ស្ដេចបៃតង ជានាមប៉ាកកាលាក់ឈ្មោះរបស់អ្នកនិពន្ធស្រីមួយរូប សាងស្នាដៃជាច្រើនលើវេបសាយឌីជីថលរបស់អ្នកស្រី ម៉ីសន សុធារី តាមរយៈប្រលោមលោករន្ធត់ព្រឺព្រួចនិងអភិនីហារ។
យ៉ាងណាមិញមកទល់សព្វថ្ងៃនេះ ស្ដេចបៃតងបានផលិតនូវស្នាដៃរឿងប្រលោមលោកជាច្រើន បែបភ័យរន្ធត់ញាប់ញ័រ ដោយក្នុងនោះអ្នកអានជាច្រើនប្រាកដជាចង់ដឹងថា តើស្ដេចបៃតងជានរណា ហើយមានអាជីពណាផ្សេងទៀតក្រៅពីជាអ្នកនិពន្ធ។
អ្នកនិពន្ធរូបនេះបានបញ្ចាក់ឱ្យដឹងថា តាមពិតរូបគេគឺជាបុគ្គលិកឯកជនក្នុងក្រុមហ៊ុនមួយ ប៉ុន្តែដោយសារចិត្តស្រលាញ់ផ្នែកតែងនិពន្ធមកជាយូរ ទើបធ្វើឱ្យស្ដេចបៃតងឆ្លៀតពេលទំនេរពីការងារមកសរសេរប្រលោមលោកជាច្រើន មិនថាលើវេបសាយ ម៉ីសន សុធារី ឬលើបណ្ដាញសង្គមផ្សេងៗដែលរូបគេធ្លាប់បានផ្សព្វផ្សាយកាលកន្លងមកទេ។
ដ្បិតថាស្ដេចបៃតងមិនបានបង្ហាញមុខមាត់ពិតថាជានរណាក្ដី ប៉ុន្តែមិត្តអ្នកអានអាចជ្រាបច្បាស់តាមរយៈស្នាដៃអ្នកនិពន្ធរូបនេះធ្លាប់សាងកន្លងមកលើក្រុមទសប៉ាកកាដែលបង្កើតឡើងនាឆ្នាំ២០១៨ ដោយមានសមាជិកវ័យក្មេងដល់ទៅ១០រូបឯណោះ។
លើសពីនេះទៀតដែរ អ្នកនិពន្ធស្រីរូបនេះក៏ធ្លាប់ជាអ្នកសរសេរស្រ្គីបភាពយន្តនៅផលិតកម្មក្នុងស្រុកមួយ ហើយធ្លាប់សរសេរស្រ្គីបប្រឡងនៅផលិតកម្មរ៉ុក និងធ្លាប់សរសេរស្រ្គីបចេញរឿងខ្លីមួយនៅសូយូ រឿង«សុបិន»ថែមទៀត។
សូមជម្រាបមិត្តអ្នកអានឱ្យបានដឹងថា ស្ដេចបៃតងបានសាងស្នាដៃជាច្រើនលើវិស័យតែងនិពន្ធដូចជាប្រលោមលោក “ទ្វារផ្ទះបងថុលក្នុងកម្មវិធី MSTWriter ជំនាន់ទីមួយ ដែលជាប្រភេទនិទានរន្ធត់, រឿង នាងដេន្នីនិងចិញ្ចៀនភ្លុក រឿង កន្ទ្រាញឥនុចារ្ស រឿង នារីបុរាណ រឿង ព្រោះនាងមិនមែនជានាង រឿង សិស្សស្រីទើបមកដល់ ខណៈប្រលោមលោកដែលបានរៀបរាប់ខាងលើនេះ សុទ្ធសឹងតែមានអ្នកចូលអានច្រើនដងផងដែរ៕
កញ្ញា គ្រាប់ជី
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ