រឿង៖ អ្នករត់បញ្ញើខ្មោច ភាគ២

-ខ្ញុំកែត ម៉ានុ…អ្នករត់បញ្ញើខ្មោច!

“Your order is about to time out, please deliver it as soon as possible….”

“បញ្ញើទំនិញរបស់អ្នកជិតដល់ម៉ោងហើយ សូមដឹកជញ្ជូនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន…”

សំឡេងសូរសារពីទូរសព្ទដៃបានបន្លឺឡើង ក្រើនរំឭកដដែលៗថា ជិតហួសពេលវេលាដឹករបស់បញ្ញើជូនគេហើយ ដឹងបែបនេះ ខ្ញុំប្រញាប់មួលហ្គែរបន្ថែមល្បឿន កាត់ចង្កូតម៉ូតូបត់ជ្រែងចូលផ្លូវតូច ផ្លូវលំមនុស្សដើរព្រោងព្រាត ចុចញាប់ដៃដោយស៊ីផ្លេម៉ូតូ ទឺតៗទឺត! លាន់សូរទ្រហឹងពេញដងផ្លូវ…

ពិតណាស់មានមនុស្សដូចខ្ញុំតែម្នាក់ប៉ុណ្ណោះ ហ៊ានធ្វើដូចនេះ ហើយមិនខុសទេ ដែលមានការឧទានពីក្រុមអ្នកធ្វើដំណើរឆ្លងកាត់ ស្រែកជេរក្ដែងៗតែម្ដង!

“យីស! វាប្រញាប់ទៅងាប់មែន! ជិះមិនដឹងទេថា នេះជាផ្លូវដើរសាធារណៈ!”

“អាចង្រៃយក៍! ប្រញាប់ទៅណាហែង?”

“ឆ្កួត…បើកលឿនអីដល់ម្លឹង! តិចទៅនរកវ៉ើយ!”     

“សូមទោសៗ ពូមីងអើយ! ម៉ានុ ប្រញាប់ដឹករបស់ដាក់ជូនភ្ញៀវ!”

ខ្ញុំស្រែកតបប្រាប់ទៅពួកគាត់វិញដោយការដឹងកំហុស ធ្វើម៉េចរបស់ត្រូវដាក់បញ្ញើវាសំខាន់…ហើយបើជិះតាមផ្លូវធម្មតា វាស្ទះចរាចរណ៍ពេក មានតែធ្វើបែបនេះ…ប្រើផ្លូវកាត់មួយនេះ ខ្ញុំអាចសន្សំសំច័យពេលវេលាបានដល់ដប់ប្រាំនាទីឯណោះ។

“ណ្ហើយ! ដល់ហើយ!” ខ្ញុំវ៉ៃជន្ទល់ម៉ូតូ ឈប់ចតនៅមុខទ្វារ សម្លឹងមើលនាឡិកា Smart Watch របស់ខ្លួន លេខឌីជីថលប្រាប់បង្ហាញ ម៉ោង ២និង០១នាទីរសៀលត្រឹម។

“ពុទ្ធោ! យឺតមួយនាទីទាល់តែបាន!”

ខ្ញុំរអ៊ូតែម្នាក់ឯង ព្រោះបើតាមខ្ញុំទទួលការដឹកបញ្ញើមួយនេះ គឺអ្នកទទួលសុំឱ្យដឹកមកដល់ត្រឹមម៉ោង២និង០០នាទីរសៀលដាច់ខាត…អ្វីដែលសំខាន់ ខ្ញុំទើបតែទទួលអីវ៉ាន់ផ្ញើមួយនេះ គឺ១៥នាទីមុននេះតែប៉ុណ្ណោះ!

ខ្ញុំសម្លឹងមើលទៅកាន់ផ្ទះល្វែងមួយខ្នងដែលជាអាសយដ្ឋានរបស់អ្នកទទួលសរសេរលើកញ្ចប់បញ្ជើ ច្បាស់លាស់ថាគឺនៅទីនេះហើយ ខ្ញុំចុចកណ្ដឹងមុខទ្វារ…

មិនបានប៉ុន្មានវិនាទីផង សំឡេងទ្វារបើក ជាមួយរូបរាងមនុស្សស្រីដែលខ្ញុំមានអារម្មណ៍ថាដូចប្រហែលៗ តែមិនច្បាស់ថាជានរណាឱ្យប្រាកដ ប៉ុន្ដែអារម្មណ៍ដែលនឹកចង់ដឹងនោះ ត្រូវជំនួសជាមួយនិង ការខឹងក្ដៅក្រហាយក្នុងចិត្ត ព្រោះតែសំឡេងគំរោះគំរើយ ស្រដីខ្លាំងៗពីនារីរូបស្រស់ខាងមុខខ្ញុំ…

 “ថ្មើរណេះទើបមកដល់? អ្នកដឹកជញ្ជូនក្រុមហ៊ុនលោក សេវាយឺតដូចសត្វ​អណ្តើកវាទៅទៀតនេះ…បើដឹងអ៊ីចឹង ខ្ញុំមិនខ្ចីប្រើសេវាដឹកជញ្ជូនមួយនេះទេ…បើអន់បែបនេះនោះ”

ពុទ្ធោ! នេះយឺតត្រឹម១នាទីសោះ សម្ដីទ្រគោះបោះបោកបែបហ្នឹង…នាងអើយនាង! អីក៏ចង់បានរហ័សដល់ថ្នាក់ហ្នឹង មានតែជិះរ៉ូកែតដឹកឱ្យហើយទើបបានទាន់ចិត្តនាង!

ឮសម្ដីគេពោលបែបនេះ ខ្ញុំលួចរអ៊ូក្នុងចិត្ត ដ្បិតបានចួបភ្ញៀវចរិតថ្លៃបែបហ្នឹងនោះ…ប្រាប់ត្រង់ពេលខ្លះ ខ្ញុំលែងចង់ដឹកបញ្ញើរបស់មនុស្សហើយ ដឹករបស់ខ្មោចវិញគឺវាប្រសើរច្រើនជាង…តែធ្វើម៉េចជីវិត បើមិនធ្វើការថ្ងៃទេ ដូចវាស្រណុកសុខស្រួលពេក! ណ្ហើយ! គិតថាថ្ងៃនេះស៊យទៅចុះ!

ខ្ញុំដៀងភ្នែកលួចសម្លឹងមើលទៅអ្នកខាងមុខឱ្យកាន់តែច្បាស់ ចង់ដឹងថាគេហ្នឹងជានរណា ស្រាប់តែខ្ញុំភ្ញាក់ក្រញាងពេលឃើញមុខនាង នឹកស្គាល់ថានាងជានរណា…

ព្រះអើយ! មនុស្សធ្លាប់ស្គាល់គ្នាសោះ!

ដឹងបែបនេះខ្ញុំនៅស្ងៀម រឹតតែលែងមានអារម្មណ៍ចង់ឆ្លើយតបនិងអ្នកម្ខាងទៀត ព្រោះដឹងច្បាស់ណាស់ថា អ្នកខាងមុខមានចរិតនិងអាកប្បកិរិយាបែបម៉េច ចិត្តគំនិតរបស់គេ បែបណា…ខ្ញុំដកដង្ហើមធំ រួចលូកយកកញ្ចប់អីវ៉ាន់ផ្ញើ និងប៊ិកហុចឱ្យទៅអ្នកម្ខាងទៀតសម្រាប់សរសេរស៊ីញ៉េទទួល។

ពេលនាងបានទទួលយកកញ្ចប់អីវ៉ាន់របស់ខ្លួន និងស៊ីញ៉េទទួលរួចហើយពីខ្ញុំនោះ  នាងទាញដបទឹកអាកុលបាញ់លាងជម្រះកញ្ចប់មួយនោះ និងលាងដៃខ្លួននិងជែលសម្អាតដោយកាយវិការគួរឱ្យជ្រេញ ធ្វើដូចវាប្រឡាក់ជាប់ដោយមេរោគចង្រៃយ៍…នេះប្រហែលគិតថា វាជាប់មេរោគទេដឹង?

ពុទ្ធោ! ធ្វើដូចជាអញនេះជាមេរោគ! នាង…នាងយ៉ាន!

ខ្ញុំលួចជេរក្នុងចិត្ត ពេលឃើញទឹកមុខនាងបង្ហាញពីភាពស្អប់ខ្ពើមលើរូបខ្ញុំ ធ្វើដូចជាខ្ញុំជាមេរោគកូវីដ១៩…អូ!…ភ្លេចប្រាប់នារីខាងមុខខ្ញុំ មានឈ្មោះថា កល្យាណ អតីតសង្សារស្រីខ្ញុំ មា្នក់កាលពួកយើងទាំងពីររៀននៅវិទ្យាល័យ!

“អា្ហ? នេះម៉ានុទេឬ? ពុទ្ធោ…បែកគ្នាច្រើនឆ្នាំហើយ នេះធ្លាក់ខ្លួនដល់ថ្នាក់ក្លាយជាអ្នកដឹកជញ្ជូនរបស់ឱ្យគេផងឬ ម៉ានុ? ខ្ញុំ អាណិតម៉ានុណាស់ មិនដឹងមានបាយទឹករកបានញុំាគ្រប់គ្រាន់ឬអត់ បើធ្វើជាអ្នករត់បញ្ញើបែបនេះ?”

សំឡេង​នាងបាន​ស្រែកខ្លាំងៗ ប្រកាសសម្ដែងធ្វើជាមនុស្សស្គាល់​គ្នា ខ្លាចខ្ញុំមើលមិនដឹងថា អ្នកខាងមុខខ្លួនជានរណាគេ?

ប្រាប់ត្រង់ នាងនិយាយសម្ដីបែបនេះមែន តែខ្ញុំឃើញផ្ទៃមុខនាងកល្យាណម្នាក់នេះបង្ហាញច្បាស់ណាស់ ក្រោយខ្នងធ្វើជាពេបមាត់ពេបជ្រាយ មាក់ងាយតែម្ដង…ពាក្យសម្ដីនាងនិងទឹកមុខនាងបង្ហាញ គឺវាក្បត់ខុសគ្នាទាំងស្រុងតែម្ដង…ខ្ញុំមិនយល់ទេ បែកគ្នាច្រើនឆ្នាំហើយ នេះនាងនៅស្អប់គុំគួនខ្ញុំទៀតឬ?

ខ្ញុំគិតទៅ នាងរៀនក៏បានខ្ពស់ មុខមាត់គ្រួសារក៏មានឋាន:មួយល្អក្នុងសង្គម រូបសម្រស់នាងវិញ ក៏ស្រស់ស្អាតមានមន្តស្នេហ៍ និងគួរឱ្យស្រលាញ់ ប៉ុន្តែបែរជានាងមានចិត្តចង្អៀត ឈ្នានីសគុំគួននិងអ្នកផ្សេងទៅវិញ…គិតទៅ មុខមាត់ស្អាតតែ ចិត្តមិនកើត។

“អូ! ជាកល្យាណទេឬ? សុខសប្បាយទេ!”

“ម៉ានុ មិនដឹងពិតមែនឬធ្វើល្ងង់មើលមិនដឹងឬ? មើលតែរូបរាងកាយសម្លៀកសំពាក់ខ្ញុំកំពុងជាប់ខ្លួននេះ មានតម្លៃរាប់ពាន់ដុល្លារ ម៉ានុមានឃើញនៅក្រោយខ្នងខ្ញុំ…ផ្ទះល្វែងក្នុងតំបន់មួយនេះ? នេះជាផ្ទះខ្ញុំកំពុងនៅ ធំស្អាតទេ?”

នាងសើចទប់មាត់ មើលខ្ញុំពីលើចុះក្រោម បែបចំអក រួចនិយាយបន្ថែម

“ម៉ានុដឹងទេ ផ្ទះល្វែងនេះ ខ្ញុំមិនមែនជាអ្នកទិញទេ ប៉ុន្ដែគឺសង្សារប្រុសសង្ហារបស់ខ្ញុំទិញវា ប្រគល់ជូនខ្ញុំទុកជាកាដូខួបគម្រប់១០០ថ្ងៃដែលយើងទាំងពីរស្គាល់គ្នា។ គិតទៅ នេះពិតជាសំណាងរបស់ខ្ញុំណាស់ដែលបានស្គាល់គេ ហើយខ្ញុំក៏មានភ្នែកមុតដែរ ចេះរើសមនុស្សប្រុសល្អសម្រាប់ខ្លួន! ម៉ានុ ប្រាប់ត្រង់ទៅចុះ ខ្ញុំមិនស្ដាយទេដែលសម្រេចចិត្តបោះចោលអ្នកឯងមុន! បើមិនបែកពីអ្នកដូច្នោះទេ ថ្មើរណេះខ្ញុំគ្មានអ្វីៗទាំងនេះទេ ឬមកត្រូវលំបាក ហត់នឿយជិះម៉ូតូកាត់ហាលថ្ងៃ ខ្មៅខូចស្បែកខ្ញុំអស់ផងមិនដឹង?” កល្យាណ និយាយសើចចំអកត្រង់ៗ មិនទុកមុខខ្ញុំតែម្ដង ប្រហែលជាចរិតក្ងោករបស់នាង គ្មានថ្ងៃអាចនឹងព្យាបាលជាទេមើលទៅ។

មាស កល្យាណ គ្រាន់តែជាកូនស្រីកើតចេញពីគ្រួសារដង្ខៅស្រុកស្រែម្នាក់ ហើយនាងស្គាល់ខ្ញុំក៏ព្រោះតែនាងបានផ្លាស់ប្ដូរមករស់នៅជាមួយបងប្អូន និងផ្លាស់មករៀននៅទីក្រុងព្រះសីហនុមួយរយៈតែម្ដង…

តាមខ្ញុំឮ ព្រោះតែមានបញ្ហាខ្លះក្នុងគ្រួសារនាង ឮថាដូចជំពាក់បំណុលធនាគារច្រើនពេក។ ចៃដន់អ្វី កាលពេលនាងរៀននៅវិទ្យាល័យពេលនោះ នាងនិងខ្ញុំបានអង្គុយតុជាមួយគ្នា។ យូរៗទៅ ប៉ូលទាំងពីររត់ចូលគ្នា… ម្នាក់ៗមានអារម្មណ៍ល្អ ប្រុសនិងស្រីបែបវ័យក្មេងជំទង់ រហូតសុំគ្នាធ្វើជាសង្សារ។

ប៉ុន្ដែគ្រប់យ៉ាងចាប់ផ្ដើមប្រែប្រួល ពេលមានវត្តមានរបស់វ៉ាទិយ៉ាចូលមក…នាងចាប់ផ្ដើមមានការប្រែប្រួល នាងសោះអង្គើយជាមួយខ្ញុំ ហើយចាប់ផ្ដើមធ្វើយកចិត្តបង្ហាញភាពស្និទ្ធស្នាលជាមួយវ៉ាទិយ៉ា លើសជាងមិត្តធម្មតា…

ខ្ញុំដឹងភ្លាមៗនោះ នាងចាប់ចិត្តស្រលាញ់វ៉ាទិយ៉ា…សិស្សមកថ្មីម្នាក់នោះ។ ប៉ុន្តែនាងមិននឹកស្មានថា វ៉ាទិយ៉ា គ្មានចិត្តជំពាក់ជាមួយនាងសោះ មិនចាប់អារម្មណ៍អ្វីនិងនាងសូម្បីតែបន្ដិច ផ្ទុយមកវិញ គេបែរជាក្លាយជាមិត្តល្អរបស់ខ្ញុំទៅវិញ រហូតដល់នាងខឹងទ្រាំមិនបាន សុំបែកពីខ្ញុំ រួចបង្កើតពាក្យចចាមអារាមថា ខ្ញុំប្រុសអាក្រក់ ខ្ញុំនេះហ្គេយ៍ ខ្ញុំនិងវ៉ាទិយ៉ា ជាសង្សារនិងគ្នា…នាងជាមេនាំភ្លើង ធ្វើឱ្យសិស្សក្នុងសាលាគេស្អប់លែងរាប់អានពួកខ្ញុំ។

ខ្ញុំពិតជាខ្វាក់ហើយតាំងពីដំបូង ទើបខ្ញុំអាចទៅទាក់ចិត្តនឹងស្រីប្រភេទនេះដោយរបៀបណា…អានុ​ អើយ ភ្នែកឯងប្រហែលមានបញ្ហាហើយ?

កល្យាណឃើញខ្ញុំមិននិយាយ នាងរឹតតែបានចិត្ត និយាយសើចចំអកដាក់ខ្ញុំបន្ថែមទៀតថា

“ម៉ានុ ដឹងទេ? អ្នកដែលខ្ញុំមើលងាយបំផុត គឺអ្នកក្រ ដូចបង រស់មួយថ្ងៃៗ គ្មានអ្វីភ័យខ្លាចពីរឿងអង្ករនៅក្នុងឆ្នាំងទេ…វាគួរឱ្យអាសូរណាស់….”  

រំពេចនោះ ស្រាប់តែមានបុរសម្នាក់ដើរចេញពីបន្ទប់ខាងក្នុង រួចស្រែកហៅនាង

“កល្យាណ ឈរធ្វើអីនៅទីនេះយូរម៉្លេះ?”

បុរស​ដែល​និយាយ​នោះ​មាន​អាយុប្រហែលសាមសិបឆ្នាំស្ដើង ខ្ពស់ សង្ហា ពីលើដល់ក្រោម គេប្រើការស្លៀកពាក់សុទ្ធតែជា​ម៉ាកល្បី​ ប៉ុន្តែ​មុខ​របស់គេ…ម្នាក់ប្រុសម្នាក់នេះ…គេគឺជា…គឺជា…

លោកគ្រូពេទ្យ យុធ…គ្រូពេទ្យឃាតករ!

លោកគ្រូពេទ្យយុធ សម្លឹងមើលខ្ញុំពី​លើ​ទៅ​ក្រោម​ដោយ​ក្រសែភ្នែកចាប់កំហុស មុខញញិមដែលមានអម្បាញ់មិញប្រែជាទឹកមុខក្រញូវមិនពេញចិត្តភ្លាម និយាយដោយសំឡេងស្មើ…

“ជាឯងទៀតហើយ! មកទីនេះធ្វើអី?”

ឮពាក្យសម្ដីពេទ្យ យុធ បែបនេះ កល្យាណក្បែរនោះ​ ចាប់ផ្ដើមប្រែទឹកមុខរាងខ្លាច…ប្រហែលនាងខ្លាចបែករឿងអតីតរបស់នាងដែលនាងធ្លាប់ជាសង្សាររបស់ខ្ញុំទេដឹង?

“នេះ បង យុធ ស្គាល់គេដែរឬ?”

“អូនស្គាល់ម្នាក់ប្រុសនេះឬ?”

“ចាស៎…គេនិងខ្ញុំ​ធ្លាប់រៀនជាមួយគ្នា គេ​ជា​សិស្សពូកែម្នាក់នៅក្នុងថ្នាក់” ​

“អូ!”

“តែបងកុំទៅខ្វល់ពីគេអី អ្នកខ្លះបានតែរៀនពូកែក្នុងថ្នាក់តែម្យ៉ាងទេ មើលចុះបច្ចុប្បន្ន គេក្លាយខ្លួនជាបែបនេះ…ធ្វើជាបុគ្គលិកដឹកជញ្ជូន រកប្រាក់ចិញ្ចឹមក្រពះមិនគ្រប់ផងក៏មិនដឹង? តែនិយាយអ៊ីចឹង ម៉េចក៏បងយុធ ស្គាល់គេដែរ? “

“គឺគេធ្លាប់ដឹករបស់ចម្លែក ផ្ញើមកឱ្យបង!”

“របស់ចម្លែក?”

“គ្មានអ្វីទេ អូនកុំទៅខ្វល់អី! កល្យាណ អូនចូលទៅក្នុង មើលម្ហូបដែលបងដាក់កម្ដៅលើចង្ក្រានបន្ដិចទៅមើល?”

“ចាស៎បង!”

មុននឹងនាងដើរចូលក្នុងផ្ទះ នាងមិនភ្លេចមកលួចដៀងភ្នែកមករកខ្ញុំ បែបឌឺដងពីក្ដីសុខរបស់ខ្លួនមកកាន់ខ្ញុំនោះទេ…ប៉ុន្ដែខ្ញុំមិនច្រណែន បែរជាអាណិតនាងទៅវិញ…

មិនដឹងថាក្ដីសុខក្លែងក្លាយនេះ វាស្ថិតស្ថេរយូរបានប៉ុនណា?

ពេលនាងចេញទៅបាត់ ពេទ្យយុធ បោះសម្ដីដោយសំឡេងសម្លុតមកជាមួយដាក់ខ្ញុំថា…

“បើដឹងខ្លួនហើយនោះ គួរតែបិទមាត់របស់ឯងផង! រឿងខ្លះមិនពាក់ព័ន្ធជាមួយឯង កុំចង់យកខ្លួនមកជំពាក់ជាមួយ” គេនិយាយរួច ក៏ដើរចូលក្នុងផ្ទះតាមក្រោយបាត់ទៅ!

ខ្ញុំបានតែសម្លឹងមើលពីក្រោយខ្នងរបស់គ្រូពេទ្យយុធ ចំហាយខ្មៅ គំនុំ ពិឃាតដែលចេញពីរាងកាយខាងក្រៅរបស់គេកាន់តែក្រាស់ខ្លាំងមែនទែន…ក្រាស់ជាងពេលដែលគេចួបគេពីមុន…នេះសរបញ្ជាក់បានថា អំពើអាក្រក់ដែលគេបានធ្វើ វារឹតតែច្រើន កើនតាមផ្សែងខ្មៅក្រាស់ទាំងនោះ!

នេះបែកគ្នា ប៉ុន្មានថ្ងៃសោះ…គ្រូពេទ្យ ម្នាក់នេះបានសាងអាក្រក់អ្វីខ្លះច្រើនដល់ថ្នាក់នេះហ្នឹង? នាមជាគ្រូពេទ្យ គេគួរតែជាអ្នកសង្គ្រោះមនុស្ស មានពន្លឺរស្មីព័ទ្ធជុំវិញ តែមើលចុះអ័ព្ទខ្មៅស្រអាប់ស្ទើរតែបាំងបិទរាងកាយរបស់គេ…ហ៊ើយ! ហើយនេះ កល្យាណ អាចជាជនរងគ្រោះបន្ដរបស់គេមែនទេ?

​ទឹកមុខរបស់ខ្ញុំផ្លាស់ប្តូរ ហើយខ្ញុំបានមើលមក អ្នកដែលកំពុងសម្រាកក្នុងហោប៉ៅអាវរបស់ខ្ញុំ ដោយសំឡេងមាំ៖          

“វ៉ាទិយ៉ា…នេះជាស្នាដៃរបស់ឯងឬ? ច្បាស់ណាស់ខ្ញុំមិនគិតថា វាជារឿងចៃដន់នោះទេ ឯងប្រាកដជាមានចេតនាឱ្យខ្ញុំទទួលបញ្ញើមួយនេះ ដើម្បីធ្វើខ្ញុំបានជួបនាង ជួយនាងហើយមើលទៅ? តែខ្ញុំមិនចង់ពាក់ព័ន្ធរឿងនេះទេ…”

“…” វ៉ាទិយ៉ា នៅស្ងៀម

“អាមិត្តខ្មោច! កុំមកធ្វើពុតនៅស្ងៀមបែបនេះនោះ ប្រាប់ឱ្យឆាប់មក ហេតុអ្វីលើកនេះ ឯងចេញមកឈឺឆ្អាលចេះដឹងពីរឿងបញ្ញើរបស់ខ្មោចស្រីមួយនោះ? ឬមួយឯងនិងខ្មោចស្រីម្នាក់នោះមានអ្វីជាប់ពាក់ព័ន្ធជាមួយនិងគ្នា ដែលខ្ញុំមិនបានដឹងមែនទេ? វ៉ាទិយ៉ា​ ឯងកុំគិតថា នៅស្ងៀមបែបនេះ វារួចខ្លួនហើយនោះ!”

“អានុ ខ្ញុំក្លាយជាខ្មោចហើយ ឯងនៅរំខានខ្ញុំទៀតឬ? ឯងនេះ គិតច្រើនតែម្នាក់ឯងពេកហើយ…ខ្ញុំគ្រាន់តែទទួលការងារពីមេក្រុមតែប៉ុណ្ណោះ!”​ វ៉ាទិយ៉ា ឆ្លើយតបមកវិញ

“ខ្ញុំមិនជឿពាក្យឯងពោលនោះទេ គិតថាខ្ញុំមិនស្គាល់មេក្រុមជាមនុស្សបែបណា ហ្អាស? តែនិយាយទៅ បើឯងមិនមែនព្រោះតែខ្មោចស្រីម្នាក់នោះទេ ឬមួយឯងនៅមានចិត្តលើកល្យាណ? មិនអាចទេ…នាងមិនស័ក្តិសមនិងឯងទេ! មនុស្សស្រីដូចនាង ស័ក្តិសមជាមួយមនុស្សប្រុសសំរាមបែបហ្នុងហើយ! កម្មពៀរពិតជាមានមែន!”

“តែឯងប្រាកដចិត្តហើយឬ? ថានឹងមិនគិតចង់ជួយនាង…នាងក៏ធ្លាប់ជាអតីតមិត្តស្រី ឬអាចថាជាអ្នកស្គាល់គ្នា សិស្សរៀនជាមួយឯងដែរ” វ៉ាទិយ៉ា

“ម៉េចដាច់ចិត្តនិយាយសុំខ្ញុំបែបនេះហើយឬ? ប្រាប់តាមត្រង់មក ព្រោះអ្វីទើបឯងចង់ពាក់ព័ន្ធរឿងនេះ…វ៉ាទិយ៉ា ឯងក៏ដឹងមែនទេ ពេទ្យយុធ គេមិនមែនជាឃាតករធម្មតា ងាយស្រួលដោះស្រាយទេ!”

“អូខេ ប្រាប់ឯងក៏បាន! គិតថាលើកនេះ ខ្ញុំសុំពឹងឯងជួយគ្នាមួយទៅចុះ បានទេ? វិញ្ញាណខ្មោចដូចជាខ្ញុំ បើត្រូវចាប់កំណើតជាថ្មីត្រូវតែកាត់ផ្ដាច់ពីនិស្ស័យជាតិជាមនុស្ស ជម្រះអស់ពីភាពសៅហ្មងកាលពីខ្លួននៅរស់…ប៉ុន្ដែឯងមានដឹងទេ រឿងមួយទៀតដែលសំខាន់ដែលធ្វើឱ្យខ្មោចដែលស្លាប់ទៅ មិនអាចបន្ដដំណើរទៅភពខាងមុខបានទៀត គឺព្រោះរាងកាយរបស់គេ(សាកសព)មិនគ្រប់លក្ខណៈឬបាត់សាកសព!”

“មានន័យយ៉ាងម៉េច?”

“កាលគេស្លាប់ដោយមានលក្ខណៈមិនពេញលេញ សាកសពរបស់គេអាចព្រោះតែមកពីរឿងឃាតកម្ម ឬគ្រោះថ្នាក់អ្វីមួយជាដើម…ដូចកញ្ចប់បញ្ញើរបស់ខ្មោចស្រីម្នាក់នោះ រូបរាងដើមរបស់នាង អាចក៏ឃើញដែរថានាងមានតែក្បាល ដៃទាំងពីរ និងជើងមួយគូតែប៉ុណ្ណោះ…នាងបាត់បង់ដងខ្លួនទាំងមូល!”

“អ្ហា? នាងគ្មានដងខ្លួន មិនមែនព្រោះតែនាងចង់លេងខ្ញុំ…បំភ័យលងឱ្យខ្ញុំខ្លាចនាងទេឬ?”

អា្ហហ៍! និយាយដល់រឿងនេះ ខ្ញុំសូមរម្លឹកការចងចាំគួរខ្លាចមួយ…តាំងពីខ្ញុំទទួលបញ្ញើខ្មោច ខ្ញុំតាំងចិត្តហើយថាមិនខ្លាច តាំងចិត្តថាព្រមទទួលយករូបភាពចម្លែកៗ គួរឱ្យខ្លាចៗជាច្រើននៅនិងមុខ ប៉ុន្ដែនោះជាលើកទីមួយដែលខ្ញុំឃើញវិញ្ញាណខ្មោចស្រីដែលមានរូបរាងអាក្រក់ គួរឱ្យខ្លាចបំផុត កាន់ប្រអប់ខ្មៅមួយហុចជាបញ្ញើ…ប្រអប់ខ្មៅដែលខ្ញុំប្រគល់ឱ្យលោកគ្រូពេទ្យយុធ។ ចង់ដឹងទេ ពេលខ្ញុំចួបនាងដំបូង គឺមានទិដ្ឋភាពបែបណានោះ…

លើដងវិថីដ៏ស្ងាត់ជ្រងំ មានតែភ្លើងបង្គោលមួយកំពុងបំភ្លឺផ្លុងៗ មានស្រមោលនារីសក់វែងអូសដល់ដី អ្វីដែលចម្លែក កម្ពស់នាងទាបណាស់ ប្រហែលមិនដល់មួយម៉ែត្រពីដីផង តែអ្វីរឹតតែគួរឱ្យខ្លាចទៀត  គឺពេលខ្ញុំនៅឈរមុខនាង នាងសម្លឹងមើលក្រោមក្រសែភ្នែកត្រជាក់ គ្រាប់ប្រសីភ្នែកទាំងគូក្រហមឆេះដូចដុំភ្លើង បើកភ្នែកធំៗ បួញមាត់ញញិមពព្រាយ សើចហាចេញមកបញ្ចេញធេ្មញខ្មៅកខ្វក់ពេញដោយចង្កូមល្អិតៗ មុតស្រួចដូចធ្មេញម៉ាស៊ីនរណា…

អ្វីដែលវាខុសប្លែកមិនដូចធម្មតានោះគឺនាង…អ្នកដែលនៅមុខខ្ញុំ…គឺ…គឺមានតែក្បាល ដៃដែលកំពុងហុចប្រអប់ខ្មៅនោះមកឱ្យខ្ញុំ និងជើងសស្រឡូនត្រឹមជង្គង់មួយគូតែប៉ុណ្ណោះ…នាងគ្មានដងខ្លួនទាំងមូល មិនដឹងបាត់ទៅណា!!!

“ទេ! ឯងកុំគិតថាខ្មោចដូចជាខ្ញុំនេះ​ វាអាក្រក់ពេក! ការពិតខ្មោចគួរឱ្យអាណិត និងមិនគួរឱ្យខ្លាចដូចមនុស្សធ្លាប់គិតនោះទេ បើគេដឹងពីរឿងហេតុខាងក្រោយរបស់ពួកខ្មោចដូចយើង!”

“អូហ៍? វ៉ាទិយ៉ា…គិតទៅតាំងពីឯងក្លាយជាខ្មោចមក ខ្ញុំមានអារម្មណ៍ថាឯង​ទុទិ្ទដ្ឋិនិយមជាមួយជីវិតរស់នៅជាមនុស្សណាស់”

“ខ្ញុំនិយាយពាក្យពិត វាសមហេតុសមផលមែន! មិនឃើញទេឬ មើលរូបរាងខ្មោចនាងចុះ ឯងគ្រាន់តែឃើញនាងភ្លាម ឯងខ្លាចគិតអាក្រក់ពីលើរូបនាងទៅហើយ…ឯងមានដឹងថាខ្មោចនាងឈឺចាប់ពេលណា ពេលបាត់បង់ដងខ្លួននិងរូបរាងអាក្រក់បែបនេះ…កុំគិតថាខ្មោចមិនចេះឈឺចុកចាប់នោះ! ខ្មោចក៏ជាជីវិតមួយដែរ ប្រាប់ឱ្យដឹង!”

“អូខេៗ លោកមិត្តខ្មោចរបស់ខ្ញុំ! បានហើយ ឯងប្រាប់ខ្ញុំមក បំណងរបស់ឯងជាអ្វីឱ្យប្រាកដ? ចង់ឱ្យខ្ញុំជួយអ្វីដល់ឯង?”

“ខ្ញុំចង់ឱ្យឯងជួយរករាងកាយរបស់នាង…ខ្ញុំមិនចង់ឱ្យនាងរស់នៅជាខ្មោចរូបរាងបែបនេះទេ! ខ្ញុំចង់ឱ្យចាប់កំណើតជាថ្មីម្ដងទៀត”

“នាងត្រូវជាអ្វីនិងឯង? កុំចង់ប្រាប់ខ្ញុំថា ឯងមិនស្គាល់នាងនោះ…វាមិនមែនជា វ៉ាទិយ៉ា ដែលខ្ញុំស្គាល់នោះទេ បើឯងនិយាយបែបនេះ!”

“នាង…នាងជាបងស្រីរបស់ខ្ញុំ?”

“បងស្រីរបស់ឯង?” ខ្ញុំភ្ញាក់ពេលឮគេប្រាប់ខ្ញុំបែបនេះ…និយាយទៅ ទោះបីខ្ញុំនិងគេសិ្នទ្ធស្នាលគ្នាខ្លាំងមែន ប៉ុន្ដែរឿងគ្រួសាររបស់វ៉ាទិយ៉ា ខ្ញុំមិនសូវដឹងឮពីមាត់របស់គេប៉ុន្មាននោះទេ…ដឹងតែគេមកទីនេះ ព្រោះប៉ារបស់គេមានធុរៈចាំបាច់ត្រូវបំពេញនៅខ្មែរប៉ុណ្ណោះ រឿងដទៃទៀតខ្ញុំមិនសូវដឹង ហើយក៏មិនសូវខ្វល់ប៉ុន្មានដែរ

“អ៊ឹម…នាងជាបងស្រីរបស់ខ្ញុំ ម្ដាយទីទៃផ្សេងគ្នា…ឯងក៏ដឹងមូលហេតុខ្ញុំនៅទីនេះ ព្រោះតែប៉ារបស់ខ្ញុំត្រូវមកខ្មែរ ហើយហេតុផលសំខាន់គឺគាត់ត្រូវស្វែងរកកូនស្រីម្នាក់ទៀតដែលរស់នៅទីនេះ ហើយនោះគឺជានាង…នាងឈ្មោះ ម៉ាឡាវី”

“ចុះហេតុអ្វីបានជានាងក្លាយជាបែបនេះ?”

“រឿងខ្លីនិយាយស្រួលយល់…នាងចាញ់បោកប្រុស ហើយម្នាក់នោះ ក៏ឯងបានស្គាល់គឺលោកគ្រូពេទ្យយុធ”

“សម្រេចទៅ គ្រូពេទ្យយុធជាឃាតករសម្លាប់បងស្រីរបស់ឯង ហើយឯងចង់ឱ្យខ្ញុំជាអ្នករកដងខ្លួន(សព)នាង ត្រូវទេ?”

“ហ្នឹងហើយ គឺវាអ៊ីចឹង!”        

“ប្ដឹងប៉ូលីសទៅវាមិនល្អទេឬ?”

“ឯណាព័ស្ដុតាង សំអាងហេតុផលអ្វីយកទៅចោទគ្រូពេទ្យរោគចិត្តនោះ?”

“មែនហើយ…គ្មានព័ស្ដុតាង មានតែសាក្សី និងជនរងគ្រោះជាខ្មោច ប៉ូលីសឯណាជឿ! បើអ៊ីចឹងលេងផ្លូវត្រង់មិនបាន លេងផ្លូវងងឹតទៅ…មិនមែនខ្មោចខ្លាំងពូកែ លងបំភ័យឱ្យបះសក់ សន្លប់ញាក់ញ័រតែម្ដងទៅ?”

“នេះឯងគិតថាខ្មោចដូចខ្ញុំ វាពូកែដូចគេលេងក្នុងកុនរឿងមែន…ការពិតឋានមនុស្សនិងឋានខ្មោចគឺដាច់ដោយឡែកពីគ្នា…បើខ្មោចពូកែខ្លាំងមែន ឋានមនុស្សវឹកវរជាមិនខាន ហើយខ្ញុំក៏មិនមែនមកសុំពឹងឱ្យឯងជួយដែរ អានុ!”

“ហឹម…ធ្វើបែបនេះក៏មិនបាន គិតបែបនោះក៏មិនត្រូវ អ៊ីចឹងគួររកវិធីអីល្អដោះស្រាយជួយឯងបានទៅ? នេះមិនមែនជារឿងធម្មតាៗទេវ៉ើយ…គ្រោះថ្នាក់ដល់ជីវិត ប៉ះឃាតករគ្រូពេទ្យរោគចិត្តសម្លាប់មនុស្សមិនញញើតបែបនេះ ខ្ញុំមិនចង់យកខ្លួនទៅក្បែរទេ!”

“និយាយចុះនិយាយឡើង ឯងជួយឬមិនជួយ?” សំឡេងវ៉ាទិយ៉ា រាងញ័រដោយអាការៈខឹង…ទោះបីខ្ញុំមិនឃើញមុខគេ ក៏ឮសំឡេងគេ​​ ខ្ញុំដឹងគេកំពុងខឹងនិងខ្ញុំឡើយញ័រខ្លួនហើយមើលទៅ។

“អូខេ…អូខេ ខ្ញុំយល់ព្រមជួយឯងក៏បាន!”

“អរគុណ ហើយឯង”

ចុងក្រោយខ្ញុំនៅតែយល់ព្រមទទួលពាក្យវាទាល់តែបាន…ពេលខ្លះគិតថាខ្ញុំខ្លួនឯងជាមនុស្សកំសាក អ្វីដែលខ្ញុំចង់បានគឺជីវិតរស់នៅបែបធម្មតា សាមញ្ញងាយៗដូចអ្នកដទៃ មានអាហារចំណីញុំា មានគ្រែពូកដេក មានប្រាក់ចាយគ្រប់គ្រាន់ហើយសម្រាប់ខ្ញុំ…ខ្ញុំមិនដែលគិតចង់ធ្វើជាវីរៈបុរសក្លាហានជួយនរណាឡើយ។ ប៉ុន្ដែប្រហែលខ្ញុំមានអំណោយពិសេស កើតមកខុសគេរួចស្រេចទៅហើយ ខ្ញុំក៏ត្រូវទទួលបន្ទុកមួយដែលអ្នកដទៃគ្មាន…គឺបញ្ញើ(បំណងប្រាថ្នា)ខ្មោច!

នៅមានត…

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*