ក្នុងគ្រាដែលពិភពលោកមានភាពមិនច្បាស់លាស់ ក៏ដូចជាសម្ពាធសេដ្ឋកិច្ច រឹតតែធ្ងន់ជាងពេលណាៗ អ្នកនិពន្ធម៉ីសន សុធារី យល់ថា ការនៅស្ងាត់ស្ងៀមមិនមែនជាជម្រើសល្អទេ។
អ្នកនិពន្ធដ៏មានកេរ៍ឈ្មោះ កំពុងមមារញឹកក្នុងការចេញផ្សាយនូវសៀវភៅដ៏មានឥទ្ធិពលចំនួនពីរនៅក្នុងឆ្នាំ ២០២៥នេះ មានចំណងជើងទី១ «និយាយដូចអ្នកដឹកនាំ» Speak As a Leader ដែលជាការណែនាំបង្ហាញឱ្យគ្រប់គ្នាអាចនិយាយចេញពីបេះដូង មិនមែននិយាយដោយការស្អប់ ឬចោទប្រកាន់បន្ទោសគ្នា។ «ចំណាយពេលលើក្រុមដែលយើងស្អប់ យើងភ្លេចក្រុមដែលកំពុងត្រូវការយើង ហើយស្រលាញ់យើង!» អ្នកនិពន្ធបានបញ្ជាក់បែបនេះ។
សៀវភៅនេះ អ្នកនិពន្ធ ម៉ីសន សុធារី សង្ឃឹមថា នឹងជួយជំរុញទឹកចិត្តមនុស្សជំនាន់ថ្មី ឱ្យប្រើសំឡេងរបស់ពួកគេដោយមានគោលបំណងច្បាស់ ជាពិសេសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម មិនមែនគ្រាន់តែបញ្ចេញសំឡេងខ្លួនឯងជាសាធារណៈនោះទេ តែចូលរួមបង្កើតជាឥទ្ធិពលវិជ្ជមាន។

ចំណែកឯ សៀវភៅទីពីររបស់អ្នកនិពន្ធ មានចំណងជើងថា “បើអ្នកធ្លាក់ដល់ចំណុចសូន្យ” ដែលនឹងមកដល់ដើមខែមិថុនា អាចបើកកក់ក្រោយចូលឆ្នាំខ្មែររួច។ អ្នកនិពន្ធបានរៀបរាប់ថា «ខ្ញុំពិតជាសរសេរព្រោះ Care ព្រោះខ្ញុំយល់ ហើយខ្ញុំបានគិតពីពាក្យពេចន៍មួយចំនួនអំពីការយល់ចិត្តនេះ នៅពេលខ្លួនឯងដេកលើគ្រែវះកាត់ ហើយផ្សែងថ្នាំសន្លប់កំពុងតែហុយមកបញ្ចប់គំនិតទាំងអស់របស់ខ្ញុំ!»។
អ្នកនិពន្ធ ដែលតែងតែធ្វើអ្វីៗគិតដល់សង្គមនិងមនុស្សជំនាន់ក្រោយម្នាក់នេះ បានលើកឡើងទៀតថា “សៀវភៅទាំងពីរមិនមែនសម្រាប់រកលុយទេ ព្រោះយើងដឹងហើយអំពីទីផ្សារសៀវភៅនៅកម្ពុជាបច្ចុប្បន្ន តែខ្ញុំគិតថា អ្នកដែលមានអារម្មណ៍ថា ជីវិតខ្លួនខូចខាត ទេពកោសល្យនិងការព្យាយាមផ្នែកអាជីពត្រូវបានជាន់ឈ្លី ខ្ញុំចង់ឱ្យពួកគេអានពីជីវិតរបស់ខ្ញុំ មើលឃើញការពិតនៅពីក្រោយភាពរឹងមាំរបស់ខ្ញុំ ហើយហោចណាស់ ខ្ញុំនៅអាចបញ្ចេញសៀវភៅមួយដែលពិត មិនចម្លង មិនមែនចេះតែនិយាយ ហើយជាពាក្យពេចន៍នៃមនុស្សម្នាក់ដែលនៅតំណាក់កាលណា ក៏នៅតែចង់ផ្តល់នូវកម្លាំងចិត្ត យកសំណេរជាការព្យាបាល ជាជាងការបោះបង់ចោល”។
«ខ្ញុំជឿថា គ្រប់គ្នាយល់! សៀវភៅនេះមិនផ្សាយដើម្បីធ្វើជាអ្នកមានទេ តែការបោះពុម្ពនេះ ចំពេលណាស់ គឺពេលដែលកម្ពុជាត្រូវការថាមពលថ្មី ក្តីសង្ឃឹមថ្មី និងសំឡេងយល់ចិត្តមួយថ្មី មិនបោកប្រាស់ មិនចេះតែនិយាយ ហើយចាំបាច់ណាស់ សម្រាប់អ្នកដែលកំពុងលំបាកខ្លាំង ក្នុងការងើបមកដើរឡើងវិញបានសារជាថ្មី! »។
សម្រាប់ព័ត៌មានលម្អិត ទំនាក់ទំនង Telegram: RaksmeyMeth
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ