មនុស្សដូចជាខ្ញុំតែងតែឈ្លក់វង្វេងនឹងទង្វើល្អរបស់គេ ដល់ថ្នាក់ច្រឡំថាគេស្រលាញ់ខ្ញុំវិញដែរ។ ពីរមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំកាន់តែព្យាយាមបំភ្លេចបងវង្សបាន ចំណែកបងរាជក៏តែងតែមកលេងនឹងសួរសុខទុក្ខខ្ញុំជាមួយម៉ាលីជានិច្ច។ ពេលខ្លះខ្ញុំមានបញ្ហាមួយចំនួន គាត់តែងតែជួយខ្ញុំ សូម្បីតែពេលខ្លះក៏គាត់មកយកខ្ញុំទៅសាលារៀនដែរ។
ខ្ញុំមិនដឹងថាយ៉ាងម៉េច ពេលដែលបងវង្សចាកចេញពីខ្ញុំទៅ បងរាជតែងតែបង្ហាញខ្លួនគ្រប់ពេល នៅពេលដែលខ្ញុំមានបញ្ហា។
ថ្ងៃមួយនោះខ្ញុំដើរទៅផ្សារ ត្រលប់មកវិញស្រាប់តែឡានស៊ីផ្លេទីត ទីត ខ្ញុំគេចឡានស្រាប់តែរអិលជើង ដួលខ្លួនបោកទៅនឹងខឿនថ្ម តែក៏មិនត្រូវអីដែរ គឺគ្រាន់តែគ្រេចជើង។ បងរាជក៏គាត់មិនដឹងមកពីណា ស្ទុះស្ទារជួយលើកខ្ញុំក្រាកឈរ តែដោយសារជើងខ្ញុំឈឺ គាត់ក៏ជួយគ្រាខ្ញុំឡើងលើម៉ូតូ ហើយដឹកទៅមន្ទីរពេទ្យ ឱ្យពេទ្យជួយពិនិត្យ។
ម៉ាលីនិងរិទ្ធគ្រាន់តែឮខ្ញុំដួលគ្រេចជើងម្នាក់ៗបារម្ភពីខ្ញុំណាស់ បម្រុងនឹងមកមើលខ្ញុំនៅមន្ទីរពេទ្យ តែខ្ញុំឃាត់មិនឱ្យមក ចាំខ្ញុំទៅដល់ផ្ទះជួលតែម្តងទៅ។ ក្រោយពីពេទ្យពិនិត្យអីអស់ បងរាជក៏ដឹកខ្ញុំត្រលប់មកផ្ទះជួល។ ខ្ញុំត្រូវសម្រាកនៅផ្ទះជិតមួយអាទិត្យ ទម្រាំតែជើងបានជាសះស្បើយ។
មួយរយៈក្រោយមកបន្ទាប់ពីជើងខ្ញុំជា បងរាជបានមកដឹកខ្ញុំទៅសាលាសឹងរាល់ថ្ងៃ ឡើងរិទ្ធិដែរជាសង្សារម៉ាលីច្រណែនខ្ញុំ មិនចង់ឱ្យបងរាជឌុបខ្ញុំទេ ខ្លាចខ្ញុំស្រលាញ់បងរាជដែលជាមិត្តភក្តិបងវង្ស គិតថាចរិតបងរាជដូចតែគ្នា ជាមួយបងវង្ស។
ខ្ញុំចាំបានថានៅថ្ងៃមួយ ខ្ញុំជិះម៉ូតូឌុបមកពីទិញខោអាវវិញ មិនឆ្ងាយប៉ុន្មានទេ ជិតដល់ផ្ទះហើយស្រាប់តែមានចោរមកឆក់កាបូប ធ្វើឱ្យខ្ញុំធ្លាក់ពីលើម៉ូតូ ដួលរណេងរណោងបោកខ្លួនដួលនៅហ្នឹងចញ្ចើមផ្លូវ។
អ្នកនៅទីនោះបានជួយស្រែកឆោឡោគ្រប់គ្នា។ មានមីងៗជិតនោះគាត់មកជួយលើកខ្ញុំ ខ្ញុំក៏បានស្រវាទូរសព្ទកាន់នៅដៃជាប់ ជាមួយនឹងទឹកមុខភ័យតក់ស្លុតមិនដឹងខលទៅអ្នកណា ក៏ចុចទៅបងរាជ។
បងរាជគ្រាន់តែឮថាខ្ញុំត្រូវចោរឆក់កាបូប មានត្រូវរបួសគាត់ជិះម៉ូតូមករកខ្ញុំភ្លាម។ អ្នកនៅទីនោះជួយលើកខ្ញុំដាក់លើម៉ូតូបងរាជ បងរាជក៏ជូនខ្ញុំទៅកាន់មន្ទីរពេទ្យ ដើម្បីពិនិត្យមើលរបួសរបស់ខ្ញុំ។ ខ្ញុំត្រូវសម្រាកនៅមន្ទីរពេទ្យមួយរយៈ ដំបូងខ្ញុំគិតថារបួសស្រាល តែពេទ្យពិនិត្យរួចខ្ញុំគ្រាំក្នុង ត្រូវលេបថ្នាំនិងតាមដានជំងឺនៅមន្ទីរពេទ្យមួយរយៈសិន។ មិនយូរប៉ុន្មានម៉ាលីនិងណារិទ្ធិពួកគេក៏បានមកដល់មន្ទីរពេទ្យដែរ ប្រហែលជាបងរាជអ្នកខលទៅប្រាប់ម៉ាលី។
ម៉ាលីស្ទុះរត់មកក្បែរខ្ញុំជាមួយនឹងទឹកមុខបារម្ភខ្ញុំជាខ្លាំង តែដោយសារខ្ញុំឈឺពេញខ្លួន ម៉ាលីក៏មិនរំខានសួរនាំខ្ញុំច្រើនដែរ គេឱ្យខ្ញុំសម្រាកទៅ។ បងវង្សក៏លាខ្ញុំទៅវិញ ខ្ញុំពិតជាខឹងខ្លួនឯងដែរ គាត់តែងតែជួយខ្ញុំគ្រប់ពេល តែខ្ញុំមិនដែលបាននិយាយអរគុណគាត់សោះ។ ម៉ាលីនៅមើលថែទាំខ្ញុំ ហើយភាគច្រើនណារិទ្ធិតែងតែជាអ្នកទិញអីយកមកឱ្យពួកខ្ញុំញ៉ាំជានិច្ច។
នៅយប់មួយស្រាប់តែបងរាជគាត់មកសួរសុខទុក្ខខ្ញុំ គាត់ក៏បានកាន់ក្រូចពោធិ៍សាត់មួយថង់ ដាក់លើតុ ចំណែកម៉ាលីគេងលើសាឡុងក្បែរនោះ បងរាជក៏បានទាញភួយដណ្តប់ឱ្យម៉ាលីពីលើដោយសារតែភួយម៉ាលីដណ្តប់ធ្លាក់មកខាងក្រោម។ រួចគាត់ក៏មកអង្គុយនៅក្បែរខ្ញុំ៖
«ម៉េចហើយបានធូរច្រើននៅ?»
«រាងធូរហើយបង តែនៅឈឺតិចៗបង!»
«ល្អហើយអ៊ីចឹង ឆាប់បានត្រលប់ទៅផ្ទះវិញ!»
«អូរខ្ញុំភ្លេច អរគុណបងខ្លាំងណាស់ ដែលតែងតែជួយខ្ញុំគ្រប់ពេល។ បើមិនមានបងទេ ប្រហែលជាមិនដឹងបានអ្នកណាជួយជូនខ្ញុំមកមន្ទីរពេទ្យទេ!»
«គុណស្រ័យអីអូន មនុស្សស្គាល់គ្នារាប់អានគ្នា ជួយគ្នាជារឿងល្អ បងរកទៅវិញហើយណា មើលទៅម៉ាលីគេគេងលក់ស្រួលណាស់ហាសហា!»
«ម៉ាលីប៉ុន្មានថ្ងៃហ្នឹង ហត់ច្រើនណាស់រវល់តែមើលថែទាំខ្ញុំ បងត្រលប់ទៅវិញចុះយប់ជ្រៅណាស់ហើយ ខ្ញុំរំខានបងទៀតហើយ តែយ៉ាងណាក៏អរគុណណាស់សម្រាប់ក្រូចមួយស្បោងនេះ!»
«អ៊ីចឹងបងទៅវិញសិនហើយ!»
គាត់ក៏បានចាកចេញទៅបាត់ទៅ។ តែបើគិតទៅមនុស្សដូចបងរាជអីក៏ជាមនុស្សល្អម្ល៉េះ ជួយគេមិនចង់បានគុណស្រ័យអីសោះ តែប្រហែលជាខ្ញុំគ្មានសំណាងបាននៅក្បែរគាត់មួយជីវិតនោះទេ។ ខ្ញុំមានអារម្មណ៍ថាស្រលាញ់គាត់ តែក៏មានអារម្មណ៍មិនស័កិ្តសមនឹងគាត់ដែរ។ ខ្ញុំទៅវិញទេដែលខ្លាចធ្វើឱ្យគាត់ឈឺចាប់ដោយសារតែខ្ញុំ ខ្ញុំមិនមែនជាមនុស្សល្អបរិសុទ្ធដូចពីមុន ខ្ញុំខ្លាចធ្វើឱ្យគាត់ខកចិត្តណាស់។
បន្ទាប់ពីខ្ញុំបានចេញពីមន្ទីរពេទ្យ សុខភាពក៏បានល្អប្រសើរឡើងវិញ។ កំពុងតែអង្គុយធ្វើមេរៀនម្នាក់ឯងសុខៗ បងរាជគាត់ក៏មិនដឹងមកពីណា ញញឹមញញែម មកឈរនៅមុខបន្ទប់ខ្ញុំ។
«ចូលមកខាងក្នុងមកបង សប្បាយចិត្តម្ល៉េះថ្ងៃនេះ មានរឿងអីគេបង?»
«គ្មានរឿងអីទេ គ្រាន់តែដឹងថាថ្ងៃហ្នឹងខួបកំណើតម៉ាលី បងមានកាដូផ្ញើឱ្យម៉ាលីផង តែក៏មិនភ្លេចអូនឯងដែរ!»
«អួយអរគុណបងណាស់! ម៉ាលីដឹងសប្បាយចិត្តស្លាប់ហើយ មានអ្នកឱ្យកាដូអ៊ីចឹង មើលសុំមើលកាដូតិចមើល!»
ខ្ញុំក៏បានយកពីដៃគាត់បើកមើលប្រអប់នោះ «ខ្សែកស្អាតណាស់បង ហ្នឹងហើយចាំខ្ញុំទុកឱ្យម៉ាលី នាងចេញទៅក្រៅជាមួយណារិទ្ធិទៅណាបាត់ហើយ!»
«អ៊ីចឹងបងទៅវិញហើយណា!»
«ចាសបងអរគុណ បាយៗ»
ខ្ញុំក៏ជូនដំណើរគាត់ គាត់ក៏ឡើងជិះម៉ូតូចេញទៅបាត់ទៅ។ ដល់យប់ជ្រៅខ្ញុំក៏បានស៊ុបប្រាយម៉ាលី ដោយយកខ្សែកដែលបងរាជជូនយកឱ្យម៉ាលី។ នាងរំភើបណាស់ យកមកពាក់នឹងកទៀត។ ខ្ញុំក៏មានដែរ តែមិនពាក់ទេ ខ្ញុំអត់សូវចូលចិត្តពាក់វារាល់ថ្ងៃទេ បានតែមានកម្មវិធីប៉ុណ្ណោះ។ ម៉ាលីគេពាក់បណ្តើរមើលកញ្ចក់បណ្តើរ សប្បាយចិត្តជាមួយកាដូខ្សែករបស់បងរាជជូន។
រំលងបានមួយអាទិត្យ ខ្ញុំមិនដឹងថាម៉ាលីនិងណារិទ្ធិមានរឿងអ្វីទេ ស្រាប់តែពួកគេឈ្លោះគ្នា មិននិយាយរកគ្នា។ ចៃដន្យអីថ្ងៃនោះខ្ញុំនៅផ្ទះម្នាក់ឯង ស្រាប់តែបងរាជក៏បានមកលេងខ្ញុំនៅបន្ទប់។ ខ្ញុំបាននិយាយលេងជាមួយគាត់ឡើងយូរ តែនិយាយចុះនិយាយឡើងខ្ញុំនេះវាភ្លាត់មាត់រម្លឹករឿងបងវង្សឡើងវិញ ទើបបងរាជបានប្រាប់ការពិតមកខ្ញុំពីមូលហេតុដែលបងវង្សមានសង្សារថ្មី៖
«វង្សធ្លាប់មានសង្សារយូរហើយ តាំងពីរៀនវិទ្យាល័យជាមួយគ្នា តែពួកគេទាំងពីរទើបតែដាក់ចិត្តស្រលាញ់គ្នា ជាសង្សារទេ តែពេលចូលមកដល់សកលបានមួយឆ្នាំ ពួកគេក៏ឈ្លោះគ្នា មិនដឹងថាមានរឿងអ្វីទេ អាចនឹងមានរឿងយល់ច្រឡំជាមួយគ្នា។ ពួកគេបានបែកគ្នារយៈពេលមួយឆ្នាំហើយ តែបងវង្សនៅតែស្រលាញ់សង្សារគេជានិច្ច។ ចៃដន្យអមរាឯងជាស្នេហាទីពីររបស់គេ។ ខ្ញុំឃើញអ្នកទាំងពីរស្រលាញ់គ្នាខ្ញុំសប្បាយចិត្តណាស់ តែស្រាប់តែម្នាក់ស្រីនោះដឹងថាវង្សមានសង្សារថ្មីគេក៏មកសុំវង្សត្រូវគ្នាវិញ ដោយមកចួបនឹងវង្សហើយយំលុតជង្គង់ឱ្យវង្សលើកលែងឱ្យគេ ដើម្បីបានត្រូវគ្នាវិញ។ វង្សចិត្តទន់ ក៏បានយល់ព្រមទៅរកអ្នកចាស់វិញ ហើយបោះបង់អមរាឯង ខ្ញុំពិតជាមិនយល់ថាគេធ្វើបែបនោះសោះ!»
បងរាជនិយាយរឿងនេះចប់ ទើបខ្ញុំយល់ថាស្នេហាមិនមែនជាការបង្ខំទេ ក្តីស្រលាញ់វាពិតជាពិបាកយល់ណាស់ ហើយខ្ញុំក៏មិនអាចហាមឃាត់ចិត្តបងវង្សឱ្យមករកខ្ញុំវិញដែរ តែអ្វីដែលខ្ញុំឈឺចាប់នោះ ហេតុអ្វីបានជាគាត់ដឹងថាគាត់នៅតែមិនភ្លេចអ្នកចាស់បាន គាត់ចាប់ផ្តើមជាមួយខ្ញុំធ្វើអី? បើខ្ញុំដឹងថាបងវង្សគាត់មានមនុស្សដែលគាត់ស្រលាញ់នៅក្នុងចិត្តហើយ ក៏ខ្ញុំមិនចូលក្នុងជីវិតបងវង្សដែរ។
មួយរយៈដែលបងរាជមកលេងខ្ញុំកន្លងមកក៏ ស្រាប់តែស្ងាត់ឈឹង បាត់ទាំងណារិទ្ធិ និងបងរាជថែមទៀត។ ខ្ញុំមិនយល់ថាពីរនាក់គេមានរឿងអ្វីទេ។ ទោះបីជាខ្ញុំព្យាយាមទាក់ទងទៅបងរាជ ក៏គាត់មិនតប ណារិទ្ធិក៏ដូច្នេះ គេប្រុងលេងឆាកល្ខោនអីហ្នឹង។ ពេលខ្ញុំសួរម៉ាលីទើបដឹងថា ម៉ាលីមានរឿងអ្វីជាមួយណារិទ្ធិ។
ពួកគេយល់ច្រឡំប្រចណ្ឌជាមួយគ្នាទាំងសងខាង ណារិទ្ធិយល់ច្រឡំថាម៉ាលីកំពុងតែទាក់ទងអ្នកថ្មី ធ្វើឱ្យម៉ាលីអន់ចិត្តខឹង ក៏ព្យាយាមនៅឆ្ងាយពីគ្នាមួយរយៈ ដើម្បីផ្សះផ្សាគ្នាវិញ។ តែការព្យាយាមនៅឆ្ងាយពីគ្នាមួយរយៈនេះ វាមិនល្អទេ យូរៗទៅកាន់តែធ្ងន់ធ្ងរលើសដើមមិនខានទេ។
ខ្ញុំព្យាយាមចួបណារិទ្ធិដើម្បីនិយាយគ្នាឱ្យបានច្បាស់លាស់។ ខ្ញុំបានទំនាក់ទំនងទៅណារិទ្ធិ ហើយក៏បានរកកន្លែងដើម្បីនិយាយគ្នាពីរឿងគេនិងម៉ាលី។ ខ្ញុំបានណាត់ណារិទ្ធិនៅហាងកាហ្វេមួយ នៅក្នុងសាលាភូមិន្ទក្រោមដើមជ្រៃ។ គ្រាន់តែខ្ញុំទៅដល់ភ្លាម ឃើញគេអង្គុយចុចទូរសព្ទបណ្តើរក្រេបកាហ្វេបណ្តើរ។ គេស្រាប់តែងាកមកឃើញខ្ញុំ គេសប្បាយចិត្តណាស់ ពីព្រោះពួកយើងខានចួបគ្នាយូរហើយ តាំងពីគេមានរឿងជាមួយម៉ាលីមក។
«មកចាំខ្ញុំយូរហាស?»
«ចាំយូរហើយ នេះផាសិនសូដា!»
«ដឹងថាខ្ញុំចូលចិត្តផាសិនសូដាទៀត ហើយខ្ញុំចង់សួរថាមានរឿងអីបានឈ្លោះគ្នាជាមួយម៉ាលី?»
«មកចួបខ្ញុំដើម្បីសួររឿងហ្នឹងទេ ខ្ចិលឆ្លើយ!»
«ណារិទ្ធិឥឡូវប្លែកណាស់ មានសង្សារថ្មីមែនបានចង់បែកពីម៉ាលី?»
«ប្រហែលហើយ!»
«ម៉ាលីល្អប៉ុណ្ណឹងដែរ ណារិទ្ធិឯងនៅយកអ្នកថ្មីទៀត ចរិតដូចបងវង្សម៉្លេះ?»
ស្រាប់តែណារិទ្ធិខឹងច្រឡោត
«ចរិតខ្ញុំអត់មានដូចអាមួយហ្នឹងទេ កុំមៃមនុស្ស ចង់ដឹងទៅសួរមិត្តភក្តិអមរាខ្លួនឯងទៅដឹងហើយ ថាគេបានធ្វើអីខ្លះ មុននឹងថាខ្ញុំមិនស្មោះ មានតែម៉ាលីទេដែលមិនស្មោះនោះ!» ខ្ញុំមិនយល់អ្វីគ្រប់យ៉ាងដែរណារិទ្ធិនិយាយសោះ។
«ម៉ាលីគេមានមនុស្សដែលគេស្រលាញ់ហើយ នៅឡើយតែខ្ញុំទេ អមរាគួរតែដឹងថាខ្ញុំមានអារម្មណ៍បែបម៉េចដែរលើអមរាឯងកន្លងមក!»
«មានអារម្មណ៍អីលើខ្ញុំ? និយាយឱ្យច្បាស់មើល!»
«ខ្ញុំតាមស្រលាញ់អមរាយូរហើយ តើអមរាឯងមានដឹងខ្លួនអត់? ខ្ញុំធ្វើគ្រប់យ៉ាងឱ្យអមរាឯងមើលឃើញ តែអ្វីគ្រប់យ៉ាងនោះ បែរជាអមរាទៅរើសអាវង្សដែរគេបានក្បត់អមរាឯងទៅវិញ!»
«ណារិទ្ធិ ណារិទ្ធិឯងនិយាយអី? ម៉េចប្រុងបែកពីម៉ាលីមកស្រលាញ់ខ្ញុំមែន ខ្ញុំមិនមែនជាមនុស្សក្បត់មិត្តភក្តិខ្លួនឯងទេ ណារិទ្ធិឯងបញ្ឈប់គំនិតនេះទៅ!»
«ចុះបើម៉ាលីគេមានមនុស្សដែលគេស្រលាញ់ហើយ អមរាព្រមទទួលយកខ្ញុំដែរទេ?»
ខ្ញុំមិនតបអ្វីទាំងអស់ ខ្ញុំដើរចេញពីគេ ព្រមទាំងដាក់លុយថ្លៃផាសិនសូដានៅលើតុ។ ខ្ញុំមិនយល់ថាគ្រប់គ្នាកំពុងតែធ្វើអី ណារិទ្ធិស្រលាញ់ខ្ញុំ ព្រមបែកពីម៉ាលីមកយកខ្ញុំ ចុះម៉ាលីគេមានសង្សារថ្មីម្តេចក៏ខ្ញុំមិនដឹង?
«មនុស្សដែលនៅក្បែរអមរាឯងនឹងហើយ ទើបជាមនុស្សដែលម៉ាលីស្រលាញ់ពិតប្រាកដ!»
ខ្ញុំកាន់តែឆ្ងល់ពាក្យណារិទ្ធិនិយាយ តើអ្នកណានៅក្បែរខ្ញុំ ដែលធ្វើឱ្យម៉ាលីស្រលាញ់។ ខ្ញុំមានតែមិត្តភក្តិប្រុសពីរបីនាក់ដែលស្គាល់ប៉ុណ្ណោះ តែមិនដែលឮម៉ាលីនិយាយពីឈ្មោះពួកគេសោះ។ ពាក្យដែលណារិទ្ធិប្រាប់ថាស្រលាញ់ខ្ញុំ ក៏ខ្ញុំមិនអាចឆ្លើយថាព្រមដែរ ទោះបីជាពេលខ្លះខ្ញុំមានចិត្តលើគេក៏ដោយ។
ប៉ុន្តែមួយរយៈនេះ ទោះបីជាខ្ញុំទាក់ទងទៅបងរាជចូល ក៏និយាយគ្នាបានមិនប៉ុន្មានម៉ាត់ដែរ គាត់បានប្រាប់ថា៖
«កុំស្រលាញ់ខ្ញុំអី ខ្ញុំមិនស័ក្កិសមនឹងឱ្យអមរាឯងស្រលាញ់ខ្ញុំទេ។ អំពើល្អរបស់ខ្ញុំ ចាត់ទុកថាខ្ញុំធ្វើសងជំនួសមិត្តភក្តិខ្ញុំទៅចុះ ទោះបីជាអមរាព្យាយាមបង្ខំខ្ញុំឱ្យជ្រើសរើសអមរា ក៏មានតែការឈឺចាប់ដែរ!»
ខ្ញុំបាននិយាយមែន ថាខ្ញុំស្រលាញ់បងរាជ នៅពេលដែលបាត់មុខគាត់មួយរយៈ ខ្ញុំពិតជានឹកគាត់ តែចម្លើយបងរាជឆ្លើយ ធ្វើឱ្យខ្ញុំដកចិត្តវិញ។ ចួនកាលអំពើល្អរបស់គេធ្វើមកលើយើង គឺមិនមែនដើម្បីឱ្យយើងទៅស្រលាញ់គេទេ វាគ្រាន់តែជាសទ្ធាគេធ្វើមកលើយើងតែប៉ុណ្ណោះ។
ខ្ញុំក៏លែងសួរនាំម៉ាលី តែមួយរយៈនេះម៉ាលីសប្បាយចិត្តជាងមុន គេតែងតែទៅដើរលេងរាល់ថ្ងៃ មិនសូវនៅផ្ទះទេ។ ខួរក្បាលខ្ញុំសឹងតែឆ្កួត មិនយល់រឿងរបស់ពួកគេសោះ។ ក្នុងចិត្តពួកគេសម្តែងល្ខោនអីបោកខ្ញុំទៀតហើយ។ ខ្ញុំកំពុងអង្គុយអានសៀវភៅសុខៗ ស្រាប់តែបងរាជនិងម៉ាលីពួកគេកាន់ដៃគ្នាឈរនៅមាត់ទ្វារមើលមកខ្ញុំ។
ខ្ញុំនេះស្មានតែអានសៀវភៅឡើងស្រវាំងភ្នែក ហើយខ្ញុំក៏បានយកដៃញីភ្នែក។ គេក៏ដើរទៅឈរមុខផ្ទះ ស្រាប់តែខ្ញុំក៏ដើរចេញទៅក្រៅតាមពួកគេ។
ព្រះអើយ…ខ្ញុំសឹងស្រក់ទឹកភ្នែក ណារិទ្ធិគេឈរមុខឡានទំនើបមួយ កាន់បាច់ផ្កាកូឡាបនៅដៃមួយបាច់ធំ ហើយមាននំខេកនិងមានរូបថតខ្ញុំនៅលើកញ្ចក់ឡាន។ ខ្ញុំដើរចេញទៅគេយឺតៗ យកដៃជូតទឹកភ្នែក។
«ហើយអ្នកទាំងអស់គ្នាលេងអីហ្នឹង? ឈប់សម្តែងទៅ ឈប់សម្តែងទៅ!»
«អូនអមរានេះមិនមែនជាការសម្តែងទេ បងស្រលាញ់អូន!» ណារិទ្ធិហៅមកកាន់ខ្ញុំអូនអមរា ខ្ញុំរលីងរលោងមើលទៅម៉ាលី កំពុងតែមានក្តីសុខផ្អែកក្បាលទៅបងរាជ
«ណារិទ្ធិលេងអីឆ្កួតហ្នឹងៗ? ខ្ញុំខ្មាសគេណាស់ គេមើលមកហ៎រ!»
«ពួកយើងព្រមធ្វើជាប្តីប្រពន្ធរស់នៅជាមួយគ្នាអស់មួយជីវិតទេ?» ណារិទ្ធិស្រាប់តែលុតជង្គង់បង្ហាញចិញ្ចៀនមួយវង់ មានត្បូងនៅកណ្តាលធំចង់ប៉ុនកូនដៃ ដូចជាត្បូងពេជ្យអ៊ីចឹង។
«ព្រមទៅអមរា ណារិទ្ធិគាត់ស្រលាញ់ឯងពិតប្រាកដ!» ម៉ាលីឈរស្រែកពីម្ខាងទៀតឱ្យខ្ញុំយល់ព្រម
«អមរាព្រមជាមួយណារិទ្ធិទៅ គេជាមនុស្សប្រុសល្អខ្លាំងណាស់ សម្រាប់អមរា!»
ចំណែកបងរាជក៏បន្ទរពីក្រោយខ្ញុំងក់ក្បាល ហុចដៃឱ្យគេពាក់ចញ្ចៀន ហើយគាត់ក៏ក្រោកឈរហុចបាច់ផ្កាឱ្យខ្ញុំ។ គាត់បានឱបខ្ញុំ និងថើបថ្ងាសខ្ញុំ យ៉ាងមានភាពកក់ក្តៅ។ ក្រោយពីរឿងថ្ងៃនោះបញ្ចប់ ទើបខ្ញុំបានដឹងរឿងគ្រប់យ៉ាង គឺរឿងវាបែបនេះ ម៉ាលីធ្លាប់ស្រលាញ់បងរាជ តាំងពីចួបគ្នាដំបូងម៉្លេះ តែម៉ាលីបានតែស្រលាញ់មិនហ៊ានសារភាព ហើយខ្ញុំគិតថាបងរិទ្ធិគាត់បានលើម៉ាលី ទើបធ្វើឱ្យបងរាជគាត់ដកខ្លួនចេញ។
ហើយមួយរយៈក្រោយនេះ បងរាជតាមទាក់ទងម៉ាលី ទើបធ្វើឱ្យបងរិទ្ធិដឹងថាម៉ាលីមិនបានស្រលាញ់គាត់ គឺនាងនៅស្រលាញ់បងរាជ។ គេតែងតែទាក់ទងគ្នារហូតនៅពេលដែលចាប់ផ្តើមលេចមុខបងរាជមកនៅក្បែរខ្ញុំ។ ខ្ញុំដឹងថាបងរិទ្ធិស្រលាញ់ខ្ញុំ តែដោយសារតែរឿងខ្ញុំយល់ច្រឡំលើបងរិទ្ធិនិងម៉ាលី ខ្ញុំមិនអាចទទួលយកបងរិទ្ធិបានទេ ចំពេលដែលបងវង្សមកសាកភាពស្រលាញ់ខ្ញុំមុន។
បងរិទ្ធិគាត់បានសន្យាជាមួយខ្ញុំនៅពេលដែលរៀនចប់ គាត់នឹងឱ្យម៉ាក់ប៉ាគាត់ចូលស្តីដណ្តឹងខ្ញុំ។ យើងទាំងបួននាក់ក៏មានទំនាក់ល្អជាមួយគ្នាហើយព្យាយាមបំភ្លេចអតីតកាលដែលមិនល្អចោល។ ពួកយើងតែងតែធ្វើអីញ៉ាំ ឬដើរលេងជាមួយគ្នាទោះបីជាទៅលេងកន្លែងណាក៏ដោយ។
«មនុស្សចុងក្រោយគឺជាបង»
បើឱ្យខ្ញុំជ្រើសរើសម្តងទៀត ថាខ្ញុំនឹងជ្រើសរើសអ្នកណា? ចម្លើយ គឺជារូបបង
មកដល់ពេលនេះ ខ្ញុំបានកាត់ចិត្តពីវង្សពិតប្រាកដ ហើយម្នាក់ទៀតគឺបងរាជ មនុស្សដែលខ្ញុំជ្រើសរើសចុងក្រោយ គឺជាបងណារិទ្ធិ ដែលជាមនុស្សដំបូងគេដែលខ្ញុំបានស្គាល់នៅភ្នំពេញ ហើយក៏ជាមនុស្សចុងក្រោយគេដែលខ្ញុំបានស្រលាញ់យកធ្វើជាគូអនាគតនៅថ្ងៃខាងមុខ។
ម៉ាលីក៏មានមនុស្សដែលខ្លួនស្រលាញ់ពិតប្រាកដគឺបងរាជ។ កន្លងមកគ្រប់សកម្មភាពបងរាជគាត់តែងតែបារម្ភម៉ាលីជាងខ្ញុំ សូម្បីតែកាដូក៏គាត់ទិញឱ្យម៉ាលី ប្រសិនបើគាត់ទិញឱ្យខ្ញុំ។ បងរាជចូលមកក្បែរខ្ញុំ គឺគ្រប់យ៉ាងគាត់ចង់នៅក្បែរម៉ាលីទេ តែដោយសារខ្ញុំគិតច្រើនពេកពីបំណងល្អរបស់បងរាជធ្វើមកលើខ្ញុំ ទើបធ្វើឱ្យខ្ញុំមានអារម្មណ៍ល្អចំពោះគាត់។
ម៉ាលីក៏គេធ្លាប់និយាយថាស្រលាញ់បងរាជតាំងពីចួបដំបូងមកម៉្លេះ តែម៉ាលីបានគិតថាគេមិនអាចទៅស្រលាញ់បងរាជ ដែលជាកូនអ្នកមាន និងមានចំណេះដឹងខ្ពស់ទៀត គិតថាមិនស័កិ្តសមជាមួយនាង ទើបធ្វើឱ្យនាងសម្រេចចិត្តលាក់ទុកក្ដីស្រលាញ់មួយនេះនៅក្នុងចិត្តរហូតមក។
តែអ្វីៗវាបានកន្លងហួសទៅហើយ ចុងក្រោយបងរាជក៏ត្រលប់មកជ្រើសរើសម៉ាលីជាគូអនាគតនៅថ្ងៃមុខវិញ។ ខ្ញុំពិតជាសប្បាយចិត្តជំនួសម៉ាលីណាស់។
មួយរយៈនេះខ្ញុំមិនដែលនឹកឃើញ គ្រប់រូបភាពដែលខ្ញុំធ្លាប់មានអនុស្សាវរីយជាមួយបងវង្សទេ។ តែស្រាប់តែថ្ងៃមួយ ខ្ញុំឃើញបងវង្សឈរនៅមុខបន្ទប់ជួលរបស់ខ្ញុំ ទិញផ្កាកូលាប និងនំខេកមួយប្រអប់ដែលខ្ញុំចូលចិត្តញ៉ាំ។
ខ្ញុំស្រាប់តែស្ទុះទៅឱបគាត់។ ខ្ញុំព្យាយាមទប់ខ្លួនឯងមិនជាប់សោះ ចំពេលដែលណារិទ្ធិ បងរាជ និងម៉ាលីមកដល់ ឈរកាន់នំ ទុកស៊ុបបា្រយខួបកំណើតខ្ញុំ។
បងរិទ្ធិទម្លាក់ទឹកមុខចុះ ប្រហែលជាគាត់អន់ចិត្ត ពេលឃើញខ្ញុំកំពុងឱបបងវង្ស។ ប្រហែលជាគាត់គិតថាបងវង្សមកសុំខ្ញុំត្រូវគ្នាវិញទើបបងរិទ្ធិរកដើរចេញ៖
«បងរិទ្ធិ បងឯងបម្រុងទៅណា?» បងរិទ្ធិគាត់ឈរ តែគាត់មិនបែរមុខមករកខ្ញុំទេ។
«រិទ្ធិឯងកុំយល់ច្រឡំណា ខ្ញុំមកលេងអមរាលើកចុងក្រោយប៉ុណ្ណោះ។ មួយអាទិត្យទៀត ខ្ញុំនឹងទៅរៀននៅអូស្រ្តាលីហើយ។ ខ្ញុំគ្រាន់តែចង់មកជូនពរថ្ងៃខួបអមរា។ ខ្ញុំមិនដឹងថាថ្ងៃណាទេ ដែលខ្ញុំអាចចួបអមរាទៀត។ ឯងជួយថែទាំនាងឱ្យបានល្អផងកុំឱ្យនាងឈឺចាប់។ ខ្ញុំលាពួកឯងសិនហើយ។ រាជគ្នាសុំទោស សង្ឃឹមថាថ្ងៃណាមួយយើងនឹងបានចួបគ្នាទៀត!» និយាយចប់បងវង្សក៏ឡើងជិះឡានបើកចេញទៅបាត់។
«ម៉េច បងឯងបម្រុងទៅណាទៀត? នឹងហ្អីថាស្មោះស្រលាញ់តែខ្ញុំ យកចិញ្ចៀនបងឯងទៅវិញចុះ!» ខ្ញុំដោះចិញ្ចៀនបោះទៅដី ហើយដើរចូលក្នុងបន្ទប់។
«អមរា អូនឈប់ បងសុំទោសដែលយល់ច្រឡំលើអូន បងសន្យាគ្មានលើកទីពីរធ្វើដាក់អូនបែបនេះទេ អមរាបើកទ្វារមកអូន!» ដោយពាក្យអង្វរកខ្ញុំក៏ព្រមបើកទ្វារឱ្យគេ គេកំពុងតែលុតជង្គង់នៅមុខខ្ញុំ សុំទោសខ្ញុំ។
«ឆ្កួត! អូនធ្វើលេងតាស៎ អូនចង់សាកចិត្តបង ក្រោកឡើងមកកុំយំអី!»
ខ្ញុំយកដៃជូតទឹកភ្នែកគាត់ ហើយគាត់ក៏ទាញដៃខ្ញុំបំពាក់ចិញ្ចៀនវិញ។ ស្នេហាក្មេងៗ សាកលវិទ្យាល័យស្តាប់មើលទៅគួរឱ្យអស់សំណើចណាស់ ស្រលាញ់អ្នកនោះបានអ្នកនេះ រញ៉េរញៃជាងមុខវិជ្ជារៀនទៀតទៅ។ ពេលខ្ញុំចួបបងរិទ្ធិដំបូង គ្មានទៅចាប់អារម្មណ៍អីប៉ុន្មានទេ គ្រាន់តែគេជាមនុស្សនិយាយច្រើន សួរនាំច្រើន ខ្ញុំតែងហៅគេអាប៉ិនិយាយច្រើន តែគាត់ជាមនុស្សដែលយកចិត្តទុកដាក់ខ្លាំងទៅលើចំណងមិត្តភាពណាស់។
ខ្ញុំចាំថា ពេលខ្ញុំអត់ចេះលំហាត់កិច្ចការគ្រូ ពេលនោះខ្ញុំបានសុំតេឡេក្រាមពីម៉ាលីរួចក៏បានឈែតទៅបងរិទ្ធិរួចហើយដែរ។ ខ្ញុំបានចម្លងរួចអស់ហើយពីបងរិទ្ធិ ទើបបងវង្សផ្ញើមកតាមក្រោយ។ ខ្ញុំមិនបានអរគុណគាត់ហើយ ថែមទាំងមិនខ្វល់ជាមួយគាត់ទៀត ធ្វើជាមិនដឹងពេលចួបមុខគាត់។
គាត់ធ្លាប់សារភាពថាស្រលាញ់ខ្ញុំ ក្រោយពីដឹងថាខ្ញុំចាប់ផ្តើមស្រលាញ់បងវង្ស។ បងរិទ្ធិបានប្រាប់ម៉ាលី តែពេលនោះខ្ញុំបានជ្រើសរើសបងវង្ស ចោលបងរិទ្ធិទៅហើយ។ បើពេលនោះខ្ញុំជ្រើសរើសបងរិទ្ធិ ប្រហែលជាខ្ញុំមិនចួបរឿងខកបំណងច្រើនដូចរឿងដែលកន្លងផុតទៅទេ។ ហើយអ្នកដែលតែងតែបារម្ភពីខ្ញុំគឺបងរិទ្ធិ។ គាត់តែងតែឈែតមកសួរនាំខ្ញុំពេលខ្ញុំនៅម្នាក់ឯង ណាស់តែខ្ញុំមិនខ្វល់ខ្វាយជាមួយគាត់។
ម៉ាលីបានប្រាប់ខ្ញុំថា ថ្ងៃខួបដែលខ្ញុំបានទៅជាមួយបងវង្សនាថ្ងៃនោះ ម៉ាលីបានបបួលខ្ញុំទៅញ៉ាំអីដែរ ហើយបងរិទ្ធិក៏បានត្រៀមនំខេកសម្រាប់ស៊ុបប្រាយខ្ញុំដែរ តែខ្ញុំមិនបានទៅ។ មិត្តភក្តិដែលទៅនោះ ក៏យកចែកគ្នាញ៉ាំអស់ទៅ ឡើងបងរិទ្ធិគាត់ស្រងូតស្រងាត់អន់ចិត្តដែលខ្ញុំមិនបានទៅ។
ពេលដែលខ្ញុំឈ្លោះជាមួយបងវង្សនៅហាងកាហ្វេ បងរិទ្ធិគាត់បានដឹងរឿងនេះ គាត់បានទៅរករឿងបងវង្ស ធ្វើឱ្យបងវង្សមកលុតជង្គង់សុំទោសខ្ញុំ ហើយបងវង្សក៏សន្យាថាឈប់មកក្បែរខ្ញុំទៀត។ បងរាជប្រាប់រឿងរ៉ាវនេះដល់ខ្ញុំ ខ្ញុំពិតជារំជួលចិត្តខ្លាំងណាស់។
ហើយក៏ខ្ញុំចាប់ផ្តើមត្រលប់មកស្រលាញ់បងរិទ្ធិវិញ នៅពេលដែលខ្ញុំចង់សម្លាប់ខ្លួន។ ពេលមានរឿងជាមួយបងវង្សនៅឯមុខវាំង គឺមានតែបងរិទ្ធិទេដែលបាននិយាយលួងលោមខ្ញុំ ឱ្យខ្ញុំរឹងមាំឡើងវិញ ទើបធ្វើឱ្យខ្ញុំមានកម្លាំងចិត្តមកដល់សព្វថ្ងៃនេះ។
បន្ទាប់មកគាត់ក៏បានសារភាពថាស្រលាញ់ តែខ្ញុំមិនអាចទទួលយកគាត់បាន ដោយសារតែបេះដូងខ្ញុំកំពុងឈឺចាប់ មិនអាចទទួលយកអ្នកណាបានទេ។ ខ្ញុំដឹងថាគាត់ខកចិត្ត ប្រហែលជាគាត់មិនអាចត្រលប់មកស្រលាញ់ខ្ញុំម្តងទៀតបានទេ តែឥឡូវគាត់ស្រាប់តែបន្តមកស្រលាញ់ខ្ញុំ មិនបោះបង់ការស្រលាញ់មួយនេះសោះ។
នៅមានរឿងជាច្រើនទៀត ដែលបងរិទ្ធិខំធ្វើ អំពើល្អ និងទង្វើល្អៗរបស់គាត់ នៅពីក្រោយខ្នងខ្ញុំ ដែលខ្ញុំមើលមិនឃើញទេ។ ទើបមកដល់ពេលនេះ ខ្ញុំដឹងថាទង្វើទាំងនោះគាត់ធ្វើដើម្បីខ្ញុំទាំងអស់។ ពិតជាអរគុណណាស់សម្រាប់ការលះបង់របស់គាត់មកលើខ្ញុំ។
បងរាជនិងម៉ាលីក្រោយពីបញ្ចប់ការសិក្សាភ្លាម បងរាជក៏បានឱ្យម៉ាក់ប៉ារបស់គាត់ចូលស្តីដណ្តឹងម៉ាលីធ្វើជាភរិយាតាមប្រពៃណី។ ពួកគេទាំងពីរនាក់បានរៀបចំអាពាហ៍ពិពាហ៍ជាមួយគ្នាមុនខ្ញុំទៅទៀត។ ខ្ញុំបានទៅចូលរួមពិធីមង្គលការម៉ាលីនិងបងរាជ ហើយជូនពរឱ្យពួកគេរកស៊ីមានបាននិងមានកូន ដើម្បីឱ្យមីងដូចជាខ្ញុំនេះបានពរឆាប់ៗមក។ នៅពិធីមង្គលការនោះខ្ញុំក៏បានលួចសួរបងរិទ្ធិដែរ ថាពេលណាទើបរៀបចំនិងឱ្យម៉ាក់ប៉ាគាត់ចូលស្តីដណ្តឹងខ្ញុំនិងរៀបការ តែគាត់ថាចាំមួយឆ្នាំពីរទៀត គាត់សល់លុយខ្លះ កុំឱ្យយកលុយម៉ាក់ប៉ាមកការទាំងស្រុងពេក។ ខ្ញុំយល់ស្របនឹងគំនិតរបស់គាត់។ ធ្វើបែបនេះល្អ បើយើងស្រលាញ់គ្នាមែន យើងគួរតែព្យាយាមទាំងសងខាង ដើម្បីការរៀបការនិងអនាគតរបស់ពួកយើង។
រំលងបានប្រហែលជាពីរឆ្នាំនៃថ្ងៃពិធីមង្គលការម៉ាលីនិងបងរាជ បងរិទ្ធិក៏ឱ្យប៉ាម៉ាក់គាត់ ចូលស្តីដណ្តឹងខ្ញុំតាមប្រពៃណី។ ចំណែកឯថ្ងៃដែលលោកអាចារ្យបានដេញវេលាឱ្យពួកយើងរៀបអាពាហ៍ពិពាហ៍នោះ គឺក្រោយមួយអាទិត្យ ដែលពួកយើងទាំងពីរទទួលសញ្ញាបត្របញ្ចប់ការសិក្សា។
ក្រោយពីទទួលសញ្ញាបត្រហើយ ពួកយើងទាំងពីរក៏បានចូលរោងជ័យ។ មនុស្សច្រើនណាស់មកចូលរួមពិធីមង្គលការរបស់ពួកយើង។ ចំណែកម៉ាលីវិញ គេក៏បានបីកូនដែលមានអាយុជិតមួយខួបមកញ៉ាំការខ្ញុំជាមួយបងរាជដែរ។ ខ្ញុំសែនរំភើបណាស់ ជាថ្ងៃដែលមនុស្សគ្រប់គ្នាចង់បាន មិនមែនគ្រាន់តែចង់បានផ្កាកូលាបមួយបាច់យើងមានក្តីសុខជាមួយគ្នាមួយជីវិតទេ គឺត្រូវមានចាស់ទុំដឹងឮ បានរៀបការផ្ទឹមជាមួយគ្នាជាមួយនឹងបាចផ្កាស្លា។
យ៉ាងណាវិញបើយើងមិនចេះស្រលាញ់គ្នា ស្មោះត្រង់ជាមួយគ្នា ទុកចិត្តលើគ្នានិងចៀសវៀងការប្រើប្រាស់សម្ដីតូចធំដាក់គ្នាទៅវិញទៅមកទេនោះៗយើងនឹងរស់នៅជាមួយគ្នាយ៉ាងមានក្តីសុខពិតប្រាកដ។
ខ្ញុំមិននឹកស្មានសោះថា យប់ថ្ងៃរៀបការរបស់ខ្ញុំ បងវង្សគាត់បានខលមកពីអូស្រ្តាលី ដើម្បីជូនពរខ្ញុំក្នុងពីធីមង្គលការ ថែមទាំងផ្ញើលុយចំណងដៃឱ្យពួកខ្ញុំទៀត។ ខ្ញុំនិយាយជាមួយវង្សឡើងស្រក់ទឹកភ្នែកនៅជុំគ្នាជាមួយម៉ាលីនិងបងរិទ្ធិដែរ។ កន្លងមកគាត់ក៏បានព្យាយាមប៉ះប៉ូវឱ្យខ្ញុំច្រើនណាស់ដែរដើម្បីសុំការអធ្យាស្រ័យពីខ្ញុំចំពោះទង្វើដែលគាត់បានធ្វើដាក់លើខ្ញុំ ទោះបីជាដឹងថាខ្ញុំមិនព្រមក៏ដោយ។ តែតាមការពិតទៅ ខ្ញុំបានអធ្យាស្រ័យឱ្យគាត់យូរមកហើយ។ ខ្ញុំក៏លែងទុករឿងនេះក្នុងចិត្តទៀតដែរ សំខាន់ពេលនេះខ្ញុំត្រូវកសាងសុភមង្គលជាមួយបងរិទ្ធិដែលជាមនុស្សចុងក្រោយរបស់ខ្ញុំ។
វាជារឿងពិតរបស់ខ្ញុំមួយ មិនមែនជាការតាក់តែង ប្រតិដ្ឋឡើងដើម្បីកុហកអ្នកទាំងអស់គ្នានោះទេ តែវាក៏ជាមេរៀនជីវិតសម្រាប់ខ្ញុំកន្លងមកដែរ។ ជាក់ស្ដែងទៅវាក៏ជាមេរៀនសម្រាប់មនុស្សស្រីគ្រប់រូបដែរ។ កុំលះបង់ខ្លាំងពេកចំពោះមនុស្សដែលតែងតែទាមទារនិងស្រែកឃ្លានក្តីស្រលាញ់ពីយើង តែក្តីស្រលាញ់ដែលគេផ្តល់ឱ្យយើង ជាក្តីស្រលាញ់ក្លែងក្លាយទៅវិញ៕
ចប់
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ