកូនសិស្សរបស់ព្រះម៉ែភ្នំអ៊ី។ មានមនុស្សដកដង្ហើមធំ៖
«អ្នកណាបានរៀបការជាមួយនាងប្រាកដជាមួយជំហានឡើងលើមេឃ!»
«អ្នកណាទៅដឹង ក្រែងលោនាងមុខអាក្រក់ដូចខ្មោច ទោះមួយជំហានឡើងលើមេឃ ប៉ុន្តែរាល់យប់ត្រូវរស់នៅជាមួយសុបិនអាក្រក់!»
ពួកបុរសៗនាំគ្នាផ្ទុះសំណើចលាន់។ ហ្វឹងឡុងឃើញជ័ងស៊ូនៅតែច្បិចញញឹម មើលដឹងថាគេមិនប្រកាន់រឿងទាំងនេះ ងឿងឆ្ងល់សួរ៖
«ប្អូនស្រីជីដូនរបស់ទ្រង់ទីបញ្ចប់ជាមនុស្សយ៉ាងណាទៅ?»
ជ័ងស៊ូសើចឡើង៖
«ថ្ងៃស្អែកចួប លោកនឹងដឹង»
ស៊ីងយៀករំអួយ៖
«ពួកខ្ញុំគឺជាមិត្តរបស់ទ្រង់ គួរណាផ្ដល់អាទិភាពដឹងមុនន៎!»
ជ័ងស៊ូតឹងតែង៖
«ខ្ញុំក៏មិនដឹងថាគួរនិយាយយ៉ាងណាដែរ!»
មនុស្សស្រីច្រើនឱ្យតម្លៃលើរូបសម្រស់ខាងក្រៅ ស៊ីងយៀកផ្អៀងក្បាលគន់គូរបន្តិច និយាយថា៖
«ប្រៀបជាមួយអានានយ៉ាងណាដែរ?»
ជ័ងស៊ូអកស្រាក្នុងពែងទ្រឹងគិតបន្តិច តបថា៖
«ពួកគេដូចជាផ្កានៅក្នុងសួននោះ ផ្កាអ៊ីងអ៊ីងស្អាតបែបផ្កាអ៊ីងអ៊ីង ផ្កាហ្វុងឡាងស្អាតបែបផ្កាហ្វុងឡាង ពិបាកប្រៀបធៀបណាស់!»
[ផ្កាអ៊ីងអ៊ីង: ផ្កាមាលតី; ផ្កាហ្វុងឡាង: ផ្កាអរគីដេ។]
ស៊ីងយៀកនៅតែមិនអស់ចិត្ត អ៊ីអ៊ីងសើចពោលថា៖
«ទោះជាផ្កាណាក៏សុទ្ធតែស្អាត និយាយរួមទៅ មិនធ្វើឱ្យអ្នកទាំងអស់គ្នាខកចិត្តទេ!»
ជ័ងស៊ូចង្អុលចានបន្លែខៀវនៅលើតុ៖
«នេះជាសារាយសមុទ្ទ ឆ្ងាញ់ហើយត្រជាក់ក្នុង អ្នកទាំងអស់គ្នាភ្លក់មើលទៅ!»
ហ្វឹងឡុងនិងហាវយល់ពីសម្ដីជ័ងស៊ូ គេមិនចង់បន្តនិយាយពីប្អូនស្រីជីដូនមួយរបស់គេ ទើបម្នាក់ៗកៀបបន្លែម្នាក់មួយចង្កឹះទៅភ្លក់ បន្ទាប់មកប្ដូរទៅជជែកពីភាពខុសគ្នារវាងអាហារនៅកៅស៊ីងនិងភូមិភាគកណ្ដាល។ ស៊ីងយៀកនិងអ៊ីអ៊ីងហូបបណ្ដើរជជែកបណ្ដើរ។
ជីងដាក់ដៃលើភ្លៅ ក្តាប់កណ្តាប់ដៃណែន តាំងពីដើមដល់ចប់នៅស្ងៀមរហូត។
ថ្ងៃទីដប់ប្រាំពាក់កណ្តាលរដូវរងា ភ្ញៀវទាំងឡាយប្រមូលផ្តុំគ្នានៅកំពូលភ្នំយៀនឈៀវ ដើម្បីចូលរួមនៅក្នុងពិធីសែនព្រេងមេឃដីនិងដូនតាបុព្វបុរសរបស់អធិរាជស៊ុនទីនិងព្រះបុត្រី ព្រមទាំងធ្វើជាសាក្សីនៃការយាងត្រលប់មកវិញរបស់ព្រះនាងធំកៅស៊ីង។
ដ្បិតជាមនុស្សចូលចិត្តសេរីភាព និងមិនចូលចិត្តរឹតបន្តឹង ប៉ុន្តែស៊ីវយ៉ាវយល់ច្បាស់ថានៅក្នុងជីវិតមានពេលខ្លះមនុស្សមិនអាចជ្រើសរើសអ្វីដែលពួកគេចូលចិត្ត ដូចជាថ្ងៃមួយនេះ។
នាងមិនយល់ហេតុអ្វីព្រះបិតានាងប្រារព្ធពិធីធំដុំឱឡារិកយ៉ាងនេះ ប៉ុន្តែនាងដឹងថានាងមិនអាចធ្វើឱ្យទ្រង់បាក់មុខឡើយ។ យូឈូនិយាយដដែលៗថា គ្រប់កាយវិការនិងគ្រប់ទង្វើរបស់នាង គឺសុទ្ធតែជាមុខមាត់របស់កៅស៊ីង សូម្បីតែកំហុសតូចមួយក៏អាចប៉ះពាល់ដល់នគរទាំងមូលដែរ។
ព្រឹកព្រលឹមអុល ស៊ីវយ៉ាវក្រោកឡើង លុបមុខលុបមាត់ ហូបអាហារទ្រាប់ពោះ បន្ទាប់មកអ្នកបម្រើនៅក្នុងវាំងមានទឹកដៃចំណានមកជួយនាងតុបតែង សិតសក់ ផាត់មុខ និងពន្យល់លំអិតបែបបទក្នុងពិធី។
នៅក្នុងអំឡុងពេលនោះ ជ័ងស៊ូរត់មកមើលនាង លើកទឹកចិត្តនាងកុំឱ្យភិតភ័យពេក ហើយប្រាប់នាងថា ពិធីរបស់កៅស៊ីងស្មុគស្មាញច្រើន ទាមទារខ្ពស់ មិនអាចចងចាំអស់ទេ បើជ្រុលមានកំហុសណាមួយ ត្រូវតាំងស្មារតីឱ្យនឹងនរ គ្មានអ្នកណាប្រទះដឹងឡើយ។
ស៊ីវយ៉ាវដឹងថា ជ័ងស៊ូតំណាងមុខអធិរាជហ័ងទីនៅក្នុងពិធីថ្ងៃនេះ គេនឹងរវល់ខ្លាំងណាស់ដែរ នាងប្រាប់គេឱ្យទៅធ្វើកិច្ចការរបស់គេចុះ កុំបារម្ភពីនាង។
ស៊ីវយ៉ាវសិតសក់និងផាត់មុខរួចរាល់ យូឈូកំពុងឈររង់ចាំនៅខាងក្រៅដំណាក់។
អ្នកបម្រើយករ៉ូបពិធីមក ស៊ីវយ៉ាវចូលចិត្តរ៉ូបថ្មីនេះណាស់។ ដោយសារតែខិតជិតពេលវេលា មិនមានពេលសម្រាប់ប៉ាក់ដិនច្រើន ជាងកាត់ដេរផ្ដោតលើសាច់ក្រណាត់ និងការតុបតែងនៅខាងក្រៅ។ រ៉ូបពណ៌សសុទ្ធនិងអាវផាយរួមបញ្ចូលគ្នាជាមួយគ្រាប់អង្កាំត្បូងពេជ្រ ថ្លៃថ្នូរនិងប្រណិត ស្លៀកពាក់ទៅមានអារម្មណ៍ស្រួលខ្លួនពាក់ជាងរ៉ូបលើកមុន។
ប៉ុន្តែនៅពេលអ្នកបម្រើលាតរ៉ូបពិធីចេញ ម្នាក់ៗនាំគ្នាស្រែកចាចឡើងយ៉ាងរន្ធត់។ ស៊ីវយ៉ាវងាកក្រោយទៅមើល ឃើញថាជើងសំពត់រហែកមួយកំណាត់និងមានស្នាមប្រឡាក់ខ្មៅជាច្រើនទៀត។ ក្រោយពេលពិនិត្យដិតដល់ អ្នកបម្រើម្នាក់ខាងបោកអ៊ុត ខឹងចិត្តថា៖
«នេះជាទឹកស្លឹកថ្នាំកិនម៉្យាងនៅភ្នំហ្វុងឡាយ មិនអាចបោកជ្រះទេ!»
មនុស្សគ្រប់គ្នាមានមុខនៅក្នុងដំណាក់ពេលនេះ ស្លេកស្លាំងមុខ ភ័យខ្លាច។ អធិរាជស៊ុនទី ជាមនុស្សស្ងប់ស្ងាត់ កម្រក្រេវក្រោធ ប៉ុន្តែដរាបណាទ្រង់ផ្ទុះកំហឹង នោះនឹងក្លាយជាសុបិនអាក្រក់ដ៏គួរឱ្យខ្លាចបំផុត។ អ្នកបម្រើរាជវាំងជាច្រើនចាប់ផ្តើមយំផ្តឺតផ្តក់។
ស៊ីវយ៉ាវដកដង្ហើមធំ អានានពិតជាមិនដឹងមេឃខ្ពស់ដីក្រាស់ជាអ្វី! នាងបើកទូស្រវាទាញអាវមួយ យកមកពាក់សិន និយាយទៅកាន់អ្នកបម្រើតែមួយគត់ដែលនៅឈរហ្នឹង៖
«ឆាប់អញ្ជើញលោកម្ចាស់យូឈូមកទីនេះ សួរមើលថាតើគេមានវិធីស្រោចស្រង់ទេ?»
ខណៈចូលមកដល់ គ្មានពេលសួរនាំ យូឈូស្ទុះរត់ទៅពិនិត្យសម្លៀកបំពាក់ ទឹកមុខប្រែប្រួល គេក្រោធឡើងដេញដោល៖
«អ្នកណាជាអ្នកធ្វើ? បើឱ្យយើងរកមុខឃើញ យើងនឹងកាត់ក្បាលគ្រួសារគេទាំងមូល!»
ស៊ីវយ៉ាវហៃអើតប៖
«អ៊ីចឹងលោកត្រូវរាប់ទាំងព្រះបិតាចូលផង!»
កំហឹងឡើងដល់ក យូឈូព្រួសពាក្យប្រចោល៖
«នាងច្រម៉ក់អានាន! ចង់យកក្បាលពួកយើងច្បាស់ណាស់នៀក!»
អ្នកបម្រើជាច្រើនអត់ទ្រាំមិនបានទ្រហោយំឡើង៖
យូឈូចង្អុលក្ដោងច្រមុះរបស់ស៊ីវយ៉ាវ សំឡេងញាប់ញ័រស្រែកបន្ទោស៖
«ទ្រង់កុំធ្វើពើដូចមិនពាក់ព័ន្ធ! អានានប្រាកដជាបង្ករឿងបែបនេះជាច្រើនដងហើយ ព្រោះតែទ្រង់តែងតែអត់ឱនឱ្យនាង! បងប្អូនអ្នកទាំងពីរឈ្លោះគ្នា តែអ្នកកំបុតក្បាលគឺពួកយើងឯណេះទេ!»
ពួកអ្នកបម្រើកាន់តែស្រែកយំខ្លាំងឡើង ថែមទាំងមានមនុស្សខ្លះដួលទៅលើដី ខ្យល់គសន្លប់។
ស៊ីវយ៉ាវឈ្លីៗខ្ទង់ច្រមុះខ្លួនឯង សើចស្ញេញ៖
«លោកម្ចាស់យូឈូ សម្តែងល្ខោនក៏សម្ដែងល្មមៗបានហើយ បើចង់ឱ្យខ្ញុំសហការជាមួយលោក និយាយត្រង់ៗមកចុះ ខ្ញុំនឹងស្តាប់តាមលោក!»
មានភាគបន្ត…
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ