គ្រាដែលព្រះទិនករកំពុងបាចសាចកាំរស្មីមកលើទីក្រុងគជ់ ស្នូរឧគ្ឃោសនាសព្ទក៏បន្លឺឡើង ប្រកាសប្រាប់ដល់អ្នកដែលត្រូវធ្វើដំណើរពីភ្នំពេញទៅមណ្ឌលគិរី ឱ្យរៀបចំខ្លួនឡើងទៅរង់ចាំនៅក្នុងរថយន្ត។ បុរសក្នុងវ័យប្រហែលជា២៧ឆ្នាំ មានរាងកាយមាំមួន ស្មាពេញដោយសាច់ដុំដ៏រឹងមាំ ភ្ជាប់មកជាមួយនូវទឹកមុខម៉ឺងម៉ាត់ ក៏បានបិទសៀវភៅដាក់ក្នុងកាតាបសាកាដូ ហើយលើកស្ពាយលើខ្នង រួចអូសទាំងវ៉ាលិសមួយដើរឡើងទៅ។
សន្ធឹករោទ៍នៃម៉ាស៊ីនយានបានបង្វិលកង់រថយន្តឱ្យទៅមុខ ធ្វើឱ្យអស់ដើមឈើនិងសំណង់អគារតូចធំនៅតាមដងផ្លូវ ហាក់ដូចជាកំពុងធ្វើចលនារត់ថយក្រោយវិញ។
ថ្ងៃចាប់ផ្ដើមជ្រេបន្តិចម្ដងៗ រហូតទាល់តែម៉ោងបួនល្ងាច ទើបឡានបានមកឈប់នៅចំណតដែលដាក់ស្លាកធំៗថា «ចំណតរថយន្តទីរួមខេត្តមណ្ឌលគិរី»។
នរៈងើបឈរពត់ពែនខ្លួនបន្តិច រួចយួរអីវ៉ាន់ចុះពីឡាន។
សូរស័ព្ទកងរំពងលាន់ឮពីគ្រប់ទិសទី ព្រោះនៅទីនេះមានផ្សារលក់ដូរទំនិញ និងមនុស្សដើរទៅមកចេញចូលឥតដាច់។ អ្នកកំលោះងាកមើលឆ្វេងស្ដាំ ហាក់ដូចជាកំពុងរកមើលនរណាម្នាក់។
“អត់ទោសលោក! នេះគឺលោក ចន្ទ អរុណ មែនទេបាទ?” បុរសម្នាក់មានវ័យប្រហាក់ប្រហែលនឹងអរុណស្លៀកសម្លៀកបំពាក់ប៉ារ៉ាដូចនាយទាហាន ដើរចូលមកសួរជនចំណូលថ្មី។
នរៈងាកមួយក្រឡេក ហាក់ស្គាល់ថាម្នាក់នេះហើយជាអ្នកដែលខ្លួនរង់ចាំ ទើបតប៖
“បាទ! គឺខ្ញុំនេះហើយ… ប្អូនគឺ…”
“ខ្ញុំបាទឈ្មោះ សុនេត្រ … គឺលោក ធនិន ប្រាប់ខ្ញុំឱ្យមកទទួលលោកទៅស្នាក់ការត្រពាំងធ្មៀរតែម្ដង ព្រោះនៅខាងនោះយើងបានរៀបចំចាំទទួលលោករួចស្រេចហើយ!”
“អូ៎! អរគុណណាស់! អ៊ីចឹងយើងប្រញាប់ទៅតែម្ដងទៅ … ហើយប្អូនមិនចាំបាច់ហៅខ្ញុំថា«លោក»ទេ… ហៅថា «បង»ធម្មតាៗទៅបានហើយ ព្រោះមើលទៅយើងអាយុប្រហែលជាស្របាលៗគ្នាទេ!”
“បាទបង! សូមអញ្ជើញ!”
សុនេត្រសើច ហើយប្ដូរពាក្យគំនាប់វិញ រួចគេជួយឈោងយកអីវ៉ាន់ទៅដាក់លើឡានបរចេញទៅ។
នៅអមសងខាងផ្លូវមានដើមស្រល់តូចធំដុះជាជួរៗ និងផ្ទះតូចៗនៅដាច់ៗពីគ្នា។ ផ្លូវទឹករលកខ្ពស់ទាបៗ សមនឹងសណ្ឋានដីភ្នំ ធ្វើឱ្យត្រចៀករបស់អរុណហ៊ឹងថប់។ បើកឡានបណ្ដើរ សុនេត្រឆ្លៀតងាកមកសួរសុខទុក្ខ ហើយនិយាយគ្នាលេងជាមួយនឹងអរុណ ដើម្បីបន្លប់ស្ថានភាពដ៏ស្ងប់ស្ងាត់ក្នុងរថយន្ត។
តាមការសន្ទនា អរុណដឹងថាសុនេត្រ គឺជាមន្តី្រឧទ្យានុរក្សដែលទើបជ្រើសរើសបានថ្មីៗ ក្រោយពីមានការប្រឡងប្រជែងជ្រើសរើសមន្ត្រីរបស់មន្ទីរបរិស្ថានខេត្ត។
ផុតពីផ្លូវជាតិ រថយន្តបានបត់ចូលទៅតាមផ្លូវលំមួយដែលជុំវិញមានសុទ្ធតែព្រៃឈើធំៗដុះរាយបណ្ដាក់គ្នា។ រុក្ខជាតិទាំងឡាយចាប់ផ្ដើមថយសម្រស់ដោយសារខែនេះជាខែរងា។ ស្មៅវែងខ្លីប្រែជាស្ងួតក្រៀមក្រោះ តាមផ្លូវចាប់ផ្ដើមមានជង្ហុកតូចធំជាច្រើន ធ្វើឱ្យតៃកុងឡានលែងសូវនិយាយស្ដី គិតតែប្រឹងទប់បញ្ជាចង្កូតយាន។
ដើម្បីទៅឱ្យដល់ស្នាក់ការរបស់ក្រុមឧទ្យានុរក្សាក្នុងដែនជម្រកសត្វព្រៃស្រែពកនេះ គេត្រូវបរឡានឆ្លងកាត់តាមប្រឡាយធំៗចំនួនពីរឬបីទៀត ដែលប្រឡាយទាំងនេះគឺរីងទឹកអស់ហើយនៅរដូវប្រាំង សល់តែដុំថ្មតូចធំមួយចំនួនកល់ជាប់នៅបាតដី។
ព្រះអាទិត្យចាប់ផ្ដើមបាំងគងព្រៃបន្តិចម្ដងៗ ចោលនូវស្រមោលស្បៃអន្ធការមកលើសេះយន្តដែលកំពុងបរយឺតៗ។ ស្នូរសត្វចង្រិតយំច្រេចៗ រឹតតែធ្វើឱ្យទិដ្ឋភាពក្នុងព្រៃទាំងមូលមានភាពស្រងេះស្រងោច។
ប្រមាណជាជាងពីរម៉ោងក្រោយមក គេសង្កេតឃើញពន្លឺភ្លើងពណ៌សចេញពីជ្រុងខាងស្ដាំដៃ ទើបសុនេត្រដែលជានាយសារថី បែរមកប្រាប់អរុណថាពួកគេបានមកដល់ទីស្នាក់ការត្រពាំងធ្មៀរហើយ។ លោក ធនិន ជាមន្ត្រីរបស់មន្ទីរបរិស្ថាន ដែលគ្រប់គ្រងប្រចាំនៅតំបន់នេះ បានដើរចូលមកជាមួយនឹងមនុស្សប្រុសស្រីប្រហែលជាដប់នាក់ដើម្បីទទួលស្វាគមន៍អរុណ។
“សួស្ដី អរុណ! ដែនដីភាគឦសានសូមស្វាគមន៍!”
“បាទជម្រាបសួរលោកពូ! ទីបំផុតយើងបានចួបគ្នាម្ដងទៀតហើយ!” អរុណលើកដៃគំនាប់តបទៅម្ចាស់តំបន់។
បុរសវ័យពាក់កណ្ដាលមួយរយម្នាក់នេះ បែរទៅនិយាយជាមួយអ្នកក្នុងតំបន់ ទាំងមិនភ្លេចធ្វើដៃជាសញ្ញាបង្ហាញខ្លួនអរុណដល់ពួកគេ៖
“ខ្ញុំសូមណែនាំឱ្យទាំងអស់គ្នាបានស្គាល់ នេះគឺលោក ចន្ទ អរុណ ជាគ្រូឧទ្ទេសក្រុមឧទ្យានុរក្សមកពីភ្នំពេញ… គាត់នឹងមកស្នាក់នៅទីនេះជាមួយយើងក្នុងនាមជាអ្នកបង្វឹកក្រុមឧទ្យានុរក្សថ្មីរបស់យើងផ្នែកបច្ចេកទេស និងវិធីសាស្ត្រល្បាតរយៈពេលប្រាំមួយខែ!”
អរុណបែរទៅគោរពគ្រប់គ្នាដែលកំពុងសម្លឹងមើលមកខ្លួន៖
“ជម្រាបសួរបងប្អូនទាំងអស់គ្នា! រីករាយណាស់ដែលខ្ញុំបានមករួមការងារនៅទីនេះ… ខ្ញុំបាទសូមផ្ញើខ្លួនផ្ញើប្រាណផង!”
សំឡេងទះដៃបានបន្លឺឡើងដើម្បីជាកិច្ចស្វាគមន៍ដល់អ្នកកំលោះទីក្រុងរបស់យើង។
ដែនជម្រកសត្វព្រៃស្រែពក មានទំហំប្រមាណ ៣៧២ ៩៧១ហិកតា ដែលជាទំហំមួយយ៉ាងធំ បើប្រៀបធៀបទៅនឹងចំនួនមន្ត្រីឧទ្យានុរក្សដែលមានសម្រាប់នៅប្រចាំការការពារ។
កាលបើផ្ទៃដីធំ បទល្មើសក៏មានច្រើន ព្រោះជនទុច្ចរិតមានច្រើនក្រុម ច្រើនប្រភេទ។ ដូច្នេះក្នុងនាមមន្ត្រីឧទ្យានុរក្ស ដែលជាអ្នកត្រូវប្រឈមនឹងគ្រោះថ្នាក់ទាំងនេះ ដាច់ខាតត្រូវហ្វឹកហាត់ទាំងផ្នែកកម្លាំងកាយ និងកម្លាំងចិត្ត ដើម្បីស្វែងយល់ពីវិធីការពារខ្លួនពីគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ។ ក្រៅពីនេះពួកគេក៏ត្រូវរៀនស្វែងយល់ពីនីតិវិធីច្បាប់ផងដែរ ដើម្បីងាយស្រួលក្នុងការចាត់ការចំពោះជនល្មើស។
រៀងរាល់ព្រឹកព្រលឹម អរុណមានតួនាទីជាគ្រូបង្វឹកផ្នែកកាយសម្បទាដល់ក្រុមឧទ្យានុរក្សទាំងអស់ ដោយមានសុនេត្រជាប្រធានក្រុម។ ពេលល្ងាច នាយបង្រៀនចំណេះដឹងផ្នែកខាងទ្រឹស្ដីទាក់ទងនឹងច្បាប់ផ្សេងៗ ការប្រើប្រាស់ឧបករណ៍GPS និងរបៀបដាក់កាមេរ៉ាស្វ័យប្រវត្តិដើម្បីចាប់រូបភាពសត្វព្រៃដល់ពួកគេ។
ចាប់តាំងពីពេលដែលបានមកដល់ទឹកដីនៃភូមិភាគឦសាននេះ នរៈខំប្រឹងបំពេញតួនាទីយ៉ាងខ្លាំង ព្រោះនាយត្រូវធ្វើយ៉ាងណាដើម្បីធានាឱ្យកូនក្រុមទាំងអស់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើការ។ មួយរយៈនេះមានករណីបទល្មើសកើតឡើងស្ទើរតែរៀងរាល់ថ្ងៃ រាប់ទាំងការកាប់ព្រៃឈើ ការដាក់អន្ទាក់ចាប់សត្វ និងការបរបាញ់សត្វព្រៃខុសច្បាប់។
មួយខែកន្លងទៅហើយ ដែលអរុណបានស្នាក់នៅតំបន់ទេសភាពខ្ពង់រាបភាគខាងកើត។ ព្រឹកនេះចរន្តខ្យល់បក់ពីទិសខាងជើងនៅពុំទាន់ស្ងួតស្ងប់នៅឡើយ តែងរសាត់មកប៉ះចុងស្មៅវែងខ្លីដែលដក់ជាប់ដោយទឹកសន្សឹមពេលព្រលឹម។ អរុណភ្ញាក់ពីដំណេកដើរចេញមកក្រៅឃើញសុនេត្រ និងកូនក្រុមពីរបីនាក់កំពុងរៀបចំអីវ៉ាន់ដាក់លើរថយន្តទើបសួរ៖
“ហើយរៀបចំអីវ៉ាន់ប្រុងទៅណា សុនេត្រ?”
នាយប្រធានក្រុមឮនរៈសួរដូច្នេះក៏ប្រញាប់ទម្លាក់អីវ៉ាន់ទៅក្នុងឃ្លុបឡាន រួចបែរមកឆ្លើយ៖
“អូ៎! ពួកខ្ញុំយកសម្ភារប្រើប្រាស់ដែលទើបទទួលបានពីថ្នាក់លើទៅចែកដល់គ្នាយើងដែលនៅស្នាក់ការម្រើចមេ!”
“បើអ៊ីចឹងខ្ញុំសុំទៅជាមួយផង ព្រោះមកដល់យូរហើយពុំដែលបានចេញទៅណាសោះ!”
សុនេត្រសើចហើយតប៖
“បាទទាន! សូមរៀបចំខ្លួនតាមសម្រួលចុះ!”
តាមផ្លូវពីស្នាក់ការត្រពាំងធ្មៀរទៅកាន់ស្នាក់ការម្រើចនេះ សណ្ឋានដីក៏ពុំសូវខុសគ្នាពីមុនប៉ុន្មានដែរ ផ្លូវមានសភាពពិបាក និងបត់បែនច្រើន។ តៃកុងឡានជាន់ហ្គារយ៉ាងប្រុងប្រយ័ត្ន ធ្វើឱ្យអ្នកដែលរួមដំណើរក៏តានតឹងអារម្មណ៍ទៅជាមួយដែរ។
ម៉ោងប្រាំបួនព្រឹក ពួកគេបានមកដល់ទីស្នាក់ការម្រើច។ គ្រាន់តែពន្លត់ម៉ាស៊ីនឡានភ្លាម ស្នូរទឹកហូរបុកប៉ប្រះថ្ម លាន់ប្រាកដមកប៉ះត្រចៀករបស់អរុណ។ អ្នកស្នាក់នៅទីនេះនាំគ្នាជួយជញ្ជូនសម្ភារទុក ចំណែកនារីវ័យកណ្ដាលសម្បុរស្រគាំម្នាក់ចេញមកទទួលយកបន្លែបន្លុក និងគ្រឿងដណ្ដាំស្លក្នុងផ្ទះបាយ។ សុនេត្រឃើញដូច្នោះក៏ណែនាំឱ្យអរុណស្គាល់៖
“ម៉ាល័យ! នេះគឺបងអរុណ ជាអ្នកបង្វឹកក្រុមឧទ្យានុរក្ស… លោកបង! នេះគឺម៉ាល័យជាភរិយាខ្ញុំ និងជាអ្នកនៅជួយមើលការខុសត្រូវ ដាំស្លឱ្យក្រុមឧទ្យានុរក្សរបស់យើងនៅទីនេះ!”
“ជម្រាបសួរលោកបង!” ម៉ាល័យលើកដៃសំពះគួរសម ។
“បាទជម្រាបសួរ! ខ្ញុំធ្លាប់តែឮសុនេត្រពោលសរសើរពីសម្រស់របស់ម៉ាល័យឯង ដល់មកឃើញជាក់ស្ដែងអ៊ីចឹង ទើបដឹងថាម៉ាល័យស្អាតមែន!” អរុណនិយាយកំប្លែងលេងធ្វើឱ្យម៉ាល័យអៀន រីឯសុនេត្រក៏សើច។
ពីរនាក់ប្ដីប្រពន្ធដើរកៀកចង្កេះគ្នាចូលទៅកន្លែងស្នាក់នៅ ចំណែកអរុណសុំខ្លួនទៅមើលទឹកទន្លេស្រែពកជាមុនសិន ទើបពុំបានរួមដំណើរទៅជាមួយ។
មាណពសង្ហាដើរចេញទៅ ដោយស្ដាប់តាមសូរសំឡេងទឹកហូរ។ ប្រហែលជាហាសិបម៉ែត្រប៉ុណ្ណោះគេក៏បានឃើញទន្លេមួយធំពត់ពែនខ្លួនដូចជានាគរាជដែលអនុញ្ញាតឱ្យគង្គាហូរកាត់ពុំដាច់។ ផ្ទៃទឹកពណ៌ខៀវថ្លាយង់ឆ្លុះឱ្យឃើញថ្មដាតូចធំក្នុងទឹកអែបនឹងមាត់ច្រាំង។
ក្នុងឈុតអាវយឺតដៃខ្លី ស្រោបពីក្រៅដោយអាវកំណាត់មូរដៃ ថែមជាមួយខោសាច់គគីរ និងស្បែកជើងកវែង កាន់តែបង្ហាញពីភាពស្រស់សង្ហា របស់នាយឧទ្យានុរក្ស។ អរុណសាកល្បងលូកដៃក្បង់ទឹកយកមកលុបមុខ។ សីតុណ្ហភាពត្រជាក់នៃទឹក បានបបោសអង្អែលភក្ត្រានាយឱ្យស្វាងស្រឡះ តែបែរជាធ្វើឱ្យបេះដូងកំលោះរងាឯកាលើសដើម។
នាយដាក់ខ្លួនអង្គុយចុះទៅលើផែនថ្មដែលពើងខ្លួនចេញពីទឹក ភ្នែកសម្លឹងមើលទៅខ្សែទឹកដែលកំពុងហូរត្របាញ់មកផ្ទប់នឹងថ្ម បណ្ដាលឱ្យក្លាយទៅជាគំនួចទឹកតូចៗរសាត់បន្តគ្នា។ ខ្យល់បន្តបក់មកត្រសៀកៗបណ្ដាលឱ្យនរៈនឹកស្រមៃទៅដល់រឿងរ៉ាវស្នេហាពីអតីតរបស់ខ្លួន។
ប្រហែលជាជាងមួយឆ្នាំមុន អរុណធ្លាប់បានសាងអនុស្សាវរីយ៍ជាមួយនឹងបុប្ផាទីក្រុងម្នាក់។ តែស្នេហ៍ដែលអ្នកទាំងពីរខំថ្នមថែ បែរជាត្រូវដើរដល់ផ្លូវទាល់ព្រោះនាងមិនអាចទទួលយកបាន ពេលដឹងថាអរុណស្ម័គ្រចិត្តទទួលការងារធ្វើជាអ្នកជួយបង្វឹកក្រុមឧទ្យានុរក្សតាមតំបន់ការពារទេសភាព និងដែនជម្រកសត្វព្រៃ។
“ខ្ញុំមិនក្លាហានគ្រប់គ្រាន់ក្នុងការដែលឱ្យគ្រួសារយកអាយុជីវិតខ្លួនឯងទៅប្រថុយក្នុងព្រៃបែបនេះទេ!… ខ្ញុំមិនចង់ថា… ថ្ងៃណាក៏មានព្រលឹងពុំជាប់ខ្លួនព្រោះបារម្ភពីសុវត្ថិភាពប្ដី រាល់ពេលដែលចេញប្រតិបត្តិការនោះទេ!”
សម្ដីរបស់នាងឮរងំជាប់ត្រចៀកដូចកំពុងបន្ទោសនាយថា គ្រប់យ៉ាងគឺជាកំហុសរបស់គេ… គឺគេតែម្នាក់គត់ ដែលធ្វើឱ្យស្នេហ៍មួយនេះពុំអាចឆ្លងដល់ត្រើយសុភមង្គល។
ក្រោយមក អរុណទទួលបានដំណឹងថាក្រសួងត្រូវការរើសអ្នកបង្វឹកក្រុមឧទ្យានុរក្សថ្មីនៅមណ្ឌលគីរី នរៈក៏ស្ម័គ្រចិត្តទទួលតួនាទីមួយនេះ ក្នុងគោលបំណងបំពេញភារកិច្ចដែលខ្លួនស្រឡាញ់ផង និងដើម្បីប្រើវេលាព្យាបាលរបួសបេះដូងផង។
នាយសង្ហាសន្សឹមៗងើយក្បាលសម្លឹងទៅមេឃដែលមានពណ៌ខៀវខ្ចី បង្ហាញឱ្យឃើញឆ្អឹងខ្ចីនៃភាពជាបុរសនៅលើករបស់ខ្លួនយ៉ាងច្បាស់។ គេបិទភ្នែកទាំងគូ រីឯត្រចៀកផ្ទៀងស្ដាប់សំឡេងទឹកហូរនិងសត្វបក្សីយំឆ្លើយឆ្លងគ្នា ដើម្បីបន្សាត់អារម្មណ៍នឹករឭក។ រំពេចនោះអ្នកស្រាប់តែឮសូរសំឡេងសត្វអ្វីម៉្យាងស្រែករោទ៍រំពងឡើង។
អ្នកកំលោះរេភ្នែកទៅរកទិសដៅនៃសំឡេង ហើយប្រឹងទប់ដង្ហើមដើម្បីផ្ទៀងស្ដាប់ថាតើអ្វីដែលនាយឮមុននេះជាការពិត ឬគ្រាន់តែជាការស្រមើស្រមៃ? បន្តិចឡើងគេស្រាប់តែឮសូរសន្ធឹកម្ដងទៀតដែលទំនងជាចេញពីត្រើយម្ខាងទន្លេ។ អរុណក៏សម្រេចចិត្តចុះដើរឆ្លងទៅត្រើយម្ខាងទន្លេ រាវៗរកមើលកន្លែងដែលមានទឹករាក់។
ក្រោយឡើងទៅដល់លើគោក អរុណក្រឡេកមួយឆ្វាច់ជុំវិញខ្លួន តាមទម្លាប់រហ័សរហួនរបស់អ្នកថ្មើរព្រៃ ក្រែងលោមានអន្ទាក់ ឬប្រទះភ្នែកនឹងសត្វព្រៃណាមួយ តែដោយពុំឃើញមានអ្វី នាយក៏ចេះតែដើររុលទៅមុខ គេពុំបានចាប់ភ្លឹកថាខ្លួនបានដើរចូលទៅក្នុងព្រៃជ្រៅឡើយ។
ភ្នែកអ្នករំពៃមើលឆ្វេងស្ដាំចុះឡើង ក៏ស្រាប់តែប្រទះឃើញនារីម្នាក់ពាក់អាវកមូលដៃវែង បង់កជាមួយនឹងក្រមាត្បាញ។ សំពត់បត់ខ្លីត្រឹមកំភួនជើងរបស់នាង បង្ហាញឱ្យឃើញសម្រស់មួយផ្នែករបស់នារី។ ឃើញនាងកំពុងអង្គុយលើកំណាត់ឈើយកដៃស្ទាបកជើងខ្លួនឯង អរុណក៏ដើរចូលទៅរក ភ្លេចឈឹងថាគោលបំណងរបស់នាយគឺមកតាមរកប្រភពសំឡេងចម្លែកមុននេះ។
“សួស្ដីអ្នកនាង! មានអ្វីឱ្យខ្ញុំជួយដែរទេ?” នរៈស្រែកសួរពីចម្ងាយដើម្បីកុំឱ្យនាងភ័យ។
នារីកម្សត់ស្រាប់តែបែរមកឃើញអរុណ នាងរាងភ្ញាក់បន្តិចតែក៏ព្រមឆ្លើយតបមកវិញ៖
“ចាស! គឺខ្ញុំដើរមិនប្រយ័ត្នទើបជាន់ចំអន្ទាក់ដាក់សត្វ ជាប់ជើងកម្រើកពុំរួចសោះ!”
“អូ៎! ចាំខ្ញុំជួយដោះជូនណា៎! សូមនៅឱ្យស្ងៀម ក្រែងលោវាកាន់តែរឹតជើងអ្នកនាង… តែមួយភ្លែតទេរួចហើយ!”
“ចាសអរគុណ!”
មិននិយាយតែមាត់ ដៃរបស់អរុណហូតយកកូនកាំបិតស្នៀតពីចង្កេះខោមកកាត់ខ្សែកាបដែលពួកប្រមាញ់សត្វប្រើសម្រាប់ដាក់ចាប់សត្វធំៗដូចជាខ្លា ជ្រូកព្រៃ ទន្សោងជាដើម។ មាណវីមិនហ៊ានមាត់មួយម៉ាត់ ភ្នែកតាមសម្លឹងមើលសកម្មភាពប៉ិនប្រសប់របស់អរុណ។
“អ្នកនាងមកពីណាទៅណាទើបបានជាដើរមកជាប់អន្ទាក់នៅទីនេះវិញ?” អរុណសួរទៅមាណវីបណ្ដើរ ដៃអ្នកកាត់ខ្សែអន្ទាក់បណ្ដើរ។
ឆោមនារីស្ទាក់ស្ទើរនឹងនិយាយ ទាល់តែឃើញនាយងើបមុខមកមើលនាង ទើបនាងឆ្លើយ៖
“គឺខ្ញុំចេញមកបេះបន្លែ តែចៃដន់នៅជិតផ្ទះពុំមានរបស់ដែលត្រូវការ ទើបចេះតែដើរៗរហូតមកដល់ទីនេះតែម្ដងទៅ!”
តាមពិតទៅពីដំបូងនាងក៏ភ្ញាក់ផ្អើលនឹងវត្តមានរបស់អរុណមិនតិចដែរ ព្រោះមិនដឹងថានាយជាមនុស្សបែបណា តែពេលដែលឃើញភាពស្ទាត់ជំនាញក្នុងការចាត់ការជាមួយអន្ទាក់មួយនេះ នាងក៏អាចកាត់ស្មានបានថាគេប្រាកដជាសមាជិកណាម្នាក់នៃក្រុមអភិរក្សធនធានធម្មជាតិ។ ដូច្នេះហើយបានជានាងធ្វើជាធ្លោយសម្ដីថែមមួយឃ្លាទៀតដើម្បីឱ្យនរៈចាប់អារម្មណ៍៖
“ពីមុនខ្ញុំធ្លាប់ដើរមកទីនេះដែរ តែមិនធ្លាប់ឃើញមានអន្ទាក់ទេ ទើបតែថ្ងៃនេះឯង!”
អរុណបង្អង់ដៃបន្តិច មុននឹងនិយាយខ្សឹបៗទាំងភ្នែកនៅជាប់នឹងចំណង៖
“ពួកជនល្មើសអស់នេះកាន់តែហ៊ានទៅៗហើយ!”
ដូចជាបានដឹងខ្លួនថា សម្ដីរអ៊ូតិចៗអម្បាញ់មិញអាចនឹងធ្វើឱ្យនាងឆ្ងល់ ទើបគេបន្តសម្ដី៖
“ខ្ញុំគឺជាមន្ត្រីឧទ្យានុរក្សដែលមកធ្វើការនៅតំបន់នេះ! អម្បាញ់មិញខ្ញុំកំពុងនៅត្រើយម្ខាងខាងនោះ ស្រាប់តែបានឮសំឡេងស្រែកម៉្យាងដូចជាសំឡេងសត្វខ្លានៅទីនេះ ទើបខ្ញុំឆ្លងទឹកមក តែពេលមកដល់បែរជាបានឃើញអ្នកនាងទៅវិញ!”
ធីតាហាក់ដូចជាបង្ហាញភាពភ្ញាក់ផ្អើលបន្តិចនៅលើផ្ទៃមុខរបស់នាង ពេលដែលឮគេនិយាយពីរឿងសំឡេងសត្វខ្លា នេះបើតាមការសង្កេតអ្នកកំលោះ តែនាយបែរជាគិតថាប្រហែលជាមកពីមុននេះនាយទាញកន្ត្រាក់ខ្សែអន្ទាក់ចេញ ទើបធ្វើឱ្យដៃទៅប៉ះនឹងជើងនាង។ តែចុងក្រោយគេក៏ពន្លែងចោលការគិតសង្ស័យជាច្រើន ព្រោះបច្ចុប្បន្នភ្នែករបស់គេបានប្រទះនូវស្នាមញញិមសែនស្រស់របស់ស្រី។
នរៈដាក់ចោលខ្សែកាបទៅម្ខាងលើដី ហើយភ្នែកលួចដកពីភក្ត្រានាងទាំងសោកស្ដាយ មកពិនិត្យលើស្នាមរបួស។
អរុណដកយកកូនកន្សែងដៃពណ៌សប៉ាក់រូបព្រះអាទិត្យពណ៌លឿងតូចមួយចេញពីហោប៉ៅអាវ មករុំកជើងស្រីដែលដាច់រលាត់ចេញឈាម។ មាណវីតាមសម្លឹងគ្រប់កាយវិការដ៏ស្ទាត់ជំនាញរបស់អរុណ នឹកស្ងើចសរសើពីភាពរហ័សរហួន និងភាពស្រស់សង្ហារបស់គេបើទោះបីជាពេលនេះមានតំណក់ទឹកញើសតូចៗលេចឡើងនៅលើថ្ងាសរបស់គេក៏ដោយ។
“នេះបាទ! រួចរាល់ហើយ… ថ្ងៃក្រោយអ្នកនាងដើរប្រយ័ត្នប្រយែងបន្តិចណា៎ ព្រោះបើប៉ះចំអន្ទាក់មុតជាងនេះ វាអាចនឹងធ្វើឱ្យពិការបាន!”
នាងយកដៃទៅស្ទាបត្រង់កជើង កន្លែងដែលអរុណរុំកូនកន្សែងឱ្យ៖
“ចាស! រំខានលោកហើយ… ខ្ញុំសូមអរគុណច្រើន!”
“បាទមិនអីទេ! និយាយអ៊ីចឹងផ្ទះអ្នកនាងនៅដល់ណា? អ្នកនាងអាចត្រលប់ទៅវិញដោយខ្លួនឯងបានទេ?”
មាត់គេសួរ តែមុខគេមិនហ៊ានមើលនាងចំទេ។ គេធ្វើជាបែរមើលជុំវិញរកផ្លូវដែលនាងដើរមក ដើម្បីគេចពីក្រសែភ្នែកនារីដែលហាក់ដូចជាហ៊ានក្នុងការសម្លឹងមើលខ្លួនចំៗពេក។
“ចាសមិនអីទេ! របួសប៉ុននេះមិនជាធ្ងន់ធ្ងរអីទេ ខ្ញុំឧស្សាហ៍ចួបញឹកញាប់ណាស់!” ដល់តែឮនាងនិយាយស្មោះត្រង់ពេកទៅ ធ្វើឱ្យអរុណអស់ពីខឹងនឹងពួកព្រានព្រៃ ទៅជាគ្រវីក្បាលហួសចិត្ត អស់សំណើចតាមនាង។
“អ៊ីចឹងខ្ញុំគិតលាលោកសិនហើយណា៎! សូមអរគុណម្ដងទៀត!”
តូចតន់ស្រាប់តែលាអ្នកកំលោះ ធ្វើឱ្យនរៈយើងពុំបានតាំងចិត្តក៏ភ្លាត់មាត់សួរ៖
“ឈប់សិន! ខ្ញុំពុំទាន់ស្គាល់ឈ្មោះអ្នកនាងទេ!”
ស្រីតូចបង្អង់បន្តិច ក៏ដាច់ចិត្តឆ្លើយ៖
“ខត្តិយា ចាស!”
“ខត្តិយា? ពិតជាពីរោះណាស់! ខ្ញុំឈ្មោះ អរុណ … រីករាយណាស់ដែលបានស្គាល់!”
“ចាស! រីករាយដែលបានស្គាល់ លោកអរុណ!”
“អឺ…! តើខ្ញុំនិងអ្នកនាង អាចនឹងចួបគ្នាម្ដងទៀតទេ?” នាយសួរ។
“បើមាននិស្ស័យយើងគង់នឹងបានចួបគ្នាណា៎ លោកឧទ្យានុរក្ស!”
លោកឧទ្យានុរក្ស! សំនៀងរបស់ស្រី… របៀបដែលនាងហៅគេ នាយមិនធ្លាប់បានឮសោះ… វាពីរោះសឹងធ្វើឱ្យបេះដូងរបស់គេឈប់លោតម្ដងៗ តែបុរសឧទ្យានុរក្សដែលខ្លាំងក្លា រឹងមាំដូចជាគេ ម៉េចនឹងអាចប្រាប់នាងបែបនេះបានទៅ?
និយាយមិនទាន់ចប់ស្រួលបួលផង ខត្តិយាក៏បែរក្រោយហើយដើរចេញទៅទុកឱ្យអរុណនៅឈរភ្លឹកតែម្នាក់ឯង។ មាណពយើងភ្ញាក់ខ្លួនមកវិញស្រាប់តែបាត់រូបនាងសូន្យឈឹងទៅហើយ ទើបចាប់អារម្មណ៍ថាខ្លួនឯងនៅក្នុងព្រៃជ្រៅ ទម្រាំតែរកផ្លូវចេញមកដល់មាត់ទន្លេវិញក៏ដល់ពេលថ្ងៃត្រង់ល្មម។
នៅតាមតំបន់ព្រៃភ្នំស្ងាត់ជ្រងំបែបនេះ បានប្រែជាមានជីវិតនៅពេលយប់។ សត្វរាត្រីចរដូចជាប្រចៀវ ជ្រឹង មៀម ទីទុយ ដែលជាធម្មតាពេលថ្ងៃគឺសំងំលាក់ខ្លួនដេកយកកម្លាំង រង់ចាំតែពេលយប់មកដល់នឹងអាលទទះស្លាបចេញហើររកចំណី។ ណាមួយសត្វព្រៃខ្លះ ហ៊ានចេញដើររកស៊ីតែពេលងងឹត ឬព្រឹកព្រលឹមស្រាងៗប៉ុណ្ណោះ ព្រោះខ្លាចពើបប្រទះនឹងពពួកព្រានព្រៃ ឬសត្វដែលសាហាវជាងខ្លួនចាប់ស៊ីជាអាហារ។
ម៉ោងជិតដប់ពីររំលងអធ្រាត្រទៅហើយ អរុណនៅតែគេងមិនលក់ អ្នកប្រែទៅប្រែមកជាច្រើនសា។ មួយសន្ទុះក្រោយមកនាយស្រាប់តែឮសូរមាត់ខ្សឹបខ្សៀវតិចៗនៅក្រោមផ្ទះ ទើបក្រោកចុះពីគ្រែ ហើយដើរមកអើតមើលតាមបង្អួច។
អគ្គិសនីធម្មជាតិពីព្រះចន្ទ ធ្វើឱ្យអ្នកបានឃើញបុរសពេញកម្លាំងប្រាំនាក់កំពុងឈរប្រជុំគ្នានៅក្រោមដើមជ្រៃធំជិតទីស្នាក់ការ។ អរុណនឹកឆ្ងល់ក៏ចុះមកក្រោម ឃើញសុនេត្រនិងក្រុមឧទ្យានុរក្សផ្សេងទៀតកំពុងរៀបចំសម្ភារការពារខ្លួន មានពិល កាំភ្លើង និងកាំបិតស្នៀតគ្រប់ដៃ។
គេសួរទៅសហការី៖
“ទាំងអស់គ្នារៀបចំខ្លួនប្រុងចេញទៅណា?”
“អូ៎លោកបង! គឺថាក្រុមរបស់យើងទទួលបានព័ត៌មានមកថា មានពួកកាប់ឈើខុសច្បាប់មួយក្រុមកំពុងចេញធ្វើការនៅម្ដុំព្រៃធំឯម្ខាងទន្លេឯនោះ ប៉ុន្តែដោយសារគ្នារបស់យើងដែលនៅប្រចាំការទីនោះមានតិច ហើយជនល្មើសប្រហែលជាអាចមានកាំភ្លើងគ្រប់ដៃផង ទើបពួកគេទាក់ទងមកសុំជំនួយបន្ថែមពីក្រុមយើង!” សុនេត្ររាយការណ៍។
“ការងារធំបែបនេះ ម៉េចក៏មិនប្រាប់ខ្ញុំផង?”
“គឺដោយសារខ្ញុំមិនចង់រំខានដំណេករបស់លោកបង!”
“កុំនិយាយបែបនេះ! ការងារនេះគឺជាកាតព្វកិច្ចរបស់ពួកយើងទាំងអស់គ្នាតើ… ចាំបន្តិច ខ្ញុំទៅយកសម្ភារមួយភ្លែត!”
ថាហើយ អរុណក៏ប្រញាប់ត្រលប់ឡើងទៅលើផ្ទះ ហើយចុះមកវិញជាមួយនឹងសម្ភារដូចសមាជិកក្រុមផ្សេងទៀតដែរ។
ការធ្វើដំណើរនៅក្នុងព្រៃនាពេលយប់ពុំមែនជាការងាយស្រួលនោះទេ។ សុនេត្រធ្វើជាអ្នកនាំមុខក្រុម ដោយសារខ្លួនស្គាល់ភូមិសាស្ត្រនៅទីនេះច្បាស់។ ជិះម៉ូតូអស់មួយសន្ទុះធំទើបពួកគេមកដល់កន្លែងយាមប្រចាំការរបស់ក្រុមឧទ្យានុរក្សដែលបានផ្ដល់ដំណឹងឱ្យសុនេត្រ។ ក្រោយពេលជុំគ្នាហើយ ពួកគេចែកគ្នាជាពីរក្រុមដើម្បីព័ទ្ធចាប់ក្រុមជនល្មើសទាំងអស់នោះ។
ស្រ៊ឹបៗ! … ស្នូរសន្ធឹកជើងថ្នមៗដែលជាន់លើកម្ទេចស្លឹកឈើស្ងួតងាប់ ធ្វើឱ្យបេះដូងអ្នកការពារលោតរន្ថាន់ឡើង។ ប៉ុន្តែគ្រប់យ៉ាងនៅជុំវិញទីនោះហាក់ស្ងាត់ជ្រងំ ធ្វើឱ្យអរុណ សុនេត្រ និងឧទ្យានុរក្សឯទៀតចាប់ផ្ដើមលេចចេញនូវសំណួរជាច្រើននៅក្នុងខួរក្បាល។
សំឡេងខ្សឹបខ្សៀវចេញពីមាត់ក្រុមឧទ្យានុរក្សបានឮឡើង៖
“ហេតុអ្វីពុំឃើញមានជនល្មើស? តើពួកគេបាត់ទៅណាអស់? ឬមួយក៏ក្រុមឧទ្យានុរក្សនៅប្រចាំការទីនេះទទួលបានដំណឹងខុស?”
“ទេ! ដំណឹងមិនខុសទេ!” អរុណឆ្លើយតបទៅសហការី ធ្វើឱ្យគ្រប់គ្នាបែរទៅសម្លឹងនាយ។
នរៈកាន់ពិលឈួលទៅលើ ដែលទីនោះស្រឡះហាក់ដូចជាស្រឡះចម្លែកខុសពីគេ។ នាយដើរទៅមុខប្រហែលជាម្ភៃជំហានទៀតទើបឈប់ ហើយឱនទៅចាប់យកកម្ទេចឈើមកកាន់ក្នុងដៃ។ គេទាត់ស្លឹកឈើដែលនៅគ្របបាំងគល់ឈើ ហើយនិយាយបន្ត៖
“ដើមឈើប៉ុន្មានដើមនៅទីនេះ ត្រូវបានដួលរលំដោយសាររណាយន្ត រីឯកម្ទេចឈើនៅសើម បញ្ជាក់ថាជនល្មើសទើបតែចាកចេញមួយសន្ទុះមុននេះទេ!”
“បេសកកម្មរបស់យើងបរាជ័យទៀតហើយ!” សុនេត្រពោលឡើង ដោយដកដង្ហើមធំ។
អរុណយកដៃទះស្មាប្រធានក្រុមថ្មីតិចៗដើម្បីលើកទឹកចិត្ត ព្រោះនាយដឹងច្បាស់ថា ការងារចាប់ជនល្មើសមិនមែនជាការងាយស្រួលឡើយ។ ជនល្មើសមានល្បិចកល និងបម្រុងប្រយ័ត្នខ្ពស់ណាស់ តោងតែពួកអ្នករៀបផែនការឱ្យបានច្បាស់លាស់ និងរក្សាការសម្ងាត់ឱ្យបានល្អពីប្រតិបត្តិការបង្ក្រាបរបស់ខ្លួន ទើបអាចឈានទៅដល់ការចាប់ពួកគេបាន។
“នេះជាលើកទីបីហើយនៅក្នុងខែនេះ ដែលការចុះបង្ក្រាបរបស់ពួកយើងមិនបានសម្រេច… ទោះបីពួកគេមិនអាចនាំយកឈើចេញពីទីនេះបាន តែគេបានកាប់បំផ្លាញអស់ជាច្រើនដើម ចំណែកពួកយើងនៅតែមិនអាចកំណត់មុខសញ្ញា និងចាប់ពួកគេបានទៀត!” សុនេត្រតប។
ក្រុមឧទ្យានុរក្សទាំងអស់ដាក់ទឹកមុខចុះ មិនមាននិយាយស្ដី ធ្វើឱ្យទិដ្ឋភាពនៅក្នុងព្រៃទាំងមូលប្រែជាស្ងាត់ជ្រងំម្ដងទៀត។ អរុណស្ងៀមស្ងាត់បន្តិចដែរ រួចទើបនិយាយបន្ត៖
“ចាត់ទុកថាទាំងនេះជាបទពិសោធទៅចុះ! លើកក្រោយទាំងអស់គ្នាត្រូវត្រៀមខ្លួនឱ្យបានប្រសើរជាងនេះ!”
សុនេត្របញ្ជាកូនចៅឱ្យទៅរកកន្លែងសម្រាកនៅជិតៗ ព្រោះមើលទៅមេឃនៅយូរទៀតទម្រាំភ្លឺ ដោយខ្លួនរ៉ាប់រងធ្វើជាអ្នកយាមនៅទីនេះជាមួយអរុណ។
អ្នកទាំងពីររៀបចំបង្កាត់ភ្នក់ភ្លើង ដើម្បីបន្ថែមភាពកក់ក្ដៅដល់រាងកាយ និងដើម្បីការពារសត្វសាហាវផង។ យូរៗម្ដង អរុណយកមែកឈើទៅឆ្កឹះភ្នក់ភ្លើង និងថែមកម្ទេចឈើតូចៗជាចំណីដល់ព្រះអគ្គី។ សុនេត្រអង្គុយធ្មឹង សម្លឹងមើលទៅព្រឹក្សាធំៗដែលដួលច្រងេងច្រងាងនៅលើវាលស្មៅ បន្សល់នៅតែគល់ខ្លីៗដែលប្រឹងងើយចង្អុលទៅលើមេឃយ៉ាងកម្សត់។
“ហ៊ឺម…!” សុនេត្រព្រលែងដង្ហើមធំមួយចេញមក ទាំងទឹកមុខស្រពាប់ស្រពោន។
“កុំតានតឹងពេក!” អរុណប្រាប់។
“ខ្ញុំពិតជាគិតមិនចេញសោះថាហេតុអ្វីបានជាប្រតិបត្តិការប៉ុន្មានលើកមកនេះពួកយើងបរាជ័យរហូត? បើបែបនេះតទៅទៀត ខ្ញុំគ្មានមុខអ្វីនឹងធ្វើជាប្រធានក្រុមឧទ្យានុរក្សនៅទីនេះទៀតទេ!”
“ខ្ញុំគិតថាប្រតិបត្តិការរបស់យើងច្បាស់មានការថ្លោះធ្លោយត្រង់ណាមួយមិនខាន…!”
ហ៊ឺម!!!
អរុណមិនទាន់នឹងបានបញ្ចប់ប្រយោគផង ស្រាប់តែឮសូរសន្ធឹកគ្រហឹមកាត់ឡើង ធ្វើឱ្យអ្នកទាំងពីរខំរេភ្នែកសឡឹងមើលជុំវិញខ្លួន។ ពន្លឺពណ៌លឿងមួយគូនៅពីក្រោយខ្នងរបស់អរុណ ធ្វើឱ្យសុនេត្រព្រឺក្បាលខ្ញាក ហើយប្រញាប់ស្រែកប្រាប់ទៅនរៈយើង។
“លោកបងប្រយ័ត្នខាងក្រោយខ្នង!”
អរុណក្រឡាស់ខ្លួនវឹបបែរទៅក្រោយ ដៃម្ខាងឈោងទៅចាប់កាំភ្លើងដែលសៀតនៅនឹងចង្កេះមកទុកការពារខ្លួនយ៉ាងរហ័ស។ ពន្លឺមួយគូដែលកំពុងសម្លឹងមើលមកពួកនាយនោះភ្ញាក់កន្ត្រាក់បន្តិច ហើយក៏រលត់ភ្លឹបបាត់ នៅសល់តែសំឡេងជាន់លើស្លឹកឈើប្រោកប្រាកបន្លឺជាប់កាន់តែឆ្ងាយទៅ។
បន្ទាប់ពីស្រឡាំងកាំងអស់មួយភ្លែត អ្នកទាំងពីរក៏ប្រញាប់រត់ទៅតាមប្រភពសំឡេងនោះ តែបន្តិចក្រោយមកបាត់ដាន គ្មានឮសូរសន្ធឹកអ្វីបន្តទៀត ទើបអរុណនិងសុនេត្រឈប់ដេញតាម ហើយសម្រេចត្រលប់មកទីកន្លែងដើមវិញ។
“ឯងដឹងទេថាមុននេះជាអ្វី?” អរុណសួរដើម្បីឱ្យប្រាកដចិត្តខ្លួនឯង។
សុនេត្របិទភ្នែក ជ្រួញចិញ្ចើមរិះគិតបន្តិចរួចពោល៖
“តាមសូរសំឡេងគ្រហឹម និងពន្លឺពណ៌លឿងអម្បាញ់មិញនេះ បើខ្ញុំទាយមិនខុសទេ វាគឺជាសត្វខ្លាធំ… ប៉ុន្តែគួរឱ្យស្ដាយដែលយើងតាមវាមិនទាន់!”
អរុណងក់ក្បាលតិចៗយល់ស្រប៖
“អាចថាយើងស្ដាប់ច្រឡំទេ? ព្រោះបើតាមរបាយការណ៍សត្វព្រៃ គេថាសត្វប្រភេទនេះលែងមានវត្តមាននៅក្នុងប្រទេសយើងយូរហើយ!”
“ខ្ញុំក៏ធ្លាប់ដឹងព័ត៌មាននេះដែរ អ៊ីចឹងហើយទើបបានជាខ្ញុំខំរត់មកតាមលោកបងដើម្បីឱ្យដឹងច្បាស់!”
“តាមពិតទៅខ្ញុំក៏គិតដូចឯងដែរ! កាលពីថ្ងៃមិញ ពេលដែលមកដល់ភ្លាម ខ្ញុំក៏ធ្លាប់បានឮសំឡេងស្រដៀងនេះម្ដងរួចមកហើយ ប៉ុន្តែពេលខ្ញុំចូលទៅរកស្រាប់តែមិនឃើញមានអីទៅវិញ!”
“ខ្ញុំមកនៅទីនេះជិត២ឆ្នាំហើយ តែពុំដែលឮសូរអ្វីសោះ… ឬមួយក៏វាសំងំលាក់ខ្លួននៅក្នុងព្រៃជ្រៅដែលយើងមិនដែលទៅដល់ ឬថាសត្វនេះទើបតែឆ្លងដែនមកពីប្រទេសជិតខាងយើងទេដឹង?”
“បើចង់ដឹងច្បាស់ មានតែរង់ចាំដល់ពេលព្រឹក ហើយសុនេត្រឯងត្រូវជូនខ្ញុំទៅស្នាក់ការត្រពាំងធ្មៀរវិញ ដើម្បីយកកាមេរ៉ាមកដាក់នៅក្នុងតំបន់ក្បែរនេះ ក្រែងលោមានដានថ្មី!”
“បាទបង!”
ថ្ងៃរសៀលបន្តិចបន្ទាប់ពីត្រលប់មកពីស្នាក់ការត្រពាំងធ្មៀរ អរុណនិងសុនេត្របានមកដល់ទីស្នាក់ការម្រើចវិញ ព្រមជាមួយឧបករណ៍ប្រើប្រាស់មួយចំនួនទៀតរួមមានកាមេរ៉ាស្វ័យប្រវត្តិជាច្រើនគ្រឿងមកជាមួយផង។ អរុណបែងចែកឧបករណ៍ទៅតាមក្រុម ដើម្បីដំឡើងទៅតាមទីកន្លែងដែលបានគ្រោងទុក ចំណែកកាមេរ៉ាមួយចុងក្រោយដែលនៅសល់ គេយកវាទៅដាក់នៅកន្លែងដែលខ្លួនសន្និដ្ឋានថាបានឮសំឡេងនោះលើកដំបូង។ ពេលរួចរាល់ អ្នកដើរសង្កេតមើលជុំវិញទីនោះម្ដងទៀតមុននឹងចាកចេញ។
នៅតាមបណ្ដោយដងទន្លេ ទឹកហូរប៉ប្រះជាមួយថ្មដែលផុសរកេតរកូត បន្ទរឱ្យកើតជាបទភ្លេងធម្មជាតិ បំពេរអារម្មណ៍អ្នកកំលោះឱ្យនឹកភ្នកដល់រឿងរ៉ាវដែលបានកើតឡើងកន្លងមកតាំងពីខ្លួនបានមកដល់ទីនេះ។
រំពេចនោះ សូរគ្រហឹមច្រៀងរបស់មនុស្សស្រីលាន់ឮរងំចេញពីមាត់ទន្លេមកប៉ះត្រចៀកដ៏វៃរបស់អរុណ។ នាយឧទ្យានុរក្ស ដើរលបៗទៅឈរអែបនឹងគម្ពោតព្រៃមួយគុម្ពដែលដុះនៅជិតនោះ សន្សឹមៗអើតមើលទៅឯទីដែលសំឡេងប្រតិដ្ឋឡើង។
“ខត្តិយា?!”
អរុណភ្លាត់មាត់បញ្ចេញសំឡេងតិចៗ សឹងមិនចង់ឮខ្លួនឯងផង តែបែរជាធ្វើឱ្យម្ចាស់កាយដែលកំពុងលេងទឹកភ្ញាក់ ស្ទុះជ្រមុជខ្លួនទៅនឹងទឹកទន្លេទាំងមុខក្រហមងាំង។ អ្នកកំលោះប្រញាប់យកដៃបិទភ្នែករួចបែរខ្នងដាក់នាងវិញ។
ដោយរវល់ភាន់ភាំងនឹងភាពវាងវៃក្នុងការស្ដាប់សំឡេងរបស់នាង អរុណនៅតែបន្តឈរឆ្ងក់ ឥតទាន់បានដើរចេញពីទីនោះនៅឡើយ។ ខត្តិយាក៏ប្រញាប់រូតរះឡើងពីទឹក ស្រវាយកសំពត់ស្បៃមកគ្របដណ្ដប់រាងកាយស្រឡូនស្រឡះរបស់នាង។
“លោកឧទ្យានុរក្ស!”
សំឡេងនាងក្រមុំនៅជិតបង្កើយ។ អរុណបើកភ្នែកមកស្រាប់តែឃើញស្រស់ស្រីឈរនៅទល់ចំពីមុខនាយ ធ្វើឱ្យគេភ្ញាក់ រៀបចំទឹកមុខស្ទើរមិនត្រូវ។
“អឺ… សុំ… សុំទោសផង អម្បាញ់មិញនេះ ខ្ញុំគ្មានចេតនាមកលបមើលអ្នកនាងងូតទឹកទេ គឺខ្ញុំគ្រាន់តែដើរកាត់ ហើយឮសូរសំឡេងគ្រហឹមទើបដើរចូលមកមើល ស្រាប់តែឃើញថាជាអ្នកនាង!”
“ចាស! មិនអីទេ!” មាណវីនិយាយខ្លី អមមកជាមួយស្នាមញញិមស្រស់បំព្រង។
នៅពីក្រោយផ្កាដែលកំពុងរីកលើបបូរមាត់នារី អរុណបែរជាសង្កេតឃើញពីភាពរឹងមាំ និងមិនចេះខ្លាចរបស់នាង។ តាមធម្មតា ជាស្រីក្រមុំគួរតែនឹកខ្មាសអៀនដែលមានមនុស្សប្រុសសង្ហាៗដូចជាគេ មកលបមើលនៅមាត់កំពង់ទឹកបែបនេះ តែនាងមិនត្រឹមមិនអៀន ថែមទាំងហ៊ានដើរមកឈរកៀកក្បែរ និងចោលផ្កាស្នេហ៍មកធ្លាក់ទើរលើបេះដូងទុគ៌តរបស់នាយថែមទៀត។
“នេះអ្នកនាងពិតជាមិនប្រកាន់មែនអ្ហែ?”
ខត្តិយាសើច បញ្ចេញធ្មេញតូចៗសដូចជាផ្កាម្លិះដែលគេយកមកដោតតម្រៀបគ្នា ហើយវាចាតបទៅវិញ៖
“ចាស! ខ្ញុំមើលដឹងថាលោកឧទ្យានុរក្សគ្មានបំណងអាក្រក់ទេ!”
“នេះអ្នកនាងជឿជាក់លើខ្ញុំដល់ថ្នាក់ហ្នឹងផង?”
“គួរនិយាយថា ខ្ញុំជឿជាក់លើក្រសែភ្នែកខ្លួនឯងច្រើនជាង! ខ្ញុំកម្រមើលមនុស្សខុសណាស់!”
ទោះបីជានាងមិននិយាយបន្ថែមឃ្លាចុងក្រោយនេះ ក៏កាយវិការជិតស្និទ្ធរបស់នាងបានប្រាប់អ្នករួចហើយថានារីម្នាក់នេះមិនដែលខ្លាចអ្នក មិនតែប៉ុណ្ណោះ ពន្លឺព្រិចៗក្នុងកែវភ្នែករបស់ខត្តិយា បង្ហាញថានាងកក់ក្ដៅពេលដែលបាននៅក្បែរៗជាមួយគេ។
អ្នកកំលោះងាករកមើលឆ្វេងស្ដាំ ធ្វើឱ្យធីតាងឿងឆ្ងល់។
“លោករកមើលអ្វីដែរ?”
“អ្នកនាងមកងូតទឹកនៅទីនេះតែម្នាក់ឯងទេឬ?” អរុណសួរ ព្រមទាំងធ្វើចង្អុលទៅក្នុងទន្លេ ទីដែលនាងសំងំលេងទឹកមុននេះ។
“ចាស!”
“មិនខ្លាចទេ? ក្នុងព្រៃស្ងាត់បែបនេះ ហ៊ានមកងូតទឹកតែម្នាក់ឯងផង!”
ខត្តិយាសើចមកបន្ថែមជាបន្តបន្ទាប់ ធ្វើឱ្យបេះដូងនាយស្ទើររលាយក្លាយទៅជាក្រមួន។
“លោកកុំភ្លេចណា៎ថាទីនេះគឺជាទឹកដីរបស់ខ្ញុំ!”
“តែអ្នកនាងក៏មិនគួរប្រហែសខ្លួនដែរ ព្រោះមួយរយៈនេះករណីបទល្មើសមានច្រើនជាហូរហែរ បើចួនជាចៃដន់សំណាងមិនល្អប្រទះនឹងពួកមនុស្សមិនល្អ អ្នកនាងប្រាកដជា…!” អរុណមិនចង់បញ្ចប់ឃ្លា ទុកឱ្យនាងកាត់ន័យយល់ដោយខ្លួនឯង។
“អរគុណ! ថ្ងៃក្រោយខ្ញុំនឹងប្រយ័ត្នខ្លួនឱ្យច្រើនជាងនេះ! រួចចុះលោកមកម្ដុំនេះមានការអ្វីដែរ?”
“អូ៎! គឺខ្ញុំមកដាក់កាមេរ៉ាស្វ័យប្រវត្តិនៅម្ដុំដែលយើងចួបគ្នាកាលពីថ្ងៃមុននោះ… រួចហើយក៏ដើរមើលជុំវិញម្ដុំនេះក្រែងលោមានពួកជនល្មើសមកទីនេះទៀត!”
មាណវីញញិមបន្តិចតែមិននិយាយអ្វីបន្ត ហាក់ដូចជាកំពុងគិតរឿងអ្វីមួយដែលគ្មាននរណាដឹង។ ដៃឈោងយកក្អមទឹកមកកណ្ដៀត រួចឈានជើងដើរទៅតាមមាត់ទន្លេ ដោយមានអរុណដើរតាមធ្វើជាអង្គរក្សពីក្រោយ។ ថ្ងៃនេះខត្តិយាបួងសក់លាវ ដោតផ្កាត្របែកព្រៃពណ៌ស្វាយពីរបីពីលើ បញ្ចេញគល់កសខ្ចីបង្អួតភ្នែកកំលោះទីក្រុង។
អារុណទប់អារម្មណ៍មិនឱ្យអណ្ដែតអណ្ដូងផ្ដេសផ្ដាស ដោយបង្វែរជាសួរសំណួរទៅកាន់ខត្តិយា៖
“មែនហើយ ខ្ញុំមិនដែលបានចួបអ្នកផ្ទះរបស់អ្នកនាងសោះ តើពួកគាត់សុខសប្បាយជាទេ?”
តូចតន់បញ្ឈប់ជំហានភ្លាមៗ រួចបែរមុខមកមើលអរុណ ធ្វើឱ្យអ្នកកំលោះដែលដើរពីក្រោយទប់ខ្លួនពុំទាន់ ជ្រុលទៅប៉ះនាងបណ្ដាលឱ្យទ្រេតជំហរ តែសំណាងល្អដែលអរុណរហ័ស ស្ទុះទៅត្រកងកាយស្រីមកឱបជាប់ ធ្វើឱ្យមុខរបស់អ្នកទាំងពីរនៅជិតស្ទើរតែប៉ះគ្នា ។
ថ្វីបើរាងកាយគ្មានចលនា តែបេះដូងទាំងពីរដែលនៅក្បែរៗ លោតកញ្ជ្រោលស្ទើរផ្ទុះចេញពីដើមទ្រូងម្ដងៗ។ ប៉ុន្មានដង្ហើមដែលអ្នកទាំងពីរភាំងស្មារតី អ្វីៗនៅជុំវិញខ្លួនទៅជាទ្រឹងលែងមានចលនាកម្រើក ដូចជាកំពុងតែអៀននឹងទិដ្ឋភាពផ្អែមល្ហែមដែលកើតឡើងភ្លាមៗ។
ក្រមុំតូចភ្ញាក់ខ្លួន រុញកាយអរុណចេញ ហើយប្រញាប់រៀបចំកាយដែលប៉ះប្រុសកំលោះមុននេះឱ្យរៀបរយឡើងវិញ។ មុខនាងក្រហមរលោងគួរក្នាញ់ អរុណឃើញច្បាស់… វាក្រហមដូចផ្លែទ្រាលទុំ។
“សុំទោស!” ទាំងពីរនាក់ពោលឡើងព្រមគ្នា។
ខត្តិយាងាកខ្លួនត្រលប់ទៅវិញទាំងស្ងៀមស្ងាត់ ធ្វើឱ្យអរុណលែងហ៊ាននិយាយសួរនាំអ្វីតទៅទៀត។ ស្រស់ស្រីដើរទៅទម្លាក់ខ្លួនអង្គុយលើផែនថ្មមួយដុំ ដោយមានអរុណឈរនៅអែបនោះ។ ធីតាបញ្ចេញវាចាទាំងមុខស្រពោន៖
“ខ្ញុំគ្មានគ្រួសារទេ!”
“ថាម៉េច? អ៊ីចឹងបានន័យថាអ្នកនាងរស់នៅតែម្នាក់ឯងទេ?” អរុណជ្រួញចិញ្ចើមហាក់ដូចជាមិនចង់ជឿ។
“ចាស!”
ខត្តិយាដាក់មុខចុះ ហើយបន្តស្រាយចម្ងល់របស់នាយឧទ្យានុរក្ស៖
“តាមពិតទៅ កាលពីតូចខ្ញុំក៏ធ្លាប់មានឪពុកម្ដាយរស់នៅជាមួយដែរ… ឪពុករបស់ខ្ញុំ គឺជាមន្ត្រីឧទ្យានុរក្សម្នាក់ធ្វើការនៅឆ្ងាយពីទីនេះ តែក្រោយមក គាត់បានពលីជីវិតក្នុងពេលចុះបង្ក្រាបបទល្មើសព្រៃឈើ! ពេលឪពុករបស់ខ្ញុំស្លាប់ ខ្ញុំទើបតែមានអាយុ៣ឆ្នាំប៉ុណ្ណោះ… បន្ទាប់មកដោយសារតែម្ដាយរបស់ខ្ញុំចង់បន្តឆន្ទៈរបស់លោកពុក ទើបគាត់សុខចិត្តនាំខ្ញុំមករស់នៅក្នុងព្រៃនេះ! ពួកយើងតែងជួយដល់សត្វព្រៃដែលទន់ខ្សោយ ជាប់ក្នុងអន្ទាក់ពួកមនុស្សអាក្រក់ អាត្មានិយមទាំងនោះ ឱ្យបានរួចជីវិតទៅចួបគ្រួសារពួកគេវិញ!”
“ស្ត្រីដែលមានការលះបង់ និងឧត្តមគតិដូចជាម្ដាយអ្នកនាងពិតជាពិបាករកណាស់… ខ្ញុំសូមគោរពកោតសរសើរ!”
ខត្តិយាញញិមស្ងួតនឹងសម្ដីរបស់អរុណ។ ឃើញគេនៅស្ងៀមទំនងជាចាំស្ដាប់ ទើបនាងនិយាយរឿងរ៉ាវប្រាប់គេបន្ត៖
“គួរឱ្យស្ដាយ! កាលពីដប់បួនឆ្នាំមុន មានថ្ងៃមួយពេលដែលម្ដាយខ្ញុំកំពុងតែជួយដោះអន្ទាក់ឱ្យសត្វខ្លាមួយក្បាល ស្រាប់តែពួកពាលនោះមកទាន់ ហើយបាញ់កាំភ្លើងជាច្រើនគ្រាប់មកលើគាត់ ធ្វើឱ្យគាត់ត្រូវស្លាប់យ៉ាងវេទនា… ពេលនោះខ្ញុំនៅលេងជិតៗនៅដែរ តែបែរជាមិនអាចជួយអ្វីដល់គាត់បាន ក្រៅពីពួនឈរមើលពួកជនតិរច្ឆានទាំងអស់នោះលើកដៃផ្ដាច់ជីវិតម្ដាយរបស់ខ្ញុំយ៉ាងឃោរឃៅ…!”
តំណក់ទឹកថ្លាឆ្វង់ស្រក់បន្តមួយតក់លើថ្ពាល់រលោងម៉ដ្ដខៃ តែស្រីឥតលើកដៃជូតទេ។ ថានាងត្អូញត្អែរក៏បាន តែឱ្យតែនឹកឃើញដល់រឿងនេះពេលណា កែវភ្នែកមាតាដែលសម្លឹងរកមើលកូនស្រីនៅថ្ងៃនោះ ផុសឡើងនៅក្នុងខួរក្បាលរបស់នាងហាក់ដូចនៅថ្មីៗ។
បេះដូងអ្នកកំលោះដាច់ដោចជាបំណែក ក្រោយបានដឹងរឿងរ៉ាវជីវិតដ៏សែនជូរចត់របស់ខត្តិយា។ តាមបំណាច់បេះដូងដែលលបលួចលាក់ឆ្លាក់វង់ភក្ត្រាស្រី នាយចង់តែស្ទុះទៅត្រកងលួងលោមកុំឱ្យនាងក្ដុកក្ដួលពេក តែគេមិនអាចធ្វើបាន។ អ្នកដឹងថាខ្លួនជាកូនប្រុស មានតួនាទីរក្សាកិត្តិយសឱ្យមនុស្សស្រី ជាពិសេសចំពោះនារីដែលខ្លួនកំពុងចង់ផ្សាភ្ជាប់មនោសញ្ចេតនាជាមួយ។
“សុំទោសផង! ខ្ញុំគ្មានចេតនារម្លឹកបើកកកាយរឿងរ៉ាវមិនសប្បាយចិត្តរបស់ខត្តិយាទេ!”
ស្រស់ស្រីកក់ក្ដៅនៅពេលបានឮអរុណប្ដូរពីការហៅនាងថាជាអ្នកនាង មកជាការហៅឈ្មោះចំៗវិញ។
“ចាសមិនអីទេ!” ខត្តិយាស្រដីតិចៗ។
ទាំងពីរនាក់ស្ងាត់ស្ងៀមមួយស្របក់ ទុកពេលឱ្យដៃគូធ្វើចិត្ត។ អរុណបានត្រឹមលួចសម្លឹងមុខខត្តិយាយ៉ាងស្ងៀមស្ងាត់។ ទឹកភ្នែកមួយតំណក់ហើយមួយតំណក់ទៀត ស្រក់ហូរចុះមកប្រលែងលើភក្ត្រដើម្បីរំសាយភាពតានតឹងក្នុងចិត្តស្រី។ អរុណឃើញដូច្នោះ នាយបម្រុងយកដៃទៅជូតទឹកភ្នែកឱ្យនាង តែក្រមុំភ្ញាក់ខ្លួនគេចមុខចេញ ។
“ឱ្យខ្ញុំសុំទោស! ខ្ញុំគ្រាន់តែចង់…” អរុណដកដៃចេញវិញព្រោះគិតថាខត្តិយាភ័យ។
“អរគុណ! ខ្ញុំមិនអីទេ… ខ្ញុំគ្រាន់តែនឹកដល់ពួកគាត់តែប៉ុណ្ណោះ!”
អរុណញញិមស្រាល ភ្នែកសម្លឹងទៅរកតូចតន់ ហើយងក់ក្បាលតិចៗជាការលួងលោមដល់មិត្តនារី។ អាកាសធាតុចាប់ផ្ដើមចុះត្រជាក់ ស្បៃរាត្រីចាប់ផ្ដើមបាំងបិទស្រទាប់មេឃា ។ ខត្តិយាក្រោកឈរឡើង ព្រោះគិតថាដល់ពេលដែលនាងត្រូវត្រលប់ទៅផ្ទះវិញ។
“ឱ្យខ្ញុំជូនដំណើរខត្តិយាទៅគ្រាន់បានជាគ្នាផងល្អទេ?”
“ខ្ញុំថាកុំអីល្អជាង! ខ្ញុំអាចមើលថែខ្លួនឯងបានហើយ ម៉្យាងខ្ញុំខ្លាចក្រែងថាលោកឧទ្យានុរក្សនឹងពិបាករកផ្លូវត្រលប់មកវិញផង!”
ខត្តិយាបែរខ្នងបម្រុងចេញទៅ ស្រាប់តែអរុណចាប់ដៃនាងជាប់។ ស្រស់ស្រីបែរមុខមកមើលអរុណនិងហត្ថាធំៗ កក់ក្ដៅ ដែលកំពុងមានវត្តមាននៅលើដៃនាង។
“ខត្តិយាភ្លេចយកក្អមទឹកទៅហើយ!”
ខត្តិយាសើចខឹក អស់សំណើចហួសចិត្តនឹងខ្លួនឯង ធ្វើឱ្យអរុណបានចិត្តក៏ស៊កសម្ដីថែមទៀត៖
“ក្អមដាក់ទឹកតូចៗអ៊ីចឹងខត្តិយាប្រើគ្រាន់ដែរ? បើមិនយល់ទាស់ ចាំថ្ងៃក្រោយខ្ញុំមកជួយដងល្អទេ?”
“ចាស! អរគុណបំណងល្អហើយ តែមិនហ៊ានរំខាន ព្រោះខ្ញុំឥតមានប្រាក់បៀរវត្សបើកឱ្យលោកឧទ្យានុរក្សទេ!”
ខត្តិយាតបទាំងមិនបែរមុខមកមើលនាយ។ អរុណដឹងថាតាមពិតទៅនារីតូចម្នាក់នេះក៏ចេះអៀនដែរ ដូច្នោះក៏មិនហ៊ានញ៉េះញ៉ោះអ្វីទៀត។ អ្នកបានត្រឹមតែឈរតាមមើលដំណើរនាងក្រមុំដើរចេញទៅ ទាំងបេះដូងពេញទៅដោយក្ដីអាណិតស្រឡាញ់។
មួយរយៈនេះ បទល្មើសព្រៃឈើនិងសត្វព្រៃ ធ្វើឱ្យអរុណ សុនេត្រឈឺក្បាលវិលមុខមិនឈប់។ ក្រុមឧទ្យានុរក្សទាំងអស់ផ្អាកធ្វើការហ្វឹកហាត់ក្នុងជំរុំ ដោយត្រូវបំបែកគ្នាចុះល្បាតតាមក្រុមវិញ។ ចំណែកអរុណក៏ត្រូវនៅក្នុងទីស្នាក់ការម្រើចបន្តទៀតដើម្បីជួយសុនេត្រនិងសហការីឯទៀតធ្វើការ។ ភារកិច្ចរបស់នាយគឺ គ្រប់គ្រងនិងបែងចែកក្រុមយាមល្បាត ព្រមទាំងរង់ចាំទទួលព័ត៌មានផ្សេងៗដើម្បីកំណត់មុខសញ្ញា និងទីកន្លែងធ្វើការរបស់ពួកជនល្មើសទាំងនោះ។
រំលងទៅជិតមួយសប្ដាហ៍ទម្រាំតែមេក្រុមរបស់យើងបានទំនេរដៃ។ ល្ងាចនេះអរុណស្លៀកពាក់យ៉ាងស្អាតបាត ចេញកាណូតឆ្លងទៅត្រើយម្ខាង បំណងទៅចួបមុខនារីដែលនាយដេកនឹកស្រមៃរាល់រាត្រី។
ឆ្លងទន្លេរួចកាលណា នាយបន្តដំណើរដោយថ្មើរជើងចូលទៅក្នុងព្រៃ។ នៅតាមផ្លូវ អ្នកស្រាប់តែប្រទះនឹងសាកសពសត្វទន្សោងដែលត្រូវបានគេកាត់ក្បាល និងពន្លះសាច់អស់ បន្សល់ទុកតែគ្រោងឆ្អឹង ស្បែក និងជើង ហើយទំនងជាបម្រុងដុតកម្ទេចចោលដើម្បីបំបាត់ព័ស្តុតាង តែប្រហែលជាដោយសារពួកគេចាកចេញទៅទាំងប្រញាប់ប្រញាល់ ទើបពុំបាននៅមើលថារបស់ទាំងនេះដុតឆេះឬអត់?
អរុណដកទូរសព្ទថតព័ស្តុតាងទុក និងពិនិត្យមើលជុំវិញ ក្រែងលោនៅម្ដុំនេះមានអ្វីផ្សេងទៀតបន្សល់ដាន ដែលអាចជួយអ្នកកំណត់អត្តសញ្ញាណជនល្មើសបាន។ ភ្លាមនោះស្រាប់តែអ្នកឮសូរសម្រឹបជើងមនុស្សម្នាក់ដើរមកពីក្រោយខ្នង…
“លោកឧទ្យានុរក្ស! កំពុងធ្វើអីហ្នឹង?”
សំឡេងដ៏ផ្អែមស្រទន់បានទាក់ទាញអារម្មណ៍ម៉ួហ្មងរបស់អរុណមុននេះឱ្យរសាយចេញ ហើយជំនួសមកវិញនូវពន្លឺកែវភ្នែកដ៏មានរស្មីដូចជាព្រះអាទិត្យរះចិញ្ចែងចិញ្ចាចរបស់គេ។
នរៈបែរមុខទៅរកតូចតន់ មិនទាន់ទាំងបានឆ្លើយផង ខត្តិយាស្រាប់តែយកដៃខ្ទប់មាត់ក្រោយពេលឃើញឆ្អឹងអសុភសត្វ រួចបន្លឺវាចាទាំងភ្ញាក់ផ្អើល៖
“សត្វទន្សោង?”
អរុណងក់ក្បាលតិចៗ ព្រមជាមួយដង្ហើមធំ៖
“ពួកជនល្មើសទាំងនេះ កាន់តែរីកថ្លើមពីមួយថ្ងៃទៅមួយថ្ងៃហើយ!”
ខត្តិយាធ្លាប់តែឃើញអរុណរួសរាយបានសម្ដី តែថ្ងៃនេះឃើញគេដូចជាតានតឹង នាងមានអារម្មណ៍ដឹងភ្លាមថាអ្វីៗគឺកំពុងប្រែកាន់តែអាក្រក់ទៅៗហើយ។
“ក្រុមរបស់លោកមិនទាន់ចាប់ពួកគេបានទេ?”
អរុណគ្រវីក្បាលយឺតៗ ជាចម្លើយតបទៅមិត្តនារី។
“ចុះលោកចង់ចាត់ការយ៉ាងម៉េចទៀត ចំពោះរឿងនេះ?”
“ចាប់ពួកជនខិលខូចទាំងនេះឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន មិនអ៊ីចឹងទេយើងអាចនឹងពិបាកស្មានពីលទ្ធផលណាស់!”
ខត្តិយាលូកដៃមកគោះថ្នមៗពីលើដៃអរុណដើម្បីលើកទឹកចិត្ត៖
“ខ្ញុំជឿជាក់ថាក្រុមរបស់លោកប្រាកដជាអាចចាប់ពួកមនុស្សអាក្រក់ទាំងនោះមកដាក់ទោសបានឆាប់ៗណា៎!”
អរុណបបួលខត្តិយាចេញពីទីកន្លែងនោះ ចំណែកនាងក៏មិនបានបដិសេដដែរ ព្រោះពេលឃើញគេមិនសប្បាយចិត្ត ក្នុងអារម្មណ៍របស់នាងក៏ស្រណុកដូចគ្នា។ នៅតាមផ្លូវអរុណមិនមាត់មិនក ភាំងៗ ព្រោះកំពុងគិតរឿងដែលប្រទះមុននេះ ទើបខត្តិយានាំអ្នកនិយាយដើម្បីបន្ធូរបរិយាកាស។
“លោកអរុណ! ធ្លាប់ស្ដាប់រឿងនិទាន «ជាតិខ្លាធំ» ដែរឬទេ?”
“បាទ? មិនធ្លាប់ទេ! តែពេលនេះស្រាប់តែចង់ស្ដាប់! ខត្តិយាអាចនិទានឱ្យខ្ញុំស្ដាប់ផងបានទេ?” អរុណញញិមដាក់ខត្តិយា។
“ខ្ញុំនិទានរឿងនេះឱ្យលោកស្ដាប់ក៏បាន តែលោកត្រូវសន្យាឱ្យរបស់ម៉្យាងមកខ្ញុំ!”
“ខត្តិយាត្រូវការអ្វី? ឱ្យតែអាចរកឱ្យបាន ខ្ញុំរីករាយនឹងរកមកឱ្យ!”
“ពេលនេះខ្ញុំនឹកមិនទាន់ឃើញទេ ខ្ញុំនឹងប្រាប់លោកពេលណាខ្ញុំនឹកឃើញ តែកុំភ័យរបស់នោះមិនហួសពីសមត្ថភាពរបស់លោកទេ!”
អរុណងក់ក្បាលយល់ព្រមទទួលសន្យា។
ធីតាសោភាដើរទៅអង្គុយលើវល្លិ៍ឈើធំមួយដែលធ្លាក់សំយុងចុះមកក្រោមដូចជាទោង ហើយក៏ចាប់ផ្ដើមនិទានរឿងប្រាប់នរៈសង្ហាដែលឈរចាំស្ដាប់នៅក្បែរនោះ…
“និទានតំណាលថា កាលពីព្រេងនាយ មានព្រះមហាក្សត្រមួយព្រះអង្គ សោយរាជសម្បត្តិនៅនគរមួយ មានអគ្គមហេសីជាចមស្ត្រី មានមន្ត្រីចតុស្ដម្ភបួននាក់ និងហោរាម្នាក់! ថ្ងៃមួយព្រះរាជាទ្រង់ចង់យាងទៅរៀនសិល្បសាស្ត្រ! ពេលរៀនចប់ត្រលប់មកវិញ ចួនជាវង្វេងក្នុងព្រៃគ្មានអាហារសោយ ព្រះរាជាក៏ជំនុំនឹងមហេសី ហោរា និងមន្ត្រីទាំងបួន ដើម្បីកាឡាខ្លួនជាសត្វខ្លាធំដើម្បីចាប់សត្វឆីជាចំណីគ្រាន់ចម្អែតក្រពះទម្រាំនឹងធ្វើដំណើរទៅដល់នគរវិញ! ស្រុះស្រួលគ្នាហើយ ព្រះអង្គក៏បានកាឡាខ្លួនមុនគេជាក្បាលខ្លាដែលមើលទៅឃើញសម្បើមអស្ចារ្យ ព្រោះតួអង្គព្រះមហាក្សត្រមានឫទ្ធិជាងគេទាំងអស់! ដងខ្លួនដែលទន់ភ្លន់ គឺបានមកពីអគ្គមហេសីជាស្ត្រីភាព! ឯជើងទាំងបួនដែលមានកម្លាំងខ្លាំង ហើយមានក្រចកមុត គឺចតុស្ដម្ភទាំងបួននិងអ្នកនៅសល់ក្រោយគេត្រូវកាឡាខ្លួនជាកន្ទុយ! សត្វខ្លាធំនេះកាលនឹងចាប់សត្វជាអាហារ គឺដឹងដោយសារកន្ទុយជាមុនព្រោះជាហោរា នោះឯង!”
ក្រមុំព្រៃភ្នំភូមិភាគឦសាន មិនត្រឹមតែស្រស់ស្អាតនោះទេ និទានរឿងក៏ពូកែ ចេះលើកដាក់សំឡេងតាមឃ្លាឃ្លោងធ្វើឱ្យកំលោះទីក្រុងស្ដាប់ជក់ត្រចៀក ឡើងភ្លឹកដល់បេះដូង។ រឿងនិទានបានបញ្ចប់ ខត្តិយាហៅអរុណពីរ-បីដង ទម្រាំតែនាយភ្ញាក់ស្មារតីមកវិញ។
អរុណនឹកខ្មាសមាណវី ទើបអ្នកយកដៃមកអង្អែលសៀតផ្កាហើយសួរទៅតូចតន់៖
“ពីរោះណាស់! ខ្ញុំទើបតែបានដឹងរឿង “កំណើតសត្វខ្លាធំ” នៅពេលនេះឯង! … អូ៎! និយាយអ៊ីចឹងខត្តិយានៅក្នុងព្រៃនេះយូរហើយ តើមានធ្លាប់បានឃើញសត្វខ្លាធំដែរទេ?”
ខត្តិយាដៀងភ្នែកមើលអរុណដោយកិរិយាងឿងឆ្ងល់៖
“អឺ… ពុំធ្លាប់ឃើញទេ! ម៉េចបានជានៅសុខៗលោកបែរជាសួរពីរឿងនេះទៅវិញ?”
“និយាយទៅក៏ខត្តិយាមិនជឿដែរ… កាលពីថ្ងៃដែលបានចួបនាង ខ្ញុំបានឮសូរសំឡេងស្រែករោទ៍ចម្លែកម៉្យាង ដែលខ្ញុំជឿថាជាសំឡេងសត្វខ្លា ប៉ុន្តែពេលដែលខ្ញុំដើរទៅដល់បែរជាឃើញខត្តិយាទៅវិញ!”
“ចួនកាលលោកអាចនឹងស្ដាប់ច្រឡំក៏ថាបានណា៎!”
“មិនមែនតែម្ដងទេ… កាលពីយប់មួយនោះ ក្រោយពេលដែលពួកខ្ញុំធ្វើប្រតិបត្តិការបង្ក្រាបពួកលួចកាប់ឈើខុសច្បាប់ ខ្ញុំនិងឧទ្យានុរក្សម្នាក់ក៏បានឮសូរសន្ធឹកបែបនោះម្ដងទៀត ហើយគេក៏គិតថាវាជាសំឡេងរបស់សត្វនេះគ្នាដែរ គ្រាន់តែថា…”
“គ្រាន់តែថាយ៉ាងម៉េច?”
“យើងតាមវាមិនទាន់! គួរឱ្យស្ដាយណាស់ សត្វខ្លានេះត្រូវបានគេប្រទះឃើញនៅក្នុងប្រទេសយើងលើកចុងក្រោយតាំងតែពីឆ្នាំ២០០៧ មកម៉្លេះ… ក្រោយពីនោះមកពុំដែលមាននរណាឃើញវាម្ដងទៀតទេ ហើយអ្នកជំនាញក៏អះអាងថាសត្វខ្លាធំនេះបានចាកចេញពីប្រទេសកម្ពុជាយើងបាត់ទៅហើយ…”
មិនទាន់ចប់ប្រយោគស្រួលបួលផង ខត្តិយាស្រាប់តែនិយាយកាត់៖
“ទាំងអស់នេះសុទ្ធតែបណ្ដាលមកពីទង្វើរបស់ជនទុច្ចរិតទាំងនោះ… ពួកគេដាក់អន្ទាក់ និងមានកាំភ្លើងក្នុងដៃ… រឿងដែលកាន់តែគួរឱ្យស្អប់ទៀតនោះគឺ ពួកគេនាំគ្នាកាប់បំផ្លាញព្រៃឈើដែលជាជម្រករបស់សត្វខ្លា និងសត្វព្រៃផ្សេងៗទៀត ធ្វើឱ្យសត្វទាំងអស់នោះមិនអាចរស់នៅបាន!”
ឃើញនាងហាក់ដូចជារៀងប្រតិកម្មនឹងរឿងនេះ ទើបអរុណងក់ក្បាលតិចៗយល់ស្រប ហើយបង្វែររឿងរ៉ាវកុំឱ្យទៅជាតានតឹង៖
“អាចទេដែលថា សត្វខ្លាធំមួយក្បាលនោះកំពុងសំងំលាក់ខ្លួនក្នុងព្រៃនេះ នៅកន្លែងដែលគ្មាននរណាចាប់អារម្មណ៍?”
ខត្តិយាធ្វើមុខដូចជាកំពុងពិចារណាសម្ដីអរុណ៖
“ក៏អាចដែរ! ថ្វីបើខ្លាជាសត្វដែលកាចសាហាវ មានគ្រោះថ្នាក់ តែធម្មជាតិជាសត្វ ឬមនុស្សតែងតែស្រឡាញ់ជីវិត និងខ្លាចការគំរាមកំហែង ជាពិសេសពីពួកមនុស្សដែលគ្មានក្ដីមេត្តាទាំងនោះ!”
ដោយមិនបានតាំងចិត្ត ខត្តិយាភ្ញាក់កន្ត្រាក់ ព្រោះអរុណស្រាប់តែស្រវាចាប់ដៃរបស់នាង ទាញចូលទៅពួននៅក្រោយដើមឈើទាលធំមួយដើមក្បែរនោះ។
ខត្តិយាស្រឡាំងកាំង នាងសម្លឹងមើលមុខអរុណទាំងងឿងឆ្ងល់។ អរុណបែរមក យកចង្អុលដាក់ក្បែរមាត់របស់ខ្លួនជាសញ្ញាកុំឱ្យនាងនិយាយអ្វី រួចភ្នែកនាយត្របាញ់ឆ្ពោះទៅទិសដៅម្ខាងទៀងនៃដើមឈើដែលនាយកំពុងឈរ។ ខត្តិយាលបមើលតាមនាយ ស្រាប់តែឃើញមនុស្សពីរនាក់ដើរចូលមកអើតអើមៗ គួរឱ្យសង្ស័យ។
បុរសទីមួយដែលមានតឺនុយខោខូវប៊យអាវស្បែកពណ៌ខ្មៅ ខ្សឹបសួរ៖
“ឯងប្រាកដហើយមែនទេ ថាគ្មាននរណាតាមឯងមកដល់ទីនេះ?”
“បាទប្រាកដណាស់ លោកឆៃ! ខ្ញុំប្រយ័ត្នប្រយែងណាស់ ឥតហ៊ានឱ្យធ្លោយទេ!”
ជនម្នាក់ឈ្មោះ ឆៃ មានវ័យប្រហែលជាសាមសិបស្ដើង មានពាក់វ៉ែនតាខ្មៅបាំងគ្របមុខ។ ចំណែកឯម្នាក់ទៀតស្លៀកសម្លៀកបំពាក់ធម្មតា អរុណពុំបានឃើញមុខទេ ព្រោះគេឈរបែរខ្នងដាក់នាយ។
“ល្អ! នេះគឺថ្លៃឈ្នួលដែលឯងបានរាយការណ៍ឱ្យថៅកែកាលពីថ្ងៃមុន!”
“បាទអរគុណលោក! លើកក្រោយបើមានកិច្ចការអ្វីបានលុយ សូមកុំភ្លេចខ្ញុំឱ្យសោះ!”
“មិនអីទេ! ឱ្យតែឯងស្មោះត្រង់ជាមួយថៅកែ ឯងមិនខ្វះប្រាក់ចាយទេ! តែប្រយ័ត្ន… បើឯងហ៊ានតែក្បត់នឹងពួកយើង… នោះអាចមានរឿងអ្វីខ្លះកើតឡើង ឯងគួរតែដឹងហើយ!”
បុរសដែលទទួលប្រាក់ពីជនអាវប្រញាប់ស្រវេស្រវាយកលុយមកទុកក្នុងហោប៉ៅ។ សកម្មភាពលួចលាក់ សូកប៉ាន់ទាំងអស់របស់អ្នកទាំងពីរមិនបានរំលងពីក្រសែភ្នែកមុតស្រួចរបស់នាយឧទ្យានុរក្សយើងឡើយ គ្រាន់តែនាយពុំទាន់យល់ទាំងស្រុងថាពួកគេឃុបឃិតគ្នាពីរឿងអ្វី។
មុននឹងចាកចេញមនុស្សប្រុសដែលឈរបែរខ្នងដាក់នាយនោះ ឆ្លៀតបង្ហើបដំណឹងប្រាប់នាយឆៃ៖
“យកល្អមួយរយៈនេះ លោកគួរតែប្រាប់ថៅកែឱ្យផ្អាកសកម្មភាពសិនទៅ ព្រោះអាសុនេត្រ និងអរុណស្អីគេនោះកំពុងតែតាមស៊ើបអង្កេតតឹងរឹងណាស់!”
នាយឆៃឮដូច្នោះក៏បែរយ៉ាងរហ័សមកមើលមុខដៃគូ ហើយបន្ទោស៖
“ផ្អាកឬមិនផ្អាកឯងមិនបាច់ចេះដឹងទេ! មួយរយៈនេះថៅកែត្រូវលុយមកបង្វិល! ម៉្យាងយើងក៏ចង់ដឹងដែរថាពួកអាឧទ្យានុរក្សស្អីគេនោះ វាពូកែប៉ុនណាទៅ? យកល្អបើឯងឆ្លាតគួរជួយពង្វាងដានពួកវាវិញទើបត្រូវ ព្រោះឯងនេះក៏ចាយលុយថៅកែដែរវ៉ី!”
អរុណចាប់ផ្ដើមកាត់យល់នូវប្រភពនៃលុយដែលបានពីអំពើទុច្ចរិតរបស់បុរសនោះហើយ។ នាយក្ដាប់ដៃខឹងសឹងស្រកឈាមចេញមកក្រៅ តែមិនអាចធ្វើអ្វីបាន ព្រោះមិនទាន់ដល់ពេល។
នាយឆៃ ក្រោយពីបានផ្ដាំផ្ញើរួចក៏ប្រញាប់ចាកចេញទៅ។ បើតាមចិត្តអរុណប្រុងតាមដានដើម្បីឱ្យស្គាល់សម្បុករបស់ថៅកែនាយឆៃដែរ ប៉ុន្តែដោយសារបុរសម្នាក់នោះមិនព្រមចាកចេញទៅភ្លាមៗ ទើបនាយទ្រាំនៅលាក់ខ្លួនបន្ត… រឿងធំយ៉ាងនេះនាយមិនអាចវាយស្មៅបង្អើលពស់បានទេ។
“គេម្នាក់នោះជានរណា? ម៉េចក៏ដឹងរឿងចេញប្រតិបត្តិការរបស់ក្រុមឧទ្យានុរក្ស? ពុទ្ធោអ្ហើយ! ស្ដាយណាស់ដែលមិនដឹងថានាយដេត និងកូនចៅវានោះលាក់ខ្លួននៅទីណា!”
អរុណយកដៃទៅវាយដើមឈើដើម្បីបញ្ចេញកំហឹងក្រោយពេលពួកនោះចេញផុត។
“តាមទិសដៅដែលគេដើរចូលទៅអម្បាញ់មិញ ខ្ញុំគិតថាខ្ញុំអាចដឹងថាពួកគេនៅម្ដុំណា?” ខត្តិយានិយាយទាំងមិនដកភ្នែកពីទិសដៅដែលនាយឆៃដើរទៅ។
អរុណងាកមកមើលមុខនារីដោយក្ដីរំភើបភ្ញាក់ផ្អើលជាមួយនឹងដំណឹងដែលចេញពីមាត់នាង។
មានភាគបន្ត…
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ