ដោយសារតែសន្ទុះនៃអ្នកនិពន្ធកាន់តែមានកំណើន ជាពិសេសសម្រាប់យុវវ័យមានបំណងដាក់ផ្សាយស្នាដៃតែងនិពន្ធ ដើម្បីទទួលយកបទពិសោធន៍និងការកែតម្រូវ ក៏ដូចជាទទួលយកទស្សនៈមតិមិត្តអ្នកអាន នៅលើផេកនិងលើវេបសាយឌីជីថលរបស់អ្នកនិពន្ធ ម៉ីសនសុធារី ដូច្នេះ MST Writer ទាំង ៣ រដូវកាល នៅតែទទួលស្នាដៃយុវវ័យជំនាន់ថ្មី។
សម្រាប់រដូវកាលដែលនៅតែទទួលស្នាដៃ មាន MST Writer រដូវកាលទី២, ៣ និង ៤ ខណៈ កាលពីរដូវកាលទីមួយទទួលបានជោគជ័យ និងបញ្ចប់ទៅដោយរលូន ក្នុងនោះគេឃើញមានអ្នកនិពន្ធវ័យក្មេងស្រករក្រោយជាច្រើនបានបញ្ចេញស្នាដៃ នៅលើវេបសាយឌីជីថលរបស់អ្នកនិពន្ធ ម៉ីសន សុធារី រហូតឈានដល់បើកវគ្គថ្មីក្នុងកម្មវិធី MST Writer រដូវកាលទី ២ ក្រោមប្រធានបទ «អ្នកនិពន្ធជុំវិញបឹងទន្លេសាប» ចាប់ផ្ដើមកាលពីខែឧសភា ឆ្នាំ ២០២២កន្លងទៅ ។
យ៉ាងណាមិញ មិនខុសពីរដូវកាលទីមួយទេ ក្រោយជោគជ័យជាបន្តបន្ទាប់ទើបអ្នកនិពន្ធ ម៉ីសនសុធារី សម្រេចបញ្ចេញរដូវកាលទីបី ក្រោមប្រធានបទ «ដែននិរតី» ។ រៀមច្បងរូបនេះធ្លាប់ផ្ដល់បទសម្ភាសន៍មួយថា នឹងជ្រើសរើសស្នាដៃពីជនវ័យក្មេង សិស្ស និស្សិត គ្រូបង្រៀនមន្ត្រីរាជការរូបណាដែលមានបំណងចង់ចូលរួមនៅក្នុងការបញ្ចេញស្នាដៃតែងនិពន្ធក៏ដូចជាទទួលបានវគ្គសិក្សាខ្លីៗដែលបង្ហាត់បង្ហាញរំលែកបទពិសោធន៍ដោយអ្នកស្រីផ្ទាល់ និងអ្នកនិពន្ធផ្សេងទៀតនៅក្នុងក្រុម MST។
ទោះយ៉ាងណាក៏ដោយ MST Writer បានត្រលប់មកវិញជាមួយរដូវកាលទី៤ ក្រោមប្រធានបទ «និពន្ធដើម្បីបង្កើនក្តីស្រលាញ់» ដោយប្រមូលយុវនិពន្ធដែលមានបំណងនិងកំពុងស្វែងរកមធ្យោបាយផ្សព្វផ្សាយបទនិពន្ធរបស់ខ្លួន អាចចូលរួមជាមួយរដូវកាលនេះបានដើម្បីធ្វើឲ្យសាច់រឿងរបស់អ្នកទាំងអស់គ្នាលេចចេញជារូបរាងនៅលើគេហទំព័រផ្លូវការ meysansotheary.com ។
គួរបញ្ជាក់ដែរថា MST Writer ទាំង ៤ ជំនាន់ មិនត្រឹមអាចបញ្ចេញស្នាដៃដល់អ្នកអានមួយមុខនោះទេ។ ប៉ុន្តែយុវនិពន្ធជំនាន់ថ្មីគ្រប់ៗគ្នា សុទ្ធតែទទួលបានរង្វាន់លើកទឹកចិត្តប្រចាំខែសម្រាប់ស្នាដៃដែលចូលក្នុងកំពូលតារាងទាំង ២០ ផងដែរ៕
កញ្ញា គ្រាប់ជី
1 Comment
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ