«បាទ! បាទសុម៉ាលី! មានលំហាត់ណាអត់ចេះឈែតសួរបានណា! បើខ្ញុំអត់ចេះចាំខ្ញុំសុំពីគេផ្ញើឱ្យ!»
«គ្មានអ្នកណាជឿថាណារិទ្ធិឯងមិនចេះទេ សិស្សពូកែផងនោះ»
«កុំប៉ិនបញ្ជោរពេកសុម៉ាលីហាសហា»
«ម៉ាលីតស់! ទៅផ្ទះ» ខ្ញុំធ្វើមុខស្អុយ ឈរសម្លក់គេ គេនិយាយបណ្តើរមើលមកមុខខ្ញុំបណ្តើរ
«អ៊ីចឹងខ្ញុំទៅផ្ទះហើយណា»
«បាទ! បាទ! ហ្នឹងហើយ មើលទៅអ្នកខ្លះដូចមិនសូវសប្បាយចិត្តទេ ពេលម៉ាលីនិយាយជាមួយខ្ញុំ បែបដូចជាមិនសប្បាយចិត្តម៉េចមិនដឹងទេ»
«នែ! ចង់និយាយពីអ្នកណាគេ អាប៉ិនិយាយច្រើន!»
«ខ្ញុំនិយាយជាមួយម៉ាលីតើ! គ្មានបំណងថាឱ្យអមរាឯណា»
«តស់! ម៉ាលីទៅផ្ទះវិញ ខ្ជិលឈ្លោះជាមួយអាប៉ិហ្នឹងណាស់!»
«បាទ! សុខសប្បាយតាមផ្លូវណា»
«ទៅគេអរគុណហើយ!»
«ម៉ាលី បាយៗ គេលាម៉ាលីសោះ»
ខ្ញុំគ្រាន់តែឮគេនិយាយថាលាម៉ាលីសោះ ក្នុងចិត្តក្តៅឆេវ ដើរចេញពីគេ សំដៅទៅកន្លែងទុកកង់តែម្តង មិនចាំម៉ាលីទេ តែអាណិតម៉ាលីដែលគ្នាខំរត់តាមពីក្រោយមកតាមខ្ញុំ។
ពីរនាក់ហ្នឹងត្រូវគ្នាណាស់ ថ្ងៃណាមួយចាប់ពីអ្នកហ្នឹងឱ្យបាន ចាំមើលតែឃើញញ៉ែគ្នានៅកន្លែងណាថតទុកផុសឱ្យអ្នកផ្សេងដឹង ខ្មាសគេហ្មង។ តែដូចជារឿងផ្ទាល់ខ្លួនរបស់គេទេ ចាំបាច់អីខ្ញុំត្រូវខ្វាយខ្វល់ យកពេលទៅជជែកលេងជាមួយសិស្សច្បងល្អជាង។
ក្រោយមកដល់ផ្ទះ ខ្ញុំធ្វើម្ហូបធ្វើអីរួច ងូតទឹកញ៉ាំបាយហើយ ក៏អង្គុយលើកៅអី តុក្បែរបង្អួច អង្គុយកត់មេរៀន។ ចំណែកសុម៉ាលីគេទៅលេងមិត្តភក្តិដែលនៅផ្ទះជួលជាមួយគ្នា។ ខ្ញុំអង្គុយកត់មេរៀនសុខៗ ស្រាប់តែសារលោតទឹង ទឹង…
«H»”
«កំពុងធ្វើអីហ្នឹង មានហ្វេ្រនហ្វេសបុកជាមួយខ្ញុំតាំងពីពេលណាហ្នឹង»
ខ្ញុំមិនទាន់ចូលមើលទេ តែបានអានសារលើកញ្ចក់ទូរសព្ទ។ បម្រុងចង់ចុចចូលតបតែ រង់ចាំគេឈែតមកលើកទី៣មួយទៀត បើគេតាមស្រលាញ់យើងមែនជាច្បាស់ជាឈែតមកទាល់តែយើងតបវិញ។ ខ្ញុំក៏ងាកមកអង្គុយកត់មេរៀនធម្មតាវិញ តែចេះតែងាកទៅទូរសព្ទចាំមើលសារសិស្សច្បងឈែតមកមួយទៀត។
«ពុទ្ធោអើយ យូរណាស់ តិចគេគិតថាខ្ញុំរវល់មិនព្រមតបគេទៅ សង្ស័យណាស់បានគេឈប់ឈែត»
ទឹង ទឹង…
«ផ្ញើលំហាត់ទី៥ឱ្យខ្ញុំមើលផង!»
ខំតែសប្បាយចិត្ត អាមិត្តភក្តិនេះក៏អ៊ីចឹងទៀត ដឹងតែខ្ញុំកំពុងតែរង់ចាំសាររបស់សិស្សច្បងផង ឈែតមកសុំលំហាត់អី ខ្ញុំមិនផ្ញើឱ្យទេ បើសិស្សច្បងឈែតមកម្តងទៀត ចាំខ្ញុំផ្ញើឱ្យ។
ទឹង…
«កំពុងរវល់មែន? ខ្ញុំអត់រំខានទេអ៊ីចឹង!» ខ្ញុំឃើញសារនោះលោតភ្លាមចុចចូលតបភ្លាម ខ្លាចសិស្សច្បងគាត់ខឹង។
«ចាស សួស្តី! មានរវល់ណាខ្ញុំកំពុងកត់មេរៀន ចុះសិស្សច្បងកំពុងធ្វើអីហ្នឹង?»
ផ្ញើភ្លាមគាត់តបភ្លាម៖
«បាទ! ទំនេរអត់ធ្វើអីផងអង្គុយលេងក្រៅផ្ទះ កំពុងនឹកមនុស្សម្នាក់!»
យីអីក៏ចម្លែកម្ល៉េះ កំពុងនឹកអ្នកណា ឈែតទៅគេ គេអត់តបមែនបានឈែតមកខ្ញុំនេះ។
«នឹកគេមិនឈែតទៅគេទៅ!»
«ឈែតហើយហើយតើ!»
«ចុះគេតបនៅ?»
«ឈែតទៅ២ ៣ដងហើយគេទើបតែតបអម្បាញ់មិញនេះ»
«អ៊ីចឹងខ្ញុំអត់រំខានសិស្សច្បងទេ បាយៗ»
«ឥឡូវគេលាខ្ញុំឈប់លេងជាមួយខ្ញុំហើយ ប្រហែលជាគេខឹងខ្ញុំទេដឹង?»
«ខឹងរឿងអីទៅ ម្នាក់ហ្នឹងអីក៏ឆាប់អន់ចិត្តម៉្លេះ?»
«ខ្ញុំក៏អត់ដឹងដែរ! ដឹងអត់ថាអ្នកណាគេដែលឆាប់អន់ចិត្តហ៎?»
«សង្សារសិស្សច្បងមែន? ខ្ញុំម៉េចស្គាល់»
«គឺអ្នកដែលកំពុងលេងជាមួយខ្ញុំនឹងហើយ មានអ្នកណាក្រៅពីអមរា ហាសហា»
«អួយ! សិស្សច្បងប៉ិនណាស់ខ្ញុំស្មានតែនិយាយពីសង្សារសិស្សច្បង!»
«បងមានសង្សារណា គេថាបងសាវាទាំងបងមិនដែលមានស្នេហាហើយបោកអ្នកណាគេផង ឥឡូវព្រមឱ្យបងបោកអត់?»
«ខ្ញុំមែន? អត់ទេ អត់ទេ ខ្លាចឈឺចាប់ ហាសហា»
«អ៊ីចឹងបន្តsingleទៀតហើយសេដណាស់»
«ខ្ញុំចង់បានមនុស្សដែលស្រលាញ់ហើយស្មោះត្រង់ជាមួយគ្នា តែខ្ញុំចូលចិត្តសិស្សច្បងដែរហាសហា!»
«ចូលចិត្តឬក៏ស្រលាញ់? និយាយឱ្យត្រង់មើល តិចខ្ញុំចាប់ធ្វើសង្សារខ្ញុំ»
បេះដូងខ្ញុំលោតឌឹប គាត់និយាយអីហ្នឹង ទើបស្គាល់គ្នាបាន៣អាទិត្យសោះ ខ្ញុំស្រលាញ់គាត់ តិចល៎គាត់ស្រលាញ់ខ្ញុំវិញដែរទៅ។ តែបើគាត់ស្រលាញ់ខ្ញុំវិញដែរ រំភើបណាស់។
«ម៉េចហើយអត់តប គេងលក់ទេដឹង?»
«មានគេងណា រវល់តែញ៉ាំទឹក»
«បើបងសុំធ្វើជាសង្សារបងបានអត់?»
អីក៏លឿនម្ល៉េះ សិស្សច្បងមួយនេះ ប្រហែលខ្លាចគេតាមញ៉ែខ្ញុំ បានទៅគេទេដឹង បានឆាប់ប្រាប់ខ្ញុំលឿនបែបនេះ?
«សង្សារហ្នឹងម៉េចទៅសិស្សច្បង?»
«មនុស្សពីរនាក់ស្រលាញ់គ្នាហ៎! យូរៗទៅក្លាយជាប្តីប្រពន្ធ»
យីប្តីប្រពន្ធទៀត ឃើញសិស្សធ្លាប់តែលេងសើចនៅក្រៅ នៅក្នុងហ្វេកបុកក៏សាហាវទៀត សម្តីក៏ពូកែដែរ។
«ព្រមក៏បាន! ហាសហាអៀនហាស»
«ព្រមហាស? ពីថ្ងៃនេះទៅ យើងក្លាយជាសង្សារហ្នឹងគ្នាណា»
«ចាស! ចាស!»
«តែបងសុំម្យ៉ាង ពួកយើងនៅរៀន ប្រាយវេតសិនទៅ ពេលណាច្បាស់លាស់ជាមួយគ្នា ចាំបង public ណា»
ខ្ញុំហេតុតែចិត្តស្រលាញ់គេ ណាមួយខ្ញុំគិតថាធ្វើអ៊ីចឹងសិនក៏ល្អ ខ្លាចម៉ាលីអីមិនសប្បាយចិត្តពេលដឹងរឿង តែមិនភ្លេចទេត្រូវឱ្យអាប៉ិនិយាយច្រើនដឹង កុំឱ្យមកតាមខ្ញុំទៀត បើអាច សមគ្នាជាមួយម៉ាលីល្អជាង។
«ចាស អ៊ីចឹងក៏បាន»
«យប់ជ្រៅហើយណា បងលាសិនហើយ Good 9 my love»
សំខាន់ដាក់រូបបេះដូង និងមនុស្សធ្វើមាត់ថើបចេញបេះដូងទៀត។
«ចាស! ចាស! Good 9 បាយៗបង» បើខ្ញុំនៅបន្ទប់ម្នាក់ឯងវិញ ខ្ញុំស្រែកឱ្យណាណីម្តង។
ខ្ញុំយកដៃឱបថ្ពាល់ ទាញកញ្ចក់មកមើលមុខខ្លួនឯង មានអារម្មណ៍មុខខ្លួនឯងក្រហម ក្នុងបន្ទប់ពោសពេញដោយពណ៌ផ្កាឈូកភីង ភីង។ ក្រឡេកទៅមើលកន្លែងគេង ម៉ាលីមិនដឹងថាមកគេងតាំងថ្មើរណា ខ្ញុំភ្ញាក់ឱ្យព្រើត មកអត់មាត់អត់កប្រហែលខ្មោចហើយ។
ខ្ញុំនេះវិញរវល់តែសប្បាយចិត្ត មើលសៀវភៅសុទ្ធតែគំនូសប៊ិក ពេញសៀវភៅ។ ខ្ញុំនេះចូលតួពេក គូសលេងពេញសៀវភៅហើយ ខ្ញុំអើយខ្ញុំ មនុស្សមិនដែលមានអ្នកណាមកសារភាពថាស្រលាញ់លើកទី១ហើយនិយាយមែន ធ្លាប់មានម្តងកាលរៀនអនុវិទ្យាល័យ មានអាមួយនោះវាស្រលាញ់ឯង ការពិតវាបោកឯងឱ្យធ្វើលំហាត់ឱ្យវាសោះ ទាល់ចុងក្រោយបានដឹងថាវាស្រលាញ់ប្រុសស៊ាំតែម្តង។
ម៉ោង១១បាត់ហើយ ខ្ញុំក៏បិទសៀវភៅទុក ហើយបិទអំពូលរៀបចំគេង តែដូចជាគេងមិនលក់យ៉ាងម៉េចមិនដឹងទេយប់នេះ ស្រមៃឃើញតែមុខសិស្សច្បងគេងក្បែរខ្លួន ជាមនុស្សរូបរាងសង្ហាដោះអាវស្លៀកតែខោខ្លី បែរចំហៀងខ្លួនមើលមកខ្ញុំ ហើយបិទភ្នែកគេង យ៉ាងស្រស់ស្អាត មានពន្លឺពណ៌ផ្កាឈូកចេញពីខ្លួនគេព្រិចៗទៀត អួយគេងហើយឈប់ស្រមៃហាសហា។
«គេជាមនុស្សផ្តល់ភាពកក់ក្តៅ»
ពេលដែលខ្ញុំបាននៅក្បែរគេ ខ្ញុំពិតជាពិបាកក្នុងការពណ៌នាពីក្តីសុខមួយនេះណាស់។
ថ្ងៃនេះជាថ្ងៃអាទិត្យ មិនដឹងថាទៅណាទេ ម៉ាលីក៏មិននៅ នាងទៅចួបជុំក្រុមកិច្ចការរបស់នាងតាំងពីព្រឹក។ ខ្ញុំវិញមិនមែនមិនទៅចួបជុំក្រុមកិច្ចការទេ មកពីអាទិត្យមុនប្រជុំហើយ រួចក៏បានចែកការងារគ្នាធ្វើរួចហើយ អផ្សុកដល់ហើយ។ មិនដឹងថាបងវង្សទំនេរឬអត់ទេ ចង់ឈែតទៅលេងគាត់តែខ្លាចរំខានគាត់ មិនដឹងថាគាត់កំពុងធ្វើអីមិនដឹង។
ខ្ញុំអង្គុយអូសហ្វេកបុកសុខៗ ស្រាប់តែឃើញអាខោនដាក់ឈ្មោះ ផ្កាយ ណារិទ្ធិ ដូចប្រហែលៗមុខខ្ញុំសង្ស័យណាស់។ ខ្ញុំក៏ចុចចូលហ្វេកបុកគេ ចូលមើលរូបប្រូហ្វាល់គេ មានអីសង្ហាដែរតើ! ចំណែករូបនៅក្នុងហ្វូតូវិញ គេថតជាមួយប៉ារបស់គេ ដែលជាទាហាន គេមានប្អូនស្រីមួយស្អាតខ្លាំងណាស់ អាយុប្រហែលជា១២-១៣ឆ្នាំខ្ពស់ដូចគេ ម៉ាក់ក៏ក្មេងទៀត។
អូ! អ៊ីចឹងបានគេរៀនពូកែណាស់ សុទ្ធតែរូបមេដៃមាស ជាសិស្សពូកែគណិតទូទាំងប្រទេសទៀត។ តែយ៉ាងណាក៏នៅតែចាញ់បងវង្សទេ បងវង្សមើលទៅជាមនុស្សដែលច្បាស់លាស់ ហើយបែបជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់ទៀតផង។ បើឱ្យខ្ញុំរើស ខ្ញុំរើសបងវង្សហើយ បើឱ្យរើសណារិទ្ធិនេះវិញ ខ្លាចតែឈ្លោះជាមួយគ្នារាល់ថ្ងៃទេ។
«គេខំហ្វើមខ្ញុំ ខ្ញុំមិនបានអេដគេទេ?»
ខ្ញុំឡើងភ្ញាក់ គេឡាយរូបខ្ញុំផុស ហើយគេខំហ្វើមខ្ញុំទើបតែថ្មីៗទេ។ ខ្ញុំសង្ស័យចុចចូលមើលប្រូហ្វាល់គេអម្បាញ់មិញទេដឹង អាចអេដគេនោះ មិនពិតទេខ្ញុំអើយ បើអាន់ហ្វេ្រនក៏មិនកើត យើងអ្នកអេដទៅគេមុន តាមដំណើរចុះ។
ទឹង ទឹង…
«ថ្ងៃនេះទំនេរអត់? បងចង់ជូនទៅញ៉ាំអី»
សារបងវង្សឈែតមកខ្ញុំឡើងរំភើប សំខាន់បបួលខ្ញុំញ៉ាំអីទៀត។
«ចាសបង ទំនេរតើ! ថ្ងៃនេះអត់ធ្វើអីផង ម៉ាលីក៏អត់នៅទៀតអផ្សុកណាស់»
«ចាំបងទៅយកនាំដើរលេង»
«យល់ព្រមបង»
«តិចទៀតចួបគ្នាណា»
«ចាស! ចួបគ្នាឆាប់ៗ»
ប្រហែលជាគេមើលមកគិតខ្ញុំបើកដៃឱ្យគាត់ មិនទាន់ស្គាល់គ្នាយូរផងហ៊ានទៅណាទៅណីជាមួយមនុស្សដែលមិនទាន់ស្គាល់ចិត្តគេច្បាស់លាស់ តែមានតែមនុស្សដែលស្រលាញ់គេខ្លាំងទេ ទើបយល់អារម្មណ៍មួយនេះ។ ទោះបីរយៈពេល ៤-៥ខែនេះទើបស្គាល់គាត់មែន តែគាត់យកចិត្តទុកដាក់លើខ្ញុំណាស់ ពេលខ្លះខ្ញុំថាមិនស្រួលខ្លួន គាត់ទៅទិញថ្នាំយកមកដល់បន្ទប់ខ្ញុំ។
ពេលខ្លះកង់ខូចក៏គាត់មកយកខ្ញុំ ដឹកខ្ញុំទៅសាលារៀនទៀត។ មានគេច្រណែនគាត់និងខ្ញុំគ្រប់គ្នា ពេលឃើញគាត់ឌុបទម្លាក់ខ្ញុំនៅមុខសាលារៀន។ សូម្បីតែម៉ាលីក៏ប្រាប់ថា កុំឱ្យខ្ញុំទុកចិត្តបងយ៉ាវង្សខ្លាំងពេក ក្រែងលដល់ថ្ងៃមួយខ្ញុំឈឺចាប់ខ្លាំង តែគ្មានអ្នកណាដឹងថាថ្ងៃមុខយ៉ាងម៉េចទេ ថាមិនត្រូវថ្ងៃមុខគាត់និងខ្ញុំអាចជាគូព្រេងនឹងគ្នាក៏មើលមិនឃើញ។ ចំណែកសុម៉ាលីមួយរយៈនេះក៏ស្និទ្ធស្នាលជាមួយណារិទ្ធិយ៉ាងចម្លែក អាចថាគេជាសង្សារហ្នឹងគ្នា តែគេលាក់ខ្ញុំក៏មិនដឹង។
សំឡេងម៉ូតូបងយ៉ាវង្សមកដល់ ខ្ញុំក៏រៀបចំស្លៀកពាក់បានរួចរាល់។ គាត់ជិះម៉ូតូអាធំ ថ្មីរបស់គាត់ ចុះពីលើម៉ូតូ ឈរក្បែរម៉ូតូចាំខ្ញុំ ដូចទេវបុត្រចាំព្រះនាងអ៊ីចឹង។ គាត់ទាញមួកយកមកពាក់លើក្បាលខ្ញុំដូចសព្វមួយដង គ្មានអីចម្លែកទេ។
«ចង់ទៅដើរលេងណាវិញ?»
«បងឯងចង់ទៅលេងណា? បងទៅណាខ្ញុំទៅហ្នឹងដែលហាសហា»
ខ្ញុំយកដៃខ្ទប់មាត់សើច អ្នកនៅបន្ទប់ជិតខាងមើលមកពួកខ្ញុំរាងចម្លែក តែខ្ញុំមិនខ្វល់ទេ សម័យណាហើយនៅមានមនុស្សបែបហ្នឹងទៀត។
«ទៅមើលកុនឬអត់?»
«ទៅមើលកុនក៏បាន!»
«អ៊ីចឹងឡើងម៉ូតូមក ទៅញ៉ាំអីនិងមើលកុននៅអ៊ីអន»
ខ្ញុំភ្លេចឱ្យឈឹង!! ភ្លេចទាញទ្វារចាក់សោរបន្ទប់។ បន្ទាប់ពីចាក់រួច ខ្ញុំក៏បានឡើងលើម៉ូតូពីក្រោយគាត់ជិះតម្រង់ចេញទៅ។ គាត់បានឌុបខ្ញុំទៅអ៊ីអន ទាំងដែរខ្ញុំជាមនុស្សមិនដែលចេញពីផ្ទះទេ ចង់ទៅលេងនៅណាទាល់តែមានគ្នាពីរទៅបីនាក់បានបបួលគ្នាទៅលេង។ ដោយសារតែពេលខ្លះខ្លាចវង្វេង ទោះបីជាមករស់នៅបានមួយឆ្នាំជាងហើយ តែនៅតែស្គាល់ច្បាស់ជាងគេគឺផ្លូវពីផ្ទះទៅសាលា និងពីសាលាទៅផ្ទះ។
ចូលឆ្នាំទី២នេះ ខ្ញុំបានចួបរឿងល្អៗជាច្រើន រៀនក៏គ្រាន់បើជាងមុន និងអ្វីដែលសំខាន់បានជួយបងយ៉ាវង្សជាមនុស្សពិសេសមិនដែលចួប ជាស្នេហាលើកដំបូង គាត់លះបង់ដើម្បីខ្ញុំច្រើនណាស់ ពេលខ្លះមិនខ្វល់ពីសម្តីមិត្តភក្តិនិយាយ៖
«អ្ហែងខ្វះមនុស្សស្រីណាស់ហ្អី មនុស្សស្អាតមួយគគោកមកស្រលាញ់មនុស្សស្រីបែបហ្នឹង!»
«អញជឿអ្ហែងហើយ នាងក្រក៏ក្រ បើស្អាតវិញគ្មានបានមួយចំណិតសង្សារចាស់ឯងទេ ចេះតែយកនាងមកធ្វើសង្សារទៅកើត»
ពាក្យសម្តីទាំងអស់នេះ បើខ្ញុំជាគាត់ឈឺចាប់ណាស់ តែខ្ញុំសរសើរគាត់តែងទទួលយកខ្ញុំជាខ្ញុំនៅក្នុងកែវភ្នែករបស់គាត់។ មិនយូរប៉ុន្មានយើងជិះមកដល់វិមានឯករាជ្យ ហួសតែវិមានឯករាជ្យបានទៅដល់អេអនហើយ។
ជាលើកដំបូងហើយដែលស្គាល់គាត់ ធ្លាប់តែគាត់ជូនទៅញ៉ាំអីជិតៗផ្ទះទេ លើកនេះគាត់ជូនទៅមើលកុនទៀត។
ខ្ញុំសម្លឹងមើលអគារខ្ពស់ៗ ខ្ពស់សន្លឹមហាក់បីដូចជាបណ្ដែតខ្លួននៅក្នុងពពក សួនច្បារធំល្វឹងល្វើយ ផ្លូវថ្នល់ក៏ធំលាតសន្ធឹងដាច់កន្ទុយភ្នែក។ ពេលកំពុងជិះតាមផ្លូវវិញ ខ្ញុំរាងអៀនដំបូងៗ មិនហ៊ានឱបគាត់ទេ តែគាត់ជិះលឿនគួរសម ពេលឈប់ស្តុបម្តងៗខ្ញុំនេះបិះហោះតោងក្បាលគាត់។
ខ្ញុំយកដៃឱបចង្កេះគាត់ គាត់ក៏ងាកមករកខ្ញុំ ហើយយកដៃគាត់ទាញដៃខ្ញុំបំណងឱ្យតោងឱ្យជាប់ខ្លាចធ្លាក់។ ខ្ញុំនេះអង្គុយខាងក្រោយលួចញញឹមតែម្នាក់ឯង បើគាត់ដឹងវិញមិនដឹងសើចខ្ញុំយ៉ាងម៉េចទេ។
ពួកយើងក៏បានមកដល់អ៊ីអន រួចជិះតម្រង់ទៅកន្លែងផ្ញើម៉ូតូសិន ទើបឡើងទៅខាងលើមើលកុន។ លើកទី៣ហើយដែលមកលេងទីនេះ តាំងពីមករស់នៅភ្នំពេញកន្លងមក លើកទី១ ទី២មកជាមួយមិត្តភក្តិដើរឡេឡឺៗ ដូចអ្នកស្រែចូលក្រុងអ៊ីចឹងភ្ញាក់ផ្អើលគ្រប់កន្លែង មិនដែលឃើញជាមួយពន្លឺភ្លើងពណ៌ ម្ហូបអាហារ និងសម្ភារៈទំនើបៗ ទាំងខ្ញុំមិនដែលឃើញហើយក៏មិនដែលប្រើប្រាស់កន្លងមកដែរ។ ដើរចូលបានបន្តិច សំឡេងទូរសព្ទរោទ៍៖
«អាឡូម៉ាលី!!»
«អាឡូអមរា!! ឥឡូវនៅណាហ្នឹង?»
«គ្នាឥឡូវនៅអ៊ីអន មិនដឹងថ្មើរណាបានទៅផ្ទះទេ អាចប្រហែលជាយប់តិចណា ថ្ងៃហ្នឹងមិនបាច់ធ្វើម្ហូបទេ គ្នាញ៉ាំអីនៅក្រៅហើយ»
«នៅអ៊ីអន ទៅជាមួយអ្នកណាគេ?»
«ជាមួយបងវង្ស គាត់នាំគ្នាមកមើលកុន»
«អីយ៉ា! អីយ៉ាឡូយណាស់ឯង អ៊ីចឹងដើរលេងឱ្យសប្បាយទៅណា»
«អួយអីយ៉ាអី? ទំនេរឱ្យណារិទ្ធិឌុបដើរលេងទៅហាសហា»
«ណារិទ្ធិហ្អី?? នែ៎!! គ្នាមិនមែនសង្សារណារិទ្ធិឯណា»
«តែព្រឹកមិញគេមកយក ឌុបទៅប្រជុំក្រុមសោះហ្នឹង»
«គ្នាឈប់និយាយជាមួយឯងហើយ បាយៗ»
«អឺម! បាយៗ»
ខ្ញុំកំពុងតែនិយាយ ងាកទៅមើលមុខបងវង្សខ្លាចគាត់អន់ចិត្តនិយាយជាមួយអ្នកផ្សេងមិនខ្វល់ពីគាត់។ ងាកទៅគាត់ញញឹមដាក់ខ្ញុំបែបមុខឆ្ងល់ ខ្ញុំនេះក៏សើច ហើយគាត់ក៏កាន់ដៃខ្ញុំ ឯខ្ញុំនេះអៀនឡើងរមួល។ ឡើងមកដល់ជាន់ទី៣ មកដល់រោងកុន គាត់ក៏បានឱ្យខ្ញុំអង្គុយចាំលើសាឡុង។
«អូនឯងចង់មើលរឿងអី»
«រឿងអីក៏បានដែរ»
«ឥឡូវងើបមកនេះសិនមក»
ខ្ញុំក្រាកឈរ គាត់ទាញដៃខ្ញុំមកឈរខាងមុខLED ដែលគេភ្ជាប់នឹងសសរ ដែលមានរឿងជាច្រើនដែលគេត្រៀមនឹងចាក់បញ្ចាំងនិងមានរាយបញ្ជីម៉ោងរឿងដែលនឹងត្រូវចាក់បញ្ចាំងផងដែរ។
«រឿងមួយនេះមើលអត់ រឿងកូរ៉េបែបស្នេហាស្វីតៗ»
«រឿងហ្នឹងក៏បានដែរ តែស្វីតពេកតិចលើសជាតិស្ករ»
«ហាសហា ស្វីតដូចបងនិងអូនឯងហ្នឹង អ៊ីចឹងសម្រេចមើលរឿងហ្នឹងបងទៅទិញសំបុត្រណា»
«ចាស! អូនអង្គុយចាំទីនោះ«
គាត់ទិញរួចគាត់ក៏ដើរសំដៅមកខ្ញុំ ព្រមទាំងកាន់សំបុត្រ២សន្លឹកនៅដៃ។ នៅមិនយូរប៉ុន្មានទេ គេនឹងចាក់បញ្ចាំងហើយ គាត់ក៏នាំខ្ញុំដើរសំដៅទៅកន្លែងគេលក់ពោត និងកូកា។ គាត់ទិញឈុតកូកា២និងពោត១ប្រអប់។ ខ្ញុំទាញលុយពីកាបូប ហុចទៅឱ្យគាត់ គាត់លើកដៃធ្វើជាសញ្ញា មិនបាច់ចេញទេ។ គាត់ទាញកាបូបរួចទាញកាតធនាគាហើយហុចទៅឱ្យអ្នកគិតលុយ។
ពិតជាពិសេសមែន មិនចាំបាច់ប្រើលុយសុទ្ធទេ ទំនើបមែនទែន។ ដៃគាត់កាន់ពោតមួយចំហៀង និងដៃមួយទៀតកាន់កូកា ដៃខ្ញុំក៏កាន់កូកាដែរ។
ដើរទៅច្រកចូល អ្នកហែកសំបុត្រគេបានពិនិត្យសំបុត្រ គាត់ក៏បានឱ្យខ្ញុំលូកចូលហៅប៉ៅខាងស្តាំរបស់គាត់ ខ្ញុំរាងអៀនបន្តិច ពេលលូកហ្នឹងខ្ញុំយកដៃរាវរកសំបុត្រ តែកុំគិតអីផ្តេសផ្តាស សូម្បីតែពូហែកសំបុត្រក៏គាត់សើចខ្ញុំដែរ។ ពេលហ្នឹងក៏ខ្ញុំល្ងង់ដែរ បើយកពោតពីដៃបងវង្សហើយ ឱ្យគាត់យកសំបុត្រខ្លួនគាត់ទៅ ក៏គេមិនមើលមកខ្ញុំនិងសើចខ្ញុំដែរ។
ពួកយើងត្រូវឡើងជណ្តើរយន្តទៅខាងលើ បន្ទប់ដែលយើងចូលមើលគឺបន្ទប់លេខ៣ កៅអីបងវង្សគាត់យកនៅកណ្តាលគេហើយរាងឆ្ងាយពីកញ្ចក់បញ្ចាំងឆ្ងាយ ស្រួលមើល។ មនុស្សច្រើនគួរសមដែរ។ ពេលដើរចូលទៅអង្គុយហ្នឹង ខ្ញុំមើលមិនសូវឃើញទេ គេជិតចាក់បញ្ចាំងរឿង ខ្ញុំដើរជាន់ជើងគេតាមផ្លូវដើរ ខ្លាចតែគេជេរខ្ញុំទេ តែបានបងវង្សដើរពីក្រោយខ្ញុំ សុំទោសជំនួសខ្ញុំគ្រប់គ្នា គេម្នាក់ៗតាមមើលមុខគាត់គ្រប់គ្នាពេលដើរកាត់ មានអ្នកខ្លះយកដៃខ្ទប់មុខខ្លួនឯងពេលគាត់សើចដាក់ ប្រហែលជាអៀននិងស្នាមញញឹមរបស់គាត់។
គាត់ឱ្យខ្ញុំអង្គុយនៅចំហៀងឆ្វេងដៃរបស់គាត់។ ដំបូងគេបញ្ចាំងឈុតរឿងខ្លី ៣ ៤រឿងខ្ញុំនេះពេលឈុតរឿងខ្មោច ចង់តែស្រែកឱ្យបែករឿងកុនខ្លាចសាហាវ យកដៃទាំងពីរបិទភ្នែកមិនមើលទេ តែក៏នៅតែខ្លាចសំឡេងគេចាក់ពញ្ញាក់ម្តងៗ ឡើងបងវង្សគាត់ទាញក្បាលខ្ញុំនៅផ្អែកនិងស្មាគាត់។
ខ្ញុំនេះមិនចាប់អារម្មណ៍ទេ តែគ្រាន់ឈុតនឹងចប់ ងើបខ្លួនមកវិញ បែបជានឹកឃើញធ្វើរឿងអម្បាញ់មិញបែរជាអៀនទៅវិញ។ ហើយខ្ញុំនិយាយទៅបងវង្សថាមើលរឿងអីក៏បាន សំណាងហើយដែរមើលរឿងស្នេហានោះ តែគាត់ដឹងថាខ្ញុំខ្លាចអ៊ីចឹងច្បាស់ណាស់ លើកក្រោយនាំមកក៏មិនមើលរឿងខ្មោចដែរ។
កុនចាប់ផ្តើមគេចាក់បញ្ចាំង ពោតបងវង្សជាអ្នកកាន់ ខ្ញុំទាញកូកាដែលដាក់ចូលប្រឡោះនៅជិតដៃខាងស្តាំយកមកក្រេបបន្តិចហើយដាក់ចុះវិញ។ គាត់បានងាកមកមើលមុខខ្ញុំ៖
«ញ៉ាំពោតទៅ»
ខ្ញុំងក់ក្បាលហើយយកដៃលូកពីរបីយកមកទំពារបណ្តើរមើលរឿងបណ្តើរ។ ខ្ញុំមានអារម្មណ៍ថាបេះដូងខ្ញុំកក់ក្តៅខ្លាំងណាស់ តែមិនដឹងថាវាមានរឿងវិញបែបជាលោតញាប់ម្ល៉េះ ខ្ញុំព្យាយាមសម្រួលអារម្មណ៍។
រឿងស្នេហានេះអីក៏កម្សត់ខ្លះ តួស្រីតួប្រុសល្មមតែបាន ចួបគ្នា ត្រូវលះបង់ទាំងសងខាង សុខចិត្តចាកចេញពីអ្នកផ្ទះ ដើម្បីរស់នៅជាមួយគ្នាទាំងលំបាកវេទនា តែវាជាក្តីសុខរបស់ពួកគេ រស់នៅដោយមានអត្ថន័យ មានទាំងកំប្លែងសើចសប្បាយនិងកើតទុក្ខ កំប្លែងជាងគេ គឺតួប្រុសកុហកតួស្រីពេលញ៉ាំពងមាន់ស្ងោរជាមួយទឹកត្រី ថាវាពងមាន់ផាក់ឡូវ ផាក់ឡូវណាមានពងមាន់នោះ។
តួស្រីស្តាប់ហើយក៏សើច តែពួកគេទាំងពីរតស៊ូជាមួយគ្នាទាល់តែមានអ្វីគ្រប់យ៉ាង ទើបក្រុមគ្រួសារគេទទួលស្គាល់ពួកគេ។ តែស្វីតជាងគេពេលរៀបការ គេថើបមាត់គ្នា ខ្ញុំមើលឡើងអៀន តែបងវង្សគាត់ងាកមកមើលមុខខ្ញុំ ហើយអ្នកមើលស្រែកកន្លែងហ្នឹងឡើងផ្អើលរោងកុន។
រឿងក៏បានចប់ ក្នុងរោងកុនគេបានបើកភ្លើង ដើម្បីឱ្យអ្នកមើលបានចាកចេញ។ បងវង្សនិងខ្ញុំមិនទាន់ក្រោកទេ ចាំគេចេញអស់ទូលាយបន្តិចបានគាត់ក្រាក។ គាត់បានបោះដៃឱ្យខ្ញុំ កាន់ដៃគាត់ក្រោកឡើង ចាកចេញពីរោងកុន។
«ចង់ទៅបន្ទប់ទឹកឬអត់?» គាត់សួរខ្ញុំ។
ខ្ញុំក៏បានងក់ក្បាល គាត់ក៏ចូលបន្ទប់ទឹកដែរ។ ដោយសារនៅក្នុងរោងកុនយូរត្រជាក់ ហើយញ៉ាំកូកាអស់ច្រើនទៀត អ្នកណាក៏ឈឺនោមដែរ។ ខ្ញុំចេញមកចាំគាត់មុននៅខាងក្រៅ ស្រាប់តែឃើញណារិទ្ធិបណ្តើរមនុស្សស្រីម្នាក់ កម្ពស់ប្រហែលគ្នា ខ្ញុំមិនបានឃើញមុខម្នាក់ស្រីហ្នឹងទេ តែគេងាកមុខមកចំពេលដែលខ្ញុំកំពុងតែមើលគេ ហើយបងវង្សចេញមកកាន់ដៃខ្ញុំ គេក៏ងាកទៅវិញ បែបជាមិនស្គាល់ខ្ញុំទេដឹង ហើយគេក៏ដើរចូលរោងកុនបាត់ទៅ។ ខ្ញុំគិតក្នុងចិត្ត៖
«អីយ៉ា! ឃើញអត់មាត់ៗមានសង្សារបាត់ ហើយ ចាំបាច់អីធ្វើជាជិតសិ្នទ្ធនឹងម៉ាលីធ្វើអី ចង់ឱ្យគេខូចចិត្តមែន មនុស្សប្រុសគឺបែបនេះ» ស្រាប់តែបងវង្សឆ្ងល់ ខ្ញុំនិយាយឮត្រង់មនុស្សប្រុសបែបនេះ។
«អីគេមនុស្សប្រុសបែបនេះអូន»
«អូ! គ្មានអីទេបង!! មើលរឿងអម្បាញ់មិញ ក៏បានគិតថា មនុស្សប្រុសបែបហ្នឹងមិនដឹងជានារីនោះសំណាងយ៉ាងម៉េចទេបងអើយ!»
«មនុស្សម្នាក់ហ្នឹងគឺជាបងហើយហាសហា»
«មែន?? ឱ្យដូចមាត់បងនិយាយ»
«ឥឡូវយើងរកអីញ៉ាំសិន អូនចង់ញ៉ាំអី?»
«ញ៉ាំអីក៏បាន!»
«ភីហ្សា ប៊ីហ្គ័រ ឬក៏អីផ្សេងទៀត»
«ថាអីក៏បានដែរ!»
«ញ៉ាំភីហ្សាទៅ» ខ្ញុំងក់ក្បាល។
ខ្ញុំនិយាយមែនពេលហ្នឹងធ្វើដូចខ្លួនឯងព្រះនាងអ៊ីចឹង ឡើងបងវង្សតាមខ្វល់ខ្វាយ។ ចុះមកជាន់ទី២ ក៏ដើរមកដល់ហាងភីហ្សា បងវង្សស្គាល់គ្រប់កន្លែង ហេតុតែគាត់ជាកូនអ្នកមាន ចេញចូលគ្រប់ផ្សារទំនើបនិងកន្លែងល្បីៗប្រេនៗមួយចំនួន។
ចូលទៅដល់ហាង គាត់បានទាញកៅអីឱ្យខ្ញុំអង្គុយ រួចគាត់ដើរទៅកម្មង់ភីហ្សា កុម្មង់រួចគាត់មកអង្គុយទល់មុខខ្ញុំ។
«បងកុម្មង់ភីហ្សារសជាតិអីគេ»
«គឺរសជាតិដែលអូនចូលចិត្តហ្នឹងហើយ»
«គ្រឿងសមុទ្រ អួយបងនៅចាំទៀត»
«ថ្វីមិនចាំ បើអូនជាមនុស្សដែលបងស្រលាញ់ហើយហ្នឹង»
ខ្ញុំនេះឮអ៊ីចឹង អង្គុយញញឹមបិទមាត់មិនជិត។ ប្រហែលជា១០នាទី រៀងយូរដែរ តែមិនយូរប៉ុន្មានទេ ដោយសារជក់និយាយសាសងជាមួយបងវង្ស គាត់សម្តីផ្អែមណាស់និយាយកំប្លែងឱ្យខ្ញុំសើចរហូត ឡើងចង់ជាប់មាត់។
ភីហ្សាគេបានលើកដាក់លើតុ គាត់បានហែកទឹកប៉េងប៉ោះនិងទឹកម្ទេស ដាក់ពីលើភីហ្សា ហើយគាត់បានយកស្លាបព្រានិងសមរបស់គាត់ដួសវាមួយជំនិតយកមកដាក់លើចានខ្ញុំ។ ខ្ញុំចង់រកដួសដាក់ឱ្យចានគាត់ដែរ តែរាងអៀនគាត់ក៏ដួសដាក់ចានខ្លួនឯង។ ខ្ញុំប្រើក្រដាសជូតមាត់ ចាំវាកាន់ញ៉ាំតែម្តង មិនសូវចេះប្រើកាំបិទកាត់ទេ ខ្លាចគេមើលមកឆ្គងៗ។
ខ្ញុំអង្គុយញ៉ាំមើលទឹកមុខគាត់ដែលកំពុងកាត់ភីហ្សាហើយយកសមរបស់គាត់ចាក់ញ៉ាំ គួរឱ្យស្រលាញ់ណាស់។ គាត់ស្រាប់តែងើបឈរហើយទាញក្រដាសជូតមាត់ មកជូតមាត់ខ្ញុំកំពុងតែប្រឡាក់ទឹកម្ទេស ថ្មមៗ ដូចក្នុងរឿងម៉េចគឺបែបហ្នឹង។ ខ្ញុំនេះឡើងធ្វើមុខភ្លើសម្លឹងទៅមើលកែវភ្នែករបស់គាត់ ដែលថ្ងៃនេះគាត់មិនពាក់វ៉ែនតាទេ បើនៅសាលាគឺពាក់រាល់ថ្ងៃ។ ខ្ញុំក៏ឱនមុខចុះ៖
«អរគុណបង»
«បាទ» គាត់ឆ្លើយបាទ មួយម៉ាត់មែនតែពីរោះណាស់ អ្នកល្មមៗនឹងលង់សំឡេងរបស់គាត់មិនខាន។
ក្រោយពីញ៉ាំភីហ្សារួចរាល់ ម៉ោង៧ជាងទៅហើយ គាត់ក៏បានមើលមកមុខខ្ញុំ។
«អូនចង់ទៅលេងណាទៀតអត់?»
«ចុះបងចង់ទៅលេងណា?»
«បងកំពុងសួរអូន ឬក៏អូនចង់សម្រាក យប់ទៅហើយ»
«អ៊ីចឹងក៏បាន ណាមួយថ្ងៃស្អែកចូលរៀនផង អូនក៏អស់កម្លាំងដែរ»
«អ៊ីចឹងចេញពីហ្នឹងទៅចាំបងឌុបអូនដាក់ផ្ទះណា»
«ចាសបង» ការពិតចង់នៅក្បែរគាត់ឱ្យយូរជាងនេះទៀត តែងគង់តែមានឱកាសក្រោយទៀតទេ។
គឺនិយាយថាចង់ទៅផ្ទះវិញ ប្រហែលជាគាត់ចង់សម្រាកអាចហ្នឹងអស់កម្លាំងដែលជូនខ្ញុំមើលកុននឹងដើរលេង។ ក្រោយពីញ៉ាំអីរួចហើយ ពួកយើយក៏ចាកចេញពីហាងភីហ្សាចុះមកជាន់ខាងក្រោមដើម្បីត្រលប់ទៅផ្ទះវិញ។
ចុះមកជាន់ក្រោមគេបង្អស់ ខ្ញុំនេះឃើញហាងខោអាវស្អាតៗណាស់ តាមមើលសឹងមិនដាក់ភ្នែក ជាពិសេសគ្រឿងផាត់មុខ វាចម្លែកអីខ្ញុំនេះស្រីនឹងគេដែរ ចេះតែលាបក្រែម និងផាត់ម្សៅតិចៗលើមុខតែប៉ុណ្ណោះ។ ស្រាប់តែបងវង្សកើតអីក៏មិនដឹង បានចាប់ទាញដៃខ្ញុំចូលហាងលក់គ្រឿងផាត់មុខ។
«អូនឯងស្រលាញ់មួយណាយកមួយហ្នឹងទៅ»
«កុំអីបង»
«ថាមិនអីទេ បងដឹងថាអូនចង់បាន!»
ខ្ញុំនេះឡើងអៀនអ្នកលក់គេដើរមកជិត ហើយនាំខ្ញុំទៅមើលនិងតេស្តផលិតផលទាំងនោះ។ ខ្ញុំក៏តេស្តតាម ដែលអ្នកលក់គេហុចឱ្យតេស្ត គាត់បានយកក្រែមមកតេស្តលើដៃខ្ញុំ ហើយគាត់យកដៃគាត់ជូតថ្មមៗ សាច់ក្រែមម៉ដ្តខៃ ពណ៌ក៏ស្រស់ស្អាត ស្មើសាច់ល្អ។
ងាកទៅបងយ៉ាវង្សគាត់ងក់ក្បាលហើយ សើចតិចៗដាក់ខ្ញុំ មើលទៅដូចជាមានក្តីសុខណាស់ចំពោះគាត់ ដែលបានធ្វើរឿងទាំងអស់នេះឱ្យខ្ញុំ។ គាត់ងើបពីសាឡុងអង្គុយ ដើរមកជិតខ្ញុំ៖
«បើស្រលាញ់យកឈុតហ្នឹងទៅ»
«មិនបាច់ទេបង កុំឱ្យបងចំណាយលុយទៀតអី»
«ថាមិនអីទេ បងជួយខ្ចប់ឈុតហ្នឹងមកបង ហើយគិតលុយទៅ!»
«ចាសអូន!»
ខ្ញុំរាងរំភើបតិច អត់តិចក្នុងចិត្តគិតថា ហេតុអ្វីគាត់ហ៊ានចំណាយលុយ ធ្វើអ្វីគ្រប់យ៉ាងដើម្បីខ្ញុំ គ្រាន់តែឈុតអម្បាញ់មិញ ១០០ដុល្លាជាងទៅហើយ លុយច្រើនណាស់មិនមែនតិចទេ គាត់ហ៊ានទិញឱ្យខ្ញុំ។ អ្នកលក់ក៏បានខ្ចប់ បងវង្សយកពីដៃអ្នកលក់ហុចឱ្យខ្ញុំ។
«នេះជាកាដូបងជូនអូន ប្រើវាផងណាកុំទុកមើល សង្ឃឹមថាអូនសប្បាយចិត្ត!»
«ចាសអរគុណបងច្រើនហើយ»
ខ្ញុំសឹងតែពេលនោះឱបគាត់ឱ្យខ្លាំងតែម្តងរំភើបឡើងចង់ស្រក់ទឹកភ្នែក បើអាចថើបថ្ពាល់គាត់ទៀត។ ខ្ញុំបានចាកចេញពីហាង គាត់កាន់ដៃខ្ញុំឡើងជាប់ ជាពិសេសស្នាមញញឹមនិងភាពសង្ហារបស់គាត់គឺមានភាពទាក់ទាញ គេតាមមើលគាត់គ្រប់គ្នា។
ពេលដើរមកយកម៉ូតូជាមួយគាត់ ក៏ស្រាប់តែឃើញណារិទ្ធិទៀត ប្រហែលជាទើបតែចេញពីមើលកុនទេដឹង ឃើញគេបើកទ្វារឡាន ហើយម្នាក់ស្រីដែលដើរជាមួយគេនោះ ចូលឡាន គេធ្វើដូចជាអង្គរក្សនារីនោះអ៊ីចឹង ម្នាក់ស្រីនោះឡើងដូចព្រះនាង។
ហេតុតែគេជាកូនអ្នកមានជិះសុទ្ធតែឡាន ដឹកស្រីដើរលេងមើលកុន។ ខ្ញុំក៏មិនខ្វល់អីច្រើនក៏បានឡើងម៉ូតូបងវង្ស ហើយក៏ជិះចេញពីអ៊ីអនមកផ្ទះជួលខ្ញុំវិញ។ គាត់បានឌុបខ្ញុំជិះកាត់មុខវាំង មើលឃើញយប់ឡើងនៅមុខវាំងស្អាតខ្លាំងណាស់ មានភ្លើងពណ៌ចម្រុះ ជាមួយទេសភាពស្រស់ត្រកាល ខ្យល់បក់រំភើយចេញពីទឹកទន្លេ ជាមួយក្លិនផ្ការំដួលដែលបានដាំមួយជួរតាមមាត់ទន្លេ មានក្លិនក្រអូមឈ្ងុយឈ្ងប់លាយសន្សីមត្រជាក់ចូលមកក្នុងច្រមុះ។
ខ្ញុំនេះភ្លេចខ្លួនលើកដៃត្រដាងដូចស្លាបសត្វ គ្រវីសក់ដូចតួស្រីក្នុងរឿងកុន ជាមួយម៉ូតូបងវង្សជិះរាងលឿនផងនោះ ខ្ញុំបានយកដៃទៅឱបខ្លួនគាត់យ៉ាងណែន ហើយ គាត់ងាកបែរក្បាលមករកខ្ញុំបន្តិច ហើយក៏គាត់ងាកទៅវិញ។ ខ្ញុំបានដាក់ក្បាលរបស់ខ្ញុំគេងលើខ្លួនរបស់គាត់ យ៉ាងមានក្តីសុខនៅក្នុងជីវិត។
ពួកយើងក៏បានជិះមកដល់ផ្ទះជួល ខ្ញុំចុះពីលើម៉ូតូ ហើយគាត់ក៏ចុះពីលើម៉ូតូ។ គាត់ដើរក៏ជិត ខ្ញុំធ្វើមុខឡេឡឺ ការពិតគាត់មកដោះមួកពីក្បាលខ្ញុំសោះ។ ខ្ញុំលើកដៃលាគាត់
«ឈប់សិន!!»
ខ្ញុំងាកខ្លួនបម្រុងនឹងដើរចូលបន្ទប់ហើយ គាត់ហុចកាដូដែលគាត់ទិញឱ្យ ខ្ញុំភ្លេចឱ្យឈឹងថាគាត់ព្យួរនឹងដៃម៉ូតូរបស់គាត់។ ខ្ញុំទទួលពីគាត់ហើយ ទៅក្បែរគាត់ថើបថ្ពាល់គាត់មួយខ្សឺត។ ខ្ញុំថើបហើយមុខប្រែជាក្តៅ ឡើងក្រហមអៀន គាត់ក៏ញញឹមដាក់ខ្ញុំ។
«បងទៅវិញហើយណាអូន»
«ចាស! អរគុណបងសម្រាប់ថ្ងៃនេះ សុខសប្បាយតាមផ្លូវបង បាយៗ»
«បាទ» គាត់ក៏ចេញម៉ូតូទៅបាត់ទៅ ខ្ញុំងាកមកមាត់ទ្វារ ម៉ាលីគេកំពុងឈរនៅមាត់ទ្វារភ្ញាក់ឱ្យព្រឺត។ ចំណែកអ្នកនៅជិតខាងមើលមកខ្ញុំ ខ្ញុំមើលទៅពួកគេវិញ គេចូលផ្ទះបិទទ្វារអស់។
«ស្វីតណាស់គេ សុទ្ធតែថើបគ្នាទៀត»
«ម៉ាលីកុំប៉ិននិយាយពេក តស់! ចូលផ្ទះខ្មាសគេណាស់»
«ខ្មាសអី សុទ្ធតែចង្អើតទៅថើបថ្ពាល់គេ»
«ចុះបើកើតមកទាបធ្វើម៉េច ហើយគាត់ខ្ពស់» ខ្ញុំយកកាដូដែលគាត់ទិញឱ្យដាក់លើតុ។
«អីគេហ្នឹង គាត់ទិញឱ្យឯងមែន» ខ្ញុំងក់ក្បាល
«អីយ៉ាគ្រឿងផាត់មុខ ១០០ដុល្លាជាង គាត់ហ៊ានទិញឱ្យឯង»
«គ្នាថាមិនបាច់ទេ តែគាត់ទិញឱ្យជាកាដូគ្នា»
«ឡូយណាស់គេ ហេតុតែសង្សារគេជាអ្នកមាន» ខ្ញុំក៏ដូរខោអាវ រួចក៏អង្គុយលើគ្រែ។
«អឺ និយាយរឿងសង្សារឯងវិញ គ្នាឃើញនៅអ៊ីអន»
«ម្នាក់ណាសង្សារខ្ញុំនោះ? ម៉េចក៏ខ្ញុំមិនដឹង»
«ណារិទ្ធិដែលតាមស្រលាញ់ឯងហ៎ ទៅមើលកុនជាមួយស្រីទៀត គេក្បត់ចិត្តឯងបាត់ហើយ នឹងមិនទាន់ស្រលាញ់គ្នាជាមួយឯងមិនបានប៉ុន្មានផង!»
«ណារិទ្ធិ ចេញពីប្រជុំក្រុមហ្នឹងគេជូនខ្ញុំមកដាក់ផ្ទះតើ! ដោយសារកង់ខូច ក៏ផ្ញើកន្លែងជាងធ្វើទៅ មិនទាន់ទៅយកផង ចាំស្អែកទៅ»
«គេជូនឯងមកផ្ទះរួច អ៊ីចឹងគេឆ្លៀតទៅដឹកស្រីមើលកុនដើរលេង»
«ទេ! គាត់បបួលខ្ញុំទៅមើលដែរ តែមិនស្រួលខ្លួន ហើយបើទៅក៏មិនមែនជាមួយណារិទ្ធិតែម្នាក់ដែរ មានប្អូនស្រីគាត់តើ!»
«ប្អូនស្រី!! គ្នាមិនជឿ»
«នេះមិនជឿមើលទៅ រូបគាត់ផ្ញើឱ្យមើលហេស គាត់មើលកុនរឿងនេះ»
ខ្ញុំឃើញរូបអាប៉ិហ្នឹងហើយហួសចិត្តខ្លួនឯង ការពិតប្អូនស្រីគេមែន។ តែមិនយល់ថាម៉ាលីនិងរិទ្ធិគេជាសង្សារនឹងគ្នាមែនឬអត់ បើទំនាក់ទំនងរបស់គេមិនដូចជាសង្សារនឹងគ្នាសោះ។
«ម៉ាលីគ្នាសួរមួយមើល ឯងនិងណារិទ្ធិស្រលាញ់គ្នាមែនអត់?»
«ណារិទ្ធិមែន? គ្នានិយាយត្រង់គ្នាមានចិត្តលើគាត់ តែមិនដឹងថាគាត់មានចិត្តលើគ្នាអត់ទេ តែគាត់ធ្លាប់ប្រាប់គ្នាថាគាត់មានអ្នកស្រលាញ់ តែគាត់សុំលាក់»
«អួយមនុស្សប្រុសតែប៉ុណ្ណឹង ដូចបងវង្សញ៉ែគ្នាដំបូងអ៊ីចឹង ស្រលាញ់តែមិនប្រាប់ទេ លាក់ៗតែព្យាយាមតាមញ៉ែយើងតែប៉ុណ្ណឹង»
«គ្នាមិនដឹងទេ ចាំមើលទៅមុខទៀតសិន»
«គ្នាដូចអស់កម្លាំងណាស់ គ្នាគេងសិនហើយ ថ្ងៃនេះសប្បាយចិត្តណាស់ ចង់ឱ្យមានពេលវេលាបែបនេះមានរាល់ថ្ងៃ» ខ្ញុំក៏ទាញទូរសព្ទយកមកចុចលេងហ្វេកបុក ជាសារបងវង្សឈែតមក។
«បងដល់ផ្ទះហើយណា សម្រាកទៅអូន G9»
«ចាសបង G9 too»
ពិតជាមនុស្សប្រុសដែលស្មោះត្រង់ និងខ្វល់ខ្វាយពីមនុស្សដែលខ្លួនស្រលាញ់ខ្លាំងណាស់។
ថ្ងៃនេះខ្ញុំក្រោកពីព្រឹកព្រលឹម ទាញគ្រឿងផាត់មុខ ដែលបងវង្សទិញជូនម្សិលអម្បាញ់មិញយកមកផាត់លើមុខ។ ខ្ញុំមិនសូវចេះផាត់ទេ បានតែផាត់តិចៗលើមុខ និងលាបក្រែមតែប៉ុណ្ណោះ។
ខ្ញុំដឹកម៉ាលីទៅយកកង់របស់នាង រួចក៏ជិះទៅសាលាដំណាលគ្នា។ ចេញពីរៀនថ្ងៃត្រង់ម៉ោងបាយ ខ្ញុំនិងម៉ាលីទៅហូបបាយថ្ងៃត្រង់នៅអាហារដ្ឋាននៅចំហៀងសាលាដូចរាល់ដង។ ទៅដល់ខ្ញុំក៏ដាក់បាយស្រូបសាច់ជ្រូក ឈរចាំអ៊ីអ្នកលក់គាត់ហុចឱ្យ ខ្ញុំស្មានតែគាត់ដាក់ឱ្យខ្ញុំរួចហើយ ខ្ញុំហុចដៃយកមិនចាប់អារម្មណ៍ថាអ្នកក្រោយខ្ញុំអ្នកណាទេ។ ស្រាប់តែអ៊ីអ្នកលក់៖
«របស់អាអូនមួយក្រោយទេអូន!»
ខ្ញុំងាកទៅអាប៉ិនិយាយច្រើនសោះ ខ្ញុំក៏យកហុចឱ្យគេ គេក៏ហុចឱ្យខ្ញុំវិញ យកមុនខ្ញុំទៅមិនអីទេ។ ខ្ញុំនេះវាឃ្លានដែរ ក៏ទទួលពីគេ។ គិតក្នុងចិត្តនេះ ថ្ងៃនេះគេចិត្តល្អម៉្លេះ យកចិត្តខ្ញុំដើម្បីតាមស្រលាញ់ម៉ាលីហើយ។
«ណារិទ្ធិ ម៉ាលីអង្គុយនេះជាមួយខ្ញុំ!»
គេក៏ស្រាប់តែងក់ក្បាល ខ្ញុំនេះមិនមែនមេអណ្តើកអីទេ។ ម៉ាលីវិញគេកុម្មង់មីឆា ក្រឡេកមកមើលខ្ញុំនិយាយជាមួយរិទ្ធិថាគេអង្គុយកន្លែងនោះស្រាប់។
«អមរាកុំលក់មុខគ្នាពេក!»
«នោះគេមកអង្គុយជិតឯងហើយ»
«ខ្ញុំសុំអង្គុយហ្នឹងដែរ បានអត់?» ក្រោយពីញ៉ាំអីរួច អង្គុយជជែកគ្នាលេងជាមួយពួកគេ។ ណារិទ្ធិគេអង្គុយមើលមកមុខខ្ញុំភ្លឹកៗ។
«អមរាឥឡូវស្អាតម៉្លេះ!»
«ណារិទ្ធិកើតអីថ្ងៃហ្នឹង ក្តៅខ្លួនទេដឹង សុខៗសរសើរខ្ញុំថាស្អាត!»
«រាល់ដងអត់ដែលឃើញផាត់មុខ ថ្ងៃនេះឃើញផាត់មុខមិនប្លែក មែនអត់ម៉ាលី?!»
«អើយ! ណារិទ្ធិអើយ អមរាគេស្អាតឱ្យរាល់តែថ្ងៃ គេមានអ្នកថែមិនមែនដូចខ្ញុំណា!»
«អូ! គេមានអ្នកថែទៀត ដឹងហើយសិស្សច្បងមួយសង្ហាហ្នឹង គេសង្ហា មានមនុស្សតាមស្រលាញ់គ្រប់គ្នា ខ្ញុំវិញចប់គ្មានអ្នកមើលឃើញផង!»
«ត្រូវហើយគាត់ឡើងសង្ហា គួរឱ្យស្រលាញ់ណាស់ មិនដូចអ្នកខ្លះទេហាសហា»
«អមរាឯងកុំចេះតែនិយាយអ្នកខ្លះ និយាយពីណារិទ្ធិមែន គ្នាអន់ចិត្តស្លាប់ហើយ ណារិទ្ធិមានទៅចាញ់អីសង្ហាដែរសោះហ្នឹង»
«សង្ហាតែម៉ាលីឯងទៅ ហាសហា»
«ន៎ក! ណារិទ្ធិលែងនិយាយហើយ ណារិទ្ធិកុំតូចចិត្តណា!»
«មិនអីទេ អ្នកខ្លះមើលមិនឃើញ តែក៏មានអ្នកខ្លះមើលឃើញដែរហាសហា!»
ខ្ញុំស្រាប់តែឆ្ងល់ពាក្យសម្តីណារិទ្ធិនិយាយ អ្នកខ្លះមើលមិនឃើញ តែក៏មានអ្នកខ្លះមើលឃើញ ឬក៏បែបស្រលាញ់ខ្ញុំដែរ តែខ្ញុំមើលមិនឃើញ មានតែម៉ាលីទេដែលមើលឃើញណារិទ្ធិហើយស្រលាញ់គេដែរ។ ណារិទ្ធិអើយណារិទ្ធិ បើខ្ញុំអត់បងវង្សក៏ខ្ញុំមិនយកណារិទ្ធិឯងធ្វើសង្សារដែរ ធ្វើជាមិត្តភក្តិទៅល្អជាង។ មានឱកាសយកម៉ាលីទៅ នាងក៏ស្រលាញ់ឯងដែរ។ ទូរសព្ទខ្ញុំដូចជាឮសំឡេងសារ ខ្ញុំចុចចូលមើល។
«អូននៅណា? មកកន្លែងកាហ្វេធម្មជាតិមក បងនៅហ្នឹង!»
«អូននៅកន្លែងញ៉ាំអី ចាំតិចអូនទៅ!»
«អូខេ!»
ខ្ញុំក៏លាពួកគេទៅមើលមុន ថាជាប់ណាត់ហើយ ទៅមុនពួកគេហើយ ស្រាប់តែពួកគេសើច។ ខ្ញុំចេញពីពួកគេ ទុកឱកាសឱ្យគេសាសងគ្នាទៅ ខ្ចិលរំខាន។
គេក៏ដឹងដែរ ថាខ្ញុំទៅចួបអ្នកណាគេ។ ខ្ញុំក៏ដើរមកកាហ្វេធម្មជាតិ មកដល់ឈរស្ញៀមមើលឆ្វេងស្តាំ មិនដឹងថាបងវង្សគាត់អង្គុយណាទេ តែឃើញមនុស្សប្រុសម្នាក់បក់ដៃ គឺបងយ៉ាវង្ស។
ខ្ញុំដើរចូលទៅក្នុងហាងកាហ្វេនោះទៅអង្គុយលើកៅអី គាត់កំពុងតែអង្គុយជាមួយមិត្តភក្តិគាត់ម្នាក់សិស្សច្បងឈ្មោះរាជ។ ខ្ញុំទាញកៅអីអង្គុយក្បែរ គាត់ក៏បានកុម្មង់ផាសិនសូដាឱ្យខ្ញុំរួចជាស្រេច។
«នេះរបស់អូន ញ៉ាំអី? ថ្ងៃនេះដូចប្លែក!«
«ប្លែកត្រង់ណាបង?»
«មែនតើអាវង្ស អមរាថ្ងៃនេះ ស្អាតប្លែក!»
«អួយប៉ិនណាស់ពួកបងឯងនេះ បងឯងហូបអីរួចនៅ?»
«បងរួចហើយ!»
«ចុះថ្ងៃនេះបងអត់បង្រៀនសិស្សប្អូនទេ?»
«អត់ទេថ្ងៃហ្នឹងបងសុំគេសម្រាក មកចួបអូនហ្នឹងនឹកអូនពេក!»
«អួយរងាន់ហាស ការពិតគេយកសាលប្រជុំសោះហ្នឹង!» បងរាជនិយាយ
«កុំចេះអានេះ ហើយមានកិច្ចការអីឱ្យបងជួយអត់!»
«គ្រូប្រមូលរួចអស់ហើយបង ភ្លេចៗខ្លួនជិតចូលឆ្នាំទី៣ហើយគ្មានចេះអីទេហាសហា!»
«ពួកបងកាលរៀនក៏អត់ចេះដែរ តែដូចអត់ឃើញម៉ាលីដើរជាមួយអូនឯង!»
«បងរាជរកម៉ាលីមែន? អីយ៉ា! អីយ៉ា!»
«អីយ៉ាអីបងគ្រាន់តែសួរតើ!»
«ម៉ាលីចេញពីកន្លែងញ៉ាំអីទៅប្រជុំក្រុមបាត់ហើយ គេធ្វើគម្រោងអីទេប្រកួតជាមួយសាលាផ្សេងនោះ អត់តែខ្ញុំទេយកពេលទំនេរ ដេកលេងហាសហា!»
ក្រោយជជែកគ្នាអស់មួយសម្ទុះ ខ្ញុំក៏ដល់ម៉ោងរៀនម៉ោងបន្ទាប់ ខ្ញុំក៏លាបងវង្សនិងបងរាជទៅរៀន។ ខ្ញុំចេញទៅព្រមទាំងកាន់កែវផាសិនសូដាយកតាមខ្លួនញ៉ាំ ដែលបងវង្សបានទិញឱ្យ។ ផាសិនសូដាជូរផ្អែម តែខ្ញុំញ៉ាំទៅផ្អែមទៅៗដោយតែមានសង្សារទិញឱ្យញ៉ាំ អ៊ីចឹងបានផ្អែមខុសពីធម្មតា។
ថ្ងៃនេះខ្ញុំមានអារម្មណ៍សប្បាយចិត្តប្លែកខុសពីធម្មតា មិនដឹងថាមានរឿងអី ខ្ញុំញាក់ភ្នែកតាំងពីព្រឹក មិនដឹងថាលាភ ឬលាភអាណិតទេខ្ញុំ។ តែក្នុងចិត្តសប្បាយខុសពីធម្មតា ស្រាប់តែបងវង្សខលមកខ្ញុំ៖
«អាឡូអូន ថ្ងៃនេះទំនេរឬអត់?»
«អាឡូបង ថ្ងៃនេះទំនេរតើ! បងមានការអីមែន?»
ទោះបីជារវល់ក៏ថាទំនេរដែរ ខានបានដើរលេងជាមួយគាត់យូរហើយ។
«ម៉ោង៤ជាង បងទៅយកអូនណា រៀបចំខ្លួនឱ្យស្អាតទៅណា!»
«ទៅណាវិញបង?»
«រៀបចំតែខ្លួនមក ចាំបងប្រាប់តាមផ្លូវ ម៉ោង៤បងទៅយកអូនណា!»
«ចាស! ចាស!” ខ្ញុំនេះភ័យអរ ភ័យមិនដឹងថាគាត់ស៊ុបប្រាយរឿងអីទៀតហើយ ឬក៏នាំទៅមើលកុនដូចលើមុនទៀតមិនដឹង។
«អមរាថ្ងៃនេះឯងដូចសប្បាយចិត្តម៉្លេះ ឃើញថ្ងៃនេះប្លែកជាងរាល់ដង»
«ហាសហា គ្មានអីទេ ថ្ងៃហ្នឹងបងវង្សនាំទៅដើរលេងទៀតហើយ!»
«ឡូយណាស់គេ ស្វីតរហូតច្រណែនឯងណាស់!»
«ចុះណារិទ្ធិសង្សារឯងនោះ?»
«អួយកំពុងតែមើលចិត្តគ្នាសិន មិនដឹងយ៉ាងម៉េចទេ!»
«មើលចិត្តគ្នាយូរៗ ប្រយ័ត្នអត់ទាំងសងខាងហាសហា!»
«បើអត់ក៏អត់តាមហ្នឹងទៅធ្វើម៉េច បើគ្មាននិស្ស័យជាមួយគ្នា បើបានដូចឯងវិញស្នេហាឯងមានសុភមង្គលណាស់ ឥឡូវគ្នាត្រូវទៅក្រៅញ៉ាំអីជាមួយមិត្តភក្តិពីរបីនាក់ គេហៅទៅញ៉ាំអីជុំគ្នា រកបបួលឯងដែរ តែដោយសារឥឡូវឯងជាប់dateអីហើយ ខ្ចិលបបួលណាស់!»
«អឺ! អឺ! គ្នាមិនបានទៅទេណា ប្រាប់ពួកគេផង!»
«គ្នាទៅសិនហើយណាអ៊ីចឹង!»
«អូខេ!»
មានភាគបន្ត…

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ