រឿង៖ ក្មេងស្នងធ្មប់

ក្នុង​ភូមិដើមជុំ​ដ៏​ស្ងប់ស្ងាត់​មួយ ​ដែល​ហ៊ុមព័ទ្ធ​ដោយទឹកបឹងថ្លានិង​វាលស្រែ ដើម​ត្នោតព្រៃស្រោង  មាន​ក្មេង​ស្រី​អាយុ ១៤ ឆ្នាំ​ម្នាក់​ឈ្មោះ រំដួល។

នាង​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​តាម​ផ្កា​រំដួល​ដែល​មាន​ក្លិន​ឈ្ងុយ ជា​ផ្កា​ជាតិ​របស់​កម្ពុជា។ ប៉ុន្តែ​អ្នក​ភូមិ​មិន​បាន​ហៅ​នាង​តាម​ឈ្មោះ​នោះ​ទេ។ ពួកគេបានហៅនាងថាអ្វីផ្សេងទៀត «ក្មេងស្នងធ្មប់» ហេតុអ្វី? ព្រោះ​យាយ​ស៊ីម ជាលោកយាយរបស់រំដួល ​ធ្លាប់​ជួយព្យាបាល​មនុស្សដោយ​ថ្នាំ​បុរាណនិងវាយលេខអត្ត គន់គូ។

អ្នក​ខ្លះ​ហៅ​គាត់​ថា​ជា​គ្រូ​ខ្មែរ អ្នក​ខ្លះ​ទៀត​ខ្សឹបខ្សៀវគ្នា​​ថា យាមស៊ីម ជាមនុស្ស​កាន់ធ្មប់ ​ចេះ​មន្តអាគម។

ពេលនោះ​រំដួល​កើត​មក ក៏មាន​ស្នាម​ចាប់​កំណើត​ចម្លែក​លើ​មុខខាងឆ្វេង។ មានដៅក្រហមជា​រាង​ដូច​ភ្លើង។

ភ្នែក​របស់​នាង​ក៏​មានពណ៌ស្រាល​ខុស​ពីក្មេងៗក្នុងភូមិជាមួយគ្នា​ដែរ។

នាងមាន​សម្បុរខ្មៅបន្តិច​​ជាមួយសក់វែងក្រាស់ពណ៌ត្នោត។

មនុស្សចាស់ខ្លះដែលល្ងង់និងងប់ជឿអបិយជំនឿ បាននិយាយដើមរំដួលថា​ នាងជាក្មេងនៃបណ្តាសាដែលនឹងនាំមកនូវសំណាងអាក្រក់ដល់អ្នកភូមិ។

ពួកគេ​បានហាមប្រាមកូនចៅថា៖

«កុំទៅលេងជិតនាងរំដួល ក្រែងវាធ្វើឱ្យឯងឈឺ!»

ទោះបីរំដួលមិនដែលធ្វើបាបអ្នកណាក៏ដោយនាងបានក្លាយជាក្មេង ស្រីឯកា នៅ​សាលា ​គ្មាន​នរណា​ចង់​អង្គុយ​ក្បែរឬសូម្បីតែនិយាយរក​រំដួល​ទេ។

ក្មេងៗបានរើចេញឆ្ងាយពីតុរបស់នាង។ អ្នកខ្លះថែមទាំងសើចចំអកដាក់មុខនាងទៀតផង។

«ចៅស្រីយាយ​ធ្មប់!» ពួកគេបានស្រែក។

ពេលនាងអានសៀវភៅម្នាក់ឯង​ឬគិតអំពីអ្វីមួយពួកគេស្រែកថា៖

«ហេក​មើលកូននោះ! និយាយជាមួយខ្មោច!»

ពួកគេមានទម្លាប់ស្អប់ និងទុកនាងសម្រាប់​លេង​សើច។ ប៉ុន្តែ​រំដួល​មិន​បាន​និយាយ​អ្វីតបត​ទេ។

ជារៀងរាល់ថ្ងៃ នាងបានអង្គុយនៅក្រោមដើមល្ហុងចាស់ខាងក្រោយផ្ទះរបស់នាង ដោយគូររូបនៅក្នុងសៀវភៅយ៉ាងជក់ចិត្ត។ ដើមឈើមានក្លិនក្រអូបសឹងស្មើនឹងឈ្មោះរបស់នាង។ វាធ្វើឱ្យនាងមានអារម្មណ៍ស្ងប់។

លោកនេះ មានតែជីដូននាង​ទេដែលញញឹមនិងជឿលើនាងថាជាក្មេងនាំសំណាងដល់អ្នកស្រុក។

យាយស៊ីម​និយាយ​ទាំង​សិតសក់ឱ្យចៅ​ថា៖

«កូនកើត​មក ​មាន​អ្វីម្យ៉ាង​ពិសេសខ្លាំង!»

«ជាអ្វីទៅយាយ?» នាងសម្លឹងខ្លួនឯងក្នុងកញ្ចក់ហើយសួរ។

«គឺមុខរបស់ចៅ គឺជាអំណោយមួយ! សំណាង! មិនមែនជាបណ្តាសាទេ!»

នៅ​តែ​រំដួល​មាន​អារម្មណ៍​ក្រៀមក្រំ។ នាងចង់បានមិត្ត នាង​ចង់​ឱ្យគេចូលចិត្តលេងនិងនិយាយជាមួយ។ គ្រាន់តែ ដើម្បីមានមិត្តភក្តិរំដួលគិតថាវាពិបាកខ្លាំង។

ល្ងាចស្ងួតហួតហែងមួយ ពេលដែលព្រះអាទិត្យរៀបលិចនៅសល់កំដៅ។ សំឡេងស្រែកខ្លាំងៗបានបន្លឺឡើងពេញភូមិ។

«ភ្លើង! ឆេះស្រូវហើយៗៗៗជួយផង ជួយពន្លត់គ្នា!»

​រំដួលស្ទុះក្រោក។ នាងបានឮសូរមនុស្ស​រត់។ គ្រប់គ្នាភ័យស្លន់ស្លោ រហូតដល់រំដួលរត់ចូលជាមួយស្លឹកចេកធំពីរ គ្រប់ពន្លត់ភ្លើង ហើយចង្អុលទៅផ្លូវតូចចង្អៀតកាត់ផ្សែង។

«មីងៗ នាំអាតូច​ចេញទៅតាមផ្លូវ​ខាង​នោះ!»

នាងបានស្រែកបែបនេះព្រោះឃើញកូនមីងបែន​យំវង្វេងក្នុងផ្សែង។ ពួកគេប្រហែលជាមករកក្តាមដូចរាល់ដងហើយត្រូវជាប់ក្នុងភាពឈ្លក់ផ្សែង។

«នោះ​ទុយោទឹក ! យើងទាញទឹកពីទីនោះ!»

ពូធឿនជាអ្នកភូមិបានស្តាប់នាង​រំដួលហើយក៏រត់មកព្រោះសប្បាយនិងភ្ញាក់ផ្អើលព្រោះទឹកពិតជាដំណើរការ។

មិនយូរទេ ភ្លើង​បាន​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រងតាមរយៈពូធឿនបាញ់ទឹក រួចពន្លត់បានបណ្តើរៗរហូតដល់១០០ភាគរយ។

គ្មាននរណាម្នាក់រងរបួសទេ។ ក្មេង​ប្រុស​តូចនៅ​​ក្អក​នៅ​ក្បែរភ្លឺស្រែ ​តែឆ្លៀតងើបមុខមកសម្លឹងនាងព្រោះនាងយកតុក្កតាដីឥដ្ឋរបស់វាដែលរបូតក្នុងស្រែមក​ឱ្យវិញ។

«ក្មួយមិនមែនជាធ្មប់ទេ» ម្តាយក្មេងបាននិយាយសរសើរយ៉ាងទន់ភ្លន់។

«ហើយថែមជាក្មេងក្មេងឆ្លាត!» ពូធឿនសរសើរនូវសេចក្តីក្លាហានរបស់រំដួល។

គ្រប់គ្នាដែលមកដល់បានទះដៃព្រោះរំដួលកំពុងគ្រាយាយម្នាក់ឈ្មោះ ហ៊ាញ ឡើងមកពីស្រែដែរ។

«ខ្ញុំច្រឡំអុចធូបធ្លាក់! ការពិត ខ្ញុំចង់អរគុណមម្ចាស់ទឹកដីដែលឱ្យស្រែយើង​រីកចម្រើន»

គាត់យំ រំដួលខ្សឹបថា​ «យាយកុំយំអី មិនមែនយាយចង់ឱ្យស្រូវឆេះទេ!»

យាយហ៊ាញបានហៅនាង​ទៅក្រោមផ្ទះហើយឱ្យនំត្នោតដល់នាងមួយស្បោង។ វាមានរសជាតិឆ្ងាញ់ខ្លាំងណាស់​តែមិនស្មើនឹងក្តីសោមនស្សក្នុងចិត្តនាងទេ ដែលត្រូវបានគ្រប់គ្នា​រាក់ទាក់ញញឹម​ដាក់។

យប់នោះលោកយាយស៊ីមរបស់នាង បានអង្អែលក្បាលនាង ហើយប្រាប់ថា៖

«អំពើ ល្អជាកុសលដែលជួយដល់មនុស្ស​ល្អ!»

នៅថ្ងៃបន្ទាប់ មានរឿងចម្លែកបានកើតឡើងនៅសាលា។ កុមារី​ម្នាក់​ឈ្មោះ ចិន្តា ជា​ប្រធាន​ថ្នាក់ បាន​មក​អង្គុយ​ក្បែរ​រំដួល។ នាងបាននិយាយថា៖

«ខ្ញុំចូលចិត្តគំនូររបស់​ឯងណាស់! បង្រៀនខ្ញុំផងបានទេ? ហើយយើងជាមិត្តភក្តិគ្នា!»

 រំដួលព្រិចភ្នែកសប្បាយចិត្តជាខ្លាំង នាង​ហុចសៀវភៅនិងគូល័រ​ឱ្យ៖

«ឯងមិនខ្លាចខ្ញុំទេ?!»

«ទេ! ឯងជាមនុស្សល្អ!» ចិន្តាតបដោយញញឹម។

«ហើយ…ឯងបានជួយ ​ប្អូន​ប្រុស​តូច​របស់​ខ្ញុំ​ពី​ក្នុង​ភ្លើង ទេនិយាយបែបនេះ វិញ គឺឯងបាន…ជួយដល់អ្នក​រាល់​គ្នា»។

មិនយូរប៉ុន្មាន ក្មេងៗជាច្រើនបានចូលរួមជាមួយចិន្តាក្នុងការរៀនគូររូប។ នាងបានសរសេរទៅកាន់ពុកម៉ែដែលកំពុងធ្វើការនៅភ្នំពេញថា

«ឥឡូវកូនមាន​មិត្តភក្តិ៧នាក់ពួកគេចេះគូររូបអស់ហើយ!»

ម្តាយនាង​បានសរសេរមកថា៖

«កូនឃើញទេ អំពើល្អជាគ្រឿងសម្រាប់យកឈ្នះឧបសគ្គក្នុងជីវិត!»

​ពេលពុកម៉ែរបស់រំដួលត្រលប់មកពីភ្នំពេញមកលេងផ្ទះ ​គាត់បានទិញនំប៉័ងនិងទឹកដោះគោ។ រំដួលបានយកវាទៅចែកក្មេងៗជាមិត្ត​មុនពេលលាគេ​ទៅរៀននៅភ្នំពេញ។

យាយនាង​ក៏មកជាមួយដែរ។ ពេលមកដល់បានប៉ុន្មានថ្ងៃ​នាងទទួយលបានសំបុត្រ​របស់ចិន្តា៖

«ពួកយើងនឹកឯងណាស់! ម្តាយយើងប្រាប់ថា ក្រោយថ្នាក់ទី១២យើងនឹងបានមករៀនជាមួយឯងនៅទីនោះមិនខាន!»

ចាប់ពីថ្ងៃនោះមក អ្វីៗបានផ្លាស់ប្តូរ  រំដួល​មិន​ត្រូវ​បាន​គេ​ហៅ​ថា​កូនគ្រួសារ​អាបធ្មប់​ទៀត​ទេ។ នាងគ្រាន់តែជារំដួល ដែលជាក្មេងស្រីក្រមុំអ្នកខេត្ត​ដ៏ស្រស់ស្អាត ។

ក្រោយមកនាង​បានរៀនចប់ជាមួយចិន្តាផ្នែកទេសចរ។

ពួកគេត្រូវបានទទួលឱ្យសាកល្បងការងារដំបូងក្នុងសណ្ឋាគារមួយ។ ភ្ញៀវបារាំងមួយរូបនិយាយថា ពួកគេជាស្ត្រីខ្មែរ ដែលស្អាតប្លែកពីគ្នាថែមទាំងមានចរិយាសុភាព​ថ្លៃថ្នូរ មានទឹកចិត្ត និងមានចំណេះដឹង។

ត្រូវ​ចាំថា មនុស្ស​គ្រប់គ្នា​អាចគិតខុសពីយើង តែការពិត​នឹងប្តូរពួកគេ​ឱ្យយល់ពីបេះដូងយើងដោយអំពើល្អចិត្ត​សប្បុរសមិនមែនដោយការខឹងសងសឹកគ្នា​ទេ។

ថ្ងៃនេះ ចិន្តារត់មកខ្សឹបប្រាប់រំដួលថា៖

«នែ! ជាសាររបស់ប្អូនយើងគឺអាតូច វាប្រលងជាប់ហើយ! វានឹងមកភ្នំពេញនេះនៅខែក្រោយ!!»

រំដួលសប្បាយចិត្តណាស់ ព្រោះដើម​ល្ហុង​ចាស់ៗ​នៅ​ខាងក្រោយ​ផ្ទះ​របស់​នាង​រីក​ផ្កាជា​ច្រើន។ នាងដឹងថា ច្រើនឆ្នាំមកនេះ អាតូចនិងម្តាយជួយមើលផ្ទះនាង ។ ទោះនេះជាដើមល្ហុងដាំថ្មី តែពួកគេ​ចង់ចងចាំពីនាង ដែលបានជួយពួកគេចេញពីភ្លើង។

​នៅតែមាន​ អ្នកភូមិចាស់ៗខ្លះ លបគិតថា ការជួយរបស់នាង​គឺជាវេទមន្តប៉ុន្តែ​រំដួល​ដឹងអំពី​ការពិត  វាមិនមែនជាវេទមន្តទេ តែជាសេចក្តីសប្បុរស ហើយ​សេចក្ដី​សប្បុរស​គឺ​ជា​វត្ថុទិព្វ​ដែល​មាន​ឥទ្ធិពល​បំផុត​ក្នុង​ចំណោម​មនុស្ស​លោក៕

ចប់

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*