ទម្លាប់ត្រឹមត្រូវ៣យ៉ាង កែប្រែជីវិតឱ្យប្រសើរជាងមុន

ទម្លាប់ត្រឹមត្រូវ អាចធ្វើឱ្យមនុស្សយើងកាត់បន្ថយបាននូវអារម្មណ៍ដ្រាម៉ា​ខូចចិត្ត និងចូលចិត្ត​ការងារឈានទទួលបានជោគជ័យលើសសេចក្តីរំពឹងទុក។

ទីមួយ ប្រកាន់យកផ្នត់គំនិតជាអ្នកសិក្សាពេញមួយជីវិត៖ ការសិក្សាពេញមួយជីវិត ជាការទិញវិនិយោគមកនូវឧបករណ៍ផ្ទុកសមត្ថភាព ជាវិធីសាស្រ្តថ្មីក្នុងការទទួលបានសមត្ថភាពឆ្លើយតបនឹងតម្រូវការ ក៏ដូចជាការរកដំណោះស្រាយចំពោះបញ្ហានានាលើមុខជំនាញដែលមានស្រាប់ ។ ចំណេះដឹង​ជំនាញជួយឱ្យយើងមានឱកាស​សាកល្បងការងារ ការងារជួយឱ្យយើង​អាចមានបទពិសោធន៍ បទពិសោធន៍ជួយឱ្យយើងរៀនបានអ្វីថ្មីជានិច្ច​។ ​

ការសិក្សា​ជានិច្ច ជាអត្ថប្រយោជន៍ដាក់ខ្លួនឯងឱ្យសមប្រកបនឹង​ទីផ្សារថ្មី នៃធុរកិច្ច ពាណិជ្ជកម្ម និយោជកលើគ្រប់វិស័យ។ ការទទួលបានចំណេះដឹង មិនចេះចប់ បានកែប្រែយើងមកជាមនុស្សបត់បែនបាន​យ៉ាងខ្លាំងនៅក្នុងពិភពលោកអនាគតកាល និងប្រកបដោយភាពច្នៃប្រតិដ្ឋ។ ការពិត​ដែល​យើង​កំពុង​ទទួលបានតាមរយៈការរៀនជានិច្ច​នេះគឺ ​សមត្ថភាព ភាពលេចធ្លោ ​​និង​មានគុណតម្លៃ។

ទីពីរ បង្កើតស្មារតីការងារជាក្រុម ៖ការងារជាក្រុមមានសារៈសំខាន់ ព្រោះថា បុគ្គលម្នាក់ៗមានអំណោយប្លែកៗ ទេពកោសល្យ និងជំនាញ។ នៅពេលដែលយើងនាំពួកគេមកតុមួយជុំគ្នា ហើយអាចចែករំលែកជំនាញទាំងនោះសម្រាប់គោលបំណងរួម គឺជាគន្លឹះប្រកបដោយអត្ថប្រយោជន៍និងប្រកួតប្រជែងយ៉ាងវេទមន្ត។
ធម្មតា ការងារជាក្រុមជួយឱ្យការដោះស្រាយបញ្ហានានាបានកាន់តែប្រសើរឡើងដោយសារថា នៅពេលដែលមនុស្សដាក់ជំនាញ និងចំណេះដឹងរបស់ពួកគេគាំទ្រគ្នាទៅវិញទៅមក ដំណោះស្រាយដែលមានប្រយោជន៍ និងជាក់ស្តែងច្រើនតែមានប្រសិទ្ធិភាព។ នៅក្នុងបរិបទការងារ មិនមែនគ្រប់គ្នាទទួលបាន ព័ត៌មាននិងវិភាគ គិតគូតាមរបៀបដូចគ្នានោះទេ។ មនុស្សមួយចំនួនចូលចិត្តចូលរបៀបដោះស្រាយបញ្ហាភ្លាមៗ ខណៈពេលដែលអ្នកផ្សេងទៀតចូលចិត្តប្រើពេលវេលាស្មឹងស្មាធដើម្បីប្រមូលគំនិតរបស់ពួកគេ និងពិចារណាជម្រើសជាច្រើនទៀត មុនពេលធ្វើការបញ្ចេញយោបល់។ ការស្នើសុំឱ្យមនុស្សផ្តល់យោបល់ជាភាពប៉ិនប្រសប់នៃមេដឹកនាំដែលជំនាញលើការងារជាក្រុម។ មនុស្សភាគច្រើនគិតថាជោគជ័យ គឺមកពីមជ្ឍដ្ឋានជុំវិញខ្លួន ប៉ុន្តែជោគជ័យពិត និងការច្នៃប្រតិដ្ឋថ្មីៗកើតមានបាន ពាក់ព័ន្ធនឹងភាពមិនស្រណុកសុខស្រួល ភាពមិនចុះសម្រុងនិងគំនិតផ្ទុយ ដែលជំរុញឱ្យយើងរីកចម្រើន។ នេះគឺជា ផលនៃការដោះស្រាយប្របកទៅនឹងភាពខុសគ្នានៃបទពិសោធន៍ គំនិត និងទស្សនវិស័យ។ មនុស្សយើងមិនរឹងមាំដោយសារភាពរលូនទេ គេរឹងមាំក្រោយជំនះឧបសគ្គ។

ទីបី ធ្វើអ្វីធ្វើឱ្យអស់ពីលទ្ធភាព ៖ ទម្លាប់ដែលប្រើពេលវេលារបស់យើងធ្វើការឱ្យកាន់តែមានប្រសិទ្ធភាព គឺការជួយបង្វឹក ខួរក្បាលរបស់យើងឱ្យសកម្ម មិនស្ពឹក និងវិជ្ជមាន ។ សកម្មភាពនេះ បានក្លាយទៅជាទម្លាប់ ថ្នឹក និងកាន់តែងាយស្រួលឡើងៗនៅពេលយើងធ្វើវាទៀងទាត់។ អ្នកខ្លះមិនមានទេពកោសល្យ ប៉ុន្តែដាក់ការខិតខំមួយរយភាគរយ តាំងចិត្តដើម្បីបង្កើតឡើងនូវឧត្តមភាពក្នុងអ្វីដែលកំពុងធ្វើយ៉ាងមានប្រសិទ្ធភាព មានទំនួលខុសត្រូវ ស្គាល់កាតព្វកិច្ច កែលម្អសមត្ថភាពជានិច្ច និងដុសខាត់កំហុសជាបន្ត មានស្មារតីតស៊ូ និងតែងបំពក់សេចក្តីសង្ឃឹម គេនឹងជោគជ័យជាងអ្នកដែលមានទេពកោសល្យប៉ុន្តែ ខ្ជិល ទម្រន់ ចង់បានអ្វីៗប្រញិបប្រញាប់ និងមានៈ មោទកភាពជ្រុល។
តើអ្នកអាន អាចធ្វើចំណុចទាំងបីនេះបានដែរទេ?

ម៉ីសន សុធារី

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*