រឿង៖ អាថ៌កំបាំងក្លិនផ្កាLavender (ភាគ១)

យប់ស្ងាត់ មនុស្សម្នាលង់លក់ក្រោមស្បៃរាត្រី សំឡេងសត្វទីទុយ និងខ្លែងស្រាកស្រែកប្រណាំងគ្នាល្វើយៗពីដើមឈើខ្ពស់ៗ ធ្វើឱ្យអ្នកដែលនៅមិនទាន់គេងព្រឺក្បាល។

ភ្លើងភ្លឺចិញ្ចាចចេញពីបន្ទប់ជាន់ទី២ក្នុងវីឡាកូនកាត់ទំហំ១០x២០មួយក្នុងដីឡូត៍ឆ្ងាយពីក្រុងប្រហែល១០គីឡូម៉ែត្រ។​ កំលោះបីនាក់កំពុងធ្វើសកម្មភាពយឺតៗនៅក្នុងបន្ទប់នោះដោយស្ងៀមស្ងាត់ ចំណែកម្នាក់ទៀតគេងលក់យ៉ាងស្រួលនៅលើសាឡុងនៅកៀនទូដែលដាក់សៀវភៅ និងឯកសារពេញតាំងពីខាងក្រោមដល់ជាន់លើ។​

បន្ទប់ធំល្មមបំពាក់ដោយគ្រឿងសម្ភារទំនើបៗដូចជាទូរទស្សន៍អេក្រង់យក្ស កុំព្យូទ័រទាំងលើតុតូចនិងធំដែលដាក់គ្មានរបៀបនៅលើតុធំដែលនៅចំកណ្ដាលបន្ទប់។

«ម៉ាសុន (Mason)​ ត្រូវបានរាយការណ៍មកថាបានបាត់ខ្លួននៅចន្លោះម៉ោង១១ ទៅម៉ោង១២កាលពីយប់មិញ»

អ្នកដែលនៅលើសាឡុងវែងរាយការណ៍ក្នុងសភាពងងុយគេង។ សក់ពណ៌ទង់ដែងរបស់គេមិនមានរបៀបដូចមិនបានសិតជាច្រើនថ្ងៃ ឯវ៉ែនតាស្ទើរតែជ្រុះពីចុងច្រមុះទៅហើយ។

អ្នកកំលោះនេះជនជាតិអាមេរិកឈ្មោះ​ម៉ាក (Mark) ដែលជាស្ដេចក្ដាចុច (Keyboard)​ ក្នុងក្រុម ព្រោះតែគេមានទេពកោសល្យខាងព័ត៌មានវិជ្ជាខ្ពស់។

«អត់មានតម្រុយពីប្រព័ន្ធទូរសព្ទ ឬបណ្ដាយសង្គមផ្សេងៗនោះទេ និយាយរួមចាប់អត់បានពីព័ត៌មានទីតាំងៗពីម៉ោង៦ល្ងាច»

អ្នកដែលមើលទៅចំណាស់ជាងគេនិយាយជាមួយភីហ្សានៅក្នុងដៃ មាត់ទំពារមិនឈប់។ ម្នាក់នេះឈ្មោះថាសិទ្ធ (Seth) ជាមេក្រុម​ តែងតែត្រូវសមាជិកហៅថាភ្នែកឥន្ត្រី (Eagle Eye)។​ គេមានសក់ពណ៌ខ្មៅ មាឌមាំ និងសម្បុរសណ្ដែកបាយ ជាប្រភេទកូនកាត់ខ្មែរអង្គរ-អឺរ៉ុប។

គេមានភ្នែកខ្មៅមុត ហើយទម្រង់មុខរា ធ្វើឱ្យមើលទៅជាមនុស្សម៉ឺងម៉ាត់ តែសំឡេងរបស់គេទាប ធ្ងន់ និងច្បាស់ៗបែបស្ងប់ទៅវិញ។

«ចម្លែក…រកទីតាំងអត់ឃើញ…» ម៉ាកមិនអស់ចិត្ត បោះទូរសព្ទចុះឡើង គិតតែឯង។

«គួរឱ្យចាប់អារម្មណ៍…» ខៃដែន (Kaiden) រអ៊ូ គេមានរហ័សនាម ‘មិនគ្រប់ពាក្យ​​’ ដោយសារតែគេមិនចូលចិត្តនិយាយមិនឱ្យចប់ចុងចប់ដើម ម្នាក់នេះចូលចិត្តកំណត់ចំនួនពាក្យរបស់ខ្លួនឯងពេលនិយាយអ្វីមួយ។

ទម្រង់ភ្នែករបស់គេរាងទ្រវែងដូចកាំបិតធ្វើឱ្យមើលទៅហាក់ដូចជាមានគំនុំជាមួយអ្នកគ្រប់គ្នា ហើយអាចសម្លាប់អ្នកណាម្នាក់ភ្លាមៗ។ ក្នុងចំណោមក្រុមភ្នាក់ងារសម្ងាត់នេះមានតែគេទេដែលមិនមានជំនាញជាក់លាក់ព្រោះតែគេចូលចិត្តធ្វើរឿងមិនមានហេតុផលច្បាស់លាស់ពេលចាំបាច់ ហើយគេធ្វើបានល្អទៀតផង។

«អ៉ឺម…បើថាស្លាប់គួរតែរកឃើញសាកសព» ម៉ាកសញ្ជឹងគិត ភ្នែកដែលស្ទើរតែធ្លាក់ហើយនោះប្រឹងបើកសម្លឹងមើលអេក្រង់ធំនៅចំពោះមុខ។

«ដូចជាមិនមែនករណីឃាតកម្មទេ» សិទ្ធលើករូបភាពនៅកន្លែងដែលជនរងគ្រោះបាត់ខ្លួនមកមើលដោយយកចិត្តទុកដាក់ មុននឹងងាកទៅមើលអ្នកដែលគេងលក់នៅលើសាឡុង

«ឆ្ងល់ដែរ ពេលណាវាធ្វើការឱ្យអស់ពីដៃពីជើង?» ម៉ាកគ្រវីក្បាល

«ទុកឱ្យវាដេកទៅ តិចទៀតវានឹងរត់ហត់ជាងគេមិនខាន» សិទ្ធមើលទៅអ្នកដែលកំពុងលង់លក់ដោយក្រសែភ្នែកទន់ភ្លន់ គេហាក់មានអារម្មណ៍ថាករណីថ្មីនេះនឹងធ្វើឱ្យកំលោះម្នាក់នេះប្រឹងប្រែងជាងធម្មតា។

«គិតម៉េច?» ខៃដែនដើរទៅឈរមុខអេក្រង់ធំ។

«ទាំងអស់នេះជាបញ្ជីឈ្មោះមនុស្សដែលបានបាត់ខ្លួន» សិទ្ធចាប់ផ្ដើមបង្ហាញរូប និងព័ត៌មាននីមួយៗរបស់អ្នកដែលបានបាត់ខ្លួន

«ករណីនេះអាចសន្និដ្ឋានជាករណីចាប់ជំរិត ប្រាំនាក់បានបាត់ខ្លួនពីកន្លែងផ្សេងគ្នា​ មិនទាន់ដឹងថាស្លាប់ឬរស់ តាមការរាយការណ៍របស់ក្រុមគ្រួសារ ពួកគេមិនមានជំងឺប្រចាំកាយ បំណុល​ ឬហេតុផលណាមួយដែលធ្វើឱ្យគេរត់គេច ឬធ្វើអត្តឃាតនោះទេ»​ សិទ្ធពន្យល់មួយៗ។

«តែហេតុអីបានគេរុញករណីនេះមកខាងយើង? ប៉ូលិសអត់ធ្វើការទេមែន?»

ម៉ាកសួរបែបមិនអស់ចិត្ត ទីបំផុតម្រាមដៃរបស់គេក៏លូកទៅរុញវ៉ែនតាឡើង។ តាមធម្មតាក្រុមរបស់គេមិនចូលរួមស៊ើបករណីបាត់ខ្លួននោះទេ ភាគច្រើនគេប្រលូកក្នុងករណីឃាតកម្ម ឬយកព័ត៌មានសម្ងាត់ច្រើនជាង។

«យើងថាឯងគួរតែសួរមេទៅបានចម្លើយលឿនជាង» សិទ្ធលលេង ម៉ាកញាក់ស្មាក្នុងន័យបដិសេធ ចំពោះកំលោះវ៉ែនតាម្នាក់នេះការចួបមេធំរបស់គេគឺជាជម្រើសចុងក្រោយ។

«កន្លែងកើតហេតុ?» រិ​ទ្ធ (Rit​​​​​h) ដែលទើបតែងើបមកសួរដោយសំឡេងស្អកៗ គេបានភ្ញាក់ ហើយក៏បានឮតម្រុយខ្លះៗពីរឿងក្ដីនោះ។ រិទ្ធក៏ជាកំលោះកូនកាត់ដូចសិទ្ធដែរ តែរាងស្ដើង និងវ័យក្មេងជាង ភ្នែកពណ៌ត្នោតចាស់របស់គេបង្ហាញពីភាពហ្មត់ចត់ និងដាច់ស្រេច។

«ភាគច្រើនពួកគេបាត់ខ្លួនពីសណ្ឋាគារ តែកាមេរ៉ាសុវត្ថិភាពបែរជាចាប់មិនបានថាវាកើតឡើងពីពេលណាទៅវិញ» ម៉ាកឆ្លើយ

«ចុះពេលវេលា?»

«ចន្លោះម៉ោង១១ទៅម៉ោង១ មិនទាន់អាចសន្និដ្ឋានពេលច្បាស់លាស់នោះទេ»

«មុនពេលបាត់ខ្លួនពួកគេធ្វើអី?»

«នាំមនុស្សស្រីចូល»

«ទាំងអស់គ្នា?»

«បាទ!»

«ហើយចុះមនុស្សស្រីទាំងនោះយ៉ាងម៉េចហើយ? មកពីណា?»

«សុទ្ធតែជានារីបម្រើការងារក្នុងក្លិប ពួកគេត្រូវបានប្រទះឃើញសន្លប់ក្នុងបន្ទប់តែមិនមានបញ្ហាសុខភាពនោះទេ ប៉ូលិសបានបញ្ជាក់ថាពួកនាងមិនពាក់ព័ន្ធក្នុងរឿងនោះទេ ហើយក៏មិនមានរកឃើញសារធាតុញៀននោះដែរ»​

សិទ្ធរាយការណ៍គ្រប់រឿង រិទ្ធញីភ្នែក ស្លុងគិតតែឯង។

«តែ…មានរឿងមួយដែលរិទ្ធគួរតែដឹង…»​​ ចិញ្ចើមរបស់រិទ្ធលើកឡើងនៅពេលដែលសិទ្ធបន្ត

«គ្រប់បន្ទប់ដែលជនរងគ្រោះបាត់ខ្លួនត្រូវបានគេរកឃើញថាមានក្លិនផ្កាឡាវេនដឺរ…»

«អីគេ?» រិទ្ធជ្រួញចិញ្ចើមនៅពេលដែលឮឈ្មោះរបស់ផ្កាដែលមានពណ៌ស្វាយ ក្លិនក្រអូប និងមានអត្ថប្រយោជន៍ខ្ពស់

«តែ…វាមិនមែនរឿងចម្លែកទេដែលសណ្ឋាគារប្រើប្រាស់ក្លិននោះក្នុងបន្ទប់…»

រិទ្ធលើកឡើង រាងស្ទាក់ស្ទើរ គេមិនដឹងថាហេតុអីក៏គេស្រាប់តែមានគំនិតវិជ្ជមានទៅលើចំណុចនោះ ទោះបីវាជាអ្វីដែលគេចង់ឮជាទីបំផុត។

«អត់ទេ! ក្លិនផ្កានោះត្រូវបានរកឃើញតែនៅក្នុងបន្ទប់ដែលជនរងគ្រោះបានបាត់ខ្លួនតែប៉ុណ្ណោះ» ចម្លើយនោះធ្វើឱ្យអ្នកកំលោះភ្នាក់ងារសញ្ចឹងគិត

១០ឆ្នាំមុនឪពុករបស់គេបានស្លាប់ក្នុងពេលតែមួយជាមួយស្វាមីភរិយាមួយគូដែលជាអ្នកស្រាវជ្រាវគីមីនៅក្នុងមន្ទីពិសោធនៅប្រទេសអាមេរិក ហើយករណីនោះក៏បានដាក់ជាករណីឃាតកម្មដោយសារគំនុំទោះជាគ្មានព័ស្តុតាងច្បាស់លាស់ក៏ដោយ។

រិទ្ធមិនអស់ចិត្ត​ គេបន្ដស៊ើបរឿងនោះដោយសម្ងាត់ ដោយគ្មានតម្រុយអ្វីទាំងអស់ដោយសារតែហេតុការណ៍យប់នោះវាត្រូវបានរៀបចំឡើងយ៉ាងស្អាតជាទីបំផុត។ រឿងតែមួយដែលគេបានដឹងនោះគឺ ជនរងគ្រោះត្រូវបានសម្លាប់ខណៈពេលដែលកំពុងធ្វើគម្រោងស្រាវជ្រាវថ្មាំព្យាបាលថ្មីមួយដែលទាក់ទងជាមួយផ្កាឡាវេនដឺរ។

កាលនោះគម្រោងនោះមិនទាន់បានអភិវឌ្ឍ ឬមានគម្រោងច្បាស់លាស់នោះទេ។ ករណីនេះធ្វើឱ្យរិទ្ធយល់ថាវាអាចនឹងជាប់ទាក់ទងជាមួយគម្រោងនោះមិនខាន តែដោយសារគ្មានតម្រុយអ្វីមួយបញ្ជាក់ ប៉ូលិសក៏មិនអាចបន្ដរឿងក្ដីនោះតទៅទៀត។ ក្រុមគ្រួសាររបស់ជនរងគ្រោះត្រូវព្រមទទួលថាវាជាការសម្លាប់ដោយគំនុំ សូម្បីតែម្ដាយរបស់គេក៏ត្រូវបង្ខំទទួលយកការស្លាប់របស់ស្វាមីខ្លួនជាករណីស្លាប់ក្នុងភារកិច្ចដែរ​ ដែលធ្វើឱ្យរិទ្ធពិបាកក្នុងការធ្វើការស៊ើបអង្កេតរកការពិត។​

តែពេលនេះ ឈ្មោះរបស់ផ្កាត្រូវបានលេចឡើងជាថ្មីនៅក្នុងរឿងក្ដីនេះ រិទ្ធមានសង្ឃឹមបន្តិចវិញក្នុងការរកការពិតក្នុងការស្លាប់របស់ឪពុករបស់ខ្លួន។ នាយរង់ចាំអស់រយៈពេល១០ឆ្នាំមកហើយ បើសិនជាករណីនេះពិតជាពាក់ព័ន្ធជាមួយ និងឃាតករដែលសម្លាប់ឪពុករបស់ខ្លួនមែន រិទ្ធនឹងមិនអនុញ្ញាតឱ្យឃាតកររួចខ្លួនម្ដងទៀតនោះទេ។

«យើងត្រលប់ទៅវិញថ្ងៃណា?»

«ស្អែក»

«ហា៎? ក្រែងយើងសម្រាកដល់ខែក្រោយមែន?»

«ឯងចង់ឱ្យគេចាប់មនុស្សឱ្យអស់ពីក្រុង?»

«តែយើងទើបតែសម្រាកបានមួយសប្ដាហ៍ហ្នឹង?»

«ទោះពីរថ្ងៃក៏ត្រូវត្រលប់ទៅវិញ មេបញ្ជា!»

ខៃដែន និងម៉ាកឈ្លោះគ្នាតទៀត ស្របពេលដែលអ្នកកំលោះកូនកាត់ទាំងពីរចាប់ផ្ដើមរៀបចំសម្ភាររបស់ខ្លួនដើម្បីត្រលប់ទៅអាមេរិកដើម្បីធ្វើការបន្ត។

ជីវិតជាភ្នាក់ងារសម្ងាត់មិនមែនងាយស្រួលនោះទេ ពេលខ្លះនៅកន្លែងនេះ ពេលខ្លះទៀតត្រូវទៅកន្លែងមួយផ្សេងទៀត។ ធ្វើការផ្សងជីវិតក្នុងជ្រោះមរណៈគ្រប់ពេលវេលាដើម្បីតែជួយអ្នកដទៃតែមិនទទួលបានកេរ្តិ៍ឈ្មោះជាសាធារណៈ។​

ដោយឡែកសម្រាប់កំលោះទាំងបួន គេមិនត្រូវការកិត្តិយសកេរ្តិ៍ឈ្មោះនោះទេ សុំត្រឹមសន្ដិភាព សេរីភាព និងវិសមកាលដែលពួកគេគួរទទួលបានបន្ទាប់ពីបំពេញបេសកកម្មនីមួយៗបានជោគជ័យ។ ប៉ុន្ដែលើកនេះវិសមកាលរបស់គេត្រូវបានរំខានដោយរឿងក្ដីចម្លែកមួយដែលកំពុងកើតឡើងនៅសហរដ្ឋអាមេរិកដែលតម្រូវឱ្យភ្នាក់ងារសម្ងាត់មួយក្រុមនេះត្រលប់ទៅធ្វើការវិញទាំងដែលទើបតែបានមកសម្រាកលម្ហែនៅប្រទេសកម្ពុជាបានមួយសប្ដាហ៍។​

*******

ព្រលឹមស្រាងៗ អ័ព្វនៅចុះនៅឡើយ អាកាសធាតុត្រជាក់ដោយសារទឹកសន្សើម ធ្វើឱ្យមនុស្សមួយចំនួនធំនៅលង់លក់នៅឡើយក្រោមភួយក្រាស់ៗដែលផ្ដល់ភាពកក់ក្ដៅ។​ សម្រាប់អ្នកដែលគ្មានផ្ទះសម្បែងមួយចំនួនធំ មានតែដើមឈើ របងអាគារ​ កៅអី និងរូងក្រោមដី ឬស្ពានដែលគេបោះបង់ចោលជាដំបូល សំបកកេះស្ដើងជាភួយ និងក្រដាសជាក្នើយ។

មានតង់ពណ៌ខៀវតូចៗជាច្រើននៅតាមបណ្ដោយមាត់ទឹក ឯអ្នកខ្លះក៏គេងផ្ទាល់នៅលើឥដ្ឋ​ ឬកម្រាលស្ដើងដើម្បីទប់ទល់ជាមួយភាពត្រជាក់។      

នារីម្នាក់ឱបថង់ក្រណាត់ធំមួយក្នុងដៃ នាងពាក់ម៉ាស និងមួកដែលបិទមុខរបស់នាងជិត។ ស្រីដើរតម្រង់សួនសាធារណៈដែលជាកន្លែងសម្រាប់អ្នកគ្មានផ្ទះយកជាកន្លែងស្នាក់នៅពេលយប់។

នាងស្លៀកខោខូវប៊យរិបរាងជាមួយអាវក្រណាត់ទន់ពណ៌ស្វាយស្រាលបង្ហាញឱ្យឃើញរាងស្ដើងស្អាត។ សក់វែងរបស់នាងមានពណ៌ត្នោតធម្មជាតិ និងវែងដល់ចង្កេះដែលត្រូវបានទម្លាក់ឱ្យរត់ពេញខ្នង។ នាងឈប់ក្បែរកៅអីមួយដែលមានមនុស្សប្រុសម្នាក់គេងនៅលើនោះហើយយកប្រអប់នំប៉័ង និងទឹកដោះគោមួយទៅដាក់ក្បែរខ្លួនគេមុននឹងបន្ដដំណើរទៅរកស្ពានចាស់ដែលគេទុកចោលនៅក្បែរសួននោះ។

នាងបន្ដដាក់អាហារនៅក្បែរមនុស្សទាំងនោះដោយស្ងៀមស្ងាត់រហូតដល់អស់ពីថង់ទើបបែរក្រោយដើរទៅរកឡានរបស់ខ្លួនដែលចតនៅចំណតរបស់សួន។ សកម្មភាពទាំងអស់ត្រូវបានតាមសង្កេតដោយកែវភ្នែកពណ៌ត្នោតដិតរបស់រិទ្ធ។

គេតាមមើលនាងតាំងពីស្រីចុះពីឡានដែលចតក្បែរឡានរបស់គេម្ល៉េះ អ្វីដែលទាក់ទាញអ្នកកំលោះភ្នាក់ងារ មិនមែនជាសំរស់កាយរបស់នាងនោះទេ តែជាក្លិនដែលសាយចេញពីខ្លួនស្រីពេលដែលនាងដើរកាត់មុខគេដែលទើបតែបិទភ្នែកបានបីវិនាទីនៅក្នុងឡានដែលបើកកញ្ចក់។

នោះគឺក្លិនផ្កាឡាវេនដឺដែលធ្វើឱ្យភ្នែករបស់គេបើកជាថ្មីក្រោយពីបិទបានត្រឹមតែបីវិនាទី។ ការដែលមកដេកក្នុងឡានពីរបីថ្ងៃនេះពិតជាមិនអត់ប្រយោជន៍នោះទេ យ៉ាងហោចណាស់ក៏បានស្រង់ក្លិនផ្កាដែលជាតម្រុយដ៏ស្តួចស្ដើងសម្រាប់ចាប់ផ្ដើមស៊ើបរកការពិតនៃសោកនាដកម្មនៅយប់នោះ។

អ្នកកំលោះតាមនាងរហូតដល់ផ្ទះតូចល្មមស្ថិតនៅក្នុងដីឡូត៍ដែលមានរបងជាវល្លិ៍ត្រឹមទ្រូង។​ ដោយគ្មានអ្វីចម្លែក គេក៏ត្រលប់ទៅកន្លែងស្នាក់នៅរបស់ក្រុមភ្នាក់ងារសម្ងាត់។

«ហាយ…» ខៃដែនរាក់ទាក់មុនគេ ខណៈពេលដែលអ្នកផ្សេងសុទ្ធតែរវល់ធ្វើកិច្ចការរបស់គេរៀងខ្លួន។

«បីថ្ងៃនេះទៅណាខ្លះ រិទ្ធ?» ស្ដេចKeyboardសួរទាំងដៃនៅចុចញាប់ស្អេក មិនទាំងខ្វល់រុញវ៉ែនតាដែលជិតនឹងធ្លាក់ពីចុងច្រមុះទៅហើយនោះទេ។

«ធ្វើការ» គេតបខ្សោយៗ បោះសោឡានទៅលើតុ ហើយផ្ដួលខ្លួនទៅលើសាឡុង ភ្នែកដែលមើលទៅពិដានបិទចុះយឺតៗដោយភាពហត់នឿយ។ សិទ្ធងាកទៅសិក្សាស្ថានភាពរបស់មិត្តរួមក្រុម មិនខុសពីរហ័សនាមរបស់គេនោះទេ សិទ្ធហាក់ទទួលដឹងមុនថារិទ្ធពិតជាដុតដៃដុតជើងក្នុងការដោះស្រាយរឿងក្ដីមួយនេះណាស់។

សមាជិកដទៃហាក់ចាប់អារម្មណ៍ដែរ ម៉ាក និងខៃដែនងាកមើលមុខគ្នា មុននឹងក្រឡេកទៅមើលមេក្រុមដែលឱនមុខចុះ។ វាពិតជាលើកទីមួយដែលរិទ្ធចាប់ផ្ដើមធ្វើអ្វីដោយខ្លួនឯងក្នុងការដោះស្រាយរឿងក្ដី តាំងពីដើមមករិទ្ធហាក់ដូចជាមិនសូវខ្វល់ គេធ្វើតាមតែអ្វីដែលមេបញ្ជា ឬក៏ស្ដាប់ទៅតាមការដឹកនាំរបស់មេក្រុម គេកម្រចុះស៊ើបដោយខ្លួនឯងណាស់។

តែលើកនេះ គេមើលទៅដូចជាបាត់បង់ជំហរ ហើយអន្ទះសារជាងសព្វមួយដង វាអាចមកពីរឿងលើកនេះជារឿងដែលគេយល់ថាមានការពាក់ព័ន្ធជាមួយការស្លាប់របស់ឪពុករបស់ខ្លួនកាលពីដប់ឆ្នាំមុន។

សិទ្ធទម្លាក់រូបថតចុះ សម្លឹងមើលទៅមិត្តរួមក្រុមដែលកំពុងលង់លក់ក្នុងសុបិនអាក្រក់ដែលគេតែងតែឃើញរាល់ពេលដែលគេគេងលក់។ រូបភាពដដែលៗផុសឡើង បង្ហាញនូវរូបភាពរបស់ឪពុករបស់គេដែលស្រោចដោយឈាមក្រហមស្រស់ កែវភ្នែកដែលដង្ហោយរកជំនួយពីគេ ព្រមជាមួយដៃដែលក្ដាប់ជាប់មិនព្រមលែង។

ចិញ្ចើមរបស់រិទ្ធជ្រួញជាប់ ដំណក់ញើសតូចៗលេចឡើងតាមជើងសក់ដែលវែងលុបត្រចៀក។ ទោះខ្លួនរបស់គេនៅនឹងថ្កល់ក៏សិទ្ធដឹងដល់ភាពច្របូកច្របល់ដែលរិទ្ធកំពុងមានក្នុងដំណេករបស់គេ។

*******

ខ្យល់បក់វាំងននពណ៌ស្វាយខ្ចីដែលបាំងបង្អួចរាងការ៉េនៃបន្ទប់ធំទូលាយមួយដែលបំពាក់ដោយគ្រឿងតុបតែងពណ៌ស្វាយចាស់។ ពន្លឺពណ៌មាសចាំងទៅលើសក់ពណ៌ត្នោតដែលទម្លាក់រំសាយនៅលើខ្នងរបស់នារីមុខពេញបែបនារីអាស៊ី។ នៅក្នុងដៃរបស់នាងមានខ្មៅដៃមួយដើម ដែលនាងគូសវាសនៅលើផ្ទាំងក្រដាសចេញជារូបកូនឆ្កែអង្គុយនៅលើតុមូល។

ស្នាមញញឹមរំលេចនៅលើបបូមាត់តូចច្រឡឹងពេលដែលសំឡេងកណ្ដឹងលាន់តាំងពីមុខបន្ទប់។ នាងដាក់ខ្មៅដៃចុះ មុននឹងងាកទៅញញឹមដាក់សត្វចិញ្ចឹមរបស់ខ្លួនដែលកំពុងបក់កន្ទុយពណ៌ប្រផេះរបស់ខ្លួនរវិច ព្រមទាំងលានអណ្ដាតពណ៌ផ្កាឈូកចាស់របស់វាដោយក្ដីរីករាយ។

នាងឱនទៅលើកខ្លួនមូលៗនោះឡើងហើយយកច្រមុះទៅត្រដុសជាមួយចុងច្រមុះពណ៌ក្រម៉ៅរបស់វាដោយក្ដីស្រលាញ់។ ស្រីស្រស់បីវាទៅផ្ទះបាយហើយដាក់ចំណីឱ្យជាមួយស្នាមញញឹមតិចៗ

«សាន (San) ថ្ងៃនេះទៅលេងប៉ាម៉ាក់ជាមួយគ្នា អូខេ?»

សំឡេងរបស់នាងពោពេញដោយភាពរីករាយទាំងដែលកែវភ្នែកបង្ហាញភាពសោកសៅទៅវិញ។ កែវភ្នែកដែលភ្លឺថ្លាលាក់ទឹកភ្នែកជោជន់ មានទាំងភាពសោកស្ដាយ នឹងអារម្មណ៍ឯកាដែលកំពុងស្រែកយំពីខាងក្នុង។

ជាមួយបាច់ផ្កាឡាវែនដឺស្រស់ក្នុងដៃ នាងបណ្ដើរសាន់សាន់ទៅរកកង់ពណ៌ស្វាយដែលនៅមាត់របង។

«វីយូឡា ទៅលេងប៉ាម៉ាក់មែនក្មួយ?» ស្រីវ័យកណ្ដាលស្រែកសួរពីម្ខាងផ្លូវ។ វីយូឡា (Viola-Violaceous) ជាឈ្នោះរបស់នាង មិនចម្លែកទេដែលអ្វីៗដែលនាងមានសុទ្ធតែជាពណ៌ស្វាយ។

«ចាសមីង ថ្ងៃនេះជាខួបគម្រប់ដប់ឆ្នាំរបស់គាត់ទាំងពីរ» ស្រីតប ឡើងអង្គុយលើកង់ ស្របពេលដែលសានលោតទៅបន្តុបនៅលើកៅអីក្រោយដោយភាពឆ្លាតវៃ រួមជាមួយទម្លាប់របស់វា។

នៅចំពោះមុខផ្នូររបស់លោកទាំងពីរ នាងញញឹមស្របពេលដែលទឹកភ្នែករបស់នាងចាប់ផ្ដើមជន់ជោរពេញភ្នែកធំៗទាំងគូ។ ភ្នែកដែលមិនសូវបានលាងក៏ត្រូវបានសម្អាតដោយទឹកប្រៃៗពីធម្មជាតិ។ ទីបំផុតនាងក៏ខ្សឹបខ្សួលម្នាក់ឯង បង្ហាញឱ្យឃើញពីក្ដីនឹករឭកដែលនាងមានចំពោះអ្នកមានគុណទាំងពីរដែលបានចាកចេញទៅដប់ឆ្នាំមកនេះ។

គាត់ទាំងពីរចាកចេញដោយមិនមានពាក្យលា ត្រូវគេសម្លាប់យ៉ាងឃោរឃៅនៅចំពោះមុខនាង។ ឈាមស្រស់របស់គាត់ទាំងពីរបែកខ្ចាយ ខណៈដែលនាងអង្គុយឱបខ្លួនឯងសម្លឹងមើលទៅរាងកាយទាំងពីរធ្លាក់ចុះទៅលើឥដ្ឋ។ ខ្លួនតូចមួយក្ដោបមាត់ខ្លួនឯងមិនឱ្យចេញសំឡេងយំ ធ្វើអ្វីមិនបាន បានត្រឹមសំងំលាក់ខ្លួននៅក្រោមតុធ្វើការដើម្បីការពារខ្លួនឯងព្រោះដឹងថាមិនអាចតស៊ូបានជាមួយឃាតករ។

នាងតូចដឹងក្ដីល្មមអាចយល់ និងចាំគ្រប់រូបភាព តែអ្វីដែលនាងមិនដឹងនោះគឺមុខរបស់ឃាតករដែលសម្លាប់ឪពុកម្ដាយរបស់ខ្លួន ព្រមជាមួយលោកពូម្នាក់ដែលចូលទៅបំណងជួយសង្គ្រោះពួកគេដែត្រូវសម្លាប់នៅនឹងកន្លែង ស្រែកមិនទាន់សូម្បីមួយម៉ាត់។ ឃាតករពេលនោះពាក់ម៉ាស់ វ៉ែនតាម្ញូប និងមួក ហើយនាងមិនអាចសម្គាល់ភិនភាគដែលអាចឱ្យនាងចំណាំបានថាខ្លួនធ្លាប់ស្គាល់ពីមុនមកឬអត់?

ចំណុចមួយដែលនាងចាំជាងគេនោះគឺភ្នែករបស់ឃាតករ កែវភ្នែកទម្រង់ធំជ្រៅនៅពីក្រោមកញ្ចក់វ៉ែនតា ជាភ្នែកដែលនាងមិនធ្លាប់ឃើញពីមុន។ ភ្នែកមួយគូនោះមិនបង្ហាញពីក្ដីមេត្តាពេលដែលគេបាញ់សម្លាប់លោកទាំងពីរ ហើយក៏មិនបង្ហាញពីអារម្មណ៍ណាមួយ ប្រៀបដូចជាភ្នែករបស់បិសាច ត្រជាក់ ជ្រៅ និងឃោរឃៅ ដែលនោះគឺជាអ្វីដែលធ្វើឱ្យនាងខ្លាចបំផុត ហើយក៏មិនដែលភ្លេចសូម្បីមួយវិនាទី។

ស្របពេលនោះ រាងរបស់មនុស្សប្រុសស្រីមួយគូកំពុងឱនគោរពផ្នូរដែលនៅម្ខាងផ្លូវលំ។ ឈុតពណ៌ខ្មៅរបស់លោកស្រីចូអាន (Joan) ដែលជាម្ដាយរបស់រិទ្ធ រំលេចពីភាពសោកសៅ និងក្ដីនឹករឭកដែលមានចំពោះស្វាមី។ រិទ្ធនៅក្នុងឈុតធំពណ៌ខ្មៅលុតជង្គង់ចុះក្បែរម្ដាយ សូម្បីសក់ដែលតែងតែវែងលុបត្រចៀកនោះក៏ត្រូវបានកាត់តម្រឹមយ៉ាងស្អាតបង្ហាញឱ្យឃើញស្នាមឈូសដោយមុខកន្ត្រៃចេញពីជើងសក់កៀនត្រចៀកម្ខាងទៅម្ខាងទៀត។

«រិទ្ធ មានអីចង់និយាយជាមួយប៉ាអត់?» លោកស្រីសួរ ងាកមើលទៅកូនប្រុសតែមួយ។

«ដប់ឆ្នាំហើយ ប៉ា! ពួកយើងនឹក ហើយក៏នៅតែស្រលាញ់ប៉ា តែវាគួរឱ្យខ្លាចណាស់ដែលខ្ញុំត្រូវឃើញមុខដែលសុទ្ធតែឈាមរបស់ប៉ានៅក្នុងយល់សប្ដិ អ៊‌ីចឹងហើយប៉ាមិនចាំបាច់មកលេងខ្ញុំទេយប់នេះ Okay?» អ្នកកំលោះនិយាយតិចៗ តែក៏ឮសមល្មមឱ្យលោកស្រីដាក់មួយដៃនៅលើស្មារឹងមាំរបស់គេ។

«អូយ!» អ្នកប្រុសក្ដោបស្មាដែលត្រូវវាយ ធ្វើមុខជូរដោយក្ដីឈឺចាប់។

«អ្នកណាបង្រៀនឱ្យនិយាយអ៊‌ីចឹង?»

«វាជាការពិតម៉ាក់! តែឥឡូវ អ្នកគ្រូពេទ្យអាចព្យាបាលខ្ញុំសិនបានអត់?» គេរអ៊ូ លលេងជាមួយម្ដាយ។

«ត្រូវរបួសទៀតហើយ?» អ្នកម្ដាយបារម្ភភ្លាមៗពេលដែលដឹងថាកូនប្រុសត្រូវរបួសពេលបំពេញការងាររបស់ខ្លួនម្ដងទៀត។ ទោះវាមិនញឹកញាប់ តែទឹកចិត្តរបស់អ្នកជាម្ដាយតែងតែបារម្ភដោយខានមិនបាន។

«របួសត្រង់ណា?»

«នេះ» គេចង្អុលទៅស្មារបស់ខ្លូន។

«តោះ! ទៅផ្ទះវិញ!»

«បាទ! អ្នកគ្រូពេទ្យ» គេបន្តលលេងហើយក៏ទទួលបានមួយដៃទៀតតែលើកនេះមិនមែនស្មា តែជាក្បាលទៅវិញ។

«ប្រាប់ហើយប្រាប់ទៀតថាឱ្យប្រយ័ត្ន! បែបនេះមិនឱ្យម៉ាក់បារម្ភយ៉ាងម៉េច?» គាត់រអ៊ូ ដើរនាំមុខកូនប្រុសត្រលប់ទៅវិញ។ តាមផ្លូវ រិទ្ធក្រឡេកឃើញរាងស្ដើងរបស់វីយូឡាដែលអង្គុយមុខផ្នូរនៅឡើយ។

«រិទ្ធ លឿនឡើងកូន!» លោកស្រីស្រែកហៅ គេដៀងមើលទៅនាងចុងក្រោយ មុននឹងរត់ទៅតាមម្ដាយ។

ទៅដល់ផ្ទះភ្លាម លោកស្រីរត់ទៅយកគ្រឿងពេទ្យេរបស់ខ្លួនទៅដាក់លើតុកាហ្វេមុខសាឡុង។ រិទ្ធដោះអាវក្រៅទាំងមុខជូរដោយសារការឈឺចាប់នៅលើស្មាខាងឆ្វេង។

«ទៅធ្វើអីបានត្រូវរបួស? ហើយមិនបានលាងរបួសត្រឹមត្រូវទេដឹងនេះ?» គាត់ឈរក្រោយសាឡុងដែលរិទ្ធអង្គុយ ជួយទាញអាវក្រណាត់របស់គេចុះ បង្ហាញឱ្យឃើញស្នាមឈាមជោកលើក្រណាត់រុំរបួសដែលមិនសូវមានសណ្ដាប់ធ្នាប់។

«អត់មានពេលទេ យប់មិញគ្មានអ្នកណាត្រលប់មកវិញក្នុងសភាពធម្មតានោះទេ»

គេញញឹមជូរចត់ ញាក់ស្មាបន្តិចព្រោះផ្សាពេលលោកស្រីចាប់ផ្ដើមសម្អាតមុខរបួសជាថ្មី។

«ធ្ងន់ធ្ងរឬអត់? ក្មេងៗនៅឯណាឥឡូវ? បណ្ដោយមិនបានទេ គួរតែព្យាបាលឱ្យបានត្រឹមត្រូវ» គេញញឹមម្ដងទៀត មានអាម្មណ៍កក់ក្ដៅដូចដែលតែងតែទទួលបានពីអ្នកម្ដាយ។

«មិនអីទេ សម្រាកឱ្យបានគ្រប់គ្រាន់ទៅ លែងអីហើយ»

«កូនឯងក៏អ៊‌ីចឹង! នេះហើយជាហេតុដែលម៉ាក់មិនចង់ឱ្យកូនប្រលូកជាមួយការងារនេះ! ចុះបើថ្ងៃណាមួយ ឯងទៅចោលម៉ាក់ដូចប៉ាកូននោះ…»

ឮហើយ រិទ្ធឱនមុខចុះ មិនដឹងត្រូវនិយាយអ្វីត។ ទាំងពីរនាក់ម្ដាយកូនក៏ស្ងាត់មាត់ ព្រោះមានអារម្មណ៍ និងការគិតដូចគ្នាក្នុងរឿងនោះ។ គេបានបញ្ជាក់តាំងពីដំបូងថាគេស្រលាញ់ការងារនេះ ហើយលោកស្រីក៏តែងតែប្រឆាំងរហូតមក តែគាត់ក៏មិនអាចឃាត់គេបាន បានត្រឹមបារម្ភ ជាពិសេសពេលគេមានបេសកកម្មម្ដងៗ ហើយពេលខ្លះក៏ត្រលប់មកវិញជាមួយរបួសបែបនេះ។

«ម៉ាក់…» គេរអ៊ូដើមក លោកស្រីគ្រហឹមតបតិចៗ សម្អាតរបួសដោយយកចិត្តទុកដាក់។

«យប់នោះ…ហេតុអីក៏ប៉ាចាំបាច់ទៅ? បើចាំមិនខុសពេលនោះវាជាថ្ងៃសម្រាក» គេចាប់ផ្ដើមសួរ ជាសំណួរដែលគេធ្លាប់សួរតែចម្លើយដែលទទួលបានបានត្រឹមតែធ្វើឱ្យគេស្ងាត់មាត់តែប៉ុណ្ណោះ ហើយក្នុងខណៈពេលដែលលោកស្រីពិបាកធ្វើចិត្ត គេក៏មិនហ៊ានសួរដេញដោលច្រើន។

«កាលនោះ ប៉ាកូនបានទទួលសារពីលោកលីថាចង់ពិភាក្សារឿងខ្លះៗ ដោយសារគាត់ក៏ខានចួបគ្នាយូរគួរសមក៏ព្រមទៅ ថ្ងៃនោះគាត់ក៏បបួលម៉ាក់ទៅដែរ តែម៉ាក់ជាប់យាម ហើយវាក៏ជាលើកចុងក្រោយ…»

ទោះគាត់និយាយក្នុងសំឡេងធម្មតា តែវានៅតែមានបង្កប់ភាពសោកសៅ។ គាត់បិទរបួសស្អាតហើយរៀបសម្ភារទុកក្នុងប្រអប់វិញ។

«ម៉ាក់មិនដែលប្រាប់ហេតុការណ៍លម្អិតមកកូនទេ…រហូតមកដល់ពេលនេះ ម៉ាក់ថាទៅតើកូនមានសិទ្ធិទទួលដឹងឮពីការស្លាប់របស់ប៉ាឬអត់?»

គេជំរុញ បិទឡេវអាវរបស់ខ្លួនឡើងវិញ។ គាត់ដកដង្ហើមធំ អង្គុយចុះជិតកូនប្រុស ឯអ្នកកំលោះសម្លឹងម្ដាយរងចាំការបកស្រាយ។ គេមិនបានដឹងរឿងព្រោះពេលនោះគេកំពុងរៀនរដ្ឋផ្សេង ហើយគេក៏មិនត្រូវបានអនុញ្ញាតឱ្យដឹងឮច្រើនព្រោះនៅក្មេង។​

អ្វីដែលគេទទួលបាននោះត្រឹមតែរូបភាពពីព័ត៌មានដែលបានចុះផ្សាយតែប៉ុណ្ណោះ។ ទោះជាយ៉ាងណាគេនៅតែសង្ស័យទៅលើការស្លាប់របស់អ្នកទាំងបី ថាវាអាចពាក់ព័ន្ធជាមួយProjectដែលលោកលី និងភរិយាកំពុងស្រាវជ្រាវ។

«ម៉ាក់បានដឹងអីទៀតអត់?» គេដឹងថាម្ដាយព្យាយាមលាក់រឿងពិតពីគេដោយសារតែខ្លាចថាអ្នកកំលោះអាចនឹងរឹងទទឹងក្នុងការស៊ើបរកការពិតហើយអាចមានគ្រោះថ្នាក់ដល់គេ។ តែពេលនេះគាត់ក៏មិនចង់លាក់ទៀតដែរព្រោះយល់ថាគេគួរមានសិទ្ធិដឹង ហើយពេលនេះគេក៏មានភាពឯករាជ្យ និងរឹងមាំជាងមុន។

«យប់នោះ ប៉ាកូនប្រាប់ថានឹងទៅពិភាក្សារឿងសំខាន់មួយ ហើយរឿងនោះពាក់ព័ន្ធជាមួយProjectផ្កាឡាវែនដឺដែលពួកគេបានកំពុងស្រាវជ្រាវហើយវាក៏មានជាប់ពាក់ព័ន្ធជាមួយជីវិតមនុស្សបើProjectនោះធ្លាក់ទៅលើដៃរបស់ជនខិលខូច បន្ទាប់ពីការស្លាប់ ប៉ូលិសរាយការណ៍មកថាជាការសម្លាប់ដោយសារគំនុំ តែម៉ាក់ស្គាល់គាត់ទាំងពីរច្បាស់ គាត់ជាមនុស្សល្អ​ ចូលចិត្តជួយអ្នកដទៃ ប៉ុន្ដែប៉ូលិសពិតជារកមិនឃើញអ្វីក្រៅពីនោះទេ»

រិទ្ធស្ដាប់ដោយយកចិត្តទុកដាក់ រឿងខ្លះគេបានដឹងរួចមកហើយតែនៅក្នុងភាពស្រពិចស្រពិល។

«ចុះក្រុមគ្រួសាររបស់គាត់? គាត់ទាំងពីរមិនមានកូនទេឬ?»

«គាត់មានកូនស្រីម្នាក់ បន្ទាប់ពីបុណ្យសពហើយ ម៉ាក់ឮថាត្រូវបងប្អូនយកទៅនៅប្រទេសកូរ៉េដែលជាប្រទេសកំណើត»

រិទ្ធព្រិចភ្នែក ចាប់ផ្ដើមគិតជាថ្មី។ គេឈប់សួរ ព្រោះដឹងថាម្ដាយក៏មិនសូវជាដឹងរឿងប៉ុន្មានដែរ គាត់ក៏ត្រូវបង្ខំចិត្តទទួលយកការស្លាប់របស់ស្វាមីទាំងមិនអស់ចិត្តដែរ។

«ម៉ាក់ ខ្ញុំគេងផ្ទះយប់នេះ»

«ពិតមែន?»

«មិនបានទេ?»

«អ្នកណាថា? កូនខានគេងផ្ទះយូរហើយ ភ្លាមៗពេកម៉ាក់ក៏ភ្ញាក់ផ្អើលនោះអី ចង់ញ៉ាំអីល្ងាចនេះ?» គាត់ត្រេកអរណាស់ដែលគេអាចចំណាយពេលជាមួយគ្រួសារ។​ តាំងពីចូលថ្នាក់វិទ្យាល័យមករិទ្ធត្រូវទៅរៀនឆ្ងាយផ្ទះ ហើយក្រោយពីចប់វិទ្យាល័យគេក៏ចាប់ផ្ដើមហ្វឹកហាត់ជាភ្នាក់ងារទៀត គេគ្មានពេលសម្រាប់គ្រួសារនោះទេ។

«អីក៏បាន» គេញញឹម លោកស្រីងក់ក្បាលមុននឹងចូលក្នុងផ្ទះបាយរៀបចំអាហារពេលល្ងាចសម្រាប់អ្នកទាំងពីរ។

បន្ទាប់ពីអាហារពេលល្ងាចរួច លោកស្រីចូអានត្រូវប្រញាប់ត្រលប់ទៅមន្ទីពេទ្យវិញដោយសារមានអ្នកជំងឺបន្ទាន់ ហើយក៏ត្រូវទុកកូនប្រុសឱ្យនៅផ្ទះតែឯង តែវាមិនមែនជារឿងចម្លែកទេព្រោះគ្រួសារនេះធ្លាប់ទៅហើយ លោកចូអានដែលជាឪពុករបស់រិទ្ធជាប៉ូលិស លោកស្រីជាពេទ្យ សុទ្ធតែជាអ្នកដែលមានការងាររវល់រៀងខ្លួន រិទ្ធក៏យល់ ហើយយល់កាន់តែច្បាស់ពេលដែលខ្លួនចេញធ្វើការ។

«រិទ្ធ ម៉ាក់ត្រូវទៅមន្ទីពេទ្យឥឡូវ! កុំឱ្យរបួសប៉ះទឹក ហើយឆាប់ចូលគេង okay?»

«បាទ!» រិទ្ធស្រែកតប គេដាក់laptopទៅលើតុ ហើយងើបឈរអស់កម្ពស់ មុននឹងដើរឡើងទៅជាន់ទីមួយ។

គេបើកទ្វារបន្ទប់ដែលនៅខាងចុង បង្ហាញឱ្យឃើញបន្ទប់ស្អាតដែលជាបន្ទប់ធ្វើការរបស់លោកចូអាន។ អ្វីៗនៅដដែលគ្រប់យ៉ាងដោយសារលោកស្រីព្យាយាមរក្សាឱ្យនៅដូចដើម។​ រិទ្ធចុចបើកអំពូលភ្លើង ហើយឈរនៅមាត់ទ្វារសម្លឹងមើលគ្រប់ជ្រុងនៃបន្ទប់ គេស៊កដៃចូលក្នុងហោប៉ៅខោហើយដើរជុំវិញបន្ទប់មុននឹងឈប់នៅមុខក្ដារបញ្ឈរដែលប៉ារបស់គេបានបិទក្រដាសតូចៗពីលើ វាមានសភាពចាស់ហើយខ្លះក៏ហើរពណ៌បាត់មួយចំនួន។

គេដកទូរសព្ទទៅថតរូបខ្លះទុក ហើយបែរទៅរកតុធ្វើការ។ ភ្នាក់ងារកំលោះចុចបើកកុំព្យូទ័រស៊េរីចាស់ ដំណើរការយឺត និងមានសំឡេងខ្លាំងតែនៅអាចប្រើការបាន។

ខណៈពេលដែលរងចាំឱ្យវាដំណើរការគេបើកថតតុរុះរើមើល តែមិនឃើញមានអ្វីគួរឱ្យចាប់អារម្មណ៍ រហូតដល់គេប្រទះឃើញមានរូបមួយសន្លឹកនៅក្នុងសឺមីពណ៌គគីចាស់នៅក្នុងថតតូចខាងឆ្វេងដៃ។

នោះជារូបរបស់កូនដបកែវតូចមួយដែលមានទឹកពណ៌ត្នោតកន្លះដប រួមជាមួយស្រទាប់ផ្កាតូចៗនៅក្បែរនោះ រូបហើរពណ៌អស់ធ្វើឱ្យពិបាកកត់សម្គាល់ពណ៌ និងទ្រង់ទ្រាយដើមរបស់វា។​ គេប្រមូលរូបទុកហើយចាប់ផ្ដើមចុចមើលគ្រប់Fileនៅក្នុងកុំព្យូទ័រម្ដងមួយ ហើយឯកសារណាដែលគួរឱ្យចាប់អារម្មណ៍អ្នកកំលោះក៏ចម្លងទុកក្នុងUSBរបស់ខ្លួន។

គេចំណាយពេលអស់ជាច្រើនម៉ោងនៅលើកុំព្យូទ័រចាស់ដើម្បីរករឿងរ៉ាវពាក់ព័ន្ធជាមួយការស្លាប់របស់ឪពុក និងមិត្តភក្តិរបស់គាត់។

«ជួយព្រីនឯកសារទុកឱ្យផង យកស្អែក!»

គេផ្ញើរសារជាសំឡេងចេញទៅសិទ្ធ ភ្នែកសម្លឹងរូបនៅលើអេក្រង់ ផ្អែកខ្នងទៅលើកៅអីដើម្បីសម្រាក។ រូបដែលមានសមាជិកទាំងបីរបស់គ្រួសារលីកំពុងបង្ហាញនៅលើអេក្រង់ រិទ្ធសម្លឹងចំមុខរបស់ក្មេងស្រីវ័យជាង១០ឆ្នាំ ស្លៀករ៉ូបពណ៌ស្វាយស្រាល ឈរក្រោយសាឡុងដែលឪពុកម្ដាយរបស់នាងអង្គុយជាមួយស្នាមញញឹមស្រស់ស្រាយ នាងតូចមានខួចនៅលើថ្ពាល់ខាងស្ដាំដិតក្រឡៅ។

នាងជាក្មេងស្រីស្រស់ស្អាត ស្នាមញញឹមបរិសុទ្ធ មានសក់ខ្មៅរលើបវែងដល់ចង្កេះ ទម្រង់មុខបែបអាស៊ីមានភាពទន់ភ្លន់ពីធម្មជាតិ តែភ្នែក និងមាត់កាត់ទៅរកម្ដាយដែលជាជនជាតិអាមេរិក។

នៅខាងក្រោមរូបមានអក្សរដៃដែលសរសេរជាភាសាអង់គ្លេស

Its Boras 14th Birthday. She asked nothing but a family photo. How sweet our daughter is.

[វាជាថ្ងៃខួបអាយុ១៤ឆ្នាំរបស់បូរ៉ា កូនមិនចង់បានអ្វីក្រៅពីរូបជុំគ្នារបស់គ្រួសារនោះទេ កូនស្រីប៉ាល្អណាស់​]

«បូរ៉ា…លី បូរ៉ា (Lee Bora) ជាឈ្មោះរបស់កូនស្រីលោកពូលី ពេលនេះប្រហែលជាអាយុ២៦ឆ្នាំហើយ…» គេរអ៊ូ ភ្នែកមិនបានដកពីមុខមូលស្រស់ស្អាតរបស់នាងក្រមុំនោះទេ នាងមានកែវភ្នែកធំមូលភ្លឺថ្លា បង្ហាញភាពទន់ភ្លន់តែមិនទន់ខ្សោយ។ នាងប្រាកដជាក្មេងស្រីដែលមានអត្តចរិតរួសរាយដែលចូលចិត្តញញឹមពេលនាងនិយាយ ឬធ្វើអ្វីមួយ។

តែសំណួរដែលគេមាននោះគឺ…លី បូរ៉ានៅឯណាពេលនេះ?

មានភាគបន្ទាប់…

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*