រឿង៖ ខំបំភ្លេចរឹតតែនឹក

ថ្ងៃមិនទាន់លិចស្រួលបួលផងភ្លៀងចាប់ផ្តើមធ្លាក់មក។ មេឃមើលទៅដូចជិតយប់។ តំណក់ទឹកខ្ចាយលើថ្នល់ ធ្វើឱ្យគ្រប់យ៉ាង មើលទៅក្រៀមក្រំដូចជាអាកាសធាតុបានយល់អំពីទំហំទុក្ខ​ចិត្តបូរ៉ាវី។

នាង​មើលទូរសព្ទច្រើន​ដង និងដកដង្ហើមធំ។

គ្មាន​នរណា​ម្នាក់ខល​ចូល ឬឈែតមកទេ។ ​ចិត្តនេះរសើប រងាព្រោះរដូវភ្លៀងឬអ្វី? ទេ​ ​ភ្លៀងជារឿងម្យ៉ាង​ទេ តែសំឡេងភ្លៀងធ្លាក់សូរឡើងរណ្តំ គួរតែពីរោះបើមាន​រាជនៅក្បែរ។

ជាពិសេស មេឃ​ប្រែជា​ងងឹត ភ្លើងអំពូល​ជះ​ចាំងលើទឹក​ដក់។ ស្ថានភាព​គ្រប់កន្លែង អាច​មើល​ទៅ​ហាក់​ដូច​ជា ស្រពោន​​មិន​គួរ​ឱ្យ​ជឿ មិនដូចផ្កា​ដែលត្រូវសន្សើមទេ។

បូរ៉ាវីនិងរាជ ស្គាល់គ្នា​តាំងពីថ្នាក់ទី៧មក ឥឡូវថ្នាក់ទី១១ហើយ។ ​ដំបូងពួកគេឈ្លោះគ្នា​ ព្រោះមិនចុះចាញ់ ក្រោយមក​ក្លាយជាមិត្ត​សែនស្និទ្ធដោយបោះបង់មិត្ត​ដទៃចោល។

នៅពេលដែលពួកគេនៅជាមួយគ្នាគ្រប់យ៉ាង​ស្រស់បំព្រង គ្មានទេរឿងរំខាន ឬអ្វីផ្សេងដែលអាចបង្កជា ភាពសោកសៅ ឆ្លងកាត់ចិត្តរបស់ពួកគេបាន។ រហូតដល់រាជត្រូវប្តូរសាលា ​ក៏ទំនាក់ទំនង​នេះនៅរក្សាដូចដើម​ សាររឹតតែផ្ញើច្រើនជាងមុន ហើយទាំងពីរនាក់​អាច​និយាយ​គ្នា​ជា​ច្រើន​ម៉ោង​តាម​ទូរសព្ទរាល់ៗរាត្រីមិនចេះធុញ។

តែល្ងាចនេះអ្វីគ្រប់យ៉ាងប្តូរជាចម្លែក។

តាំងពីព្រឹកមក រាជមិនបានឆ្លើយសាររបស់វី ក្រោយមកថែមទាំងបដិសេធការហៅទូរសព្ទនាង​។

ទាំងទទឹក វីត្រូវបានបងស្រីនាងដឹកពីសាលាមកដល់ផ្ទះ។ បូរ៉ាវីមិនមាត់មិនក មិនអាចលេបបាយចូលព្រោះព្រួយ​បារម្ភ​ថា ​មាន​អ្វី​ខុសប្រក្រតីបានកើតមានឡើង។

យប់ម៉ោង១០​ហើយ នាងនៅតែគេងមិនលក់…ព្រោះរាល់ដងនាងនិយាយទូរសព្ទជាមួយរាជ។ ពេលនេះឯងនាង​ស្រក់ទឹកភ្នែកតិចៗមិនដឹងខ្លួនពេលស្ងាត់បាត់គេ។

ពេល​នេះមែនទេ ​ទើប​នាង​ដឹង​ថា ​គេ​មាន​ន័យ​ចំពោះ​នាង​ប៉ុនណា…?

មិនយូរប៉ុន្មាន នាងបានសរសេរសារថ្មីមុនលង់លក់ថា៖

«អធ្រាត្រហើយ បើរាជឃើញ​ត្រូវឆ្លើយ ខ្ញុំបារម្ភណាស់! តើមា​នរឿងអីនៅខាងណោះ?»

រ៉ឺងៗ….បូរ៉ាវីភ្ញាក់សើងមមើងព្រោះសំឡេង​ខលទូរសព្ទ…គឺខាងប្រុសបានខលមកទាំងម៉ោង៥ព្រឹកងងឹត​ៗ​។

ខាងប្រុស៖ ហាយ វី!

បូរ៉ាវីញញឹម៖ ម្សិលមិញបាត់ទៅក្នុងស្រទាប់ផែនដីមួយណា?

រាជ៖ ខ្ញុំរវល់!

បូរ៉ាវី៖ មានរឿងអ្វីកើតឡើង?

រាជ៖ មានអីឯណា?

ទោះយ៉ាងណាខាងស្រីយល់ថាមានអ្វីមួយខុសៗកំពុងនៅចន្លោះរវាងពាក្យសន្ទនានេះ ប៉ុន្តែនាងមិនអាចសួរបញ្ជាក់បាន ព្រោះមិនដឹងត្រូវសួរពីណាទៅណា?

ក្នុងភាពស្ងៀមស្ងាត់ទាងសងខាង ស្រាប់តែនាង​ឮខាងប្រុសនិយាយកាត់សេចក្តី៖ អូខេណា៎ឈប់និយាយទៅហើយ ទៅងូតទឹក​ទៅសាលា​!

បូរ៉ាវី៖  នែ៎ ហេតុអ្វី?

សំឡេងនាងសួរ​ឡើងដូចកំពុងរង​ស្រពោនចិត្តជាខ្លាំង។

រាជ៖ ប្រញាប់!

ថាពីរម៉ាត់ រួចក៏បិទទាំងមិនបានលាត្រឹមត្រូវ​ដូចគេចពីអ្វីមួយ និយាយបានថា គេចពីនាង?

ការ​ផ្ដាច់​​ទូរសព្ទនេះ ធ្វើឱ្យបូរ៉ាវីមាន​អារម្មណ៍​ថា ​ស្វាងនិងSadទាំងព្រឹក។ ប្រៀបដូចជា​អ្នក​ណា​ម្នាក់

បានទះមុខរបស់នាងឱ្យភ្ញាក់ពីសុបិននិងទុក្ខព្រួយ។

នាង​គិតថា រាជមិនដែលដូច្នេះទេ។ អ្វីផ្សេងទៀតបានលេចឡើង​នៅក្នុងចិត្តរបស់នាង ​គេដូចជាគេចពីចំណងទាក់ទងនេះ?

ទឹកភ្នែកសើមៗ នាងខំរំងាប់ណាស់ ក៏ថ្ងៃនេះនៅតែញញឹម​មិនចេញ។ នៅលើម៉ូតូទៅសាលា ទីក្រុង​មួយនេះ​​រត់ថយក្រោយ ​ដោយ​នាងកំពុង​សោយសោកចិត្ត​។ រាជប្រាកដជាមានមិត្តថ្មី​ហើយចង់ផ្តាច់ពីនាង?

នេះជាអ្វីដែលបូរ៉ាវីគិត។

ដំបូលអគារជាច្រើន​បន្តកន្ទុយគ្នា.​..ពេលថ្ងៃរះច្បាស់ក៏ដូចជាស្រពេចស្រពិលសម្រាប់នាង.​..វីមិនអាចយល់ពីអ្វីទាំងអស់ដែលកំពុងតែកើតឡើងនេះបានទេ…អារម្មណ៍ឯកា ខូចចិត្ត សោកស្តាយ​ មិនយល់ និងមានសំណួរជាច្រើន​ មាន​តែរាជម្នាក់ប៉ុណ្ណោះដែលអាចផ្តល់ចម្លើយចំពោះអ្វីៗទាំងអស់នេះបាន។

នាងមើលទូរសព្ទ ពេលចេញលេងនិង​ម៉ោងចាំបងស្រីវិលទៅផ្ទះ គ្មានទេ សាររបស់គេ ដូចជារាល់ដង។

ទោះណាជាសារទាំងអស់របស់នាង​ត្រូវបានគេ​អាន តែគ្មាន​ពាក្យ​តបមួយឃ្លាថ្មីសោះ។

ភាពព្រងើយកន្តើយរបស់​រាជ​កំពុង​វាយ​ប្រហារបេះដូង​នាង…ហើយនាង​ទទួលស្គាល់ថា នាង​នឹកមិត្ត​ម្នាក់នេះលើសពីមិត្ត​ធម្មតា ដែលតាំងចិត្ត​កាលពីដំបូងៗ។

បេះដូងចង់លោតចេញនៅពេលទទួលស្គាល់ថា គេនេះសំខាន់ណាស់ សំខាន់ក្នុងជីវិតនាង។

«ហេតុអី…??»

បូរ៉ាវី​ស្រែកសួរចិត្ត​ស្ងួតស្ងប់របស់នាង ដោយសំឡេងរបស់នាងកប់ជ្រៅក្នុងបេះដូងខ្ទេចខ្ទាំ។ ពេលនាងដើរមកដល់ផ្ទះសន្ធឹកភ្លៀងតិចៗហាក់ដូចជា បូករួមបានល្អនឹងល្ងាចដ៏គួរឱ្យសង្វេគមួយនេះ។ នឹកឃើញកាលណា រដូវភ្លៀងឆ្នាំមុនៗ គេផ្ញើសារសួរថា​មាន​សើមខោអាវ ផ្តាសាយដែរ?

ពេលនេះមនុស្ស​ធ្លាប់ខ្វល់ស្រាប់តែលែងខ្វល់។ បូរ៉ាវីឈោងដៃ​បើក​វាំងនន ទិដ្ឋភាព​ដ៏​គួរ​ឱ្យ​ស្រងេះស្រងោច ​បាន​ស្វាគមន៍​ភ្នែកយុវនារី។ នាង​អាច​ឃើញ​ភ្លៀង​ធ្លាក់​មករវិចៗ ប៉ើងផាត់ផាយ​តាម​រយៈ​ស្រមោល​ភ្លើងគោម​បំភ្លឺ​ផ្លូវ។

«មកញ៉ាំបាយកូន! បងជីដូនមួយឯងមកលេង!»

ម្តាយនាងហៅមកពីក្រោយ តែនាង​មិនឆ្លើយ ព្រោះអស់កម្លាំងចិត្ត ថែមរុញបន្ទប់បិទពេលឮស្នូរជើងគាត់ដើរមកតាមហៅ។

យប់ដែលមានភ្លៀងធ្លាក់ ដ្បិតថាត្រជាក់ខ្លះ តែក៏មិនមែនជារឿងដែលមនុស្សគ្រប់គ្នាសុទ្ធតែចូលចិត្តនោះទេតែ ឯបូរ៉ាវីក៏មិនដឹងថា វា”សោកសៅ” ដល់ម្ល៉ឹងនេះដែរ។

«រាជ!»

នាង​លបហៅឈ្មោះគេតិចៗ ទាំងមាន​លាយ​ដង្ហើម​នៃភាពសោកសៅ និងអស់សង្ឃឹម។ ទោះយ៉ាងណាក្រោយងូតទឹករួចហើយបូរ៉ាវី តាំងចិត្តជាចុងក្រោយក្នុងព្យាយាមរកឱ្យឃើញមូលហេតុនិងតស៊ូ​ដណ្តើម​យកមិត្តភាពពួកគេត្រលប់មកវិញ…។

មិនយូរប៉ុន្មានទេ នាង​បានខលទៅគេ រាជក៏ទទួល។

រាជ៖ ហាឡូ!

បូរ៉ាវី៖ ម៉េចស្ងាត់ម្ល៉េះ?

រាជ៖ មានអីស្ងាត់?

បូរ៉ាវី៖ (ខ្សឹកខ្សួល) ខ្ញុំគ្រាន់តែចង់ឱ្យរាជបានដឹងរឿងមួយ មុនពេលយើងឈប់និយាយ!

ប្រុស៖(អាក់បន្តិច) ប្រាប់…មក…!

ដំបូងខាងស្រីតាំងចិត្ត​ចង់និយាយ​តែដូរចិត្តទាក់ទើរវិញ។

បូរ៉ាវី៖ សុខសប្បាយទេ? ស្ងាត់ពេក! អត់មា​នរឿងអីឯណាអ្ហី?

សំឡេងនាងទាក់ៗ ដូចមិនស្គាល់ចិត្តគ្នា ដូចទើបនឹងបានរាប់អានគ្នា​ដំបូង។ នាងបែក…អារម្មណ៍ និងមិននឹងនរទេ។ នាងព្យាយាមណាស់ដើម្បីបន្តការនិយាយគ្នា  ប៉ុន្តែគ្រប់យ៉ាងមិនដូចមុន។

រាជ៖ មានអី​ឯណា?

នេះមិនមែនជាចម្លើយដែលវីចង់បានទេ។ ពេលនេះថ្មើរណេះ ទើបវីដឹងថា នាងមិនមែនជាមិត្តរបស់រាជតាំងពីដំបូង…តែជាមនុស្សលើសពីមិត្ត​។ ទឹកភ្នែកហូរបណ្តើរ ក្នុងអារម្មណ៍អាក្រក់បំផុត ព្រោះឮគេប្រើពាក្យលាបន្ទាន់។

រាជ៖ បើអត់អីទេ លាហើយ Homeworkច្រើន!

ព្រឹកថ្មី នាងចេញពីផ្ទះដោយភ្នែកហើមប៉ោង។ ម្តាយនាង​ចំណាំ..និងតាមឃ្លាំនាង​។

«បងជីដូនមួយឯង ចង់ចួបឯងណាស់ ល្ងាចគេមកទៀត! ហើយនោះ កាដូគេទិញមកឱ្យ!»

នាង​មិនយល់ទេហេតុអ្វីកាដូច្រើនម្ល៉េះ? ចាប់ពីពេលនោះមក រាជលែងខលមកទាំងអស់។ នាង​មានអារម្មណ៍ថា ពិភពលោកនេះ ឃោរឃៅណាស់ បើឱ្យចួបហើយម្តេចក៏ត្រូវបែកដោយគ្មានហេតុផល។

នាង​សរសេរសារ«បើរាជមានមិត្តថ្មីហើយ ប្រាប់ច្បាស់មកក៏ល្អ! »

យប់នោះគ្មាន​សារតបទេ ស្អែកឡើងនាងភ្ញាក់ទាំងទឹកភ្នែក។ សារគ្មានអ្នកអាន​ទេ។ នាងខលទៅទៀត។ម្តងនេះទូរសព្ទរាជទាក់ទងមិនបាន។

—–

៣ឆ្នាំក្រោយមក….

នេះជាខែមិថុនា នៃឆ្នាំ២០២៣។ បូរ៉ាវី​អាយុ១៨ឆ្នាំហើយ។ នាង​បានឈរសម្លឹងមើលទៅតំណក់ទឹកភ្លៀងធ្លាក់តាមបង្អួចនា​ រាត្រីដ៏គួរឱ្យធុញដដែលៗរាល់ៗឆ្នាំដែលចិត្តនាង​ ខំបំភ្លេចរាជ​តែរឹតនឹកឡើង។

ដើម្បីផ្គូផ្គងនឹងភាពអផ្សុកគ្មានទីបញ្ចប់នៃការជាប់គាំងកណ្តាលភាពនិរាសនេះ នាង​តែងតែសរសេរពាក្យពេចន៍នៅលើហ្វេសប៊ុក។ យប់នេះ បូរ៉ាវីសរសេរថា«ស្អប់ភ្លៀងរាត្រីណាស់!»

តាំងពីរាជគ្មានដំណឹង ដូរលេខ និងលែងទាក់ទងគ្នាបាន រាល់យប់ដែលមានភ្លៀង ពិតជាអាចធ្វើឱ្យអារម្មណ៍វីធ្លាក់ចុះ ទៅជាស្អប់ការស្រលាញ់គ្នាទាំងអស់នៅលើលោកនេះ និងស្អប់ការញញឹម។

សាស្ត្រាចារ្យម្នាក់ឈ្មោះពេជ្រ ​ដែលនាងស្គាល់លើបណ្តាញសង្គមបានសរសេរសារមកនាង​ថា«សប្បាយចិត្ត​ឡើងវិញណា៎ក្មេងតូច!»

នាង​មិនឆ្លើយតបទេ តែយប់នោះបានសាកល្បងចំណាយពេលពីការខូចចិត្តមកនិពន្ធរឿងខ្លី និងផុសចេញលើហ្វេសប៊ុកថា «កាលពីមុនមាន​​មិត្តប្រុសស្រីពីរនាក់ដែលមិនអាចបំបែកបាន!  ពួកគេមានភាពដូចគ្នាច្រើន ជាអ្នកជិតយល់ចិត្តគ្នា ជួយគ្នា មានក្តីប្រាថ្នាដូចគ្នា ហើយសប្បាយចិត្ត​ពេលបានឃើញគ្នា។ ពួកគេក្លាយមកជាមិត្តនឹងគ្នា ទុកចិត្តគ្នា ហើយគិតថា មិនអាចភ្លេចគ្នាបានទេទោះអ្នកណាម្នាក់ចាកចេញ​។ ពួកគេបានចំណាយពេលជាមួយគ្នាស្អិតរមួត​ ទុកគ្នាយ៉ាងសំខាន់​កាលពីវ័យជំទង់ រួចស្រាប់តែត្រូវបែកគ្នាទាំងគ្មានហេតុផល នៅពេលដែលខ្វះគ្នាមិនបាន។

ពេលវេលាកន្លងផុតទៅ ខាងស្រីទាំងពីរបានរៀនចប់ចូលមហាវិទ្យាល័យ ហើយនាងតែងតែនឹកដល់ខាងប្រុសជានិច្ច។ បើទោះណាជាគេភ្លេចរឿងកាលពីក្មេង ក៏គេគួរតែនៅរាប់អានគ្នាបានដែរ ចំណែកខាងក្មេងស្រីតូចម្នាក់នោះវិញ នាងកាន់តែបំភ្លេចគឺរឹតតែនឹក។»

សរសេរបានតែប៉ុណ្ណេះក៏គេងលក់ទៅ។ ស្អែកឡើងបូរ៉ាវីទទួលបាន​ការ​ចូលអាននិង​Likesជាច្រើន។ មានយោបល់ផងដែរថា អ្នកអានក៏ចឹងដឹងដែលខាងប្រុសអាចបំភ្លេចបាន ហេតុអ្វីមាន​តែខាងស្រីដែលនៅជាប់ចំណងនេះម្នាក់ឯង។

ស្អែកទៀតសាស្ត្រាចារ្យដដែលនោះបានសរសេរឈែតមកនាងថា ហេតុអ្វីបានជានាងសោកសៅម្ល៉េះ?

រឿងប្រលោមលោកខ្លីនោះធ្វើឱ្យខ្ញុំកម្សត់ពិតមែន។

នាង​មិនឆ្លើយព្រោះគិតថា ម្នាក់នេះមាន​នាទីជាសាស្ត្រាចារ្យ​តែមកចែចង់នាង។

ពេលវេលាចេះតែរំកិលទៅមុខ ហើយនាង​ក៏រៀនជិតចប់ខាងផ្នែកសន្តិសុខជាតិ។ នាង​បានក្លាយជានិស្សិតស្រីលេចធ្លោដែលសម្រេចបានពិន្ទុល្អបំផុត។

នាង​តែងមានវត្តមាននៅគ្រប់សន្និសីទសារព័ត៌មានរបស់ប៉ូលិសដែលបាន​បំបែក​ឆាកឧក្រិដ្ឋកម្ម រាប់ចាប់ពីឃាតកម្មធម្មតា រហូតដល់ការវាយប្រហារដោយភេរវកម្ម។ល។  មានពេលមួយ ប្រព័ន្ធផ្សព្វផ្សាយកំពុងមានភាពអ៊ូអរជាមួយព័ត៌មានអំពីក្រុមជួញដូរគ្រឿងញៀន…ហើយ​បង្ហាញរូបថតសមាជិកក្រុមអន្ធពាល​ដែល គ្មាននរណាម្នាក់ដឹងពីកន្លែងលាក់ខ្លួនរបស់ពួកគេ ស្រាប់តែនាងចាប់អារម្មណ៍ថា….ស្គាល់។

រាជ???

បុរស​ម្នាក់​នេះ​ជា​សមាជិកម្នាក់នៃ​ក្រុម​ជួញ​ដូរ​គ្រឿងញៀន។

គេធ្លាប់ប្រាប់នាង​ថា គេចង់ធ្វើមេធាវី។

ថ្ងៃនោះនាងបានស្រាវជ្រាវរឿងជាច្រើនទៀត ហើយដឹងថា កាលពី៤ឆ្នាំមុនប៉ារបស់រាជបានរកស៊ីក្ស័យធននិងជំពាក់បំណុលធនាគាររឹបអូសគ្រប់យ៉ាង។

ម្តាយគេនិងគេ បងប្រុសគេ ត្រូវរើទៅនៅជាយក្រុង​និងប្តូរមករៀនសាលារដ្ឋ។

គេមិនអាចផ្ស៊ាំនឹងជីវិត​លំបាកដែលគេមិនធ្លាប់នោះបានទេ ពិសេសក្រោយប៉ាម៉ាក់គេធ្លាក់ខ្លួនឈឺ និងគ្មាន​ចំណូល។

គេនិង​បងគេបានបោះបង់ចោលការសិក្សា​ហើយដើរផ្លូវខុស។ ជាបណ្តើរៗ ម្តាយនាង​ដឹងពីរឿងនេះព្រោះគាត់មាន​បណ្តាញជិតខាងនាំមកប្រាប់។

គាត់ក៏រកវិធីឱ្យនាង​បំភ្លេចគេ ដោយខលទៅព្រមាន​រាជថា កុំទាក់ទងកូនគាត់ទៀតអី ​ព្រោះនាងជិតរៀបការជាមួយគូដណ្តឹងនាងហើយ គឺបងជីដូនមួយនាង ជាអ្នករៀនច្បាប់ម្នាក់។

ចាប់តាំងពីដឹងរឿងទាំងនេះ បូរ៉ាវីក៏ព្យាយាមស៊ើបពីរាជម្ដងហើយម្ដងទៀតទាល់តែបានដឹងជីវិតគ្រួសារគេគ្រប់ជ្រុងជ្រោយ ហើយល្ងាចមួយ នាងចាប់ផ្ដើមហ៊ានសួរនាំម្តាយរបស់នាង។

ទីបំផុតទៅ គាត់ក៏បានសារភាពថា ពិតណាស់ ដោយសារគាត់បារម្ភទំនាក់ទំនងអ្នកទាំងពីរកាលជំទង់ គាត់ប្ដឹងទៅសាលាឱ្យរាជប្ដូរទៅកន្លែងថ្មី ថែមទាំងនាំបងជីដូនមួយរបស់នាងឱ្យចួបគេ ព្រមានគេថា ប្រសិនបើគេនៅតែទាក់ទងជាមួយនាង នាងនឹងគ្មានអនាគត។

ព្រោះដឹងការពិតអស់ហើយ  យប់នោះនាងចង់យំខ្លាំងណាស់ ប៉ុន្តែយំមិនចេញសោះ។

មនុស្សយើងនៅពេលដែលមានភាពស៊ាំទៅនឹងសេចក្ដីទុក្ខព្រួយខ្លាំងពេក ហើយនៅពេលដែលយើងកាន់តែចាស់ចិត្តចាស់គំនិត យើងមិនងាយយំដូចកូនក្មេងទៀតទេ ប៉ុន្តែការឈឺចាប់ពេលនេះ សែន ពិបាកនៅក្នុងការរៀបរាប់ណាស់។

បូរ៉ាវីពិតជាយល់ថាអ្វីៗដែលនាងធ្លាប់បានគិត គឺខុសទាំងស្រុងចំពោះរាជ ប៉ុន្តែតើ​ឱ្យនាងធ្វើយ៉ាងម៉េចដើម្បីឲ្យពេលវេលាអាចវិលត្រលប់ក្រោយ?

នាងពិតជាចង់ចួបគេណាស់។

មួយអាទិត្យក្រោយមក ក្រុមការងាររបស់នាងនៅមហាវិទ្យាល័យបានប្រាប់នាងថា បណ្តា​ក្រុមជនអន្ធពាលដែលថ្ងៃមុនសមត្ថកិច្ចបានកំណត់មុខសញ្ញា ពេលនេះមានលេចឮ​ព័ត៌មានថ្មីទៀត គឺពួកគេតែងតែក្លែងបន្លំខ្លួន ម្ដងធ្វើជាមេធាវី ម្ដងធ្វើជាសាស្ត្រាចារ្យ។

យប់នោះមកដល់ផ្ទះវិញ មានអារម្មណ៍​ចេះតែមិនអស់ចិត្ត​។

ចាប់ផ្ដើមចាប់អារម្មណ៍ថា មានសាស្ត្រាចារ្យម្នាក់ដែលនាងមិនដែលស្គាល់សោះហើយឈែតមកនាង។

វីមិនដែលឆ្លើយឆ្លងនោះទេ នៅតែឈែត?

ដូច្នេះ យប់នេះនាងក៏ចាប់ផ្ដើមសរសេរទៅគាត់ថា«Hi» ហើយស្រាប់តែឃើញគេតបត្រលប់មកវិញភ្លាម​។

«សុខសប្បាយទេ?»

ហើយនាងស្រក់ទឹកភ្នែក​រលើបរលោង ដៃក៏សរសេរនូវសម្ដីដែលពួកគេធ្លាប់និយាយគ្នាកាលពីក្មេង«មេឃភ្លៀង មានសើមខោអាវ ផ្ដាសាយដែរអត់?»

ស្រាប់តែឃើញសាស្ត្រាចារ្យនោះអានចប់ ស្ងៀមស្ងាត់មិនឆ្លើយតបសោះឡើយ។

ហេតុការណ៍បាន ធ្វើឱ្យបូរ៉ាវីស្រែកយំជាខ្លាំង។

នាងសរសេរទៀតថា«រាជមែនទេ? ខ្ញុំដឹងថា គឺជារាជ តើយើងអាចចួបគ្នាបានទេ?»

ចាប់ពីពេលនោះមកសាស្ត្រាចារ្យមិនដាក់ឈែតជាមួយនាងនោះឡើយ។

ប្រាំមួយខែក្រោយមក ប៉ូលិសបានរកឃើញក្រុមអន្ធពាលនេះតាមការប្រមាញ់ទុក។ ពួកគេត្រូវបាន​ចាប់ដាក់ខ្នោះដៃបញ្ជូនឡើងតុលាការ។ បូរ៉ាវី​បានសម្រេចចិត្តថា ទៅសួរសុខទុក្ខគេក្នុងពន្ធនាគារ។

ហេតុអ្វីទៅ….ពីព្រោះថា មិនមែនមានតែនាងដែលខំបំភ្លេចរឹតនឹក រាជក៏មិនបានភ្លេចនាងដែរ។ ដ្បិតតែគេតែងតែឈែតជាមួយនាង ហើយនៅក្បែរៗនាងជានិច្ចគ្រាន់តែនាងមិនចាប់អារម្មណ៍តែប៉ុណ្ណោះ។

ចប់

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*