ធម្មតានៅពេលដែលយើងសម្រេចចិត្តបោះបង់ចោលខ្លួនឯង ហើយគិតពីគេជាង គឺយើងផ្ដោតអារម្មណ៍ទៅលើសេចក្ដីត្រូវការរបស់គេ ឬគិតតែម្យ៉ាងធ្វើយ៉ាងណាឱ្យគេរស់នៅបានសប្បាយចិត្ត។
«តែបងឯងភ្លេចសួរខ្លួនឯងថា សប្បាយចិត្តដែរអត់? មិនត្រឹមមិនសប្បាយអី ថែមទាំងឈឺចាប់ផងមែនអត់?»
ម៉ាច ប្អូនប្រុសរបស់ខ្ញុំតែងតែស្តីឱ្យខ្ញុំពាក្យនេះដដែលៗតាំងពីខ្ញុំនៅ១៦ឆ្នាំ ហើយវា១២ឆ្នាំ។ វាមិនយល់ទេ ថាបងប្រុសម្នាក់នេះ អាចមានក្តីសុខភ្លាមៗ មិនដែលឈឺចាប់ឡើយ នៅរាល់ពេលឃើញអាមីន បានសុខ មិនថានាងកំពុងបានសុខនៅឆ្ងាយពីទ្រូងយើង។
«នេះគេហៅថា ការលះបង់អាម៉ាច! ហើយពាក្យការលះបង់នេះ ត្រូវបានគេប្រើជាញឹកញាប់នៅក្នុងភាសិតស្នេហ៍ ទាំងឡាយបងជក់អាននៅបណ្ណាល័យ រហូតដល់ក្នុងបេះដូងបងចាំមកថា ពាក្យស្រឡាញ់មានន័យស្មើហ៊ានលះបង់»
ខ្ញុំនិយាយពន្យល់វាម្តងណា អាម៉ាចសើចចំអកផង សម្លក់ផង ទាំងមាត់ទាញទំពានំប៉័ងខាំទំពាមិនសប្បាយចិត្តផង។
«បងឈ្មោះម៉ឺន?»
«បាទ!»
«ដុកទ័រសុខៈ អញ្ជើញបងចូល!»
ខ្ញុំក្រោកដើរត្រុកៗទៅតាមការនាំផ្លូវគិលានុបដ្ឋាកវ័យក្មេង។ ក្នុងចិត្តខ្ញុំនឹកឃើញតែដល់ពួកគេទាំងពីរ។
មិនមានអ្វីចម្លែកទេ ជីវិតមួយនេះខ្ញុំមានអ្នកណាក្រៅពី ពីរនាក់គេទៀតដែលរាប់ទុកបានថាជាញាតិជិតដិតបំផុតរបស់ខ្ញុំ?
ខ្ញុំឈ្មោះម៉ឺន ចំណែកអាម៉ាចនេះ គឺជាប្អូនប្រុសធម៌របស់ខ្ញុំ ដែលស្គាល់គ្នាតាំងពីក្មេងៗ កាលពីយើងធ្លាប់រស់នៅនាតំបន់អនាធិបតេយ្យមកជាមួយគ្នា។
ម៉ាចគឺជាក្មេងប្រុសម្នាក់ដែលមានរូបសម្ផស្សស្អាត ហើយមិនសូវសប្បាយចិត្តនឹងវាសនារបស់ខ្លួនឯងទេ។ ដ្បិតម៉ាចមិនសូវចូលចិត្តអានសៀវភៅ ប៉ុន្តែគេរៀនពូកែណាស់។ នៅក្នុងចំណោមក្មេងកំព្រាទាំងអស់ស្នាក់នៅមជ្ឈមណ្ឌល គេតែងតែបាននិទ្ទេសល្អជាងគេ ហើយត្រូវបានគ្រូប្រចាំថ្នាក់សរសេរលិខិតមកសរសើរ ឮដល់ប្រធានមណ្ឌល ធ្វើឱ្យប្រធានមណ្ឌលបន្ថែមការងារមួយដល់វា គឺបង្ហាត់បង្រៀនអក្សរ ដល់ក្មេងដទៃទៀតនៅពេលទំនេរ។
ចំណែកម្នាក់ទៀតដែលយើងទាំងពីរកំពុងតែនិយាយដល់គឺ សាមីន។ អាមីនគឺជាក្មេងស្រីម្នាក់ រាងស្តើង សក់វែង និងមានច្រមុះស្រួច។ នាងអភ័ព្វជាងពួកយើងទៅទៀត ព្រោះយើងហោចណាស់មានម្តាយ ទោះម្តាយអាម៉ាចញៀនល្បែង តែងតែគឃ្លើនចាក់សោទុកកូនប្រុសអាយុ៨ឆ្នាំ អត់បាយក្រហាយទឹក ឈរភ្លឹះៗក្បែរចម្រឹងបង្អួច តែអាមីនវិញ មិនដែលសូម្បីតែស្គាល់មុខឪពុកម្តាយខ្លួនយ៉ាងណា។
ឮអ្នកភូមិនិយាយថាពុកម្តាយរបស់នាងចេញទៅធ្វើការនៅថៃ ហើយផ្ញើនាងតាំងពីនៅជាទារក ឱ្យមកអ៊ំស្រីរបស់នាង។ ចំណែកអ៊ំស្រីរបស់នាងក្រោយមកបានលក់នាងបន្ត មកឱ្យផ្ទះលក់បាយស៊ីក្លូមួយ ដែលមិនមានកូនស្រី ប៉ុន្តែមានកូនប្រុសដល់ទៅប្រាំនាក់។
នោះហើយដែលជាកន្លែងខ្ញុំស្គាល់នាងនៅភូមិជើងចាប។ កាលខ្ញុំអាយុបានដប់១១ឆ្នាំ អាម៉ាចបានអាយុ៨ឆ្នាំ អាមីន៦ឆ្នាំ ប៉ុន្តែនាងធ្វើការដូចមនុស្សអាយុដប់ពីរឆ្នាំដូច្នោះដែរ។
គេប្រើអាមីនតាំងពីព្រលឹមស្រាងៗ ដាំបាយម្ហូបជាមួយម្តាយចិញ្ចឹមនាង។ ហើយបន្តធ្វើការ រហូតដល់ម៉ោងប្រាំបីប្រាំបួនយប់។ គឺខ្ញុំជាអ្នកជួយលាងចានជាមួយនាងរាល់យប់។
«អញ្ជើញអង្គុយប្អូន!»
នេះជាវេជ្ជបណ្ឌិតសុខៈ ម្ចាស់គ្លីនិកឯកជនដ៏ល្បីក្នុងចំណោមពួកសេដ្ឋីៗស្រុកយើង។ ថ្ងៃនេះមកមន្ទីរពេទ្យ គឺខុសពីរាល់ដងដែលខ្ញុំតែងតែបង្ហាញប័ណ្ណក្រីក្រ និងកំដរម្តាយរ៉ាំរ៉ៃគួរឱ្យអាណិតរបស់ខ្ញុំ។
ក្រោយម៉ែស្លាប់បាន៥ឆ្នាំមកនេះ ខ្ញុំស្បថថានឹងមិនមកពេទ្យទៀតទេ ខ្ញុំមិនចង់នឹកឃើញនូវភាពកំព្រីកំព្រានិងការឈឺផ្សាឯកោទាំងអស់ដែលធ្លាប់ ពិភពលោកនេះសង្កត់មកលើជីវិតម្តាយកូនយើង។
តែលើកនេះខ្ញុំចាំបាច់ត្រូវមកពេទ្យ មិនមែនមើលថែអ្នកណាទេ គឺដើម្បីពិគ្រោះរឿងដ៏សំខាន់មួយ។ គ្មានអ្នកណាចង់ធ្វើវាទេ ការកាត់ផ្តាច់សរីរាង្គណាមួយក្នុងខ្លួនយើងចេញ ប៉ុន្តែចុងបញ្ចប់ខ្ញុំបានសម្រេចចិត្ត។
«លទ្ធផលចេញហើយម៉ឺន!»
«បាទបង!»
ពេទ្យសុខៈមានសេចក្តីថ្លៃថ្នូរ មានទំនាក់ទំនងគួរឱ្យទុកចិត្ត និងមានឫកពាគោរពអ្នកដទៃ ពេញដោយវិជ្ជាជីវៈ។ គាត់ជាមនុស្សវណ្ណៈខ្ពស់ដំបូងគេ ដែលខ្ញុំមានអារម្មណ៍ថាទុកចិត្តគ្រប់យ៉ាង ឱ្យតែបានជជែកពិភាក្សារឿងសំខាន់ជាមួយគាត់។
សម្តីគាត់បន្លឺមកខ្ញុំបន្ថែមដោយស្រពាប់ស្រពោន៖
«បងឃើញប្អូនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅក្នុងការវះកាត់មួយនេះ! បងចង់បានន័យថា បំណងបរិច្ចាគសរីរាង្គរបស់ប្អូនអាចធ្វើទៅបាន!»
ខ្ញុំដកដង្ហើមឃូរ។ នេះគឺជាលទ្ធផលដែលខ្ញុំមានអំណរ មិនមែនអំណរក្នុងការដកហូតអ្វីមួយយ៉ាងមានតម្លៃចេញពីរាងកាយខ្លួនឯងនោះទេ ប៉ុន្តែជាការសម្រេចដែលព្រមចែករំលែកខ្លួនឯងជាមួយ«នាង»មនុស្សស្រីម្នាក់ដែលខ្ញុំ«គិតគេ»គ្មានថ្ងៃប្រែ។
«ខ្ញុំហៅប្អូនម៉ឺន ចូលមកពិភាក្សាគ្នាលើកនេះ គឺនៅចង់ពិគ្រោះបន្ថែមថាតើប្អូនបានគិតច្បាស់ឬនៅ មុនពេលសម្រេចចិត្ត? បើមានព័ត៌មានណាខ្លះទៀតដែលប្អូននៅមិនច្បាស់ នៅស្រពិចស្រពិលត្រូវការសួរ បងនៅតែមានពេលជានិច្ចដើម្បីឱ្យប្អូនសាកសួរ ហើយនឹងធ្វើការសម្រេចចិត្តសាជាថ្មី»
គាត់មិនមែនប្រភេទវេជ្ជបណ្ឌិតដែលសិក្សាមកខ្ពង់ខ្ពស់ ដើម្បីតែកេងចំណេញដោយឫស្យាមកលើភាពល្ងង់ខ្លៅរបស់អ្នកដែលទន់ទាបជាងនោះទេ ខ្ញុំដឹងតាមរយៈពន្លឺភ្នែករបស់គាត់ដែលលួចប្រាប់ខ្ញុំឱ្យ«គិតឡើងវិញ»
តែ…..
«ខ្ញុំសម្រេចចិត្តរួចហើយបង!»
ខ្ញុំនិយាយខ្លីៗ សម្លឹងចំភ្នែកគាត់ បញ្ជាក់ហើយបញ្ជាក់ទៀតថា ខ្ញុំនេះចង់ជួយគេ នឹងឱ្យក្រលៀនរបស់ខ្ញុំទៅគេ ព្រោះជីវិតរបស់គេ ការរស់នៅបន្តរបស់គេ សំខាន់ណាស់សម្រាប់បេះដូងខ្ញុំនិងជីវិតខ្ញុំទាំងមូល។
ការសម្រេចចិត្តនិងឆ្លើយតបខ្លីហើយរហ័សហួសពេករបស់ខ្ញុំ ជាការបញ្ចប់កិច្ចព្យាយាមរបស់លោកវេជ្ជបណ្ឌិត ដែលបង្ហាញភាពស្រពាប់ស្រពោនក្នុងការចង់ឱ្យខ្ញុំពិចារណា។
ខ្ញុំមិនចង់សម្លឹងទៅភ្នែករបស់គាត់ទេ ពីព្រោះខ្ញុំមិនចង់យល់អំពីភាសាសោកស្ដាយដែលគាត់តែងតែបង្ហាញមក ប៉ុន្តែខ្ញុំត្រូវតែមើលគាត់ដដែលជាដដែល ដើម្បីបញ្ជាក់លើសម្ដីរបស់ខ្លួនឯង។
«ខ្ញុំត្រូវការឱ្យគេរស់!»
ខ្ញុំនិយាយទៀត។ ភាសានេះប្រៀបដូចជាពួកក្មេងយុវវ័យក្នុងដ្រាម៉ាឬពួកកវីនិពន្ធ ដែលមិនស័ក្ដិសមនឹងរូបរាងរបស់ខ្ញុំដែលចាក់សាក់សឹងមួយតួខ្លួន ពាក់ក្រវិលមួយចំហៀងត្រចៀក សក់លាបពណ៌សុស។
បេះដូងខ្ញុំបរិសុទ្ធណាស់ គឺកុំយកវាប្រដូចជាមួយរូបរាងបន្លំប្រកូវខាងក្រៅរបស់ខ្ញុំ។ មនុស្សអាចមានរាងកាយកែបន្លំ មានសម្តីបំភ្លៃ មានការគិតកុហកខ្លួនឯង តែគេមិនអាចកែប្រែសារជាតិពិត ដែលរត់ចំប្រប់ក្នុងបេះដូងហើយចែកចាយពាសពេញសរសៃឈាមរាប់ម៉ឺនសំណុំរបស់គេឡើយ។
គាត់គ្រវីក្បាលយឺតៗហើយឈ្ងោកបំពេញឯកសារ។
«អត់ក្រលៀនម្ខាងក៏ខ្ញុំមិនអីឯណាបង!»
ខ្ញុំនិយាយទាំងញាក់ជើង ធ្វើដូចរឹងមាំ ក្នុងពេលវេលាដែលទឹកចិត្តខ្លួនឯងកំពុងចុះខ្សោយបំផុត ឯបុរសដុកទ័រក៏ទច់ដៃគាត់ ហើយដៀងមកមើលខ្ញុំ។ ភ្នែកគាត់អធិប្បាយនឹងខ្ញុំបានទាំងគ្មានសំឡេងថា ខ្ញុំនេះមើលទៅដូចជាអ្នកលេងអនាថាក្រីក្រម្នាក់ ប៉ុន្តែដូចជាអ្នកលេងចិត្តស្មោះដែលពិបាកចួបពិបាករក។
ខ្ញុំដកភ្នែកពីគាត់ឱ្យសម្លឹងភ្លៅខ្លួនឯង!
ពិតណាស់ ខ្ញុំកើតមកគ្មានអីទាំងអស់ គ្មានគ្រួសារកក់ក្តៅ គ្មានឪ គ្មានជំនាញ គ្មានញាតិមិត្ត គ្មានការអប់រំល្អ ក្រៅពីចិត្តមួយនេះ ខ្ញុំអត់មានអ្វីទាំងអស់ដែលមានតម្លៃ! គ្រប់យ៉ាងជុំវិញខ្ញុំគឺបែកបាក់ខ្ទេចខ្ទីតាំងពីខ្ញុំបានបើកភ្នែកមកឃើញលោកនេះដំបូងម្ល៉េះ។ ម្តាយខ្ញុំ គឺជានារីម្នាក់ដែលមិនបានរៀបការ គាត់ជាក្មេងខ្វះការអប់រំ រត់ចោលផ្ទះតាមស្នេហាដំបូងរបស់គាត់ដែលក្រោយមក យកគាត់មកបោះបង់ចោលឱ្យតែលតោលនៅភ្នំពេញ។ គាត់កើតខ្ញុំក្នុងមន្ទីរពេទ្យរដ្ឋ ទាំងអាយុ១៩ឆ្នាំ ឱបកូនប្រុសតែម្នាក់ឯង គ្មានប្តី គ្មានម្តាយឪពុកមកថែទាំដូចគេ តែគាត់ប្រាប់ខ្ញុំថា ជ្រុលជាគាត់រើសយកជំហានដំបូងចាកចេញពីផ្ទះទៅហើយ គាត់មិនវិលទៅវិញដោយមិន«ល្អមើល»នោះទេ។ តើកូនប្រុសឥតខាន់ស្លាម្នាក់នេះ តំណាងឱ្យពាក្យថា«មិនល្អមើល» អត់ទេ គាត់ពន្យល់ខ្ញុំថា ពាក្យល្អមើលក្នុងសង្គមចាយលុយ គឺ យើងគួរវិលទៅផ្ទះវិញក្រោយពេលណាមានផ្ទះ មានឡាន មានលុយ។
ម៉ែមិនធ្វើបានទេ សម្រាប់បំណងដែលគាត់តែងចង់វិលត្រឡប់ទៅផ្ទះវិញរបស់គាត់។ ប្រហែលមកពីគាត់តស៊ូទុកខ្ញុំ រក្សាខ្ញុំ ចិញ្ចឹមបីបាច់កូនប្រុសម្នាក់នេះ ជាបំណុលដ៏ធ្ងន់នៃជីវិតតែលតោលរបស់គាត់ ហើយព្យាយាម ផ្តល់នូវបេះដូងរឹងមាំមួយនេះមកឱ្យខ្ញុំ។
«សុខភាពប្អូនរឹងមាំ! តែកុំអាងពេកណាម៉ឺន! បងផ្តាំហើយផ្តាំទៀត ពេលនៅក្រលៀនតែម្ខាងតទៅត្រូវខំរក្សាសុខភាព កុំញ៉ាំស្រា កុំលេងគ្រឿងញៀន! ឱកាសនៃជំងឺលើសឈាម ការបាត់បង់មុខងារនៃតម្រងនោម ច្រើនអាចកើតឡើងបាន តែស្រាលឬធ្ងន់ អាស្រ័យលើរបបអាហាររបស់យើង!»
«បាទបង! ខ្ញុំសន្យាធ្វើតាម!»
ឯកសារត្រូវបានហុចមកឱ្យខ្ញុំ។
ខ្ញុំឈ្ងោកអានមួយៗ ទៅតាមសមត្ថភាពអានដ៏យឺតយ៉ាវរបស់ខ្ញុំ។
«លោក ហេង ម៉ឺន អាយុ៣១ឆ្នាំ ព្រមបរិច្ចាគ…..ទៅលោកជំទាវ សាំង សាមីន អាយុ២៦ឆ្នាំ»
ខ្ញុំអានហើយក៏ឱនស៊ីញ៉េភ្លាមនិមិត្តតែឃើញឈ្មោះគេ។ គេជាគ្រប់យ៉ាងក្នុងជីវិតរបស់ខ្ញុំ មិនថាពីមុនគេជា«ឃ្មីន»លក់បាយ ឬពេលនេះជាលោកជំទាវ«សាមីន»អ្នកគ្រប់គ្រងមរតកពាណិជ្ជកម្មរាប់លាន។
អាមីនគឺជាក្មេងស្រី ដែលមានកាយសម្បទាស្រស់ស្អាត ប៉ុន្តែនាងមិនដែលមានឱកាសបានទៅសាលារៀននោះទេ កាលខ្ញុំបានស្គាល់គេ។ ខ្ញុំជាអ្នកបានទៅសាលារៀន ទោះក្រយ៉ាងណាម្តាយខ្ញុំតែងវាយកូន ពេលខ្ញុំចង់សុំឈប់រៀនទៅលក់នំប៉័ង ព្រោះតែចង់បានលុយមកទិញកង់មួយ។
សាមីនចង់ទៅរៀនបំផុត។ ពេលលាងចានជាមួយគ្នា ខ្ញុំតែងតែនិយាយរឿងទាំងឡាយដែលអ្នកគ្រូនិទានឱ្យនាងស្តាប់ ហើយបង្រៀនស្រៈនិងព្យញ្ជនៈឱ្យនាងគូរវាសតាម។ នាងគូររូបបានស្អាតបំផុតទាំងមិនដែលចូលរៀន និងមិនដែលមានគ្រូគំនូរ។
នៅភូមិជើងចាប ដ្បិតតែស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញបេះដូងនៃប្រទេសកម្ពុជា ប៉ុន្តែការរស់នៅរបស់ពួកយើង ខុសគ្នាដាច់បើសម្លឹងទៅធៀបនឹងកូនគេ រស់តាមបណ្តាគេហដ្ឋានទំនើបស៊ីវិល័យទាន់សម័យដែលព័ទ្ធជុំវិញតំបន់របស់យើង។
មនុស្សទាំងអស់រំពឹងអំពីអនាគតរុងរឿង ប៉ុន្តែសម្រាប់ពួកយើងនៅភូមិនេះគ្រាន់តែសុំថា សុបិនអាក្រក់ៗដែលតាមលងបន្លាចអំពីការបណ្តេញចេញ ការជម្លៀសទៅនៅតំបន់ថ្មី នឹងមិនបំបែកខ្ញុំនិងគេទៅចុះ។
«រួចរាល់ហើយ!»
ខ្ញុំនិយាយដោយប្រគល់ឯកសារត្រឡប់ទៅបងវេជ្ជបណ្ឌិត។
«បើប្អូនសម្រេចចិត្តរួចរាល់ហើយ ត្រូវទៅតាមអ្នកនាំផ្លូវ សម្រាកនិងបំប៉នខ្លួន! ប្រហែលបីឬបួនថ្ងៃទៀត នឹងឡើងយន្តហោះទៅវះកាត់!»
ការវះកាត់នឹងធ្វើនៅបរទេស។ ទាំងអស់នេះជាអ្វីដែលគាត់ប្រាប់ខ្ញុំតាំងពីដំបូងឡើយ។
ខ្ញុំតែងតែសង្ឃឹមថាអាមីនអាចរង់ចាំបានដល់ពេលនោះ នាងតស៊ូនឹងរាងកាយទ្រុឌទ្រោមរបស់នាងបាន នាងធ្វើបាន!
ខ្ញុំនិយាយប្រាប់ខ្លួនឯង គឺគិតគេជាងគិតខ្លួនឯងសឹងក្លាយជាទម្លាប់ទៅហើយ។
ខ្ញុំក្រោកលាគាត់ ហើយដើរទៅតាមគិលានុបដ្ឋាកដែលបានឈររង់ចាំនៅខាងក្រៅ។
«នេះបន្ទប់សម្រាកបំប៉នរបស់បង!»
អ្នកនាំផ្លូវប្រាប់ខ្ញុំ។
ការប្តូរក្រលៀន គឺជានីតិវិធីវះកាត់មួយ ដើម្បីដាក់ក្រលៀនដែលមានសុខភាពល្អពីអ្នកបរិច្ចាគដូចខ្ញុំ ឬអ្នកដែលបានចែកឋានទៅឱ្យមនុស្សដែលក្រលៀនលែងដំណើរការបានល្អ។
ក្រលៀនគឺជាសរីរាង្គរាងសំខាន់មាន មុខងារចម្បង ត្រងកាកសំណល់រ៉ែ និងសារធាតុរាវចេញពីឈាម ដោយផលិតទឹកនោមបញ្ចេញមកក្រៅផង ដូច្នេះនៅពេលដែលអាមីនបានខូចបង់សមត្ថភាពច្រោះនេះ កម្រិតសារធាតុរាវនិងកាកសំណល់ដែលមានជាតិពុល បានបង្កគ្រោះថ្នាក់បណ្តាលឱ្យខ្សោយដល់តម្រងនោម ហើយគួបផ្សំនាងមានៈ មិនព្រមចោលសុរា និងមិនព្រមចោលការលេបថ្នាំគេងមិនលក់ ជំងឺតម្រងនោមនាងបានឈានដល់ដំណាក់កាលធ្ងន់ធ្ងររហូតដល់ទាមទារឱ្យមានការប្តូរសរីរាង្គជាថ្មី ដើម្បីអាចរស់នៅបាន។
«អញប្រាប់ឯងឱ្យថែគេឱ្យល្អ! ឯងគិតអី? ហេតុអីឯងទុកគេដល់ថ្នាក់នេះ? ឯងមិនមើលប្រពន្ធឯង ទុកឱ្យវាកើតទុក្ខរីងរៃដល់ថ្នាក់នេះ?»
ខ្ញុំនឹកភ្លាមដល់សំឡេងគំហករបស់ខ្លួនឯងទៅកាន់អាម៉ាចនៅពេលចុងក្រោយបង្អស់ដែលខ្ញុំបានចួបវា។ នឹកឃើញផង ខ្ញុំឡើងមកអង្គុយលើគ្រែពេទ្យ ដែលគ្របដណ្ដប់ដោយបណ្តាកម្រាលនិងស្រោមខ្នើយសទាំងអស់។ ខាងឆ្វេងគ្រែនោះ មានបង្អួចកញ្ចក់ថ្លាមួយផ្ទាំងធំ អាចឱ្យយើងមើលទៅក្រៅឃើញដល់ផ្លូវថ្នល់និងចរាចរណ៍នានាជាបណ្តុំនៃជីវិតរាប់ពាន់ខុសៗពីគ្នា។
ដោយសារតែអាកាសធាតុត្រជាក់នារដូវភ្លៀងដិតដាមមកព្រិលស្រអាប់ផ្នែកខ្លះនៃផ្ទាំងកញ្ចក់នេះ ខ្ញុំនឹកឃើញឡើងវិញបណ្តាថ្ងៃដែលក្មេងប្រុសស្រីបីនាក់ រត់លេងនៅក្បែរៗរបងកញ្ចក់នៃភោជនីយដ្ឋានមួយក្បែរភូមិជើងចាប។
អាម៉ាចជាប្អូនធម៌ម្នាក់ទៀត នៃជីវិតកូនទោលដូចខ្ញុំ។ នៅភូមិនោះ ជីវិតរស់នៅរបស់វាភាគច្រើនអាចឆ្លងឆ្លើយនឹងខ្ញុំតាមតែបង្អួចចម្រឹង។ ក្មេងក្រីក្រដូចពួកយើង ដែលមានភាពរងាឯកោ មានសម្បុកដែលមិនកក់ក្ដៅ ដូចម៉ាច ដែលមានម្តាយនឹងគេដែរ ទាស់តែម្តាយងប់ញៀនល្បែង ចួនទុកកូនចោលក្នុងផ្ទះមួយព្រឹកទល់ល្ងាច ចួនបាត់មួយយប់ទល់ភ្លឺឱ្យវានៅយំទាល់ដេកលក់ក្នុងផ្ទះក្រវៀនៗម្នាក់ឯង។ ខ្ញុំបានសុំមីងនោះថា គាត់ទៅណាទៅចុះទុកអាម៉ាចនៅនឹងខ្ញុំ កុំចាក់សោវា ព្រោះខ្ញុំនឹងមើលវាឱ្យគាត់បាន។
នោះជាអតីតកាលដែលបានចងភ្ជាប់ពួកយើងបីនាក់ឱ្យធ្លាក់ចូលក្នុងរង្វង់និស្ស័យមួយជាមួយគ្នា ទោះណាជាមិនដឹងប្រាកដថា ទៅអនាគតល្អឬមិនល្អ ក៏ខ្ញុំតែងពេញចិត្តក្នុងការបំពេញកាតព្វកិច្ចមួយដោយស្មោះសពីបេះដូងគឺ ខ្ញុំហូបលុះណាប្អូនខ្ញុំអាមីន និងអាម៉ាចឆ្អែតសិន។
ស្នូរទ្វាររបើកមកក្នុង។ គិលានុបដ្ឋាកដដែលបានបកវិលមកវិញ កាត់ផ្តាច់ខ្ញុំចេញពីការស្រមៃនឹកភ្នកដល់រឿងចាស់ៗ។
គេនោះកាន់ថាសមួយ ពេញដោយគ្រឿងបំប៉នរួមមាន ទាំងទឹកដោះគោស្រស់ និងផ្លែឈើ នំបារាំង។ល។
«បង! នៅកន្លែងបំប៉ននេះ បងត្រូវខំហូបចុក និងសម្រាកឱ្យច្រើន! ល្ងាចៗចេញហាត់ប្រាណឱ្យបានទៀងទាត់ ទម្រាំដល់ថ្ងៃវះកាត់!»
«បាទ!»
ខ្ញុំឆ្លើយតបហើយរេភ្នែកសម្លឹងនំចំណី។ ក្នុងវ័យ១០ទៅ១១ឆ្នាំ ខ្ញុំជាកូនចោរតូច ជំនាញខាងលួចម្ហូបនិងនំ ពីភោជនីយដ្ឋានបារាំងមួយចម្ងាយប្រមាណជាពីររយម៉ែត្រពីតំបន់ផ្ទះអនាធិបតេយ្យដែលពួកយើងរស់នៅ។ រាល់ថ្ងៃខ្ញុំមាននំនិងចំណី ផ្លែឈើ ស្ករសូកូឡា បំណែកនំដែលភ្ញៀវហូបមិនអស់ មីងចុងភៅយកមកទុកនៅចង្ក្រានក្រោយ ត្រៀមខ្ចប់ទៅឱ្យកូនគាត់ តែងត្រូវខ្ញុំលួចបាន យកមកចែកគ្នាជាមួយមីននិងម៉ាចយ៉ាងសប្បាយរីករាយ។
ពេលខ្លះទៅក្រវែលម្ដុំភោជនីយដ្ឋាន ចាំរើសយកនំចំណីសល់ បែរជាឃើញថាសនំថ្មីចែសដែលទើបធ្វើហើយ មិនទាន់បានបញ្ជូនទៅតុភ្ញៀវអាចនឹងត្រូវខ្ញុំយកបានដែរ។
ខ្ញុំមានតែម្ដាយខ្ញុំម្នាក់ប៉ុណ្ណោះ គាត់ចេញទៅធ្វើការផ្សព្វផ្សាយស្រាបៀរបាត់ៗ នំទាំងអស់ខ្ញុំមិនដែលទុកឱ្យគាត់ទេ នាំតែត្រូវគាត់សួរនាំដឹងថាលួចគេនឹងបានរំពាត់ឡើងខ្នង ម៉្លោះហើយខ្ញុំចែកទៅអាមីននិងអាម៉ាចជានិច្ច។
ពេលវេលានៃភាពបរិសុទ្ធចិត្តប្រចាំវ័យកុមាររបស់យើងរំលងទៅជានិច្ច តាមលំនាំដដែលៗ ពួកយើងទាំងបីនាក់ចែករំលែកជាមួយគ្នា រហូតដល់យប់មួយ ខ្ញុំមិនបាននៅផ្ទះទេ គឺខ្ញុំតោងឡើងឡានចេញទៅរកធ្វើកម្មករកូនកាំបិត ដែលគេត្រូវការម្ដងៗ នៅកន្លែងធ្វើម្ហូបការតាមខេត្ត គឺទៅជាមួយពូៗក្នុងភូមិ។ ព្រឹកឡើងដែលខ្ញុំត្រឡប់មកវិញត្រូវម៉ែប្រាប់ខ្ញុំថា ម៉ាចត្រូវបានបញ្ជូនទៅកាន់មណ្ឌលក្មេងកំព្រាទៅហើយ ព្រោះម្តាយវាត្រូវខ្យល់គស្លាប់នៅកន្លែងប៉ូលិស ក្រោយពេលប៉ូលិសចាប់ទៅសួរនាំរឿងលេងល្បែងនិងវាយតប់គ្នា។
រឿងដ៏លំបាកគឺខ្ញុំមានប្អូនពីរត្រូវឱ្យនំចំណី តែម្នាក់ត្រូវឃ្លាតទៅឆ្ងាយមិនបានដំណឹង ហើយម្នាក់ទៀតខ្ញុំកំពុងភ័យព្រួយ ខ្លាចថ្ងៃណាមួយខ្ញុំនឹងត្រូវឃ្លាតចេញពីគេដូចលំនាំម៉ាចដែរ នោះគឺអាមីន។
«បើគេរើភូមិជើងចាបមែន ខ្ញុំនឹងរត់ទៅជាមួយបងម៉ឺនឯង! ខ្ញុំឈប់នៅជាមួយម៉ែចិញ្ចឹមខ្ញុំទៀតហើយ!»
«ម៉េចចឹង?!»
«ព្រោះ…..»
«ខ្លាចអត់អ្នកជួយលាងចាន?!»
«មានហ្នា៎! ខ្លាចលែងបានឃើញបងឯង! ចង់ឃើញបងម៉ឺនឯង!»
«ឃើញធ្វើអី? ហើយហៅបងៗហ្នឹង មិនខ្លាចគេច្រឡំថាប្តីប្រពន្ធគ្នាទេ?!»
«ខ្លាចអី! គេចង់ធ្វើជាប្រពន្ធបងម៉ឺន!»
«ស្អីគេ? អ្នកណាថាយកប្រពន្ធ? ខ្ជិលណាស់ យកប្រពន្ធនាំតែហត់!»
ខ្ញុំឆ្លើយដូច្នេះមែន ប៉ុន្តែក្នុងចិត្តខ្ញុំសប្បាយចម្លែករាល់ពេលដែលឮគេនិយាយថា ចង់យកខ្ញុំធ្វើជាប្ដី។ ដ្បិតតែខ្ញុំមិនដែលចេះស្រឡាញ់ស្រី នៅវ័យ១៣ទៅ១៤ឆ្នាំប៉ុណ្ណឹង ឯនាងក៏មិនទាន់បានគ្រប់១០ឆ្នាំផង ប៉ុន្តែខ្ញុំដឹងថា រឿងប្តីប្រពន្ធដែលបានបង្ហើរចេញពីមាត់របស់សាមីន ក៏តែងតែមានន័យណាស់នៅក្នុងការចងចាំរបស់ខ្ញុំ។
«មិនដែលមើលកុនទេបងឯង? មើលគេយកប្រពន្ធមកជួយកោសខ្យល់ឱ្យ ហើយដាំបាយឱ្យ រៀបខោអាវ ទាញក្រវាត់កឱ្យ បោកខោអាវឱ្យ ហើយគេចេះរៀបចំផ្ទះឱ្យ!»
«បាន! បាន! បាន! ឡើងថ្លង់!»
ខ្ញុំនិយាយឃាត់គេ តែគេមិនខឹងដដែលជាដដែលព្រោះខ្ញុំតែងនិយាយលាយស្នាមញញឹម ជាមួយនឹងឫកពាតោះតើយរបស់ខ្ញុំ ដែលអាមីនគេទំនងយល់បានពីជម្រៅបេះដូងនេះ។
«ក្រវាត់កអី? អ្នកណាពាក់វាហើយចងធ្វើអី?»
ខ្ញុំមិនយល់មែនថា ហេតុអីនាងល្អិតច្រមក់របស់ខ្ញុំនេះចេះដេកស្រមៃឃើញ ខ្ញុំនេះនឹងធំឡើងទៅពាក់អាវធំដូចពួកកម្លោះក្នុងកុន?
ប៉ុន្តែខ្ញុំជក់ចិត្តជាមួយកែវភ្នែកមក់ៗក្នុងផ្ទៃមុខទ្រវែងសរលោងរបស់គេ។ គេនេះមានសក់ស្លូតវែងដែលតែងតែក្រងជាពីរព្រោះគេជាប់រវល់ ធ្វើការច្រើន មុខគេនេះភាគច្រើនប្រឡាក់ប្រឡូសហើយមិនងាយញញឹមទេ។
មានតែសម្រាប់ខ្ញុំដែលគេញញឹមដាក់ ដូចជារាល់ពេលដែលគេឃើញខ្ញុំ មិនថាឃើញពីចម្ងាយ ឃើញចំពោះមុខ ឃើញមកលបនៅពីក្រោយខ្នងគេ ឱ្យតែដឹងថាខ្ញុំនេះមកដល់កាលណា មិនថាសំឡេងខ្ញុំ ឮដង្ហើមខ្ញុំ គេតែងងាកមកភ្លាមទាំងញញឹមពព្រាយ ដូចជាគេនេះកើតមកសម្រាប់តែស្រឡាញ់ខ្ញុំ សម្រាប់តែនិយាយពាក្យល្អៗនឹងខ្ញុំ។
ខ្ញុំមិនទាន់ចេះស្រឡាញ់ស្រីផង តើឱ្យចង់បានប្រពន្ធយកមកធ្វើអី? នេះជាហេតុផលមួយទៀត ពាក្យថាប្តីប្រពន្ធនៅតំបន់ដែលខ្ញុំរស់នៅ គឺជារឿងមួយដែលខ្ញុំមើលយ៉ាងណាក៏មិនចូលចិត្តនោះដែរ។ ប្តីប្រពន្ធជាច្រើនរត់មកជួលផ្ទះរស់នៅទីនេះ ពួកគេក្មេងៗ ពួកគេរៀបការនៅឯណា មកពីតំបន់ណាក៏មិនដឹង។
ពួកគេរស់នៅទីនេះដោយមិនដែលឃើញឪពុកម្ដាយ ចួនក៏មានកូន ឈ្លោះបែកបាក់គ្នា ឬបន្តផឹកស្រាជុំគ្នា និងធ្វើអ្វីៗសាំញ៉ាំច្រើនទៀតដែលជាបញ្ហាធ្វើឱ្យខ្ញុំមិនចូលចិត្តទេពាក្យថា ប្តីនិងប្រពន្ធនេះ។
ប៉ុន្តែរឿងនេះស្រាប់តែក្លាយជាមានន័យសម្រាប់ខ្ញុំខ្លាំង នៅពេលមួយឆ្នាំក្រោយមក គឺពេលដែលខ្ញុំដឹងថា ខ្ញុំមុខជាបែកពីគេតាមលំនាំរបស់អាម៉ាចទៀតមិនខាន។
នោះជាល្ងាចដ៏មានទុក្ខព្រួយមួយ។
ខណៈពេលដែលខ្ញុំទើបនឹងត្រឡប់មកពីលេងបាល់នៅសាលារៀន ម្តាយខ្ញុំបានហៅមកប្រាប់ដោយអំណរថាក្រុមយើងស្ថិតនៅក្នុងភូមិជើងចាបដូចគ្នា ប៉ុន្តែខាងម្តុំយើងនេះត្រូវបានគេសម្រេចរុះរើ ផ្ទេរទៅឱ្យលើដីថ្មីមួយទៀតនៅឯតំបន់កសិ-ឧស្សាហកម្មឯខេត្តកំពង់ចាម ដែលនៅទីនោះយើងនឹងទទួលបានដីធំទូលាយ កសាងជីវភាពរស់នៅថ្មី មានផាសុកភាព មានសាលារៀនមន្ទីរពេទ្យច្បាស់លាស់ជាងតំបន់អនាធិបតេយ្យមួយនេះ។
ខ្ញុំមិនខ្វល់អំពីរឿងទាំងអស់នោះទេ អ្វីដែលខ្ញុំខ្វល់បំផុតគឺ ក្រុមគ្រួសាររបស់សាមីនដែលស្ថិតនៅប្របមាត់ផ្លូវ មិនទាន់ស្ថិតនៅក្នុងប្លុកដែលត្រូវទទួលការរុះរើជាមួយគ្នានៅឡើយ។
ដូច្នេះនេះគឺជាដំណឹងអាក្រក់សម្រាប់ខ្ញុំ!
យប់នោះពេលខ្ញុំទៅចួបលាងចានជាមួយនាង ខ្ញុំមិននិយាយអ្វីទាំងអស់ ប៉ុន្តែតាមពិតអាមីន បានដឹងដំណឹងនេះរួចទៅហើយ។
នាងយកចិត្តទុកដាក់ចំពោះរឿងនេះជាងខ្ញុំទៅទៀត ពេលនោះអាមីនមានអាយុ១១ឆ្នាំហើយ ចំណែកខ្ញុំគឺអាយុ១៦ឆ្នាំ។
ធ្មេចបើកៗ ទម្លាប់លាងចាន ជជែកជាមួយគ្នា បានទាញយកទៅបាត់នូវកុមារភាពរបស់ពួកយើង រហូតដល់ពេលនេះខ្ញុំចូលដល់វ័យជំទង់ហើយ ហើយខ្ញុំចាប់ផ្តើមចេះបារម្ភខ្លាចថា ការនៅឆ្ងាយលែងឃើញគ្នា នឹងនាំឱ្យនាងភ្លេចខ្ញុំ។
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ