សម្រាប់អ្នកអានឬស្នេហាវិស័យប្រលោមរន្ធត់ច្បាស់ជាស្គាល់ពីរហស្សនាម ពេជ្រ បណ្ឌិត ក្នុងទម្រង់ប្រភេទរឿងព្រឺព្រួចអភិនីហារ ដែលនិពន្ធផ្ទាល់ដោយអ្នកស្រី ម៉ីសន សុធារី។
យ៉ាងណាមិញប្រលោមលោករបស់អ្នកនិពន្ធរូបនេះធ្លាប់ធ្វើឲ្យអារម្មណ៍អ្នកអានជាច្រើនរន្ធត់ព្រឺព្រួចតាមរយៈសាច់រឿងដែល ពេជ្រ បណ្ឌិត បានពាំនាំហាក់បង្ហាញពីការពិតនិងធ្វើឲ្យជឿស្លុងកាន់តែជក់ពីមួយភាគទៅមួយភាគ។
ខាងក្រោមនេះ គឺជាប្រលោករបស់ ពេជ្រ បណ្ឌិត ដែលអ្នកគួរតែអាន៖
១ របៀនងងឹត

កម្រងភាគនិទានល្អមួយសម្រាប់អ្នកសេ្នហាប្រលោមលោកបែបអភិនិហារ និងភ័យរន្ធត់ មន្តអាគមអូមអាម ដែលជាស្នាដៃរបស់ ពេជ្របណ្ឌិត និយាយពីនារីម្នាក់រៀបការទៅបរទេសមានប្តីជាកំពូលអ្នកមាន និងជាបុរសសង្ហាបំផុតម្នាក់។ គ្រប់គ្នាគិតថានាងមានសំណាង! ប៉ុន្តែរៀងរាល់យប់នាងតែងគេងលក់ដូចស្លាប់! មនុស្សក្នុងផ្ទះសុទ្ធសឹងគមិនចេះនិយាយស្តីនិងមិនឆ្លងឆ្លើយទាក់ទង គ្រប់យ៉ាងចម្លែកឡើងៗ។
២ គំនូស ៤៨

និនានពីកំលោះសង្ហាឈ្មោះស្រួជិះទៅលេងតាយាយនៅឯស្រុក បន្ទាប់ពីរូបគេបែកពីពួកគាត់ជាយូរមកហើយ ។ តែបុរសសង្ហារូបនេះក៏មិនភ្លេចនាំសង្សារដែលស្រស់ស្អាតទៅជាមួយ ព្រមទាំងមិត្តភក្តិដែលខូចចិត្តព្រោះបែកសង្សារទៅដូចគ្នា។ ទៅមិនទាន់ដល់ផង ស្រាប់តែជួបមនុស្សចម្លែកៗ ដែលសឹងតែមិនជឿថាពួកគេជាមនុស្ស។
៣ ផ្ទះគ្រូទាយ

តាអិត គ្រូទាយល្បីឈ្មោះមិនត្រឹមតែក្នុងភូមិស្រុកប៉ុណ្ណោះទេ គឺល្បីដល់ខេត្តក្រុងឯណាៗទៀតនោះ ព្រោះគាត់ចេះអាគមអស្ចារ្យអាចព្យាបាលរោគាបានគ្រប់មុខ។ អ្នកជំងឺមួយនោះជាប្អូនលោកឧកញ៉ា មានដំបៅរលួយស្អុយមួយចំហៀងមុខទៅហើយ ក៏អាចជាស្អាតបានដែរ។ មិនតែប៉ុណ្ណោះ គាត់អាចដាក់អាគមឲ្យអ្នកណាម្នាក់យ៉ាងម៉េចៗក៏បានទៀត។ ប៉ុន្តែរឿងអាថ៌កំបាំងមួយនៅពីក្រោយផ្ទះគាត់ គឺកូនផ្ទះក្នុងព្រៃ មានរូបមនុស្សធ្វើពីដីនៅទីនោះ ត្រូវបានអ្នកបម្រើក្នុងផ្ទះគាត់លបតាមដឹង។
៤ បណ្ដាសារាត្រីរនោច

និនានពីវុធជាក្មេងប្រុសម្នាក់ដែលមាននិស្ស័យម្យ៉ាងខុសគេ គឺគេអាចមើលឃើញនូវអ្វី ដែលអ្នកផ្សេងមើលមិនឃើញ។ ជួនកាលក៏ឃើញស្រីបំពេរកូន ជួនកាលក៏ឃើញម្រេញគង្វាល ឯជួនកាលទៀត ក៏ឃើញមនុស្សមានស្លាបហោះចុះឡើងលើដំបូលផ្ទះ។ ដោយសារទិដ្ឋភាពទាំងនេះ ម្ដាយរបស់គេបាននាំគេទៅរស់នៅជាមួយព្រះសង្ឃមួយរយៈ។ គេក៏ចេះធម៌ខ្លះៗ គ្រាន់នឹងបន្សាបភាពភ័យខ្លះពេលឃើញអមនុស្សទាំងនោះ។
រហូតដល់គេឡើងមករៀនបន្តនៅភ្នំពេញ គេស្រាប់តែបានជួបនឹងរឿងប្លែកៗម្ដងទៀត។ នៅអន្តេវាសិកដ្ឋានសម្រាប់និស្សិតប្រុស មានបន្ទប់មួយចាក់សោចោល ហើយនៅរាត្រីរនោច វុធបានឮសំឡេងមនុស្សស្រីម្នាក់ស្រែកសុំជំនួយនៅក្នុងនោះ។ មិនតែប៉ុណ្ណោះ គេក៏បានឮសំឡេងប្លែកៗជាច្រើនទៀត ដែលគ្មាននិស្សិតណាឮដូចគេឡើយ រួមទាំងអគារចាស់ ដែលមានសារស្នេហារបស់យុវវ័យនៅលើជញ្ជាំងបានធ្វើឱ្យវុធកាន់តែឆ្ងល់ខ្លាំងឡើង។
៥ បាតដៃខ្មៅ

ក្រុមតន្ត្រីយុវវ័យមួយក្រុមមានឈ្មោះថាបាតដៃខ្មៅ ដែលទើបតែទទួលការគាំទ្រល្បីល្បាញ ស្រាប់តែកើតមានរឿងហេតុអាក្រក់ដូចមានគេរៀបចំទុក។ សមាជិកក្នុងក្រុមនេះ ស្លាប់បន្តកន្ទុយគ្នាយ៉ាងអាណោចអាធ័មនិងមិននឹកស្មានដល់ ពួកគេក៏មិនអាចធ្វើអ្វីកើតទេ ម្នាក់ៗបានត្រឹមតែអាណិតនិងនឹករលឹកមិត្តរួមក្រុម មិនគួរណាត្រូវស្លាប់ទាំងវ័យក្មេងបែបនេះសោះ។ អ្នកដែលនៅរស់រានមានជីវិត ភ័យព្រួយគ្រប់ដង្ហើមចេញចូល ព្រោះគ្រប់គ្នាមិនដឹងថាវេនខ្លួនត្រូវស្លាប់ពេលណា។
៦ អណ្តូងខាងលិច

រឿងពិតមួយថ្មីរបស់គ្រួសារ លោក ឥន តារា និងភរិយា សារ៉ាយ ស៊ីលាភ មានកូនស្រីម្នាក់ឈ្មោះ ឥន រមនា បានបាត់ខ្លួនទៅក្នុងឱកាសបោះជំរំមួយ។ ក្រោយមកពួកគេក៏ចាប់ផ្ដើមជួបរឿងប្លែកៗមិនឈប់។
៧ គាថាបុរាណ

ពីរនាក់ប្ដីប្រពន្ធមួយគូបាននាំគ្នាមកនៅផ្ទះចាស់តាំងពីសម័យបុរាណ ដែលជាកេរដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់លោកយាយ។ ផ្ទះនេះធំទូលាយណាស់ ហើយក៏រាងឆ្ងាយស្ងាត់ពីគេឯងបន្តិចដែរ។ ចូលនៅដំបូងប្រពន្ធមានអារម្មណ៍ខ្លាចៗទៅហើយ ព្រោះផ្ទះធំពេក។ រស់នៅបានប៉ុន្មាន ប្រពន្ធឃើញខ្មោចភ័យដល់ថ្នាក់សន្លប់ ដល់ប្រាប់ប្ដី បែរជាប្ដីនិយាយថានាង គិតច្រើនពេកទើបកើតជំងឺរវើរវាយតែផ្ដេសផ្ដាសបែបនេះ។ ក្រោយមកប្ដីក៏បានជួបហេតុការណ៍ដ៏គួរឲ្យខ្លាចជាច្រើន ទើបគេចាប់ផ្ដើមទទួលស្គាល់ការពិត ថាពិតជាមានព្រលឹងអាក្រក់មកយាយីនៅក្នុងផ្ទះនេះពិតមែន។ តែខ្មោចអស់នោះពេលបានឃើញគាថាបុរាណតែងតែខ្លបខ្លាចបាត់ទៅវិញ។ ដោយរស់នៅមិនសុខ ពួកគេបានទៅនិមន្តព្រះសង្ឃរាជមួយអង្គមកសូត្រមន្តប្រោះព្រំសិរីពេញទូទាំងផ្ទះ ទើបលោកគ្រូសង្ឃរាជប្រាប់ថា គាថាដែលចារសម្រាប់ការពារផ្ទះនេះពូកែស័ក្ដិសិទ្ធិណាស់ ត្រូវរៀនសូត្រឲ្យចេះចាំ គឺជាចំណេះល្អ ហើយផ្ទះនេះមានរឿងអ៊ីចឹង ក៏ដោយសាររុះរើផ្ទះធ្វើឲ្យបាត់បង់គាថាទៅដោយកន្លែង ទើបព្រលឹងអាក្រក់មកយាយីបាន។
៨ អាគមបរព្រៃ

ចន្ថាជាកូនប្រុសទោសក្នុងគ្រួសារ ថ្ងៃមួយសម្រាកពីការសិក្សានៅភ្នំពេញ គេបានទៅលេខផ្ទះ ហើយក៏ទៅជួយការងារឪពុកដកដើមឈើមួយដើម។ បន្ទាប់ពីថ្ងៃដកដើមឈើដ៏ធំសម្បើមនោះមក ចន្ថាជួបរឿងចម្លែកៗមិនដែលខាន ដូចជាមានស្រីស្អាតតាមមិនលែង យល់សប្ដិអាក្រក់ៗ យប់ខ្លះស្ទើរតែមិនហ៊ានដេក។
៩ តួស្រីក្នុងរឿងព្រេង

ភាគនិនាន ពេជ្រ បណ្ឌិត និយាយអំពីអ្នកនិពន្ធកំលោះម្នាក់ឈ្មោះលោក ណាំង ប្រថ្នា ដែលជួបរឿងចម្លែកពិតដូចមិនពិតនៃអណ្ដូងថ្មបុរាណដ៏ធំនិងខ្ពស់មួយនៅមុខបន្ទប់គេង។
១០ អាគមសាក

វិជ្ជតាត្រូវបានមិត្តរួមក្រុម ដណ្ដើមយកតំណែងនោះ ដោយវិធីមិនគិតពីកិត្តិយសជាមនុស្សស្រី ទើបនាងឈឺចិត្តរហូតហ៊ានសាក់មន្តអាគមលើរាងកាយ ទោះដឹងថាការធ្វើបែបនេះ វាឈឺចាប់ និងប្រថុយប្រថានយ៉ាងណាក៏ដោយ។ ពិតមែនអាគមនោះបានធ្វើឲ្យស្រីស្អាតទទួលបានអ្វីៗដែលអ្នកចង់បាន តែនាងបែរជាធ្វើនូវអំពើដែលមិនអាចគ្រប់គ្រងខ្លួនឯងបាន រហូតដល់ហ៊ានសម្លាប់មនុស្សដោយមិនញញើតដៃ។
១១ យប់ទីសាមសិបមួយ

កូនស្រីក្នុងគ្រួសារមួយ សុទ្ធតែរៀបការប៉ះចំថ្ងៃទី៣១ ដល់ពេលរាត្រីផ្សំដំណេក ខាងស្រីស្រាប់តែកើតមានរឿងរន្ធត់ មិនគួរឲ្យជឿបានកើតឡើងលើនាង៕
សម្រាប់មិត្តអ្នកអានស្នេហាប្រលោមលោករន្ទត់ញាប់ញ័រ បានអានមួយចំណងជើងណាហើយឬនៅ?
កញ្ញា គ្រាប់ជី
ចុចអាន៖កក់ឬនៅ? ប្រលោមលោក “ស្រលាញ់បងជ្រៅជាងសមុទ្រ” ភាគ ២ កាន់តែលេចអាថ៌កំបាំងធំជាងមុន
ចុចអាន៖ប្រលោមលោកភ័យរន្ធត់ព្រឺព្រួចរបស់អ្នកនិពន្ធ ម៉ក់ ខេមរិន្ទ្រ ចេញផ្សាយឆាប់ៗនេះក្នុងរដូវកាលទី៤
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ