យូឈូស្ងប់អារម្មណ៍ឡើងវិញមួយរំពេច ញញឹមញញែម ឱនក្បាលទៅស៊ីវយ៉ាវ៖
«នៅមានវិធីស្រោចស្រង់រឿងនេះ ព្រះនាងនៅចាំរ៉ូបពិធីដែលមើលនៅលើកដំបូងទេ?»
«អ្ហឹម»
ស៊ីវយ៉ាវនឹកឃើញដំណោះស្រាយនេះតាំងពីយូរ ទើបហៅមនុស្សអញ្ជើញយូឈូមក។ យូឈូធ្វើពុតជាតឹងតែង៖
«ឥឡូវនេះគឺមានតែស្លៀកពាក់រ៉ូបពិធីនោះតែប៉ុណ្ណោះ តែព្រះអង្គមិនចូលចិត្តរ៉ូបពិធីនោះទាល់តែសោះ នៅពេលនេះបើរង់ចាំទៅសុំរាជានុញ្ញាតពីព្រះអង្គគឺមិនទាន់ទេ ពួកយើងត្រូវឆាប់សម្រេចចិត្ត ប៉ុន្តែបើព្រះអង្គសួរទោស…»
«ខ្ញុំជាអ្នករ៉ាប់រង!»
ស៊ីវយ៉ាវញញឹមពព្រាយសម្លឹងមុខយូឈូ កែវភ្នែកខិលខូចហាក់ដូចចង់និយាយថា៖ នេះជាអ្វីដែលលោកម្ចាស់រំពឹងទុកមែនទេ?
យូឈូសើចខឹកៗ មួយរយៈពេលនេះទទួលខុសត្រូវរៀបចំពិធី ថ្ងៃណាក៏គេមកចួបព្រះនាងដែរ។ គេចាប់ផ្ដើមយល់ជាបណ្ដើរៗ ថាហេតុអ្វីអធិរាជស៊ុនទីស្រលាញ់ព្រះនាងខ្លាំងម្ល៉េះ។
យូឈូលំទោនកាយលាស៊ីវយ៉ាវ៖
«ទូលបង្គំហៅមនុស្សរៀបចំភ្លាម!»
ពួកអ្នកបម្រើឮថានៅមានរ៉ូបពិធីមួយទៀត នាំគ្នាបាត់ស្លុតត្រេកអរឡើង។ ស៊ីវយ៉ាវទះដៃរំសាយ៖
«បានហើយៗ អ្នកណាធ្វើកិច្ចការណាទៅធ្វើកិច្ចការហ្នឹងចុះ អ្នកទាំងអស់គ្នាកុំបារម្ភ ដូចខ្ញុំប្រាប់លោកម្ចាស់យូឈូអ៊ីចឹង បើមានរឿងអី ខ្ញុំជាអ្នករ៉ាប់រង!»
គ្រប់គ្នាភ្ញាក់ស្មារតីវិញ លើកដៃជូតទឹកភ្នែក ទៅធ្វើកិច្ចការរៀងខ្លួន។
អ្នកដែលធ្លាប់ឃើញរ៉ូបពិធីលើកដំបូង ភ្លាមៗនោះហៅអ្នកបម្រើកែសក់និងផាត់មុខជាថ្មី។ អ្វីៗគ្រប់យ៉ាងរួចរាល់ យូឈូក៏បានយករ៉ូបពិធីមកដល់។ អ្នកបម្រើប្រាំបីនាក់បម្រើស៊ីវយ៉ាវផ្លាស់ប្តូរសម្លៀកបំពាក់។
ខណៈពេលកំពុងរឹតចង្កេះ អ្នកបម្រើម្នាក់ស្រែកឡើង អ្នកបម្រើពីរនាក់ខំប្រឹងចាប់ទាញ។ ស៊ីវយ៉ាវឈឺថ្ងូរ៖
«អីយ៉ូយ! ជិតបាក់ចង្កេះខ្ញុំហើយ!»
អ្នកបម្រើប្រាំបីនាក់រវៀងរវៃ រហ័សរហួន រត់ទៅរត់មកដូចហ្វូងមេអំបៅ ទីបំផុតស្លៀកពាក់ចប់សព្វឱ្យស៊ីវយ៉ាវ។
យូឈូឈរនៅខាងក្រៅស្រែកតឿន៖
«ពេលវេលាល្អជិតមកដល់ហើយ រួចរាល់ហើយឬនៅ?»
«រួចរាល់ហើយ! រួចរាល់ហើយ!»
អ្នកបម្រើស្រែកតបវិញ។
ស៊ីវយ៉ាវដើរចេញក្នុងសភាពរឹងកញ្ជ្រឹង អ្នកបម្រើបួននាក់លន់ជង្គង់ ពត់ខ្នង លើកស្បៃសំពត់បង្អូសវែងលើដី។
យូឈូមិនបង្អង់នៅយូរទៀត រហ័សលំទោនកាយអញ្ជើញស៊ីវយ៉ាវឡើងរទេះពពក។
អ្នកបម្រើពីរនាក់រហ័សឡើងរទេះមុនរង់ចាំទទួលព្រះនាង អ្នកបម្រើពីរឈរនៅខាងក្រោមជួយទប់ព្រះនាង។ មនុស្សបួននាក់រួមកម្លាំងគ្នាទីបំផុតអាចលើកស៊ីវយ៉ាវឡើងរទេះពពក។
ស៊ីវយ៉ាវគ្មានអារម្មណ៍និយាយស្ដី នាងបិទភ្នែករិះនឹកបែបបទនៃដំណើរការពិធីទាំងមូល។
នៅពេលរទេះពពកហោះទៅដល់សាលអាសនៈ អ្នកបម្រើជាច្រើននាក់ទៀតកំពុងរង់ចាំនៅទីនោះ ជួយគ្រាហ៍ស៊ីវយ៉ាវចុះ នាំនាងចូលទៅក្នុងតង់ពពក ទុកឱ្យអ្នកបម្រើពិនិត្យមើលនិងកែសម្រួលសម្លៀកបំពាក់ជាលើកចុងក្រោយ។ យូឈូដើរចូលទៅ បន្ទាបសំឡេង និយាយថា៖
«មិនថាមានមនុស្សច្រើនប៉ុនណាសម្លឹងមើលព្រះនាង សូមចាត់ទុកថាពួកគេមិនស្ថិតស្ថេរ។»
ស៊ីវយ៉ាវក្រឡេកមុខគេមួយធ្មេចភ្នែក៖
«មើលទៅលោកតឹងតែងជាងខ្ញុំទៅទៀត!»
សំឡេងវាយជួងបន្លឺឡើង យូឈូពោលទៅស៊ីវយ៉ាវ។
«ដល់ពេលវេលាហើយ!»
ស៊ីវយ៉ាវដកមួយដង្ហើមធំ ប្រាប់ខ្លួនឯងស្ងាត់ៗ។ មិនអីទេ ព្រះបិតាកំពុងរង់ចាំឯងនៅលើទីអាសនៈ ថ្ងៃនេះក៏ដូចជាថ្ងៃលមើលសម្លៀកបំពាក់ដំបូងដែរ គ្រាន់តែត្រូវឡើងជណ្តើរថែមទៀតប៉ុណ្ណោះ។
ស៊ីវយ៉ាវដើរយឺតៗចេញពីតង់ពពក អ្នកបម្រើស្វិតស្វាញរៀបចំសម្លៀកបំពាក់របស់នាង។
កំពូលទីអាសនៈសាងសង់ពីថ្មគជ់ស មានកាំជណ្ដើរសរុបកៅសិបប្រាំបួនកាំ កាន់តែឡើងខ្ពស់កាន់តែតូចចង្អៀត។ ទីអាសនៈដ៏អស្ចារ្យស្ថិតនៅលើកំពូលភ្នំយៀនឈៀវ អង្គរក្សយាមកាមទាំងបួនទិស សុទ្ធតែកំពូលទាហានខ្លាំងក្លាបំផុតរបស់កៅស៊ីង អានុភាពហំហានស្ថិតក្នុងអាវក្រោះពាសដែក ទិដ្ឋភាពនោះធ្វើឱ្យមនុស្សកាន់តែស្ញប់ស្ញែងនិងខ្លបខ្លាច។
ភ្ញៀវកត្តិយសទាំងអស់ស្លៀកពាក់ថ្លៃថ្នូរ ឈរនៅក្រោមវេទិកា ស្ងៀមស្ងាត់ងើយភ្នែកមើលឡើងទៅលើទីអាសនៈ។
អានានសើចបញ្ឆិតមាត់ ហេសហាស់រង់ចាំមើល។
ជ័ងស៊ូស្ងប់ស្ងាត់ផងអន្ទះសារផង គ្រាដ៏សំខាន់នេះមិនត្រឹមតែប្រកាសការវិលត្រលប់មកវិញរបស់ស៊ីវយ៉ាវតែប៉ុណ្ណោះទេ ក៏ជាការវិលត្រលប់មកវិញរបស់គេផងដែរ។
ជីងក៏កំពុងរង់ចាំយ៉ាងអន្ទះសារ។ គេទន្ទឹងរង់ចាំចង់ឃើញរូបរាងពិតរបស់ស៊ីវយ៉ាវប៉ុនណា? ឥឡូវនេះបំណងប្រាថ្នានោះជិតក្លាយជាការពិត។ ប៉ុន្តែគេអន្ទះសារខ្លាំងណាស់ ព្រោះគេកំពុងឈរនៅក្នុងចំណោមហ្វូងមនុស្សជាច្រើន ឃ្លាតឆ្ងាយពីរូបនាង។
ខណៈពេលនេះ ព្រះអាទិត្យរះឡើងខ្ពស់ រះបំភ្លឺគ្រប់ទិសទី សំឡេងជួងពិរោះរណ្តំ សុភាពនារីមានរូបសម្រស់ស្រស់ស្អាតគួរឱ្យស្រលាញ់កំពុងបោះជើងឆ្ពោះឡើងទៅទីអាសនៈ។ សក់ខ្មៅភ្លឺរលោងចងបួងឡើងស្អាត រ៉ូបវែងរឹតចង្កេះអង្ក្រងពណ៌សស្គុសកាន់តែទាក់ទាញរូបរាងដ៏តូចច្រឡឹងរបស់នាង។
អាវផាយរលាស់ស្រិល ប៉ាក់រូបផ្កាអង្គាសីល៍និងហង្សសួគ៌ជាមួយអំបោះចែសក្រហមនិងខ្មៅ តាមគន្លងជើងរបស់នាង បង្អូសវែងលើកាំជណ្ដើរ។ ផ្កាអង្គាសីល៍ក្រហមឆ្អៅរីកចោមព័ន្ធពីគល់ចង្កេះរបស់នាង លាតសន្ធឹងចុះវែងអន្លាយ ធ្វើឱ្យមនុស្សឃើញមានអារម្មណ៍ថាដូចផ្កាធ្លាក់រសាយ គ្របដណ្ដប់កាំជណ្ដើរថ្មគជ់ស។
នារីស្រស់ស្អាតឆ្ពោះឡើងកាំជណ្ដើរ តាមសំឡេងវាយជួងមួយទំនុកៗ នាងងើបក្បាលឡើងបន្តិច ភ្នែកមើលត្រង់ទៅលើកំពូលភ្នំ ស្បែកសរលោងដូចព្រិល សម្រស់ស្រស់បំព្រង ដៅផ្កាអង្គាសីល៍ក្រហមឆ្អៅតូចនៅចន្លោះថ្ងាស ធ្វើមនុស្សគន់មើលឈ្លក់វង្វេង ធ្លាក់ក្នុងអន្លង់ស្នេហ៍។
តាហ័ងទាំងមូលសម្រុកប្រមូលផ្តុំគ្នានៅទីនេះដើម្បីរូបនាង ប៉ុន្តែនាងត្រជាក់ស្រេង ព្រងើយកន្តើយ បបូរមាត់បិទជិត មិនបង្ហាញអារម្មណ៍រីករាយណាសូម្បីតែបន្តិច។ កែវភ្នែករបស់នាងរំលេចភាពតានតឹងនិងភាពនឿយហត់ ថែមទាំងមើលទៅឡកឡើយនិងមើលស្រាល។
មិនច្បាស់ថា មកពីពន្លឺព្រះអាទិត្យចែងចាំងខ្លាំងពេក ឬមកពីផ្កាអង្គាសីល៍រលេញភ្លឺរ៉ាយប៉ាយពាសពេញដី ធ្វើឱ្យមនុស្សគ្រប់គ្នាចាំងភ្នែក ឡើងស្រវាំង។ មនុស្សគ្រប់គ្នាមានអារម្មណ៍ថាអ្វីៗដ៏អស្ចារ្យនិងភាពស្រស់ស្អាតទាំងនោះគឺដូចជាភក់មួយក្តាប់តូចនៅក្រោមជើងរបស់នាង។
ជ័ងស៊ូនិងជីងឈរនៅជួរទីមួយ ជាមនុស្សមើលឃើញនាងច្បាស់បំផុត។ ជ័ងស៊ូមានអារម្មណ៍តឹងចិត្ត ប៉ុន្តែមិនដឹងថាគេតឹងចិត្តរឿងអ្វី។
ចំណែកជីង គេមានអារម្មណ៍ថា អ្វីៗដែលភ្លឺត្រចង់និងចែងចាំងនៅចំពោះមុខទាំងអស់នោះផ្ទុកសេចក្ដីអសុវត្ថិភាព។ គេក្ដាប់កណ្ដាប់ដៃណែន ដូចចង់ក្ដាប់ចាប់អ្វីមួយ ប៉ុន្តែមិនអាចចាប់បាន។
ស៊ីវយ៉ាវឈប់ជើងយឺតៗនៅមុខអធិរាជស៊ុនទី ក្រាបថ្វាយបង្គំទ្រង់។ អធិរាជស៊ុនទីដកដង្ហើមធំស្ងាត់ៗ ព្រេងវាសនាចំណារដំណើរផ្លូវរៀងៗខ្លួន គ្មានអ្នកណាម្នាក់អាចជ្រៀតជ្រែកឬរារាំងឡើយ។
អធិរាជស៊ុនទីនិងព្រះបុត្រី ធ្វើពិធីសែនព្រេងមេឃដីនិងបួងសួងដូនតាបុព្វបុរសកៅស៊ីង។ ខួរក្បាលរបស់ស៊ីវយ៉ាវទទេស្អាត នាងគិតតែឱនក្បាលសំពះហើយសំពះទៀត មាត់សូត្រពាក្យបួងសួង សុំប្រសិទ្ធិពរជ័យដ៏ស្មុគស្មាញទាំងនោះ។
ពឹងលើការបង្ហាត់បង្រៀនជាច្រើនថ្ងៃរបស់យូឈូ ពេលនេះដ្បិតនាងស្ថិតក្នុងសភាពគ្មានអារម្មណ៍អ្វី តែនាងនៅតែបំពេញកិច្ចការនេះបានយ៉ាងល្អជាងធម្មតា។ ស៊ីវយ៉ាងរទូរទាំក្នុងចិត្ត រឿងទាំងនេះកាន់តែធ្វើកាន់តែដូចរូបស្មូន មនុស្សក្រៅមើលទៅមានអារម្មណ៍ថានាងស៊ាំនឹងបែបបទពិធីទាំងនេះ។
លុះរហូតដល់រាងកាយទាំងមូលរបស់ស៊ីវយ៉ាវស្ទើរតែស្ពឹកអស់ ទើបឮមនុស្សស្រែកប្រកាសថាពិធីបានបញ្ចប់។ ភ្ញៀវកត្តិយសនាំគ្នាបែកហ្វូងចាកចេញទៅវិញ។
ខណៈឡើងលើរទេះពពកភ្លាម ស៊ីវយ៉ាវដកដង្ហើមធូរទ្រូង។ អធិរាជស៊ុនទីសួរថា៖
«ហត់ទេ?»
ស៊ីវយ៉ាវងក់ក្បាល អធិរាជស៊ុនទីមានបន្ទូលថា៖
«ទៅដល់ដំណាក់វិញ ដោះសម្លៀកបំពាក់ចេញ សម្រាកឱ្យស្រួលចុះ ពិធីជប់លៀងយប់នេះ ចង់មកក៏បាន មិនចង់មកក៏មិនអីដែរ!»
«បិតាមិនហត់ទេហ្អេស?»
ស៊ីវយ៉ាវអាចមិនទៅចូលរួម ប៉ុន្តែអធិរាជស៊ុនទីត្រូវតែទៅចូលរួម ទោះទ្រង់មិនចង់ចូលចិត្តពិធីទាំងនោះទាល់តែសោះ។
«បិតាទម្លាប់ហើយ!»
«ម្ដេចបិតាមិនសួរបុត្រហេតុអ្វីស្លៀកពាក់រ៉ូបពិធីដែលបិតាមិនចូលចិត្តនេះ?»
«ច្បាស់ជាអានានធ្វើឱ្យខូចសម្លៀកបំពាក់នោះរបស់បុត្រ»
«បុត្រដឹងថាបិតាយល់ពីល្បិចកំហូចរបស់អានាន!»
[ន័យបង្កប់: មើលដឹងមុន ទើបមានចេតនាកាត់រ៉ូបពិធីពីរ អាណិតតែយូឈូខំបែកញើសរត់ទៅរត់មក!]
«បើដឹងរឿងនេះតាំងពីដំបូង បិតានឹងអប់រំនាងតឹងរ៉ឹងជាងនេះ ប៉ុន្តែ… ចរិតរឹងរូសរបស់អានាន គឺគ្រាន់តែចង់បិទបាំងការច្រណែននិងការភ័យខ្លាចរបស់នាងប៉ុណ្ណោះ ពេលមានតែនាងម្នាក់ នាងគឺតែមួយដាច់គេ គ្មានអ្នកណាអាចប្រៀបធៀបបាន ឥឡូវនេះមានថែមបុត្រម្នាក់ទៀត នាងប្រាកដជាប្រៀបធៀបគ្នា មនុស្សដែលធ្វើឱ្យនាងស្ងប់ចិត្ត គឺមានតែបិតានិងជ័ងស៊ូ ហេតុនេះ បិតាមិនអាចទុកឱ្យនាងមានអារម្មណ៍ថាបិតាលំអៀង ទើបមានតែស្រលាញ់ថ្នាក់ថ្នមនាងច្រើនជាងមុន ក្រៅពីនេះ បិតាយល់ថា មានរឿងខ្លះជារឿងផ្ទាល់ខ្លួនរវាងបងប្អូនស្រីពួកបុត្រ ពួកបុត្រត្រូវដោះស្រាយដោយខ្លួនឯង»
ស៊ីវយ៉ាវអាចយល់ពីការភ័យខ្លាចរបស់អានាន។ អានានខ្លាចស៊ីវយ៉ាវដណ្ដើមយកឪពុកនាងនិងជ័ងស៊ូ ប៉ុន្តែចុះអ្វីដែលអានានច្រណែននោះមកពីណា? ស៊ីវយ៉ាវញញឹមក្រៀមក្រំ៖
«បុត្រនឹងដោះស្រាយរឿងនេះ ប៉ុន្តែនាងចង់រង់ចាំដល់នាងបញ្ចេញកំហឹងឆ្អែតឆ្អន់!»
អធិរាជស៊ុនទីនៅសុខៗដកដង្ហើមធំ៖
«នៅក្នុងជីវិតនេះ បិតាបានដោះដូររបស់ដែលបិតាមានប្ដូរយករបស់ដែលបិតាចង់បាន។ ទោះបីបិតានឹកស្ដាយ តែបិតាមិនដែលស្ដាយក្រោយឡើយ។ រឿងតែមួយគត់ដែលបិតាព្រួយបារម្ភគឺបងប្អូនស្រីពួកបុត្រទាំងពីរនាក់ បើពួកបុត្រទាំងពីរអាចទទួលយកគ្នា មើលថែគ្នា នោះបិតានឹងមិនបាច់ព្រួយបារម្ភអ្វីទៀតឡើយ។»
អធិរាជស៊ុនទីកម្រឃើញបង្ហាញអារម្មណ៍សោកសៅបែបនេះណាស់ ទើបស៊ីវយ៉ាវក៏មានអារម្មណ៍ឈឺអួលៗដើមទ្រូងផងដែរ។ យ៉ាងណាមិញ វាសនាមនុស្សពិតជាចម្លែកណាស់ មនុស្សម្ខាងនេះមានចិត្ត មិនប្រាកដថាមនុស្សម្ខាងទៀតទទួលយកឡើយ។
ស៊ីវយ៉ាវមិនមានទំនុកចិត្តគ្រប់គ្រាន់ ពង្រឹងទំនាក់ទំនងរបស់នាងជាមួយអានានដូចដែលឪពុកនាងរំពឹងទុក។ នាងមិនអាចសន្យាជាមួយឪពុកនាង ប៉ុន្តែនាងនឹងខំប្រឹងឱ្យអស់ពីសមត្ថភាព។
រទេះពពកចុះចតនៅរាជវាំងស៊ឺអ៊ីង អធិរាជស៊ុនទីវិលទៅដំណាក់ចាវហួយ ងូតទឹកផ្លាស់សម្លៀកបំពាក់ សម្រាកមួយសន្ទុះ រួចយាងទៅកាន់សួនច្បារអ៊ីឈិនយៀនចូលរួមពិធីជប់លៀង។ ចំណែកស៊ីវយ៉ាវវិលទៅដំណាក់ម៉ីងសា។
យល់ច្បាស់ពីនាង អ្នកបម្រើជួយនាងដោះសម្លៀកបំពាក់និងគ្រឿងអលង្ការចេញយ៉ាងលឿន។ បន្ទាប់ពីបញ្ចប់រួចរាល់ ស៊ីវយ៉ាវត្រាំខ្លួនក្នុងទឹកក្តៅឧណ្ហៗ មានអារម្មណ៍ថារាងកាយដូចរស់ឡើងវិញ។
ស៊ីវយ៉ាវលែងស្ញប់ស្ញែបចង្កេះតូចស្ដើងរបស់មនុស្សស្រី នាងបញ្ជាអ្នកបម្រើជ្រើសរើសសម្លៀកបំពាក់រលុងឱ្យនាងស្លៀកពាក់ បន្ទាប់មកនាងក៏លាតជើងលាតដៃ ដេកផ្ងារខ្នងនៅលើគ្រែ ទុកឱ្យអ្នកបម្រើសិតសក់របស់នាងតាមចិត្ត។ អ្នកបម្រើម្នាក់ជួយចាប់រឹតសរសៃឈ្លីក្បាលរបស់នាង នាងស្រួលខ្លួនដេកលក់ទៅ។
បន្ទាប់ពីបញ្ចប់ភារកិច្ច ស៊ីវយ៉ាវដេកយ៉ាងស្កប់ស្កល់ មិនដឹងថាមានមនុស្សប្រុសស្រីរាប់មិនអស់កំពុងជជែកពីនាងនៅសួនច្បារអ៊ីឈិនយៀន។
ស៊ីងយៀកនិងអ៊ីអ៊ីងតោងទាមជ័ងស៊ូ រំអុកសួរនាំ៖
«ហៅប្អូនស្រីជីដូនមួយរបស់ទ្រង់មក ពួកខ្ញុំចង់ស្គាល់ព្រះនាង!»
ហ្វឹងឡុងនិងពួកអ្នកប្រុសៗគ្រួសារផ្សេងទៀតមិននិយាយអ្វី ប៉ុន្តែបង្វែរភ្នែកទន្ទឹងរង់ចាំទៅរកជ័ងស៊ូ។ ជ័ងស៊ូមានអារម្មណ៍ឈឺក្បាល៖
«អារម្មណ៍របស់នាងឥតទៀង ខ្លាចក្រែងតែមិនព្រមចេញមកទេ»
អ្នកប្រុសគ្រួសារខាងបន្លឺឡើង៖
«ពួកខ្ញុំដឹងថាព្រះនាងឫកធំទើបត្រូវការពឹងពាក់ទ្រង់»
ស៊ីងយៀកពោលទៅជ័ងស៊ូ៖
«ពួកយើងជាមិត្តមែនទេ? បើថ្ងៃក្រោយមានមនុស្សសួរពួកយើងថាស្គាល់ប្អូនស្រីជីដូនមួយរបស់ព្រះបុត្រាជ័ងស៊ូទេ? ឬមួយឱ្យពួកយើងឆ្លើយថាពួកយើងស្គាល់ព្រះនាង តែព្រះនាងមិនស្គាល់ពួកយើងទេ?»
ម្នាក់នេះមួយម៉ាត់ម្នាក់នោះមួយម៉ាត់ ជ័ងស៊ូមិនដឹងថាគួរឆ្លើយតបយ៉ាងណា គេងាកទៅសុំជំនួយពីជីង។
«ជួយខ្ញុំពន្យល់ពួកគេផង»
ជីងតាំងពីដើមដល់ចប់នៅស្ងៀមទ្រឹងរហូត លុះខណៈពេលនេះទើបគេបន្លឺឡើង៖
«អ្នកទាំងអស់គ្នាកុំបង្ខំទ្រង់ទៀត!»
ហ្វឹងឡុងសើចឡើង៖
«មែនហើយៗ! អ្នកទាំងអស់គ្នាកុំធ្វើឱ្យទ្រង់ពិបាកអី ពួកយើងនៅមានឱកាសច្រើនទៀតរាប់អានស្គាល់គ្នា កុំប្រញាប់អី។»
ស៊ីងយៀកនិងអ៊ីអ៊ីងឈប់ទទូច ចំណែកអ្នកផ្សេងទៀតក៏មិនហ៊ានបង្ខិតបង្ខំទៀត បរិយាកាសកាន់តែស្ងប់ស្ងាត់ សន្សឹមៗភ្ញៀវទាំងឡាយក៏បំបែកគ្នាចេញទៅ។
ជ័ងស៊ូលួចខ្សឹបៗអរគុណជីង ជីងនៅសុខៗបន្លឺស្រាលថា៖
«ខ្ញុំចង់ចួបស៊ីវយ៉ាវ!»
ក្រសែភ្នែករបស់ជ័ងស៊ូផ្លាស់ប្ដូរភ្លាមមួយរំពេច គេគិតមួយសន្ទុះសើចពោល៖
«ខ្ញុំអាចជួយលោកនាំពាក្យ ចួបឬអត់គឺឋិតលើនាង»
ជីងតប៖
«អរគុណ! រំខានទ្រង់ប្រាប់នាងថាខ្ញុំរង់ចាំនៅក្រៅគុកគ្រោងឆ្អឹងនាគក្រោមជើងភ្នំ»
ជ័ងស៊ូងឿងឆ្ងល់ សើចពោល៖
«កន្លែងនោះពិតជាស្ងាត់ល្អមែន តែមិនមែនជាកន្លែងស័ក្តិសមណាត់ចួបមនុស្សស្រីទេ»
ជីងឱនគោរពជ័ងស៊ូ បន្លឺស្រាលថា៖
«រំខានទ្រង់ជួយនាំពាក្យផង!»
និយាយចប់ គេបោះជំហានដើរចេញទៅស្ងាត់ៗ។
ជ័ងស៊ូបញ្ជាអ្នកបម្រើចំណិតនាំពាក្យទៅកាន់ស៊ីវយ៉ាវ។
ស៊ីវយ៉ាវទើបតែភ្ញាក់ពីគេង នាងកំពុងហូបអាហារ ឮអ្នកបម្រើរបស់ជ័ងស៊ូនិយាយថា ស៊ឺឈីរង់ចាំនៅក្រៅគុកគ្រោងឆ្អឹងនាគ នាងត្រេកអរផងព្រួយបារម្ភផងនិងភិតភ័យផង មិនយល់ថានោះជាអារម្មណ៍អ្វីឱ្យប្រាកដ។ នាងបង្ហើយអាហារនៅលើតុ លុបមាត់ឱ្យស្អាត ធ្វើខ្លួនធម្មតានឹងនរផ្ដែផ្ដាំអ្នកបម្រើ៖
«ខ្ញុំត្រូវចេញទៅចួបភ្ញៀវ ជួយខ្ញុំជ្រើសរើសសម្លៀកបំពាក់ណាទាក់ភ្នែកបន្តិច!»
ពួកអ្នកបម្រើលើកដំបូងឮថា ព្រះនាងស្មើរសុំតុបតែងខ្លួនឱ្យស្អាត ពួកគេរំភើបចិត្តជាខ្លាំង ភ្លាមៗនោះនាំគ្នាទៅប្រមូលសម្លៀកបំពាក់ទាំងអស់ឱ្យព្រះនាងជ្រើសរើស។
ពួកគេវែកញែកពិភាក្សាគ្នាយ៉ាងយូរ ក្រោយមកពួកគេបានជ្រើសរើសបីឈុត។
«ព្រះចន្ទយប់នេះភ្លឺក្រឡង់ ព្រះនាងស្លៀកពាកឈុតទាំងបីនេះប្រាកដជាស្រស់ស្អាតខ្លាំងណាស់។»
ស៊ីវយ៉ាវបារម្ភសួរ៖
«រឹតចង្កេះទៀតទេ?»
អ្នកបម្រើម្នាក់ឈ្មោះស៊ឺម៉ីរហ័សតប៖
«យប់ឡើងស្លៀកពាក់រលុងខ្ញាល់គឺមើលទៅដូចស្ត្រីពោះធំអ៊ីចឹង!»
អ្នកបម្រើឈ្មោះសានហូសើចលឹបភ្នែក ពោលថា៖
«ព្រះនាងម្ចាស់ ទោះពួកខ្ញុំចង់ស្លៀកពាក់បែបនេះក៏មិនអាចដែរ ព្រោះចង្កេះរបស់ពួកខ្ញុំមិនតូចគ្រប់គ្រាន់ ជើងក៏មិនវែងគ្រប់គ្រាន់ដែរ ព្រះនាងស្លៀកពាក់ស្រស់ស្អាតយ៉ាងនេះ ហេតុអ្វីមិនព្រមស្លៀកពាក់?»
ស៊ីវយ៉ាវឈ្លេចសួរ៖
«ស្អាតមែនហ្អេស?»
អ្នកបម្រើទាំងអស់ងក់ក្បាលព្រមគ្នាប្រាកដចិត្ត។ ស៊ីវយ៉ាវគិតថា នេះជាលើកដំបូងដែលនាងចួបជីងនៅក្នុងរូបរាងជាមនុស្សស្រី ហេតុនេះទើបនាងសម្រេចចិត្តលះបង់ខ្លួនដើម្បីភាពស្រស់ស្អាត។
ស៊ីវយ៉ាវជ្រើសរើសរ៉ូបសំពត់ពណ៌សសុទ្ធ គែមដៃអាវនិងចុងស្បៃសំពត់ប៉ាក់ចែសពណ៌បៃតង។ ពេលនាងបោះជំហានដើរទៅមុខ ចែសពណ៌បៃតងរំលេចចេញតាមកាយវិការដៃនិងជំហានដើរ មើលទៅគួរឱ្យស្រលាញ់ណាស់។ អ្នកបម្រើជួយបួងសក់ឱ្យនាងពាក់កណ្ដាលក្បាល ដោតស្នៀតសក់ត្បូងហ្វីស៊ី។
នៅពេលនាងដើរ គ្រាប់អង្កាំត្បូងហ្វីស៊ីយោលយោកតាមខ្យល់ បន្លឺសូរគ្រីងៗ រួមបញ្ចូលគ្នាយ៉ាងល្អយ៉ាងស្រស់ស្អាតជាមួយដៃអាវចែសពណ៌បៃតងរបស់នាង។
ស៊ីវយ៉ាវដើរទៅមកប៉ុន្មានជំហាន អ្នកបម្រើងក់ក្បាលផ្ងក់ៗសរសើរអស់ពីចិត្ត។ សានហូ មើលឆ្វេងមើលស្តាំ ស្រាប់តែរត់ទៅបើកទូខោអាវរកមើល ទាញកន្សែងស្បៃស្តើងមួយរុំលើស្មារបស់ស៊ីវយ៉ាវ រុំព័ន្ធត្រង់ចង្កេះ រុំព័ន្ធឡើងកដៃ ទម្លាក់រសាយស្បៃចុះក្រោម។
ស៊ីវយ៉ាវបង្វិលមួយជុំមានអារម្មណ៍ថាចាក់ស្មុគ ប៉ុន្តែអ្នកបម្រើទាំងអស់នាំគ្នាសរសើរ ទះដៃថា៖
«ព្រះនាងឆាប់យាងទៅចួបភ្ញៀវរបស់ទ្រង់ទៅ។ ពួកយើងជឿជាក់ថាចាប់ពីថ្ងៃនេះតទៅ ភ្ញៀវម្នាក់នោះនឹងមិនអាចបំភ្លេចព្រះនាងឡើយ។»
ស៊ីវយ៉ាវមុខក្រហម៖
«ពួកនាងនិយាយផ្ដាសអីហ្នឹង? ខ្ញុំគ្រាន់តែទៅចួបមិត្តធម្មតាម្នាក់ប៉ុណ្ណោះ»
អ្នកបម្រើទាំងអស់ខំទប់សំណើច មិត្តធម្មតាម្នាក់ហ្អេស? មិត្តធម្មតាម្នាក់ព្រះនាងត្រូវផាត់មុខជាពិសេសយ៉ាងហ្នឹង?
ស៊ីវយ៉ាវជិះរទេះពពកចុះពីលើភ្នំ លុះជិតដល់គោលដៅ នាងបញ្ជាឱ្យឈប់រទេះ។
យប់នេះជាយប់ព្រះចន្ទពេញវង់ ព្រះចន្ទភ្លឺចែងចាំង ពន្លឺព្រះចន្ទបំភ្លឺរលេញកាត់ស្លឹកឈើ បំភ្លឺផ្លូវថ្មគ្រួសបៃតង។
ស៊ីវយ៉ាវដើរយឺតៗនៅក្រោមពន្លឺព្រះចន្ទ កៀកជិតទៅជើងភ្នំ សំឡេងរលកសមុទ្ទបក់បោកលើចម្រាស់ថ្ម។
នាងដើរកាត់ព្រៃឈើ ផ្កាព្រៃរីកចម្រុះជុំវិញ ស៊ីវយ៉ាវឈោងដៃកាច់ផ្កាឆាងស៊ុនមួយគុម្ពក្នុងចំណោមផ្កាចម្រុះជាច្រើន កាន់គុម្ពផ្កាបក់ៗនៅក្នុងដៃ នឹកគិតពីអ្វីមួយរីកស្នាមញញឹមយ៉ាងស្រទន់។
[ផ្កាឆាងស៊ុន: ផ្កាមានជាតិពុល អាចផ្សំថ្នាំពុលបាន។]
ដើរឈិតទៅមាត់សមុទ្ទ ស្រមោលបុរសម្នាក់រំលៀកឡើងឈរនៅលើទំនប់ថ្មប៉ប្រះទឹក។ គេបែរភ្នែកមើលទៅសមុទ្ទធំធេង រង់ចាំយ៉ាងស្ងៀមស្ងាត់ មិនដឹងថាគេរង់ចាំអស់យូរប៉ុនណា ហើយក៏មិនដឹងថាគេអាចរង់ចាំយូរប៉ុនណាទៀត។
មនុស្សដែលកំពុងរង់ចាំនោះគឺ យៀកស៊ឺឈី។
ភាពកង្វល់ចិត្តរបស់នាងរលាយបាត់បន្តិចម្តងៗ នៅសល់តែភាពរីករាយនិងភាពភិតភ័យ។ ស៊ីវយ៉ាវឈានដើរថ្នមៗ សន្សឹមៗឈានចូលទៅជិតគេ។
នៅក្នុងអំឡុងពេលពិធី អានានគិតថានាងនឹងមើលឃើញឈុតឆាកកំប្លែងរបស់ស៊ីវយ៉ាវ ប៉ុន្តែនាងមិននឹកស្មានថារ៉ូបពិធីដែលនាងស្លៀកពាក់ព្រឹកមិញ កាន់តែស្រស់ស្អាតនិងឆើតឆាយជាងរ៉ូបពិធីដែលនាងបានបំផ្លាញមុននោះទៅទៀត។ សម្លៀកបំពាក់នោះទាក់ទាញចំណាប់អារម្មណ៍មនុស្សនៅតាហ័ងទាំងមូល។
អានានចង់ស្ទុះទៅចាប់ហែកសម្លៀកបំពាក់នោះ ធ្វើឱ្យប្រឡាក់មុខមាត់ផាត់ម្សៅក្រែមស្អាតរបស់ស៊ីវយ៉ាវ។ នាងចង់បំផ្លាញស៊ីវយ៉ាវ ហើយក៏ដូចជាចង់បំផ្លាញខ្លួនឯងដែរ ប៉ុន្តែព្រះមាតាចាប់ដៃនាងជាប់ កែវភ្នែករបស់ទ្រង់ដក់ពេញទៅដោយភាពភ័យខ្លាចនិងអង្វរករ។ នាងអាចមានះនិងឃោរឃៅចំពោះមនុស្សទាំងឡាយ ប៉ុន្តែនាងមិនដាច់ចិត្តឃើញទឹកមុខម្តាយរបស់នាងបែបនេះឡើយ ។
អានានមានតែបិទភ្នែកទាំងពីរចុះ ខំអត់ទ្រាំរហូតដល់ពិធីនោះបញ្ចប់។
ក្រោយពេលជូនម្ដាយវិលទៅកាន់ដំណាក់វិញ នាងសម្រេចចិត្តចាកចេញពីវិមានស៊ឺអ៊ីង។ ចាប់តាំងពីស៊ីវយ៉ាវមកដល់ទីនេះ រាជវាំងនេះលែងជាផ្ទះរបស់នាងទៀតហើយ។
អានានជិះហង្សសួគ៌ចាកចេញពីវិមានស៊ឺអ៊ីង នាងមិនដឹងថានាងចង់ធ្វើអ្វីនៅពេលនេះទេ នាងគ្រាន់តែដឹងថានាងត្រូវចាកចេញពីទីនេះជាបណ្តោះអាសន្ន ព្រោះនាងមិនចង់ឮមនុស្សស្ញើចសរសើរនិងសើចអបអរសាទរស៊ីវយ៉ាវ។
ហង្សសួគ៌ហោះក្រឡឹងមេឃគ្មានគោលដៅ នៅពេលអានាននឿយហត់ ហង្សសួគ៌ឈប់នៅលើកោះតូចមួយដែលគ្មានឈ្មោះនៅកណ្តាលសមុទ្ទ។ ដីកោះនោះធំជាងទូកតូចតែបន្តិច។ អានានអង្គុយឱបជង្គង់ចងភ្នែកមើលរលកសមុទ្ទបក់បោកមកពីទិសទាំងបួន ជះសាចមកលើខ្លួនប្រាណរបស់នាង រលកសមុទ្ទបក់បោកប្រៀបដូចសំឡេងស្រែកក្រហឹងរបស់សត្វចម្លែកកាចសាហាវ។
បើសិនជាថ្ងៃធម្មតាវិញ អានានប្រាកដជាភ័យខ្លាចខ្លាំងណាស់ ប៉ុន្តែយប់នេះនាងគ្មានអារម្មណ៍ខ្លាចទេ នាងថែមទាំងបន់ស្រន់សុំឱ្យសត្វចម្លែកណាមួយបង្ហាញខ្លួន ព្រោះព្រះបិតានិងជ័ងស៊ូមានស៊ីវយ៉ាវ ពួកគេលែងខ្វល់ខ្វាយពីនាងទៀតហើយ។
នាងបន់ស្រន់សុំឱ្យថាសត្វចម្លែកនោះធ្វើឱ្យនាងរងរបួសធ្ងន់ធ្ងរ លុះរហូតដល់នាងជិតដាច់ខ្យល់ស្លាប់ ទើបព្រះបិតានិងជ័ងស៊ូរកនាងឃើញ។ ពួកគេនឹងឈឺចាប់ រងទុក្ខ និងបន្ទោសខ្លួនឯង ប៉ុន្តែវាបានហួសពេលទៅហើយ! អានាននឹកស្រមៃទិដ្ឋភាពព្រះបិតានិងជ័ងស៊ូឈឺចាប់យ៉ាងខ្លាំង នៅពេលដែលពួកគេបាត់បង់នាង ជាការលួងលោមមួយបន្ធូរអារម្មណ៍នាងឱ្យធូរស្រាល។
នៅសុខៗនោះរលកសមុទ្ទធំមួយវាយច្រាលមកដល់ បុរសស្លៀកពាក់សម្លៀកបំពាក់សសក់ស ពាក់របាំងមុខពណ៌ទឹកប្រាក់ អង្គុយនៅលើក្បាលទឹករលក ច្បិចញញឹមដាក់អានាន បន្លឺសំឡេងស្រាលសួរថា៖
«នាងឈឺចាប់ខ្លាំងណាស់មែនទេ? ទាំងឪពុកនិងជ័ងស៊ូសុទ្ធតែបោះបង់ចោលនាង»
អានានមើលស្គាល់គេភ្លាមមួយរំពេច គេគឺ ជីវម៉ីញសាងលីវ ពីមុនធ្លាប់រួមដៃគ្នាជាមួយស៊ីវលូចាប់ជំរិតនាង។ ព្រោះតែរឿងអាក្រក់កន្លងសុទ្ធតែស៊ីវលូធ្វើ ទើបអានានមិនសូវជាស្អប់សាងលីវ នាងតានតឹងខ្លាំងតែនាងមិនបង្ហាញថាខ្លាចគេ។
អានានសួរ៖
«លោកមកទីនេះធ្វើអី?»
សាងលីវសើច៖
«នាងទាយទៅមើល! តាហ័ងទាំងមូលកំពុងតែចម្រូងចម្រាស់គ្នានិយាយអំពីព្រះនាងធំកៅស៊ីង យើងក៏ងឿងឆ្ងល់ចង់មកទីនេះអើតមើលបន្តិច!»
ស៊ីវយ៉ាវទៀតហើយ! ស៊ីវយ៉ាវទៀតហើយ! អានានកាន់តែក្ដៅចិត្ត។
សាងលីវច្បិចញញឹមពោលថា៖
«បើគ្មានគេម្នាក់នោះទេ នាងនឹងជាព្រះនាងតែមួយគត់គ្មានពីររបស់កៅស៊ីង ជាកូនស្រីតែមួយគត់របស់ឪពុកនាង និងជាប្អូនស្រីតែមួយគត់របស់ជ័ងស៊ូ។ ប៉ុន្តែនៅសុខៗគេម្នាក់នោះលេចមុខឡើងដណ្ដើមយកអ្វីៗទាំងអស់ពីនាង តើនាងមិនគិតចង់សងសឹកទេ?»
អានានខាំបបូរមាត់ នៅស្ងៀមទ្រឹង នាងដឹងថានាងមិនគួរសេពគប់ជាមួយសាងលីវទេ ជ័ងស៊ូធ្លាប់ជេរស្តីគេថាជាមេបិសាចកំណាចគួរឱ្យស្អប់បំផុត ប៉ុន្តែ… នៅលើលោកនេះ គ្មានអ្វីដែលមិនអាចទៅរួចនោះទេ អ្វីៗគ្រប់យ៉ាងសុទ្ធតែអាចដោះដូរបាន លុះត្រាតែទាក់ទាញមិនគ្រប់គ្រាន់។ អានានជ្រួលច្របល់៖
«ខ្ញុំស្អប់នាងតែមិនចង់ឱ្យនាងស្លាប់ទេ ខ្ញុំគ្រាន់តែចង់ឱ្យអ្វីៗត្រលប់ទៅដូចពីមុនវិញ!»
សាងលីវបន្លឺស្រាលៗ៖
«យើងទទួលស្គាល់ថា យើងពិតជាចង់សម្លាប់ព្រះបុត្រាសានយាន តែយើងមិនសម្លាប់ព្រះនាងកៅស៊ីងជាដាច់ខាត ព្រោះកងទ័ងស៊ឹងនុងមិនចង់ល្មើសទោសពៃរ៍លើអធិរាជស៊ុនទី!»
អានានយល់ច្បាស់ចំណុចនេះទើបនាងមិនខ្លាចគេ។
សាងលីវសម្លឹងមុខអានានមិនដាក់ ផ្ដល់យោបល់ថា៖
«គ្រាន់តែធ្វើបាបគេម្នាក់នោះបន្តិច មិនយកជីវិតគេទេ បានទេ?»
អានានងក់ក្បាលយឺតៗ។
«នាងពិតចំជាក្មេងស្រីស្លូតត្រង់មែន ឪពុកនាងនិងជ័ងស៊ូគួរណាតែស្រលាញ់នាងជាងទើបត្រូវ!»
អានានមានអារម្មណ៍ថានេះជាពាក្យពីរោះស្ដាប់បំផុតក្នុងមួយរយៈពេលថ្មីៗនេះ។ អានានសួរ៖
«ផ្ដល់មេរៀនឱ្យនាងមួយយ៉ាងណា?»
«ឱ្យតែនាងអាចបញ្ឆោតគេចេញមកក្រៅ មិនឱ្យអ្នកដទៃប្រទះឃើញ កិច្ចការផ្សេងទៀតទុកឱ្យយើង!»
«ហេតុអ្វីលោកជួយខ្ញុំ? លោកចង់ឱ្យខ្ញុំជួយអ្វីឱ្យលោក?»
សាងលីវច្បិចញញឹមតប៖
«នាងគឺជាព្រះនាងកៅស៊ីង ចង់បានអ្វីបានហ្នឹង អាចជួយធ្វើអ្វីមួយឱ្យនាង យើងមានកិត្តិយសណាស់ នាងក៏ដឹងពីស្ថានភាពរបស់កងទ័ពស៊ឹងនុងពួកយើងដែរ។ បើថ្ងៃក្រោយមានឱកាស សង្ឃឹមថាព្រះនាងនឹងចេញដៃជួយបន្តិច។»
អានានសើចសួរ៖
«លោកមិនត្រូវការខ្ញុំស្បថទេ ឬមួយលោកមិនខ្លាចខ្ញុំលេបសម្ដីទេ?»
សាងលីវញញឹមសម្លឹងនាង បន្លឺស្រាល៖
«យើងជឿនាង!»
អានានរីកស្នាមញញឹមមួយយ៉ាងស្រស់៖
«ល្អណាស់! លោកជួយខ្ញុំផ្ដល់មេរៀនមួយឱ្យនាង ថ្ងៃក្រោយខ្ញុំសន្យាថានឹងជួយលោករឿងមួយវិញ!»
[បង្ហើប៖ ថ្ងៃក្រោយទៅអានានជួយសាងលីវធ្វើរឿងមួយដើម្បីស៊ីវយ៉ាវ តែមិនឱ្យស៊ីវយ៉ាវដឹង លាក់បាំងស៊ីវយ៉ាវអស់មួយជីវិត។]
សាងលីវហុចទៅឱ្យអានានសម្បកគ្រំមួយ៖
«បញ្ឆោតនាងចេញទៅសមុទ្ទ ច្របាច់សម្បកគ្រំនេះ យើងនឹងមកដល់!»
អានានទុកសម្បកគ្រំក្នុងដៃអាវ ជិះហង្សសួគ៌ត្រលប់ទៅវិញ។
ស៊ីវយ៉ាវត្រេកអរសម្លឹងមើលស្រមោលមនុស្សឈរនៅលើទំនប់ថ្ម បោះជើងឈានទៅ។ រំពេចនោះដុំថ្មគ្រួសមួយផ្លោងធ្លាក់ប៉ះស្មារបស់នាង នាងងាកក្រោយទៅមើល ឃើញអានានឈរនៅពីឆ្ងាយ គ្រវីដៃទៅរកនាង ហាក់ដូចជាចង់ហៅនាងទៅកាន់ទីនោះ។ ស៊ីវយ៉ាវដើរឆ្ពោះទៅរកអានាន ប៉ុន្តែអានានស្ទុះរត់យ៉ាងលឿនលាក់ខ្លួននៅក្នុងគុម្ពោតព្រៃ។
ស៊ីវយ៉ាវចងចិញ្ចើម ងាកទៅមើលមាត់សមុទ្ទបន្តិចហើយងាកមកវិញរត់ដេញតាមអានាន។
ស្រមោលរបស់អានានចួនលេចចួនបាត់នៅក្នុងព្រៃ នាងធំដឹងក្តីឡើងនៅភ្នំទេពប្រាំ ទើបនាងស្គាល់ច្បាស់ផ្លូវជុំវិញនៅទីកន្លែងនេះ។ ម្យ៉ាងទៀត មហិទ្ធិឫទ្ធិរបស់នាងខ្លាំងជាងស៊ីវយ៉ាវ បើនាងចង់ នាងអាចកាត់ផ្ដាច់កន្ទុយស៊ីវយ៉ាវបានយ៉ាងងាយ។
ស៊ីវយ៉ាវដឹងច្បាស់ថាអានានកំពុងបញ្ឆោតនាងដេញតាម គុម្ពផ្កាក្នុងដៃរបូតធ្លាក់តាមផ្លូវ ប៉ុន្តែនាងមិនឈប់ ព្រោះនាងចង់ដឹងថាអានានចង់លេងល្បិចអ្វី។
អ្នកទាំងពីរដេញតាមគ្នាដាច់មួយផ្លូវតូចកាត់ព្រៃលិចទឹកឆ្លងហួសទៅត្រើយម្ខាងភ្នំ។ អានានឈរនៅលើកំពូលភ្នំ ក្បែរឆកសមុទ្ទ គ្រវីឱ្យសញ្ញាទៅស៊ីវយ៉ាវ។
ស៊ីវយ៉ាវដើរចូលយឺតៗ៖
«នាងចង់យ៉ាងម៉េច?»
អានានសម្លឹងស៊ីវយ៉ាវតាំងពីក្បាលដល់ចុងជើង បង្ហាញទឹកមុខស្មុគស្មាញ។ ស៊ីវយ៉ាវក៏កំពុងសង្កេតដែរ ប៉ុន្តែមិនអាចទាយដឹងពីគោលបំណងរបស់អានាន មិនថាយ៉ាងណាក្ដី ទោះអានានច្រាននាងទម្លាក់ពីលើកំពូលភ្នំក៏មិនអាចសម្លាប់នាងដែរ។
អានានច្របាច់ហ្មត់សម្បកគ្រំ ភ្លាមៗនោះស្ទុះចូលទៅមុខស៊ីវយ៉ាវ។ ស៊ីវយ៉ាវដកដង្ហើមធំ៖
«នាងចង់ច្រានខ្ញុំចូលសមុទ្ទមែនហ្អេស?»
ស៊ីវយ៉ាវចង់គេចខ្លួន ប៉ុន្តែអានានប្រើដាវទឹកកករារាំងផ្លូវក្រោយរបស់នាង ស្ទុះដូចផ្លេកបន្ទោរទៅក្រោយខ្នងរបស់នាង។ អានានបន្លឺសំឡេងខិលខូច៖
«នាងទាយត្រូវហើយ!»
ស៊ីវយ៉ាវមានវិធីសម្លាប់អានាន តែគ្មានវិធីវាយឈ្នះអានាន ទើបនាងមានតែបណ្ដាយឱ្យកម្លាំងដៃដ៏ខ្លាំងនៅពីក្រោយរុញច្រានមកលើផ្ទៃខ្នងរបស់នាង បន្ទាប់មកនាងក៏ធ្លាក់ពីលើកំពូលភ្នំខ្ពស់ចោត។
ស៊ីវយ៉ាវមិនខ្លាចសូម្បីតែបន្តិច ព្រោះតាំងពីតូចដល់ធំ នាងធ្លាប់ឈរលើកំពូលភ្នំខ្ពស់លោតចូលសមុទ្ទមិនតិចដង។ នាងថែមទាំងរីករាយនឹងអារម្មណ៍ហោះហើរត្រសែកនៅក្នុងលម្ហអាកាសដោយសេរីមុនធ្លាក់ចូលទៅក្នុងសមុទ្ទ។
ខ្យល់សមុទ្ទបក់រំផាត់សក់វែងអន្លាយដូចសរសៃសូត្រនិងកន្សែងស្បៃពណ៌បៃតងផ្លុំបំប៉ោងទៅតាមខ្យល់របស់នាង។ នាងមើលទៅប្រៀបដូចជាមេអំបៅត្រដាងស្លាបពណ៌បៃតង ហោះសំយុងចុះទៅក្នុងសមុទ្ទដ៏ធំល្វឹងល្វើយ។
ស៊ីវយ៉ាវសម្រាលទម្ងន់ខ្លួនប្រាណ បិទភ្នែកទាំងពីរត្រៀមទទួកយក ប៉ុន្តែភ្លាមៗនោះ កែវភ្នែករបស់នាងបើកធំឡើងភ្លឹស។
នៅក្រោមពន្លឺព្រះចន្ទភ្លឺស្រទន់ ទឹកសមុទ្ទខៀវរលេញពន្លឺចំណាំងពណ៌ប្រាក់ បុរសអាវសសក់សកំពុងតែដេកផ្ងារខ្នងនៅលើរលកទឹកសមុទ្ទ។ គេច្បិចជ្រុងបបូរមាត់កោងឡើងបន្តិច រីកស្នាមញញឹមស្រទន់ដាក់នាង ហាក់ដូចជាគេកំពុងរីករាយគយគន់មើលចង្វាក់មេអំបៅរាំរែកចុះសម្រាប់គេ។
ស៊ីវយ៉ាវចង់រត់គេច ប៉ុន្តែនាងកំពុងអណ្តែតកណ្តាលអាកាស នាងបន្តធ្លាក់សំយុងចុះទៅក្រោម។ នាងមានតែបញ្ឈរភ្នែក សម្លឹងមើលរូបខ្លួនហើយនិងរូបគេខិតជិតចូលគ្នា កាន់តែធ្លាក់កាន់តែជិត។
នាងគិតថានាងនឹងធ្លាក់ទៅលើខ្លួនសាងលីវ ប៉ុន្តែមិនដូចជាការគិត គេរហ័សមុជខ្លួនបាត់ភ្លឹបចូលទៅក្នុងសមុទ្ទ ហើយនាងសន្សឹមៗលិចចូលទៅក្នុងទឹកសមុទ្ទពណ៌ខៀវ។ ដៃទាំងពីររបស់គេចាប់ដៃនាង ទាញនាងចុះទៅក្រោមជ្រៅ។
គេទាញនាងហែលទៅក្រោមបាតសមុទ្ទ ស៊ីវយ៉ាវមានអារម្មណ៍ថាសាងលីវមិនចង់សម្លាប់នាងទេ គ្រាន់តែចង់ធ្វើទារុណកម្មនាងប៉ុណ្ណោះ រីឯនាងត្រឹមតែខំប្រឹងស៊ូទ្រាំ។
ខណៈខ្យល់ដង្ហើមចុងក្រោយនៅក្នុងខ្លួនរបស់នាងផុតទៅ ស៊ីវយ៉ាវចាប់ដៃសាងលីវយ៉ាងណែន អង្វរករគេ ប៉ុន្តែគេមិនខ្វល់ គេបន្តហែលកាន់តែជ្រៅ។ ដើមទ្រូងរបស់ស៊ីវយ៉ាវចង់ផ្ទុះព្រោងព្រោះស្ទះខ្យល់ដង្ហើម នាងអស់កម្លាំងដល់ទី ដៃរបស់នាងធ្លាក់ចុះយឺតៗ។
សាងលីវភ្លាមនោះមួយដៃចាប់ឱបព័ទ្ធចង្កេះរបស់នាង ច្បិចញញឹមមួយដៃចង្អុលទៅបបូរមាត់របស់គេ។ គេចង់និយាយថា បើចង់បានខ្យល់ដង្ហើម មកយកខ្លួនឯងមក។
ស៊ីវយ៉ាវគ្រវីក្បាលយឺតៗនៅក្នុងទឹក ពីមុននាងគឺវិនស៊ីវលូ នាងមិនចាត់ទុកខ្លួនឯងជាមនុស្សស្រី អាចធ្វើអ្វីតាមអំពើចិត្ត ប៉ុន្តែឥឡូវនេះនាងមិនអាចឡើយ។
ស្នាមញញឹមដាច់បាត់ចេញពីបបូរមាត់សាងលីវ គេឱបស៊ីវយ៉ាវបន្តហែលចុះបាតកាន់តែជ្រៅ។
គេសម្លឹងមើលនាង នាងសម្លឹងមើលគេ។
សាងលីវបន្តបន្ថែមល្បឿន ស៊ីវយ៉ាវចាប់ផ្តើមយល់ច្បាស់ថា នៅចំពោះមុខបិសាចក្បាលប្រាំបួន ព្រងើយកន្តើយនឹងអ្វីៗទាំងអស់លើលោកនេះ ឋានៈក្នុងនាមជាព្រះនាងកៅស៊ីងក៏មិនអាចការពារនាងបានដែរ។
សាងលីវកាន់តែហែលកាន់តែលឿន ទឹកដើមឡើយជាវត្ថុរាវទន់បំផុត ប៉ុន្តែនៅខណៈពេលនេះ ទឹកបញ្ចេញអំណាចដ៏គួរឱ្យភ័យខ្លាច ហាក់ដូចជាចង់ញាំកម្ទេចស៊ីវយ៉ាវ ធ្វើឱ្យរាងកាយទាំងមូលរបស់នាងសែនឈឺចុកចាប់ ដើមទ្រូងដូចជាចង់ផ្ទុះ។
រស់និងស្លាប់ខណៈពេលនេះគ្រាន់តែជាជម្រើសដ៏សាមញ្ញមួយ។
ផ្ទៃមុខមនុស្សទាំងពីរនៅកៀកកិតគ្នា កៀកកិតដល់ថ្នាក់ចុងច្រមុះសឹងតែប៉ះគ្នា។ ខិតតែបន្តិចទៀត ស៊ីវយ៉ាវអាចប៉ះលើបបូរមាត់របស់គេ។
ប៉ុន្តែ… នាងមិនអាចទេ។
ស៊ីវយ៉ាវមានអារម្មណ៏ថាទឹកសមុទ្ទហូរជ្រាបពេញត្រចៀកនិងច្រមុះរបស់នាង ហើយបបូរមាត់របស់គេគឺនៅកៀកកិត ជិតខ្លាំងណាស់… ស៊ីវយ៉ាវបាត់បង់ស្មារតីបន្តិចម្តងៗ នាងក៏សន្លប់បាត់ទៅ។
សាងលីវទាញកញ្ឆក់ក្បាលនាងយ៉ាងខ្លាំង សង្កត់បបូរមាត់នាងលើបបូរមាត់គេ ហើយទន្ទឹមគ្នានោះក៏ទាញនាងហែលឡើងទៅលើផ្ទៃសមុទ្ទ។
សាងលីវដេកផ្ងារនៅលើផ្ទៃទឹកសមុទ្ទ ច្រត់ជើងម្ខាងឡើង លើកស៊ីវយ៉ាវងើបចេញពីទឹក ដាក់នាងដេកកើយនៅលើភ្លៅរបស់គេ។
គេប្រមូលផ្តុំមហិទ្ធិឫទ្ធិទៅក្នុងបាតដៃ ទះទៅលើខ្នងរបស់នាងមួយដៃ ស៊ីវយ៉ាវភ្លាមនោះព្រួសទឹកចេញមកក្រៅច្រាលក្អកខូសៗ នាងក៏ភ្ញាក់ដឹងខ្លួនយឺតៗ។ ប៉ុន្តែរាងកាយទាំងមូលរបស់នាងនៅតែឈឺចុកចាប់ស្ពឹកស្រពន់ខ្លួនអស់ ក្បាលរបស់នាងធ្ងន់ដូចត្រូវដាល់ នាងមិនអាចកម្រើកបាន ភ្នែកទាំងពីរបិទរាបស្មើ នាងដេកដួលយ៉ាងអស់កម្លាំងនៅលើភ្លៅរបស់សាងលីវ។
ក្រោយសម្រាកអស់ជាយូរ ស៊ីវយ៉ាវទើបដឹងខ្លួនឡើងវិញពេញលេញ។ នាងដាក់ដៃលើភ្លៅសាងលីវ ឈមក្រោកឡើងយឺតៗ។ ដោយសារមានមហិទ្ធិឫទ្ធិរបស់សាងលីវ ផ្ទៃទឹកខាងក្រោមជើងប្រែទៅជាកម្រាលព្រំទន់ៗ ជំហាននីមួយៗអាចធ្វើឱ្យស៊ីវយ៉ាវជំពប់ដួល ប៉ុន្តែមិនធ្វើឱ្យនាងលិចចូលទៅក្នុងទឹក។
សាងលីវសម្លឹងមើលនាងមិនដាក់ភ្នែក ទឹកមុខមិនរង្គោះរង្គើ មិននិយាយស្ដី ស៊ីវយ៉ាវមិនដឹងថាគួរនិយាយអ្វី។
ពួកគេកំពុងតែនៅកណ្តាលមហាសមុទ្ទដ៏ធំល្វឹងល្វើយ ហ៊ុំព័ទ្ធជុំទិសជ្រុងទាំងបួនងងឹតសូន្យសុងគ្មានទីបញ្ចប់ ពិភពលោកធំធេងទាំងមូលហាក់ដូចជានៅសល់តែមនុស្សពីរនាក់ប៉ុណ្ណោះ។
ស៊ីវយ៉ាវជាមនុស្សបន្លឺសំឡេងឡើងមុន៖
«ខ្ញុំធ្លាប់គិតថា បើថ្ងៃក្រោយទៅចួបលោក ខ្ញុំនឹងធ្វើពុតជាមិនស្គាល់លោក។»
«នៅក្នុងខ្លួនយើងមានដង្កូវពិសបុរាណរបស់នាង នាងចង់លេបសម្ដីហ្អេស?»
«តាមមន្តវិជ្ជាត្រួតត្រា មានតែខ្ញុំទេដែលអាចមានអារម្មណ៍ដឹងពីលោក លោកមិនអាចមានអារម្មណ៍ដឹងពីខ្ញុំទេ ចុះហេតុអ្វីលោកដឹងថាខ្ញុំជាវិនស៊ីវលូ?»
សាងលីវលើកដៃឡើង កៀរសរសៃសក់សើមរបស់ស៊ីវយ៉ាវទៅក្រោយខ្នង ច្របាច់ចង្កាងើយផ្ទៃមុខនាងឡើង សម្លឹងមើលជុំវិញ បន្លឺសំឡេងស្រាលៗ៖
«នេះជារូបរាងពិតរបស់នាងហ្អេស?»
«អ្ហឹម»
[ន័យបង្កប់: សាងលីវជាសត្វចម្លែក សម្បកក្រៅមិនសំខាន់ សំខាន់ស៊ីវយ៉ាវគឺវិនស៊ីវលូ មិនដូចជ័ងស៊ូនិងជីងឃើញស៊ីវយ៉ាវស្អាតឡើងឈរភ្លឹក។]
«នាងពូកែកុហកបោកប្រាស់ណាស់!»
ស៊ីវយ៉ាវការពារខ្លួន៖
«មិនមែនកុហកបោកប្រាស់ទេ ខ្ញុំពិតជាចាត់ទុកខ្លួនឯងជាវិនស៊ីវលូមែន!»
«ព្រះនាងកៅស៊ីងហ្អេស?»
សាងលីវសើចឡកឡើយ។
«មិនងឿងឆ្ងល់ទេហេតុអ្វីថ្ងៃនោះនាងនៅសុខៗចង់ជួយជីវិតជ័ងស៊ូគ្រប់តម្លៃទាំងអស់។»
ស៊ីវយ៉ាវមិនហ៊ានក្អកឮសំឡេង។
សាងលីវរំភើយអារម្មណ៍ដាក់ដៃនៅលើស្មារបស់នាង ម្រាមដៃអូសកាត់ទទឹងឆ្អឹងកញ្ចឹងករបស់នាង អង្អែលថើរៗ៖
«នៅមានអ្វីកុហកបោកប្រាស់យើងទៀត? យប់នេះយកល្អសារភាពតាមត្រង់ប្រាប់យើងឱ្យអស់មក យើងមិនសម្លាប់នាងទេ»
«ខ្ញុំប្រាប់លោកតាំងពីយូរហើយ ខ្ញុំនិយាយច្រើនរង៉ូវច្រើនបន្តិចមែន តែខ្ញុំមិននិយាយកុហកទេ»
ស៊ីវយ៉ាវលើកម្រាមដៃឡើង៖
«ខ្ញុំចូលចិត្តនិយាយច្រើនព្រោះខ្ញុំខ្លាចឯកា បើសិនអ្វីដែលខ្ញុំនិយាយគឺជាពាក្យកុហក នោះខ្ញុំនឹងកាន់តែឯកា»
ក្រចករបស់សាងលីវប្រែទៅជាក្រញ៉ាំមុតស្រួច រង់ចាំបញ្ជា ប៉ុន្តែមិនច្បាស់ថា តាំងពេលណាវាប្រែមកសភាពធម្មតាវិញ។ ស៊ីវយ៉ាវមិនខ្លួនដឹងថា នាងទើបតែរួចផុតពីសេចក្ដីស្លាប់ក្នុងមួយប៉ប្រិចភ្នែកនោះ។
សាងលីវងើយសម្លឹងលម្ហរាត្រីខ្មៅងងឹតដូចទឹកខ្មៅយ៉ាងស្ងៀមស្ងាត់ មិនដឹងថាគេកំពុងគិតអ្វី គេមើលទៅប្រៀបដូចជាដាវពិឃាតដកចេញពីស្រោប មុតស្រួច ចំបែងឯកា ត្រជាក់ស្រេង រហូតគ្មានអ្នកណាម្នាក់នៅលើលោកនេះហ៊ានចូលទៅជិត។
ស៊ីវយ៉ាវក្រឡេកមើលទៅគេទាំងភ័យៗ សួរតិចៗ៖
«លោកខឹងមែនទេ?»
ស៊ីវយ៉ាវមិនយល់ហេតុអ្វី នាងច្បាស់ណាស់កំពុងអណ្តែតនៅលើផ្ទៃទឹក ប៉ុន្តែបែរជាមានអារម្មណ៍ថានាងកំពុងលិចទៅក្រោមបាតសមុទ្ទ ហើយនាងស្ទើរតែដកដង្ហើមទៅមុខលែងរួច។ រំពេចនោះ នាងនឹកឃើញអ្វីមួយ នាងទាញថង់ក្រណាត់សើមទឹកចេញពីក្នុងទ្រូងអាវ ដកយកដបថ្មតូចមួយ ចាក់គ្រាប់ថ្នាំចម្រុះពណ៌ដាក់លើបាតដៃ ត្រងដៃទាំងពីរលើកបង្ហាញទៅមុខសាងលីវ៖
«ចង់ភ្លក់មើលទេ?»
សាងលីវបោះគ្រាប់ថ្នាំចូលទៅក្នុងមាត់ដូចមនុស្សទំពារស្ករគ្រាប់។
«យ៉ាងម៉េចដែរ? ខ្ញុំផ្សំជាពិសេសសម្រាប់លោក ខ្ញុំបានស្រាវជ្រាវសៀវភៅជាច្រើននិងស្វែងរកឱសថកម្រជាច្រើន។»
រាងកាយត្រជាក់ដូចទឹកកករបស់សាងលីវភ្លាមនោះក្ដៅព្រឺឡើងបន្តិច៖
«គ្រាន់បើ!»
«គ្រាន់បើទេហ្អេស?»
ស៊ីវយ៉ាវពេបមាត់ចង់យំ។
«លោកដឹងទេថាឱសថកម្រជាច្រើនទាំងនោះដាំដុះនៅលើកោះហ្វុងឡាយ ស្រោចប្រភពទឹកឈើស៊ី និងមានអាយុកាលរាប់ពាន់ឆ្នាំដែរទេ!»
សាងលីវព្រងើយតប៖
«នាងនៅតែចង់បំពុលយើង?»
ស៊ីវយ៉ាវគ្រវីក្បាលស្ដាយៗ៖
«ខ្ញុំគឺជាស្ដេចពិសលេខមួយ សូម្បីតែបិសាចកញ្ជ្រោងកន្ទុយប្រាំបួនក៏ត្រូវខ្ញុំបំពុលបានដែរ មិនសមណាខ្ញុំមិនអាចផ្ដួលបិសាចក្បាលប្រាំបួនលោកទេ!»
សាងលីវសើចចំអក៖
«យើងកំពុងរង់ចាំ!»
ចាប់ផ្ដើមមានអារម្មណ៍ថា បរិយាកាសរវាងអ្នកទាំងពីរលែងនៅគ្រោះថ្នាក់ដូចមុនទៀត ស៊ីវយ៉ាវភ័យៗសួរ៖
«ហេតុអ្វីលោករួមដៃគ្នាជាមួយអានាន?»
«មិនបានហ្អេស?»
ស៊ីវយ៉ាវចាប់ក្របួចដៃអាវសាងលីវ លាន់មាត់យ៉ាងម៉ឺងម៉ាត់៖
«មិនបានទេ! លោកកុំទៅញ៉ោះនាងទៀតអី! ព្រះបិតាខ្ញុំស្រលាញ់នាងខ្លាំងណាស់ មនុស្សដូចនាងមិនអាចទប់ទល់ជាមួយការលេងសើចរបស់មនុស្សដូចជាលោកទេ!»
សាងលីវឈមខ្លួនទៅមុខ ច្បិចញញឹម៖
«មនុស្សដូចជាយើងយ៉ាងម៉េច?»
ស៊ីវយ៉ាវសម្លក់ភ្នែកធំៗទៅរកគេ៖
«លោកដឹងខ្លួនឯងហើយ!»
[ន័យបង្កប់: សាងលីវសង្ហាមានសណ្ដំ សូម្បីស៊ីវយ៉ាវក៏មិនអាចទប់ទល់បានផង!]
សាងលីវនិយាយព្រងើយ៖
«គេមិនចាត់ទុកនាងជាបងស្រីផង នាងរហន់ដើរតួជាបងស្រីមានទំនួលខុសត្រូវទៅហើយហ្អេស!»
«ទំនាក់ទំនងរវាងមនុស្សនិងមនុស្ស តែងតែត្រូវការមនុស្សម្នាក់ចេញមុខផ្ដើមមុនឆ្លងកាត់ខ្សែបន្ទាត់ព្រំដែន ទំនាក់ទំនងរវាងមនុស្សប្រុសនិងមនុស្សស្រីក៏អ៊ីចឹង សូម្បីតែទំនាក់ទំនងរវាងឪពុកម្តាយនិងកូនៗក៏អ៊ីចឹងដែរ។ កាលនៅតូចមិនយល់សេចក្ដី ឪពុកម្តាយតែងតែជាអ្នកត្រូវលះបង់។ ខ្ញុំតាំងពីដើមអើយមកគឺអាត្មានិយម មិនងាយផ្ដើមមុនជិតដិតទៅរកអ្នកដទៃ ប៉ុន្តែខ្ញុំសម្រេចចិត្តផ្ដើមមុនចំពោះអានាន។ មិនមែនព្រោះតែនាងមានអ្វីល្អឬសមតម្លៃទេ ប៉ុន្តែខ្ញុំស្ម័គ្រចិត្តផ្ដើមមុនដើម្បីព្រះបិតានិងជ័ងស៊ូ។»
«ឱ្យទៅមិនប្រាកដថាទទួលមកវិញ។ គេហ៊ានក្បត់លក់នាងឱ្យយើង គេក៏ហ៊ានក្បត់លក់នាងឱ្យទៅអ្នកដទៃទៀតដែរ។ ថ្ងៃនេះគេច្រាននាងទម្លាក់ពីលើកំពូលភ្នំ ថ្ងៃស្អែកគេអាចយកដាវចាក់ដោតដើមទ្រូងរបស់នាង!»
«ខ្ញុំដឹង ទើបខ្ញុំស្ម័គ្រចិត្តធ្វើរឿងបែបនេះតែម្តងគត់!»
«យើងសន្យាថាមិនញ៉ោះប្អូនស្រីនាងទៀតទេ តែនាងត្រូវសន្យាជាមួយយើងរឿងមួយ!»
«ខ្ញុំហ៊ានថា “មិនបាន” ជាមួយលោកទេ?»
«ប្រាកដជាមិនបាន!»
ស៊ីវយ៉ាវបើកភ្នែកម៉ក់ៗទៅសាងលីវ បង្ហាញថានាងលាងត្រចៀករង់ចាំស្ដាប់។
សាងលីងបន្លឺស្រាល៖
«បន្តផ្សំថ្នាំពុលឱ្យយើង!»
រឿងនេះមានអីពិបាក ស៊ីវយ៉ាវមិនស្ទាក់ស្ទើរអ្វី សែនរីករាយទទួលពាក្យ។
«យល់ព្រម! ប៉ុន្តែ… ធ្វើយ៉ាងណាអាចផ្ញើថ្នាំឱ្យលោកទៅ? ឥឡូវនេះខ្ញុំមិននៅភូមិឈីងសួយទៀតទេ លោកក៏មិនអាចឡើងភ្នំរកខ្ញុំបានដែរ។»
សាងលីវសើចស្ងួតសោះ៖
«នេះជារឿងនាងរកមធ្យោបាយដោយខ្លួនឯង និយាយរួមទៅបើយូរថ្ងៃមិនទទួលបានថ្នាំ យើងនឹងទៅរកប្អូនស្រីនាង!»
ស៊ីវយ៉ាវរទូរទាំ៖
«ដឹងពេកណាស់ហើយថាលោកមិនងាយដោះលែងខ្ញុំទេ!»
«ស្រាលពេកណាស់ហើយចំពោះនាង!»
ស៊ីវយ៉ាវច្បូចមាត់ជូរហួញ សាងលីវគ្រោតគ្រាត នៅសុខៗគេងាកមុខមកមើលស្លឹង៖
«ហេតុអ្វី?»
ស៊ីវយ៉ាវដឹងថាគេចង់សួរហេតុអ្វីសុខចិត្តស្លាប់មិនព្រមថើបមាត់គេ តែនាងនៅតែសួរបកវិញ៖
«ហេតុអ្វីអីទៅ?»
សាងលីវក្របួចកដៃនាង ប្រុងទាញចូលទៅរកគេ ស៊ីវយ៉ាវក៏រហ័សស្រែកស្លន់ឡើង៖
«ខ្ញុំនឹកឃើញហើយ! នឹកឃើញហើយ!»
សាងលីវសម្លឹងមុខនាងមិនងាករេ ស៊ីវយ៉ាវបន្លឺត្រសៀក៖
«ខ្ញុំខ្លាច!»
«ខ្លាច?»
សាងលីវសង្កិនត្រង់កែវភ្នែកនាង៖
«ខ្លាចអី?»
«លោក! ខ្ញុំខ្លាចលោក…»
«រឿងនោះគួរឱ្យខ្លាចជាងស្លាប់ហ្អេស?»
ស៊ីវយ៉ាវសញ្ជឹងគិតមួយសន្ទុះហាមាត់តបយឺតៗ៖
«ជ័ងស៊ូគឺជាបងប្រុសជីដូនមួយរបស់ខ្ញុំ យប់មួយបងប្អូនពីរនាក់ជជែកគ្នា បងប្រុសសើចចំអកខ្ញុំថា ខ្ញុំនៅតែជាមនុស្សស្រីចូលចិត្តយល់សុបិន។ បើទោះបីជា… ទោះបីជា… តែខ្ញុំខ្លាច… មិនប្រយ័ត្នលោកនឹងដើរចូលទៅក្នុងសុបិនរបស់ខ្ញុំ តែលោក…»
ស៊ីវយ៉ាវគ្រវីក្បាល ភ្នែកសម្លឹងចុះ៖
«…លោកមិនស័ក្តិសមបង្ហាញខ្លួននៅក្នុងសុបិនរបស់មនុស្សស្រីទេ បើពិតជាបែបនោះមែន វានឹងគួរឱ្យខ្លាចជាងស្លាប់ទៅទៀត!»
«ហាស់ហាស់ហាហាហា…»
[ន័យបង្កប់: ដើរចូលទៅក្នុងសុបិន ប្រៀបដូចដើរចូលទៅក្នុងបេះដូង។ ស៊ីវយ៉ាវកំពុងខ្លាចអ្វីឱ្យពិតប្រាកដ?]
សំឡេងសើចរបស់សាងលីវកាន់តែយូរកាន់តែខ្លាំងឡើងទៅៗ គេបណ្ដោយទុកស៊ីវយ៉ាវនៅត្រង់នោះ សន្សឹមៗឈានជើងដើរកាន់តែឆ្ងាយទៅៗ។
ស៊ីវយ៉ាវភ័យស្លន់ស្លោរស្រែកឡើង៖
«នែ៎… នែ៎… កុំទុកខ្ញុំចោល លោកទុកខ្ញុំចោលនៅទីនេះ ខ្ញុំត្រលប់ទៅវិញយ៉ាងណា?»
សាងលីវសើចតប៖
«ហែលទៅ»
ស៊ីវយ៉ាវស្លេកមុខ៖
«ហែលពីទីនេះទៅច្រាំងហ្អេស? ទីនេះគឺកណ្ដាលសមុទ្ទជ្រៅណា៎ សត្វចម្លែកសមុទ្ទពេលណាក៏អាចលេចចេញ មហិទ្ធិឫទ្ធិរបស់ខ្ញុំទាប សត្វចម្លែកសមុទ្ទណាក៏អាចស៊ីខ្ញុំបានដែរ!»
សាងលីវញញឹមឃោរឃៅ៖
«យើងគឺចង់ឱ្យនាងល្អទេ! បើយើងធ្វើល្អដាក់នាងពេក មាត់ផ្អែមដាក់នាងពេក មិនប្រយ័ត្នដើរចូលទៅក្នុងសុបិនរបស់នាង ធ្វើឱ្យនាងរស់មិនស្មើស្លាប់ នោះយើងមិនសាងទោសធ្ងន់ទៅហើយហ្អេស!»
និយាយចប់ គេច្រមុជចូលទៅក្នុងសមុទ្ទ បាត់ស្រមោលសូន្យ។ ស៊ីវយ៉ាវមិនហ៊ានជឿទៅរួច ស្រែកជេរប្រទេចឡើងមិនឈប់៖
«សាងលីវ! សាងលីវ! ជីវម៉ីញសាងលីវ! សត្វចម្លែកក្បាលប្រាំបួន! បិសាចកំណាចគួរឱ្យស្អប់! បិសាចក្បាលប្រាំបួនគម្រក់…»
រលកសមុទ្ទបក់បោកមិនឈប់ មេឃដីចំបែងឯកា ធីងធោង។
ស៊ីវយ៉ាវមានអារម្មណ៍ថាផ្ទៃទឹកសមុទ្ទកាន់តែងងឹតទៅៗ នាងរងាញាក់ញ័រ ក្រឡេកមើលទៅមកបែងចែកទិសដៅ បន្ទាប់មកដាក់បណ្តាសាសាងលីវបណ្ដើរហែលទឹកទៅមុខបណ្ដើរត្រលប់ទៅភ្នំទេពប្រាំវិញ។
ដំបូងឡើយនាងនៅភ័យខ្លាចមានសត្វចម្លែកលេចចេញមកខាំដាច់ជើងរបស់នាង ប៉ុន្តែនាងហែលរហូតៗនៅតែមិនឃើញច្រាំង សេចក្តីបារម្ភរបស់ស៊ីវយ៉ាវបែរទៅរករឿងផ្សេង នាងអាចមិនត្រូវសត្វចម្លែកស៊ី ប៉ុន្តែអាចត្រូវលង់ទឹកស្លាប់។
ស៊ីវយ៉ាវខំព្យាយាមមិនគិតរវើរវាយ ខំសន្សំកម្លាំង នាងទុកខួរក្បាលទទេស្អាត មិនគិតអ្វីទាំងអស់ ហាក់បីដូចជាធ្លាក់ក្នុងពិភពសមាធិ ខណៈរាងកាយរបស់នាងនៅតែវាយទឹកហែលទៅមុខ។
ដំបូងនាងនៅមានអារម្មណ៍រាងកាយអស់កម្លាំង ប៉ុន្តែកន្លងជាយូរៗទៅនាងបាត់បង់អារម្មណ៍ទាំងអស់ មេឃលែងនៅជាមេឃ ដីលែងនៅជាដី សមុទ្ទលែងនៅជាសមុទ្ទ នាងក៏លែងនៅមានអារម្មណ៍ស្ថិតស្ថេរ។
អ្វីដែលនៅសេសសល់គឺសភាវគតិចង់មានជីវិតរស់ នាងនៅតែបន្តហែលទៅមុខជានិច្ច ហែលទៅមុខមិនឈប់ឈរ។
មានភាគបន្ត…
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ