រឿង៖ អ្នករត់បញ្ញើខ្មោច ភាគ៥ (បញ្ចប់)

មនុស្សជួយមិនបាន អ៊ីចឹងមានតែពឹងខ្មោចជួយ…

យប់ពាក់កណ្តាលអធ្រាត្រ

បន្ទាប់ពីឃើញសកម្មភាពដ៏សាហាវឃោរឃៅរបស់លោកគ្រូពេទ្យយុធរួច ម្នាក់ៗសម្លឹងមើលមុខគ្នា តក់ស្លុតនិងរូបភាពដែលខ្លួនបានឃើញចេញបង្ហាញពីអេក្រង់មួយនេះ…

– ចុងក្រោយ ខ្ញុំជួយនាងមិនបានដដែល…អហោសិកម្មឱ្យខ្ញុំផងចុះកល្យាណ!

ខ្ញុំដកដង្ហើមធំ សម្លឹងមើលអ្នកជុំវិញខ្ញុំ គ្រប់គ្នាមិនខុសពីខ្ញុំប៉ុន្មានដែរ ម្នាក់ៗសុទ្ធតែតក់ស្លុត ព្រឺរន្ធត់និងរូបភាពដែលគេឃើញពីក្នុងកញ្ចក់អេក្រង់មួយនោះ សូម្បីខ្មោចបងរីផា ក៏មិនហ៊ានមើល យកដៃបិទខ្ទប់មុខខ្លួនឯងដែរ…នេះចប់ខ្ញុំនិយាយរួច ទើបគាត់ហ៊ានបើកដៃចេញពីផ្ទៃមុខខ្លួនឯង រួចនិយាយដោយទឹកមុខរន្ធត់ ហើយគ្រវីក្បាលខ្លួនឯងមិនចង់ជឿនូវអ្វីដែលគាត់បានឃើញ

-នេះ…នេះខ្ញុំ មិនអាចជឿបានទេថា លើលោកនេះ នៅមានមនុស្សដែលសាហាវឃោរឃៅដល់ម្លឹងនោះ…តើវាអាចទៅរួចដោយរបៀបណា?

-បង…បងរីផា នេះ…នេះគ្រូពេទ្យម្នាក់នោះ…អីសាហាវយ៉ាវនេះ? វះយកបេះដូងមនុស្សទាំងគេនៅកំពុងសម្លឹងមើលមុខខ្លួនគេទាំងបែបនេះឬ?

ផាន់ស៊ី និយាយញ័រមាត់ រត់ទៅពួននៅខាងក្រោយខ្នងបងរីផា នេះគេជាខ្មោចនៅតែខ្លាចនូវអ្វីដែលគេបានឃើញ ប៉ុន្ដែនរណាគេមិនខ្លាចនោះ…

រូបភាពចុងក្រោយ ពេលដែលលោកគ្រូពេទ្យយុធ យកកាំបិតកាត់បេះដូងរបស់កល្យាណចេញពីរាងកាយនាង…នៅក្នុងដៃរបស់គាត់ ដែលកំពុងកាន់បេះដូងកល្យាណដែលកំពុងលោតកន្ត្រាក់ផឹបៗ កែវភ្នែករបស់នាង ដែលបង្ហាញពីភាពរងទុក្ខវេទនាដ៏សែនឈឺចាប់  កំពុងសម្លឹងមើលបេះដូងខ្លួនឯងត្រូវបានគេកាត់ផ្តាច់ វះយកចេញពីរាងកាយខ្លួន ខណៈដែលនាងកំពុងតែមានដង្ហើមបែបនេះ តើនេះវាឈឺចាប់កម្រិតណាទាំងចិត្តវិញ្ញាណ និងកាយបែបនោះ?

រូបភាពមួយនេះនៅតែដក់ដិតដាមក្នុងចិត្តខ្ញុំ វាពិតជាមើលទៅ សាហាវ និងគួរឱ្យខ្លាចណាស់! ប្រាប់មែន ខ្ញុំហ៊ានដាក់ឱ្យលេខ១តែម្ដង ថាវានឹងក្លាយជារឿងរន្ធត់ប្រចាំឆ្នាំហើយ បើគេយកវីដេអូមួយនេះទៅដាក់ក្នុងការប្រកួតជ្រើសរើសក្នុងផ្នែកឈុតរឿងរន្ធត់នោះ!

-នេះឬជាមូលហេតុដែលអ័ព្ទផ្សែងងងឹតរុំព័ទ្ធជុំវិញខ្លួនរបស់លោកគ្រូពេទ្យយុធ កាន់តែក្រាស់ទៅនោះ? គេសម្លាប់មនុស្សដោយប្រើទារុណកម្មបែបនេះឬ?

-ប្រហែលជាបែបហ្នឹងហើយមើលទៅ…(វ៉ាទិយ៉ា តប)

-តែ…តែនោះគេគឺជាគ្រូពេទ្យល្បី ជាអ្នកជួយជីវិតមនុស្សមិនតិចនាក់នោះទេ ប៉ុន្ដែហេតុអ្វីនេះ គេក្លាយជាមនុស្សរោគចិត្តឃោរឃៅបែបនេះ…នេះប្អូននុ ប្រាប់ចុះ សូម្បីខ្មោចដូចជាបង ក៏ញញើតខ្លាច មិនហ៊ាននៅក្បែរគ្រូពេទ្យម្នាក់ហ្នឹងដែរ! (បងរីផា លាន់មាត់)

-បងរីផា បងខ្លាចធ្វើអី​ គ្រូពេទ្យ យុធ ទោះជាឃាតកររោគចិត្តមែន​ ប៉ុន្ដែគេក៏សម្លាប់តែមនុស្សដែរ! បងជាខ្មោចហ្នឹង គេទៅធ្វើអីបងកើត!

-ថាមិនដឹងដែរហ្នឹង ប្អូននុ…គ្រាន់តែឃើញអ័ព្ទងងឹតចំហាយគុំគួនដែលចេញពីខ្លួនគេ បងមិននៅក្បែរគេផងនោះ បងនៅតែចង់ឆ្កួតម្ដងៗហើយ…អាចំហាយគំនុំនោះ វាពិតជាពោរពេញដោយភាពអាក្រក់ រឿងអវិជ្ជមាន គំនុំគុំគួន អាចពង្វក់ចិត្ត អូសទាញវិញ្ញាណខ្មោចឱ្យធ្លាក់ក្នុងភាពវង្វេងឆ្កួតបានដែរ!

-បងរីផា…ខ្ញុំ…ខ្ញុំក៏ដូចបងអ៊ីចឹងដែរ! គ្រាន់តែអម្បាញ់មិញ ខ្ញុំ…ខ្ញុំនៅក្បែរគេនោះ ខ្ញុំចាប់ផ្ដើមគិតរឿងអវិជ្ជមាន រឿងអតីតងងឹតអាក្រក់របស់ខ្លួនឯងដែលធ្លាប់មានពីកាលដែលខ្លួននៅរស់…នេះ…នេះបើខ្ញុំហ៊ាន…ហ៊ាននៅតែយូរក្បែរគេទៀត ខ្ញុំច្បាស់ជាបាត់បង់សតិខ្លួនឯង កើតក្លាយកំណើតជាវិញ្ញាណអាក្រក់ច្បាស់ជាមិនខាន!

វ៉ាទិយ៉ា ដែលធ្លាប់ស្ងប់ស្ងៀម ក៏ហើបមាត់ខ្លួនឯង បញ្ចេញមិតិបន្ថែម… 

-លើលោកនេះ លើផ្លូវជីវិតតែមួយ បុណ្យនិងកម្មគឺវាគ្មានព្រំដែនកំណត់ដូចជាពន្លឺនិងភាពងងឹត(Light & Darkness) បែងចែកឱ្យបែកចេញពីគ្នាបានឡើយ តែយ៉ាងណាធាតុពីរនេះ ត្រូវបានគេចាត់ទុកជាធាតុពីរផ្សេងគ្នាបញ្ច្រាសគ្នាផងដែរ…មិនអាចដោះដូរ សងគ្នា លុបជម្រះគ្នាវិញនោះឡើយ! អាជីពជាគ្រូពេទ្យ ទោះបីគេស្គាល់ថា ជាអ្នកសង្គ្រោះជីវិត សាងកុសលក៏ពិតមែន ប៉ុន្ដែបើគេប្រើវិជ្ជាជីវៈរបស់ខ្លួនក្នុងការសាងអំពើអាក្រក់ សម្លាប់មនុស្សគ្មានកំណត់នោះ កម្មដែលគេសាងក៏ក្រាស់ព័ទ្ធជុំវិញខ្លួនគេទៅតាមអំពើនៃកម្មដែលគេសាង ហើយគេដឹងដោយសារកម្រាស់ដែលអ័ព្ទផ្សែងងងឹតគុំគួនដែលរុំព័ទ្ធជុំវិញខ្លួន។

អ័ព្ទផ្សែងងងឹតគុំគួនដែលកើតពីអំពើអាក្រក់ដែលខ្លួនសាង វាពិតជាមានឥទ្ធិពលប៉ះពាល់ដល់វិញ្ញាណក្បែរនោះមែន…មិនតែប៉ុណ្ណោះ វាពង្វក់ឱ្យមនុស្សម្នាក់នោះកាន់តែធ្វើរឿងអាក្រក់ច្រើនឡើង យូរមិនឆាប់គេនឹងត្រូវលេបត្របាក់ដោយអ័ព្ទងងឹតនោះ។

-វ៉ាទិយ៉ា អ៊ីចឹងតើនេះលោកគ្រូពេទ្យ ចុងក្រោយគេនឹងត្រូវស្លាប់មែនទេ?

-ហ៊ឹម…ពិតណាស់ ប៉ុន្ដែ…!

-ប៉ុន្ដែ ស្អីទៅ?

-គឺជីវិតក្រោយនៃការស្លាប់របស់គេ! អានុ មិនមែនការស្លាប់គ្រប់យ៉ាងនឹងត្រូវបញ្ចប់នោះទេ! ឯងសាកគិតមើលថា តើលើលោកនេះ ពិតជាមានឋាននរកឬ?

-ប្រាកដជាមាន…ខ្មោចមាន រឿងអីឋាននរកមិនមាននោះ?

-ខ្មោចមានមែន ប៉ុន្ដែមិនប្រាកដថា ឋាននរក មានសម្រាប់ខ្មោចនោះទេ? ឯងសាកពិចារណាទៅមើល ពិភពលោកមួយនេះ មានប្រជាជនកើតកើនឡើងជាលំដាប់ ប៉ុន្ដែតើមានដីឬធនធានដែលអាចកើនឡើងគ្រប់គ្រាន់សម្រាប់ពួកគេឬទេ? ពេលខ្លះខ្ញុំមិនប្រាកដនោះទេ…ថាឋាននរក នឹងត្រូវបិទ លែងទទួលវិញ្ញាណទាំងនោះទៀត? វាប្រៀបដូចដែលជាផ្ទះដែលយើងរស់នៅ កូនចៅកើនច្រើន ប៉ុន្ដែចំនួនបន្ទប់មានកំណត់ អ៊ីចឹងមានតែត្រូវបិទនិងបណ្ដេញកូនចៅក្រោយៗទៅកន្លែងផេ្សង…

-វ៉ាទិយ៉ា ឯងនិយាយបែបនេះ ម៉េចនឹងអាចទៅ? បើឋាននរកបិទ តើឱ្យព្រលឹង វិញ្ញាណអ្នកដែលស្លាប់ទៅ គេនឹងទៅនៅទីណា?

-វិញ្ញាណដែលគ្មានកម្ម គេនឹងត្រូវទៅចាប់កំណើតជាថ្មី ប៉ុន្ដែសម្រាប់អ្នកដែលត្រូវសងកម្មបំណុលរបស់ខ្លួន វិញ្ញាណទាំងនោះ ខ្ញុំក៏មិនដឹងដែរ…ខ្ញុំគ្រាន់តែស្មានប៉ុណ្ណោះ ប៉ុន្ដែឯងមានឃើញទេ លើពិភពមនុស្ស លោកយើងបច្ចុប្បន្ននេះ គឺពោរពេញដោយអ័ព្ទងងឹតពេញដោយភាពគុំគួន (resentment) មានវិញ្ញាណខ្មោចអនាថាជាច្រើន ដើរគ្មានទិសដៅរស់នៅជាមួយមនុស្សលាយឡំគ្នាទីនេះ…បណ្ដុំអ័ព្ទផ្សែងងងឹត អ្វីទាំងនេះវាបង្កើតឱ្យមានវិញ្ញាណបិសាច កម្លាំងអាក្រក់ថ្មីឡើងមិនថាមនុស្សឬខ្មោច…ខ្ញុំគ្រាន់តែគិតសង្ស័យរឿងអាក្រក់ដែលអាចនឹងកើតឡើងមុនទៅចុះថា ទោះបីជាគ្រូពេទ្យយុធ ស្លាប់ទៅ គេក៏ប្រហែលជាអាចកើតទៅវិញ្ញាណអាក្រក់! គេនឹងគ្មានថ្ងៃអាចចាប់កំណើតជាតិថ្មីបានទេ…គេនឹងវិលវល់បង្កគ្រោះដល់មនុស្សនិងខ្មោចទៀតមិនខាន!

-វ៉ាទិយ៉ា គំនិតរបស់ឯង ខ្ញុំក៏គិតថាវានោះជារឿងធម្មតាដែរ ខ្ញុំក៏ដឹងដែរថាវានឹងក្លាយជាបែបនេះ…

វ៉ាទិយ៉ា ឮខ្ញុំនិយាយបែបនេះ គេដកដង្ហើមធំ និយាយដោយអន្ទះសារ

-តើធម្មតានៅឯណា ឯងមិនបានស្ដាប់ខ្ញុំពន្យល់ពីរឿងគ្រូពេទ្យយុធ និងអ័ព្ទងងឹតគុំគួននោះទេឬ អានុ? កាលពីគ្រូពេទ្យយុធជាមនុស្ស គេសាហាវបែបនេះហើយ ចុះទម្រាំគេក្លាយជាវិញ្ញាណងងឹត តើគេនឹងពាំនាំគ្រោះកាចអ្វីខ្លះដល់មនុស្សនិងវិញ្ញាណខ្មោចដទៃទៀតនោះ? ម៉ានុ ខ្ញុំ…

-មិនដឹងធ្វើយ៉ាងណាឬ? តើយើងគួរធ្វើអ្វីបន្តទៀត? ខ្ញុំក៏លែងដឹងដែរ!

ខ្មោចបងរីផា សម្លឹងមើលទឹកមុខយើងទាំងពីរដែលកំពុងធ្វើមុខក្រៀមក្រំ អស់សង្ឃឹម… គាត់គិតមួយសន្ទុះ ហើយនិយាយថា៖

-បើបែបនេះមែន ហេតុអ្វីយើងមិនកម្ចាត់ចំហាយគុំគួនពីគ្រូពេទ្យយុធឱ្យអស់សិនទៅ ហើយចាំផ្តន្ទាទោសរបស់គ្រូយុធ ទៅតាមអំពើដែលគាត់បានសាង…

-បងរីផា និយាយគឺវាងាយ តែពេលធ្វើគឺវាពិបាក! នេះខ្ញុំពិតជាទ័លគំនិតមែន…មិនដឹងថានឹងត្រូវដោះស្រាយបែបណាមែន!

-ហ៎? ហេតុអ្វីមិនឱ្យប៉ូលិសជួយទៅ?

-ព្រោះយើងគ្មានព័ស្ដុតាង…

-ហេតុអ្វីគ្មាន? ចុះវីដេអូមួយនោះ…មិនអាចធ្វើជាព័ស្ដុតាងបានទេឬ? (បងរីផា សម្លឹងមើលមកខ្ញុំរួច ងាកមកក្រោយ ទៅកាន់ផាន់ស៊ី ដៀងភ្នែកឱ្យសញ្ញាមកកាន់ខ្ញុំនូវអ្វីដែលគាត់ចង់សំដៅ)

អាហ៍…ត្រូវហើយ! ពីមុនគ្មាន តែពេលនេះមិនមែនដូចពីមុនឡើយ…ខ្ញុំមានមនុស្សដែលជួយបង្កើតព័ស្ដុតាងខ្ញុំបាន! (ខ្ញុំភ្ញាក់)

-អានុ មែនតើ…ខ្មោចនាងរីផា និយាយត្រូវ!

-ហ្នឹងហើយ…ហេតុអ្វីខ្ញុំភ្លេចគិតរឿងមួយនេះ! បងរីផា បងឯងពិតជាឆ្លាតមែន…មិនខុសមែន ខ្ញីចាស់កាន់តែហឹរ!

ឮបែបនេះ ខ្ញុំក៏សម្លឹងមើលទៅកាន់ ផាន់ស៊ី រួចសួរគេបញ្ចាក់តែម្ដង

-ផាន់ស៊ី នេះ…យើងអាចថតរក្សាទុកវីដេអូនោះបានតើមែនដែរឬទេ?

-បាទបង! បានតើ…បើបងត្រូវការហ្វាល់វីដេអូមួយនោះ  ទុកពេលខ្ញុំមួយភ្លែត ខ្ញុំនឹងទៅរកវាឱ្យ!

ប្រហែលមួយសន្ទុះ ផាន់ស៊ីក៏ផ្ញើវីដេអូនោះមកឱ្យខ្ញុំ!

ខ្ញុំបានវីដេអូននោះភ្លាម ក៏មិនបង្អង់យូរ ខ្ញុំក៏បង្កើតគណនីអនាមិកមួយ ដោយមានជំនួយបង្រៀនពី ផាន់ស៊ី គណនីនោះក៏បង្កើតបានយ៉ាងងាយ។ ខ្ញុំប្រើគណនីហ្នឹង ដាក់ពាក្យបណ្ដឹងទៅកាន់ប៉ូលិសពីបទរឿងឃាតកម្ម ដោយភ្ជាប់ជាមួយវីដេអូសកម្មភាពរបស់គ្រូពេទ្យយុធ ជាព័ស្ដុតាងបញ្ជាក់ពីសំណុំក្ដីមួយនេះផងដែរ។

-រួចហើយ…សង្ឃឹមថា ប៉ូលិសនឹងចេញប្រតិបត្កិការភ្លាមៗ មិនគិតថាជារឿងកំប្លែងលេងទៅចុះ! បែបនេះអ្វីៗនឹងល្អប្រសើរវិញ គ្រូយុធ នឹងត្រូវបានប៉ូលិសចាប់ ហើយទទួលទោសទៅតាមអ្វីដែលគេបានប្រព្រឹត្ត រីឯដងខ្លួនរបស់បងស្រីឯង នឹងត្រូវបានប៉ូលិសរកឃើញទៅចុះ..បើដូចខ្ញុំបានគិតមែន គ្រប់យ៉ាងនឹងត្រូវចប់!

ខ្ញុំលួចញញិមស្រមៃតែម្នាក់ឯង ពេលដែលគិតថារឿងនេះវាមិនស្មុគស្មាញ និងគួរឱ្យខ្លាចដូចដែលអ្វីដែលខ្ញុំធ្លាប់គិតទុកនោះ…បើគ្រប់យ៉ាងប៉ូលិសជាអ្នកដោះស្រាយ ប្រឈមជាមួយនិងគ្រូពេទ្យយុធ នោះពិតមែន ខ្ញុំក៏មិនត្រូវរវល់ ពាក់ព័ន្ធជាមួយមនុស្សដ៏គ្រោះថ្នាក់ ពេទ្យយុធនេះ ហើយប្រាកដណាស់មិនខ្វល់ពីអាយុជីវិតខ្លួនឯងទៀត ហុហុ!

តែក្ដីសុខក្នុងភាពស្រមៃរបស់ខ្ញុំត្រូវបែកខ្ចាយអស់មួយរំពេច ពេលវ៉ាទិយ៉ា ប្រញាប់ប្រញាល់ចាប់ដៃខ្ញុំ អូសចេញពីបន្ទប់យ៉ាងលឿន

-អានុ តោះ! យើងប្រញាប់ទៅបន្ដិចទៅអ៊ីចឹង កុំនៅស្ងៀមនៅទីនេះទៀត ប្រយ័ត្នហួសពេល…ឱ្យលឿនឡើង!

-ទៅណា? (ខ្ញុំសួរទាំងឆ្ងល់) នេះថ្មើរហ្នឹង ឯងគិតនឹងនាំខ្ញុំណា វ៉ាទិយ៉ា)

-គឺ ប្រាកដណាស់គឺត្រូវទៅចាប់គ្រូពេទ្យយុធនោះអី…កុំឱ្យគេរត់គេចបានមុន…ឯងមិនដឹងទេឬថា គ្រូពេទ្យ យុធ ជាមនុស្សឆ្លាត ពូកែសង្ស័យយ៉ាងម៉េច…បើគេដឹងខ្លួនថា គេក្លាយជាជនសង្ស័យរបស់ប៉ូលិសហើយ ច្បាស់ណាស់គេនឹងលាក់ខ្លួន បំបាំងកាយបាត់ជាមិនខាន ! បើចាប់ឱ្យខាងប៉ូលិសដោះស្រាយ ខ្ញុំគិតថាយើងចាត់ការមុនសិនក៏ល្អជាងដែរ…ឯងមិនធ្លាប់ឮថា ជួយខ្លួនឯងមុន ទើបទេព្ដាជួយតាមក្រោយ!

-តែវ៉ាទិយ៉ា នេះ…នេះយប់អធ្រាត្រ ជ្រៅណាស់ហើយ…ឯង…

ខ្ញុំនិយាយមិនទាន់ចប់ឃ្លា វ៉ាទិយ៉់ា សម្លក់ខ្ញុំខឹង

-នេះអានុ ឯងសន្យានិងខ្ញុំហើយណា?

ឮហើយ ខ្ញុំដកដង្ហើមធំ ងក់ក្បាលព្រមទទួលជោគជតាកម្មរបស់ខ្លួន។ ខ្ញុំនិងវ៉ាទិយ៉ា ក៏សម្រេចចិត្តនាំគ្នាជិះទៅកាន់ទីដែលគ្រូពេទ្យយុធនៅ…ផ្ទះថ្មីរបស់កល្យាណ!

វគ្គ៖ ចាប់ផ្ដើមជាថ្មី…

នៅមុខរបងទ្វារ ក្នុងផ្ទះវីឡាល្វែងដ៏ទំនើប ក្នុងតំបន់អភិវឌ្ឍសេដ្ឋកិច្ចដូចទីក្រុងព្រះសីហនុនេះ គឺមានបំពាក់ដោយកាម៉េរ៉ាសុវត្តិភាពស្ទើរគ្រប់ទីកន្លែង តាមដងវីថី ក្លោងទ្វារផ្ទះ… ខ្ញុំឃើញបែបនេះ ខ្ញុំរាងខ្លាច ដើរតិចៗ អែបៗស្ងាត់ៗ ពួននៅកៀនកន្លែងដែលអាចលាក់បំភាន់ភ្នែកពីកាម៉េរ៉ា…ខ្ញុំដៀងភ្នែកសម្លឹងមើលដៃគូឧក្រិដ្ឋរបស់ខ្លួន រួចសួរបញ្ជាក់ទៅអ្នកម្ខាងទៀត

-នែ! គ្នាត្រូវលួចចូលទៅខាងក្នុងមែន?

-អើ!​ នេះឯងគិតថានឹងហៅគ្រូពេទ្យយុធឱ្យបើកទ្វារឱ្យមែន?

-តែនេះខុសច្បាប់ណា វ៉ើយ!​ (ខ្ញុំជ្រួញចិញ្ចើមតប)

-ម៏! ឱ្យលឿនទៅ…កុំនៅរុញរាដល់អង្កាល់ទៀត ប្រយ័ត្នគ្រូពេទ្យ យុធ ដឹងខ្លួនមុន ឯងច្បាស់ជាចួបបញ្ហាធំជាងមិនខាន!

-ហ៊ឹម…អូខេ!

ខ្ញុំសាកប្រើជំនាញដែលខ្លួនលួចរៀនតាមរយៈមើលវីដេអូក្នុងយូធូប សិក្សាពីកម្មវិធីលេងប៉ុស្តិ៍ទូរទស្សន៍អាមេរិក អ្នកចម្បាំងនិនចា(ninja warrior)…តែគ្មានអី គឺធ្វើមិនដូចគេ! ឡើងរបងប៉ុន្មានដង ស្រាប់តែធ្លាក់មកវិញដូចគ្នា…អុកគូទឡើងលែងមានអារម្មណ៍ឈឺហើយ!

វ៉ាទិយ៉ា ឃើញខ្ញុំបែបនេះ គេយកដៃខ្លួនខ្ទប់មុខខ្លួនឯង ចង់សើចបន្ដិចចង់យំបន្ដិច ព្រោះខ្ញុំសង្ស័យថា គេហួសចិត្តនិងភាពល្ងង់ភ្លីភ្លើរបស់ខ្ញុំហើយទេដឹង!

៣០វិនាទីក្រោយ គេក៏រលាយបាត់ស្រមោលនៅទីនេះ ហើយសុខៗទ្វាររបងក្លោងទ្វារឮសូររបើកឡើង រីឯពន្លឺក្រហមបញ្ជាក់ពីដំណើរការនៃកាម៉េរ៉ាសុវត្ថិភាពផ្សេងៗនៅក្បែរនោះក៏រលត់ លែងដំណើរការផងដែរ…ច្បាស់ណាស់ ទាំងនេះជាស្នាដៃរបស់មិត្តខ្មោចខ្ញុំជាមិនខាន!

-ចូលមក!

ឃើញវ៉ាទិយ៉ា ញញិមចំអកដាក់ខ្ញុំ ហៅខ្ញុំចូលទៅក្នុងងាយៗបែបនេះ…ប្រាប់ត្រង់ ខ្ញុំក្ដៅក្នុងចិត្តម៉ង…ទ្រាំមិនបាន ក៏ខ្ញុំនិយាយរអ៊ូទៅកាន់វាវិញ

-វ៉ាទិយ៉ា! សួរត្រង់នេះឯងឃើញការឈឺចាប់របស់ខ្ញុំ ជាសេចក្ដីសុខរបស់ឯងឬ បានជាចូលចិត្តធ្វើបាបបុកម្នេញខ្ញុំម៉្លេះ?

-អាវ…នេះឯងទេតើ អានុ ម៉េចមិនសុំឱ្យខ្ញុំជួយឯងសិនទៅ តាំងខ្លួនធ្វើដូចជាឯងនេះស៊ើបពើហេរ៉ូទៅកើត ផះអើយ! អានុ អើយអានុ…ឯងដូចជា Overestimate ខ្លួនឯងពេកទេដឹង ហាហា!

-វ៉ាទិយ៉ា…អូខេ យូវីន!

ខ្ញុំឈប់ខ្វល់ពីរឿងរបស់មិត្តខ្មោចខ្ញុំ កត់ចំណាំបញ្ជីគំនុំមួយនេះសិនចុះ…ខ្ញុំដើរលបៗ រក្សាសំឡេងសម្រិបជើងរបស់ខ្លួនឯង ស្វែងរកទីតាំងដែលគ្រូពេទ្យយុធកំពុងនៅ…តែសួរតាមត្រង់ខ្ញុំមិនច្បាស់ដែរ តើហេតុអ្វីខ្ញុំត្រូវមកប្រឈមមុខផ្ទាល់ជាមួយគ្រូពេទ្យយុធនោះ មិនចាំឱ្យខាងប៉ូលិសដោះស្រាយសំណុំក្ដីមួយនេះទៅ…ទៅជឿតាមពាក្យបញ្ចុះបញ្ជូលរបស់មិត្តខ្មោច អាវ៉ាទិយ៉ាបែបនេះ!

– ពុទ្ធោអើយ…មនុស្សធម្មតាដូចខ្ញុំ តើមានសមត្ថភាពឯណាប្រឆាំងឃាតកររោគចិត្តដូចជាគេនោះ?

ខ្ញុំនិយាយតិចៗឆ្ងល់ប្រាប់ខ្លួនឯង តែស្រាប់តែមុខទ្វារបន្ទប់ដែលខ្ញុំកំពុងនៅ មានពន្លឺខាងក្នុងបន្ទប់ជះចេញមកក្រៅ ស្របពេលដែលទ្វារខាងក្នុងត្រូវបានរុញចេញមក…រូបរាងគ្រូពេទ្យយុធ ក្នុងដៃកាន់កែវកញ្ចក់ក្រាស់ថ្លាមានបេះដូងស្រស់ដាក់ខាងក្នុងនោះ បើកភ្នែកភ្ញាក់ធំៗ ពេលឃើញខ្ញុំនៅនិងមុខគេ…

-នេះជា…

– លោកគ្រូពេទ្យយុធ!!!

ចប់ហើយ…ចប់ហើយ តើនេះឱ្យខ្ញុំធ្វើយ៉ាងម៉េចទៅ?  ខ្ញុំរត់ល្អទេ? វ៉ាទិយ៉ា ឯង…(ខ្ញុំលួចគិតក្នុងចិត្ត)

ខ្ញុំមិនទាន់បានត្រៀមខ្លួនស្រួលបួលផង ស្រាប់តែម្ជុលស៊ឺរ៊ាំងដ៏មុចស្រួច មិនដឹងគ្រូពេទ្យ យុធ បានមកពីណា រហ័សយកចាក់ចូលដល់សាច់ស្បែកកញ្ចឹងករបស់ខ្ញុំ ដោយខ្ញុំមិននឹកស្មានទុកមុនសោះ…វារហ័សពេក រកតែខ្ញុំសុំសញ្ញាឱ្យមិត្តខ្មោចជួយមិនបាន! ប្រហែលសារធាតុថ្នាំពីម្ជុលស៊ឺរ៉ាំងខ្លាំងដែរ មិនដល់៣០វិនាទីផង…ខ្ញុំបាត់ស្មារតីសន្លប់មិនដឹងខ្លួន!

ផាច់!!!

ខ្ញុំបើកភ្នែកសន្សឹមៗ ព្រោះត្រូវបានដាស់ដោយការភាពឈឺចេញពីផ្ទៃមុខរបស់ខ្លួន…អ្នកដែលខ្ញុំបើកភ្នែកឃើញមុនគេ គឺគ្មានអ្នកណាក្រៅពី លោកគ្រូពេទ្យ យុធ ដែលកំពុងមើលមកខ្ញុំដោយក្រសែឃោរឃៅ កំណាច…ខ្ញុំពេលនេះប្រហែលក្លាយជាជនរងគ្រោះបន្ទាប់របស់គេហើយ!

– ភ្ញាក់ហើយឬ? (គ្រូពេទ្យ យុធ សួរ)

ខ្ញុំមិនតបទៅកាន់គ្រូពេទ្យ យុធ ភ្លាមៗនោះទេ ខ្ញុំងាកសម្លឹងមើលទីដែលខ្ញុំនៅ…ខ្ញុំកំពុងអង្គុយលើកៅអី ដៃទាំងពីរត្រូវក្របួចចងនៅពីខាងក្រោយ រឹតជាមួយខ្សែចំណង ពន្លឺភ្លឺពណ៌លឿងផ្លុងចេញពីចង្កៀងអំពូលចាន នៅពីលើក្បាល បង្ហាញឱ្យឃើញទិដ្ឋភាព បរិវេណនៅទីនេះមានកំណត់ ប៉ុន្ដែក៏អាចមើលដឹងបានថា នៅបន្ទប់គឺគេប្រើសម្រាប់ធ្វើអី្វ…

រូបភាពដែលខ្ញុំមិនអាចបំភ្លេច បង្ហាញជាថ្មីម្ដងទៀត បន្ទប់ដែលមានពន្លឺភ្លើង ប៉ុន្ដែបែរជាក្លាយងងឹត គ្មានរស្មីអ្វី ព្រោះតែទីនេះគឺប្រមូលផ្ដុំជាមួយចំហាយគុំគួន អ័ព្ទផ្សែងងងឹតដូចទីនេះជាទីលានពិឃាតលើសមរភូមិសង្គ្រាមអស់កាលដ៏យូរឆ្នាំ…

– នេះខ្ញុំ…ខ្ញុំនៅទីណា?

– ទីណាឬ? នោះ​ជា​បន្ទប់​សក្ការ​របស់​ខ្ញុំ (sanctuary room)

-ទីសក្ការ? ឬមួយក៏ជាបន្ទប់ប្រមូលអំពើឃាតកម្មខ្លួនទៅវិញ?

ខ្ញុំដឹងហើយ ហេតុអ្វីនៅទីនេះ វាមានចំហាយគុំគួនខ្លាំងបែបនេះនោះ ព្រោះទីនេះមិនខុសពីសាលវិចិត្រសិល្បៈ ដែលដាក់តាំងពិពណ៌បង្ហាញស្នាដៃរបស់ខ្លួននោះទេ…គ្រាន់តែទីនេះជាសាលបង្ហាញពីវិចិត្រសិល្បៈនៃបំណែកសាកសព ជនរងគ្រោះដែលគ្រូពេទ្យ យុធ បានសម្លាប់ ជាប់ជញ្ជាំងបន្ទប់នេះមានធ្នើរ រៀបជាច្រើនជួរ ក្នុងជួរនីមួយៗ មានដាក់តាំងបង្ហាញមានបំណែកផ្សេងៗនៃរាងកាយមនុស្ស មានដៃ គ្រាប់ភ្នែក ជើង ឬក៏ដងខ្លួនមនុស្សទាំងមូល ដាក់ត្រាំក្នុងទឹករក្សាសពនៅក្នុងកែវកញ្ចក់ រៀបបង្ហាញធ្វើដូចទីនេះជា វិចិត្រសាលនៃកាយវិភាគសាស្ត្រមនុស្ស (Gallery of Human Anatomy) តែខ្ញុំយល់ថា ទីនេះជាកន្លែងប្រមូលអំពើឃាតកម្ម តាំងជា Trophy នៃ collection បំណែករាងកាយជនរងគ្រោះរបស់គាត់។

-ឯងដឹងរឿងគ្រប់យ៉ាងហើយមែនទេ?

គ្រូពេទ្យយុធ និយាយដោយសំឡេងស្មើមកកាន់ខ្ញុំ ទឹកមុខរបស់គេ មិនបង្ហាញពីភាពខ្លីខ្លាចអ្វីបន្ដិចសោះ ហាក់បីគេមិនផ្តោតវាមិនសំខាន់ក្នុងរឿងនេះទេ…

-ព្រោះអ្វី? លោកគ្រូពេទ្យ…ហេតុអ្វីលោកគ្រូពេទ្យតាំងខ្លួនក្លាយជាឃាតករឃោរឃៅបែបនេះ!

ឮពាក្យខ្ញុំសួរបែបនេះ គ្រូពេទ្យយុធ ស្រាប់តែផ្ទុះសំណើចឡើង…សំឡេងសើចរបស់គាត់ ក្រសែភ្នែកគាត់សម្លក់មកមើលខ្ញុំ ធ្វើឱ្យខ្ញុំព្រឺសម្បុរអស់

-ហាហា…អញជាឃាតករ? ត្រូវហើយអញជាឃាតករ ដៃមួយគូនេះអញសម្លាប់មនុស្សច្រើនជាង អញយកវាទៅប្រើជួយមនុស្សទៅទៀត!! អញហ្នឹងហើយជាឃាតករ មិនមែនជាហេរ៉ូ មិនមែនទេ…ពិតណាស់…ឯងនិយាយត្រូវ អញជាឃាតករ…ឃាតករសម្លាប់មនុស្សមិនញញើត!

-ព្រោះអ្វីទៅលោកគ្រូពេទ្យ? តើពួកគេខុសអ្វី ទើបលោកគ្រូពេទ្យ តាំងខ្លួនធ្វើជាមច្ចុរាជប្រល័យយកសិទ្ធរស់រានរបស់អ្នកទាំងនោះ?

-អ្នកទាំងនោះស័ក្តិសមនឹងស្លាប់…ពួកវាជាអ្នកដែលធ្វើឱ្យអញក្លាយជាបែបនេះ

-លោកគ្រូពេទ្យ…លោកគ្រូ មិនមែនជាយមរាជ កំណត់ជីវិតនរណាអាចរស់ ឬត្រូវស្លាប់បានទេ! លោកគ្រូពេទ្យ យុធ…

-ឈប់ហៅឈ្មោះអញទៀតទៅ អញនិងឯងមិនដែលស្គាល់គ្នាទេ? ឈប់ទៅអញមិនចង់ឮទៀតទេ…ពួកវាសុទ្ធតែជាអ្នកដែលជាប់ពាក់ព័ន្ធ សម្លាប់បងស្រីអញ! ទោះបីពេលវេលា យូរយ៉ាងណា…អញនឹងសងសឹក សម្លាប់ពួកវា កូនចៅវា មិនឱ្យរស់នៅសុខស្រួលទេ…អញត្រូវតែទាមទារយុត្តិធម៌ សកសឹកឱ្យបងស្រីអញ…ហាហា!!!

យុធ…ប្អូនយុធ

សំឡេងដង្ហោយរបស់ខ្មោចស្រីម្នាក់ ដែលស្នាមខ្លួននាងពាសពេញដោយស្នាមរបួស កំពុងយំទុក្ខសោក ព្យាយាមឱបខ្លួនរបស់លោកគ្រូពេទ្យយុធ…តែទោះជាខំប្រឹងយ៉ាងណា ក៏នាងមិនអាចធ្វើទៅបាន…វាប្រៀបដូចចាប់ស្រមោលព្រះចន្ទក្នុងអណ្ដូងទឹក

នេះជា? (ខ្ញុំឧទានដៀងភ្នែកសួរទៅកាន់វ៉ាទិយ៉ា)

– នាងជាបងស្រីរបស់លោកគ្រូពេទ្យយុធ! នាងឈ្មោះ…

-រីវ៉ា? (ខ្ញុំឧទានឮចេញមកក្រៅ)

ឮសំឡេងខ្ញុំហៅឈ្មោះ របស់រីវ៉ា ពីមាត់របស់ខ្ញុំបែបនេះ គ្រូពេទ្យយុធ ស្រាប់តែប្រែប្រួលទឹកមុខមួយរំពេច…ស្ទុះមកអង្រួនចាប់ខ្ញុំ រួចសម្លក់មើលមកភ្នែកចង់ដឹងចម្លើយ

-ឯង…ឯងហេតុម៉េចក៏ស្គាល់ឈ្មោះបងស្រីអញ? ឯងជាអ្នកណា? ឬមួយឯងក៏ជាសាច់ញាតិ ខ្សែស្រឡាយរបស់ពួកវាទាំងនោះដែរ? ទេ…មិនអាចទេ អញបានស៊ើបស្រាវជា្រវច្បាស់ណាស់ នាងកល្យាណនោះហើយ ជាកូនស្រីចុងក្រោយបង្អស់របស់អ្នកបម្រើផ្ទះនោះ…មិនអាចមានអ្នកផ្សេងទៀតទេ!!!

-ខ្ញុំនេះឬ? គឺគ្រាន់តែជាអ្នកដឹកបញ្ញើធម្មតាម្នាក់ប៉ុណ្ណោះ ឯរឿងដែលខ្ញុំស្គាល់បងស្រីរបស់លោកគ្រូពេទ្យ គឺចេញពីមកពីមិត្តរបស់ខ្ញុំដែរ…អ្វីដែលសំខាន់គឺចេញពីមាត់នាង…បងស្រីរបស់លោកគ្រូពេទ្យគឺនៅទីនេះ!

-ឯងនិយាយផ្ដេសផ្ដាស…បងស្រី…បងស្រីខ្ញុំម៉េចអាចនៅទីនេះបាន! គាត់បានស្លាប់អស់រយៈពេលយូរឆ្នាំហើយ…ឯងកុំចង់មកបោកប្រាស់ខ្ញុំ!

-លោកគ្រូពេទ្យមិនជឿខ្ញុំឬ? ស្ដាប់ទៅវាមិនមែនជាវិទ្យាសាស្ត្រ តែខ្ញុំនិយាយពិត…ខ្ញុំអាចមើលឃើញខ្មោច!

-ឆ្កួត…ឯងនិយាយឆ្កួត សម័យនេះនរណាទៅនៅជឿរឿងបែបនេះទៀត!

-រីវ៉ា បងស្រីរបស់លោកគ្រូពេទ្យ មានប្រជ្រុយក្រហមនៅទងត្រចៀកខាងស្ដាំមែនទេ?

ឮខ្ញុំប្រាប់បែបនេះ គ្រូពេទ្យយុធនៅស្ងៀម

-នាងស្លាប់នៅថ្ងៃខួបកំណើត ១៧ឆ្នាំខ្លួន…លោកគ្រូពេទ្យ យុធ បានទិញស្រោមដៃដ៏ស្រស់ស្អាតមួយគូ ចង់ឱ្យនាងជាកាដូថ្ងៃកំណើតនោះ…

ខ្ញុំរៀបរាប់រឿងជាច្រើន ដែលខ្ញុំស្ដាប់ឮចេញពីមាត់របស់ខ្មោចនាងរីវ៉ា…នាងនិយាយយំទាំងទឹកភ្នែករៀបរាប់រឿងខ្លួនឯងប្រាប់មកកាន់ខ្ញុំ។ ខ្ញុំស្ដាប់រួចហើយ ខ្ញុំពិតជាអាណិតអ្នកម្ខាងទៀតណាស់ មិនគួរណា នាងត្រូវមកចួបរឿងអាក្រក់បែបនេះ…មនុស្សខ្លះពិតជាស័ក្តសមនិងស្លាប់មិនខុសមែន!

-បងរីវ៉ា…បង…ខ្ញុំនឹកបង!

គ្រូពេទ្យ ប្រែប្រួលធ្វើខ្លួនគេដូចជាមនុស្សក្មេង ត្រលប់ទៅកាលជាង២០ឆ្នាំមុន…បងស្រីគេ នៅតែជាមនុស្សដែលខ្លួនស្រឡាញ់បំផុត!

-ប្រាប់មក…បងស្រីអញនៅឯណា? ហេតុអ្វី…ហេតុអ្វីគាត់មិនអាចទៅចាប់ជាតិ? បងស្រី បងរីវ៉ា…បង…

-គាត់បារម្ភពីលោកគ្រូពេទ្យ ទើបគាត់មិនព្រមទៅចាប់កំណើតជាថ្មីទៀត!

-បងរីវ៉ា ហេតុអ្វីបងមិនបោះបង់ខ្ញុំចោលដូចបងប្រុស? ហេតុអ្វីបងមិនទុកខ្ញុំចោលឱ្យនៅតែម្នាក់ឯង…បងហេតុអ្វីខ្ញុំ…ខ្ញុំក្លាយជាបែបនេះ ខ្ញុំមិនមែនជាហេរ៉ូដូចអ្វីដែលបងចង់បានទេ តែខ្ញុំប្រែក្លាយជាតួចិត្តអាក្រក់ (Villain)ដែលបងស្អប់ទៅវិញ…បងរីវ៉ា ខ្ញុំសូមទោសបង!

ខ្ញុំកំពុងមើលឆាកឈុតកម្សត់របស់បងប្អូនគេទាំងពីរស្រាប់តែ វ៉ាទិយ៉ា នៅក្បែរនោះ លួចមកខ្សិបប្រាប់ខ្ញុំថា

-អានុ ទ្រាំបន្ដិចទៅ…បន្ដិចទៀតប៉ូលិសនឹងមកដល់ហើយ!

-អូខេ…អរគុណឯងហើយ!

មួយសន្ទុះសំឡេងឮចេញមកខាងក្រៅ ដូចជាសំឡេងទ្វារត្រូវបានធាក់បំបែកសោរចេញ…សំឡេងឮៗចេញពីសឺរ៉ែនឡានប៉ូលិស និងសម្រិបជើងមនុស្សមួយក្រុម កំពុងដើរចូលមកទីតាំងដែលពួកយើងកំពុងនៅ…មួយសន្ទុះ ស្រាប់តែមានសំឡេងឧគ្ឃោសនាសព្ទ ស្រែករំពងទាំងកណ្ដាលរាត្រី…

-អ្នកខាងក្នុង សូមប្រគល់ខ្លួនតាមសម្រួល! នៅទីនេះយើងបានរុំព័ទ្ធជិតអស់ហើយ…

ទោះបីជាយ៉ាងនេះក្ដី គ្រូពេទ្យយុធ មិនបង្ហាញភាពតក់ស្លុត ឬភ័យខ្លាចអ្វីគេ…ទឹកមុខគេនៅដដែល គឺខូចចិត្តដែលគេមិនអាចមើលឃើញបងស្រីខ្លួនជាលើកចុងក្រោយ

-បងស្រី…បងស្រី បងស្អប់ខ្ញុំទេ ខ្ញុំក្លាយខ្លួនជាឃាតករបែបនេះ? ប៉ុន្ដែពួកវានេះ សុទ្ធតែជាអ្នកដែលធ្វើឱ្យបងស្លាប់…គ្រួសារសាច់ញាតិ ខ្ញុំបានសងសឹកឱ្យបងអស់រួចហើយ…ទោះបីខ្ញុំក្លាយជាបិសាចក្នុងក្រសែភ្នែកអ្នកដទៃ ខ្ញុំក៏មិនសោកស្ដាយដែរ…

គ្រូពេទ្យយុធ ទាញកូនកាំបិតរបស់ខ្លួនបម្រុងនឹងអារករបស់ខ្លួនធ្វើអត្តឃាតហើយ ស្រាប់តែត្រូវបានរារាំងដោយអំណាចអ្វីម្យ៉ាង…ដៃកាន់កាំបិតរបស់គេត្រូវបានបញ្ឈប់ នៅពេលចុងកូនកាំបិតមួយនោះចាក់ទម្លុះស្បែកកញ្ចឹងករបស់គេឡើងមានចេញឈាមក្រហមឆ្អៅរឹមៗ

-ប្អូនយុធ កុំ…

កម្លាំងអំណាចមិនដឹងមកពីណា ខ្មោចនាងរីវ៉ា អាចបង្ហាញរូបរាងខ្លួននៅនិងមុខគេម្ខាងទៀត ដៃនាងចាប់ដៃកាន់កាំបិតរបស់យុធជាប់

-បងស្រីទីពីរ! (គ្រូពេទ្យយុធ ស្រែកដោយរំជួលចិត្ត ពេលឃើញរូបរាងរបស់អ្នកម្ខាងទៀត…រូបរាងកាយដែលគេមិនអាចបំភ្លេចបានក្នុងមួយជីវិតនេះ)

-ប្អូនយុធ កុំ…កុំធ្វើបែបនេះ…បង…បងមិនចង់ឃើញប្អូនស្លាប់នោះទេ! សន្យា…សន្យានិងបង ប្អូនត្រូវរស់នៅ…រស់…

សំឡេងនាងខ្មោចរីវ៉ា ឮបានតែប៉ុណ្ណឹង រូបរាងនាងស្រាប់តែព្រិលប្រែរលាយបាត់រូបរាង

-បងរីវ៉ា…បងស្រី…បងកុំទៅចាកចោលខ្ញុំដូចបងប្រុសបានទេ? បងស្រី…ខ្ញុំ…

ផាំង..ប្រាវ!! កម្លាំងប្រើហិង្សាចេញពីខាងក្រៅ សំឡេងវាយជញ្ជាំងមួយទំហឹងពេញហិង្សាខ្លាំងណាស់ បង្កឱ្យទ្វាររបើកឡើង ជាមួយនិងកងប្រដាប់អាវុធសមត្ថកិច្ចក្នុងឈុតរាជអាវុធហត្ថ ចុះមកបង្រ្កាបភ្លាមៗតែម្ដង…

លោកគ្រូពេទ្យក៏ត្រូវបានចាប់វាយដាក់ខ្នោះ ដាក់ឡានចូលទៅប៉ុស្ដិ៍ប៉ូលិស។ ខ្ញុំក៏ត្រូវខាងប៉ូលិស ហៅចូលមកធ្វើកំណត់ហេតុ និងជាសាក្សី។ រីឯ រូបរាងកាយបំណែកសាកសពដែលចេញពីជនរងគ្រោះទាំងនោះ ត្រូវបានប្រមូលដាក់តម្កល់នៅក្នុងទីកោសល្យវិច្ច័យសម្រាប់ធ្វើជាព័ស្ដុតាងបញ្ជាក់បន្ថែម…ក្នុងចំណោមនោះ ក៏មានដងខ្លួនរបស់ម៉ាឡាវី ដែរ។

រឿងបទល្មើសមួយនេះ ក្លាយជារឿងមួយដ៏ក្ដៅគគុកក្នុងប្រព័ន្ធបណ្ដាញសង្គម និងចុះទំព័រកាសែតក្នុងស្រុកគ្រប់ច្បាប់ សូម្បីព័ត៌មានក្រៅប្រទេស ក៏យករឿងនេះទៅចុះផ្សាយដែរ។ គ្រូពេទ្យម្នាក់ ដែលល្បីល្បាញ ប្រែក្លាយជាឃាតករដ៏សាហាវត្រឹមតែមួយប៉ប្រិចភ្នែក….មនុស្សម្នាក់ ដែលគេស្រឡាញ់រាប់អាន ប្រែក្លាយជាស្អប់ពេញមួយប្រទេស។

-វ៉ាទិយ៉ា រឿងគ្រូពេទ្យយុធមួយនេះ ចប់ហើយមែនទេ?

-អឹម គ្រប់យ៉ាងគឺចប់អស់ហើយ…អរគុណ ម៉ានុ បងស្រីខ្ញុំក៏គេផ្ដាំខ្ញុំឱ្យមកសូមអរគុណឯងផងដែរ មុនពេលគាត់សម្រេចចិត្តចាប់កំណើតជ្រើសរើសជាតិថ្មី។

ខ្ញុំញញិម ទទួលសម្ដីរបស់ វ៉ាទិយ៉ា រួចគិតក្នុងចិត្តតែម្នាក់ឯង ពេលខ្លះខ្ញុំមិនដឹងទេថា តើសេចក្ដីបញ្ចប់របស់គ្រូពេទ្យ យុធ មួយនេះ វាស័ក្តិសមតបទៅនិងអំពើដែលគាត់បានសាងនោះទេ? គំនុំដែលធ្វើពីអ្នកជំនាន់មុន ត្រូវសងដោយកូនចៅជំនាន់ក្រោយៗទៀត ទាំងពួកគេមិនដឹងរឿងអ្វីសោះ តើនេះត្រឹមត្រូវដែរឬ? រឿងមួយនេះ បើគិតៗទៅនៅតែមិនស្មើភាពគ្នា ទាំងគ្រូពេទ្យ យុធ រីវ៉ា និងជនរងគ្រោះដទៃទៀតរបស់គាត់…យុត្តិធម៌ តើមានពិតក្នុងលោកនេះឬ?

វ៉ាទិយ៉ា ហាក់ដឹងពីអ្វីដែលខ្ញុំកំពុងគិត គេនិយាយដោយសំឡេងស្មើថា៖

-បានហើយ ឈប់គិតទៅ រឿងនេះសន្មត់ថាចប់ត្រឹមហ្នឹង…ដេកសម្រាក​ យកកម្លាំងពេលព្រឹក ធ្វើការទៀត! អូហ៍! ភ្លេចប្រាប់ឯង មេក្រុមផ្ដាំតាមខ្ញុំឱ្យមកប្រាប់ឯងថា មានបញ្ញើពិសេសត្រូវការឱ្យឯងដឹក!

បញ្ញើពិសេស ចេញបញ្ជាពីមេក្រុម?  (ខ្ញុំឧទានក្នុងចិត្ត)

-ហ្អាស? បញ្ញើពិសេសទៀតហើយឬ? វ៉ាទិយ៉ា សង្ឃឹមថាមិនដូចជាអ្វីដែលខ្ញុំកំពុងគិតទៅចុះណ៎ា!

វ៉ាទិយ៉ា សម្លឹងមើលមុខខ្ញុំ គេលួចសើច ហើយក៏រលាយបាត់ទៅ។ ខ្ញុំមើលពិតានបន្ទប់តែម្នាក់ឯង ហត់នឿយចិត្ត ដកដង្ហើមធំ…

ណ្ហើយ…សង្ឃឹមថាអាកញ្ចប់បញ្ញើពិសេសដែលមេក្រុមដាក់ឱ្យនោះ មិនមែនជារឿងថ្មីទៅចុះ…!

ជម្រាបសួរបាទ,

ខ្ញុំ កែត ម៉ានុ អ្នករត់បញ្ញើខ្មោច មានអ្វីឱ្យខ្ញុំដឹកទេ?

អាវសានបទ

នៅជ្រុងមួយនៃសួនច្បារសាធារណៈ គេឃើញមានបុរសម្នាក់ អង្គុយអានកាសែតដែលគេបោះចោលនៅធុងសំរាម…គាត់សម្លឹងមើលរូបភាព លោកគ្រូពេទ្យយុធ អត្ថបទដែលគេសរសេរចុះពីរឿងឃាតកម្មរបស់ខ្លួន…គាត់កាន់អានកាសែតមួយនេះ ញ័រដៃទទ្រើត ដំណក់ទឹកភ្នែក ចាប់ផ្ដើមហូរស្រក់ចុះតក់ៗមកលើទំព័រកាសែត

-យុធ…សូមទោស! លើកនេះ បងនឹងមិនចាកចេញ បោះបង់ប្អូនទៀតទេ!

គាត់ដកកូនកាំបិតដែលសៀតលាក់ក្នុងខោខ្លួនឯង រួចរត់តម្រង់ទៅកាន់ផ្លូវសាធារណៈដែលកំពុងអ៊ូអរពេញដោយមនុស្សប្រុសស្រីក្មេងចាស់ ដើរនៅលើដងវិថីដ៏មមាញឹកមួយនោះ។

១នាទីក្រោយមក មនុស្សម្នានាំគ្នារត់ប្រសេចប្រសាច ដូចហ្វូងត្រី សំឡេងស្រែកដង្ហោយសុំជំនួយលាន់រំពងពេញលើផ្លូវ ព្រោះតែមនុស្សប្រុសម្នាក់កំពុងដេកសន្លប់ក្នុងថ្លុកឈាម ចេញពីពោះ មុខរបួសដែលត្រូវបានគេចាក់ដោយកូនកាំបិតខ្លី…

-ជួយផង…ជួយផង! មានគេ…មានគេសម្លាប់មនុស្ស!!!

បុរសម្នាក់កំពុងកាន់កាំបិតប្រឡាក់ពេញដោយឈាម ឈរឆ្កឹងមួយកន្លែង សម្លឹងមើលជនរងគ្រោះដែលកំពុងដេកនៅក្នុងថ្លុកឈាម…

-យុធ! បងស្គាល់អារម្មណ៍ដែលដៃខ្លួនឯងប្រឡាក់ឈាមហើយ…កាលណោះប្អូនប្រហែលជាមានអារម្មណ៍ភ័យខ្លាចដូចបងហើយ! បងសូមទោស…បងការពារប្អូនប្រុសខ្លួនមិនបាន…ហេតុអ្វីកាលនោះ បងកំសាក…បងមិនមែនជាអ្នកកាន់កាំបិតមួយនោះទៅវិញ?

 មែនហើយ…បុរសម្នាក់នោះ គេគឺជារ៉ាវី…បងប្រុសរបស់យុធ៕

ចប់

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*