ខ្ញុំក៏ចាប់ផ្តើមរៀបចំខ្លួន ដើម្បីទៅជាមួយបងវង្ស។ ខ្ញុំស្លៀករ៉ូបដែលបងវង្សបានទិញឱ្យ ផាត់មុខតិចៗ និងកាបូបចំហៀងដែលគាត់បានទិញជូនខ្ញុំ។ ខ្ញុំរៀបចំខ្លួនហើយ ក៏អង្គុយចាំគាត់នៅលើកៅអី អូសហ្វេកបុកលេងបណ្តើរ។ បងវង្សក៏បានមកដល់ គាត់ជិះម៉ូតូអាធំរបស់គាត់មកយកខ្ញុំដូចរាល់ដង។
ខ្ញុំក៏បានបិទទ្វារចាក់សោរ ដើរទៅក្បែរម៉ូតូគាត់ គាត់សម្លឹងមើលខ្ញុំមិនដាក់ភ្នែក គាត់ទាញមួកសុវត្ថិភាពយកមកពាក់ឱ្យខ្ញុំដូចរាល់ដង។ គាត់បានឌុបខ្ញុំ តែមិនដឹងថាគាត់ឌុបខ្ញុំទៅកន្លែងណាទេ ពេលនេះមកដល់វិមានឯករាជ្យ ខ្ញុំគិតក្នុងចិត្តថាប្រហែលជាទៅញ៉ាំអីនៅអេឡនទៀតទេដឹង។
តែមិនមែនផ្លូវទៅអ៊ីអនទេ គឺគាត់បានឆ្លងស្ពានទៅខាងកោះពេជ្រ។ ខ្ញុំមិនដែលមកលេងកោះពេជ្រ ថាវាមានអ្វីខ្លះទេ ខ្ញុំរង់ចាំមើលគាត់ឌុបខ្ញុំទៅណាទៀត។
ពួកយើងក៏មកដល់កន្លែងចតម៉ូតូ នៅចំហៀងខ្ញុំមានអគារខ្ពស់ស្រឡះមួយ ខ្ញុំមានតែដើរតាមគាត់ចូលទៅក្នុងអគារមួយនោះ ឡើងតាមជណ្តើរប្រអប់គាត់ចុចជាន់ទី២៥ គឺខ្ពស់ជាងគេតែម្តង។ ពេលទៅដល់គឺត្រូវឡើងទៅជាន់លើគេបង្អង់ហៅថាស្កាយបារនោះ។
មានអ្នកបម្រើសេវាកម្មគេមកទទួលរាក់ទាក់ជាខ្លាំង គេបាននាំយើងទៅអង្គុយកន្លែងតុមួយ។ អ្នកបម្រើសេវាកម្មបាន លើកម្ហូបម្តងមួយមុខៗ។
ខ្ញុំមើលទៅទេសភាពជុំវិញ គឺស្រស់ស្រាយជាមួយ មើលឃើញថ្ងៃកំពុងតែរៀបលិច មើលឃើញព្រះបរមរាជវាំងពីចម្ងាយ ជាមួយទឹកទន្លេធំល្វីងល្វើយ ជាមួយខ្យល់បក់មកត្រជាក់ ពិតជាមានក្តីសុខណាស់។ ខ្ញុំស្រាប់តែឆ្ងល់បងវង្សគាត់មិននិយាយអ្វីសោះ មើលមកមុខខ្ញុំគិតតែពីញញឹមដាក់ខ្ញុំ ងក់ក្បាលបែបឱ្យខ្ញុំញ៉ាំអាហារដែលខាងអ្នកបម្រើសេវាគេលើកយកមកដាក់។
ខ្ញុំមិនដែលមកហាងបែបអ៊ីចឹងៗទេ មើលទៅវាមានតម្លៃថ្លៃណាស់គ្រាន់តែហូបអាហារមួយពេល មានទាំងខ្មែរនិងបរទេស ដែលមកញ៉ាំអាហារនៅទីនោះ។ បង្គងយក្សដែលជាម្ហូបនៅលើចាន នៅចំពីមុខខ្ញុំតែម្តង មើលទៅទំនងណាស់ តែមិនហ៊ានដួសញ៉ាំទេខ្លាចគេមើលមកឆ្គង។
បងវង្សគាត់ក៏ក្រោកចាប់ដាក់ចានឱ្យខ្ញុំ ខ្ញុំដួសយកមកញ៉ាំឆ្ងាញ់ណាស់តែមិនអាចពិពណ៌នាពីរសជាតិវាបានទេ វាបែបដូចការីខ្មែរតិចៗ ហើយមានរសជាតិហឹរតិចៗក្នុងនោះ។ អង្គុយញ៉ាំមួយសន្ទុះ ស្រាប់តែគាត់សុំទៅបន្ទប់ទឹកសិន។ ខ្ញុំក៏ញញឹមបែបប្រាប់គាត់មិនអីទេ តែក្នុងចិត្តខ្លាចគាត់ទៅចោលខ្ញុំទៅវិញទេ។
តែហេតុអ្វីថ្ងៃនេះគាត់នាំខ្ញុំមកញ៉ាំអាហារនៅលើអាកាសបែបនេះ ជាថ្ងៃអី បើAnniversaryដូចមិនមែនទេ មិនទាន់ស្រលាញ់គ្នាបានមួយឆ្នាំឡើយ ខ្ញុំព្យាយាមរកនឹកយ៉ាងណាក៏នឹកឃើញ។ គាត់ក៏ចេញពីបន្ទប់ទឹកមកវិញ រួចញញឹមដាក់ខ្ញុំ ខ្ញុំនេះនិយាយមែនឱ្យតែគាត់ញញឹមដាក់ពេលណាគឺខ្ញុំនេះទន់ចិត្តតែម្តង។
ស្រាប់តែភ្លេងគេចាក់ចម្រៀងខួបកំណើត ខ្ញុំទះដៃរំភើបមានអ្នកធ្វើខួបនៅលើនេះទៀត។ ក្នុងចិត្តរំភើបជំនួសគេ គេទះដៃតាមចង្វាក់ចម្រៀង ចំណែកបងវង្សគាត់ក៏សើចពេលមើលមកខ្ញុំ។ ខ្ញុំក៏ឃើញខាងបម្រើសេវាគេរុញតុដែកមួយមាននំខេក និងផ្កាកូលាបក្រហមមួយបាច់ធំ។
ខ្ញុំវិញឃើញភ្លាមក្នុងចិត្ត អ្នកណាគេក៏សំណាងម្ល៉េះណ៎ ខ្ញុំងាកមើលជុំវិញខ្លួន រកម្ចាស់ខួបតែមិនដឹងថាជាអ្នកណាសោះ។ ស្រាប់តែគេរុញតុនំនោះមកឈប់ក្បែរតុពួកយើងអង្គុយ បងវង្សលើកនំខេកឡើងមកលើហើយច្រៀងតាមចម្រៀងគេចាក់ គេជុំវិញទះដៃលាន់ ខ្ញុំទឹកភ្នែករលីងរលោង ការពិតថ្ងៃនេះជាខួបកំណើតខ្ញុំ។
ខ្ញុំមិនចាំអ្វីសោះ ដោយសារតាំងពីតូចមកអ្នកផ្ទះមិនដែលធ្វើខួបកំណើតអីទេ។ ខ្ញុំទទួលនំខេកពីដៃគាត់ហើយផ្លុំទាន ខ្ញុំបានដាក់នំលើតុ គាត់បានទាញផ្កាកូលាបក្រហមមួយបាច់ធំ ហុចមកឱ្យខ្ញុំ ស្រាប់តែពេលនោះខ្ញុំទប់ទឹកភ្នែកមិនជាប់ក៏យំហ៊ូ។ បងវង្សគាត់ដើរមកជិត ខ្ញុំឱបគាត់តែម្តង។
«អរគុណបងសម្រាប់ថ្ងៃនេះ ខ្ញុំពិតជាស្រលាញ់បងខ្លាំងណាស់!»
«បាទ! បាទអូន នេះគ្រាន់តែជាក្តីស្រលាញ់បន្តិចបន្តួចសម្រាប់អូននៅថ្ងៃនេះ អូនសម្លាញ់របស់បង»
ខ្ញុំយកដៃជូតទឹកភ្នែក ហើយលើកដៃសំពះអ្នកជុំវិញនិងអ្នករត់តុ។ បងវង្សក៏បានពឹងឱ្យអ្នកនៅក្បែរនោះថតពួកយើងទាំងពីរ។ វាពិតជាពិសេសណាស់ ដែលមានមនុស្សប្រុសម្នាក់ដែលខ្វល់ខ្វាយពីយើង ដឹងសុខដឹងទុក្ខរបស់យើង ចាំថ្ងៃពិសេសរបស់យើងទៅទៀត។ គ្រាន់តែចប់កម្មវិធីដែលគាត់ធ្វើឱ្យភ្លាម ខ្ញុំនេះអង្គុយញ៉ាំអាហារញញឹមបិទមាត់មិនជិត។
វាពិតជាពិសេសណាស់ ដែលនារីមកពីខេត្ត គ្មានទាំងរូបសម្រស់ស្រស់ស្អាតដូចនារីអ្នកភ្នំពេញ គ្រួសារក៏មិនមានជីវភាពអីណាស់ណា គ្រាន់តែបានផ្គង់ផ្គត់ការស៊ីចាយនៅភ្នំពេញតែប៉ុណ្ណោះ។ តែឥឡូវស្រាប់តែចួបបុរសម្នាក់ ដែលគេមិនមើលឃើញអ្វីដែលក្រៅពីខ្លួនខ្ញុំ ស្រលាញ់ខ្ញុំជាខ្ញុំ លះបង់ដើម្បីខ្ញុំ ខ្ញុំពិតជាមិនអាចរកមនុស្សដូចបងវង្សម្នាក់ទៀតបានទេ។
ពួកយើងបាននៅដល់យប់ជ្រៅបន្តិច ខ្ញុំឈរមើលទេសភាពខាងលើអគារ ភ្លើងពណ៌ចម្រុះពិតជាស្រស់ស្អាតណាស់ ទីក្រុងភ្នំពេញ អ៊ីចឹងបានជាចាស់ៗគាត់តែងតែនិយាយកុំឈ្លក់វង្វេងជាមួយភ្លើងពណ៌ឱ្យសោះ វាគ្រាន់តែជាភ្លើងពណ៌បំភាន់ភ្នែកយើងមួយឆាវទេ បើយើងងប់ងុលនឹងវា។ ងាកទៅចំហៀងខ្លួន បងវង្សឈរនៅក្បែរ គាត់ទាញដៃខ្ញុំយកមកថើប ខ្ញុំក្បែរផ្អែកនិងដើមទ្រូងរបស់គាត់ សម្លឹងទៅមើលទេសភាពជុំវិញនោះ។
ខ្ញុំនឹងគាត់ក៏បានចាកចេញពីទីនោះ ត្រលប់មកផ្ទះវិញ ខ្ញុំជិះពីក្រោយគាត់ ដៃឱបបាច់ផ្កាកូលាបឡើងជាប់ ជិះតាមផ្លូវគេមើលមកខ្ញុំគ្រប់គ្នា បែបរំភើបចំពោះខ្ញុំ ឃើញខ្ញុំកាន់បាច់ផ្កាជិះម៉ូតូអាធំជាមួយបុរសសង្ហាទៀត។
រំលងបានមួយអាទិត្យ ម៉ោងប្រហែលជា៦កន្លះ ស្រាប់តែបងវង្សខលមកកាន់ខ្ញុំ និយាយទាំងរអាក់រអួល ដូចកំពុងតែខឹងឬអន់ចិត្តអ្នកណាក៏មិនដឹង។ ចៃដន្យអីថ្ងៃនេះ ម៉ាលីទៅគេងផ្ទះមិត្តភក្តិម្នាក់ទៀត ដោយសារតែគេត្រូវបង្ហើយគម្រោងការងាររបស់គេ ត្រូវប្រគល់ឱ្យទៅខាងសាលាស្អែក ខ្លាចមិនទាន់ហើយ នាងក៏ទៅផ្ទះមិត្តភក្តិនោះតែម្តង ហើយគេងនៅទីនោះ។
និយាយពីបងវង្សវិញ និយាយមិនទាន់បានប៉ុន្មានផង ស្រាប់តែឮសំឡេងហ៊ឹក! ហ៊ឹក! ដូចមនុស្សរកយំ៖
«អាឡូអូនថ្ងៃនេះអាចកំដរបងបានទេ»
«បង! មានរឿងអ្វីចំពោះបងមែន»
«អត់ទេ! ឥឡូវបងទៅយកអូន ហើយចាំយើងនិយាយគ្នា»
«ចាស! ចាស!»
ខ្ញុំតក់ស្លុតជាខ្លាំងមិនដឹងថាមានរឿងអ្វីចំពោះគាត់ទេ នៅសុខៗគាត់ខលមកខ្ញុំទាំងយប់ដើម្បីកំដរគាត់ទៅខាងក្រៅ។ ប្រហែលជាមួយសម្ទុះលឿនដែរ គាត់បានមកដល់ ខ្ញុំឡើងលើម៉ូតូ។
ទឹកមុខរបស់គាត់ ប្រែជាស្រពោនមិនដូចពីមុនពេលចួបខ្ញុំ គាត់តែងញញឹម ខ្ញុំក៏មិនទាន់សួរនាំ ថាមានរឿងអ្វីដែរ គាត់បានឌុបខ្ញុំទៅមួយជួរមាត់ទន្លេ រួចគាត់ក៏បត់ក្បាលម៉ូតូចូលហាងផឹកស៊ីជិតនោះមួយ។
ខ្ញុំក៏មិននិយាយអ្វីដែរ គាត់កាន់ដៃខ្ញុំទៅរកតុអង្គុយ ហើយហៅអ្នករត់តុយកស្រានិងគ្រឿងខ្លែម។ ខ្ញុំអង្គុយមើលអាការរបស់គាត់មួយសន្ទុះ គាត់យកដៃខ្ទប់មុខ ប្រៀបដូចកំពុងតែខូចចិត្តនិងរឿងអ្វីមួយ ហើយស្រាប់តែទឹកភ្នែករលីងរលោង។
«អូនឯងមើលប៉ាបងថាបងនេះជាមនុស្សអត់ប្រយោជន៍ គិតតែដើរស៊ីផឹកចាយលុយ មិនគិតចូលផ្ទះសំបែង គាត់រកដេញបងឱ្យទៅរៀនក្រៅប្រទេសទៅដើម្បីបាត់ពីមុខគាត់ បងសួរ បងបានបំផ្លាញអីខ្លះ? គ្រប់យ៉ាងដែលធ្វើគឺតាមគាត់ទាំងអស់ ទាំងរៀនសូត្រ ទាំងរឿងគ្រប់យ៉ាងស្តាប់គាត់ទាំងអស់ សួរថាបងខុស បងខុសត្រង់ណា?»
ខ្ញុំមិនដែលឃើញបងវង្សមានអាការបែបហ្នឹងទេ ជាមនុស្សដែលសុភាពរាបសា មិនសូវមាត់កឬនិយាយឈ្លើយដាក់ចំពោះអ្នកណាគេម្តងឡើង ដើរស៊ីចាយមិនចូលផ្ទះ តើវាពិតឬអត់? ខ្ញុំក៏មិនដឹងដែរ តែខ្ញុំគិតថាបងវង្សមិនមែនជាមនុស្សបែបហ្នឹងជាដាច់ខាត គាត់តែងមកឌុបខ្ញុំហើយត្រលប់ទៅផ្ទះវិញធម្មតា ឬក៏ប៉ារបស់គាត់យល់ច្រឡំអ្វីម៉្យាងចំពោះគាត់ទេដឹង។
«គ្រាន់តែគាត់ចង់ឱ្យបងល្អទេដឹង អាចហ្នឹងគាត់យល់ច្រឡំលើបងទេដឹង»
«ចង់ឱ្យល្អ តែធ្វើដាក់កូនបែបហ្នឹងហ្អី ជាឪរបស់គេបែបហ្នឹងឬ? ដែលគាបសង្កត់កូនគ្រប់គ្នា»
ខ្ញុំឈប់តបខ្លាចកាន់តែធ្ងន់ធ្ងរលើសដើម។ គាត់ទាញដបស្រាហើយចាក់ចូលកែវផឹកយកៗ ខ្ញុំមានតែអង្គុយកំដរគាត់។ គាត់ផឹកអស់មួយដបទៅហើយតែគាត់នៅតែចាក់ផឹកទាំងគាត់កំពុងតែស្រវឹងទៅហើយ។
«បានហើយបង ត្រលប់ទៅផ្ទះវិញទៅ កុំធ្វើបាបខ្លួនឯងអី ស្អែកវានឹងល្អឡើងវិញហើយ»
ខ្ញុំឃើញទូរសព្ទរបស់គាត់ដាក់miss callជិត១០ដង មានទាំងប៉ានិងម៉ាក់គាត់ខលរក។ គាត់ក៏ឱ្យគេគិតលុយចាកចេញពីហាង ហើយជូនខ្ញុំត្រលប់មកបន្ទប់ជួលវិញ។
មកដល់បន្ទប់ជួលគាត់ចុះពីលើម៉ូតូ គាត់នៅស្រវឹងសឺងៗ តែគាត់នៅដឹងខុសត្រូវធម្មតាទេ។
«បងមិនចង់ត្រលប់ទៅផ្ទះវិញទេ បងមិនចង់ចួបមុខពួកគាត់ទេ» ខ្ញុំខ្លាចឡូឡាដល់អ្នកជិតខាង ក៏បើកទ្វារចូលផ្ទះនិយាយគ្នាវិញ។
«បងត្រលប់ទៅវិញទៅ ម៉ាក់ប៉ាគាត់បារម្ភស្លាប់ហើយ បាត់ដំណឹងបងនោះ»
«បងមិនចង់ទៅវិញទេ បងទៅគេងផ្ទះសំណាក់ក៏បានដែរ!»
ខ្ញុំគិតក្នុងចិត្ត បើឱ្យគាត់ចេញទៅជិះតាមផ្លូវខ្លាចមានបញ្ហាតាមផ្លូវយ៉ាងម៉េចយ៉ាងម៉ា ខ្លាចធ្ងន់ធ្ងរគាត់កំពុងតែស្រវឹងផង។
«ឥឡូវបងគេងទីនេះទៅ ចាំព្រឹកស្អែកបងត្រលប់ផ្ទះវិញទៅ!»
«បាទ! បងអរគុណអូន មានតែអូនទេដែលស្រលាញ់បង!»
ស្រាប់តែគាត់ទម្លាក់ខ្លួនលើគ្រែសន្លប់បាត់។ ខ្ញុំចេញទៅអូសម៉ូតូចូលរបងផ្ទះ រួចក៏បានបិទទ្វារ។ ខោអាវរបស់គាត់ ធុំក្លិនស្រាឱ្យហួង ខ្ញុំគ្រាហ៍គាត់ដាក់លើគ្រែឱ្យគាត់គេងលើគ្រែ ខ្ញុំក្រាលភួយនៅក្បែរគ្រែខាងក្រោមគេង។ ខ្ញុំបានដោះអាវគាត់ ហើយយកកន្សែងជ្រលក់ទឹកជូតមុខ និងដៃជើងរបស់គាត់។ ស្រាប់តែគាត់ចាប់ដៃខ្ញុំជាប់៖
«អមរាកុំចាកចេញពីបងណា បងស្រលាញ់អូន!» ប្រៀបដូចមនុស្សគេងលក់តែរវើរវាយ។
ខ្ញុំទាញដៃគាត់ទម្លាក់ទៅលើគ្រែ គាត់យកយកដៃនោះមកឱបខ្លួនរបស់ខ្ញុំឡើងណែន ឡើងខ្លួនខ្ញុំសឹងតែដេកលើខ្លួនគាត់ទៅហើយ។ មុខខ្ញុំកំពុងតែនៅទល់មុខជាមួយគាត់ ខ្ញុំបើកភ្នែកភ្លឹះៗ មើលទៅមុខគាត់ គាត់បើកភ្នែកព្រឹមៗមើលមកមុខខ្ញុំ ហើយគាត់ទាញខ្លួនខ្ញុំទម្លាក់ មាត់គាត់បានថើបមាត់របស់ខ្ញុំ ខ្ញុំស្រាប់តែបេះដូងលោតញាប់ ប្រែជាស្រឡាំងកាំង ចិត្តមួយថាកុំតែចិត្តមួយទៀតប្រែជាទន់ទោរទៅតាមគាត់ ដោយសេចក្តីស្នេហាចំពោះគាត់កើតឡើង។
ខ្ញុំក៏បានទន់ចិត្តជ្រុលខ្លួន គេងជាមួយគាត់ក្នុងយប់នោះទៅ។ ទាំងខ្ញុំដឹងថាវាមិនល្អចំពោះមនុស្សស្រី ដែលលះបង់ខ្លួនឱ្យទៅមនុស្សប្រុសខ្លួនស្រលាញ់ទាំងមិនទាន់រៀបការជាមួយគ្នា តែដោយសារអំពើល្អរបស់គាត់ ខ្ញុំជឿថាគាត់នឹងមិនក្បត់ខ្ញុំទេ គាត់នឹងព្រមស្ម័គ្ររួមរស់ជាមួយគ្នាអស់មួយជីវិតដូចគ្នា។
ព្រហ្មចារីរបស់ខ្ញុំបានប្រគល់ទៅឱ្យមនុស្សប្រុសតែម្នាក់ ជាមនុស្សប្រុសដែលខ្ញុំស្រលាញ់ខ្លាំងស្មើជីវិតខ្ញុំ ខ្ញុំនឹងរស់នៅក្បែរគេអស់មួយជីវិតទោះបីជាមានរឿងអ្វីក៏ដោយ។
សំឡេងម៉ោងរោទ៍របស់ខ្ញុំ ធ្វើឱ្យខ្ញុំភ្ញាក់ព្រើត ខ្ញុំស្ទុះស្ទាខ្លាចម៉ាលីមកដល់ឃើញបែបនេះមិនល្អ ខ្ញុំរៀបចំស្លៀកខោឱ្យបងវង្សតែបងវង្សគាត់នៅគេងនៅឡើយ ខ្ញុំសារ៉េភួយដែលនៅក្រោមគ្រែ ដើម្បីបង្ហាញម៉ាលីថាខ្ញុំគេងក្រោម បងវង្សគេងខាងលើ។ ម៉ាលីស្រាប់មកដល់ ឆ្ងល់រឿងម៉ូតូនៅក្នុងរបង។ ម៉ាលីគោះទ្វារឱ្យខ្ញុំបើក ខ្ញុំដើរទៅបើកទ្វារ៖
«អមរាអ្នកណាមកគេងនៅទីនេះ?»
«បងវង្ស! យប់មិញគាត់ឈ្លោះគ្នាជាមួយអ្នកផ្ទះ គាត់សុំគ្នាមកគេងទីនេះណាមួយគាត់ស្រវឹងផង!»
«ឯងគេងជាមួយគាត់?»
«គ្នាគេងនៅខាងក្រោម គាត់គេងនៅខាងលើទេតើ! ឯងកុំគិតអីមិនល្អណា!»
«អឺ! អឺគ្នាមិនថាអីទេ គ្រាន់តែយើងជាស្រី ខ្លាចអ្នកជិតខាងគេនិយាយ!»
«គ្មានអ្នកនិយាយទេ សំខាន់យើងដឹងខ្លួនយើងថាកំពុងធ្វើអី!»
ខ្ញុំក៏ឈប់និយាយជាមួយម៉ាលី ក៏រៀបចំខ្លួន រួចក៏ទៅទិញអីយកមកញ៉ាំ ទាំងបងវង្សនិងខ្ញុំផង រង់ចាំគាត់ក្រោកឡើង។ ខ្ញុំពិតជាមានក្តីសុខណាស់ លើកទីមួយក្នុងឆាកជីវិត ដែលបានគេងជាមួយបងវង្ស មិនដឹងថាខ្ញុំល្ងង់ឬយ៉ាងម៉េចទេ តែវាបានកន្លងទៅហើយ មានតែខំព្យាយាមរក្សាទំនាក់ទំនងជាមួយគាត់បន្តទៀតឱ្យបានល្អ ត្រូវចេះមើលថែគ្នានិងស្រលាញ់គ្នាទៅវិញទៅមក។
————
«ឆាកល្ខោន ២ឆ្នាំអ្នកសម្តែងហត់ហើយ!»
បើគង់តែត្រលប់ទៅរកអ្នកចាស់ដដែល ហេតុអ្វីក៏អ្នកចាប់ផ្តើមជាមួយអ្នកថ្មី គឺជារូបខ្ញុំទៅវិញ?
មួយរយៈនេះ បងវង្សដូចប្លែកពីមុនខ្លាំងណាស់ មិនសូវឈែតមកលេងខ្ញុំសោះ ឈែតទៅគាត់ពេលណា គាត់តែងប្រាប់រវល់ធ្វើសារណាបញ្ចប់ឆ្នាំ។
រាល់ដងយ៉ាងហោចណាស់មួយអាទិត្យឌុបខ្ញុំដើរលេងម្តង តែឥឡូវខុសពីមុនឆ្ងាយណាស់។ តើមកពីមូលហេតុអ្វីទៅ? ឬក៏ដោយសារតែប៉ុន្មានថ្ងៃមុនខ្ញុំអង្គុយជាមួយបងរាជ ជជែកគ្នា ហើយខ្យល់បក់ត្រូវសក់ខ្ញុំប៉ះមកជាប់និងក្រវិលខ្ញុំ បងរាជគាត់ចិត្តល្អជួយដោះសក់ចេញពីក្រវិលខ្ញុំ។
ស្រាប់តែបងវង្សមកឃើញបែបនេះ គាត់មុខក្រញូវ ងាកមុខចេញពីខ្ញុំ មិននិយាយរកខ្ញុំមួយរយៈធំ។ តែហេតុអ្វីក៏គាត់ធ្វើបែបនេះ ដឹងហើយថាបងរាជជាមិត្តភក្តិជិតស្និទរបស់គាត់ គាត់មិនបានមកស្រលាញ់ខ្ញុំទេ។ យ៉ាងណាគាត់គួរតែស្តាប់ខ្ញុំបកស្រាយសិន តែឥឡូវគាត់ជាមនុស្សឆេវឆាវចេះប្រចណ្ឌ ខឹងច្រើនជាងមុន មិនចេះផ្អែមល្អែមដូចមុនទេ។
ខ្ញុំកាន់តែមានអារម្មណ៍ថាគាត់ នឹងខ្ញុំមិនដឹងថាបន្តទៅមុខបានទៀតឬអត់។ ពេលខ្លះគាត់ចេះរករឿងខ្ញុំ ទាំងខ្ញុំគ្មានខុសអ្វី។ នេះឬជាចរិតមនុស្សប្រុស ហេតុអ្វីក៏ក្តីស្រលាញ់នេះវាមានតែមួយឆាវបែបនេះ។ ជិត១ឆ្នាំហើយដែលយើងស្រលាញ់គ្នា តែការស្រលាញ់យូរទៅវាកាន់តែយូរទៅ មិនល្អដូចពេលចាប់ផ្តើមសោះ។ ខ្ញុំព្យាយាមឈែតទៅសួរនាំគាត់ជារឿយៗ៖
«បងមានរឿងអ្វីបានជាមួយរយៈនេះ មិនឃើញឈែតមកអូនសោះ?» ខ្ញុំចាំឡើងមួយសន្ទុះទើបគាត់តបមកខ្ញុំ។
«អូនឯងគួរតែដឹងហើយថាបងស្រលាញ់អូនឯងប៉ុនណា ម៉េចបានទៅទាក់ទងជាមួយអារាជជាមិត្តភក្តិបងទៅវិញ មានបងម្នាក់អត់ស្កប់ហាស?»
ខ្ញុំអានពាក្យនេះហើយ ខ្ញុំស្ទើស្រក់ទឹកភ្នែកនៅលើកញ្ចាក់ទូរសព្ទ គាត់ថាខ្ញុំមិនចេះស្កប់លើមនុស្សប្រុស ចុះពីដើមឡើយខ្ញុំទៅទាក់ទងអ្នកណាក្រៅពីគាត់នោះ។ ហេតុអ្វីបានជាគាត់និយាយដូច្នេះ? ខ្ញុំព្យាយាមរក្សាទំនាក់ទំនងមួយនេះ៖
«អូនមិនបានទាក់ទងគាត់ទេ បងយល់ច្រឡំនឹងអូនហើយ អូនមានតែបងម្នាក់ទេ!»
«មិនទាក់ទងតែពេលខ្លះឌុបគ្នាទៅផ្ទះ ស្មានតែបងមិនដឹងហ្អី អូនឯងឥឡូវប្លែកណាស់ ចេះកុហកបង មានបំណងចង់ក្បត់បង ឬក៏មានអ្នកថ្មីហើយ? បងសោកស្តាយណាស់ ដែលខំលះបង់គ្រប់យ៉ាងដើម្បីអូន!»
រឿងថ្ងៃមុនបងរាជដឹកខ្ញុំទៅផ្ទះ ដោយសារអ្នកណា គឺគាត់ហ្នឹងហើយ តើខ្ញុំចាំគាត់យូរប៉ុនណាមិនឃើញគាត់មកយកសោះ ឥឡូវគាត់បោះសម្តីបែបនេះខ្ញុំ។
«ទៅអូនព្រមទទួលខុសគ្រប់យ៉ាង ឱ្យអូនសុំទោស យើងគួរតែលែងគិតពីវា ហើយចាប់ផ្តើមម្តងទៀតទៅ អូនសុំអង្វរ!»
ខ្ញុំក្លាយជាមនុស្សចិត្តទន់តាំងពីពេលណា ក៏ខ្ញុំមិនដឹងខ្លួន ខ្ញុំចេះអង្វរគេ ចេះសុំទោសគេទាំងគេជាអ្នកធ្វើខុស ឱ្យគេលើកទោសឱ្យ នេះហើយក៏ព្រោះតែស្រលាញ់ ក្តីស្រលាញ់ធ្វើឱ្យយើងក្លាយជាមនុស្សល្ងង់ មនុស្សល្អក៏ក្លាយទៅជាមនុស្សអាក្រក់ភ្លាម។ គាត់ក៏លែងឆ្លើយតបខ្ញុំ ខ្ញុំក៏មិនបន្តរំខានគាត់ទាន់ទុកឱ្យពេលវេលាជាអ្នកបកស្រាយទៅចុះ។
ទោះបីឥឡូវខ្ញុំនិងបងវង្សត្រូវគ្នាវិញ ក៏ខ្ញុំកាន់តែឃើញបងវង្សចម្លែកៗជាងមុន គាត់លែងសូវឈែតមកលេងឬសួរនាំខ្ញុំដូចពីមុនទៀត។ សូម្បីតែថ្ងៃនេះជាថ្ងៃខួបកំណើតរបស់ខ្ញុំ ខ្ញុំចាំគាត់ស៊ុបប្រាយដូចលើកមុនទៀត គឺទិញនំខេកជូនខ្ញុំជាមួយផ្កាកូឡាបក្រហមមួយបាច់។
ខ្ញុំរង់ចាំដល់ម៉ោងជិត៧យប់ ស្លៀកពាក់និងផាត់មុខស្អាតបាតចាំគាត់មកឌុប។ ខ្ញុំព្យាយាមខលទៅគាត់ ក៏មិនអាចទាក់ទងបាន ឈែតទៅតាមសារក៏អត់តប តេឡេក្រោមក៏អត់តបដូចគ្នា។ ខ្ញុំក្នុងចិត្តសែនតូចចិត្ត ហេតុអ្វីក៏ចិត្តគាត់ប្រែមិនដូចជាមនុស្សពីមុន ដែលតាមស្រលាញ់ខ្ញុំ ព្យាយាមធ្វើអ្វីគ្រប់យ៉ាងដើម្បីខ្ញុំ។
ខ្ញុំចាប់ផ្តើមរលីងរលោងទឹកភ្នែក ទោះបីមួយរយៈនេះគាត់មិនសូវសប្បាយចិត្តនឹងខ្ញុំ ខ្ញុំមិនដឹងថាមានរឿងអ្វីចំពោះគាត់ទេ តែក៏មិនគិតថាពួកយើងដល់ផ្លូវបំបែកដែរ។ ខ្ញុំនៅតែមានកូនចិត្តមួយគិតថា អាចនឹងគាត់ចាំស៊ុបប្រាយខ្ញុំទេដឹង បានជាគាត់មិនឆ្លើយតបខ្ញុំគ្រប់បែបយ៉ាង។ ខ្ញុំអង្គុយលើគ្រែ ចាំគាត់ទាំងដៃចុចទូរសព្ទខលផង ផ្ញើសារផង ទឹកមុខក៏អត់សប្បាយចិត្ត។
រយៈពេលមួយឆ្នាំហើយដែលយើងបានស្រលាញ់គ្នា គ្មានរឿងអីដែលឈ្លោះគ្នា ឬអន់ចិត្តដាក់គ្នាម្តងណាឡើយ។ ទោះបីជាខ្ញុំស្និទ្ធស្នាលជាមួយបងរាជជាមិត្តភក្តិគាត់ ក៏យើងគ្មានអ្វីៗដែលជាទំនាក់ទំនងស្នេហាជាមួយគ្នាដែរ។ តែបើបងរាជមានចិត្តលើខ្ញុំមែន ខ្ញុំក៏មិនអាចទៅរួចជាមួយបងរាជដែល គឺក្តីស្រលាញ់គឺប្រគល់ជូនបងយ៉ាវង្សតែម្នាក់ប៉ុណ្ណោះ។ ស្រាប់តែម៉ាលីមិនដឹងមកពីណា៖
«ឯងត្រលប់មកវិញជាមួយបងវង្សហាស!»
ខ្ញុំក៏ធ្វើជាឆ្លើយ កុំឱ្យម៉ាលីដឹងថាខ្ញុំកំពុងតែមានបញ្ហាជាមួយបងវង្ស ខ្លាចនាងបារម្ភពីខ្ញុំ។
«ត្រលប់មកវិញហើយ!»
«លឿនម៉្លេះ! គាត់មានទិញកាដូជូនឯងអត់!»
«ខ្ញុំអត់ចង់ឱ្យគាត់ចំណាយលុយច្រើន អ៊ីចឹងទៅអត់ឱ្យគាត់ទិញទេ ឥឡូវគ្នាចង់សម្រាកហើយ!»
ម៉ាលីប្រហែលជាឆ្ងល់នឹងអាការរបស់ខ្ញុំ តែនាងមិននិយាយ ស្រាប់តែក្នុងបន្ទប់ដាច់ភ្លើង ខ្ញុំនេះក៏ឆ្ងល់៖
«យីដាច់ភ្លើងយ៉ាងម៉េច បើកង្ហារនៅវិលហ្នឹង សូម្បីតែភ្លើងក៏លេងសើចនឹងជីវិតខ្ញុំដែរ!»
«Happy birthday to you happy birthday to you Happy birthday Happy birthday Happy birthday to you…!»
សំឡេងមនុស្សប្រុសច្រៀង ហើយមានមនុស្សទះដៃ ខ្ញុំកំពុងគេងលើគ្រែសុខៗ ប្រែជាមានចិត្តរំភើប ប្រហែលជាបងវង្សគាត់មកស៊ុបប្រាយខ្ញុំទេដឹង។ ខ្ញុំក៏ក្រាកពីគ្រែចេញមកមុខមាត់ទ្វារ គឺណារិទ្ធិកំពុងកាន់នំខេកច្រៀងជាមួយម៉ាលី ដែលកំពុងតែទះដៃ។
ខ្ញុំបែបជាស្រក់ទឹកភ្នែក រលីងរលោង មិនមែនរំភើបទេ គឺស្រងាកចិត្តព្រោះមិនមែនជាមនុស្សប្រុសដែលខ្លួនស្រលាញ់ទៅវិញ បែរជាមិត្តភក្តិនិងសង្សារមិត្តភក្តិជាអ្នកធ្វើខួបកំណើតឱ្យខ្ញុំទៅវិញ។ ខ្ញុំពិតជាខកចិត្ត ខកបំណងជាមួយបងវង្សណាស់។
បើថ្ងៃនេះគាត់រវល់ឬមានបញ្ហាអីគួតែប្រាប់ខ្ញុំឱ្យដឹងមុនក៏ខ្ញុំអស់ចិត្ត។ ខ្ញុំក៏លែងខ្វល់អី ខ្ញុំទទួលនំពីដៃណារិទ្ធិ យកមកផ្លុំទៀន ម៉ាលីយកដៃជូតទឹកភ្នែកខ្ញុំ៖
«រំភើបឡើងយំហើយអមរាហាសហា!» ម៉ាលីនិយាយបណ្តើរក៏រលីងរលោងបណ្តើរ។
«ហាសហាអរគុណសម្លាញ់ម៉ាលី និងណារិទ្ធិណាដែលមកស៊ុបប្រាយខ្ញុំ!»
ខ្ញុំនិយាយទាំងអួលដើមករកយំបន្តិចអីបន្តិច តែខា្លចខ្មាសអ្នកទាំងពីរ។ ក្រោយពីផ្លុំទៀនហើយ គេក៏ឱ្យខ្ញុំកាត់នំ ម៉ាលីចុចកុងតាក់ភ្លើងបើកវិញ ណារិទ្ធិបានដើរទៅក្បែរម៉ូតូហើយកាន់ថង់ដែលមានភីហ្សាពីរប្រអប់ និងកូកាមួយដប។ ខ្ញុំនិងគេពីរនាក់ហ្នឹងបាននាំគ្នាញ៉ាំភីហ្សា និងកូកាដែលពួកគេទិញមក។
ខ្ញុំវិញគ្រាន់តែឃើញភីហ្សាមានអារម្មណ៍ថារាងឆ្អែតម៉េចមិនដឹង មានតែគេទេដែលដឹងថ្ងៃចូលចិត្តភីហ្សាគ្រឿងសមុទ្រ ចៃដន្យអីណារិទ្ធិនិងម៉ាលីទិញមកជាភីហ្សាគ្រឿងសមុទ្រដែរ។
ណារិទ្ធិគេហុចភីហ្សាឱ្យខ្ញុំមួយចំណិត ខ្ញុំទទួលយកពីដៃរបស់គេ។ គេតាមមើលមុខខ្ញុំ ប្រហែលគិតថាខ្លាចខ្ញុំមិនញ៉ាំ ខ្ញុំក៏ធ្វើជាយកមកញ៉ាំបន្តិចហើយទម្លាក់ចុះវិញ ហើយទាញកូកាយកមកញ៉ាំវិញ។
«អមរាឥឡូវដូចស្អាតជាងមុនដល់ហើយ ស្អាតជាងកាលពីចួបដំបូង!» ខ្ញុំតបកាត់ភ្លាម និយាយរួមគឺឱ្យតែនិយាយជាមួយណារិទ្ធិគឺដឹងតែប៉ះសម្តីគ្នាតែម្តង។
«ម៉េចអ៊ីចឹងថាខ្ញុំពីមុនអាក្រក់ខ្លាំងមែន!»
«មានណា ពីមុនក៏ស្អាតដែរ ឥឡូវកាន់តែស្អាត!»
«ចុះអូនអត់ស្អាតទេចុះ?” ម៉ាលីនិយាយកាត់
«អូនក៏ស្អាតដែរ!»
«អមរាឥឡូវគេបានសិស្សច្បងមើលថែខ្វល់ខ្វាយ បារម្ភណាស់អ៊ីចឹងហើយបានស្អាតជាងមុន!»
ខ្ញុំប្រុងនឹងខឹងអមរា តែទប់វិញដោយសារពួកគេមិនដឹងថាខ្ញុំនិងបងយ៉ាវង្សកំពុងតែមានបញ្ហាជាមួយគ្នា។
«អើយ ដូចតែគ្នាទេម៉ាលី មើលណារិទ្ធិក៏ជាមនុស្សល្អចំពោះម៉ាលីដែរ គួរតែងថែរក្សាចំណងមួយនេះឱ្យបានយូរអង្វែង!»
«ដូចគ្នាអមរា!» ម៉ាលីនិយាយចប់នាង ក៏ងើបចូលទៅបន្ទប់ទឹក។
ណារិទ្ធិគេសម្លឹងមកមើលមុខខ្ញុំ ខ្ញុំខំងាកមុខចេញបែរខ្លួនទៅយកទូរសព្ទលើគ្រែ។
«អមរានៅដដែលមិនខុសពីមុនសោះ ទឹកមុខអមរាបង្ហាញមកកាន់ខ្ញុំ ខ្ញុំដឹងថាអមរាមានរឿងអីកំពុងតែលាក់ក្នុងចិត្តមិននិយាយ!»
«គ្មានរឿងលាក់ក្នុងចិត្តអីទេ គឺធម្មតាទេ កុំគិតច្រើនពេក!»
«ម្នាក់នោះគេធ្វើឱ្យអមរាឯងអត់សប្បាយចិត្តមែន ម៉េចបានជាគេមានមនុស្សស្រីល្អបែបហ្នឹងហើយមិនចេះថែអ៊ីចឹង!»
ខ្ញុំស្រាប់តែភ្ញាក់នឹងសម្តីណារិទ្ធិនិយាយ ដូចដឹងរឿងខ្ញុំគ្រប់បែបយ៉ាង ខ្ញុំរកតែរលីងរលោងទឹកភ្នែករកពាក្យតបមិនបាន។
«មានឯណា យើងស្រលាញ់គ្នាសឹងអី គ្មានរឿងអីទេ!»
«តែខ្ញុំដឹង ពេលខ្ញុំមើលមុខអមរា បេះដូងខ្ញុំប្រែជាឈឺចាប់ មានរឿងថាមនុស្ស ដែលអមរាឯងកំពុងស្រលាញ់ កំពុងតែក្បត់ចិត្ត!»
ខ្ញុំធ្វើជាមិនឮពាក្យណារិទ្ធិនិយាយ ម៉ាលីក៏ចេញពីបន្ទប់ទឹកល្មម។ ក្រោយពីញ៉ាំអីរួចរាល់ ពួកយើងក៏រៀបចំសម្អាតកន្លែងញ៉ាំអី។ ហើយណារិទ្ធិក៏គេរៀបចំខ្លួនត្រលប់ទៅផ្ទះគេវិញ។
«ថ្ងៃនេះពិតជាអរគុណម៉ាលីនិងរិទ្ធិខ្លាំងណាស់ ដែលមកស៊ុបប្រាយនំខេកដល់ខ្ញុំ អរគុណណា!»
«បាទ! បាទ! អ៊ីចឹងខ្ញុំត្រលប់ទៅវិញហើយ ម៉ាលីបងទៅវិញហើយណាបាយៗ!»
«ចាស! បងសុខសប្បាយតាមផ្លូវ!»
ណារិទ្ធិក៏បើកម៉ូតូចាកចេញទៅ។ ខ្ញុំបែបជាមានកូនចិត្តច្រណែននឹងស្នេហាគេ២នាក់ទៅវិញ ការចាប់ផ្តើមគេសាមញ្ញ ហើយបន្តស្រលាញ់គ្នាមានសុភមង្គលណាស់ ខុសពីខ្ញុំស្រលាញ់គ្នាយូរមកហើយ បែរជាប្រែជាល្អក់កករនឹងគ្នាទៅវិញ។
ខ្ញុំជាមនុស្សអត្មានិយមពេកទេដឹង ដែលមានចិត្តច្រណែននឹងសុភមង្គលរបស់គេ។ មិនមែនទេ វាជាស្នេហារបស់ពួកគេពីរនាក់ ខ្ញុំមិនអាចជ្រៀតចូលបានទេ ទោះបីខ្ញុំធ្លាប់ចាប់អារម្មណ៍ណារិទ្ធិក៏ដោយ ក៏ខ្ញុំដឹងថាគ្មានថ្ងៃដែលណារិទ្ធិទទួលយកខ្ញុំទេ គឺគេចាប់អារម្មណ៍ម៉ាលីតាំងពីដើមមក។
ខ្ញុំមានតែខំបន់ព្រះសំពះទេវតា គិតថាយប់នេះជាយប់យល់សប្តិដ៏អាក្រក់ទៅចុះ ពេលដែលខ្ញុំក្រោកឡើងវានឹងប្រែជាល្អឡើងវិញមិនខាន។
ខ្ញុំក្រឡេកទៅម៉ាលីកំពុងគេងលើគ្រែ ស្តាប់សារសំឡេងជាមួយណារិទ្ធិ យ៉ាងសប្បាយរីករាយជាមួយគ្នា អត់តែខ្ញុំ។ បើបងយ៉ាវង្សគាត់ទៅណា គាត់មានរឿងអ្វីបានជាមិនទាក់ទងមកខ្ញុំអ៊ីចឹង ឬក៏បងលែងស្រលាញ់អូនដូចមុនហើយ ឬក៏បងមានអ្នកថ្មីដែលល្អជាងអូន ហើយពេលនេះបងកំពុងតែនៅក្បែរគេយ៉ាងមានក្តីសុខ។ ខ្ញុំទាញទ្វារបិទ រួចក៏ដើរទៅបិទភ្លើង ហើយសំងំគេងនៅលើគ្រែ។
ខ្ញុំសំងំនៅផ្ទះមិនទៅណាទាំងអស់ ខ្ញុំអូសហ្វេកបុកមើល ស្រាប់តែឃើញបងវង្សគាត់ផុស Happy anniversary 2 years ខ្ញុំឃើញហើយធ្លាក់ថ្លើមក្ដុក ម្នាក់ស្រីដែលគាត់ផុសនោះមិនមែនជាខ្ញុំទេ ជាស្រីម្នាក់ដែលខ្ញុំមិនដែលឃើញពីមុនសោះ។
ក្នុងហ្វេកបុកម្នាក់ស្រីនោះ មានរូបគេនិងបងវង្សថតជាមួយគ្នា ដើរលេងជាមួយគ្នាទៀត។ តើរឿងនេះវាយ៉ាងម៉េចទៅវិញ? តើអ្នកណាអាចបកស្រាយរឿងរ៉ាវទាំងអស់នេះបាន ខ្ញុំសឹងតែមិនជឿហ្នឹងភ្នែក ខ្ញុំបានយកដៃទះថ្ពាល់ខ្លួនឯងឱ្យភ្ញាក់ពីយល់សប្តិ តែវាមិនមែនយល់សប្តិទេ វាគឺជាការពិតអមរា។
តើគេជាមួយម្នាក់នោះ មានទំនាក់ទំនងគ្នា២ឆ្នាំហាស ចុះខ្ញុំជាមួយគាត់មានទំនាក់ទំនងជាមួយគាត់ជិត១ឆ្នាំ ជាស្អីវិញទៅ?
ខ្ញុំគេងលើខ្នើយ ឱបខ្នើយឱបយំតូចចិត្តខ្លួនឯងដែលស្រលាញ់មនុស្សខុស ជឿគេថាគេស្មោះនឹងខ្លួន ខ្ញុំហ៊ានទាំងប្រគល់ខ្លួនប្រាណឱ្យទៅគេទៀត ខ្ញុំពិតជាល្ងង់ណាស់។ ហេតុនេះហើយបានជាគេ ឥឡូវក្លាយជាមនុស្សប្លែកខុសពីមុន ចេះបន្ទោសខ្ញុំនៃរឿងគ្រប់យ៉ាងគេជាអ្នកធ្វើទាំងអស់។
ខ្ញុំគ្មានអារម្មណ៍ឃ្លានបាយ ឃ្លានទឹកទេ ទោះបីជាម៉ាលីដឹងថាខ្ញុំមានរឿងនេះក៏ដោយ ម៉ាលីខំលួងលោមខ្ញុំឱ្យបំភ្លេចមនុស្សដែលអាក្រក់ដូចជាគេ យកក្តីស្រលាញ់មកលេងសើចដូចជារបស់លេង ចង់មកក៏មកចង់ទៅក៏ទៅ។
តើខ្ញុំនេះជាឧបករណ៍សម្រាប់អ្នកលេងសើចមែនទេ? អ្នកដឹងអត់ថាបេះដូងខ្ញុំកំពុងតែឈឺ ខ្ញុំនេះវាល្ងង់ ដោយសារតែស្រលាញ់អ្នកខ្លាំង តែអ្វីដែលអ្នកតបស្នង អ្នកយកភាពក្បត់របស់អ្នកមកតបស្នងខ្ញុំ អ្នកប្រហែលជាសប្បាយចិត្តហើយ អ្នកថ្មីវាល្អជាងម្នាក់នេះ ដែលត្រឹមជាកូនអ្នកស្រែ មិនស្អាត ក្រ ហើយល្ងង់ថែមទៀតឱ្យអ្នកបោកបាន។
ខ្ញុំគ្រាន់តែចង់ដឹងថាមកពីមូលហេតុអ្វីបានជាគាត់ដល់ថ្នាក់ចាកចេញពីខ្ញុំទៅយកអ្នកថ្មី។ ខ្ញុំសម្លឹងទៅមើលផ្កាកូលាបក្រហមដែលក្រៀមស្វិត ដូចជាខ្ញុំពេលនេះ នៅពេលដែលគេស្រលាញ់គឺពេលដែលវានៅស្រស់ តែឥឡូវវាក្រៀមស្វិតតើអ្នកណាត្រូវការទៀតទៅ។
ខ្ញុំព្យាយាមខលទៅគាត់ទាំងញ័រដៃ ញ័រមាត់ទឹកភ្នែករលីងរលោងចង់ដឹងការពិតថា ហេតុអ្វីគាត់ចាកចេញពីខ្ញុំ? ឬគាត់ឈប់ស្រលាញ់ខ្ញុំហើយ។ ចុះក្តីស្រលាញ់ពីមុនបាត់ទៅណាអស់ហើយ ឬក៏គ្រាន់តែជាសុបិនល្អមួយភ្លែត?
គាត់មិនព្រមលើកសោះទោះបីជាខលចូលក៏ដោយ គាត់បានប្លុកលេខខ្ញុំ ខ្ញុំមិនអាចខលទៅគាត់បានទៀត។ សារក៏គាត់មិនតប ទោះបីជាvoiceជាសំឡេង ក៏គាត់មិនព្រមចូលស្តាប់ telegramក៏ដូចគ្នា។ ឬក៏គាត់កំពុងតែមានក្តីសុខជាមួយអ្នកថ្មី ហើយភ្លេចខ្ញុំទេដឹង។
ខ្ញុំមិនដឹងថាធ្វើអ្វីបានទៀតទេ មិនដឹងថាអ្នកណាអាចជួយខ្ញុំបាន។ ម៉ាលី ណារិទ្ធិក៏មិនអាចជួយអ្វីខ្ញុំបានដែរ រឿងនេះគឺជារឿងខ្ញុំនិងបងវង្សតែពីរនាក់ ពួកខ្ញុំជាអ្នកចង មានតែពួកខ្ញុំជាអ្នកស្រាយទេ តែខ្ញុំមិនដឹងធ្វើយ៉ាងម៉េច ទើបអាចចួបមុខបងវង្សនិយាយគ្នាបាន។ បើឥឡូវមិនអាចទាក់ទងគាត់បាន។ ខ្ញុំក៏នឹកឃើញមុនគេគឺបងរាជ ពឹងឱ្យគាត់ជួយ ខ្ញុំក៏ចុចទូរសព្ទខលទៅបងរាជ៖
«អាឡូ បងរាជ!» ខ្ញុំនិយាយទាំងអួលដើមក
«បាទ! អាឡូអមរាមានការអីដែរ!»
«ខ្ញុំចង់ពឹងបងឱ្យជួយរឿងមួយ!»
«និយាយមកបងជួយបានបងនឹងជួយ!»
ខ្ញុំក៏និយាយរឿងរ៉ាវរបស់ខ្ញុំនិងបងវង្សឱ្យគាត់ស្តាប់ គាត់ក៏យល់ព្រមជួយខ្ញុំឱ្យបានចួបបងវង្ស។ តែយប់នេះខ្ញុំដេកមិនលក់ទេ ខ្ញុំនឹកឃើញរឿងបងវង្សផុសជាមួយអ្នកថ្មីគាត់ពេលណា ទឹកភ្នែកខ្ញុំស្រក់មិនដឹងខ្លួន ខ្ញុំសឹងតែមិនយល់ខ្លួនឯង ខ្ញុំគេងយំមិនឱ្យម៉ាលីដឹងទេ។ មានតែសំងំដណ្តប់ភួយស្រក់ទឹកភ្នែក នឹកឃើញអនុស្សាវរីយល្អៗដែលគាត់បានធ្វើដាក់ខ្ញុំកន្លងមក។
ខ្ញុំចង់ទៅណា ចង់បានអីគាត់តែងតែទិញឱ្យមិនដែលប្រកែក ឬក៏ដោយសារតែរឿងទាំងនេះឬ ដែលគាត់ចាកចេញពីខ្ញុំ។ ខ្ញុំកាន់តែនឹកឃើញអំពើល្អរបស់គាត់មកលើខ្ញុំច្រើនពេក ខ្ញុំកាន់តែបន្ទោសខ្លួនឯងដែលកន្លងមកគាត់អាចលំបាកដោយសារខ្ញុំ តែគាត់មិនព្រមនិយាយឥឡូវគាត់ឆ្អែត បានជាគាត់ដើរចេញពីខ្ញុំ។
ប្រហែលហើយ ខ្ញុំមិនគួរណាធ្វើអ៊ីចឹងដាក់គាត់សោះ តែចុះអ្វីទៅដែលហៅថាការស្រលាញ់ គ្រាន់តែលះបង់ឱ្យគ្នាទៅវិញទៅមកវាមានកំហុសដែរអី ខ្ញុំដេកយំសឹងតែហើមភ្នែកទៅហើយ។
ខ្ញុំក្រោកឡើង ទាញកញ្ចក់មកមើលមុខខ្លួនឯង ភ្នែកស្លក់ មុខឱ្យខ្មៅស្រអាប់ ខ្លួនក៏ស្គមជាងមុនដោយសារតែមិនញ៉ាំបាយ ញ៉ាំទឹក រយៈពេលតែប៉ុន្មានថ្ងៃសោះ ខ្ញុំធ្លាក់ខ្លួនមកជាបែបនេះទៅហើយ។
ធ្លាប់តែជាមនុស្សដែលតែងតែផាត់មុខ ស្លៀកពាក់ស្អាតៗ តែទាំងអស់នេះខ្ញុំបែបជាលែងមានអារម្មណ៍ចង់ធ្វើវាទៀត ខ្ញុំចង់តែដេក ដេករហូតដល់លែងក្រោកមកវិញ។
បងរាជបានខលមកខ្ញុំ បងវង្សគាត់ព្រមចួបខ្ញុំនៅហាងកាហ្វេធម្មជាតិក្នុងសាលាពេលថ្ងៃ។ ខ្ញុំគ្រាន់តែឮថាបានចួបបងវង្សវិញ ក្នុងចិត្តប្រែជារីករាយមួយរំពេច ខ្ញុំស្ទុះទៅងូតទឹកប្តូរសម្លៀកបំពាក់ស្អាត ហើយផាត់មុខ។
ខ្ញុំខ្លាចបងវង្សឃើញខ្ញុំ ប្រែជាដូច្នេះគាត់កាន់តែលែងស្រលាញ់ខ្ញុំដូចមុន ខ្ញុំនឹងចួបគ្នានិយាយឱ្យច្បាស់ថាម្នាក់ស្រីនោះជាអ្នកណាគេ ឬក៏គាត់គ្រាន់តែយកគេមកលេងសើចមួយឆាវដើម្បីបឈ្ឈឺខ្ញុំតែប៉ុណ្ណោះទេ។
ខ្ញុំនៅតែគិតវិជ្ជមានលើគាត់ជានិច្ច សង្ឃឹមថាគាត់នឹងត្រលប់មកវិញ ជាបងវង្សរបស់ខ្ញុំដូចពីមុន។ ពេលខ្ញុំទៅដល់ហាងកាហ្វេ ឃើញគាត់និងបងរាជកំពុងអង្គុយជាមួយគ្នា បងរាជពេលឃើញខ្ញុំ គាត់ដើរទៅអង្គុយតុម្ខាង។
ខ្ញុំចូលទៅអង្គុយទល់មុខបងវង្ស តែខ្ញុំមិនទាន់និយាយអ្វីទាំងអស់ ខ្ញុំមើលទៅមុខរបស់គាត់។ បងវង្សឥឡូវ មុខប្រែជាស្រអាប់ ភ្នែករាងខ្មៅប្រហែលមិនបានគេងច្រើនថ្ងៃ។ ខ្ញុំធុំក្លិនបារីចេញពីខ្លួនគាត់ ឥឡូវគាត់ចេះជក់បារីទៀត។
«អមរាមានការអីនិយាយមក!»
«ហេតុអ្វីមួយរយៈនេះបងគេចពីអូន មិនព្រមតបឈែតរបស់អូនបងកំពុងតែធ្វើអីឥឡូវនេះ?»
«បងសុំទោស ពួកយើងគួរតែបញ្ចប់ទំនាក់ទំនងមួយនេះទៅ!»
ខ្ញុំឮថាបញ្ចប់ទំនាក់ទំនងមួយនេះ ខ្ញុំប្រែជារលីងរលោង ទោះបីជាអ្នកជុំវិញមើលមកខ្ញុំក៏ខ្ញុំមិនខ្វល់ សំខាន់ខ្ញុំចង់និយាយឱ្យដឹងរឿងជាមួយបងវង្សឱ្យច្បាស់លាស់។
«ព្រោះតែម្នាក់ស្រីថ្មីនោះមែន ធ្វើឱ្យបងចង់ចាកចេញពីអូន? បងវង្សបងឯងឥឡូវមិនមែនដូចពីមុនទេ ឯណាពាក្យដែលថាធ្លាប់ស្រលាញ់អូននោះ បងឯងបកស្រាយមើល យើងស្រលាញ់គ្នាប៉ុន្មានឆ្នាំហើយ ខ្ញុំអត់យល់ថាហេតុអ្វីបានជានៅសុខៗបងធ្វើបែបហ្នឹងដាក់ខ្ញុំ ខ្ញុំសោកស្តាយណាស់!» គាត់មិនតបអ្វីទាំងអស់ គាត់បានតែយកដៃខ្ទប់មុខ ស្តាប់ខ្ញុំនិយាយ ខ្ញុំវិញកាន់តែខឹងឡើងៗ។
«បងវង្សឮខ្ញុំសួរឬអត់ បងឯងឆ្លើយមើល តើបងឯងនៅស្រលាញ់ខ្ញុំអត់? បងវង្ស អូននៅតែស្រលាញ់បងដូចមុន ទោះបីឥឡូវនេះបងជ្រុលខ្លួនមានរឿងបែបនេះក៏ដោយ ក៏អូនព្រមលើកលែងទោសឱ្យបង ឱ្យតែបងត្រលប់មករកអូនដូចពីមុនវិញ!»
ខ្ញុំកាន់តែនិយាយគាត់កាន់តែខ្ទប់មុខយំមិនតបអ្វីទាំងអស់ ខ្ញុំយកដៃជូតទឹកភ្នែកហើយក្រោកឈរ។
«ឥឡូវអូនមិនទាមទារអ្វីពីបងច្រើនទេ សង្ឃឹមថាបងគិតឡើងវិញ អូននៅតែរង់ចាំបងត្រលប់មកវិញជានិច្ច!»
ខ្ញុំនិយាយចប់ ចាកចេញពីកន្លែងនោះ ទាំងទឹកភ្នែកជោកថ្ពាល់ ដើរបណ្តើរយំបណ្តើរ គេនៅទីនោះតាមមើលមកខ្ញុំបែបចម្លែកដូចគ្នា។ ខ្ញុំមកដល់ផ្ទះវិញ ទាំងឈឺចិត្ត អង្គុយភ្លឹកមួយសន្ទុះ មិនដឹងថាខួរក្បាលខ្ញុំកំពុងតែគិតអ្វីទេ។ ដូចជាមនុស្សគ្មានសតិក្នុងខ្លួនម៉េចមិនដឹងទេ ខ្ញុំឡើងទៅលើគ្រែដេកស្រក់ទឹកភ្នែក ទាញទូរសព្ទយកមកមើលរូបគាត់ជាមួយនឹងខ្ញុំ។
ពេលគាត់ថតជាមួយខ្ញុំ ស៊ុបប្រាយនំខួបកំណើតនិងឱ្យផ្កាខ្ញុំ រូបដែលឈរថតក្បែរគាត់យ៉ាងមានក្តីសុខ។ ខ្ញុំនឹកឃើញរឿងគ្រប់យ៉ាង គាត់នាំខ្ញុំទៅមើលកុន គាត់ទិញអ្វីដែលខ្ញុំមិនទាមទារតែគាត់ទិញឱ្យខ្ញុំ ជាងនោះទៅទៀត ខ្ញុំនឹកឃើញរឿងរ៉ាវដែលគាត់បានឈ្លោះជាមួយអ្នកផ្ទះទាំងយប់ ខ្ញុំបានទៅហាងផឹកស៊ីកំដរគាត់ ថែមទាំងត្រលប់មកវិញ ខ្ញុំព្រមទាំងប្រគល់ភាពបរិសុទ្ធឱ្យគាត់។
នឹកដល់កន្លែងនេះ ខ្ញុំស្ទុះរត់ចូលទៅបន្ទប់ទឹក ហើយបើកទឹកផ្កាឈូកខ្ញុំអង្គុយយំក្រោមដំណក់ទឹកដែលធ្លាក់មកលើខ្លួនខ្ញុំ។ ទាំងសើមខោអាវជោកខ្លួន ខ្ញុំយកដៃដុសក្អែល ជាក្អែលស្មោកគ្រោគរបស់គេ ដែលដេកជាមួយខ្ញុំ ខ្ញុំយកដៃត្រដុសសឹងតែក្រហមចេញឈាមលើខ្លួន។
«ខ្ញុំស្អប់ខ្លួនឯង ខ្ញុំខ្ពើមខ្លួនឯង ដែលទៅប្រគល់ខ្លួនឱ្យទៅគេ ខ្ញុំល្ងង់ ខ្ញុំពិតជាមនុស្សល្ងង់មែន!»
សំឡេងខ្ញុំស្រែកខ្ទរពេញបន្ទប់ទឹក ជាមួយសម្រែកយំឈឺចាប់ដែលខ្ញុំមិនដែលចេះខូចចិត្តនឹងឈឺចាប់ណា ឈឺចាប់ដូចថ្ងៃនេះ ពិបាកនឹងពណ៌នាឱ្យចេញពីចិត្ត។ បើសួរថាឥឡូវនេះខ្ញុំធ្វើអ្វីបាន គឺខ្ញុំមានតែយំប៉ុណ្ណោះ ខ្ញុំមិនដឹងថាធ្វើអ្វីទេ។ ទោះបីជារឿងនេះ វាបែបនេះមែន ជាការពិតដែលបងវង្សចាកចេញពីខ្ញុំរហូតមែន ខ្ញុំមានតែកាត់ចិត្ត តែក៏មិនដឹងថាតើអាការកាត់ចិត្តនេះ វាឆាប់ឬក៏យូរទេ មានតែពេលវេលាប៉ុណ្ណោះ។
ម៉ាលីគោះទ្វារបន្ទប់ទឹកក្តែងៗ ខ្ញុំជូតទឹកភ្នែក ហើយធ្វើជាដូចមិនមានរឿងអ្វីកើតឡើងទេ តែក្នុងចិត្តនេះ វាសឹងតែឈឺឱ្យស្លាប់បាត់ទៅហើយ៖
«អមរាបើកទ្វារ ឯងធ្វើអីហ្នឹងនៅក្នុងហ្នឹងយូរម៉្លេះ?» ខ្ញុំក៏បើកទ្វារ ទាំងខ្ញុំទទឹកខោអាវជោក។
«គ្មានរឿងអ្វីទេ» ទាំងភ្នែកខ្ញុំក្រហម សក់រញ៉េរញ៉ៃ
«អមរាឯងកុំគិតអីឆ្កួតៗណា ឯងនៅមានគ្នា!»
ម៉ាលីស្ទុះមកឱបខ្ញុំយំ «បើគេក្បត់ឯង ឯងកាត់ចិត្តពីគេទៅណា ឱ្យគេទទួលកម្មដែលគេបានធ្វើមកលើឯងទៅចុះ ឯងត្រូវរឹងមាំ ត្រលប់មកជាអមរាមិត្តភក្តិខ្ញុំពីមុន!» ខ្ញុំងក់ក្បាលស្តាប់ម៉ាលី។
«បន្តពីនេះទៅ ឯងត្រូវថែខ្លួន ថែសុខភាពខ្លួនឯង កុំគិតពីគេទៀត ត្រូវគិតពីខ្លួនឯងនិងស្រលាញ់ខ្លួនឯងឱ្យបានច្រើន មិនខ្វះទេមនុស្សល្អដែលកំពុងរង់ចាំឯង!»
ក្រោយពីខ្ញុំស្តាប់សម្តីម៉ាលីហើយ ខ្ញុំរាងធូរផ្លូវចិត្តជាងមុន ដែលមានមិត្តភក្តិម្នាក់តែងតែបារម្ភនិងខ្វល់ខ្វាយពីខ្ញុំ ខ្ញុំពិតជាសំណាងដែលមានមនុស្សល្អដូចម៉ាលីនៅក្បែរ។
«ម៉ាលីកុំបារម្ភពីខ្ញុំអី ខ្ញុំនឹងរឹងមាំ មិនឱ្យគេឃើញថាខ្ញុំទន់ជ្រាយជាដាច់ខាត ខ្ញុំនឹងឱ្យគេឃើញថាកាលដែលគេមិនជ្រើសរើសខ្ញុំ គេនឹងមានអារម្មណ៍ស្តាយក្រោយមិនខាន!»
ខ្ញុំនិយាយទាំងសំឡេងមាំ តែក្នុងចិត្តខ្ញុំមិនរឹងមាំទេ គឺនៅឈឺនៅឡើយ។ តែខ្ញុំមិនឱ្យម៉ាលីបារម្ភពីខ្ញុំខ្លាំង នាងនៅមានមនុស្សល្អដែលស្រលាញ់នាងគឺណារិទ្ធិ ដូច្នេះខ្ញុំអត់ចង់ឱ្យនាងបារម្ភពីខ្ញុំខ្លាំងពេក។
ខ្ញុំដឹងថាម៉ាលីក៏ធ្លាប់និយាយប្រាប់ខ្ញុំជារឿយៗ ពីបងវង្សថាចង់ឱ្យខ្ញុំឈប់មានទំនាក់ទំនងជាមួយគាត់ទៀត។ ដោយសារតែគាត់ជាមនុស្សដែលមិនគួរឱ្យទុកចិត្ត តែខ្ញុំមិនជឿគ្រប់យ៉ាងនូវអ្វីដែលគេបាននិយាយ ឥឡូវខ្ញុំបានឃើញផ្ទាល់ភ្នែកហើយ គឺជាការពិតដូចដែលនាងនិយាយ។
ខ្ញុំសំងំដេកលើគ្រែ ទាំងដេកមិនលក់សោះ ក្នុងចិត្តរសេលរសល់ មិនដឹងថាទៅមុខទៀតចួបរឿងបែបម៉េចទៀតទេ។ សំឡេងសារក្នុងទូរសព្ទខ្ញុំលោត ខ្ញុំក៏ក្រោកទៅយកទូរសព្ទនៅលើតុ ចុចមកមើល។
វាជាសារបងវង្សឈែតមកខ្ញុំ ក្នុងចិត្តគិតថាគាត់មកសុំខ្ញុំត្រូវគ្នាវិញទេដឹង គាត់ដឹងថាខ្លួនគាត់ខុស។ ខ្ញុំក៏ចុចសំឡេងរបស់គាត់ស្តាប់៖
«ខ្ញុំសុំទោសអមរា ដែលខ្ញុំមិនអាចបំភ្លេចអ្នកចាស់បាន ខ្ញុំនៅស្រលាញ់គេ ខ្ញុំសង្ឃឹមថាអមរានឹងចួបមនុស្សដែលល្អជាងខ្ញុំ ខ្ញុំសុំទោសណា!» សារសំឡេងទី១។
«អមរាជាមនុស្សស្រីដែលល្អ ដែលខ្ញុំមិនដែលបានចួប អមរាគួរតែស័ក្កិសមនៅជាមួយមនុស្សដែលគេស្រលាញ់អមរាជាងខ្ញុំ អមរាមិនស័ក្កិសមប្រគល់បេះដូងឱ្យមនុស្សដូចខ្ញុំជាអ្នកមើលថែទេ!» សារសំឡេងទី២។
«អមរាត្រូវតែរឹងមាំ កុំខូចចិត្តដោយសារខ្ញុំឱ្យសោះ ខ្ញុំមិនស័ក្តិសមឱ្យអមរាខូចចិត្តនឹងស្រក់ទឹកភ្នែកដោយសារខ្ញុំទេ បើសង្ឃឹមថាជាតិក្រោយ បើយើងមាននិស្ស័យនឹងបានចួបគ្នានិងរួមរស់ជាមួយគ្នាណា!» សារសំឡេងទី៣។
ក្រោយពីខ្ញុំស្តាប់ចប់ គេមិនបានសុំខ្ញុំត្រូវគ្នាវិញទេ គឺគេសុំបញ្ចប់ទំនាក់ទំនង។ ខ្ញុំនេះឆោតដែលគិតថាគេឈែតមកសុំត្រូវគ្នាវិញ តែការពិតគេនៅតែជ្រើសអ្នកចាស់គឺមិនមែនជាខ្ញុំ។
ខ្ញុំស្ទុះចាកចេញពីបន្ទប់ជួល ហៅកង់បីជិះទាំងយប់ ទាំងដែលមនុស្សគ្រប់គ្នាកំពុងតែដេកលក់ស្កប់ស្កល់។ ខ្ញុំបែរជាឱ្យកង់បីដឹកខ្ញុំទៅមាត់ទន្លេមុខវាំងទៅវិញ។ ពេលនោះខ្ញុំមិនអាចបញ្ជាខ្លួនឯងបានទេ សូម្បីតែខោអាវស្លៀក គឺជាខោអាវស្លៀកដេកយប់ ខ្ញុំចាកចេញពីបន្ទប់ជួលមិនឱ្យម៉ាលីដឹងទេ។
កង់បីបានដឹកខ្ញុំមកដល់មាត់ទន្លេ ខ្ញុំចុះពីលើកង់បីហើយទៅអង្គុយលើបង់អង្គុយកាន់ទូរសព្ទ ដែលមានសាររបស់គេ ខ្ញុំចង់តបត្រលប់ទៅគេវិញណាស់ តែខ្ញុំចុចសរសេរទាំងញ័រដៃ ហើយក៏លុបវាចោលវិញ។
ខ្ញុំឱបជង្គង់អង្គុយយំ ទាំងម៉ោង១១ មានមនុស្សមួយៗដើរកាត់ពីក្រោយខ្នងខ្ញុំ។ ខ្ញុំយំមួយសន្ទុះ ខ្ញុំក៏ក្រាកឈរដើរសំដៅទៅស្ពានជ្រោយចង្វារ ដើរទាំងគ្មានព្រលឹងក្នុងខ្លួន ដើរបណ្តើរយំបណ្តើរ ហើយក៏មិនដឹងថាអ្នកណាខ្លះកំពុងសម្លឹងមកមើលសភាពខ្ញុំពេលនេះ។ ខ្ញុំដើរមកដល់ផ្សាររាត្រី ស្រាប់តែខ្ញុំភ្ញាក់ព្រើតជាមួយស៊ីផ្លេឡាន ទាំងខ្ញុំកំពុងដើរកណ្តាលថ្នល់។
«នែនាង! នាងឯងចង់ងាប់ខ្លាំងហ្អី បើចង់ងាប់ណាស់ ទៅងាប់ឱ្យឆ្ងាយពីផ្លូវទៅ!»
ខ្ញុំមិនតបអ្វីទាំងអស់ ក្នុងខ្លួនដូចជាអស់កម្លាំងរលីង ខ្ញុំដើរមកអង្គុយនៅមាត់ផ្លូវក្បែរនោះ។ ស្រាប់តែភ្លៀងធ្លាក់ឈូ ដូចគេចាក់ទឹក ខ្ញុំមិនក្រោកទៅណាទាំងអស់ ខ្ញុំអង្គុយផ្អែកបង្គោលភ្លើងជាមួយសភាពដូចមនុស្សសរសៃប្រាសាទមិនដឹងខ្យល់អ្វីអ៊ីចឹង។
ខ្ញុំអង្គុយឱនមុខចុះ មិនចង់ត្រលប់ទៅបន្ទប់ជួលវិញទេ ខ្ញុំក៏មិនដឹងថាពេលហ្នឹងខួរក្បាលខ្ញុំកំពុងតែគិតអ្វីទេ។ មើលសូម្បីតែភ្លៀងក៏កាន់ជើងមនុស្សក្បត់ដែរ ភ្លៀងមកឱ្យខ្ញុំទទឹកជោក ភ្លៀងមកកាន់តែឱ្យខ្ញុំឈឺចាប់ ភ្លៀងមកកាន់តែធ្វើឱ្យខ្ញុំកាន់តែស្អប់រូបគេកាន់តែខ្លាំង។
ភ្លើងហ្វាម៉ូតូជះមកចំពីមុខខ្ញុំ ចំពេលដែលខ្ញុំងើយមុខឡើង ខ្ញុំមើលវិញមិនឃើញទេ ឃើញតែដំណក់ទឹកភ្លៀង ដែលធ្លាក់កាត់ចំពីមុខអំពូលម៉ូតូមើលឃើញដូចពន្លឺពណ៌មាស។ សំឡេងហៅឈ្មោះខ្ញុំពីចម្ងាយ៖
«អមរា!»
ខ្ញុំបែរមុខទៅរកសំឡេងនោះ គឺមនុស្សប្រុសម្នាក់ដែលកំពុងអង្គុយលើម៉ូតូនៅពីមុខខ្ញុំហ្នឹងហើយ។ ខ្ញុំក៏ក្រោករត់ចេញពីគេ គេក៏ពន្លត់ម៉ូតូហើយរត់មកតាមពីក្រោយខ្ញុំ។
គេចាប់ដៃខ្ញុំជាប់ គេទាញមួយទំហឹង ធ្វើឱ្យខ្ញុំរអិលដួលបែរមករកគេ ដួលខ្លួនលើគេទៅលើឥដ្ឋការ៉ូឡា។ គេពាក់មួយសុវត្ថិភាព ដែលមិនមានកញ្ចក់ ឃើញរង្វង់មុខគេច្បាស់ ខ្លួនវិញទទឹកជោក ខ្ញុំរលាស់ដៃចេញពីគេមុននេះបន្តិច ធ្វើឱ្យរហែកអាវនិងដាច់ឡេវអាវបញ្ចេញសាច់សខ្ចី។ ក្បាលខ្ញុំលើទ្រូងរបស់គេ ខ្ញុំងើបមុខទៅមើលគេ៖
«អមរា ហេតុអ្វីក៏រត់គេចពីខ្ញុំ?» សំឡេងដ៏មាំសួរមកកាន់ខ្ញុំ ជាណារិទ្ធិ មិនដឹងថាហេតុអ្វីគេមកដល់ទីនេះនៅពេលថ្មើរនេះ។
«ខ្ញុំមិនត្រលប់ទៅវិញទេ!» ខ្ញុំងើបខ្លួនឡើង ណារិទ្ធិក៏ក្រោកអង្គុយ។
«ហើយផ្ទះមិនទៅ ចង់ទៅណាវិញ?»
«ខ្ញុំខ្មាសគេគ្រប់គ្នាខ្លាំងណាស់!»
«អមរាឯងត្រូវឈឺចាប់ដោយសារប្រុសដែលក្បត់ចិត្តអមរាឯងមែន អមរាសុខចិត្តបំផ្លាញខ្លួនឯងដោយសារតែគេម្នាក់នោះ?» ខ្ញុំមិនតបទៅណារិទ្ធិ។
«ឯណាទៅអមរាពីមុននោះ ម្នាក់ស្រីដែលមិនចេះចុះចាញ់អ្នកណាទាំងអស់ ចុះហេតុអ្វីពេលនេះទន់ខ្សោយទៅវិញ អមរា អមរានិយាយមើល!» គេទាញស្មាខ្ញុំអង្រួន
«ត្រលប់ទៅវិញ ត្រលប់ធ្វើជាអមរាដ៏រឹងមាំដូចពីមុន ក្រោកមកទៅជាមួយខ្ញុំ!»
«ខ្ញុំមិនទៅទេ លោកឯងចង់ទៅក៏ទៅៗ!»
ខ្ញុំស្រែកឱ្យគេទាំងទឹកភ្នែកហូររហាម «បើលោកឯងមិនមែនជាខ្ញុំពេលនេះ លោកឯងមិនដឹងទេ ថាខ្ញុំកំពុងតែឈឺចាប់ប៉ុនណា!»
«អូ! ហាសហា»
«លោកឯងសើចអី?»
«អមរា! កុំព្រោះតែស្នេហាត្រឹមជាសង្សារសោះ សុខចិត្តឱ្យខ្លួនឯងឈឺចាប់ ចុះម៉ាក់ប៉ាអមរា អមរាមិនស្រលាញ់ពួកគាត់ទេដឹង? បើគាត់ដឹងថាកូនគាត់ព្រោះតែស្នេហាត្រូវគេក្បត់ចិត្ត ហ៊ានចង់បញ្ចប់ជីវិតខ្លួនឯង!»
ខ្ញុំស្តាប់ប្រយោគណារិទ្ធិនិយាយ ក្នុងបេះដូងខ្ញុំកាន់តែចុកជាងមុន ខ្ញុំភ្លេចហើយថាខ្ញុំមានប៉ាម៉ាក់និងប្អូន នៅឯស្រុក អ្វីដែលពួកគាត់ចង់ឃើញ គឺឃើញខ្ញុំត្រលប់ទៅស្រុកវិញ ជាមួយនឹងភាពជោគជ័យរបស់ខ្ញុំ មិនមែនភាពទន់ជ្រាយនិងបរាជ័យរឿងស្នេហាទាំងអស់នេះទេ។ ខ្ញុំរត់ទៅឱបណារិទ្ធិយំមួយទំហឹង គេយកដៃមកអង្អែលក្បាលខ្ញុំថ្នមៗ ខ្ញុំក៏ដឹងថាគេកំពុងស្រក់ទឹកភ្នែកអាណិតខ្ញុំដែរ។
«អមរាយើងទៅផ្ទះវិញទៅណា!» ខ្ញុំងក់ក្បាលស្តាប់សម្តីគេ «ភ្លៀងដែលធ្លាក់មកនេះ គឺវាមកលាងជម្រះរឿងអាក្រក់របស់អមរាចេញឱ្យអស់ ក្រោយពីភ្លៀងមេឃនឹងស្រឡះ អមរានឹងញញឹមជាថ្មី ត្រលប់មកជាអមរាដូចពីមុន ដែលមានតែស្នាមញញឹម!» ខ្ញុំប្រែជាញញឹមទៅមើលគេ ទាំងភ្នែកក្រហមនៅឡើយ។
ខ្ញុំក៏ឡើងលើម៉ូតូជិះត្រលប់មកផ្ទះជួលវិញ ជិះមិនទាន់បានប៉ុន្មានផង ភ្លៀងក៏រាំង ខ្ញុំសម្លឹងទៅមើលព្រះចន្ទមានឥន្ទធនូ នៅព័ន្ធជុំវិញព្រះចន្ទឡើងស្រស់ស្អាត។ ហេតុអ្វីបានជាខ្ញុំ មិនឆាប់ស្រលាញ់ណារិទ្ធិតាំងពីដំបូងមុនបងវង្ស?
ណារិទ្ធិគេជាមនុស្សល្អណាស់ តែគេក៏ស័ក្កិសមជាមួយម៉ាលីដែរ មិនស័កិ្តសមនិងខ្ញុំទេ ម៉ាលីជាស្រីដ៏ល្អម្នាក់ ខ្ញុំគ្មានតម្លៃដែលឱ្យណារិទ្ធិមកស្រលាញ់ខ្ញុំទេ ហើយក៏ខ្ញុំមិនធ្វើជនទីបីបំបែកពួកគេដែរ។
ខ្ញុំពេលនេះហើយ ដោយសារតែជនទី៣ បានជាខ្ញុំក្លាយជាសភាពបែបនេះ។ ខ្ញុំពិតជាហត់នឹងរឿងស្នេហាណាស់ ខ្ញុំឆ្អែតឆ្អន់មិនចង់មានទៀតទេ បើដឹងថាស្នេហានាំតែការឈឺចាប់នោះ ខ្ញុំក៏មិនព្រមសាកល្បងតាំងពីដំបូង។
ណារិទ្ធិបានដឹកខ្ញុំមកដល់ផ្ទះ ម៉ាលីស្ទុះចេញពីក្នុងផ្ទះ ក្នុងផ្ទះមានក្លិននិងផ្សែងធូបហុយទ្រលោម ប្រហែលជាម៉ាលីអុជធូបនៅពេលដែលបាត់ខ្ញុំហើយ។ ម៉ាលីគ្រាហ៍ខ្ញុំ ចូលក្នុងបន្ទប់ទឹក គេឈរជជែកជាមួយណារិទ្ធិមួយសន្ទុះ។ ខ្ញុំចេញពីបន្ទប់ទឹកផ្លាស់ខោអាវរួច ខ្ញុំឡើងទៅសម្រាកលើគ្រែ។
«ខ្ញុំជិះកង់រកម្ដុំៗជិតនេះដែរ តែរកមិនឃើញ សំណាងហើយដែលអូនខលទៅបងឱ្យជួយតាមរកអមរា ពិតជាសំណាងណាស់ដែលអមរានាងមិនកើតអី!»
«មើលថែអមរាផងណា កុំឱ្យនាងគិតអីច្រើនពេក ឱ្យនាងញ៉ាំបាយញ៉ាំទឹកផង ឥឡូវមួយរយៈនេះប្រែប្រួលស្គមខ្លាំង!»
«ចាស! អរគុណដែលបងជួយបារម្ភពីអមរា បងត្រលប់ទៅផ្ទះផ្លាស់ខោអាវទៅទទឹកជោកអស់ហើយ ប្រយ័ត្នឈឺ ណាមួយយប់ហើយរំខានបងខ្លាំងណាស់!»
«អ៊ីចឹងបងលាសិនហើយ!»
គេជជែកគ្នារួច ទើបដឹងថាម៉ាលីជាអ្នកខលទៅណារិទ្ធិឱ្យមកជួយតាមរកខ្ញុំ។ ខ្ញុំភ្លេចឱ្យឈឹង មិនទាន់ទាំងអរគុណណារិទ្ធិនឹងពាក្យគេប៉ុន្មានម៉ាត់សោះ ធ្វើឱ្យខ្ញុំមានកម្លាំងចិត្តមកវិញ មែនហើយខ្ញុំមានម៉ែឪគាត់រង់ចាំមើលអនាគតរបស់ខ្ញុំ ខ្ញុំត្រូវរៀនឱ្យចប់ ត្រូវតបស្នងសងគុណដល់ពួកគាត់ ត្រូវជួយមើលថែប្អូនៗរបស់ខ្ញុំទៀត។ ខ្ញុំនឹងបានចួបមនុស្សល្អជាងបងវង្ស ដូចដែលពាក្យណារិទ្ធិប្រាប់ខ្ញុំ បើខ្ញុំមិនរឹងមាំទេ ខ្ញុំនឹងបាត់បង់ខ្លួនឯងមិនខានទេ ដូច្នេះខ្ញុំត្រូវតែរឹងមាំ។
«អមរាឯងយ៉ាងម៉េចហើយ?»
«គ្នាមិនអីទេ អរគុណដែលបារម្ភពីគ្នា គ្នាផ្ញើអរគុណណារិទ្ធិផងណា គ្នាអស់កម្លាំងណាស់ គ្នាចង់សម្រាក!»
«អឺ! អឺសម្រាកទៅណា!»
មែនទែនទៅខ្ញុំគ្មានអារម្មណ៍គេងទេ តែខ្ញុំបារម្ភពីម៉ាលី មិនបានដេកមិនបានពួនរវល់តែខ្វល់ខ្វាយពីរឿងរបស់ខ្ញុំ ខ្ញុំដឹងថានាងហត់នឿយដោយសារតែខ្ញុំច្រើនហើយ នាងបារម្ភខ្ញុំខ្លាំង។ ដូចខ្ញុំនិយាយអ៊ីចឹង មកភ្នំពេញដំបូងគឺមានតែពីរនាក់ម៉ាលីហ្នឹងហើយ ដែលកម្សត់កម្រជាមួយគ្នា រៀនជាមួយគ្នាតាំងពីតូច ក្រុមគ្រួសារនាងនិងគ្រួសារខ្ញុំដូចតែគ្រួសារតែមួយអ៊ីចឹង។
ខ្ញុំដូចជាស្ពឹកដៃស្ពឹកជើង ដូចឈឺរគ្រាំពេញខ្លួនដល់ហើយ ហើយណាមួយទៀតមិនព្រមហូបបាយហូបទឹកទៀត តែចាប់ពីថ្ងៃស្អែកទៅខ្ញុំនឹងមើលថែខ្លួនឯងឱ្យបានល្អ ខំប្រឹងញ៉ាំឱ្យមានកម្លាំងឡើងវិញ គិតថាវាជាយល់សប្តិអាក្រក់ទៅចុះ។
មានភាគបន្ត…
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ