រឿង៖ ព្រះអង្គម្ចាស់ឆ្លងភព

ជាវេលាដែលហ្សាលី​បានរង់ចាំអស់ប្រមាណជា១៨ឆ្នាំមកហើយ។ គ្រួសារនាងទាំងមូលតែងតែគាំទ្រនាងឱ្យក្លាយជាអ្នកសិល្ប។

ដៃស្រី ​កែ​សម្រួល​ផ្នត់នៃ​រ៉ូប​សូត្រ​ដ៏​ប្រណិត​សណ៌ស្វាយខ្ចី បន្ទាប់ពីបានសម្រាកចេញពី​ការថត​ឈុត​ខ្លីៗ​។​ ពណ៌​មាសនៃព្រះទិនករ​ចែងចាំងលម្អមកលើប្រាង្គ​​ប្រាសាទ​ខ្មែរ ជា​ទិដ្ឋភាព​ដ៏ប្រណីត មិនថាមកប៉ុន្មាន​ដង ចិត្ត​នេះនៅតែគួរជាទីគយគន់ និង​​ភ្ញាក់​ផ្អើលចង់តែថតផ្តិត។

​សម្រាប់ឱកាស​ថតជា​មួយផលិតកម្ម​អន្តរជាតិ​ធំ​ដំបូង​របស់​នាងតរុណីយើង រមែងតែងបាន​ប្តេជ្ញាចិត្ត​ថា នឹង​បង្ហាញ​ទេពកោសល្យ​របស់​នាង​ឱ្យ​ឃើញទៅដល់​ពិភពលោក។ យ៉ាងណាក៏ដោយ នៅពេលដែលក្រមុំបានឱនមកពិនិត្យ​អត្ថបទភាពយន្តដ៏វែងអន្លាយនោះ អ្វីមួយអំពីប្រាសាទបុរាណបានធ្វើឱ្យនាងចាប់អារម្មណ៍។

ដូចជាអ្នកណាម្នាក់នៅទីនោះ…គេកំពុងមើលមកនាង​…ក្នុង​ចំណោម​ក្រុម​កាងារ​កំពុងប្រញឹករៀបចំឆាកសម្រាប់ថត​ ហ្សាលីបានក្រឡេកផុតពីពួកគេ​ទៅនាង​ឃើញ…ពីចម្ងាយនេះទៅ…បុរស​ម្នាក់​ឈរបង្ហាញខ្លួនយ៉ាងសង្ហា​និង…ទាក់ទាញ។

ឥរិយាបថរបស់គេនោះ គឺសមរម្យណាស់។ ចលនារបស់គេដោយចេតនាគឺញញឹមមករកនាង។ ការស្លៀកពាក់ ទោះបីជារចនាលាយបញ្ចូលគ្នាបុរណានិងសម័យ ក៏គ្រប់គ្រាន់ដើម្បីមើលទៅដូចជាផ្នែកមួយនៃការច្នៃម៉ូតឬអាចថា​ជាតួសម្រាប់ផលិតកម្មទោះនាង​នឹកមិនឃើញថាជាអ្នកណាក៏ដោយ។

លក្ខណៈ​ពិសេស​របស់​គេគឺ ស្បែកដែលស្រគាំរលោងសឹងប្រៀបបាននឹង​ពណ៌​សំរិទ្ធ និង​ហើយភ្នែក​ដ៏មុតថ្លា​សម្លឹងមកចំៗបាន​ធ្វើ​ឱ្យ​ហ្សាលីត្រូវ​ផ្អាកកាយវិកា​ទៅជាភាំងៗ។

«ប្រុសម្នាក់នោះ…ជា…អ្នកណា?»

នាងបានឱនមកខ្សឹបសួរជំនួយការរបស់នាងដែលកំពុងជួយសម្រួលក្បិន។  ជំនួយការងើបមុខមើលបន្តិចទើបគ្រវីក្បាលឆ្ងល់ដែរ៖

«តួថ្មី? ឮមកថា មានជួលតួថែមមកពីក្រៅពីរបីនាក់!!»

ប៉ុន្តែហ្សាលី មិន​អាច​ទាញការអង្រួន​អារម្មណ៍​លើវត្តមាន​ប្រុសស្អាតប្លែកបានងាយទេ។

ខណៈ​ដែលអ្នកដឹកនាំរឿងស្រែកប្រកាសឱ្យក្រុមផ្អាក បានសម្រាកបន្តិច​ នាង​ក៏​សម្រេច​ចិត្ត​ចូល​ទៅ​ជិត​គេ។

«សួស្តី!» នាងនិយាយទាំងសំឡេងកក់ក្តៅ ស្រទន់ ប៉ុន្តែចង់ដឹងចង់ស្គាល់។

 «ខ្ញុំហ្សាលី! តើ…ហើយដើរតួអីដែរ?»

បុរស​នោះ​ងាក​មក​រក​នាង​ទាំងកែវភ្នែកពេញចិត្ត​ជាខ្លាំង។ ការមួយនេះ គឺដូចជាមានចិត្តមិនខុសពីជម្រៅបេះដូងរបស់នាងទេ ពួកគេដូចជាសន្និវាស បានគូសតែងឱ្យមកចួបគ្នា។

​ជាមួយការសម្លឹងដែលមិនឆ្អែត​បុរសបានឆ្លើយតបថា៖

«ខ្ញុំ…ណារ៉េត!»

ទឹកដមសំឡេងរបស់គេស្រទន់និងមានអត្ថន័យពេញចិត្ត​ពេញថ្លើមនឹងវត្តមាន​ខាងស្រី។

ស្នេហា​ផ្លេកបន្ទោរដែលជ្រាលជ្រៅមួយបញ្ចេញសំឡេងយ៉ាងរហ័សជាសម្ងាត់លើពួកគេ ដែលហាក់ដូចជា មិនធ្លាប់ព្រាងទុកមក។

«ខ្ញុំមកមើលគេថតទេ!»

ចម្លើយបន្ថែមធ្វើឱ្យនាងរឹតភ្ញាក់ផ្អើល។ នាង​ចង់ដឹងថា​អ្នកដឹកនាំរឿងបានឃើញបុរសនេះកាលណាគិតដូចនាងដែរទេ ទស្សនិកជនអីក៏សង្ហាម៉្លេះ?

ប្រុសម្នាក់ចម្លែកនេះ​សម្លឹងស្នាមញញឹម​របស់នាងកាន់តែស៊ីជម្រៅ។ ខាងនាងវិញនឹកឆ្ងល់ម្នាក់ឯងថា តើ​គេ​នេះ​ជា​នរណា ហើយ​ហេតុ​អ្វី​បាន​​ហាក់​ដូច​ជាមានសម្រស់ស្មើក្សត្របុរាណ ទាំងរូបរាង ពណ៌សម្បុរនិងការនិយាយស្តីថ្លៃថ្នូរ​រៀបរយ?

«មកវិញ! ឆាប់ថត មេឃជិតភ្លៀងហើយ!»

នាង​ត្រូវចាកចោលគូសន្ទនាទាំងចិត្តមិនចង់ទេ។

លុះដល់ល្ងាចនោះ ខណៈដែលក្រុមការងារ កំពុងពួតដៃគ្នា​រៀបចអីវ៉ាន់ហ្សាលី ឃើញថា ខ្លួននាងត្រូវបានអ្វីម្យ៉ាងអន្ទងទាញចូលទៅក្នុងប្រាសាទដោយមិនដឹងខ្លួន។

នាង​ដើរយ៉ាងស្រាល តែរហ័សដូចស្គាល់តំបន់នេះច្បាស់ណាស់ទាំងមិនដែលមកទីនេះសោះពីមុនមក។

ខាងក្នុង​នេះខ្យល់ហាក់បីដូចជា ត្រជាក់ជាងសីតុណ្ហភាពនៅក្រៅ។

មេឃនៅក្រៅ ទើបតែអស្តង្គត​ទេ ចុះម្តេចក៏ទីនេះ​ផ្តើមងងឹតទៅហើយ? គ្រប់យ៉ាងមើលទៅគួរឱ្យខ្លាច ព្រោះក្រឡេកមកក៏បានប្រទះឃើញចម្លាក់ថ្មប្រាសាទ ហាក់ដូចជាភ្លឺឡើងៗ និងរស់រវើកឡើងៗនៅក្រោមពន្លឺភ្លើងគប់។

រកផ្លូវចេញវិញសិន! នៅមិននៅហេតុអ្វីបានជាយើងត្រូវមកទីនេះ មកធ្វើអី វរគឺវរហើយ។

ងាកមកទាំងស្លឺតស្លក់ នាងក៏ឈប់ដំណើរដោយក្តី​ភ្ញាក់ផ្អើលព្រោះពីនេះទៅមុខ​ស្រាប់តែក្រឡេកឃើញ​​ណារ៉េត។

គេ…ពិតមែន! គេ​​នៅ​ទី​នោះពិតមែន​ ដោយ​ឈរស្ងាត់​ស្ងៀម​នៅនឹង​មុខ​រូបសំណាក​ព្រះបាទ​ជ័យវរ្ម័នទី៧ ដែល​ជា​ព្រះចៅ​អធិរាជដ៏​អស្ចារ្យ​បំផុតនៃ​​អាណាចក្រ​ខ្មែរ។

 «ណារ៉េត?»

ហ្សាលីនិយាយដោយបំបែកភាពស្ងៀមស្ងាត់។

ណារ៉េត​ងាក​មក​រក​នាង​ទាំង​ទឹក​មុខ​ភ្លឺថ្លាមាត់គេនិយាយ៖

«មើលចុះហ្សាលី! ទ្រង់ ជាអ្នកដឹកនាំដ៏អស្ចារ្យម្នាក់របស់ខ្មែរ! ទ្រង់វាងវៃ និងយុត្តិធម៌ជាមួយចក្ខុវិស័យដែលបានបន្សល់នូវភាពអស្ចារ្យមកទល់ឥឡូវ!»

ហ្សាលីភ្លឹក​។ គេនេះ នៅមិននៅមកនិយាយដូចជាអ្នកបុរាណវិទ្យា ឬអ្នកស្គាល់ប្រវត្តិសាវតា នៃព្រះចៅអធិរាជច្បាស់?

នាងឈានតិចៗ ខណៈបុរសនោះលេចស្នាម​ញញឹម​​លើ​បបូរមាត់សង្ហា​របស់គេ។

​ណារ៉េត ហុចរបស់មួយមកឱ្យនាង។ ​អ្វីមួយ ធ្វើ​ពី​មាស និង​ឆ្លាក់​ដោយ​និមិត្តសញ្ញាបុរាណ​សែន​​ស្មុគស្មាញ។

«អីគេហ្នឹង?»

នាងខ្សឹប​​សួរ​ដោយ​ឈានក្បែរ​តាម​​សភាវគតិឆ្ងល់។ បុរសនិយាយស្រាលៗ៖

«អនុស្សាវរីយ៍ល្អឯកនៃរាជនគរ! គ្រួសារខ្ញុំ! មាន​គន្លឹះនៃរឿងជាច្រើនបង្កប់ក្នុងនិម្មិតសញ្ញានេះ!»

ជាមួយនឹង​ការចង់ដឹងចង់ឃើញ នាងពិនិត្យបុរាណវត្ថុសែនមានតម្លៃ ហើយមិនយូរមិនឆាប់​​ទឹកមុខនិងកែវភ្នែករបស់នាងដែលងើបមកបានប្រែទៅជាការសង្ស័យសន្សឹមៗ។

«តើ…ណារ៉េត! ជា…ជានរណា?»

ណារ៉េត​បានថ្ពក់កែវភ្នែក​ចួប​នឹង​ការ​ក្រឡេក​មើល​របស់​នាង ហើយ​ជា​លើក​ដំបូង​ដែល​ហ្សាលី មានអារម្មណ៍ចុះចាញ់នឹងអំណាចស្នេហ៍ក្នុងកែវ​ភ្នែក​របស់​គេ។

គេខ្សឹប…«បើខ្ញុំនិយាយការពិត តើ…ហ្សាលី…ជឿខ្ញុំដែរទេ?»

ដោយក្តីសង្ស័យ នាង​សម្លឹងគេមិនមាត់មិនក។

«ខ្ញុំ…ខ្ញុំសុំទៅក្រៅវិញហើយ!»

នាង​ថាបែបនោះមែន តែក្រោយមកបែរជាឃើញខ្លួនឯង​អង្គុយ​ផ្អៀង​ជើង​លើ​ខឿន​ថ្មទាំងរបស់នោះក្តោប​ភ្លឺទែង​ក្នុង​ដៃ។

ទីបំផុត ណារ៉េត បាន​ឱកាស​​រៀបរាប់ប្រាប់​នាង​ពី​រឿង​របស់​គេថា ជា​រឿងមួយ​មិន​គួរ​ឱ្យ​ជឿព្រោះហេតុភេទ​​ដូចគ្នាទៅនឹង​ទេវកថា។

«ប្រមាណមួយពាន់ឆ្នាំមុន» គេបានចាប់ផ្តើមហើយបន្តរៀបរាប់ទៅកាន់ភ្នែកភ្លឺផ្លេកៗរបស់នាង​ទៀតថា៖

«យើង​នេះ គឺជាព្រះអង្គម្ចាស់មួយអង្គ នៃអាណាចក្រខ្មែរ»

នាងលេបទឹកមាត់ភ័យ ព្រោះគិតថា យល់សប្តិច្បាស់ហើយតែនាងមិនអាចទៅណាបាន។ គេនិយាយទៀត៖

«នៅយប់មួយពេញបូណ៌មី! បិតាបានប្រារព្ធរាជពិធីមួយដើម្បីស្វែងរកពរជ័យសម្រាប់រាជនគរនិងមេទ័ពធំៗតាមព្រំប្រទល់ដែនសីម៉ារបស់យើង! ប៉ុន្តែមានអ្វីមួយខុសប្រក្រតីកើតឡើង! ផ្ទៃមេឃស្រាប់តែរហែកបើកហើយយើងនេះត្រូវបានកួចចូលទៅកាន់ពិភពលោកមួយផ្សេង ដែលយើងគិតក៏មិនយល់»

ហ្សាលីស្ទាបមុខ​របស់​ខ្លួន ស្វែងរក​សញ្ញាថា​នេះជាការពិតឬសុបិន​បំភាន់​តែ​នាងពិតជាក្តិចទៅឈឺ។

ស្រីបែកញើសហើយនិយាយ៖

«គិតថា ចង់ឱ្យខ្ញុំជឿ…ថា…ខ្លួន…ឆ្លង…ឆ្លងភពមក?»

ណារ៉េតព្រិចភ្នែក​ហើយ សម្លឹងនាង​ស្រទន់ៗ។ នាងងាកចេញថែមទាំងនិយាយបន្លប់៖

«កុំលេងសើចជាមួយរាជវង្សថ្លៃថ្លានៅទីនេះ!»

«ព័ស្តុតាងនៅក្នុងដៃនាង!»

គេនិយាយខ្សឹបៗក្រអួនៗក្នុងបេះដូងហ្សាលី។ នារីជាអ្នកសិល្បឱន​មករក​មេដាយក្នុងបាតដៃដែលភ្លែលឡើងរន្ទាលៗជាលំដាប់។

«នេះ គឺជានិមិត្តសញ្ញាផ្កាយ និងថាមពលដែលអាចគ្រប់គ្រងពេលវេលា បើគ្មានវាទេ ខ្ញុំនឹងមិនអាចមកចួបនាង​នៅទីនេះបានទេ»

នាងទៅជា​ចង់​សើច ព្រោះចង់ប្រាប់ខ្លួនឯងថា​លេងកុនច្រើន អានអត្ថបទឆ្លងភពច្រើន​ ពេលនេះបានមកដេកយល់សប្តិ តែបេះដូងនាងមានសន្ធឹកអ្វីមួយប្លែក។

បើជាយល់សប្តិក៏មិនទុកថាជាការយល់សប្តិធម្មតាដែរ។

«ជឿខ្ញុំដែរ?»

គេសួរមកធ្វើឱ្យនាងងើបមុខទៅសម្លឹងភ្នែកស្រទន់របស់គេ​។ ជ្រៅទៅៗ ហើយទំនាក់ទំនងខ្សែនេត្រានេះ ដូចជាអ្វីមួយ អំពីគេធ្វើឱ្យនាងវាក់។

អាកប្បកិរិយារបស់គេ…ចំណេះបុរសនេះ កាយសម្បទា  វត្តមានរបស់គេក្នុងរបៀបបែបនេះមានអារម្មណ៍ថា…បុរាណ។

តួស្រីនិយាយ​យឺតៗសឹងមិនស្តាប់ឮ៖

«​បើ​សម្តីទាំងនេះ​ជា​ការពិត ចុះហេតុអ្វី​បានជាមក…នៅកន្លែងនេះ​?​ ម្តេច…​មិនវិលទៅអាណាចក្រខ្មែរវិញ?»

មុខគេ​ គឺណារ៉េត​ងងឹតឈឹង។

«វិលមិនបាន! ​ខ្ញុំ​ជាប់គាំង​ហើយ»

គេនាំនាងទៅកាន់វីឡាបុរាណមួយ​ក្បែរៗប្រាសាទដោយមានឡាន​បារាំងនិងអ្នកបើកបរដូចជាគេពិតជាមកពីគ្រួសារអភិជនជាន់ខ្ពស់។

មកដល់ហើយ​គេបានអញ្ជើញនាង​អង្គុយ ហើយពិសារអាហារ​នឹង​បានណែនាំនាង​អំពីសម័យកាលចាស់​ខណៈនាងក៏ប្រាប់វិញ អំពីភាពអស្ចារ្យនៃពិភពសម័យទំនើប      ចាប់ពីចរន្តអគ្គិសនី រហូតដល់បទភ្លេងនិងAI។

ហ្សាលីបានចាក់ទូរសព្ទឱ្យគេស្តាប់បណ្តាបទចម្រៀងដែលនាងចូលចិត្ត។ រាត្រីនេះជាពេលវេលា​ល្អបំផុតសម្រាប់មាណវីយើងព្រោះជាលើកដំបូងក្នុងជីវិតដែលបានចែករំលែករឿងរ៉ាវនៃពេលវេលាខុសសម័យកាលជាមួយគ្នាដោយស្និទ្ធស្នាលបំផុត​។

នាង​ចូលចិត្ត​រឿងដែលគេបាននិទាននូវភាពអស្ចារ្យ សេចក្តីក្លាហានការពារជាតិ  និងភាពសាមញ្ញនៃជីវិតរស់នៅដោយសុខដុមជាមួយធម្មជាតិ។ ទំនាក់ទំនងរបស់ពួកគេកាន់តែស៊ីជម្រៅជាមួយនឹងពេលវេលាដែលឆ្លងកាត់យឺតៗមកជាមួយគ្នា។

ណារ៉េតបានពោល​ កោតសរសើរចំពោះភាពរឹងមាំ និងឯករាជ្យភាពរបស់នារីយើង ដែលជាគុណសម្បត្តិដ៏កម្រមិនងាយមាន​ក្នុងចំណោមនារីនាសម័យកាលពិតរបស់គេ។

ផ្ទុយទៅវិញ ហ្សាលីត្រូវបានបុរសនេះទាក់ទាញដោយប្រាជ្ញានិងភាពថ្លៃថ្នូរបស់គេដែរ។

«អូ! ជិតភ្លឺហើយ ខ្ញុំត្រូវទៅថតវិញ! គេមានឆាកមើលថ្ងៃរះលើភ្នំ អូ! ពួកគេរកខ្ញុំណាស់ហើយ!»

ណារ៉េតស្រពោន តែគេបានជូននាង​ដល់ឡាន​។

គេឈរនៅទីនោះ វីឡាបុរាណនិងលក្រអូបក្លិនចម្ប៉ា។ រថយន្តជូននាង​ចាកចេញដល់គោលដៅ តែចិត្តនាងទន្ទេញចង់ចួបគេ។

បន្ទាប់ពីនោះមក ហ្សាលីមិនដែលឮអ្នកណានិយាយឬធ្លាប់ឃើញមនុស្សប្រុសឈ្មោះណារ៉េតទេ។

នាង​មិនអស់ចិត្ត​ឡើយ។ វាមិនមែនជាសុបិនដាច់ខាត។

ប៉ុន្មាន​ខែក្រោយៗមក នាងបានមកលេងខេត្តនេះ។ ហើយប្រាសាទបុរាណដែលឥឡូវនេះត្រូវបានបំភ្លឺដោយពន្លឺនៃផ្កាយរាប់មិនអស់ ហាក់ដូចជាបង្ហាញនាងថា អនុស្សាវរីយ៍និងក្បាច់ចម្លាក់ មានព្រលឹងនៅរស់។

បើនាងនិយាយ គេនឹងថានាងឆ្កួត តែនាងវិញ គឺច្បាស់ចំពោះបេះដូងខ្លួនឯង។

នាងជិះច្រើនលើកហើយ រកមិនឃើញវីឡារបស់គេទេ។

ថ្ងៃមួយមាន​ការសម្ពោធតាំង​សារៈមន្ទីរថ្មី។ អ្វីមួយខ្សឹបនាង​ឱ្យចង់ចូលទស្សនា។

ចម្លាក់នៅលើជញ្ជាំងថ្មដែលនាង​ភ្លឹកមើល បានបញ្ចេញជាពន្លឺតិចៗ ហាក់បីដូចជាមានថាមពលនៃសតវត្សចាស់។

ទឹក​ភ្នែក​ស្រក់​លើ​មុខ​ហ្សាលី  ពេល​នាងនឹកឃើញកែវភ្នែក​​ណារ៉េត។ ម្រាម​ដៃនាង​ញ័រ​ពេលប៉ះលើចម្លាក់ នាងខ្សឹប​ញ័រ៖

«ខ្ញុំនេះមានរឿងអី? ខ្ញុំជាមនុស្ស​មានបញ្ហា​សតិឬម៉េច?»

 បន្តិចមកនាងដកដៃហើយជូតទឹកភ្នែក៖

«តែខ្ញុំ មិនស្តាយក្រោយទេ!»

របស់មួយបង្ហាញខ្លួនលើខ្នងទូកញ្ចក់ពីចុងម្ខាង។ នាង​ងាកទៅ ហើយសឹងគាំងដង្ហើម។

ហ្សាលីមើលស្គាល់នូវ​មេដាយ​តូច​មួយ​ដែល​ស្រដៀង​គ្នា​នឹង…​នាងឈានទៅ ដូចកំពុងអណ្តែតខ្លួន។ ទីនេះគ្មានអ្នកណាទេ។

 នាង​បានលូកដៃរកប៉ះរបស់នោះ តែវាថ្លៃពេកណាស់​អ្នកភ្លេចវាលើនេះ?

«នេះគឺជាអំណោយ​របស់យើងចំពោះនាង! ថ្ងៃណាមួយ យើងនឹងចួបគ្នា! ពេល​វេលា​មិន​អាច​ធ្វើ​ឱ្យ​យើង​បែក​គ្នា​រហូត​បាន​ទេ» អ្នកណាម្នាក់និយាយបែបនេះប្រាប់នាង​តែនាងមិនឃើញអ្នកណាទាំងអស់ កើតសង្ស័យសូម្បីតែត្រចៀកខ្លួនឯង។

នាង​ក្តាប់របស់នេះដាក់ក្បែរ​ទ្រូងហើយ​យំ​ញ័រ​ខ្លួន។

«ណារ៉េត!»​ ហ្សាលី​ខ្សឹបជាមួយ​សំឡេង​ដែលនៅតែក្នុងចិត្ត​យ៉ាងជ្រៅមិន​បែក​ធ្លាយតែនាង​ងាករេមើលជុំវិញ។

«មិននៅក្នុងជីវិតនេះ ឬជីវិតណាផ្សេងទៀតទេ យើងនឹងចួបគ្នា!»

ស្រីខ្សឹបប្រាប់បេះដូងហើយបិទភ្នែកដែលប្រៃផ្សា។ មានអារម្មណ៍ថា មានក្លិនខ្លឹមចន្ទលើខ្លួនគេ ដែលនាងចាំបាន​គឺ ណារ៉េតបានឱនមក​​ចុច​ថើប​ថ្នមៗ​លើ​ថ្ងាស​របស់​នាង ។

នាង​បើកភ្នែកមកវិញមួយរំពេចដើម្បីរេក្រឡេកមើលយ៉ាងក្រៀមក្រំជាចុងក្រោយមុនពេល​ឈានជើងចេញពីទីនេះ។

«វាជាការស្រមៃ តែមានសុភមង្គលណាស់!»

ពេលចេញមកក្រៅនាងសាកសួរបុគ្គលិកតែគ្មានអ្នកណាស្គាល់វត្តុនោះទេ។ នាងប្រគល់វាហើយចាកចេញដោយ​បេះដូង​​លោត​ញាប់។

ប៉ុន្មាន​ថ្ងៃក្រោយមក នាង​ទទួលបានអំណោយមួយប្រអប់​ដែលមាន​វត្ថុដដែលជាប់នឹងខ្សែករមាសតូចស្អាត ផ្ញើមកដល់កន្លែងថតកុន។

បន្ទះនៅក្រោមចម្លាក់បានសរសេរថា ណារ៉េត។

នាង​យំ ហើយពាក់របស់នេះជាប់ទ្រូង។ ពីរឆ្នាំក្រោយនាងបាន​រកឃើញស្លឹករឹត​ដែលថតមកដោយជនជាតិបារាំងជាមួយនឹង​រឿងព្រេងនៃការបាត់ខ្លួនយ៉ាងអាថ៌កំបាំងរបស់ព្រះអង្គម្ចាស់រាជទ័យយគ្គនារ៉េតរាម។

កែវ​ភ្នែក​របស់ហ្សាលី​ពោរពេញ​ទៅ​ដោយ​ទឹក​ភ្នែក។

អានហើយអានទៀតរាប់រយដងក៏ចិត្ត​របស់​នាង​ហូរអមជាមួយទឹកភ្នែក ​ពេញ​ដោយ​ការ​ចង​ចាំ។

ខ្យល់ក្តៅមួយរំពេចបានបក់មកប៉ះស្រាលៗលើថ្ពាល់នាង ទោះបីជាគ្មានបង្អួចបើកក៏ដោយ។ ហ្សាលីនាងបិទភ្នែក ប៉ុន្តែពេលនាងបើកឡើងវិញ បុរសម្នាក់កំពុងតែបានឈរមើលនាង ក្នុងរាងកាយជាមនុស្ស ពោរពេញដោយភាពទន់ភ្លន់និងស្រស់សង្ហា​។
គេយកដៃមកប៉ះលើថ្ងាសនាង។

អាវគេជាអាវពេទ្យ។

នាងឈឺច្រើនថ្ងៃហើយ។ ស្ទើរតែមិនបើកភ្នែកព្រោះជាប់ក្នុងក្តីភាន់ភាំង ហ្សាលីហារមិនចេញបានត្រឹមសម្លឹងមើល។ ណារ៉េតម្នាក់នេះជាមនុស្ស? យើងឈឺដល់មើលគេវង្វេងឬគេពិតមែន។

ពេទ្យប្រុសញញឹម​ ហើយនិយាយស្រទន់ៗ៖

«ស្នេហារបស់យើងបានឆ្លងកាត់ឧបសគ្គគ្រប់យ៉ាងអស់ហើយ ឥឡូវនេះមកធ្វើជាព្រះនាង យើងទេ ជាភរិយាយើង!»

ទឹកភ្នែកមួយឆ្វាច ធ្លាក់ហូរចុះតាម​ថ្ពាល់សងខាងរបស់នាង ប៉ុន្តែបបូរមាត់នាងបានញញឹម។ ហ្សាលីដឹងថា មិនមែនជាការស្រមៃទេ។ នេះជាការពិត។

ស្នេហារបស់ពួកគេបានឆ្លងកាត់ពេលវេលា កើតឡើងវិញក្នុងជីវិតមួយថ្មី។

ខ្ញុំនៅកន្លែងណា?

«ឆ្នាំ១៨៥០»គេឆ្លើយ។

ពេលនាងក្រោកមកវិញ នាងកំពុងស្ថិតក្នុងសម័យកាលមួយផ្សេង។ ពួកគេដើរចេញពីបន្ទប់ពេទ្យ មកផ្ទះវីឡាមួយមានរចនាបថបារាំង មានបាវព្រាវក្នុងឈុត​បុរាណ​រង់ចាំទទួលនិងបម្រើ។

មិនថាកើតប៉ុន្មានជាតិ ក៏គេនេះនៅតែជាបុរសអភិជន​មានអំណាចនិងយសសក្តា។

មេដាយស្ថិតលើបន្តោងជុំវិញករបស់នាងភ្លឺរលោង ដូចជាសញ្ញានៃព្រលឹងស្នេហា ដែលពួកគេបានចែករំលែកក្នុងស្ថានភាពថ្មីជាស្វាមីនិងភរិយា។

«បងបានសម្រេចវិជ្ជាការបញ្ជាពេលវេលា! នាងមើលចុះ! នាងចង់ទៅអាណាចក្រខ្មែរវិញជាមួយបង ឬនៅឆ្នាំ១៨៥០នេះជាប្តីប្រពន្ធ ឬឆ្នាំ២០២៥ ជាមនុស្ស​ទើបនឹងស្គាល់គ្នា?»

នាង​ញញឹមសម្លឹងភ្នែកគេ។

«មួយណាក៏ល្អទាំងអស់!»

ចប់

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*