ការងារនិពន្ធប្រលោមលោកមនោសញ្ចេតនាពិបាកត្រង់កសាងបុគ្គលិកលក្ខណៈឱ្យតួអង្គដែលអ្នកអានចង់បាន និងជាវីរៈបុរសឬវីរៈនារីក្នុងបេះដូងអ្នកអាន។
ជាគោល ចាំបាច់ឱ្យជននោះ ត្រូវតែឆ្លងកាត់ការតស៊ូដ៏ធំ ដែលប្រឈមនឹងតួអង្គសែនពិបាកបង្ក្រាប ឬព្រឹត្តិការណ៍ដែលក្រាញ់ននៀលឆ្លងកាត់ ទើបយកបេះដូងអ្នកអានបាន។
បើយើងនឹងសរសេរអំពីតួប្រឆាំង គួរជាគូប្រឆាំងដែលមានកម្លាំងឬឥទ្ធិពលខ្លាំងគ្រប់គ្រាន់ សម្រាប់រំលេចជោគជ័យឱ្យតួអង្គឯកយើងថាជា Hero ពិតៗ។ សូមឧទាហរណ៍ដូចជា វិទូក្នុងស្ទូឌីយោលេខ៧ ដែលប៉ះដៃគូបដិបក្ខដែលខ្លាំងក្លា និងមានបញ្ហាធំជាបន្តបន្ទាប់ហើយអាចឆ្លងកាត់បាន។
នៅក្នុងនិទានមនោសញ្ចេតនា ការយកប្រៀបលើបេះដូងអ្នកអានបានតាមរយៈតួអង្គ បើមិនឈ្នះគូប្រកួតដ៏ខ្លាំងបានដូចក្នុងរឿងគុននិយម ឬរឿងដំណោះស្រាយឧក្រិដ្ឋកម្ម ក៏តោងមានបញ្ហាជីវិតដែលគេត្រូវត្រដាបត្រដួសឆ្លងកាត់ ឧទាហរណ៍ ជេមស៍ក្នងសៀវភៅ #ថ្ងៃណាមួយ ដែលប្រឈមនឹងវិបត្តិគ្រួសារ វិបត្តិសង្គម វិបត្តិស្នេហា តែគេអាចនឆ្លងកាត់ កំណត់គោលបំណងនៃជីវិត និងការសម្រេចបានយ៉ាងអស្ចារ្យក្លាយជាភេទទីបីដ៏រឹងមាំម្នាក់។
ឥន្ត្រានៅក្នុង រឿង ស្រលាញ់បងជ្រៅជាងសមុទ្រ មិនមែនទាក់ទាញអ្នកអានបានដោយសារទ្រព្យសម្បត្តិ រូបរាងសម្រស់ សម្តីផ្អែមឌឺដង ឬភាពដៃដល់អ្វី ដែលទាំងនេះយូស៊ូក៏មាន តែអ្វីដែលយូស៊ូមិនមានគឺឥន្ត្រាមានឱកាសបង្ហាញពីរបៀបប្រឆាំងប្រឈមនឹងឧបសគ្គរវាងបេះដូងនិងការតាំងចិត្ត រវាងការលះបង់សម្រាប់ប្អូននិងស្នេហាពិតដែលចង់ឃើញស្រីខ្លួនស្រលាញ់មានសេចក្តីសុខ។
បុរសនេះមានបេះដូងមាស មិនមែនជាទឹកកកទេ ជាហេតុបណ្តាល ឱ្យអ្នកអានរឹតតែចង់ឈរខាងគេ ចង់ឃើញដំណើរការរីកចម្រើននៃសេ្នហារបស់គេ ចង់ឱ្យតួស្រីងាកមកយល់ចិត្តគេ អ្នកអាន ចង់ឃើញគេបានជោគជ័យនិងមានសុភមង្គលដូចគ្នា។
អ្វីដែលគួរឱ្យចាប់អារម្មណ៍បន្ថែមអំពីឥន្ត្រា គឺសភាពដែលយើងតាក់តែងឱ្យគេប្រយុទ្ធប្រឆាំងនឹងខ្លួនឯង។ មនុស្សជាច្រើនលើលោកយើងនេះ អាចប្រឆាំងអ្នកដទៃបាន តែមិនដែលអាចបង្ក្រាបខ្លួនឯងបានទេ។ បើបាន គេជាកំពូលមនុស្ស។ អ្នកនិពន្ធត្រូវបង្កើតតួអង្គដែលមហិមា តួយ៉ាង បង្ក្រាបចរិតឆ្មើងកន្ទ្រើងរបស់គេក្រោយពេលមាននាង ឬមួយក៏ដូចយុត្ថនា ចរិតច្រលោមខាមតែគោរពមិនប៉ះពាល់ពៅបញ្ញា។ល។
ចុចអាន ថ្ងៃមុនស្អប់…..
បងប្រធាននិស្សិត ជាវិច្ឆិកាបានបដិសេធបេះដូងនៃក្តីស្រមៃ ក្តីសង្ឃឹម និងបំណងរបស់ខ្លួនដែលចង់បានអូនជោគជតា ជាការ លះបង់ដើម្បីសេចក្តីសុខអ្នកដែលយើងចង់ឃើញគេបានសុខ ក៏ជាកំពូលអត្តចរិតដែលអ្នកនិពន្ធភាគច្រើនចង់បំពាក់ឱ្យតួអង្គឯករបស់គេ។
មនុស្សប្រភេទនេះ ជាមនុស្សកក់ក្តៅជាជាងមនុស្សបិសាចតណ្ហាក្នុងរឿង១៨+។
សម្រាប់ឥន្ត្រា បុរសម្នាក់ដែលខ្ញុំបំពាក់ឱ្យនាយនូវការរស់នៅដោយក្រមសីលធម៌ មានការជឿជាក់ចំពោះភាពស្មោះត្រង់ក្នុងខ្លួនគេ គេបានធ្វើសង្គ្រាមប្រឆាំងនឹងចិត្តស្នេហារាយមាយរបស់ខ្លួន ដូច្នេះហើយមនុស្សដេលលះបង់ច្រើនតែយកបានបេះដូងអ្នកអាន។
អ្នកនិពន្ធក៏ត្រូវការ បង្កើតឡើងនូវជម្លោះដ៏សក្តិសមជាង ដែលឥន្ត្រា ត្រូវប្រឈមមុខផងដែរ។ មិនមែនជាមួយជេន យូស៊ូ ឬម៉ឺនយូ សូម្បីតែជាមួយតួស្រីនីយ៉ា ។ ព្រោះសេចក្តីស្រឡាញ់របស់គេចំពោះនាងហាក់ដូចជាកម្លាំងរុញច្រានមួយសម្រាប់ជម្លោះដែលកាន់តែឈ្លោះ នាយរឹតតែលង់ជាមួយនាង។ មិនជម្លោះហែកហួរគ្នារួចមកស្រលាញ់ជាក្រោយទេ រវាងឥន្ត្រានិងនីយ៉ាគឺជម្លោះកម្លាខ្លួនឯងមិនឱ្យជួបមិនឱ្យស្រលាញ់ តែតស៊ូមិនបានដដែលជាដដែលព្រោះគេបានក្លាយជាយុថ្ការបស់នាង ជាគ្រឹះពាំងការពារនាង និងតែងតែរកបានសុវត្ថិភាពឱ្យនាង ហើយនោះជាមូលហេតុដែល ឥន្ត្រាឬពិសិដ្ឋ គឺជាតួអង្គគោលអាចមានឥទ្ធិពលមកគ្របដណ្តប់លើផ្ទៃរឿងទាំងមូលនេះបាន។
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ