រឿង៖ ប្រពន្ធចុងពុក

ស្រែកខ្លាំងៗប្រាសចាកភាពទន់ភ្លន់ ឆាប់អន់ចិត្ត វាគឺជាខ្ញុំនៅពេលនេះ។

«កើតអី? ឯងកំពុងតែកើតអី?»

ខ្ញុំលួចសួរខ្លួនឯងនៅក្នុងចិត្ត ហើយក៏មិនយល់ពីខ្លួនឯងដូចគ្នា។ ខ្ញុំបែបនេះតាំងពីពុកមានប្រពន្ធចុងមកម្ល៉េះ គាត់បានសន្យានឹងខ្ញុំហើយថាគាត់មិនយកអ្នកណាក្រៅពីម៉ែទេ ប៉ុន្តែពេលនេះម៉ែចែកឋានទៅមិនទាន់ទាំងបានប៉ុន្មានផងពុកក៏ក្បត់សន្យាបាត់ទៅហើយ។

«មីរ៉ាមកហូបបាយកូន!»

សំឡេងនិយាយមករកខ្ញុំល្វើយៗ វាដូចជាពីរោះតែសម្រាប់ខ្ញុំស្តាប់ហើយចង់ខ្ពើម ខ្ញុំនៅបន្តការស្ងៀមស្ងាត់មិនមាត់ចូលមីងសុភីប្រពន្ធរបស់ពុកនោះឡើយ។

ពុកគាត់ដើរមកតាំងៗ ហើយក៏ថាឱ្យខ្ញុំ ទាំងដែលពីមុនពុកមិនដែលអ៊ីចឹងឡើយ៖

«មីរ៉ា! ឯងថ្លង់ហើយហ្មែនមិនឮម៉ែឯងហៅហូបបាយទេអី?»

ខ្ញុំប្រតិកម្មនឹងពាក្យសម្តីពុក៖

«ពុកយល់ច្រឡំហើយ ម៉ែខ្ញុំមានតែម្នាក់ទេ មីងម្នាក់នេះមិនមែនជាម៉ែខ្ញុំទេ»

ខ្ញុំនិយាយទាំងមុខស្ងួតហើយក៏ដើរចេញបាត់ទៅ ប៉ុន្តែពុកហាក់ដូចមិនខ្វល់នឹងអវត្តមានខ្ញុំឡើយ។

«ហូបបាយទៅអូន! កុំខ្វល់ពីមីរ៉ាអី ចរិតកូនបងម្នាក់នេះបែបហ្នឹងតាំងពីម៉ែគេចែកឋានទៅម្ល៉េះ»

មីងសុភីធ្វើមុខជូរហើយក៏តាំងនិយាយឡើងជាតួកម្សត់ដាក់ប្តី៖

«អូនខុសអីទៅ? រាល់ដងអូនតែងតែព្យាយាមនិយាយចូលមីរ៉ា តែកូន គេតែងតែមិនមាត់ចូលអូន តែបើពេលគេនិយាយវិញមានពេលខ្លះគេសម្លុតអូនទៀតផង»

«សុភីឱ្យបងសុំទោសជំនួសកូនផង អូនកុំប្រកាន់នឹងក្មេងអី»

ពុកដ៏ល្អរបស់ខ្ញុំព្យាយាមនិយាយលួងចិត្តប្រពន្ធរបស់គាត់។

«អូនមិនដែលប្រកាន់នឹងមីរ៉ាទេ ព្រោះគ្នាជាក្មេង អូនគ្រាន់តែអន់ចិត្តនឹងគេតិចតួច»

«កុំគិតច្រើនអីហូបបាយទៅអូន!» ក្រោយពីបានពុកនិយាយលួងលោមហើយ មីងសុភីក៏ហូបបាយជាមួយនឹងពុកដោយភាពផ្អែមល្ហែម។ ដោយសារតែសម្តីផ្អែមល្ហែម និងមាយាទន់ភ្លន់របស់គាត់នឹងហើយទើបធ្វើឱ្យពុកលង់យ៉ាងហ្នឹង។

«…»

ពុកមិនដឹងទេ ខ្ញុំគ្រាន់តែដើរចេញ តែខ្ញុំមិនទាន់បានទៅណាឆ្ងាយឡើយ អ្វីដែលពុកនិយាយខ្ញុំបានស្តាប់ឮទាំងអស់ គាត់និយាយកាន់ជើងផ្គាប់ផ្គន់តែប្រពន្ធចុងគាត់ អ្វីដែលមីងសុភីនិយាយគឺគាត់សុទ្ធតែជឿ ត្រង់ខ្ញុំវិញគាត់គិតថាខ្ញុំខុសរហូត ខ្ញុំនិយាយគាត់មិនដែលជឿទេ។

ថ្ងៃថ្មីចូលមកដល់ ថ្ងៃរះចាំងចែងបញ្ចេញពន្លឺក្រហមឆ្អិនឆ្អៅមកពីទិសខាងកើត បក្សាបក្សីរូតរះស្វះស្វែងហែហោះទៅរកចំណីមកចិញ្ចឹមក្រពះខ្លួនឯងនិងកូនៗ រីឯខ្ញុំវិញក្រោកម៉ោងប្រាំមួយព្រឹកដូចរាល់ដង ដើម្បីជួយធ្វើកិច្ចការងារផ្ទះខ្លះៗ មុននឹងរៀបចំទៅសាលា។

«មីរ៉ា មកហូបបាយកូន» មីងសុភីស្រែកហៅខ្ញុំ នៅពេលដែលឃើញខ្ញុំរៀបទៅសាលា។

«អត់ទេ! អាហ្វីមិត្តខ្ញុំមកហើយ!» ខ្ញុំប្រកែកហើយខ្ញុំក៏ដើរចេញទៅរករាហ្វីដែលមកចាំខ្ញុំនៅមុខរបងផ្ទះ។ ពុកមីរ៉ាដើរមកឮកូននិយាយគ្នាជាមួយប្រពន្ធគាត់ គាត់ក៏គ្រវីក្បាល ស្មានដឹងថាគាត់មិនពេញចិត្តនឹងចរិតរបស់កូនខ្លួនអម្បាញ់មិញនេះទេ។

«តោះ!» ទៅដល់ឡើងម៉ូតូហើយខ្ញុំក៏និយាយទៅកាន់រាហ្វី។

រាហ្វីបើកម៉ូតូចេញទៅហើយក៏សួរខ្ញុំផង៖

«ឈ្លោះគ្នាជាមួយម៉ាក់ទៀតហើយ?»

ឮគេនិយាយបែបហ្នឹង ខ្ញុំសឹងតែខ្លកគេមួយក្រញរទេ គេក៏ដឹងដែរថាខ្ញុំមិនចូលចិត្តប្រពន្ធពុកទេ ប៉ុន្តែគេនៅតែចូលចិត្តនិយាយធ្វើដូចជាខ្ញុំនឹងស្និទ្ធស្នាលជាមួយមីងសុភីណាស់អ៊ីចឹង។

«ម៉ាក់ក្បាលឯងស្អី!»

«សម្តីខ្លាំងៗបែបនេះមិនប្រាប់ក៏ដឹងដែរ ថាឈ្លោះជាមួយម៉ាក់»

«…» ខ្ញុំមិនតបអារាហ្វីទេ អារម្មណ៍កំពុងមិនល្អផង ហើយគេមកញ៉ោះផងគ្មានហឫទ័យចង់វាចាជាមួយគេទេ។

មកដល់សាលាខ្ញុំនិងរាហ្វីក៏ចូលថ្នាក់ដូចរាល់ដង ហើយថ្ងៃនេះក៏ជាថ្ងៃបញ្ចប់ការប្រឡងឆមាសលើកទីមួយដែរ ខ្ញុំធម្មតារៀនមិនពូកែទេ ខ្ញុំខំរៀនដែរ តែខួរក្បាលរបស់ខ្ញុំវាមិនអំណោយផលសោះ។

ខ្ញុំអង្គុយនៅតុ មុខក្រៀមៗ សម្លឹងមើលទៅវិញ្ញាសាក្នុងដៃគ្រូ ដោយអារម្មណ៍ល្ហល្ហេវរកស្មានមិនត្រូវ ប្រឡងរហូតដល់មុខវិជ្ជាចុងក្រោយហើយ មុខវិជ្ជាមុនៗខ្ញុំធ្វើមិនសូវជាត្រូវទេ ហើយមុខវិជ្ជាចុងក្រោយនេះក៏ប្រហែលជាដូចគ្នាដែរមើលទៅនោះ។

«មុខក្រៀមៗកើតអីអ្ហាះ?» រាហ្វីគេនិយាយមកកាន់ខ្ញុំ នៅពេលដែលគេក្រឡេកឃើញទឹកមុខខ្ញុំ។

ខ្ញុំមិនធ្លាប់លាក់បាំងអារម្មណ៍នឹងវាទេ៖

«ប្រហែលជាប្រឡងមិនបានល្អដូចលើកមុនទៀតហើយមើលទៅ នេះមុខវិជ្ជាចុងក្រោយហើយ!»

«មិនបានរៀនត្រៀមទេ? ទើបខ្លាចប្រឡងមិនបានល្អអ៊ីចឹង»

«យើងរៀនហើយតែវាដូចមិនសូវចាំ ចំណាំមិនសូវបាន ឆាប់ភ្លេច! រាហ្វីឯងរៀនពូកែប្រហែលមិនយល់អារម្មណ៍នេះទេដឹង!»

ឮខ្ញុំនិយាយបែបហ្នឹង រាហ្វីគេមិនយល់ស្របឡើយប្រញាប់ជំទាស់យ៉ាងលឿន៖

«មុននឹងរៀនពូកែ ក៏ធ្លាប់ល្ងង់ដូចតែគ្នាតើ»

«…» គេនិយាយពិតជាត្រឹមត្រូវខ្ញុំមិនជំទាស់ទេ។ វិញ្ញាសាប្រឡងឆមាសលើកទីមួយបានមកដល់ក្នុងដៃខ្ញុំ ដូចការគិតណាស់ភាគច្រើនគឺខ្ញុំអត់ចេះ បែបនេះហើយក៏គ្មានធ្វើបានត្រឹមត្រូវស្អីដែរ អំបិលក្រិបតែម្តងហើយ។

ដល់ម៉ោងចេញទៅផ្ទះ សិស្សគ្រប់រូបចេញពីថ្នាក់ឈូឆរ ដើរស្ទើរបុកគ្នា។ ដោយឡែកខុសពីគេតែរូបខ្ញុំដើរយឺតៗមួយៗដូចអត់ដង្ហើម មុខក៏គ្មានញញិមដែរគឺមកពីអត់សប្បាយចិត្ត មុនប្រឡងក៏គ្មានសង្ឃឹម ប្រឡងហើយក៏រឹតតែគ្មានសង្ឃឹម ឆ្នាំនេះថ្នាក់ទី១១ហើយ តែខ្ញុំនៅតែភ្លើអ៊ីចឹង។

«បានហើយសម្រួលអារម្មណ៍ទៅចែ! លើកហ្នឹងធ្វើមិនបានល្អ ខិតខំបន្តទៀតទៅ មិនទាន់អស់ឱកាសទេ!» រាហ្វីគេដើរមកជិតហើយលើកទឹកចិត្តខ្ញុំ។ ពាក្យលើកទឹកចិត្តរបស់គេធ្វើឱ្យខ្ញុំរិះគិត ហើយក៏ញញិមបានមកវិញ ខ្ញុំសប្បាយចិត្តដែលមានមិត្តល្អ ឬក៏អាចថាជាបងប្អូនល្អដូចជាគេ។

«អរគុណ!» ខ្ញុំវាចាទាំងញញិមទៅកាន់គេ។

….

ទៅដល់ផ្ទះវិញខ្ញុំក៏ហូបបាយម្នាក់ឯង ព្រោះមិនឃើញមានអ្នកណានៅផ្ទះទេ ពួកគាត់ទៅណាអស់ក៏ខ្ញុំមិនដឹងដែរ។ តែខ្ញុំក៏មិនសូវជាខ្វល់ប៉ុន្មានដែរ។ បាយហើយខ្ញុំអង្គុយលេងនៅលើអង្រឹងក្រោមផ្ទះ យោលទៅវិញទៅមកចុះឡើងៗ បន្តិចក្រោយមកខ្ញុំក៏បានឃើញពុកឌុបប្រពន្ធរបស់គាត់មកពីណាក៏មិនដឹង។

ងឹក!!

ម៉ូតូអាសង់022ឈប់នៅក្រោមផ្ទះ។ ពុកដោះមួកសុវត្ថិភាពចេញ ហើយមីងសុភីក៏ចុះពីលើម៉ូតូ មិនប៉ុន្មាននាទីក្រោយមីងសុភីក៏ហូតប្រអប់ពណ៌ការ៉ុតចេញពីកាបូបគាត់ បើខ្ញុំស្មានមិនខុសទេពុកប្រហែលជានាំមីងសុភីទៅទិញគ្រឿងអលង្ការ។ ប្រអប់ពណ៌ការ៉ុតត្រូវបានបើក ចិញ្ចៀនមាសមួយវង់ត្រូវបានហូតចេញពីប្រអប់ វាប្រហែលជាមិនថោកប៉ុន្មាននោះទេ។

«អូនអរគុណបងហើយ! វាពិតជាស្អាតណាស់!» មីងសុភីលើកចិញ្ចៀនហើយក៏ឱបពុក ធ្វើដូចជាគូស្នេហ៍កំលោះក្រមុំទើបនឹងរៀបការអ៊ីចឹង ឥតមានអៀនខ្មាសភ្នែកខ្ញុំឡើយ។

«មិនអីទេអូន ឱ្យតែអូនពេញចិត្ត!»

ពុកងាកមកមើលខ្ញុំនៅអង្រឹង៖

«មីរ៉ា! ហូបបាយហើយឬនៅកូន?»

«ហើយៗ…» ខ្ញុំឆ្លើយដោយសំឡេងរឹងកំព្រឹស ហាក់ដូចមិនសូវជាខ្វល់នឹងគាត់ទេ។ ក្រោយពីនេះខ្ញុំក៏ដើរចេញពីមុខពីមាត់ពួកគាត់ទាំងពីរ មកសំងំអង្គុយលេងនៅក្រោយផ្ទះ។

ទឺង!

ខ្ញុំទទួលបានសារពីរាហ្វី។ ឃើញដូច្នេះខ្ញុំក៏ប្រញាប់ចូលមើល។

«ទៅសង្រ្កាន្តនៅសាលាមេសាងអត់?»

«សួរពុកសិន!»

រដូវចូលឆ្នាំថ្មីសាលាគេធ្វើសង្រ្កាន្តជាច្រើន ដោយឡែកសាលាខ្ញុំរៀនវិញមិនធ្វើទេ ហើយទាល់តែប្រឡងឆមាសលើកទីមួយចប់ទើបឈប់។ និយាយពីអារឿងដើរលេងសង្រ្កាន្តអ៊ីចឹង ខ្ញុំដូចជាខានដើរយូរដែរហើយ បើបានលេងសប្បាយម្តងក៏វាមិនអីដែរ ណាមួយវាក៏មិនមែនជារឿងខុសឆ្គងអីផង។

ខ្ញុំសួរទៅរាហ្វី៖

«សង្រ្កាន្តថ្ងៃណា?»

«ថ្ងៃស្អែកនេះ» ពួកយើងមិនបានបន្តការសន្ទនាគ្នាទៀតទេ បញ្ចប់តែត្រឹមនេះ ខ្ញុំមិនទាន់ទៅនិយាយចូលពុករឿងហ្នឹងទេ គិតថាមិនអីទេពុកប្រហែលមិនបដិសេធឡើយ។

ថ្ងៃស្អែកមកដល់ សាលារៀនរបស់ខ្ញុំក៏សម្រាកក្រោយពីប្រឡងឆមាសលើកទីមួយរួចរាល់ ថ្ងៃនេះខ្ញុំបានស្លៀកពាក់សម្លៀកបំពាក់ធម្មតា អាវយឺត ខោខូវប៊យ ដើម្បីត្រៀមទៅលេងសង្រ្កាន្ត។

ម៉ោងទើបតែ៧ព្រឹកនោះទេ ខ្ញុំដើរទៅសុំពុកដែលកំពុងតែវាយឯកសារអីមិនដឹងរបស់គាត់នៅមុខលេបថប។

«ពុកខ្ញុំសុំទៅលេងសង្រ្កាន្តនៅសាលាមេសាង?»

«ទៅជាមួយនរណាកូន?»

«រាហ្វី!»

«អើ…» ពុករៀបតបនឹងខ្ញុំទៅហើយតែមានអ្នកខ្លះមកនិយាយកាត់ ធ្វើឱ្យខ្ញុំសឹងតែបោកគ្រាប់បែកទេ។

«នែមីរ៉ាកូន កុំទៅអី ឯងទៅដើរលេងឆ្ងាយៗជាមួយរាហ្វីយ៉ាងម៉េច ខ្លួនជាស្រីក្រមុំកំពុងពេញស្អាត ហើយឯងក៏ទុកចិត្តគេម្ល៉េះកូន។ គេក៏ប្រុស គ្នាគេក៏ប្រុស បើគេចង់ធ្វើបាបឯងគឺងាយណាស់»

គ្រាន់តែឮសម្តីប្រពន្ធគាត់ភ្លាមពុកក៏ចូកចែវបន្ថែម៖

«មិនបាច់ទៅទេមីរ៉ា! ពុកមិនឱ្យទៅទេ!»

«ពុកនេះអាហ្វីណាពុក! វាដូចជាបងប្អូនខ្ញុំបង្កើតណា៎ លេងឡុកឡរជាមួយគ្នា ធំឡើងជាមួយគ្នា ធ្លាប់ហូបបាយចានតែមួយ។ ពុកមិនទុកចិត្តវាទេ?» ខ្ញុំនិយាយទាំងលួចអន់ចិត្តនឹងគាត់តិចៗដែរ។

មីងសុភីបន្ថែម៖

«ឯងទុកចិត្តវាទៅ! ប្រយ័ត្នពោះប៉ោងមិនដឹងខ្លួនណា ម៉ែគ្រាន់តែប្រាប់»

គាត់និយាយបែបនេះគឺស្មើនឹងមើលងាយខ្ញុំហើយ ខ្ញុំជាមនុស្សមានចិត្តគំនិត ក៏ដឹងខុសដឹងត្រូវ ចេះមើលថែខ្លួនដូចគេឯងដែរ ហេតុអ្វីក៏និយាយដូចខ្ញុំមិនដឹងអី?

«ម៉ែឯងនិយាយត្រូវហើយ!»

ឆ្អែត! វាចារបស់ពុកធ្វើឱ្យខ្ញុំអន់ចិត្តនឹងគាត់ខ្លាំងណាស់ ពុករបស់ខ្ញុំដែលធ្លាប់តែស្រលាញ់ខ្ញុំ តែពេលនេះទង្វើគាត់ដូចជាមិនទុកចិត្ត មិនជឿជាក់កូនស្រីខ្លួនឯងឡើយ។

«…» ខ្ញុំមិនមាត់ទេ ហើយក៏ដើរចេញ ទោះខំប្រឹងប្រកែកទៀតក៏គ្មានប្រយោជន៍ដែរ ព្រោះខ្ញុំគ្មានអ្នកគាំទ្រឡើយ។

ខ្ញុំឆាតទៅរាហ្វីប្រាប់ថាខ្ញុំមិនបានទៅដើរលេងសង្រ្កាន្តទេ មិនបាច់ឱ្យគេមកយកខ្ញុំឡើយ។ ភាពសប្បាយរីករាយដែលខ្ញុំរំពឹងទុកវារលាយបាត់តាំងតែពីពុកនិយាយមកម្ល៉េះ។

រដូវបុណ្យចូលឆ្នាំថ្មី សាលារដ្ឋក៏ឈប់គួរក៏ឈប់ បែបនេះហើយក៏ធ្វើឱ្យខ្ញុំទំនេរត្រូវនៅផ្ទះ និយាយត្រង់ថាខ្ញុំអត់ចង់នៅផ្ទះទេ គ្មានក្តីសុខបន្តិចសោះឡើយ ធ្វើអ្វីក៏ខុស ខុសរហូតមិនលោះថ្ងៃសោះ។

ពុកជាគ្រូពេទ្យ ថ្ងៃនេះគាត់មានការនៅមណ្ឌលសុខភាព គាត់ចេញពីផ្ទះទៅលឿនជាងរាល់ដង និយាយទៅគឺគាត់រវល់ពេញមួយថ្ងៃដោយសារថ្ងៃនេះត្រូវវេនគាត់យាមមន្ទីរពេទ្យផង។

ក្រោយពុកចេញទៅបាត់ ខ្ញុំក៏ឃើញប្រពន្ធដ៏ល្អរបស់គាត់ធ្វើខ្លួនស្អាតបាត បម្រុងចេញទៅណាក៏មិនដឹងដែរ។ ឃើញអ៊ីចឹងខ្ញុំក៏អត់លូកមាត់មិនបាន៖

«មីងទៅណា?»

«នែរឿងម៉ែ ម៉ែចង់ទៅណាក៏បាន ឯងក្មេងកុំចេះដឹងរឿងចាស់»

«កុំមកហៅខ្លួនឯងថាម៉ែ ខ្ញុំគ្មានម៉ែចរិតលាក់ពុតដូចមីងឯងទេ ល្អដាក់ខ្ញុំតែពីមុខពុកខ្ញុំក្រោយខ្នងដូចពស់វែក»

«ឈ្លើយ!! និយាយបែបនេះគេហៅថាក្មេងឈ្លើយ និយាយមិនដឹងចាស់ទុំ» មីងសុភីញញិមបែបពិសពុល ហើយក៏និយាយស៊កសៀតមកឱ្យខ្ញុំវិញ។

«ខ្ញុំធ្វើជាក្មេងល្អ តែជាមួយមនុស្សចាស់ដែលមានសីលធម៌ត្រឹមត្រូវទេ។ ដូចមីងឯងខ្ញុំសុខចិត្តឈ្លើយ ក៏មិនគួរសមជាមួយដែរប្រាប់ឱ្យដឹង» ខ្ញុំនិយាយខ្លាំងៗតទៅគាត់វិញ គាត់មិនមាត់ តែភ្នែកដៀងសម្លក់ខ្ញុំសឹងជ្រុះ មិនប្រាប់ក៏ដឹងថាខឹងដែរ។

«កុំខ្លាំងពេក នាងក្មេងនេះ!»

មីងសុភីថាឱ្យខ្ញុំហើយក៏ដើរចេញទៅ មិនដឹងជាទៅណាទេ ខ្ញុំមិនចាប់អារម្មណ៍ បានទៅបាត់បែបនេះក៏ល្អដែរ ខ្ញុំមិនបាច់ហត់ស្អកកឈ្លោះជាមួយ ម្យ៉ាងឃើញមុខក៏ក្តៅក្រហាយដែរ។

មីងសុភីបាត់ពីព្រឹករហូតដល់ល្ងាចម៉ោង៥ទើបត្រលប់មកវិញ គាត់មកវិញទាំងទឹកមុខស្អុយប៉ែ មិនដឹងថាកើតស្អីមកទេ។

«មកវិញធ្វើស្អីមីង បានមីងទៅឱ្យបាត់តែម្តងក៏ល្អដែរ កុំឱ្យខ្ញុំនៀកវាធុញ» ខ្ញុំថាឱ្យគាត់ដោយធ្វើមុខធ្វើមាត់ឌឺដង។

«ប្តីយើងនៅទីនេះ ឱ្យយើងទៅណាឆ្ងាយបានទៅ» គាត់និយាយដោយជឿជាក់លើខ្លួនឯង ហើយក៏ដើរទៅបើកឆ្នាំងបាយ។ ពេលបើកហើយក៏ធ្វើមុខស្អុយ ថាឱ្យខ្ញុំ៖

«នេះនៅផ្ទះយ៉ាងម៉េច មិនដាំបាយស៊ីអ៊ីចឹងហាស៎»

«អញ្ជើញដាំខ្លួនឯងទៅមីង» ខ្ញុំញាក់ត្របកភ្នែកឌឺគាត់ ញញិមទាំងសមចិត្ត មីងគិតមែនទេដើរតាំងពីព្រឹក ល្ងាចចូលផ្ទះ ចង់ឱ្យខ្ញុំដាំបាយឱ្យហូប គ្មានផ្លូវទេមីងអើយណាមួយខ្ញុំក៏មិនមានជាប់សាច់ឈាមអីជាមួយមីងឯងផង ហេតុអីនាងមីរ៉ាត្រូវខ្វល់នោះ?

មីងសុភីទម្លាក់គម្របឆ្នាំងឮសូរ ប្រាវ!!

«នាងក្មេងនេះចង់ធ្វើបាបយើងផង ចាំមើលនាងឯង ហ៊ើយ! ខឹងនាងហ្នឹងណាស់»

ក្រោយពីបរិយាយហើយគាត់ក៏យកឆ្នាំងទៅដាំបាយហូបខ្លួនឯង ទាំងមុខមិនរីកសោះឡើយ។

មេឃចាប់ផ្តើមងងឹតទៅហើយ ខ្ញុំងូតទឹកហើយក៏ចាប់ផ្តើមរៀនសូត្រធម្មតានៅក្នុងបន្ទប់របស់ខ្ញុំ។ ខ្ញុំកំពុងគណនាលំហាត់រូបវិទ្យា ធ្វើបានប្រហែលជាពីរបីលំហាត់ ក៏មានទូរស័ព្ទតេចូលមក។ ខ្ញុំលើកមកមើលក៏ឃើញលេខអារាហ្វីទេតើ ហើយយប់ម៉ោង៦ជិត៧ហើយវាតេមករកស្អីវា ខ្ញុំរហ័សចុចលើក៖

«អាឡូ!»

«អាឡូមីរ៉ា! នៅផ្ទះអត់?»

«នៅ! ហើយតេមកថីហ្មែន?»

«ចង់ខ្ចីសៀវភៅប្រវត្តិវិទ្យាឯង មករៀនសិនបានអត់?»

«អើ! ហើយយកអង្កាល់»

«ឥឡូវនេះ! ចាំយើងទៅយក»

«អើ… យើងបិទហើយ»

ថាហើយខ្ញុំក៏បិទទូរស័ព្ទរៀនបន្តដោយគ្មានអ្វីមករំខានទៀតឡើយ ដោយសារភ្នែកខ្ញុំមិនសូវល្អ ខ្ញុំក៏យកវែនតាមកស៊កជំនួយ។

សំឡេងម៉ូតូជិះចូលទៅក្នុងផ្ទះមួយ បន្តិចក្រោយមកក៏ឈប់។ ប្រុសស្អាតម្នាក់ចុះពីលើម៉ូតូ ហើយក៏ដើរចូលទៅខាងក្រោមផ្ទះ ម្នាក់ហ្នឹងគឺជារាហ្វី!។

«មីងជម្រាបសួរ!» រាហ្វីលើកដៃសំពះមីងសុភីដែលកំពុងអង្គុយនៅក្រោមផ្ទះ។

មីងសុភីក៏តបវិញទាំងញញិម៖

«ថ្វាយព្រះក្មួយ! ហើយមករកអីនឹងក្មួយ?»

«បាទ៎! ខ្ញុំមកខ្ចីសៀវភៅពីមីរ៉ា»

«មីរ៉ាគេនៅក្នុងបន្ទប់គេនុងក្មួយ»

«បាទ៎! ខ្ញុំតេទៅគេឱ្យយកសៀវភៅឱ្យសិន!» ថាហើយរាហ្វីក៏យកដៃរាវហោប៉ៅខោ តែគេស្ទាបចុះស្ទាបឡើងទើបដឹងថាភ្លេចយកទូរស័ព្ទមក មូលហេតុដែលរាហ្វីធ្វើអ៊ីចឹងក៏ព្រោះតែមិនចង់ចូលបន្ទប់កូនស្រីគេយប់ព្រលប់។

ឃើញបែបនេះមីងសុភីក៏និយាយ៖

«ទៅយកទៅក្មួយ មីរ៉ានៅក្នុងបន្ទប់ គ្មានពីណាថាអីទេអ្នកស្គាល់គ្នាសោះ»

«បាទ!» រាហ្វីញញិមហើយដើរចូលទៅក្នុងបន្ទប់មីរ៉ាដោយមិនសូវបារម្ភក្នុងចិត្តពេក។

តុកៗ…

រាហ្វីគេធ្វើជាគោះទ្វារដែលចំហស្រាប់ហើយក៏ចូលមកយកសៀវភៅ។ គេមិនទាន់យកសៀវភៅទេ ហើយក៏ធ្វើជានិយាយនៅពេលដែលឃើញមីរ៉ាខំធ្វើលំហាត់។

«ខំរៀនណាស់ហ្ន៎! មើលទៅចូលកងវិញប្រហែលរៀនមិនឈ្នះមីរ៉ាទេ»

«បានហើយអញជ្រេញណាស់ កុំមកនិយាយអួតអញ នេះសៀវភៅយកទៅ» ខ្ញុំកាន់សៀវភៅហើយក៏ហុចទៅឱ្យគេ ដូចនេះគេក៏ញញិមបែបជាអត់សំណើចតិចៗ។

«កាចម៉្លេះបង!» គេវាចាឌឺដងខ្ញុំ។

«បានហើយអាប្អូន នៅកូរអញទៀត មិនប្រុងឱ្យអញបានរៀនទេ?»

«ទៅហើយៗ បាយៗ» រាហ្វីគេក៏ត្រលប់ទៅវិញក្រោយពីទទួលបានការនិយាយបែបដេញរបស់ខ្ញុំ។

ព្រឹកថ្មី…

«មកដល់ហើយបង?!» សុភីវាចាទៅកាន់ប្តីនៅពេលដែលឃើញគាត់ឈប់ម៉ូតូក្រោមផ្ទះ។

«បាទ! ហើយមីរ៉ាគេនៅឯណាអូន?»

«មីរ៉ាមិនទាន់ក្រោកពីដេកទេមើលទៅ អូនក្រោកមុននាង ដោយសារយប់មិញមីរ៉ាគេមានភ្ញៀវ»

«ភ្ញៀវអីទៅ?»

«រាហ្វីគេមករកនឹងណា ឃើញនៅនិយាយប្រឡែងគ្នាក្នុងបន្ទប់នាង»

«កូនខ្ញុំហ៊ាននាំប្រុសចូលក្នុងបន្ទប់ទៀត ធ្វើចរិតមិនដឹងស្អីមែន» គាត់និយាយទាំងខឹង គ្រវីក្បាលដោយហួសចិត្ត។

ខ្ញុំដើរចេញមកពីបន្ទប់ទឹក ក្រោយពីលុបមុខរួច។

ពុកស្រែកហៅ៖

«មីរ៉ាមករកពុកបន្តិច!»

«ចាស៎» ខ្ញុំដើរទៅជិតគាត់ទាំងអារម្មណ៍មិនស្រួលទេ នេះពុកគាត់មកពីមណ្ឌលទៅហើយ។

«ពុកហៅខ្ញុំមានអីហ្មែន?»

«មានបានហៅហ្នឹង!» គាត់មើលមុខខ្ញុំដោយអាកប្បកិរិយាចម្លែក ខ្ញុំក្រឡេកមើលមីងសុភីបន្តិច ដែលពុកហៅមកប្រាកដជាមានទាក់ទងនឹងគាត់ទេដឹង។

«ហើយម៉េចបានឱ្យប្រុសចូលបន្ទប់អ៊ីចឹង ញាតិដឹងខ្មាសគេស្លាប់» ពុកពោលទាំងមុខស្ងួតភ្នែកសម្លក់ខ្ញុំទៀត។

«ពុកនិយាយអីអាក្រក់ស្តាប់ម្ល៉េះ ប្រុសស្អី?»

«ឱ្យអារាហ្វីចូលបន្ទប់នោះ! មិនមែនប្រុសទេ?»

«វាជាប្រុស! ហើយវាជាមិត្តខ្ញុំ គេគ្រាន់តែគេមកខ្ចីសៀវភៅខ្ញុំយកទៅរៀនសោះ ពុកនិយាយដាក់ខ្ញុំធ្វើមើលតែរឿងធំដុំណាស់អ៊ីចឹង» ខ្ញុំនិយាយទាំងអន់ចិត្ត មានរឿងទាំងព្រឹកតែម្តង អារម្មណ៍ល្អតាមណាទៅ។

ពុកស្រែកខ្លាំងៗ៖

«មកយកសៀវភៅដល់បន្ទប់បែបហ្នឹង! ហើយយប់ព្រលប់ទៀត អានេះវាស្មើនឹងបើកផ្លូវឱ្យប្រុសហើយកូន ឯងមិនខ្មាសគេទេឬ?»

«ខ្មាសអីខ្ញុំមិនបានធ្វើខុស! បានហើយពុក! វាធំដុំស្អីណាស់ណាទៅ យើងជាមិត្តភក្តិនឹងគ្នាស្គាល់គ្នាតាំងពីណាពីណីមក ពុកមកនិយាយសុទ្ធតែខ្ញុំបើកផ្លូវឱ្យប្រុស ពុកនិយាយបែបនេះក៏វាស្មើនឹងមើលងាយកូនខ្លួនឯងហើយ ខ្ញុំមិនដឹងថាមីងសុភីនិយាយចាក់រុកស្អីពុកទេ ទើបពុកមកថាឱ្យខ្ញុំបែបនេះ ខ្ញុំមិនខ្វល់ទេបើពុកជឿគាត់ជាងខ្ញុំក៏ស្រេចតែពុកទៅ។ ខ្ញុំធ្វើស្អីក៏ខុស! ធ្វើម៉េចល្អដូចប្រពន្ធពុក!»

ខ្ញុំនិយាយទាំងចង់យំ ទឹកភ្នែកស្ទើរស្រក់ចេញមកទៅហើយ យូរៗទៅគាត់កាន់តែជឿប្រពន្ធគាត់ហើយ រឿងបន្តិចបន្តួចសោះគាត់ធ្វើដូចជារឿងធំដំណាស់អ៊ីចឹង មីងសុភីក៏ដូចគ្នាពូកែណាស់អាខាងនិយាយលើកដាក់ធ្វើឱ្យពុកខឹងខ្ញុំ។

«នេះយើងនិយាយរឿងឯង! យើងនិយាយព្រោះចង់ឱ្យឯងល្អ ឯងមកចោទថាសុភីចាក់រុកស្អីយើង យីមីកូននេះធំទៅចង់ខ្លាំងជាមួយពុកខ្លួនឯងហើយ។ និយាយមិនស្តាប់ទេ! ម៉េច? មិត្តភក្តិសំខាន់ជាងម៉ែឪ?»

«ខ្ញុំនិយាយអីក៏ពុកមិនដែលជឿខ្ញុំស្រាប់ហើយ! ពុកជឿតែប្រពន្ធពុកទៅ!» ខ្ញុំខឹងគាត់ណាស់ និយាយទាំងស្រក់ទឹកភ្នែក ហើយក៏ដើរទៅយកកង់ ជិះទៅផ្ទះយាយរបស់ខ្ញុំ។ គាត់និយាយសម្លុតខ្ញុំ ខ្ញុំមិនចូលចិត្ត មនុស្សប្រុសដែលប្រើសម្តីធ្ងន់ៗដាក់កូនទេ ខ្ញុំស្អប់គាត់!។

«ឯងប្រដៅវា! ធំទៅយូរៗប្រដៅលែងស្តាប់ហើយ» ពុកនិយាយទាំងខឹងនឹងខ្ញុំ។

«បានហើយបង! កុំខឹងនឹងក្មេងអី!» មីងសុភីលួងលោមប្តីគាត់។

«មិនឱ្យខឹងយ៉ាងម៉េចអូនមើលចរិតវាទៅ ថាស្អីឱ្យក៏ខឹងង៉ក់ងរតមាត់និយាយមិនចេះស្តាប់ ប្រហែលទៅផ្ទះយាយវាទៀតហើយមើលទៅ»

«សុភីឱ្យបងសុំទោសផងអូន ដែលកូនបងគេថាឱ្យអូន!»

«មិនអីទេ! មីរ៉ាគេមិនដែលផ្តល់តម្លៃឱ្យអូនស្រាប់ទៅហើយ នៅក្នុងកែវភ្នែកកូនគេមិនដែលមើលឃើញអូនល្អទេ តែអូនមិនខឹងកូនទេ ប្រហែលមកពីអូនមិនល្អហ្នឹងហើយ!»

«កុំនិយាយបែបនេះអី! អូនពិតជាល្អនិងសំខាន់សម្រាប់បងណាស់ សុភីគឺជាប្រពន្ធដ៏ល្អរបស់បង»

«អរគុណបងណាស់ដែលស្រលាញ់អូន! បងចាំអូនណាអូនរៀបបាយឱ្យ»

«បាទ!»

តាំងពីថ្ងៃដែលគាត់ថាឱ្យខ្ញុំមកខ្ញុំមិនដែលទៅផ្ទះវិញទេ ខ្ញុំនៅដេកផ្ទះយាយប្រហែលមួយសប្តាហ៍ហើយ យាយនិងតាក៏ពួកគាត់មិនសួរអីខ្ញុំច្រើនដែរ ព្រោះគាត់ដឹងថាខ្ញុំប្រហែលជាមានរឿងជាមួយពុក។

មែនហើយតាំងតែពីបានមីងសុភីជាប្រពន្ធមក ពុករបស់ខ្ញុំមិនសូវជាជឿពាក្យសម្តីរបស់ខ្ញុំទេ ភាគច្រើនគាត់ជឿប្រពន្ធគាត់ជាងខ្ញុំ ម្យ៉ាងទៀតគាត់ឧស្សាហ៍មាត់ធំដាក់ខ្ញុំជាងមុន ទោះបីជាបាត់វត្តមានរបស់ខ្ញុំក៏គាត់មិនសូវខ្វល់ដែរ ពិបាកណាស់និយាយទៅគឺប្រពន្ធចុងរបស់គាត់គឺសំខាន់តែម្តង។

ថ្ងៃនេះជាថ្ងៃអាទិត្យ បន្ទាប់ពីសម្រាកផ្ទះយាយអស់មួយអាទិត្យខ្ញុំក៏សម្រេចចិត្តថានឹងទៅផ្ទះវិញ ទោះខ្ញុំខឹងពុកយ៉ាងណាក៏ខ្ញុំមិនអាចបណ្តោយឱ្យគាត់នៅជាមួយនិងមីងសុភី កំពូលសម្តីផ្អែមរបស់គាត់បានទេ។

ខ្ញុំជិះកង់ត្រលប់ទៅដល់ផ្ទះវិញ ឈប់កង់ស្រួលបួលហើយក៏ដើរទៅអង្គុយក្រោមផ្ទះ ពុកគ្រាន់តែឃើញខ្ញុំក៏គាត់វាចាឡើង៖

«ដាច់ចិត្តមកផ្ទះសំបែងវិញហើយ!»

«ខ្ញុំមកមិនបានហ្មែនពុក?» ខ្ញុំនិយាយបែបឌឺទៅគាត់វិញ ដោយអារម្មណ៍នៅខឹងមិនទាន់រសាយ។

«យើងគ្មានបានហាមឯងទេ!» ពុកវាចាដោយគំរោះគំរើយដាក់ខ្ញុំ ខ្ញុំវិញក៏មិនបានទៅនិយាយតតាំងអ្វីនឹងគាត់ទៀតដែរ ព្រោះគិតថាមិនចង់មានរឿងច្រើន។

ខ្ញុំដើរទៅក្នុងបន្ទប់របស់ខ្ញុំ តែក៏ចួនជាមីងសុភីគាត់ដើរមកល្មម។

«មកវិញហើយហីកូន?» គាត់សួរខ្ញុំ តែខ្ញុំមិនឆ្លើយទេ មុខគាត់ក៏មិនមើលដែរ ខ្ញុំដើរធ្មឹងធ្វើមិនដឹងធ្វើមិនឮ មិនខ្វល់មីងសុភីហ្នឹងមិនសំខាន់សម្រាប់ខ្ញុំផង រឿងដែលមីងឯងចាក់ចុចពុកខ្ញុំមិនទាន់ជម្រះបញ្ជីជាមួយផង ចង់បន្ថែមរឿង?

«មីរ៉ាស្អប់ខ្ញុំណាស់ហើយ!» វាចាទន់ភ្លន់ផ្អែមល្ហែមពោលទៅកាន់ពុកខ្ញុំ ធ្វើជាអន់ចិត្ត ដូចរាល់ដងពុកតែងតែនៅខាងមីងសុភី៖

«កុំខ្វល់នឹងគេអីអូន!»

«ចាស៎!»

យប់ឡើងខ្ញុំសម្អាតកាយហើយក៏រៀនសូត្រតាមកាលវិភាគក្រោយពីខានរៀនអស់មួយអាទិត្យមក ទូរស័ព្ទក៏ទៀតសោតកាលពីទៅនៅផ្ទះយាយមានបានយកទៅឯណា ត្រូវថ្មអស់ស្រាប់ទៀតរលត់ឈឹងតែម្តង ទើបខ្ញុំរៀបចំយកវាទៅបញ្ចូល។

តុកៗ…

សំឡេងគោះទ្វារបន្លឺឡើង ខ្ញុំដើរទៅបើកទ្វារ តើអ្នកណាមកមានការអីទៀតហើយ?

ក្រាក!!

ក្រោយពីបើកទ្វារ ខ្ញុំសឹងតែស្ទុះបិទវិញទេ អម្បាញ់មិញបើដឹងថាមីងសុភីប្រហែលជាខ្ញុំមិនខ្ចីបើកទ្វារឱ្យមីងឯងទេ។

«មីងមករកអី?»

«ម៉ែយកទឹកដោះគោមកឱ្យហូបមុនចូលសម្រាក» គាត់និយាយទាំងហុចកែវទឹកដោះគោឱ្យខ្ញុំ និយាយផ្អែមយ៉ាងនេះចង់ធ្វើស្អីខ្ញុំមែនទេ ខ្ញុំមិនឆ្កួតនោះទេព្រោះមុននឹងចូលបន្ទប់ខ្ញុំឃើញគាត់ដើរអើតឡឺមៗនៅផ្ទះបាយខ្ញុំក៏បានលួចដើរតាមព្រោះចង់ដឹង ពេលនោះខ្ញុំបានឃើញគាត់ហូតថ្នាំអ្វីម្យ៉ាងពីហោប៉ៅអាវចាក់ចូលក្នុងកែវទឹកដោះគោ(ប្រហែលថ្នាំរាគ) ខ្ញុំប្រាកដបាត់ទៅហើយថាអ្នកដែលគាត់យកមកឱ្យគឺជាខ្ញុំ។

«បានហើយកុំមកមាយា សម្ដែងចូលខ្ញុំ យកទៅវិញទៅខ្ញុំមិនផឹកទេ» ខ្ញុំប្រកែកទាំងរុញទឹកដោះគោឱ្យគាត់វិញ។

«ម៉ែខំយកមកឱ្យអីក៏ដាច់ចិត្តម្ល៉េះកូន!»

«មិនយកទេ! ខ្ញុំប្រាប់ឱ្យមីងយកទៅវិញទៅ» ខ្ញុំស្រែកខ្លាំងដាក់គាត់។ មីងសុភីសម្លឹងមើលទៅខាងមុខបន្តិច ហើយក៏ចាប់ដៃខ្ញុំឱ្យកាន់ទឹកដោះគោ ខ្ញុំខឹងគាត់ណាស់អាមិនចង់យកហើយនៅកាន់មកញ៉ុកដៃទៀត អ្នកណាផឹកបើមិនដឹងដាក់ថ្នាំអ្វីផង។

ផែស!!

ទឹកដោះគោត្រូវបានខ្ទាតប្រឡាក់ពេញមុខមីងសុភី ខ្ញុំស្រឡាំងកាំងអស់ហើយ។

ផាច់!!

ជាលើកទីមួយហើយ ដែលពុកខ្ញុំហ៊ានលើកដៃវាយកូនខ្លួនឯង មុខគាត់ឡើងក្រហមកំពុងតែខឹងខ្ញុំខ្លាំង។

«មីរ៉ានេះឯងឆ្កួតហើយឬអី? ម៉េចក៏ហ៊ានលើកដៃជះទឹកដោះគោដាក់ម៉ែឯង គេខំមានចិត្តបារម្ភយកទឹកដោះគោមកឱ្យ ឯងគ្មានខួរទេ?» គាត់ស្រែកឱ្យខ្ញុំខ្លាំងៗ ដោយសារតែបារម្ភពីប្រពន្ធគាត់។

«ពុកគិតថាខ្ញុំអ្នកជះដាក់ប្រពន្ធពុកមែន! មីងសុភីជះខ្លួនឯងទេពុក!» ខ្ញុំស្ទាបថ្ពាល់ដែលពុកវាយ ស្រែកយកតែខ្លាំងៗដាក់គាត់វិញ គាត់មិនទាន់បានស្តាប់ការបកស្រាយរបស់ខ្ញុំទេ គាត់ជឿប្រពន្ធគាត់ ជឿទាំងមិនពិចារណាឱ្យល្អិតល្អន់។

«វាមិនដែលគេឆ្កួតយកជះដាក់ខ្លួនឯងឱ្យប្រឡាក់នោះទេ នែ៎! ល្មមៗបានហើយ បើឯងស្អប់គេ ឯងក៏មិនគួរណាប្រើកាយវិការថោកទាបរបស់ឯងដែរ»

«ពុកវាយខ្ញុំ ជាកាយវិការល្អរបស់ពុកហ្មែន?» ខ្ញុំស្ទាបថ្ពាល់ដែលត្រូវគាត់វាយ ព្រមទាំងវាចាឌឺដងទៅវិញ គាត់បានត្រឹមតែខឹងខ្លាំង មិនហ៊ានវាយខ្ញុំទៀតឡើយ។

«ឯង!»

មនុស្សស្រីដ៏ទន់ភ្លន់របស់ពុក ចាប់ផ្តើមធ្វើខ្លួនជាជនរងគ្រោះដើម្បីទទួលបានការអាណិតអាសូរ ដោយគ្មានក្តីអៀនខ្មាស៖

«មែនហើយ! ឱ្យម៉ែសុំទោសផង ម៉ែជាអ្នកខុស បើដឹងថាឯងមិនចង់ផឹកទឹកដោះគោក៏ម៉ែមិនយកមកឱ្យដែរ តែមកពីម៉ែចង់ឱ្យកូនមានសុខភាពល្អ។ គ្រាន់តែម៉ែធ្វើបែបនេះសោះកូនក៏ស្អប់ម៉ែយ៉ាងនេះ»

ខ្ញុំមិនចង់ប្រឹងទប់អារម្មណ៍ទៀតទេ ខ្ញុំមិនបានខុស ខ្ញុំមិនបានទៅបង្ករឿងជាមួយអ្នកណាឡើយ គ្រប់យ៉ាងមិនមែនជាខ្ញុំអ្នកធ្វើ។

«ហ៊ើយ! បានហើយមីងភីឈប់សម្តែងបានអត់ខ្ញុំសុំ មីងឯងបានធ្វើអី? ខ្ញុំទៅជះទឹកដោះគេដាក់មីងឯងហេស៎? នៅសុខៗក៏យកទឹកដោះគោមកឱ្យខ្ញុំផឹក មីងមានបំណងអ្វី? ហើយក្នុងទឹកដោះគោមានស្អី? ខ្ញុំប្រកែកហើយនៅតែមិនយកទៅវិញទៀត ឃើញពុកមកក៏ធ្វើល្បិច មីងឯងអត់ចេះហត់ទេ? ខ្ញុំសុំមីង! ឈប់ធ្វើឱ្យគ្រួសារខ្ញុំមើលមុខគ្នាមិនចំទៅ។ ពុកក៏ដូចគ្នាពុកជឿតែមីងភីប្រពន្ធពុកនឹងទៅ ប្រយ័ត្នថ្ងៃណាមួយមីងភីបោកទៅ…»

«នេះ! មីរ៉ាឯង! យើងឱ្យឯងទៅរៀនសូត្រឱ្យចេះដឹង ឯងរៀនយូរៗទៅមិនស្គាល់ខុសត្រូវ មើលងាយចាស់ទុំអ៊ីចឹងមែនទេ? កូនចង្រៃយ៍!» លោកឪពុករបស់ខ្ញុំកែប្រែស្ទើរតែ360° ប្រែពីលោកពុកដែលមានក្រមសីលធម៌មកងប់ងល់ជឿមាយាប្រពន្ធចុង និងចេះប្រើហិង្សា មួយដៃដែលគាត់ហ៊ានលើកវាយខ្ញុំដោយសារមីងសុភី ប្រហែលជាខ្ញុំមិនភ្លេចទេមើលទៅនោះ។

«មែនហើយពុកខ្ញុំជាកូនចង្រៃយ៍! ពុកក៏មិនល្អជាងខ្ញុំប៉ុន្មានដែរ ដែលហ៊ានលើកដៃមកវាយកូនខ្លួនឯងនោះ» សម្តីចេញពីទឹកមុខស្រពោនរបស់ខ្ញុំទៅកាន់គាត់ វាពិតជាពិបាកបរិយាយណាស់ថាអារម្មណ៍នេះវាបែបណា។

ផាំង!!

ខ្ញុំអត់ចង់ឈ្លោះជាមួយពួកគាត់ទៀតទេ ខ្ញុំចេះហត់ព្រោះអីខ្ញុំក៏ជាមនុស្សដែរ ទ្វារត្រូវបានខ្ញុំទាញផ្ទប់ទាំងកំហឹងមួយទំហឹងបិទវា ពេលវេលានេះគឺខ្ញុំមិនចង់ឃើញអ្នកណាទេ មានតែរឿងមិនចេះចប់ ខ្ញុំនៅតែខ្ញុំតែក៏មានអ្នកតាមមករករឿងដល់កន្លែងទៀត។ ខ្ញុំបិទភ្លើងបន្ទប់ឱ្យងងឹតឈឹង ឥឡូវនេះខ្ញុំគ្មានសតិនៅសល់ក្នុងការតាំងចិត្តធ្វើស្អីទៀតទេ

ខ្ញុំចង់យំ យំដើម្បីឱ្យរសាយអារម្មណ៍មួហ្មងខ្លះ…

«អ្ហឹៗ… បើម៉ែនៅខ្ញុំក៏មិនក្លាយជាបែបនេះដែរ ហើយពុកក៏ប្រហែលនៅតែជាពុកល្អដូចពីមុន ខ្ញុំនឹកម៉ែ! អ្ហឹៗ…» ដៃទាំងគូរបស់ខ្ញុំកាន់រូបថតម៉ែឱបជាប់ទ្រូង បញ្ឈរក្បាលជង្គង់ខ្នងទល់ទៅនឹងជញ្ជាំង អង្គុយយំសសឹកទឹកភ្នែកជូតក្បាលជង្គង់ដូចកូនក្មេង៧ឬ៨ឆ្នាំ ពេលនេះខ្ញុំមិនដែលទទួលបានភាពកក់ក្តៅពីពុកឡើយ ពុកដ៏ល្អរបស់ខ្ញុំក៏បាត់ទៅដូចគ្នា។ ទឹកភ្នែករបស់ខ្ញុំបន្តស្រក់ ខ្ញុំមិនហាមឃាត់វាទេ ស្រក់មក! ស្រក់ឱ្យអស់ចិត្តមក ហើយកុំយំទៀតឯងត្រូវតែធ្វើជាមនុស្សរឹងមាំណាមីរ៉ា។

រំលងផុតមួយថ្ងៃទៀតហើយ ពីមួយថ្ងៃទៅមួយថ្ងៃទំនាក់ទំនងរបស់ខ្ញុំហើយនិងពុកកាន់តែអាប់អួរទៅ មានតែឈ្លោះនិងឈ្លោះ។

ម៉ោងប្រហែលជាទើប៧ជិត៨ព្រឹក ថ្មើរនេះនៅក្នុងផ្ទះខ្ញុំទំនេរស្អាតណាស់អត់មានអីធ្វើទេ ព្រោះការងារបន្តិចបន្តួចធ្វើរួចរាល់តាំងពីព្រលឹមមកម្ល៉េះ។ ព្រឹកនេះពុកនៅផ្ទះធម្មតា ដ្បិតអីគាត់ទៅមណ្ឌលធ្វើការវេនថ្ងៃ ខ្ញុំមើលទៅមុខគាត់ថ្ងៃនេះដូចមុខជូរជាងរាល់ដង។

«បង!» មីងសុភីស្រែកហៅពុកដោយញញិមស្រស់ដាក់ពុកដូចរាល់ដងតាមទម្លាប់របស់គាត់ ហើយក៏អេះអុញៗ៖

«គឺថា… នែ៎»

«មានអីមែនទេ?»

«អស់លុយហើយបង លុយដែលបងឱ្យអូនទិញម្ហូបនិងរបស់ប្រើប្រាស់អស់ហើយ»

«បែបនេះទេ?»

«ចាស៎»

«នេះ! បងក៏មិនសូវមានលុយដែរ ព្រោះមិនទាន់បើកប្រាក់ខែ អានេះលុយគេហៅចាក់ថ្នាំនៅក្រៅទេ» ពុកហូតលុយពីសៀតកាបូបគាត់ ហើយក៏រាប់ក្រដាសប្រាំម៉ឺនប្រាំសន្លឹកឱ្យមីងសុភី មីងសុភីកាលណាដែលឃើញលុយញញិមបិទមាត់មិនជិតឡើយ។

«អរគុណបងច្រើនហើយ!» គាត់ទទួលលុយញ៉ុកក្នុងហោប៉ៅ ហើយក៏បន្តវាចា៖

«អូនសុំទៅផ្សារបន្តិច ចង់ដើរមើលបន្លែត្រីសាច់អី»

«ឱ្យបងជូនទៅទេ?»

គាត់ប្រញាប់ប្រកែកយ៉ាងទាន់ហន់៖

«មិនបាច់ទេបង! អូនជិះកង់ខ្លួនឯងបាន ណាមួយចង់លម្ហែកាយផង»

«អ៊ីចឹងក៏ល្អដែរ!»

បានឱកាសហើយគាត់ក៏ជិះកង់ចេញដើរបាត់ដោយគ្មានខ្វល់អី។

សុភីជិះកង់តាមផ្លូវ ដោយអារម្មណ៍រីករាយស្រស់ស្រាយ ជិះបានបន្តិចក្រោយមកគាត់ក៏បានឈប់នៅកូនរោងមួយនៅចុងភូមិដែលមានមនុស្សអូអរចេចចាចៗដែរ។ ថ្វីដ្បិតតែនៅចុងភូមិមែនតែកូនរោងនេះនៅក្នុងព្រៃឯណោះ អ្នកខ្លះមិនធ្លាប់មកប្រាកដជាមិនដឹងថាមានកូនរោងទេ ប្រៀបដូចពាក្យចាស់ពោលថា «អ្នកដឹងបានដឹង អ្នកមិនដឹងនៅតែមិនដឹង» បែបនេះអ៊ីចឹង។

នាពេលថ្ងៃម៉ោងប្រហែលជាជិតដប់ នៅផ្ទះខ្ញុំរង់ចាំបន្លែត្រីសាច់យកមកធ្វើអាហារថ្ងៃត្រង់ តែមីងសុភីគាត់មិនទាន់មកសោះ បើតាមគិតទៅគាត់ទៅផ្សារប្រហែលជា២ម៉ោងហើយ ហេតុអ្វីក៏ក្រមកយ៉ាងនេះ?

ខ្ញុំរអ៊ូដាក់ពុក៖

«ប្រពន្ធពុកទៅផ្សារយូរយ៉ាងនេះ? ចង់ឱ្យអ្នកនៅចាំនេះដាច់ពោះស្លាប់ឬយ៉ាងម៉េច?»

ពុកឆ្លើយតបមកភ្លាមមិនឱ្យខ្ញុំចាំយូរ៖

«គ្នាជិះកង់ផង ទៅយូរអ៊ីចឹងក៏ប្រហែលជាទិញបានរបស់ច្រើនហើយ ឯងកុំរអ៊ូពេក!!»

«សង្ឃឹមថាដូចពុកនិយាយទៅចុះ!» ខ្ញុំឈប់និយាយបន្ត គឺនៅស្ងៀមស្ងាត់រង់ចាំគាត់តាមដំណើរ ប្រហែលបន្តិចក្រោយមកទើបឃើញគាត់មកវិញ។

«ទិញបានអីខ្លះអូន?» ពុកសួរ។

«ទិញបានបន្លែនិងសាច់បន្តិចបន្តួច!» គាត់និយាយហើយក៏យកសាច់និងបន្លែទៅធ្វើម្ហូប ឃើញគាត់ឧស្សាហ៍បែបនេះខ្ញុំក៏អត់ចង់ជ្រៀតជ្រែកដែរ។

បាយថ្ងៃត្រង់ត្រូវបានចាប់ផ្តើមឡើងយ៉ាងធម្មតា ពុកនិងប្រពន្ធគាត់ហូបបាយជុំគ្នា ចំណែកឯខ្ញុំហូបម្នាក់ឯងព្រោះខ្ញុំមិនចង់ឱ្យមានរឿងរញ៉េរញ៉ៃច្រើន។ ចំណែកឯពុកគាត់ហូបបាយរួចក៏ចេញទៅមណ្ឌល។

ក្រោយពីពុកចេញទៅបាត់..

«មីងប្រុងទៅណាទៀតហើយនុង?» ទៀតហើយខ្ញុំឃើញមីងសុភីគាត់បរកង់បម្រុងជិះទៅណាទៀតទើបខ្ញុំសួរ។

«យើងទៅណាក៏បានដែរ! មិនមែនរឿងឯងទេនាងក្មេងនេះ!»

«ហាសហា! លាក់ចរិតមិនជិតមែន ពុកទៅមិនទាន់បានប៉ុន្មានផង មីងឯងក៏ចេញដើរទៀតហើយ។ ចង់ទៅណាទៅៗកុំតែបំផ្លាញទ្រព្យពុកខ្ញុំទៅបានហើយ»

«ជ្រេញណាស់នាង!» គាត់ពេបមាត់ដាក់ខ្ញុំហើយក៏ជិះកង់ចេញទៅ ខ្ញុំក៏មិនខ្វល់អីនឹងគាត់ទៀតដែរ។ ប៉ុន្តែខ្ញុំគ្រាន់តែលួចឆ្ងល់ថាមួយរយៈហ្នឹងមីងសុភីគាត់ទៅណា ព្រោះឃើញគាត់ឧស្សាហ៍ចេញដើរណាស់។

នៅពេលយប់ ខ្ញុំធ្វើតាមកាលវិភាគសិក្សាខ្ញុំដូចរាល់ដង តែថ្ងៃនេះខ្ញុំគិតរាងវ៉ល់បន្តិច ព្រោះមិនដឹងថាគួរប្រាប់លទ្ធផលប្រឡងឆមាសទី១ឱ្យពុកបានដឹងឬអត់ ចង់ដឹងថាបើគាត់ដឹងហើយនឹងទៅជាយ៉ាងណា? ព្រោះអីខ្ញុំធ្វើអត់បានល្អទេ បើប្រាប់គាត់ខ្លាចគាត់ខឹង ប៉ុន្តែបើលាក់បន្តវាដូចជាមិនគប្បីព្រោះគាត់ជាអ្នកចិញ្ចឹមជាអ្នកទំនុកបម្រុងឱ្យខ្ញុំទៅរៀន។ លទ្ធផលប្រឡងឆមាសទីមួយនេះ បានដឹងតាំងពីប្រឡងឆមាសហើយ៥ថ្ងៃឯណោះ តែខ្ញុំលាក់គាត់។

«គិតយ៉ាងណាទៅនាងអើយ?» ខ្ញុំសួរខ្លួនឯងនៅក្នុងចិត្ត។

៥នាទីក្រោយ…

តុកៗ…

ខ្ញុំមកគោះទ្វារបន្ទប់របស់ពុកជាមួយនិងក្រដាស់ចំណាត់ថ្នាក់នៅក្នុងដៃ។ អារម្មណ៍ភ័យអរៗហាក់មករណ្តំចិត្តខ្ញុំឱ្យញ័រជើងតែម្តង។

ក្រាក!!

ទ្វារបើកដោយដៃមីងសុភី គាត់សម្លក់មុខខ្ញុំបន្តិចមិនឱ្យពុកខ្ញុំឃើញឡើយ ហើយក៏ប្តូរអាកប្បកិរិយាវាចាយ៉ាងទន់ភ្លន់ជាមួយខ្ញុំ៖

«មករកអីកូន?»

«…» ខ្ញុំមិនឆ្លើយជាមួយគាត់ទេ ហើយក៏ដើរហួសទៅរកពុក។

«មករកអីមីរ៉ា?»

ជំនួសឱ្យការនិយាយខ្ញុំក៏ហុចក្រដាស់ចំណាត់ថ្នាក់ឱ្យទៅគាយ់ហើយក៏ចាំមើលប្រតិកម្មរបស់គាត់។ បន្ទាប់ពីមើលហើយខ្ញុំឃើញគាត់ស្ងាត់យូរពេក ទើបមិនសួរមិនបាន៖

«យ៉ាងម៉េចពុក?»

«ឯងរៀនយ៉ាងម៉េច!  ទើបបានលេខច្រើនយ៉ាងនេះ? ឯងឃើញទេអារាហ្វីមិត្តឯងវាបានលេខ២ ចំណែកឯងរៀនចូលគេដែរបានលេខជិត៣០ទៅហើយ។ ខ្មាសគេអត់?»

គាត់ពោលទាំងមុខក្រញ៉ូវ មិនសប្បាយចិត្ត ខ្ញុំដឹងថាគាត់ខកចិត្តជាមួយខ្ញុំ តើឱ្យខ្ញុំធ្វើយ៉ាងណាទៀត? បើពេលនេះខ្ញុំកំពុងតែខិតខំរៀនជាងមុនហើយ គាត់ខឹងៗចុះធ្វើម៉េចខ្ញុំរៀនមិនពូកែ។

«សុំទោសពុក! ខ្ញុំកំពុងតែខិតខំរៀនជាងមុនហើយ!»

«កុំបានតែមាត់ឱ្យសោះ!»

«ចាស៎!» ខ្ញុំតបដោយសំឡេងធម្មតាបំផុត ធូរចិត្តហើយគាត់ថាឱ្យក៏វាមិនខុសដែរ មកពីខ្ញុំរៀនអន់ខ្លួនឯងគ្រាន់បើជាងខ្ញុំបន្តលាក់ពីគាត់។

«កូនរៀនមិនជាប់លេខល្អឬក៏កូនមិនយកចិត្តទុកដាក់រៀនទៅ?» មីងសុភីវាចាមករកខ្ញុំដោយសម្តីផ្អែមទឹកមុខញញិម និយាយមែនខ្ញុំហត់និងគាត់ណាស់ គាត់ចង់ចងពារខ្ញុំដល់ណាទៀត?

«មែនហើយ! យើងសង្ស័យតែឯងដូចសុភីនិយាយទេ ទើបរៀនមិនពូកែអ្ហាះ!»

«បើពុកគិតបែបហ្នឹងក៏ស្រេចតែចិត្តទៅ! ខ្ញុំមិនចង់មកមានរឿងជាមួយពុកទេ ខ្ញុំទៅវិញសិនហើយ!» ថាហើយខ្ញុំក៏ចាកចេញពីបន្ទប់គាត់មកវិញដោយមិនអាចនៅបន្តសន្ទនាចូលគាត់ទៀតបាន បើមិនអ៊ីចឹងទេប្រហែលជាមានរឿងខ្លាំងទៀតហើយ។

ថ្ងៃនេះពុកគាត់ទៅកម្មវិធីឡើងផ្ទះមិត្តគាត់នៅឯស្រុកឆ្ងាយបែបនេះហើយ ទើបគាត់ចេញទៅតាំងពីព្រឹក គាត់ចេញទៅបាត់ទុកឱ្យខ្ញុំនៅជាមួយមីងសុភីទៀតហើយ។

ខ្ញុំនៅក្នុងបន្ទប់ខ្ញុំកំពុងអង្គុយញញិមម្នាក់ឯង រីឯដៃដកលុយដែលខ្ញុំសន្សំពីសៀតសៀវភៅមករាប់ សប្បាយចិត្តណាស់លុយសន្សំរបស់ខ្ញុំកើនឡើងបានច្រើនណាស់។

«១០ម៉ឺនហើយតើ! លុយនេះខ្ញុំនឹងសន្សំទុកទៅដើរលេងពេលរៀនចប់ថ្នាក់ទី១២ គ្រាន់តែគិតក៏សប្បាយចិត្តដែរ ហាសហា!» ខ្ញុំនិយាយទាំងសើចសប្បាយហើយក៏ដាក់វាទុកវិញ រួចក៏ដើរចេញក្រៅបន្ទប់។

ខ្ញុំភ្ញាក់ព្រោះឃើញមីងភីនៅក្បែរនេះ៖

«មីងឯងមកឈរនៅទីនេះពីអង្កាល់?»

«អម្បាញ់មិញ! ហើយក៏ឃើញនាងចេញមកហ្នឹង ម៉េចមកសួរយើងអ៊ីចឹងក្មេងនេះ?»

«សួរលេង!»

ខ្ញុំដើរចេញ! មែនហើយគ្រាន់តែគាត់នៅត្រង់ហ្នឹងខ្ញុំចាំបាច់សួរគាត់ធ្វើអីគាត់នៅៗទៅ តែកូនចិត្តមួយរបស់ខ្ញុំគិតថាអម្បាញ់មិញគាត់អាចឃើញខ្ញុំរាប់លុយទេ ហើយបើឃើញគាត់អាចយកលុយខ្ញុំឬអត់? ទេខ្ញុំមិនគិតថាគាត់ជាមនុស្សមានដៃមានជើងទេ តែគាត់ក៏ប្រហែលជាមិនឃើញដែរព្រោះបើតាមគាត់និយាយ។

បន្ទាប់ពីខ្ញុំដើរចេញមកក្រៅមិនបានប៉ុន្មាន ខ្ញុំក៏ឃើញមីងសុភីបរកង់រកចេញទៅក្រៅទៀតហើយ។

ខ្ញុំក៏សួរសំណួរដដែលៗដែលធ្លាប់សួរគាត់៖

«មីងទៅណា?»

«ទៅផ្សារ!» បន្ទាប់ពីបានចម្លើយហើយខ្ញុំក៏មិនដេញដោលទៀតដែរ តែខ្ញុំបែជាមកឆ្ងល់នៅក្នុងចិត្ត៖

«មីងសុភីដូចជាឧស្សាហ៍ចេញទៅក្រៅដល់ហើយ ពេលខ្លះគាត់ថាទៅផ្សារតែទៅយូរនោះយូរ សង្ស័យណាស់ថាមីង…»

«ទេ! មីរ៉ាឯងចេះតែគិតច្រើន!» ខ្ញុំរលាស់ការគិតទាំងអម្បាលម៉ានចោលទាំងអស់ ព្រោះមិនចង់ឱ្យរឿងវាអាក្រក់ដូចជាការគិតរបស់ខ្ញុំ សង្ឃឹមថាមីងសុភីប៉ិនតែខាងមាយាទៅចុះ កុំតែចេះពាលាបំផ្លាញទ្រព្យពុកខ្ញុំទៅបានហើយ។

ម៉ោង១០:៤០នាទី

ខ្ញុំផ្ទៀងមើលម៉ោងដែលមីងសុភីត្រលប់មកវិញ ម៉ោងគឺវាប្រហាក់ប្រហែលនឹងម្សិលមិញដែរ លើសគ្នាបន្តិចបន្តួច គាត់ទៅផ្សារយូរៗណាស់ មិនមែនខ្ញុំចេះតែថាទេ តែគាត់ទៅផ្សារតាំងពីម៉ោង៧ជាង ឥឡូវក៏ម៉ោងជិត១១ហើយ។

គ្រាន់តែគាត់មកដល់ភ្លាមខ្ញុំដូចជាឆ្មាំយាមផ្ទះអ៊ីចឹង គឺសួរគាត់ទៀតហើយ មួយរយៈនេះគឺខ្ញុំចូលចិត្តសួរមីងសុភីដល់ហើយ៖

«មីងទៅយូរម្ល៉េះ? មីងទៅដេកនៅផ្សារហ្មែន?»

«រឿងយើងតើ! យើងទៅយូរមិនយូរស្រេចតែយើង»

ខ្ញុំមិនខ្វល់និងសម្តីគាត់ទេ ក៏ងាកមើលនៅក្នុងកន្រ្តកកង់អ្វីដែលគាត់បានទិញ។

«ហាសមីង? ហើយទិញតែត្រកួនទទេ! លុយពុកខ្ញុំឱ្យដល់២៥ម៉ឺននោះយកទៅណាអស់ ត្រីសាច់មិនទិញខ្លះទេ?»

«លុយប្តីយើងឱ្យយើង! យើងចង់ទិញអីក៏បាន!»

«…» ខ្ញុំក្តាប់មាត់ដើរចេញ មើលគាត់និយាយមកដូចចង់ឱ្យក្មេងឈ្លើយដល់ហើយ ខ្ញុំខ្លាចតែខ្ញុំទប់អារម្មណ៍មិនបានស្ទុះទៅដាល់គាត់ទេ រឿងមុនៗខ្ញុំមិនទាន់សងសឹកផងមីង។

«ហាសហា!» ខ្ញុំលួចសើចក្នុងចិត្តព្រោះខ្ញុំមិនបានដាំបាយផងហ្នឹង ចាំមើលៗដាំខ្លួនឯងទៀតហើយ ហាសហា! កុំគិតថាខ្ញុំទៅហូបត្រកួនជាមួយមីងនោះគឺអត់ទេ។

«មីរ៉ា! នាងឯងមិនដាំបាយស៊ីទេ?»

«ដាំមិនដាំស្រេចតែខ្ញុំ បើមីងចង់ហូបក៏អញ្ជើញដាំទៅ ហាសហា!» ភាសាឌឺដងបានដាក់ទៅកាន់មីងសុភីវិញធ្វើឱ្យគាត់ខឹងខ្ញុំឡើងក្រហមមុខអស់ហើយ មនុស្សដូចគាត់អ៊ីចឹងប៉ុណ្ណឹងវាមិនទាន់គ្រប់គ្រាន់ទេ។

«ប៉ុណ្ណេះវាមិនស្មើនឹងអារឿងដែលមីងចាក់ចុចពុកខ្ញុំ និងធ្វើឱ្យពុកវាយខ្ញុំទេ មីងឯងនេះអាក្រក់ណាស់»

«មកពីពុកនាងឯងភ្លើខ្លួនឯងទេដឹង?!» គាត់និយាយចំៗមិនបានលាក់លៀម កន្លងមកគាត់ប្រឹងណាស់គឺប្រឹងសម្តែងធ្វើជាល្អនៅពីមុខពុកខ្ញុំ។

«ថ្ងៃណាមួយពុកនឹងដឹងថាមីងជាមនុស្សយ៉ាងម៉េច មីងមិនអាចលាក់ជិតរហូតទេ»

«អូ! អ៊ីចឹងផង ហាសហា!» គាត់សើចហើយក៏ចាកចេញ ខណៈដែលខ្ញុំមិនបានមានប្រតិកម្មអ្វីទៀតទេ។ គ្រប់យ៉ាងគឺស្ងប់ស្ងាត់។

១សប្តាហ៍កន្លងផុតទៅ

ភាពវឹកវរកើតឡើងកាន់តែខ្លាំងនៅក្នុងគ្រួសារខ្ញុំ ព្រោះតែវត្តមានរបស់មីងសុភីប្រពន្ធចុងពុក។

ថ្ងៃនេះជាថ្ងៃចូលឆ្នាំខ្មែរ ជាថ្ងៃដែលឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មី វាសមតែជាថ្ងៃដែលមានសិរីមង្គលសម្រាប់ខ្ញុំ តែវាអត់ទេ មីងសុភីកំពុងតែធ្វើស្អីមកលើខ្ញុំ…

«សុភីបាត់ចិញ្ចៀន យើងចង់សុំឆែកមើលបន្ទប់ឯងបន្តិច» ពុកខ្ញុំជាអ្នកចេញមុខនិយាយជំនួសប្រពន្ធគាត់ តែខ្ញុំអាចស្មានដឹងថា គំនិតដែលចង់ឆែកបន្ទប់ខ្ញុំគឺជារបស់មីងសុភី ទាយទៅថាគាត់មានគំនិតអាក្រក់លើខ្ញុំទៀតហើយ។

«គាត់បាត់ចិញ្ចៀន! គាត់មិនដែលមកបន្ទប់ខ្ញុំទេ ហេតុអ្វីត្រូវឆែកបន្ទប់ខ្ញុំ?» ខ្ញុំតបដោយសភាពធម្មតា ដឹងថាខ្ញុំប្រហែលជាហាមឃាត់ពួកគាត់មិនបានទេ។

«គ្រាន់តែចង់សុំឆែកតើ!» មីងសុភីនិយាយ ហើយបន្ទាប់មកពុកនិងគាត់ក៏ចូលទៅរុករើពេញបន្ទប់ខ្ញុំ ទាំងដែលខ្ញុំជាម្ចាស់នៅឈរមើលដូចមនុស្សគ្មានព្រលឹង អារម្មណ៍អន់ចិត្ត ឈឺចាប់ វាបុករុកពេញក្នុងឱរារបស់ខ្ញុំ សម្តីរបស់ខ្ញុំដែលជាកូនពេលនេះវាគ្មានតម្លៃអ្វីសោះសម្រាប់ឪពុកខ្ញុំ។

«នេះ!» មីងសុភីលើកចិញ្ចៀនឡើង ខ្ញុំក៏ស្រឡាំងកាំងដែរ ហេតុអ្វីក៏វាមកនៅក្នុងកាតាបខ្ញុំ? តែចម្លើយខ្ញុំដឹងរួចទៅហើយ ខ្ញុំមិនបន្តឱ្យគាត់ធ្វើបាបខ្ញុំតទៅទៀតទេ។ វាមិនដែលបាត់ចិញ្ចៀន មករកក្នុងបន្ទប់ខ្ញុំដូចជាដឹងកន្លែងទុកមុនបាត់ទៅហើយ។

«មីរ៉ា! បានន័យថាឯងលួចចិញ្ចៀនសុភីអ៊ីចឹងមែនហាស៎?» ពុកស្រែកខ្លាំងៗដាក់ខ្ញុំទៀតហើយ វាចារបស់គាត់វាចាក់ដោតឱ្យខ្ញុំយំបាន តែអត់ទេ! ខ្ញុំតាំងចិត្តហើយខ្ញុំត្រូវតែរឹងមាំ។

«ពុកគិតថាខ្ញុំលួច?» ខ្ញុំនិយាយបែបជាសំណួរទៅកាន់គាត់វិញ កែវភ្នែកនិងទឹកមុខខ្ញុំស្មើបានបញ្ជាក់ថាខ្ញុំមិនចុះចាញ់ទេ។

ពុកគាត់ស្ងាត់មាត់បានត្រឹមសម្លឹងខ្ញុំបញ្ច្រាសប្រពន្ធគាត់…

«ហេតុអ្វីក៏ឯងលួចចិញ្ចៀនម៉ែ? នេះឯងច្រណែនមែនទេហាស៎! ដែលពុកឯងគាត់ទិញចិញ្ចៀនឱ្យយើង! ឈប់ធ្វើបែបនេះទៅបើកូនស្អប់ម៉ែ ក៏មិនគួរលួចរបស់មានតម្លៃរបស់ម៉ែដែរ»

«ពុកជឿខ្ញុំឬក៏មីងសុភី?» ខ្ញុំសួរបញ្ជាក់ទៅលោកឪពុករបស់ខ្ញុំ មួយនេះប្រហែលជាសំណួរចុងក្រោយហើយដែលសួរទៅគាត់។

«ឱ្យជឿបានយ៉ាងម៉េច បើឯងចេះលួចបែបនេះ ឯងដឹងទេមីរ៉ាពុកខកចិត្តនឹងឯងណាស់» គាត់ពោលដោយសង្កត់សំឡេងធ្ងន់ ពុកដឹងទេខ្ញុំគ្រាំចិត្តប៉ុនណា ពុកមិននៅខាងខ្ញុំទេ។

«ម៉ែមិនខឹងទេ! បើឯងសុំទោសម៉ែមួយម៉ាត់ ព្រោះឯងលួចរបស់ម៉ែ»

«ឈប់ទៅ!! អ្នកណាក៏ខ្ញុំមិនសុំទោសដែរ ខ្ញុំមិនបានខុស។ ពុកនិងមីងសុភីទៅវិញទេដែលខុស»

ផាច់!!

ទៀតហើយ ជាលើកទី២ហើយ ដែលអ្នកមានគុណរបស់ខ្ញុំប្រើហិង្សាលើខ្ញុំ ខ្ញុំលើកដៃទៅក្តោបថ្ពាល់ កែវភ្នែកក្រហមនឹងនរដោយឈឺចាប់ វាដល់ពេលហើយដែលពុកត្រូវឈប់ងប់ជឿនឹងមីងសុភី…

«ពុកនឹងស្តាយក្រោយដែលហ៊ានលើកដៃវាយខ្ញុំដល់ទៅពីរដងទាំងដែលខ្ញុំមិនបានខុស»

ពួកគាត់ទាំង២បើកភ្នែកធំៗនៅពេលដែលខ្ញុំចាប់កាន់ទូរស័ព្ទ ជាពិសេសមីងសុភី

«ពុកដឹងទេ! ពេលដែលពុកមិននៅមីងសុភីឧស្សាហ៍ចេញទៅក្រៅយូរៗណាស់ គាត់មិនដែលនិយាយល្អដាក់ខ្ញុំដូចនៅពីមុខពុកឡើយ។ តែខ្ញុំមិនដែលគិតថាគាត់ហ៊ានលួចលុយដែលខ្ញុំសន្សំនោះទេ តាំងពីគាត់លួចលុយខ្ញុំមកខ្ញុំក៏សង្ស័យគាត់ ខ្ញុំឱ្យរាហ្វីលួចតាមដានមីងសុភីឱ្យខ្ញុំ គឺប្រពន្ធពុកលួចយកលុយរបស់ខ្ញុំទៅលេងបៀរនៅខ្ទមចុងភូមិនោះ ខ្ញុំមិនបាននិយាយតែមាត់ទេ…»

ខ្ញុំចាក់វីដេអូ…

«មីសុភីថ្ងៃនេះមុខមានហុងស៊ុយណាស់វើយ! សង្ឃឹមថាមិនចាញ់យើង!»

«យីមិនឱ្យចាញ់ពួកនាងឯងទេវើយ! សំខាន់ប្តីយើងមានលុយវាឱ្យយើង ហាសហា! វាភ្លើណាស់វាមិនទៅដែលដឹងទេថាយើងយកលុយមកលេងបៀរស្អីទេគ្រាន់តែយើងផ្អែមដាក់បន្តិចសោះក៏វាជឿងប់ទៅហើយ ហើយនាងមីរ៉ានឹងក៏អ៊ីចឹងដែរ នែ៎ឃើញទេឥឡូវបាន១០ម៉ឺនមកទៀតហើយ ហាសហា!» សុភីហូតលុយពីហោប៉ៅកាន់ពេញដៃ មកបង្ហាញក្រុមអ្នកលេងបៀរចូលគ្នា ព្រមទាំងសើចក្អាកក្អាយ។

«យីនាងឯង! ចាំមើលតែប្តីនាងឯងដឹង! ចប់មិនខានទេ!»

«វាទៅដឹងស្អី! វាភ្លើជឿយើងចង់ងាប់!»

«ម៏ៗ! ចែកបៀរទៅ!»

វីដេអូបានបញ្ចប់ ពុកខ្ញុំគាត់ស្រឡាំងកាំងសម្លឹងមើលមីងសុភីឥតព្រិចភ្នែក មីងសុភីស្រាប់តែប្រកែកឡើងឯកឯង៖

«ទេមិនមែនអ៊ីចឹងទេបង! គឺៗ…»

«ខ្ញុំខំទុកចិត្តនាង តែនាង ហ៊ើយ!!» សំឡេងកំហឹងស្រែកខ្លាំងដាក់មីងសុភី ពុកល្វីងមុខខ្លាំងណាស់ ពេលនេះទើបពុកដឹងខ្លួនខ្លះ។

«ខ្ញុំអត់មានរឿងអីត្រូវនិយាយទេ ហើយរឿងកន្លងមកក៏ដូចគ្នាពុកពិចារណាខ្លួនឯងទៅ ថាអ្នកណាខុសពិតប្រាកដ រឿងចិញ្ចៀនក៏ដូចគ្នា»

«មីរ៉ាពុកសុំទោសណាកូន! ពុកសុំទោស!»

«ខ្ញុំមិនដែលខឹងពុកទេ ពុកមិនបាច់សុំទោសខ្ញុំទេ ខ្ញុំគ្រាន់តែអន់ចិត្តដែលពុកមិនដែលស្តាប់ខ្ញុំ»

«បងឱ្យខ្ញុំសុំទោសផងបង!» មីងសុភីស្ទុះមកចាប់ដៃពុក ពុកមិនមាត់គាត់គ្រវាសដៃមីងសុភីចេញ មិនបាច់ឱ្យខ្ញុំនិយាយទេ គឺគាត់កំពុងខឹងខ្លាំង ភ្លើងកំពុងឆេះសន្ធោរសន្ធៅក្នុងខ្លួនគាត់។

«នាងចេញពីមុខខ្ញុំទៅ! ខ្ញុំមិនត្រូវការមនុស្សស្រីចរិតអ៊ីចឹងទេ!» ពុកស្រែកហើយចង្អុលដេញមីងសុភីដាច់ក្បាលដាច់កន្ទុយ។

«អត់ទេបង! ខ្ញុំសុំទោស!»

«ចេញទៅ! ចេញពីមុខខ្ញុំ!»

….

ឪពុកកូនខ្ញុំចុះសម្រុងគ្នាវិញ ពុកគាត់ត្រលប់មកដូចពីមុនវិញគាត់ក្លាយជាមនុស្សដែលស្រឡាញ់កូននឹងចេះពិចារណាដោយមានហេតុផល មីងសុភីក៏នៅតែជាប្រពន្ធគាត់ដដែលទេ ប៉ុន្តែក្រោយមកគាត់ក៏បានរៀនកែខ្លួនដូចគ្នា ក្រោយបានដឹងពីកំហុសខ្លួន។

ពុកខ្ញុំគាត់ក្លាយជាមនុស្សម្នាក់ផ្សេងគ្នា នៅពេលដែលគាត់ជឿទៅលើមីងសុភី ដោយសារតែសម្តីផ្អែម និងឥតមានការគិតពិចារណា គាត់មើលឃើញ ខុសក្លាយជាត្រូវ ត្រូវក្លាយជាខុស ដូច្នេះហើយទោះជារឿងតូចឬធំក៏ដោយត្រូវតែមានការពិចារណារិះគិតសិន សឹមជឿតាមក្រោយ។

ចប់!!

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*