រឿង៖ អ្នករត់បញ្ញើខ្មោច ភាគ៤

ថ្ងៃដែលនាងស្លាប់…

ខេត្តព្រះសីហនុ

អាគារអាផាតមិន សិខារត្ន

បន្ទប់ជួល៤០៣

ខ្ញុំទាញរាងកាយដែលហត់នឿយពីការដឹកជញ្ជូនដាក់របស់បញ្ញើតាំងពីព្រឹកដល់ថ្មើរណេះត្រលប់មកដល់បន្ទប់អាផាតមិនជួលវិញ ខ្ញុំទម្លាក់ខ្លួនដេកលើគ្រែពូកទន់ល្មើយរបស់ខ្លួន សម្លឹងមើលទៅកាន់ពិដានបន្ទប់ ដកដង្ហើមធំនិយាយ៖

–  អាយ៉ា ឯងគិតថាវិធីនេះល្អហើយឬ?

ខ្ញុំនឹកដល់មធ្យោបាយ វិធីដែលវ៉ាទិយ៉ា មិត្តខ្មោចរបស់ខ្ញុំផ្ដល់យោបល់ ក្នុងការជួយរករាងកាយដែលបាត់បង់​របស់បងស្រីវា ប៉ុន្ដែខ្ញុំស្ដាប់ហើយ ខ្ញុំមានអារម្មណ៍ថាប្រើការមិនកើតសោះ។​

ឮខ្ញុំហៅគេ អាយ៉ា បែបនេះ វ៉ាទិយ៉ា​បណ្ដែតបង្ហាញខ្លួននៅក្បែរខ្ញុំ គេធ្វើមុខខឹង ហើយលើកដៃខោកខ្ញុំមួយក្រញរ លាន់ឮសូរ…ឃូស!!!

– អូយ!!! នេះឯងកើតថីហ្អាស!

– អានុ ប្រាប់ឯងប៉ុន្មានដងហើយថា កុំហៅឈ្មោះខ្ញុំបែបនេះទៀត ខ្ញុំមិនពេញចិត្តឮទេ?

– អួយ…លោកខ្មោច វ៉ាទិយ៉ា! បើហៅឈ្មោះរបស់ឯងតែម្ដងហ្នឹង គឺវាវែងពេក ពិបាកហៅណាស់…ហៅយ៉ា យ៉ាខ្លីបែបនេះគឺវារត់មាត់ស្រួល ហើយហេតុអ្វីឯងចាំបាច់ខឹងនោះ? ខ្ញុំមិនយល់ពីឯងសោះ បើគេដទៃឮទៅ គ្នាមិនថាទេ តែនេះមានតែគ្នាយើង២នាក់ប៉ុណ្ណោះហ្នឹង…ឯងទៅខ្លាចខ្មាសពីណា! លោកអើយ ក្លាយខ្លួនជាខ្មោចហើយ នៅតែមានចរិតប្រកាន់ច្រើនបែបនេះទៀត!

– ម៉េចក្លាយជាខ្មោច គ្មានសិទ្ធិមែន? អានុ! វ៉ាទិយ៉ា ជាឈ្មោះរបស់គ្នា!

លើកនេះ វ៉ាទិយ៉ា សង្កត់សំឡេងច្បាស់ៗប្រាប់ទៅកាន់ខ្ញុំ…ខ្ញុំឃើញគេបែបនេះ ក៏រាងដឹងខ្លួនខុសដែរ ក៏បែរងាកមុខចេញពីក្រសែភ្នែករបស់គេ ហើយបន្លឺសំឡេងឡើង

– អូខេៗ លោកខ្មោចវ៉ាទិយ៉ា! លើកក្រោយខ្ញុំលែងហ៊ានហៅឈ្មោះឯងខុសទៀតហើយ តែនេះបានហើយ ចូលសាច់ការណ៍រឿងរបស់យើងវិញ។ រឿងដែលឯងគិតថា ឱ្យខ្ញុំទាក់ទងនាងកល្យាណនោះ វាល្អដែរឬ? ឯងក៏ដឹង នាងមើលមកខ្ញុំដូចសំរាមគគ្រិច មានមេរោគបែបនេះ តើនាងនេះឬដែលជឿលើរឿងដែលខ្ញុំនឹងប្រាប់នាងថា សង្សារដែលនាងគិតថាជាទេវបុត្រអស្ចារ្យម្នាក់នោះ ជាឃាតករឃោឃៅកំណាចពាក់ស្រោមមុខនោះ?

– ខ្ញុំយល់ពីអ្វីដែលឯងចង់និយាយ ប៉ុន្ដែនាងជាមនុស្សចុងក្រោយដែលទាក់ទងពាក់ព័ន្ធជាមួយគ្រូពេទ្យយុធ ពួកយើងវាគ្មានជម្រើសច្រើននោះទេ…ឯងក៏ដឹងពេលវេលាយើងមានកំណត់!

– ដឹងហើយ! ឯងកុំបង្ខំខ្ញុំពេកទៅមើល៎! (ខ្ញុំរអ៊ូ) ឯងក៏ដឹងដែរនេះជាលើកទី១ ដែលខ្ញុំត្រូវមកជាប់ពាក់ព័ន្ធរឿងឃាតកម្មបែបនេះ…វ៉ាទិយ៉ា ខ្ញុំជាមនុស្សណា៎ ខ្ញុំនៅស្រឡាញ់ជីវិតខ្លួនឯង!

– អូខេ…ខ្ញុំសូមទោសឯង តែ…

– ដឹងហើយ ខ្ញុំទទួលពាក្យឯងហើយ ខ្ញុំនឹងធ្វើវា!

– អរគុណហើយ ប្រាប់តាមត្រង់ខ្ញុំមិនគិតចង់យកឯងមកពាក់ព័ន្ធរឿងនេះទេ ប៉ុន្ដែ…

-មិនអីទេ…យើងទាំងពីរនាក់ជាមិត្តនឹងគ្នា។ ប្រាប់ត្រង់ខ្ញុំស្ញើចទឹកចិត្តរបស់ឯងណាស់ ទោះបីឯងក្លាយជាខ្មោចក៏ឯងនៅមិនចាកចោលគ្នា ដូច្នេះបើរឿងប៉ុណ្ណឹង ខ្ញុំមិនយល់ព្រមជួយឯងនោះ តើខ្ញុំធ្វើខ្លួនជាមិត្តឯងដោយរបៀបណា? វ៉ាទិយ៉ា កុំគិតច្រើនពេក ខ្ញុំនឹងសម្រេចពាក្យសន្យាមួយនេះ…

– អរគុណឯងហើយ! អ៊ីចឹងឯងមានតែត្រូវទ្រាំអតីតមិត្តស្រីរបស់ឯងសិនទៅ!

– ទ្រាំដឹងតែវាទ្រាំហើយ ប៉ុន្ដែនេះខ្ញុំមិនប្រាកដចិត្តហ្នឹងណា ថាធ្វើយ៉ាងម៉េចឱ្យនាងជឿលើពាក្យរបស់ខ្ញុំនោះ? ខ្ញុំដឹងចរិតនាងច្បាស់ បើនាងឮខ្ញុំនិយាយពីរឿងអាក្រក់របស់សំណព្វចិត្តរបស់នាង លោកគ្រូពេទ្យយុធនោះ នាងច្បាស់ជាគិតថា ខ្ញុំនេះធ្វើខ្លួនជាមនុស្សច្រណែន មានចិត្តលួចមួលបង្កាច់ ចង់បំបែកបំបាក់នាងជាមិនខាន…ស៊យទៀតនុះ នាងខលទៅប្ដឹងប៉ូលិសហៅគេមកចាប់ខ្ញុំដាក់គុកហើយវ៉ើយ! ហុហុ…អនិច្ចាណាស់ មនុស្សចិត្តល្អតែក្រដូចខ្ញុំ!

– ឯងនេះបានហើយ អានុ! កុំមើលនាងក្នុងភាពអាក្រក់ពេក!

– ហ៊ឺស…ក៏បាន ខ្ញុំតាំងចិត្តជាព្រះ មើលលោកក្នុងផ្លូវល្អទៅចុះ! តែណេះរឿងដែលត្រូវធ្វើដំបូងនោះ តើខ្ញុំគួរតែទាក់ទងនាងដោយរបៀបណា? ប្រាប់មុនឱ្យហើយ ខ្ញុំគ្មានលេខទូរស័ព្ទរបស់នាងនោះទេ!

– ឯងគ្មាន តែខ្ញុំមាន! អ៊ីចឹងកុំបារម្ភ យកលេសបន្ថែមទៀតនុះ! អានុ នេះលេខទូរស័ព្ទដៃនាង ដែលខ្ញុំបានមកពីកញ្ចប់អីវ៉ាន់ផ្ញើដែលនាងបានកុម្ម៉ង់ ខ្ញុំបានលួចកត់រក្សាលេខទូរស័ព្ទរបស់នាងទុក…ខ្ញុំដឹងថាឯងយកលេសនេះជាមិនខាន!

– ហ៊ឹម…អ៊ីចឹងល្អហើយ! ឯងហៅលេខរបស់នាងបន្ដិចមក! ខ្ញុំសាកហៅទូរស័ព្ទនិយាយជាមួយនាងតែម្ដង…បើនិយាយគ្នាស្រួល តាមទូរស័ព្ទតែម្ដង សម្រេចបានក៏ល្អម្យ៉ាង មិនបាច់ចួបមុខគ្នានៅខាងក្រៅទៀត!

– អូខេ…លេខទូរស័ព្ទរបស់នាងនោះគឺ 0XX XXX XXX

ម៉ានុ ដកដង្ហើមធំ រួចទាញទូរស័ព្ទខ្លួន ខលហៅចូលទៅកល្យាណ

ទឺតៗទឹត!!! សំឡេងទូរស័ព្ទចូលទៅខ្សែម្ខាងទៀត!

ខ្ញុំឃើញលេខវិនាទីបង្ហាញលើអេក្រង់ទូរស័ព្ទ សបញ្ជាក់ឱ្យដឹងច្បាស់ថាខ្សែអ្នកម្ខាងទៀតបានលើកទទួលលេខទូរស័ព្ទដែលខ្ញុំហៅរួចហើយ ខ្ញុំរង់ចាំស្ដាប់សំឡេងចេញពីម្ខាងទៀត ប៉ុន្ដែស្ងាត់សូន្យមិនឮអ្វីសោះ…៣០វិនាទីហើយ នៅតែមិនឮសូរអ្វី ខ្ញុំក៏ប្រញាប់និយាយសួរទៅអ្នកម្ខាងទៀត ខ្លាចក្រែងគេបិទដាក់ទូរស័ព្ទចុះ!

– សួស្ដី កល្យាណ…នេះខ្ញុំ…ខ្ញុំម៉ានុ អ្នកដឹករបស់ឱ្យកល្យាលពីថ្ងៃមិញនោះអី! ចាំខ្ញុំទេ!

ទឺត!!! ទឺត! សំឡេងបិទទូរស័ព្ទរបស់អ្នកម្ខាងទៀត!

– ពុទ្ធោអើយ…នេះមានរឿងអីឱ្យប្រាកដហ្នឹង! គ្រាន់តែឮឈ្មោះ អញភ្លាម នាងនេះបិទទូរស័ព្ទភ្លាមតែម្ដង!

– អានុ ឯងមិនគិតថាចម្លែកទេ?

– ចម្លែករឿងអី? ខ្ញុំគិតរួចហើយ នាងយ៉ាននេះ ជាមនុស្សចរិតបែបហ្នឹង! យើងមាន យើងមានផលប្រយោជន៍ឱ្យគេ ទើបគេរាប់រក…ដល់យើងក្រ យើងគ្មានអ្វី មើលមុខយើងគេមិនចង់មើលផង នេះកុំចាំបាច់សួររឿងចង់ចួបគ្នានោះ…ហេងស៊យអីគេគិតថាយើងនឹងទៅសុំលុយគេខ្ចីទេដឹងផង…គេខ្លាចគេមិនហ៊ានមកជិតទេ!  

– ឯងនេះ កុំមានគំនិតអវិជ្ជមាន អាក្រក់ពេក លើកល្យាណ! ទោះបីជាខ្ញុំមិនស្គាល់នាងយូរច្រើនជាង​ឯង តែខ្ញុំក៏ដឹងថា នាងមិនមានចិត្តអាក្រក់ខ្មៅដល់ម្លឹងពេកទេ ហើយមិនគិតថានាង ល្ងង់ខ្លៅមើលមិនយល់ថាមួយណាល្អមួយណាមិនល្អនោះដែរ! អានុ ឯងភ្លេចគិតហើយឬ ថាគ្រូពេទ្យយុធ ពេញដោយចំហាយខ្មៅអវិជ្ជមានព័ទ្ធជុំវិញខ្លួនគេខ្លាំងប៉ុនណា ហើយឯងក៏ដឹងពីផលឥទ្ធិពលអវិជ្ជមានដែលបង្កដោយចំហាយអ័ព្ទខ្មៅអវិជ្ជមាន អ៊ីចឹងទោះចង់ឬមិនចង់ អ្នកដែលនៅក្បែរគេ ក៏ត្រូវទទួលរងផលប៉ះពាល់អាក្រក់ពីចំហាយងងឹតដែលចេញពីលោកគ្រូពេទ្យយុធនោះផងដែរ!

-ហ៊ឺស…តែប្រាប់ត្រង់ទៅចុះ ខ្ញុំពិតជាមិនចង់ចួបនាងនោះទេ!

– ចង់ឬមិនចង់ ឯងក៏ត្រូវសាកល្បងធ្វើវាទៅចុះ…អានុ ឯងគិតថាសន្សំបុណ្យ សាងកុសលជួយនាងផងដែរទៅ មិនឮពាក្យចាស់ពោលថា ជួយជីវិតមនុស្សម្នាក់ ដូចគេសាងចេតិយ៧ជាន់!

– បានហើយ គ្នាសាកខលទៅម្ដងទៀតទៅចុះ!

រ៉ឹងៗរ៉ីង!!!

ទឺត!!! ទឺត! សំឡេងបិទទូរស័ព្ទ

»ទូរស័ព្ទដែលអ្នកកំពុងហៅត្រូវបានបិទ…

ខ្ញុំចាប់ផ្ដើមប្រែប្រួលទឹកមុខ មានមន្ទិលសង្ស័យ លេខទូរស័ព្ទដៃដែលខលចូលអម្បាញ់មិញសោះ ស្រាប់តែមិនអាចទំនាក់ទំនងគ្នាបានទៅវិញ!

នេះមានរឿងអីកើតឡើងចំពោះនាងមែនទេ? កុំប្រាប់ថា…(ខ្ញុំមិនហ៊ានគិតនឹកទៅដល់)

– វ៉ាទិយ៉ា ឯងគិតថា នាងនឹងត្រូវលោកគ្រូពេទ្យម្នាក់នោះ ធ្វើស៊ីទេ?

– លឿនពេកហើយទេដឹង? តែនេះ…ខ្ញុំក៏មិនប្រាកដចិត្តដែរ អានុ ធ្វើម៉េចយើងទៅយល់ពីគំនិតរបស់មនុស្សរោគចិត្តដូចជាគ្រូពេទ្យយុធ!

– បើបែបនេះ តើយើងគួរតែធ្វើយ៉ាងម៉េចល្អទៅ? ប្ដឹងប៉ូលិសទេ? រឿងនេះកាន់តែលូក ខ្ញុំមានអារម្មណ៍ខ្លួនឯងកាន់តែលង់ផុងខ្លួនជ្រៅ…មិនល្អសោះ!

– ប្ដឹងប៉ូលិស ឯងនេះយកខួរជ្រូកមកគិតទេឬ? ប៉ូលិសទំនេរណាស់ មកទទួលពាក្យបណ្ដឹងរបស់ឯងនោះ? អ្វីសំខាន់ឯងហៅទូរស័ព្ទប្ដឹងប៉ូលិស ឯងប្ដឹងពីបទអ្វី? ចង់ប្ដឹងព្រោះតែនាងមិនទទួលទូរស័ព្ទរបស់ឯងឬ? ហើយនេះមានសួរខ្លួនឯងទេ ឯងនិងនាងត្រូវជាអ្វី? អតីតសង្សារកាលពីវិទ្យាល័យហ្នឹងឬ…អានុ អើយ កាលណាឯងធំ ចេះប្រើខួរឱ្យឆ្លាតជាងនេះទៅ!

– អាវ…នេះឯងមកថាស្ដីឱ្យខ្ញុំចំៗម៉្លេះ​ ហ្អាស! នរណាគេ ជាអ្នកបញ្ឆេះឱ្យខ្ញុំហ្នឹងជួយនាង? ហើយនេះពេលនាងកំពុងមានគ្រោះថ្នាក់ ឯងបែរជារារាំងមិនឱ្យជួយទៅវិញ! វ៉ាទិយ៉ា នេះបើមិនប្ដឹងប៉ូលិស តើឱ្យយើងធ្វើយ៉ាងម៉េចវិញ? ឯងមានវិធីអី ប្រាប់មើល៍!

– អានុ ខ្ញុំនេះឬជាអ្នករារាំងឯង? គ្រាន់តែវិធីដែលឯងប្រើប្រាស់នោះ គឺវាមិនបានការ ហើយយករឿងដាក់ខ្លួនឯងទៀត..នេះចង់ឱ្យខ្ញុំថា ឯងនេះ វាភ្លើមែន?

– ឆឺស…ហើយចុះ លោកខ្មោចឆ្លាត ប្រាប់វិធីរបស់ឯងមើល  ធ្វើយ៉ាងម៉េចវិញ?

– ខ្ញុំ…ខ្ញុំកំពុងគិត!

– មិនដឹងដូចតែគ្នាសោះ តាំងខ្លួនជាអ្នកពូកែ លោកអើយ!

ខ្ញុំស្មានមិនខុសទេ មិត្តខ្មោចរបស់ខ្ញុំហ្នឹង បានតែទ្រស្ដី តែអនុវត្តវិញ គឺសូន្យដូចតែគ្នាហ្នឹង ឱ្យតែដល់ពេលត្រូវការរកវិធីច្បាស់លាស់អី វាគិតមិនចេញមិនខុសពីខ្ញុំដែរហ្នឹង…

កំពុងតែគិតត្រិះរិះយ៉ាងក្រញាញ់ខួរទាំងពីរនាក់មនុស្សនិងខ្មោច ស្រាប់តែវត្តមានអ្នកទី៣ មកពញ្ញាក់ខ្ញុំ លួសព្រលឹងរត់ចេញពីខ្លួនអស់!

– វៈអើយ!!

– ពុទ្ធោ បងរីផា! បងមកលេងខ្ញុំម្ដងណា មិនព្រមឱ្យសញ្ញាជាមុនសោះ…នេះបងចង់ឱ្យខ្ញុំគាំងបេះដូងស្លាប់ទាំងក្មេងមែនទេ?

– អាវ…ប្អូននុនេះ ទៅដាក់បណ្ដាសារខ្លួនឯងអ៊ីចឹងធ្វើអី! បងនេះជាខ្មោច ឱ្យសញ្ញាម៉េចបានទៅ…តែនេះប្រាប់ទៅចុះ បងក៏ចូលចិត្តដែរ ឃើញប្អូនភ្ញាក់ម្ដងៗ បង្ហាញទឹកមុខប្លែកៗរហូត! តែនេះកំពុងនិយាយពីអ្វីហ្នឹង ឃើញម្នាក់ៗធ្វើមុខជូរហួញតែម្ដង…មានរឿងអ្វីមែនទេ?

– បងរីផាឯង មិនដឹងរឿងម្យ៉ាងមិនបានទេឬ? វ៉ាទិយ៉ា នេះប្រាប់បងរីផា បានតើឬ?

ខ្ញុំសួរម្ចាស់រឿងគេសិន ព្រោះមិនហ៊ានអាកាត់តែម្នាក់ឯង ហេងស៊យអីគេថាខ្ញុំជាមនុស្សមាត់ដាចទៀតអីលូវហើយ…មិត្តខ្មោចខ្ញុំ ជាខ្មោចប្រកាន់ច្រើនផង!​

– វ៉ាវ…នេះជារឿងសំខាន់ឬលោកបងខ្មោច? នេះ…មិនប្រាប់ខ្ញុំក៏មិនអីដែរ! ខ្ញុំទៅលេងសួរសុខទុក្ខខោ្មចដទៃទៀតក៏បាន…

– ឈប់សិន! នាងខ្មោចជ្រុលជាមក ហើយចង់ដឹងរឿងបែបនេះទៅហើយ ក៏ល្អដែរ! គំនិតមួយគិតមិនចេញ រកអ្នកផ្សេងមករកជួយគិតគ្នាទៀតមើល…ចេញឬមិនចេញ! អានុ ប្រាប់រឿងទាំងនោះ ឱ្យនាងខ្មោចចុះ ចួនអីខ្មោចចាស់ឆ្នាំដូចជានាង អាចជួយអ្វីដល់យើងបានខ្លះ!

ក្នុងពិភពខ្មោច អាយុ មិនមែនជាអ្នកកំណត់ឋានៈនៃអ្នកម្ខាងទៀតនោះទេ…តែគឺជាភាពខ្លាំងក្លានៃវិញ្ញាណ (ព្រលឹងដែលមានសភាពកាន់តែមើលឃើញច្បាស់ គឺសន្ទស្សន៍កាន់តែមានឥទ្ធិពលខ្លាំង)…បើអ្នកមានវិញ្ញាណរបស់ខ្លួនខ្សោយជាងអ្នកម្ខាងទៀត អ្នកម្ខាងទៀតនោះនឹងត្រូវបានកំណត់ជាលោកបង ខ្ពស់ជាង ហើយអ្នកនឹងត្រូវមកគោរព ស្ដាប់តាមបង្គាប់គេដូចលោកបងធំរបស់ខ្លួន…បែបនេះហើយ ទោះបីជាបងរីផា ស្លាប់យូរមកហើយ តែគាត់ត្រូវមកហៅវ៉ាទិយ៉ា ជាលោកបងខ្មោច!

– អូខេ បងរីផាចាំស្ដាប់!

ខ្ញុំ ក៏និយាយរៀបរាប់ពីអ្វីដែលខ្ញុំដឹងពីវ៉ាទិយ៉ា និងប្រាប់ពីអ្វីដែលខ្ញុំឃើញនិងភ្នែកពីរឿងរបស់គ្រូពេទ្យយុធ ទៅកាន់ខ្មោចអ្នកជិតខាងខ្ញុំ…ខ្មោចបងរីផា! បងរីផា បណ្ដែតខ្លួនចាំស្ដាប់យ៉ាងយកចិត្តទុកដាក់ មិនខុសពីសិស្សផ្ចង់អារម្មណ៍កំពុងស្ដាប់គ្រូពន្យល់មេរៀននោះឡើយ!

មួយស្របក់ធំ រឿងរបស់ខ្ញុំក៏និទានឱ្យបងរីផាស្ដាប់ចប់់        ។

– បងរីផា បងយល់យ៉ាងម៉េចដែរ?

– ត្រូវតែជួយ…ជួយមីនាងម្នាក់ហ្នឹង! ប្អូននុ ប្អូនឈរឱបដៃមើល មនុស្សកំពុងតែលង់ទឹក ដោយមិនចុះទៅជួយស្រង់បានដែរឬ?

– បងរីផា…បងមើលមកខ្ញុំដូចជាមនុស្សចិត្តល្អពេកហើយទេដឹង? ប្រាប់បងទៅចុះ ខ្ញុំពិតជាឈរឱបដៃមើលមែនហ្នឹង ប្រសិនជាខ្ញុំប្រទះឃើញមានគេកំពុងលង់ទឹកនោះ…

– អាវ…ម៉េចអ៊ីចឹង? បងមិនគិតថា ប្អូននុ ជាមនុស្សចិត្តដាច់បែបនេះសោះ…បងនេះ ខកចិត្តលើរូបប្អូនណាស់…ហុហុ..អស់ល្អនិងគ្នាឥលូវហើយ?

– នាងខ្មោច កុំដ្រាម៉ាពេកបានទេ? នេះអានុ វាមិនចេះហែលទឹកទេ អ៊ីចឹងឱ្យវាចុះទៅជួយមនុស្សលង់ទឹកបានយ៉ាងម៉េចទៅ! វាចុះទៅ មានតែទៅជួយកំដរលង់ទឹកជាមួយគ្នា! លោកក្រោយមុននឹងសួរសំនួរនេះទៅគេ ចេះឆ្លាតសួរគេមុនផង ថាម្នាក់ហ្នឹងចេះហែលទឹកឬអត់…យល់?

– ចាស៎ លោកបងខ្មោច! តែណេះ…ប្អូននុនេះ ស៊ីអារម្មណ៍បងណាស់!

– ខ្ញុំប្រាប់ការពិតតើបង…តែនេះបងខ្ញុំមិនដឹងថាត្រូវជួយយ៉ាងម៉េចទេ? ប្រាប់ត្រង់ទៅចុះ ខ្ញុំនេះមិនមែនជាហេរ៉ូ មនុស្សធម្មតាសុទ្ធ ឱ្យខ្ញុំទៅធ្វើអី្វបាន!​

– អាវ…ធម្មតាឯណា! ប្អូននុ ភ្លេចហើយឬ ថាប្អូនមិនមែននៅតែម្នាក់ឯង ប្អូននៅមានពួកបងនៅពីខាងក្រោយចាំជួយគាំទ្រ!

– មែនហើយ នាងខ្មោចនិយាយត្រូវ! ឯងនៅមានខ្មោចដូចជាពួកយើង!

– អរគុណបង តែនេះខ្ញុំពិតជាទ័លគំនិតមែន មិនដឹងថាត្រូវធ្វើយ៉ាងណានោះទេ? វ៉ាទិយ៉ា ក៏គេកំពុងគិតរកផ្លូវជួយដែរ តែមិនដឹងថាពួកយើងមានពេលវេលាគ្រប់គ្រាន់ឬទេ បើបច្ចុប្បន្នខ្ញុំមិនដឹងទេថា កល្យាណកំពុងចួបគ្រោះថ្នាក់មែនឬអត់?

– បងមានគំនិតមួយ មិនដឹងថាពួកប្អូនយល់ព្រមឬអត់?

– ពិតមែនឬ? បងសាកនិយាយទៅមើល ខ្ញុំចាំស្ដាប់!

– គឺបើយើងរកមនុស្សជួយមិនបាន យើងមានតែសុំពឹងខ្មោចឱ្យជួយវិញ!

– ពឹងខ្មោចជួយ?

– ត្រឹមត្រូវហើយ ប្អូននុ ភ្លេចហើយឬ? ខ្មោចដូចជាពួកបង គឺពូកែជាងគេគឺរឿងអង្កេតហ្នឹងតែម្ដង…មនុស្សមើលមិនឃើញខ្មោច តែខ្មោចវិញ ហិហិ គឺដឹងគ្រប់សកម្មភាពរបស់ពួកគេ! ដូច្នេះ រឿងអី ដែលគេគេចពីក្រសែភ្នែកតាមដានរបស់ខ្មោចដូចជាពួកបងបាននោះ!

– បងនិយាយត្រូវ! តែនេះ…ខ្ញុំទៅរកខ្មោចឯណាមកជួយរឿងមួយនេះនោះ?

– បងនឹកឃើញដល់ខ្មោចម្នាក់…បងគិតថា គេអាចជួយកិច្ចការនេះដល់ប្អូនបាន!

– នរណាគេនាងខ្មោច?

– ចាស៎ លោកបងខ្មោច? គឺ…គឺ ខ្មោចមួយនៅបន្ទប់ ៣០៧!

– ខ្មោចម្នាក់មួយមុខសស្លេក ពាក់វ៉ែនតាខ្មៅក្រាស់ ស្គមកំព្រឺសដូចអត់មានបាយញុំាមិនសូវខុសឆ្ងាយគ្នាប៉ុន្មានពីប្រេតនោះឬ? សំខាន់ ខ្ញុំចាប់អារម្មណ៍ថា ខ្មោចម្នាក់នោះមិនព្រមចេញទៅណាឆ្ងាយពីបន្ទប់ខ្លួនសោះ…រាល់ពេល គិតតែសំងំនៅក្នុងបន្ទប់របស់ខ្លួន…នេះពិតជាអាចជួយយើងបានមែនឬ? សួរបញ្ជាក់ម្ដងទៀតទៅចុះ នាងខ្មោច ម្នាក់ហ្នឹងឬ?

– ចាស៎លោកបងខ្មោច ម្នាក់ហ្នឹងហើយ! 

គ្មានជម្រើសអ្វី ខ្ញុំមិនដឹងថាត្រូវធ្វើយ៉ាងណាដែរ មានតែព្រមជឿសម្ដីខ្មោចអ្នកជិតខាងខ្ញុំ…ខ្ញុំទាំងបី ក៏ដើរចាកចេញពីបន្ទប់ រួចតម្រង់ទៅបន្ទប់ ៣០៧

«តុក តុក» សំឡេងគោះទ្វារបន្ទប់

– អានុ នេះត្រូវគោះទ្វារបន្ទប់សុំចូលដែរឬ? អូហ៍…ភ្លេចគិតឯងជាមនុស្សត្រូវតែមានសុជីវធម៌ខ្លះអ៊ីចឹងហើយ! តោះនាងខ្មោច ចូលខាងក្នុងជាមួយខ្ញុំ!

វ៉ាទិយ៉ា និងខ្មោចបងរីផា មិនចាំយូរ ក៏ទម្លុះទ្វារចូលទៅក្នុងបន្ទប់ ៣០៧ ដោយមិនខ្ចីការសុំអនុញ្ញាតពីម្ចាស់បន្ទប់!

មួយសន្ទុះ ទ្វារបន្ទប់ក៏របើកឡើងដោយឯកឯង ខ្ញុំសម្លឹងរកមើលទៅកាន់ម្ចាស់បន្ទប់ ប៉ុន្ដែមិនឃើញស្រមោលគេសោះ មានតែវ៉ាទិយ៉ា និងបងរីផា…សង្ស័យគាត់ទាំងពីរជាអ្នកបើកទ្វារឱ្យខ្ញុំចូលហើយ!

– បងរីផា នេះម្ចាស់បន្ទប់គេនៅឬអត់ហ្នឹង?

ខ្ញុំសម្លឹងមើលទៅក្នុងបន្ទប់អាផាតមិន៣០៧ ដែលខ្លួនកំពុងឈរនៅ…ភាពងងឹត សេចក្ដីស្ងប់ស្ងាត់ ធ្វើឱ្យខ្ញុំចាប់ផ្ដើមសង្ស័យ ថាខ្ញុំមកខក…គ្មានអ្នកណានៅទីនេះឡើយ!

–  ប្រាកដណាស់ ម្ចាស់បន្ទប់ដឹងតែនៅហើយ! អាក្អូនហ្នឹងតែអ៊ីចឹង ថ្មើរណេះសង្ស័យកំពុងសំងំក្នុងបន្ទប់ លេងហ្គេមអនឡាញទៀតហើយមើលទៅ…មិនអីទេ ចាំបងចូលទៅហៅ អាក្អូនចេញមកចួប!

ខ្មោចបងរីផា ក៏បើកភ្លើងបន្ទប់ឱ្យភ្លឺឡើង…ពេលខ្លះ ប្រាប់ត្រង់ខ្ញុំសង្ស័យម្ចាស់អាគារសិខារត្ននេះជានរណាដែរហ្នឹង បន្ទប់អាផាតមិនទំនេរមិនមានអ្នកជួលទេ​ ប៉ុន្ដែភ្លើងទឹករាល់ខែតែងតែមាន ទុកឱ្យខ្មោចប្រើប្រាស់ធម្មតា…បើអ្នកផ្សេង ម្ចាស់អាគារគេដទៃទៀត ប្រហែលជាបិទផ្អាកមិនបើកឱ្យដំណើរប្រើប្រាស់បែបនេះណាស់…មួយខែៗមិនដឹងថាត្រូវចំណាយប្រាស់ប៉ុន្មានលើថ្លៃអគ្គិសនីនិងទឹកនេះណាស់…ណ្ហើយ!   

សំឡេងស្រែកលាន់ឮផាំងៗចេញពីក្នុងបន្ទប់គេង មួយសន្ទុះក្រោយមករាងស្ងាត់វិញ ហើយរូបរាងខ្មោចបងរីផានិងខ្មោចមនុស្សប្រុសសស្លេក ពាក់វ៉ែនតាខ្មៅក្រាស់ អណ្ដែតខ្លួនឈរពីក្រោយនៅក្បែរគាត់…សង្ស័យជាខ្មោចប្រចាំបន្ទប់ ៣០៧នេះហើយ!

– សួស្ដីខ្ញុំ ម៉ានុ នេះជាវ៉ាទិយ៉ា មិត្តរបស់ខ្ញុំ!

ខ្ញុំណែនាំខ្លួន ប្រាប់ទៅកាន់អ្នកម្ខាងទៀត ពេលឃើញគេមានភាពលឹបល អៀនធ្វើដូចជាខ្លាចខ្ញុំ មិនហ៊ានចង់ឱ្យខ្ញុំឃើញ

– ខ្ញុំ…ខ្ញុំ ផាន់ស៊ី! បង…បងរីផា នេះជាអ្នក…អ្នកដែលបងនិយាយប្រាប់ខ្ញុំនោះមែនទេ? គេជា…ជាមនុស្ស ប៉ុន្ដែគេអាចមើលឃើញខ្មោចដូចជាពួកយើងនោះ? ហើយនេះគេ..គេជាអ្នកដែលគេអាចជួយសម្រេចបំពេញបំណងឱ្យខ្មោចដូចជាយើងបាននោះ…ម្នាក់ហ្នឹងមែនទេ?

ឮខ្មោចផាន់ស៊ី និយាយបែបនេះ សញ្ញាសួរពេញក្បាលរបស់ខ្ញុំ…នេះខ្មោចបងរីផា និយាយដើមអ្វីខ្លះពីខ្ញុំនោះ? បងឯងនេះ ស្លាប់ហើយនៅមកត្រាវរឿងគេទៀតនេះ បែបនេះបើទំនេរពេលណា យើងប្រហែលត្រូវមានរឿងពិភាក្សាគ្នាហើយ បងរីផា?

– ហ្នឹងហើយ អាក្អូន! ប៉ុន្ដែលើកនេះ បងចង់ពឹងឱ្យអាក្អូន ជួយបងរឿងមួយ?

– ត្រូវការឱ្យខ្ញុំជួយឬបង?

ខ្មោចផាន់ស៊ី ធ្វើមុខសង្ស័យ ខ្ញុំសម្លឹងមើលទៅកាន់បងរីផា ក៏ឆ្ងល់ដូចគ្នា ព្រោះមិនដឹងថា គាត់មានគ្រោងការអ្វីនោះ…ហាក់យល់ពីគំនិតក្នុងចិត្តខ្ញុំ បងរីផាញញិមនិយាយមកកាន់យើាងទាំងពីរ

– គឺរឿងវាអ៊ីចេះ! អាក្អូននេះ វាជំនាញខាងកុំព្យូទ័រ បែបគ្រឿងអគ្គិសនីអីហ្នឹង ព្រោះមូលហេតុដែលបណ្ដាលឱ្យផាន់ស៊ី ក៏ព្រោះតែរឿងចរន្ដអគ្គិសនីនេះដែរ…គិតទៅ ក៏ហួសចិត្តដែរ អំឡុងពេលវាកំពុងលេងហ្គេមអនឡាញក្នុងបន្ទប់ ស្រាប់តែកុំព្យូទ័រគ្នានេះ វារលត់ដាច់ភ្លើង…វាចង្រៃអី ខ្សែភ្លើងនោះត្រូវកណ្ដុរកាត់ ដាច់សំបកស្រោបពីខាងក្រៅ! អាក្អូនវាមិនដឹង ឬវាប្រញាប់តភាគលេងហ្គេមវាពេក ក៏ជាន់ប៉ះចំកំណាត់ខ្សែភ្លើងដាច់ ឆក់ចរន្ដស្លាប់ភ្លាមៗទៅ! តែនេះហើយ វាក៏មានសមត្ថភាពពិសេស អាចគ្រប់គ្រងលើកុំព្យូទ័រ ឬឧបករណ៍ដែលប្រើភ្លើងចរន្ដអគ្គសនី…អូហ៍? បងភ្លេចប្រាប់ប្អូននុ ភ្លើងរាល់ខែមិនសូវចុះ អស់ថ្លៃប៉ុន្មាននោះ ព្រោះតែ អាក្អូនផាន់ស៊ីនេះហើយ…គ្នាលួចកែប្រែប្ដូរបន្ថយលេខកុងតាក់ភ្លើង!!!

អូហូ…ខំគិតថាម្ចាស់អាគារនេះចិត្តល្អដាក់ខ្មោច ការពិតរឿងវាអ៊ីចឹងសោះ! (ខ្ញុំលួចគិតតែម្នាក់ឯង នឹកហួសចិត្ត…ខ្មោចស៊ីភ្លើងរដ្ឋ)

–  បង…បងរីផា បងចេះតែយករឿងខ្ញុំស្លាប់ ហែកមកប្រាប់អ្នកផ្សេងទៀតហើយ! ដឹងទេ ខ្ញុំអាម៉ាសខ្មាសគេណាស់!

– ហុហុ…មានអីត្រូវខ្មាស់អៀនអីនុះ នេះសុទ្ធតែគ្នាយើងហ្នឹង! ពុទ្ធោអើយ…អាក្អូនផាន់ស៊ី បុព្វហេតុយើងស្លាប់នរណាគេអាចទៅកំណាត់បាននោះ ត្រូវទេ?

– ហ៊ឹម…(ខ្ញុំគ្រហឹមតិចៗ សម្លឹងមើលទៅបងរីផា) បងតើទុកចិត្តទេ​ គេអាចជួយបានក្នុងរឿងមួយនេះនោះ?

– ប្អូននុ កុំបារម្ភ…ទុកចិត្តបាន! ប្អូនភ័យរឿងអី ប្អូនឯងប្រាប់បងថា ម្នាក់ស្រីឈ្មោះកល្បាណនោះ នាងរស់នៅក្នុងម្ដុំផ្ទះល្វែងវីឡាអ្នកមាន នៅក្នុងខេត្តព្រះសីហនុមួយនេះ អ៊ីចឹងច្បាស់ណាស់ តំបន់គេអភិវឌ្ឍ សេដ្ឌកិច្ចរីកចម្រើនបែបនេះ តាមភូមិគ្រឹះ ផ្ទះវីឡាធំៗ គេតែងតែដាក់កាម៉េរ៉ាសុវត្ថិ ឬប្រព័ន្ធត្រួតពិនិត្យការពារ២៤ម៉ោងហើយ! អាក្អូនផាន់ស៊ី គាត់មានជំនាញក្នុងរឿងបែបនេះស្រាប់…ទុកចិត្តស្នាដៃរបស់គាត់ចុះ! ម៉េចផាន់ស៊ី អាចជួយបងបានទេ?

ឮពាក្យរបស់បងរីផានិយាយបែបនេះ ខ្ញុំរាងធូរស្បើយក្នុងចិត្តខ្លះ…ពិតណាស់ខ្ញុំភ្លេចគិតពីរឿងមួយនេះ សម័យទំនើបបែបនេះ ផ្ទះគេអ្នកមាន រស់នៅវីឡាធំៗបែបនេះ គេប្រាកដមានប្រព័ន្ធកាម៉េរ៉ាការពារសុវត្ថិភាពដាក់ក្នុងផ្ទះខ្លួនឯងហើយ។ ខ្ញុំបែរមុខទៅសម្លឹងទៅ ផាន់ស៊ី រង់ចាំស្ដាប់ចម្លើយរបស់គេ

– នេះ…នេះបង…បងចង់ឱ្យខ្ញុំហេគចូលប្រព័ន្ធសុវត្ថិរបស់គេឬ? បង…បងរីផា…នេះ..នេះជារំពើខុសច្បាប់ណា៎?

– អាវ…អាក្អូន! នេះខុសច្បាប់អី…ច្បាប់គេអនុវត្តតែជាមួយមនុស្សទេ យើងក្លាយជាខ្មោចហើយ គ្មានច្បាប់មនុស្សឯណាមកកាត់ទោស អនុវត្តមកលើកខ្មោចដូចជាយើងនុះ!

– តែ…តែបង….(ផាន់ស្ទាក់ស្ទើរក្នុងចិត្ត)

– អាក្អូន…សុំពឹងរឿងមួយនេះទៅចុះ! នែ៎…ផាន់ស៊ីមិនចង់បានកុំព្យូទ័រថ្មីទេឬ? ជួយបងលើកនេះ ប្អូននុ នឹងសន្យាទិញកុំព្យូទ័រអាស៊េរីហ្គេមមីង ថ្មីប្រចាំឆ្នាំ២០២៣នេះ មួយកំផ្លេឱ្យអូន…

ឮពាក្យរបស់ខ្មោចបងរីផា និយាយអាកាត់តែម្នាក់ឯងបែបនេះ ខ្ញុំស្រាប់តែភាំងស្រឡាំងកាំង គាំងអណ្ដាតប្រកែកមិនចេញ…

ណេះយ៉ាងម៉េចវិញ? ខ្ញុំគ្មានបានសន្យាអីជាមួយនិងគាត់បែបនេះនុះ? វ៉ាទិយ៉ា បំណុលបញ្ជីមួយនេះ គ្នាគិតទៅលើឯងហើយ! ឯងជាអ្នកចេញ ប្រាប់ឱ្យហើយ? កុំព្យូទ័រហ្គេមមីង ស៊េរីថ្មី? ពុទ្ធោអើយ…មិនថោកទេ ខ្ញុំច្បាស់ជាក្រខ្លួនជាមិនខាន!

– ពិតមែនឬ? បងរីផា…(ផាន់ស៊ី សួរយ៉ាងរំភើប)

ឮបែបនេះ ខ្មោចបងរីផា ងាកសម្លឹងមកខ្ញុំ វ៉ៃស៊ីញ៉ូភ្នែកមកកាន់ខ្ញុំ

– បងទៅកុហកអាក្អូនធ្វើអី មែនទេប្អូននុ!

– មែនហើយបង…ផាន់ស៊ី បើប្អូនឯងយល់ព្រមជួយបងក្នុងរឿងនេះមែន សម្រេចកិច្ចការពេលណា បងនឹងធ្វើដូចអ្វីដែលបងរីផានិយាយបែបនេះដែរ!

ខ្ញុំប្រឹងធ្វើញញិម ទាំងក្នុងចិត្តអួលណែន គិតពីរឿងប្រាក់ដែលខ្ញុំសន្សំបាន មិនទាន់ចាយបានហ៊ឺហាដូចគេផង ត្រូវចំណាយទៅលើរឿងផ្សេងអស់ជាថ្មី…ហ៊ើយ! ខ្ញុំដកដង្ហើមធំ ងាកទៅមើលវ៉ាទិយ៉ា​ និយាយក្នុងចិត្តប្រាប់ទៅគេ…

កុំធ្វើជាមិនដឹងវ៉ើយ បំណុលមួយនេះ គ្នាកត់បន្ថែមក្នុងបញ្ជីជំពាក់របស់ឯងទៀតហើយ ប្រាប់ឱ្យដឹង…ឮទេ?

វ៉ាទិយ៉ា ធ្វើជាមិនឮ មើលមេឃមើលផ្កាយធ្វើមិនដឹង…

ហ៊ឺស! មើលចុះ…មើលចរិតមិត្តខ្មោចខ្ញុំចុះ ឱ្យតែនិយាយរឿងវាជំពាក់លុយនោះ វាធ្វើខ្លួនជាខ្យល់ហើយ…ពុទ្ធោអើយ!

ស្ដាប់ពាក្យអះអាងរបស់ខ្ញុំរួចហើយ ផាន់ស៊ី ក៏ចាប់ផ្ដើមប្រតិបត្តិការភ្លាម! គេលូនចូលទៅក្នុងអេក្រង់កុំព្យូទ័រចាស់របស់ខ្លួន អព្ភូតហេតុចម្លែកបានកើតឡើង…កញ្ចក់អេក្រង់ដែលធ្លាប់តែងងឹតស្លុង ស្រាប់តែមានពន្លឺភ្លឺប្រិបព្លែត មានចរន្ដភ្លើងរត់ចូល បង្កើតបានជារូបភាពបង្ហាញជាច្រើនលើផ្ទែអេក្រង់…ឃីប៊តដែលធ្លាប់តែស្ងៀម ចាប់ផ្ដើមកម្រើកនៅលើគ្រប់ឃី ហាក់ដូចមានគេនរណាម្នាក់កំពុងវាយទៅលើវា…

ខ្ញុំសម្លឹងមើលរឿងហេតុនេះដោយភ្ញាក់ផ្អើល! ឃើញបែបនេះ ខ្ញុំនឹកដល់មិត្តខ្មោចរបស់ខ្ញុំ ដែលនៅក្បែរនោះ….

– វ៉ាទិយ៉ា សួរឯងតាមត្រង់ទៅចុះ ឯងមានសមត្ថភាពពិសេសដែរមែនទេ? បើឯងមានដែរ ហេតុអ្វីបានជាគ្នាមិនដឹងសោះអ៊ីចឹង…ចុះសមត្ថភាពពិសេសរបស់ឯងជាអ្វីទៅ?

– អានុ ខ្មោចគ្រប់រូប មិនមែនគ្រប់គ្នាស្លាប់ហើយ សុទ្ធតែមានសំណាងដូចជាផាន់ស៊ីនោះទេ…ការមានសមត្ថភាពរបស់ផាន់ស៊ី ប្រហែលជាព្រះប្រទានអំណោយដល់គេទេដឹង?

– វ៉ាទិយ៉ា ឯងជឿលើព្រះដែរឬ? លើលោកនេះ ពិតជាមានព្រះដែរឬ?

វ៉ាទិយ៉ា សើចតិចៗ

– អានុ ឯងជឿលើរឿងខ្មោច ប៉ុន្តែឯងបែរមិនជឿថាលើលោកនេះមានព្រះ? មានឬមិនមានខ្ញុំក៏ដូចឯងដែរ ខ្ញុំស្រពិចស្រពិលមិនដឹងទេថាក្នុងភពដែលយើងកំពុងរស់នៅមួយនេះ មានព្រះឬអត់ ប៉ុន្ដែខ្ញុំច្បាស់ក្នុងចិត្តរឿងមួយ ក្នុងភពនេះគឺត្រូវតែមានច្បាប់ក្រោយពីការស្លាប់(rules after death)…ព័ស្ដុតាងនោះគឺខ្ញុំនេះឯង…វិញ្ញាណវិលវល់ដែលមិនចង់ឬមិនអាចចាប់កំណើតបាន ត្រូវមកកើតជាភាវៈថ្មីមួយទៀត ហើយពិភពរបស់យើងក៏មានច្បាប់កំណត់ផ្សេងមួយទៀតដែរ។

– សរុបមក ចុងក្រោយគឺឯងមិនដឹងដែរមែនទេ? បើគ្មានព្រះទេ ចុះមេក្រុមយើងជាអ្វី?

– កុំរំឮកឈ្មោះរបស់មេក្រុម ឯងក៏ដឹងថាគាត់មិនចូលចិត្តអ្នកដែលរំខានទេ…ដឹងឬនៅ?

អូខេ…អូខេ យល់ហើយ ខ្ញុំក៏មិនហ៊ានទៅរំខានមេក្រុម…ផះ(សូរសៀងជំនួស ព្រះ) អើយ ខ្ញុំចង់រស់!

មួយស្របក់មក…

– បង…បងជាផ្ទះមួយនេះមែន?

អក្សរពណ៌ក្រហម ដិតធំៗ បង្ហាញលើផ្ទៃអេក្រង់ ជាមួយរូបភាពលើកញ្ចក់អេក្រង់ ៤ផ្សេងគ្នាដែលថតចេញពីផ្ទះល្វែងវីឡាសាងសង់ថ្មីទំនើបមួយ។ ខ្ញុំមើលពិនិត្យមួយសន្ទុះ ក៏ងក់ក្បាលប្រាប់ទៅគេវិញ…

– ផាន់ស៊ី…ផ្ទះមួយហ្នឹងហើយ!

ខ្ញុំសម្លឹងមើលទៅរូបភាពដែលត្រូវបង្ហាញលើអេក្រង់ដោយតក់ស្លុត…

នៅជ្រុងបន្ទប់មួយ គេឃើញមានគ្រែពេទ្យដាក់នៅកណ្ដាលបន្ទប់ នៅជុំវិញពេញដោយផ្ទាំងផ្ទៃផ្លាស្ទិចស គ្របសម្ភារ គ្រឿងសង្ហារិម បិទការពារជញ្ជាំងការពារនិងការប្រឡាក់…នៅលើគ្រែកណ្ដាលបន្ទប់ គឺមានរូបរាងកាយនារីដ៏ស្រស់ ដេកស្រាតននលគោក គ្របដោយក្រណាត់សពីរផ្ទាំងបិទកន្លែងសំខាន់របស់ខ្លួន ដោយដៃទាំងសងខាងមានខ្នោះជាប់និងគ្រែ…នាងដេកស្ដូកស្ដឹង សន្លប់មិនដឹងអ្វីបន្ដិចឡើយ! រូបរាងនាងបែបនេះ ហាក់បីដូចជាអ្នកជំងឺដែលកំពុងតែទទួលការវះកាត់… កល្យាណមិនដឹងថា បន្ដិចទៀត នាងនឹងចួបរឿងដ៏ឈឺចាប់បំផុត ដែលនាងមិនដែលបានគិតដល់។

សម្រិបជើងឮសូរបំផ្លាញពីភាពស្ងប់ស្ងាត់នៅក្នុងបន្ទប់ ទ្វារ​ត្រូវ​បាន​បើកចំហ ​ជំហាន​ដើរ​ចូល​មកនៃស្រមោលមនុស្សប្រុសម្នាក់ សម្លឹងមើលមក​ជិត​គ្រែ​​របស់ កល្យាណ  មុខស្លេករបស់ លោកគ្រូពេទ្យ យុធ ប្រែបង្ហាញមានស្នាមញញិមស្រស់ជ្រុងមាត់ កែវភ្នែកដែលមើលទៅស្លូតសុភាព ប្រែទៅជាក្រសែភ្នែកដែលត្រជាក់ស្មើ ឃោរឃៅ ពេលគេសម្លឹងមើលកល្យាណនៅលើគ្រែ

ប៉ុន្តែទើបតែពេលនេះ ខ្ញុំបានឃើញធាតុពិតពីគ្រូពេទ្យយុធផ្ទាល់ភ្នែកពីរូបភាពពិតប្រាកដដែលមិនប្រើស្រោមមុខជាគ្រូពេទ្យ ថាគាត់ពិតជាគួរឱ្យខ្លាចជាងការគិត តើនេះខ្ញុំអាចទប់ទល់ជាមួយគាត់បានដែរឬ?

ផាច់!!! ពេទ្យយុធ ទះមុខកល្យាណដោយគ្មានប្រណី…

ត្របកភ្នែកដែលបិទ ចាប់ផ្ដើមកម្រើក បើកភ្នែកមើលជាថ្មី នាងស្រឡាំងកាំង ភាំងមិនដឹងថាហេតុអ្វីនាងត្រូវស្ថិតក្នុងសភាពបែបនេះ?

– បង…បងយុធ…នេះ…នេះមានរឿងអ្វីកើតឡើងចំពោះអូនហ្នឹង?

– ភ្ញាក់ហើយឬ? (គ្រូពេទ្យយុធ និយាយដោយសំឡេងស្មើ)

– បង នេះហេតុអ្វីបានជាអូន…អូនត្រូវមកដេកនៅទីនេះ? តើនេះ..នេះម៉េចក៏អូនត្រូវមកជាប់ចំណងលើគ្រែបែបនេះ? ឬមួយនេះជារ៉ូលផ្លេ(Role Play)លើគ្រែថ្មី? បងយុធ…អូនមិនចូលចិត្តបែបនេះទេ!

កល្យាណ និយាយដោយញ័រមាត់…

ពេលខ្លះនាងចាប់ផ្ដើមខ្លាច មានអារម្មណ៍មិនច្បាស់ ស្រពិចស្រពិលពីសង្សារនៅពីមុខខ្លួននាងហើយ…នាងមិនដឹងថាគេជាអ្នកណាឱ្យប្រាកដនោះទេ? ក្រោមរូបភាពជាគ្រូពេទ្យល្បីឈ្មោះ មានប្រាក់ទ្រព្យធនហូរហៀ មានឋានៈមុខមាត់ខ្ពស់ មានកិត្តិយសក្នុងសង្គម នរណាៗក៏ត្រូវការជំនាញកាំបិតរបស់គេ ប៉ុន្ដែនាងមិនដែលឃើញគេចាប់អារម្មណ៍ ឬដូចជាសម្ដែងជាការពេញចិត្តនិងរបស់ទាំងនោះណាស់។ ពេលនាងចួបគេដំបូង មនុស្សខ្ពង់ខ្ពស់ដូចជារូបគេ នាងមិនហ៊ានស្រមៃថានឹងក្លាយជាសង្សាររបស់ខ្លួនឡើយ ប៉ុន្ដែមានពេលមួយ សុខៗស្រាប់តែគេបែរមកនិយាយប្រាប់នាងថា…គេត្រូវការបេះដូងនាង!!!

តើខ្ញុំពិតជាមនុស្សស្រីដែលគេស្រឡាញ់មែនឬ?  (កល្យាណនឹកក្នុងចិត្ត)

– នាងចាំទេថាខ្ញុំធ្លាប់សួរនាងថា ខ្ញុំត្រូវការបេះដូងនាង?

– បងយុធ? បងនិយាយពីអី? បង…ខ្ញុំស្រឡាញ់បង! តាំងពីខ្ញុំទាក់ទងបង ធ្វើជាសង្សារបងនោះ ប្រុសផ្សេងដទៃទៀត ខ្ញុំ…ខ្ញុំឈប់ទាក់ទងនិងគេអស់ហើយ! មានតែបងម្នាក់ប៉ុណ្ណោះ…រឿងថ្ងៃមិញ…ម៉ានុ អ្នកដឹកជញ្ជូនម្នាក់នោះ ខ្ញុំគ្រាន់តែហៅគេមកបញ្ឈឺប៉ុណ្ណោះ! ខ្ញុំនិងគេគ្មានអ្វីនិងគ្នាទេ បងយុធ…បងកុំច្រឡំនិងខ្ញុំ! កល្យាណនឹកគិតថា យុធ ប្រហែលជាខឹងនាង ព្រោះតែថ្ងៃមិញនាងទៅចួបនិងប្រុសផ្សេង ក្បត់ចិត្តមិនគិតស្មោះនិងគេហើយ តែការពិតមិនដូចអ្វីដែលនាងបានគិតនោះទេ…ពាក្យដែលគ្រូពេទ្យយុធ សួរទៅកាន់នាង ដូចមានន័យទៅអ្វីដែលគេកំពុងនិយាយហ្នឹងឯង!

– ខ្ញុំត្រូវការបេះដូងនាង…នាងយល់ព្រមទេ? (យុធ សួរម្ដងទៀត ដោយប្រើភ្នែកទាំងគូសម្លឹងទៅនាង)

– បេះដូងខ្ញុំ? ខ្ញុំស្រឡាញ់បងអស់ពីបេះដូងហើយ…បងមិនជឿខ្ញុំទេឬ? ខ្ញុំស្រឡាញ់បងណាស់ បងយុធ…បេះដូងខ្ញុំមួយមានតែរូបបងតែម្នាក់ប៉ុណ្ណោះ!​

– អ៊ីចឹងនាងយល់ព្រមប្រគល់បេះដូងមួយនេះឱ្យខ្ញុំទេ?       

– ខ្ញុំយល់ព្រម…ខ្ញុំយល់ព្រម! ប៉ុន្ដែបងអាចដោះចំណងខ្នោះដៃនេះបានទេ? ខ្ញុំ…ខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថា…ខ្ញុំខ្លាច….ខ្ញុំមិនចង់រ៉ូលផ្លេទេ!

នាងសម្លឹងមើលទៅកាន់គ្រូពេទ្យយុធ…សង្សារប្រុសថ្មីរបស់ខ្លួន ដោយកែវភ្នែវអង្វរសុំក្ដីស្រណោះពីអ្នកម្ខាងទៀត ប៉ុន្ដែនាងបែរជាព្រឺសម្បុរខ្ញាក ពេលឃើញស្នាមញញិមរបស់គេ និងក្រសែភ្នែកដូចបិសាចដែលសម្លឹងមើលមកកាន់នាង ជាមួយនិងគេចាប់ផ្ដើមរៀបចំឧបករណ៍ ប្រដាប់ប្រដារពេទ្យរបស់ខ្លួន រៀបដាក់ក្បែរ។ គេយកស្រោមដៃពាក់ សំលៀងកាំបិតវះកាត់របស់ខ្លួន

– បងយុធ…នេះ…នេះបងគិតចង់ធ្វើអី? បង…បង…លែងខ្ញុំ

តំណក់ទឹកភ្នែកដែលកើតចេញពីភាពភ័យខ្លាច សំឡេងស្រែកអង្វរ ទួញសុំក្ដីមេត្តាឱ្យដោះលែងខ្លួន ឮពេញបន្ទប់ តែគ្រូពេទ្យ ចិត្តរឹងធ្វើជាហាក់ដូចជាមិនឮអ្វីបន្ដិចសោះ

– បង…យុធ លោកឆ្កួតហើយឬ? នេះ…នេះអូនជាសង្សាររបស់បងណា? អូនមិនមែនជាអ្នកជំងឺដែលត្រូវការឱ្យបងវះកាត់នោះទេ…បងយុធ…បងអូនសុំណា…ដោះលែងអូនទៅ! អូនសុំអង្វរ ហ៊ឺៗហឺ ហឹក…

មួយសន្ទុះ គេយកស៊ឺរាំងម្ជុលស្រួច ចាក់ទម្លុះសាច់ចូលសរសៃដៃកល្យាណ សំឡេងស្រែកក៏បានបន្ថយរហូតលែងឮអ្វី ប៉ុន្តែតំណក់ទឹកភ្នែកនៅតែហូរស្រក់ចុះមិនឈប់ ផ្ទៃមុខនាងបង្ហាញពេញដោយភាពភ័យខ្លាច រន្ធត់ស្លុតចិត្ត និងឈឺចុកផ្សាក្រៃលែង ពេលនាងឃើញគ្រូពេទ្យយុធ លើកកាំបិទវះកាត់ដ៏មុតស្រួច យារអូសមកលើដងកាយរបស់ខ្លួន…ឈាមក្រហមឆ្អៅហូរចេញតាមមុខកាំបិត…

ឃើញត្រឹមប៉ុននេះ ខ្ញុំយកដៃផ្ទប់មុខខ្លួនឯង ខ្ញុំមិនអាចមើលឈុតបន្ទាប់បានទៀតទេ។ ប្រាប់ត្រង់ ខ្ញុំបានទស្សនារឿងខ្សែភាពយន្តរន្ធត់ រឿងខ្មោចសាហាវឃោរឃៅតាមប៉ុស្ដិ៍ទូរទស្សន៍ចិន និងកុនបរទេសជាច្រើន ប៉ុន្តែខ្ញុំមិនដែលឃើញឈុតឆាករន្ធត់ បង្ហូរឈាមស្រស់ៗ ឃោរឃៅ និងគួរឱ្យស្អប់ខ្ពើមនៅនិងមុខបែបនេះទេ…. ខ្ញុំធ្លាប់គិតថាខ្មោចគួរឱ្យខ្លាច ប៉ុន្ដែពេលនេះទើបខ្ញុំដឹងថា មិនខុសពីវ៉ាទិយ៉ា មិត្តខ្មោចខ្ញុំធ្លាប់និយាយប្រាប់ខ្ញុំទេ មនុស្សឃោរឃៅ កំណាច សាហាវ… វាគួរឱ្យខ្លាចខ្លាំងជាងខ្មោចរាប់សិបដង…ខ្មោចដែលនៅវិលវល់មិនព្រមចាប់កំណើតនេះហើយ ដែលជាជនរងគ្រោះ ក្រោមអំពើអមនុស្សធម៌របស់បិសាចពាក់ស្រោមមនុស្សដូចជាលោកគ្រូពេទ្យ យុធម្នាក់នេះអ៊ីចឹង។

នៅមានភាគបន្ត…

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*