រឿង៖ សម្បថលើគំនូរចាស់ ភាគទី១

ខ្ញុំ​បាន​បើកបរដោយខ្លួនឯង​ជា​យូរ​មក​ហើយព្រោះមិនដែលចង់បានបុរសណាម្នាក់ទេ។ ខ្ញុំចិញ្ចឹមចិត្ត​រង់ចាំស្តេច​អ៊ូ និងអ្នកម្នាងហ្សាន។ ការឈឺចាប់មួយពីអតីតកាល បានធ្វើឱ្យខ្ញុំស្ម័គ្រធ្វើជាម្ចាស់កម្មពៀរ​​សម្រាប់ជីវិតខ្លួនឯង។

«Ice Queen មកហើយ!»

នេះជាអ្វីដែលគ្រប់គ្នា​នៅទីនេះលបហៅខ្ញុំពីក្រោយខ្នង​​ព្រោះថាក្នុងនាមជាតួឯកស្រី ខ្ញុំមិនដែលញញឹម​ទេក្រៅពីក្នុងកុន។

ដរាបណាខ្ញុំរកពួកគេមិនឃើញ​ ខ្ញុំមិនសប្បាយចិត្ត​ជាដាច់ខាត។

​      ថ្ងៃនេះValentine? ផ្កាពេញតុដូចរាល់ដងព្រោះខ្ញុំជាQueen ជាតារាជួរមុខនៅក្នុងផលិតកម្មTRIនេះ។

TRI ជាឈ្មោះមនុស្សបីនាក់គឺ តាន និង រ៉េអូ ហើយចុងក្រោយ អ៊ីណា។ បាច់ផ្កាប្រាកដជាបីនាក់នេះទិញមកយកចិត្ត​ខ្ញុំ ចំពោះទងៗវិញគឺក្រុមកាមេរ៉ា និងអ្នក Make up។

ខ្ញុំឧស្សាហ៍ឱ្យធីបពួកគេ។

ស្រលាញ់មិនមែនជាសញ្ញា​សំខាន់​នៃ​ជីវិត​របស់​ខ្ញុំទេ។  ខ្ញុំធ្លាប់មើលរឿងស្នេហា​រហូតដល់ទឹកភ្នែកកកលើថ្ពាល់តែមិនមែន​ចង់បានសង្សារឡើង ខ្ញុំ​បាន​រឹត​ដុំ​ដែកដុតយ៉ាងក្តៅនិងឈឺ​ជុំវិញ​បេះដូង​របស់​ខ្ញុំ​ម្តង​ទៀតនៅអាយុ៨ឆ្នាំ​ជាពេលដែលខ្ញុំចាំរឿងជាតិមុន។

​      ថ្ងៃ​ណាមួយ​ បេះដូងនេះ​​នឹង​បែកធ្លាយគំនុំចាស់​ចេញហើយខ្ញុំនឹង​ស្លាប់ក្នុង​ឈាម​ដែលកកលើ​ព្រិល ឬអាក្រក់ជាងនេះ។

​      ងាកមកឃើញរូបគំនូរមួយ ខ្ញុំថតផ្តិតទុកលើកំព្យូទ័រ ខ្ញុំក៏​ស្រក់​ទឹកភ្នែក។ ចិត្ត​និងអារម្មណ៍​ខ្ញុំ​បានវិលត្រលប់​ទៅកាន់​ប្រាសាទបុរាណវិញនាង​រជ្ជកាលយានដែលមាន​ស្តេចអ៊ូឆាយគ្រងរាជ ហើយខ្ញុំនេះមាន​ព្រះនាម ស៊ុន ឈី ជាអគ្គមហេសី។

មិត្តរួមព្រលឹងរបស់ខ្ញុំ ដែលជាឪពុករបស់កូនៗខ្ញុំតាមពិតបានផ្តល់ឱ្យខ្ញុំគ្រប់យ៉ាង អំណាចនិង​សម្រស់នៃជីវភាពមិនចេះខ្វះ។ តែព្រាយកញ្ជ្រោងមួយក្បាល បាននឹងកំពុងរង់ចាំបំផ្លាញខ្ញុំនៅទីនោះ។ ៨៩០ឆ្នាំមុនគ្រិស្តសករាជ ខ្ញុំមានទោស​ធ្លាក់ខ្លួនជាប់ឃុំក្នុងល្អាងត្រជាក់ រហូតដល់ស្លាប់ក៏មិនដែលបានឃើញមុខប្តីនិងកូន។ ជាចំណងស្នេហ៍ចាស់ គេបានផ្ញើរូបគំនូរមួយមកឱ្យខ្ញុំ ស្តេចអ៊ូឆាយសរសេរលើនោះថា «ជាស្តេចប្រើច្បាប់ បើប្រពន្ធមានទោសក៏ស្មើរាស្ត្រមានទោសដែរ»។

ខ្ញុំឈឺចាប់ដូចជាគេដុតដែកក្តៅមកចាក់បេះដូង។ បើអ៊ូឆាយស្រលាញ់ខ្ញុំ យើងត្រូវស្លាប់ជាមួយគ្នាបាន មិនមែនទុកខ្ញុំឯកោបែបនេះទេ។

ជាមួយការឈឺខ្លាំងនេះ ខ្ញុំបានស្បថបីប្រការ ហើយផ្សងថាប្រសិនខ្ញុំស្លាប់នៅក្នុងល្អាងត្រជាក់ដោយអយុត្តិធម៌មែន ទីមួយសុំឱ្យខ្ញុំចាំជាតិដោយគំនូរនេះនឹងនៅជាមួយខ្ញុំ ទីពីរ ខ្ញុំមាន​សម្រស់ដូចជាតិនេះជានិច្ច​តទៅ ទីបីឃើញមុខអ៊ូឆាយនិងអ្នកម្នាងហ្សាន គឺខ្ញុំដឹងច្បាស់ថា ពួកគេជាសត្រូវស្លាប់រស់របស់ខ្ញុំភ្លាម។

ខ្ញុំនឹងឃើញពួកគេ​ម្តងទៀត ដោយ​ប្រាកដថាហ្គេម វិលសងគ្នាគ្មានទីបញ្ចប់ទេ។ ខ្ញុំនឹងត្រៀមខ្លួន តែងតែត្រៀមខ្លួន​បង្កើតការឈឺចាប់ដល់ពួកគេ។

«Empresses!» សំឡេងនេះតែងតែខ្សឹបក្នុងត្រចៀកខ្ញុំ ដូចជាខ្យល់ដង្ហើមមួយដែលកកៗ។ គំនុំតែងតែទាក់ទងមកខ្ញុំតាមរយៈតំណភ្ជាប់ផ្លូវចិត្ត។

តុៗ

ស្នូរគោះទ្វារ។ ខ្ញុំធុញណាស់ តែក៏ត្រូវអនុញ្ញាត៖

«ចូល!»

ដោយអង្គុយគងជើងលើសាឡុង  ក្រឡេកមកទ្វារខ្ញុំឃើញបាច់ផ្កាលីលីក្រហមដូចឈាម​។ មិនងាយរកទេលីលីប្រភេទព្រះនាង​ម្ចាស់។

ខ្ញុំបើកភ្នែកធំៗភ្ញាក់ផ្អើលជាអនេកព្រោះថា អតីតកាលបានរំលេចមកទៀតហើយ។

«មហេសីរបស់យើង ជាស្រី្តចិនដែល​ស្អាតបំផុតក្នុងលោក!»

អ៊ូឆាយនិយាយពាក្យនេះ ពេលសៀតផ្កាលីលីលើសក់ឱ្យខ្ញុំ។

«ព្រះនាងរបស់ខ្ញុំ!»

ខ្ញុំឃើញសរសេរបែបនេះលើនាមបណ្ណនៃបាច់ផ្កា។

«ទុកហ្នឹងហើយ!»

ខ្ញុំបញ្ជា រួចអ្នកយាម​ក៏ដាក់ចុះដោយ​ខ្លបខ្លាច ខ្ញុំហុចធីបឱ្យរួចបណ្តេញគេឱ្យចាកចេញ។

បាច់ផ្កានេះត្រូវបានខ្ញុំសម្លក់។

«Dinnerបានទេ ខ្ញុំរង់ចាំអ្នកឆ្លើយនឹង​ខ្ញុំ លីនហ្វា!»  ខ្ញុំបានទម្លាក់អារម្មណ៍របស់ខ្ញុំចោល ព្រោះរាល់ឆ្នាំ តាន ជាម្នាក់ក្នុងចំណោមភាគហ៊ុនទាំងបីតែងតែទិញផ្កាមកជូន។

 តើខ្ញុំល្ងង់មិនដឹងថា គេមានអារម្មណ៍យ៉ាងណាចំពោះខ្ញុំ? តួឯកស្រីម្នាក់នេះ​ត្រូវបាន​គេអនុវត្តិដូចជាឃ្វីន តែខ្ញុំមិនមានពេលទទួលយករាជបល្ល័ង្កថ្មីទេ ខ្ញុំរវល់ចងចាំរឿងល្អាងត្រជាក់​។ ខ្ញុំត្រូវការ​សងគំនុំ។

អតីតសម្ព័ន្ធមិត្តក្នុងគំនុំរបស់ខ្ញុំឥឡូវនេះនៅឯណា ? អ្នកម្នាងហ្សាន!

ខ្ញុំទន្ទេញឈ្មោះមេបិសាចនេះ។ នៅឆ្នាំ៨៩០មុនគ្រិស្តសករាជ ដែលវាបានឈានចូលមកក្នុងវាំងក្នុងនាមជាកូនអុកនយោបាយរបស់មេទ័ព ហ្សានវ៉ៃ ខ្ញុំមិនដែលដឹងឡើយថានឹងត្រូវស្លាប់ចោលកូនបួននាក់ក្រោមដៃវាទេ។

ខ្ញុំហៅវាថាប្អូនស្រី​ហើយបានចែកស្វាមីជាមួយវា។

ខ្ញុំចង់បានគ្រួសារធំមួយ​ជួយជ្រោមជ្រែងជាតិ តែវាមិនគិតដូចនេះឯណា។

នារដូវព្រិលធ្លាក់ដែលត្រជាក់ដល់ឆ្អឹង វាបានឈរមើលផ្កាលីលីក្រហមរបស់ខ្ញុំហើយតែងកំណាព្យមួយឡើងថា «ផ្កាមានពណ៌ឈាម​ សង្គ្រាម​ស្នេហា​ត្រូវតែផ្ទុះឡើង!»។

ខ្ញុំដេកមិនលក់និងមិនដឹងថា តើនេះជាទំនាយអ្វីទេ។ ស្រាប់តែស្នំខ្ញុំម្នាក់ឈ្មោះអ៊ីង បានទៅរាយការណ៍នៅតំណាក់ព្រហ្មទណ្ឌថា ខ្ញុំបានផ្ញើសារក្បត់ជាតិទៅឪពុក។

អ៊ូឆាយបានសម្លាប់គ្រប់គ្នា​ក្នុងត្រកូនស៊ុន រួចទម្លាក់ខ្ញុំក្នុងល្អាងយ៉ាងឈឺចាប់។ ប្រសិនថ្ងៃនោះខ្ញុំស្លាប់ជាមួយគ្រួសារប្រហែលគ្មានសម្បថនេះទេ។

អ៊ូឆាយគិតថា ផ្ញើគំនូរមក នឹង​បង្ហាញការអាល័យគ្នា?

ខ្ញុំស្រក់ទឹកភ្នែក​ទាញបាច់ផ្កាមកមើល។

ស្នូររុញទ្វារចូលមកជាមួយសំណើច។​ ក្រៅពីអ៊ីណា ភាគហ៊ុនម្នាក់នៃម្ចាស់ក្រុមហ៊ុននេះ គ្មាន​អ្នកណហ៊ានសម្រុកចូលបន្ទប់នេះ ដោយគ្មាន​គោះទ្វារឡើយ។

នាង​ធម្មតារួសរាយណាស់។ ថ្ងៃនេះនាង​ចូលមកជាមួយ​ស្ករមួយប្រអប់ តែត្រូវចំហមាត់ពេលក្រឡេកមកឃើញ​លីលីក្រហម។

ម្តេចក៏គ្រប់គ្នាភ្ញាក់ផ្អើលខ្លាំងពេលឃើញផ្កានេះ។

ខ្ញុំចង្អុលអញ្ជើញនាងអង្គុយ​។ អ៊ីណាអង្គុយយឺតៗរួច​ភ្នែកនៅថ្ពក់ជាមួយផ្កា។ បើកុំតែគួរសម គេនឹងអាចទាញ​ស្លាកមកអានឈ្មោះអ្នកទិញឱ្យ។

កុំអី! កុំឱ្យនាងឃើញ!

ខ្ញុំកញ្ឆក់យកទុកនូវស្លាកនាមបណ្ណនោះ មិនចង់ឱ្យនាងឈឺចាប់ព្រោះនាងមានចិត្ត​លើលោកតានជា​យូរមកហើយ ចំណែកលោក​តាន ​តែងតែចិញ្ចឹម​ចិត្ត​រង់ចាំខ្ញុំ។

«ផ្កាសង្គ្រាម​ស្នេហា​» នាងនិយាយតិចៗ។

ខ្ញុំជ្រួញចិញ្ចើមឆ្ងល់។ នាងកំពុងធ្វើឱ្យខ្ញុំនឹកដល់ពេលព្រិលធ្លាក់ដ៏ជួរជាតិ។ ព្រោះតែផ្កាមួយបាច់ ស្ត្រីគ្រួសារហ្សានបាន​ចងចិត្ត​ប្រចណ្ឌច្រណែន ហើយដាក់ខ្ញុំទៅក្នុងនរក។

«នាង​បានកំណាព្យនេះមកពីណា? សង្គ្រាមស្នេហ៍ស្អី?»

«រឿងរបស់មហេសីស៊ុនឈី ខ្ញុំអាន​រឿងហ្នឹង អ្នកម្នាងហ្សាន បានធ្វើល្បិចឱ្យគ្រួសារស៊ុនទាំងមូលមានទោសក្បត់ជាតិ!»

«វាជាបិសាច!»

ខ្ញុំនិយាយដោយគ្មាន​ជំពាក់ការសោកស្តាយអ្វី។ ខ្ញុំបានសង្គ្រោះវាពីការរស់នៅឯកោក្នុងវាំងមកនៅក្បែរខ្ញុំ ការពារមិនឱ្យស្នំដទៃ និងទាសករអស់ទាំងនោះយាយីវា។

ស្នំហ្សានធ្វើខ្លួនជាអ្នករងគ្រោះគួរឱ្យចង់ការពារ តែតាមការពិតវាជាបិសាច។

ព្រះបានឱ្យវាឈ្នះ​ តែព្រះបានយល់ព្រម​ទទួលយកពាក្យសម្បថរបស់ខ្ញុំ ព្រះចង់ឱ្យខ្ញុំនេះ សងសឹក ហើយព្រះចង់ឃើញមនុស្សយើងចងកម្មពៀរគ្នា។

ព្រះមិនខុសពីពួកទស្សនិកជនទេ រឿងកាន់តែសាហាវឡើង ពួកគេកាន់តែចូលចិត្ត​​ទស្សនា​។

«បានអានដែរ?»

អ៊ីណាសួរមកខ្ញុំ។

«មេស្នំហ្សាន មេបិសាច!»

ខ្ញុំនិយាយទាំងបញ្ចេញ​កំហឹងតាមភ្នែក ​ធ្វើឱ្យអ៊ីណាថ្លោះទឹកមុខ។ ក្រញ៉ាំរបស់ខ្ញុំបានមុតលើស្រទាប់ផ្កាលីលីក្រាស់ដូចកម្ញី។  ក្លិនវាក្រពុលដូចឈាម និង​បក់​បោកងំពេញបន្ទប់ម៉ាស៊ីន​​ត្រជាក់។

អ៊ីណាក្រោកចាកចេញ។ ទីបំផុតនាង​យល់ពីអ្វីដែលខ្ញុំកំពុងឱបក្នុងទ្រូងហើយ? ខ្ញុំចង់ឱ្យគ្រប់គ្នា​ដឹងថា ខ្ញុំជាម្ចាស់ក្សត្រីពីប្រាកដ មិនមែនជាតួសម្តែងរឿងប៉ុណ្ណឹងទេ។

តាំងពីគ្រប់ជាតិមកខ្ញុំជាតួឯក និងជាកំពូលស្ត្រីដែលរងការច្រណែន។ ខ្ញុំបានក្រឡេកមើលដៃរបស់អ៊ីណា​ដែលបិទទ្វារវិញឱ្យខ្ញុំ និងរលះរលាំងចាកចេញ ដោយសម្គាល់ឃើញសភាព​ច្បាស់លាស់របស់ខ្ញុំ។

ប៉ុ​ន្តែខ្ញុំឮនាងនិយាយនៅក្រៅបន្ទប់៖

«លីនហា្វរបស់បងឯងអស់ថ្នាំលេបទៀតហើយដឹង?»

នាង​ប្រហែលជានិយាយទូលពិតប្រាប់អ្នកណាម្នាក់ដោយខ្សឹបៗ តែខ្ញុំឮច្បាស់។

ដូចស្មាន ខ្ញុំបានឮស្នូរគោះទ្វារ។ គឺតាន។

គេមានផ្ទៃមុខសង្ហា​ ស្រឹមៗ របៀបសប្បាយចិត្ត​។

«អរគុណសម្រាប់ផ្កា!»

ខ្ញុំញញឹម​ទាក់ទាញចិត្ត​គេ។

«ល្ងាចនេះមានណាត់?»

គេសួរបែបនេះរាល់ដង ប៉ុន្តែមិនដែលទទួលបានភ្លើងខៀវទេ ព្រោះតានក្រៅពីមាន​អ៊ីណាតាមញ៉ែ គេថែមទាំងមាន​ប្រពន្ធដើមម្នាក់នៅចិនដីគោក និងមាន​ប្រពន្ធចុងនៅតៃវ៉ាន់នេះម្នាក់ទៀត គឺហ័រ​ធ្លាប់មកលេងកន្លែងថតម្តង ធ្វើមុខយក្សដាក់ខ្ញុំ។

តាំងពីដឹងក្តីមក ខ្ញុំមិនដែលគិតថា នឹង​ទៅដណ្តើមយកប្តីឬសង្សារបស់អ្នកណាទេ ជាពិសេសមនុស្ស​ព្រាន​ដូចតាន កុំសង្ឃឹមសូម្បីណាត់ជួបគ្នា។

ខ្ញុំគ្រវីក្បាល និងលើកដៃចង្អុលគំនរអត្ថបទកុនដែលត្រូវអាន។ តានលើកម្រាម​ចង្អុលដៃរបស់គេ មកចង្អុលខ្ញុំ បានន័យថា«ពូកែបដិសេធ» រួចគេក៏ចាកចេញ។

ល្ងាចនោះខ្ញុំធ្វើការ​ដល់យប់ ព្រោះពេលថតចប់ ពិតជា​មាន​អត្ថបទត្រូវអានទន្ទេញទុកស្អែក​។ ម៉ោង៩យប់ហើយ គិតថាចេញទៅហាងរកមីកាតាំងមួយចាន មុនទៅផ្ទះដេក ស្រាប់តែចេញមកក្រៅ ក៏ឃើញមនុស្ស​ស្រីបីនាក់អង្គុយ​ផឹកស្រាជុំវិញតុ ស្លៀកពាក់ម៉ាន់ជូ ហើយសើចកក្អៀកលាន់ល្វើយៗមកពីស្ទូឌីយ៉ូធំ។

ភ្លើងនៅក្រហមពេញផ្លូវ ខ្ញុំដើរសំដៅទៅ។

ប្រហែលជាតួថ្មី ព្រោះពួកនេះមិនដឹងថា ខោអាវសម្តែង​ហាមពាក់ហូបស្រា។

ខ្ញុំដើររ៉ុយទៅ តម្រង់ពួកហ្នឹង រួចក្រពាត់ដៃសួរ៖

«នែ៎ ដូរខោអាវចេញសិនបានអត់?»

ពួកគេបានផ្អាកផឹកពិតមែន ហើយទំនងជាខឹងនឹងសម្តីខ្ញុំ តែខ្ញុំមិនខ្លាចចិត្ត​ពួកនេះទេ ជាតួថ្មី តែចរិតអន់បំផុត ម៉ោងថ្មើរហ្នឹងហើយហ៊ាន​ផឹកឡូឡានៅស្ទូឌីយ៉ូ។

មានអារម្មណ៍​ថា អ្នកនៅចំពីមុខ​ខ្ញុំ ស្កុបដៃដែលកាន់ផ្លិតបក់ ចំណែកពីរនាក់ទៀតងាកមកយឺតៗ។ ភ្លើងរលត់ភ្លឹប។

គ្រប់យ៉ាងងងឹត!

រាល់ដងក្នុងនេះតែមានភ្លើងបម្រុងទុក។ បើអគ្គិសនីរលត់មែន វានឹងលោតមកបំភ្លឺជំនួស​។ ខ្យល់ត្រជាក់ផាត់មកវឹបប៉ះស្រៀវស្បែក។

ពេលនេះហើយមានអារម្មណ៍ថា ខ្លួនឯងប្រហែល…..មិនមែនជួបមនុស្សពិតទេ។

ខ្ញុំចុចទូរសព្ទបើកភ្លើង។ ស្ងាត់ នៅនឹងតុស្អាតធេង គ្មាន​ស្រា គ្មានសាច់ គ្មាន​មនុស្ស​។

ខ្ញុំដឹងហើយថាអ្វីទៅកំពុងកើតឡើង។

«កុំលេងពញ្ញាក់វ៉ី»

ពួកក្រុមថតកុនលេងខ្ញុំនៅថ្ងៃvalentine?

ស្ងាត់!!!

ភ្លើងនៅតែគ្មាន ពឹងតែលើហ្វាចេញពីពិលរបស់ខ្ញុំ។ រូបតំណាងនៃមេទ័ពគួនអ៊ីដែលខ្ពស់ស្កឹមស្កៃអមនៅខាងស្តាំដៃ មុនចូលដល់បន្ទប់ស្ទូឌីយ៉ូដួលរលំ មកខ្វាំងបះជើង។

ដោយសារនេះជារូបស្នោ និងមាន​ឈើតូចៗជាតួ មិនជាមានសំឡេងអីធ្ងន់ធ្ងរទេ សំឡេងបេះដូងខ្ញុំវិញទេ​ដែល​លោតខ្លាំង។

«កុំលេងឡប់ៗឱ្យសោះ ប្រយ័ត្ន!»

គ្មានការឆ្លើយតប។

យកល្អ ខ្ញុំគួរ​ត្រលប់មកផ្លូវចេញសិន។  បកក្រោយយ៉ាងរហ័សខ្ញុំធ្វើដំណើរឆ្លងកាត់កន្លែងងងឹតវែងអន្លាយ ពេញដោយសម្ភារៈថតគរសងខាងផ្លូវ។

នៅក្នុងពេលវេលា​​​ដ៏​អាក្រក់​នោះខ្ញុំប្រញាប់ចេញឱ្យផុតស្ទូឌីយ៉ូធំសិនចាំគិតទៀត ស្រាប់តែ៖

«ព្រះមហេសីឈី»

ខ្ញុំឈានជើងលែងបាន។ នេះជា​សំឡេង​របស់មនុស្សស្រី ចាស់ ឈឺ និងខ្សោយ តែខ្ញុំមិនស្គាល់ទេ។

​      បើទោះពួកCrewកុនព្រួតគ្នា​លេងសើចបន្លាចខ្ញុំ តែគេមិនដែលដឹងចិត្ត​ខ្ញុំ ថាខ្ញុំទុកខ្លួនឯងជាមហេសីឈីឡើយ។

​      មើលទៅមុខ​ទាំងបែកញើសជោក ខ្ញុំឃើញថា មិនដល់ប្រាំម៉ែត្រទៀតសោះ ខ្ញុំទៅដល់ទ្វារក្រៅហើយ។ ខ្ញុំឃើញពន្លឺនៅខាងមុខនោះ។ គេនិយាយថា អ្នកណាហៅយើងកណ្តាលយប់នៅកន្លែងស្ងាត់ យើងកុំងាក ដូច្នេះក៏ប្រញាប់ធ្វើមិនឮសម្រុកដើរបន្តឱ្យដល់ច្រក។

«តើ​អ្នកចង់សងសឹកទេ?»

​      សំឡេងដដែល តែពេលនេះ មកកៀកខ្ញុំណាស់។

ខ្ញុំស្រែកវ៉ាសរបូតទូរសព្ទពីដៃ នៅតែមិនឃើញមនុស្ស​។ ខ្ញុំរត់សំដៅច្រកចេញយ៉ាង​ឆ្កួតបំផុតចោលគ្រប់យ៉ាង។ ​ពន្លឺ​នៃ​គោមពណ៌ក្រហមបុរាណដោយភ្លើង ​ដែល​កំពុង​បំភ្លឺសងខាងច្រកទ្វារស្ទូឌីយ៉ូធំជះពន្លឺយ៉ាងខ្សោយ។

ខ្ញុំមិនបានស្រែកទេ តែខ្ញុំបន្តរត់សំដៅសន្តិសុខក្បែររបង ចង់ឱ្យពួកគេវិលមករកទូរសព្ទដៃឱ្យខ្ញុំវិញ។

មនុស្ស​ម្នាក់ដើរកាត់ពីមុខខ្ញុំសំដៅជណ្តើរការិយាល័យ។

«រ៉េអូ?» ខ្ញុំស្រែកហៅភ្លាមៗ។

រ៉េអូពិតជាបានឮ និងឈប់យ៉ាងភ្ញាក់ផ្អើលដោយ​បែរមុខមករកខ្ញុំ។

«នៅមិនទាន់ទៅទេលីនហា្វ?»

គេដើរមកដល់ខ្ញុំរហ័សជាង ព្រោះជើងខ្ញុំហត់និងរោយ។

«ជ្រុះទូរសព្ទនៅខាងក្នុង!»

ខ្ញុំប្រាប់​​តែគេគិតថា ខ្ញុំជួបរឿងលើសពីនេះហើយ​ បើតាមរបៀបរ៉េអូសម្លឹងមុខខ្ញុំ។

«មានរឿងអី?»

គេខ្សឹបសួរតិចៗ។

ភាពមិនសប្បាយចិត្តរបស់ខ្ញុំពួកគេអាចឃើញបាន តែខ្ញុំមិនចង់ឱ្យពួកគេដឹងថាខ្ញុំត្រូវបានលងដោយការភ័យខ្លាចក្នុងខួរក្បាលខ្លួនខ្ញុំទេ។

«ខ្ញុំគិតថា លីនហ្វា​អាច​នឹង​ចេញ​ជាមួយតាន?»

ចិញ្ចើមខ្ញុំជ្រួញចូលគ្នា ជាសញ្ញាបដិសេធនិងមិនសប្បាយចិត្ត​ដែលគេនិយាយពីតាន មនុស្សព្រាននារីប្រពន្ធច្រើនម្នាក់នោះ។

​ដូចយល់ចិត្តណាស់ រ៉េអូចង់នាំខ្ញុំទៅរកទូរសព្ទ។

ខ្ញុំដើរទៅវិញជាមួយគេ។ គ្រាន់តែបែរក្រោយខ្ញុំភ្ញាក់!

«ទេ»

ភ្លើងភ្លឺដដែល និងរូប​គួនអ៊ីមិនបានដួលឡើយ។

ស្អី?

ខ្ញុំ​បាន​ទទួល​សារ​មួយជាសម្ងាត់ថា អ្វីម្យ៉ាងកំពុងលេងនឹង​ខ្ញុំ ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ខឹងនិងចង់ដឹងការពិត។ រ៉េអូប្រគល់ទូរសព្ទមកឱ្យខ្ញុំវិញ រួចបបួល៖

«តោះ! បើថាទំនេរទៅរកមីម្នាក់មួយចាន!»

«ចុះមិញវិលមកOffice?»

«ឡើងសោឡាន ពេលនេះមាន​ឡានជិះហើយ!»

«អូ អូខេ!»

ខ្ញុំដឹកគេទៅតំបន់ Zhongshan។

«អត់សប្បាយចិត្ត?» ខ្ញុំសួររ៉េអូដែលដាក់ដៃឡើងគងក្បាលគេង។ គេឆ្លើយមិនបើកភ្នែកទេ៖

«មនុស្ស​ឯកោម្នាក់នៅថ្ងៃបុណ្យសង្សារ!»

«ពីរនាក់!» ខ្ញុំញញឹម។

«Ice Queenសើចហើយ!» គេបង្អាប់ខ្ញុំ។

«កុំនិយាយឆោឡោ!»

ខ្ញុំកម្លាគេ ព្រោះចូលចិត្ត​រ៉េអូត្រង់មើលទៅជាមនុស្សស្មោះត្រង់ហើយក្មេងនិងស្អាត ជាអ្នកជំនួញមានអនាគត ហេតុអ្វី​អត់ស្រីស្រលាញ់?

«ស្រីៗនៅតៃវ៉ាន់នេះល្ងីល្ងើណាស់!»

«ហេតុអ្វី?» គេសួរខ្ញុំ។

«មើលរំលងមនុស្សល្អដូចលោក!»

រ៉េអូសើច។ 

«សូម្បីអ៊ីណា!» ខ្ញុំបន្ថែមបែបនេះស្រាប់តែ រ៉េអូដូចអត់សប្បាយចិត្ត​ទេ។ គេបង្វែរសាច់រឿង។

«មីទានៅ Zhongshan អ្នកណានាំមកពីដំបូង?»

«ភ្លេចហើយ! ដូចជាមកខ្លួនឯង!»

«តួស្រីឯកោរបស់ខ្ញុំ Ice Queen!»

យើងឈប់ឡាន ហើយទៅកុម្ម៉ង់មីពីរចាន​មកហូបពីមុខហាង ក្រោមលម្ហមេឃ។ ថ្ងៃនេះជាថ្ងៃបុណ្យ តុណាក៏មានគូដែរ។ សូម្បីរ៉េអូក្មេងយ៉ាងនេះ គេអាចច្រឡំអំពីសម្ពន័្ធភាពពួកយើង​។

«គេទិញផ្កាឱ្យនាងទេលីនហ្វា!»

«អ្នកណា?»

«ដឹងហើយផ្កាច្រើន!»

«​ចង់បានមួយបាច់? ចាំស្អែកចែកឱ្យ!»

«មិនត្រូវការទេរបស់សល់!» រ៉េអូគំហកតិចៗ។ គ្រប់គ្នាងាកមក។

ខ្ញុំឈប់ចង្កឹះសម្លឹងជុំវិញ រួចសម្លឹងមុខគេ។

«សុំទោសៗៗៗ! សុំទោស​លីនហ្វា» គេទំនង​ដឹងថា Toneសំឡេងគេខ្ពស់ពេកបានជាគ្រប់គ្នាភ្ញាក់ផ្អើល។ ខ្ញុំងក់ក្បាលព្រោះមើលទឹកមុខ​មិងមាំងនេះ ដឹងថា គេច្រឡំឬមានសម្ពាធនឹងភាពឯកោរបស់ពួកគេ តែបើឱ្យគិតថា​គេប្រចណ្ឌដែលប្រុសៗអស់នោះជូនផ្កាខ្ញុំ ដូចជាមិនសមទេ។

រ៉េអូមិនដែលបង្ហាញអ្វីមួយថាស្រលាញ់ខ្ញុំឡើយ។

ឡើងឡានវិញខ្ញុំជូនគេទៅផ្ទះ។ ពេលវេលានេះ គ្មានអ្វីនិយាយបំបែកបរិយាកាសសោះ ខ្ញុំក៏មើលឃើញដែរថា គេក្រៀមក្រំ។

​      ដើម្បី​បំពេញគ្របពីលើ​ភាព​ស្ងៀមស្ងាត់ ​ខ្ញុំ​បានផ្តើម​​និយាយឡើងថា៖

«​ជឿអត់?​​ ថា​ខ្ញុំ​មានទម្លាប់ ​ច្របាច់ក​បុរស​ម្នាក់​រហូត​ដល់​ស្លាប់​ព្រោះឃើញគេSadលើឡានខ្ញុំ!»

«Sadអី គ្រាន់តែធុញ!»

គេលូកTouchចាក់ចម្រៀង។ ភ្លេងបទចាស់ Return to Innocence  ពិតជាពីរោះខ្លាំងយប់អីចឹង។ ក្រឡេកមើលដៃគេដែលដកចេញម៉ាស៊ីនចាក់ ខ្ញុំចាប់អារម្មណ៍កូនសាក់តូចមួយ វាជាភាពត្រួតគ្នារវាងត្រីកោណ២។

សាក់នេះ ​បង្កើត​ឡើង​វិញ​​យឺតៗ នូវការគិតមួយជាសម្ងាត់សម្រាប់ខ្ញុំ។

«រ៉េអូស្រលាញ់ប្រុស?»។ ​

ឡានឈប់ពីមុខ​ខុនដូគេ។ ខ្ញុំស្គាល់ទីនេះ តែមិនធ្លាប់ឡើងទៅទេ។

«ឡើងបានទេ? អាចអង្គុយកំដរកាហ្វេបាន!»

«កុំរំខាន! ដេកទៅស្អែកត្រូវថតច្រើន?»

«good night!»

ខ្ញុំគ្រវីដៃ ពេលគេចុះដល់ដី។ មិនដឹងយ៉ាងម៉េច ខ្ញុំ​បានជិះព័ទ្ធសង្កាត់នេះមួយជុំ ហើយបកត្រលប់មកវិញដើម្បីផ្ទៀងផ្ទាត់អ្វីម្យ៉ាង។

​      គឺកន្ទុយឡាន របស់តាន។ តាននៅខុនដូនេះដែរ? មិនដែលដឹងទេ។ ពួកគេ?

ខ្ញុំសម្លឹងទៅជាន់ខាងលើហើយចាប់ផ្តើមយល់តិចៗ…..អាចគេស្រលាញ់តាន ហើយសួរខ្ញុំពីរឿងផ្កា?

casserole កក​មួយ​។ ក្មេងស្រី​ដែល​បាន​ញ៉ាំ​អាហារ​ឆ្មា​កំប៉ុង​នៅ​ក្នុង​ផេះ​បាន​និយាយ​ថា៖ «នេះ​មើល​ទៅ​

អស់កម្លាំងនឹងគិត។ ខ្ញុំដេកលក់ក្នុងអានទឹកក្តៅក្នុងបន្ទប់ខ្ញុំ។

«ហើយងូតយូរម៉េះ?»

ខ្ញុំភ្ញាក់ឡើងមិងមាំង។ គឺសំឡេងម្តាយខ្ញុំ។  គាត់ប្រហែលបានចាំខ្ញុំនៅក្រៅបន្ទប់ទឹកយូរពេក? តែនេះកណ្តាលយប់អធ្រាត្រ ម៉ាក់ខ្ញុំចាំខ្ញុំធ្វើអី?

«ម៉ាក់មិនគេងទៅ!»

ខ្ញុំញីសក់ផង សួរគាត់ផង ហើយដើរទៅរកទូខោអាវ។

«លីនហ្វា ម៉េចបានពួកម៉ាកកូនស្លាប់?»

ខ្ញុំឈប់ដៃដែលជូតសក់?

អ្នកណា? ម្តាយខ្ញុំចង្អុលទូរទស្សន៍។

ជាខុនដូរបស់រ៉េអូ?

ខ្ញុំស្ទុះទៅក្បែរហើយមើលសេចក្តីរាយការណ៍។

«អ្នកស្លាប់ជាម្ចាស់ភាគហ៊ុនធំនៃស្ទូឌីយោMain-China លោករ៉េអូអាយុ២៨ឆ្នាំ និងលោកតាន​៣២ឆ្នាំ! ពួកគេមានភាពស្និទ្ធស្នាលឧស្សាហ៍ចេញចូលទីនេះ! ល្ងាចមិញលោកតាន​បានដឹករ៉េអូមកដល់ផ្ទះម៉ោង៦និង១៥នាទីល្ងាច! អ្នកយាម​នៅកន្លែងផ្ទាល់និយាយថា ពួកគេមិនបានចុះមកវិញទេ រហូតដល់maidបានទៅដល់ហើយចាក់សោប្រុងចូលធ្វើអាហារពេលព្រឹក​!»

ខ្ញុំងើបមុខសម្លឹងនាឡិកា ម៉ោង៦ព្រឹកហើយ? ខ្ញុំដេកក្នុងបន្ទប់ទឹក​ច្រើនម៉ោងយ៉ាងនេះ?

«ពីរនាក់នេះមានរឿងអីជាមួយគ្នា​បានជាលេបថ្នាំសម្លាប់ខ្លួនឯង?»

ម្តាយខ្ញុំសួរ ខ្ញុំខ្ទប់មាត់។

បើមែនមានតែ​ម្នាក់ណាមួយបំពុលម្នាក់ទៀត វាមិនដែលទេរឿងលេបថ្នាំសម្លាប់ខ្លួនជាមួយគ្នា។

អ្នកសម្ភាសន៍បាននឹងកំពុងបង្វែរទៅសម្ភាសន៍នាង​អ៊ីណាដែលយំយែក។ នាង​ចាប់ផ្តើម​និយាយ៖

«មិនអាចសម្លាប់ខ្លួនទេ! ​ក្រុមហ៊ុនយើងគ្មានបំណុល មាន​តែដំណើរការល្អ​ គ្មានវិបត្តិទេ ហេតុអ្វីៗៗៗ»

ខ្ញុំថយមកអង្គុយ​ទាំងកន្សែងលើសាឡុងហើយនិយាយមិនចង់ឮព្រោះអស់កម្លាំងចិត្ត​៖

«ម៉ាក់ យប់មិញម៉ោង​១១ជាង​ខ្ញុំទើបនឹង​ដឹករ៉េអូទៅកន្លែងហ្នឹងសោះហ្នឹង?!»

«ឯណាកូន? ប៉ូលិសថាពួកគេ​អាចស្លាប់តាំងពីព្រលប់! ក្នុងស្រាមានលាយថ្នាំពុល!  អ្នកយាមថា ពួកគេមិនដែលចុះមកវិញទេ​ ចាប់ពីឡើងទៅ!»

ខ្ញុំញីភ្នែក។

ខ្ញុំមាន​ស្រវឹងទេ? អត់ទេ! ខ្ញុំបានរត់ចេញពីស្ទូឌីយ៉ូ និងបានឃើញរ៉េអូត្រលប់មកOfficeម្នាក់ឯងវិញ គេថា គេគ្មានឡាន?

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*