រឿង៖ ព្រោះគេគ្មានបេះដូង (ភាគ១)

«គេគួរឱ្យស្រលាញ់»

ក្តីស្រលាញ់ពិត វាពិបាកហាមឃាត់ឱ្យយើងបំភ្លេចមនុស្សដែលយើងស្រលាញ់ខ្លាំងណាស់

ខ្ញុំកំពុងតែអង្គុយក្នុងហាងកាហ្វេធម្មជាតិមួយនៅក្នុងសាលារៀន ស្រាប់តែនឹកឃើញរឿងអតីតកាលកាលពីខ្ញុំនៅរៀនក្នុងសាកលវិទ្យាល័យមួយនេះអស់រយៈពេល៥ឆ្នាំ តែឥឡូវខ្ញុំក៏បានរៀនចប់រយៈពេល៥ឆ្នាំមកហើយ។

សាលាដូចជាគ្មានអ្វីប្លែកបន្តិចសោះ កន្លែងដែលខ្ញុំតែងតែអង្គុយចាំសិស្សច្បងជជែកគ្នាសួរលំហាត់ពីនេះពីនោះក៏នៅដដែល ចំណែកឯតុនិងកៅអីក៏នៅសភាពដើមមិនផ្លាស់ប្តូរសោះ។

ខ្ញុំលើកកែវកាហ្វេមកក្រេបបន្តិច រសជាតិកាហ្វេចាស់ល្វីងតិចៗនៅតែឆ្ងាញ់ដដែលមិនខុសពីមុន តែអ្វីដែលប្រែប្រួលនោះគឺខ្ញុំពេលនេះមិនមែនជាមនុស្សស្រីល្ងង់លង់ខ្លួនជឿជាក់លើគេដូចពីមុន ដល់ថ្នាក់បណ្តោយខ្លួនយំតាមអង្វរគេ ទាំងដែលគេក្បត់នៅចំពោះមុខ។ ឬអាចថាមកពីខ្ញុំជាកូនអ្នកស្រុកស្រែចម្ការ មិនសស្អាត គ្មានសម្ភារស៊ីវិល័យទំនើបដូចគេទេដឹង។

ពេលខ្ញុំមករៀនទីនេះដំបូង ខ្ញុំជាកូនអ្នកខេត្ត ចាកឆ្ងាយចោលស្រុកកំណើតពីខេត្តកំពង់ចាម។ ខ្ញុំបានឮដំណឹងពីសាកលវិទ្យាល័យនេះ តាមរយៈលោកគ្រូអ្នកគ្រូដែលបង្រៀននៅវិទ្យាល័យប្រាប់។ គាត់ថាសាលាតិចណូជាសាលាល្បីនៅស្រុកខ្មែរ បណ្តុះបណ្តាលវិស្វកររាប់ម៉ឺននាក់មកហើយ។

ពេលនោះខ្ញុំក៏ចាប់អារម្មណ៍ដែរ តែគិតថាខ្លួនជាមនុស្សស្រីរាងពិបាកចាកចេញឆ្ងាយពីផ្ទះសំបែង តែចិត្តមួយទៀតប្ដេជ្ញាចិត្តនឹងខ្លួនឯងឡើងមកភ្នំពេញជាមួយមិត្តភក្តិស្រី១នាក់ទៀតត្រូវតែរៀនសាកលនេះឱ្យបាន។

ខ្ញុំនិងមិត្តភក្តិម្នាក់ទៀត បានឡើងមកទិញពាក្យ ហើយក៏ដាក់ពាក្យប្រឡង។ ពិតជាមានភ័ព្វសំណាងណាស់ក៏បានប្រឡងជាប់ជាស្ថាពរ។ ដោយក្តីមេត្តាជាអនេក រដ្ឋមន្រ្តីក្រសួងអប់រំក៏បានផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតមកពីតាមបណ្តាលខេត្តដែលគ្មានលទ្ធភាពបង់ថ្លៃសិក្សាថែមទៀតផង។

ខ្ញុំនិងមិត្តភក្តិខ្ញុំ បានជាប់អាហារូបករណ៍នៅសាលាតិចណូទាំងពីរនាក់។ គ្រាន់តែឮដំណឹងថាខ្ញុំរៀនមិនបង់លុយភ្លាម ខ្ញុំក៏បានត្រលប់ទៅស្រុកប្រាប់ពុកម៉ែ គាត់បានយល់ព្រមឱ្យខ្ញុំមករៀននៅភ្នំពេញ។ ខ្ញុំបានពឹងពាក់មិត្តភក្តិធ្លាប់រៀនជាមួយគ្នា ដែលគេឡើងមកភ្នំពេញដើម្បីជួយរកផ្ទះជួល។ ខ្ញុំមិនសូវស្គាល់ផ្លូវប៉ុន្មានទេ កម្រមកលេងភ្នំពេញណាស់ ទាល់តែមានការអីចាំបាច់បានមកលេងជាមួយពុកនិងម៉ែ។

ខ្ញុំបានពឹងមិត្តភក្តិជួយរកផ្ទះណាដែលនៅជិតសាលាខ្លួនរៀន ហើយធូរថ្លៃដើម្បីកុំឱ្យចំណាយច្រើន។ មិត្តភក្តិក៏រកបានផ្ទះជួលមួយកន្លែងនៅជិតស្ពាន៧មករា។ គ្រាន់តែដឹងថាផ្ទះគេមានបន្ទប់ទំនេរ ខ្ញុំនិងមិត្តភក្តិម្នាក់ទៀត រៀបចំខោអាវប្រញាប់ឡើងមកភ្នំពេញ ណាមួយសាលាក៏ជិតបើកវិស្សមកាលចូលរៀននៅខែ១២ ថ្ងៃទី១ នៅសល់មិនដល់១០ថ្ងៃទៀតផង។

ខ្ញុំមកដល់កន្លែងផ្ទះជួល កក់លុយថ្លៃបន្ទប់រួច ពួកយើងក៏រៀបចំអីវ៉ាន់ គ្មានគ្រែ គ្មានពូកអីទេ គឺយើងក្រាលកន្ទេលលើការូ រួចក្រាលភួយពីលើ ពេលគេងយប់ឡើង។

សម្រាកបានមួយយប់ ខ្ញុំគិតថាសាលាតិចណូនៅរៀងឆ្ងាយពីផ្ទះជួលគួរសមដែរ ក៏មានបំណងចង់ទិញកង់មួយស្រួលជិះទៅរៀន តែគំនិតនេះក៏ត្រូវបានផ្អាកបន្តិចវិញ ដោយសារតែទើបមកនៅទីក្រុងខែដំបូង ខ្ញុំនិងមិត្តភក្តិត្រូវចំណាយច្រើន លើការទិញចានឆ្នាំង ចង្រ្កានហ្គាសនិងរបស់របរប្រើប្រាស់ផ្សេងៗសព្វមុខ និយាយរួមទៅអីក៏ថ្លៃនិងត្រូវការលុយដែរ មិនដូចនៅខេត្តសោះ របស់ខ្លះសុំតែអ្នកភូមិក៏បាន នៅទីនេះអត់ទេ គល់ស្លឹកគ្រៃក៏យកលុយទៅទិញដែរ។ 

និយាយពីថ្ងៃខ្ញុំចូលរៀនដំបូងខ្ញុំមិនស្គាល់អ្នកណាទាំងអស់ សូម្បីតែរកថ្នាក់រៀនមិនទាំងឃើញទៀតនិយាយទៅខាតអស់មួយព្រឹក គឺឡើងវល់ខួរតែម្តងជាមួយមិត្តភក្តិខ្ញុំ។ កុំតែបានសួរនាំសិស្សច្បងពីអគាររៀនទេ កុំអីមិនដឹងថាបានរៀនឬអត់។

ថ្ងៃចូលរៀនម៉ោងដំបូង គឺម៉ោងភាសាបារាំងនៅពេលព្រឹក រស្មីពន្លឺនៃព្រះអាទិត្យរះជះទៅប៉ះនឹងផ្លូវដែលមានស្រមោលកង់ខ្ញុំនិងមិត្តភក្តិខ្ញុំ កំពុងជិះយ៉ាងលឿនចូលទៅក្នុងបរិវេណសាលាទៅឈប់នៅកន្លែងផ្ញើកង់។

ខ្ញុំនិងសុម៉ាលីដើរសំដៅទៅបន្ទប់រៀន ខណៈកំពុងតែសួរគ្នាពីអគារដែលខ្លួនត្រូវចូលរៀនដែរ ខ្ញុំមើលទៅម៉ោងនៅលើនាឡិកាដៃនឹងដើរយ៉ាងប្រញាប់ជាមួយដៃម្ខាងកាន់សៀវភៅ និងម្ខាងទៀតកំពុងតែទាញដៃសុម៉ាលី៖

«លឿនជាងនេះតិចមក! ខ្លាចហួសម៉ោងចូលរៀនណា៎!»

ខ្ញុំដើរសំដៅទៅបន្ទប់រៀន ហើយបានទៅរកតុអង្គុយតែពេលនោះដែរ សុម៉ាលីទាញដៃខ្ញុំ ប្រាប់ខ្ញុំកុំអង្គុយតុនេះអីដោយសារជាតុនៅខាងមុខគេពេកព្រោះឯងមិនសូវចេះបារាំងទេ ខ្លាចគ្រូសួរហើយឆ្លើយមិនចេះ ខ្មាសគេណាស់។

ខ្ញុំសម្លឹងមើលមុខរបស់នាងហើយបានអង្គុយចុះ នាងឱនត្រចៀកមកជិតខ្ញុំ ទាំងខ្សែភ្នែកបែបឆ្ងល់មកលើខ្ញុំ ហើយបានផ្តោតអារម្មណ៍ស្តាប់៖

«ជឿជាក់លើមិត្តទៅ អត់ចេះដូចតែគ្នាទេ!»

ខ្ញុំបាននាំគ្នាបែរទៅមើលមិត្តរួមថ្នាក់ជាមួយនឹងស្នាមញញឹក្នុងការចង់រាប់អាននិងមានទំនាក់ទំនងល្អជាមួយគ្នា តែស្របពេលនោះក៏មានសម្រឹបស្បែកជើងកែង តុក តុក…តម្រង់ទៅក្តារខៀន ដែលបានធ្វើឱ្យម្នាក់ៗក្រឡេកទៅមើលមុខរបស់ម្ចាស់ស្បែកជើងយ៉ាងតឹងតែង។

គាត់ពាក់វ៉ែនតាដែលមានវង្វង់ធំជាងមុខរបស់គាត់និងខ្សែភ្នែកបាញ់មកកាន់ខ្ញុំយ៉ាងមុតៗ ខ្ញុំបានគិតក្នុងចិត្តថាគាត់ចង់សួរសំណួរហើយមើលទៅ  គិតមិនចេញទេបើឆ្លើយមិនបាន ដង្ហើមរបស់ខ្ញុំដកបែបផុតៗ និងបេះដូងបុកញ័រៗ។ ខ្ញុំមិនទាន់បានឈប់គិតផងស្រាប់តែមិត្តរបស់ខ្ញុំបានក្ដិចដៃរបស់ខ្ញុំ ហើយបន្លឺឡើងយ៉ាងខ្សឹបៗថា៖

«យើងថាមិនចេះខុស ដឹងតែគាត់សួរពួកយើងមុនគេតែម្តង»

ពេលនោះគាត់ក៏នៅតែបន្តមើលមកពួកខ្ញុំទាំងមិនដាក់ភ្នែកដដែល។ គាត់បានដាក់កាបូបនិងបានទាញកៅអីអង្គុយចុះនិងបាននិយាយយ៉ាងខ្លាំងថា គាត់ជាអ្នកគ្រូបង្រៀនមុខវិជ្ជាបារាំងសម្រាប់ថ្នាក់របស់ខ្ញុំ ប៉ុន្តែអ្នកគ្រូនៅតែមើលមុខខ្ញុំ ក្នុងចិត្តពិតជាមិនដឹងថាគាត់នឹងសួរពីអ្វីទេ។

សំឡេងរបស់អ្នកគ្រូបានបន្លឺឡើង ស្រាប់តែមិត្តរបស់ខ្ញុំ និងមិត្តភក្តិនៅក្នុងថ្នាក់បានសម្លឹងមកខ្ញុំ។ ខ្ញុំគិតក្នុងចិត្តអ្នកគ្រូពិតជាហៅខ្ញុំមែន។ មិត្តរបស់ខ្ញុំនាងបានបើកភ្នែកធំៗដាក់ខ្ញុំជាមួយនឹងការញាក់ចញ្ចើមមួយខាងដាក់ ខ្ញុំប្រឹងញញឹមនិងបែរមុខទៅក្តារខៀន៖

«ប្អូនធា្លប់បានរៀនភាសាបារាំងពីមុនដែរឬអត់?»

«ចាស! អ្នកគ្រូធ្លាប់រៀនបានខ្លះអ្នកគ្រូ»

«ល្អ! សាករាប់លេខបានអត់?»

ខ្ញុំចាប់ផ្តើមបុកពោះមិនដឹងថារាប់បានប៉ុន្មានលេខទេ អ្នកគ្រូបានហៅខ្ញុំម្តងទៀត៖

«តស់ប្អូន!»

«អង ដឺ ទ្រ អឹម…អឹម…អឹម…»

ខណៈនោះក៏មានសំឡេងផាំង គ្រប់គា្នបាននាំគ្នាសម្លឹងរកសំឡេងនៅឯទ្វារ ហើយគ្រប់គ្នាបានសើចនិងខ្សឹបខ្សាវគ្នាពាសពេញបន្ទប់រៀន ខ្ញុំក៏បានងាកទៅតាមទា្វរឃើញសភាពបែបនេះក៏ទប់សើចមិនបានដូចគ្នា ព្រោះបុរសម្នាក់នោះបានដួលទៅនឹងឥដ្ឋហើយកាតាបរបស់គេបានជះសៀវភៅរាយប៉ាយចេញមកក្រៅ ស្បែកជើងក៏របូតចេញពីជើងទៀត។

គេបានក្រោកឡើងនឹងនិយាយសុំទោសសម្រាប់ការមកយឺត សំឡេងសើចក៏បានបាត់ដូចគ្នា គេបានប្រមូលសៀវភៅដាក់ចូលក្នុងកាតាប រួចបានដើរទៅអង្គុយនៅតុខាងក្រោយគេនោះ  អ្នកគ្រូឃើញបែបនេះក៏បានហៅគេ៖

«និយាយថាមកក្រោយគេ តែកុំចង់បន្លំអង្គុយក្រោយគេតិចដេកលក់គ្រូមិនដឹង ពិបាកតែគ្រូបារម្ភណាស់ពេលឃើញសិស្សដេកលក់មិនហ៊ានទៅដាស់ទេ! ខ្លាចរំខានសិស្សយល់សុបិនឃើញក្រាស់ សុខចិត្តឱ្យមេរៀនរត់ទៅចោលសិន! មកអង្គុយតុទីពីរនេះមកទំនេរគ្មានអ្នកចាប់អារម្មណ៍សោះប្រៀបបានដូចស្រីចាស់គ្មានអ្នកយល់សុបិនឃើញ»

ស្ថានភាពពេលនេះគឺម្នាក់ៗសើចនឹងសំដីរបស់អ្នកគ្រូវ៉ែនតាធំៗ ហើយបុរសម្នាក់នោះក៏បានដើរមកអង្គុយតុទីពីរដែលជាតុនៅខាងក្រោយតុរបស់ខ្ញុំ។ ដំណើររបស់គេយឺតៗ រាងដ៍សែនខ្ពស់ សក់ត្រង់រលោង អាវរបស់គេមូលឡើងបន្តិចចេញនាឡិកាដៃ សាច់ស មាត់ញញឹមតិចៗជាមួយនិងពុកមាត់ស្ដើងៗបានធ្វើឱ្យមិត្តភក្តិស្រីៗមើលគេតាំងពីខាងក្រោយរហូតដល់ខាងមុខ។

ខ្ញុំបានងាកទៅនិយាយជាមួយមិត្តសម្លាញ់ខ្ញុំ តែនាងក៏ជាម្នាក់ក្នុងចំណោមមិត្តភក្តិស្រីដែលបានកំពុងតែមើលទៅបុរសនោះមិនដាក់ភ្នែកដែរ។

នាងបានទៅសួរនាំពីឈ្មោះរបស់បុរសនោះ ហើយទោះបីខ្ញុំខំកេះនាងយ៉ាងក៏នាងមិនព្រមបញ្ចប់ការសន្ទនានោះសោះ។ អ្នកគ្រូបានណែនាំពីជីវប្រវត្តិរបស់គាត់ ក្នុងនោះសិស្សទាំងអស់ក៏បានណែនាំម្តងម្នាក់ៗហើយក៏បានហៅវត្តមានដូចគ្នា៖

«អមរា!»

«ចាស! អ្នកគ្រូ»

«សុម៉ាលី! សុម៉ាលី …»

អ្នកគ្រូបានហៅម៉ាលីបីដងហើយ តែនាងមិនឮទេព្រោះនាងនៅសន្ទនាជាមួយបុរសម្នាក់នោះ ខ្ញុំខំទាញដៃនាងតែនាងមិនខ្វល់នឹងខ្ញុំទេ ខ្ញុំក៏បានក្ដិចភ្លៅនាងៗបានស្រែក ហើយអ្នកគ្រូក៏បានហៅម្តងទៀត៖

«ចាស! ចាសអ្នកគ្រូ ខ្ញុំសុម៉ាលី»

«ណារិទ្ធិ!»

«បាទអ្នកគ្រូ!»

ខ្ញុំគ្រាន់តែឮអ្នកដែលអង្គុយក្បែរតុខ្ញុំ ដែលជជែកជាមួយសុម៉ាលី ឈ្មោះណារិទ្ធិ រូបរាងស្អាតបាទ កម្ពស់ខ្ពស់ សង្ហាក៏សង្ហា គេប្រហែលជាអ្នកភ្នំពេញមានជីវភាពគ្រាន់បើហើយមើលទៅ។

តែខ្ញុំនៅតែមិនយល់ ហេតុអ្វីខ្ញុំបែរជាអង្គុយភ្លឹកមើលគេទៅវិញ គេអីក៏សុភាពម្ល៉េះ ក្រាកឈរលើកដៃសំពះអ្នកគ្រូគ្រាន់តែហៅវត្តមានសោះ ឆ្លើយតែបាទទៅរួចហើយ ជោរនោះជោរ។

ក្រោយពីរៀនភាសាបារាំងរយៈពេល២ម៉ោង ខ្ញុំនេះសុំគ្រូទៅបន្ទប់ទឹកចង់៤-៥ម្តង ដោយសារតែភ័យអត់ចេះ ខ្លាចគ្រូហៅឡើងក្តារខៀន ចំណែកសុម៉ាលីនិងម្នាក់អីឈ្មោះណារិទ្ធិនោះគិតតែពីសើចខ្ញុំ មិនថាអានបារាំង គេដូចត្រូវគ្នាណាស់ ទើបតែចួបគ្នាសោះហ្នឹង។

គ្រប់គ្នាបានចេញពីថ្នាក់ នៅតែខ្ញុំជាមួយសុម៉ាលីកំពុងរៀបសៀវភៅដាក់ក្នុងកាតាប។ រៀងយូរជាងគេ ដោយសារខ្ញុំ ត្រូវកត់ពាក្យបារាំង៥០ចប់ឱ្យគ្រូ ថ្ងៃទី១វេទនាប៉ុណ្ណឹងហើយ ចុះល្មមរៀនចប់ អើយមិនហ៊ានស្រមៃទេខ្ញុំតាមដំណើរទៅ។ មកដល់មាត់ទ្វារ ស្រាប់តែភ្ញាក់ព្រើត ណារិទ្ធិស្អីគេនោះ មកពញ្ញាក់ខ្ញុំនិងសុម៉ាលី ឡើងសៀវភៅជ្រុះពីដៃ។

«ខ្ញុំសុំទោស! សុំទោស ខ្ញុំធ្វើលេងទេ!»

«ហើយអ្នកអត់ទៅរៀនម៉ោងផ្សេងទៀតទេ?»

សុម៉ាលីនិយាយជាមួយគេ ខ្ញុំឱនរើសសៀវភៅ ស្រាប់តែគេឱនរើសដែរ។

«ចាំខ្ញុំជួយ សុំទោសណា! អូ!​ អត់ទេ! ម៉ោងទំនេរ ចុះយើងពីរនាក់វិញ?»

ខ្ញុំមើលមុខសុម៉ាលី យើងពីរនាក់ អាប៉ិនេះដូចស្គាល់គ្នាពីអង្កាល់ណាអ៊ីចឹង។

«ពួកខ្ញុំម៉ោងទំនេរដែរហ្នឹង!»

«ហើយរកទៅណាទៀត?»

«សួរនោះសួរ ជំរឿនមែន ខ្ញុំទៅណាជារឿងខ្ញុំ!» ខ្ញុំគិតក្នុងចិត្ត។

«ខ្ញុំរកទៅញ៉ាំអីជាមួយអមរា»

«ខ្ញុំរកទៅដែរ សួស្តីអមរា»

«ចាស! សួស្តី» រួសរាយទៅខ្លាចគេថាយើងខ្មើត «តស់! សុម៉ាលីខ្ញុំឃ្លានណាស់»

«ណារិទ្ធិទៅជាមួយខ្ញុំឬអត់?»

«ទៅ! តស់! ដើរទៅ ខ្ញុំឮថាអាហារដ្ឋាននៅអគារក្រោយគេធ្វើឆ្ងាញ់ ឆាប់ទៅអមរាដូចជាមុខស្អុយដល់ហើយ»

«ហាសហា! មានណានាងតែអ៊ីចឹងទេ ឱ្យតែឃ្លានខ្លាំង» សុម៉ាលីដូចហែកកេរ្តិ៍គ្នាអស់ហើយ។

ដើរតាមផ្លូវខ្ញុំនៅចំហៀងសុម៉ាលី ឱ្យសុម៉ាលីនៅកណ្តាលជជែកគ្នាទៅ។ និយាយពីជជែកគ្នាតាំងពីបន្ទប់រៀនមកដល់កន្លែងញ៉ាំអីហើយ នៅនិយាយមិនឈប់សោះ សំខាន់ញ៉ាំបណ្តើរនិយាយបណ្តើរទៀត។

ទោះបីពេលខ្លះគេថាខ្ញុំឬក មិនសូវនិយាយ តែខ្ញុំមិនសូវស្គាល់គ្នាមិនសូវនិយាយជាមួយទេ មិនមែនមិនហ៊ាននិយាយទេ ខ្លាចនិយាយទៅខុស គេអន់ចិត្ត គេខឹង អ៊ីចឹងទៅទាល់តែអ្នកស្គាល់គ្នាជិតដិត បានខ្ញុំនិយាយជាមួយច្រើន ហើយតាប៉ែហ្មង។ គ្រាន់ញ៉ាំអីរួច ណារិទ្ធិនោះគេលើកទូរសព្ទនិយាយមួយសន្ទុះ៖

«អមរា សុម៉ាលី ខ្ញុំរកទៅផ្ទះមុនហើយ មានការនៅផ្ទះបន្តិច»

«ចាស! ចាស!» សុម៉ាលីងក់ក្បាល។

«ទៅមុនទៅៗ តែថ្លៃបាយគេហ៎?»

«អូ! ខ្ញុំសុំទោស! បិះនឹងភ្លេចនេះ ថ្លៃបាយខ្ញុំ ខ្ញុំទៅមុនហើយ បាយ បាយណា!»

សុម៉ាលីលើកដៃលាគេ តែខ្ញុំធ្វើធម្មតារួចពួកខ្ញុំក៏ចេញពីកន្លែងញ៉ាំបាយ មកអង្គុយក្រោមដើមឈើ អង្គុយមើលមេរៀនមុន ខ្លាចក្រែងគ្រូសួរ។ ខ្ញុំក្រឡេកទៅឃើញបុរសម្នាក់ ជិះម៉ូតូអាសង់ថ្មីច្រឺង គេលើកដៃគ្រវីបាយ បាយ ខ្ញុំនេះវិញសម្លឹងមើលយូរៗពីចម្ងាយ បានដឹងថា អាមួយអីប៉ិននិយាយនោះសោះ។

«អមរា អមរា ភ្លឹកមើលអីហ្នឹងហាស!»

«អូ! ណារិទ្ធិតើ! ន៎!តាមមើលគេឡើងភ្លឹក»

«គ្មានទេ! មើលទីធ្លាសាលាទេ!»

«តែគេខំលើកដៃលាហ៎! អត់លាគេវិញសោះ»

«សុម៉ាលីឯងអត់ចម្លែកទេអី? មនុស្សអីក៏រួសរាយម៉្លេះ មិនដែលទៅស្គាល់គ្នាផង គេថាមនុស្សប្រុសភ្នំពេញមិនគួរឱ្យទុកចិត្តទេ»

«អើយ! គ្រាន់តែមិត្តរួមថ្នាក់ជាមួយគ្នាសោះកុំគិតវែងឆ្ងាយមើល មិនមែនឱ្យតែប្រុសភ្នំពេញអាក្រក់ទាំងអស់ណា!»

«ខ្ញុំប្រាប់អមរាឯងទៅ ណារិទ្ធិហ្នឹងរស់នៅភ្នំពេញ គ្រួសារគេធូរធារដែរ ប៉ាគេទាហាន ចំណែកម៉ាក់ធ្វើការនៅរដ្ឋសភា គេមានតែបងប្អូនបីនាក់ទេ គេកូនទីពីរ បងស្រីគេការរួចហើយ នៅមានប្អូនស្រីពៅមួយទៀត គេមានប៉ុណ្ណឹងហើយតែគេដាក់ខ្លួនណាស់ណ៎ អ្នកណាបានគេសំណាងងាប់ហើយ កូនប្រុសតែមួយទៀត»

«នែ! ឆាប់ភ្ញាក់ឡើង ឈប់ស្រមៃទៅ ហើយអីក៏ដឹងរឿងគេច្បាស់ម៉្លេះ ជំរឿនជាងអាប៉ិហ្នឹងទៀត ខ្ញុំសង្ស័យហាស អាប៉ិហ្នឹងលួចស្រលាញ់ឯងហ្មង បានប្រាប់រឿងគ្រួសារគេ»

«អើយគ្មានទេ! អាណាមកចាប់អារម្មណ៍ស្រែៗដូចយើងនោះ! គ្នាមិនហ៊ានស្រមៃទេ ចួនកាលគេមានគូហើយមិនដឹង ប្រុសភ្នំពេញសម័យឥឡូវហ៎! មានកូនមានអីហើយធ្វើខ្លួនឯងដូចកំលោះ អត់ចេះខ្មាសគេសោះ»

«ឈប់និយាយពីអាប៉ិហ្នឹងទៅ! អង្គុយមើលមេរៀនវិញពេលរៀនគ្រូសួរហ្នឹង ស្លន់រកបន្ទប់ទឹកទៀតឥឡូវហើយ»

រំលងបានមួយអាទិត្យ ខ្ញុំមានអារម្មណ៍ថា មុខវិជ្ជាគិតលេខខ្ញុំ ដូចជាខ្សោយទៅៗយ៉ាងម៉េចទេ រូបវិទ្យាកាន់តែពិបាករៀនជាងគណិតទៀត។ គិតថាក្នុងចិត្ត បើមានអ្នកណាមួយចិត្តល្អហើយមកបង្រៀនបន្ថែមពេលទំនេរមិនដឹងជាល្អយ៉ាងណាទេ។ កំពុងតែអង្គុយរៀនលើសាលអគារF មិនហ៊ានទៅអង្គុយជួរមុខទេ ទោះបីជាមករៀនចូលថ្នាក់មុនគេក៏ដោយ។

បើអង្គុយវិញ ទៅអង្គុយក្រោយគេជួរទី៤ ទី៥ដែរ ខ្លាចតែគ្រូហៅឡើងក្តារខៀនអីចប់បណ្តាយ។ រៀននៅសាកលនេះចម្លែកជាងរៀនវិទ្យាល័យ គេមានម៉ោងមេរៀនផ្សេង ម៉ោងកែលំហាត់ផ្សេង។

ម៉ោងរៀនមានសិស្សច្រើន ៤ទៅ ១០ក្រុមចូលគ្នាប្រហែលជាជិត ២០០នាក់ជាងដែរ តែម៉ោងលំហាត់មាន២ក្រុមចូលគ្នាសិស្ស ៤០សិនជាងអីទេ។

ខ្ញុំអង្គុយជាមួយសុម៉ាលី មិនទាន់ដល់ម៉ោងរៀន ស្រាប់តែក្រឡេកទៅចំហៀងសុម៉ាលី គឺចួបអាប៉ិនិយាយច្រើនទៀត មិនដឹងមកពីពេលណា។ ចិត្តខ្ញុំសង្ស័យតែលួចស្រលាញ់ម៉ាលីទេ ម៉ែអាណាមកតាមគ្នាម្លឹងៗ ហើយចួបមុខរហូត។

«សួស្តីអមរា! ម៉ាលី! ខ្ញុំសុំអង្គុយហ្នឹងដែរអ្ហាស!»

«ចាស! អត់អីទេរិទ្ធិអង្គុយទៅ» ខ្ញុំធ្វើជាហ្អីយមិនតប។

«អមរា ចួបលើកណាក៏អត់ញញឹម សើចដាក់ខ្ញុំដែរ ខឹងខ្ញុំរឿងអីមែន?»

«អត់មានអីទេធម្មតា!»

«តែខ្ញុំឃើញដូចមិនធម្មតាទេ កុំគិតអាក្រក់លើខ្ញុំអី ខ្ញុំមករៀននេះមិនមានមិត្តភក្តិទេ តែបានចួបម៉ាលីនិងអមរាឯងខ្ញុំរំភើបណាស់ មានមិត្តភក្តិគ្រាន់បានគ្នាជជែក»

«ណារិទ្ធិឯងរំភើបអី? យើងមិត្តភក្តិរៀនថ្នាក់ជាមួយគ្នា បានស្គាល់គ្នារាប់អានគ្នាល្អហើយ ខ្ញុំក៏ចូលចិត្តណារិទ្ធិឯងដែរ រួសរាយដាក់ខ្លួនណាស់ ហើយជាកូនអ្នកមានផង»

«អូយ! មានអីមានតែម៉ាក់ប៉ាខ្ញុំទេ! ខ្ញុំគ្មានអីទេ! ចាយលុយគាត់ដដែលហ្នឹង ខ្ញុំពីដើមមកតែអ៊ីចឹងទេ! មនុស្សដូចតែគ្នារើសអើងប្រកាន់មានក្រអី»

«តែខ្ញុំពេលខ្លះដូចប្រកាន់ ខ្លាចអ្នកខ្លះរាប់អានគិតតែពីប្រយោជន៍ យើងមើលមិនឃើញទេ!»

«អមរាឯងនិយាយអី?  រិទ្ធិកុំអន់ចិត្តណា! អមរាគ្នានិយាយត្រង់ៗអ៊ីចឹងហើយ»

«មិនអីទេ! ខ្ញុំស្រលាញ់មនុស្សនិយាយត្រង់ៗ ឱ្យតែស្មោះត្រង់ បានរាប់អានគ្នាបានយូរ នោះលោកគ្រូមកហើយ»

«កុំមាត់ ខ្លាចគាត់ថាឱ្យ»

ខ្ញុំអង្កេតទៅមើលការនិយាយស្តីរបស់ណារិទ្ធិក៏មិនអាក្រក់ដែរ គេមិនអន់ចិត្តថែមទាំងទទួលយកពាក្យខ្ញុំនិយាយបញ្ឈឺគេទាំងញញឹម។ ខ្លាចណាមួយមកពីខ្ញុំគិតច្រើន បារម្ភព្រោះយើងជាកូនអ្នកស្រុកស្រែ ខ្លាចត្រូវបានគេបោកបញ្ឆោត ដោយសារតែសម្តីផ្អែមប៉ុន្មានម៉ាត់នេះ ខ្ញុំប្រហែលជាត្រូវកែប្រែចិត្តរបស់ខ្ញុំ គិតវិជ្ជមានលើគេខ្លះ ក្រែងគេចូលមករាប់អានជាមួយយើងជាមិត្តភក្តិដ៏ល្អពិតប្រាកដមែន។

ដល់ម៉ោងចេញពីរៀន ខ្ញុំនិងសុម៉ាលីចុះមកខាងក្រោមអគារF ចំណែកណារិទ្ធិគេចាកចេញពីយើងទៅណាបាត់ហើយក៏មិនដឹង។ ខ្ញុំឃើញមនុស្សជុំៗនៅម្ដុំសមាគមនិស្សិតមិនដឹងថាមានរឿងអ្វីទេ។ ខ្ញុំនិងម៉ាលីក៏បានដើរទៅមើលដែរ តែរង់ចាំមនុស្សទូលាយបានចូលទៅមើល។ ខាងសមាគមនិស្សិតគេបិទព័ត៌មាននៅលើក្តារខៀន ថ្នាក់បំប៉នគណិត-រូបបន្ថែម ម៉ោង១១កន្លះ ដល់ ១២កន្លះ។

ស្រាប់តែខ្ញុំឃើញព័ត៌មាននេះ សប្បាយចិត្តជាខ្លាំង ធ្លាប់តែគិតក្នុងចិត្តបើ មានអ្នកមកជួយបង្រៀនបន្ថែមមិនដឹងជាល្អយ៉ាងណា តែឥឡូវមានហើយ។ ការរៀននោះដែរគេអត់កំណត់ចំនួនមនុស្សទេ តែត្រូវចុះឈ្មោះដើម្បីដឹងចំនួនអ្នករៀន ហើយមិនមានគិតប្រាក់ទេ សិស្សច្បងគាត់ចំណាយពេលវេលារបស់គាត់មកជួយបង្រៀនសិស្សប្អូនបន្ថែម។ ខ្ញុំក៏បបួលម៉ាលីចុះឈ្មោះរៀនហ្នឹងគេ អាទិត្យក្រោយបានគេចាប់ផ្តើមរៀន។

ដល់ម៉ោងរៀនគួរបំប៉នបន្ថែម ខ្ញុំស្ទុះស្ទាបាយថ្ងៃរួច ដើរទៅជាមួយម៉ាលី ខ្លាចយឺតម៉ោងចូលរៀន។ ទៅដល់យឺតម៉ោងមែន ខ្ញុំដើររកទៅអង្គុយក្រោយគេ ស្រាប់តែមានបងម្នាក់ហៅខ្ញុំ។

«ប្អូនមករៀនគួរបំប៉នដែរមែន?» ខ្ញុំងក់ក្បាល។

«មកអង្គុយតុមុខមក ស្រួលមើល មកៗអង្គុយខាងមុខនេះមកស្រួលខ្ញុំពន្យល់ បើមានអីឆ្ងល់អាចស្រួលសួរខ្ញុំនៅជិតហ្នឹងបាន»

ខ្ញុំក៏យល់ព្រមតាមគាត់ អង្គុយតុខាងមុខ តែក៏មានសិស្សច្បងដទៃទៀតពីរ ទៅបីនាក់ឈរក្បែរៗនោះដែរ។ តែ…មនុស្សម្នាក់អម្បាញ់មិញនេះ គាត់សង្ហាខ្លាំង សង្ហាជាងអាប៉ិណារិទ្ធិនោះឆ្ងាយណាស់ ខ្ពស់ក៏ខ្ពស់ សង្ហាជាងត្រង់គេពាក់វ៉ែនតានឹងហ្មងឡើងដូចកូនកូរ៉េ។ សំខាន់នោះគាត់រួសរាយ រាក់ទាក់ណាស់ ទើបតែចួបគ្នាសោះ គាត់ចិត្តល្អប៉ុណ្ណឹងហើយ។ នែ!! កុំគិតថាខ្ញុំនេះលួចស្រលាញ់គាត់ បើគ្រប់គ្នាឃើញគាត់វិញក៏លង់ស្រលាញ់ដែរ។ គាត់ជាអ្នកបង្រៀនមេរៀនដល់គ្រប់គ្នា។ សិស្សមករៀនចូល៣០-៤០ នាក់ដែរ។ ដំបូងគាត់បានណែនាំឈ្មោះរបស់គាត់

«សួស្តីអ្នកទាំងអស់គ្នា ខ្ញុំឈ្មោះយ៉ាវង្ស ខ្ញុំជានិស្សិតឆ្នាំទី២ ខ្ញុំបង្រៀនគួរបំប៉នរូបវិទ្យាដល់អ្នកទាំងអស់គ្នា ហើយសិស្សច្បងពីរបីនាក់ទៀត គាត់នៅឈរក្បែរៗនោះ នៅពេលអ្នកទាំងអស់គ្នាមានចម្ងល់អាចហៅពួកគាត់សួរបាន អ៊ីចឹងខ្ញុំចាប់ផ្តើមបង្រៀនហើយណា»

«បាទ! ចាស!» អ្នកមករៀនឆ្លើយ។

ខ្ញុំឮអ្នកអង្គុយនៅក្បែរៗខ្ញុំ សរសើរពីសិស្សច្បងនេះមិនដាច់ពីមាត់ គាត់ជាសិស្សពូកែរូបវិទ្យាទូទាំងប្រទេសលេខ១ ហើយបាននិទ្ទេសAទៀត សំខាន់កាលគាត់រៀនឆ្នាំទី១ បានលេខ១ក្នុងចំណោមសិស្សទាំងអស់ទៀត។ អ្នកណាៗក៏ស្គាល់គាត់ និងចូលចិត្តគាត់ដែរ។ រយៈពេលមួយម៉ោងរៀន ពិតជាលឿនមែនទែន គាត់ពូកែបង្រៀននិងពន្យល់មេរៀនណាស់ ម្នាក់ៗងក់ក្បាលយល់គ្រប់គ្នា តែខ្ញុំគ្រាន់តែអង្គុយធ្វើមុខឆ្ងល់ សម្លឹងមុខគាត់សោះ។

«សិស្សប្អូន មានចម្ងល់អីមែន?» គាត់ដើរចុះពីក្តារខៀនរាងខ្ពស់ កន្លែងគាត់ឈរបង្រៀន។

«ចាស! ចាសអត់មានអីទេ! សិស្សច្បង»

«ខ្ញុំឃើញមុខឆ្ងល់ៗ ហាសហាអត់យល់អីសួរខ្ញុំបានណា! ខ្ញុំសុំមើលសៀវភៅសរសេរបន្តិចមើល»

«មិនបាច់ទេសិស្សច្បង អក្សរអត់ស្អាតផង»

«មិនអីទេ!» គាត់ទាញសៀវភៅខ្ញុំមើល ស្រាប់តែគាត់ទាញខ្មៅដៃហើយឱនមកជិតខ្ញុំ សរសេរអក្សរលើរូបមន្តដែលខ្ញុំកត់ រួចពន្យល់ខ្ញុំបន្ថែម។ គាត់ឱនមក ខ្ញុំមើលមុខគាត់ឡើងភ្លឹក ក្លិនខ្លួនគាត់ក្រអូបណាស់ គាត់យកដៃរុញកញ្ចក់វ៉ែនតាហើយមើលមកមុខខ្ញុំៗ បែរមុខចេញទៅរកសុម៉ាលី។

«អរគុណហើយសិស្សច្បង»

«បើមានចម្ងល់អីអាចសួរបានណា?»

«ចុះបើធ្វើលំហាត់ឆ្ងល់នៅផ្ទះសួរយ៉ាងម៉េចទៅ?»

«យកតេលេក្រាមខ្ញុំក៏បាន នេះខ្ញុំកត់លេខទូរសព្ទខ្ញុំឱ្យ»

ស្រាប់តែគាត់កត់រួចមានមិត្តភក្តិម្នាក់ដើរមកកៀកកគាត់ហើយបន្លឺឡើង៖

«អឺ! អ្ហែងសុទ្ធតែឱ្យលេខទូរសព្ទទៅស្រីទៀត!»

«សិស្សប្អូនសុំតេលេក្រាមសួរលំហាត់តើ!! កុំគិតអីផ្តេសផ្តាសពេកប្រុសរាជ»

ខ្ញុំឆ្ងល់ម៉េចសិស្សច្បងរៀននៅសាលានេះសង្ហាៗម្ល៉េះ សំខាន់សុទ្ធតែប្រុស។ ម្នាក់ឈ្មោះរាជជជែកជាមួយសិស្សច្បងក៏សង្ហា មិនចាញ់គ្នាប៉ុន្មានទេ តែដូចកូនកាត់ចិន ចាញ់បងយ៉ាវង្សដូចកូនកូរ៉េនៅក្នុងរឿង។

«សុម៉ាលីតស់! ចប់ហើយ ទៅផ្ទះ!»

«ចាស! ចាសតស់! រៀបចំទៅ»

ម៉ាលីដូចមើលសិស្សច្បងរាជនោះមិនដាក់ភ្នែកសោះ ថែមទាំងសិស្សច្បងនោះ លើកដៃបាយៗ ញាក់ភ្នែកដាក់ទៀត ដូចជាមិនស្រួលទេពីរនាក់នេះ។ ទើបតែស្គាល់គ្នាថ្ងៃដំបូង តែមានអារម្មណ៍ថាដូចខ្ញុំមានរឿងច្រើនដល់ហើយ មិនមែនរឿងរៀនអីទេ រវល់តែរឿងសិស្សច្បងសង្ហាៗហ្នឹងតែម្តង។

ចុងខែនេះលំហាត់កិច្ចការរបស់គ្រូត្រូវប្រមូលចុងខែ ត្រូវធ្វើលំហាត់ដែលនៅសល់ដើម្បីចងក្រងធ្វើជាសៀវភៅប្រមូលឱ្យគ្រូយកពិន្ទុបន្ថែម ចៃដន្យអីលំហាត់ខាងក្រោមនោះ វាលំបាក សួរម៉ាលីក៏ម៉ាលីមិនចេះ ខ្ញុំនៅក្រុមផ្សេងគ្នាជាមួយម៉ាលី ពឹងឱ្យម៉ាលីសួរគេឱ្យក៏គ្មានអ្នកចេះ អង្គុយបើកសៀវភៅមើល មានលំហាត់ណាស្រដៀងចម្លងដាក់តែម្តងខ្ចិលគិតច្រើនបើមិនចេះទៅហើយ។

«សិស្សច្បងយ៉ាវង្ស!! នេះលេខទូរសព្ទរបស់សិស្សច្បងយ៉ាវង្សឱ្យតេលេក្រាមតើ! តើខ្ញុំគួរតែឈែតទៅសួរគាត់ឬអត់ន៎? តែដល់ដំណាក់កាលនេះហើយ មានតែធ្វើមុខក្រាស់ទៅ បើឈែតទៅគេតប វាមិនល្អ ចុះបើឈែតទៅគេមិនតប អើយបើមិនតបមិនតបទៅ ប្រហែលជាគេមិនរស់ទេដឹងបានមិនតប ឥឡូវឈែតទៅសិន»

ខ្ញុំក៏ចុចលេខគាត់ ហើយsaveលេខគាត់ ដាក់ថាសិស្សច្បងសង្ហា រួចក៏ឈែតទៅគាត់។

«ជម្រាបសួរ សិស្សច្បងខ្ញុំសិស្សប្អូនដែលរៀនគួរបំប៉នជាមួយបង ខ្ញុំអាចសួរលំហាត់បងបានដែរឬទេ? សិស្សច្បង»

ខ្ញុំអង្គុយចាំមួយសន្ទុះ ណាមួយគិតថាថ្ងៃអាទិត្យអ៊ីចឹងក្រែងតែគាត់ដើរលេង ឬមានអ្វីរវល់ហើយបានមិនតប។ ក្រឡេកមើលទៅសុម៉ាលីវិញគេសើចក្អាកក្អាយសប្បាយចិត្តមានចម្លើយស្រាប់។ គេសំណាងហើយបានក្រុមជាមួយអាប៉ិនិយាយច្រើននោះ គេក៏ពូកែដែរ។

ខ្ញុំមិនហ៊ានឈែតសួរទៅអាប៉ិមាត់ច្រើនហ្នឹងទេ មិនសូវចូលចិត្ត តែគិតក្នុងចិត្ត ប្រសិនជាល្ងាចហ្នឹងសិស្សច្បងអត់តប ធ្វើមុខក្រាស់ពឹងម៉ាលីឱ្យឈែតសួរអាប៉ិហ្នឹងក៏បាន។ យូរហើយសិស្សច្បងអត់តបសោះ។

«ម៉ាលីហាស! ខ្ញុំពឹងមួយមើល មានតេលេក្រាមអាប៉ិមួយនិយាយច្រើនតើ!ហ្អី?»

«ម៉េចបានមិនមាន? បើនៅក្រុមជាមួយគ្នាហើយ មានការអីសួរគេមែន?»

«អ៎! មិនមានអីទេ មាន…មាន…ត អូ! អត់ទេចាំបន្តិច»

ខ្ញុំមើលតេលេក្រាម ស្រាប់តែសិស្សច្បងតបមក រាងយូរដែរ អង្គុយចាំឡើងលែងចង់បានចម្លើយហើយ៖

«បាទ! ជួយផ្ញើលំហាត់ឱ្យខ្ញុំបន្តិចមក»

«ចាស! ចាស! នេះសិស្សច្បង អរគុណទុកជាមុនផង»

«ឥឡូវមានអីចង់សួរណារិទ្ធិអត់? ចាំខ្ញុំសួរឱ្យ»

«អត់មានអីទេ! កុំរំខានអាប៉ិហ្នឹង!»

«ទេអមរា ម្តងមានម្តងអត់ហាសហា! សង្ស័យពូកែស្អប់ណារិទ្ធិពេក ប្រយ័ត្នស្អប់ជំពប់លើហាស!»

«មិនអាចទេ! ខ្ញុំចាប់ចិត្តលើសិស្សច្បងហើយ សិស្សច្បងមួយបង្រៀនគួរយើងខ្ពស់ពាក់វ៉ែនតាហ៎! សង្ហាណាស់»

«អើយកុំស្រមៃពេក ហាសហា!»

«ម៉ាលីឯងខ្ញុំក៏ដឹងថា ចាប់អារម្មណ៍លើណាគេដែរ ស្មានតែខ្ញុំមិនដឹងហ្អី»

«អ្នកណា? ណារិទ្ធិមែន អត់ទេមិត្តភក្តិតើ!»

«តែអាប៉ិហ្នឹង! មើលទៅដូចចាប់អារម្មណ៍លើម៉ាលីឯង តាមម៉ាលីឯងរហូតហាសហា បើមិនអាប៉ិហ្នឹងទេ មួយទៀត ខ្ញុំខម្មិនឱ្យឯង សិស្សច្បងរាជដែលបង្រៀនគួរជាមួយសិស្សច្បងខ្ញុំចាប់អារម្មណ៍ហ៎ បងមួយហ្នឹងក៏សង្ហាដែរ កាលចួបគាត់ដំបូង គាត់ញាក់ភ្នែកដាក់ឯងទៀត»

«អើយ! អមរាកុំគិតច្រើនពេក ខ្ញុំកត់លំហាត់មើលមេរៀនវិញ»

«អៀនហើយ អៀនហើយន៎! ស្មានតែខ្ញុំមិនដឹងមែន»

«ហ្នឹងហើយឱ្យដឹង កុំចេះតែចាប់គូឱ្យខ្ញុំមុន ហាសហា» ខ្ញុំនិយាយក្នុងចិត្ត ពីម៉ាលីដែលចាប់គូរខ្ញុំជាមួយអាប៉ិមាត់ច្រើននោះ។ សិស្សច្បងផ្ញើលំហាត់មកហើយ យីសំខាន់គូសរូបបេះដូងកន្លែងចម្លើយចុងក្រោយទៀត។

«អរគុណសិស្សច្បងធំៗ ជូនពរកាន់តែសង្ហា និងមានអ្នកស្រលាញ់ច្រើន!»

ខ្ញុំដាក់រូបកូនឆ្កែមានបេះដូងផ្កាឈូកនៅពីក្រោយ តែកូនឆ្កែនោះលើកដៃសំពះ។

«ឱ្យតែមានម្នាក់នៅក្នុងមនុស្សច្រើនហ្នឹងក៏បាន» គាត់តបវិញ ខ្ញុំនេះឆ្ងល់ម្នាក់ណាទៅណាអីក៏ប្លែកម៉្លេះ

«ម្នាក់ណាទៅសិស្សច្បង?»

«គឺអ្នកដែលកំពុងតែលេងជាមួយនេះហើយ!»

«អូយ! អៀនហាស ខ្ញុំកត់លំហាត់ហើយ អរគុណម្តងទៀតបាយៗសិស្សច្បង»

«បាទ បាយៗ»

ខ្ញុំនេះមុខឡើងក្រហម និយាយអី សំខាន់ខ្ញុំខំក្រាស់លើគាត់ ដល់ពេលគេនិយាយអ៊ីចឹងៗអ្នកណាមិនអៀន។ អង្គុយចម្លងលំហាត់បណ្តើរ មុខក្រហមបណ្តើរ ម៉ាលីក្រឡេកមកមើលខ្ញុំ ហើយក្រវីក្បាលដាក់ខ្ញុំ។

ខ្ញុំក៏ចេះតែសួរលំហាត់គាត់ នៅពេលដែលខ្ញុំអត់ចេះ ហើយទៅរៀនគួររាល់ថ្ងៃគាត់តែងតែមើលមុខ ខ្ញុំនេះអង្គុយញញឹមរៀនគ្មានចូលទេ ហើយបើទៅរៀនវិញ គឺដើម្បីទៅមើលមុខគាត់ទេ មិនមែនទៅរៀនអីទេ។

ពេលខ្លះយប់ឡើងឈែតជាមួយគាត់អត់ដេកក៏មាន សំខាន់គាត់តបរហូតឱ្យតែឈែតទៅគាត់។ ខ្ញុំចាប់ផ្តើមរកហ្វេកបុកគាត់ ដើម្បីដឹងថាគាត់មានសង្សារហើយឬនៅ។ ខ្ញុំបានសុំហ្វេកបុកគាត់ គាត់ក៏ព្រម។

ខ្ញុំបានវាយឈ្មោះគាត់ រូបក្នុងហ្វេកបុកកាន់តែសង្ហា អង្គុយលើដៃស្ពានយកដៃច្រត់ចង្កា ដូចជានៅខាងក្រោយគាត់មានភ្នំមួយដែលល្បីនៅប្រទេសជប៉ុន។ ខ្ញុំមិនទាន់អេដគាត់ទេ ខ្ញុំចូលទៅមើលរូបថតរបស់គាត់ គឺមានតែរូបថត១០សន្លឹកកាលគាត់នៅរៀន និងរូបទទួលមេដាយប្រឡងសិស្សពូកែ។ ខ្ញុំមិនអស់ចិត្ត ខ្ញុំចូលមើលកន្លែងព័ត៌មានផ្ទាល់ខ្លួនទៀត គឺដាក់single ខ្ញុំគ្រាន់តែឃើញsingle ខ្ញុំស្រែក៖

«មានសង្ឃឹមហើយខ្ញុំ»

ឡើងម៉ាលីឆ្ងល់សួរខ្ញុំមានរឿងអី ខ្ញុំគ្រវីបញ្ជាក់ថាគ្មានរឿងអីទេ តែដេកឱបខ្នើយញញឹមម្នាក់ឯងទាំងយប់ រួចក៏ចុចអេដគាត់។

ងើបពីព្រលឹមទៅរៀនបិះហ្នឹងយឺត ចុចមើលហ្វេសបុកគាត់ខំហ្វើមខ្ញុំ ហើយដាក់រូបបក់ដៃហាយមកខ្ញុំទៀត។ ខ្ញុំបានតែចូលមើល តបមិនកើត ខ្លាចទៅរៀនយឺត ក៏រៀបចំខ្លួនទៅរៀន។ ថ្ងៃត្រង់ខ្ញុំចូលទៅញ៉ាំបាយម្នាក់ឯងនៅហាងបាយ ម៉ាលីគេរវល់ទៅប្រជុំក្រុមរបស់គេ។ ខ្ញុំក៏ហៅបាយស្រូបមកញ៉ាំ មិនដឹងថាអាប៉ិមាត់ច្រើនមកពីណាទេ ហុចទឹកប្រទាលកន្ទុយក្រពើឱ្យខ្ញុំ ហើយអង្គុយលើកៅអីជាមួយតុខ្ញុំ។

«នែខ្ញុំឱ្យ! ឃើញភ្នែកអមរាឯងដូចអត់បានគេង ញ៉ាំទឹកនេះទៅល្អ»

«អត់អីទេទុកញ៉ាំទៅខ្លួនឯងទៅ»

«ទៅខ្ញុំឱ្យ! អ៊ីបាយសាច់ជ្រូកពងទាក្រឡុក»

គេក៏ទុកនៅក្បែរខ្ញុំ ខ្ញុំក៏បើកផឹកទៅកុំឱ្យគេអន់ចិត្ត។

«យីអាប៉ិហ៊ានថាឯងភ្នែកជាំៗអត់ដេកទៀត!» ខ្ញុំអត់និយាយមាត់កទេ តែអាប៉ិហ្នឹងមើលមកខ្ញុំ ខ្ញុំអត់តបគេក៏មិននិយាយ។

«អមរាចេញពីហ្នឹងទៅណា?»

«ទៅណារឿងខ្ញុំម៉េចរកដើរតាមមែន?»

«បាទ! បាទ!»

«ទៅរៀនគួរបំប៉ននៅអគារF តែអ្នកពូកែស្រាប់អ៊ីចឹងមិនបាច់ទៅរៀនក៏បានដែរ»

«បាទ! បាទ! ខ្ញុំទៅរៀនរាល់ថ្ងៃតើ»

«ទៅរៀន? អង្គុយនៅណាខ្ញុំរកមិនឃើញ»

«ខ្ញុំអង្គុយនៅក្រោយគេហ៎! ខ្ញុំចូលតាមទ្វារក្រោយ ខ្ញុំឃើញម៉ាលីនិងអមរាអង្គុយនៅខាងមុខគេ ស្រួលមានសិស្សច្បងនៅជិតស្រួលពន្យល់»

«ចាសត្រូវហើយ គាត់រួសរាយណាស់ សំខាន់គាត់សង្ហាទៀត អត់ចេះអីឈែតសួរគាត់ គាត់តបរហូត»

«បាទ! បាទ! អ៊ីចឹងខ្ញុំសុំទៅមុនហើយ ប្រញាប់ទៅចួបមិត្តភក្តិបន្តិច»

«ចាស! អញ្ជើញ!»

គេស្ទុះចាកចេញយ៉ាងលឿន ទឹកមុខក្រញូវ ប្រហែលជាខឹងនឹងខ្ញុំនិយាយលលេងហើយមើលទៅ ឱ្យសមមុខគេ។ ម៉ាលីមកដល់ល្មម យីឆ្លៀតនិយាយជាមួយម៉ាលីទៀត ខ្ញុំសង្ស័យតែនិយាយដើមខ្ញុំប្រាប់ម៉ាលីហ្មង ចាំមើលណា។

ខ្ញុំក៏ស្ទុះដើរទៅរកម៉ាលី ហើយគេក៏ដើរចេញពីម៉ាលីទៅ។

«ឯងនិយាយអីដាក់រិទ្ធិហ្នឹង គេដូចជាមុខមិនស្រស់សោះ»

«គ្មាននិយាយអីទេ គេប្រញាប់ទៅណាខ្លួនគេតើ! តស់! ញ៉ាំអីរួចទៅ ដល់ម៉ោងរៀនគួរហើយ»

សុម៉ាលីដើរទៅទិញសាំងវិច រួចពួកយើងក៏ដើរសំដៅទៅសាលអគារF ដើម្បីរៀនបំប៉នជាមួយសិស្សច្បង។

ទៅដល់ខ្ញុំនិងសុម៉ាលីអង្គុយកៅអីខាងមុខដដែល សិស្សច្បងក៏មកដល់។ ស្រាប់តែសិស្សបងយ៉ាវង្សថ្ងៃនេះសង្ហាប្លែក ខ្ញុំមើលទៅគាត់ឡើងភ្លឹក ស្រាប់តែមិត្តភក្តិគាត់ឈ្មោះរាជនោះដើរកាត់ញាក់ភ្នែកដាក់ខ្ញុំ ខ្ញុំនេះស្ទុះបែរមុខទៅខាងក្រោយឡើងលឿន។

សុម៉ាលីវិញគេឱនមុខធ្វើសរសេរមេរៀន ខ្ញុំងាកទៅក្រោយ ក៏ឃើញម្នាក់អីនិយាយច្រើនទើបតែឈ្លោះគ្នាអម្បាញ់មិញហើយ អង្គុយនៅក្រោយបង្អស់ មើលមកមុខខ្ញុំដោយយកដៃច្រត់ចង្កា ខ្ញុំងាកមកវិញកេះសុម៉ាលី។

«នោះអាមួយឧស្សាហ៍តាមឯង មករៀនដែលតើ! អង្គុយនៅក្រោយគេបង្អស់ហ៎»

ខ្ញុំនិយាយមិនទាន់រួចពីមាត់ផង សុម៉ាលីងាកទៅ គេលើកដៃហេឡូដាក់គ្នា។ ខ្ញុំនេះក្នុងចិត្តគិត ម៉ាលីអើយខ្វះអីមនុស្សរាប់អាន អាប៉ិនេះដូចមនុស្សយ៉ាងម៉េចទេ ខ្ញុំមកទីណា វាមកហ្នឹងដែរ។ ខ្ញុំមិនខ្វល់ជាមួយគេទេ ខ្ញុំដាក់ចិត្តរៀនជាមួយសិស្សច្បងសំណព្វចិត្តខ្ញុំវិញ។

សិស្សច្បងក៏បានចុះមកមុខតុខ្ញុំ និយាយបែបលេងសើចជាមួយខ្ញុំ

«អមរា មេរៀនម៉េចយល់ឬអត់? មានអីឆ្ងល់ឬអត់? ចុះមិត្តភក្តិអមរាយល់ឬអត់ទេហ្នឹង?»

«យល់សិស្សច្បងយល់! សិស្សច្បងពូកែបង្រៀនណាស់ មែនអត់សុម៉ាលី?» ខ្ញុំយកជើងកេះសុម៉ាលី ម៉ាលីងក់ក្បាល។

«ចាស! ចាស!»

«អ៊ីចឹងបើអត់មានអីទេ ប៉ុណ្ណឹងបានហើយ អមរាកុំភ្លេចយប់នេះទំនេរទេ?»

«ចាស! សិស្សច្បងទំនេរ» គាត់និងមិត្តភក្តិគាត់ឯទៀតក៏ដើរចេញទៅអស់ទៅ ចំណែកម៉ាលីឆ្ងល់នឹងសម្តីខ្ញុំរឿងខ្ញុំនិយាយថាយប់ទំនេរ។

«មានរឿងអីមែនម៉ាលី?»

«ទេគ្មានអីទេ! តែឯងដូចជាស្គាល់សិស្សច្បងម្នាក់ហ្នឹងជិតដិតដល់ហើយ គាត់ស្រលាញ់ឯងមែន?»

«ប្រាកដហើយ មនុស្សគាត់ឆ្លាត សង្ហាហើយស្អាតទៀត សំខាន់គ្នាចូលចិត្តគាត់ត្រង់រួសរាយចិត្តល្អ ជាបុរសក្នុងក្តីស្រមៃរបស់គ្នាតែម្តងហាសហា!»

«ឯងកំពុងតែស្រមៃហើយ នេះមុខសញ្ញាប្រយ័ត្នគេបោកណា»

«ចាសសុំទោស! មិនងាយឱ្យអ្នកណាមកបោកបានងាយៗទេ សុំបោកមុនហើយ»

ខ្ញុំនិយាយរួចងាកទៅតុខាងក្រោយមិនឃើញម្នាក់អីនិយាយច្រើនទេ ប្រហែលជាគេចេញទៅមុខបាត់ទៅហើយ។ ខ្ញុំក៏ឈប់និយាយពីសិស្សច្បងជាមួយសុម៉ាលីទៀត ពីព្រោះនិយាយសើចៗ គេមើលមុខមកគ្រប់គ្នា ដូចចម្លែកណាស់ ខ្លាចគេគិតមកលើពីរនាក់ខ្ញុំជាមនុស្សសតិមិនល្អអីចប់តែម្តង។

ខ្ញុំនិងសុម៉ាលីប្រមូលរៀបចំសៀវភៅដាក់កាតាប រួចចុះមកខាងក្រោមអគារ ដើរសំដៅទៅយកកង់ដើម្បីជិះត្រលប់ទៅផ្ទះ ក៏ចួបអាមួយហ្នឹងទៀត។

គេកំពុងតែវាយប៉េងប៉ុង ខ្ញុំឃើញមិនបានរាក់ទាក់ទេ ទោះបីរៀនថ្នាក់ជាមួយគ្នាក៏ដោយ មានតែសុម៉ាលីទេដែលត្រូវគ្នាជាមួយគេ។ ខ្ញុំមិនដឹងថាយ៉ាងម៉េច ខ្ញុំមានអារម្មណ៍ថាមិនត្រូវគ្នាជាមួយគេ ឬមកពីខ្ញុំគិតច្រើនខ្លួនឯងទេដឹង។

គេបក់ដៃសំដៅមកខ្ញុំ ខ្ញុំធ្វើជាមិនឃើញបែរមុខចេញ តែសុម៉ាលីក៏លើកដៃហេឡូទៅគេ។ ខ្ញុំទាញដៃម៉ាលី ចង់ឱ្យចាកចេញពីកន្លែងហ្នឹង ស្រាប់តែគេដើរសំដៅមក។

«ម៉ាលី អមរា អស់ម៉ោងរៀនហើយ រកទៅណាហ្នឹង?»

«ផ្ទះ!» ខ្ញុំនិយាយកំបុត។

«បបួលគ្នាទៅញ៉ាំអីនៅភូមិន្ទហ្អី? ញ៉ាំប្រហិតហាស»

«អើយ! ទៅផ្ទះវិញ បើអាចយកពេលដេកល្អជាង នៅកិច្ចសាលាច្រើនណាស់ រកតែពេលដេកមិនបានផង»

គេលែងមាត់។ «ខ្ញុំនិងអមរាទៅផ្ទះហើយ ត្រូវធ្វើការងារសាលាច្រើនហើយ ចាំលើកក្រោយទៅណាណារិទ្ធិ?»

មានភាគបន្ត…

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*